Category: សង្គម និងសេដ្ឋកិច្ច

  • រោង​ចក្រ​ផលិត​ iPhone ចង់​ផលិត​រថយន្ត​អគ្គិសនី​​តម្លៃ​ទាប និង​ក្ដោប​ក្ដាប់​ទីផ្សារ​​ផលិត​យាន​យន្ត​អគ្គិសនី​ ៥% នៅ​ឆ្នាំ ២០២៥​

    រោង​ចក្រ​ផលិត​ iPhone ចង់​ផលិត​រថយន្ត​អគ្គិសនី​​តម្លៃ​ទាប និង​ក្ដោប​ក្ដាប់​ទីផ្សារ​​ផលិត​យាន​យន្ត​អគ្គិសនី​ ៥% នៅ​ឆ្នាំ ២០២៥​

    ជោគ​ជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​នាម​ជា​អ្នក​ផលិត​ទូរស័ព្ទ​ ថេប្លេត និង​លេបថបលំដាប់​កំពូល​ពិភពលោក​ Foxconn ដែល​ជា​អ្នក​ផលិត​ iPhone កំពុង​តែ​មាន​មហិច្ឆតា​ខ្ពស់​នៅ​ពេល​និយាយ​ដល់​ឱកាស​ «រយឆ្នាំ​មាន​ម្ដង» ក្នុង​ការ​​ផលិត​រថយន្ត​អគ្គិសនី​។

    ក្រោយ​ពី​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​ជិត​ពាក់​កណ្ដាល​ក្នុង​វិស័យ​អេឡិចត្រូនិច (ទូរស័ព្ទ​ ថេប្លេត និង​លេបថប)  Foxconn មាន​បំណង​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​ចំពោះ​រថយន្ត​អគ្គិសនី​ ដោយ​ការ​ចាប់​ផ្ដើម​ពី​ទ្រង់​ទ្រាយ​តូច​ ដែល​កាន់​កាប់​ ៥% នៃ​ចំណែក​ទី​ផ្សារ​រថយន្ត​អគ្គិសនី​ក្នុង​ឆ្នាំ​ ២០២៥​។

    ប្រធាន​ក្រុម​ហ៊ុន​ Foxconn បាន​ឱ្យ​ដឹង​ថា «ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​យើង​ខ្ញុំ​អាច​ផលិត​រថយន្ត​អគ្គិសនី​ Tesla សម្រាប់​ Tesla»។ ប្រធាន​ក្រុម​ហ៊ុន​ Foxconn បាន​ថ្លែង​អំពី​ម៉ូដែល​រថយន្ត​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន​នេះ​ នៅ​ក្នុង​ព្រឹត្តិការណ៍ «ទិវា​បច្ចេកវិទ្យា​ ២០២២» ដែល​ត្រូវ​បាន​ធ្វើ​ឡើងកាល​ពី​​ថ្ងៃទី ១៨ តុលានៅ តៃវ៉ាន់​​។ លោក​បន្ថែម​ថា «ក្ដី​សង្ឃឹម​ដ៏​ស្មោះ​ត្រង់​របស់​យើង​ខ្ញុំ​ នោះ​គឺ​ថា តៃវ៉ាន់ អាច​ក្ដាប់​បាន​ឱកាស​ធ្វើ​ជំនួញ​ជាមួយ​នឹង​រថយន្ត​អគ្គិសនី​ដ៏​កម្រ រយ​ឆ្នាំ​មាន​ម្ដង​នេះ» ដូច​ទៅ​នឹង​អ្នក​ផលិត​តាម​កិច្ច​សន្យា​ ជំនួស​ឱ្យ​ការ​អភិវឌ្ឍ​យីហោ​ផ្ទាល់​ខ្លួន​។

    បច្ចុប្បន្ន Foxconn គឺជា​ដៃគូ​សំខាន់​ក្នុង​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​នៃ​ថ្នាល EV MIH (Mobility in Harmoney) និង​បណ្ដាម៉ូដែល​រថយន្ត​ មាន​ដូច​ជា Luxgen N7 ជាដើម ដែល​ទទួល​បាន​ការ​បញ្ជាទិញ​ជា​មុន​រាប់​ពាន់​គ្រឿង​នៅមុន​ពេល​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​។

    រថយន្ត​អគ្គិសនី Luxgen N7

    Foxconn បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុងទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក ដោយ​ការ​សហការ​ជា​មួយ Fisker ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ទីពីរ PEAR នៅ​ក្នុង​រដ្ឋ Ohio។ នៅ​ឆ្នាំ​ ២០២៤ Fisker PEAR អាច​ក្លាយ​ជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ដំបូង​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Foxconn និង​មាន​តម្លៃ​ក្រោម​ ៣០,០០០ ដុល្លារ​អាម៉េរិក​។

    Foxconn កំពុង​តែ​ចង់​បង្ហាញ​ថា ខ្លួន​មាន​សមត្ថភាព​អាច​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ជាង និង​បាន​​លឿន​ជាង​ ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ធម្មតា​ដទៃ​៕

  • នាវា​ទេសចរណ៍​អគ្គិសនី​ដំបូង​គេ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​​ក្នុង​តំបន់​ត្រជាក់​របស់​ប្រទេស​ចិន

    នាវា​ទេសចរណ៍​អគ្គិសនី​ដំបូង​គេ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​​ក្នុង​តំបន់​ត្រជាក់​របស់​ប្រទេស​ចិន

