Category: សង្គម និងសេដ្ឋកិច្ច

  • ទីក្រុងមួយ​របស់​ប្រទេស​ចិន អភិវឌ្ឍស្ថានីយ​ដែល​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ បាន​ច្រើនជាង​ប្រទេស​ន័រវែស​ទៅ​ទៀត​

    ទីក្រុងមួយ​របស់​ប្រទេស​ចិន អភិវឌ្ឍស្ថានីយ​ដែល​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ បាន​ច្រើនជាង​ប្រទេស​ន័រវែស​ទៅ​ទៀត​

    រដ្ឋបាល​ទីក្រុង Chaozhou នៃ​ខេត្ត Guangdong របស់ ប្រទេស​ចិន បានអនុម័ត​ផែនការ 5 ឆ្នាំ​ថ្មី ស្ដីពី​ការអភិវឌ្ឍ​ថាមពល ក្នុងនោះ​ក៏មាន​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​នៅលើ​សមុទ្រ​ចំនួន​ពីរ​ដែលមាន​កម្លាំងសរុប​ 43.3 GW និង​ផលិត​អ៊ីដ្រូសែន​បៃតង​ផងដែរ។

    នេះ​គឺជា​កំណែ​ផែនការ​អភិវឌ្ឍ​ថាមពល​លើក​ទី 14 របស់​ទីក្រុង Chaozhou សមស្រប​ជាមួយនឹង​តម្រូវការ​របស់​ប្រទេសជាតិ និង​ផែនការ​អភិវឌ្ឍ​របស់​ខេត្ត។ ផែនការ​នេះ​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ពី​ថ្នាក់មូលដ្ឋាន។

    ទីក្រុង Chaozhou មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​បណ្ដាញ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ ដោយសារតែ​សមុទ្រ​មាន​ខ្យល់​ខ្លាំង អនុញ្ញាតឱ្យ​ផលិត​អគ្គិសនី​បាន​ពី 750W/m2 ដល់ 850W/m2។ ទន្ទឹមនឹងនេះ កំពង់ផែ​សមុទ្រ​របស់ Chaozhou ក៏​នឹង​ជួយ​ដល់​ការដឹកជញ្ជូន​ទួ​រ​ប៊ី​ន ស្លាប​កង្ហារ និង​គ្រឿងបន្លាស ដែល​សមស្រប​សម្រាប់​ការសាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​កម្លាំង​ខ្យល់​លើ​សមុទ្រ ហើយ​អាច​ផលិត​អគ្គិសនី​បាន 43.3 GW។

    ក្នុង​រយៈពេល 5 ឆ្នាំ​របស់​គម្រោង តំបន់​មូលដ្ឋាន​នឹង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការសិក្សា និង​អនុវត្ត​គម្រោង​ផលិត​អគ្គិសនី​ដោយ​កម្លាំង​ខ្យល់​នៅលើ​សមុទ្រ​របស់​ក្រុង Chaozhou ហើយ​ក្រោយមក​នឹង​ជំរុញ​ការអភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​របស់​ផែនការ​នេះ​។

    បណ្ដា​គម្រោង​ដំបូងៗ​ក្នុង​ផែនការ​ខាងលើនេះ​នឹងត្រូវ​បានដាក់​ទីតាំងនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ឈ្មោះថា Guangdong East Site 6 និង Guangdong East Site 7។

    ដំបូង​ពួកគេនឹង​​ដំឡើង​បណ្ដាញ​ដែលមាន​កម្លាំង 10.8 GW នៅក្នុង​គម្រោង Guangdong East Site 6 ដែល​ស្ថិតនៅលើ​សមុទ្រ​របស់​ទីក្រុង Chaozhou និង​ទីក្រុង Shantou។ ទីតាំង​គម្រោង​ស្ថិតនៅ​ចម្ងាយ​ពី​ឆ្នេរ​ប្រហែល​ពី 72 គីឡូម៉ែត្រ ទៅ 160 គីឡូម៉ែត្រ និង​ជម្រៅ​ពី 15 ដល់ 50 ម៉ែត្រ។

    គម្រោង Guangdong East Site 7 កម្លាំង 32.5 GW ស្ថិតនៅ​ភាគ​អាគ្នេយ៍​របស់​ទីក្រុង Chaozhou ជម្រៅ​ចាប់ពី 11 ដល់ 50 ម៉ែត្រ។ គម្រោង​ទី​ពីរ​នេះ​មាន​ចម្ងាយ​ពី​ឆ្នេរ​ចាប់ពី 75 គីឡូម៉ែត្រ ដល់ 185 គីឡូម៉ែត្រ។

    យោងតាម​ការអះអាងរ​បស់ Bloomberg ដោយមាន​កម្លាំង​ខ្លាំង​ដូចខាងលើ គម្រោង Guangdong East Site 6 និង Guangdong East Site 7 នឹង​ផលិត​អគ្គិសនី​បាន​ច្រើនជាង​អគ្គិសនី​សរុប​ដែល​ផលិត​នៅ​ទូទាំង ប្រទេស​ន័​រ​វែ​ស ទៅទៀត៕

