Category: សង្គម និងសេដ្ឋកិច្ច

  • បី​ក្រុម​ដំបូង​ដែល​ឡើង​ដល់​​​វគ្គ 1/8 នៅ World Cup 2022

    បី​ក្រុម​ដំបូង​ដែល​ឡើង​ដល់​​​វគ្គ 1/8 នៅ World Cup 2022

    (កាតា) – បន្ទាប់ពី​ជុំ​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ World Cup 2022 ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី 28 វិច្ឆិកា ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ បាន​ឡើងទៅ​វគ្គ 1/8 ដែល បារាំង បាន​ឡើងដល់​មុនគេ។

    ទន្ទឹមនឹង 3 ប្រទេស​គឺ ប្រេ​ស៊ី​ល ព័រទុយហ្កាល់ និង បារាំង ដែល​បាន​ឡើងទៅ​វគ្គ 1/8 World Cup 2022 ក៏​ទើប​តែមាន 2 ក្រុម​ប៉ុណ្ណោះ​ដែល​ប្រាកដថា ត្រូវ​ជម្រុះ គឺ កាតា និង កាណាដា។ 27 ក្រុម​ដែល​នៅសល់​នឹងត្រូវ​ដណ្ដើម​កៅអី​ចំនួន 13 នៅក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 29 វិច្ឆិកា ដល់ 02 ធ្នូ 2022 ដើម្បី​ឡើងទៅ​កាន់​វគ្គ 1/8។

    ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ ត្រូវការ​តែ​ពិ​ន្ទុះ​ស្មើ​នៅក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​គឺអាច​ឈរលើ​កំពូល​តារាង ដើម្បី​ចៀសវាង​ការ​ប៉ះគ្នា​នៅ​វគ្គ 1/8។ បារាំង ក៏​ពិបាក​នឹង​បាត់បង់​តំណែង​លើ​គេ​នៅ​ពូ​ល D ដូច្នេះ អាច​ចៀសវាង​គូប្រជែង អា​ហ្ស​ង់​ទីន នៅ​វគ្គ​បន្ទាប់។ ប៉ុន្តែ Lionel Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ត្រូវតែ​ឈ្នះ ប៉ូឡូញ នៅក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ ទើប​មានឱកាស​អាច​គ្រប់គ្រង​ពូ​ល C។

    ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​នៅ​ពូ​ល A និង​ពូ​ល B នឹង​ចាប់ផ្ដើម​ពី​ម៉ោង 22 ថ្ងៃទី 29 វិច្ឆិកា និង​ម៉ោង 2 ថ្ងៃទី 30 វិច្ឆិកា (ម៉ោង​នៅ កម្ពុជា)។ នៅ​ពូ​ល A ក្រុម​អេក្វាទ័រ នឹង​ប៉ះ​ក្រុម​សេ​ណេ​ហ្កា​ល់ ចំណែក ហូ​ឡង់ ប៉ះ​នឹង កាតា។ ក្រុម​អេក្វាទ័រ និង ហូ​ឡង់ សុទ្ធតែ​ត្រូវការ​តែ​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​គឺអាច​ដើរទៅ​មុខ​បន្ត។

    នៅ​ពូ​ល B អង់គ្លេស ប្រកួត​ជាមួយ វ៉ែល​ស៍ ខណៈ អ៊ីរ៉ង់ ត្រូវ​ជួប សហរដ្ឋ​អាម៉េរិក។ អង់គ្លេស ឱ្យតែ​មិន​ចាញ់​ច្រើនជាង 2 គ្រាប់​គឺអាច​បន្តដំណើរ​បាន។ អ៊ីរ៉ង់ នឹង​បាន​ឡើង​ទៅលើ​បន្ត បើសិនជា សហរដ្ឋ​អាម៉េរិក ចាញ់ ក្នុងករណី​ដែល វ៉ែល​ស៍ មិន​ឈ្នះ អង់គ្លេស។ សហរដ្ឋ​អាម៉េរិក ត្រូវតែ​ឈ្នះ អ៊ីរ៉ង់ ទើបបាន​ឡើងទៅ​វគ្គ 1/8។ វ៉ែល​ស៍ ត្រូវការ​ឈ្នះ​លើ អង់គ្លេស ហើយ​រង់ចាំ អ៊ីរ៉ង់ ចែក​ពិ​ន្ទុះ​ជាមួយ សហរដ្ឋ​អាម៉េរិក៕

  • តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក​ធ្លាក់​មក​នៅ​ទាប​បំផុត​ក្នុង​រង្វង់ 11 ខែ​កន្លង

    តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក​ធ្លាក់​មក​នៅ​ទាប​បំផុត​ក្នុង​រង្វង់ 11 ខែ​កន្លង

    តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក ក្នុងការ​ជួញដូរ​នៅ​ថ្ងៃ​ដើម​សប្ដាហ៍ បាន​បន្ត​ថយចុះ​មក​នៅ​ទាប​បំផុត​ក្នុង​រង្វង់ 11 ខែ​កន្លង ដោយសារតែ​តម្រូវការ​ប្រើប្រាស់​ថយចុះ និង​ការរំពឹង​ដែលថា ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​កែលំអ។