    នាវា​ទេសចរណ៍​​ឆ្លាត​វៃ​មួយ​គ្រឿង​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ​ដៃទន្លេ​ Songhua នៅ​ភាគ​ឦសាន​ប្រទេស​ចិន​។

    នាវា​ទេសចរណ៍​អគ្គិសនី​ដែល​​មាន​ឈ្មោះ​ថា Ling Hang Zhi Xing នេះ មាន​បណ្ដោយ​ប្រហែល ២៧ ម៉ែត្រ និង​ទទឹង​ ៦ ម៉ែត្រ។ Ling Hang Zhi Xing ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​ថ្មប្រភេទលីចូមដែកផូស្វាត​(lithium iron phosphate) ចំនួន​ ៤ ក្រុម​ ដែល​មាន​កម្លាំង​ ៦០០ kWh អនុញ្ញាត​ឱ្យ​វា​ដំណើរ​ការ​ ៨ ម៉ោងបន្ត​បន្ទាប់​ ដោយ​មិន​ចាំបាច់​បញ្ចូល​ថាមពល​។ ទម្ងន់​សរុប​របស់​នាវា​នេះ​គឺ ១៣៨ តោន និង​អាច​ដឹក​មនុស្ស​បាន​ ៥៣ នាក់ នេះ​បើ​តាម China Science Daily ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១៨ តុលា​។

    Ling Hang Zhi Xing ត្រូវ​បាន​​អភិវឌ្ឍ​ឡើង​សម្រាប់​ដំណើរ​ទេសចរណ៍​នៅ​លើ​ទន្លេ​ ជាមួយ​នឹង​ល្បឿន​ ១២ គីឡូម៉ែត្រ​/ម៉ោង​។ ក៏​ប៉ុន្តែ ការ​សាកល្បង​​ដំណើរ​ការ​នៅ​លើ​តំបន់​ទឹក​ជ្រៅ និង​មិន​មាន​រលក​ធំបាន​បង្ហាញ​ថា វា​អាច​ធ្វើ​ដំណើរ​បាន​លឿន​ជាង ១៨ គីឡូម៉ែត្រ​/ម៉ោង​។ នាវា​នេះ​ប្រើ​ប្រាស់ម៉ូទ័រ​អគ្គិសនី​ចំនួន ២ គ្រឿង​ កម្លាំង​ ៦០ kW និង​ស្លាប​ចក្រ​ប្រសិទ្ធភាព​ខ្ពស់។

    តំបន់​ត្រជាក់​ដែល​មាន​សីតុណ្ហ​ភាព​ -៣០ អង្សាសេ ឬ​ទាប​ជាង​នៅ​ក្នុង​រដូវ​រងា​ តែង​បង្ក​ផល​អាក្រក់​ដល់​ប្រសិទ្ធភាព​របស់​ថ្ម​ផ្ទុក​អគ្គិសនី​ និង​ឧបករណ៍​បញ្ចូល​ថាមពល​របស់​នាវា​។ Ling Hang Zhi Xing ​ត្រូវ​បាន​បង្កើត​​ឡើង​ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​តំបន់​នៅ​ភាគ​ឦសាន​របស់ ប្រទេស​ចិន​ ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​​៕

     

  • ផ្លូវដែក​ឡាវ-ចិន កាន់​តែ​មាន​តួនាទី​សំខាន់​ក្នុងការ​ដឹក​ជញ្ជូន​នៅ​ប្រទេស​ឡាវ

    ផ្លូវដែក​ឡាវ-ចិន កាន់​តែ​មាន​តួនាទី​សំខាន់​ក្នុងការ​ដឹក​ជញ្ជូន​នៅ​ប្រទេស​ឡាវ

    ក្រោយ​ដំណើរការ​បាន​ជាង ១០ ខែ ផ្លូវ​ដែក​ឡាវ-ចិន បាន​បង្ហាញ​​តួនាទីកាន់​តែ​​សំខាន់​នៅ​ក្នុង​វិស័យ​ដឹកជញ្ជូន​នៅ​ប្រទេស​ឡាវ។

    ​ទិន្នន័យ​ថ្មី​បំផុត​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន China Railway ប្រកាស​កាល​ពី​ថ្ងៃទី ០៤ តុលា បង្ហាញ​ថា ក្រោយ​ដំណើរ​ការ​បាន ១០ ខែ​ ផ្លូវដែក​ឡាវ​-ចិន បាន​ដឹក​ជញ្ជូន​ភ្ញៀវ​​​សរុប​ ៧.៣៩ លាន​ជើង​ និង​ដឹក​ទំនិញ​បាន​ ៨.៥១​ លាន​តោន​ ក្នុង​នោះ​ការ​ដឹក​ជញ្ជូន​ឆ្លង​ព្រំដែន​ឡាវ​-ចិន មាន ១.៥៤ លាន​តោន​។

    ក្រោយ​ពី​ផ្លូវ​ដែក​នេះ​បាន​ដំណើរ​ការ​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ និង​ក្រៅ​ប្រទេស​ដែល​មក​កាន់​ Luang Prabang បាន​កើន​ឡើង​ខ្ពស់​ ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​ក្នុង​តំបន់​ ពិសេស​គឺ​ក្រុម​អាជីវករ​លក់​រាយ ភោជនីយដ្ឋាន និង​សេវា​ដឹក​ជញ្ជូន​ក្បែរ​ស្ថានីយ​រថភ្លើង​។ល។

