Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន Google បន្ថែម​ប្រាក់ចំណូល​សម្រាប់​អ្នកធ្វើ​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម Youtube

    ក្រុមហ៊ុន Google បន្ថែម​ប្រាក់ចំណូល​សម្រាប់​អ្នកធ្វើ​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម Youtube

    បណ្ដាញ​សង្គម Youtube នឹង​ចាប់ផ្ដើម​ដាក់​ផ្សាយពាណិជ្ជកម្ម​នៅលើ​មុខងារ​វីដេអូ​ខ្លី ហើយ​អ្នកបង្កើត​វីដេអូ​រក្សា​ប្រាក់ចំណូល ៤៥%។

    ថ្មីៗនេះ Youtube បាន​បញ្ចេញ​វិធី​ថ្មី​ដើម្បី​ជួយ​ឱ្យ​អ្នក​ផលិត​ខ្លឹមសារ​អាច​រកប្រាក់​ពី​វីដេអូ​ខ្លី នៅក្នុង​គ្រា​ដែល​បណ្ដាញ​សង្គម​នេះ​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ពី TikTok។

    បណ្ដាញ​សង្គម​របស់ Google កាលពី​ថ្ងៃទី ២០ កញ្ញា បានប្រកាសថា ពួកគេ​នឹងដាក់​ផ្សាយពាណិជ្ជកម្ម​នៅលើ​មុខងារ​វីដេអូ​ខ្លី​ដែលមាន​ឈ្មោះថា Shorts ហើយ​អ្នកបង្កើត​វីដេអូ​ប្រភេទ​នេះ រក្សា​ប្រាក់ចំណូល ៤៥% ទាប​ជាង​បន្តិច​ធៀប​នឹង ៥៥% សម្រាប់​វីដេអូ​វែង​ដែល​មិន​ស្ថិតក្នុង​ក្រុម Shorts។

    អ្នកធ្វើ​វីដេអូ​មួយចំនួន​បាន​សម្ដែង​ការគាំទ្រ​ចំពោះ​ឥរិយាបថ​ថ្មី​របស់ Youtube ដោយ​យល់ថា បណ្ដាញ​សង្គម​នេះ​កំពុង​តែមាន​វិធី​ថ្មី​ជួយ​ឱ្យ​អ្នក​ផលិត​វីដេអូ​រីកចម្រើន​ទៅតាម​រូបភាព​ផ្សេងគ្នា។

    កាលពី​ខែមេសា​ឆ្នាំនេះ Youtube បាន​បង្កើត​មូលនិធិ​មួយ​ដែលមាន​តម្លៃ ១០០ លាន​ដុល្លារ​អាម៉េរិក ដើម្បី «ចងជើង» អ្នក​ផលិត​វីដេអូ​រយៈពេល​មធ្យម។

    គម្រោង​ចែករំលែក​ប្រាក់ចំណូល​ថ្មី​របស់ Youtube គឺ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​សម្រាប់ Shorts ទៅតាម​ទិសដៅ​ស្ថិរភាព។

    នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ Google រកបាន​ប្រាក់ ១៤.២ ពាន់​លាន​ដុល្លារ​ពី​ការផ្សាយពាណិជ្ជកម្ម​លើ Youtube កើន ៩% ធៀប​នឹង​ពាក់កណ្ដាល​ដើមឆ្នាំ​កន្លង។ ប៉ុន្តែ បរិមាណ​នៃ​ការលក់​ពាណិជ្ជកម្ម​ប្រចាំត្រីមាស​ចុង​ក្រោយនេះ​បង្ហាញថា វា​មាន​កំណើន​យឺត​បំផុត​រាប់​ចាប់តាំងពី Youtube ចាប់ផ្ដើម​ប្រកាស​ទិន្នន័យ​ស្ដីពី​ប្រាក់ចំណូល​កាលពី ៣ ឆ្នាំមុន។

  • ក្រសួងពាណិជ្ជកម្ម ប្រកាស​អំពី​តម្លៃ​លក់រាយប្រេងឥន្ធនៈថ្មី 

    ក្រសួងពាណិជ្ជកម្ម ប្រកាស​អំពី​តម្លៃ​លក់រាយប្រេងឥន្ធនៈថ្មី 

    ក្រសួងពាណិជ្ជកម្ម បាន​ចេញ​សេចក្តីជូនដំណឹងស្ដីពី «តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២»។

