Category: សង្គម និងសេដ្ឋកិច្ច

  • ប្រេង​ពិភពលោក​បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៦ កញ្ញា ដោយ​ការធ្លាក់​ថ្លៃ ខណៈដែល​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក បន្ត​កើនឡើង

    ប្រេង​ពិភពលោក​បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៦ កញ្ញា ដោយ​ការធ្លាក់​ថ្លៃ ខណៈដែល​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក បន្ត​កើនឡើង

    តម្លៃ​ប្រេង​ដាំ​ក្បាល​ចុះ ខណៈ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​រក្សាបាន​កំណើន នៅពេល​រតនាគារជាតិ​អាម៉េរិក (Fed) ដំឡើង​ការប្រាក់ ៧៥ ពិន្ទុ​ជា​លើក​ទី ៣ ក្នុង​សប្ដាហ៍​កន្លង។

    តម្លៃ​ប្រេង​ពិភពលោក​បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ២៦ កញ្ញា ដោយ​ការថយចុះ ក្រោម​សម្ពាធ​ពី​ការឡើង​ថ្លៃ​របស់​ប្រាក់​ដុល្លារ​អាម៉េរិក។ តម្លៃ​ប្រេង WTI ប្រគល់​ក្នុង​ខែកញ្ញា ២០២២ ធ្លាក់​ថ្លៃ ២.០៣ ដុល្លារ ឬ ២.៦% ចុះមក​នៅត្រឹម ៧៦.៧១ ដុល្លារ/ធុង នៅ New York។ តម្លៃ​ប្រេង Brent ប្រគល់​ក្នុងអំឡុងពេល​ដូចខាងលើ ក៏​ធ្លាក់​ថ្លៃ ២.០៩ ដុល្លារ ឬ ២.៤% មក​នៅត្រឹម ៨៤.០៦ ដុល្លារ/ធុង នៅ London។

    ប្រេង​ធ្លាក់​ថ្លៃ​នៅពេល​ប្រាក់​ដុល្លារ​អាម៉េរិក​បន្ត​ឡើងថ្លៃ ក្រោយពី Fed បាន​ដំឡើង​ការប្រាក់ ៧៥ ពិន្ទុ​ជា​លើក​ទី ៣ ក្នុង​សប្ដាហ៍​កន្លង និង​ព្រមាន​ថា នឹង​ដំឡើងថ្លៃ​បន្តទៀត។

    ស​ន្ទ​ស្សន៍ USD សម្រាប់​វាស់​ស្ទង់​កម្លាំង​របស់​ប្រាក់​ដុល្លារ​អាម៉េរិក ធៀប​នឹង​រូបិយប័ណ្ណថ្លៃៗចំនួន ៦ ផ្សេងទៀត កើន ០.៨១% ដោយ​ឡើងដល់ ១១៣.១០៣ នៅក្នុងពេល​បញ្ចប់​ការជួញដូរ​កាលពី​ម្សិលមិញ ក្រោយពី​បាន​កើន ១.៦៥% កាលពី​ម្សិលម្ង៉ៃ។

    តម្លៃ​របស់​ប្រេង​ពិភពលោក​តែងតែមាន​ការប្រែប្រួល​ផ្ទុយទៅនឹង​តម្លៃ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក៕

  • NIO មាន​គម្រោង​ដំឡើង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ១,០០០ កន្លែង​នៅ អឺរ៉ុប

    NIO មាន​គម្រោង​ដំឡើង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ១,០០០ កន្លែង​នៅ អឺរ៉ុប

    ក្រុមហ៊ុន NIO កំពុងតែ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ជួល​ថ្ម​ផ្ទុក​ថាមពល​របស់ខ្លួន​ដោយ​ការពង្រីក​ស្ថានីយ​ប្ដូរ​ថ្ម​នៅ​ពាសពេញ​ទ្វីបអឺរ៉ុប។

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ ចិន NIO បានកំណត់​គោលដៅ​សំខាន់​របស់ខ្លួន​នៅ អឺរ៉ុប ក្នុង​ការដំឡើង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល។ ប្រធាន​ក្រុមហ៊ុន​នេះ ថ្មីៗនេះ​បានឱ្យដឹងថា NIO មាន​គម្រោង​ផ្ដល់​សេវា​ឱ្យ​ជួល​ថ្ម​ផ្ទុក​ថាមពល និង​ពង្រីក​ទំហំ​របស់​ស្ថានីយ​ប្ដូរ​ថ្ម​ដែលមាន​ស្រាប់ ដើម្បី​ទាក់ទាញ​អតិថិជន ក្នុង​បំណង​ដណ្ដើម​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​ដែល​កំពុង​រីកចម្រើន​នៅ​បរទេស។