  • ប្រទេស​ថៃ អនុញ្ញាតឱ្យ​ជនបរទេស​ទិញ​ផ្ទះ និង​ទិញ​ដី​ធ្វើ​ផ្ទះ​ស្នាក់នៅជា​កម្មសិទ្ធិផ្ទាល់​ខ្លួន

    ប្រទេស​ថៃ អនុញ្ញាតឱ្យ​ជនបរទេស​ទិញ​ផ្ទះ និង​ទិញ​ដី​ធ្វើ​ផ្ទះ​ស្នាក់នៅជា​កម្មសិទ្ធិផ្ទាល់​ខ្លួន

    អាជ្ញាធរ​ថៃ បង្កើន​ការទាក់ទាញ​អ្នកវិនិយោគ ​អ្នកមាន និង​អ្នក​ជំនាញ​ខ្ពស់​ពី​បរទេស តាមរយៈ​ការអនុញ្ញាតឱ្យ​ពួកគេ​ទិញ​ផ្ទះ និង​ទិញ​ដី​ធ្វើ​ផ្ទះ​ស្នាក់នៅ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

    គណៈរដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃទី 25 តុលា បានអនុម័ត​សំណើ​របស់ ក្រសួងមហាផ្ទៃ ដែល​ស្នើឱ្យ​មានការ​អនុញ្ញាតឱ្យ​ជនបរទេស​ទិញ​ផ្ទះ ឬ​ទិញ​ដី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ក្នុង​ទំហំ​ផ្ទៃដី​ឡើងដល់ 0.16 ហិកតា សម្រាប់​ការសាងសង់​ផ្ទះ​ស្នាក់នៅ។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​ព្រមាន​ថា នេះ​អាចនឹង​បង្កើត​ឱ្យមាន​សកម្ម​ភាពជា​ឈ្មួញកណ្ដាល​របស់ជន​​បរទេស​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​នេះ។

    អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ Anucha Burapachaisri កាលពី​ថ្ងៃទី 25 តុលា បានឱ្យដឹងថា អនុក្រឹត្យខាងលើ​​របស់ រាជរដ្ឋាភិបាល​ថៃ នឹងមាន​សុពលភាព​ក្នុង​រយៈពេល 5 ឆ្នាំ ក្រោយពី​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​សារាចរ​រាជាណាចក្រ​ថៃ។ សារាចរ​ណែនាំ​នេះ​អនុវត្ត​សម្រាប់​ក្រុម​​ជនបរទេសដែល​ជា​អ្នក​មាន អ្នក​ចូលនិវត្តន៍ ក្រុមមនុស្ស​ដែលមាន​​បំណង​តាំងទី​ស្នាក់ការ​ក្រុមហ៊ុន​នៅ ប្រទេស​ថៃ និង​ក្រុមមនុស្ស​ដែលមាន​ជំនាញ​ខ្ពស់​ ពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យា។

    ដើម្បី​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ពលរដ្ឋ​បរទេស​នឹងត្រូវ​បានស្នើ​ឱ្យ​បញ្ជាក់ថា ពួកគេ​បាន​វិនិយោគ​យ៉ាងតិច 40 លាន​បាត (ជាង 1 លាន​ដុល្លារ​អាម៉េរិក) នៅ ប្រទេស​ថៃ និង​អាច​រក្សា​ការវិនិយោគ​ក្នុង​រយៈពេល​យ៉ាងតិច 3 ឆ្នាំ រាប់​ចាប់​ពីថ្ងៃ​ដាក់ពាក្យ​ចុះឈ្មោះ​ទិញ​ផ្ទះ ឬ​ដី។

    ក្រសួងមហាផ្ទៃ​ថៃ បានដាក់​សេចក្ដីព្រាង​សំណើ​ខាងលើ​កាលពី​ខែឧសភា 2022 ក្នុង​បំណង​ទាក់ទាញ​ការវិនិយោគ និង​ក្រុម​អ្នកមាន​ពី​បរទេស។

    រដ្ឋាភិបាល​ថៃ សង្ឃឹមថា ក្នុង​រង្វង់ 5 ឆ្នាំ​ទៀត ប្រទេស​នេះ​នឹង​ទាក់ទាញ​អ្នកមាន​ពី​បរទេស​បាន​​ជាង 1 លាន​នាក់ មក​រស់នៅ ធ្វើការ និង​វិនិយោគ​​នៅ​ប្រទេស​នេះ ហើយគោល​នយោបាយ​នេះ​នឹង​អាច​ទាក់​ទាញ​​ការ​​បណ្ដាក់ទុន​វិនិយោគ​ជាង 1 ទ្រី​លាន​បាត (ជាង 26 ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅក្នុង​សេដ្ឋកិច្ច​ប្រទេស​នេះ៕

  • ភាគហ៊ុន Twitter ត្រូវ​ផ្អាក​ការជួញដូរ​នៅ​ថ្ងៃទី 28 ខែតុលា​ខាងមុខ

    ភាគហ៊ុន Twitter ត្រូវ​ផ្អាក​ការជួញដូរ​នៅ​ថ្ងៃទី 28 ខែតុលា​ខាងមុខ

    គេហទំព័រ​របស់​ផ្សា​រមូល​ប​ត្រ New York (NYSE) បានឱ្យដឹងថា ភាគហ៊ុន​របស់​ក្រុមហ៊ុន Twitter Inc នឹងត្រូវ​បាន​ផ្អាក​ការជួញដូរ​បណ្ដោះអាសន្ន​នៅក្នុង​ថ្ងៃទី 28 តុលា 2022។

