Category: សង្គម និងសេដ្ឋកិច្ច

  • អេ​ស្ប៉ា​ញ់ «ក្លាយ​ជា​ក្រុម​ដែល​ចាញ់​ការប្រកួត​ប៉េ​ណាំង​ទី​ច្រើន​បំផុត​នៅ World Cup»

    អេ​ស្ប៉ា​ញ់ «ក្លាយ​ជា​ក្រុម​ដែល​ចាញ់​ការប្រកួត​ប៉េ​ណាំង​ទី​ច្រើន​បំផុត​នៅ World Cup»

    បរាជ័យ​នៅ​ចំពោះមុខ ម៉ា​រ៉ុ​ក កាលពី​យប់​ថ្ងៃទី 06 ធ្នូ គឺជា​ការ​ចាញ់​លើក​ទី 4 របស់ អេ​ស្ប៉ា​ញ ក្នុងការ​ប្រកួត​ប៉េ​ណាំង​ទី​នៅក្នុង​ប្រវត្តិសាស្ត្រ World Cup។

    លើកដំបូង​ដែល អេ​ស្ប៉ា​ញ បាន​ចាញ់​ក្នុងការ​ប្រកួត​ប៉េ​ណាំង​ទី​នៅ World Cup គឺ​ក្នុង​ឆ្នាំ 1986។ ពេលនោះ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Miguel Munoz ក្រុម​អេ​ស្ប៉ា​ញ ចាញ់ បែលហ្ស៊ិក 4-5 បន្ទាប់ពី​ស្មើ 1-1 ក្នុងការ​ប្រកួត 120 នាទី នៅ​វគ្គ 8 ក្រុម។ អតីត​ខ្សែប្រយុទ្ធ Eloy គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ទាត់​ប៉េ​ណាំង​ទី​មិនបាន​សម្រេច។

    នៅ World Cup 2002 អេ​ស្ប៉ា​ញ ត្រូវ​ទាត់​ប៉េ​ណាំង​ទី​នៅក្នុង​ការប្រកួត 2 លើក ក្នុង​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out)។ នៅ​វគ្គ 1/8 នោះ ថ្វីបើ Juanfran និង Valeron ទាត់​ប៉េ​ណាំង​ទី​ខុស​គោលដៅ ប៉ុន្តែ ពួកគេ​នៅតែ​ឈ្នះ អៀរ​ឡង់ 3-2 ក្រោយពី​រកបាន 1-1 ក្នុងអំឡុង 120 នាទី។ នេះ​គឺជា​ការប្រកួត​ប៉េ​ណាំង​ទី​តែមួយគត់​នៅ World Cup ដែល អេ​ស្ប៉ា​ញ បានឈ្នះ។

    ក្រោយពី​រក​មិនបាន​គ្រាប់​បាល់ (0-0) ពេល​ទាត់​ជាមួយ កូរ៉េខាងត្បូង ក្នុង​វគ្គ 1/8 នៅ World Cup 2002 អេ​ស្ប៉ា​ញ ជាថ្មី​ម្ដងទៀត ត្រូវ​ប្រកួត​ប៉េ​ណាំង​ទី។ ពេលនោះ អេ​ស្ប៉ា​ញ ត្រូវ​ចាញ់ កូរ៉េខាងត្បូង 3-5។

    បញ្ហា​ដូចខាងលើ​បាន​កើតឡើង​ចំពោះ អេ​ស្ប៉ា​ញ ជាថ្មី​នៅ World Cup កាលពី 4 ឆ្នាំមុន នៅពេល​ពួកគេ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ World Cup 2018 រុស្ស៊ី នៅ​វគ្គ 8 ក្រុម។

    អត្រា​នៃ​ការ​ទាត់​ប៉េ​ណាំង​ទី​ជោគជ័យ​របស់ អេ​ស្ប៉ា​ញ នៅ World Cup គឺ​ត្រឹមតែ 57.8% ប៉ុណ្ណោះ ដោយ​សម្រេចបាន 11 នៅក្នុង​ចំណោម 19 គ្រាប់​ដែល​បាន​ទាត់។

    ការប្រកួត​ចាញ់ ម៉ា​រ៉ុ​ក នៅលើ​ទីលាន Education City កាលពី​យប់​ថ្ងៃទី 06 ធ្នូ ក៏បាន​បង្ហាញថា អេ​ស្ប៉ា​ញ ទាត់​ប៉េ​ណាំង​ទី​បរាជ័យ​ទាំងស្រុង។ Pablo Sarabia ទាត់​ចំ​បង្គោល​ទី​នៅពេល​ស៊ុត​ប៉េ​ណាំង​ទី​គ្រាប់​ដំបូង មុនពេល​គ្រាប់​បាល់​របស់ Carlos Soler និង Sergio Busquests ត្រូវបាន​អ្នកចាំទី Bono ចាប់បាន​នៅក្នុង​ការ​ស៊ុត 2 គ្រាប់​ដែល​នៅសល់។

