Category: សង្គម និងសេដ្ឋកិច្ច

  • មហាអំណាច​អាស៊ី បញ្ចេញ​កប៉ាល់​ផ្ទុក​កុងតឺន័រ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក (វីដេអូ)

    មហាអំណាច​អាស៊ី បញ្ចេញ​កប៉ាល់​ផ្ទុក​កុងតឺន័រ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក (វីដេអូ)

    ប្រទេស​ចិន កាលពី​ថ្ងៃទី 29 តុលា បាន​បញ្ចេញ​កប៉ាល់​ផ្ទុក​កុងតឺន័រ​ខ្នាត​យក្ស​ពីរ​គ្រឿង​ដែលមាន​បណ្ដោយ​ជិត 400 ម៉ែត្រ និង​អាច​ផ្ទុក​បាន​រហូតដល់ 24,346 កុងតឺន័រ​ប្រភេទ 20 feet។

    កប៉ាល់​ផ្ទុក​កុងតឺន័រ​ខាងលើ​ដែល​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ទទួលខុស​ត្រូវមាន​កម្រិត Jiangsu Yangzi Xinfu Shibuilding ត្រូវបាន​បញ្ចេញ​ពី​រោងចក្រ​នៅក្នុង​ទីក្រុង Taixing នៃ​ខេត្ត Jiangsu ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃទី 29 តុលា។

    កប៉ាល់នីមួយៗអាច​ផ្ទុក​បាន 24,346 TEU ឬ​កុងតឺន័រ​ស្ដង់ដា 20 feet ដែល​នេះ​ក៏​ជាការ​បំបែក​កំណត់ត្រា​ថ្មី​នៅក្នុង​វិស័យ​សាងសង់​កប៉ាល់​កុងតឺន័រ​ខ្នាត​យក្ស​របស់​ពិភពលោក។

    កប៉ាល់​ទាំងពីរ​គ្រឿង​ខាងលើ​សុទ្ធ​តែមាន​បណ្ដោយ 399.99 ម៉ែត្រ និង​ទទឹង 61.3 ម៉ែត្រ ហើយ​ទំហំ​របស់​ដំបូល​កប៉ាល់ (ship’s deck) ឡើងដល់ 24,000 ម៉ែត្រក្រឡា ធំ​ជាង 3.5 ដង បើ​ធៀប​នឹង​ទីលាន​បាល់ទាត់​ស្ដង់ដា។

    កប៉ាល់​ទាំងនេះ​នឹងត្រូវ​ប្រគល់ឱ្យ​អតិថិជន​នៅក្នុង​ខែកុម្ភៈ 2023 ក្រោយពី​បាន​បំពាក់​ឧបករណ៍​ចុងក្រោយ និង​សាកល្បង​ធ្វើដំណើរ​លើ​សមុទ្រ​រួចរាល់។

    កប៉ាល់​កុងតឺន័រ​ខ្នាត​យក្ស គឺជា​កប៉ាល់​ដែលមាន​កម្លាំង​ផ្ទុក​ចាប់ពី 10,000 TEU ឡើងទៅ។ វិស័យ​សាងសង់​កប៉ាល់​របស់ ប្រទេស​ចិន កំពុង​បន្ត​នាំមុខគេ​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុងអំឡុង 3 ត្រីមាស​ដើមឆ្នាំ 2022 ក្នុងនោះ បណ្ដា​កប៉ាល់​កុងតឺន័រ​ដែលមាន​កម្លាំង​ផ្ទុក​លើសពី 10,000 TEU កាន់កាប់ 51.7% នៃ​ចំណែក​ទីផ្សារ​ទូទាំង​ពិភពលោក៕

  • ព្រលានយន្តហោះ​អន្តរ​ជាតិ​ Bokeo របស់​ប្រទេស​ឡាវ ស្ថាបនា​ជិត​រួចរាល់​ហើយ

    ព្រលានយន្តហោះ​អន្តរ​ជាតិ​ Bokeo របស់​ប្រទេស​ឡាវ ស្ថាបនា​ជិត​រួចរាល់​ហើយ

    ដំណើរការ​ស្ថាបនា​អាកាស​យានដ្ឋាន Bokeo របស់ ប្រទេស​ឡាវ បច្ចុប្បន្ន​សម្រេចបាន 86% ហើយ​គ្រោង​នឹង​បើក​ដំណើរ​សម្រាប់​ការហោះហើរ​ក្នុងស្រុក​ចាប់ពី​ចុងឆ្នាំ​នេះ។

    តាម​ផែនការ ជើងហោះហើរ​ក្នុងស្រុក​រវាង រដ្ឋធានី​វៀងចន្ទន៍ និង Bokeo នឹង​ដំណើរការ​នៅ​ថ្ងៃ​ចន្ទ ពុធ និង​ថ្ងៃ​សៅរ៍​រៀងរាល់​សប្ដាហ៍ បន្ទាប់មក​នឹង​បើក​ឱ្យមាន​ជើងហោះហើរ​អន្តរជាតិ។