    យោងតាម Reuters ប្រេង Brent ធ្លាក់​ថ្លៃ 2.6% នៅក្នុង​ការជួញដូរ​ក្នុង​ថ្ងៃ​ដើម​សប្ដាហ៍ ចុះមក​នៅ​ទាប​បំផុត​រាប់​ចាប់ពី​ខែមករា 2022 ខណៈដែល​ប្រេង WTI ធ្លាក់​ថ្លៃ​មក​នៅ​ទាប​បំផុត​រាប់​ចាប់ពី​ចុងខែ​ធ្នូ 2021។ មុន​នោះ តម្លៃ​របស់​ប្រេង​ឆៅ​ទាំងពីរ​ប្រភេទ​ខាងលើ​បាន​ធ្លាក់ចុះ​ជា​បន្ត​ក្នុង​សប្ដាហ៍​ទី 3 ព្រោះតែ​មានការ​បារម្ភ​អំពី​តម្រូវការ​ប្រើប្រាស់​របស់ ប្រទេស​ចិន និង​ផែនការ​កំណត់​តម្លៃ​ពិតាន​របស់​បណ្ដា​ប្រទេស​លោកខាងលិច ចំពោះ​ប្រេង​របស់ ប្រទេស​រុស្ស៊ី។

    ទន្ទឹមនឹងនេះ ការ​ងើបឡើង​នៃ​តម្លៃ​រូបិយវត្ថុ​ដុល្លារ​អាម៉េរិក និង​ពាក្យ​ចចាមអារ៉ាម​ដែល​និយាយថា អង្គការ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ​សហការ (OPEC+) នឹង​បង្កើន​ការផលិត​ប្រេង ក្រោយ​កិច្ចប្រជុំ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 04 ធ្នូ​ខាងមុខ ក៏​រួមចំណែក​ធ្វើឱ្យ​ប្រេង​ធ្លាក់​ថ្លៃ​ផងដែរ៕

  • គម្រោង​សាងសង់​កំពង់ផែ​ថ្មី​មួយទៀត​នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម នឹង​បើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ

    គម្រោង​សាងសង់​កំពង់ផែ​ថ្មី​មួយទៀត​នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម នឹង​បើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ

    តាម​ផែនការ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រើប្រាស់​រួម​របស់​គម្រោង​កំពង់ផែ​ថ្មី Lien Chieu នៅ​ភាគ​កណ្ដាល​របស់ ប្រទេស​វៀតណាម នឹង​ចាប់ផ្ដើម​ការស្ថាបនា​នៅ​ចុងឆ្នាំ 2022 ដោយមាន​ទុនវិនិយោគ​ជាង 3.4 ទ្រី​លាន​ដុង។

    យោងតាម​ព័ត៌មាន​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់ ក្រសួង​ដឹកជញ្ជូន​វៀតណាម កាលពី​ថ្ងៃទី 27 វិច្ឆិកា គម្រោង​សាងសង់​ខាងលើនេះ​គឺជា​សមាសភាគ A ក្នុងចំណោម​សមាសភាគ​ចំនួន 2 របស់​គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ Lien Chieu ដែលមាន​ទីតាំង​ស្ថិតក្នុង​ទីក្រុង Da Nang នៅ​ភាគ​កណ្ដាល​ប្រទេស។

    ខ្ទង់​ប្រាក់​វិនិយោគ​សម្រាប់​គម្រោង​សមាសភាគ A ដែល​ឡើងដល់​ជាង 3.4 ទ្រី​លាន​ដុង ប្រហែល​នឹង 137 លាន​ដុល្លារ​អាម៉េរិក​នេះ​គឺជា​ការបណ្ដាក់ទុន​រប​ស់រ​ដ្ឋ។ ចំណែក​សមាសភាគ B របស់​គម្រោង​កំពង់ផែ Lien Chieu ទាំងមូល នឹងមាន​ទំហំ 44 ហិកតា ដែលជា​ការវិនិយោគរ​បស់​វិស័យ​ឯកជន។

    កំពង់ផែ Lien Chieu គឺជា​កំពង់ផែ​មួយ​ក្នុងចំណោម​កំពង់ផែ​ទឹក​ជ្រៅ​ចំនួន 3 របស់ វៀតណាម។ កំពង់ផែ Lien Chieu ដែល​នឹង​ចាប់ផ្ដើម​ការសាងសង់​នៅ​ថ្ងៃទី 14 ធ្នូ 2022 ខាងមុខ នឹង​ទទួល​កប៉ាល់​កុងតឺន័រ​ដែល​អាច​ដឹក​បាន​ពី 6,000 ទៅ 8,000 TEU៕

  • គម្រោង​បង្កើត​សណ្ឋាគារ និង​រោងចក្រ​ថ្មី​ចំនួន 4 មាន​ទុនវិនិយោគ​ជិត 172 លាន​ដុល្លារ ទទួលបាន​ការអនុម័ត​រួចហើយ