    ក្នុង​ការ​កំណត់​តម្លៃ​លក់​រាយ​ថ្មីនេះ ប្រេងសាំង​ធម្មតា ត្រូវ​លក់​ ៤,៣៥០ រៀល​/លីត្រ និង​ប្រេង​ម៉ាស៊៊ូត​លក់​ក្នុង​តម្លៃ​ ៤,៨៥០ រៀល​/លីត្រ​។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ជូន​ដំណឹង​របស់​ ក្រសួង​ពាណិជ្ជកម្ម​ ដូច​ខាងក្រោម​ ៖

     

  • ហូ​ឡង់​ប្រកាសថា នឹង​ចំណាយ​ប្រាក់​ជិត ២០ ពាន់​លាន​អឺរ៉ូ ដើម្បី​ជួយ​ដល់​ប្រជាជន

    ហូ​ឡង់​ប្រកាសថា នឹង​ចំណាយ​ប្រាក់​ជិត ២០ ពាន់​លាន​អឺរ៉ូ ដើម្បី​ជួយ​ដល់​ប្រជាជន

    សេចក្ដី​សង្ខេប​ស្ដីពី​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ ២០២៣ របស់ ប្រទេស​ហូ​ឡង់ បានឱ្យដឹងថា រាជរដ្ឋាភិបាល​ប្រទេស​នេះ​នឹង​ចំណាយ​ជាង ១៧ ពាន់​លាន​អឺរ៉ូ ដើម្បី​ជួយ​ដល់​ប្រជាជន​នៅ​ឆ្នាំក្រោយ។

    រាជរដ្ឋាភិបាល​ហូ​ឡង់ កាលពី​ថ្ងៃទី ២០ កញ្ញា បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ដ៏​ធំ «មិន​ធ្លាប់មាន» ឡើងដល់ ១៧.២ ពាន់​លាន​អឺរ៉ូ ដើម្បី​ជួយ​សម្រាលទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ថាមពល ក៏ដូចជា​បញ្ហា​អតិផរណា​ខ្ពស់​ខ្លាំង​ដោយសារតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    មហាក្សត្រ Willem-Alexander របស់ ប្រទេស​ហូ​ឡង់ បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ខាងលើ​នៅពេល​ទ្រង់​យាង​បើក​សម័យប្រជុំ​សភា​នៅ La Hay។

    មហាក្សត្រ Willem-Alexander បាន​អះអាងថា «ផលវិបាក​ផ្ទាល់​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ទណ្ឌកម្ម​អន្តរជាតិ​សំដៅលើ រុស្ស៊ី គឺ​ឧស្ម័ន អគ្គិសនី និង​ស្បៀងអាហារ​បាន​ប្រែជា​ឡើងថ្លៃ​ខ្ពស់»។

    សេចក្ដី​សង្ខេប​ស្ដីពី​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ ២០២៣ របស់ ប្រទេស​ហូ​ឡង់ បានឱ្យដឹងថា រាជរដ្ឋាភិបាល​ប្រទេស​នេះ​នឹង​ចំណាយ​ជាង ១៧.២ ពាន់​លាន​អឺរ៉ូ ដើម្បី​ជួយ​ដល់​ប្រជាជន​នៅ​ឆ្នាំក្រោយ និង ៤.៩ ពាន់​លាន​អឺរ៉ូ​ទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់។

    យោងតាម​ការិយាល័យ​ស្ថិតិ​ជាតិ​របស់ ហូ​ឡង់ (CBS) អតិផរណា​នៅ​ប្រទេស​នេះ​ក្នុង​ខែសីហា គឺ ១២% ខ្ពស់ជាង ៣ ភាគរយ​ធៀប​នឹង​កម្រិត​មធ្យម​របស់ សហភាព​អឺរ៉ុប (EU) និង​ជា​កម្រិត​ខ្ពស់បំផុត​នៅ ហូ​ឡង់ រាប់​ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០។

    CBS បានឱ្យដឹងថា តម្លៃ​ថាមពល​បាន​កើនឡើង ១៧០% និង​តម្លៃ​អគ្គិសនី​កើន ១៤៩% នៅក្នុង​ខែសីហា​កន្លងទៅ។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​ហូ​ឡង់ បានប្រកាសថា​នឹង​កំណត់​តម្លៃ​ពិតាន​ចំពោះ​ឧស្ម័ន និង​អគ្គិសនី ចាប់ពី​ថ្ងៃទី ០១ មករា ២០២៣៕

