Category: សង្គម និងសេដ្ឋកិច្ច

  • ទេសាភិបាល​ធនាគារ​កណ្ដាល​ថៃ សង្ឃឹម​ចំពោះ​ការ​ងើប​ឡើង​របស់​សេដ្ឋកិច្ច​

    ទេសាភិបាល​ធនាគារ​កណ្ដាល​ថៃ សង្ឃឹម​ចំពោះ​ការ​ងើប​ឡើង​របស់​សេដ្ឋកិច្ច​

    កាលពីថ្ងៃទី ០៤ តុលា ទេសាភិបាល​ធនាគារ​ជាតិ​​ថៃ (BOT) Sethaput Suthiwartnarueput បាន​ឱ្យ​ដឹង​ថា ការ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ នឹង​មិន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​អស្ថិរភាព​របស់​សេដ្ឋកិច្ច​សកល​។

    ថ្លែង​នៅ​ក្នុង​សន្និបាត​មួយ​ស្ដីពី​សេដ្ឋកិច្ច​​កាល​ពី​ពេល​ថ្មី​ៗ​នេះ ទេសាភិបាល​ធនាគារ​ជាតិ​​ថៃ លោក Sethaput ឱ្យ​ដឹង​ថា ខឿនសេដ្ឋកិច្ច​របស់​ ប្រទេស​ថៃ ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​ ៣.៣% ក្នុង​ឆ្នាំ​នេះ​ និង​ ៣.៨% ក្នុង​ឆ្នាំ​ក្រោយ​ ដោយ​សារ​តែ​លទ្ធភាព​ទិញ និង​វិស័យ​ទេសចរណ៍​ត្រូវ​បាន​កែលំអ។

    BOT ជឿ​ថា ចំនួន​ភ្ញៀវ​បរទេស​មក​ទស្សនា​ប្រទេស​ថៃ នឹង​ឡើង​ដល់ ៩.៥ លាន​នាក់​​​នៅ​ក្នុង​ឆ្នាំ​នេះ​ និង ២១ លាន​នាក់​​នៅ​ឆ្នាំ​ក្រោយ​ ដែល​តួលេខ​នេះ​ច្រើន​ជាង​ឆ្ងាយ​ធៀប​នឹង​ជាង ៤ សែន​នាក់​​ក្នុង​ឆ្នាំ​ ២០២១​ ប៉ុន្តែ នៅ​ទាប​ជាង​ឆ្ងាយ​ បើ​ធៀប​នឹងជិត ៤០ លាន​នាក់​នៅ​ក្នុង​ឆ្នាំ​ ២០១៩ មុន​ពេល​កូវីដផ្ទុះ​ឡើង​។

    ក្នុង​រយៈ​ពេល ៨ ខែ​ដើម​ឆ្នាំ​នេះ​ ប្រទេស​ថៃ បាន​ទទួល​ភ្ញៀវ​ជាង ៤.៣៨ លាន​នាក់​ នេះ​បើ​តាម​ ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ​៕

  • អ៊ីឡុន ម៉ាស (Elon Musk) ស្នើ​ទិញឡើងវិញចំពោះ​បណ្ដាញ​សង្គម​ Twitter

    អ៊ីឡុន ម៉ាស (Elon Musk) ស្នើ​ទិញឡើងវិញចំពោះ​បណ្ដាញ​សង្គម​ Twitter

    អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​ ជា​ថ្មី​ម្ដង​ទៀត បាន​ប្ដូរ​ផ្លាស់​គំនិតរបស់​ខ្លួន​​ ដោយ​សុំ​ទិញ​ Twitter ក្នុង​តម្លៃ​ដូច​ដំបូង​គឺ ៥៤.២ ដុល្លារ​ ក្នុង​ ១ ភាគ​ហ៊ុន​។

    យោង​តាម​ឯកសារ​ដែល​ដាក់​ឡើង​ទៅ​កាន់​គណៈកម្មការ​មូលបត្រ​អាម៉េរិក (SEC) កាលពី​ថ្ងៃទី ០៤ តុលា លោក អ៊ីឡុន ម៉ាស បាន​លើក​សំណើ​បន្ត​ទិញ Twitter កាល​ពី​ថ្ងៃទី ០៣ តុលា​។ ភាគ​ហ៊ុន​របស់ Twitter កាលពី​ម្សិល​មិញ បាន​ឡើង​ថ្លៃ​ ២២% បន្ទាប់​ពី​មាន​ព័ត៌មាន​ខាងលើ​នេះ​។

    បណ្ដាញ​សង្គម Twitter ក៏​បាន​ប្រកាស​ថា បាន​ទទួល​សំណើ​របស់​លោក ម៉ាស​ រួច​ហើយ​។ «គោល​បំណង​របស់​ក្រុមហ៊ុន​គឺ​បង្ហើយ​ការ​ទិញ​ដូរ​នេះ​ក្នុង​តម្លៃ​ ៥៤.២ ដុល្លារ​/​ហ៊ុន​» Twitter ឱ្យដឹង​ដូច្នេះ​។

