Category: សង្គម និងសេដ្ឋកិច្ច

  • ធនាគារពិភពលោក ៖ កម្ពុជា មា​នស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល «ល្អ​ជាង​មុន»

    ធនាគារពិភពលោក ៖ កម្ពុជា មា​នស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល «ល្អ​ជាង​មុន»

    «អបអរសាទរ​ដល់ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​ស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល (GovTech Maturity Index — GTMI) កើនឡើង​ពី​កម្រិត C កាលពី​ឆ្នាំ 2020 មក​កម្រិត B នៅ​ចុងឆ្នាំ 2022 នេះ» នេះ​បើតាម​ការឱ្យ​ដឹង​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា។

    យោងតាម​ក្រសួង​ខាងលើ ថ្មីៗនេះ ធនាគារពិភពលោក បានបង្ហាញ​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​ភាពចាស់ទុំ​នៃ​បច្ចេកវិទ្យា​រដ្ឋាភិបាល (GovTech Maturity Index—GTMI) ឆ្នាំ 2022 សម្រាប់ធ្វើ​ការវាស់វែង​លើ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល នៅក្នុង​រដ្ឋាភិបាល នៅតាម​ប្រទេសនីមួយ។

    ស​ន្ទ​ស្សន៍ GTMI គឺជា​ការ​បន្សំ​នៃ​អនុ​ស​ន្ទ​ស្សន៍ 4 ទៀត​គឺ 1-ស​ន្ទ​ស្សន៍​នៃ​ប្រព័ន្ធ​ស្នូល​របស់​រដ្ឋាភិបាល (Core Government Systems Index – CGSI), 2-ស​ន្ទ​ស្សន៍​ការផ្តល់​សេវាសាធារណៈ (Public Service Delivery Index – PSDI), 3-ស​ន្ទ​ស្សន៍​ការចូលរួម​របស់​ប្រជាពលរដ្ឋ (Citizen Engagement Index – CEI), និង 4-ស​ន្ទ​ស្សន៍​បច្ចេកវិទ្យា​រដ្ឋាភិបាល​ជំរុញ (GovTech Enablers Index – GTEI)។

    នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ដែល​ទទួលបាន​កម្រិត A មាន សិង្ហ​បុរី, ថៃ, ម៉ាឡេស៊ី, និង ឥណ្ឌូនេស៊ី, កម្រិត B មាន កម្ពុជា, វៀតណាម, ប្រ៊ុយណេ និង​ហ្វី​លី​ពិន ខណៈ​កម្រិត C មាន ឡាវ និង​កម្រិត D មាន មី​យ៉ាន់​ម៉ា៕

  • សហគ្រាស​អាស៊ី នាំគ្នា​បង្ហាញខ្លួន​ «ច្រើន​មិន​ធ្លាប់​មានពី​មុន» ​នៅ​ក្នុង​​ព្រឹត្តិការណ៍ World Cup Qatar 2022

    សហគ្រាស​អាស៊ី នាំគ្នា​បង្ហាញខ្លួន​ «ច្រើន​មិន​ធ្លាប់​មានពី​មុន» ​នៅ​ក្នុង​​ព្រឹត្តិការណ៍ World Cup Qatar 2022

    បណ្ដា​ក្រុមហ៊ុន​អាស៊ី បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដើម្បី​យកឈ្នះ​លើ​ក្រុម​ម្ចាស់​ឧបត្ថម្ភ​របស់លោក​ខាងលិច​នៅក្នុង​រដូវ​កាល​ប្រកួត​បាល់ទាត់​ពិភពលោក (World Cup) ដែល​ជិត​ធ្វើឡើង​នៅ ប្រទេស​កាតា។

    ទ្វីបអាស៊ី ពីមុនមក មិន​ធ្លាប់​បានបង្ហាញ​វត្តមាន​ច្រើន​ដូច​នៅ World Cup លើក​នេះ ទាំង​ក្នុង និង​ក្រៅ​ទីលាន​បាល់ទាត់។ ក្រុមបាល់ទាត់ 6 ក្រុម​របស់ អាស៊ី ក្នុងចំណោម 32 ក្រុម នឹង​ប្រកួត​នៅ World Cup 2022 ដែល​នេះ​គឺជា​តួលេខ​ច្រើនជាងពេលណាៗទាំងអស់។ ចំណែក​នៅក្រៅ​ទីលាន​ប្រកួត បណ្ដា​ក្រុមហ៊ុន​របស់ អាស៊ី មាន​រហូតដល់ 9 ស្ថាប័ន ក្នុងចំណោម​ដៃគូ​សហការ និង​ម្ចាស់​ឧបត្ថម្ភ​ទាំង 14 ស្ថាប័ន​របស់ FIFA នា​​រដូវ​កាល​នេះ។