    https://www.youtube.com/watch?v=nKsOe7hDgMA

    ការបរាជ័យ 0-3 ខាង​នេះ​ក៏​ធ្វើឱ្យ អេ​ស្ប៉ា​ញ យកឈ្នះ​លើ អង់គ្លេស និង អ៊ីតាលី ក្នុងការ​ឡើងទៅ​កាន់តំណែង​ដែល​គ្មាន​ក្រុម​ណាមួយ​ចង់បាន នោះ​គឺ «ក្រុម​ដែល​ចាញ់​ប៉េ​ណាំង​ទី​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ World Cup»។ ចំណែក​ក្រុម​ដែល​ទាត់​ប៉េ​ណាំង​ទី​ល្អ​បំផុត​នៅ World Cup គឺ អា​ហ្ស​ង់​ទីន ក្នុងនោះ ពួកគេ​បានឈ្នះ 4 ប្រកួត ក្នុងការ​ទាត់ 5 ប្រកួត៕

  • ព័រទុយហ្កាល់ ឈ្នះ​យ៉ាង​កក្រើក​មេឃ​នៅ​វគ្គ 1/8 របស់ World Cup 2022

    ព័រទុយហ្កាល់ ឈ្នះ​យ៉ាង​កក្រើក​មេឃ​នៅ​វគ្គ 1/8 របស់ World Cup 2022

    (កាតា)- ខ្សែប្រយុទ្ធ Goncalo Ramos បង្កើតបាន hat-trick (រកបាន 3 គ្រាប់​ក្នុង 1 ប្រកួត) ដំបូង នៅពេល​ទាត់​ជំនួស Cristiano Ronaldo ជួយ​ឱ្យ​ព័រទុយហ្កាល់ ឈ្នះ ស្វ៊ី​ស 6-1 នៅ​វគ្គ 1/8 របស់ World Cup 2022 កាលពី​យប់​ថ្ងៃទី 06 ធ្នូ។

    គ្រូបង្វឹក Fernando Santos ដាក់ Ronaldo ជា​កីឡាករ​បម្រុង បន្ទាប់ពី​គាត់​បាន​និយាយថា មិន​ពេញ​ចិត្តនឹង​ឥរិយាបថ​របស់​ប្រធាន​ក្រុម​រូបនេះ។ បើទោះជា​ត្រូវបាន​ដាក់​ឱ្យនៅ​ជា​កីឡាករ​បម្រុង ប៉ុន្តែ Ronaldo ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​កាន់​កាមេរ៉ា នៅពេល​គោរព​ទង់ជាតិ។ កាមេរ៉ា​ប្រហែល​ជាង 10 តម្រង់​ទៅរក​ក្រុម​ជម្រើសជាតិ​នៅលើ​ទីលាន​ប្រកួត ខណៈ​ជិត 100 កាមេរ៉ា បាញ់​សំដៅទៅ​តំបន់​បច្ចេកទេស ជាទី​ដែល Ronaldo កំពុង​ស្ថិតនៅ​ជា​កីឡាករ​បម្រុង។ គាត់​ច្រៀង​ដ​ណ្ដើ​រ សើច​បណ្ដើរ នៅពេល​ក្លាយជា​កីឡាករ​បម្រុង​នៅក្នុង​រដូវ​កាល​បាល់ទាត់​ផ្លូវការ​របស់ ព័រទុយហ្កាល់ រាប់​ចាប់ពី​ឆ្នាំ 2008។

    ក៏ប៉ុន្តែ នៅពេល​បាល់​ចាប់ផ្ដើម​រមៀល​លើ​ទីលាន​ប្រកួត ក្រុម​កីឡាករ​ព័រទុយហ្កាល់ ក៏​ដណ្ដើមបាន​ចំណាប់អារម្មណ៍​ឡើងវិញ ពិសេស​គឺ​ខ្សែប្រយុទ្ធ​វ័យ 21 ឆ្នាំ Goncalo Ramos ដែល​ទាត់​ជំនួស Ronaldo។ នេះ​គឺជា​លើកដំបូង​ដែល Ramos ទាត់​ក្នុងនាម​ជា​កីឡាករ​សំខាន់​សម្រាប់ ព័រទុយហ្កាល់។ ប៉ុន្តែ Ramos បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​បង្កើតបាន hat-trick ជា​លើកដំបូង​នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់ ហើយក៏​ជា hat-trick ដំបូង​នៅ​វគ្គ​ជម្រុះ​ផ្ទាល់​របស់ World Cup រាប់​ចាប់ពី​ឆ្នាំ 1990។

