Category: សង្គម និងសេដ្ឋកិច្ច

  • កុល ដាវី និងសុខ រក្សា បណ្តើរគ្នាទៅមើលវីឡាជាទ្រនំរួមស្នេហ៍ជិតសង់រួច

    កុល ដាវី និងសុខ រក្សា បណ្តើរគ្នាទៅមើលវីឡាជាទ្រនំរួមស្នេហ៍ជិតសង់រួច

    ភ្នំពេញៈ​ មើល​ផ្ទះ​វីឡា​ដែល​​អនាគត​គឺ​ជា​ទ្រនំ​​រួម​ស្នេហ៍ ​រួម​ខ្នើយ​របស់​គូ​ស្នេហ៍​តារា​ពីរ​ដួង​ កញ្ញា កុល ដាវី និង​លោក​ សុខ រក្សា ដែលមហាជន​ធ្លាប់​ដឹង​​ថា ​ពួកគេ​បាន​ចូល​​លុយ​​គ្នា​ទិញផ្ទះ​​​នៅ​ឯ​បុរី​ជីបម៉ុង​ឡេនដ៍​ ស្ថិត​នៅ​​ក្បែរ​តំបន់​ផ្សារ​ទំនើប​​​អ៊ីអន​ម៉ល់​​ទី​២ នោះ​ជិត​​រួច​រាល់​មែនទែនហើយ ខណៈ​ចិត្ត​អ្នក​ទាំង​ពីរ​ក៏​អន្ទះ​សារ​ខ្លាំងណាស់​ដែរ ​ព្រោះ​​​​ទីនេះ​​គឺ​ជា​ជម្រក​សុភមង្គល​ នៃ​ការ​ប្រារព្ធ​ពិធី​អាពាហ៍​ពិពាហ៍ បន្ទាប់ពី​សង់​រួចរាល់​ភ្លាម​​នោះ​​។​

    កាល​ពី​ម្សិល​មិញ​នេះ គេ​បាន​ឃើញ​ តារា​សម្តែង​ស្រី​សាច់​សខ្ចី​ដូច​ពង​មាន់​បក ដើម​ទ្រូង​សិចស៊ី​ទ្រលុក​ទ្រលន់​នាង​ កុល ដាវី កំពុងតែ​ជាប់​ចំណង​ស្នេហ៍​ជាមួយ​នឹង​តារា​ចម្រៀង​ប្រុស​សំឡេង​ធ្ងន់ ចេះ​ទាំង​​និពន្ធ​ទំនុក​ច្រៀង និង​​ប​ទ​ភ្លេង​ខ្លួនឯង​លោក​សុខ រក្សា បណ្តើរ​គ្នា​ទៅ​មើល​ផ្ទះ​វីឡា​កូន​កាត់​នោះ ហើយ​ក៏​បាន​បង្ហោះ​រូប​​ភាព​ និង​សារ​មួយ​ឃ្លា​ខ្លី​ថា៖ «មុន​ទៅ​លក់​ខោ​អាវ​ ឆ្លៀត​មក​មើល​ផ្ទះ​ម៉ា​ផ្លេត​សិន!​»។ ​​

    ពេល​កន្លង​មក​ធ្លាប់​​លេច​ឮ​ព័ត៌មាន​ថា ​តារា​ទាំង​ពីរ​ដួង​កាន់​តែ ​មាន​សម្ព័ន្ធ​ភាព​​ស្អិត​ល្មួត​បេះមិន​ដាច់ គឺ​លោក សុខ រក្សា និង​កញ្ញា កុល ដាវី បាន​ចូល​លុយ​គ្នា​ទិញ​ផ្ទះ​វីឡា​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​ ឯណោះ​ ដែល​​​ស្ថិត​នៅ​​បុរី​ជីបម៉ុង​ឡេនដ៍​។ តែ​ថ្មីៗ​នេះ កញ្ញា កុល ដាវី បញ្ជាក់​ថា៖ «ផ្ទះ​វីឡា​កូន​កាត់កម្ពស់ ​២​ជាន់ មាន​​ក្បាលទំហំ​​ ៥​ ម៉ែត្រ និង​បណ្តោយ ១៦ ម៉ែត្រ​ នេះ​ កាល​នាង​ខ្ញុំ​ទិញ​នោះ​មាន​តម្លៃ​ជាង ៩ ម៉ឺន ដុល្លារ ប៉ុណ្ណោះ»។ តារា​​​សម្តែង​ស្រី​រូប​នេះ ក៏បាន​​បង្ហើប​បញ្ជាក់​ពី​វេលា​នៃ​ការ​​រៀបចំ​ពិធី​មង្គល​ការ​ខ្លួន​ដែរ​ថា៖ «សង្ឃឹម​ថា​​​​សង់​​ឆាប់​​រួច​ចុះ!​ផ្ទះ​​នេះ​​កាលណា​រួច​រាល់​ ហើយ​ក៏​ត្រូវ​ប្រើសម្រាប់​រៀបការ​របស់​ពួក​យើង​ភ្លាមៗ​ដែរ​»៕

  • សុខ សោម៉ាវត្តី រិះគន់អ្នកទស្សនាលួច Live Video ចេញក្រៅពេលមើលកុនរឿង «ជួបស៊យ»

    សុខ សោម៉ាវត្តី រិះគន់អ្នកទស្សនាលួច Live Video ចេញក្រៅពេលមើលកុនរឿង «ជួបស៊យ»

    ភ្នំពេញៈ កុន​ដែល​ដឹក​នាំ​ការ​សម្តែង និង​ដាក់​ទុក​ដំបូង​របស់​តារា​កំប្លែង​ល្បី​​ប្រចាំ​​ទូរ​ទស្សន៍​​ស៊ី​ធី​អ៊ិន​គឺ នាយ ​គ្រឿន រឿង ​«ជួបស៊យ» កំពុង​តែ​​ចាក់​បញ្ចាំង​តាម​រោង​កុន​ទំនើបៗ​នានា​​យ៉ាង​គគ្រឹកគគ្រេង​ និង​ទទួល​​​​បាន​​ការ​គាំទ្រ​ដោយ​ការ​និយាយ​ថា ​ល្អ​មើល កំប្លែង​សើច​សប្បាយធូរ​អារម្មណ៍​គឺ​​ចាយ​លុយ​ទិញ​សំបុត្រ​​ទស្សនា​​​មិន​ខក​បំណង​នោះ ក៏​លេច​ឮ​​ថា មាន​​អ្នក​ទស្សនា​ខ្លះ​ឆ្លៀត​ឱកាស​យក​​កេង​ចំណេញផ្សាយ​វីដេអូ​ផ្ទាល់ (​Live Video ​​) ចេញ​ពី​រោង​កុន​ទៅ​ក្រៅចែក​មិត្ត​ភក្តិខ្លួន​បាន​មើល​​មិន​បាច់​អស់​ប្រាក់​ទិញ​សំបុត្រ​​។​