    នេះ​គឺជា​ការប្រែប្រួល​ធំ​ធៀប​នឹង World Cup នៅ អាស៊ី ដែល ជប៉ុន និង កូរ៉េខាងត្បូង ធ្វើជា​ម្ចាស់ផ្ទះ កាលពី 20 ឆ្នាំមុន។ កាលណោះ​មានតែ​ម្ចាស់​ឧបត្ថម្ភ 6 ស្ថាប័ន​ប៉ុណ្ណោះ​ដែលជា​របស់ អាស៊ី ក្នុងចំណោម​ម្ចាស់​ឧបត្ថម្ភ 15 ស្ថាប័ន​របស់ FIFA។ ក្រៅពីនេះ​គឺ​សុទ្ធតែជា​ក្រុមហ៊ុន​របស់ អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក។

    ការឧបត្ថម្ភ​គឺជា​បញ្ហាសំខាន់​សម្រាប់ FIFA។ បន្ទាប់ពី​ការលក់​អាជ្ញាប័ណ្ណ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ (2.6 ពាន់​លាន​ដុល្លារ) ការឧបត្ថម្ភ​គឺ​ប្រភព​ចំណូល​ធំ​បំផុត ដោយ​រួមចំណែក​រហូតដល់ 1.35 ពាន់​លាន​ដុល្លារ ប្រហែល 29% នៃ​ប្រាក់ចំណូល​សរុប​របស់ FIFA ក្នុង​ឆ្នាំ 2022។

    ​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​​ផ្នែក​អប់រំ​របស់ ឥណ្ឌា Byju’s

    ក្នុងចំណោម​ក្រុមហ៊ុន​ដែលជា​ម្ចាស់​ឧបត្ថម្ភធំៗនៅ World Cup 2022 ក៏​មាន​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​​ផ្នែក​អប់រំ​របស់ ឥណ្ឌា Byju’s បើ​ទោះ​ប្រទេស​នេះ​មិនមាន​ក្រុមបាល់ទាត់​ទៅចូល​រួម​​ប្រកួត។ ដូចគ្នានេះដែរ ចិន ក៏​មិនមាន​ក្រុមបាល់ទាត់​ទៅ​ប្រកួត​នៅ World Cup ប៉ុន្តែ​មាន​ម្ចាស់​​ឧបត្ថម្ភ​រហូតដល់ 4 ស្ថាប័ន ខណៈដែល​ សិង្ហ​បុរី មាន 1 ស្ថាប័ន។

    កូរ៉េខាងត្បូង មាន​ក្រុមបាល់ទាត់​នៅ World Cup និង​មាន​ម្ចាស់​ឧបត្ថម្ភចំនួន 1 ស្ថាប័ន គឺ Hyundai-Kia។ ចំណែក ប្រទេស​ម្ចាស់ផ្ទះ កាតា មាន​ម្ចាស់​ឧបត្ថម្ភ​ចំនួន 2។​​

    បណ្ដា​ក្រុមបាល់ទាត់​របស់ អាស៊ី ដែល​ចូលរួម​ប្រកួត​នៅ World Cup លើក​នេះ នៅតែមាន​ចំនួន​តិច ក៏ប៉ុន្តែ ក្រុម​ម្ចាស់​ឧបត្ថម្ភ​ដែល​មក​ពី​ទ្វីប​នេះ ​ត្រូវបាន​គេ​សង្ឃឹមថា នឹងមាន​ឥទ្ធិពល​ភាគច្រើន​ទៅលើ​ទស្សនិកជន ទាំង​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ៕

  • កប៉ាល់​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​រាវ​ (LNG)​ ធំ​ជាង​គេ​លើ​ពិភព​លោក​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សេវា​កម្ម

