Category: សង្គម និងសេដ្ឋកិច្ច

  • គុយបា ​នឹង​​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500%

    គុយបា ​នឹង​​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500%

    អាជ្ញាធរ​ប្រទេសគុយបា នឹង​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500% ចាប់​ពី​ថ្ងៃទី 01 ខែ​មីនា ឆ្នាំ 2024 យឺត​ជាង​មួយ​ខែ​បើ​ធៀប​នឹង​គម្រោង​ដំបូង​ ប៉ុន្តែ​តម្លៃ​សំបុត្រ​យាន​ជំនិះ​សាធារណៈ​នៅ​តែ​ដដែល​។

    រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​គុយបា Vladimir Regueiro កាល​ពី​ថ្ងៃទី 28 កុម្ភៈ ប្រកាស​ថា ទន្ទឹម​នឹង​ការ​ដំឡើង​តម្លៃ​​សាំង តម្លៃ​អគ្គិសនី​ក៏​នឹង​ត្រូវ​ដំឡើង​ 25% ធៀប​នឹង​ដំណាក់​កាល​ដូច​ដដែល ចំពោះ​អតិថិ​ជន​ដែល​ប្រើ​ប្រាស់​អគ្គិសនី​ច្រើន​នៅ​ក្នុង​តំបន់​ប្រជុំ​ជន​។ ក៏ប៉ុន្តែ ថ្លៃ​ធ្វើដំឡើង​តាម​យាន​ជំនិះ​សាធារណៈ​នឹង​នៅ​តែ​រក្សា​ដូច​ដើម​ ហើយ​ការ​ដំឡើង​ថ្លៃ​ឧស្ម័ន​ធម្មជាតិ​ក៏​ត្រូវ​ពន្យារ​ពេល​។

    រដ្ឋាភិបាល​គុយបា ដែល​ជា​អ្នកផ្ដល់​ការ​ឧបត្ថម្ភ​ទំនិញ និង​សេវាកម្ម​សំខាន់​ៗ​​ស្ទើរ​តែ​ទាំង​អស់​ ប្រកាស​ដំឡើង​ថ្លៃ​សាំង​ខ្ពស់ជាង​មុន​ 5 ដង រាប់ចាប់​ពី​ថ្ងៃទី 01 ខែ​កុម្ភៈ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ឱនភាព​​ថវិកា​ជាតិ​។ តម្លៃ​សាំងធម្មតា​​មួយ​លីត្រ​​នឹង​កើន​ពី 25 ប៉េសូ (0.2 ដុល្លារ​អាម៉េរិក) ឡើង​ដល់ 132 ប៉េសូ ខណៈ​ដែល​សាំង​ល្អ​បំផុត​កើន​ពី 30 ប៉េសូ ឡើង​ដល់ 156 ប៉េសូ ខ្ពស់​ជាង​ 5 ដង ធៀប​នឹង​តម្លៃ​ចាស់​។​ ទេសចរ​បរទេស​ដែល​មក​លេង​ប្រទេស​គុយបា នឹង​ត្រូវ​ទូទាត់​ថ្លៃ​សាំង​ដោយ​រូបិយប័ណ្ណ​បរទេស​។

    ក៏ប៉ុន្តែ គម្រោង​ដំឡើង​តម្លៃ​សាំង​កាល​ពី​ខែ​មុន​ត្រូវ​បាន​ពន្យារ​ពេល​ ដោយ​សារ​តែ​ «បញ្ហា​សន្តិសុខ​អ៊ីនធើណិត»​។ បញ្ហា​នេះបាន​ធ្វើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ Alejandro Gil​ បាត់​បង់​​តំណែង នៅ​​ពីរ​បី​ថ្ងៃ​ក្រោយ​មក។

