Category: សង្គម និងសេដ្ឋកិច្ច

  • រិន សាវ៉េត និងកូនប្រុស ទទួលបានការសណ្តោសប្រណីពីថ្នាក់ដឹកនាំជាន់ខ្ពស់

    រិន សាវ៉េត និងកូនប្រុស ទទួលបានការសណ្តោសប្រណីពីថ្នាក់ដឹកនាំជាន់ខ្ពស់

    ភ្នំពេញៈ​ តារា​ចម្រៀង​លោក រិន សាវ៉េត ​​​​ដែល​មហាជន​អាសូរ​ថា ជា​​តារា​​ច​ម្រៀ​ង​​ល្បី​​ទ្រនំ​ចម្រៀង​​ក៏​ល្អ (ហង្ស​មាស)​ តែ​ខ្សត់​ទ្រព្យ​ ថែម​ជូប​​ទុក្ខ​ផ្ទួន​ជាន់​លើ​ផ្ទួន ពេល​នេះ​ប្រពន្ធ​ក៏​ស្លាប់​​ចោល​ឲ្យ​រស់​តែ​ល​តោង​ជា​មួយ​កូន​ប្រុស​វ័យ​ ៦ ឆ្នាំ ដែល​កំព្រា​ម្តាយ ។ រំពេច​ ដែល​ទុក្ខ​ក៏​មិន​ទាន់​រ​សាយ​​ ក៏​ទទួល​បាន​ការ​សណ្តោស​​ ពី​​លោ​ក​ ឃ្លាំង ហួត ជា​អភិ​បាល​ខណ្ឌ​ជ្រោយ​ចង្វារ ផ្តល់​អំណោយ​ផ្ទះ​មួយ​​ល្ហែ​ង​​និង​ធានា​ជួយ​ចិញ្ចឹម​ កូនប្រុស​កំព្រា តារា​ចម្រៀង​ ម្តាយ​​ឲ្យ​មាន​អនាគត​ទៀត​​ផង​។

    ​​​ព្រម​​ទាំង​​​​ស​ប្បុរ​​​​​​​សធម៌​ជា​ច្រើន ក៏​​​នៅ​មាន​បរិ​ច្ចាគ​នូវ​​​​ថវិកា​ ជួយ​ជ្រោម​ជ្រែង​ សម្រាប់​ពិធី​បុណ្យ​ខួប​គម្រប់ ​​​៧ថ្ងៃ​ប្រពន្ធ​តារា​ចម្រៀង​ រិន សាវ៉េត​ នោះ​ ។ ​​លោក ឃ្លាំង​ ហួត ដែលជា​អភិ​បាល​ខណ្ឌ ជ្រោយ​ចង្វារ ដែល​កន្លង​​មក​ក៏​ធ្លាប់​បាន​ផ្តល់​​អំ​ណា​យ​ម៉ូតូ​មួយ​គ្រឿងឲ្យ​ទៅ​តារា​ចម្រៀង​​ខ្សត់​ទ្រព្យ លោក រិន សា​វ៉េ​ត​ និ​ង​ថវិកា​ព្យា​បាល​​សព​នោះ ​លោកអភិបាល​ក៏​បាន​​ផ្តល់​ជួប​នូវ​ថវិកាមនុស្ស​ធម៌​ដល់​តារា​ចម្រៀង​ខ្សត់​ទ្រព្យ​​លោក រិន សាវ៉េត ចំនួន​ជិត​៧ពានដុល្លារ សម្រាប់​ចាត់​ចែង​​ធ្វើ​បុណ្យ​ខួប​សព​ប្រពន្ធ​គម្រប់​ ៧ ថ្ងៃ ។ ប៉ុន្តែ​បន្ថែម​ថវិកា ដែល​លោក​អភិ​បាល បាន​ពី​កា​រ​កៀង​​​​គរ​ពី​សប្បុរ​ធម៌​ លោក ក៏​​ប្រគល់​ជួប​ដល់​តារា​​ចម្រៀង​ខ្សត់​​ទ្រព្យ​ និង​ទើប​ក្លាយ​ជា​បុរស​ពោះ​ម៉ាយ​កូនមួយ​រូបនេះ ​នូវ​ផ្ទះ​មួយ​ល្ហែង​ឲ្យ​រួម​រស់​ជុំ​កូន​ប្រុស​កំព្រា​ម្តាយ វ័យ ​៦ ឆ្នាំ ឈ្មោះ  សាវ៉េត អវតា​​។ ​នា​ជំនួប​ទទួល​អំណោយ​​ផ្ទះ​ ​ពី​លោក អភិ​បាល​​​​ខ​ណ្ឌ​ជ្រោយ​ចង្វារ​នោះ  ក៏​មាន​តារាសម្តែង​និង​កំប្លែង មាន​​លោក ហម ឈរ៉ា និង​នាយ  ក្រឹម​ ចូល​រួម​ផង​ដែរ ។ ខណៈ​ដែល​លោក រិន សាវ៉េត ក៏​​ហាក់​​មាន​ភាព​ស្រស់​ស្រាយ​ រសា​យ​​នូវ​ទុក្ខ​ពី​ខ្លួន ប្រពន្ធ​ស្លាប់​ចោល​នោះ​ខ្លះ​។

    លោក ឃ្លាំង ហួត បង្ហាញ​​ឲ្យ​ដឹង​​ថា៖ « ខ្ញុំ​​បាន​កៀ​ង​គរ​ពី​ម្ចាស់​ជំនួយ​ផ្សេង​ៗ​សរុប​ប្រមូល​ប្រាក់​បាន​ប្រហែល ៧០០០ ដុល្លារ​ ជូន​ទៅ​តារា​ចម្រៀង រិន សាវ៉េត​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ៧ថ្ងៃ ជូន​ប្រពន្ធ»។ ​លោក​អភិ​បាល ក៏​បញ្ជាក់​ថា «ថែម​លើ​ថវិកា​​នេះ ​ខ្ញុំ​​ផ្ដល់​ផ្ទះ ឲ្យ​តារាចម្រៀង​រូប​នេះ​ស្នាក់​នៅ​ផ្ទះ​ចំនួន២ឆ្នាំ ដោយ​មិន​ឲ្យ​បង់​ថ្លៃ​ទឹក​ភ្លើង ដែល​​​សុំការ​​អធ្យា​ស្រ័យ​​​ពី​ឧកញ៉ា ពង់ ឃាវ​​សែ ដើម្បី​ជួយ​​សម្រួល​ការ​ងារ​រស់​នៅ​ស្នាក់​អាស្រ័យ​សម​រម្យ​នោះ​»។ បន្ថែម​នោះ​​អភិ​បាល ខណ្ឌ​ជ្រោយ​ចង្វារ ដែល​​ធ្លាប់​ផ្តល់​​អំណោយ​ជូន​តារា​ចម្រៀង​ល្បី​នៅ​ផលិតកម្ម​ហង្ស​​មាស ខ្សត់​​ទ្រព្យ លោក រិន សាវ៉េត​ នោះ លោក ឃ្លាំង ហួត អះអាង​ទៀត​ថា៖ «ខ្ញុំ​​ស​ន្យា​ថា នឹង​ជួយ​កូនប្រុស​លោក រិ​ន សា​វ៉េ​ត ឲ្យ​រៀន​លុះ​​មាន​អនាគត​ផង​»។

    ​សាទរ​ពី​ទឹក​ចិត្ត​ទួលាយ​ដែល​ទទួល​បាន​ ពី​លោក អភិ​បាល​ខណ្ឌ​ជ្រោយ​ចង្វារ​នេះ  តារាចម្រៀង​រិន សាវ៉េត ឲ្យ​ដឹងថា៖ «ខ្ញុំ​គ្មាន​អ្វី​លើ​ស​ពី​ភាព​សប្បាយ​ចិត្ត ​ទាំង​ការ​បាន​ផ្ទះ​ស្នាក់​នៅ​ជុំ​​កូន និង​បាន​ប្រាក់​យក​ទៅ​ធ្វើ​បុណ្យ​សព​ប្រពន្ធ​ឲ្យ​​សម​តាម​ ទឹក​ចិត្ត​បុណ្យ​​ពី​សប្បុរសធម៌​ទាំង​អស់​នោះ​​ទេ »។ ក្រោយ​ពី​វិនាទី​បង្ហាញ​ពី​ទឹក​ចិត្ត​ ខ្ចី​ផ្ទះ​ពី​ ឧកញ៉ា ពង់ ឃាវ​សែ ឲ្យ​រិន សាវ៉េត ស្ទាក់​​នៅ​​ជាមួយ​កូន​កំព្រា​នោះ  នៅ​វេលា​ម៉ោង​៣និង​៥១នាទី ថ្ងៃទី​២៧នេះ លោក អភិ​បាល​ខណ្ឌ​ជ្រោយ​ចង្វារ បាន​បង្ហោះ​សារ​បង្ហាញ​ថា៖ «ដំណឹង​ទាន់​ហេតុ​ការណ៍!​​​ស​ម្ដេ​ច​តេ​ជោ ​ហ៊ុន​ សែន​ និង​​សម្ដេច​​​​គតិ​​ព្រឹទ្ធ​ប​ណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន សែន​ បាន​ទិញ​ផ្ទះ​ដែ​ល​ខ្ញុំ​បាន​ខ្ចី​ឲ្យ​ រិន​ សា​វេត​ រស់​នៅជូ​នជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​រប​ស់ ​រិ​ន​សា​វ៉េត តែ​ម្ដ​ង​៕​