    គម្រោង​ព្រលានយន្តហោះ Bokeo ដែល​ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែកញ្ញា 2020 ត្រូវបាន​រំពឹងថា នឹង​ទាក់ទាញ​ទេសចរ​កាន់តែច្រើន​សម្រាប់​ភាគ​ខាងជើង​ប្រទេស​នេះ ជាទី​ដែលមាន​តំបន់​កំសាន្ត​សម្បូរបែប និង​អាច​អូសទាញ​ភ្ញៀវ​ពី ប្រទេស​ចិន។

    ព្រលានយន្តហោះ Bokeo ស្ថិតនៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មាន​ទំហំ 300 ហិកតា។ នេះ​គឺជា​ព្រលានយន្តហោះ​ទី​ពីរ​របស់​ខេត្ត Bokeo។ ព្រលាន​នេះ​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ មានដូចជា Boeing 747 និង Airbus 320 ជាដើម។

    អគារ​ទទួលភ្ញៀវ​រប​ស់​ព្រលានយន្តហោះ Bokeo អាចដាក់​មនុស្ស​បាន 600 នាក់ ហើយ​នៅពេល​ដាក់ឱ្យ​ដំណើរការ​ពេញ​លេញ វា​នឹង​អាច​ទទួល​អ្នកដំណើរ​បា​ន​ពី 1.5 លាន ទៅ 2 លាន​នាក់/ឆ្នាំ។

    ព្រលាន​ដែល​ត្រូវបាន​សាងសង់​តាម​ទម្រង់​សម្បទាន 50 ឆ្នាំនេះ ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍ Greater Bay Area Investment and Development (HK) Limited ដែលជា​សមាជិក​មួយរ​បស់ Dok Ngiew Kham Group និង​មាន​ទីស្នាក់ការ​នៅ ហុងកុង។ ខ្ទង់​ប្រាក់​វិនិយោគ​សម្រាប់ គម្រោង​នេះ គឺ 157 លាន​ដុល្លារ​អាម៉េរិក៕

  • តម្លៃ​ប្រេងសាំង​បច្ចុប្បន្ន នៅ ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម

    តម្លៃ​ប្រេងសាំង​បច្ចុប្បន្ន នៅ ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម

    ល្ងាច​ថ្ងៃទី 01 វិច្ឆិកា​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​កែប្រែ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី 01 ដល់​ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2022។

    យោងតាម​ប្រកាស​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា តម្លៃ​លក់រាយ​សាំង​ធម្មតា EA92 គឺ 4,250 រៀល/លីត្រ និង​ប្រេងម៉ាស៊ូត DO 50ppm តម្លៃ 5,150 រៀល/លីត្រ។

    តម្លៃ​សាំង​នៅ​ប្រទេសជិតខាង​របស់ កម្ពុជា ៖ ប្រទេស​ថៃ តម្លៃ​លក់រាយ​សាំង​ធម្មតា ប្រហែល 3,900 រៀល/លីត្រ, នៅ​ទីផ្សារ វៀតណាម សាំង​ធម្មតា​តម្លៃ​ប្រហែល 3,700 រៀល/លីត្រ ខណៈដែល​នៅ​ប្រទេស​ឡាវ សាំង​ធម្មតា​មានតម្លៃ​ប្រហែល 4.900 រៀល/លីត្រ។

    តួលេខ​ខាងលើ​បង្ហាញថា សាំង​នៅ ប្រទេស​ឡាវ មានតម្លៃ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រទេស​ទាំង 4 នេះ។ ចំណែក ប្រទេស​វៀតណាម វិញ សាំង​មានតម្លៃ​ទាប​ជាងគេ​បង្អស់។

  • «ទីផ្សារ​​មាន​តែ​​រថយន្ត​​អគ្គិសនី​ អ្នក​ក្រ​​នឹង​​មិន​មាន​​រថយន្ត​​ជិះ​​នឹង​​គេ»​ មេ​​របស់ ​BMW​ អះអាង​​ដូច្នេះ

    «ទីផ្សារ​​មាន​តែ​​រថយន្ត​​អគ្គិសនី​ អ្នក​ក្រ​​នឹង​​មិន​មាន​​រថយន្ត​​ជិះ​​នឹង​​គេ»​ មេ​​របស់ ​BMW​ អះអាង​​ដូច្នេះ

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត BMW បាន​សម្ដែង​ការបារម្ភ​របស់ខ្លួន​អំពី​ការដែល​តំបន់​ជាច្រើន​បានប្រកាស​ហាម​លក់​រថ​យន្ត​ចំហេះ​ក្នុង​ចាប់ពី​ទសវត្សរ៍​ក្រោយ។