    ដំណឹង​ Live Video​ នេះ ក៏​បង្ក​ឲ្យ​មជ្ឈ​ដ្ឋាន​មហាជន​ភាគ​ច្រើន​​មាន​ការ​រិះ​គន់​ និង​សម្តែង​ការ​ហួស​ចិត្ត​ចំពោះ​​​ភាព​មិន​សម​រម្យ​ខ្វះ​ការ​ពិចារណា​នេះ​ផង​ដែរ សូម្បី​តារា​សម្តែង​ស្រី​​អ្នក​មេម៉ាយ​ ចាយ​រាង​មាន​រូប​ឆោម​​​លោម​ល្អ​ក្រមុំ​មិន​ដូរ​ អ្នក​នាង សុខ សោម៉ាវត្តី​​ ក៏​ទ្រាំ​លែង​បាន​ហើយ​ទម្លាយ​សារ​តាម​ហ្វេសប៊ុក​​ខ្លួន​បង្ហាញ​​​ពីអារម្មណ៍​​​​​សោក​ស្តាយ​ផង​ដែរ។

    តារា​សម្ដែង និង​ពិធី​ការិនី ស្រី​ស្រស់​សម្រស់​ផូរផង់​ និង​នៅ​ខ្ញង់​មិន​ចាញ់​ក្រមុំ​ អ្នកនាង សុខ​ សោម៉ាវត្តី​ បាន​​សរសេរ​សារ​មួយ​ឃ្លា​ថា៖ «អរគុណ​ដែល​ស្រលាញ់​កុន​ខ្មែរ​ដល់​ថ្នាក់​ចូល​មើល​ហើយ​លួច Live Video ទៀត …..ចង់​សួរ​ថា​អត់​មាន​អាណិត​អ្នក​ផ​លិត​ អ្នក​ចាយ​លុយ​ទេ ឬ​ក៏​អី ?​ គួរ​និយាយ​បែប​ណា​ឲ្យ​សម​នឹង​ចិត្ត​ដែល​ឃើញ​​រឿង​គួរ​ឲ្យ​ស្អប់​បែប​នេះ ?​ ជួយ Share ឲ្យ​អ្នក Live រឿង​ជួប​ស៊យ​ឃើញ​ផង ដើម្បី​ឲ្យ​គាត់​ពិចារណា​ថា​អ្វី​ដែល​គាត់​ធ្វើ​ខុស​ ឬ​ត្រូវ »។

    វណ្ណ​កម្ម​ដឹក​នាំ​សម្ដែង​រឿង ជា​លើក​ដំបូង​របស់​តារា​កំប្លែង នាយ គ្រឿន មាន​ចំណង​ជើងថា «ជួប​ស៊យ» នៃ​ផលិតកម្ម LD Picture បាន​បើក​សម្ពោធ​យ៉ាង​អធិក​​អ​ធម នា​ល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅ​រោង​ភាព​យន្ត Legend ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ដោយ​មាន​វត្ត​មាន​តារា​សម្ដែង​ចាស់​ថ្មី និង​តារាចម្រៀង ព្រម​ទាំង​ទស្សនិក​ជន យ៉ាង​ច្រើន​កុះ​ករ​ចួល​រួម។ ចំណែក​តារា​សម្ដែង​ល្បីៗ​មាន​ដូចជា នាយ គ្រឿន, នាយ ពែកមី , លោក ទេព រិន​ដារ៉ូ, អ្នកនាង ប៉ែន សុផានី , លោក ងួន សុបិន, កញ្ញា សា​ឡាត់ ស្រី​ឡាង, កញ្ញា គៀត សុវណ្ណាឡាង, លោក ជា សុវណ្ណា​រាហ៍ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើនរូ​ប​ទៀត៕​

  • ចម ប្រសិទ្ធ៖ ADB កំពុង​ជួយ​ទំនប់​បម្រុង​លើ​វិស័យ​ទឹកស្អាត​នៅតាម​ជនបទ

    ចម ប្រសិទ្ធ៖ ADB កំពុង​ជួយ​ទំនប់​បម្រុង​លើ​វិស័យ​ទឹកស្អាត​នៅតាម​ជនបទ

    ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា (ADB) កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​ទឹកស្អាត​នៅ​ប្រទេស​កម្ពុជា ដោយបាន​អនុវត្ត និង​ដាក់​គម្រោង​នានា ទាក់ទង​នឹង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត។ ការឱ្យ​ដឹង​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជួប​ជាមួយ​ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា កាលពីពេលថ្មីៗនេះ។

    លោក Samiuela Tukuafu ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ADB បានដាក់​ផែនការ​កម្មវិធី​ក្នុងប្រទេស​កម្ពុជា​រួមមាន៖ ឆ្នាំ 2017 គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ទឹក ស្អាត និង​អនាម័យ​ខេត្ត ដែលមាន​ទំហំ​ថវិកា​ឥណទាន​របស់ ADB ចំនួន 50លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ 2017 ធ្វើ​គម្រោង​អភិវឌ្ឍ​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP)។

    លោក Samiuela Tukuafu ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា

    សម្រាប់​ឆ្នាំ 2018 យើង​នឹងដាក់​គម្រោង​ជំនួយ​បច្ចេកទេស ដែលមាន​ថវិកា​ជា​ជំនួយឥតសំណង​ប្រមាណ 1,5 លាន​ដុល្លារ​អាមេរិក ដើម្បី​សិក្សា​រៀបចំ​គម្រោង​ទឹកស្អាត និង​អនាម័យ​ដំណាក់កាល​ទី2។ ឆ្នាំ 2020 យើង​គ្រោង​នឹង​អនុម័ត​គម្រោង​ទឹកស្អាត និង​អនាម័យ​ខេត្ត​ជំ​ហ៊ាន​ទី2 ដែលមាន​ថវិកា​របស់ ADB ចំនួន 50លាន​ដុល្លារ​អាមេរិក​ទៀត។

    ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា បានឱ្យដឹង​ដែរ​ថា គម្រោង​ទាំងនេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កំពុង​អនុវត្ត និង​រៀបចំ​បណ្តា​គម្រោង​នានា ដែល​គ្រោង​ស្នើសុំ​នាពេល​អនាគត ទាក់ទង​នឹង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​កម្ពុជា។

    ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម

    ឯកឧត្តម​បាន​សាទរ​គម្រោង​បេសកកម្ម​កម្មវិធី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង​ស្នើឱ្យ ADB ផ្តល់​សារៈសំខាន់ ចំពោះ​គម្រោង​អភិវឌ្ឃន៍​ជា​អាទិភាព​មួយចំនួន​រួមមាន៖ រោងចក្រ​ទឹកស្អាត​នៅ​ខេត្តស្ទឹងត្រែង ដែល​បច្ចុប្បន្ន​នៅ​ប្រើ​បំពង់​បណ្តាញ​ចាស់​តាំងពី​ជំនាន់​បារាំង កំពុងមាន​បញ្ហា​ធ្លាយ​លេច​ជាច្រើន​កន្លែង ដែល​តម្រូវឱ្យ​មានការ​ផ្លាស់ប្តូរ​ថ្មី និង​កែតម្រូវ​ប្រព័ន្ធ​ដទៃទៀត។

    គម្រោង​ផ្គត់ផ្គង់​ពង្រីក​វិសាលភាព​ទឹកស្អាត នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដែលជា​ទីប្រជុំជន​ជាប់​ព្រំដែន មាន​សកម្មភាព​ពាណិជ្ជ​កម្ម​មមាញឹក ជាពិសេស​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ប្រមូលផ្តុំ​ដោយ​រោងចក្រ សហគ្រាស និង​កម្មករ និង​គម្រោង​ពង្រីក​សេវា​គ្របដណ្តប់​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តសៀមរាប ដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​ពិភពលោក៕

  • អេស៊ីលីដា រំពឹង​ទទួលបាន​អតិថិជន 2លាន​នាក់ ប្រើប្រាស់​សេវា «អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ»

    អេស៊ីលីដា រំពឹង​ទទួលបាន​អតិថិជន 2លាន​នាក់ ប្រើប្រាស់​សេវា «អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ»

    ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​កាត់បន្ថយ​ការចំណាយ​នានា ធនាគា​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​សេវា​ថ្មី​មួយទៀត​ឈ្មោះថា “អេស៊ីលីដា​យូ​នី​ធី​ទាន់ចិត្ដ។ ជាមួយ​ការបង្កើត​ថ្មី​ថ្នាក់ដឹកនាំ​នៃ​ធនាគារ​រំពឹងថា នឹង​អាច​ទទួលបាន​អតិថិជន​ប្រើប្រាស់​សេវា​នេះ 2លាន​នាក់​ក្នុង  រយៈ5ឆ្នាំ។

    លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​លើកឡើងថា៖ កាលពី​ឆ្នាំ 2010 កន្លងទៅនេះ ធនាគារ​បាន​បង្កើត​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី ដើម្បី​ដាក់ឱ្យ​អតិថិជន​ប្រើប្រាស់។ យើង​សង្កេតឃើញថា សន្ទុះ​នៃ​អ្នកប្រើប្រាស់​រហូតមកដល់​ពេលបច្ចុប្បន្ន​បាន​កើន​ដល់​រង្វង់ 30ម៉ឺន​នាក់​ព្រោះ​អតិថិជន​ត្រូវធ្វើ​ដំណើរ​មក​សាខា និង​មាន​ការគិត​តម្លៃ​សេវាកម្ម​ថែម​ទៀតផង។ ដូច្នេះ​ទើប​យើង​បង្កើត​សេវាកម្ម​ថ្មី​មួយទៀត​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​អេឡិចត្រូនិក​យ៉ាង​ទំនើប​ដែល​អភិវឌ្ឍន៍​ដោយ​វិស្វករ​ជំនាញ​ទទួល​ការបណ្ដុះបណ្ដាល​ក្នុងស្រុក និង​បរទេស ដើម្បី​ផ្ដល់​ភាព​ស្រួល និង​កាត់បន្ថយ​ការចំណាយ​នានា​របស់​អតិថិជន។

    អ្វីដែល​ខុសគ្នា​ជាមួយ​អេស៊ីលីដា​យូ​នី​ធី និង​សេវា​អេស៊ីលីដា យូ​នី​ធី​ទាន់ចិត្ដ គឺ​អតិថិជន​មិនចាំបាច់​ធ្វើដំណើរ​ទៅកាន់​ការិយាល័យ ឬ​សាខា​អេស៊ីលីដា​ដើម្បី​ចុះបញ្ជី​ត​ភា្ជ​ប់ដូ​ច​មុន​ទៀតឡើយ ព្រោះ​សេវា​នេះ​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ប្រើ​ប​ចេ្ច​ក​វិទ្យា​ទំនើប គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តែប៉ុណ្ណោះ។ ដើម្បី​ចុះឈ្មោះ​ត​ភ្ជាប់​បណ្ដាញ​ក្នុងការ​ប្រើប្រាស់​អតិថិជន​អាច​ដោ​ន​ឡូត និង​ទាញយក​មកប្រើប្រាស់​បាន​ជាមួយ​កម្មវិធី App Store និង Play Store ពោលគឺ​អតិថិជន​អាចធ្វើ​ការចុះឈ្មោះ​ប្រើប្រាស់​សេវា​នេះ​ដោយ​ខ្លួនឯងបាន​យ៉ាង​ភាពងាយស្រួល។

    » របៀប​អនុវត្ត​ប្រើ​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

    ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែមថា៖ តាមរយៈ​ការបង្កើត​សេវា​អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ​យើង​មាន​ជំនឿ​ចិ​ត្ដ​ថា នឹង​ទទួលបាន​អតិថិជន​ប្រើប្រាស់​ក្នុង​រង្វង់ 2លាន​នាក់ ក្នុង​រយៈពេល5ឆ្នាំ​ខាងមុខ  ព្រោះ​យើង​ផ្អែកលើ​អតិថិជន​សកម្ម​របស់​ដែល​កំពុងតែ​ប្រើប្រាស់​សេវាកម្ម​នៅក្នុង​ធនាគារ​យើង​ស្រាប់។ ម្យ៉ាង​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី ដែល​យើង​បាន​បង្កើត​កាលពី​ពេលមុន​សម្រាប់​អតិថិជន លុះត្រាតែ​អ្នកមាន​ជីវភាព​ធូ​ធារ​បន្ដិច​ទើប​អាច​ប្រើត​ភ្ជាប់​បាន ប៉ុន្ដែ​ចំពោះ​អេស៊ីលីដា យូ​នី​ធី​ទាន់ចិត្ដ គឺ​ផ្ដោតលើ​ប្រជាជន​ទូទៅ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ មិន​ថា​អ្នកមាន​ចំណូល​ខ្ពស់ មធ្យម ឬ ចំណូល​ទាប​នោះទេ​គឺ​ពួកគាត់​អា​ចត​ភ្ជាប់​ដើម្បី​ប្រើប្រាស់​បាន​ដូចគ្នា។ អ្វីដែល​សំខាន់​ជាង​នេះ​គឺ​ការប្រើប្រាស់​សេវាកម្ម​នេះ​ធនាគារ​យើង​ពុំ​បានគិត​ទៅលើ​តម្លៃ​សេវា​ក្នុងការ​ប្រតិ​ប​ត្ដិ​ការ​ឡើយ។

