Category: សង្គម និងសេដ្ឋកិច្ច

  • យន្តហោះ​ធំ​បំផុត​ក្នុង​ពិភពលោក ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង 6 ដង (វីដេអូ)

    យន្តហោះ​ធំ​បំផុត​ក្នុង​ពិភពលោក ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង 6 ដង (វីដេអូ)

    (សហរដ្ឋ​អា​ម៉​រិ​ក)-នេះ​គឺជា​លើកដំបូង​ហើយ​ដែល Stratolaunch សាកល្បង​ដឹក​យាន​គំរូ​ល្បឿន​លឿន​ជាង​សំឡេង Talon ដោយ​ប្រើប្រាស់​យន្តហោះ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក កាលពី​ថ្ងៃទី 28 តុលា 2022។

    យន្តហោះ​ដឹកជញ្ជូន​ខ្នាត​យក្ស Roc ដែលមាន​ស្លាប​វែង​ជាង​ព្រលាន​បាល់ទាត់ បាន​នាំយក​យាន​គំរូ​សាកល្បង Talon-A (TA-0) ឡើង​ទៅលើ​ដែនអាកាស​របស់​សមុទ្រ​ខ្សាច់ Mojave ក្នុង​រដ្ឋ California។ ជើងហោះហើរ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បញ្ជាក់ថា Roc អាច​ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ត្រូវបាន​ផលិតឡើង​ដើម្បី​បង្ហោះ​ចេញពី​អាកាស។

    យន្តហោះ Roc របស់ Stratolaunch ហោះ​ឡើង​ពី​ព្រលានយន្តហោះ និង​អវកាស Mojave ដឹក​យាន​គំរូ​សាកល្បង Talon ប្រវែង 8.5 ម៉ែត្រ ភ្ជាប់​ទៅនឹង​សសរ​នៅ​កណ្ដាល​ស្លាប​ប្រវែង 117 ម៉ែត្រ។ ជើងហោះហើរ​នេះ​មាន​ថេរវេលា​ជាង 5 ម៉ោង និង​ហោះ​ក្នុង​រយៈកម្ពស់ 7,000 ម៉ែត្រ។ ក្រុមហ៊ុន Stratolaunch ឱ្យដឹងថា ជើងហោះហើរ​នេះ​បាន​ឆ្លើយតប​គ្រប់យ៉ាង​ទៅនឹង​គោលដៅ​ដែល​បានដាក់​ចេញ។

    ក្រុមហ៊ុន Stratolaunch ត្រូវបាន​បង្កើតឡើង​ដោយ​សហ​ស្ថាបនិក​របស់ Microsoft លោក Paul Allen ដើម្បី​បាញ់​បង្ហោះ​រ៉ុក្កែត​ពី​អាកាស​ទៅកាន់​បរិយាកាស​ផែនដី។ ក្រុមហ៊ុន​នេះ​កំពុង​ធ្វើតេស្ត​យាន Talon ដែល​អាច​ហោះ​បាន​ក្នុង​ល្បឿន Mach 6 (7.408 គីឡូម៉ែត្រ/ម៉ោង)។ ជើងហោះហើរ​របស់ TA-0 កាលពី​ថ្ងៃទី 28 តុលា គឺជា​ការហោះហើរ​សាកល្បង​លើក​ទី 8 របស់​យន្តហោះ Roc។

    ក្រុមហ៊ុន Stratolaunch គ្រោង​នឹងធ្វើ​ការហោះហើរ​សាកល្បង​នូវ​យាន​ល្បឿន​លឿន​ជាង​សំឡេង​ពេញលេញ​ដំបូង​គឺ Talon-A TA-1 ក្នុង​ឆ្នាំ 2023 បើសិន​ការសាកល្បង​ទម្លាក់​ក្នុង​ខែធ្នូ​ខាងមុខ​ទទួលបាន​ជោគជ័យ។ ក្រុមហ៊ុន​នេះ​ក៏​កំពុងតែ​អភិវឌ្ឍ​កំណែ TA-2 និង TA-3 ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ទាំងស្រុង​ផងដែរ។

    យោងតាម Space ក្រុមហ៊ុន Stratolaunch មាន​ផែនការ​ផ្ដល់​សេវាកម្ម​ហោះហើរ​ដោយ​ប្រើ​យាន​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​សម្រាប់​រដ្ឋាភិបាល និង​អតិថិជន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ 2023៕

  • សុនក​រ៉ូ​បូត បង្ហាញ​ក្បាច់​រាំ​ត្រាប់​តាម​បទ​ចម្រៀង​​ល្បី​របស់ K-pop (វីដេអូ)

    សុនក​រ៉ូ​បូត បង្ហាញ​ក្បាច់​រាំ​ត្រាប់​តាម​បទ​ចម្រៀង​​ល្បី​របស់ K-pop (វីដេអូ)

    សុនក​រ៉ូ​បូត Spot ជាច្រើន​គ្រឿង​របស់​ក្រុមហ៊ុន Boston Dynamics បន្ត​ធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​ពួកវា​រាំ​ជា​ក្រុម​ទៅតាម​បទ​ចម្រៀង​ល្បីឈ្មោះ​របស់ BTS បាន​យ៉ាង​ល្អ។

    ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​កាលពី​ឆ្នាំ 2016 រ៉ូ​បូត Spot របស់ Boston Dynamics គឺជា​សុនក​យន្ត​ស្វ័យប្រវត្ត​ទំនើប​ដែលមាន​សមត្ថភាព​ហក់លោត រាំរែក ឡើង​ទួល ដើរ​ឆ្លងកាត់​ឧបសគ្គ ចាប់​កាន់​វត្ថុ និង​អាចធ្វើ​សកម្មភាព​ធម្មតា​ប្រចាំថ្ងៃ​ដូចជា បើកទ្វារ និង​កាន់​ទំនិញ​ជាដើម។ ដោយ​បច្ចេកវិទ្យា​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង ការសម្ដែង​បង្ហាញ​របស់ Spot ក៏​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍។

    នៅក្នុង​វីដេអូ​ថ្មី​បំផុត​ដែល​ត្រូវបាន​ចែករំលែក​ដោយ​ក្រុមហ៊ុន Boston Dynamics គេ​ឃើញ​សុនក​រ៉ូ​បូត Spot ចំនួន 7 គ្រឿង សម្ដែង​បង្ហាញ​ក្បាច់​រាំ​អម​ជាមួយនឹង​បទ​ចម្រៀង Permission to Dance ដែលជា​បទ​ល្បី​ខ្លាំង​របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង BTS ដែលមាន​សមាជិក 7 នាក់​ដូចគ្នានេះដែរ។ វីដេអូ​នេះ​ថែមទាំង​មានការ​ចូលរួម​របស់ Atlas ដែលជា​រ៉ូ​បូត​រូបរាង​ជាម​នុស្ស កម្ពស់ 1.8 ម៉ែត្រ របស់ Boston Dynamics។

    ក្រុមហ៊ុន Boston Dynamics ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai Motor របស់ កូរ៉េខាងត្បូង ទិញ​ភាគហ៊ុន​ភាគច្រើន​ក្នុងតម្លៃ 1.1 ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លង។

    វីដេអូ​នេះ​ថែមទាំង​មានការ​ចូលរួម​របស់ Atlas ផងដែរ

    វីដេអូ​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយមាន​កិច្ចសហការ​រវាង Hyundai Motor និង BTS សម្រាប់​ការប្រគំ​តន្ត្រី «Yet to Come» របស់​ពួកគេ​នៅ Busan នា​ខែតុលា 2022 ជា​ព្រឹត្តិការ​មួយ​ដែល​ធ្វើឡើង​ដើម្បី​គាំទ្រ​កិច្ចប្រឹងប្រែង​របស់ កូរ៉េខាងត្បូង នៅក្នុង​ការប្រកួតប្រជែង​ដណ្ដើម​សិទ្ធិ​ប្រារព្ធ​ព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកវិទ្យា​ពិភពលោក World Expo នៅ​ឆ្នាំ 2030។

    នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​រ៉ូ​បូត Spot «cover» ក្បាច់​រាំ​របស់ BTS។ កាលពី​ខែមិថុនា 2021 ដើម្បី​ជាការ​សាទរ​ដល់​ការទិញ Boston Dynamics របស់ Hyundai ក្រុមហ៊ុន​នេះ​ក៏បាន​ចាប់ដៃ​ជាមួយ​ក្រុម​ចម្រៀង BTS ដើម្បី​ធ្វើ​វីដេអូ​មួយ​ដែល​សម្ដែង​ក្បាច់​រាំ​អម​ជាមួយនឹង​ចម្រៀង IONIQ: I’m On It ផងដែរ៕

    https://www.youtube.com/watch?v=yEW-9SbXahI

  • ​កាមេរ៉ា​ឌីជីថល​ធំជាង​គេ​បង្អស់​ក្នុងពិភពលោក តម្លៃ​រាប់​រយ​លាន​ដុល្លារ​អាម៉េរិក

    ​កាមេរ៉ា​ឌីជីថល​ធំជាង​គេ​បង្អស់​ក្នុងពិភពលោក តម្លៃ​រាប់​រយ​លាន​ដុល្លារ​អាម៉េរិក

    ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ California កំពុង​បង្ហើយ​កិច្ច​ការ​ផលិត​កាមេរ៉ា​ 3,200 megapixel ​ទំហំ​ប្រហែល​នឹង​​រថយន្ត​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ជួយឱ្យ​អ្នក​វិទ្យា​សាស្ត្រ​​រកឃើញ​ផ្កាយ​ថ្មី​​រាប់​ពាន់​លាន​ដួង​បន្ថែម​ទៀត​។

    «ខ្ញុំ​កំពុង​ស្ថិតនៅក្នុង​បន្ទប់​ស្អាត​មួយ​នៅ​ California ខាងជើង ជាមួយ​នឹង​កាមេរ៉ា​ឌីជីថល​ធំ​ជាង​គេ​បង្អស់​ក្នុង​ពិភពលក​» Andy Altman និយាយដូច្នេះ​។

    «កាមេរ៉ា​លើ​ដៃ​ខ្ញុំ​នេះ​មាន​តម្លៃ​ប្រហែល​ 6,000 ដុល្លារ​អាម៉េរិក។ ចំណែក​មួយគ្រឿង​នៅ​ខាង​ក្រោយ​ខ្ញុំមាន​តម្លៃ​ 168,000,000 ដុល្លារ​អាម៉េរិក​។ នេះ​គឺជា​ឱកាស​ដ៏​កម្រ​ដែល​យើង​បាន​មើលគ្រឿង​ប្រដាប់​​ខាង​ក្នុង​​របស់​កាមេរ៉ា​នេះ ដោយ​សារ​តែ​គម្រប​មិន​ទាន់​បិទ​។ យើង​អាច​មើល​ឃើញ​រាល់​ឧបករណ៍​ និង​សេនសឺរ​»។