    យោង​តាម CNBC កិច្ច​ព្រម​ព្រៀង​អាច​នឹង​សម្រេច​បាន​យ៉ាង​ឆាប់​គឺ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។ នៅក្នុង​ឯកសារ​ដែល​បាន​បញ្ជូន​ឡើង​ទៅ​កាន់​ SEC លោក ម៉ាស និយាយ​ថា លោក​ចង់បន្ត​ដំណើរ​ការ​ទិញ​ដូរ​ Twitter ដែល​ត្រូវ​បាន​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​កាល​ពី​ថ្ងៃទី ២៥ មេសា ២០២២​។

    លោក ម៉ាស កាលពី​ខែ​កក្កដា បាន​ប្រកាស​ថា លែង​​ចង់​ទិញ​ Twitter ដោយ​ចោទ​ថា បណ្ដាញ​សង្គម​នេះ​រំលោភ​លើ​លក្ខខណ្ឌ​ជា​ច្រើន​ស្ដីពី​កិច្ច​ព្រម​ព្រៀង​ច្របាច់​បញ្ចូល​គ្នា​។ មេធាវី​របស់​លោក ម៉ាស អះអាង​ក្នុង​ឯកសារ​ថា Twitter មិន​អាច​ធ្វើ​បាន ឬ​បដិសេធ​ការ​ឆ្លើយតប​ទៅ​នឹងការ​ស្នើ​ឱ្យ​ផ្ដល់​ព័ត៌មាន​ស្ដីពី​គណនី​ក្លែង​ក្លាយ​នៅ​លើ​បណ្ដាញ​សង្គម​នេះ​។ នេះ​គឺជា​ប្រការ​សំខាន់​ចំពោះ​សកម្មភាព​ជំនួញ​របស់​ក្រុមហ៊ុន​នេះ​។

    លោក​ ម៉ាស ក៏​បាន​ឱ្យ​ដឹង​ថា បាន​លុប​ចោល​ការ​ទិញ​ដូរ​បណ្ដាញ​សង្គម​នេះ​ ដោយ​សារ​ថា Twitter បាន​បញ្ឈប់​ការ​ងារ​របស់​មេដឹក​នាំ​ជាន់​ខ្ពស់​ និង​បុគ្គលិក​ឆ្នើម​ជា​ច្រើន​រូប​។

    Twitter បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ខាង​លើ ហើយ​ក្រោយ​មក​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​លោក ម៉ាស បង្ខំ​ឱ្យ​មហា​សេដ្ឋី​រូប​នេះ​បង្ហើយ​កិច្ច​ការ​​ជួញដូរ​តាម​ការ​ព្រម​ព្រៀង​។

    ភាគី​ទាំង​ពីរ​គ្រោង​នឹង​ឡើង​តុលាការ​រដ្ឋ Delaware នៅ​ថ្ងៃទី ១៧ តុលា​ខាងមុខ​។ Bloomberg ឱ្យ​ដឹង​ថា ក្រុម​អ្នក​ច្បាប់​របស់​លោក ម៉ាស យល់​ឃើញ​ថា រឿង​ក្ដី​នេះ​នឹង​កាន់​តែ​ពិបាក​ដោះស្រាយ​ ដោយ​សារ​ចៅក្រម​បាន​គាំទ្រ​ Twitter ជា​បន្ត​បន្ទាប់​។ កាល​ពី​ខែកក្កដា ក្រុម​អ្នកវិភាគ​ក៏​បាន​អះអាង​ថា អ៊ីឡុន ម៉ាស អាច​ចាញ់​ក្ដី​៕

  • អាជ្ញាធរ​ក្រុង​កែប កំណត់​ពេល​ឱ្យ​​ពលរដ្ឋ​រុះរើ​​សំណង់ខុស​ច្បាប់​​នៅ​តាមបណ្តោយឆ្នេរសមុទ្រ

    អាជ្ញាធរ​ក្រុង​កែប កំណត់​ពេល​ឱ្យ​​ពលរដ្ឋ​រុះរើ​​សំណង់ខុស​ច្បាប់​​នៅ​តាមបណ្តោយឆ្នេរសមុទ្រ

    លោកអភិបាលក្រុងកែប កាល​ពី​រសៀលថ្ងៃទី ០៤ តុលា ​បានដឹកនាំគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និង​កំណត់​​ឱ្យ​រុះ​រើ​ឱ្យ​បាន​មុន​​ថ្ងៃទី ១៥ ខែតុលា​ខាងមុខ​។

    ការ​កំណត់​ខាងលើ​របស់​អាជ្ញាធរ​ក្រុង​កែប ​ធ្វើឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​​ជាមួយ​ប្រជា​ពលរដ្ឋ​ ស្ដីអំពី​បញ្ហា និងដំណោះស្រាយ ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប។

    ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករក្នុងការប្រជុំ​នៅ សាលាក្រុងកែប អាជ្ញាធរ​មិនអនុញ្ញាតឱ្យ មានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ ដោយ​អនុញ្ញាត​ឱ្យ​លក់​ដូរ​តែ​នៅ​ពេល​មាន​បុណ្យ​ទាន​ ចំណែក​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ នេះ​បើ​តាម​លោក ខេង យ័ន អភិបាលក្រុងកែប។ លោកអភិបាល​បាន​បន្ថែម​ថា អាជ្ញាធរ​ទុក​ពេល​ឱ្យ​ម្ចាស់​សំណង់​ខុស​ច្បាប់ រុះ​រើ​ដោយ​ខ្លួន​ឯង​ឱ្យ​បាន​មុន​ថ្ងៃទី ១៥ តុលាខាងមុខ​ មុនពេល​អាជ្ញាធរ​ចាត់​វិធានការ​។

    លោក ខេង យ័ន បាន​បញ្ជាក់ថា វិធានការ​នេះ​គឺ​ដើម្បី​ស្ដារ​សណ្តាប់ធ្នាប់ សោភ័ណភាព នៅ​តំបន់ឆ្នេរកែប និង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ អាជីវករ​យោគ​យល់ និង​សហការ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​៕

  • កំពូល​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំង​ ៥ របស់​ពិភពលោក

    កំពូល​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំង​ ៥ របស់​ពិភពលោក

    គិត​មក​ដល់​បច្ចុប្បន្ន ចំណែក​ទីផ្សារ​​របស់​រថយន្ត​អគ្គិសនី​បាន​កើន​ឡើង​ដល់ ១៣% ធៀប​នឹង​រថយន្ត​សរុប​ដែល​ត្រូវ​បាន​លក់​នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ រថយន្ត​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​សុទ្ធ​ (BEV) កាន់​កាប់​ ៩.២%​។

    នៅ​ក្នុង​ Top 5 ស្ដី​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ គេ​ឃើញ​ថា BDY កាន់​កាប់​តំណែង​កំពូល​តារាង (១៦.៩%) ​នៅ​ពេល​រក​បាន​ចំណែក​ទីផ្សារ​ ០.៧% បន្ថែម​ទៀត​ ខណៈ​ដែល​ Tesla បាត់បង់​ ០.១% ចុះ​មក​នៅ ១២.៤%។ ប៉ុន្តែ Tesla ត្រូវ​គេ​រំពឹង​ថា អាច​កាន់កាប់​ចំណែក​ទីផ្សារ ១៣.៥% នៅក្នុង​ខែ​បន្ទាប់​។

    ក្រុមហ៊ុន Volkswagen កាន់កាប់​ ៨.៣% នៅ​ពី​លើក្រុមហ៊ុន SAIC ដែល​ក្ដាប់​ចំណែក​ទី​ផ្សារ​​ ៧.៩% (ថយចុះ ០.២%)។ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ SAIC របស់​ ចិន ត្រូវ​ការ​ម៉ូដែល​រថយន្ត​អគ្គិសនី​ខ្នាត​ធំ​ ទន្ទឹម​នឹង Wuling Mini EV ដ៏​តូច​របស់​ពួក​គេ​។ MG4/Mulan អាច​ជួយ​បាន​ច្រើន​ ប៉ុន្តែ SAIC ត្រូវ​ការ​ក្រុម​រថយន្ត​អគ្គិសនី​ដែល​ល្អ​ជាង​នេះ​ ពិសេស​គឺ​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ចិន​ បើ​សិន​ចង់​រក្សា​ភាព​សមស្រប​។

    Geely-Volvo ​កំពុង​ក្ដាប់​ទីផ្សារ​ ៥.៧% ដោយ​កើន ០.១% ហើយ​បច្ចុប្បន្ន​បាន​យក​ឈ្នះ​​ Hyundai-Kia (៥.២%) និង Stellantis (៥.១%)។

    Tesla Model Y
    BYD Song Plus

    ខាងក្រោម​នេះ​គឺជា​ «កំពូល​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំង​ ៥ របស់​ពិភពលោក» សម្រាប់​ពី​ខែមករាដល់សីហា ២០២២ ៖

     

    ​​​ម៉ូដែល​រថយន្ត​អគ្គិសនី​ទាំង​ ២០ ​ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​ សម្រាប់​ខែ​សីហា ២០២២ ៖

     

    ​​​ម៉ូដែល​រថយន្ត​អគ្គិសនី​ទាំង​ ២០ ​ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​ រាប់​ចាប់​ពី​​​ខែ​មក​រា ដល់​​សីហា ២០២២ ៖

     

    បណ្ដា​ក្រុមហ៊ុន​ដែល​លក់​​រថយន្តអគ្គិសនី​​​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​ សម្រាប់​​ខែ​​​​សីហា ២០២២ ៖

     

    ​​​បណ្ដា​ក្រុមហ៊ុន​ដែល​លក់​​រថយន្តអគ្គិសនី​​​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​ ចាប់ពី​​​ខែ​មករា​ដល់​​​​​សីហា ២០២២ ៖

  • បណ្ដុំ​រោង​ចក្រ​វារី​អគ្គិសនី-រោង​ចក្រ​អគ្គីសនី​​​ព្រះអាទិត្យ​ធំបំផុត​ក្នុង​ពិភពលោក​