    Ramos រកបាន​គ្រាប់​បាល់​ដំបូង​ជូន ព័រទុយហ្កាល់ ខណៈ​គ្រាប់​ទី​ពីរ​រកបាន​ដោយ​កីឡាករ Pepe ដែល​ពាក់​ស្លាក​ជា​ប្រធាន​ក្រុម​ជំនួស Ronaldo។ Ramos រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន ដែលជា​គ្រាប់​ទី​បី​សម្រាប់ ព័រទុយហ្កាល់​នៅ​ដើមតង់​ទី​ពីរ។ Ramos សម្រេចបាន hat-trick របស់ខ្លួន​នៅ​នាទី​ទី 67។

    និយាយ​រួម ទាំង 6 គ្រាប់​ដែល​ក្រុម​ជម្រើសជាតិ​របស់ ព័រទុយហ្កាល់ រកបាន គឺ​សុទ្ធតែជា​ជ័យជម្នះ​ដែល​បង្កើតឡើង​ដោយ​ការ​ទាត់​ដ៏​គួរឱ្យ​ជក់ចិត្ត។

    ក្នុងការ​ប្រកួត​នេះ Ronaldo មិនបាន​ចូលរួម ប៉ុន្តែ ដោយ​ត្រូវ​រង់ចាំ​ដល់​ការប្រកួត​បន្ទាប់​នៃ​វគ្គ knock-out ពេលដែល ព័រទុយហ្កាល់ ប៉ះ​នឹង ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី 10 ធ្នូ លើ​ទីលាន Al Thumama។ បើសិនជា​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Ronaldo និង​ក្រុម​ព័រទុយហ្កាល់ នឹងត្រូវ​ជួប ក្រុម​បារាំង៕

    https://www.youtube.com/watch?v=D8wVDyEeWRM

  • Neymar ដើរ​តាមដាន Pele និង Ronaldo របស់ ប្រេ​ស៊ី​ល នៅ World Cup

    Neymar ដើរ​តាមដាន Pele និង Ronaldo របស់ ប្រេ​ស៊ី​ល នៅ World Cup

    (កាតា)- គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ជប៉ុន បាន​ជួយ​ឱ្យ Neymar ក្លាយជា​កីឡា​ករទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រេ​ស៊ី​ល ដែល​រកបាន​គ្រាប់​បាល់​នៅក្នុង World Cup ចំនួន 3 រដូវ​កាល បន្ទាប់ពី Pele និង Ronaldo។

    Neymar បាន​ចូលរួម World Cup លើកដំបូង​ក្នុង​វ័យ 22 ឆ្នាំ កាលពី​ឆ្នាំ 2014។ កីឡាករ​នេះ​ស៊ុត​បញ្ចូល​ទី​បាន 4 គ្រាប់​នៅក្នុង World Cup ដែល ប្រេ​ស៊ី​ល ជា​ម្ចាស់ផ្ទះ និង​បាន​ស៊ុត​បញ្ចូល​ទី​របស់ ក្រូ​អាត និង កា​មេ​រុន។ ដល់ World Cup 2018 នៅ រុស្ស៊ី Neymar ក៏​រកបាន 2 គ្រាប់​ទៀត។

    World Cup 2022 កីឡាករ Neymar រកបាន​គ្រាប់​បាល់​ដំបូង​នៅពេល​ប៉ះ​នឹង​ក្រុម​របស់ ជប៉ុន ក្នុង​វគ្គ 1/8។ ឯតទគ្គ​កម្ម​របស់ ប្រេ​ស៊ី​ល បច្ចុប្បន្ន​នៅតែ​ជា​របស់ Pele ដោយសារតែ​គាត់​រកបាន​គ្រាប់​បាល់​សរុប 12 គ្រាប់ នៅក្នុង 14 ប្រកួត​របស់ World Cup ចំនួន 4 រដូវ​កាល​បន្តបន្ទាប់ ចាប់ពី​ឆ្នាំ 1958 ដល់ 1970។

    ចំណែក Ronaldo Nazario ក៏​ចូលរួម​លេង​នៅ World Cup បាន 4 រដូវ​កាល ប៉ុន្តែ រកបាន​គ្រាប់​បាល់​តែ​ក្នុង 3 រដូវ​កាល គឺ 1998, 2002 និង 2006 ក្នុងនោះ គ្រាប់​បាល់​សរុប​ដែល​កីឡាករ​រូបនេះ​រកបាន​គឺ 15 គ្រាប់ នៅក្នុង 19 ប្រកួត៕

    Neymar
    Ronaldo Nazario
    Edson Arantes do Nascimento (Pelé)
  • កម្ពុជា ទទួលបាន​ប្រាក់កម្ចី 50 លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​ការប្រកួត​ប្រ​ជែក

    កម្ពុជា ទទួលបាន​ប្រាក់កម្ចី 50 លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​ការប្រកួត​ប្រ​ជែក