    ក្នុងការ​ប្រតិ​ប​ត្ដិ​ការ​ក្នុង​សេវាកម្ម​នេះ​ក៏មាន​ដាក់​ព័ត៌មាន​លម្អិត​ជុំវិញ​ការចុះឈ្មោះ  ការប្រើប្រាស់ និង​សំណួរចំលើយ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែល​ក្នុងនោះ​មាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ថែម​ទៀតផង។ពិសេស​ធនាគារ​បាន​ត្រៀ​ម​បុគ្គលិក​ជាង1ម៉ឺន​នាក់​រង​ចាំង​បម្រើ​ដល់​អតិថិជន​ដោយ​មិន​គិតថ្លៃ ដើម្បី​ជួយ​ពន្យល់​ណែនាំ​ពី​ការតភ្ជាប់ និង​ការទាញយក ព្រមទាំង​របៀប​នៃ​ការប្រើប្រាស់​សេវា​យូ​នី​ធី​ទាន់ចិត្ដ​នេះ។ ក្នុងករណី​ដែល​អតិថិជន​មាន​ចម្ងល់​អាច​ទំនាក់ទំនង​មកកាន់​បុគ្គលិក​អេស៊ីលីដា ដែល​នៅ​ជិត​លោកអ្នក ឬ​សាខា​ទាំង260 ឬ​តាមរយៈ​ខ​ល​សេន​ធើរ​ដែល​បម្រើការ 24ម៉ោង៕

  • 21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    សូមចូលរួមត្រេកអរផងណា៎ សម្រាប់ស្រ្តីដែលចាប់ផ្តើមតាំងគភ៌គ្រប់គ្នា ចាប់ពីពេលនេះទៅអ្នកនឹងបានរៀនយល់ដឹងពីការរស់នៅមួយបែបទៀតដែលខុសប្លែកពីមុន។ រឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺ រឿងសុខភាពក្នុងអំឡុងពេល 9 ខែតពីពេលនេះទៅថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកខ្លះ? ជាពិសេស ស្រ្តីដែលតាំងគភ៌លើកដំបូងទាំងឡាយ ដែល ឡា រ៉ែន មិនចង់ឱ្យខកខានក្នុងការអានអត្ថបទនេះឡើយ។

    សុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    1 . ក្នុងរយៈពេលរបស់ការតាំងគភ៌ ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 20 នាក់ ប្រសូតត្រូវតាមដែលលោកគ្រូពេទ្យរាប់ថ្ងៃប្រសូត តែភាគច្រើនវិញ ស្រ្តីមានគភ៌នឹងប្រសូតមុនកំណត់ប្រមាណជា 1 – 2 សប្តាហ៍មានចំនួនដល់ទៅ 1 នាក់ក្នុង 8 នាក់ ដែលនេះជារឿងប្រក្រតីទេ។
    2 . ការរាប់ពេលវេលាតាំងគភ៌របស់ស្រ្តីមានគភ៌នឹងរាប់ជាសប្តាហ៍ ដូចជា ការកំណត់ប្រសូតនឹងរាប់បន្ទាប់ពីថ្ងៃដែលអស់វដ្តរដូវ នឹងរាប់ជា 40 សប្តាហ៍ ហើយនឹងរាប់ចាប់ពីថ្ងៃចាប់បដិសន្ធិពិតៗគឺ 38 សប្តាហ៍ដែលជាកំណត់ប្រសូតរបស់ស្រ្តីមានគភ៌។
    3 . ការតាំងគភ៌ក្នុងត្រីមាសដំបូង ពោះរបស់ស្រ្តីមានគភ៌នឹងមិនសូវមើលឃើញធំប៉ុន្មានទេ តែនឹងមើលឃើញច្បាស់ថាមានគភ៌នោះ ក៏ក្នុងអំឡុងត្រីមាសទី 2។
    4 . អ្នកនឹងបានឮសំឡេងបេះដូងកូនជាលើកដំបូងប្រមាណជាក្នុងសប្តាហ៍ទី 10 ដោយប្រដាប់ស្តាប់សំឡេង ឬតាមរយៈការធ្វើអាល់ត្រាសោនដ៍។
    5 . រាងកាយរបស់អ្នកនឹងប្រែប្រួលច្រើនយ៉ាង ដូចជា ខ្លួនប្រាណ ដៃ ជើង ក្បាលពោះ សុដន ក្រចកដៃជើង សក់ ស្បែក ហើយអាការផ្សេងៗដែលកើតឡើងចំពោះរាងកាយទាំងនេះនឹងបាត់អស់ទៅវិញនៅពេលប្រសូតបុត្ររួច។
    6 . ក្នុងអំឡុងពេលមានគភ៌ ខាងក្នុងរាងកាយរបស់អ្នកនឹងមានឈាមហូរវឹលច្រើនជាងប្រក្រតី។
    7 . ក្នុង 1 ថ្ងៃអ្នកនឹងបត់ជើងតូចជាញឹកញាប់ ដោយសារតែបរិមាណរបស់ឈាមដែលកើនឡើង ហើយនឹងកើនច្រើនឡើង
    នៅពេលស្បូនរីកធំឡើងរហូតដល់ពេលប្រសូត។
    8 . អ្នកនឹងកាន់តែនឿយហត់ឡើងជារឿយៗក្នុងខណៈពេលតាំងគភ៌ តែនឹងមានអារម្មណ៍ថានឿយហត់ខ្លាំងក្នុងអំឡុងត្រីមាសដំបូង។
    9 . អ្នកនឹងមានអារម្មណ៍ច្រើនយ៉ាងកើតឡើងក្នុងអំឡុងពេលតាំងគភ៌ និងនឹងមានអាការនឿយល្វើយកើតឡើង ហើយនឹងធ្ងន់ធ្ងរខ្លាំងក្នុងអំឡុងពេលដំបូងៗ។
    10 . អ្នកនឹងជួបជាមួយអាការឈឺចាប់ទាំងឡាយ ដូចជា អាការឈឺក្បាល ឈឺខ្នង ឈឺជើង ក្អួតចង្អោរ ហើមដៃជើង និងវឹលមុខ។
    11 . ចំនួន 3 ភាគ 4 នៃស្រ្តីមានគភ៌ នឹងមានអាការចាញ់កូនក្នុងអំឡុងត្រីមាសដំបូង ជាពិសេសនៅពេលព្រឹកនឹងមានអាការ វឹលមុខ និងក្អួត។
    12 . អ្នកនឹងចង់ទទួលទានអាហារខ្លាំងជាងមុន តែនឹងទទួលទានអាហារមិនបានច្រើនដូចមុនទេ។
    13 . អ្នកនឹងមានអារម្មណ៍ដឹងថា កូនរើបំរះពេលអាយុគភ៌បានប្រមាណជា 16 – 22 សប្តាហ៍ ឬក្នុងអំឡុងត្រីមាសទី 2 នៃការតាំងគភ៌។
    14 . ពេលពោះចាប់ផ្តើមធំ អ្នកនឹងមិនអាចឱនចងខ្សែស្បែកជើងបាន អង្គុយលើកម្រាលឥដ្ឋ ឬកោររោមនៅម្តុំៗជើងបានទេ
    ដោយសារតែពោះដែលកាន់តែធំឡើងហ្នឹងឯង និងនៅពេលពោះធំឡើងអាចធ្វើឱ្យអ្នកដើរបុកវត្ថុរបស់របរនៅក្នុងបន្ទប់ជាញាឹកញាប់ ព្រោះនៅស្មានរយៈចម្ងាយមិនទាន់ត្រូវ។
    15 . អ្នកគួរសិក្សាពីរឿងការញ៉ាំអាហារ ភេសជ្ជៈ និងថ្នាំផ្សេងៗដែលអាចញ៉ាំបាន ឬគួរចៀសវាង និងសិក្សាពីរឿងការហាត់ប្រាណផងដែរ។
    16 . អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងរឿងសុខភាពការតាំងគភ៌របស់អ្នក ជំងឺប្រចាំកាយ ឬជំងឺដែលអាចកើតឡើងបានក្នុងអំឡុងពេលមានគភ៌។
    17 . អ្នកនឹងពិបាកក្នុងការគេងលក់ និងនឹងមានអាការគេងមិនលក់ រឹតតែក្នុងអំឡុងពេលត្រីមាសទី3ផងនោះ នឹងរឹតតែគេង
    លែងសូវលក់ និងច្រើនតែយល់សប្តិអាក្រក់ ព្រោះតែកើតអាការវិតក្កកង្វល់នឹងអាការជិតប្រសូតហ្នឹងឯង។
    18 . ស្រ្តីមានគភ៌មួយចំនួននឹងមានអាការសោកសៅស្រងូតស្រងាត់ពេញមួយខណៈពេលតាំងគភ៌ និងអាការនេះនឹងរឹតតែធ្ងន់ធ្ងរឡើងនៅពេលប្រសូតរួច។
    19 . ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 5 នាក់នឹងមានសភាវជ្រៀតជ្រែកផ្សេងៗកើតឡើងខណៈពេលមានគភ៌ ដូចជា សភាវរលូតកូន គភ៌មានជាតិពុលជាដើម។
    20 . អ្នកគួរតែសិក្សាពីតំណាក់កាលនៃការប្រសូតឱ្យរួចជាស្រេច និងត្រៀមខ្លួនសម្រាប់ការប្រសូតដែលនឹងកើតឡើង។
    21 . ស្រ្តីមានគភ៌ 1 នាក់ ក្នុងចំណោម 5 នាក់ នឹងបានដឹងពីសញ្ញាប្រសូតប្រមាណជាក្នុងសប្តាហ៍ទី 37 ឬអាការឈឺពោះឱ្យដឹងមុនដើម្បីប្រាប់ឱ្យដឹងថា ការប្រសូតកំពុងជីតមកដល់ហើយ។
    ពេញមួយរយៈពេល 9 ខែនេះ រឿងផ្សេងៗដែលបានរៀបរាប់មកខាងលើនោះ គឺជារឿងដែលអ្នកត្រូវជួបនៅពេលអ្នកមានគភ៌ ការសិក្សាពីព័ត៌មានរឿងការតាំងគភ៌ជាអ្វីដែលអ្នកគួរតែត្រៀមខ្លួនឱ្យស្រេច និងនៅពេលជួបនឹងអាការខុសប្រក្រតីណាមួយ អ្នកគួរតែប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់៕

  • ចុងភៅ ដ៏ល្បីនៅប្រទេសបារាំងនឹងមកចម្អិនម្ហូបសម្រាប់ភ្ញៀវរបស់ភោជនីយដ្ឋានតូប៉ាហ្ស

    ចុងភៅ ដ៏ល្បីនៅប្រទេសបារាំងនឹងមកចម្អិនម្ហូបសម្រាប់ភ្ញៀវរបស់ភោជនីយដ្ឋានតូប៉ាហ្ស

    រយៈពេលកន្លងមកភោជនីយដ្ឋាន តូប៉ាហ្ស តែងតែអញ្ជើញចុងភៅល្បីៗលំដាប់អន្ដរជាតិ នៅជុំវិញពិភពលោកមកចម្អិនអាហារពេលល្ងាចសម្រាប់ការទទួលទានរបស់ភ្ញៀវ។ នៅថ្ងៃទី 27 ខែមេសាខាងមុខនេះ តូប៉ាហ្ស បានអញ្ជើញលោក Nicolas ជាចុងភៅមានបទពិសោធន៍ក្នុងការចម្អិនអាហារក្នុងភោជនីយដ្ឋានធំៗនៅប្រទេសបារាំង និងជាប់ជាតារាចម្អិនម្ហូប Michelin តាំងពីឆ្នាំ2009 មកធ្វើការចម្អិនម្ហូបសម្រាប់ភ្ញៀវសំខាន់ៗបរិភោគផងដែរ។

    នៅក្នុងឱកាសដែលលោក Nicolas មកចម្អិនម្ហូបសម្រាប់ភ្ញៀវសំខាន់របស់ភោជនីយដ្ឋាន តូប៉ាហ្ស នោះលោកនឹងធ្វើការបណ្ដុះបណ្ដាលជំនាញចម្អិនម្ហូបបែបស្ដង់ដារអន្ដរជាតិដល់ចុងភៅរបស់ភោជនីយដ្ឋាន តូប៉ាហ្ស ដែលដឹកនាំដោយមេចុងភៅ លោក ពៅ សុភក្រ័្ដ ដើម្បីឱ្យទទួលបានជំនាញចម្អិនម្ហូបកាន់តែខ្ពស់បន្ថែមទៀត។