    អ្នក​ធ្លាប់​បាន​ឮ​គេ​និយាយ​ដល់​តេឡេស្កុប Hubble ហើយ​ថ្មី​ៗ​នេះ​គឺ​តេឡេស្កុប​ James Webb។ ពេលនេះ​​ចូរ​ត្រៀម​សម្រាប់​មើល​តេឡេស្កុប​ដ៏​អស្ចារ្យ​បន្ទាប់​ ដែល​​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រក​ឃើញ​ផ្កាយ​ថ្មី​រាប់​ពាន់​លាន​ដួង​​ រុករក​វត្ថុ​អវកាសថ្មី​​រាប់​លាន​​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ និង​កែ​ប្រែ​វិធី​ដែល​យើង​មើល​ចក្រ​វាល​នា​បច្ចុប្បន្ន​។

    កាមេរ៉ា​នេះមាន​ទំហំ​ប៉ុន​កូនឡាន​មួយគ្រឿង​ និង​ជា​ចំណុច​ស្នូល​នៃ​ការ​រុក​រក​បេតិកភណ្ឌ​អវកាស​ និង​ពេល​វេលា​ (LSST) ដែលជា​គម្រោង​មួយ​មាន​រយៈ​ពេល 10 ឆ្នាំ ដើម្បី​បង្កើត​ផែនទី​សម្រាប់​ផ្ទៃមេឃ​ទាំង​មូល​នៅ​ទិស​ខាង​ត្បូង​ប្រកប​ដោយ​ភាព​លម្អិត​។

    តើ​លម្អិត​ដល់​កម្រិត​ណា​?

    កាមេរ៉ា​ 3,200 megapixel នេះ​ខ្លាំង​រហូត​ដល់​ថ្នាក់​ អាច​មើល​ឃើញ​កូន​បាល់​ golf មួយ​គ្រាប់​ដែល​ស្ថិត​នៅ​ចម្ងាយ​ 24 គីឡូម៉ែត្រ​។ នៅ​ពេល​គម្រោង​ដែល​មាន​រយៈ​ពេល 10 ឆ្នាំ​នេះ​បាន​បញ្ចប់​ជា​ស្ថាពរ ក្រុម​អ្នកវិទ្យា​សាស្ត្រ​ក៏​នឹង​បង្កើត​បាន​ភាព​យន្ត​ 3D មួយ​ស្ដីពី​ផ្ទៃ​មេឃ​ បង្ហាញ​អំពី​របៀប​ដែល​វត្ថុអវកាស​រាប់​ទ្រីលាន​ផ្លាស់​ទី​ជា​មួយ​គ្នា រួម​នឹង​របៀប​ដែល​ពន្លឺ​ត្រូវ​កាច់​​ឱ្យ​កោង​នៅ​ជុំ​វិញ​វត្ថុ​អវកាស​ខ្នាត​យក្ស និង​ដំណើរ​ការ​នៃ​ការ​វិវត្ត​រាប់​ពាន់​លាន​ឆ្នាំ​របស់​ប្រព័ន្ធ​ផ្កាយ​ និង​កាឡាក់ស៊ី។

    នៅ​ពេល​ការ​ផលិត​បាន​​រួច​រាល់ កាមេរ៉ា LSST នឹង​ក្លាយ​ជា «បេះដូង» របស់​ស្ថានីយ​សង្កេត​តារា Vera C. Rubin នៅ​តំបន់​ភ្នំ​ភាគ​ខាង​ជើង​នៃ​ ប្រទេស​ស៊ីលី​។

    ក្នុង​បន្ទប់​ពិសោធ​ម៉ាស៊ីន​បង្កើន​ល្បឿន​ SLAC នៅ​ក្បែរ​សាកល​វិទ្យាល័យ​ Stanford ក្រុមអ្នកវិទ្យា​សាស្ត្រ​កំពុង​តែ​បន្ថែម​ឧបករណ៍​ចុង​ក្រោយសម្រាប់​កាមេរ៉ា​ធំជាង​គេ​បង្អស់​នេះ។ ដូច​ទៅ​នឹង​កាមេរ៉ា​ទូរស័ព្ទ​ គ្រប់​យ៉ាង​ចាប់​ផ្ដើម​ពី​ឡែន។ ប៉ុន្តែ កាមេរ៉ា​នេះ​មាន​ប្រវែង​ 4 ម៉ែត្រ​ ហើយ​ឡែន​មាន​អង្កត់​ផ្ចិត​ 1.5 ម៉ែត្រ​។ នេះ​គឺជា​កំណត់​ត្រា​ពិភព​លោក​មួយ​ ហើយ​វា​ត្រូវ​ការ​ពេល​ 5 ឆ្នាំ​ក្នុង​ការ​ផលិត​។

    ក្រោយ​ពី​ឆ្លង​កាត់​ឡែន ពន្លឺ​នឹង​រត់ដល់​កញ្ចក់​ចម្រាញ់​មួយ​ក្នុង​ចំណោម​ 6 ឬ​ច្រើនជាង​នេះ។ កញ្ចក់​ចម្រាញ់​ពន្លឺ​នីមួយ​ៗ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ប្រមូល​ពន្លឺ​តាម​ប្រភេទកាំ​​នៅ​ក្នុង​​វិសាលគម​ពន្លឺ ចាប់​ពី​កាំរស្មីអ៊ុលត្រាវីយូឡេ រហូត​ដល់កាំរស្មីជិតអ៊ីនហ្វ្រារ៉េដ។ បន្ទាប់​ពី​ត្រូវ​បាន​ចម្រាញ់ ពន្លឺ​កនឹង​ចូល​ទៅ​ដល់​ចំណុច​ផ្ដិត​យក​រូប​ភាព​ដែល​មានអង្គ​ញាណ ឬ​ហៅ​ថា សេនសឺរ​ដោយ​ឡែក​ចំនួន 189។