    កប៉ាល់​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​រាវ​ (LNG)​ ធំ​ជាង​គេ​លើ​ពិភព​លោក​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សេវា​កម្ម

    ប្រទេស​ចិន កាលពី​ថ្ងៃទី 15 វិច្ឆិកា បានដាក់​ដំណើរការ​កប៉ាល់​ដឹកជញ្ជូន​ឧស្ម័នធម្មជាតិ​​រាវ (LNG) ខ្នាត​យក្ស​មួយគ្រឿង​ដែល​អាច​ផ្គត់ផ្គង់​ LNG ​បាន 1,650 ម៉ែត្រគុប/ម៉ោង។

    កប៉ាល់​ដឹកជញ្ជូន និង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវដំបូង​របស់ ប្រទេស​ចិន ឈ្មោះ Offshore Oil 301 ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង និង​បញ្ចេញ​ពី​រោងចក្រ​នៅ​ទីក្រុង Guangzhou ខេត្ត Guangdong ដើម្បី​ចាប់ផ្ដើម​ផ្គត់ផ្គង់​ថាមពល​ឱ្យ​បណ្ដា​កប៉ាល់ដើរ​ដោយ​ LNG នេះ​បើតាម​ក្រុមហ៊ុន​ប្រេង​ឧស្ម័ន​លើ​លំហ​សមុទ្រ​ចិន (CNOOC)។

    កប៉ាល់​ផ្គត់ផ្គង់​ LNG គឺជា​ប្រភេទ​កប៉ាល់​ចល័ត​ដ៏​សំខាន់​ក្នុង​ការជំរុញ​ការប្រើប្រាស់ LNG ជា​ថាមពល​​សម្រាប់​យាន​យន្ត​ក្នុង​​ការដឹកជញ្ជូន។

    ក្រុម​អ្នកជំនាញ​អះអាងថា ការរីកចម្រើន​ថ្មី​បំផុត​នេះ​របស់ ចិន នឹង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការកសាង​មជ្ឈមណ្ឌល​ផ្គត់ផ្គង់ LNG ដល់​បណ្ដា​កប៉ាល់​អន្តរ​ជាតិ ព្រមទាំង​ជំរុញ​ការផ្លាស់ប្ដូរ​ថាមពល និង​ការអភិវឌ្ឍ​ថាមពលបៃតង។

    កប៉ាល់ Offshore Oil 301 ដំបូង​ឡើយ​គឺជា​កប៉ាល់​ដឹក LNG ធម្មតា មាន​បណ្ដោយ 184.7 ម៉ែត្រ និង​ទទឹង 28.1 ម៉ែត្រ អាច​ដឹក​ឧស្ម័ន​ធម្មជាតិ​រាវ LNG បាន 30,000 ម៉ែត្រគុប។

    មុខងារ​ផ្គត់ផ្គង់​ LNG ​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​តាមរយៈ​ការបន្ថែម​ឧបករណ៍​ជាច្រើន​ដូចជា ឧបករណ៍​ផ្ទុក​​ឧស្ម័ន ប្រព័ន្ធ​ផ្គត់ផ្គង់​ (បូម) ​ពី​កប៉ាល់​ទៅ​កប៉ាល់ និង​ឧបករណ៍​ធ្វើឱ្យ​រាវ​ឡើងវិញ ក៏​ដូច​ជា​​ប្រព័ន្ធ​សុវត្ថិភាព និង​ប្រព័ន្ធផ្សេងៗទៀត។

    ក្រោយពី​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង Offshore Oil 301 មាន​កម្លាំង​អាច​បូម​ឧស្ម័ន​បាន 1,650 ម៉ែត្រគុប/ម៉ោង នាំឱ្យ​វា​ក្លាយជា​កប៉ាល់​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ LNG ធំជាងគេ​បង្អស់​លើ​ពិភពលោក និង​អាច​ផ្ដល់​សេវាកម្ម​ដល់​បណ្ដា​កប៉ាល់​ដឹក​កុងតឺន័រ កប៉ាល់​ដឹក​ប្រេង​ឆៅ និង​កប៉ាល់​ដឹកជញ្ជូន​យានយន្ត (Ro-Ro Ship) ខ្នាត​ធំ។

