Category: សង្គម និងសេដ្ឋកិច្ច

  • មហាសេដ្ឋី​ឥណ្ឌា ក្លាយជា​អ្នក​មាន​ជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក

    មហាសេដ្ឋី​ឥណ្ឌា ក្លាយជា​អ្នក​មាន​ជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក

    មហាសេដ្ឋី Gautam Adani បាន​ «យកឈ្នះ» លើ​លោក Bernard Arnault (ជនជាតិ​បារាំង) ក្លាយ​ជា​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក។

    យោង​តាម​ស្ថិតិរបស់ Forbes លោក Adani មាន​ទ្រព្យ​សុទ្ធ​ដែល​មាន​តម្លៃ​ ១៥៤.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើន​ជាង​លោក Arnault ដែល​មាន​ ១៥៣.៤ ពាន់​លាន​ដុល្លារ។ មហាសេដ្ឋី​ឥណ្ឌា​រូប​នេះ​រកស៊ី​ក្នុង​វិស័យ​ជា​ច្រើន​ តាំង​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​ ស៊ីម៉ង់​ រហូត​ដល់​ព្រលាន​យន្តហោះ​។

    ចំណាត់​ថ្នាក់​លេខ​ ២ របស់​លោក Adani ក៏​ជួយ​ឱ្យ​លោក​ក្លាយ​ជា​ជនជាតិ​អាស៊ី​ដំបូង​គេ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ top 3 ស្ដីពី​មហា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើលោក​។ ក្នុង​រយៈ​ពេល ២ ឆ្នាំ​មកនេះ ទ្រព្យ​របស់​លោក Adani បាន​កើន​ឡើង​ ១៣​ លើក​។

    ឆ្នាំ​ ១៩៨៨ លោក Adani បាន​បើក​ក្រុម​ហ៊ុន​ Adani Exports ដើម្បី​ដោះដូរ​ទំនិញ។ ក្រោយ​មក លោក​ក៏​បាន​បង្កើត​កំពង់ផែ​ Mundra សម្រាប់​បម្រើ​ដល់​ការ​នាំចេញ-នាំចុល​។ ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ ក្រុម​ហ៊ុន​នេះ​បាន​ក្លាយជា​ក្រុម​ហ៊ុន​ធំជាង​គេ​នៅ​ក្នុង​ស្រុក​ដែល​រកស៊ី​ក្នុង​វិស័យ​ធ្យូង​ថ្ម និង​ជា​ស្ថាប័ន​ដែល​មាន​ប្រភព​ចំណូល​ពីបរទេស​ធំជាង​គេ​របស់ ឥណ្ឌា​។

    ស្ថិតិ​របស់ Forbes បង្ហាញ​ថា ក្នុង​ពេល​ថ្មី​ៗ​នេះ លោក Adani បាន​យក​ឈ្នះ​លើ​មហា​សេដ្ឋី Jeff Bezos ម្ចាស់​ក្រុមហ៊ុន Amazon និង​កាន់កាប់​តំណែង​លេខ​ ២។ ក្រោយ​មក មហា​សេដ្ឋី​បារាំង​ លោក Bernard Arnault ក៏​ដណ្ដើម​បាន​តំណែង​នេះ ប៉ុន្តែ លោក Adani យក​មក​វិញ​បាន​ដោយ​ប្រើ​ពេល​យ៉ាង​ខ្លី​។ បច្ចុប្បន្ន មហា​សេដ្ឋី​ឥណ្ឌា លោក Adani មាន​ទ្រព្យ​ច្រើន​ជាង​គេ​​​លំដាប់​ទីពីរ​ក្នុង​ពិភពលោក​ ដោយ​ឈរ​ពីក្រោយ​មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក​ Elon Musk៕

  • ​ពិព័រណ៍​អាស៊ាន-ចិនលើកទី ១៩ មាន​ក្រុម​ហ៊ុន​​ចូលរួម​​រហូត​ដល់​ជាង ៣,៦០០ ស្ថាប័ន​

    ​ពិព័រណ៍​អាស៊ាន-ចិនលើកទី ១៩ មាន​ក្រុម​ហ៊ុន​​ចូលរួម​​រហូត​ដល់​ជាង ៣,៦០០ ស្ថាប័ន​

    ពិព័រណ៍​អាស៊ាន-ចិន (CAEXPO) និង​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​ពាណិជ្ជកម្ម​-វិនិយោគ​អាស៊ាន-ចិន (CABIS) លើក​ទី ១៩ ​ប្រារព្ធ​ឡើង​ពីថ្ងៃទី ១៦ ដល់ ១៩ កញ្ញា នៅ​​ទីក្រុង​ Nanning ក្នុង​តំបន់​ស្វយ័ត​ជនជាតិ​ Zhuang នៃ​ខេត្ត Guangxi ប្រទេស​ចិន​។

    យោង​តាម​ព័ត៌មាន​ពី​គណៈកម្មការរៀប​ចំកម្មវិធី ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​មាន​ការ​ចូលរួម​ពី​ក្រុម​ហ៊ុន​ជាង ​៣,៦០០ ស្ថាប័ន មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ ប្រទេស​ចិន​។​ ក្នុង​នោះ មាន​ ១,៦៥៣ ក្រុម​ហ៊ុន​ ចូល​រួម​ដោយ​ផ្ទាល់ និង​ជាង ២,០០០ ក្រុម​ហ៊ុន​ ចូល​រួម​ពី​ចម្ងាយ​​ តាម​រយៈការ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​អ៊ីនធើណិត​។