    វីដេអូ​នេះ​បង្ហាញ​ថា ក្រុម​ការ​ងារ​កំពុង​ដំឡើង​សេនសឺរចំនួន 25 ក្រុម​ ​ក្នុង​រយៈ​ពេល 6 ខែ​។ ក្រុម​នីមួយ​ៗ​មាន​តម្លៃ​ 3 លាន​ដុល្លារ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​សាកល្បង​ឧបករណ៍​ផ្ដិត​យក​រូប​ភាព​របស់កាមេរ៉ា​នេះ​កាលពី​ឆ្នាំ​កន្លង​ និង​បង្កើត​បាន​ជា​រូប​ភាព​ដូច​នាទី​ចុងក្រោយ​ក្នុង​វីដេអូ​នេះ​។

    LSST នឹង​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​ច្រើន​នៅ​​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ មុន​នឹង​ត្រូវ​បាន​ដឹក​ទៅ​កាន់ ប្រទេស​ស៊ីលី​នៅ​ខែ​ឧសភា​ឆ្នាំក្រោយ​ ដើម្បី​ដំណើរការ​ និង​ប្រើប្រាស់​នៅ​ក្នុងស្ថានីយ​សង្កេត​តារា​នៅ​ទី​នោះ​៕

  • អគ្គិភ័យកំពុងឆាបឆេះផ្ទះ​មួយកន្លែង​នៅសង្កាត់ទួលស្វាយព្រៃទីមួយ​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​

    អគ្គិភ័យកំពុងឆាបឆេះផ្ទះ​មួយកន្លែង​នៅសង្កាត់ទួលស្វាយព្រៃទីមួយ​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​

    អគ្គិភ័យកំពុងឆាបឆេះផ្ទះ​មួយកន្លែង​ ដែលស្ថិតនៅ​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ នាវេលា​ម៉ោង​ 5 រសៀល ថ្ងៃទី 28​ ខែតុលា​ ឆ្នាំ 2022។

    យោងតាម​ការ​ចែក​រំលែក​ព័ត៌មាន​នៅ​លើបណ្ដាញ​សង្គម ករណី​អគ្គិភ័យ​នេះ កើត​មាន​នៅ​​ផ្សារលូ ខាង​ក្រោយសាលាទួលស្លែង ក្នុង​ សង្កាត់ទួលស្វាយព្រៃទីមួយ​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​។

     

  • ម្ចាស់ Facebook បាត់បង់​ទ្រព្យ​អស់ 100 ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ

    ម្ចាស់ Facebook បាត់បង់​ទ្រព្យ​អស់ 100 ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ

    ទ្រព្យសម្បត្តិ​របស់​នាយ​ក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Meta បន្ត​ថយចុះ​អស់ 11 ពាន់​លាន​ដុល្លារ​ទៀត​នៅក្នុង​សប្ដាហ៍​នេះ ធ្វើឱ្យ​ទំហំ​ទឹកប្រាក់​ដែល​គាត់​បាន​បាត់បង់ ឡើងដល់​ជាង 100 ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល 13 ខែកន្លង​។

    សារព័ត៌មាន Bloomberg បាន​ផ្សាយ​ថា ទ្រព្យ​បច្ចុប្បន្ន​របស់លោក Zuckerberg គឺ 38.1 ពាន់​លាន​ដុល្លារ តិចជាង​ឆ្ងាយ​ធៀប​នឹង 142 ពាន់​លាន​ដុល្លារ​កាលពី​ខែកញ្ញា 2021។ ក្នុងឆ្នាំនេះ ទ្រព្យ​របស់​មហាសេដ្ឋី​ភាគច្រើន​ក្នុង​ពិភពលោក​សុទ្ធតែ​បាន​ថយចុះ ប៉ុន្តែ ក្នុង​ចំណោម​នោះ លោក Zuckerberg គឺជា​អ្នក​ដែល​បាន​បាត់បង់​ទ្រព្យ​ច្រើនជាងគេបង្អស់​។

    យោងតាម​ប្រកាស​ថ្មី​បំផុត​របស់ Meta បច្ចុប្បន្ន​លោក Zuckerberg កាន់កាប់​ភាគហ៊ុន Meta ជាង 350 លាន​ហ៊ុន។ ឆ្នាំ 2018 លោក Zuckerberg ធ្លាប់​យកឈ្នះ​លើ​មហាសេដ្ឋី Warren Buffett និង​ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី​បី​ក្នុង​ពិភពលោក បន្ទាប់ពី Jeff Bezos និង Bill Gates។ ក៏ប៉ុន្តែ ចំណាត់ថ្នាក់​របស់​ម្ចាស់ Facebook បច្ចុប្បន្ន បាន​ធ្លាក់​ដល់ទី 23 ទៅហើយ។

    យោងតាម​ក្រុមអ្នកវិភាគ បច្ចុប្បន្ន Meta កំពុង​ជួប​បញ្ហា​ធំ​ទាក់ទង​នឹង​មហិច្ឆតា metaverse ដោយសារតែ​ការចំណាយ​ទៅលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​កើនឡើង​ខ្ពស់ នាំឱ្យ​ក្រុម​អ្នកវិនិយោគ​បាត់បង់​ទំនុកចិត្ត។ តម្លៃ​ភាគហ៊ុន​របស់ Meta បច្ចុប្បន្ន​ស្ថិតនៅ​ត្រឹម 100 ដុល្លារ/ហ៊ុន ដែលជា​កម្រិត​ទាប​បំផុត​រាប់​ចាប់ពី​ឆ្នាំ 2016។