    យោងតាម Global Times ក្រុមហ៊ុន​ចិន CNOOC កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ស្ថាបនា​បណ្ដា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់ LNG អន្តរជាតិ​នៅ​តំបន់​វាលរាប​ទន្លេ Zhu Jiang និង​វាលរាប​ទន្លេ Yangtze។ ក្រោយពី​ត្រូវបាន​ប្រគល់ឱ្យ​អតិថិជន កប៉ាល់ Offshore Oil 301 នឹង​ផ្គត់ផ្គង់ LNG ដំបូង​ដល់​បណ្ដា​កប៉ាល់​អន្តរជាតិ​ក្នុងពេលឆាប់ៗខាងមុខ៕

  • ក្រុមហ៊ុន​រថយន្ត​អគ្គិ​សន​វៀតណាម ទទួលបាន​ជំនួយ​ពី អូស្ត្រាលី ក្នុង​ការផលិត និង​ដំឡើង​បណ្ដាញ​បញ្ចូល​ថាមពល​ថ្ម​នៅ​ប្រទេស​ជាប់​របង​កម្ពុជា

    ក្រុមហ៊ុន​រថយន្ត​អគ្គិ​សន​វៀតណាម ទទួលបាន​ជំនួយ​ពី អូស្ត្រាលី ក្នុង​ការផលិត និង​ដំឡើង​បណ្ដាញ​បញ្ចូល​ថាមពល​ថ្ម​នៅ​ប្រទេស​ជាប់​របង​កម្ពុជា

    យោងតាម ស្ថានទូត​អូស្ត្រាលី​នៅ​វៀតណាម ទឹកប្រាក់​ជំនួយ​រាប់សិប​លាន​ដុល្លារ​អាម៉េរិក ដែល រដ្ឋាភិបាល​អូស្ត្រាលី ផ្ដល់ឱ្យ នឹង​ត្រូវបាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម VinFast ប្រើប្រាស់​សម្រាប់​ការផលិត​រថយន្តក្រុង​អគ្គិសនី​សាធារណៈ និង​បណ្ដាញ​បញ្ចូល​ថាមពល​ថ្ម​ដំបូង​សម្រាប់​រថយន្ត​អគ្គិសនី​នៅ វៀតណាម។

    ខ្ទង់​ប្រាក់​ជំនួយ 50 លាន​ដុល្លារ​អាម៉េរិក​ខាងលើនេះ គឺជា​ការវិនិយោគ​ទី​ពីរ​របស់ ការិយាល័យ​ហិរញ្ញវត្ថុ​នាំចេញ​អូស្ត្រាលី (EFA) សម្រាប់​វិស័យ​ថាមពល​កកើតឡើង​វិញ​នៅ វៀតណាម។ មុន​នោះ EFA បានផ្ដល់​ជំនួយ​លើកដំបូង​តម្លៃ 32 លាន​ដុល្លារ​អាម៉េរិក សម្រាប់​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ចំនួន 3 កន្លែង​នៅ​ប្រទេស​ជាប់​របង​កម្ពុ​ជាមួយនេះ។

    VinFast គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Vingroup នៅ ប្រទេស​វៀតណាម។ ក្រោយពី​បានប្រកាស​ឈប់​លក់​យានយន្ត​ចំហេះ​ក្នុង ក្រុមហ៊ុន VinFast ក៏បាន​ក្លាយជា​អ្នក​ផលិត​រថយន្ត និង​ម៉ូតូ​ដើរ​ដោយ​ថាមពល​អគ្គិសនី 100%៕

    យោងតាម ឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅវៀតណាម លោក Andrew Goledzinowski
    រថយន្តក្រុង​អគ្គិសនី​ផលិត​ដោយ​ក្រុមហ៊ុន​វៀតណាម VinFast
    ប្រព័ន្ធ​បញ្ចូល​ថាមពល​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​របស់ VinFast
    រថយន្តក្រុង​អគ្គិសនី​ VinFast បើកបរសាកល្បង​នៅ​ វៀតណាម
  • ក្រុមហ៊ុន​កូរ៉េខាងត្បូង បោះទុន​រាប់ពាន់​លាន​ដុល្លារ​លើ​គម្រោង​អភិវឌ្ឍ​តំបន់​លំហែកាយ​មួយ​នៅ​ប្រទេស​ឡាវ

