Category: សង្គម និងសេដ្ឋកិច្ច

  • (World Cup 2022)- ភរិយា​របស់ Messi បញ្ចេញ​ភាព​ទាក់ទាញ​នៅ កាតា

    (World Cup 2022)- ភរិយា​របស់ Messi បញ្ចេញ​ភាព​ទាក់ទាញ​នៅ កាតា

    Antonela Roccuzzo ភរិយា​របស់​កំពូល​តា​រា​បាល់ទាត់​អា​ហ្ស​ង់​ទីន Lionel Messi ចូលចិត្ត​អាវ​បញ្ចេញ​ផ្ចិត ឈុត​រឹប​រាង​នៅពេល​ទៅ​គាំទ្រ​ស្វាមី​នៅ World Cup 2022 និង​ដើរ​ទេសចរណ៍​នៅ ប្រទេស​កាតា។

    យោងតាម​សារព័ត៌មាន​បរទេស អ្នកស្រី Antonela Roccuzzo បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​នៅពេល​មកដល់ រដ្ឋធានី​ដូ​ហា របស់ កាតា។ អ្នកស្រី​តែងតែ​ទទួលបាន​ការស្នើសុំ​ថតរូប​ជាមួយ​នៅពេល​ដើរ​កំសាន្ត​ក្នុង​ក្រុង ក៏ដូចជា​នៅតាម​ហាង។ ស្ត្រី​មានកូន 3 នាក់​រួចទៅហើយ​នេះ ក៏​ទទួលបាន​ការសរសើរ​ថា ស្លៀកពាក់​ទាន់សម័យ ប្រកបដោយ​ថាមពល។

    ភរិយា​របស់ Messi និងកូនៗបាន​នៅក្បែរ​គ្នា​អស់​រយៈពេល 15 ឆ្នាំ​ហើយ ក្នុងនោះ​កូនប្រុស​ទាំង 3 របស់​ពួកគេ​មាន​អាយុ​បន្តបន្ទាប់​គឺ 10 ឆ្នាំ, 7 ឆ្នាំ និង 4 ឆ្នាំ។ Antonela គឺជា​អ្នក​ចូលចិត្ត​វិស័យ​ម៉ូ​ដែល និង​ត្រូវបាន​គេ​ស្គាល់​ច្រើន​នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​អន្តរជាតិ។ អ្នកស្រី​ថែមទាំង​ផ្សាយពាណិជ្ជកម្ម​ឱ្យ​យីហោ​សម្លៀកបំពាក់​ជាច្រើន​ទៀតផង។

    នៅពេល​ទៅ​លើកទឹកចិត្ត​ស្វាមី​ក្នុងការ​ប្រកួត​រវាង អា​ហ្ស​ង់​ទីន និង អូស្ត្រាលី កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 04 ធ្នូ ស្រី​ស្អាត​នេះ​ពាក់អាវ​កីឡា និង​ខោ​ខូវ​ប៊ូ​យ​រហែក បែប​យុវវ័យ។ ខោ​ខូវ​ប៊ូ​យ​របស់ Bershka នេះ​មានតម្លៃ 50 ដុល្លារ​អាម៉េរិក។

    Antonela និងកូនៗទស្សនាការ​ប្រកួត​រវាង អា​ហ្ស​ង់​ទីន និង ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី 26 វិច្ឆិកា។ អ្នកស្រី​ពាក់អាវ​កីឡា​បញ្ចេញ​ផ្ចិត និង​ខោ​ខូវ​ប៊ូ​យ​របស់ Zara៕

  • (World Cup 2022)- ភរិយា និង​កូន​ៗមក​សួរសុខទុក្ខ Ronaldo មុន​ពេល​ចូល​ប្រកួត​​នៅ​វគ្គ 1/8

    (World Cup 2022)- ភរិយា និង​កូន​ៗមក​សួរសុខទុក្ខ Ronaldo មុន​ពេល​ចូល​ប្រកួត​​នៅ​វគ្គ 1/8

    កំពូល​តារាបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ជួប​ភរិយា Georgina Rodriguez រួម​នឹងកូនៗ នៅ​មុនពេល​ប្រកួត​ជាមួយ​ក្រុម​របស់ ស្វ៊ី​ស នៅ​វគ្គ 8 ក្រុម​របស់ World Cup 2022។