    NIO គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់ ចិន ដែល​ជំនាញ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​លំដាប់​គុណភាព​ខ្ពស់ បច្ចុប្បន្នកំពុង​ពង្រីក​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប។ ក្រៅពី​ការផ្គត់ផ្គង់​រថយន្ត SUV និង សេ​ដានដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ក្រុមហ៊ុន NIO ក៏​នៅតែ​ជា​អ្នក​នាំមុខគេ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​ដើម្បី​គាំទ្រ​ដល់​រថយន្ត​អគ្គិសនី​របស់ខ្លួន។

    នៅ ប្រទេស​ចិន NIO មាន​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ជាង ១,០០០ កន្លែង និង​ចាប់ផ្ដើម​ដាក់ពង្រាយ​នៅក្នុង​ទីផ្សារថ្មីៗបន្ថែមទៀត។

    នៅ អឺរ៉ុប NIO បាន​លក់ និង​ចែកចាយ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ន័​រ​វែ​ស និង​ពង្រីក​ទៅកាន់ ប្រទេស​អាល្លឺម៉ង់ នៅក្នុង​ឆ្នាំនេះ។

    យោងតាម Reuters ក្រុមហ៊ុន NIO សង្ឃឹមថា នឹង​ដណ្ដើមបាន​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​ធំជាងគេ​នៅ អឺរ៉ុប ដោយ​ការផ្ដល់ឱ្យ​អ្នកប្រើប្រាស់​នូវ​តម្លៃ​ទាប​ជាងគេ តាមរយៈ​កម្មវិធី​ដាក់ឱ្យ​ជួល​ថ្ម​ផ្ទុក​ថាមពល​ដែល​គាំទ្រ​ដោយ​បណ្ដាញ​ស្ថានីយ​ប្ដូរ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​របស់ខ្លួន។

    នៅ​ខាងក្រៅ​ប្រទេស​ចិន NIO មាន​គម្រោង​ដំឡើង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​ឱ្យបាន ១,០០០ កន្លែង​នៅត្រឹម​ឆ្នាំ ២០២៥ ក្នុងនោះ ភាគច្រើន​គឺ​នៅ ទ្វីបអឺរ៉ុប៕

  • ក្រសួងសាធារណការ ចេញវីដេអូ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ការ​​​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ

    ក្រសួងសាធារណការ ចេញវីដេអូ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ការ​​​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ

    ចាប់ពីថ្ងៃទី ១ ដល់ ៣១ ខែតុលា ឆ្នាំ ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែល​ជា​ផ្លូវ​ល្បឿន​លឿន​ថ្មី និង​ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ។

    ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ច្បាស់​អំពី​របៀប​របប​នៃ​ការ​ប្រើប្រាស់​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុន​ពេល​​ចូល​រួម​ធ្វើ​ចរាចរណ៍​ ចាប់ពីថ្ងៃទី ១ ដល់ ៣១ ខែតុលា ឆ្នាំ ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បញ្ចេញ​វីដេអូ​អប់រំ​មួយ​ក្នុង​បំណង​បញ្ចៀស​បញ្ហា​ដែល​អាច​កើត​ឡើង​នៅ​ពេល​ធ្វើដំណើរ​ក្នុង​ផ្លូវ​នេះ​។

    ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​ដែល​មានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩។ តួផ្លូវនេះ​មានទទឹង ២៤ ម៉ែត្រ និង​មាន ៤ គន្លង (២ ទៅ ២ មក) និងគន្លងឈប់បន្ទាន់ (១ ទៅ ១ មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​ ៤ ចំនួន ៦ កន្លែង មាន​​កន្លែង​ឈប់សម្រាក ៣ កន្លែង និងចំណតរថយន្ត ១ កន្លែង។

    សូម​ទស្សនាវីដេអូអប់រំខាងក្រោម​ ៖

  • វៀតណាម សម្ពោធ «ទិវា​បញ្ញា​សិប្បនិម្មិត​វៀតណាម ២០២២»

    វៀតណាម សម្ពោធ «ទិវា​បញ្ញា​សិប្បនិម្មិត​វៀតណាម ២០២២»

    ទិវា​បញ្ញា​សិប្បនិម្មិត​វៀតណាម ២០២២ (AI Summit Vietnam 2022) ត្រូវបាន​បើក​នៅ​ព្រឹក​ថ្ងៃទី ២៣ កញ្ញា​នេះ ដោយមាន​ការចុះឈ្មោះ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រាប់ពាន់នាក់។