    ក្រុមហ៊ុន​កូរ៉េខាងត្បូង បោះទុន​រាប់ពាន់​លាន​ដុល្លារ​លើ​គម្រោង​អភិវឌ្ឍ​តំបន់​លំហែកាយ​មួយ​នៅ​ប្រទេស​ឡាវ

    ថ្មីៗនេះ ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ទើបតែ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន​មួយ​របស់ កូរ៉េខាងត្បូង ដើម្បី​ស្ថាបនា​តំបន់​លំហែកាយ​មួយ​ដែលមាន​តម្លៃ 2.9 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    កិច្ចព្រមព្រៀង​លើ​គម្រោង​ដែលមាន​ឈ្មោះថា Resort Lao Complex នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឧ​ត្ត​ម​សេនីយ​ទោ Thongsouk Yaeulaoly អគ្គនាយក​ស្តីទី​នៃ​នាយកដ្ឋាន​ភស្តុភារ ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និង​លោក Jeong Taejin ប្រធាន​ក្រុមហ៊ុន Oriental Pearl។

    តំបន់​លំហែកាយ​ដែលមាន​ទំហំ 1,200 ហិកតា​នេះ ស្ថិតនៅ​ក្នុងស្រុក Phonhong ខេត្ត​វៀងចន្ទន៍ ភាគ​ពាយព្យ​ប្រទេស​ឡាវ។

    មុន​នោះ ភាគី​ឡាវ និង​ក្រុមហ៊ុន Oriental Pearl បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​មួយកាលពី​ខែកុម្ភៈ 2016 ដែល​អនុញ្ញាតឱ្យ​ចាប់ផ្ដើម​ការសិក្សា​អំពី​សក្ដានុពល​របស់​គ​ម្រោ​ង​នេះ។

    ក្រោយពី​ការសិក្សា​បានបញ្ចប់ គម្រោង​នេះ​ក៏​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ឡាវ ក្នុងការ​ចាប់ផ្ដើម​ដំណើរការ​អភិវឌ្ឍ។

  • ស្ថាបនិក​របស់​ក្រុមហ៊ុន​រចនា​ម៉ូដ​សម្លៀកបំពាក់ Tom Ford ក្លាយជា​មហាសេដ្ឋី

    ស្ថាបនិក​របស់​ក្រុមហ៊ុន​រចនា​ម៉ូដ​សម្លៀកបំពាក់ Tom Ford ក្លាយជា​មហាសេដ្ឋី

    ក្រោយ​ពី​មាន​ការទិញ​ដូរ​​ជាមួយ​ក្រុមហ៊ុន Estee Lauder លោក Tom Ford ក៏​ទើបតែ​មាន​នាម​ថ្មី​មួយទៀត នោះ​គឺ «មហាសេដ្ឋី» ទន្ទឹមនឹង​នាម​ជា «អ្នក​រចនា​ម៉ូដ», «អ្នកដឹកនាំ​សម្ដែង» និង «នាយក​ផ្នែក​ច្នៃប្រឌិត (Creative Director)។

    ក្រុមហ៊ុន​ផលិត​គ្រឿងសម្អាង Estee Lauder បាន​ចំណាយ​ប្រាក់ 2.8 ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ទិញយក​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ Tom Ford កាលពី​ថ្ងៃទី 16 វិច្ឆិកា 2022។ យោងតាម Bloomberg Billionaires Index ការទិញ​ដូរ​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យសម្បត្តិ​របស់​អ្នក​ច្នៃ​ម៉ូដ Tom Ford ឡើងដល់​ជាង 2 ពាន់​លាន​ដុល្លារ​ដោយសារ​កាន់កាប់​ភាគហ៊ុន​ភាគច្រើន​នៅក្នុង​ក្រុមហ៊ុន​នេះ។

    លោក Tom Ford វ័យ 61 ឆ្នាំ​ បានឱ្យដឹងថា លោក​ជឿជាក់ថា Estee Lauder នឹង​បន្ត​អភិវឌ្ឍ Tom Ford នាពេលខាងមុខ។ លោក Ford នៅតែ​បន្ត​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ច្នៃប្រឌិត​សម្រាប់​យីហោ​នេះ​រហូតដល់​ដាច់​ឆ្នាំ 2023។