    ការផ្អាក​ខាងលើនេះ​គឺ​ត្រូវ​នឹង​ថ្ងៃ​ចុងក្រោយ​នៃ​ការកំណត់​របស់​តុលាការ​ដែល​បាន​តម្រូវឱ្យ​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) បង្ហើយ​កិច្ច​ការទិញ​បណ្ដាញ​សង្គម Twitter ទៅតាម​ការសន្យា។

    លោក ម៉ាស បាន​ទៅធ្វើ​ទស្សនកិច្ច​ទីស្នាក់ការ​កណ្ដាល​របស់ Twitter នៅ​ទីក្រុង San Francisco សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 26 តុលា និង​បានធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់លោក​នៅលើ​បណ្ដាញ​សង្គម​នេះ​ទៅជា Chief Twit (ប្រធាន​ក្រុមហ៊ុន Twitter) ផងដែរ។

    Wall Street Journal បាន​ផ្សាយ​ថា ធនាគារ​នានា​បានចាប់ផ្ដើម​ផ្ទេរប្រាក់ 13 ពាន់​លាន​ដុល្លារ​ដើម្បីឱ្យ​លោក ម៉ាស ទិញ Twitter។ នេះ​គឺជា​សញ្ញា​ថ្មី​បំផុត​ដែល​បង្ហាញថា ការ​ទិញដូរ​ដែលមាន​តម្លៃ 44 ពាន់​លាន​ដុល្លារ​នេះ​អាច​សម្រេច​បានជា​ស្ថាពរ​នៅ​ចុង​សប្ដាហ៍​នេះ ក្រោយ​ការប្រែប្រួល​អស់​ច្រើន​ខែ។

  • «អ្នក​ស្នង​មរតក​របស់ Samsung» ចូល​គ្រប់គ្រង​ក្រុមហ៊ុន​តម្លៃ 250 ពាន់​លាន​ដុល្លារ​ជា​ផ្លូវការ

    «អ្នក​ស្នង​មរតក​របស់ Samsung» ចូល​គ្រប់គ្រង​ក្រុមហ៊ុន​តម្លៃ 250 ពាន់​លាន​ដុល្លារ​ជា​ផ្លូវការ

    ក្រោយ​រយៈពេល​ជាង 2 ឆ្នាំ​ដែល​ត្រូវបាន​ពន្យារពេល​ព្រោះតែ​បញ្ហា​ផ្លូវច្បាប់ Jay Y. Lee នាពេលថ្មីៗនេះ ទើបតែ​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​ក្រុមហ៊ុន Samsung Electronics ជា​ផ្លូវការ។

    នា​ថ្ងៃទី 27 តុលា ក្រុមប្រឹក្សាភិបាល​របស់ Samsung Electronics បានអនុម័ត​លើ​ការជ្រើសរើស​លោក Jay Y. Lee ជា​ប្រធាន​ក្រុមហ៊ុន​ដែលមាន​តម្លៃ 250 ពាន់​លាន​ដុល្លារ​អាម៉េរិក​មួយ​នេះ។ មុន​នោះ លោក​ត្រូវបាន​គេ​ជឿថា នឹង​ចូលកាន់​តំណែង​នេះ​ក្រោយពី​ឪពុក​របស់លោក​គឺ​លោក Lee Kun-hee បានទទួល​មរណភាព​កាលពី​ឆ្នាំ 2020 ប៉ុន្តែ ត្រូវបាន​ពន្យារពេល​ដោយសារតែ​ការស៊ើបអង្កេត​របស់​តុលាការ​ទាក់ទង​នឹង​អំពើ​សូកប៉ាន់ ដែលនាំឱ្យ​ទាយាទ​របស់ Samsung រូបនេះ​ត្រូវ​ជាប់ពន្ធនាគារ​ពីរលើក។

    ការចូល​កាន់តំណែង​ប្រធាន​ក្រុមហ៊ុន​ជា​ផ្លូវការ​នេះ ទំនងជា​នឹងមិន​អាចធ្វើឱ្យ​មានការ​ប្ដូរផ្លាស់​ច្រើន​ក្នុង​រយៈពេល​ខ្លី​ឡើយ ព្រោះថា ជាក់ស្ដែង លោក Jay Y. Lee បាន​ដឹកនាំ​ក្រុមហ៊ុន​នេះ​ក្នុង​មួយរយៈ​ពេលកន្លងមក​ហើយ។ ក៏​ប៉​ន្តែ មុខតំណែង​ផ្លូវការ​នេះ​អាចជួយ​ឱ្យ​លោក​កំណត់​ទិសដៅ​សម្រាប់ Samsung ឆ្ពោះ​ចូលទៅ​ជ្រៅ​ក្នុង​វិស័យ​ផលិត​បន្ទះ​ឈី​ប​អេឡិចត្រូនិក (semiconductor) និង​បច្ចេកវិទ្យា​ជីវសាស្ត្រ។