    តំណាង​របស់​ ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ចាប់​ផ្ដើម​​ដំបូង​សម្រាប់​ទំនាក់​ទំនង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយរវាង​​ ប្រទេស​ចិន និង​ អាស៊ាន និង​ជា​ឆ្នាំ​ដំបូង​ដែល​ចាប់​ផ្ដើម​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ (RCEP) ដើម្បី​ត្រៀម​សម្រាប់​ការ​ស្ថាបនា​កំណែ​ ៣.០ នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-ចិន​។

    ពិព័រណ៍​លើក​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «ចែករំលែក​ឱកាស​ថ្មី​ពី RCEP, ជំរុញ​កំណែ​ ៣.០ នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-ចិន​», កែលំអ​ការ​សន្ទនា​ថ្នាក់​ខ្ពស់, លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​នីមួយ​ៗ​​, ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពហុវិស័យ​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​កសាង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ថែម​ទៀត​រវាង​ ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

    ក្នុង​ពិព័រណ៍​នេះ​ដែរ ក៏​មាន​ការ​រៀប​ចំតាំង​បង្ហាញ​​ផលិត​ផល​ពិសេស​ និង​លេចធ្លោ​របស់​បណ្ដា​ប្រទេស​ក្នុង​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង RCEP។

    ក្រៅ​ពី​ទីតាំង​ពិព័រណ៍​ថ្មី​ដូចជា​ រថយន្ត​អគ្គិសនី ទេសចរណ៍​វប្បធម៌ និង​ពាណិជ្ជកម្ម​លើអ៊ីនធើណិត​ជា​ដើម​ ព្រឹត្តិការណ៍​ពិព័រណ៍​លើក​នេះ​ក៏​មាន​ការ​រៀប​ចំ​វេទិកា​លំដាប់​ខ្ពស់​ចំនួន ២១ កន្លែង​ ដែល​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​សារព័ត៌មាន ការ​ប្រើប្រាស់​ថាមពល​អាតូមិកក្នុង​គោលដៅ​សន្តិភាព​។ល។

  • ក្រសួងសាធារណការ ប្រកាសកាលបរិច្ឆេទសម្រាប់ប្រជាពលរដ្ឋជិះរថភ្លើងទៅស្រុកកំណើតដោយឥតគិតថ្លៃ

    ក្រសួងសាធារណការ ប្រកាសកាលបរិច្ឆេទសម្រាប់ប្រជាពលរដ្ឋជិះរថភ្លើងទៅស្រុកកំណើតដោយឥតគិតថ្លៃ

    ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀល​ថ្ងៃ​នេះ បាន​ផ្សព្វផ្សាយ​អំពី​កាលបរិច្ឆេទសម្រាប់ប្រជាពលរដ្ឋអាចជិះរថភ្លើងទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

    ការ​ដឹកជញ្ជូន​ដោយ​មិន​គិត​ថ្លៃ​នេះ​កើត​ឡើង​ពី​កិច្ច​សហការ​រវាង ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ជាមួយ​នឹង​​ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway)។

    ប្រជាពលរដ្ឋអាចជិះរថភ្លើង​របស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២។

  • អាកាសចរណ៍​ឡាវ និង វៀតណាម ព​ន្លឿ​ន​កិច្ចសហប្រតិបត្តិការ​នា​ពេលខាងមុខ

    អាកាសចរណ៍​ឡាវ និង វៀតណាម ព​ន្លឿ​ន​កិច្ចសហប្រតិបត្តិការ​នា​ពេលខាងមុខ

    កាលពី​ចុងខែ​សីហា​កន្លងទៅ ប្រធាន​ក្រុមហ៊ុន​រដ្ឋ Lao Airlines បាន​ជួបពិភាក្សា​ជាមួយនឹង​ភ្នាក់ងារ​លក់​សំបុត្រ​យន្តហោះ និង​ដៃគូ​ពាណិជ្ជកម្ម​នៅឯ​សាខា​របស់ Lao Airlines នៅ ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដើម្បី​វាយតម្លៃ​អំពី​លទ្ធភាព​នៃ​ការបង្កើន​ជើងហោះហើរ​នាពេលខាងមុខ។

    នៅក្នុង​ដំណើរ​ទស្សនកិច្ច​ខាងលើ លោក Khamla Phommavanh ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ Lao Airlines បាន​សម្ដែង​ការអបអរ​ចំពោះ​ការបើក​ដំណើរការ​ជើងហោះហើរ ឡាវ-វៀតណាម ឡើងវិញ។

    ប្រធាន​ក្រុមហ៊ុន​រដ្ឋ Lao Airlines ក៏បាន​ជួបពិភាក្សា​អំពី​បច្ចេកទេស និង​ការថែទាំ​យន្តហោះ ជាមួយនឹង​តំណាង​​ក្រុមហ៊ុន Aerotechnic Indochina Pre Ltd. ដែលជា​អ្នកឯកទេស​ខាង​ជួសជុល និង​ថែទាំ​យន្តហោះ។