    Tom Ford បង្កើត​ក្រុមហ៊ុន​ដែល​ដាក់​​ឈ្មោះ​យីហោ​ទៅ​តាម​ឈ្មោះ​របស់គាត់​កាលពី​ឆ្នាំ 2014 ដោយ​សហការ​ជាមួយ​នឹង​នាយក​ប្រតិបត្តិរបស់ Gucci លោក Domenico De Sole។ ដំបូង​ឡើយ Tom Ford ផ្ដោតទៅលើ​ការអភិវឌ្ឍ​ទឹកអប់ និង​គ្រឿងសម្អាង ប៉ុន្តែ​ក្រោយមក​ក៏បាន​ផលិត​វ៉ែ​តា និង​សម្លៀកបំពាក់​បុរស​ប្រភេទ​ប្រណិត។

    មហាសេដ្ឋី Tom Ford និង​តារា​ចម្រៀង​ Jennifer Lopez

    មុន​នោះ លោក Ford ធ្វើជា​ប្រធាន​ផ្នែក​ច្នៃប្រឌិត​នៅក្នុង​ក្រុម​ហ៊ុន Gucci ប៉ុន្តែ​បាន​ចាក​ចេញពី​ក្រុមហ៊ុន​នេះ​នៅពេល Gucci ត្រូវបាន​លក់​ទៅឱ្យ ​ក្រុមហ៊ុន​បារាំង Kering ព្រោះ​តែ​បារម្ភ​ថា ម្ចាស់​ថ្មី​នឹង​គ្រប់គ្រង​លើ​គំនិត​ច្នៃប្រឌិត​របស់គាត់។

    លោក Ford ក៏​ធ្លាក់​ជា​អ្នក​សម្ដែង និង​បង្កើត​ក្រុមហ៊ុន​ផលិតភាព​យន្ត ក្នុងនោះ​គាត់​សរសេរ​រឿង និង​ដឹកនាំ​ការសម្ដែង​។ ក្រៅពីនេះ Tom Ford ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ស្ដីពី​ម៉ូ​ដែល​សម្លៀកបំពាក់​​ផងដែរ៕

  • ព្រះបរមរាជវាំង នឹង​បើកទទួល​ទេសចរ​ឡើងវិញ ចាប់ពី​ថ្ងៃទី 01 ធ្នូ 2022

    ព្រះបរមរាជវាំង នឹង​បើកទទួល​ទេសចរ​ឡើងវិញ ចាប់ពី​ថ្ងៃទី 01 ធ្នូ 2022

    ក្រសួងព្រះបរមរាជវាំង នឹង​បើក​ដំណើរការ​ឡើងវិញ ទទួល​ទេសចរ​ជាតិ-អន្តរជាតិ ចូល​ទស្សនា​ព្រះបរមរាជវាំង ចាប់ពី​ថ្ងៃទី 01 ខែធ្នូ តទៅ នេះ​បើតាម សេចក្ដីជូនដំណឹង​រប​ស់ សម្ដេចចៅហ្វា​វាំង គង់ សំអុល ចុះ​ថ្ងៃទី 17 វិច្ឆិកា 2022។

    យោងតាម​សេចក្ដីជូនដំណឹង ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​ដោយយោង​ទៅតាម​ព្រះរាជតម្រិះ​របស់ ព្រះមហាក្សត្រ​កម្ពុជា និង​ព្រះវររាជ​មាតា ជាទីគោរព​សក្កា​រះ​ដ៏​ខ្ពស់​ខ្ពស់ ក៏ដូចជា​យោងទៅលើ​លិខិត​របស់ ក្រសួងទេសចរណ៍​កម្ពុជា។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​របស់ ព្រះបរមរាជវាំង ដូចខាងក្រោម ៖

  • ​អគារ​ស្នាក់​នៅ​​ខ្ពស់​​ជាង​គេ​​លើ​​ពិភព​​លោក​ ត្រូវ​​បាន​​​បើក​​ការដ្ឋាន​​សាង​សង់​​ក្នុង​​សប្ដាហ៍​​នេះ