  • «សង្គ្រាម​គេច​ពី​ការ​រំលោភ ដោយ​ការ​រំលោភ​​» របស់​ជន្លេន​សំប៉ែតនៅ​បាត​សមុទ្រ​ (វីដេអូ)

    «សង្គ្រាម​គេច​ពី​ការ​រំលោភ ដោយ​ការ​រំលោភ​​» របស់​ជន្លេន​សំប៉ែតនៅ​បាត​សមុទ្រ​ (វីដេអូ)

    នៅក្នុង​សង្គ្រាម​បន្ត​ពូជ ជន្លេន​​សំប៉ែត ឬ​ហៅ​ថា ដង្កូវ​សំប៉ែត ​ដែល​មាន​សរីរាង្គ​​ភេទ​ជា​ញីផង ជា​ឈ្មោល​​ផង នឹង​ព្យាយាម​ចៀស​វាង​ការ​ពពោះ​​ដ៏លំបាក​ដោយ​ការ​ «ប្រញាប់» រក​វិធី​ «រំលោភ» ឱ្យ​​បាន​មុន​​គូ​ប្រជែង​​។

    ជន្លេន​សំប៉ែត គឺ​ដូច​ទៅ​នឹង​ក្រុម​សត្វ​ដែល​មាន​រាង​កាយ​ទន់ Nudibranch ហើយ​ពួក​វា​មាន​ប្រដាប់​បន្ត​ពូជ​ជា​ឈ្មោល​ផង ជា​ញីផង​ និង​មិន​មាន​ភ្នែក​សម្រាប់​មើល​ ប៉ុន្តែ​អាច​ផ្លាស់​ទី​បាន​ល្អ​ដោយ​ប្រើ​ប្រាស់​អង្គ​ញាណ​ដែល​មាន​តួនាទី​ជា​​ច្រមុះ។ ពួក​វា​មាន​លក្ខណៈ​ដូច​គ្នា​ត្រង់​ចំណុច​ទាំង​នោះ​។

    សត្វ​នេះ​គឺជា​ជន្លេន​សំប៉ែត​កម្រាល​ព្រំ​ពែរ្ស (Persian carpet flatworm – Pseudobiceros bedfordi) ព្រោះ​តែ​វា​មាន​រូប​រាង​ដូច​គំនូរ​​យ៉ាង​ស្រស់​ស្អាត​។ វា​គឺជា​អ្នក​ប្រមាញ់​ចំណី​ដ៏​ស្រេក​ឃ្លាន​។

    នៅ​ពេល​បន្តពូជ ជន្លេន​នេះ​ក៏​មាន​ភាព​កោង​កាច​។ វា​អាច​ស្រូប​ក្លិន​ដឹង​ថា​មាន​ជន្លេន​​សំប៉ែត​មួយផ្សេង​ទៀត​នៅ​ក្បែរ​ ជា​ដៃគូ​ស្នេហា​ដ៏​មាន​សក្ដានុពល​។ ដំបូង​ ពួក​វា​ហាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​ភាគី​ម្ខាង​ទៀត​ ហើយ​ប្រការ​នេះ​គឺ​មាន​មូលហេតុ​សម​រម្យ​​របស់​វា​។

    ទាំង​ពីរ​សុទ្ធតែ​ប្រឹង​ប្រែង​ដើម្បី​ចៀស​វាង​ការ​លំបាក​នា​ពេល​ខាងមុខ​ នោះ​គឺ​ការ​ថែ​រក្សា​ពង​បន្ទាប់​ពី​បាន​បន្ត​ពូជ។ ល្អបំផុត​គឺ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ «មាន​ផ្ទៃ​ពោះ»។

    ពួកវា​ដំឡើង​ខ្លួន​ឱ្យ​ត្រង់ បង្ហាញ​​ប្រដាប់​បន្ត​ពូជ​មួយ​គូរបស់វា​។ ពួក​វា​ចាប់​ផ្ដើម​ប្រយុទ្ធ​ដើម្បី​ចៀង​វាង​ការ​ពពោះ​។ ពួកវា​ព្យាយាម​ប្រើ​ប្រាស់​ប្រដាប់​ភេទរបស់​ពួក​វា​ ​ចាក់​ដើម្បី​​​បង្ក​កំណើត​​ឱ្យ​គូ​ប្រជែង​ ដោយ​មិន​បណ្ដោយ​ឱ្យ​ខ្លួន​ត្រូវ​រង​ការ​ «រំលោភ» បាន​មុន​។

    ការ​ចាក់​មួយ​ «ស្នៀត» ទៅ​លើ​កន្លែង​ណាមួយ​​លើ​រាងកាយរបស់​គូប្រជែង ក៏​សុទ្ធ​តែ​អាច​បង្ក​កំណើត​បាន​។ ការ​ចាក់​ដែល​ជោគជ័យ​មួយ​គឺ​ស្មើ​នឹង​ការ​ចាក់​បញ្ចូល​មេជីវិត​ទៅ​ក្នុង​រាង​កាយ​គូប្រជែង​។ បន្ទាប់​ពី​ចាក់​បាន​សម្រេច​ ការ​ប្រយុទ្ធ​ក៏​​​បាន​បញ្ចប់​។