    បណ្ដុំ​រោង​ចក្រ​វារី​អគ្គិសនី-រោង​ចក្រ​អគ្គីសនី​​​ព្រះអាទិត្យ​ធំបំផុត​ក្នុង​ពិភពលោក​

    រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ Kela និង​រោង​ចក្រ​វារី​អគ្គិសនី Lianghekou នឹង​ដំណើរ​ការ​ភ្ជាប់​ជាមួយ​គ្នា​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ ២ ពាន់​លាន​គីឡូវ៉ាត់​ម៉ោង នៅ​ពេល​ស្ថាបនា​រួច​រាល់​នា​ឆ្នាំ​ក្រោយ​។

    រោង​ចក្រអគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​ Kela នឹង​ត្រូវ​បាន​សាង​សង់​នៅ​ក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ​ ប្រទេស​ចិន​ ក្បែរ​រោង​ចក្រ​វារី​អគ្គិសនី Lianghekou ​ស្ថិត​នៅ​លើ​ទន្លេ​ Yalong Jiang ​​​ដែល​មាន​កម្លាំង​ផលិត​អគ្គិសនី​ឡើង​ដល់ ១ លាន​គីឡូវ៉ាត់។ ផ្ទាំង​សូឡារ​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ដំឡើង​នៅ​លើ​ភ្នំកម្ពស់ ៤,៦០០ ម៉ែត្រ​ ផ្ដល់​ថាមពល​អគ្គិសនី​បន្ថែម ១ លាន​គីឡូវ៉ាត​ទៀត​ដល់​បណ្ដុំ​រោង​ចក្រ​នេះ​។

    តាម​ផែនការ គម្រោងខ្នាត​យក្ស​ខាងលើ​​នេះ​នឹង​ដំណើរ​ការ​ ១,៧35 ម៉ោង​​/​ឆ្នាំ​ និង​បង្កើត​អគ្គិសនី​ជា​មធ្យម​ប្រចាំ​ឆ្នាំ​បាន ២ ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​ បន្ទាប់​ពី​សាងសង់​រួច​រាល់​នៅ​ឆ្នាំ​ ២០២៣​ នេះ​បើ​តាម CGTN ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ០១ តុលា​។

    លោក Qi Ningchun ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍ​វារី​អគ្គិសនី​ទន្លេ​ Yalong Jiang ដែល​ជា​អ្នក​អនុវត្ត​គម្រោង​ខាង​លើ​ឱ្យ​ដឹង​ថា ប្រទេស​ចិន​ កំពុង​តែ​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ ឬ​ហៅ​ថា​ ថាមពល​កកើត​ឡើង​វិញ​ នៅ​ពេល​ឆ្ពោះ​ទៅ​រក​គោល​ដៅ​មិន​បំភាយ​ឧស្ម័ន​កាបូន​នៅមុន​ឆ្នាំ​ ២០៦០​។ រោង​ចក្រ Kela នឹង​រួម​ចំណែក​កាត់​បន្ថយ​ឧស្ម័ន​កាបូន​ជាង ១.៦ លាន​តោន​ (ស្មើ​នឹង​ការ​ដុត​ធ្យូង​ថ្ម​ ៦០០,០០០ តោន​)។

    លោក Qi Ningchun បន្ថែម​ថា រោង​ចក្រ​អគ្គិសនី​ពន្លឺ​​ព្រះ​អាទិត្យ​ ​Kela នឹង​ក្លាយ​ជា​ប្រភព​អគ្គិសនី​ជំនួយ​សម្រាប់​រោង​ចក្រ​វារីអគ្គិសនី​ Lianghekou នៅ​ពេល​កម្លាំង​របស់​រោង​ចក្រ​ទាំង​ពីរ​ប្រែប្រួល​ទៅ​តាម​លក្ខខណ្ឌ​នៃ​ពេល​វេលា​ក្នុង​ឆ្នាំ​។

    រោង​ចក្រ Kela នឹង​បង្កើត​ការ​ងារ​បន្ថែម​​​ប្រមាណ​ជាង ៣,០០០ កន្លែង​​សម្រាប់​​ប្រជាជន​ក្នុង​ខេត្ត Sichuan។ ដើម្បី​ជួយ​ឱ្យ​ប្រជាកសិករ​នៅ​តែ​អាចចិញ្ចឹម​​សត្វគោ និងពពែ​​ដោយការ​​ព្រលែង​ រោង​ចក្រ Kela បាន​ដំឡើង​ផ្ទាំង​សូឡារ​ឱ្យដល់​កម្ពស់ ១.៨ ម៉ែត្រ ធៀប​នឹង​ស្មៅ​ធម្មជាតិ​៕

    រោង​ចក្រ​វារី​អគ្គិសនី Lianghekou
  • ​រថយន្ត​អគ្គិសនី​រួម​ចំណែក ១១% ក្នុង​ចំណោម​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​ទូទាំង​សកលលោក