    ​អគារ​ស្នាក់​នៅ​​ខ្ពស់​​ជាង​គេ​​លើ​​ពិភព​​លោក​ ត្រូវ​​បាន​​​បើក​​ការដ្ឋាន​​សាង​សង់​​ក្នុង​​សប្ដាហ៍​​នេះ

    (អារ៉ាប់​រួម)-អគារ​ស្នាក់នៅ​កម្ពស់​ជាង 100 ជាន់​ដែលមាន​រចនាបថ​មកុដ​ពេជ្រ​រាងស្ដើង ត្រូវបាន​ចាប់ផ្ដើម​សាងសង់​នៅ ឌូ​បៃ របស់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE)។

    ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Binghatti របស់ UAE សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​ប្រណិត Jacob & Co ដើម្បី​សាងសង់​ស្ថាបត្យកម្ម​ថ្មី​នៅ​តំបន់ Business Bay ក្នុង​ទីក្រុង ឌូ​បៃ ដែល​គ្រោង​នឹង​ក្លាយជា​អគារ​ស្នាក់នៅ​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក ក្រោយពី​ស្ថាបនា​រួចរាល់ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​ថ្ងៃទី 17 វិច្ឆិកា។

    នាយក​ប្រតិបត្តិ​របស់ Binghatti លោក Muhammad Binghatti និង​ប្រធាន​ក្រុមហ៊ុន Jacob & Co លោក Jacob Arabo បាន​ទៅដល់​ទីតាំង​គម្រោង និង​ប្រកាស​បើក​ការដ្ឋាន​សាងសង់​អគារ​នេះ​កាលពី​ថ្ងៃទី 15 វិច្ឆិកា 2022។

    អគារ​ដែលមាន​ឈ្មោះថា Burj Binghatti Jacob & Co Residences មាន​ជាង 100 ជាន់ ប៉ុន្តែ​កម្ពស់​ពិតប្រាកដ​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។ ចំណែក​អគារ​ស្នាក់នៅ​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក​នាបច្ចុប្បន្ន​គឺ Central Park Tower ដែលមាន 98 ជាន់។ Central Park Tower ស្ថិតនៅក្នុង​ទីក្រុង New York សហរដ្ឋ​អាម៉េរិក មាន​កម្ពស់ 472.4 ម៉ែត្រ។

    រូបភាព​ស្ដីពី​រចនាបថ​របស់ Burj Binghatti Jacob & Co Residences មាន​រូបរាង​ស្ដើង ហើយ​កំពូល​របស់​វា​គឺជា​ស្ថាបត្យកម្ម​ដែល​ស្រដៀង​នឹង​មកុដ​ដាំ​ត្បូង​ពេជ្រ៕

  • អ៊ី​ឡុ​ន ម៉ាស (Elon Musk) ​ប្រកាស​​ថា ​មិន​​ចង់​​ធ្វើ​ជា ​CEO ​របស់​​ក្រុម​ហ៊ុន​​ណា​​ទាំង​អស់

    អ៊ី​ឡុ​ន ម៉ាស (Elon Musk) ​ប្រកាស​​ថា ​មិន​​ចង់​​ធ្វើ​ជា ​CEO ​របស់​​ក្រុម​ហ៊ុន​​ណា​​ទាំង​អស់

    «និយាយ​ដោយស្មោះ ខ្ញុំ​មិន​ចង់​ធ្វើជា CEO របស់​ក្រុមហ៊ុន​ណា​ទាំងអស់» សម្ដី​មួយ​ឃ្លា​នេះ​របស់​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស ដែលជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក ត្រូវបាន​លើកឡើង​នៅក្នុង​តុលាការ Chancery កាលពីពេលថ្មីៗនេះ។

    The Verge បាន​រាយការណ៍​ថា លោក ម៉ាស ទើបតែ​បានបង្ហាញ​វត្ត​មាននៅ​តុលាការ Chancery ក្នុង​រដ្ឋ Delaware សហរដ្ឋ​អាម៉េរិក ដើម្បី​បកស្រាយ​អំពី​កញ្ចប់​រង្វាន់​ធំ​សម្រាប់​តំណែង CEO របស់ Tesla។ សវនាការ​បានចាប់ផ្ដើម​ពី​ម្សិលមិញ ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា តើ​ក្រុមប្រឹក្សាភិបាល​របស់ Tesla មាន​សកម្ម​ភាពសមស្រប​មុនពេល​អនុម័ត​លើ​កញ្ចប់​រង្វាន់​តម្លៃ​ប្រហែល 52 លាន​ដុល្លារ​សម្រាប់​លោក ម៉ាស ឬទេ ហើយ​ថា តើ​លោក ម៉ាស បាន​បញ្ចេញ​ឥទ្ធិពល​ទៅលើ​ការសម្រេច​នេះដែរ ឬ​យ៉ាងណា?