    លោក Nicolas មានអាយុ 40 ឆ្នាំជាចុងភៅមានប្រភពចេញពីតំបន់សមុទ្រ មេឌីទែរ៉ាណេ នៃប្រទេសបារាំងក្នុងតំបន់ Burgundy យាយរបស់គាត់ជាជនជាតិអ៊ីតាលី បានរកឃើញគ្រឿងផ្សំបែបសាមញ្ញាដំបូងគេមកធ្វើជាម្ហូបដ៏អស្ចារ្យ។ ស្ទើរតែពាក់កណ្ដាលជីវិតរបស់លោកបានឆ្លងកាត់ការងារចម្អិនម្ហូបនៅតាមបណ្ដាភោជនីដ្ឋានល្បីៗជាច្រើននៅប្រទេសបារាំងដូចជា Le Prieure នៃទីក្រុង Avignon, La Rotonde នៃទីក្រុង Lyon និង Auberge de Vieux Puits។ នៅឆ្នាំ2008 លោកក៏បានបង្កើតភោជនីដ្ឋានផ្ទាល់ខ្លួនមួយឈ្មោះថា Auberge de le Charme នៅក្បែរតំបន់Dijon។

    គួររំលឹកថា នៅថ្ងៃ 27ខែមេសា ខាងមុខក៏ជាថ្ងៃខួបកំណើតរបស់លោកគម្រប់វ័យ 40ឆ្នាំផងដែរ៕

         
  • ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នឹងចាប់​ផ្តើម​នៅ​​សប្តាហ៍​ក្រោយ

    ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នឹងចាប់​ផ្តើម​នៅ​​សប្តាហ៍​ក្រោយ

    ជាមួយ​នឹង​ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​ក្នុង​វិស័យអចលនទ្រព្យ និង​សំណង់​ វិនិយោគិន និង​អ្នក​អភិវឌ្ឍន៍​ជា​ច្រើន​កំពុង​តែ​ផ្លាស់ប្តូរ​ការ​វិនិយោគ​របស់​ពួក​គេ​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា។

    ដើម្បី​បង្ហាញ​ពី​ឱកាស​វិនិយោគ និង​ការ​អភិវឌ្ឍ​ឈាន​មុខ​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន គេហទំព័រ​ Realestate.com.kh នឹង​រៀបចំ​ការ​តាំង​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​មួយ​នា​ថ្ងៃទី5-6 ខែឧសភា ឆ្នាំ2017 ខាងមុខ​ក្នុង​សាល​ធំ (Grand Ballroom) នៅ​ជាន់​ទីពីរ​ក្នុង​សណ្ឋាគារ​ណាហ្គា វើល ​រាជធានី​ភ្នំពេញ។

    ជា​ការ​រំពឹង​ទុក​ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ពាន់​នាក់។ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដៃគូ បច្ចុប្បន្ន Realestate.com.kh កំពុង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​យ៉ាងទូលាយ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដើម្បី​ទាក់ទាញ​វិនិយោគិន​ដែល​មាន​សក្ដានុពល​ទាំង​អស់​ឱ្យ​អញ្ជើញ​មក​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដៃគូ​ក្នុង​កម្ម​វិធី​នា​ពេល​ខាង​មុខ មាន​ដូច​ជា កាសែត​ឡារ៉ែន ពាណិជ្ជ, កាសែត Khmer Times, ទស្សនាវដ្តី​ពាណិជ្ជកម្ម​កម្ពុជា, សារព័ត៌មាន​អនឡាញ Bizkhmer, Khmernavi/Enjoy Cambodia, សារព័ត៌មាន​ភាសា​ចិន Sin Chew Daily, ទស្សនាវដ្តី​ពាណិជ្ជកម្ម B2B, សភា​ពាណិជ្ជ​កម្ម​អាមេរិក, សភាពាណិជ្ជកម្ម​អង់គ្លេស, សមាគម​អ្នក​សាងសង់​កម្ពុជា, សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា, គេហទំព័រ​អចលនទ្រព្យ PropertyGuru គេហទំព័រ​​អចលនទ្រព្យ PropertyGuru អន្តរជាតិ, ទស្សនាវដ្តី Property Report និង​គេហទំព័រ​អចលនទ្រព្យ Juwai.com។

    គិត​រហូត​ដល់​ពេល​នេះ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​មានអ្នក​ចុះឈ្មោះ​ចូលរួម​ជាង1,500​នាក់​ហើយ ដោយ​ពួក​គេ​ភាគ​ច្រើន​បាន​ចុះ​ឈ្មោះ​តាមរយៈ​គេហទំព័រ​ជា​ភាសា​អង់គ្លេស និង​ភាសា​ចិន។ បន្ថែម​ពីនេះ​ក៏​មាន​អ្នក​ចាប់​អារម្មណ៍​ជាង1,300​នាក់​តាម​រយៈ​ទំព័រ​ហ្វេសបុកដែរ។ កម្មវិធី​នឹង​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី​ទៀតផង​។ ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​ចូលរួម​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន LASTMILE WORKS Co., Ltd និងក្រុម​ហ៊ុន​ផ្គត់ផ្គង់​សម្ភារ​កីឡា Seara Sports Systems។ គម្រោង​អភិវឌ្ឍន៍​ដែល​ត្រូវ​ចូល​រួម​មាន​ដូច​ជា​ ក្រុមហ៊ុន Camhomes/HLH Group, គម្រោងHabitat Condo, ក្រុមហ៊ុន Royal HM Trading, គម្រោង Sky31 Condo, ក្រុម​ហ៊ុន​​អចលនទ្រព្យ និង​អភិវឌ្ឍន៍ NC Maxworld Real Estate & Development, គម្រោង​អភិវឌ្ឍន៍​ចម្រុះ Core PPSEZ, គម្រោង VKirirom, គម្រោង​ខុន​ដូ HighLand Condo, ក្រុមហ៊ុន GRED/One Park, គម្រោង Parkway Condo, គម្រោង Elements Condo, គម្រោង Golden One, ក្រុមហ៊ុន SC Capital និង​គម្រោង​ខុន​ដូ SkyTree។