    លោក Khamla Phommavanh ក៏បាន​ជួបពិភាក្សា​ជាមួយ​លោក Dinh Viet Phuong នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ទាក់ទង​នឹង​កិច្ចសហការ​ដើម្បី​ពង្រីក​បណ្ដាញ​របស់​ក្រុមហ៊ុន​ទាំងពីរ​នៅក្នុង​តំបន់។

  • រថយន្ត​អគ្គិសនី​ជិត​ឈាន​ចូល​ដល់​យុគសម័យ​បញ្ចូល​ថាមពល​ដោយ​មិន​ប្រើ​ខ្សែ

    រថយន្ត​អគ្គិសនី​ជិត​ឈាន​ចូល​ដល់​យុគសម័យ​បញ្ចូល​ថាមពល​ដោយ​មិន​ប្រើ​ខ្សែ

    ការ​បញ្ចូល​ថាមពល​​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ​ត្រូវ​បាន​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ​ ហើយ​នៅ​លើ​រថយន្ត​អគ្គិសនី​ ការ​បញ្ចូល​ថាមពល​ដោយ​មិន​ប្រើ​ខ្សែ​​ក៏​ដំណើរ​ការ​ដូចគ្នា​នេះ​ដែរ គ្រាន់​តែ​ខុស​ត្រង់​ថា មាន​ថាមពល​ខ្ពស់​ជាង​ និង​ប្រើប្រាស់ថ្ម​ធំជាង​ប៉ុណ្ណោះ​។ ក្រោយពី​មាន​កំណែ​ demo និង​ព័ត៌មាន​ពី​បណ្ដាក្រុម​ហ៊ុន​ផលិត​រថយន្ត គេ​អាច​ដឹង​បាន​ថា បច្ចេកវិទ្យា​នេះ​ហាក់​មិន​មែនជា​អ្វី​មួយ​ដែល​ចម្លែក​ទៀត​ឡើយ​។

    ក្រុម​វិស្វករ​នៅ​ក្នុង​ក្រុម​ហ៊ុន​នានា កំពុង​តែ​ញាប់ដៃញាប់​ជើង​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើ​។ បច្ចុប្បន្ន បណ្ដា​រថយន្ត​អគ្គិសនី​ដំបូង​ដែល​បំពាក់​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ដោយ​មិន​ប្រើ​ខ្សែកំពុង​តែ​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយចំនួន​។ ដោយ​សារ​តែ​ភាព​ងាយស្រួល​របស់​ឧបករណ៍​បញ្ចូល​ថាមពល​គ្មាន​ខ្សែ​ អ្នកជំនាញ​រំពឹង​ថា បច្ចេកវិទ្យា​នេះ​ពិត​ជា​មាន​សក្ដានុពល​។

    មើល​ទៅ​លើ​អតីតកាល មុខងារ​បញ្ចូល​ថាមពល​គ្មាន​ខ្សែ​​នៅ​លើរថយន្ត បាន​លេច​ឡើង​កាលពី​ឆ្នាំ​ ២០១៥។ កាលណោះ ក្រុម​ហ៊ុន QualComm អភិវឌ្ឍ​ឧបករណ៍​មួយ​ដែល​ហៅ​ថា Halo ដែល Qualcomm ធ្លាប់​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​ការ​ប្រកួត​បញ្ចូល​ថាមពល​ឱ្យ​ថ្ម​របស់​រថយន្ត​ plug-in hybrid BMW i8។ ប៉ុន្តែ Qualcomm មិន​មែនជា​ក្រុមហ៊ុន​តែ​មួយ​ដែល​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើ​នេះ​ទេ​។ នៅ Massachusetts កម្មវិធី​មួយរបស់​សាកល​វិទ្យា​ល័យ MIT ដែល​មាន​ឈ្មោះ​ថា WiTricity ក៏​បាន​ចាប់​ផ្ដើម​សាកល្បង​មុខ​បញ្ចូល​ថាមពល​គ្មានខ្សែ​នៅ​លើ​រថយន្តកាលពី​ឆ្នាំ​ ២០១០​ បន្ទាប់​ពី​បាន​ទទួល​ខ្ទង់​ប្រាក់​វិនិយោគ​របស់ Toyota។

    ដោយសារ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ បច្ចេកវិទ្យា​បញ្ចូលថាមពល​ខ្មាន​ខ្សែ​នេះ​មិន​ទាន់​មាន​ស្ដង់ដាច្បាស់​លាស់​ ដូច្នេះ​ក្រុម​វិស្វករកំពុង​តែ​ធ្វើការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ Alex Gruzen នាយកប្រតិបត្តិ​របស់ WiTRicity និយាយ​ថា «យើង​រួម​ជាមួយ​នឹង​ក្រុម​ការ​ងារ​នៅ សមាគម​វិស្វករ​រថយន្ត​អាម៉េរិក កំពុង​តែ​ធ្វើការ​ដើម្បី​បង្កើត​ប្រព័ន្ធ​ស្ដង់ដា​សម្រាប់​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​គ្មាន​ខ្សែសម្រាប់​រថយន្ត​អគ្គិសនី»។