  • ឈិន សុធារី បង្ហូរទឹកភ្នែកទាំងមិនអស់ចិត្តពេល ស្វាមី សុវណ្ណ មករា ប្រកាសលែងស្ងាត់ៗ

    ឈិន សុធារី បង្ហូរទឹកភ្នែកទាំងមិនអស់ចិត្តពេល ស្វាមី សុវណ្ណ មករា ប្រកាសលែងស្ងាត់ៗ

    ភ្នំពេញ : ក្រោយ​ពី​ត្រូវ​លោក សុវណ្ណ មករា ដែលជា​ស្វាមី​ប្រកាស​​ក្ដែងៗ​រើស​យក​ដំណោះស្រាយ​​បញ្ចប់​​​ចំណង​អាពាហ៍ពិពាហ៍​​ ត្រឹម​បង្កើត​បាន​ដំណក់​ឈាម​កូន​ភ្លោះ​វ័យ​ជាង​ ១​ ខួប​រួមគ្នា​នោះ​ពិធី​ការិនី​​​រូបស្រស់​អ្នក​នាង​ ឈិន សុធារី បាន​ត្រឹម​តែ​សម្ដែង​អារម្មណ៍​ឈឺចាប់​ ទាំង​មិន​អស់​ចិត្ត​​​​នឹង​មូល​ហេតុ​​​ដែល​នាំ​ឲ្យលោក សុវណ្ណ មករា ក៏​ប្រើ​ពាក្យ​ថា «អតីត​ឧត្តមភរិយា» ចំពោះ​រូប​​អ្នក​នាង​។ ក្រោយ​ពី​រួមរឹត​រឿង​អាស្រូវ​ផលិតក្បត់ ល្បីទាំង​ស្នេហា​ក្រៅ​ឆាក​ ជាមួយ​តារា​ស្រី​រលក​ថ្មី​ផ្អើល​អស់​ពិភព​​​សិល្បៈ ​រហូត​​ធ្វើ​ឲ្យ​ភរិយា​ស្ទើរតែ​ហត់​នឹង​ជូត​ទឹក​ភ្នែក​​នោះ ផលិតករ​ និង​តារាសម្ដែង​លោក សុវណ្ណ មករា ​កាលពី​រាត្រី​ថ្ងៃ​ទី​២៧ ខែ​មេសា យប់មិញ​នេះ លោក​បាន​ទម្លាយសារ​យ៉ាង​វែង​អន្លាយ ទទួល​​​​ស្គាល់​កំហុស​ឆ្គង​របស់ខ្លួន​យ៉ាង​ច្រើន​អនេក។

    សារ​​ដែល​បង្ហោះ​កាលពី​យប់​មិញ លោក សុវណ្ណ មករា បាន​ពោល​ឡើង​ថា៖ ​«ជូន ធារី អតីត​ឧត្តម​ភរិយាបង។ បង​ទទួលស្គាល់ថា បង​មិន​មែន​ជា​ប្ដីល្អ មិន​មែន​ជា​ឪពុក​ល្អទេ។ បង​ក្រីក្រ ហើយ​ថែម​ទាំង​ផឹកស៊ី មានស្រីញី​ក្រៅផ្ទះទៀត តែអូន​មិនដែល​ខឹង​យកទោស​អូសដំណើរនឹង​បងឡើយ។ អូន​ថែមទាំង​នៅតែ​ស្រឡាញ់បងដដែល។ កំហុស​បង​គរ​ដូច​ភ្នំ​ខ្សាច់»។ ទន្ទឹម​នឹង​ការ​សារភាព​នូវ​ទង្វើ​ផិតក្បត់ភរិយា និង​ការ​បំពញ​តួនាទីជា​ឪពុក​មិន​បាន​ល្អ​នោះ លោក​​ សុវណ្ណ មករា ក៏បាន​រំលេច​ពាក្យ​ចំៗ​ហៅ​អ្នកនាង ឈិន សុធារី ជាប្រពន្ធ​​ថា «អតីត​ឧត្តម​ភរិយា» ដែល​​ហាក់​សម្ដែង​​​ចេតនា​​ផាត់​​ចំណង​ស្នេហា​ប្ដីប្រពន្ធ​​ក្នុង​វេលា​​​អតីតកាល ដើម្បី​បញ្ចប់​រឿង​​រ៉ាវ​ជីវិត​​ដ៏​ស្មុគ​​ស្មាញ​។ លោក សុវណ្ណ មករា ក៏​បាន​រាយរាប់ពីអារម្មណ៍​​របស់លោកបន្ត​ទៀត​​ថា៖ «បង​ពិត​​ជា​ខ្មាស់​អៀន​អូន​ណាស់ គឺ​ខ្មាស់​រហូត​ដល់​ថ្នាក់​បង​ត្រូវ​តែ​ចាក​ចេញ​ឲ្យ​ឆ្ងាញ់ពី​ជីវិត​អូន​ជា​ដាច់ខាត ដើម្បី​ឲ្យ​អូន​មាន​អនា​គត​ត្រចះត្រចង់​លើ​វិថីជីវិត​ថ្មី​នៃ​អូនចុះ។ ចំណែក​បង​វិញ សូម​បន្ត​ជីវិត​ពាលា​ដូច​សព្វ​ថ្ងៃ​របស់​បង​​បន្ត​ទៀត»។ អ្វី​ដែល​រឹត​តែ​ធ្វើឲ្យ​ភ្ញាក់​ផ្អើល​គឺ​ស្វាមី​របស់​អ្នកនាង ឈិន សុធារី ក៏​បាន​ប្រកាសពី​​ការ​សម្រេច​​ចិត្ត​របស់​លោកថា៖ «​ចំណែក​កូន​ប្រុស​ស្រី យើង​ទាំង​ពីរ​ បង​សូន​ចូល​រួ​ម​អាហារកិច្ច​​ចិញ្ចឹម​បី​បាច់​​រហូត​ដល់​កូន​យើង​ធំ អាច​ចិញ្ចឹម​ជីវិត​ពួកគេ​ឲ្យ​ខ្លួន​ឯង​បាន។ និស្ស័យ​​​ស្នេហ៍​យើង​ដល់​វេលា​ដែល​ត្រូវ​តែ​ចប់​ហើយ​អូន គឺ​ចប់​ដោយ​ស្នាម​ញញឹម ចប់​ដោយ​​​សន្តិភាព យើង​អាច​រាប់អាន​គ្នា​ជា​បង​ប្អូន​បាន​ណា​អូន…»។

    ក្រោយ​ពី​លោក សុវណ្ណ មករា បង្ហោះ​សារ​សម្ដែង​ឆន្ទៈ​ចង់ចែក​ផ្លូវ ជាមួយ​នឹង​ភាសា​ហៅ​ប្រពន្ធថា​ «​អតីត​​ឧត្តមភរិយា» នោះ អ្នកនាង ឈិន សុធារី បាន​តប​វិញ​ជាមួយ​ ​រូបភាព​បង្ហូរ​ទឹក​ភ្នែក ភ្ជាប់​សំណួរ​ចោទ​សួរ​វិញ​ទាំង​មិនអស់ចិត្ត​ថា៖ «ហេតុអ្វី​ប្រើពាក្យអតីត…? ខ្ញុំ​ខុស​អ្វី?»។ គួរ​រំឭក​ថា អតីត​ពិធីការិនី និង​តារាចម្រៀង ​ឈិន ​សុធា​រី ​​បាន​ភព​ប្រសព្វ​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​តារា​សម្តែង​ពោះម៉ាយ​ ​លោក សុវណ្ណ មករា និង​បាន​ចូល​រោងការ​កាលពី​ថ្ងៃទី ២១ ​ខែ​តុលា ឆ្នាំ​២០១៥ ជាមួយ​វត្តមាន​ភ្ញៀវ​ចូលរួម​ចំនួន​​ប្រមាណ​ជាង ២០ តុ​នៅ​​សណ្ឋាគារ កាំបូឌីយ៉ាណា។ ក្រោយ​ពី​ចូលរោងការបាន​ប្រមាណ​ជាង​ ៤​ ខែ នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ​គូស្នេហ៍​មួយ​គូនេះ បង្កើត​បាន​​បាន​​​កូន​ភ្លោះប្រុស​ស្រី​ជា​ចំណង​ស្នេហ៍៕​