    យោង​តាម​អ្នក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ Havana របស់​គុយបា សាំង​នៅ​ប្រទេស​នេះ​មាន​តម្លៃ​ទាប​ខ្លាំង​ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ដទៃ​លើ​ពិភពលោក​ ប៉ុន្តែ​គឺ​ជា​តម្លៃ​ដែល​ខ្ពស់​ខ្លាំង​ បើ​ធៀប​នឹង​ប្រាក់​បៀវត្សរ៍​ក្នុង​ស្រុក​។ តម្លៃ​សាំង​ថ្មី​នេះ​នឹង​ប៉ះពាល់​ដល់​សង្គម​ទាំង​មូល​នៅ​គុយបា​។

    ប្រទេស​កោះ​ដែល​មាន​ប្រជាជន​ 11 លាន​នាក់​នេះ កំពុង​ឆ្លង​កាត់​ការ​លំបាក​ច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ដោយ​សារ​តែ​វិបត្តិ​កូវីដ-19 និង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាម៉េរិក​។ តាម​ការ​ប៉ាន់​ស្មាន​ សេដ្ឋកិច្ច​គុយបា បាន​ធ្លាក់​ចុះ​ 2% ក្នុង​ឆ្នាំ 2023 ស្រប​ពេល​ដែល​អតិផរណា​កើន​ឡើង 30%​។

  • តាក់ស៊ីហោះ​អគ្គិសនីរបស់​ចិន​ បញ្ចប់​ជើង​ហោះ​ហើរ​អន្តរទីក្រុងជា​លើក​ដំបូង​

    តាក់ស៊ីហោះ​អគ្គិសនីរបស់​ចិន​ បញ្ចប់​ជើង​ហោះ​ហើរ​អន្តរទីក្រុងជា​លើក​ដំបូង​

    (ប្រទេស​ចិន) – ជើង​ហោះ​ហើរ​ពី​​ទីក្រុងមួយ​ទៅ​​ទីក្រុង​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​ ដែល​ធ្វើ​ឡើង​ដោយ​តាក់​ស៊ី​ហោះ​អគ្គិសនី​ប្រភេទ​ហោះ​ឡើង​ និង​ចុះ​ចតបញ្ឈរ​​ត្រង់នេះ​ អូស​បន្លាយ​ពេល​ប្រហែល 20 នាទី​ កាល​ពីថ្ងៃទី 27 កុម្ភៈ 2024​។

    AutoFlight ដែល​ជា​អ្នក​អភិវឌ្ឍ​យាន​ជំនិះ​ប្រភេទ​ហោះ​ឡើង និង​ចុះ​ចត​បញ្ឈរ​ត្រង់​ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ចិន និង​អាល្លឺម៉ង់ បាន​បញ្ចប់​ជំហាន​ដ៏​សំខាន់​នៅ​ក្នុងវិស័យ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ក្នុង​ក្រុង​ កាល​ពី​ថ្ងៃទី 27 ខែ​កុម្ភៈ ជាមួយ​នឹង​ជើង​ហោះ​ហើរ​អន្តរ​ទីក្រុង​ស្វ័យ​ប្រវត្ត​ដំបូង​គេ​លើ​ពិភពលោក​។

    ក្នុង​ជើង​ហោះ​ហើរ​នេះ តាក់ស៊ី​ហោះ​ 5 កៅអី Prosperity របស់​ AutoFlight ធ្វើ​ដំណើរ​រវាង​ទីក្រុង​ Shenzhen និង Zhuhai របស់​ប្រទេស​ចិន​ ដោយ​បាន​ឆ្លង​កាត់​គម្លាត​ 50 គីឡូម៉ែត្រ​។ ជើង​ហោះ​ហើរ​នេះ​ចំណាយ​ពេល​ប្រហែល​ 20 នាទី លឿន​ជាង​ឆ្ងាយ​បើធៀប​នឹង​ 3 ម៉ោង​នៃ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​។

    Prosperity អាច​ហោះ​ហើរ​បាន​ចម្ងាយ​ 250 គីឡូម៉ែត្រ និង​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 200 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ជើង​ហោះ​ហើរ​នេះ​បាន​បង្ហាញយ៉ាង​ច្បាស់​អំពី​សក្ដានុពល​​បច្ចេកវិទ្យា​​របស់ AutoFlight ក៏ដូចជា​ការ​គាំទ្រ​របស់​អាជ្ញាធរ​ចិន​ នៅ​ក្នុង​ការ​បំពាក់​ eVTOL៕