    អ្នកស្រី Georgina Rodriguez រួម​នឹងកូនៗបាន​ទៅកាន់ កាតា តាំងពី​ថ្ងៃទី 02 ធ្នូ និង​បាន​ចូលរួម​តាមដាន​ការប្រកួត​ចាញ់ កូរ៉េខាងត្បូង 1-2 របស់ ព័រទុយហ្កាល់ នៅ​វគ្គ​ចែក​ពូ​ល។ មួយថ្ងៃ​ក្រោយ Ronaldo បាន​ជួប​ភរិយា និងកូនៗ​ក្នុង​​ថ្ងៃ​​ឈប់​សម្រាក​​របស់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។ Georgina ក៏​ចែករំលែក​រូបថត​រួមជាមួយ​កំពូល​តារាបាល់ទាត់​វ័យ 37 ឆ្នាំ នៅឯ​សណ្ឋាគារ​ផងដែរ។

    ការជួបជុំ​ប្រពន្ធ​កូន​គឺជា​ការលើកទឹកចិត្ត​ដ៏​ធំ​សម្រាប់ Ronaldo នៅមុន​ការប្រកួត​សំខាន់​នៅ​វគ្គ 8 ក្រុម ដែលជា​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out)។ មុន​នោះ ក្រុម​ជម្រើសជាតិ​មួយចំនួន មានដូចជា អង់គ្លេស អាល្លឺម៉ង់ បែលហ្ស៊ិក ហូ​ឡង់ ជាដើម ក៏បាន​អនុញ្ញាតឱ្យ​កីឡាករ​របស់​ពួកគេ​ជួបជុំ​ប្រពន្ធ​កូន​នៅពេល​ចូលរួម​ប្រកួត​នៅ World Cup 2022។

    Ronaldo និង​ក្រុម​ព័រទុយហ្កាល់ នឹង​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ក្នុង​វគ្គ 1/8 របស់ World Cup 2022នៅវេលា​ម៉ោង 2 ថ្ងៃទី 07 ធ្នូ (ម៉ោង​នៅ កម្ពុជា)៕

  • គម្រោង​​ស្ថាបនា​​ស្ពាន​ខ្សែ​កាប​ឫស្សី​កែវ​ឆ្លង​កាត់​ទន្លេ​សាប​ សម្រេច​លទ្ឋផល​បាន​ជិត​ 90%

    គម្រោង​​ស្ថាបនា​​ស្ពាន​ខ្សែ​កាប​ឫស្សី​កែវ​ឆ្លង​កាត់​ទន្លេ​សាប​ សម្រេច​លទ្ឋផល​បាន​ជិត​ 90%

    ដំណើរការ​នៃ​ការស្ថាបនា​ស្ពាន​ខ្សែកាប​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​នៅ រាជធានី​ភ្នំពេញ សម្រេចបាន ៨៩% គិត​ត្រឹម​ថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2022។

    នា​ថ្ងៃទី 05 ធ្នូ 2022 នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ដំណើរការ​នៃ​ការស្ថាបនា​ស្ពាន​ខ្សែកាប​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​នៅ រាជធានី​ភ្នំពេញ សម្រេចបាន ៨៩% ហើយ គិត​ត្រឹម​ថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2022។

    ស្ពាន​នេះ​មាន​ប្រវែង 922 ម៉ែត្រ និង​ទទឹង 20.5 ម៉ែត្រ។ សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន​មាន​កម្ពស់ 34 ម៉ែត្រ ។ ស្ពាន​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន OCIC នេះ មាន​សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន 4 ដែលមាន​កម្ពស់ 40 ម៉ែត្រ និង​មាន 4 គន្លង​សម្រាប់ធ្វើ​ចរាចរណ៍ គឺ 2 ទៅ និង 2 មក។