    អំឡុងពេល​ពីរ​ថ្ងៃ​នៃ​ការ​តាំង​ពិព័រណ៍​អចលនទ្រព្យ ក៏មាន​សិក្ខាសាលា​ដ៏​សំខាន់​មួយ​ដែល​នឹង​ធ្វើ​ឡើង​ដោយ​អ្នកជំនាញ​នៃ​វិស័យ​ផ្សេងៗ​មាន​ដូច​ជាលោក​បណ្ឌិត សុក ស៊ីផាន់ណា​ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Sok Siphana & Associates និង​ជា​សមាជិក​របស់ Zicolaw លោក Matthew Rendall ដៃគូ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Sok Siphana & Associates និង​ជា​សមាជិក Zicolaw លោក Anthony Galliano នាយក​គ្រប់គ្រង​របស់​ក្រុម-​ហ៊ុន Cambodian Investment Management, លោក Jasper Shin ជា​អ្នក​អភិវឌ្ឍន៍ និង​ជា​អ្នក​ប្រឹក្សា​អចលនទ្រព្យ, លោក Christophe Forsetti ប្រធាន​គ្រប់គ្រង​របស់​ក្រុមហ៊ុន JSM Indochina, លោក Simon Griffiths នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Metro Global Pte Ltd និង លោក Takeshi Izuka នាយក​គ្រប់គ្រង​របស់ Vikirirom៕

  • ប្អូនស្រីបង្កើត ឆន សុវណ្ណរាជ ចេញបកស្រាយរឿងគេចោទថាបងខ្លួនបោកប្រាស់ស្នេហ៍នារីក្មេង

    ប្អូនស្រីបង្កើត ឆន សុវណ្ណរាជ ចេញបកស្រាយរឿងគេចោទថាបងខ្លួនបោកប្រាស់ស្នេហ៍នារីក្មេង

    ភ្នំពេញៈ ពេល​​តារា​ចម្រៀង​ប្រុស​លំដាប់​កំពូលនៅ​ទ្រ​នំ​ហង្ស​មាស​លោក ឆន សុវណ្ណរាជ បាន​ហោះ​ហើរ​​​ចេញ​ទៅ​សម្តែង​រួម​ដំណើរ​ជា​គូ​ដូចជា​គូស្នេហ៍​​ជាមួយ​នឹង​ កញ្ញា ឱក សុគន្ធ​កញ្ញា និង​បាន​​ជុំ​គ្នា​​ជាមួយ​នឹង​​តារា​ចម្រៀង​ប្រុស​ហង្ស​មាស​ម្នាក់​ទៀត​ឈ្មោះ​ Step ​ដែល​មាន​មុខ​មាត់​​​​ស្រដៀង​លោក រ៉េន ជា​​តារា​​​កូរ៉េ​នៅ​ឯ​ប្រទេស​ កូរ៉េខាង​ត្បូង ​នាពេលថ្មី​ៗ​ ក៏​ស្រាប់​​តែ​​​មាន​ក្មេង​ស្រី​ម្នាក់​បាន​ Lives វីដេអូ​តាម​ហ្វេសប៊ុក​ ទាំង​យប់​រៀបរាប់​ថា រូប​នាង​ត្រូវ​បាន​តារា​ចម្រៀង​ប្រុស​រូប​នេះ​បោក​ប្រាស់​ក្តី​ស្នេហ៍​នាង​ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​តែ​ម្តង តែ​ក្រោយ​មក​នាង​ក៏​បាន​លប់​ចោល​វិញ​ភ្លាមៗ​។

     

    ទោះបី​មាន​ការ Lives វីដេអូ​​តាម​ហ្វេសប៊ុក ​​​តប​បកស្រា​យ​ពី​សំណាក់​តារា​ចម្រៀង​ប្រុស ​មាន​សំឡេង​ក្រអួន​ អង្រួន​ស្រូប​យក​នូវ​ប្រជា​ប្រិយ​ភាព​ពី​​ក្រុម​អ្នក​គាំទ្រ​យុវវ័យ​លោក ឆន សុវណ្ណរាជ ដែល​ស្តាប់​មិន​សូវ​ច្បាស់ក៏​​ព្រោះ​ឮតែ​សំឡេង​រថ​យន្ត​យ៉ាង​ណា​ក្តី ក៏​​រលក​រឿង​ព័ត៌មាន​បែបរស៊ើប​ខ្នង​នេះ​ ​មិន​បាន​​សាប​រលាប​​​ដែរ គឺ​​នៅ​បន្ត​បោក​បក់​ដោយ​ភាព​មន្ទិល​សង្ស័យ​មិន​ស្បើយនោះ​ឡើយ​។

    តារាចម្រៀង​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៃ​កម្មវិធី​ Cambodian Idol ​នៅ​​ទូរទស្សន៍​ហង្សមាស​​លោក​ ឆន សុវណ្ណ​រាជ​​​ ដែរ​ តែ​មិន​បាន​បក​ស្រាយ​ផ្ទាល់​ឡើយ​ដោយ​លោក​កំពុង​តែ​នៅ​ប្រទេស​កូរ៉េ​នៅ​ឡើយ ខណៈ​ត្រូវ​​បាន​​ប្អូន​ស្រី​បង្កើត​របស់​លោក​​ឈ្មោះ​​​​ Care បាន​​បក​ស្រាយ​ជំនួស​។ ដោយ​សម្អាង​​​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​តារា​ចម្រៀង​ហង្សមាស​​លោក​ ឆន សុវណ្ណ​រាជ​​​ និង​ធ្លាប់​បាន​មើល​វីដេអូ​​រៀបរាប់​រឿង​មិន​ទំនង​របស់​ក្មេង​ស្រី​ខាងលើ​​កញ្ញា Care បាន​​បង្ហើប​ឲ្យ​ដឹង​ថា​៖ «តាម​ពិត​ទៅ​ក្មេង​​ស្រី​ម្នាក់​នោះ គឺ​ជា​អ្នក​គាំទ្រ (Fan) ​របស់​បង​ខ្ញុំ​ ហើយ​នាង​​ធ្លាប់បាន​ជួប​ថត​​រូប​ជាមួយ​នឹង​គាត់​តែ​ម្តង​គត់​កាល​នៅ​​​ឯ​កោះ​ ពេជ្រ​​។ នាង​​ក៏​បាន​ប្រាប់​ដែរ​ថា គ្រាន់​តែ​និយាយ​លេង​សើច​នឹង​បង​រាជ​តែ​ប៉ុណ្ណោះ»​។ ​