  • អេនជី រន្ធត់​ចិត្ត​ចង់ជួយ​ទារិកាម្តាយ​ដាក់​ក្នុងធុង​អាំងពង​មាន់​

    អេនជី រន្ធត់​ចិត្ត​ចង់ជួយ​ទារិកាម្តាយ​ដាក់​ក្នុងធុង​អាំងពង​មាន់​

    ភ្នំពេញៈ ក៏​ព្រោះ​តែ​ទឹកចិត្ត​អាណិត​អាសូរ​កូន​ ក្នុងនាមភាព​​ជាម្តាយ​មួយរូប ខណៈ​ដែល​ខ្លួន​ទើប​​សម្រាល​​​​កូន​ប្រុស​​​វ័យ ៥ ខែ ធ្វើឲ្យ​ពិធី​ការិនី​សម្តី​ផ្អែម​ស្រាល​ប្រចាំ​ទូរ​ទស្សន៍​​អាស៊ី​អាគ្នេយ៍ និង​ភីអិនអិន អ្នក​នាង លី ច័ន្ទដាលីស ហៅកញ្ញា​ អេនជី រំជួលចិត្ត​យ៉ាង​ខ្លាំង​ក៏​ប្រកាស​​ជជីក​សួរ​រក​លេខ​​​ទូរ​​​​​ស​ព្ទ​​​ដៃ​​​​​ស្ត្រី​​ជាម្តាយ ​របស់​ទារិ​កា ដែល​ដាក់​កូន​ក្នុងរទេះ​ធុង​​ក្បែរ​ចង្អើរ​អាំង​ពងមាន់​គួរ​ឲ្យ​ សង្វេក​​នោះ​​ភ្លែតហ្ម​ង!

    កើត​​​​ចេញ​ពី​រូបភាព​កូនង៉ែត​មួយ​សន្លឹក ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​ហ្វេសប៊ុក​ជាមួយ​នឹងសារ​មួយ​ឃ្លា​ថា៖ «ទោះ​ទុក្ខ​ម៉ែធ្ងន់​ដូចភ្នំ​សង្កត់​ក៏ម៉ែ​មិន​ចោល​កូនដែរ» ធ្វើឲ្យ​អ្នកនាង អេនជី ក្តុកក្តួលក្នុង​​ចិត្ត​កើតនូវ​​ក្តី​​អាណិតអាសូរ​ដល់​ទារិកា​ក៏សួរ​ថា៖ «មាន​នរណា​ស្គាល់​លេខ​ទូរសព្ទ​គាត់ទេ?»។ អ្នកនាង លី ច័ន្ទ​ដាលីស បង្ហើប​​ថា៖ «គ្រាន់តែ​បាន​ឃើញ​រូបគេ​បង្ហោះ ក៏មាន​ចិត្ត​អាណិតអាសូរ​ដល់​​ក្មេង​នោះ​ភ្លាម ព្រោះ​​​ខ្ញុំយល់​ពីអារម្មណ៍​ដែល​កំពុង​តែមាន​កូនតូច​ដែរ។ ហើយ​ខ្ញុំក៏​គិតថា ហេតុអ្វី​​ក្មេងៗ​មាន​ជីវិត​រស់​លើ​​ផែនដី​តែមួយ​ ចុះម៉េច​ក៏មាន​វាសនា​ខុសគ្នា​អ៊ីចឹង​វិញ​ហ្ន?​»​។​

     

    ពិធី​ការិនី​រូប​ស្រស់​សោភា​ដែល​ទើប​វិលចូល​បម្រើ​ការងារ​សិល្បៈ​វិញ​ ក្រោយ​ពី​សម្រាល​កូនប្រុស​ជូន​ស្វាមី​​ជា​អាណិកជន​ខ្មែរ​អាមេរិក​ឈ្មោះ​លោក ភីធើរ សុធារ៉ាហេង តាំងពី​ពេល​កូនប្រុស​មានវ័យ​ត្រឹម​​មួយខែ​នោះ​បន្តថា៖ «មើល​ទៅ​ក៏ដឹង​ដែរ​ថា មាន​សភាព​ក្តៅ​ខ្លាំង​ណាស់ ដែល​ម្តាយ​ដាក់កូន​នៅក្នុង​ធុង​ដែក​ក្បែរ​ចង្អើរ​អាំង​ពងមាន់​នោះ។ នេះ​ក៏ដោយ​សារ​ទឹកចិត្ត​ម្តាយ​មិន​ចង់ឲ្យ​កូន​ឃ្លាតឆ្ងាយ​ពីខ្លួន។ ការ​ដែល​នាងខ្ញុំ​សួររក​លេខ​ទូរស័ព្ទ​គាត់​ជាម្តាយ មិនមែន​នាងខ្ញុំ​ជាអ្នក​មាន​ធនធាន​ស្តុកស្តម្ភ​អ្វីនោះ​ឡើយ គឺ​​គ្រាន់តែ​ចង់ជួយ​ចែក​រំលែក​ការ​លំបាក​របស់​គាត់​ខ្លះ​តាមរយៈ​រូបនាង​ ខ្ញុំ និងក្រុម​មិត្តភក្តិ ឬ​ប្រសិន​បើ​មាន​​បងប្អូន​ផ្សេង​ទៀត​ចង់​ចូលរួម​ជួយ​សម្រួល​នូវទុក្ខ​លំបាក​នេះ ​ក៏បាន​គឺយើង​ជួយ​ខ្មែរ​ដូច​គ្នា​​ទៅតាម​លទ្ធ​ភាព​អាចជួយ​បាន​រៀងៗ​ខ្លួន។ តែ​ពេលនេះ​នាងខ្ញុំ ក៏មិន​ទាន់​បាន​ស្គាល់​លេខ​គាត់ [ម្តាយ​​​ទារិកា​កម្សត់​ដាក់​ក្នុង​ធុង​ពងមាន់​អាំង] នៅ​ឡើយ​ទេ។ ហើយ​ប្រសិន​បើមាន​បងប្អូន​ណា​បាន​ស្គាល់ សូម​មេត្តា​ជួយ​ផ្តល់​ដំណឹង​ដល់​ខ្ញុំតាម​បណ្តាញ​សង្គម​ផង ដើម្បី​យើង​រៀបចំ​គម្រោង​សប្បុរសធម៌​ជួយ​គាត់»។

    គួរ​បញ្ជាក់ថាកញ្ញា អេនជី អតីត​ជា Freshie-Girl លេខ ៤ ប្រចាំ​ឆ្នាំ ២០០៥ ឈ្មោះ​ដើម លី ច័ន្ទ​ដា​លីស ខណៈ​ដែល​មហាជន​បាន​ស្គាល់​នាង​ខ្លាំង​កាល​ពេល​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី «តន្ត្រី​ខា​រ៉ា​បាវ​» និង «The Star Variety Show» របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។ ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​បាន ៣ ឆ្នាំ​នឹង​បុរស​អាណិកជន​អាមេរិក អ្នកនាង អេនជី សម្រាល​កូន​ប្រុស​ដោយ​ការវះកាត់ ជា​មួយ​​នឹង​វត្តមាន​ស្វាមី​នៅ​ជាប់​ប្រាណ​ផ្ដល់​កម្លាំង​ចិត្ត​យ៉ាង​កក់ក្ដៅ និង​បង្ហោះ​រូប​ច្រើន​សន្លឹក ​តាំងពី​ការត្រៀម​ខ្លួន​វះកាត់​សម្រាល​​កូន​ ជាសមាជិក​ថ្មី​កាលពី​ថ្ងៃ​ទី ១១ ខែ ១១ កាលពី​ឆ្នាំ ២០១៦៕