  • Apple លុប​ចោល​គម្រោង​រថយន្ត​អគ្គិសនី​ ក្រោយ​​ចំណាយ​អស់​រាប់​ពាន់​លាន​ដុល្លារ

    Apple លុប​ចោល​គម្រោង​រថយន្ត​អគ្គិសនី​ ក្រោយ​​ចំណាយ​អស់​រាប់​ពាន់​លាន​ដុល្លារ

    ប្រហែល​មួយ​ទសវត្សរ៍​ក្រោយ​ពី​ Apple បាន​បង្ហាញ​ Project Titan គម្រោង​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​នេះ​ ក៏​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​លុប​ចោល​។​

    យោង​តាម Bloomberg ការ​សម្រេច​ចិត្ត​​លុប​ចោល​គម្រោងរថយន្ត​អគ្គិសនី​​នេះ ​ត្រូវ​បាន​ COO របស់​ Apple Jeff Williams និង Kevin Lynch ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​លុប​ចោល​ ហើយ​បុគ្គលិក​ជា​ច្រើន​នឹង​ត្រូវ​បាន​ប្ដូរ​ទៅ​កាន់​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) ​របស់ Apple​។ Apple បាន​សម្ងំ​ទិញ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ AI និង​ម៉ាស៊ីន​សិក្សា​ជាង​ 20 ស្ថាប័ន​ ចាប់​តាំង​ពី​ឆ្នាំ 2017​ ហើយ​បច្ចុប្បន្ន​ ក្រុម​ហ៊ុន​នេះ​កំពុង​បង្កើន​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ AI នៅក្នុង​មុខ​ងារ​នានា​របស់​ផលិត​ផល​ថ្មី​។

    បុគ្គលិក​ជិត 2,000 នាក់ បាន​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​រថយន្ត​អគ្គិសនី​របស់​ Apple ក្នុង​នោះ​មាន​រាប់​រយ​នាក់​ជា​អ្នក​រចនារថយន្ត​​ និង​ជា​វិស្វករ​ផ្នែក​រឹង។ បើ​ទោះ​បុគ្គលិក​ទាំង​នេះ​ត្រូវ​បាន​ Apple ប្រកាស​ថា នឹង​មាន​ការ​ងារ​ថ្មី​ក្នុង​ក្រុម​ហ៊ុន​ដដែល​ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន ស្ថានភាព​បញ្ចប់​កុង​ត្រា​ការ​ងារ​ទំនង​ជា​នឹង​នៅ​តែ​មាន​។

    ដំណឹង​ស្ដីពី​ Apple លុប​ចោល​គម្រោង​រថយន្ត​អគ្គិសនី ក៏​ត្រូវ​បាន​ អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Tesla លោក Elon Musk ក៏​បាន​ចែក​រំលែក​បន្ត​​កាល​ពី​ពេល​ថ្មី​ៗ​នេះផងដែរ​៕

  • កាមេរូន និង​ប៉ូឡូញ​អភិវឌ្ឍ​ «កាក់​ហោះ» ដូច​ UFO ដំបូង​គេ​លើ​ពិភពលោក

    កាមេរូន និង​ប៉ូឡូញ​អភិវឌ្ឍ​ «កាក់​ហោះ» ដូច​ UFO ដំបូង​គេ​លើ​ពិភពលោក

    ធនាគារ​ជាតិ​កាមេរូន និង​រោង​ចក្រ​​ស្ល​កាក់​ប្រាក់​ប៉ូឡូញ Mennica Polska ថ្មី​ៗ​នេះ​បាន​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​កាក់​ UFO MP-1766 ដែល​ជា​ឧបករណ៍​ហោះ​ហើរ​ស្រប​ច្បាប់​ដំបូង​គេ​លើ​ពិភពលោក​។