    ពិធី​សំខាន់​ដំបូង​របស់ ទិវា​បញ្ញា​សិប្បនិម្មិត​វៀតណាម ២០២២ គឺ AI4VN 2022 ត្រូវបាន​បើក​នៅវេលា​ម៉ោង ៨ កន្លះ ថ្ងៃនេះ។

    ក្រោម​ប្រធានបទ «ស្ដារ​សេដ្ឋកិច្ច កំណត់​អនាគត» ខ្លឹមសារសំខាន់ៗជាច្រើន​នឹងត្រូវ​បាន​លើក​យកមក​ជជែក ក្នុងនោះ​មានដូចជា ការបង្កើត​ចលករ​អភិវឌ្ឍ និង​ទិសដៅ​ចាប់យក​សមស្រប​សម្រាប់ វៀតណាម, ការអភិវឌ្ឍ​បណ្ដាញ​បញ្ញា​សិប្បនិម្មិត, ការប្រើប្រាស់ និង​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ដំណោះស្រាយ​សម្រាប់​ជួយ​សហគ្រាស​នានា​រីកចម្រើន​រហ័ស​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI)។ល។

    កម្មវិធី​នេះ​ក៏​ទទួលបាន​ចំណាប់អារម្មណ៍​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ស្ថាប័នរដ្ឋ ក្រុមហ៊ុនធំៗ អ្នកវិទ្យាសាស្ត្រ និង​ពិសេស​គឺ​សហគមន៍​អ្នក​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត។

    វេទិកា​នេះ​ត្រូវបាន​រំពឹងថា ជា​កន្លែង​សម្រាប់​ចែករំលែក និង​ទទួល​បទពិសោធន៍​តាម​រយៈ​រឿងរ៉ាវ​ពិត និង​សំណើ​ដំណោះស្រាយ​ដែល​រួមចំណែក​បង្កើតបានជា​ចលករ​សម្រាប់​ការអភិវឌ្ឍ​បណ្ដាញ AI នៅ វៀតណាម។ នេះ​ក៏​ជា​ឱកាស​ជួយ​ឱ្យ​សហគមន៍​ក្នុង​វិស័យ AI ក៏ដូចជា​សហគមន៍​អ្នក​បច្ចេកវិទ្យា បាន​យល់​បន្ថែមថា តើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​បាន​ផ្លាស់ប្ដូរ​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បែបណាខ្លះ។ល។

    រសៀល​ថ្ងៃ​ដដែល ព្រឹត្តិការណ៍​ខាងលើ​ក៏​នឹងមាន​ពិធី​ផ្ដល់​កិត្តិយស​ដល់​បណ្ដា​ផលិតផល ដែលជា​ដំណោះស្រាយ​ឆ្នើម​ដោយ​ការប្រើប្រាស់ AI និង​ការផ្ដល់​ពានរង្វាន់​សម្រាប់​ផលិតផល​បញ្ញា​សិប្បនិម្មិត ២០២២ (AI Awards 2022)។

    ក្នុង​រយៈពេល ២ ថ្ងៃ​ពេញ​នៃ​ព្រឹត្តិការណ៍​នេះ ក៏មាន​ការតាំងពិព័រណ៍ AI ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន វិទ្យាស្ថាន​ស្រាវជ្រាវ និង​សាកលវិទ្យាល័យ​ជាង ២០ ស្ថាប័ន​ផងដែរ៕

  • តំណែង «មហាសេដ្ឋី​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក» បាន​ទៅលើ​ជនជាតិ​កូរ៉េខាងត្បូង

    តំណែង «មហាសេដ្ឋី​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក» បាន​ទៅលើ​ជនជាតិ​កូរ៉េខាងត្បូង

    យោងតាម​របាយការណ៍​ថ្មី នារី​ដែលជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក​រូបនេះ កើន​ឆ្នាំ ២០០៤ ពោលគឺ​ឆ្នាំនេះ​នាង​មាន​អាយុ​ទើបតែ ១៨ ឆ្នាំ​ប៉ុណ្ណោះ។

    Kim Jung-youn កូនស្រី​របស់​អតីត​មហាសេដ្ឋី Kim Jung-ju ស្ថាបនិក​របស់ Nexon (ក្រុមហ៊ុន​ហ្គេម​អេ​ឡិច​ត្រូ​និ​ចអន​ឡាញ​លើ​កុំព្យូទ័រ និង​ទូរស័ព្ទ) ដែល​បានទទួល​មរណភាព​កាលពី​ខែកុម្ភៈ ២០២២ បាន​ក្លាយជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​បាន​ស្នង​មរតក​ជា​ភាគហ៊ុន​នៅ Nexon នេះ​បើតាម Forbes។