    បច្ចុប្បន្ន នៅ​ កូរ៉េខាងត្បូង រថយន្តអគ្គិសនី​ Genesis GV60 ត្រូវ​បាន​បំពាក់​ឧករណ៍​បញ្ចូល​ថាមពល​គ្មាន​​ខ្សែ​រួច​ហើយ​។ ប៉ុន្តែ គួរ​ឱ្យ​ស្ដាយ បច្ចេកវិទ្យា​នេះ​មាន​នៅ​លើ​តែ​ GV60 កំណែ​ក្នុង​ស្រុក​ (កូរ៉េខាងត្បូង) ប៉ុណ្ណោះ។

    ​ប្រទេស​ចិន​ វិញ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចំនួន ៣ បានចាប់​ផ្ដើម​ផ្គត់ផ្គង់​បច្ចេកវិទ្យា​បញ្ចូលថាមពល​គ្មាន​ខ្សែ​នៅ ប្រទេស​នេះ​ ខណៈដែល​ក្រុមហ៊ុន​ដទៃ​ទៀត​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ចាប់​ពី​ឆ្នាំ​ក្រោយ​៕

  • APEC ២០២២ ៖ ថៃ ប្រកាស​អំពី​គោលដៅ​ក្លាយជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នៅ អាស៊ីអាគ្នេយ៍

    APEC ២០២២ ៖ ថៃ ប្រកាស​អំពី​គោលដៅ​ក្លាយជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នៅ អាស៊ីអាគ្នេយ៍

    ប្រទេស​ថៃ កំពុងតែ​ឆ្ពោះទៅរក​គោលដៅ​ក្លាយជា​មជ្ឈមណ្ឌល​ត​ភ្ជាប់​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ស្ដីពី​ការដឹកជញ្ជូន​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវ​សមុទ្រ។

    រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ Saksayam Chidchob បាន​ថ្លែង​ដូចខាងលើ​នា​ថ្ងៃនេះ​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុម​បេសកកម្ម APEC ក្នុង​វិស័យ​ដឹកជញ្ជូន ដែល​ធ្វើឡើង​នៅ រាជធានី​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី ១៥-១៦ កញ្ញា។

    ដើម្បី​ឆ្ពោះទៅរក​គោលដៅ​នេះ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ បានឱ្យដឹងថា ប្រទេស​នេះ​កំពុងតែ​ដំណើរការ​គម្រោង​ជាច្រើន រួមមាន ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC), គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ត​ភ្ជាប់​ព្រលានយន្តហោះ ៣ Don Mueang – Suvarnabhumi – Utapao, គម្រោង​ស្ដារ និង​កែលំអ​ព្រលានយន្តហោះ Utapao ជាដើម។ ប្រទេស​ថៃ ក៏​កំពុងតែ​អនុវត្ត​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​ផ្លូវ​ដែក​ល្បឿន​លឿង​ឡាវ-ចិន ផងដែរ។

    ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ថៃ ក៏មាន​ផែនការ​ស្ថាបនា​ស្ពាន​គោក​ដែល​ត​ភ្ជាប់​សមុទ្រ Andaman និង​ឈូង​សមុទ្រ​ថៃ បង្កើតបានជា​មជ្ឈមណ្ឌល​ដែល​ត​ភ្ជាប់​មហាសមុទ្រ​ឥណ្ឌា ជាមួយនឹង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​សិក្សា​ទីតាំងនៅ​ក្នុង​ខេត្ត​ចំនួន ២ គឺ Ranong និង Chumphon ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​ការសាងសង់​នៅ​ឆ្នាំ ២០៣០។

    រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ Saksayam Chidchob

    ក្រោម​ប្រធានបទ «ការដឹកជញ្ជូន​ប្រកបដោយ​និរន្តរភាព ឆ្លាត​វៃ និង​​ចីរភាព» ក្រុមមន្ត្រី​នៅក្នុង​វិស័យ​ដឹកជញ្ជូន​មកពី ២១ ប្រទេស​ដែលជា​សមាជិក​របស់ APEC នឹង​ផ្ដោត​ការពិភាក្សា​លើ​វិធានការ​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ការដោះដូរ​ទំនិញ និង​ស្ដារ​ការតភ្ជាប់​ជា​សកល​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ទេសចរណ៍។

    ទន្ទឹមនឹងនេះ ក្រុម​ប្រទេស​ជា​សមាជិក​ក៏​នឹង​ចែករំលែក​បទពិសោធន៍​ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការដឹកជញ្ជូន និង​បណ្ដាញ​ផ្គត់ផ្គង់​នៅក្នុង​ដំណាក់កាល​ក្រោយ​កូ​វីដ-១៩ផងដែរ៕

  • ចិន បញ្ចេញ​​ប្រាក់​​ជាង​ ២៨ ​ពាន់​​លាន​​ដុល្លារ ​ដើម្បី​​ជួយ​​ដល់​​សហគ្រាស​ក្នុង​​ស្រុក

    ចិន បញ្ចេញ​​ប្រាក់​​ជាង​ ២៨ ​ពាន់​​លាន​​ដុល្លារ ​ដើម្បី​​ជួយ​​ដល់​​សហគ្រាស​ក្នុង​​ស្រុក