  • ពេជ្រ សោភា ឆេះដុំព័ត៌មានក្តៅផ្ទួនៗ ប្រកាសជូនរង្វាន់ធំ ១ម៉ឺនដុល្លារ បើដឹងឆ្មបបង្កើតកូននាង

    ពេជ្រ សោភា ឆេះដុំព័ត៌មានក្តៅផ្ទួនៗ ប្រកាសជូនរង្វាន់ធំ ១ម៉ឺនដុល្លារ បើដឹងឆ្មបបង្កើតកូននាង

    ភ្នំពេញ: កំពូល​តារា​ចម្រៀង​ស្រី​​ជ្រក​​កោន​​​​​លើ​​ផលិតកម្ម​ហង្សមាសឡើ​ង​​​ដុះ​ស្លែ​ អ្នក​នាង ពេជ្រ សោភា ដែល​​​កំពុង​តែ​​​​​​បង្កាត់​ភ្លើង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ ជាមួយ លោក ឆឹម សក្កដា តារា​សម្ដែងជា​សាធារណៈ​​ហើយ​​នោះ ក៏​លេច​ចេញ​ព័ត៌មាន​រិះគន់ផ្ទួនៗគ្នា​ថា អ្នកទាំង​​ពីរ​​ស្រឡាញ់​គ្រាន់​តែ​ជា​ការ​សម្តែង និង​ថា​អ្នក​​​នាង ពេជ្រ សោភា ធ្លាប់​មាន​កូន​ទៀត​ផង។

    ដោយ​​ទ្រាំ​ធ្វើជាគ​ និង​ធ្វើថ្លង់ទៅ​​នឹងព័ត៌​មាន​​បែក​​​ធ្លាយ​​ជា​មតិ​រិះគន់​បោក​បក់នោះ​មិន​បាន​ ពេជ្រ សោភា ក៏​​ផ្ទុះ​ប្រតិកម្ម​​​​តប​វិញថា៖ «ខ្ញុំហ៊ាន​ប្រកាស​ផ្ដល់​រង្វាន់​ធំ បើសិន​ជាមាន​អ្នកអាច​រក​ពេទ្យ​​បង្កើត​កូន​ឲ្យខ្ញុំ​បាន» និង​​បន្ទរ​​​ថា៖ «ម៉េច​មាន​ពាក្យ​របស់​មនុស្ស​ដែល​និយាយថា ខ្ញុំ​ធ្លាប់​មាន​​កូន ៣នាក់​រួចទៅ​ហើយ​ចឹង​​ហ្ន?»។ ​សម្ដី​បែប​តឹង​សរសៃក ប្រតិកម្ម​ព័ត៌មានគេ​ថា​មាន​កូន​បីនាក់​​នោះ ពេជ្រ សោភា ប្រកាស​ថា ប្រសិនបើ​​​មាន​អ្នកណា​រកឃើញ​ពេទ្យ ឬឆ្មប​ដែល​អះអាង​ថា​ធ្លាប់​បង្កើត​កូន​ឲ្យនាង គឺ​អ្នកនាង​ស្ម័គ្រ​ចិត្ត​ផ្ដល់រង្វាន់​ជា​ទឹកប្រាក់​ ១ ម៉ឺនដុល្លារ ហើយ​ក៏មិន​មាន​ការខឹង​សម្បា​នឹង​ឆ្មប​នោះដែរ។

    តារា​ចម្រៀង​ក្នុង​ទ្រនំ​ហង្សមាស នាង ពេជ្រ សោភា ដែល​មិនភ្លេច​ពាក្យ​សម្ដី​ថា ខ្លួន​មិនមែន​ជា​មនុស្ស​​គេច​​វេស​ការពិត​ និង​ធ្លាប់​​ចូល​រោងការ​ដោយ​បើក​ចំហ​ជាមួយ​នឹង​អតីត​ស្វាមី​អាណិក​ជន​​អាមេរិក​​ឈ្មោះ​លោក​ ឡៅ ឆាលី បាន​ពោល​ថា៖ «ខ្ញុំ​មិនមែន​ជាតារា​ដែលមាន​ទម្លាប់​​រស់នៅ​ជាមួយគ្នា មិន​បាន​​រៀប​ការ​​នោះ​ឡើយ»។ អ្នកនាង ពេជ្រ សោភា តារាចម្រៀង​ស្រី​មាន​ប្រវត្តិ​ចេញ​ពី​អ្នក​លក់​អំពៅសាង អ្នកនាង ពេជ្រ សោភា និង​ជា​គ្រូបង្វឹក​ល្បី​របស់ The Voice Cambodia បាន​ឆ្លើយ​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ដោយការ​​អះអាងថា​៖ «ខ្ញុំ និង​លោក ឆឹម សក្កដា ស្រឡាញ់​គ្នា​ដោយ​បើក​ចំហ មិនមែន​ជា​ស្នេហា​លួចលាក់​កំបាំង​ភ្នែក​នោះ​ទេ។ រវាង​ស្នេហា​ខ្ញុំ និង​លោក ឆឹម សក្កដា មិនមែន​ជា​ស្នេហា​ដើម្បី​តោងការ​លីបគ្នា ហើយខ្ញុំ​ថែមទាំង​ហ៊ាន​ស្បថ​ឲ្យស្លាប់​ទៀតផង បើ​នាងខ្ញុំ និង​ឆឹម សក្កដា ធ្លាប់​បាន​រួមរស់​ជាមួយ​គ្នា និង​មិន​បាន​ឈាន​ដល់​ការរួមរស់​ក្រោម​ដំបូល​​ជាមួយ​គ្នា​ដូចពាក្យ​រិះគន់​នោះដែរ»៕

  • ក្រសួង​ចាប់ផ្ដើម​រឹតបន្ដឹង​ការនាំ​ចូល​សត្វ និង​សាច់សត្វ​គ្រប់​ប្រភេទ​ពី​ក្រៅប្រទេស

    ក្រសួង​ចាប់ផ្ដើម​រឹតបន្ដឹង​ការនាំ​ចូល​សត្វ និង​សាច់សត្វ​គ្រប់​ប្រភេទ​ពី​ក្រៅប្រទេស

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់ចេញ​លក្ខខណ្ឌ​ថ្មី​ជាច្រើន​ចំណុច ដើម្បី​រឹតត្បិត​ការនាំ​ចូល​សត្វ និង​សាច់សត្វ​គ្រប់​ប្រភេទ​ពី​ក្រៅប្រទេស។ ម្យ៉ាងវិញទៀត ក្នុង​បំណង​ទប់ស្កាត់​សត្វ​មាន​ជំងឺ និង​សាច់សត្វ​ខូចគុណភាព​គ្រប់​ប្រភេទ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់។

    យោងតាម​សេចក្តីជូនដំណឹង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ក្រុមហ៊ុន និង​អាជីវករ​ដែល​ទទួលបាន​គោលការណ៍​អនុញ្ញាត​នាំចូល​សត្វ​រស់ សាច់សត្វ រួមទាំង​ផលិតផល​សត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ត្រូវគោរព​តាម​លក្ខខណ្ឌ​ចំនួន 6រួមមាន៖

    1/ ជា​ក្រុមហ៊ុន​ស្របច្បាប់​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​មាន​ប័ណ្ណ​ប៉ាតង់​នៅមាន​សុពលភាព
    2/ ត្រូវមាន​ទីតាំង​ប្រមូលផ្តុំ​សត្វ​នៅ​ចំណុច​ដើមទី និង​ចំណុច​ចុង​ទី ដែល​ទទួលស្គាល់​ដោយ​សមត្ថកិច្ច​ជំនាញ​នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
    3/ ត្រូវមាន​កិច្ចសន្យា​ផ្គត់ផ្គង់​សត្វ​រស់ សាច់សត្វ ផលិតផល​សត្វ​ពី​កសិដ្ឋាន ឬ​ក្រុមហ៊ុន​ស្របច្បាប់​នៃ​ប្រទេស​នាំចេញ
    4/ ត្រូវ​អនុវត្តតាម​ប្រកា​សលេខ 227 ប្រក.កសក ចុះ​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2008 ស្តីពី​បែបបទ​នៃ​ការត្រួតពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ក្នុងស្រុក
    5/ ត្រូវ​ចុះកិច្ចសន្យា​បច្ចេកទេស​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ត្រូវ​ធានា​អនុវត្ត​កិច្ចសន្យា​នេះ ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស
    6/ ត្រូវដាក់​ពាក្យស្នើសុំ​ត្រួតពិនិត្យ​ប្រភពដើម​នៃ​សត្វ​រស់ សាច់សត្វ និង​ផលិតផល​សត្វ។