    យោង​តាម​ទំព័រ Oddity Central (អង់គ្លេស) ឈ្មោះ​របស់​កាក់​នេះ​ត្រូវ​បាន​ដាក់​ទៅ​តាម​លំនាំ​នៃ​ថាស​ហោះ​ និង​សមត្ថភាព​វិល​យឺត​ក្នុង​អាកាស​ដូច​ទៅ​នឹង​យាន​អវកាស​របស់​មនុស្ស​ពិភព​ផ្កាយ (UFO)​។ ចំណែក​លេខ 1766 គឺជា​ថ្ងៃ​បង្កើត​នាយកដ្ឋាន​ស្លកាក់​ប្រាក់​ប៉ូឡូញ​ ក៏​ដូច​ជា​តម្លៃ​របស់​កាក់​ 1,766 ហ្វ្រង់កាមេរូន ដែល​ប្រហែល​នឹង 2.91 ដុល្លារ​អាម៉េរិក​។

    កាក់​ប្រាក់​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​កាមេរូន​។ ជាង​នេះ តម្លៃ​របស់​វា​ក៏​ខ្ពស់​ជាង​បើ​ធៀប​នឹង​តម្លៃ​ផ្លូវ​ការ​របស់​វា​។ ដោយ​សារ​តែ​បរិមាណ​មាន​កំណត់ត្រឹម​តែ​ 510 កាក់ ​នៅ​ទូទាំង​សកល​លោក​ មួយ​កាក់ UFO MP-1766 មាន​តម្លៃ​ជាង 1,000 ដុល្លារ​អាម៉េរិក​ នៅ​ពេល​កក់​មុន​។

    Mennica Polska មិនទាន់​​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​លម្អិត​អំពី​បច្ចេកវិទ្យា​នៅ​ពី​ក្រោយ UFO MP-1766 ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ដែលបាន​​លេច​ធ្លាយ​ កាក់​នេះ​ត្រូវ​បាន​បំពាក់​កូន​ម៉ាស៊ីន​មួយ​គ្រឿង​នៅ​ខាង​ក្នុង និង​ត្រូវ​បញ្ឆេះ​ដោយ​កម្លាំង​ម៉ាញ៉េទិច​​ដែល​បង្កើត​ឡើង​រវាង​កាក់ និង​រចនា​សម្ព័ន្ធ​ពិសេស​ដែល​អម​ជាមួយ​។ ប្រការ​នេះ​អនុញ្ញាត​ឱ្យ​កាក់ UFO MP-1766 អាច​បណ្ដែត​ខ្លួន​ និង​វិល​ដូច​ទៅ​នឹង​ថាស​ហោះ (UFO)។

    ក្រៅ​ពី​នេះ UFO MP-1766 ក៏​ត្រូវ​បាន​បំពាក់​សមាសធាតុ​ដែល​បញ្ចេញ​ពន្លឺ​ក្នុង​ទីងងឹត​ ធ្វើ​ឱ្យ​វា​កាន់​តែ​មាន​ភាព​ទាក់​ទាញ​៕

  • គម្រោង​​ផ្លូវ​ល្បឿន​លឿនទីបី​ ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត កំពុង​ត្រូវ​បាន​ពិនិត្យ​លទ្ធភាព​សាងសង់ ក្នុង​ក្រប​ខណ្ឌ PPP

    គម្រោង​​ផ្លូវ​ល្បឿន​លឿនទីបី​ ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត កំពុង​ត្រូវ​បាន​ពិនិត្យ​លទ្ធភាព​សាងសង់ ក្នុង​ក្រប​ខណ្ឌ PPP

    (ភ្នំពេញ) – នា​រសៀល​ថ្ងៃទី 27 ខែ​កុម្ភៈ​នេះ កិច្ច​ប្រជុំ​ពិនិត្យ​លទ្ធភាព​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​​​រាជ​ធានី​ភ្នំ​ពេញ​ – ខេត្ត​សៀម​រាប – ក្រុង​ប៉ោយ​ប៉ែត ក្រោម​ក្រប​ខ័ណ្ឌ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ (PPP) ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីស្ដី​ការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដោយ​ដឹក​នាំ​ដោយ​ឯកឧត្ដម​ ឡេង​ ធនយុទ្ធា រដ្ឋលេខខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​គម្រោង​ និង​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង និង​ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​ ក៏​ដូច​ជា​តំណាង​ក្រុម​ហ៊ុន​ស្ពាន​ និង​ថ្នល់​ចិន (CRBC) ផងដែរ​។