    គម្រោង​ស្ពាន​នេះ នឹង​បង្កើត​លំហូរ​ចរាចរណ៍​ថ្មី ដែល​ត​ភ្ជាប់​ផ្លូវជាតិ​លេខ 5 របស់​ខណ្ឌឫស្សីកែវ និង​ផ្លូវជាតិ​លេខ 6 របស់ ខណ្ឌ​ជ្រោយចង្វារ ព្រមទាំង​ត​ភ្ជាប់​ចរាចរណ៍​របស់​ទីក្រុង​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផងដែរ។

    យោងតាម​ផែនការ គម្រោង​ស្ថាបនា​ស្ពាន​ខ្សែកាប​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប ដែល​ចំណាយ​ទឹកប្រាក់​ក្នុងការ​សាងសង់​ 35 លាន​ដុល្លារ​អាម៉េរិក​នេះ នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅក្នុង​ខែមេសា​ឆ្នាំក្រោយ។

  • ក្រសួង​​សេដ្ឋ​កិច្ច​​ចេញ​​សេចក្តី​សម្រេច​​ស្ដី​ពី ​«កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​អតិផរណា»

    ក្រសួង​​សេដ្ឋ​កិច្ច​​ចេញ​​សេចក្តី​សម្រេច​​ស្ដី​ពី ​«កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​អតិផរណា»

    សេចក្តីសម្រេចស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវ​បាន​ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​នៅ​ថ្ងៃទី 01 ធ្នូ 2022 និង​ត្រូវ​បាន​ចុះ​​​ផ្សាយ​នៅ​ថ្ងៃទី 05 ធ្នូ ​ដោយទំព័រ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែល​មានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្រប​សម្រួល និងតម្រង់ទិសរួមលើ​ការងាររៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយ​គាំពារសង្គម។

    សេចក្ដី​សម្រេច​នេះ​មាន​កំណត់​អំពីយន្តការ និងនីតិវិធិ​នៃការ​អនុវត្ត​កម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ នៅ​ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​អតិផរណា។ សេចក្ដី​សម្រេច​នេះ​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​គ្រួសារ​ងាយ​រង​ហានិភ័យ​ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​ក្រសួង​ផែនការ​។

    សេចក្ដី​សម្រេច​នេះ​បាន​ឱ្យ​ដឹង​​ថា គ្រួសារ​ងាយ​រង​ហានិភ័យ​ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​ក្រសួង​ផែនការ​ ត្រូវ​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​សាច់​ប្រាក់​ចំនួន 3 លើក ហើយ​ក្នុង​ 1 លើក​ៗ​ មាន​ដូច​ត​ទៅ​ ៖

    ​គ្រួសារ​នៅ​ ភ្នំពេញ ទទួល​ 99,900 រៀល​/គ្រួ​, គ្រួសារ​នៅ​ទីប្រជុំជន ទទួល​បាន​ 87,300 រៀល​/គ្រួ និង​គ្រួសារ​នៅ​ជនបទ​ទទួល​បាន 81,300 រៀល​/​គ្រួ។ ចំណែក​សមាជិក​គ្រួសារ​បន្ថែម​ក្នុង​ម្នាក់​ នឹង​ទទួល​បាន 28,000 រៀល​​សម្រាប់​ ភ្នំពេញ, 24,000 រៀល​​ សម្រាប់​ទី​ប្រជុំ​ជន និង 20,000 រៀល​ សម្រាប់​ជនបទ​។

    សេចក្ដី​សម្រេច​​របស់ ​ក្រសួង​សេដ្ឋកិច្ច​ ក៏​បាន​បញ្ជាក់​ថា គ្រួសារ​ងាយរង​ហានិភ័យ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយរង​ហានិភ័យ​ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ពី​គ្រោះ​ទឹក​ជំនន់​ នឹង​មិន​ទទួល​បាន​ការ​ឧបត្ថម្ភ​លើក​ទី​មួយ​ ពី​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយរង​ហានិភ័យ​ ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​អតិផរណា​បន្ថែម​នោះ​ទេ ប៉ុន្តែ នឹង​ទទួលបាន​នៅក្នុង​លើក​ទីពីរ​ និង​ទីបី​។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​សម្រេច​របស់​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែល​មាន​ដូច​ខាង​ក្រោម ៖