    របាយការណ៍​របស់​ក្រសួងកសិកម្ម ធ្លាប់បាន​ឱ្យដឹងថា ការនាំ​ចូល​សត្វ សាច់សត្វ​ក្នុងមួយឆ្នាំៗមានតម្លៃ​រាប់លាន​ដុល្លារ ការ​នាំចូល​សាច់សត្វ​ពី​ក្រៅ​យ៉ាងគំហុក​នោះ ក៏​នាំឱ្យ​ប៉ះពាល់​ទីផ្សារ​ចិញ្ចឹម​នៅក្នុង​ស្រុក។ ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​អាស្រ័យ​ផល​លើ​របរ​ចិញ្ចឹមសត្វ បាន​សម្តែង​សាទរ​ចំពោះ​វិធានការ​តឹងរឹង​របស់​ក្រសួងកសិកម្ម លើ​អ្នក​នាំចូល​សត្វ និង​សាច់សត្វ ហើយ​រំពឹង​ការអនុវត្តន៍​មាន​ប្រសិទ្ធភាព​ខ្ពស់៕

  • ហុងកុងយល់​ព្រមឱ្យកម្ពុជា បញ្ជូនពលកររបស់ខ្លួនទៅបម្រើការងារនៅទីនោះ

    ហុងកុងយល់​ព្រមឱ្យកម្ពុជា បញ្ជូនពលកររបស់ខ្លួនទៅបម្រើការងារនៅទីនោះ

    ក្នុងអនុស្សរណៈនៃ​កិច្ច​ព្រម​ព្រៀង​រវាងរដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងរដ្ឋមន្រ្តី​ទទួលបន្ទុកអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុងកាលពីពេលថ្មីៗនេះ។ ភាគីទាំងពីរបានឯកភាពគ្នាលើ​កិច្ច​សហប្រតិបត្តិការផ្តល់សេវាគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានជ្រើសរើសឱ្យបម្រើការងារនៅទីក្រុង​ហុង​កុង ជាពិសេសស្ត្រីបម្រើការងារផ្ទះ។

    ប្រភពព័ត៌មានលើគេហទំព័រហ្វេប៊ុករបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តា​ល​វិជ្ជាជីវៈកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការនេះ ដែលជា​ផ្នែក​មួយ​នៃគោលនយោបាយខ្សែក្រវ៉ាត់មួយ វិថីមួយរបស់​ចិន ហើយសង្ឃឹមថា តាមរយៈកិច្ចសហប្រតិ​បត្តិ​ការ​នេះ នឹងបើកច្រកដល់កិច្ចសហប្រតិបត្តិលើវិស័យជាច្រើនទៀត ដើម្បីពង្រឹង ពង្រីកវិស័យ​ពាណិជ្ជកម្ម វិនិ​យោគ​រវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។

    បន្ថែមលើនេះ អនុស្សរណៈនៃ​កិច្ច​ព្រម​ព្រៀង​នេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដូចជា៖
    1/ ចូលរួមសហការគ្រប់គ្រងសហគ្រាសដែលមិនអនុវត្តត្រឹមត្រូវតាមច្បាប់ ដើម្បីការពារប្រយោជន៍ពលករ​ទេសន្តរ​​កម្ពុជា​។
    2/ ចូលរួមសហការប្រមូលគំនិតយោបល់ពីទីភ្នាក់ងារមុខរបរ និងរាយការណ៍ជូនតំបន់រដ្ឋបាលពិសេសហុងកុង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ធ្វើការពិនិត្យឡើងវិញ និងកែលម្អគោលនយោបាយ​មុខរបរ​សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។
    3/ ចូលរួមសហការគ្រប់គ្រង និងផ្តល់ការណែនាំដល់សមាជិកសមាគម និងក្រុមហ៊ុន ឱ្យ​អនុវត្តស្របតាមច្បាប់ និងបទបញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតំបន់សេដ្ឋកិច្ចពិសេសហុងកុង ដើម្បីបង្កើតលក្ខ​ខណ្ឌ​ការងារល្អសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។
    4/ ចូលរួមសហការជាមួយទីភ្នាក់ងារមុខរបរ និងនិយោជកហុងកុង ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យ​ពលករទេសន្តរ​ប្រវេសន៍កម្ពុជា៕

  • តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

    តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

    ឪពុកម្តាយគ្រប់រូបតែងតែ ចង់ឱ្យកូនជាទីស្រឡាញ់ក្លាយជាមនុស្ស ក្លាហានអង់អាច តែមានចិត្តស្លូតបូត កាន់ធម៌សុចរិតនៅក្នុងខ្លួន ។ អ្វីដែលធ្វើឱ្យយើងកាន់តែសប្បាយចិត្តទៅទៀតនោះ គឺពេលបានឃើញកូនរបស់យើងហ៊ាន ប្រឈមមុខ និងដោះស្រាយនូវរាល់បញ្ហាបាន និងឈានទៅរកភាពជោគជ័យបានទៀតផង។ ដូច្នេះលោកឪពុកអ្នកម្តាយទាំងអស់ គួរតែអប់រំបុត្រធីតារបស់ខ្លួនឲ្យមានភាពក្លាហាន ហើយចំណុចដែលគួរ អប់រំ និងបង្ហាត់ដល់កូននោះមានដូចជា ៖

    1 .បណ្តុះផ្នត់គំនិត ឱ្យកូនមានភាពក្លាហាន៖ យើងអាចបង្កើតនូវមោទនភាពក្នុងគ្រួសារ ដោយបង្ហាញពីជាតិសាសន៍របស់ខ្លួនថា មានភាពក្លាហានជាងគេ នោះគឺយើងបានបង្រៀនឱ្យកូនមានភាពក្លាហាន ក្នុងការធ្វើអ្វីមួយ ឬដោះស្រាយ បញ្ហាអ្វីមួយរួចស្រេចទៅហើយ ។ ការបង្រៀនកូនឱ្យយល់ដឹងពីប្រវត្ដិសាស្ដ្រនៃពូជសាសន៍បែបនេះ វា អាចជាការជំរុញឱ្យកូនកាន់តែមានទឹកចិត្ដអង់អាចក្លាហានឡើងទៀតដែរ ។

    2 .ត្រូវសរសើរកូននៅពេលណាដែលគេក្លាហានហ៊ានប្រឈមមុខ និងហ៊ានដោះស្រាយ៖ លោកឪពុកអ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យកូនក្លាហានហ៊ានប្រឈមមុខនឹងបញ្ហានានាជាប្រចាំដូចជា ការឡើងនិយាយនៅចំពោះមុខសិស្សដូចគ្នានៅក្នុងថ្នាក់រៀន ចេះហ៊ានសំរេចចិត្តក្នុងការជួយសង្រ្គោះមិត្តភក្តិ ឬក៏លេងកីឡា ជាដើម ។ នៅពេលកូនរបស់លោកអ្នកក្លាហានហ៊ានធ្វើការងារទាំងនោះបាន លោកឪពុកអ្នកម្តាយត្រូវតែចេះសរសើរលើកទឹកចិត្ដ និង ផ្ដល់កម្លាំងចិត្ដដល់កូន ។ ទាំងអស់នេះ គឺជាការបង្រៀនឱ្យកូនលោកអ្នក កាន់តែមានទឹកចិត្តល្អ និងមានភាពក្លាហានឡើងផងដែរ ។

    3 .ត្រូវលើកពីបុគ្គលដែលមានភាពក្លាហានពិតៗក្នុងសង្គមប្រាប់កូន៖ នៅពេលគិតដល់អ្នកដែលមានសេចក្ដីក្លាហាន គឺយើងតែងនឹកទៅដល់កងទ័ព ពួកអ្នកស្ម័គ្រចិត្ត ពួកអ្នកជួយសង្រ្គោះ អ្នកពន្លត់អគ្គីភ័យជាដើម ពួកគេទាំងនោះ អាចផ្ដល់គំរូនៃភាពក្លាហានដល់កូនរបស់លោកអ្នកបាន ។ ក្រៅពីនេះ អ្នកក៏អាចសរសេរជាសុភាសិត បិទជាប់នឹងជញ្ជាំង ឬសរសេរពាក្យស្លោកលើក្ដារខៀន ដែលបណ្តុះទឹកចិត្ដកូនរបស់លោកអ្នកឱ្យមានភាពក្លាហាន ដូចជា “ភាពក្លាហាននឹងធ្វើឱ្យមនុស្សទទួលជោគជ័យ” ជាដើម ។