    Jung-youn និង​បងស្រី​របស់​នាង គឺ Jung-min បានទទួល​មរតក​ជា​ភាគហ៊ុន​ក្នុង​ម្នាក់ ៣០.៧៨% នៅក្នុង​ក្រុមហ៊ុន NXC ដែលជា​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​របស់​សព​លោក Kim Jung-ju ដែលជា​ឪពុក​របស់​ពួកនាង។

    NXC គឺជា​ភាគ​ហ៊ុ​និក​ធំជាងគេ​នៅ Nexon ដោយ​កាន់កាប់​ភាគហ៊ុន​ជិត ៤៨% នៅក្នុង​ក្រុមហ៊ុន​នេះ។ បន្ទាប់ពី​បូករួម​ទាំង​ភាគហ៊ុន​ដែល Jung-youn និង Jung-min មាននៅ​ក្នុង NXC ទ្រព្យ​សុទ្ធ​សរុប​ដែល​ពួកនាង​កំពុង​មានបាន​កើន​ដល់ ២.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    អតីតមហាសេដ្ឋី Kim Jung-ju

    យោងតាម​ទស្សនាវដ្ដី Forbes ក្រោយពី​បាន​ដក​ការចំណាយ​ទៅលើ​ពន្ធ​លើ​សិទ្ធិ​ស្នង​មរតក​ដែល​ត្រូវបាន​គណនា​ដោយ​ក្រុម​អ្នកជំនាញ នាង Kim Jung-youn នៅសល់​ទ្រព្យ​សុទ្ធ​តម្លៃ​ជាង ១.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​នាង Kim Jung-min នៅសល់ ១ ពាន់​លាន​ដុល្លារ។ ចំណែក​ភរិយា​របស់​សព​លោក Kim Jung-ju គឺ​មហា​សេដ្ឋិនី Yoo Jung-hyun អាយុ ៥៣ ឆ្នាំ ទទួលបាន​ភាគហ៊ុន​ជា​មរតក​ពី​ស្វាមី​នៅ NXC ចំនួន ៤.៥%។

    កូរ៉េខាងត្បូង គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​យកពន្ធ​លើ​ទ្រព្យ​ជាម​រតក​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក៕

  • ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ នៅ អាស៊ីអាគ្នេយ៍ នឹងមាន​តម្លៃ​ជិត ៦០ ពាន់​លាន​ដុល្លារ

    ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ នៅ អាស៊ីអាគ្នេយ៍ នឹងមាន​តម្លៃ​ជិត ៦០ ពាន់​លាន​ដុល្លារ

    ទីផ្សារ E-commerce logistics ឬ E-logistic នៅ​តំបន់​អាស៊ីអាគ្នេយ៍ គ្រោង​នឹងមាន​កំណើន​ទ្វេដង​ជា​រៀងរាល់ឆ្នាំ​ក្នុង​អត្រា ២០.១៦% ក្នុង​ដំណាក់​ពី​ឆ្នាំ ២០២១ ដល់ ២០២៦។

    ទំហំ​ទីផ្សារ «ដឹកជញ្ជូន​ទំនិញ​អន​ឡាញ» (ការដឹកជញ្ជូន​ទំនិញ​អន​ឡាញ ឬ​ការគ្រប់គ្រង​ការដឹកជញ្ជូន​ទំនិញ​របស់​ស្ថាប័ន​ពាណិជ្ជកម្ម​មួយ​ដោយ​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​អន​ឡាញ មានដូចជា គេហទំព័រ ថ្នាល​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ដែលជា​ផ្សារ​អន​ឡាញ។ល) នៅ អាស៊ីអាគ្នេយ៍ គ្រោង​នឹង​សម្រេចបាន ៥៨.៩៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយមាន​កំណើន​ទ្វេដង​ជា​រៀងរាល់ឆ្នាំ (CAGR) ក្នុង​អត្រា​ប្រមាណ ២០.១៦% ក្នុងអំឡុង​ពី​ឆ្នាំ ២០២១ ដល់ ២០២៦ នេះ​បើតាម​របាយការណ៍​ស្ដីពី​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ (E-commerce logistics) របស់ Technavio។

    កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ​នៅ អាស៊ីអាគ្នេយ៍

    កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ដែល​ជួយ​ឱ្យ​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ​នៅ អាស៊ីអាគ្នេយ៍ មាន​កំណើន​ខ្ពស់ នោះ​គឺ​ការកើនឡើង​នៃ​ពាណិជ្ជកម្ម​សង្គម។ ពាណិជ្ជកម្ម​សង្គម​ទាក់ទង​នឹង​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​ថ្នាល​បច្ចេកវិទ្យា​អន​ឡាញ ឬ​ហៅថា ផ្សារ​អន​ឡាញ ដើម្បី​ជួយ​ដល់​សកម្មភាព​ទិញដូរ​ទំនិញ និង​សេវាកម្ម​តាម​អន​ឡាញ។