    (ហ្វ៊ី​លី​ពី​ន)- ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បានអនុម័ត​ប្រាក់កម្ចី​ដែលមាន​តម្លៃ 50 លាន​ដុល្លារ​អាម៉េរិក ទៅតាម​កម្មវិធី​រង 1 នៃ​កម្មវិធី​ពាណិជ្ជកម្ម និង​សមត្ថភាព​ប្រកួតប្រជែង ក្នុង​បំណង​ជួយ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ជាស​កល។

    កម្មវិធី​ខាងលើ​នឹង​ជួយ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វីដ-19 នៅ កម្ពុជា តាមរយៈ​ការគាំទ្រ​ដល់​ការកែទម្រង់​របស់ រាជរដ្ឋាភិបាល ដើម្បី​កែលំអ​បរិស្ថាន​វិនិយោគ និង​ពាណិជ្ជកម្ម ការជំរុញ​វឌ្ឍនភាព​របស់​បណ្ដា​អាជីវកម្ម​ខ្នាតតូច​បំផុត និង​សហគ្រាស​ធុន​តូច និង​មធ្យម រួម​នឹង​ការកែលំអ​គោលនយោបាយ​ពាណិជ្ជកម្ម ក៏ដូចជា​ការសម្រួល​វិស័យ​ពាណិជ្ជកម្ម។

    កម្មវិធី​នេះ​ក៏​នឹង​ជួយ​ឱ្យ កម្ពុជា កែលំអ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ស្ដីពី​ការសម្រួល​កិច្ចការ​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ដើម្បី​បង្កបង្កើត​ឱកាស​សម្រាប់​សហគ្រាស​ក​ម្ពុ​ជា ក្នុងការ​នាំចេញ​ទំនិញ​ផងដែរ៕

  • (World Cup 2022)- ប្រេ​ស៊ី​ល មានឱកាស​ជាង 50% ដែល​អាច​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ

    (World Cup 2022)- ប្រេ​ស៊ី​ល មានឱកាស​ជាង 50% ដែល​អាច​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ

    (កាតា)- ទំព័រ​ស្ថិតិ FiveThirtyEight វាយតម្លៃថា ប្រេ​ស៊ី​ល មាន​សមត្ថភាព 51% ដែល​អាច​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង 32% អាច​ក្លាយជា​ជើងឯក World Cup 2022 ក្រោយ​ការប្រកួត​មួយចំនួន​កាលពី​យប់​ថ្ងៃទី 05 ធ្នូ។

    World Cup 2022 នៅសល់ 10 ក្រុម​ទៀត បន្ទាប់ពី​ការប្រកួត​កាលពី​យប់មិញ ក្នុងនោះ 3 គូ​ដែល​នឹង​ប្រកួត​ក្នុង​វគ្គ 1/8 ត្រូវបាន​កំណត់​រួចហើយ​គឺ ហូ​ឡង់-អា​ហ្ស​ង់​ទីន, អង់គ្លេស-បារាំង និង ប្រេ​ស៊ី​ល-ក្រូ​អាត។ 2 គូ​ក្រៅពីនេះ​នៅក្នុង​វគ្គ 1/8 គឺ អេ​ស្ប៉ា​ញ-ស្វ៊ី​ស និង ព័រទុយហ្កាល់-ម៉ា​រ៉ុ​ក នឹង​ប្រកួត​នៅ​យប់​ថ្ងៃទី 06 ធ្នូ​នេះ។

    ក្នុងចំណោម 10 ក្រុម​ដែល​បាន​រៀបរាប់​ខាងលើ ប្រេ​ស៊ី​ល ត្រូវបាន​ចាត់ទុកថា​ជា​បេក្ខភាព​លេចធ្លោ​ជាងគេ ដោយមាន​ឱកាស 77% អាច​ឡើងដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង 51% អាច​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង 32% អាច​ក្លាយជា​ជើងឯក។

    អា​ហ្ស​ង់​ទីន ឈរ​លំដាប់​ទី 2 ដោយមាន​ឱកាស 58% អាច​ឡើងដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ, 24% អាច​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង 13% អាច​ក្លាយជា​ជើងឯក។ ចំណែក​ឱកាស​របស់ អា​ហ្ស​ង់​ទីន, អេ​ស្ប៉ា​ញ, អង់គ្លេស និង បារាំង មាន​ប្រហាក់ប្រហែលគ្នា។ រីឯ ហូ​ឡង់ និង ព័រទុយហ្កាល់ ស្ថិតក្នុង​ក្រុម​ដែលមាន​ភាគរយ​តិចជាង ដោយមាន​សមត្ថភាព​អាច​ដណ្ដើមបាន​តំណែង​ជើងឯក​តែ 7% និង 6% ប៉ុណ្ណោះ។

    Fivethirtyight ដែលជា​ទំព័រ​ជំនាញ​ក្នុង​ការវិភាគ ស្រង់​ស្ថិតិ​នៅក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​កីឡា​ជាដើម ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2008 នៅ សហរដ្ឋ​អាម៉េរិក។ ទំព័រ​នេះ​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មានធំៗរបស់​ពិភពលោក​ដូចជា The New York Times, ESPN, ABC News ជាដើម និយម​ប្រើប្រាស់៕