    ​រថយន្ត​អគ្គិសនី​រួម​ចំណែក ១១% ក្នុង​ចំណោម​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​ទូទាំង​សកលលោក

    បរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក បាន​កើន​ ៦០% នៅ​ក្នុង​ខែ​សីហា ២០២២ ធៀប​នឹង​ខែសីហា ២០២១​ ដោយ​សម្រេច​បាន ៨៤៧,០០០ គ្រឿង​។ តាមការ​រំពឹង​ទុក ចុង​ត្រីមាស​ទី ៣ ឆ្នាំ​នេះ​ គឺជា​​ពេល​វេលាដែល​​​ទីផ្សារ​រថយន្ត​អគ្គិសនី​ «ផ្ទុះ​ឡើង» ខ្លាំង​ក្លា​។

    ដោយ​មួយ​ខែ​ប្រកប​ដោយ​ភាព​អស្ចារ្យ​ដូច​ខែ​សីហាកន្លង​ទៅ រថយន្ត​អគ្គិសនីទូទៅ​​បាន​ចូលរួម​ចំណែក​ ១៥% ធៀប​នឹង​ទីផ្សារ​រថយន្ត​ទាំង​មូល​។ ដោយ​ឡែក រថយន្ត​ប្រើប្រាស់​ថ្ម​អគ្គិសនី​ (BEV-Battery electric vehicle) រួម​ចំណែក​រហូត​ដល់ ១១% នៅ​ក្នុង​ទីផ្សារ​រថយន្ត​​។ រថយន្ត​ hybrid (HEV) មាន​កំណើន​ខ្ពស់​បំផុត​រាប់​ចាប់តាំង​ពី​ខែ​មីនា​ឆ្នាំ​កន្លង​ (កើន ៦% ធៀប​នឹង​ឆ្នាំ​មុន)។

    នៅក្នុង​ខែសីហា ២០២២ រថយន្ត​អគ្គិសនី BEV មាន​កំណើន​​ ៦៦% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​កន្លង​ ដែល​នេះ​កើន​លឿន​ជាង​ធៀប​នឹង ៤៧% របស់​​រថយន្ត​ hybrid ប៉ុន្តែ​ បើ​ដក​រថយន្ត plugin hybrid (PHEV) របស់​ ចិន​ ចេញពី​ស្ថិតិ គេ​ឃើញ​ថា PHEV (Plug in Hybrid Electric Vehicle) ថយ​ចុះ​ ៩%​ ធៀប​នឹង​ឆ្នាំ​មុន​។

    គិត​មក​ដល់​បច្ចុប្បន្ន ចំណែក​ទីផ្សារ​បស់​រថយន្ត​អគ្គិសនី​​ (BEV, HEV, FCEV និង PHEV) បាន​កើនឡើង​ដល់ ១៣% ក្នុង​នោះ​ BEV កាន់​កាប់​ ៩.២%។

  • មហា​គម្រោង​តម្លៃ​ ១.២ ទ្រីលាន​ដុល្លារ​ អាច​ប្រែក្លាយ​ ឥណ្ឌា ទៅ​ជា «រោង​ចក្រ​ពិភពលោក»

    មហា​គម្រោង​តម្លៃ​ ១.២ ទ្រីលាន​ដុល្លារ​ អាច​ប្រែក្លាយ​ ឥណ្ឌា ទៅ​ជា «រោង​ចក្រ​ពិភពលោក»

    មហា​គម្រោង Gati Shakti តម្លៃ​ ១.២ ទ្រីលាន (១,២០០,០០០,០០០,០០០) ​ដុល្លារ​អាម៉េរិក ត្រូវ​បាន​ ឥណ្ឌា រំពឹង​ថា នឹង​ប្រែក្លាយ​​ប្រទេស​នេះ​ទៅ​ជា​មជ្ឈមណ្ឌល​ផលិត​របស់​សកល​លោក​ ជំនួសឱ្យ​ ​ប្រទេស​ចិន​។

    គំនិត​ផ្ដួច​ផ្ដើម​ Gati Shakti ដែលក្នុង ​ភាសា​ហិណ្ឌូ ​មាន​ន័យ​ថា «ថាមពល​របស់​ល្បឿន» ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi លើក​ឡើង​ដើម្បី​កសាង​ថ្នាល​បច្ចេក​វិទ្យា​ឌីជីថល​មួយ​ដែល​មាន​ផ្ទុក​ស្ថាប័ន​ចំនួន ១៦​។ ថ្នាល​ព័ត៌មាន​វិទ្យា​នេះ​នឹង​ផ្ដល់​ជា​យន្តការ​ច្រក​ចេញ​-ចូល​តែ​មួយ​ប្រកប​ដោយ​ភាព​ងាយស្រួល​សម្រាប់​ក្រុម​អ្នកវិនិយោគ​ និង​សហគ្រាស​នៅ​ក្នុង​ការ​បង្កើត​ អនុម័ត​គម្រោង​វិនិយោគ​នានា និង​កាត់​បន្តយ​ការ​ចំណាយ​។