    ថ្នាល​ពាណិជ្ជកម្ម​សង្គម​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អន្តរ​កម្ម​សង្គម​ដោយយោង​ទៅលើ​ការ​ប្រ​ស្រាយ​ទាក់ទង និង​បទពិសោធន៍​អ្នកប្រើប្រាស់។ បណ្ដា​ក្រុមហ៊ុនធំៗនៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូចជា Facebook, Instagram, Youtube, Pinterest, Snapchat ជាដើម នាំមក​នូវ​ឱកាស​សម្រាប់​ពាណិជ្ជកម្ម​សង្គម តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​របស់​ពួកគេ។

    អ្នកប្រើប្រាស់​អាច​មើល​ផលិតផល និង​ការរៀបរាប់​លម្អិត​អំពី​ផលិតផល​ដែលមាន​នៅក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​នៅលើ​ថ្នាល​បច្ចេកវិទ្យា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​អាច​សម្រេចចិត្តថា​ទិញ ឬ​មិន​ទិញ​ក្រោយពី​បាន​ប្រៀបធៀប និង​ពិចារណា។

    និន្នាការ​នៃ​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ​នៅ អាស៊ីអាគ្នេយ៍

    ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ គឺជា​និ​ន្ន​ការ​នៃ​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ​នៅ អាស៊ីអាគ្នេយ៍ ដែល​ត្រូវបាន​ព្យាករ​ថា នឹងមាន​ផល​វិជ្ជមាន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ត្រូវបាន​គេ​រំពឹងថា នឹង​បង្កើត​ឱកាសថ្មីៗសម្រាប់​ទីផ្សារ​មួយ​ប្រភេទ​នេះ៕

  • រថយន្ត​អគ្គិសនី​ចិន រូបរាង​ដូច Tesla Model 3 ប៉ុន្តែ តម្លៃ​ត្រឹម ២៦,០០០ ដុល្លារ​អាម៉េរិក

    រថយន្ត​អគ្គិសនី​ចិន រូបរាង​ដូច Tesla Model 3 ប៉ុន្តែ តម្លៃ​ត្រឹម ២៦,០០០ ដុល្លារ​អាម៉េរិក

    Changan Automobile ​ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ រដ្ឋ​ចិន ទើបតែ​បានបង្ហាញ​វត្តមាន​រថយន្ត​អគ្គិសនី Shenlan SL03 មាន​រូបរាង​ដូច​ខ្លាំង​ទៅនឹង Tesla Model 3 តែមាន​តម្លៃ​ចាប់ពី ២៦,០០០ ដុល្លារ​ប៉ុណ្ណោះ។

    ផ្ទៃ​ខាងមុខ និង​ទំហំ​របស់​រថយន្ត​អគ្គិសនី Shenlan SL03 ដូច​ទៅនឹង Model 3 របស់ Tesla។ Shenlan SL03

    មាន​បណ្ដោយ​វែង​ជាង Model 3 ប្រហែល​តែ ១០ សម ប៉ុន្តែ ទទឹង កម្ពស់ និង​ចម្ងាយ​ចន្លោះ​ភ្លៅ​នៃ​កង់​រថយន្ត (wheelbase) មាន​ប្រវែង​ស្ទើរតែ​ស្មើ​គ្មាន​ទាំងស្រុង។

    គ្រឿងសង្ហារិម​របស់ Shenlan SL03 មាន​លក្ខណៈសាមញ្ញ និង​មាន​អេក្រង់​ទូរទស្សន៍​ធំ​មួយគ្រឿង​​នៅខាង​មុខ​ ចំ​កណ្ដាល ​ដូច​ទៅនឹង​ក្នុង​រថយន្ត Model 3។

    រថយន្ត​អគ្គិសនី Shenlan SL03 កំណែ​ធម្មតា​អាច​រត់​បាន​ចម្ងាយ​ផ្លូវ ៥១៥ គីឡូម៉ែត្រ និង​កំណែ​ខ្ពស់ជាង​នេះ​រត់​បាន ៧០៥ គីឡូម៉ែត្រ នៅពេលបញ្ចូល​ថាមពល​​ពេញ។

    Shenlan SL03 មានតម្លៃ​ចាប់ពី ១៨៣,៩០០ យុន ប្រហែល ២៦,០០០ ដុល្លារ​អាម៉េរិក។ ចំណែក Tesla Model 3 នៅ ប្រទេស​ចិន មានតម្លៃ​ចាប់ពី ២៧៩,៩០០ យុន ប្រហែល ៤០,០០០ ដុល្លារ​អាម៉េរិក។