    ជន្លេន​សំប៉ែត​ដែល​ចាញ់​ការ​ប្រយុទ្ធ​នឹង​មាន​ស្នាម​របួស​លើ​ដង​ខ្លួន​ ហើយ​ក៏​​ត្រូវ​បំពេញ​ភារកិច្ច​ជា​អ្នក​បង្កើត​ពង​ ដើម្បី​បន្តពូជ​។ អ្នក​ចាញ់​ការ​ប្រយុទ្ធ​នេះ​ នឹង​មាន​ការ​លើក​ទឹក​ចិត្ត​តែ​មួយ​គត់​​ នោះ​គឺ​កូន​របស់​វា​នឹង​មាន​ហ្សែន​របស់​ «អ្នក​ប្រយុទ្ធ​ដ៏អស្ចារ្យ» ដែល​បាន​យក​ឈ្នះ​លើ​វា​៕

  • បណ្ដាញ​​សម្រប​សម្រួល​ការ​ទូទាត់​ប្រាក់​ Mastercard នឹង​ចូល​រួម​រកស៊ី​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​​​ឌីជីថល​គ្រីបតូ

    បណ្ដាញ​​សម្រប​សម្រួល​ការ​ទូទាត់​ប្រាក់​ Mastercard នឹង​ចូល​រួម​រកស៊ី​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​​​ឌីជីថល​គ្រីបតូ

    Mastercard នឹង​ភ្ជាប់​ថ្នាល​ប្រតិបត្តិការ​ប្រាក់​ឌីជីថល​​គ្រីបតូ ជាមួយ​នឹង​បណ្ដា​ធនាគារ​ ដើម្បី​ធ្វើ​ឱ្យ​ប្រាក់​ប្រភេទ​នេះ​ឆាប់​បាន​ក្លាយ​ជា​និន្នាការ​ថ្មី​ជា​ផ្លូវ​ការ​។

    បណ្ដាញ​សម្រប​សម្រួល​ការ​ទូទាត់​ប្រាក់ ​(Payment Processing Networks) បែប​អេឡិច​ត្រូនិច​ ​លំដាប់​​ពិភពលោក​ Mastercard ​មាន​ផែនការ​ជួយ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្ដល់​សេវា​កម្ម​ប្រតិបត្តិការ​លើ​ប្រាក់​ឌីជីថល​។ ស្ថាប័ន​នេះ​នឹង​ដំណើរ​ការ​ដូច​ទៅ​នឹង​ «ស្ពាន​តភ្ជាប់» រវាង Paxos (ថ្នាល​ប្រតិបត្តិ​ការ​​ដែល​ត្រូវ​បាន​ PayPal ប្រើ​ប្រាស់​ដើម្បី​ផ្ដល់​សេវា​ដូច​គ្នា​នេះ) ជាមួយ​នឹង​បណ្ដា​ធនាគារ​។ Mastercard និង Paxos នឹង​ធ្វើ​ការ​ដោយ​ការ​គោរព​ទៅ​តាម​ការ​កំណត់ និង​ការ​ធានា​សុវត្ថិភាព​ទិន្នន័យ​ ​ជា​មូលហេតុ​សំខាន់​ ២ ដែល​​បណ្ដា​ធនាគារ​លើក​យក​មក​អះអាង​​ដើម្បី​ចៀស​វាង​ប្រភេទ​ទ្រព្យ​ថ្មី​នេះ​។

    ប្រាក់​ឌីជីថល​ដូច​ជា Bitcoin ជា​ដើម មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ទាក់​ទិន​នឹង​ការ​ប្រែប្រួល​ខ្ពស់ ហើយ​វា​បាន​បាត់​បង់​តម្លៃ​ជាង​ពាក់​កណ្ដាល​ក្នុង​ឆ្នាំ​នេះ​។ វិស័យឧស្សាហកម្ម​នេះ​​ត្រូវ​រង​ការ​វាយ​ប្រហារ​តាម​អ៊ីនធើណិត​រាប់​ពាន់​លាន​ករណី​រាប់ចាប់​ពី​ដើម​ឆ្នាំ​ អម​ជាមួយ​នឹង​ករណី​ក្ស័យ​ធន​ល្បី​ល្បាញ​ជា​ច្រើន​។

    ក៏ប៉ុន្តែ Jorn Lambert ប្រធាន​ផ្នែក​ឌីជីថល​របស់ Mastercard ឱ្យ​ដឹង​ថា ការ​ស្ទង់​មតិ​របស់​ក្រុម​ហ៊ុន​នៅ​តែ​បង្ហាញ​ថា មាន​តម្រូវ​ការ​ច្រើន​ចំពោះ​ទ្រព្យ​ប្រភេទ​នេះ​។ យ៉ាង​នេះ​ក្ដី មនុស្សប្រហែល ៦០% ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​សួរ​ យល់​ថា ចង់​ស្វែង​យល់​ ឬ​សុំ​យោបល់​មុន​ពេល​ប្រតិបត្តិការ​លើ​ប្រាក់​ឌីជីថល​តាម​រយៈ​បណ្ដា​ធនាគារ​ដែល​មាន​នា​បច្ចុប្បន្ន​របស់​ពួក​គេ​។

    Mastercard ឱ្យ​ដឹង​ថា តួនាទី​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ ការ​រក្សា​ឱ្យ​បណ្ដា​ធនាគារ​ធ្វើ​ទៅ​តាម​បទប្បញ្ញត្តិ​ ដោយ​ការ​គោរព​តាម​គោល​ការណ៍​​ប្រាក់​ឌីជីថល ​ការ​បញ្ជាក់​អំពី​ការ​ប្រតិបត្តិ ការ​ផ្ដល់​សេវាកម្ម​ប្រឆាំង​អំពើ​លាង​លុយ និង​គ្រប់​គ្រង​អត្តសញ្ញាណ។ សេវាកម្ម​នេះ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៣​ ហើយ​ក្រោយ​មក​នឹង​ពង្រីក​ទៅ​កាន់​តំបន់​នានា​។ Mastercard មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​​ថា មាន​ធនាគារ​ណា​ខ្លះ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​គម្រោង​នេះ​នៅឡើយ​។