    ធនាគារ​ប្រជាជន​ចិន (PBOC) ទើបតែ​បានប្រកាសថា នឹង​បែងចែក​កញ្ចប់​ថវិកា​ខ្នាត​ធំ​បន្ថែមទៀត​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច និង​វិនិយោគ។

    កញ្ចប់​ថវិកា​តម្លៃ ២០០ ពាន់​លាន​យុន ប្រហែល ២៨.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក នឹង​ត្រូវបាន​បែងចែក​ទៅឱ្យ​បណ្ដា​ធនាគារពាណិជ្ជ និង​សម្រាប់តែ​ខ្ទង់​ប្រាក់កម្ចី​ពី​សហគ្រាស។

    តាមរយៈ​ប្រព័ន្ធ​ធនាគារ​ពាណិជ្ជ ស្ថាប័ន​ PBOC នឹង​បញ្ចេញ​ទុន​សម្រាប់​​បណ្ដា​សហគ្រាស​ជាមួយនឹង​អត្រា​ការប្រាក់​ខ្ពស់បំផុត​ត្រឹម ៣.២% ក្នុង ១ ឆ្នាំ។ កម្មវិធី​នេះ​នឹង​អូស​បន្លាយពេល ១ ឆ្នាំ និង​អាច​ពន្យារ​សុពលភាព​ថែម ២ លើក។

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា រដ្ឋាភិបាល​ចិន នឹង​ផ្ដល់ជំនួយ ២.៥% នៃ​អត្រា​ការ​ប្រាស់​របស់​ខ្ទង់​ប្រាក់កម្ចី ដូច្នេះ​សហគ្រាស​នានា​នឹង​កាត់បន្ថយ​ការចំណាយ​លើ​ប្រាក់កម្ចី​បាន​ច្រើន​គួរសម។

    នេះ​គឺជា​វិធានការ​ជំនួយ​កំណើនសេដ្ឋកិច្ច​ថ្មី​បំផុត​ដែល​ត្រូវបាន រដ្ឋាភិបាល​ចិន អនុវត្ត។ មុន​នោះ ទីក្រុង​ប៉េកាំង បាន​អនុវត្ត​វិធានការ​មួយចំនួន​ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ ក្នុង​មានដូចជា ការបង្កើន​ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​លើកលែង ឬ​កាត់បន្ថយ​អត្រាពន្ធ និង​ជំរុញ​សកម្មភាព​ផ្ដល់ប្រាក់​កម្ចី ពិសេស​ចំពោះ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម។

    ក្រៅពី​ការជួយ «សម្រាលទុក្ខ» នៅក្នុង​ខ្ទង់​ប្រាក់កម្ចី រដ្ឋាភិបាល​ចិន ក៏​អនុញ្ញាតឱ្យ​បណ្ដា​រោងចក្រ សហគ្រាស​ធុន​តូច ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​នានា ពន្យារ​ការបង់ពន្ធ​ដែលមាន​តម្លៃ ៦៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងដំណាក់កាល​ពី​ខែកញ្ញា ដល់​ខែធ្នូ​ឆ្នាំនេះ៕

  • ទីក្រុង​ទាំង​ ១០ ដែល​​មាន​​សេដ្ឋី​​ច្រើន​ជាង​​គេ​​បង្អស់​​ក្នុង​​ពិភព​លោក​

    ទីក្រុង​ទាំង​ ១០ ដែល​​មាន​​សេដ្ឋី​​ច្រើន​ជាង​​គេ​​បង្អស់​​ក្នុង​​ពិភព​លោក​

    យោងតាម​របាយការណ៍​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​វិនិយោគ Henley & Partners ទីក្រុង New York គឺ​ជាទី​ដែលមាន​បុគ្គល​ដែលមាន​តម្លៃ​ទ្រព្យសម្បត្តិ​សុទ្ធ​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក។

    របាយការណ៍​ខាងលើ​បាន​បង្ហាញថា មាន​សេដ្ឋី​ប្រហែល ៣៤៥,០០០ នាក់ កំពុងស្ថិត​នៅក្នុង​តំបន់ Big Apple (រហ័ស​នាម​របស់​ទីក្រុង New York) ក្នុងនោះ​មាន ១៥,៤៧០ នាក់ មានទ្រព្យ​សម្បត្តិ​លើសពី ១០ លាន​ដុល្លារ, ៧៣៧ នាក់​មានទ្រព្យ​ចាប់ពី ១០០ លាន​ដុល្លារ រួម​នឹង​មហាសេដ្ឋី​ចំនួន ៥៩ នាក់។ New York ក៏​ត្រូវបាន​ចាត់ទុកថា​ជាទី​ក្រុងមាន​បំផុត​ក្នុង​ពិភពលោក ដោយយោង​ទៅលើ​គោលការណ៍​ជាច្រើន។

    យោងតាម​របាយការណ៍ ប្រហែល ៤% ក្នុងចំណោម​ប្រជាជន​សរុប ៨.៣៨ លាន​នាក់​របស់ New York មានទ្រព្យ​ដែល​អាច​វិនិយោគ (អចលនទ្រព្យ សាច់ប្រាក់​សុទ្ធ ឬ​ភាគហ៊ុន) ដែលមាន​តម្លៃ​លើសពី ១ លាន​ដុល្លារ។