  • ចំនួន​យានយន្ត​អគ្គិសនី​នៅ កម្ពុជា កើនឡើង​ជិត 5,600 ភាគរយ ធៀប​នឹង​ឆ្នាំ​កន្លង

    ចំនួន​យានយន្ត​អគ្គិសនី​នៅ កម្ពុជា កើនឡើង​ជិត 5,600 ភាគរយ ធៀប​នឹង​ឆ្នាំ​កន្លង

    គិត​ត្រឹម​ខែតុលា ឆ្នាំ 2022 ចំនួន​យានយន្ត​អគ្គិសនី​ដែល​បាន​ចុះបញ្ជី​នៅ កម្ពុជា បាន​កើន​ឡើងដល់ 625 គ្រឿង ពោលគឺ​កើន​ប្រហែល 5,582% បើ​ធៀប​ទៅនឹង​ឆ្នាំ 2021 នេះ​បើតាម ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ប្រសាសន៍​របស់ ឯកឧត្តម ពៅ ម៉ាលី ត្រូវបាន​លើកឡើង​កាលពី​ថ្ងៃទី 05 ធ្នូ 2022 នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការប្រមូល​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​យានយន្ត​អគ្គិសនី ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​អន្តរក្រសួង​ចំនួន 9 ស្ថាប័ន តំណាង​អភិបាល នៃ​គណៈ អភិបាល 25 រាជធានី-ខេត្ត រួម​នឹង​ដៃគូ​អភិវឌ្ឍ​ជាច្រើន​រួមមាន អង្គការ UNDP ធនាគារពិភពលោក និង​វិស័យ​ឯកជន។

    ឯកឧត្តម ពៅ ម៉ាលី ថ្លែងថា ចំនួន​យានយន្ត​អគ្គិសនី​ដែល​បាន​ចុះបញ្ជី​នៅ កម្ពុជា គិត​ត្រឹម​ខែតុលា ឆ្នាំ 2022  បាន​កើន​ឡើងដល់ 625 គ្រឿង ពោលគឺ​កើន​ប្រហែល 5,582% បើ​ធៀប​ទៅនឹង​ឆ្នាំ 2021។ ក្រសួង​សាធារណការ បានឱ្យដឹងថា រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជាគោលការណ៍​ឱ្យ ក្រសួង​នេះ​បង្កើត និង​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​តាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍន៍​យានយន្ត​អគ្គិសនី​នៅ កម្ពុជា។

    យោងតាម រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ថ្មីៗនេះ ក្រសួង​បាន និង​កំពុង​រៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ការដឹកជញ្ជូន ផែនទី​ចង្អុល​ផ្លូវ​បណ្តាញ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី ការ លើកទឹកចិត្ត​អ្នកប្រើប្រាស់​យានយន្ត​អគ្គិសនី ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នានា ការលើកទឹកចិត្ត​ឱ្យ​មានការ​បង្គុំ​ដំឡើង និង​ផលិត​យានយន្ត​អគ្គិសនី​នៅ កម្ពុជា ផងដែរ៕

    រថយន្តអគ្គិសនី 7 គ្រឿង ត្រូវបានប្រគល់ជូន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ កាលពីថ្ងៃទី 29 វិច្ឆិកា 2022
    ម៉ូតូ​អគ្គិសនី 30 គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ ​កាល​ពី​ថ្ងៃទី 29 វិច្ឆិកា 2022
  • Tesla កាត់បន្ថយ​ការផលិត​រថយន្ត​អគ្គិសនី​នៅ Shanghai ប្រទេស​ចិន

    Tesla កាត់បន្ថយ​ការផលិត​រថយន្ត​អគ្គិសនី​នៅ Shanghai ប្រទេស​ចិន

    ក្រុម​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla មាន​ផែនការ​កាត់បន្ថយ​ការផលិត​នៅឯ​រោងចក្រ​ក្នុង​ទីក្រុង Shanghai​ ដោយ​សារ​តែ​​តម្រូវការ​ជាក់ស្ដែង​មិន​សម​តាម​បំណង នេះ​បើតាម​ប្រភពព័ត៌មាន​របស់ Bloomberg។

    ការកាត់បន្ថយ​ខាងលើ​នឹងមាន​សុពលភាព​ចាប់ពី​សប្ដាហ៍​នេះ។ ប្រភពព័ត៌មាន​របស់ Bloomberg ឱ្យដឹងថា ឥរិយាបថ​នេះ​អាច​បន្ថយ​បរិមាណ​រថយន្ត​របស់ Tesla ប្រហែល 20%។ ការសម្រេច​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី Tesla បាន​វាយតម្លៃ​រយៈពេល​ខ្លី​ចំពោះ​ទីផ្សារ​ចិន។ តំណាង​របស់ Tesla នៅ ប្រទេស​ចិន បាន​បដិសេធ​ការស្នើសុំ​ការអធិប្បាយ​ទាក់ទង​នឹង​បញ្ហា​នេះ។