    Mastercard និង Visa សុទ្ធ​តែ​មាន​ទំនាក់ទំនង​ជាដៃគូ​ក្នុង​វិស័យ​ប្រាក់​ឌីជីថល​​គ្រូបតូ។ Mastercard បាន​សហការ​ជាមួយ Coinbase ក្នុង​ការ​ជួញដូរ​ NFT និង​ថ្នាល Bakkt ដើម្បី​អនុញ្ញាត​ឱ្យ​បណ្ដា​ធនាគារ​ និង​អ្នកជំនួញ​ក្នុង​បណ្ដាញ​របស់​ពួក​គេ​ ផ្ដល់​សេវាកម្ម​ទាក់ទង​នឹង​ប្រាក់​ឌីជីថល​។ កាលពីសប្ដាហ៍​កន្លង Visa បាន​សហការ​ជាមួយ FTX ដើម្បី​ផ្ដល់​ប័ណ្ណ​ឥណទាន​ប្រាក់​ឌីជីថល​នៅ​ក្នុង​ប្រទេស​ចំនួន ៤០ និង​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ ៧០ ដៃគូ។ American Express ក៏​កំពុង​ចូលរួម​វិស័យ​នេះ​ ដោយ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ប័ណ្ណ​ឥណទាន​ដើម្បី​ទិញ​ Stablecoin។

    ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល! ប្រាក់​ឌីជីថល​គ្រីបតូ​ ដំបូង​ឡើយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំបាត់​រនាំង​ពី​បណ្ដា​ធនាគារ និង​ស្ថាប័ន​​អន្តរការី មាន​ដូច​ជា Mastercard និង Visa ជា​ដើម​។ បច្ចេកវិទ្យា​ស្នូល​របស់​ប្រាក់​ឌីជីថលគ្រីបតូ​ គឺ blockchain ​អនុញ្ញាត​ឱ្យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ចាំបាច់​មាន​​ស្ថាប័ន​អន្តរការី​៕

  • បណ្ដាញ​អាកាសយានដ្ឋាន​គិត​ត្រឹម​ឆ្នាំ​ ២០៥០ របស់ ប្រទេស​វៀតណាម

    បណ្ដាញ​អាកាសយានដ្ឋាន​គិត​ត្រឹម​ឆ្នាំ​ ២០៥០ របស់ ប្រទេស​វៀតណាម

    វៀតណាម បច្ចុប្បន្ន​មាន​ព្រលាន​យន្តហោះ​ចំនួន ២២ ដែល​បម្រើ​អតិថិជន​ ១០០ លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​នោះ​មាន​ព្រលាន​យន្តហោះ​ធំ​ៗ​ កំពុង​ធ្វើ​សកម្មភាព​រហូតដល់ ១៥០% នៃ​សមត្ថ​ភាព​របស់​ហេដ្ឋារចនា​សម្ព័ន្ធ​ គ្រាដែល​បណ្ដា​ព្រលាន​យន្តហោះ​នៅ​ភាគ​កណ្ដាលធ្វើ​សកម្មភាព​ពេញ​ទំហឹង​ ខណៈ​ព្រលាន​យន្តហោះ​នៅ​ភាគ​និរតី​ហាក់​ខ្វះអ្នក​ដំណើរ​។

    ការ​ព្យាករ​បង្ហាញ​ថា រយៈ​ពេល ១០ ទៀត​ អ្នក​ដំណើរ​នឹង​កើន​ដល់​ជិត ៣០០ លាន​នាក់​​/​ឆ្នាំ​ ដែល​នេះ​នាំ​ឱ្យ​ ក្រសួង​ដឹក​ជញ្ជូន​វៀតណាម ស្នើ​ស្ថាបនា​ព្រលាន​យន្ត​ហោះ​ថ្មី​ចំនួន​ ៦ ទៀត​ គិត​ត្រឹម​ឆ្នាំ​ ២០៣០ និង​ ៣ ទៀត​ រាប់​ពី​ឆ្នាំ​ ២០៣០ ដល់ ២០៥០​។ ចំណែក​តំបន់​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​បន្ថែម​អាកាសយានដ្ឋាន​ថ្មី​ចំនួន ៥ ទៀត​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម។

    ជា​សរុប វៀតណាម នឹង​មាន​អាកាសយានដ្ឋាន​ចំនួន ៣៦ គិត​ត្រឹម​ឆ្នាំ​ ២០៥០ ក្នុង​នោះ​មាន ២២ ព្រលាន​កំពុង​ដំណើរ​ការ​សេវាកម្ម​, ៦ ព្រលាន​ជិត​បើក​ការដ្ឋាន​ស្ថាបនា និង ៨ ព្រលាន​គឺជា​សំណើ​ថ្មី​៕

  • សមាគមធនាគារ និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ជូន​​ដំណឹង​​​ស្ដី​ពី ​«ការ​ផ្តល់​ការ​យោគ​យល់ ​និង​អនុ​គ្រោះ​ដល់​អតិថិ​ជន​ ដែល​រង​គ្រោះ​​ដោយ​​សារ​​ទឹក​ជំនន់