    តម្លៃ​ទ្រព្យ​ឯកជន​សរុប​ដែល​ពលរដ្ឋ​នៅ New York កាន់កាប់ បច្ចុប្បន្ន​បាន​កើន​លើសពី ៣ ទ្រី​លាន (៣,០០០,០០០,០០០,០០០) ដុល្លារ​អាម៉េរិក។ តួលេខ​នេះ​គឺ​ច្រើនជាង​តម្លៃ​ទ្រព្យ​សរុប​ដែល​កាន់កាប់​ដោយ​ឯកជន​នៅក្នុង​ប្រទេស​នានា​ដែលជា​សមាជិក​របស់ G20 (ក្រុម​ប្រទេស​ដែលមាន​ឧស្សាហកម្ម​រីក​ច្រើនជាងគេ​ក្នុង​ពិភពលោក)។

    រាជធានី​តូ​ក្យូ (ជប៉ុន) ឈរ​លំដាប់​ទី ២ ដោយមាន​មនុស្ស ៣០៤,៩០០ នាក់ មានទ្រព្យ​សម្បត្តិ​សុទ្ធ​ខ្ពស់ ក្នុងនោះ​មាន សេដ្ឋី ៧,៣៥០ នាក់ មានទ្រព្យ​លើសពី ១០ លាន​ដុល្លារ​អាម៉េរិក, ២៦៣ នាក់​មានទ្រព្យ​ច្រើនជាង ១០០ លាន​ដុល​លារ និង ១២ នាក់​គឺជា​មហាសេដ្ឋី។

    តំបន់​ឈូង​សមុទ្រ San Francisco រួមទាំង​ជ្រលង Silicon (សហរដ្ឋ​អាម៉េរិក) ឈរ​លំដាប់​ទី ៣ ដោយមាន ២៧៦,៤០០ នាក់ មានទ្រព្យ​ច្រើន ក្នុងនោះ ១២,៨៩០ នាក់ មានទ្រព្យ​លើសពី ១០ លាន​ដុល្លារ, ៦២៣ នាក់ មានទ្រព្យ​ច្រើនជាង ១០០ លាន​ដុល្លារ និង ៦២ នាក់​គឺជា​មហាសេដ្ឋី។

    ក្នុង Top 10 នៃ​ទី​ក្រុងមាន​បំផុត​ក្នុង​ពិភពលោក ក្រៅពី New York និង​តំបន់ San Francisco សហរដ្ឋ​អាម៉េរិក ក៏​នៅមាន Los Angeles (លេខ ៦), Chicago (លេខ ៧) និង Houston (លេខ ៨) ផងដែរ។

    តារាង​នៃ​បណ្ដា​ទីក្រុង​ដែលមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក និង​ចំនួន​បុគ្គល​ដែលមាន​ទ្រព្យ​សុទ្ធ​ច្រើនជាងគេ ដែល​ត្រូវបាន​វាយតម្លៃ​ដោយ Henley & Partner ៖

    ១-New York របស់ សហរដ្ឋ​អាម៉េរិក (មាន​អ្នកមាន ៣៤៥,៦០០ នាក់)

    ២-Tokyo របស់ ជប៉ុន (៣០៤,៩០០ នាក់)

    ៣-តំបន់ San Francisco របស់ សហរដ្ឋ​អាម៉េរិក (២៧៦,៤០០ នាក់)

    ៤-London របស់ អង់គ្លេស (២៧២,៤០០ នាក់)

    ៥-Singapore របស់ សិង្ហ​បុរី (២៤៩,៨០០ នាក់)

    ៦-Los Angeles របស់ សហរដ្ឋ​អាម៉េរិក (១៩២,៤០០ នាក់)

    ៧-Chicago របស់ សហរដ្ឋ​អាម៉េរិក (១៦០,១០០ នាក់)

    ៨-Houston របស់ សហរដ្ឋ​អាម៉េរិក (១៣២,៦០០ នាក់)

    ៩-Beijing របស់ ប្រទេស​ចិន (១៣១,៥០០ នាក់)

    ១០-Shanghai របស់ ចិន (១៣០,១០០ នាក់)

  • ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ ១០០% ធំ​បំផុត​ក្នុង​ពិភពលោក លោត​ចូល​ទីផ្សារ​អាស៊ីអាគ្នេយ៍

    ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ ១០០% ធំ​បំផុត​ក្នុង​ពិភពលោក លោត​ចូល​ទីផ្សារ​អាស៊ីអាគ្នេយ៍

    Acciona Energía (អេ​ស្ប៉ា​ញ) កាលពី​ថ្ងៃទី ១៤ កញ្ញា បានប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន ៥០% របស់ The Blue Circle (សិង្ហ​បុរី) ដើម្បី​ក្លាយជា​ដៃគូ​សហការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ ស្ថាបនា និង​ដំណើរការ​ប្រព័ន្ធ​នៃ​បណ្ដា​គម្រោង​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