    គម្រោង​បង្កើត​សណ្ឋាគារ និង​រោងចក្រ​ថ្មី​ចំនួន 4 មាន​ទុនវិនិយោគ​ជិត 172 លាន​ដុល្លារ ទទួលបាន​ការអនុម័ត​រួចហើយ

    ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​រសៀល​ថ្ងៃទី 28 វិច្ឆិកា 2022 នេះ បានប្រកាសថា សំណើសុំ​វិនិយោគ​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ 5 មួយកន្លែង រួម​នឹង​គម្រោង​បង្កើត​រោងចក្រ​ថ្មី 3 កន្លែង​ទៀត ត្រូវ​បានផ្ដល់​អាជ្ញាប័ណ្ណ​រួចហើយ។

    យោងតាម គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គម្រោង​វិនិយោគ​លើ​សណ្ឋាគារ​ផ្កាយ 5 ដែលមាន 582 បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក៏ដូចជា​មណ្ឌល​កម្សាន្ត​របស់​ក្រុមហ៊ុន MARITIME CITY CO., LTD ដែល​ទើបត្រូវ​បានផ្ដល់​វិញ្ញ​បន​ប​ត្រ​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺមាន​ទីតាំង​ស្ថិតនៅ​ភូមិ 2 សង្កាត់​លេខ 3 ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​ទុនវិនិយោគ​ប្រមាណ 164.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ជិត 1,500 កន្លែង។

    ក្រៅពី​គម្រោង​សណ្ឋាគារ​ខាងលើ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​រសៀល​នេះ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា បាន​ចេញ​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​ចំនួន 3 ផ្សេងទៀត ដែល​គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈប្រើប្រាស់ រួមមាន ៖

    ក្រុមហ៊ុន ONEPLUS NEW MATERIAL TECHNOLOGY CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ប្លា​ស្ទិ​ក គ្រឿង​តំណ​បំពង់​ទីប​ជ័រ​គ្រប់​ប្រភេទ និង​គ្រឿង​បន្ទាប់បន្សំ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន 5.5 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 70 កន្លែង។

    ក្រុមហ៊ុន JINLAI TEXTILES CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ភួយ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន 1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 100 កន្លែង។

    ក្រុមហ៊ុន XINJINCAI PLASTIC (CAMBODIA) CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ ធ្វើ​ពី​ប្លា​ស្ទិ​ក ស្កុ​ត និង​ស្ទិ​ក​ឃ័​រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន 1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 80 កន្លែង៕

  • ប្រភេទ​បន្លែ​សម្រាប់​ជ្រូក​នៅ​ស្រុកចំការ​ខ្មែរ បែរជា​មានតម្លៃ​ខ្ពស់​នៅ ប្រទេស​ជប៉ុន

    ប្រភេទ​បន្លែ​សម្រាប់​ជ្រូក​នៅ​ស្រុកចំការ​ខ្មែរ បែរជា​មានតម្លៃ​ខ្ពស់​នៅ ប្រទេស​ជប៉ុន

    នៅផ្ទះ​របស់ខ្ញុំ ក៏ដូចជា​អ្នកស្រុក​ចំការ​នៅ​ភូមិ​ខ្ញុំ (កម្ពុជា) កូនដើម​ចេក​គឺជា​បន្លែ​ដែល​អាច​យកមក​ធ្វើជា​មុខម្ហូប​មួយចំនួន ចំណែក​ដើម​ចេក​ចាស់ ចេក​ដែល​ប្រមូល​ផល​ផ្លែ​រួច តែង​ត្រូវ​អ្នកភូមិ​កាប់រំលំ​ចោល ឬ​កាប់​យកមក​ធ្វើជា​ចំណី​សម្រាប់​សត្វ​ចិញ្ចឹម មាន​ជ្រូក និង​គោ​ជាដើម ប៉ុន្តែ នៅ ប្រទេស​ជប៉ុន វិញ ដើម​ចេញ​ក្រមុំ​ត្រូវបាន​កាត់​លក់​ថ្លឹង​គីឡូ​ក្នុងតម្លៃ​ខ្ពស់​នៅក្នុង​ផ្សារ​ទំនើប។

    នៅ ប្រទេស​ជប៉ុន ដើម​ចេក​ដែលមាន​ទម្ងន់​ពី 400-500 ក្រាម ប្រវែង​ប្រហែល 10 សម ត្រូវបាន​ដាក់លក់​នៅ​ផ្សារ​ទំនើប​ក្នុងតម្លៃ​រហូតដល់ 1,400 យ៉េន ប្រហែល​នឹង 42,000 រៀល។ មិនមែនជា​រឿង​ចម្លែក​ឡើយ​ដែល ជនជាតិ​ជប៉ុន ផ្ដល់​តម្លៃ​ខ្ពស់​ទៅលើ​ដើម​ចេក។