    ក្រុមហ៊ុន Huawei និង CATL (CATL ជា​អ្នក​ផលិត​ថ្ម​ផ្ទុក​ថាមពល និង​ជា​អ្នកផ្គត់ផ្គង់​សំខាន់​ដល់ Tesla) ក៏​ចូលរួម​អភិវឌ្ឍ​រថយន្ត​អគ្គិសនី Shenlan SL03 ជាមួយនឹង Changan Automobile ផងដែរ។

    Changan Automobile ទទួលបាន​ការបញ្ជាទិញរថយន្ត​អគ្គិសនី Shenlan SL03 ចំនួន​ជាង ១៥,០០០ គ្រឿង បន្ទាប់ពី​ការ​បង្ហាញ​រថយន្ត​នេះ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ Changan Automobile មាន​គម្រោង​ប្រគល់រថយន្ត​ដល់ដៃ​អតិថិជនដំបូងៗនៅ​ចុង​ឆ្នាំនេះ និង​បង្កើន​ការផលិត​ឱ្យបាន ១៥,០០០ គ្រឿង​ជា​រៀងរាល់ខែ៕

  • ដើម្បី​អាច​បើកបរ​លើ «ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ» ម្ចាស់​យានយន្ត​ត្រូវមាន​លក្ខខណ្ឌ​អ្វីខ្លះ?

    ដើម្បី​អាច​បើកបរ​លើ «ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ» ម្ចាស់​យានយន្ត​ត្រូវមាន​លក្ខខណ្ឌ​អ្វីខ្លះ?

    កាលពី​ថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​ត្រៀម​រៀបចំ​បើក​ឱ្យប្រើ​ប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ចាប់ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ៣១ ខែតុលា ២០២២ ក្នុង​គ្រា​ដែល​ផ្លូវ​នេះ​បាន​ត្រៀម​រួចរាល់​ស្ទើរ ១០០%។

    នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​ដំណើរ​ត្រួតពិនិត្យ​ខាងលើ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ពី​ចំណុចសំខាន់ៗមួយចំនួន ដែល​អ្នកបើកបរ​យាន​យន្ត​ត្រូវ​ដឹង មុននឹង​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ថ្មី និង​ដំបូង​គេ​បង្អស់​របស់ កម្ពុជា។

    ប្រការ​ដែល​អ្នកបើកប​រលើ​ផ្លូវ​ថ្មី​នេះ​ត្រូវ​ដឹង មានដូចជា របៀប​ប្រើប្រាស់​គន្លង​ផ្លូវ ល្បឿន​បើកបរ​ដែល​បានកំណត់ ប្រភេទ​យានយន្ត ដែ​ល្រូ​វ​បាន​អនុញ្ញាតឱ្យ​បើកបរ ទីតាំង​បញ្ជរ​បង់ប្រាក់ និង​ច្រកចេញចូល ក៏ដូចជា​របៀប​នៃ​ការ​វ៉ា​ជែង។

    សម្រាប់ទោ​ចក្រយានយន្ត (ម៉ូតូ) ដែលមាន​ទំហំ​ស៊ីឡាំង​ចាប់ពី ៥០០cc (ម៉ូតូ​សាំង) ឬ ២៧kw (ម៉ូតូ​អគ្គិសនី) ឡើង មានបំណង​បើកបរ​លើផ្លូវ​ល្បឿន​លឿន គឺ​ត្រូវបាន​តម្រូវឱ្យ​ស្នើសុំ​ស្លាក​សញ្ញា​សម្រាប់​បិទ​បញ្ជាក់ (Sticker) ពី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមុន។

    របៀប​នៃ​ការទូទាត់​សេវា​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ នឹងធ្វើ​ឡើង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ETC នៅពេល​បញ្ចប់​ដំណើរការ​សាកល្បង​ដោយ​មិន​គិតថ្លៃ។  ក្រសួង និង​ក្រុមហ៊ុន​កំពុង​សហការ​រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែលមាន​លក្ខណៈសាមញ្ញ សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អាចធ្វើ​ការបង់ប្រាក់​ជាមុន និង​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ដោយ​មិនចាំបាច់​ឆ្លងកាត់​នីតិវិធី​ស្មុគស្មាញ និង​មិនចាំបាច់​តម្រូវឱ្យ​ចេះ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឡើយ។ ចំណែក​ការបង់ប្រាក់ នឹង​អាច​ធ្វើបាន​ជាមួយ​ជម្រើស​សម្បូរបែប គ្រប់ពេលវេលា និង​ពី​គ្រប់​ទីកន្លែង។