    ប្រហែល​ពាក់​កណ្ដាល​នៃ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ ឥណ្ឌា កំពុង​តែ​ជួប​បញ្ហា​យឺត​យ៉ាវ​ ខណៈ​ ២៥% ផ្សេង​ទៀត​ត្រូវ​ដំឡើង​ទុន​ ធៀប​នឹង​គម្រោង​​ដំបូង​។ នាយករដ្ឋមន្ត្រី​ Modi ជឿថា មហា​គម្រោង​ Gati Shakti ដែល​មាន​តម្លៃ​ ១០០,០០០ ពាន់​លាន​រូពី (១.២ ទ្រីលាន​ដុល្លារ​អាម៉េរិក​) នេះ​ នឹង​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ខាងលើ​។

    «ភារកិច្ច​របស់ Gati Shakti គឺ​អនុវត្ត​បណ្ដា​គម្រោង​ដោយ​មិន​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​ និង​ដំឡើង​ទុន» មន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឥណ្ឌា Amrit Lal Meena ​ឱ្យ​ដឹង​ដូច្នេះ​។ «គោល​ដៅ​គឺ​ការ​ប្រែក្លាយ​ ឥណ្ឌា ទៅ​ជា​ជម្រើស​ដំបូង​ដើម្បី​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ កសាង​មជ្ឈមណ្ឌល​ផលិត​របស់​ពួក​គេ​នៅ​ទីនេះ​»។

    មហា​គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​ នាំ​មក​នូវ​អំណោយ​ផល​ល្អ​សម្រាប់​ ឥណ្ឌា ក្នុង​គ្រា​ដែល ប្រទេស​ចិន ហាក់​បិទ​ទ្វារ​ដោយ​សារ​កូវីដ-១៩​ មាន​ភាព​ស្មុគ្រស្មាញ​។ បណ្ដា​ក្រុម​ហ៊ុន​អន្តរជាតិ​ក៏​កំពុង​ស្វែង​រក​ទីផ្សារ​ថ្មី​ក្រៅ​ពី​ប្រទេស​ចិន​ ដើម្បី​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម​អាជីវកម្ម​ ក៏ដូចជា​បណ្ដា​ញ​ផ្គត់ផ្គង់​របស់​ពួក​គេ​។

    ផែនការមេ Gati Shakti តម្លៃ ១.២ ទ្រីលាន (១,២០០,០០០,០០០,០០០) ដុល្លារអាម៉េរិក របស់ ឥណ្ឌា នឹងអាចប្រកួតប្រជែងបានជាមួយ ប្រទេសចិន

    ឥណ្ឌា ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំ​ជាង​គេ​លំដាប់​ទីបី​នៅ អាស៊ី មិន​ត្រឹម​តែ​អាច​ផ្គត់ផ្គង់​កម្លាំងពលកម្ម​តម្លៃ​ទាប​នោះ​ទេ តែកម្លាំង​ពលកម្ម​​នៅ​ទីនេះ​ភាគ​ច្រើន​​អាច​និយាយ​ភាសាអង់គ្លេស​ បើ​ទោះ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​មាន​កម្រិត​ និង​ខ្វះភាព​ទាក់​ទាញ​សម្រាប់​អ្នក​វិនិយោគ​។

    «វិធី​តែ​មួយ​គត់​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ ប្រទេស​ចិន គឺ​ការ​កាត់​បន្ថយ​ចំណាយ​បាន​កាន់​តែ​ច្រើន​ កាន់​តែ​ល្អ​» Anshuman Sinha ដៃ​គូ​ប្រចាំ Kearney India ដែល​ជា​ក្រុមហ៊ុនខ្នាត​យក្ស​​​ក្នុង​វិស័យ​​ដឹក​ជញ្ជូន​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ឥណ្ឌា អះអាងដូច្នេះ​ និង​បន្ត​ថា «Gati Shakti នឹង​ធ្វើ​ឱ្យ​ទំនិញ​ចរាចរណ៍​បាន​ងាយ​ស្រួល​ជាង​បច្ចុប្បន្ន នៅ​ទូទាំង​ប្រទេស​»។

    លោក Anshuman Sinha និយាយ​ថា ភារកិច្ច​របស់​មហា​គម្រោង Gati Shakti គឺ​កំណត់​ទីតាំង​ដែល​មាន​សក្ដានុពល​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ផលិត​ថ្មី​ តភ្ជាប់​មជ្ឈមណ្ឌល​ទាំង​នេះ​ជាមួយ​បណ្ដាញ​ផ្លូវ​ដែក​ កំពង់ផែ និង​ព្រលាន​យន្តហោះ​​​។

    នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Modi បាន​ឱ្យ​ដឹង​ថា «ឥណ្ឌា​ សន្យា​ថា ជំរុញ​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ ធានា​មិន​ឱ្យ​គម្រោង​នានា​ជួប​ឧបសគ្គ។ ហេដ្ឋារចនា​សម្ព័ន្ធ​គុណ​ភាព​ខ្ពស់​គឺជា​គន្លឹះ​ដើម្បី​ដំណើរ​ការ​សកម្មភាព​សេដ្ឋកិច្ច​ ទន្ទឹម​នឹងនេះ​ក៏​បង្កើត​ការ​ងារ​ទ្រង់​ទ្រាយ​ធំ​។ មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ ឥណ្ឌា​ នឹង​មិន​អាច​រីក​ចម្រើន​គ្រប់​វិស័យ​»៕