  • អ្នក​រើស​អេតចាយ​នៅ New York រកប្រាក់​បាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយថ្ងៃ

    អ្នក​រើស​អេតចាយ​នៅ New York រកប្រាក់​បាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយថ្ងៃ

    តាម​ការ​គណនា មនុស្ស​ប្រហែល​ពី ៨,០០០ ទៅ ១០,០០០ នាក់​នៅ​ទីក្រុង New York សហរដ្ឋ​អាម៉េរិក កំពុង​រកប្រាក់​ចិញ្ចឹមជីវិត ចិញ្ចឹម​គ្រួសារ និង​បង់ថ្លៃ​សាលា​ឱ្យ​កូន​រៀន​នៅ​មហាវិទ្យាល័យ ដោយ​ការ​រើស​សម្បក​កំប៉ុង។

    នៅ​ជ្រុង​មួយ​នៃ​ផ្លូវ Riverside Drive និង West 89th Street អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​អាច​មើលឃើញ​ថង់​ប្លាស្ទិ​ក​ផ្ទុក​ពេញ​ទៅដោយ​សម្បក​កំប៉ុង សម្បក​ដប​ជ័រ​ដែល​គេ​ប្រើប្រាស់​រួច។

    សារព័ត៌មាន New York Times បានឱ្យដឹងថា ថ្វីបើ​ថង់​ដាក់​សម្បក​កំប៉ុង​ទាំងនេះ​មើលទៅ​ដូច​សំរាម ប៉ុន្តែ​ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់ Queens នេះ​គឺជា​ប្រភព​ចំណូល​ចម្បង​របស់​ពួកគេ។

    ថង់​ប្លា​ស្ទិ​ក​ធំ​មួយ​អាច​ផ្ទុក​សម្បក​កំប៉ុង​បាន​ប្រហែល ២០០ ក្នុង​នោះ សម្បក​កំប៉ុង​ ១ មាន​តម្លៃ​ខ្ទង់ ៥ សេន​អាម៉េរិក (ប្រហែល ២០០ រៀល) នៅពេល​ទៅ​លក់​ឱ្យ​មជ្ឈមណ្ឌល​កែច្នៃ Elmsford (New York)។ ការងារ​នេះ​ត្រូវមាន​ការអត់ធ្មត់ រើស​សន្សំ​ម្ដង ១ កំប៉ុងៗ ប៉ុន្តែ វា​នាំមក​នូវ​ប្រាក់ចំណូល​សំខាន់​សម្រាប់​គ្រួសារ​ក្រីក្រ​នៅក្នុង​ទីក្រុង​នេះ។

    នៅក្នុង​ថ្ងៃ​ណា​ដែល​សំណាង​បំផុត អ្នក​រើស​សម្បក​កំប៉ុង​អាច​ប្រមូលបាន​ខ្ទង់ ១០០ ថង់ ដែល​នេះ​ស្មើនឹង​ទឹកប្រាក់ ១,០០០ ដុល្លារ។

    លោក Ryan Castalia នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​ប្ដូរ​អំណោយ Sure We Can ដែលជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ បាន​គណនា​ឃើញថា មនុស្ស​ប្រហែល​ពី ៨,០០០ ទៅ ១០,០០០ នាក់​នៅ New York កំពុង​រកប្រាក់​តាមរ​យៈ​ការ​រើស​សម្បក​កំប៉ុង សម្បក​ដប​ជ័រ។

    លោក Ray del Carmen រស់នៅក្នុង​តំបន់ Brooklyn និង​ធ្លាប់​ដើរ​រើស​សម្បក​កំប៉ុង ហើយ​បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​មួយរូប​នៅ Sure We Can បានឱ្យដឹងថា ក្រុម​អ្នក​រើស​សម្បក​កំប៉ុង​ដឹង​យ៉ាងច្បាស់​ថា តែងតែមាន​ថ្ងៃ​សំណាង ថ្ងៃ​ដែល​រកបាន​សម្បក​កំប៉ុង​ច្រើន​បំផុត ពិសេស​គឺ​នៅក្នុង​រដូវ​បុណ្យធំៗ។