    សមាគមធនាគារ និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ជូន​​ដំណឹង​​​ស្ដី​ពី ​«ការ​ផ្តល់​ការ​យោគ​យល់ ​និង​អនុ​គ្រោះ​ដល់​អតិថិ​ជន​ ដែល​រង​គ្រោះ​​ដោយ​​សារ​​ទឹក​ជំនន់

    សមាគម​ធនាគារ​នៅ​កម្ពុជា និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម ទាក់​ទង​នឹង​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​ស្នើ​របស់​ ធនាគារ​ជាតិ​នៃ​កម្ពុជា ស្ដី​ពី​ការ​អនុគ្រោះ​ចំពោះ​អតិថិ​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់​។

    គ្រឹះស្ថាន​ធនាគារ​ និង​​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ ដែល​ជា​សមាជិក​របស់ សមាគម​ធនាគារ​នៅ​កម្ពុជា និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​ផ្ដល់​ការ​យោគ​យល់​ និង​អនុគ្រោះ​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ជាក់​ស្ដែង​ដោយ​សារ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល​ នេះ​គឺជា​ប្រកាស​របស់ សមាគម​ធនាគារ​នៅ​កម្ពុជា និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា។

    ​សេចក្ដី​ថ្លែង​ការណ៍​រួមរបស់ សមាគម​ធនាគារ​នៅ​កម្ពុជា និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​នឹង​មាន​ការ​ផ្ដល់​ការ​យោគ​យល់​ និង​អនុគ្រោះ​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ជាក់​ស្ដែង​ដោយ​សារ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃទី ១៧ តុលា ២០២២​ ទាក់ទង​នឹង​ឥណទាន​របស់​ធនាគារ​ និង​អតិថិជន​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​។

    សេចក្ដី​ថ្លែង​ការណ៍​រួមបាន​បន្ត​ថា ការ​ផ្ដល់​​ជូន​នេះ​នឹង​មាន​កិច្ច​សហការ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ការ​ពារអតិថិជន និង​បន្ត​ការ​អនុគ្រោះ​តាម​រយៈ​ការ​រៀប​ចំ​ឥណទាន​ឡើងវិញ ទៅ​តាម​​លក្ខខណ្ឌ​​​​ដែល​ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​កំណត់​។

    ព័ត៌មាន​បន្ថែម​ សូម​អាន​ សេចក្ដី​ថ្លែង​ការណ៍​រួមរបស់ សមាគម​ធនាគារ​នៅ​កម្ពុជា និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដូច​ខាង​ក្រោម ៖

  • ប្រេងឆៅ​​ឡើង​ថ្លៃ​ក្នុង​ថ្ងៃទី ១៨ តុលា នៅទ្វីប​អាស៊ី ដោយ​សារ​ការ​បារម្ភ​អំពី​ប្រភព​ផ្គត់​ផ្គង់​

    ប្រេងឆៅ​​ឡើង​ថ្លៃ​ក្នុង​ថ្ងៃទី ១៨ តុលា នៅទ្វីប​អាស៊ី ដោយ​សារ​ការ​បារម្ភ​អំពី​ប្រភព​ផ្គត់​ផ្គង់​

    ក្នុង​ការ​ជួញដូរ​នៅ​ថ្ងៃទី ១៨ តុលា នៅ ទ្វីប​អាស៊ី តម្លៃ​ប្រេងឆៅ​​ Brent កើន​ ៨២ សេន​អាម៉េរិក ដោយ​ឡើង​ដល់​ជាង​ ៩២ ដុល្លារ​/ធុង ចំណែក​ប្រេង​ឆៅ WTI កើន ៨៦ សេន​អាម៉េរិក ដោយ​ឡើង​ដល់​ជាង ៨៦ ដុល្លារ​/ធុង​។

    ការ​ឡើង​ថ្លៃ​របស់​ប្រេង​ឆៅ​នៅ អាស៊ី គឺ​ដោយ​សារ​ប្រាក់​ដុល្លារ​អាម៉េរិក​ថម​ថយ​កម្លាំង បូក​រួម​នឹង​ការ​បារម្ភ​អំពី​ប្រភព​ផ្គត់​ផ្គង់​ បើ​ទោះ​ជា​​ល្បឿន​នៃ​ការ​ឡើង​ថ្លៃ​ត្រូវ​បាន​បង្អាក់​ដោយ​ការ​ព្យាករ​ដែល​ថា តម្រូវការ​ឥន្ធនៈ​នៅ​ ប្រទេស​ចិន​ ថយ​ចុះ ព្រោះតែ​គោល​នយោបាយ​ «គ្មាន​កូវីដ» ត្រូវ​បាន​អនុវត្ត​បន្ត​។

    តម្លៃ​ប្រេង​ Brent ប្រគល់​មាន​កាល​កំណត់​ កើន​ ៨២ សេន​អាម៉េរិក ឬ​ ០.៩% ដោយ​ឡើង​ដល់​ ៩២.៤៤ ដុល្លារ​/ធុងនៅ​ម៉ោង​ ១៣ និង​ ៤៣ នាទី​ (ម៉ោង​នៅ កម្ពុជា) ខណៈ​ដែល​​ប្រេង​ឆៅ WTI របស់ អាម៉េរិក កើន ៨៦ សេន​អាម៉េរិក ឬ ១% ដោយ​ឡើង​ដល់ ៨៦.៣២ ដុល្លារ​/ធុង​។