    កញ្ញា Care បន្ត​ថា៖ «ម្យ៉ាង​ទៀត ក្មេង​ស្រី​នោះ ក៏​បាន​សារភាព​ថា គណនី​ហ្វេសប៊ុក​របស់​នាង ត្រូវ​បាន​គេ​ក្លែង​បន្លំ ហើយ​សង្ស័យ​ថា ​ជា​មិត្តភក្តិ​​ដែល​បាន​ឈ្លោះ​ជា​មួយ​នាង​ បាន​យក​គណនី​នាង​ទៅ​បង្ហោះ​រឿង ឬ​ធ្វើ​សកម្ម​ភាព​មិន​ល្អ​​ផ្សេងៗ​ទៀត​ផង​»៕

  • ធនាគារ BIDC ប្រគល់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន គិត​ជា​ទឹកប្រាក់​ប្រមាណ 42000ដុល្លារ

    ធនាគារ BIDC ប្រគល់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន គិត​ជា​ទឹកប្រាក់​ប្រមាណ 42000ដុល្លារ

    ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា ភីអិលស៊ី ហៅ​កាត់​ថា BIDC ប្រគល់​រង្វាន់​ចំនួន 20រង្វាន់​ជូន​អតិថិជន​របស់ ខ្លួន ដោយមាន​ម្ចាស់​រង្វាន់​ចំនួន 12រូប ក្នុងនោះ​អតិថិជន​ដែលមាន​សំណាង​ជាងគេ​បានឈ្នះ​រថយន្ត Ford Fiesta មួយគ្រឿង ដែលមាន​តម្លៃ​ប្រមាណ 30000ដុល្លារ។

    ការផ្ដល់​រង្វាន់​នេះ បន្ទាប់ពី​អតិថិជន​បានដាក់​ប្រាក់​សន្សំ​ជាមួយនឹង​ធនាគារ BIDC ក្នុង «កម្មវិធី​ដាក់​ប្រាក់​សន្សំ​ឈ្នះ​រង្វាន់​ធំ» ជាមួយគ្នានេះ រង្វាន់​រួមមាន៖ រថយន្ត Ford Fiesta 2016 មួយ​រង្វាន់ ម៉ូតូ Honda Click 125i មួយ រង្វាន់ ទូរស័ព្ទ iPhone 8 Plus 128G ៣រង្វាន់ ទូរទស្សន៍ Samsung UHD Smart TV 43 ៥រង្វាន់ និង​ទូរ​ទឹក​ក ក HITACHI 293L INVERTER ចំនួន 10គ្រឿង ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ 42000ដុល្លារ​អាមេរិក។

    តំណាង​ធនាគារ BIDC ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ថា BIDC បានរៀបចំ​កម្មវិធី​ដាក់​ប្រាក់​សន្សំ​ឈ្នះ​រង្វាន់​ធំ (Save to Win Big Prize) ដែល​ផ្ដល់ជូន​នូវ​អត្រា​ការប្រាក់​ប​ញ្ញល​ខ្ពស់​រហូតដល់ 5.75% និង​មាន​រង្វាន់​សរុប​គិត​ជា​ទឹកប្រាក់​ប្រមាណ 42000ដុល្លារ​អាមេរិក។

    លោក​បន្តថា ជាមួយនឹង​លក្ខណៈពិសេស ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​អតិថិជន​នោះ​គឺ អតិថិជន​គ្រាន់ តែ​មក​ដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ចាប់ពី 300ដុល្លារ​ឡើងទៅ នឹង​ទទួលបាន​លេខ​កូដ​ផ្សងសំណាង​ចំនួន1 ដើម្បី​ចូលរួម​ចាប់ឆ្នោត​ផ្សងសំណាង​យក​រង្វាន់​ពី​កម្មវិធី​ដាក់​ប្រាក់​សន្សំ​ឈ្នះ​រង្វាន់​ធំ។

    បើ​គិត​ត្រឹម​ចុងឆ្នាំ 2016 នេះ ធនាគារ BIDC មានទ្រព្យ​សកម្ម​សរុប 727លាន​ដុល្លារ​អាមេរិក ចលនា​ទុន​សរុប 605 លាន​ដុល្លារ និង​ឥណទាន​សរុប 510លាន​ដុល្លារ​ផងដែរ៕

  • ប្រជាជន​មី​យ៉ាន់​ម៉ា​ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ច្រើនជាង​វិស័យ​នានា​ក្នុងប្រទេស

    ប្រជាជន​មី​យ៉ាន់​ម៉ា​ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ច្រើនជាង​វិស័យ​នានា​ក្នុងប្រទេស

    ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​កើន​ឡើង​ដល់​ចំនួន​ប្រមាណ​ជាង​2ពាន់លាន​ដុល្លារ​អាមេរិក បើ​គិត​ត្រឹម​ខែមីនា ឆ្នាំ2017។ ចំនួន​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ចំនួន​ច្រើន​លើស​ពី​ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត។

    អ្នក​វិនិ​យោគ​មីយ៉ាន់ម៉ា បាន​បញ្ចូល​ទំហំ​ទឹក​ប្រាក់​ជាង​9,778​លាន​ដុល្លារ​ទៅក្នុង​សហគ្រាស​ចំនួន​1,241 ក្នុង11វិស័យ ដែល​ក្នុង​នោះគេ​សង្កេតឃើញថា ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​គឺមានចំនួន 20.98%​ក្នុងចំណោម​ការវិនិយោគ​ទាំង​អស់។

    នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ក្រុមប្រឹក្សា​វិនិយោគ និង​គ្រប់គ្រង​ក្រុមហ៊ុន (DICA) ដែល​ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ វិស័យ​ឧស្សាហកម្ម​បាន​តាម​ពីក្រោយ​វិស័យអចលនទ្រព្យ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រតិបត្តិ​ការប្រមាណ ​1,807លាន​ដុល្លារ បន្ទាប់​មក​ទៀត​គឺ​វិស័យ​ដឹក​ជញ្ជូន​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​1,706លាន​ដុល្លារ និង​សណ្ឋាគារ និង​ទេសចរណ៍​​មាន​ទឹកប្រាក់​ជាង​1,048លាន​ដុល្លារ។ ក្នុងនោះដែរ​វិស័យ​កសិក​ម្មនិង​ជលផល​ត្រូវបាន​គេ​ឃើញថា​មាន​ចំនួន​ត្រឹមតែ 0.38% និង 0.53% ប៉ុណ្ណោះ​ក្នុងចំណោម​ការវិនិយោគ​ទាំងអស់​​ក្នុង​ប្រទេស។

    ចំណែកការវិនិយោគ​ដោយផ្ទាល់​របស់​ជនបរទេសក្នុង​ឆ្នាំ​2016-2017 មាន​ថវិកា​សរុប​6.6ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ​ថវិកា​វិនិយោគ​ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​វិស័យ​អចលនទ្រព្យ​មាន​ចំនួន​748លាន​ដុល្លារ៕