Category: សង្គម និងសេដ្ឋកិច្ច

  • ឌួង ហ្សូរីដា សុខចិត្តទៅបើកសម្ពោធហាងថ្មីចោលក្តីប្រាថ្នាទិញផ្ទះថ្មី

    ឌួង ហ្សូរីដា សុខចិត្តទៅបើកសម្ពោធហាងថ្មីចោលក្តីប្រាថ្នាទិញផ្ទះថ្មី

    ភ្នំពេញ: ទោះបីទោះប​តែ​​​ផ្ទុះ​រឿង​កូនចៅ​តារា​ម៉ូដែល​ខ្លះ​ដុះ​ស្លាប​រត់ចោល​ក្រុម​ទាំងមេ​ដំបូល​អះអាង​ថា​ធ្លាប់​បាន​លើក​ស្ទួយ​ជួយ​សង្គ្រោះ​គ្រា​​លំបាក​នោះ​ក្តី​ ក៏​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​ខេម​បូ​ឌា​​ស៊ូ​ភើរ​ម៉ូ​​ដែល និង​ពិធី​ការិនី​ SEATV កញ្ញា ឌួង ហ្សូរីដា ​បាន​បង្ហាញ​ទឹកមុខ​ស្រស់​ស្រាយ​​ស្ដែង​​ជំនឿ​ចិត្ត​លើ​ការ​សម្ពោធ​ជំនួញ​ថ្មី មាន​ទាំង​ព្រះសង្ឃ​មក​ប្រោះ​ព្រំ​ពរ​ជ័យ និង​តារា​ល្បីៗ​មក​អបអរសាទរ​យ៉ាង​អ៊រូ​អរ​។

     

    ការបើក​​អាជីវ​កម្មនេះ​លក់​ផលិតផល​ថែរក្សា​សម្ផស្ស និង​សុខភាព នៅ​ហាង មុទិ​តា Beauty-Mart ទីតាំង​​ជាប់​​ហាង​កាត់ដេរ​របស់​កញ្ញា ឌួង ហ្សូរីដា ផ្ទាល់​តែម្ដង​នោះ ក៏​ត្រូវ​បាន​ពិធីការិនី​វ័យ​សាម​ប្លាយ​​ទម្លាយ​​ថា នាង​ត្រូ​វ​លះបង់​ក្ដី​ស្រមៃ​ធំមួយ ទើប​អាច​ប្រមែ​ប្រមូល​ទុន​ជា ញើស​ឈាម​របស់​នាង​មក​បើក​ហាង​ថ្មី​នេះ។ នៅ​មុន​ថ្ងៃ​សម្ពោធ ពិធី​ការិនី​សម្បូរ​វោហារ​កញ្ញា ឌួង ហ្សូរីដា និង​អ្នកនាង ចន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​រូប​ថត​នៅ បុរី​អ័រគី​ដេ និង​បាន​ពោល​ថា៖ «មើល​មួយ​ភ្លែត ស្មាន​តែ​ទៅ​ទិញ​ផ្ទះ​មែន ? ស្រដៀងៗ​ដែរ​ហ្នឹង​ណា..! តែ​អត់​ទេ»។ កញ្ញា ឌួង ហ្សូរីដា បាន​បង្ហើរ​សំណេរ​ទៀត​ថា៖ «ស្រឡាញ់​អើយ សែន​ស្រឡាញ់ តែ​លុយ​មិនទាន់​សន្សំ​បាន​អាច​ទិញ​នៅ​ឡើយ​ទេ រវល់​តែ​សន្សំ លុយ​យក​ទៅ​រកស៊ី​លក់​ចាប់ហួយ​បន្ថែម​មួយមុខ​ទៀត»។