    ថ្ងៃបុណ្យ «គ្រប់គ្នា​ឆាប់​ចាប់ផ្ដើម​ផឹកស្រា​បៀ​។ ពី​ម៉ោង ១៤ រហូតដល់​ម៉ោង ៤ ទៀបភ្លឺថ្ងៃ​ស្អែក ខ្ញុំ​គ្រាន់តែ​ដើរ​ពីរ​ង្គ​សាល​មួយ​ទៅរ​ង្គសាល​មួយ​នៅ​កណ្ដាល​ក្រុង 45 ក៏​អាច​រក​ប្រាក់បាន​ ៨០០ ដុល្លារ​​ដោយ​ងាយ» Ray del Carmen បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ដូច្នេះ៕

  • តេ​ឡេ​ស្កុប​ឆ្លុះ​មើល​អតីតកាលក្នុង​ចក្រវាល​ James Webb ជួប​បញ្ហា​បច្ចេកទេស

    តេ​ឡេ​ស្កុប​ឆ្លុះ​មើល​អតីតកាលក្នុង​ចក្រវាល​ James Webb ជួប​បញ្ហា​បច្ចេកទេស

    (សហរដ្ឋ​អាម៉េរិក)-ឧបករណ៍​មួយ​ក្នុងចំណោម​ឧបករណ៍សំខាន់ៗដែល​ជួយ​ដល់​ការឆ្លុះ​មើល​ក្នុង​កម្រិត​រលក​ពន្លឺ​អ៊ី​ន​ហ្វ្រា​រេ​ដ របស់​តេ​ឡេ​ស្កុប​អវកាស James Webb មិនអាច​ដំណើរការបាន​ដូច​ធម្មតា។

    តេ​ឡេ​ស្កុប​ជំនាន់​ថ្មី​នេះ​កំពុងតែ​ផ្ញើ​រូបភាព​វិទ្យាសាស្ត្រ​ស្ដីពី​ពិភព​នានា​នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ កាឡាក់ស៊ី និង​ភព​នៅ​ខាងក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​មនុស្ស។ បញ្ហា​នៅលើ​ឧបករណ៍​អ៊ី​ន​ហ្វ្រា​រ៉េដ​កណ្ដាល (MIRI) នឹង​ប៉ះពាល់​ដល់​ល្បឿន​នៃ​ដំណើរការ​របស់ Webb ដោយ​វា​មិនអាច​ធ្វើការ​ប្រកប់ដោយ​ជំនាញ។ នេះ​បើតាម​សារព័ត៌មាន Cnet ចេញផ្សាយ​កាលពី​ថ្ងៃទី ២០ កញ្ញា។

    MIRI បំពាក់​កាមេរ៉ា​មួយគ្រឿង និង​ឧបករណ៍​វាស់​ស្ទង់ (spectrometer) កម្រិត​ពន្លឺ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​សង្កេត​អវកាស​ក្នុង​រលក​អ៊ី​ហ្វ្រា​រ៉េ​ដដែល​ភ្នែក​មនុស្ស​មិនអាច​មើលឃើញ។ MIRI មាន​ជំនាញ​ក្នុងការ​តាមដាន​តំបន់​កកើត​ផ្កាយ​នៅក្នុង​កាឡាក់ស៊ី​នានា។

    MIRI ប្រើប្រាស់ ៤ របប ឬ​ទម្រង់​នៅក្នុង​ការសង្កេត​អវកាស។ កាលពី​ថ្ងៃទី ២៤ សីហា រចនាសម្ព័ន្ធ​មួយ​ដែល​ជួយ​ដល់​ទម្រង់​ទាំង ៤ នេះ គឺ​ម៉ាស៊ីន​វាស់​ស្ទង់​ពន្លឺ​ដែលមាន​គុណភាព​បង្ហាញ​កម្រិត​មធ្យម (MRS) មាន​សញ្ញា​បង្ហាញថា ការ​កកិត​មានការ​កើនឡើង​នៅក្នុងពេល​ដំឡើង​ដើម្បី​ធ្វើការ​សង្កេត នេះ​បើតាម​ណា​សា។

    គ្រឿង​ម៉ាស៊ីន​ដែល​ជួប​បញ្ហា​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជ្រើសរើស​រលក​ពន្លឺផ្សេងៗគ្នា នៅពេល Webb សង្កេត​នៅក្នុង​ទម្រង់ MRS។ ក្រុម​វិស្វករ​បាន​បើក​ការវាយតម្លៃ​កាលពី​ថ្ងៃទី ០៦ កញ្ញា ដើម្បី​ពិនិត្យមើល​បញ្ហា និង​រក​វិធី​ដោះស្រាយ។