    យោងតាម​កិច្ចព្រមព្រៀង​ខាងលើ ការ​ទិញដូរ​ដំបូង​គឺ ៣៤ ពាន់​ដុល្លារ​អាម៉េរិក ត្រូវបាន Acciona Energía ចំណាយ​សម្រាប់​ទិញ​ភាគហ៊ុន ៥០% របស់ The Blue Circle រួម​ជាមួយនឹង​កិច្ចសន្យា​ផ្ដល់ទុន​វិនិយោគ​ឡើងដល់ ១១៣.៥ លាន​ដុល្លារ សម្រាប់​បណ្ដា​គម្រោង​ដែល​ត្រៀម​រួចរាល់​ក្នុងការ​ស្ថាបនា។

    ក្រោយពី​ការទិញ​ដូរ​បាន​រួចរាល់​ជា​ស្ថាពរ Acciona Energía នឹង​ក្លាយជា​ភាគ​ហ៊ុ​និក​ធំ​បំផុត​របស់ The Blue Circle។ នេះ​គឺជា​លើកដំបូង​បង្អស់​ដែល Acciona Energía អភិវឌ្ឍ ស្ថាបនា និង​ដំណើរការ​គម្រោង​នានា​នៅ អាស៊ីអាគ្នេយ៍។

    លោក Olivier Duguet ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ The Blue Circle បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​បាន​អភិវឌ្ឍ​គម្រោង​អគ្គិសនី​កម្លាំង​ខ្យល់​មួយចំនួន​នៅ អាស៊ីអាគ្នេយ៍ ចាប់ពី​ឆ្នាំ ២០១៣ ហើយ​គិត​មកដល់ពេលនេះ ក្រុមហ៊ុន​នេះ​បាន​នាំមុខគេ​នៅក្នុង​ប្រទេសមួយ​ចំនួន​នៅ​តំបន់​នេះ ដោយមាន​មូលនិធិ​កាន់កាប់​ដីធ្លី​ប្រមាណ ៩៤,៤៧៥ ហិកតា។

    «កិច្ចសហការ​យុទ្ធសាស្ត្រ​ជាមួយនឹង Acciona Energía នៅក្នុង​អំឡុង​ថាមពល​កកើត​ឡើងវិញ​កំពុង​រីកចម្រើន​ក្នុង​តំបន់ នឹង​ជួយ​ឱ្យ The Blue Circle សម្រេចបាន​កំណើន​លេចធ្លោ​ក្នុងពេល​ខាងមុខ» លោក Duguet ឱ្យដឹង​ដូច្នេះ។

    លោក Rafael Mateo នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Acciona Energía បញ្ជាក់ថា «ក្រោយ​ការវិនិយោគ​នៅ អូស្ត្រាលី យើង​ពិតជា​ចង់​សហការ​ជាមួយ The Blue Circle នៅក្នុង​ទីផ្សារ​ថាមពល​កកើតឡើង​វិញ​របស់ អាស៊ីអាគ្នេយ៍។ ហើយ​ការសហការ​នេះ បើកផ្លូវ​ឱ្យ​មានឱកាស​រីកចម្រើន​ថ្មី​សម្រាប់​យើង»៕

  • មហាសេដ្ឋី​មួយរូប ជូន​ក្រុមហ៊ុន​​ទាំងមូល​ទៅឱ្យ​មូលនិធិ​មនុស្សធម៌ ដើម្បី​សង្គ្រោះ​ផែនដី

    មហាសេដ្ឋី​មួយរូប ជូន​ក្រុមហ៊ុន​​ទាំងមូល​ទៅឱ្យ​មូលនិធិ​មនុស្សធម៌ ដើម្បី​សង្គ្រោះ​ផែនដី

    (សហរដ្ឋ​អាម៉េរិក)-មហាសេដ្ឋី​មួយរូប​ដែលជា​ស្ថាបនិក​របស់ Patagonia ប្រកាសជូន​ក្រុមហ៊ុន​នេះ​ទៅឱ្យ​មូលនិធិ​មនុស្សធម៌​មួយ ហើយ​ប្រាក់ចំណូល​ទាំងអស់​របស់​ក្រុមហ៊ុន​នេះ​នឹង​ទុក​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ។

    Yvon Chouinard មហាសេដ្ឋី​អាម៉េរិក ដែល​កាន់កាប់​យីហោ​សម្ភារៈ​កីឡា​ដ៏​ធំ និង​ជោគជ័យ​បំផុត​មួយ​នៅក្នុង​ពិភពលោក កាលពី​ថ្ងៃទី ១៤ កញ្ញា បាន​ប្រកាសជូន​ក្រុមហ៊ុន​ទាំងមូល​ដល់​អង្គ​ការមិន​ស្វែងរក​ប្រាក់​ចំណេញ​ ហើយ​មូលនិធិ​មួយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ប្រាក់ចំណេញ​​របស់​ក្រុមហ៊ុន​នេះ ទុក​សម្រាប់​បេសកកម្ម​សង្គ្រោះ​ផែនដី។

    «គិត​មកដល់ពេលនេះ ផែនដី​គឺជា​ភាគ​ហ៊ុ​និក​តែមួយគត់​របស់​យើង» ក្រុមហ៊ុន Patagonia ប្រកាស​ដូច្នេះ។ «ប្រាក់ចំណូល​ទាំងអស់​នឹង​ទុក​សម្រាប់​បេសកកម្ម​សង្គ្រោះ​ពិភពលោក​របស់​យើង»។