  • ប្រទេស​នៅ​អឺរ៉ុប សម្ពោធ​មជ្ឈមណ្ឌល​ផ្ទុក​អគ្គិសនី​ធំជាងគេ​បង្អស់​​នៅ​លើ​ពិភពលោក

    ប្រទេស​នៅ​អឺរ៉ុប សម្ពោធ​មជ្ឈមណ្ឌល​ផ្ទុក​អគ្គិសនី​ធំជាងគេ​បង្អស់​​នៅ​លើ​ពិភពលោក

    (បែលហ្ស៊ិក)- រោងចក្រ​មួយ​​អាច​ផ្ទុក​អគ្គិសនីបាន​ 100 MWh ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Corsica Sole ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅ Wallonia ចាប់ពី​ខែ​នេះ។

    ទន្ទឹមនឹង​ការកើនឡើង​​សម្ពាធ​នៃ​ការកាត់បន្ថយ​ឧស្ម័ន​របស់ រុស្ស៊ី ដោយសារតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ក្រុម​មេ​ដឹក​នេះ​នៅ អឺរ៉ុប កំពុង​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ចំពោះ​តម្រូវការ​ប្រើប្រាស់​ថាមពល​ជាមួយនឹង​ការ​ខ្នះខ្នែង​ក្នុងការ​ទប់ទល់​នឹង​បម្រែ​ប​ម្រួ​ល​អាកាសធាតុ។ មជ្ឈមណ្ឌល​ផ្ទុក​ថាមពល​ថ្មី​នៅ Wallonia ប្រទេស​បែលហ្ស៊ិក អាចជា​គន្លឹះ​សម្រាប់​ដោះស្រាយ​វិបត្តិ​ថាមពល​បច្ចុប្បន្ន នេះ​បើតាម Michael Coudyser នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ថាមពលព្រះអាទិត្យ Corsica Sole។

    រោងចក្រ​របស់ Corsica Sole ត្រូវបាន​បំពាក់​ថ្ម​ប្រភេទ​លី​ចូ​ម​អ៊ីយ៉ុង (lithium-ion battery) ខ្នាត​យក្ស​ចំនួន 40 ដែលមាន​សមត្ថភាព​ផ្ទុក​អគ្គិសនីបាន​ 100 MWh អនុញ្ញាតឱ្យ​ផ្គត់ផ្គង់​ថាមពល​ប្រកបដោយ​ស្ថិរភាព​នៅក្នុង​​បណ្ដាញ​អគ្គិសនី​សាធារណៈ សូម្បីតែ​នៅពេល​ការផលិត​អគ្គិសនី​ពី​ថាមពលខ្យល់ ឬ​ព្រះអាទិត្យ​មានការ​ប្រែប្រួល។ ថ្ម​មួយគ្រាប់ៗរបស់​មជ្ឈមណ្ឌល​ខាងលើ មានតម្លៃ​រហូតដល់ 845,000 ដុល្លារ​អាម៉េរិក និង​មាន​អាយុកាល​ប្រហែល 10 ឆ្នាំ ហើយ​បន្ទាប់មក​អាច​យកទៅ​កែច្នៃ​ឡើងវិញ​ផងដែរ។

    មជ្ឈមណ្ឌល​ផ្ទុក​ថាមពល​អគ្គិសនី​របស់​ Corsica Sole នៅ​ ប្រទេស​បែលហ្ស៊ិក

    Raphael Lance ប្រធាន​មូលនិធិ​ផ្លាស់ប្ដូរ​ថាមពល​នៅ Mirova និង​ជា​ដៃគូ​ហិរញ្ញវត្ថុ​មួយ​របស់​គម្រោង​ខាងលើ សង្កត់ធ្ងន់ថា រដ្ឋាភិបាល​នានា​ចង់​វិនិយោគ​ខ្លាំងណាស់​ទៅលើ​មូលដ្ឋាន​ផ្ទុក​អគ្គិសនី​ទ្រង់ទ្រាយ​ធំ ព្រោះថា​វា​ទាក់ទង​ផ្ទាល់​ទៅនឹង​ការរីកចម្រើន​របស់​វិស័យ​ថាមពល​កកើត​ឡើងវិញ។