    សន្ទស្សន៍​ USD ដែល​វាស់​ស្ទង់​តម្លៃ​របស់​ប្រាក់ដុល្លារ​អាម៉េរិក ជាមួយ​នឹង​រូបិយប័ណ្ណ​ដទៃ​ទៀត​ ថយចុះ​ទាប​បំផុត​រាប់​ចាប់​ពី​ថ្ងៃទី ០៦ តុលា​។ ប្រាក់​ដុល្លារ​អាម៉េរិក​ខ្សោយ​ជាង នឹង​ធ្វើ​ឱ្យ​ប្រេង​ថោក​ជាង​​​សម្រាប់​អ្នក​​ទិញ​ដែល​ទូទាត់​ដោយ​ប្រាក់ដទៃ​ដែល​​ផ្សេង​ពី​ដុល្លារ​អាម៉េរិក​។

    យោង​តាម​អ្នកវិភាគ​របស់ ANZ Research ក្រោយ​ពី​ OPEC+ (ប្រទេស​ផលិត​ប្រេង និង​ដៃគូ) កាល​ពី​ដើម​ខែ​នេះ​ប្រកាស​កាត់​បន្ថយ​បរិមាណ​ប្រេង​ ក្រុម​អ្នក​វិនិយោគ​បាន​បង្កើន​ការ​ទិញ​ដោយ​យល់​ថា តម្លៃ​នឹង​ឡើង​ក្នុង​ពេល​អនាគត​។

    ក្នុង​គ្រា​នេះ​ដែរ លទ្ធភាព​ដែល​ ចិន បន្ត​អនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ-១៩ ក៏​បាន​គាំទ្រ​ដល់​តម្លៃ​ប្រេង​។

    អំពី​ប្រភព​ផ្គត់​ផ្គង់ Reuters បាន​ឱ្យ​ដឹង​ថា ឃ្លាំង​ប្រេង​ឆៅ​របស់ អាម៉េរិក កើន​ក្នុង​សប្ដាហ៍​ទីពីរ​បន្តបន្ទាប់​ ក្នុង​កម្រិត​ ១.៦ លាន​ធុង​នៅ​ក្នុង​សប្ដាហ៍​ដែល​បញ្ចប់​កាល​ពី​ថ្ងៃទី ១៤ តុលា​៕

  • មជ្ឈមណ្ឌល​បង្ហាញ​ត្រាប់​ខ្យល់​ព្យុះ​កម្លាំង​ ១៦៥ គីឡូម៉ែត្រ​/ម៉ោង​ នៅអឺរ៉ុប (វីដេអូ)

    មជ្ឈមណ្ឌល​បង្ហាញ​ត្រាប់​ខ្យល់​ព្យុះ​កម្លាំង​ ១៦៥ គីឡូម៉ែត្រ​/ម៉ោង​ នៅអឺរ៉ុប (វីដេអូ)

    មជ្ឈមណ្ឌល​បង្ហាញ​ត្រាប់​ខ្យល់​ព្យុះ​ថ្មី​មួយ​ទើប​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ ប្រទេស​ដាណឺម៉ាក ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​មនុស្ស​គ្រប់​គ្នា​អំពី​កម្លាំង​ដ៏មហិមា​របស់​ធម្មជាតិ​។

    ស្ថាបនិក​របស់​មជ្ឈមណ្ឌល​បង្ហាញ​ត្រាប់​ខ្យល់​ព្យុះ​ «Beat the Storm» បាន​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​បង្កើត​​ឱ្យ​មាន​មជ្ឈមណ្ឌល​នេះ​ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ធម្មជាតិ​តាម​រយៈ​ល្បែង​កំសាន្ត​។

    ស្ថាបនិក​របស់ «Beat the Storm» ថ្លែង​ថា «យើង​គួរ​តែ​ដឹង​អំពី​វិធី​ទប់​ទល់​នឹង​ខ្យល់​ព្យុះ។ ពិត​ណាស់ មនុស្ស​ជា​ច្រើន​ដឹង​ថា ព្យុះ​គឺជា​អ្វី​ ប៉ុន្តែនៅ​ពេល​អាជ្ញាធរ​ស្នើ​ ​ដូច​ជា​ ឱ្យ​ចាក​ចេញ​ពី​តំបន់​មាន​ព្យុះ មាន​មនុស្ស​ជា​ច្រើន​មិន​ធ្វើ​តាម​»។

    «បើ​សិន​ជា​​អ្នក​បាន​​ចំណាយ​ពេល​តែ​ ២០ វិនាទី​ក្នុង​ការ​ទទួល​បទពិសោធន៍​ពី Beat the Storm អ្នក​នឹង​ដឹង​ច្បាប់​អំពី​កម្លាំង​មិន​ធម្មតា​របស់​ធម្មជាតិ​ របស់​បាតុភូត​អាកាស​ធាតុ​ដ៏​អាក្រក់​នេះ​ ហើយ​អ្នក​នឹងបាន​ដឹង​​​ថា មនុស្ស​យើង​តូច​តាច​កម្រិត​ណា​» លោក Ingus Augstkalns ស្ថាបនិក​របស់ Beat the Storm និយាយ​ដូច្នេះ​។

    (ខាងលើ​គឺជា​រូប​ភាព​ដែល​បង្ហាញ​ថា Beat the Storm កំពុង​តែ​បក់​ភ្ញៀវ​មក​លេង​កំសាន្ត​​ដោយ​កម្លាំង​ខ្យល់​កើន​ឡើង​ជា​លំដាប់​ នៅ​ពេល​ពួក​គេ​ព្យាយាម​ឆ្ពោះទៅ​គោល​ដៅ​ម្ខាង​ទៀត​​ក្នុង​បន្ទប់​ខ្យល់​ដើម្បី​ចុច​ប៊ូតុង​)