    លោក Zuckerberg ក៏​ទទួលស្គាល់​បញ្ហា​ខាងលើ។ ប៉ុន្តែ គាត់​យល់ថា អនាគត​របស់ Meta គឺ​ពិភព metaverse ហើយ​អ្នកវិនិយោគ​ដែលមាន​ការអត់ធ្មត់​នឹង​ទទួល​បានការ​តបស្នង​យ៉ាង​ស័ក្ដិសម៕

  • មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស សរសេរថា «សត្វ​មាន​សេរីភាព​ហើយ» (“the bird is freed”)

    មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស សរសេរថា «សត្វ​មាន​សេរីភាព​ហើយ» (“the bird is freed”)

    ភ្លាមៗបន្ទាប់ពី​ការចូល​គ្រប់គ្រង Twitter លោក អ៊ី​ឡុ​ន ម៉ាស នា​ព្រឹក​នេះ​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​នេះ​យ៉ាងខ្លី​ថា “the bird is freed” ដែល​មានន័យថា «សត្វ​មាន​សេរីភាព​ហើយ»។

    ក្រុមអ្នកវិភាគ​យល់ថា សារ​ថ្មី​នេះ​របស់លោក ម៉ាស មិន​ត្រឹមតែ​ចង់​អះអាងថា បណ្ដាញ​សង្គម​នេះ​បាន​មកលើ​ដៃ​គាត់​នោះទេ ប៉ុន្តែ​ថែមទាំង​សង្កត់ធ្ងន់ថា គោលដៅ​ជំរុញ​សេរីភាព​បញ្ចេញមតិ​នៅលើ Twitter ត្រូវបាន «បើក​សោ​រួចហើយ។ មុន​នោះ នៅក្នុង​ផែនការ​ទិញ Twitter មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង អ៊ី​ឡុ​ន​ម៉ាស ធ្លាប់បាន​សន្យាថា នឹង​កែទម្រង់​បណ្ដាញ​សង្គម​នេះ​តាមរយៈ​ការបន្ធូរបន្ថយ​ការចាប់​ពិរុទ្ធ​ខ្លឹមសារ ក៏ដូចជា​ធ្វើឱ្យ​ប្រព័ន្ធ​នេះ​មាន​តម្លាភាព​ជាង​មុន។

    CNBC បាន​ឱ្យដឹងថា CEO របស់ Tesla ក៏​ប្រញាប់​ចម្រាញ់​បណ្ដាញ​សង្គម​នេះ នៅពេល​គាត់​បញ្ឈប់​ការងារ​របស់​មេដឹកនាំ​សំខាន់​មួយចំនួន មានដូចជា CEO Parag Agrawal, ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ Ned Segal, ប្រធាន​រដ្ឋបាល និង​ផ្នែក​ច្បាប់ Vijaya Gadde និង​ទីប្រឹក្សា Sean Edgett ជាដើម ដោយ​យល់ថា ពួកគេ​មិនមាន​តម្លាភាព​ទាក់ទង​នឹង​តួលេខ​នៃ​គណនី​ក្លែងក្លាយ​នៅលើ Twitter។

    លោក ម៉ាស ឱ្យដឹងថា លោក​មានបំណង​លុបបំបាត់​គណនី​សំរាម និង bot នៅលើ​បណ្ដាញ​សង្គម Twitter កែសម្រួល​របៀប​តម្រៀប​ខ្លឹមសារ និង​ទប់ស្កាត់​បណ្ដាញ​សង្គម​នេះ​មិនឱ្យ​ក្លាយជា​កន្លែង​ផ្ទុក​ព័ត៌មាន​អាក្រក់ សូម្បីតែ​នៅពេល​ការចាប់​ពិរុទ្ធ​ខ្លឹមសារ​ត្រូវបាន​បន្ធូរបន្ថយ។

    ម្ចាស់​ថ្មី​របស់ Twitter ក៏បាន​រំងាប់​អារម្មណ៍​របស់​បុគ្គលិក នៅពេល​អះអាងថា នឹងមិន​មានការ​កាត់បន្ថយ​បុគ្គលិក 75% នៅពេល​លោក​ចូលកាន់​តំណែង​ជា CEO ​​ដូច​ពាក្យ​ច​ចាម​អា​រ៉ា​ម​ឡើយ​។ លោក ម៉ាស ក៏​និយាយ​សំដៅលើ​ក្រុម​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថា ការរិះគន់​របស់លោក​នាពេល​កន្លង នឹងមិន​ប៉ះពាល់​ដល់​បណ្ដាញ​សង្គម​មួយ​នេះ។

    លោក អ៊ីឡុន ម៉ាស កាលពី​ខែមេសា 2022 ប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ Twitter។ ប៉ុន្តែ ខែកក្កដា 2022 លោក ម៉ាស បែរជា​ប្រកាស​ដកខ្លួន ដោយ​ចោទថា បណ្ដាញ​សង្គម​នេះ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង។ ខែកញ្ញា​កន្លងទៅ លោក ម៉ាស ក៏បាន​ប្ដូរ​ចិត្ត ដោយ​ថា លោក​នឹង​នៅតែ​ទិញ Twitter ក្នុងតម្លៃ​ 44 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដូច​​មុន៕