    លោក Jay Y. Lee ធ្លាប់​បាន​ជាប់ពន្ធនាគារ​ពីរលើក

    លោក Jay Y. Lee នឹងត្រូវ​នាំ Samsung ឆ្លងកាត់​ដំណាក់កាល​ច្របូកច្របល់​បំផុត រាប់​ចាប់តាំងពី​ជីតា Lee Byung-Chull របស់លោក បាន​បង្កើត​ក្រុមហ៊ុន​នេះ​កាលពី​ឆ្នាំ 1938។ បណ្ដា​ប្រទេសធំៗដូចជា សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប ជាដើម កំពុង​ជំរុញ​ឱ្យ Samsung បង្កើន​ការវិនិយោគ​ដើម្បី​ធានា​ប្រភព​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​អេឡិចត្រូនិក សម្រាប់​ពួកគេ ពិសេស​គឺ​នៅក្នុង​ស្ថានការណ៍​ដែល វ៉ា​ស៊ី​ង​តោន អនុវត្ត​យុទ្ធនាការ​ដើម្បី​កៀប​មហិច្ឆតា​ក្នុង​ការផលិត​បន្ទះ​ឈី​ប​អេឡិចត្រូនិក របស់ ប្រទេស​ចិន។

    យោងតាម​ទិន្នន័យ​របស់ Bloomberg លោក Lee កាន់កាប់​ភាគហ៊ុន 1.63% នៅក្នុង​ក្រុមហ៊ុន Samsung Electronics និង 18.13% នៅក្នុង​ក្រុមហ៊ុន Samsung C&T។ បច្ចុប្បន្ន ប្រធាន​ថ្មី​របស់ Samsung រូបនេះ មានទ្រព្យ​ប្រហែល 5.9 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • ក្រុមហ៊ុន​របស់ វៀតណាម បើក​លក់​យានជំនិះ​ហោះប្រើ​អគ្គិសនី ៖ តម្លៃ​ចាប់ពី 2 ពាន់​លាន​ដុង

    ក្រុមហ៊ុន​របស់ វៀតណាម បើក​លក់​យានជំនិះ​ហោះប្រើ​អគ្គិសនី ៖ តម្លៃ​ចាប់ពី 2 ពាន់​លាន​ដុង

    យានជំនិះ​​ហោះ​របស់ Airlios មាន 4 ជម្រើស និង​មាន​តម្លៃ​ចាប់ពី 2 ពាន់​លាន​ដុង ដែល​ប្រហែល​នឹង 8 ម៉ឺន​ដុល្លារ​អាម៉េរិក។

    កាលពី​ថ្ងៃទី 26 តុលា Airlios បាន​តាំង​បង្ហាញ​ម៉ូតូ​ហោះ​ឯកជន​ដំបូង​គេ​នៅ​តំបន់ អាស៊ីអាគ្នេយ៍ នៅក្នុង​ពិព័រណ៍ Vietnam Motor Show 2022។ Airlios គឺជា startup មួយ​របស់ វៀតណាម ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម។

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី Airlios ដាក់លក់​យាន​ជំនិះ​​ហោះ​របស់ខ្លួន​ដែល​រួមមាន 4 ជម្រើស​គឺ Air One, Pegasus, Minotaur និង Custom និង​មានតម្លៃ​ជា​បន្តបន្ទាប់​គឺ 2 ពាន់​លាន​ដុង, 2.2 ពាន់​លាន​ដុង, 2.46 ពាន់​លាន​ដុង និង 2.46 ពាន់​លាន​ដុង។ ទាំងអស់​សុទ្ធតែ​ត្រូវបាន​ផលិត​នៅ វៀតណាម។

    យានជំនិះ​ហោះ​ដែល​ដាក់តាំង​បង្ហាញ​នេះ​គឺជា​ម៉ូ​ដែល​របស់ Pegasus ដែល​បាន​ហោះហើរ​សាកល្បង​ជាង 100 ម៉ោង និង​ហោះ​បាន​រយៈ​ចម្ងាយ 1,000 គីឡូម៉ែត្រ។

    យោងតាម​ក្រុមហ៊ុន Airlios ផលិតផល​នេះ​នឹងត្រូវ​បានដាក់​លក់​ក្នុង​ទីផ្សារ​ចាប់ពី​ឆ្នាំ 2027 ក្រោមរូបភាព​លក់ដាច់ ឬ​ផ្ដល់​ជា​សេវាកម្ម​ដឹកជញ្ជូន។

    យានជំនិះ​ហោះ Pegasus របស់ Airlios មាន​បណ្ដោយ 1.9 ម៉ែត្រ កម្ពស់ 1.15 ម៉ែត្រ និង​ស្លាប​ប្រវែង 2 ម៉ែត្រ។ ទម្ងន់​របស់​វា​គឺ 220 គីឡូក្រាម ចំណែក​ទម្ងន់​អតិបរមា​សម្រាប់​ការហោះហើរ​គឺ 320 គីឡូក្រាម មានន័យថា វា​អាច​ផ្ទុក​ទម្ងន់​បាន 100 គីឡូក្រាម។