    ណា​សា បាន​សង្កត់ធ្ងន់ថា តេ​ឡេ​ស្កុប James Webb នៅតែ​ដំណើរ​ការល្អ ហើយ​របប ឬ​ទម្រង់​សម្រាប់​សង្កេត​ទាំង ៣ ដែល​នៅសល់​របស់ MIRI កំពុងដំណើរការ​ធម្មតា។

    តេ​ឡេ​ស្កុប​នេះ កន្លងមក​ក៏​ធ្លាប់​ជួប​បញ្ហា​ម្ដង​ហើយ នៅពេល​ត្រូវ​អាចម៍ផ្កាយ​ល្អិត ១ គ្រាប់​ហោះ​មក​បុក​កញ្ចក់​របស់​វា៕

  • ប្រាក់​ឈ្នួល​របស់កម្មករ​ កម្មការិនី​រោង​ចក្រ​ ​ក្នុង​ឆ្នាំ​ ២០២៣ នឹង​មាន​ចំនួន ២០០ ដុល្លារ​អាម៉េរិក

    ប្រាក់​ឈ្នួល​របស់កម្មករ​ កម្មការិនី​រោង​ចក្រ​ ​ក្នុង​ឆ្នាំ​ ២០២៣ នឹង​មាន​ចំនួន ២០០ ដុល្លារ​អាម៉េរិក

    ក្រសួងការងារ ទើប​តែ​ចេញសេចក្តីថ្លែង​ការណ៍​មួយ​នាព្រឹក​ថ្ងៃទី ២១ កញ្ញា ស្ដីពីការដំឡើងប្រាក់ឈ្នួលដល់កម្មករ​កម្មការិនី​រោង​ចក្រ​ សម្រាប់​ឆ្នាំ​ ២០២៣​។

    ក្នុង​កិច្ច​ប្រជុំ​នាពេល​កន្លង ភាគី​តំណាង​កម្មករ កម្មការិនី បាន​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា ៣ តួលេខ​ផ្សេង​គ្នា​ គឺ ២០៦ ដុល្លារ​, ២១០ ដុល្លារ និង ២១៣ ដុល្លារ​ ខណៈ​ដែល​តំណាង​រោង​ចក្រ​បាន​ដំឡើង​ដល់​ ១៩៨ ដុល្លារ​។ ចំណែក​តំណាង​រដ្ឋាភិបាល​វិញ បាន​ជ្រើស​យក​តួលេខ​ ១៩៨ ដុល្លារ​។

    ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តួលេខ​ខាងលើ និង​ដោយ​យោង​ទៅ​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​ស្នើតួលេខ​ ១៩៨ ដុល្លារ​ ជូន​រដ្ឋមន្ត្រី​​ក្រសួង​ការ​ងារ​ ពិនិត្យ​ សម្រេច។

    ក្រោយ​ការ​ពិនិត្យ​ ពិភាក្សា​ រាជរដ្ឋាភិបាល​ក៏សម្រេច​បន្ថែម​ថវិកា​រដ្ឋ ០២ ដុល្លារ ពី​លើ​ប្រាក់​ឈ្នួល​ ១៩៨ ដុល្លារ​។ ដូច្នេះ​ ប្រាក់​ឈ្នួល​សរុប​សម្រាប់​កម្មករ កម្មការិនី​នៅ​ឆ្នាំ ២០២៣ នឹង​មាន​ចំនួន ២០០ ដុល្លារ​អាម៉េរិក​។

     

     

  • ចំនួន​សេដ្ឋី​ដែល​មាន​ទ្រព្យ​ចាប់​ពី​ ១ លាន ដល់​ក្រោម​ ១ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ទូទាំង​ពិភពលោក​នឹង​កើន ៤០% នៅ​ឆ្នាំ ២០២៦

    ចំនួន​សេដ្ឋី​ដែល​មាន​ទ្រព្យ​ចាប់​ពី​ ១ លាន ដល់​ក្រោម​ ១ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ទូទាំង​ពិភពលោក​នឹង​កើន ៤០% នៅ​ឆ្នាំ ២០២៦