    Chouinard វ័យ ៨៣ ឆ្នាំ រួម​នឹង​ភរិយា កូន ២ នាក់ និង​ក្រុម​មេធាវី បាន​បង្កើត​ប្រព័ន្ធ​មួយ​ដែល​អនុញ្ញាតឱ្យ Patagonia ធ្វើ​សកម្មភាព​ដូច​ទៅនឹង​ក្រុមហ៊ុន​មួយ ប៉ុន្តែ ប្រាក់ចំណេញ​ដែល​រកបាន​នឹង​ត្រូវបាន​ចំណាយ​ទៅក្នុង​ការប្រឹងប្រែង​ការពារ​បរិស្ថាន។

    ហាងសម្លៀកបំពាក់​យីហោ Patagonia របស់​មហា​សេដ្ឋី Chouinard

    គ្រួសារ Chouinard បាន​បរិច្ចាគ​ភាគហ៊ុន ២% និង​សិទ្ធិ​សម្រេច​ទៅឱ្យ​មូលនិធិ​មួយ​ដែល​គ្រប់គ្រង​បេសកកម្ម និង​តម្លៃ​របស់​ក្រុមហ៊ុន។ ចំណែក​ភាគហ៊ុន ៩៨% ដែល​នៅសល់ នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ Holdfast Collective ជា​ស្ថាប័ន​ដែល​នឹង «ប្រើប្រាស់​ខ្ទង់​ប្រាក់​ដែល​ទទួលបាន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​បរិស្ថាន ការពារ​ធម្មជាតិ និង​ធ្វើ​ពិពិធ​កម្ម​លើ​ជីវសាស្ត្រ ក៏ដូចជា​ការជួយ​ដល់​សហគមន៍​អភិវឌ្ឍ​ចីរភាព​ប្រកបដោយ​ភាព​លឿន​រហ័ស​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន»។

    ប្រាក់ចំណេញ​ប្រចាំឆ្នាំ​ដែល Patagonia រកបាន ក្រោយពី​បាន​វិនិយោគ​ជាថ្មី នឹង​ត្រូវបាន​បែងចែក​ទៅឱ្យ Holdfast Collective ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ។ វិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បញ្ចៀស​ការលក់​ក្រុមហ៊ុន ដែល​អាច​នាំឱ្យ​តម្លៃ​របស់ Patagonia ត្រូវ​ប្រែប្រួល។ លោក Chouinard បានឱ្យដឹងថា ប្រាក់ចំណេញ​ដែល​ក្រុមហ៊ុន​នេះ​រកបាន​ក្រោយពី​ទូទាត់​ខ្ទង់​វិនិយោគ​ឡើងវិញ នៅក្នុង​ឆ្នាំនេះ​គឺ​ប្រមាណ ១០០ លាន​ដុល្លារ​អាម៉េរិក។

    លោក Chouinard ជា​អ្នកជំនួញ​ដែល​ល្បីឈ្មោះ​ខាង​ធ្វើ​រឿង​មិន​ដូច​គេឯង បានចាប់ផ្ដើម​មុខ​ជំនួញ​របស់ខ្លួន​ដោយ​ការច្នៃ​ទំ​ពក់​ឡើង​ភ្នំ​ធ្វើ​អំពី​លោហធាតុ និង​តែង​រស់នៅក្នុង​រថយន្ត​ដឹកទំនិញ​នៅ​ទីតាំង​ឡើង​ភ្នំ​នានា​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ។ Forbes គណនា​ឃើញថា ទ្រព្យ​របស់លោក Chouinard ក្នុង​ឆ្នាំ ២០២២ នេះ​គឺ ១.២ ពាន់​លាន​ដុល្លារ ចំណែក​ប្រាក់ចំណូល​ក្នុងឆ្នាំនេះ​របស់​ក្រុមហ៊ុន Patagonia គឺ ១.៥ ពាន់​លាន​ដុល្លារ។

    លោក Yvon Chouinard

    «កន្លងមក លោក Chouinard បាន​និយាយថា «ខ្ញុំ​ខឹង​ណាស់​នៅពេល​ទស្សនាវដ្ដី Fortune ដាក់​ចំណាត់ថ្នាក់​ជា​មហាសេដ្ឋី​ឱ្យ​ខ្ញុំ។ ខ្ញុំ​មិនមាន ១ ពាន់​លាន​ដុល្លារ​នៅក្នុង​ធនាគារ ហើយក៏​មិនមាន​រថយន្ត Lexus»។

    គ្រួសារ​របស់លោក Chouinard តែងតែ​សកម្ម​នៅក្នុង​កិច្ចការ​មនុស្សធម៌។ David Callahan ដែលជា​ស្ថាបនិក​នៃ​គេហទំព័រ Inside Philanthropy បាន​បញ្ចេញយោបល់​ថា «អ្នក​គិតថា មហាសេដ្ឋី​ភាគច្រើន​គ្រាន់តែ​បរិច្ចាគ​មួយផ្នែក​តូច​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ គ្រួសារ Chouinard វិញ គឺជា​ករណី​លើកលែង»៕