    Pegasus មាន​កៅអី​តែមួយគត់ ប៉ុន្តែ​វា​អាច​ត្រូវបាន​បញ្ជា​តាម​ពីរ​របៀប​គឺ បញ្ជា​ដោយផ្ទាល់ និង​ដាក់ឱ្យ​ដំណើរការ​ស្វ័យប្រវត្ត។ យានជំនិះ​នេះ​អាច​ហោះ​បាន​ចម្ងាយ 33 គីឡូម៉ែត្រ ល្បឿន 100 គីឡូម៉ែត្រ/ម៉ោង ហោះ​បាន​រយៈពេល 20 នាទី និង​កម្ពស់ 120 ម៉ែត្រ។

    យានជំនិះ​ហោះ​របស់​ក្រុមហ៊ុន​វៀតណាម Airlios ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ lithium-ion និង​ប្រភព​អគ្គិសនី​បម្រុង​មួយ​ផ្សេងទៀត៕

  • ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី 3 និង​ស្ពាន​ឆ្លងកាត់​ផ្លូវជាតិ​នៅ​ជុំវិញ ភ្នំពេញ សម្រេចបាន​ជិត 80% និង​ជិត 90%

    ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី 3 និង​ស្ពាន​ឆ្លងកាត់​ផ្លូវជាតិ​នៅ​ជុំវិញ ភ្នំពេញ សម្រេចបាន​ជិត 80% និង​ជិត 90%

    ការងារ​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី 3 សម្រេចបាន 77% ខណៈដែល​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទ​ន្ល​បាសាក់ ឆ្លងកាត់​ផ្លូវជាតិ​លេខ 2 និង​ផ្លូវជាតិ​លេខ 22 សម្រេចបាន 88% នេះ​បើតាម ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ព័ត៌មាន​ខាងលើ​ត្រូវបាន រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «សមិទ្ធផល​សម្រេចបាន​រយៈពេល 5 ឆ្នាំកន្លងមក​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន» នា​ព្រឹក​ថ្ងៃទី 27 តុលា នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី។

    យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្លូវ​ក្រវាត់ក្រុង​ទី 3 នេះ គឺ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ 4 ចំណុច​គីឡូម៉ែត្រ​លេខ 14+105 ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ភ្ជាប់​ទៅកាន់​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ 5 ស្ពាន​ឈ្នះ​ឈ្នះ មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ 6។

    ក្រោយពី​បាន​ស្ថាបនា​រួចរាល់ ផ្លូវ​ក្រវាត់ក្រុង​ទី 3 ដែលមាន​តម្លៃ 267.67 លាន​ដុល្លារ​អាមេរិក​នេះ នឹង​ក្លាយជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប ដែល​ត​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ 6, ផ្លូវជាតិ​លេខ 5, ផ្លូវជាតិ​លេខ 4, ផ្លូវជាតិ​លេខ 3, ផ្លូវជាតិ​លេខ 2 និង​ផ្លូវជាតិ​លេខ 21។ ផ្លូវ​ក្រវាត់ក្រុង​ទី 3 នេះ ក៏​នឹងមាន​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ 1 ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ 24+840 ស្ថិតក្នុង​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន

    ផ្លូវ​ក្រវាត់ក្រុង​ទី 3 ដែល​អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group ក៏​ភ្ជាប់​ទៅ​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ នៅក្នុង​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​បំពេញបន្ថែម​សម្រាប់​ការតភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ​យ​ផងដែរ។

    សូមបញ្ជាក់ថា គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី 3 នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ខែមករា ឆ្នាំ 2019 និង​អនុវត្ត​ការងារ​ត្រួតពិនិត្យ​គម្រោង​ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision៕

  • អ៊ី​ឡុ​ន ម៉ាស (Elon Musk) ប្ដូរ​ការណែនាំ​ខ្លួនឯង ទៅជា «ម្ចាស់ Twitter»

    អ៊ី​ឡុ​ន ម៉ាស (Elon Musk) ប្ដូរ​ការណែនាំ​ខ្លួនឯង ទៅជា «ម្ចាស់ Twitter»

    ខ្លឹមសារ​ព័ត៌មាន​ណែនាំ​ខ្លួន​នៅលើ​គណនី​បណ្ដាញ​សង្គម Twitter របស់ មហាសេដ្ឋី​អាម៉េរិក អ៊ី​ឡុ​ន ម៉ាស ត្រូវបាន​ប្ដូរ​ទៅជា Chief Twit។

    ការកែប្រែ​ថ្មី​បំផុត​ខាងលើ​របស់ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tesla ត្រូវបាន​ធ្វើឡើង​ក្រោយពី​មាន​ព័ត៌មាន​ថា លោក​នឹង​ទិញ Twitter នៅ​ថ្ងៃទី 28 តុលា។ ក្រៅពីនេះ លោក ម៉ាស ក៏បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​បង្ហាញ​អំពី​វត្តមាន​របស់លោក​នៅក្នុង​ទីស្នាក់ការ​កណ្ដាល​របស់ Twitter ផងដែរ ដែល​នេះ​បាន​ទាក់ទាញ​អ្នក​ចូល​មើល​យ៉ាងច្រើន។