    ក៏ប៉ុន្តែ ក្រុមហ៊ុន​របស់ មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក អ៊ី​ឡុ​ន ម៉ាស នៅតែ​អាច​បង្កើន​បរិមាណ​ឡើងវិញ​នៅពេល​តម្រូវការ​ទីផ្សារ​បាន​កែលំអ។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល Tesla កាត់បន្ថយ​បរិមាណ​ដោយ​ខ្លួនឯង​សម្រាប់​រោងចក្រ​នៅ Shanghai។ ការកាត់បន្ថយ​ច្រើនលើក​មុន​នោះ​គឺ​ដោយសារ​បទបញ្ជា​បិទ​ខ្ទប់​ដើម្បី​បង្ការ​កូ​វីដ-19។

    ការកាត់បន្ថយ​បរិមាណ​ខាងលើ​បង្ហាញថា តម្រូវការ​ទីផ្សារ​រថយន្ត​អគ្គិសនី Tesla នៅ ប្រទេស​ចិន មិនអាច​តាម​ទាន់​ការផ្គត់ផ្គង់​របស់​រោង​ចក្រ​នៅ Shanghai បន្ទាប់ពី​បរិមាណ​នៃ​ការផលិត​ត្រូវបាន​ដំឡើង​ទ្វេដង ពោលគឺ​ប្រហែល 1 លាន​គ្រឿង/ឆ្នាំ។

    Junheng Li នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ភាគហ៊ុន JL Warren Capital បានឱ្យដឹងថា សមត្ថភាព​ផលិត​របស់​រោងចក្រ Tesla នៅ Shanghai គឺ​ប្រហែល 85,000 គ្រឿង/ខែ។

    ប្រភពព័ត៌មាន​ឱ្យដឹងថា មូលហេតុ​ឫសគល់​នៃ​ការកាត់បន្ថយ​បរិមាណ​រថយន្ត​របស់ Tesla នៅ Shanghai គឺ​មកពី​មានការ​ប្រកួតប្រជែង​ដែល​កាន់​តែមាន​ច្រើនឡើង​ពី​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក ក្នុងនោះ​មាន BYD និង Guangzhou Automobile Group ជាដើម៕

  • ទ្វីបអាស៊ី អស់​មាន​ក្រុម​តំណាង​នៅ World Cup 2022 ក្រោយពី កូរ៉េខាងត្បូង និង​ជប៉ុន ត្រូវបាន​ជម្រុះ

    ទ្វីបអាស៊ី អស់​មាន​ក្រុម​តំណាង​នៅ World Cup 2022 ក្រោយពី កូរ៉េខាងត្បូង និង​ជប៉ុន ត្រូវបាន​ជម្រុះ

    (កាតា)- បរាជ័យ​របស់ ជប៉ុន និង កូរ៉េខាងត្បូង កាលពី​យប់​ថ្ងៃទី 05 ធ្នូ 2022 បានធ្វើឱ្យ ទ្វីបអាស៊ី ត្រូវអស់​តំណាង​នៅ World Cup 2022។

    កូរ៉េខាងត្បូង ប៉ះ​នឹង​ក្រុម​របស់ ប្រេ​ស៊ី​ល ក្នុងនាម​ជា​ក្រុម​តំណាងឱ្យ ទ្វីបអាស៊ី ចុងក្រោយ​នៅ World Cup 2022 ប៉ុន្តែ ពួកគេ​ត្រូវបាន​នាំមុខ 4 គ្រាប់​នៅ​នាទី​ទី 36។ បរាជ័យ 1-4 នៅលើ​កីឡដ្ឋាន Al Janoub កាលពី​យប់មិញ នាំឱ្យ Son Heung-min និង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ត្រូវអស់​ការប្រកួត​នៅ World Cup 2022 ចាប់ពីពេលនោះ។

    ប៉ុន្មាន​ម៉ោង​មុន​ការប្រកួត​រវាង កូរ៉េខាងត្បូង និង ប្រេ​ស៊ី​ល ជប៉ុន ក៏បាន​ចាញ់ ក្រូ​អាត 1-3 ក្នុងការ​ស៊ុត​បាល់​ប៉េ​ណាំង​ទី (Penalty Soot-out)។ បរាជ័យ​របស់ កូរ៉េខាងត្បូង និង ជប៉ុន បានធ្វើឱ្យ ទ្វីបអាស៊ី ត្រូវអស់​ក្រុម​តំណាង​រលីង នៅ World Cup 2022។ កាលពី​ថ្ងៃទី 03 ធ្នូ អូស្ត្រាលី ត្រូវ​ចាក​ចេញពី World Cup 2022 ត្រឹម​វគ្គ 1/8 ក្រោយពី​ចាញ់ អា​ហ្ស​ង់​ទីន 1-2។