    4 .ត្រូវបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយកូនជាប្រចាំ៖ ជជែកលេងជាមួយកូនរបស់អ្នកជាប្រចាំ និងដោយចំហ រៀបរាប់ប្រាប់គេនូវអ្វីដែលបានកើតឡើងចំពោះអ្នក ពេលដែលអ្នកនៅមានវ័យប៉ុនគេ និងប្រាប់ពីវិធី និងរបៀបដោះស្រាយរាល់បញ្ហានានាដែលអ្នកធ្លាប់ជួបនៅពេលនោះ ។ ប្រសិនបើកូនអ្នកមានភាពក្លាហានហ៊ាននិយាយប្រាប់អ្នកវិញ ពីបញ្ហារបស់គេដោយចំហនោះ អ្នកអាចនឹងជួយពន្យល់គេឱ្យចេះដោះស្រាយបញ្ហាដោយភាពក្លាហាន និងសន្តិភាពបាន ។

    5 .ត្រូវធ្វើជាគំរូល្អដល់កូន៖ គំរូនៃភាពក្លាហាន ត្រូវចាប់ផ្ដើមពីអ្នកជាមុន ។ ចំពោះរឿងអ្វីមួយដែលអ្នកគិតថា កូនរបស់អ្នកអាចនឹងពិបាកធ្វើបាន ឧទាហរណ៍ដូចជា ការរាំរែក ជាដើម លោកឪពុកអ្នកម្តាយអាចនឹងត្រូវឡើងរាំ ដើម្បីឱ្យកូនឃើញពីភាពក្លាហានរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចបង្ហាញឲ្យកូនបានឃើញតាមរយៈ ទង្វើ និងសកម្មភាពល្អៗប្រចាំថ្ងៃទាំងឡាយណា ដែលអ្នកគិតថា ល្អ និងជាគំរូល្អចំពោះកូន៕

  • តា ហ៊្វុយហ្សូ តារាកំប្លែងវ័យ ៧៤ ឆ្នាំ សង្គ្រោះបន្ទាន់នៅពេទ្យកាល់ម៉ែត្រ ខ្វះខាតជំនួយ

    តា ហ៊្វុយហ្សូ តារាកំប្លែងវ័យ ៧៤ ឆ្នាំ សង្គ្រោះបន្ទាន់នៅពេទ្យកាល់ម៉ែត្រ ខ្វះខាតជំនួយ

    ភ្នំពេញៈ ខណៈ​មក​ដល់​ពេល​ពេលនេះ​​ តា ហ៊្វុយ​​​ហ្សូ​​ ឈ្មោះ​ពិត ស៊ូ សា​វ៉ាង ជាតារា​​កំប្លែង​ជើង​ចាស់ និង​ជា​ប្រធាន​អង្គការ​សមាគម​ចលនា​ វប្បធម៌​ជាតិ ដើម្បី​កុមារ​កំព្រា​ និង​ក្រីក្រ (NACA)​  កំពុង​សង្គ្រោះ​បន្ទាន់​​​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ ខណៈ​លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​ពេទ្យ​នៅ​វេលា​ម៉ោង​១០ យប់​មិញនេះ បន្ទាប់​ពី​មាន​អាការ​ចុក​ឆ្អល់​ក្នុង​ពោះ ទ្រាំ​លែង​បាន។​

    បើ​តាម​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​មន្ទីរ​ពេទ្យ​នោះ បាន​ឲ្យ​ដឹង​ថា លោក​តា​​​  ហ៊្វុយ​​​ហ្សូ​​ នៅ​មិន​ទាន់​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ទេ​ និង​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន តារា គ្រូពេទ្យ​បាន​ប្រាប់​ថា តា ហ៊្វុយ​ហ្សូ បាន​បែក​​គ្រាប់​ឈាម​យ៉ាង​ខ្លាំង ហើយ​គ្រឿង​ក្នុង​ពេទ្យ​​ថា មាន​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។ ​អតីត​តារា​​កំប្លែង​វ័យ ​៧៤ ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​មាន​ជំងឺ​សន្លាក់​យ៉ាង​ធ្ងន់ធ្ងរ​ជាង ​២ ខែ​មក​ ហើយ។ ជំងឺ​នោះ​បាន​ធ្វើ​ឲ្យ​​អតីត​តារា​កំប្លែង​រូប​នេះ មាន​អាការ​បាន​ធ្វើ​ទុក្ខ​ជា​ខ្លាំង​​ស្ទើរ​រាល់​​ថ្ងៃ ចាប់​ពី​ត្រគាក​រហូត​ដល់​ចុង​ជើង គឺ​មាន​អាការ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង មិន​អាច​ដេក​និង ​ដើរ​បាន​ឡើយ។

     

    គួរ​បញ្ជាក់​ថា​ក​ន្លង​មក​លោក​តា ហ៊្វុយ​ហ្សូ​  ក៏​ធ្លាប់​លេច​ឮ​ថា​លោក​បាន​លះបង់​ដោយ​ការ​យក​ប្លង់​​ផ្ទះ​​​ទៅ​ដាក់​ធានា​ដើម្បី​យក​ប្រាក់​ពី​​ធនា​គារកាល​ពី​ ២ ឆ្នាំ​មុន​  ​ នា​គ្រា​នោះ​​អង្គការ​របស់​លោក​​អស់​ជំនួយ​តែ​ម្ដង ស្រប​ពេល​ដែល​លោក​បាន​ប្ដូរ​ទីតាំង​មក​នៅ​កន្លែង​ថ្មី សប្បុរ​ស​ជន​​ដែល​​ធ្លាប់​ជួយ​រក​មិន​ឃើញ ហើយ​មិន​មាន​​បណ្ដាញ​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយទៀតផង។​ លោក​ធ្លាប់​បង្ហើប​បាន​ឲ្យ​ដឹង​ថា  កាល​ណោះ​លោក​បាន​ខ្ចី​ប្រាក់​ពី​ធនាគា​រ​ត្រឹម​តែ​ ១០០០ ដុល្លារ ដើម្បី​យក​មក​ដោះ​ទាល់​មួយ​គ្រា ជាពិសេស​គឺ បង់​ថ្លៃ​ភ្លើង​តែ​ម្ដង ព្រោះ​ភ្លើង តែ​ហ៊ាន​បង់​​​យឺត​គឺ​​គេ​​ផ្ដាច់​ហើយ។ ស្រណោះ​សម្តី​លោក​ថា ៖ «រឿង​​គេ​​ផ្ដាច់​ភ្លៀង​ហ្នឹង​ គេ​​​ផ្ដាច់​ច្រើន​ដង​​​​មក​ហើយ អី​ចឹង​មាន​តែ ប្លង់​ផ្ទះ​ហ្នឹង​សិន​ហើយ ដើម្បី​ដោះស្រាយ​មួយ​គ្រា​សិន»។

    អង្គការ NACA របស់​តា ហ៊្វុយ​ហ្សូ​  បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០០០ ដោយ​ទទួល​​យក​តែ​កុមារ​កំព្រា ឬកុមារ​ដែល​​ក្រីក្រ​គ្មាន​លទ្ធភាព​​ទៅ​សាលា​រៀន ក្នុង​ចន្លោះ​ពី អាយុ៦ឆ្នាំ រហូត​ដល់​ទៅ១៨​ឆ្នាំ ។ អង្គការ​មួយ​នេះ មាន​បង្រៀន​សិល្បៈ​របាំ​គ្រប់​ប្រភេទ  តារា​សម្ដែង​ខារ៉ាអូខេ ពិធី​ករ បង្រៀន​ភាសា អង់គ្លេស  និង ចំណេះដឹង​ទូទៅ​ជា​ដើម៕​​

  • កញ្ញា តូតា ថាអត់​បានដូររថយន្តចាស់ទៅជិះ Lexus 570 នោះ​ទេ!

    កញ្ញា តូតា ថាអត់​បានដូររថយន្តចាស់ទៅជិះ Lexus 570 នោះ​ទេ!