    យោងតាម Business Insider ឥរិយាបថ​នេះ​អាចជា​សញ្ញា​បង្ហាញថា លោក ម៉ាស មាន​ផែនការ​ធ្វើជា CEO របស់ Twitter។ CNBC កាលពី​ពាក់កណ្ដាល​ខែឧសភា ក៏បាន​ព្យាករ​ដូចគ្នានេះ និង​ថា វា​នឹង​កើតឡើង​នៅពេល​ការទិញ​ដូរ Twitter តម្លៃ 44 ពាន់​លាន​ដុល្លារ បានសម្រេច​ជា​ស្ថាពរ។

    សារ​ព័ត៌មាន​ណែនាំ​ខ្លួន​នៅលើ​គណនី​បណ្ដាញ​សង្គម Twitter របស់ មហាសេដ្ឋី​អាម៉េរិក អ៊ី​ឡុ​ន ម៉ាស ត្រូវបាន​ប្ដូរ​ទៅជា Chief Twit

    មុន​នោះ Reuters បានឱ្យដឹងថា មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង នឹង​ទិញ​បណ្ដាញ​សង្គម Twitter ទៅតាម​ពេលវេលា​ដែល​បានកំណត់។ យោងតាម​កិច្ចព្រមព្រៀង ការទិញ​ដូរ Twitter ក្នុងតម្លៃ 44 ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ ត្រូវតែ​សម្រេច​ឱ្យបាន​នៅក្នុង​ថ្ងៃទី 28 តុលា។ មិន​ដូច្នេះ​ទេ ភាគី​ទាំងពីរ​នឹងត្រូវ​ឡើង​តុលាការ Delaware ដើម្បី​បន្ត​ការកាត់ក្ដី។

    កាលពី​ខែមេសា 2022 លោក ម៉ាស ប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ Twitter។ ប៉ុន្តែ ខែកក្កដា 2022 លោក ម៉ាស បែរជា​ប្រកាស​ដកខ្លួន ដោយ​ចោទថា បណ្ដាញ​សង្គម​នេះ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង។ ខែកញ្ញា​កន្លងទៅ លោក ម៉ាស ក៏បាន​ប្ដូរ​ចិត្ត ដោយ​ថា លោក​នឹង​នៅតែ​ទិញ Twitter ក្នុងតម្លៃ​ដូច​មុន។

    ភាគហ៊ុន​របស់ Twitter បាន​ឡើងថ្លៃ 3% ក្នុង​ថ្ងៃទី 25 តុលា ឡើងដល់ 52.95 ដុល្លារ/ហ៊ុន ប៉ុន្តែ នៅតែ​ទាប​ជាង​បន្តិច​ធៀប​នឹង​តម្លៃ 54.2 ដុល្លារ/ហ៊ុន ដែល​ត្រូវបាន​លោក ម៉ាស ស្នើ​ទិញ​កាលពី​ខែឧសភា៕

  • មហា​សេដ្ឋិនី​ប្ដូរ​ភេទ​ថៃ ទិញ​ស្ថាប័ន​បវរកញ្ញា​ចក្រវាល (Miss Universe)

    មហា​សេដ្ឋិនី​ប្ដូរ​ភេទ​ថៃ ទិញ​ស្ថាប័ន​បវរកញ្ញា​ចក្រវាល (Miss Universe)

    ទូរទស្សន៍ JKN18 បាន​ផ្សាយ​ថា មហា​សេដ្ឋិនី​ប្ដូរ​ភេទ​របស់ ប្រទេស​ថៃ Anne Jakrajutatip ទិញ​ស្ថាប័ន​បវរកញ្ញា​ចក្រវាល ដែល​មុននេះ​គឺជា​កម្មសិទ្ធិ​របស់ អតីត​ប្រធានាធិបតី​អាម៉េរិក និង​ក្រុមហ៊ុន IMG។

    នា​ព្រឹក​ថ្ងៃទី 26 តុលា​នេះ Anne Jakrajutatip (CEO របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ JKN Global Media) បាន​ទិញ​ស្ថាប័ន​រៀបចំ​កម្មវិធី​ប្រលង​បវរកញ្ញា​ចក្រវាល Miss Universe និង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​តែមួយគត់​របស់​ស្ថាប័ន​នេះ។

    មុននេះ​មិនយូរប៉ុន្មាន Anne Jakrajutatip បានបង្ហាញ​បំណង​ទិញ​ស្ថាប័ន​ខាងលើ និង​លើកកម្ពស់​គុណភាព​ឱ្យបាន​ល្អ​ជាង ធៀប​នឹង​ពេល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល ត្រាំ និង​ក្រុមហ៊ុន IMG។ ដើមឡើយ Miss Universe គឺជា​កម្មសិទ្ធិ​របស់​ម​ហា​សេដ្ឋី ដូ​ណា​ល ត្រាំ ប៉ុន្តែ ត្រូវបាន​ក្រុមហ៊ុន IMG ទិញ​ចាប់ពី​ឆ្នាំ 2015។

    កាលពី​ខែកញ្ញា New York Post ឱ្យដឹងថា លោក Ari Emanuel ដែលជា CEO របស់ Endeavor (ម្ចាស់​ក្រុមហ៊ុន IMG) កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ចង់​លក់​ស្ថាប័ន Miss Universe ក្នុងតម្លៃ 20 លាន​ដុល្លារ​អាម៉េរិក។