    កាលពីពេលថ្មីៗនេះ ប្រទេស​ជាច្រើន​នៅ អឺរ៉ុប បានអនុម័ត​សេចក្ដីព្រាងច្បាប់ «ហាម​លក់​រថយន្ត​ចំហេះ​ក្នុង» (រថយន្ត​ប្រើ​សាំង/ម៉ា​ស៊ូ​ត) នៅ​តំបន់​នេះ​ចាប់ពី​ឆ្នាំ 2035។

    មុន​នោះ ទីក្រុង​មួយចំនួន​នៅ​ពាសពេញ​ពិភពលោក និង​រដ្ឋ​មួយចំនួន​របស់ សហរដ្ឋ​អាម៉េរិក ក៏បាន​កំណត់​គោលដៅ ហាម​លក់​រថយន្ត​ចំហេះ​ក្នុង​ចាប់ពី​ទសវត្សរ៍​ថ្មី ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ដំបូង​នៃ​ឆ្នាំ 2030 ឬ​យ៉ាងយូរ​ចាប់ពី​ឆ្នាំ 2035។

    នាយក​ប្រតិបត្តិ Oliver Zipse របស់ BMW បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​ការកំណត់​គោលដៅ​ខាងលើ នៅ​ពេល​​មាន​កិច្ច​សម្ភាស​ជាមួយ Reuters កាលពីពេលថ្មីៗនេះ។

    «យើង​មិន​ចង់ឱ្យ​រថយន្ត​ត្រូវបាន​ប្លន់​ពី​ដៃ​អ្នកប្រើប្រាស់​ទូទៅ» លោក Zipse សង្កត់ធ្ងន់​ដូច្នេះ។ «បើសិន​នៅសុខៗស្រាប់តែ​ប្រែក្លាយ​ឱកាស​កាន់កាប់​រថយន្ត​ឱ្យទៅជា​របស់​សម្រាប់តែ​អ្នកមាន នោះ​វា​គឺជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត»។

    តម្លៃ​រថយន្ត​អគ្គិសនី យ៉ាងហោច​នៅក្នុង​អនាគត​ខ្លី នៅតែ​ខ្ពស់ជាង 10,000 ដុល្លារ ធៀប​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង នៅក្នុង​ប្រភេទ ទំហំ​ដូចគ្នា។ ការដែល​មិនមាន​ជម្រើស​រថយន្ត​តម្លៃ​ទាប នឹងធ្វើ​ឱ្យ​ឱកាស​មាន​រថយន្ត​ជិះ ទៅជា​រឿង​ហួស​សមត្ថភាព ពិសេស​គឺ​នៅក្នុង​ស្ថានភាព​ដែល​តម្លៃ​រថយន្ត​ចេះតែ​កើនឡើង។

    យោងតាម CEO របស់ BMW បណ្ដា​ក្រុមហ៊ុន​រថយន្ត រួមទាំង​រដ្ឋាភិបាល​នានា គួរតែ​ផ្ដល់​ជម្រើស​ឱ្យបាន​ច្រើន​បំផុត​សម្រាប់​អ្នកប្រើប្រាស់ ជំនួស​ឱ្យ​ការកំណត់​ដ៏​តឹងរឹង​នេះ។

    ក្រៅពី​នាយក​ប្រតិបត្តិ​របស់ BMW មុន​នោះ ក៏​មានមតិ​ប្រហាក់ប្រហែល​នេះដែរ ក្នុងនោះ​មានដូចជា​មតិ​របស់​នា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Renault លោក Luca de Meo ជាដើម៕

  • ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-​ក្រុង​​ព្រះ​សីហនុ ​ចាប់​ផ្ដើម​​គិត​​កម្រៃ​​សេវា​ ដោយ​មាន​​ការ​បញ្ចុះ​​តម្លៃ

    ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-​ក្រុង​​ព្រះ​សីហនុ ​ចាប់​ផ្ដើម​​គិត​​កម្រៃ​​សេវា​ ដោយ​មាន​​ការ​បញ្ចុះ​​តម្លៃ

    ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ នឹង​ចាប់ផ្ដើម​គិត​កម្រៃ​សេវា ដោយមាន​ការបញ្ចុះ​តម្លៃ 20% ពីថ្ងៃ​ទី 01 ខែ​វិ​ចិ្ឆ​កា ឆ្នាំ 2022 ដល់​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    យោងតាម​ក្រសួង​សាធារណការ ការគិត​កម្រៃ​សេវា​ដោយមាន​ការបញ្ចុះ​តម្លៃ 20% ខាងលើនេះ គឺធ្វើឡើង​ទៅតាម​ចម្ងាយ​ផ្លូវ​ជាក់ស្តែង និង​ប្រភេទ​យានយន្ត​ដែល​អ្នកដំណើរ​បើកបរ។