  • «មោទនភាព​របស់​នាង​ខ្ញុំ​គឺ​នាង​ខ្ញុំ​អាច​កើតជា​កូន​ខ្មែរ» ជាការ​ថ្លែង​របស់ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បន្ទាប់ពី​ជោគជ័យ​នៅ MGI 2022

    «មោទនភាព​របស់​នាង​ខ្ញុំ​គឺ​នាង​ខ្ញុំ​អាច​កើតជា​កូន​ខ្មែរ» ជាការ​ថ្លែង​របស់ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បន្ទាប់ពី​ជោគជ័យ​នៅ MGI 2022

    បវរកញ្ញា Miss Grand Cambodia 2022 ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បានបង្ហាញ​អំពី​មោទកភាព​របស់ខ្លួន​យ៉ាង​ជ្រាលជ្រៅ​ក្នុងនាម​ជា​កូន​ខ្មែរ បន្ទាប់ពី​កញ្ញា​ទទួលបាន​តំណែង​លំដាប់​រង​ទី ៥ ក្នុង​កម្មវិធី​ប្រកួត​សម្រស់ Miss Grand International 2022 កាលពី​រាត្រី​ថ្ងៃទី 25 តុលា 2022 នៅ ឥណ្ឌូណេស៊ី។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បានសរសេរថា «មោទនភាព​របស់​នាង​ខ្ញុំ​គឺ​នាង​ខ្ញុំ​អាច​កើតជា​កូន​ខ្មែរ រស់នៅ​ក្រោម​ម្លប់​នៃ​ប្រទេស​កម្ពុជា កាន់​ទង់ជាតិ​កម្ពុជា​ទៅ​ឆាក​អន្តរជាតិ និង​នាំយក​ភាពជោគជ័យ​មកកាន់​ប្រទេស​វិញ»។

    ជោគជ័យ​របស់ វ​ត្តី បាន និង​កំពុង​ធ្វើឱ្យ ប្រជាជន​កម្ពុជា មាន​មោទកភាព ក៏ដូចជា​រំភើប និង​សប្បាយរីករាយ​ពន់ពេក ដោយសារ​ថា បាន​ជួយ​លើក​មុខមាត់​ប្រទេសជាតិ​នៅលើ​ឆាក​អន្តរជាតិ។

    ក្រោយពី​បាន​ត្រលប់មក​បា​តុ​ប្រទេស​វិញ ជយលាភី​បវរកញ្ញា​រង​លំដាប់​លេខ 5 ក្នុង​កម្មវិធី Miss Grand International 2022 កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ក៏បាន​ថ្លែងអំណរគុណ​ដល់​គ្រប់គ្នា​ដែល​បាន​គាំទ្រ​ដល់​រូបនាង។ វ​ត្តី សរសេរថា «នាង​ខ្ញុំ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី Miss Grand Cambodia 2022 សូម​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​អ្នក​ទាំងអស់គ្នា បងប្អូន​ទាំង​គ្នា​ជា​កម្លាំងចិត្ត​របស់​នាង​ខ្ញុំ អរគុណ​សម្រាប់​ក្តី​ស្រឡាញ់»។

  • ជេ​ហ្វ បេ​ហ្សូស (Jeff Bezos) អាច​នឹង​បាត់បង់ 23 ពាន់​ដុល្លារ​នៅក្នុង​រយៈពេល​តែមួយ​ថ្ងៃ

    ជេ​ហ្វ បេ​ហ្សូស (Jeff Bezos) អាច​នឹង​បាត់បង់ 23 ពាន់​ដុល្លារ​នៅក្នុង​រយៈពេល​តែមួយ​ថ្ងៃ

    ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក Amazon អាច​ថយចុះ​ច្រើន​ក្នុងថ្ងៃនេះ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ព្យាករ​ថា ប្រាក់ចំណូល​ក្នុង​រដូវ​ទិញដូរ​ចុងឆ្នាំ​នឹង​ជួប​ការលំបាក។

    ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​ក្នុង​ពិភពលោក Amazon កាលពី​ម្សិលមិញ​បាន​ព្យាករ​អំពី​លទ្ធផល​ជំនួញ​នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំនេះ​ថា អន់​ខ្លាំង បើ​ធៀប​នឹង​ការវាយតម្លៃ​របស់​ក្រុមអ្នកវិភាគ។ Amazon ព្យាករ​ថា ប្រាក់ចំណូល​ក្នុង​ត្រីមាស​ទី​បួន​ឆ្នាំនេះ​អាច​សម្រេចបាន​ត្រឹមតែ​ពី 140 ដល់ 148 ពាន់​លាន​ដុល្លារ កើន​ពី 2 ដល់ 8% ធៀប​នឹង​ឆ្នាំ​កន្លង។ ចំណែក​ក្រុមអ្នកវិភាគ​យល់ថា តួលេខ​នេះ​នឹង​ជា 155 ពាន់​លាន​ដុល្លារ។ ប្រាក់ចំណូល​ក្នុង​ត្រីមាស​ទី​បី​របស់ Amazon កើន 15% ដោយ​វិល​ត្រលប់​ទៅរក​កំណើន 2 ខ្ទង់ ប៉ុន្តែ​នៅតែ​មិន​សម្រេចបាន​ដូច​ការរំពឹង​របស់ Wall Street។