    មហាសេដ្ឋិនី Anne Jakrajutatip

    ក្រោយពី​ត្រូវបាន​លក់​ឱ្យ Anne Jakrajutatip ស្ថាប័ន​នេះ​ក៏ត្រូវ​បាន​ពន្យារ​ព្រឹត្តិការណ៍ Miss Universe ទៅ​ដើមឆ្នាំ 2023 ហើយ​ទីតាំង​ប្រារព្ធ​កម្មវិធី​នេះ​គឺ​ទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋ​អាម៉េរិក។

    មហា​សេដ្ឋិនី Anne Jakrajutatip ឆ្នាំនេះ​មាន​អាយុ 40 គឺជា​ម្ដាយ​របស់​កូន 2 នាក់។ Anne Jakrajutatip កើត​ក្នុង​គ្រួសារ​ដើមកំណើត​ចិន នៅ រាជធានី​បាងកក ប្រទេស​ថៃ។ Anne Jakrajutatip បាន​ទៅ​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ អូស្ត្រាលី ក្នុង​វ័យ 16 ឆ្នាំ។ ឆ្នាំ​អាយុ 21 លោក Anne Jakrajutatip បាន​ត្រលប់មក​ប្រទេស​ថៃ និង​ចាប់ផ្ដើម​ប្រើប្រាស់​សម្លៀកបំពាក់​នារី។ ឆ្នាំ​អាយុ 36 ឆ្នាំ មហា​សេដ្ឋិនី Anne Jakrajutatip ក៏បាន​សម្រេចចិត្ត​វះកាត់​ប្ដូរ​ភេទ៕

  • បណ្ដា​ប្រទេស​ដែលមាន «កំពូល​សេដ្ឋី» ច្រើនជាងគេ​ក្នុង​ពិភពលោក

    បណ្ដា​ប្រទេស​ដែលមាន «កំពូល​សេដ្ឋី» ច្រើនជាងគេ​ក្នុង​ពិភពលោក

    «កំពូល​សេដ្ឋី​» គឺជា​ក្រុមមនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​តម្លៃ​ចាប់ពី 100 លាន​ដុល្លារ​អាម៉េរិក ឡើងទៅ ជា​ទំហំ​ទ្រព្យ​ដែល​អនុញ្ញាតឱ្យ​ពួកគេ​មិនបាច់​ពិចារណា​វែងឆ្ងាយ​នៅពេល​ចំណាយ។

    បច្ចុប្បន្ន ពិភពលោក​មាន «កំពូល​សេដ្ឋី​» ជាង 25,000 នាក់ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់​ក្រុមហ៊ុន​ប្រឹក្សា​អង់គ្លេស Henley & Partners។

    លោកស្រី Abby Maxman ប្រធាន​អង្គការ Oxfam សហរដ្ឋ​អាម៉េរិក បាន​និយាយថា «នេះ​គឺជា​ដំណាក់កាល​ផ្ទុះ​ការកើតមាន «កំពូល​សេដ្ឋី​» ច្រើន​មិន​ធ្លាប់មាន​ពីមុនមក»។

    ឈរលើ​កំពូល​តារាង​ស្ដីពី​បណ្ដា​ប្រទេស​ដែលមាន «កំពូល​សេដ្ឋី​» ច្រើនជាងគេ​ក្នុង​ពិភពលោក​គឺ សហរដ្ឋ​អាម៉េរិក ដោយមាន ពលរដ្ឋ 9,730 នាក់ មានទ្រព្យ​ដែលមាន​តម្លៃ​ចាប់ពី 100 លាន​ដុល្លារ​ឡើងទៅ។ ប្រទេស​ចិន និង ឥណ្ឌា ឈរ​លំដាប់​ទី 2 និង​ទី 3 ក្នុងនោះ ចិន មាន 2,021 នាក់ និង ឥណ្ឌា​មាន 1,132 នាក់។ ឈរ​លំដាប់​ទី 4 គឺជា អង់គ្លេស ដោយមាន «កំពូល​សេដ្ឋី» ចំនួន 968 នាក់ ខណៈដែល អាល្លឺម៉ង់ មាន 966 នាក់ ឈរ​លំដាប់​ទី 5។

    «កំពូល​សេដ្ឋី» ទាំងនោះ ភាគច្រើន​គឺជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍ អ្នកជំនួញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​អ្នក​ស្នង​មរតក។ ក្នុង​រយៈពេល 20 ឆ្នាំ​មកនេះ ចំនួន «កំពូល​សេដ្ឋី» បាន​កើនឡើង​ទ្វេដង។

    ក្រុម​អ្នកស្រាវជ្រាវ​ព្យាករ​ថា ចំនួន «កំពូល​សេដ្ឋី» នឹង​កើនឡើង​លឿន​នៅ ទ្វីបអាស៊ី និង អាហ្វ្រិក ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ហើយ​អាច​យកឈ្នះ​លើ អាម៉េរិក និង អា​រ៉ុ​ប នៅ​ឆ្នាំ 2032៕

  • ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក «ផ្ទុះ» ការពេញនិយម​ជាថ្មី

    ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក «ផ្ទុះ» ការពេញនិយម​ជាថ្មី

    ក្រោយ​មួយរយៈ​ពេល​នៃ​ការយឺតយ៉ាវ​ក្នុងការ​ផ្លាស់ប្ដូរ ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក នា​ប៉ុន្មាន​ត្រីមាស​ចុងក្រោយ​នេះ បានបង្ហាញ​សញ្ញា​វិជ្ជមាន​ឡើងវិញ។

    ពលរដ្ឋ​អាម៉េរិក បាន​ទិញ​រថយន្ត​អគ្គិសនី​ជាង 2 សែន​គ្រឿងក្នុង​ត្រីមាស​ទី​បី​ឆ្នាំនេះ។ ប្រការនេះ​បានបង្ហាញ​ថា ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក កំពុង​ឈានចូល​ដល់​ដំណាក់កាល​ប្រកួតប្រជែង​ខ្លាំងក្លា។ ពិសេស Tesla លែង​នៅ​ជា​ឈ្មោះ​តែមួយ​គត់​ទៀតហើយ។

    ទំព័រ Marketwatch បានឱ្យដឹងថា រថយន្ត​អគ្គិសនី 2 សែន​គ្រឿង​ខាងលើ គឺ​មានន័យថា កើន 67% ធៀប​នឹង​ត្រីមាស​ទី​ 3 ​ឆ្នាំ 2021។ Tesla លែងមាន​កំណើន​ខ្ពស់​ខ្លាំង​ដូច​មុន​ទៀតហើយ ទាក់​ទង​នឹង​​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ ប៉ុន្តែ​នៅតែ​នាំមុខគេ​ក្នុង​ទីផ្សារ​អាម៉េរិក។ ក្នុងចំណោម​រថយន្ត​អគ្គិសនី​ដែល​ត្រូវបាន ពលរដ្ឋ​អាម៉េរិក ទិញ​នៅក្នុង​ត្រីមាស​ទី 3 ឆ្នាំនេះ មាន​រហូតដល់ 64% ជា​រថយន្ត Tesla ប៉ុន្តែ ថយចុះ​បន្តិច ធៀប​នឹង 70% កាលពី​ត្រីមាស​ទី 3 ឆ្នាំ​កន្លង។

    ដោយមាន​ល្បឿន​ដូច​បច្ចុប្បន្ន 3 ឆ្នាំ​ទៀត រថយន្ត​អគ្គិសនី Volkswagen របស់ អាល្លឺម៉ង់ នៅ សហរដ្ឋ​អាម៉េរិក អាច​កើន​ដល់​ប្រហែល 1.4 លាន​គ្រឿង នេះ​បើ​តាម ទំព័រ CNN។ បន្ទាប់មក​គឺ Renault-Nissan-Mitsubishi ហើយ Geely របស់ ចិន ក៏​អាច​យកឈ្នះ​លើ Tesla ស្ដីពី​បរិមាណ​រថយន្ត​លក់​ចេញ។

    Tesla នៅ​តែជា​អ្នក​នាំមុខ​គេ​នៅក្នុង​ទីផ្សារ​អាម៉េរិក

    ស្ថិតិ​មួយ​នាពេលថ្មីៗនេះ​បាន​បង្ហាញថា ចំនួន ពលរដ្ឋ​អាម៉េរិក ដែល​បាន​ទិញ​រថយន្ត​អគ្គិសនី ហើយ​វិល​ទៅរក​រថយន្ត​សាំង ឬ​ម៉ា​ស៊ូ​ត បាន​ថយចុះ 17% ក្នុង​មួយឆ្នាំ​មកនេះ។ តម្លៃ​សាំង​កើនឡើង និង​រថយន្ត​អគ្គិសនី​មាន​រូបរាងស្អាតៗ ក៏​ដូច​ជា​មាន​ជម្រើស​ច្រើន​ជាង​មុន គឺជា​កត្តា​ជំរុញ​សំខាន់​ដែលនាំឱ្យ​អតិថិជន​ពេញនិយម​រថយន្ត​អគ្គិសនី។

    ទំព័រ Business សរសេរថា ពាក់កណ្ដាល​ត្រីមាស​ទី 2 របស់​ឆ្នាំ 2021 និង​ឆ្នាំនេះ ចំនួន​គ្រួសារ​ដែល​បាន​ទិញ​រថយន្ត​អគ្គិសនីមួយ​គ្រឿង ហើយ​​ទិញ​រថយន្ត​អគ្គិសនី​មួយគ្រឿង​បន្ថែមទៀត បាន​កើន​ពី 48% ឡើងដល់ 65.3%។ នេះ​គឺជា​តួលេខ​ប្រកបដោយ​ក្ដីសង្ឃឹម​សម្រាប់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​។

    ក្នុងចំណោម ពលរដ្ឋ​អាម៉េរិក 4 នាក់ គឺមាន​ម្នាក់​បញ្ជាក់ថា រថយន្ត​បន្ទាប់​របស់​ពួកគេ​គឺជា​រថយន្ត​អគ្គិសនី ដែល​នេះ​គឺជា​តួលេខ​ខ្ពស់​ឆ្ងាយ បើ​ធៀប​នឹង​អ្នក​ចាប់អារម្មណ៍ប្រមាណ​តែ​ 16% កាលពី 3 ឆ្នាំមុន នេះ​បើតាម Bloomberg៕