    ថ្វីបើ​ត្រូវអស់​ក្រុម​តំណាង​នៅ World Cup 2022 ប៉ុន្តែ រដូវ​កាល​បាល់ទាត់​ពិភពលោក​លើក​នេះ​គឺជា​ជោគជ័យ​ធំ​មួយ​សម្រាប់​វិស័យ​បាល់ទាត់​របស់ អាស៊ី ក៏ដូចជា សម្ព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី (Asian Football Confederation)។

    ជោគជ័យ​នៅ World Cup លើក​នេះ​របស់ អាស៊ី រួមមាន ៖ អា​រា​ប៊ី​សា​អូឌីត បាន​ផ្ដួល អា​ហ្ស​ង់​ទីន 2-1 មុនពេល​ត្រូវ​ហាលអាវ។ ក្រោយមក ជប៉ុន ក៏​ឈ្នះ អាល្លឺម៉ង់ និង អេ​ស្ប៉ា​ញ ជាមួយនឹង​គ្រាប់​បាល់​ឈ្នះ​ដូចគ្នានេះដែរ។ ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល កូរ៉េខាងត្បូង ក៏បាន​ឈ្នះ ព័រទុយហ្កាល់ ជួយ​ឱ្យ សម្ព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី មាន​តំណាង​រហូតដល់​ទៅ 3 ជា​លើកដំបូង​នៅ​វគ្គ 8 ក្រុម រួមមាន អូស្ត្រាលី ជប៉ុន និង កូរ៉េខាងត្បូង៕

  • (World Cup 2022)- គ្រូបង្វឹក​ជប៉ុន ឱនក្បាល​នៅ​ចំពោះមុខ​អ្នកគាំទ្រ ក្រោយ​ការប្រកួត​ជាមួយ​ក្រូ​អាត

    (World Cup 2022)- គ្រូបង្វឹក​ជប៉ុន ឱនក្បាល​នៅ​ចំពោះមុខ​អ្នកគាំទ្រ ក្រោយ​ការប្រកួត​ជាមួយ​ក្រូ​អាត

    (កាតា)- គ្រូបង្វឹក Hajime Moriyasu ដើរទៅ​ខាងមុខ​ជួរ​កៅអី​របស់​អ្នកគាំទ្រ និង​ឱនក្បាល​សុំទោស ក្រោយពី ក្រុម​ជម្រើសជាតិ​ជប៉ុន ត្រូវបាន ក្រុម​ក្រូ​អាត ជម្រុះ​ពី World Cup 2022 នៅ​វគ្គ 1/8 កាលពី​យប់​ថ្ងៃទី 05 ធ្នូ។

    ក្រោយពី​ចាញ់ ក្រូ​អាត នៅ​កីឡដ្ឋាន Al Janoub គ្រូបង្វឹក Hajime Moriyasu ដើរទៅ​ខាងមុខ​ជួរ​កៅអី​សម្រាប់​អ្នកគាំទ្រ​ជប៉ុន ហើយ​ឱនក្បាល​ចុះ​មួយ​សម្ទុះ​ដើម្បី​សម្ដែង​ការសុំ​ទោស។ នេះ​គឺជា​រូបភាព​ខ្ពស់បំផុត​នៅក្នុង​ការសម្ដែង​ការ​អរគុណ ឬ​សុំទោស​ក្នុង​វប្បធម៌​របស់ ជនជាតិ​ជប៉ុន។

    ជប៉ុន បានបញ្ចប់​ការប្រកួត​នៅ World Cup 2022 របស់ខ្លួន​បន្ទាប់ពី​បាន​ចាញ់ ក្រូ​អាត 1-3 កាលពី​យប់មិញ​ក្នុង​ការ​​​ស៊ុត​បាល់​​ប៉េ​ណាំង​​ទី (Penalty Soot-out)។ នៅ World Cup លើក​នេះ ជប៉ុន បាន​ផ្ដួល​ម្ចាស់​ជើងឯក​ឆ្នាំ 2014 (អាល្លឺម៉ង់) និង 2010 (អេ​ស្ប៉ា​ញ) ផងដែរ។

    កីឡាករ​ជប៉ុន មិនអាច​ទប់ទឹក​ភ្នែក​បាន​នៅពេល​ត្រូវ​ចាក​ចេញពី World Cup 2022 បើ​ទោះ​នេះ​គឺជា​លើក​ទី​ពីរ​បន្តបន្ទាប់​ដែល​ពួកគេ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅ World Cup៕