    ភ្នំពេញៈ ដោយសារ​ធ្លាប់​លេច​ឮ​រលក​ព័ត៌មាន​​​ល្ហៀងៗ​ថា​ មាន​កន្លង់​​​​ទាំង​ចាស់​​ក្មេង​​​ប្រមាណ ​៤ ឬ ៥ នាក់​​កំពុងតែ​ ចោម​​រោម​ប្រជែង​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​ម្ចាស់​​បេះដូង​​មិន​ទាន់​បង្ហាញ​មុខ​​ច្បាស់​​ និង​​ស្រប​ពេល​ចូល​​​ឆ្នាំ​ថ្មី​នេះ​​​ ឃើញ​តារា​សម្តែង​​​​​​បបូរ​មាត់​សិចស៊ី​ ម៉ាក់ សែនសូនីតា ​ហៅ​កញ្ញា តូតា​​ បាន​​បង្ហោះ​រូប​រថ​យន្ត​​​​ទំនើប​​​ទៅ​វត្ត​ទៀត​​នោះ ក៏​​បង្កើត​ជា​រឿង​​ចម្ងល់​សួរ​​ដេញ​ដោល​​​គ្នា​បែប​ខ្សិប​ខ្សៀវ​​ថា ទំនង​​ម្ចាស់​រថ​យន្ត​​​ទំនើប​ម៉ាក ​Lexus 570​ គេ​ជូន​​នាង​ជា​កា​ដូ​​បញ្ចាំង​​ចិត្ត​ស្នេហ៍​ទេ​ដឹង​?​​ តែ​តារា​​​សម្តែង​ស្រីស្រស់ រាង​តូច​ច្រឡឹង​សម្រស់​នៅ​ចាំ​ទើប​មាន​វ័យ ​២៣ ​ឆ្នាំ  ដែល​ទើប​តែ​បាន​វិល​ត្រឡប់​​ពី​ថត​កុន​ក្រៅ​ប្រទេស​ឲ្យ​ផលិត​កម្ម​មួយ​សុំ​មិន​បង្ហើប​ប្រាប់​ កញ្ញា ម៉ាក់ សែនសូនីតា​​ ក៏​បក​ស្រាយ​ទាំង​ឆ្ងល់​ថា​​៖ «នាង​ខ្ញុំ​បាន​ទិញ​រថ​យន្ត​ម៉ាក​ Lexus 570​ ពី​​ពេល​​ណា​មក​បង? ​អត់​មាន​ទេ!​នាង​ខ្ញុំ​មាន​តែ​រថ​យន្ត​​ធ្លាប់​ជិះ​យូរ​មក​ហើយ​ម៉ាក ​Land Cruiser ស៊េរី​ឆ្នាំ២០០៩​ ពណ៌​ខ្មៅ​​​ប៉ុណ្ណោះ​»​។​

    មើល​ទៅ​តារា​ស្រី​ដែល​គេ​បាន​ឃើញ​សម្បូរ​ដំណើរ​កម្សាន្ត​លម្ហែកាយ​នៅឯ​ប្រទេស​ម្ចាស់​មហាកំពែង​ចិន សមុទ្រ​​ខ្សាច់​អារ៉ាប់ និងបាន​បង្ហោះ​ដុំដុល្លារ​ច្រើនសន្ធឹក​សន្ធាប់​​​សម្ញែង​​ធ្វើ​ឲ្យ​​ភ្ញាក់​ផ្អើល​ទៅដល់​មហាជន ​​​តាម​បណ្ដាញ​អ៊ីនស្តា​ក្រាម ពេល​កន្លង​មក​​​ ហាក់​ដូចជា​មាន​ការ​​ស្រឡាញ់​​ពេញ​ចិត្ត​រថ​យន្ត​ម៉ាក​​ Land Cruiser ស៊េរី​​ឆ្នាំ​២០០៩​ នោះ​ណាស់ ដោយបាន​បន្តទៀត​​ថា៖ «ហើយ​នាង​ខ្ញុំ​ក៏​មិន​មាន​បំណង​ចង់​​​​ដូរ​​​ដោះ​ម៉ាក​ស៊េរី​​​​អ្វី​ផ្សេង​​​ទេ​ព្រោះ​ថា រថ​យន្ត​នេះ​ធ្លាប់ជិះ​យូរ​ហើយ​ដែរ និង​ម្យ៉ាង​ទៀត​ជា​រថ​យន្ត​​​ប្រើ​ប្រេង​​ម៉ាស៊ូត​ទៀត​ផង​មិន​សូវ​ចំណាយ​ខ្ពស់​ដូច​សាំង​»។​

    បើ​តាម​ការ​ប្រមាញ់​មើល និង​តាមដាន​មើល​ពី​សំណាក់​​​មហាជន​នោះ​ឃើញ​ថា​ តារា​សម្តែង​ស្រី​នៅ​តែ​មាន​​​សម្រស់​ស្រស់​ស្អាត មិន​ជ្រេ​តាម​វ័យ ម៉ាក់ សែនសូនីតា ហៅ តូតា គឺ​មាន​រាសី​ឡើង​ក្រឺតៗ ក្នុង​ការ​ងារ​​សិល្បៈ​ទាំង​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​សម្តែង​កុន​មិន​ចេះ​ដាច់​ឡើយ​។ ក្រៅ​ពី​រឿង​កុន​ភាគ​ចំនួន​ពីរ​ ដែល​មួយ​ថត​​របស់​ផលិតករ​ជាតារា​សម្តែង​ដែរ​គឺ​លោក​ សុវណ្ណ មករា ដែល​មាន​​ជាង​ ៤០ ភាគ មាន​ចំណងជើង​ថា «បញ្ចប់​ស្នេហ៍​ត្រឹម​អូន​» និង​​កុន​ភាគ​ទី ២ សុំ​លាក់​ចំណងជើង​សិន ​ប្រហែល​​ជា​មាន​​ជាង ៤០ ភាគ​ដែរ ថត​សម្រាប់​​​ចាក់​បញ្ចាំង​នៅឯ​ប៉ុស្តិ៍​ទូរទស្សន៍ PNN និងនៅ​ពេល​​ថ្មីៗ​នេះ​​នាង​​ក៏​ទើប​តែ​បាន​ចុះ​កុង​ត្រា​មួយ​ផ្សេង​ទៀត​ផង​ដែរ។​

    តារា​សម្តែង និង​តារា​ម៉ូ​ដែល​ល្បី​ឈ្មោះ​ទាំង​វ័យ​ក្មេង​កញ្ញា ម៉ាក់ សែនសូនីតា​ បង្ហើប​ប្រាប់​ថា៖ «ទើប​តែ​បាន​ចុះ​កុង​ត្រា​​ថ្មី​ថត​កុន​មួយ​ទៀត ដែល​នាង​ខ្ញុំ​ទើប​ទៅ​ថត​នៅ​ក្រៅ​ប្រទេស​ តែ​សុំ​លាក់​ផលិត​កម្ម និង​ចំណង​ជើង​រឿង​សិន​ដែរ​ព្រោះ​ថា នាងខ្ញុំ​នៅ​ទើប​ចាប់​ផ្តើម​ថត​។ ចាំ​ថត​បាន​ប្រហែលជា​ ១០ ទៅ ២០ ភាគ​រយ​ នឹង​បង្ហើប​ប្រាប់​មហា​ជន​មិន​ខានឡើយ»។ ​តារា​ស្រី​បបូរ​មាត់​សិចស៊ី​កញ្ញា តូតា ក៏ធ្លាប់​បាន​ថ្លែង​ក្នុង​របៀប​ដាក់ខ្លួន​​​មិនចង់​​ទទួល​ស្គាល់​យក​ពី​ភាព​ជោគជ័យ​ក្នុង​វិស័យ​ភាពយន្ត និងមាន​ទី​ផ្សារ​​ច្រើន​នោះ​ឡើយ​ដែរថា៖ «អរគុណ​មហាជន​ដែល​​​សរសើរ! តែនាង​ខ្ញុំ​ដូចជា​មិនសូវ​កាក់កប​ខ្លាំងអ្វី​ប៉ុន្មាន​នោះទេ​សម្រាប់​ភាពយន្ត តែ​មានការ​ផ្សំ​គ្នា​ថត​កុន និង​​ថត​ស្ប៉ត​ផ្សាយ​ពាណិជ្ជកម្ម ទើប​នាងខ្ញុំ​មានការ​មមាញឹក​ខ្លាំង​នាពេល​កន្លង​មក»៕​