    ក្រសួង​បញ្ជាក់ថា យានយន្ត​ត្រូវបាន​បែង​ចែកជា​ប្រភេទ «A, B, C, D, E» ដូចខាងក្រោម ៖

    -ប្រភេទ “ A ” (1) ទោចក្រយានយន្ត ដែលមាន​ទំហំ​ស៊ីឡាំង ចាប់ពី 500CC ឡើងទៅ និង​មាន​បិទ​ស្ទី​គ័​រ​សម្គាល់ អនុញ្ញាត​ដោយ​ក្រសួង, (2) រថយន្ត​គ្រួសារ មិន​លើសពី 7 កៅអី, (3) រថយន្ត​ដឹកទំនិញ អាច​ផ្ទុកទំនិញ​ក្រោម 2 តោន

    -ប្រភេទ “ B ” (1) រថយន្ត​ដឹក​អ្នកដំណើរ​ចាប់ពី 8 កៅអី ដល់ 19 កៅអី, (2) រថយន្ត​ដឹកទំនិញ អាច​ផ្ទុកទំនិញ​ចាប់ពី 2 តោន ដល់ 5 តោន

    -ប្រភេទ “ C ” (1) រថយន្ត​ដឹក​អ្នកដំណើរ​ចាប់ពី 20 កៅអី ដល់ 56 កៅអី, (2) រថយន្ត​ដឹកទំនិញ អាច​ផ្ទុកទំនិញ​ចាប់ពី 5 តោន ដល់ 10 តោន

    -ប្រភេទ “ D ” (1) រថយន្ត​ដឹកទំនិញ អាច​ផ្ទុកទំនិញ​ចាប់ពី 10 តោន ដល់ 20 តោន

    -ប្រភេទ “ E ” (1) រថយន្ត​ដឹកទំនិញ អាច​ផ្ទុកទំនិញ​លើសពី 20 តោន​ឡើងទៅ (គិត​ទាំង​កុងតឺន័រ)

  • ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​ធំជាងគេ​ក្នុង​លោក សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម

    ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​ធំជាងគេ​ក្នុង​លោក សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម

    ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក CATL បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី VinFast របស់ វៀតណាម។

    កាលពី​ថ្ងៃទី 30 តុលា នៅ ប្រទេស​ជប៉ុន តំណាង​ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី Contemporary Amperex Technology (CATL) របស់ ចិន បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Vinfast របស់ វៀតណាម។ ពិធី​ចុះហត្ថលេខា​នេះ​មាន​វត្តមាន​របស់លោក Robin Zeng ដែលជា​ប្រធាន​ក្រុមហ៊ុន CATL និង​លោក Pham Nhat Vuong ប្រធាន​ក្រុមហ៊ុន Vingroup និង​ជា​ប្រធាន​ក្រុមហ៊ុន VinFast។

    បច្ចុប្បន្ន CATL គឺជា​អ្នក​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។ យោងតាម Companiesmarketcap តម្លៃ​មូលធន​ទីផ្សារ​របស់ CATL គឺ 124.63 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ស្ថាបនិក​របស់ CATL លោក Robin Zeng កាលពី​ឆ្នាំ 2021 មានទ្រព្យ​ជាង 60 ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​បើ​យោងតាម Forbes លោក Zeng គឺជា​មហាសេដ្ឋី​លំដាប់​ទី​បី​នៅ ប្រទេស​ចិន។ លោក​ក៏​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 23 ក្នុង​ពិភពលោក នេះ​បើតាម Bloomberg។

    ពិធីចុះហត្ថលេខា​កាលពី​ថ្ងៃទី 30 តុលា នៅ ប្រទេស​ជប៉ុន រវាង CATL និង VinFast

    លោក Zeng បង្កើត​ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី Amperex Technology Ltd (ATL) កាលពី​ឆ្នាំ 1999។ ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច TDK របស់ ជប៉ុន បាន​ទិញ ATL កាលពី​ឆ្នាំ 2005 ក្នុងតម្លៃ 100 លាន​ដុល្លារ​អាម៉េរិក និង​បន្ត​គ្រប់គ្រង ATL ដូច​ទៅនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ។

    ឆ្នាំ 2011 ក្រុម​អ្នកវិនិយោគ​ចិន មួយក្រុម ដែល​ដឹកនាំ​ដោយ​លោក Zeng បាន​ទិញ​ភាគហ៊ុន 85% ក្នុង​ផ្នែក​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិ​សន​របស់​ក្រុមហ៊ុន TDK។ ចុងឆ្នាំ 2011 ពួកគេ​បាន​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​ជា​ផ្លូវការ​ដែលមាន​ឈ្មោះថា Contemporary Amperex Technology Co Ltd (CATL)។ អតិថិជន​ដំបូង​របស់ CATL គឺ​ក្រុមហ៊ុន​ផលិត​រថយន្ត BMW (អាល្លឺម៉ង់) ហើយ​បន្ទាប់មក​គឺ GM, Volkswagen និង Tesla។