    បើទោះជា​អត្រា​ការប្រាក់​កើនឡើង​ខ្ពស់ និង​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន កំពុងតែ​ជះឥទ្ធិពល​អាក្រក់​ដល់​ទ្រព្យសម្បត្តិ​របស់​មនុស្ស​គ្រប់គ្នា ប៉ុន្តែ Credit Suisse បាន​ព្យាករ​ថា ចំនួន​សេដ្ឋី​របស់​ពិភពលោក​នឹង​នៅតែ​កើនឡើង​ខ្ពស់។

    ឆ្នាំ ២០២៦ ពិភពលោក​នឹងមាន​មនុស្ស​ចំនួន ៨៧.៥ លាន​នាក់ ដែលមាន​ទ្រព្យ​ចាប់ពី ១ លាន​ដុល្លារ​អាម៉េរិក ដល់​ក្រោម ១ ពាន់​លាន​ដុល្លារ ដែល​តួលេខ​នេះ​កើន៤០% ធៀប​នឹង ៦២.៥ លាន​នាក់​របស់​ឆ្នាំ ២០២១។ នេះ​បើតាម «របាយការណ៍​ទ្រព្យសម្បត្តិ​ទូទាំង​ពិភពលោក ឆ្នាំ ២០២២» ដែល​ទើបត្រូវ​បានប្រកាស​កាល​ពីថ្ងៃ​ទី ២០ កញ្ញា ដោយ Credit Suisse ដែលជា​ធនាគារឯកជន​របស់ ស្វី​ស ធំជាងគេ​មួយ​ក្នុង​ពិភពលោក។

    ក្នុង​របាយការណ៍​នោះ សហរដ្ឋ​អាម៉េរិក នាំមុខគេ ដោយ​នឹងមាន​សេដ្ឋី​ចំនួន ២៧.៧ លាន​នាក់​ក្នុង​ឆ្នាំ ២០២៦ (ឆ្នាំ ២០២១ សហរដ្ឋ​អាម៉េរិក មាន ២៤.៥ លាន​នាក់)។ ប្រទេស​ចិន នឹងមាន​សេដ្ឋី ១២.២ លាន​នាក់ ក្នុង​ឆ្នាំ ២០២៦ ពោលគឺ​ច្រើនជាង​ទ្វេដង ធៀប​នឹង​ឆ្នាំ ២០២១ ដែល​មានតែ ៦.២ លាន​នាក់។

    ក្នុងពេល​អ្នកមាន​ជាងគេ​ចំនួន ៥០០ នាក់​នៅក្នុង​ពិភពលោក បាត់បង់​ទ្រព្យ​អស់ ១.៤ ទ្រី​លាន​ដុល្លារ​នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ Credit Suisse បាន​រកឃើញ​ឃើញថា ទ្រព្យ​ស​សម្បត្តិ​សរុប​របស់​ពិភពលោក​បាន និង​កំពុង​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ពិសេស​គឺ​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ៕

  • វិស័យ​ទេសចរណ៍​ថៃ ឆ្នាំ ២០២៣ ត្រូវបាន​ព្យាករ​ថា ងើបឡើង ៨០% ធៀប​នឹង​មុន​សម័យ​កូ​វីដ-១៩

    វិស័យ​ទេសចរណ៍​ថៃ ឆ្នាំ ២០២៣ ត្រូវបាន​ព្យាករ​ថា ងើបឡើង ៨០% ធៀប​នឹង​មុន​សម័យ​កូ​វីដ-១៩

    យោងតាម​ទិន្នន័យ​របស់ រដ្ឋាភិបាល​ថៃ ដែល​ប្រកាស​កាលពី​ម្សិលមិញ ប្រាក់ចំណូល​បាន​ពី​សកម្មភាព​ទេសចរណ៍​របស់​ប្រទេស​នេះ​ក្នុង​ឆ្នាំ ២០២៣ នឹង​សម្រេចបាន ៦៤.៥ ពាន់​លាន​ដុល្លារ ប្រហែល ៨០% ធៀប​នឹង​ដំណាក់កាល​មុន​សម័យ​កូ​វីដ-១៩។