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា នៅក្នុង​សវនាការ​នេះ លោក ម៉ាស បាន​រៀប​រាប់​ថា «និយាយ​ដោយស្មោះ ខ្ញុំ​មិន​ចង់​ធ្វើជា CEO របស់​ក្រុមហ៊ុន​ណា​ទាំងអស់»។

    យោងតាម The Verge លោក ម៉ាស បាន​បកស្រាយ​នូវ​មូលហេតុ​ដែលនាំឱ្យ​គាត់​មាន​អារម្មណ៍​ពិបាក​ទ្រាំ​ជាមួយនឹង​តំណែង​នេះ។ លោក ម៉ាស ក៏​បាន​និយាយថា «ខ្ញុំ​គិតថា នឹង​កាត់បន្ថយ​ពេលវេលា​នៅ Twitter និង​រក​នាយក​ប្រតិបត្តិ​ម្នាក់​មក​ជំនួស»។

    លោក ម៉ាស ថែមទាំង​គិតដល់​ការលាលែង​ពី​តំណែង CEO របស់ Tesla ទៀតផង នេះ​បើតាម James Murdoch អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ Tesla៕

  • កម្ពុជា ឈ្នះ​ពាន​រង្វាន់​ «អង្ករ​​ល្អ​​ជាង​គេ​​លើ​​ពិភព​លោក»​ ប្រចាំ​ឆ្នាំ ​2022

    កម្ពុជា ឈ្នះ​ពាន​រង្វាន់​ «អង្ករ​​ល្អ​​ជាង​គេ​​លើ​​ពិភព​លោក»​ ប្រចាំ​ឆ្នាំ ​2022

    «ពិតជា​កិត្តិយស​សម្រាប់​ប្រទេស​កម្ពុជា និង​មោទកភាព​របស់​ប្រជាជន​ខ្មែរ ដែល​អង្ករ​កម្ពុជា​បានឈ្នះ​ពានរង្វាន់ «អង្ករ​ល្អផ្តាច់គេ​លើ​ពិភពលោក» សាជាថ្មី (លើក​ទី 5) នៅក្នុង​វេទិកា​សន្និសីទ​អង្ករ​ពិភពលោក» នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

    នៅលើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នា​ថ្ងៃទី 17 វិច្ឆិកា 2022 នេះ ក្រសួង​បានប្រកាស​ចូលរួម​អបអរសាទរ​ចំពោះ​ដំណឹង​ដែលថា កម្ពុជា ឈ្នះ​ពានរង្វាន់ «អង្ករ​ល្អ​ជាងគេ​លើ​ពិភពលោក» ប្រចាំឆ្នាំ 2022។

    ក្រសួងពាណិជ្ជកម្ម​ ​​បាន​បញ្ជាក់ថា ការ​ឈ្នះ​ពានរង្វាន់ «អង្ករ​ល្អផ្តាច់គេ​លើ​ពិភពលោក» របស់ កម្ពុជា នេះ គឺ​នៅពេល កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ ដែល​រៀបចំឡើង​នៅ ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ នា​ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2022។​ ចំណែក​​ ​ក្រសួង​​ព័ត៌មាន វិញ ឱ្យ​ដឹង​ថា អង្ករកម្ពុជា ដែល​បាន​ឈ្នះ​ពាន​​រង្វាន់​ពិភពលោក​ នៅ​ខេត្តភូកេត នេះ​ គឺជា​ពូជអង្ករ “ផ្ការំដួល”។

    នេះ​គឺជា​លើក​ទី 5 ហើយ​ដែល កម្ពុជា បានឈ្នះ​ពានរង្វាន់​បែបនេះ បន្ទាប់ពី​បានឈ្នះ​កាលពី​ឆ្នាំ 2012, 2013, 2014 និង 2018។