    ព័ត៌មាន​ខាងលើ​បានធ្វើឱ្យ​ភាគហ៊ុន Amazon បាត់បង់ 21% នៅក្នុង​ការជួញដូរ​ក្រៅ​ម៉ោង​កាលពី​ថ្ងៃទី 27 តុលា។ បើសិនជា​អត្រា​ថយចុះ​នេះ​កើតមាន​នៅក្នុង​ថ្ងៃទី 28 តុលា នោះ​មានន័យថា មហាសេដ្ឋី ជេ​ហ្វ បេ​ហ្សូស  នឹង​បាត់បង់​ទ្រព្យ 23 ពាន់​លាន​ដុល្លារ​អាម៉េរិក។ នេះ​នឹង​ជា​អត្រា​ថយចុះ​ប្រចាំថ្ងៃ​ធំ​លំដាប់​ទី 5 នៅក្នុង​ប្រវត្តិ​តាមដាន​របស់ Bloomberg Billionaires Index។ ពេលនោះ លោក ជេ​ហ្វ បេ​ហ្សូស នឹង​នៅសល់​ទ្រព្យ​ត្រឹមតែ 111 ពាន់​លាន​ដុល្លារ ស្មើនឹង​ពាក់កណ្ដាល​ធៀប​នឹង​ទ្រព្យ​របស់គាត់​កាលពី​ខែកក្កដា 2021។

    ទ្រព្យ​របស់លោក ជេ​ហ្វ បេ​ហ្សូស (អាយុ 58 ឆ្នាំ) បាន​ថយចុះ​អស់​ជាង 58 ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ គិត​ត្រឹម​ថ្ងៃទី 27 តុលា 2022 ដោយសារតែ​ក្រុម​ភាគហ៊ុន​បច្ចេកវិទ្យា​ដាំ​ក្បាល​ចុះ។

    ដូច​ទៅនឹង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ Amazon យល់ថា ផលវិបាក​នេះ​បានកើត​ឡើង​ដោយសារ​បញ្ហា​អតិផរណា ហើយ​ថា តម្លៃ​ឥន្ធនៈ​កើនឡើង និង​តម្រូវ​ការថយចុះ​នឹង​អូស​បន្លាយពេល​យូរ​ទៀត។ ពួកគេ​ក៏ត្រូវ​រង​ផលប៉ះពាល់​នៅពេល​អ្នកប្រើប្រាស់​វិល​ទៅរក​ទម្លាប់​ទិញ​ទំនិញ​ដោយផ្ទាល់ ក្រោយ​កូ​វីដ-១៩ បានបញ្ចប់។

    ឆ្នាំនេះ ភាគហ៊ុន Amazon បាន​ធ្លាក់​ថ្លៃ 33%។ ជេ​ហ្វ បេ​ហ្សូស បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន Amazon ចំនួន 996 លាន​ហ៊ុន នេះ​បើតាម​របាយការណ៍​កាល​ពី​ខែសីហា។ ទ្រព្យ​សរុប​របស់​មហាសេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ជេ​ហ្វ បេ​ហ្សូស (ឈរ​បន្ទាប់ពី អ៊ីឡុន ម៉ាស (Elon Musk) បច្ចុប្បន្ន​មាន 171 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • សំបុក​ត្រចៀកកាំ​​កម្ពុជា អាច​នាំចេញ​​បាន​ច្រើន​ទៅកាន់​ទីផ្សា​រ​​​ជាង​​​ពាន់​​លាន​​នាក់​ បន្ទាប់​ពី​​អនុស្សរណៈ​​នៃ​​ការ​យោគ​យល់​​មួយ​​បាន​​ចូល​​ជា​​ធរមាន

    សំបុក​ត្រចៀកកាំ​​កម្ពុជា អាច​នាំចេញ​​បាន​ច្រើន​ទៅកាន់​ទីផ្សា​រ​​​ជាង​​​ពាន់​​លាន​​នាក់​ បន្ទាប់​ពី​​អនុស្សរណៈ​​នៃ​​ការ​យោគ​យល់​​មួយ​​បាន​​ចូល​​ជា​​ធរមាន

    អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្ដិការ​ជំរុញ​ការនាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ទៅកាន់ ប្រទេស​ចិន របស់ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន ត្រូវបាន​ចុះហត្ថលេខា​នៅ ប្រទេស​ចិន រួចហើយ។

    ពិធី​ចុះហត្ថលេខា​លើ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 27 តុលា នៅ ទីក្រុង​សៀ​មិន (Xiamen) ដោយមាន​វត្តមាន ឯកឧត្តម ឈួន​ដា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​តំណាង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួម​នឹង​ក្រសួង ស្ថាប័ន និង​ក្រុមមន្ត្រី និង​តំណាង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​វិស័យ​សំបុក​ត្រចៀកកាំ។

    អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ផ្ដោតទៅលើ​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ការស្វែងរក​ដៃគូ​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​សំបុក​ត្រចៀកកាំ, កិច្ច​គាំពារ​ឱ្យមាន​ការបង្កើត រោងចក្រ​កែច្នៃ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ, ការជំរុញឱ្យ​មានការ​បើក​ច្រក​ពាណិជ្ជកម្ម លើ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​រវាង​កម្ពុជា និង​ចិន, ការពង្រឹង​បណ្តាញ​ធុរកិច្ច តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការ​ធុរកិច្ច ជំនួប​ពាណិជ្ជកម្ម និង​ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ជាដើម នេះ​បើតាម ឯកឧត្តម កៅ កោសល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម។

    សំបុក​ទឹកមាត់​ត្រចៀកកាំ

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន លោក Mr. Zeng Youmin បាន​ថ្លែងថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន មានបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ចិន-កម្ពុជា និង​រួមចំណែក​ក្នុងការ​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ទៅកាន់​ប្រទេស​ចិន។