    យោងតាម​អ្នកវិទ្យាសាស្ត្រ និង​វេជ្ជបណ្ឌិត ដើម​ចេក​ទាំងមូល​សុទ្ធ​តែមាន​ប្រយោជន៍​ចំពោះ​សុខភាព។ ដើម​ចេក​ផ្ទុក​សារជាតិ​កាក​សរសៃ​ច្រើន ល្អ​សម្រាប់​អ្នក​ដែលមាន​បំណង​សម្រក​ទម្ងន់។ ដើម​ចេក​ក៏​ផ្ទុក​សារជាតិ ប៉ូ​តា​ស្យូ​ម វីតាមីន B6 និង​សារជាតិ​ចិញ្ចឹម​ជាច្រើន​ទៀត។ ស្លឹកចេក​ខ្ចី​ក៏​ជា​ថ្នាំ​ដ៏​ល្អ​ផងដែរ​នៅក្នុង​ឱសថ​បុរាណ។ ក៏ប៉ុន្តែ ល្អ​បំផុត​គួរ​ហូប​ក្រោម 5 ដង​ក្នុង​មួយ​សប្ដាហ៍ ព្រោះថា បើ​ហូប​ច្រើនជាង​នេះ​អាចធ្វើឱ្យ​ទល់លាមក។

    ដើម​ចេក​គឺជា​ប្រភេទ​បន្លែ​ដែល​ត្រូវបាន​គេ​វាយតម្លៃថា ស្អាត សុវត្ថិភាព ងាយស្រួល​ដាំ និង​មិនចាំបាច់​បាញ់ថ្នាំ​គីមី​ដូច​ប្រភេទ​បន្លែ​ដទៃ៕

    ដើមចេកនៅ​ផ្សារ​ទំនើប​បរទេស
    ដើម​ចេកអាច​យក​ធ្វើម្ហូប​បាន​ច្រើនមុខ​
  • ប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ស្វែងយល់អំពីឱកាសបង្កើនការវិនិយោគ និងពាណិជ្ជកម្មនៅ កម្ពុជា

    ប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ស្វែងយល់អំពីឱកាសបង្កើនការវិនិយោគ និងពាណិជ្ជកម្មនៅ កម្ពុជា

    ប្រតិភូ​សមាគម​ធុរកិច្ច​ថៃ-កម្ពុជា នា​ព្រឹក​មិញ​នេះ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​របស់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា។

    នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី 28 វិច្ឆិកា 2022 ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ជូន លោក Voratat Tantimongkolsuk ប្រធាន​ថ្មី​របស់ សមាគម​ធុរកិច្ច​ថៃ-កម្ពុជា រួម​នឹង​សមាជិក​ប្រតិភូ ចូលជួប​ពិភាក្សា​ការងារ​ស្ដីពី​វិស័យ​ធុរកិច្ច​រវាង ប្រទេស​ថៃ និង កម្ពុជា។

    លោក Voratat Tantimongkolsuk ប្រធាន​សមាគម​ធុរកិច្ច​ថៃ-កម្ពុជា បាន​ថ្លែងថា គោលបំណង​នៃ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សមាគម​ធុរកិច្ច​ថៃ-កម្ពុជា នាពេលនេះ គឺ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការបង្កើន​ឱកាស​ពាណិជ្ជកម្ម វិនិយោគ ពង្រីក​បណ្តាញ​ទីផ្សារ រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត។

    ក្នុងជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ជួយ​ឱ្យ គណៈប្រតិភូ​នៃ សមាគម​ធុរកិច្ច​ថៃ-កម្ពុជា ជ្រាប​ច្បាស់​ថែមទៀត​ពី​សក្តានុពល​របស់​កម្ពុ​ជា សម្រាប់​ការវិនិយោគ​នាពេល​បច្ចុប្បន្ន។

    យោងតាម​ប្រសាសន៍​របស់ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើកំណែទម្រង់​ការផ្តល់​សេវាសាធារណៈ និង​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ ការចុះបញ្ជី​ក្រុមហ៊ុន និង​ការចុះបញ្ជី​ម៉ាក ដែលមាន​ភាពងាយស្រួល តម្លាភាព និង​ប្រសិទ្ធភាព​ជាង​មុន។

    ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់ គណៈប្រតិភូ​សមា​គ​មធុ​រ​កិច្ច​ថៃ-កម្ពុជា ប្រើប្រាស់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ដែល កម្ពុជា ជា​សមាជិក ដើម្បី​បង្កើន​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំងពីរ៕

  • គម្រោង​ស្ថាបនា​ផ្លូវ​រូង​ខ្នាត​ធំ​ក្រោម​សមុទ្រ ប្រវែង 900 ម៉ែត្រ រួចរាល់​ជា​ស្ថាពរ

    គម្រោង​ស្ថាបនា​ផ្លូវ​រូង​ខ្នាត​ធំ​ក្រោម​សមុទ្រ ប្រវែង 900 ម៉ែត្រ រួចរាល់​ជា​ស្ថាពរ