  • វៀតណាម ទទួល​នាវាទេសចរណ៍​​ប្រណិត​លើក​ដំបូង​ ក្រោយ​រយៈ​ពេល ៣ ឆ្នាំ​

    វៀតណាម ទទួល​នាវាទេសចរណ៍​​ប្រណិត​លើក​ដំបូង​ ក្រោយ​រយៈ​ពេល ៣ ឆ្នាំ​

    នាវាទេសចរណ៍​ប្រភេទ​ប្រណិត Le Laperouse របស់ បារាំង ដឹក​ក្រុម​អ្នក​ទេសរណ៍​អន្តរ​ជាតិ​​ជិត ១០០ នាក់​ ទើប​តែ​បាន​ចូល​ចត​នៅ​កំពង់ផែ​សាយហ្គន។ នេះ​គឺ​​ក្រុម​ទេសចរ​បរទេស​ដំបូង​ដែល​បាន​មក​ដល់​ ទីក្រុង​ហូជីមិញ (អតីត​ទីក្រុងព្រៃនគរ) តាម​នាវាទេសចរណ៍ ក្រោយ​រយៈ​ពេល ៣ ឆ្នាំ​ដែល​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩​។

    កាលពី​ថ្ងៃទី ០២ តុលា ក្រុម​ហ៊ុន​ឯកជន សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ហូជីមិញ បាន​ចេញ​ទៅ​ទទួល​ក្រុម​ទេសចរ​អន្តរ​ជាតិ​​ដែល​ធ្វើ​ដំណើរ​តាម​នាវាទេសចរណ៍​ ជា​លើក​ដំបូង​ រាប់ចាប់​តាំង​ពី​ក្រោយ​វិបត្តិ​កូវីដ-១៩​ នេះ​បើ​យោង​តាម ​នាយកដ្ឋាន​ទេសចរណ៍​ក្រុង​ហូជីមិញ។

    នាយកដ្ឋាន​ខាងលើ​បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ពេល​នេះ​រហូត​ដល់​ខែមករា​ឆ្នាំ​ក្រោយ​ វៀតណាម នឹង​អាច​បន្ត​ទទួល​នាវាទេសចរណ៍​​ធំៗ​មួយ​ចំនួន​ទៀត​ ហើយ​ទីផ្សារ​ទេសចរណ៍​​នឹង​ងើប​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ក្រោយ​ខែ​មករា​។

    នាវាទេសចរណ៍​ Le Laperouse និង​ភ្ញៀវ​ទេសចរណ៍​នឹង​ស្នាក់​នៅ ដើរ​ទស្សនា​ក្នុង ​ទីក្រុង​ហូជីមិញ រយៈ​ពេល​ ៣ ថ្ងៃ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដទៃ​ទៀត​របស់​ប្រទេស​វៀតណាម៕

  • ក្រសួងព័ត៌មានប្រកាស​ទទួល​​ពាក្យ​ចុះឈ្មោះអ្នកសារព័ត៌មាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​នា​ពេល​ខាងមុខ

    ក្រសួងព័ត៌មានប្រកាស​ទទួល​​ពាក្យ​ចុះឈ្មោះអ្នកសារព័ត៌មាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​នា​ពេល​ខាងមុខ

    ក្រសួងព័ត៌មាន ប្រកាសបើកទទួល​​ពាក្យ​ចុះឈ្មោះអ្នកសារព័ត៌មាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងត្រូវ​ធ្វើឡើងចាប់​ពី​ថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។

    អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចុះយកព័ត៌មាន​សម្រាប់​ការ​ផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនេះ អាច​ចុះ​ឈ្មោះ​តាមរយៈគេហទំព័រ ៖ https://asean2022.inb.gov.kh

    ឯកសារទាំង​ឡាយ​ដែល​អ្នកសារព័ត៌មាន​ត្រូវ​ភ្ជាប់​​ជា​មួយ​រួម​មាន​៖

    ១៖ រូបថត ៤ x ៦ ក្នុងទម្រង់ (.jpg) ចំនួន ០១ សន្លឹក (ផ្ទៃពណ៌ស) និង​ត្រូវ​តែ​ជា​រូប​ច្បាស់​
    ២៖ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
    ៣៖ បណ្ណសារព័ត៌មានមានសុពលភាព (ចេញដោយអង្គភាពព័ត៌មាន ឬក្រសួងព័ត៌មាន)
    ៤៖ លិខិតបញ្ជាបេសកកម្ម
    ៥៖ កាត ឬលិខិតបញ្ជាក់ការ​វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩។