    យោង​តាម​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួង​ខាងលើ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលមតិយោបល់ និងការ​ផ្ដល់​អនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទីមួយ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។

    ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។

    ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន CRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ឆ្នាំ 2024 ហើយ​បន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (FS ) មុន​នឹង​ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនៅ​ដើមខែមិថុនា ឆ្នាំ 2024។ សម្រាប់ដំណាក់ទីពីរ​ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ឆ្នាំ 2024 បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ឆ្នាំ 2024៕

  • ក្រុម​ហ៊ុន​ទូរស័ព្ទ​ចិន​ បង្ហាញ​រថយន្ត​អគ្គិសនី SU7 EV រត់​បាន​ឆ្ងាយ​ជាង​រាល់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន

    ក្រុម​ហ៊ុន​ទូរស័ព្ទ​ចិន​ បង្ហាញ​រថយន្ត​អគ្គិសនី SU7 EV រត់​បាន​ឆ្ងាយ​ជាង​រាល់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន

    ក្រុម​ហ៊ុន​ចិន Xiaomi បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress នៅ​ Barcelona គ្រា​ដែល​តាំង​បង្ហាញ​ SU7 ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ SU7 ត្រូវ​បាន​បង្ហាញ​ដោយ​ផ្ទាល់​ បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ព័ត៌មាន​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​ កាល​ពីចុងឆ្នាំ​មុន​។

    SU7 គឺជា​ម៉ូដែលសេដាន​កីឡា​ ដែល​មាន​ពណ៌​ខៀវ​ខ្ចី​ដ៏​ទាក់​ទាញ​។ រថយន្ត​នេះ​បើ​ប្រាស់​ម៉ូទ័រ​​អគ្គិសនី​របស់​ Xiaomi និងអាច​បង្កើន​ល្បឿន​ពី 0 ទៅ 100 គីឡូម៉ែត្រ​/ម៉ោង​ ដោយ​ប្រើពេល​តែ​ 2.78 វិនាទី​។

    Xiaomi SU7 នឹង​បំពាក់​ថ្ម​ផ្ទុក​ថាមពល​ 101 kWh ដែល​អាច​ធ្វើ​ដំណើរ​បាន​ជាង 800 គីឡូម៉ែត្រ​ ឆ្ងាយ​ជាង​ច្រើន​បើធៀប​នឹង​បណ្ដា​រថយន្ត​អគ្គិសនី​នា​បច្ចុប្បន្ន​។ រថយន្ត​នេះ​ក៏​មាន​បំពាក់​មុខ​ងារ​បញ្ចូល​ថាមពល​លឿន ដែល​អាច​ធ្វើ​ដំណើរ​បាន 500 គីឡូម៉ែត្រ ក្រោយ​ពី​សាក​ថ្ម​បាន​ 15 នាទី​។

    អំពី​បច្ចេកវិទ្យាវិញ SU7 ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​អង្គញាណ​ដែល​អនុញ្ញាត​ឱ្យ​វា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្ត​ រួម​នឹង​អេក្រង់​កម្សាន្ត​​ 16 អ៊ិញ និង​អេក្រង់​បង្ហាញ​ព័ត៌មាន​សម្រាប់​អ្នក​បើក​បរ​ ក៏ដូច​ជា​ប្រព័ន្ធ​បញ្ជា​ដែល​អាច​បង្វិល​បាន​ផងដែរ​។