    បច្ចេកវិទ្យា​ខាងលើ​នឹង​សម្រួល​ដល់​ការចេញចូល​ផ្លូវ​ល្បឿន​លឿន ដោយ​មិនចាំបាច់​រង់ចាំ ចំណាយពេល​យូរ​នៅ​ច្រកចេញចូល​ឡើយ។ ដើម្បី​ចូលទៅ​កាន់​ផ្លូវ​ល្បឿន​លឿន​បាន បងប្អូន​ដែលជា​អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​យានយន្ត​បាន​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (ឆៀក) នៅក្នុង​សុពលភាព​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ដែល​កំណត់ដោយ​ក្រសួង ដើម្បី​ធានាបាន​សុវត្ថិភាព​ចរាចរណ៍ ព្រមទាំង​កាត់បន្ថយ​បទល្មើស​នានា។

    ក្រសួង​សាធារណការ បានរៀបចំ​ផលិត​វីដេអូ​អប់រំ ស្តីពី​ការប្រើប្រាស់​ផ្លូវ ល្បឿន​លឿន​នេះដែរ ហើយ​ត្រៀម​នឹង​ផ្សព្វផ្សាយ​នាពេលឆាប់ៗខាងមុខ នេះ​បើតាម ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុត ចាន់ថុល៕

  • ម្ចាស់​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ជាង ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ចូលទៅ​ទទួល​ប្រាក់

    ម្ចាស់​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ជាង ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ចូលទៅ​ទទួល​ប្រាក់

    (សហរដ្ឋ​អាម៉េរិក)-រយៈពេល​ជិត ៨ សប្ដាហ៍ បន្ទាប់ពី​ប្រកាស​រង្វាន់​ពិសេស Mega Millions ដែលមាន​តម្លៃ ១.៣៤ ពាន់​លាន​ដុល្លារ អតិថិជន​មហា​សំណាង​ដែល​ត្រូវ​ឆ្នោត​នេះ បាន​ទៅ​ទទួល​ប្រាក់​នៅឯ Illinois សហរដ្ឋ​អាម៉េរិក។

    ស្ថាប័ន​ឆ្នោត​របស់​រដ្ឋ Illinois កាលពី​ថ្ងៃទី ២១ កញ្ញា បានឱ្យដឹងថា ម្ចាស់​សន្លឹកឆ្នោត​រង្វាន់​ពិសេស Mega Millions តម្លៃ ១.៣៤ ពាន់​លាន​ដុល្លារ ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ២៩ កក្កដា គឺជា​មនុស្ស ២ នាក់ ដែល​មុន​នោះ ពួកគេ​បាន​សន្យា​នឹង​គ្នា​ថា នឹង​ចែក​ប្រាក់រង្វាន់​នេះ​ម្នាក់​ពាក់កណ្ដាល បើសិនជា​ត្រូវ។

    ស្ថាប័ន​ខាងលើ​ប្រាប់ថា ម្ចាស់​រង្វាន់​ខាងលើ​ក៏បាន​ចំណាយពេល​ច្រើន​សប្ដាហ៍​ដើម្បី​ពិភាក្សា​ជាមួយ​អ្នកច្បាប់ និង​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ។ ពួកគេ​សុទ្ធតែ​មិន​ចង់​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ និង​ជ្រើសរើស​វិធី​ទទួល​ប្រាក់​មួយ​លើក។

    «ខ្ញុំ​បានធ្វើការ​ក្នុង​ស្ថាប័ន​ឆ្នោត​របស់​រដ្ឋ Illinois អស់​រយៈពេល ៥ ឆ្នាំ ហើយ​នេះ​គឺជា​រង្វាន់​ធំ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ចាត់ចែង» Luis Rodriguez ដែលជា​មន្ត្រី​ស្ថាប័ន​ឆ្នោត​របស់​រដ្ឋ Illinois ថ្លែង​ដូច្នេះ។

    ម្ចាស់​សន្លឹកឆ្នោត​ដែល​ឈ្នះ​រង្វាន់​ពិសេស​នេះ​បាន​ទិញ​ឆ្នោត​នៅឯ​ស្ថានីយ​ប្រេងសាំង Speedway ក្នុង​ទីក្រុង Des Plaines កាលពី​ខែកក្កដា ២០២២ នេះ​បើតាម Harold Mays ប្រធាន​ស្ថាប័ន​ឆ្នោត​រដ្ឋ Illinois។