    ក្រៅពី​គម្រោង​ផ្ទុក​អគ្គិសនី​ធំ​បំផុត​ប្រចាំ ទ្វីបអឺរ៉ុប នៅ បែ​ល​ហ្ស៊ី​ក នេះ សហភាព​អឺរ៉ុប បច្ចុប្បន្នថែមទាំង​មានកម្ម​វិធី​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា RepowerEU ដែល​​ជួយ​ដល់​ប្រទេស​ជា​សមាជិក​បង្កើន​ភាពម្ចាស់កា​រលើ​ថាមពល។ នេះ​គឺជា​ផែនការ​សន្សំ​សំ​ច័យថាមពល ផលិត​ថាមពល​ស្អាត និង​ការធ្វើ​ពិពិធ​កម្ម​ប្រភព​ផ្គត់ផ្គង់​ថាមពល​របស់ អឺរ៉ុប៕

  • តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក​ចាប់ផ្ដើម​ងើបឡើង​វិញ ដោយ​សារ​ OPEC+ សហភាព​អឺរ៉ុប និង​ចិន

    តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក​ចាប់ផ្ដើម​ងើបឡើង​វិញ ដោយ​សារ​ OPEC+ សហភាព​អឺរ៉ុប និង​ចិន

    តម្លៃ​ប្រេង​ឆៅ WTI និង Brent នា​ព្រឹក​នេះ​បាន​ងើបឡើង​វិញ 2.3% ដោយសារតែ OPEC+ រក្សា​ការផលិត​ដូចដើម ខណៈ សហភាព​អឺរ៉ុប ហាម​នាំចូល​ប្រេង​របស់ រុស្ស៊ី គ្រា​ដែល ចិន បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង។

    បច្ចុប្បន្ន ប្រេង​ឆៅ WTI មួយ​ធុង​មានតម្លៃ 81.3 ដុល្លារ​អាម៉េរិក។ កាលពី​សប្ដាហ៍​កន្លង ប្រេង​ឆៅ​នេះ​ឡើងថ្លៃ​ជិត 5% នៅពេល ទីក្រុង​ប៉េកាំង បន្ធូរបន្ថយ​គោលនយោបាយ Zero Covid ដែលនាំឱ្យ​មានការ​រំពឹង​ថា ប្រទេស​នេះ​នឹង​ប្រើប្រាស់​ប្រេង​ច្រើនជាង​បច្ចុប្បន្ន។ ចំណែក​ប្រេង Brent ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ 87 ដុល្លារ​អាម៉េរិក/ធុង។

    កាលពី​ថ្ងៃទី 04 ធ្នូ អង្គការ​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ​សហការ (OPEC+) បានសម្រេច​ចិត្ត​រក្សា​ការផលិត​ដូច​សព្វថ្ងៃ ដើម្បី​មាន​ពេល​សម្រាប់​ការវាយតម្លៃ​ទីផ្សារ​ក្នុង​កាលៈទេសៈ​ដែលមាន​ការប្រែប្រួល​ខ្លាំង។ ថ្ងៃនេះ បទបញ្ជា​ហាម​នាំចូល​ប្រេង​របស់ រុស្ស៊ី តាមផ្លូវ​សមុទ្រ​របស់ សហភាព​អឺរ៉ុប ក៏​ចាប់ផ្ដើម​មាន​សុពលភាព។

    មុន​នោះ សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស G7 បាន​ឯកភាពគ្នា​កំណត់​តម្លៃ​ពិតាន 60 ដុល្លារ​អាម៉េរិក/ធុង ចំពោះ​ប្រេង​របស់ រុស្ស៊ី ក្នុង​បំណង​ដាក់​ទណ្ឌ​ផ្នែក​កម្ម​ហិរញ្ញវត្ថុ​លើ ទីក្រុង​មូ​ស្គូ ប៉ុន្តែ នៅតែ​រក្សា​លំហូរ​ប្រេង​នៅលើ​ពិភពលោក។

    រុស្ស៊ី បានប្រកាស​ប្រឆាំងនឹង​គោលនយោបាយ​ខាងលើ​របស់ សហភាព​អឺរ៉ុប ហើយ​ថា​នឹង​កាត់បន្ថយ​ការផលិត​ប្រេង​បើសិនជា​ចាំបាច់៕