    យោង​តាម Absolute Geeks បើ​ទោះ Xiaomi មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​អំពី​តម្លៃ​ ឬ​ថ្ងៃ​ដាក់​លក់​ជា​ផ្លូវការ ប៉ុន្តែ​ពួក​គេ​កំពុង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​នៅ​ក្នុង​ top 5 របស់​ពិភពលោក​។ ប្រការ​នេះ​មាន​ន័យ​ថា Xiaomi SU7 អាច​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​ក្នុង​ទីផ្សារ​បរទេស​ បើ​ទោះ​តម្លៃ​របស់​វា​ទំនង​ជា​ខ្ពស់​៕

  • ក្រុម​ហ៊ុន​មួយ​របស់​ហុងកុង ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

    ក្រុម​ហ៊ុន​មួយ​របស់​ហុងកុង ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

    (ភ្នំ​ពេញ) – នារសៀលថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2024 ឯកឧត្តមរដ្ឋលេខាធិការ ហេង ណន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្ដែងការគួរសមពីសំណាក់លោក Francois Shih អគ្គនាយកក្រុមហ៊ុន Sharpland Group។

    ក្នុង​ឱកាស​នេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងព័ត៌មាន តំណាងក្រសួងមហាផ្ទៃ និងគណ:ប្រតិភូក្រុមហ៊ុន Sharpland Investment Holding, Ltd និងមន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងផងដែរ។

    យោង​តាម​ក្រសួង​សាធារណការ​ និ​ងដឹក​ជញ្ជូន​ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីឱកាស ក៏ដូចជាសក្កានុពលវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងកំពង់ផែ និងស្នើសុំការគាំទ្រ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងលើគម្រោងរបស់ខ្លួនផងដែរ។

    ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា​ ដែលផ្ដោតជាសំខាន់លើវិស័យអាទិភាពសំខាន់ៗរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅគន្លឹះដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 ខាងមុខ តាមគោលដៅដែលបានដាក់ចេញប្រកបដោយចីរភាព៕

  • ប្រទេស​ពីរ​ក្នុង​ចំណោម​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ដប់​របស់​ពិភពលោក​ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​

    ប្រទេស​ពីរ​ក្នុង​ចំណោម​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ដប់​របស់​ពិភពលោក​ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​

    ចក្រភព​អង់គ្លេស​ និង​ជប៉ុន បាន និង​កំពុង​​ធ្លាក់ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ចាប់​ពី​ដំណាក់​កាល​ចុង​ឆ្នាំ​ 2023 ខណៈ​​ដែល​សហរដ្ឋ​អាម៉េរិក បន្ត​ទទួល​បាន​សញ្ញាណវិជ្ជមាន​​គួរ​ឱ្យ​មាន​សុទិដ្ឋិនិយម​ជាង​មុន​។

    មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ដប់​របស់​ពិភពលោក​ រួម​ចំណែក​យ៉ាង​ធំ​ធេង​ទៅ​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ទូទាំង​សកល​លោក​ និង​មាន​ឥទ្ធិពលយ៉ាង​ខ្លាំង​ក្លា​ដល់​គោល​នយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ​។ ក៏​ប៉ុន្តែ ពីរ​ប្រទេស​ក្នុង​ចំណោម​នោះ ពោល​គឺ​ ជប៉ុន និង​អង់គ្លេស ថ្មី​ៗ​នេះ​បាន​ប្រកាស​អំពី​ស្ថានភាព​​សេដ្ឋកិច្ច​ ដែល​ធ្លាក់​ចូល​ក្នុង​វិបត្តិ ​ក្នុង​រយៈ​ពេល​ពីរ​ត្រី​មាស​ជា​បន្ត​បន្ទាប់​។ ចំណែក​​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ 8 ផ្សេង​ទៀត​ បាន​ឃើញ​កំណើន​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​ប្រកប​ដោយ​ទំនុក​ចិត្ត​។

    ខាង​ក្រោម​នេះ​គឺជា​ស្ថានភាព​សេដ្ឋកិច្ច​របស់​ Top 10 នៃ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ដប់ លើ​ពិភពលោក​ នៅក្នុង​ឆ្នាំ 2024​ ដោយ​យោង​ទៅ​លើ​ការ​វិភាគ​ទិន្នន័យ​របស់មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ (IMF) ដែល​គិត​ត្រឹម​ថ្ងៃទី 07 ខែ​កុម្ភៈ ឆ្នាំ 2024​៖