    ខាងក្នុង​រោង​ចក្រ​ផលិត​ថ្ម​អគ្គិសនី​ CATL នៅ ប្រទេស​ចិន

    បច្ចុប្បន្ន​ក្រុមហ៊ុន CATL ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ ប្រទេស​ចិន មាន​ភាគហ៊ុន ដៃគូ​សហការ និង​ក្រុមហ៊ុន​​បណ្ដាក់​ទុន​រួម​រាប់រយ​នៅ​ទូទាំង​ពិភពលោក និង​កំពុង​កាន់កាប់​ចំណែក​ទីផ្សារ​ថ្ម​អគ្គិសនី​ប្រមាណ​ជាង 50% នៅ ប្រទេស​ចិន និង​ជាង 30% នៅក្នុង​ពិ​ភ​ភព​លោក។

    ខាងក្នុង​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​របស់ VinFast

    យោងតាម​កិច្ចព្រមព្រៀង​ខាងលើ CATL និង VinFast គ្រោង​នឹង​សហការគ្នា​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី ក្នុងនោះ​មាន​ថ្ម​ផ្ទុក​ថាមពល និង​គ្រឿងបន្លាស់​ជាច្រើន​ទៀត​ដែល​ប្រើប្រាស់​សម្រាប់​រថយន្ត​អគ្គិសនី​របស់ ក្រុមហ៊ុន​វៀតណាម៕

  • មហា​សេដ្ឋី​ អ៊ី​ឡុ​ន ម៉ាស (Elon Musk) ប្រកាសថា ខ្លួន​ជា CEO ថ្មី​របស់ Twitter

    មហា​សេដ្ឋី​ អ៊ី​ឡុ​ន ម៉ាស (Elon Musk) ប្រកាសថា ខ្លួន​ជា CEO ថ្មី​របស់ Twitter

    មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស ប្រកាស​ជា​ផ្លូវការ​ថា បានទទួល​តំណែង​ជា​នាយក​ប្រតិបត្តិ (CEO) ថ្មី​របស់​បណ្ដាញ​សង្គម Twitter ដែល​លោក​ទើបតែ​ទិញ​ក្នុងតម្លៃ 44 ពាន់​លាន​ដុល្លារ។

    មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក អ៊ី​ឡុ​ន ម៉ាស ទើបតែ​បានបញ្ជាក់​អំពី​មុខតំណែង​ថ្មី​របស់គាត់​នៅក្នុង​ក្រុមហ៊ុន Twitter កាលពី​ថ្ងៃទី 31 តុលា (ម៉ោង​នៅ សហរដ្ឋ​អាម៉េរិក) ក្រោយពី​ទិញ​បណ្ដាញ​សង្គម​នេះ​បាន 3 ថ្ងៃ។

    បច្ចុប្បន្ន ក្រៅពី​តំណែង CEO របស់ Twitter លោក ម៉ាស ក៏​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស SpaceX ផងដែរ។

    កាលពី​សប្ដាហ៍​កន្លង ករណី​ទិញដូរ Twitter របស់លោក ម៉ាស ដែល​មាន​តម្លៃ 44 ពាន់​លាន​ដុល្លារ​ ត្រូវបាន​សម្រេច​ជា​ស្ថាពរ ក្រោយ​ការប្រែប្រួល​អស់ជា​ច្រើន​ខែ។

    ការទិញ​បណ្ដាញ​សង្គម​ខាងលើ​របស់លោក ម៉ាស ត្រូវបាន​ធានា​ខ្ទង់​ប្រាក់កម្ចី​ពី​បណ្ដា​ធនាគារ ហើយ​ក៏​​​ទទួលបាន​ការគាំទ្រ​ពី​អ្នកវិនិយោគ​ល្បីល្បាញ​​មួយចំនួន​ផងដែរ៕

  • វិធីសាស្ត្រ​ដើម្បី «រក្សា​ជីវិត» ពេល​ជាប់​​គាំង​ក្នុង​ហ្វូងមនុស្ស​​ប្រជ្រៀត​គ្នា​ដ៏​ច្របូកច្របល់

    វិធីសាស្ត្រ​ដើម្បី «រក្សា​ជីវិត» ពេល​ជាប់​​គាំង​ក្នុង​ហ្វូងមនុស្ស​​ប្រជ្រៀត​គ្នា​ដ៏​ច្របូកច្របល់