  • គម្រោង​បង្កើត​រោងចក្រ​របស់​ក្រុមហ៊ុន TEXTSTAR GARMENT នឹង​បង្កើត​ការងារ​ជាង 700 កន្លែង​នៅ ភ្នំពេញ

    គម្រោង​បង្កើត​រោងចក្រ​របស់​ក្រុមហ៊ុន TEXTSTAR GARMENT នឹង​បង្កើត​ការងារ​ជាង 700 កន្លែង​នៅ ភ្នំពេញ

    គណៈកម្មាធិការ​វិនិយោគ​​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃទី 02 ធ្នូ 2022 ​ប្រកាស​ថា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន TEXTSTAR GARMENT ដែល​គ្រោង​នឹង​បង្កើត​ការងារ​ជាង 780 កន្លង​នៅ ភ្នំពេញ។

    គ្រោង​នឹង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​ដែលមាន​ទីតាំងនៅ​ផ្លូវ​ចោមចៅ ភូមិ​ដំណាក់​ធំ 2 សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

    ក្រុមហ៊ុន TEXTSTAR GARMENT គ្រោង​នឹង​​បណ្ដាក់​ទុន​វិនិយោគ​ 5.1 លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការងារ​បាន​ចំនួន 787 កន្លែង​នៅ​ក្នុង​រោង​ចក្រ​ថ្មី​នេះ​។

  • កីឡាករ​អង់គ្លេស Sterling ចាក​ចេញពី World Cup ដោយសារតែ​ចោរ​ចូល​ផ្ទះ

    កីឡាករ​អង់គ្លេស Sterling ចាក​ចេញពី World Cup ដោយសារតែ​ចោរ​ចូល​ផ្ទះ

    (អង់គ្លេស)- ចោរ​ប្រដាប់អាវុធ​លួច​ចូល​ផ្ទះ និង​យកបាន​ទ្រព្យសម្បត្តិ​មួយចំនួន នៅពេល​ភរិយា និង​កូន​របស់ Raheem Sterling សុទ្ធតែ​នៅផ្ទះ។

    ករណី​ចោរ​ចូល​ផ្ទះ​របស់ Sterling បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី 30 ធ្នូ នៅឯ​ផ្ទះ​ដែលមាន​ចម្ងាយ​ផ្លូវ​ប្រហែល 15 នាទី​ពី​ក្លិប Chelsea។ បច្ចុប្បន្ន មិនទាន់​ច្បាស់​ថា អ្នកស្រី Paige Milian និងកូនៗរបស់ Sterling បាន​ត្រូវ​ប្រឈមមុខ​នឹង​ចោរ​ប្រដាប់អាវុធ​នោះ ឬ​យ៉ាងណា​នៅឡើយ។ ទ្រព្យសម្បត្តិ​របស់ Sterling ដែល​ត្រូវ​ចោរលួច​គឺ នាឡិកា​ដែលមាន​តម្លៃ 370,000 ដុល្លារ​អាម៉េរិក។

    បន្ទាប់ពី​បានទទួល​ដំណឹង​ខាងលើ Sterling ក៏​ចាក​ចេញពី កាតា ជាទី​ដែល​គាត់​កំពុង​ចូលរួម World Cup 2022 ដើម្បី​ត្រលប់​ទៅកាន់ អង់គ្លេស។ សម្ព័ន្ធ​បាល់ទាត់​អង់គ្លេស ប្រកាស​អំពី​ករណីនេះ​ប្រហែល 90 នាទី មុន​ការប្រកួត​ជាមួយ សេ​ណេ​ហ្កា​ល់។

    ក្រុម​គ្រួសារ​របស់កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស លោក Raheem Sterling

    បច្ចុប្បន្ន មិនទាន់​ដឹង​នៅឡើយ​ទេ​ថា Sterling នឹង​ត្រលប់មក​ប្រកួត​នៅ World Cup បន្តទៀត ឬ​អត់។ សារព័ត៌មាន Sun ឱ្យដឹងថា ខ្សែបម្រើ​របស់​ក្លិប Chelsea អាច​នឹង​វិល​មកលេង​នៅក្នុង​វគ្គ 1/8 ពេល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង នៅ​ថ្ងៃទី 10 ធ្នូ​ខាងមុខ។