    សហរដ្ឋ​អាម៉េរិក​

    GDP៖ 27,974 ពាន់លាន​ដុល្លារ​
    GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 83 ពាន់​ដុល្លារ​
    កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 1.5%

    ចាប់​ពី​ឆ្នាំ 1960 ដល់​បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក​ នៅ​តែ​រក្សា​បាន​តំណែង​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​មួយ​លើ​ពិភពលោក​។

    ប្រទេស​ចិន​

    GDP៖ 18,566 ពាន់លាន​ដុល្លារ​អាម៉េរិក​
    GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 13 ពាន់​ដុល្លារ​
    កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 4.2%

    ប្រទេស​នេះ​បាន​ហក់​​ពី​ចំណាត់​ថ្នាក់​មហា​អំណាច​សេដ្ឋកិច្ច​ទី​បួន​កាល​ពី​ឆ្នាំ 1960 ឡើង​មក​ចំណាត់ថ្នាក់​ទី​ពីរ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

    ប្រទេស​អាល្លឺម៉ង់

    GDP៖ 4,730 ពាន់លាន​ដុល្លារ​
    GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 56 ពាន់​ដុល្លារ​
    កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 0.9%

    ប្រទេស​ជប៉ុន​

    GDP៖ 4,291 ពាន់លាន​ដុល្លារ​
    GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 34 ពាន់​ដុល្លារ​
    កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 1.0%

    ប្រទេស​ឥណ្ឌា

    GDP៖ 4,112 ពាន់លាន​ដុល្លារ​
    GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 2.8 ពាន់​ដុល្លារ​
    កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 6.3%

    ចក្រភព​អង់គ្លេស​

    GDP៖ 3,592 ពាន់លាន​ដុល្លារ​
    GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 52 ពាន់​ដុល្លារ​
    កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 0.6%

    ប្រទេស​បារាំង

    GDP៖ 3,182 ពាន់លាន​ដុល្លារ​
    GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 48 ពាន់​ដុល្លារ​
    កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 1.3%

    ប្រទេស​អ៊ីតាលី

    GDP៖ 2,280 ពាន់លាន​ដុល្លារ​
    GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 38 ពាន់​ដុល្លារ​
    កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 0.7%

    ប្រទេស​ប្រេស៊ីល

    GDP៖ 2,272 ពាន់លាន​ដុល្លារ​
    GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 11 ពាន់​ដុល្លារ​
    កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 1.5%

    ប្រទេស​កាណាដា

    GDP៖ 2,242 ពាន់លាន​ដុល្លារ​
    GDP ជាមធ្យម​សម្រាប់​​មនុស្ស​ម្នាក់​៖ 55 ពាន់​ដុល្លារ​
    កំណើន​ GDP ប្រចាំ​ឆ្នាំ​៖ 1.6%

  • លេខយាន​យន្ត​ពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ J.VARMAN (ជ.វរ្ម័ន) មានតម្លៃប៉ុន្មាន?

    លេខយាន​យន្ត​ពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ J.VARMAN (ជ.វរ្ម័ន) មានតម្លៃប៉ុន្មាន?

    យោង​តាម​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានស្លាក​លេខយាន​យន្ត​ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម 8 ខ្ទង់។

    លេខ​យានយន្ត​ពិសេស​ផ្ទាល់​ខ្លួន​ដែល​មាន​ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី 2 លានរៀលឡើងទៅ ចំពោះលេខ 8 ខ្ទង់។ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ឱ្យ​ដឹង​ថា ទន្ទឹម​នឹង​លេខ​ពិសេស​ផ្ទាល់​ខ្លួន​ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ។