    ជំនួស​ឱ្យ​ការស្នើ​ឱ្យ​អ្នក​ត្រូវ​ឆ្នោត​បង្ហាញ​អត្តសញ្ញាណ​ដូច​ទៅនឹង​រដ្ឋ​មួយចំនួន​របស់ សហរដ្ឋ​អាម៉េរិក អ្នក​ត្រូវ​ឆ្នោត​ដែលមាន​តម្លៃ​ចាប់ពី ២៥០,០០០ ដុល្លារ នៅ Illinois មាន​សិទ្ធិ​មិន​ប្រកាស​អំពី​អត្តសញ្ញាណ។

    រង្វាន់ ១.៣៤ ពាន់​លាន​ដុល្លារ គឺជា​រង្វាន់​ធំជាងគេ​ទី ៣ នៅក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក។ អ្នក​ត្រូវ​ឆ្នោត​មាន​សិទ្ធិ​ទទួល​ប្រាក់រង្វាន់​ក្នុង​រង្វង់ ១២ ខែ រាប់​ចាប់​ពីថ្ងៃ​ប្រកាស​លេខឆ្នោត និង​មាន​ពេល ៦០ ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្តថា ទទួល​ប្រា​ក់មួយ​លើក ឬ​ទទួល​ជា​ចំណែកតូចៗក្នុង​រយៈពេល ២៩ ឆ្នាំ៕

  • សិង្ហបុរី ឈរ​លើ​កំពូល​​តារាង​​ចំណាត់​​ថ្នាក់​​ស្ដី​ពី​​បរិស្ថាន​​អាជីវ​កម្ម​​ឌីជីថល​ល្អ

    សិង្ហបុរី ឈរ​លើ​កំពូល​​តារាង​​ចំណាត់​​ថ្នាក់​​ស្ដី​ពី​​បរិស្ថាន​​អាជីវ​កម្ម​​ឌីជីថល​ល្អ

    នៅក្នុង​តារាង​ចំណាត់ថ្នាក់ ប្រទេស​សិង្ហ​បុរី មាន​បរិស្ថាន​ឌីជីថល និង​ប្រព័ន្ធ​ជំនួយ​ល្អ​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ ប្រទេស​កំពុង​អភិវឌ្ឍ​ភាគច្រើន​នៅ អាស៊ី ឈរ​នៅ​បាត​តារាង​ចំណាត់ថ្នាក់។

    កាលពី​ថ្ងៃទី ២១ កញ្ញា ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បានប្រកាស​ស​ន្ទ​ស្សន៍​សកល​ស្ដីពី​បណ្ដា​ប្រព័ន្ធ​ឌីជីថល​អាជីវកម្ម និង​ប្រព័ន្ធ​ជំនួយ​ដល់​ក្រុម​អ្នកគ្រប់គ្រង​អាជីវកម្ម។

    នៅក្នុង​តារាង​ចំណាត់ថ្នាក់ សិង្ហ​បុរី ជា​ប្រទេស​ដែលមាន​បរិស្ថាន​ឌីជីថល និង​ប្រព័ន្ធ​ជំនួយ​ល្អ​បំផុត​ក្នុង​ពិភពលោក។ សហរដ្ឋ​អាម៉េរិក ឈរ​លំដាប់​ទី ២ ខណៈដែល ស៊ុយអែត ឈរ​លំដាប់​ទី ៣ នៅក្នុង​ចំណោម​ខឿនសេដ្ឋកិច្ច​ទាំង ១១៣ ដែលមាន​ឈ្មោះ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​របស់ ADB។

    ក៏ប៉ុន្តែ ប្រទេស​ភាគច្រើន (១៧ ប្រទេស) នៅក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំង ២១ នៅ អាស៊ី បែរជា​ត្រូវ​ឈរ​នៅ​បាត​តារាង​ចំណាត់ថ្នាក់​នេះ។

    GIDES គឺជា​ផ្នែក​មួយ​នៃ​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ស្ដីពី​ទស្សនវិស័យ​ចំពោះ​ការអភិវឌ្ឍ​អាស៊ី​ឆ្នាំ ២០២២ របស់ ADB។ ស​ន្ទ​ស្សន៍​នេះ​វាយតម្លៃ​គុណភាព​បរិស្ថាន​សម្រាប់​អាជីវកម្ម​ឌីជីថល ដោយយោង​ទៅលើ​កម្រិត​ឌីជីថល​ក្នុង ៨ វិស័យ រួមមាន វប្បធម៌ គ្រឹះស្ថាន ឬ​ក្រុមហ៊ុន លក្ខខណ្ឌ​ទីផ្សារ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ចំណេះដឹង ហិរញ្ញវត្ថុ និង​លទ្ធភាព​នៃ​ការតភ្ជាប់​បណ្ដាញ។