    នៅពេល​បានឃើញ​មនុស្ស​រាប់រយ ឬ​រាប់ពាន់នាក់​ស្លាប់​នៅក្នុង​ហេតុការណ៍​ប្រជ្រៀត និង​ជាន់គ្នា មនុស្ស​ជាច្រើន​មិនដឹងថា គួរ​ធ្វើយ៉ាងណា​ដើម្បី​រំដោះខ្លួន​ពី​គ្រោះថ្នាក់​នេះ។

    ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា ចាប់ពី​ឆ្នាំ 1980 ដល់ 2007 មាន​ហេតុការណ៍​រត់​ជាន់គ្នា ឬ​ប្រជ្រៀត​គ្នា​ចំនួន​ប្រហែល 215 ករណី នាំឱ្យ​មនុស្ស​ជាង 7,000 នាក់​ស្លាប់ និង​ជាង 14,000 នាក់​រងរបួស នេះ​បើតាម​ទំព័រ​សុខភាព WebMD។

    ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​របស់​អ្នកជំនាញ​មួយចំនួន ដែល​អាចជួយ​ឱ្យ​អ្នក​រំដោះ​ជីវិត​នៅពេល​ជាប់គាំង​នៅក្នុង​ហ្វូងមនុស្ស​ដែល​កំពុង​ប្រជ្រៀត​គ្នា​ខ្លាំង ៖

    ទីមួយ ៖ រកមើល​សញ្ញា​នៃ​គ្រោះថ្នាក់

    ក្នុង 1 ម៉ែត្រក្រឡា​មាន​មនុស្ស 6 នាក់​គឺជា​សញ្ញា​ប្រាប់ថា គ្រោះថ្នាក់​នៃ​ការ​ប្រជ្រៀត​គ្នា ការជាន់​គ្នា​ជិត​មកដល់។ ចូរ​ចាប់ផ្ដើម​រក​វិធី​ចេញ​ឱ្យ​ផុតពី​ហ្វូងមនុស្ស​នេះ ហើយ​កុំ​រង់ចាំ​ដល់ពេល​មនុស្ស​នៅ​ជុំវិញ​អាច​ប៉ះ​ស្មា​ទាំងពីរ​របស់​អ្នក។

    ទី​ពីរ ៖ ត្រូវ​រក្សា​លំនឹង​ឱ្យ​បានល្អ​បំផុត

    ដើម្បី​ឈរ​ឱ្យ​នឹង អ្នក​ត្រូវ​ឈរ​ជ្រែងជើង និង​ដាក់​ដៃ​ដូច​អ្នក​ប្រដាល់។ មិន​ដូច្នេះ​ទេ អ្នក​អាច​នឹង​ដួល ហើយ​ត្រូវគេ​ជាន់​ស្លាប់ ឬ​របួសធ្ងន់។

    ទី​បី ៖ បើសិនជា​ដួល មិនត្រូវ​បណ្ដោយឱ្យ​ដេក​ផ្ងារ ឬ​ដេក​សណ្ដូក

    ពេល​ដួល ត្រូវ​រក​វិធី​ក្រោកឈរ​ភ្លាម និង​ជួយ​ដល់​អ្នក​ដែល​បាន​ដួល។ បើសិន​មិនអាច​ក្រោកឈរ​បាន ចូរ​យកដៃ​ឱប​ជិត​ក្បាល អង្កួញ​ជើង និង​ដេក​ផ្អៀង​ដើម្បី​ការពារ​ដងខ្លួន។

    ទី​បួន ៖ ព្យាយាម​ដកដង្ហើម បើ​ទោះ​ក្នុងស្ថានភាព​លំបាក​បំផុត

    មូលហេតុ​ចម្បង​ដែល​នាំទៅរក​ការស្លាប់​នៅក្នុង​ហេតុការណ៍​ហ្វូងមនុស្ស​ប្រជ្រៀត​ជាន់គ្នា​គឺ​បញ្ហា​ខ្វះ​អុកស៊ីសែន។ ដូច្នេះ ពេល​ស្ថិតក្នុង​ស្ថានភាព​នេះ ចូរ​បោះដៃ​ទៅមុខ និង​រក្សា​វា​នៅត្រង់​នោះ អ្នកនឹង​មាន​លំហ​បន្ថែម​ដើម្បី​ដកដង្ហើម​បាន​ស្រួល​បន្តិច។

    ទី​ប្រាំ ៖ ប្រឹង​ស្មារតី

    ចូរ​កុំ​ស្រែក ព្រោះថា ពុំមាន​អ្នកណា​អាច​ឮ​អ្នក​ស្រែក​នៅក្នុង​ស្ថានការណ៍​បែបនេះ​ឡើយ ប៉ុន្តែ​វា​ថែមទាំង​ធ្វើឱ្យ​អ្នក​ឆាប់​បាត់បង់​អ៊ុ​ស៊ី​សែន នាំឱ្យ​ស​ន្លា​ប់ ហើយ​ត្រូវគេ​ជាន់​ស្លាប់។