    តាម​ការ​កំណត់ ក្រៅ​ពី​ខាងលើ ក៏មានលេខបញ្ចុះតម្លៃផងដែរ ដែល​រួមមាន៖ ថយ​ 1 ស៊េរី ចុះតម្លៃ 50%, ថយ 2 ស៊េរី ចុះតម្លៃ 75%, ថយ 3 ស៊េរី ចុះតម្លៃ 90%, ថយ 4 ស៊េរី ចុះតម្លៃ 95% និងថយចាប់ពី 5 ស៊េរីឡើងទៅ ចុះតម្លៃ 100%​។

    ស្លាក​លេខ​យាន​យន្ត​ពិសេស​ផ្ទាល់​ខ្លួន​ដែលមានពាក្យ J.VARMAN (ជ័យវរ្ម័ន) មាន​តម្លៃ​ត្រឹម​តែ​ 3,416,000 រៀល​ប៉ុណ្ណោះ​។

    ដើម្បី​អាច​ចូលមើលតម្លៃ ឬទិញលេខពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​យាន​យន្ត សូម​ចូល​ទៅ​កាន់​ទំព័រ​៖ https://vehicle.mpwt.gov.kh របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។

  • AirAsia ងាក​ទៅ​រក​រូបមន្ត​ពាណិជ្ជកម្ម​​ថ្មី ត្រៀម​ពង្រីក​មក​ទីផ្សារ​កម្ពុជា​

    AirAsia ងាក​ទៅ​រក​រូបមន្ត​ពាណិជ្ជកម្ម​​ថ្មី ត្រៀម​ពង្រីក​មក​ទីផ្សារ​កម្ពុជា​

    ក្រុម​ហ៊ុន​អាកាសចរណ៍​ AirAsia កំពុង​រៀប​គម្រោង​ប្ដូរ​មក​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ដែល​ដំណើរ​ការ​ទៅ​តាម​រូបមន្ត​ «កង់រទេះ» ជំនួស​ឱ្យ​ការ​ផ្ដោត​ទៅ​លើ​តែ​ជើង​ហោះ​ហើរ​ត្រង់​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុម​មួយ​​ដូច​បច្ចុប្បន្ន​។

    ក្រុម​ហ៊ុន​សាជីវកម្ម Capital A Bhd ដែល​គ្រប់​គ្រង​ AirAsia ប្រកាស​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​នឹង​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ពហុ​មណ្ឌល​ តាម​រយៈ​វត្តមាន​នៅ​ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន ហើយ​គ្រោង​នឹង​នៅ​កម្ពុជា​ផងដែរ​ ដើម្បី​អនុវត្ត​គម្រោង​ដឹក​ជញ្ជូន​តាមបណ្ដាញ​ដែល​មាន​ការ​ចំណាយ​ទាប​។

    បណ្ដា​ក្រុម​ហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​តែង​តែប្រើប្រាស់រូបមន្ត​ «ទីតាំង – ទីតាំង» ដែល​ផ្ដោត​ទៅ​លើ​តែ​ផ្លូវ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ពីរ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ ដោយ​សារ​តែ​មិន​មានការ​ចុះ​​ចត​តាម​ផ្លូវ​ហោះហើរ​។ ចំណែក​រូបមន្ត​ «កង់រទេះ» វិញ គឺ​តែង​តែ​ត្រូវ​បាន​បណ្ដា​ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្ដល់​សេវា​គ្រប់​ជ្រុង​ជ្រោយ​ ដូច​ទៅ​នឹង​អ្វីដែល Emirates Airlines កំពុង​អនុវត្ត​។

    ចំណុច​ពិសេស​នៃ​រូបមន្ត​ «កង់​រទេះ» គឺ​ការ​ផ្ដោត​ទៅ​លើ​សកម្មភាព​ហោះ​ហើរ​ជុំវិញ​មជ្ឈមណ្ដល​អាកាសយានដ្ឋាន​ធំមួយ ដែល​ក្នុង​នោះ​មាន​ជើង​ហោះ​ហើរ​ជា​ច្រើន​ដែល​ហោះ​ទៅ​កាន់​គោលដៅ​ផ្សេង​ៗ​។