    ដំណើរ​ការ​នៃ​ការ​បង្ហាញ​ត្រាប់​ Beat the Storm ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​មនុស្ស​ចាប់​ពី​អាយុ ៤ ឆ្នាំ​ ដល់ ៨០ ឆ្នាំ​ ក្នុង​នោះ ក្មេង​ៗ​អាច​ឆ្លង​កាត់​កម្លាំង​ខ្យល់​ ១៣០ គីឡូម៉ែត្រ​/ម៉ោង​។ ចំណែក​ក្មេងជំទង់​ និង​មនុស្ស​ពេញ​វ័យ​អាច​ជ្រើស​រើស​ខ្យល់​កម្លាំង​ឡើង​ដល់ ១៦៥ គីឡូម៉ែត្រ​/ម៉ោង​។

    ដោយ​សារ​តែ​បាតុភូត​ធម្មជាតិ​អាក្រក់​នឹង​កើត​ឡើង​ញឹក​ញាប់​ជាង​មុន និង​បង្ក​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ជាង​មុន ការ​បង្ហាញ​ត្រាប់​ព្យុះ​ក៏​នឹង​មាន​ប្រយោជន៍​ចំពោះ​បេសក​កម្ម​ និង​សេវាកម្ម​ជួយសង្គ្រោះ​។ ចំពោះ​ពួក​គេ​ ប្រការ​សំខាន់​គឺ​ត្រូវ​តែ​ដឹង​វិធី​ធ្វើ​ការ​នៅ​ក្នុង​ស្ថានភាព​មាន​ខ្យល់​ខ្លាំង​ នេះ​បើ​តាមលោក Ingus Augstkalns។

    ស្ថាបនិក​របស់ «Beat the Storm» បញ្ជាក់​​​ថា «យើង​មាន​ប្រព័ន្ធ​បង្ហាញ​ត្រាប់​មួយ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​សេវាកម្ម​ជួយ​សង្គ្រោះ​ និង​កងទ័ព​។ មាន​ភារកិច្ច​មួយ​ចំនួន​ដែល​អ្នក​អាច​ហ្វឹក​ហាត់​នៅ​ទី​នោះ​»៕

  • ធនាគារ​ជាតិ​នៃ​​កម្ពុជា ​ស្នើ​​ឱ្យ​​គ្រឹះ​ស្ថាន​​ហិរញ្ញ​វត្ថុ ​«អនុ​គ្រោះ​ចំពោះ​​អ្នក​ខ្ចី​ប្រាក់​ ដែល​រង​ផល​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ដោយ​សារ​ទឹក​ជំនន់​»

    ធនាគារ​ជាតិ​នៃ​​កម្ពុជា ​ស្នើ​​ឱ្យ​​គ្រឹះ​ស្ថាន​​ហិរញ្ញ​វត្ថុ ​«អនុ​គ្រោះ​ចំពោះ​​អ្នក​ខ្ចី​ប្រាក់​ ដែល​រង​ផល​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ដោយ​សារ​ទឹក​ជំនន់​»

    ធនាគារ​ជាតិ​នៃ​កម្ពុជា គាំទ្រ​ចំពោះប្រសាសន៍​របស់​ សម្ដេច​តេជោ ហ៊ុន សែន និង​ស្នើ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ បន្ត​ចូល​រួម​សហការ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​ការ​ពារអតិថិជន និង​បន្ត​ការ​អនុគ្រោះ​តាម​រយៈ​ការ​រៀប​ចំ​ឥណទាន​ឡើងវិញ ដោយ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ នេះ​បើ​តាម​សេចក្ដី​ជូន​​ដំណឹង​​របស់ ធនាគារ​ជាតិ​នៃកម្ពុជា ចុះ​ថ្ងៃទី ១៨ តុលា ២០២២។

    ប្រកាស​គាំទ្រ និង​ការ​ស្នើ​របស់​ ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រូវ​បាន​ធ្វើឡើង​ក្នុង​គ្រាដែល​ខេត្ត​មួយ​ចំនួនកំពុង​ជួប​បញ្ហា​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ និង​ក្រោ​យ​ពី​ប្រសាសន៍​​អំពាវនាវ​របស់​ សម្ដេច​តេជោ កាល​ពី​ថ្ងៃទី ១៧ តុលាកន្លង​ទៅ​ ​និង​បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ទាក់​ទង​នឹង​បំណុល​របស់​ប្រជាពលរដ្ឋក្នុង​តំបន់​ទឹក​ជំនន់​ និង​ឥណទាន​របស់​បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។

    ធនាគារ​ជាតិ​នៃ​​កម្ពុជា បាន​ស្នើ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពិចារណា​លើ​ការ​បន្ធូរ​បន្ថយ​ការ​ប្រាក់ ឬ​លើក​លែង​ការ​ផាក​ពិន័យ​ និង​ជៀស​វាង​ការ​រឹប​អូស​ទ្រព្យ​ធានា​របស់​​អ្នក​ខ្ចី​ប្រាក់​ជា​ដើម ដែល​សំណើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​បំណងចូល​រួម​​ជួយសម្រាល​ទុក្ខ​របស់​អ្នក​ខ្ចី​ប្រាក់​។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ប្រកាស​របស់ ធនាគារ​នៃ​កម្ពុជា ខាង​ក្រោម​ ៖