    អ្នកនាំពាក្យ​របស់ រដ្ឋាភិបាល​ថៃ Anucha Burapachaisri បានឱ្យដឹងថា វិស័យ​ទេសចរណ៍​ងើបឡើង​វិញ ៨០% ធៀប​នឹង​ដំណាក់កាល​មុន​កូ​វីដ-១៩ នៅក្នុង​ឆ្នាំ ២០២៣។ ប្រាក់ចំណូល​បាន​ពី​ភ្ញៀវ​បរទេស​អាច​ឡើងដល់ ៤០.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងពេលដែល​ទេសចរ​ក្នុងស្រុក​រួមចំណែក​ប្រហែល ២៣.៨ ពាន់​លាន​ដុល​លារ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Nikkei Asia។

    យោងតាម​លោក Anucha Burapachaisri ប្រទេស​ថៃ កំពុង​ស្ថិតនៅ​លើផ្លូវ​ងើបឡើង​វិញ ហើយ​រដ្ឋាភិបាល​ក៏​យល់ថា ផែនការ​កែលំអ​រសក​ម្ម​ភាព​ជំនួញ​របស់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​នឹង​សមស្រប​ជាមួយ​ចំនួន​ភ្ញៀវ​ដែល​កាន់តែ​កើនឡើង ពិសេស​គឺ​នៅក្នុង​រដូវ​កាល​ពេញនិយម​នា​ចុងឆ្នាំ។

    វិស័យ​ទេសចរណ៍​ធ្លាប់ជា​ចលករ​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ថៃ ដោយ​វា​រួមចំណែក ១៨% ទៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP)។ កាលពី​ឆ្នាំ ២០១៩ ប្រទេស​ថៃ ធ្លាប់​ទទួល​ទេសចរ​រហូតដល់ ៣៩ លាន​នាក់ ដែល​ចំណាយ​ប្រាក់ ៩១ ពាន់​លាន​ដុល្លារ។ ប៉ុន្តែ ១ ឆ្នាំ​បន្ទាប់ពី​កូ​វីដ-១៩ បាន​ផ្ទុះឡើង ប្រាក់ចំណូល​ពី​ភ្ញៀវ​បរទេស​នៅ ប្រទេស​ថៃ បាន​ធ្លាក់​ចុះមក​នៅត្រឹម ៨.៩ ពាន់​លាន​ដុល្លារ៕

  • រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ទទួល​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ តំណាង​ពាណិជ្ជកម្ម​អាមេរិក

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ទទួល​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ តំណាង​ពាណិជ្ជកម្ម​អាមេរិក

    ជំនួប​រវាង​ប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ប្រតិភូ​អាម៉េរិក ដឹកនាំ​ដោយ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ក្នុង​បំណង​ជំរុញ​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសំខាន់ៗមួយចំនួន ពិសេស​គឺ វិស័យសេដ្ឋកិច្ច​ឌីជីថល។

    កាលពី​ព្រឹក​ថ្ងៃទី ១៩ កញ្ញា ២០២២ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ទទួល​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោកជំទាវ Katherine Tai តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) ក្នុងអំឡុង​ពេលដែល​លោកជំទាវ​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី ៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១១-១៨ ខែកញ្ញា ឆ្នាំ ២០២២។

    យោងតាម ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ជំនួប​ទ្វេភាគី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា និង​សហរដ្ឋ  អាមេរិក ព្រមទាំង​ប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសំខាន់ៗមួយចំនួន ជាពិសេស វិស័យសេដ្ឋកិច្ច​ឌីជីថល ដែល​ភាគី​ទាំងពីរ​កំពុងតែ​អនុវត្ត​ស្ថិតក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម (TIFA) រវាង​រដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក។ ភាគី​ទាំងពីរ​ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។

  • បណ្ដា​ប្រទេស​នៅ​មជ្ឈិមបូព៌ា ជិត​អស់​យុគសម័យ​សម្បូរ​ប្រាក់ចាយ​​ដោយសារ​ប្រេង

    បណ្ដា​ប្រទេស​នៅ​មជ្ឈិមបូព៌ា ជិត​អស់​យុគសម័យ​សម្បូរ​ប្រាក់ចាយ​​ដោយសារ​ប្រេង

    តម្លៃ​ប្រេង​រ៉ែ​កើនឡើង​ខ្ពស់​ខ្លាំង​នៅពេល​សង្គ្រាម​ផ្ទុះឡើង​នៅ អ៊ុយ​ក្រែ​ន ធ្វើឱ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​រកបាន​ប្រាក់​យ៉ាងច្រើន ក៏ប៉ុន្តែ​នេះ​អាចជា​លើកចុងក្រោយ​បង្អស់​ដែល​ពួកគេ​រកបាន​ផលចំណេញ​ខ្ពស់​បែបនេះ។