    គ្រូបង្វឹក Hajime Moriyasu

    https://www.youtube.com/watch?v=9qaEOVtM9l8

  • (World Cup 2022)- ចាញ់​ប្រេ​ស៊ី​ល 1-4 គ្រូបង្វឹក​របស់ កូរ៉េខាងត្បូង លាលែង​ពី​តំណែង ខណៈ​គ្រូបង្វឹក​របស់​ប្រេ​ស៊ី​ល រាំ​អបអរ​ជ័យជម្នះ

    (World Cup 2022)- ចាញ់​ប្រេ​ស៊ី​ល 1-4 គ្រូបង្វឹក​របស់ កូរ៉េខាងត្បូង លាលែង​ពី​តំណែង ខណៈ​គ្រូបង្វឹក​របស់​ប្រេ​ស៊ី​ល រាំ​អបអរ​ជ័យជម្នះ

    (កាតា)- គ្រូបង្វឹក Paulo Bento ប្រកាសថា មិន​ពន្យារ​កិច្ចសន្យា​ជាមួយ ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ភ្លាមៗបន្ទាប់ពី​ការប្រកួត​ចាញ់ ប្រេ​ស៊ី​ល 1-4 នៅ​វគ្គ 8 ក្រុម​របស់ World Cup 2022 កាលពី​យប់​ថ្ងៃទី 05 ធ្នូ។

    «ដំណើរ​របស់​យើង​បានបញ្ចប់ ហើយ​ឥឡូវ​គឺជា​ពេលដែល​ត្រូវ​គិត​អំពី​អនាគត។ ខ្ញុំ​នឹង​ឈប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង។ ខ្ញុំ​នឹង​ឈប់សម្រាក ហើយ​ក្រោយមក​នឹង​គិត​មើលថា​នឹងធ្វើ​អ្វី​ទៀត។ ខ្ញុំ​ទើបតែ​បានប្រកាស​ប្រាប់​កីឡាករ និង​ប្រធាន​សម្ព័ន្ធ» លោក Bento និយាយ​ក្រោយពី​ការប្រកួត​នៅ​កីឡដ្ឋាន 974 ដូច្នេះ។

    យោងតាម​គ្រូបង្វឹក​ជនជាតិ​ព័រទុយហ្កាល់ ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​តាំងពី​ខែកញ្ញា ប៉ុន្តែ ទើបតែ​ប្រកាស​នៅពេល ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង បញ្ចប់​ការប្រកួត​នៅ World Cup 2022។ លោក Bento ក៏បាន​អះអាងថា មិន​អាចមាន​មោទកភាព​ជាង​នេះ នៅពេល​ដឹកនាំ ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ក្នុង​រយៈពេល 4 ឆ្នាំ​កន្លង។ គ្រូបង្វឹក​រូបនេះ​ថែមទាំង​ចាត់ទុកថា នេះ​គឺជា​ក្រុមបាល់ទាត់​មួយ​ក្នុងចំណោម​ក្រុម​ដែល​ល្អ​បំផុត​ដែល​លោក​ធ្លាប់បាន​ដឹកនាំ​កន្លងមក បើសិន​មិន​ចង់​និយាយថា ល្អផ្ដាច់គេ។

    គ្រូបង្វឹករបស់ ក្រុមជម្រើសជាតិប្រេស៊ីល លោក Tite ក្នុងការប្រកួតឈ្នះ កូរ៉េខាងត្បូង 4-

    អំពី​ការប្រកួត​ចាញ់ ប្រេ​ស៊ី​ល 1-4 លោក Bento និយាយថា «ខ្ញុំ​ខកចិត្ត​ណាស់​ជាមួយនឹង​លទ្ធផល​នេះ ប៉ុន្តែ​ក៏មាន​មោទកភាព​ខ្លាំង​ចំពោះ​អ្វីដែល​ក្រុម​កីឡាករ​ធ្វើបាន​ក្នុង 4 ឆ្នាំ​កន្លង»។

    លោក Bento គ្រប់គ្រង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ចាប់ពី​ខែសីហា 2018 ទៅតាម​កិច្ចសន្យា​ដែល​ត្រូវអស់​សុពលភាព​នៅ​ខែធ្នូ 2022។ លោក Bento ធ្លាប់ជួយ​ឱ្យ ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ក្លាយជា​ជើងឯក​លើក​ទី 5 នៃ​ពានរង្វាន់​បាល់ទាត់​អាស៊ី​ខាងកើត។

    https://www.youtube.com/watch?v=3gCYissxkJA

    ទន្ទឹមនឹង​ការសោកស្ដាយ​របស់​គ្រូបង្វឹក Bento ក៏ដូចជា ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង គ្រូបង្វឹក​របស់ ប្រេ​ស៊ី​ល ឯណោះ​វិញ បាន​រាំរែក និង​សម្ដែង​ភាពសប្បាយ​រីករាយ​ជាខ្លាំង បន្ទាប់ពី​បាន​យកឈ្នះ កូរ៉េខាងត្បូង 4-1 នៅក្នុង​ការប្រកួត​ខាងលើនេះ៕