    (ប្រទេស​ចិន)-រូង​ក្រោម​ដី​សម្រាប់​ផ្លូវដែក​ត​ភ្ជាប់ Macao និង​កោះ Hengqin ដែល​ស្ថាបនា​ដោយ​ម៉ាស៊ីន​ជីក​រូង​ក្រោម​ដី​ខ្នាត​យក​ប្រវែង 87 ម៉ែត្រ បាន​រួចរាល់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅថ្មីៗនេះ។

    ផ្លូវ​រូង​ក្រោម​សមុទ្រ​ដែលមាន​អង្កត់ផ្ចិត​ធំ​សម្រាប់​រថភ្លើង​ធុន​ស្រាល ដែល​ត​ភ្ជាប់​តំបន់​រដ្ឋបាល​ពិសេស Macao (SAR) ជាមួយនឹង​កោះ Hengqin ខេត្ត Guangdong ប្រទេស​ចិន ត្រូវបាន​ស្ថាបនា​រួចរាល់​កាលពី​ថ្ងៃទី 25 វិច្ឆិកា 2022។

    ផ្លូវ​រូង​នេះ​មាន​អង្កត់ផ្ចិត​ខាងក្រៅ និង​ខាងក្នុង​ប្រវែង​ជា​បន្តបន្ទាប់​គឺ 7.7 ម៉ែត្រ និង 7 ម៉ែត្រ។ ផ្លូវ​រូង​នេះ​ស្ថិតក្នុង​គម្រោង Hengqin Line ដែលជា​ផ្នែក​ពង្រីក​បន្ថែម​របស់​ប្រព័ន្ធ​ដឹកជញ្ជូន​រហ័ស​ធុន​ស្រាល (LRT) របស់ Macao។ គម្រោង Hengqin Line មាន​ប្រវែង​សរុប 2.2 គីឡូ​ម៉េ​ត្រ ក្នុងនោះ 900 ម៉ែត្រ​គឺជា​ផ្លូវ​រូង​ក្រោម​សមុទ្រ។

    ដើម្បី​ដោះស្រាយ​បញ្ហា​ដី​ទន់​នៅ​ជុំវិញ​ផ្លូវ​រូង ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់​ស្ថាបនា​ផ្លូវដែក​ចិន បាន​ផលិត​ម៉ាស៊ីន​ជីក​រូង​ដែលមាន​ខែល​ការពារ​សម្ពាធ EPB។ នេះ​គឺជា​ម៉ាស៊ីន​ធំ​បំផុត​ក្នុង​ប្រភេទ​នេះ​ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​នៅ Macao ដោយមាន​អង្កត់ផ្ចិត​ប្រវែង 7.98 ម៉ែត្រ និង​បណ្ដោយ 87 ម៉ែត្រ។

    ម៉ាស៊ីន​ខ្នាត​យក្ស​នេះ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វៃ មានដូចជា​ប្រព័ន្ធ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​ទំនើប ដែល​ជួយ​ធានា​សុវត្ថិភាព​របស់​សំណង់។

    តាម​ផែនការ គម្រោង​ខាងលើនេះ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំ 2024។ នេះ​គឺជា​ផ្លូវ​សម្រាប់​ប្រជាជន​ទៅមក​រវាង​តំបន់ Macao និង Hengqin និង​ជួយ​បង្កើន​កិច្ចសហការ​ក្នុង​តំបន់​ឈូ​ត​សមុទ្រ Guangdong – Hong Kong – Maocao ផងដែរ៕

  • World Cup 2022 – អង្គភាព​ពិសេស​របស់ FIFA ​ប្រឆាំង​​​ឧបាយកល​​​នៃ​ការ​រៀបចំ​លទ្ធផល​ជា​មុន​

    World Cup 2022 – អង្គភាព​ពិសេស​របស់ FIFA ​ប្រឆាំង​​​ឧបាយកល​​​នៃ​ការ​រៀបចំ​លទ្ធផល​ជា​មុន​

    ក្រុមហ៊ុន​បច្ចេកវិទ្យា​កីឡា​របស់ ស្វ៊ី​ស Sportradar ត្រូវបាន FIFA ប្រគល់​ភារកិច្ច​ស្វែងរក​ភាពមិនប្រក្រតី​នៅក្នុង​ទីផ្សារ​ល្បែងភ្នាល់ ដើម្បី​វែក​រកមុខ​ការប្រកួត​ដែល​សង្ស័យថា មានការ​រៀបចំ​លទ្ធផល​ជាមុន។

    Sportradar តាមដាន​ការប្រកួត​ទាំង 64 នៅក្នុង​តារាង​កាលបរិច្ឆេទ​ប្រកួត។ ក្រៅពី​ភា​រិ​កិ​ច្ចនេះ ពួកគេ​ក៏​សហការ​ជាមួយ ការិយាល័យ​ស៊ើបអង្កេត​សហរដ្ឋ​អាម៉េរិក (FBI) និង​ប៉ូលិស​អន្តរជាតិ (Interpol) ផងដែរ។