    ដើ​ម​ឆ្នាំនេះ តម្លៃ​ប្រេង​ឆៅ​មានពេលខ្លះ​បាន​ហក់​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង ៨ ឆ្នាំកន្លងមក។ តម្លៃ​ថាមពល​កើនឡើង​ខ្ពស់​ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន និង​កំពុង​ជួយ​ឱ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ចាក​ផុតពី​ដំណើរ​នៃ​ឱនភាព​សេដ្ឋកិច្ច​ដែល​អូស​បន្លាយពេល​ជិត ១ ទសវត្សរ៍​កន្លង។

    បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ធ្លាប់​បានទទួល​ផលចំណេញ​ច្រើន​ពី​តម្លៃ​ប្រេង​ឆៅ​ឡើងថ្លៃ​កាលពី​ទសវត្សរ៍​ទី ៧០, ៨០ និង​ដើម​សតវត្សរ៍​នេះ។ ប៉ុន្តែ ការយល់ឃើញ​អំពី​ការប្រើប្រាស់​ថាមពល​កំពុងតែ​ផ្លាស់ប្ដូរ ប្រការ​នេះ​មានន័យថា វដ្ដ​នៃ​ការឡើង​ថ្លៃ​របស់​ប្រេង​ពិបាក​នឹងមាន​ស្ថិរភាព។ ក្រុមអ្នកវិភាគ​យល់ថា បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស គួរតែ​ត្រៀមខ្លួន​សម្រាប់​បញ្ហា​នេះ។

    «នេះ​ប្រាកដជា​ដំណាក់កាល​ចាប់ផ្ដើម​សម្រាប់​ការបញ្ចប់​ការរកស៊ី​មានបាន​ដោយសារ​ប្រេង​រ៉ែ» Karen Young អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​មជ្ឈមណ្ឌល Columbia ស្ដីពី​គោលនយោបាយ​ថាមពល​សកល បានឱ្យដឹង​ដូច្នេះ។

    បណ្ដា​ប្រទេស​លោកខាងលិច​កំពុងតែ​ងាក​ទៅរក​ថាមពល​កកើតឡើង​វិញ។ ប្រការនេះ​កាន់តែ​ចាំបាច់​ដោយសារតែ​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បាន និង​កំពុង​បង្ក​ការ​​រាំងស្ទះដល់​ការផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​សម្រាប់​អឺរ៉ុប។ យោងតាម Young «តម្លៃ​ប្រេង​ឡើង​ខ្ពស់​ក្នុងឆ្នាំនេះ​មិន​ប្រក្រតី។ វា​មិន​ត្រឹមតែ​ជា​វិបត្តិ​ប្រេង ប៉ុន្តែ​គឺជា​ការប្ដូរ​ផ្លាស់​យ៉ាង​ធំ​ស្ដីពី​រចនាសម្ព័ន្ធ​ថាមពល​សកល»។

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ឱ្យដឹងថា បណ្ដា​ប្រទេស​នាំចេញ​ប្រេង​នៅ មជ្ឈិមបូព៌ា ត្រូវបាន​ព្យាករ​ថា រកបាន ១.៣ ទ្រី​លាន​ដុល្លារ​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ក្នុង​រយៈពេល ៤ ឆ្នាំ ដោយសារ​ការឡើង​ថ្លៃ​ប្រេង​នាបច្ចុប្បន្ន។ ប៉ុន្តែ ក្រុម​អ្នកជំនាញ​ព្រមាន​ថា ពួកគេ​មិនគួរ​ប្រើប្រាស់​ខ្ជះខ្ជាយ​ប្រាក់​ទាំងនេះ។ បណ្ដា​ប្រទេស​នៅ​មជ្ឈិមបូព៌ា គួរតែ​ការពារ​ខ្លួន​ពី​ការប្រែប្រួល​របស់​តម្លៃ​ប្រេង តាម​រយៈ​ការ​ប្រើប្រាស់​ប្រាក់​ទាំងនេះដើម្បី​វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេង​ៗ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ប្រភព​ចំណូល​ ចៀសវាង​ការពឹងផ្អែក​ទៅលើ​តែ​រ៉ែ​ប្រេង៕