    ឯកឧត្តម ឈួន ដា​រ៉ា បាន​ថ្លែងថា ក្រសួងពាណិជ្ជកម្ម គាំទ្រ​ដល់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីក្រុង​សៀ​មិន សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ​ផែនការ​ជំរុញ​ការនាំចេញ​ផលិតផល​សំបុក​ត្រចៀកកាំ​កម្ពុជា ទៅកាន់​ទីផ្សារ​ចិន។ គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ដំណឹង​ដ៏​ល្អ និង​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​នៅ ប្រទេស​កម្ពុជា។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​អះអាងថា ផលិតផល​សំបុក​ត្រចៀកកាំ​កម្ពុជា នឹង​អាច​នាំចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន បាន​យ៉ាងច្រើន​នាពេល​អនាគត​ដ៍​ខ្លី​ខាងមុខ ក្រោយពី​អនុស្សារណៈ​នៃ​ការយោគយល់​នេះ​ចូល​ជា​ធរមាន៕

     

  • មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ចូល​គ្រប់គ្រង​បណ្ដាញ​សង្គម Twitter

    មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ចូល​គ្រប់គ្រង​បណ្ដាញ​សង្គម Twitter

    មហាសេដ្ឋី​អាម៉េរិក លោក អ៊ី​ឡុ​ន ម៉ាស ត្រូវបាន​គេ​អះអាងថា បានសម្រេច​រាល់​ជំហាន​ចុងក្រោយ​នៅក្នុង​ការចូល​គ្រប់គ្រង Twitter និង​បញ្ឈប់​បុគ្គលិក​ជាន់ខ្ពស់​ជាច្រើន​នាក់។

    យោងតាម CNBC នាយក​ប្រតិបត្តិ​របស់ Twitter លោក Parag Agrawal និង​នាយក​ផ្នែក​ហិរញ្ញវត្ថុ Ned Segal បាន​ចាក​ចេញពី​ទីស្នាក់ការ​កណ្ដាល​នៅ San Francisco។ អ្នក​ទាំងពីរ​នឹង​ឈប់​ធ្វើការ​នៅ Twitter ចាប់ពី​ថ្ងៃទី 28 តុលា ក្រោយពី អ៊ី​ឡុ​ន ម៉ាស ចូល​គ្រប់គ្រង។

    ប្រភពព័ត៌មាន​របស់ WSJ បានឱ្យដឹងថា Agrawal និង Segal ត្រូវបាន​លោក ម៉ាស បញ្ឈប់ ក្រោយពី​ម្ចាស់ Tesla បាន​ទៅកាន់​ការិយាល័យ​របស់ Twitter កាលពី​ថ្ងៃទី 27 តុលា។ ចំណែក Bloomberg វិញ ផ្សាយ​ថា ក្រៅពី Agrawal និង Segal ក៏​នៅមាន​មេដឹកនាំ​ផ្នែក​ច្បាប់ និង​គោលការណ៍ Vifaya Gadde រួម​នឹង ទីប្រឹក្សា​រួម Sean Edgett ផងដែរ ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ។

    Agrawal នឹងមិន​ចាកចេញ​ដោយ​ដៃទទេ​ឡើយ។ យោងតាម Reuters កិច្ចសន្យា​រវាង Agrawal និង Twitter តម្រូវឱ្យ​បណ្ដាញ​សង្គម​នេះ​បង់ប្រាក់​ប្រហែល 42 លាន​ដុល្លារ​ដល់ Agrawal។

    តំណាង​របស់​បណ្ដាញ​សង្គម Twitter មិន​ទាន់​មាន​ការ​បក​ស្រាយ​នៅ​ឡើយ​ ដោយ​បាន​បដិសេធ​ការស្នើសុំ​ការអធិប្បាយ​អំពី​បញ្ហា​ខាងលើ។

    កាលពី​ថ្ងៃទី 27 តុលា មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស បាន​ទៅដល់​ទីស្នាក់ការ​របស់ Twitter និង​នាំយក​ឡា​បូ​លាងដៃ​មួ​យមក​តាម​ខ្លួន ព្រមទាំង​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នៅលើ​បណ្ដាញ​សង្គម​នេះ។ នៅលើ​ទំព័រ​ព័ត៌មាន​ផ្ទាល់ខ្លួន លោក ម៉ាស ក៏បាន​ប្ដូរ​ខ្លឹមសារ​ណែនាំ​ខ្លួន​ទៅជា «ម្ចាស់ Twitter» ផងដែរ ដែល​នេះ​ត្រូវ​បាន​ Business Insider វាយ​តម្លៃ​ថា ជា​កាយវិការ​បង្ហាញ​ថា លោក ម៉ាស មាន​គម្រោង​ធ្វើ​ជា CEO របស់ Twitter។

    លោក អ៊ីឡុន ម៉ាស កាលពី​ខែមេសា 2022 ប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ Twitter។ ប៉ុន្តែ ខែកក្កដា 2022 លោក ម៉ាស បែរជា​ប្រកាស​ដកខ្លួន ដោយ​ចោទថា បណ្ដាញ​សង្គម​នេះ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង។ ខែកញ្ញា​កន្លងទៅ លោក ម៉ាស ក៏បាន​ប្ដូរ​ចិត្ត ដោយ​ថា លោក​នឹង​នៅតែ​ទិញ Twitter ក្នុងតម្លៃ​ 44 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដូច​​មុន៕