    «បាល់ទាត់​គឺជា​កីឡា​ដែល​ទាក់ទាញ​បំផុត​ចំពោះ​ក្រុម​អ្នករៀបចំ​ឧបាយកល​គ្រប់គ្រង​លទ្ធផល។ នៅ World Cup ឆ្នាំនេះ យើង​សន្និដ្ឋានថា ការប្រកួតនីមួយៗមានការ​ភ្នាល់​រហូតដល់​ជាង 1 ពាន់​លាន​ដុល្លារ​អាម៉េរិក» Andreas Krannich ដែលជា​មេដឹកនាំ​មួយរូប​នៅ Sportradar និយាយ​អំពី​កម្រិត​នៃ​សកម្មភាព​នៅក្នុង​ទីផ្សារ​ល្បែងភ្នាល់ ក្នុង​រដូវ​កាល World Cup 2022។ ចំណែក​ទស្សនាវដ្ដី​អាម៉េរិក Forbes បាន​ព្យាករ​ថា ប្រាក់​ភ្នាល់​បាល់​សរុប​នៅ​រដូវ​កាល​បាល់ទាត់​ពិភពលោក​នៅ កាតា នឹង​ឡើងដល់ 160 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    Krannich យល់ថា កីឡាករ និង​អាជ្ញាកណ្ដាល​ដែល​សុខចិត្ត​ទទួល​សំណូក​នឹង​ដូច​ទៅនឹង​មេដឹកនាំ​អាក្រក់​នៅ​ក្រុង​ហិរញ្ញវត្ថុ Wall Street របស់ New York។ «ការរៀបចំ​លទ្ធផល​បាល់ទាត់​ក៏​ដូច​ទៅនឹង​ការជួញដូរ​ភាគហ៊ុន​ខុសច្បាប់។ ឱ្យ​តែមាន​ព័ត៌មាន​ផ្ទៃក្នុង​ពេល​ណា​ ​គឺ​ប្រាក់​ច្រើនសន្ធឹក​នឹងត្រូវ​បាន​គេ​ជះ​ចូល»។

    យោងទៅតាម​គោលការណ៍​ស្នូល​​នេះ ក្រុម​អ្នកជំនាញ​នៅ Sportradar នឹង​កត់ត្រា​ភាពមិនប្រក្រតី​ដែល​បាន​ប្រែប្រួល​នៅក្នុង​ទីផ្សារ​ល្បែងភ្នាល់។ សញ្ញា​គន្លឹះ​ចំនួន​ពីរ​ដែល​អាច​ប្រាប់ថា ការប្រកួត​មួយ​​មាន​ធាតុ​ផ្សំ​ពី​ល្បែង​ចាក់​ភ្នាល់ នោះ​គឺ​ការប្រែប្រួល​ខ្លាំង​របស់​គណនី​ភ្នាល់​ដែល​ត្រូវបាន​គេ​ចុះឈ្មោះ និង​លំហូរ​នៃ​ប្រាក់​ភ្នាល់​ទៅលើ​ការប្រកួត​នោះ។ Krannich ឱ្យដឹងថា គ្រាន់តែ​មើលទៅ​លើ​ចំនួន​ទឹកប្រាក់​ក៏​ដឹងថា​ក្រុម​ណា​នឹង​ឈ្នះ។

    អង្គភាព​ពិសេស​ប្រឆាំង​ល្បែង​ភ្នាល់ Sportradar នៅ​ World Cup 2022

    នៅ Word Cup 2018 Sportradar ធ្លាប់ជួយ​ដល់​សមត្ថកិច្ច​រកឃើញ​ករណី​រៀបចំ​លទ្ធផល​ក្នុងការ​ប្រកួត​រវាង អាហ្វ្រិក​ខាងត្បូង-សេ​ណេ​ហ្កា​ល់ នៅ​វគ្គ​ជម្រុះ​តំបន់ កាលពី​ថ្ងៃទី 12 វិច្ឆិកា 2016។ ពេលនោះ អាជ្ញាកណ្ដាល Joseph Lamptey ជនជាតិ​ហ្កា​ណា អនុញ្ញាតឱ្យ អាហ្វ្រិក​ខាងត្បូង ទាត់​បាល់​ពិន័យ​ក្រោម​មូល​ហេតុថា ខ្សែការពារ Kalidou Koulibaly លេង​បាល់​ដោយ​ដៃ បើទោះជា​ការពិត​បង្ហាញ​ថា បាល់​បាន​ប៉ះ​ជើង​កីឡាករ​នេះ។

    ចុងក្រោយ អាហ្វ្រិក​ខាងត្បូង បានឈ្នះ 2-1។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក Sportradar និង​ដៃគូ​សហការ​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏បាន​ប្រកាស​ទិន្នន័យ និង​ភ័ស្ដុតាង​ស្ដីពី​ការប្រែប្រួល​ខុស​ប្រក្រតី​នៅលើ​ទីផ្សារ​ភ្នាល់ និង​បង្ហាញថា ក្រុមអ្នកលេង​ល្បែងភ្នាល់​បានដឹង​លទ្ធផល​មុន។ ក្រោយពី​មាន​លទ្ធផល​នៃ​ការស៊ើបអង្កេត FIFA ក៏បាន​សម្រេចចិត្ត​ព្យួរការងារ​ជា​អាជ្ញាកណ្ដាល​របស់ Joseph Lamptey ជា​រៀងរហូត។