    ទី​ប្រាំមួយ ៖ ដើរ​តាម​បណ្ដោយ​ហ្វូងមនុស្ស

    អ្នក​អាច​ដើរ​តាម​បណ្ដោយ​ហ្វូងមនុស្ស ដើរ​បញ្ឆិត ឬ​ដើរ​ចេញទៅ​ឆ្វេង ឬ​ស្ដាំ ឆ្ពោះទៅ​ទិស​ដែលមាន​មនុស្ស​តិច ហើយ​ចាក​ចេញពី​ការ​ប្រជ្រៀត​គ្នា។ បើសិនជា​ជ្រុះ​របស់​អ្វីមួយ ចូរ​បោះបង់​វា​ចុះ។

    ទី​ប្រាំពីរ ៖ ជួយ​ដល់​អ្នក​នៅក្បែរ

    បើសិន​អ្នក​ជួយ​ដល់​អ្នកដទៃ ពួកគេ​នឹង​ជួយ​អ្នក ឬ​ជួយ​អ្នកដទៃ​ទៀត​វិញ​ដែរ។ នៅពេល​ការជួយ​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង វា​នឹង​ធ្វើឱ្យ​បរិយាកាស​បានល្អ​ប្រសើរ និង​មាន​ប្រយោជន៍៕

  • តម្លៃ​ប្រេង​ឆៅ​នៅ ទ្វីបអាស៊ី ធ្លាក់ចុះ​ក្នុងការ​ជួញដូរ​នៅ​ដើម​សប្ដាហ៍​នេះ

    តម្លៃ​ប្រេង​ឆៅ​នៅ ទ្វីបអាស៊ី ធ្លាក់ចុះ​ក្នុងការ​ជួញដូរ​នៅ​ដើម​សប្ដាហ៍​នេះ

    ប្រេង​ឆៅ​នៅ ទ្វីបអាស៊ី ធ្លាក់​ថ្លៃ​ក្នុងការ​ជួញដូរ​នៅ​ថ្ងៃទី 31 តុលា 2022 ដោយសារតែ​ការបារម្ភ​ដែលថា ការ​រឹតបន្តឹង​វិធាន​ការដែល​ទាក់ទង​នឹង កូ​វីដ-19 នៅ ប្រទេស​ចិន នឹងធ្វើ​ឱ្យ​តម្រូវការ​ថាមពល​រប​ស់​ប្រទេស​នេះ​ថយចុះ។

    ការជួញដូរ​ក្នុង​ព្រឹក​នេះ​នៅឯ​ផ្សារ​ជួញដូរ​សិង្ហ​បុរី តម្លៃ​ប្រេង WTI បាន​ធ្លាក់​ថ្លៃ 23 សេន​អាម៉េរិក (0.3%) មក​នៅត្រឹម 87.67 ដុល្លារ​អាម៉េរិក/ធុង បន្ទាប់ពី​បាន​ថយចុះ 1.2% កាលពី​ចុង​សប្ដាហ៍​កន្លង។ ប្រេង Brent ប្រគល់​តាម​កាលកំណត់​ក៏បាន​បាត់បង់​តម្លៃ 36 សេន​អាម៉េរិក (0.4%) មក​នៅត្រឹម 95.41 ដុល្លារ​អាម៉េរិក/ធុង។

    ក្រុមអ្នកវិភាគ​បានឱ្យដឹងថា ការដែល ចិន រឹតបន្តឹង​វិធានការ​បង្ការ​ជំងឺ កូ​វីដ-19 តែងតែ​ធ្វើឱ្យមាន​ការបារម្ភ​ចំពោះ​តម្រូវការ​ប្រេង​ឆៅ​របស់​បណ្ដា​ក្រុមហ៊ុន​នាំចូល​ប្រេង​នៅ​ប្រទេស​នេះ នាំឱ្យ​តម្លៃ​ប្រេង​ត្រូវ​ធ្លាក់​ថ្លៃ​ខ្លាំង។

    ក៏ប៉ុន្តែ តម្លៃ​ប្រេង WTI នៅតែ​ទទួលបាន​ការគាំទ្រ​ទាក់ទង​នឹង​ព័ត៌មាន​អំពី​អណ្ដូងរ៉ែ​ប្រេង​របស់ សហរដ្ឋ​អាម៉េរិក។ ក្រុម​អ្នក​ផលិត​ប្រេងធំៗនៅ សហរដ្ឋ​អាម៉េរិក យល់ថា កម្លាំង​ផលិត និង​បរិមាណ​ប្រេង​ឆៅ​នៅ​តំបន់ Pernian របស់​ប្រទេស​នេះ កំពុង​បង្អង់​ល្បឿន​មកវិញ៕