    ផ្ទះរបស់កីឡាករ​អង់គ្លេស Raheem Sterling នៅក្នុង​​ភូមិ Goostrey ក្នុង​ស្រុក Cheshire ភាគ​ពាយព្យ​របស់​ប្រទេស​អង់គ្លេស

    កីឡាករ Sterling ធ្លាប់​លេង​បាន 81 ប្រកួត និង​រកបាន 20 ជូន​ក្រុម​ជម្រើសជាតិ​អង់គ្លេស។ នៅក្នុង​ការប្រកួត​លំដាប់​ក្លិប​ជាមួយនឹង​ក្លិប កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ ទាត់​ចូល​ទី​បាន 159 គ្រាប់ នៅក្នុង 487 ប្រកួត៕

  • ក្លិបអ្នកកាសែតកម្ពុជា សម្រេចជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិប

    ក្លិបអ្នកកាសែតកម្ពុជា សម្រេចជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិប

    ក្លិបអ្នកកាសែតកម្ពុជា សម្រេចជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិប នេះ​បើ​តាម​ប្រកាស​របស់ ក្លិប​អ្នកកាសែត​កម្ពុជា ធ្វើ​នៅ​ថ្ងៃទី 05 ធ្នូ 2022។

    ការ​សម្រេច​ខាងលើ​របស់​ ក្លិប​អ្នក​កាសែត​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី លោក ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង​បាន​សុំ​លាលែង​ពី​ប្រធាន​ក្លិប​។

    ក្លិប​អ្នកកាសែត​កម្ពុជា បាន​បញ្ជាក់​ថា នឹង​រៀប​ចំសមាជ​ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ និង​អគ្គលេខាធិការឱ្យ​បាន​សម​ស្រប​ទៅ​តាម​លក្ខន្តិកៈ​នា​ពេល​ខាងមុខ​។

     

  • កីឡាករ Olivier Giroud បំបែក​ឯតទគ្គកម្ម​ទា​ត់​បញ្ចូល​ទី​ជូន​ប្រទេស​បារាំង

    កីឡាករ Olivier Giroud បំបែក​ឯតទគ្គកម្ម​ទា​ត់​បញ្ចូល​ទី​ជូន​ប្រទេស​បារាំង

    (កាតា)- Olivier Giroud គឺជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើសជាតិ​បារាំង ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់ ប៉ូឡូញ រកបាន 1 គ្រាប់​ដំបូង​នៅ​វគ្គ 1/8 នៃ World Cup 2022។

    ជាមួយនឹង​ការរកបាន 1 គ្រាប់​នៅ​នាទី​ទី 44 កីឡាករ Giroud បាន​បំបែក​ឯតទគ្គ​កម្ម 51 គ្រាប់​របស់ Thierry Henry ជូន​ប្រទេស​បារាំង។ ក្នុង 52 គ្រាប់​ដែល​រកបាន​ក្នុង 117 ប្រកួត​របស់ Giroud មាន 28 គ្រាប់​រកបាន​នៅក្នុង​ការប្រកួត​មិត្តភាព និង 24 គ្រាប់​នៅ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ផ្លូវការ។

    នៅក្នុង​វ័យ 36 ឆ្នាំ 2 ខែ និង 4 ថ្ងៃ Giroud ក៏​ជា​កីឡាករ​វ័យ​ចំណាស់​ជាងគេ​ដែល​រកបាន 3 គ្រាប់​ឡើងទៅ​នៅក្នុង​មួយ​រដូវ​កាល World Cup។

    Giroud បង្ហាញ​សញ្ញា​ (52) ដែល​ប្រាប់​ថា ជា​គ្រាប់​បាល់​ទី 52 របស់​ខ្លួន​

    មុន​ការប្រកួត​ជាមួយក្រុម​ជម្រើស​ជាតិ​របស់ ប៉ូឡូញ កីឡាករ Olivier Giroud របស់ បារាំង រកបាន 2 គ្រាប់​នៅ​វគ្គ​ចែក​ពូ​ល ពេល​ប៉ះ​នឹង​ក្រុម​របស់ អូស្ត្រាលី៕