    កាលពី​ឆ្នាំ​កន្លង Sportradar បាន​រកឃើញ 500 ប្រកួត​ដែល​គួរឱ្យ​សង្ស័យ ប៉ុន្តែ​ឆ្នាំនេះ គិត​ត្រឹម​ពាក់កណ្ដាល​ខែវិច្ឆិកា ពួកគេ​រកឃើញ 700 ករណី។ ចំណែក​ទិន្នន័យ​រួម​បង្ហាញថា មាន 1,100 ប្រកួត​គួរឱ្យ​សង្ស័យ ខណៈដែល​ពេញ​មួយឆ្នាំ​កន្លង មាន 903 ករណី៕

  • ផ្ទុះ​អំពើហិង្សា​នៅ បែ​ហ្ស៊ិ​ក ក្រោយ​ចាញ់ ម៉ា​រ៉ុ​ក នៅ World Cup 2022

    ផ្ទុះ​អំពើហិង្សា​នៅ បែ​ហ្ស៊ិ​ក ក្រោយ​ចាញ់ ម៉ា​រ៉ុ​ក នៅ World Cup 2022

    អ្នកគាំទ្រ​ដែលមាន​កំហឹង នាំគ្នា​វាយបំផ្លាញ ដុត​រថយន្ត​នៅឯ រដ្ឋធានី​ព្រូច​សែ​ល និង​ទីក្រុង​មួយចំនួន ក្រោយពី​ក្រុម​ជម្រើសជាតិ​របស់ បែលហ្ស៊ិក ចាញ់ 0-2 ក្នុងការ​ប្រកួត​ជាមួយ ម៉ា​រ៉ុ​ក នៅ World 2022 ក្នុង​ ប្រទេស​កាត។

    «មុនពេល​បញ្ចប់​ការប្រកួត មនុស្ស​រាប់សិប​នាក់ ក្នុងនោះ​មាន​មនុស្ស​មួយចំនួន​ដែល​ពាក់អាវ​គ្រប​ជិត​ក្បាល បាន​ប៉ះទង្គិច​ជាមួយនឹង​ក្រុមប៉ូលិស បង្ក​អសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ» ប៉ូលិស​នៅ រដ្ឋធានី​ព្រូច​សែ​ល ប្រទេស​បែលហ្ស៊ិក ប្រកាស​កាលពី​ថ្ងៃទី 27 វិច្ឆិកា ស្ដីពី​ករណី​អំពើហិង្សា​ដែល​បានកើត​ឡើង​នៅ​ប្រទេស​នេះ​ក្នុង​ថ្ងៃ​ជាមួយគ្នា បន្ទាប់ពី​ក្រុមបាល់ទាត់​របស់ បែលហ្ស៊ិក ចាញ់ ក្រុម​ម៉ា​រ៉ុ​ក នៅ World Cup 2022។

    យោងតាម​ប៉ូលិស​របស់ បែលហ្ស៊ិក មនុស្ស​រាប់សិប​នាក់​បាននាំគ្នា​វាយ​បំបែក​ទ្វារ​​កញ្ចក់​របស់​ហាង​ទំនិញ គប់​កាំជ្រួច និង​ដុត​រថយន្ត​នៅតាម​ដងផ្លូវ។ អ្នកនាំពាក្យ​របស់​ប៉ូលិស ឱ្យដឹងថា មនុស្ស​មួយចំនួន​ថែមទាំង​កាន់ដំបង ខណៈ​អ្នកយកព័ត៌មាន​ម្នាក់​រងរបួស។

    ប៉ូលិស​ប្រហែល 100 នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​បង្ក្រាប​អំពើហិង្សា ក្នុងពេល​ប្រជាជន​ត្រូវបាន​ព្រមាន​ឱ្យ​ចៀសវាង​តំបន់​មួយចំនួន​នៅ​កណ្ដាល​ក្រុង។ ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ ព្រួច​សែ​ល ត្រូវ​បិទទ្វារ ហើយ​មួយចំនួន​ត្រូវបាន​បិទ​ខ្ទប់​ដើម្បី​ចៀសវាង​ការ​រាលដាល​នៃ​អំពើហិង្សា។

    ឧទ្ធម្ភាគចក្រ​តាមដាន​ហេតុការណ៍​ហោះ​ឆ្វែល​លើ​អាកាស​របស់​ទីក្រុង មុនពេល​សណ្ដាប់ធ្នាប់​ត្រូវបាន​ស្ដារឡើងវិញ​នៅវេលា​ម៉ោង​ប្រហែល 19 (ម៉ោង 01 ថ្ងៃទី 28 វិច្ឆិកា នៅ កម្ពុជា)។ ប៉ូលិស​បែលហ្ស៊ិក ឱ្យដឹងថា មនុស្ស​ប្រហែល 11 នាក់​ត្រូវបាន​ចាប់ខ្លួន។

    ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក កាលពី​ថ្ងៃទី 27 វិច្ឆិកា បាន​ចាក់​ក្រុម​របស់ ប្រទេស​ម៉ា​រ៉ុ​ក 0-2 ក្នុងការ​ប្រកួត​នៅ​ពូ​ល F នៃ World Cup 2022៕

  • គ្រាន់តែ​កន្លែង​ចត​ឡាន​មួយ​សោះ មានតម្លៃ​រហូតដល់​ជាង 300,000 ដុល្លារ​អាម៉េរិក

    គ្រាន់តែ​កន្លែង​ចត​ឡាន​មួយ​សោះ មានតម្លៃ​រហូតដល់​ជាង 300,000 ដុល្លារ​អាម៉េរិក

    (សហរដ្ឋ​អាម៉េរិក) – ទឹកប្រាក់ 300,000 ដុល្លារ​អាម៉េរិក គឺ​គ្រប់គ្រាន់​សម្រាប់​ទិញ​ផ្ទះមួយ​ខ្នង​ដ៏​ស្រស់ស្អាត និង​ធំ​ទូលាយ​នៅ កម្ពុជា ប៉ុន្តែ ចំនួន​ទឹកប្រាក់​នេះ​អាច​ទិញ​បានតែ​កន្លែង​ចត​ឡាន​មួយ​ប៉ុណ្ណោះ​នៅ​ទីក្រុង New York សហរដ្ឋ​អាម៉េរិក។

    ទីក្រុង New York ថ្មីៗនេះ​បានក្លាយ​ជាទី​ដែល​ការចំណាយ​លើ​ការចត​ឡាន មាន​កម្រិត​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក។ យោងតាម Parkopedia ជា​មធ្យម ម្ចាស់​ឡាន​នៅទីនេះ​នឹងត្រូវ​បង់ថ្លៃ​ប្រហែល 43.1 ដុល្លារ​សម្រាប់​ការចត​ឡាន 2 ម៉ោង ហើយ​ថ្លៃ​ចត​ឡាន​ប្រចាំថ្ងៃ​គឺ​ប្រហែល 52.65 ដុល្លារ/8 ម៉ោង។

    ក៏ប៉ុន្តែ CNBC បែរជា​បានឱ្យដឹងថា ខាងលើនេះ​គ្រាន់តែ​ជា​តម្លៃ​នៅតាម​ទីតាំង​ផ្ញើ​ឡាន​បែប​ប្រពៃណី​ប៉ុណ្ណោះ។ ចំពោះ​ទីតាំង​ចត​ឡាន​បច្ចេកវិទ្យា​ខ្ពស់​នៅ New York ខ្ទង់​ប្រាក់​ដែល​អាច​កាន់កាប់​កន្លែង​ចត​ឡាន​មួយ​បាន គឺ​ចាប់ពី 300,000 ដល់ 600,000 ដុល្លារ​អាម៉េរិក/មួយកន្លែង។

    យោងតាម CNBC មូលហេតុ​មួយ​ក្នុងចំណោម​កាតា​ដែលនាំឱ្យ​ទីតាំង​ចត​ឡាន​នេះ​មានតម្លៃ​ខ្ពស់​គឺ​ដោយសារ​វា​ត្រូវបាន​សាងសង់ឡើង​សម្រាប់តែ​ក្រុម​អភិជន​ដែល​ស្នាក់នៅ​ក្នុង​អគារប្រណិត។

    កាលពី​ដើមខែ​នេះ អ្នកស្រី Lori Alf (អាយុ 50 ឆ្នាំ) បាន​ទិញ​ខុន​ដូ 2 ជាន់​ក្នុងតម្លៃ 9.45 លាន​ដុល្លារ នៅ Manhattan (New York) និង​ទទួលបាន​កាដូ​អម​មួយ​ដែលជា​កន្លែង​ចត​ឡាន​មួយកន្លែង​តម្លៃ 300,000 ដុល្លារ នៅក្នុង​ទីតាំង​ចត​ឡាន​បច្ចេកវិទ្យា​ខ្ពស់​របស់​អគារ។

    កន្លែង​ចត​ឡាន​បច្ចេកវិទ្យា​ខ្ពស់​

    យោងតាម​អ្នកស្រី Lori នេះ​គឺជា​ខ្ទង់​ប្រាក់​ដ៏​សមស្រប ព្រោះថា​ពេលនេះ នៅពេល​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ ត្រូវការ​កន្លែង​ចត​ឡាន ពួកគេ​គ្រាន់តែ​បើកឡាន​ចូលទៅក្នុង​ទីលាន​រង់ចាំ ស្កេ​ន​កាត ID និង​ចុះ​ពីលើ​ឡាន។ ក្រោយមក ការងារ​ដែល​នៅសល់​បន្ទាប់​នឹងត្រូវ​បានប្រគល់​ឱ្យ​រ៉ូ​បូត៕