  • ក្រសួងពាណិជ្ជកម្ម ស្នើឱ្យ​អ្នកជំនួញ «កែតម្រូវ​សកម្មភាព និង​ខ្លឹមសារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម» តាម​គ្រប់​រូបភាព

    ក្រសួងពាណិជ្ជកម្ម ស្នើឱ្យ​អ្នកជំនួញ «កែតម្រូវ​សកម្មភាព និង​ខ្លឹមសារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម» តាម​គ្រប់​រូបភាព

    គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ «គ.ជ.ក.ប.» របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នៅ​ថ្ងៃទី 31 តុលា​នេះ បានចេញ​ជូនដំណឹង​មួយ​ស្ដីពី «ការកែតម្រូវ សកម្មភាព និង​ខ្លឹមសារ​ផ្សាយពាណិជ្ជកម្ម​ដែល​មិន​អនុលោម​ទៅនឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន» ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​សង្គមជាតិ​ទាំងមូល។

    នៅក្នុង​សេចក្ដីជូនដំណឹង​នេះ ក្រសួង​បានឱ្យដឹងថា «កន្លងមកនេះ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប.» ដែលជា​សេនាធិការ​នៃ គ.ជ.ក.ប. បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ទុក​រយៈពេល 30 (សាមសិប) ថ្ងៃ (ពីថ្ងៃ​ទី 8 ខែកញ្ញា 2022 ដល់​ថ្ងៃទី 8 តុលា 2022) ដើម្បី (អ្នក​ផ្សាយពាណិជ្ជកម្ម) កែតម្រូវ​សកម្មភាព និង​ខ្លឹមសារ​ផ្សាយពាណិជ្ជកម្ម​ដែល​មិន​អនុលោម​ទៅនឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន»…។

    ក្រសួងពាណិជ្ជកម្ម បន្តថា «បុគ្គល​ផ្សាយពាណិជ្ជកម្ម ឬ​បុគ្គល​ទទួល​សិទ្ធិ​ឱ្យ​ចាត់ចែង​ផ្សាយពាណិជ្ជកម្ម នៅតែ​បន្តសកម្មភាព​ល្មើស ផ្សព្វផ្សាយ​ពាណិជ្ជកម្មរ​បស់​ខ្លួន​តាម​គ្រប់​ប្រភេទ ទម្រង់ និង​គ្រប់​មធ្យោបាយ មាន​លក្ខណៈ​ភូតកុហក បំភាន់​ការពិត អាចធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​យល់​ច្រឡំ​អំពី​ការទទួលបាន​នូវ​អត្ថប្រយោជន៍ផ្សេងៗ ប៉ះពាល់​ដល់​ដំណើរការ​ប្រកួតប្រជែង​ប្រកបដោយ​សុចរិត និង​កាត់បន្ថយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់ និង បទ​ប្បញ្ញត្តិ ជា​ធរមាន ជាពិសេស​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់»។

    ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​ខាងលើ ក្រសួងពាណិជ្ជកម្ម ក្រើនរំលឹក​ដល់​បុគ្គល​ផ្សាយពាណិជ្ជកម្ម ឬ​បុគ្គល​ទទួល​សិទ្ធិ​ឱ្យ​ចាត់ចែង​ផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​ខ្លឹមសារ នៃ​ច្បាប់ និង បទ​ប្បញ្ញត្តិ​ជា​ធរមាន។

    ក្រសួង​ស្នើឱ្យ​បុគ្គល​ផ្សាយពាណិជ្ជកម្ម ឬ​បុគ្គល​ទទួល​សិទ្ធិ​ឱ្យ​ចាត់ចែង​ផ្សាយពាណិជ្ជកម្ម ត្រូវ​សហការ​ជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បី​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការផ្សាយពាណិជ្ជកម្ម ផ្តល់រ​ង្វាន់ និង កែតម្រូវ សកម្ម​ភាព និង​ខ្លឹមសារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន ឱ្យ​ស្របតាម​ខ្លឹមសារ​នៃ​ច្បាប់ និង បទ​ប្បញ្ញត្តិ ក្នុង​រយៈពេល 3 (បី) ថ្ងៃ បន្ទាប់​ពីថ្ងៃ​ចេញ​សេចក្ដីជូនដំណឹង​នេះ។

    ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្នុងករណី​រកឃើញថា បុគ្គល​ណាមួយ​នៅតែ​ប្រព្រឹត្តល្មើស ហើយ​មិនបាន​អនុវត្តតាម​ការណែនាំ​ខាងលើ គ.ជ.ក.ប. នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន៕