    អ្នកសារព័ត៌មានដែលបាន​ចុះ​ឈ្មោះដោយ​ជោគជ័យ និងបាន​ទទួល​ការ​យល់​ព្រម​ នឹង​ត្រូវ​ទទួលបណ្ណសារព័ត៌មាន នៅមណ្ឌលព័ត៌មានដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៨។

  • តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ឡើង​ថ្លៃ​​ភ្លាម​ៗ បន្ទាប់​ពី​មាន​ដំណឹង​ថា OPEC+ នឹង​ពិចារណា​កាត់បន្ថយ​បរិមាណ​

    តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ឡើង​ថ្លៃ​​ភ្លាម​ៗ បន្ទាប់​ពី​មាន​ដំណឹង​ថា OPEC+ នឹង​ពិចារណា​កាត់បន្ថយ​បរិមាណ​

    ​ប្រភព​ព័ត៌មាន​ពី OPEC+ បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​កំពុង​តែ​ពិនិត្យ​លទ្ធភាព​កាត់បន្ថយ​បរិមាណ​ប្រេង​ឱ្យ​បាន​ជាង​ ១ លាន​ធុង​/​ថ្ងៃ​ ដែល​ចាប់​ផ្ដើម​ពី​សប្ដាហ៍​ក្រោយ​​ ដែល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​កែប្រែ​តម្លៃ​ប្រេង​ឆៅ​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​។

    យោង​តាម CNBC កិច្ច​ប្រជុំ​នា​ពេល​ខាងមុខ​របស់ OPEC+ (ក្រុម​ប្រទេស​នាំចេញ​ប្រេង​រ៉ែ និងដៃ​គូ​សហការ) នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ០៥ តុលា​ខាងមុខ​ ក្រោយ​ពី​តម្លៃ​ប្រេង​ពិភពលោក​បាន​ និង​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​ ដោយ​សារ​កត្តា​ជា​ច្រើន​ មាន​ដូចជា ការ​ងាក​ទៅ​រក​ថាមពល​កកើត​ឡើង​វិញ​របស់​ពិភពលោក ការ​ព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកលជា​ដើម​។

    បើ​សិនជា​សំណើ​កាត់បន្ថយ​ប្រេង​ ១ លាន​ធុង​/ថ្ងៃ​ ត្រូវ​បាន​អនុម័ត​ វា​នឹង​មាន​ន័យ​ថា បរិមាណ​ប្រេង​ ១% នៅ​ទូទាំង​ពិភពលោក​ នឹង​ត្រូវ​បាន​កាត់​​ចេញ​ពី​បណ្ដាញ​ផលិត​ប្រេងទាំង​មូល​។ ក្រោយ​កូវីដ-១៩ នេះ​នឹង​ជា​ការ​កាត់​បន្ថយ​បរិមាណ​ប្រេង​​ធំ​បំផុតរបស់ OPEC+។ ក្នុង​ឆ្នាំ​ ២០២០ អង្គការ​នេះ​ធ្លាប់​បាន​កាត់ប​ន្ថយ​បរិមាណ​ប្រេង​ឆៅ​​ប្រហែល ១០ លាន ធុង​/​ថ្ងៃ។

    យោង​តាម Reuters ក្រុម​អ្នកវិភាគ​ និង​អ្នក​តាម​ដាន​ OPEC មាន​ដូច​ជា UBS និង JPMorgan ជា​ដើម បាន​ឱ្យ​ដឹង​ថា បរិមាណ​ប្រេង​ដែល​កំពុង​ត្រូវ​បាន​ពិចារណា​កាត់​បន្ថយ​នេះ​គឺជា​កម្រិត​សម​ស្រប​ ក្នុងការ​ទប់​ស្កាត់​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​របស់​ប្រេង​ពិភពលោក​។

    បន្ទាប់​ពី​មាន​ដំណឹង​ថា OPEC+ នឹង​ពិចារណា​កាត់បន្ថយ​បរិមាណ​ប្រេង​ តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ពិភពលោក​ក៏​បាន​​ឡើង​ថ្លៃប្រហែល​ ៣% ​​ភ្លាម​ៗ នៅក្នុង​ការ​ជួញ​ដូរ​នៅ​ អាស៊ី នា​ថ្ងៃទី ០៣ តុលា​នេះ​។ ប្រេង​ឆៅ​ Brent ប្រគល់​តាម​កាល​កំណត់​បាន​ឡើង​ថ្លៃ​ ២.៨២ ដុល្លារ​អាម៉េរិក ឬ​ស្មើ​នឹង ៣.៣% ដោយ​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​តម្លៃ​​ ៨៧.៩៦ ដុល្លារ​/ធុង​។ ចំណែក​ប្រេង​ឆៅ​ West Texas Intermediate (WTI) ត្រូវ​បាន​ជួញដូរ​ក្នុងតម្លៃ​ ៨២.០៩ ដុល្លារ​/​ធុង​ ពោល​គឺ​ឡើង​ថ្លៃ​ ២.៦០ ដុល្លារ​ ឬ​ស្មើ​នឹង​ ៣.៣% បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ ២.១% ក្នុង​ការ​ជួ​ញ​ដូរ​មុន​នោះ​៕