  • ដួង ហ្សូរីដា ខឹងកូនក្រុមបង្ហាញម៉ូដ Cambodia Super Model ចង់ដើរចេញពេលដុះស្លាប

    ដួង ហ្សូរីដា ខឹងកូនក្រុមបង្ហាញម៉ូដ Cambodia Super Model ចង់ដើរចេញពេលដុះស្លាប

    ភ្នំពេញៈ  ទំនងជា​អត់​ទ្រាំ​នឹង​ដំណឹង​ក្រុម​តារា​ម៉ូដែល​​ជា​ច្រើន​ដួង​គ្រោង​​ដើរ​ចេញ​ពី​ក្រុម​បង្ហាញ​ម៉ូដ​ Cambodia Super Model ដែល​​ពិធីការិនី​កញ្ញា ដួង ហ្សូ​រី​ដា ជា​ប្រធាន​ក្រុម​ ​និង​​អ្នកគ្រប់​​គ្រង​​​​​​នោះ ក៏​បាន​​ចេញ​សារ​ប្រតិកម្ម​​ខ្លាំង​បោះ​ពាក្យ​សម្ដី​ថា ​«កាល​មិន​ទាន់​​ល្បី​រត់​រក បាន​ល្បី​រត់​ចេញ​»។

    ពី​គណនី​ហ្វេស​ប៊ុក​កញ្ញា បាន​​បង្ហោះសារ​​​ប្រតិកម្ម​យ៉ាង​វែង​​​អន្លាយ​​ថា៖ «កាល​មិន​ទាន់​ល្បី មក​សុំ​ជ្រក​ក្រោម​ដំបូល​ក្រុម ដំបូល​ក្រុមហ៊ុន មិន​​សូវ​ខ្វល់​ពី​តម្លៃ​​ឈ្នួល​​ការងារ​​ទេ ធ្វើ​ម៉េច​ឲ្យ​តែបាន​ចេញ​មុខ​ក្នុង​ក្រុម​ជាមួយបងៗតារា​បង្ហាញ​ម៉ូត​ល្បី​នៃ Cam​bo​dia Super Models ដល់​​តែ​ពេល​ក្រុម​ហ៊ុន​ប្រូ​ម៉ូត​ឲ្យ​​ឡើង​ល្បី​បញ្ចូ​ន​​ឈ្មោះ​ឲ្យ​ធ្វើ MC តាម​ប៉ុស្តិ៍​ប​ញ្ចូ​ន​​ឈ្មោះ​ឲ្យ​​ខាង​ខ្សែ​ភាពយន្ត ដល់​ពេល​គេ​ល្បី មាន​​​​អ្នក​ខ្លះ​ក៏​នៅ​រក្សា​ធាតុ​ដើម តែ​អ្នក​​ខ្លះ​ក៏​ដុះ​ស្លាប ហើរ​ទៅ​បាត់​ដោយ​ភ្លេច​កំណើត»។ កញ្ញា​​​​បាន​គាស់​កកាយ​​ដំណើរ​​ចាប់​​​ផ្តើម​សិល្បៈ​របស់​កូន​ក្រុម​ថា៖​ ​«មាន​អ្នក​ខ្លះ​ភ្លេច​គិត​ថា ​ពេល​​មិន​ទាន់​ល្បី រក​តែ​លុយ​ជិះ​ម៉ូតូ​​​ដុប​​មក​បើក​លុយ មិនបាន​ផង ម្តាយ​​ឈឺ​ផង សុំ​ឲ្យ​​បង​ ហ្សូ​ ជួយ​រក​ការ​ងារ​ឲ្យ​ធ្វើ ឲ្យ​តែ​បាន​​លុយ​ឲ្យ​​ម៉ែ​បង់​ថ្លៃ​ពេទ្យ តែ​ដល់​ឥឡូវ​​ឡើង​កូដ បែរ​ជា​បំភ្លេច​ក្រុម​​ហើយ​ព្យាយាម​ឲ្យ​​ខ្លួនឯង​លេច​ធ្លោ​តែ​ម្នា​ក់​ឯ​ង ដោយ​ការ​គ្រប់គ្រង​របស់​ក្រុម​ផ្សេង»។

    យ៉ាងណា​​​ប្រធាន​​ក្រុម​តារា​បង្ហាញ​​​ម៉ូដ​រូបនេះ​ ក៏​មិន​ភ្លេច​​​លើក​​សរសើរ​អ្នក​នៅ​តស៊ូ​ជាមួយ​ក្រុម​ដោយ​ថា​៖ «ក៏​អរគុណ​ដល់​សមាជិក​ក្រុម​របស់​យើង​ដទៃ​ទៀត​​ដែល​នៅតែ​ល្អ​នឹង​គ្នា​ទោះបី​​មានគ្រួសារ មាន​បាន ហើយ​ក្តី តែ​នៅ​តែ​រក្សា​កំណើត​ល្អ​របស់​ខ្លួន​ដដែល»។

    កញ្ញា ឌួង ហ្សូរីដា​ បន្ត​​​ថា៖ «សួរ​ថា​​កាល​ដែល​លោក អ្នក មិន​ទាន់​​ល្បី មាន​អ្នក​​​ទាំង​អស់​ហ្នឹង​គេ​នឹក​ឃើញ​លោក​អត់? កុំ​ប្តូរ​ចរិត​លឿន​ពេក​ណា​ប្រ​យ័​ត្ន​ធ្លាក់​ក្តុក​មក​វិញ​ទៅ»។ ឆ្លើយ​ត​ប​នឹង​សារ​ប្រតិ​កម្ម​របស់​ប្រ​ធាន​ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model កញ្ញា ឌួង ហ្សូរីដា ​​​ក៏​មាន​អ្នក​ចូលរួម​បញ្ចេញ​​មតិ​ជា​ច្រើន​ ។ ដោយ​ពួកគេ​លើ​ក​ឡើងថា៖ «ធម្មតា​​ទេ​​ អ្នក​ខ្លះ​មិ​ន​ទា​ន់​នឹង​បាន​ក្លាយ​​ជា​អ្វី​ឲ្យ​អស្ចារ្យ​ផ​ង​ សម្ដី​​ឈ្លើយ​ភ្លេ​ច​កំណើត​បាត់​ទៅ​ហើ​យ»។ ​ខណៈ​​ខ្លះ​ទៀត​សរសេរ​​ក្នុង​ន័យ​គាំទ្រ​ប្រធាន​ក្រុម​​បង្ហាញ​ម៉ូដថា៖​ «​​ជុង​មិន​ដែល​ភ្លេច​កុក​ទេ មេអំបៅ​ភ្លេច​ខ្លួន​ជា​ដង្កូ​វ»។​

    ​ទន្ទឹម​នឹង​នេះ​​​ ក៏​ឃើញ​មាន​អ្នកនាង ចន ច័ន្ទ​លក្ខិណា ក៏​​ជា​​​សមាជិក​ក្នុង​ក្រុម​​បង្ហាញ​ម៉ូដ Cambodia Super Model ដែល​​គ្រប់​គ្រង​ដោយ​ កញ្ញា ឌួង ហ្សូរីដា នោះ ក៏​លើក​ឡើង​​ថា៖ «បែក​តែ​អ្នក​​ចង់​បែក និង ចង់​រក​ទី​ផ្សារ​ខ្លួនឯង​ដោយ​មិន​ចង់​នៅ​ក្រោម​ក្រុមហ៊ុន»។ ប្រធាន​ក្រុម​បង្ហាញម៉ូដ ដែល​ប្រតិកម្ម​​​​រឿង​កូន​​​ក្រុម​ដើរ​ចេញ​នោះ កញ្ញា ឌួង ហ្សូរីដា ក៏​មិន​បង្ហាញ​ដែរ​​ពី​ឈ្មោះ​​​អ្នក​ចង់​​បែក​​ពី​ក្រុម ​ប៉ុន្តែ​កញ្ញា​​ប្រាប់​ថា៖ «អ្វី​​​ដែល​ខ្ញុំ​​លើក​​​ឡើង​នោះ ក៏​មិន​មែ​ន​​​ចង់​​​ចង​ជើង​​តារា​ម្នាក់​​ណា​នៅ​​ក្នុង​ក្រុម​នោះ​ដែរ ព្រោះ​ជាទី​ផ្សារ​របស់​​គេ។ តែ​អ្វី​ដែល​ខ្ញុំ​តូច​ចិត្ត​និង​និ​យា​យ​​នេះ សូម​កុំ​ឲ្យ​តែ​ពួកគាត់​ភ្លេច​កំណើត​នោះ​ខ្ញុំ​ទទួល​យក​បាន​ហើយ​»៕