    យ៉ា​ងណាមិញ របរ​ចាប់ហួយ​ដែល​ពិធីការិនី​រូបនេះ​លើក​ឡើង​គឺ​សំដៅ​លើ​ហាង​លក់ដុំ និងរាយ នូវ​ផលិតផល​ថែរក្សា ការពារ ព្យាបាល សុខ​ភាព សម្ផស្ស ដែល​នាំចូល​ពី​ប្រទេស​កូរ៉េ ថៃ ជប៉ុន អាមេរិក បារាំង និង​អ៊ីតាលី បន្ថែម​​លើ​អាជីវកម្ម​លក់​សម្បុក និង​ទឹកមាត់​ត្រចៀក​កាំ​​ផលិត​ក្នុង​ស្រុក ពាក់​ស្លាកយីហោ «មុទិតា» ដូចគ្នា​នោះ។ ក្នុង​ពិធី​សូត្រមន្ត​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​នេះ ក៏មាន​វត្តមាន​មិត្ត​រួម​អាជីព​ដូចជា​តារា​សម្ដែង​អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញ​មុខ​អបអរសាទរ​ដែរ ហើយ​កញ្ញា ឌួង ហ្សូរីដា បាន​សម្ដែង​អារម្មណ៍​រីករាយ​ផងដែរ​ថា៖ «អរគុណ​អតិថិជន​ចាស់​ដែល​មក​កៅ​ឆាយ​ទាំង​ព្រឹក គ្រាន់តែ​សូត្រមន្ត​ហើយ​គឺថា​ហេង ហេង ហេង»។ ពិធីការិនី​ដែល​តែង​លាន់​មាត់​ត្អូញ​ថា៖ «ទាល់តែ​ប្រឹង​ទាំងថ្ងៃ និង​យប់​ទើប​អាច​បំពេញ​តម្រូវការ​ក្នុង​គ្រួសារ និង​ជីវិត​ខ្លួនឯង​បាន» រូបនេះ​ក៏ធ្លាប់​ពន្យល់ពី​ឈ្មោះ មុទិតា ដែល​នាង​ប្រើជា​ស្លាក​ឈ្មោះ​ហាង និង​ផលិតផល​របស់​នាង​នោះ។

    កញ្ញា ឌួង ហ្សូរីដា មុននេះ​ក៏​ធ្លាប់​​រំលេច​ជំនួញ​ផលិត​ស៊ឹង​ខ្មែរ​មិន​បាន​ប៉ុន្មាន ក៏​សម្រុក​បើក​ហាង​ទៀត​នោះ នាង​ក៏បាន​រំឭក​ផងដែរ​ថា៖ «មុទិតា ជា​ឈ្មោះ​ដែល​ឪពុក​ខ្ញុំដាក់​ឲ្យ ហើយ​ទឹកចិត្ត​របស់​ខ្ញុំ​តែងតែ​លើកលែង​ជានិច្ច​ចំពោះ​មនុស្ស​បាប​ទាំងឡាយ ដែល​តែងតែ​មុសា ដោយសារ​កុសលផល​បុណ្យ​ពិតប្រាកដ​របស់ខ្ញុំ ដែល​តែងតែ​ធ្វើ​បុណ្យ ដាក់​បាត្រ​រាល់ថ្ងៃ​ជាមួយ​ឪពុក​ខ្ញុំ​តាំង​ពីតូច​កាល​លោក​នៅមាន​ជីវិត។ លោក​ធ្លាប់​ធ្វើជា​ក្មេង​ស្នាក់​នៅក្នុង​វត្ត​ដើម្បី​រៀន លោក​តែងតែ​អប់រំ​កូន​ជានិច្ច​អំពី​កម្មផល បើ​កូនខឹង បើកូន​អន់ចិត្ត កូន​ត្រូវតែ​នៅ​ស្ងៀម ហើយ​អធិ​ដ្ឋាន ថ្លែង​ទៅកាន់​វត្ថុ​ស័ក្ដិសិទ្ធិ ព្រះពុទ្ធ​ជា​ម្ចាស់​កម្មផល​ឲ្យ​លោក​បាន​ដឹង ខ្ញុំ​ជឿ ខ្ញុំ​ប្រតិបត្តិ ហើយ​តែងតែ​លើកលែង​បណ្ដោយ​តាម​កម្ម​ផល​ជានិច្ច»៕

     
  • សុខ ស្រីនាង រំពឹងថា ទ្រនំថ្មី​ហង្ស​មាសមាន​ទី​ផ្សារ​ល្អជាងទ្រនំសាន់ដេ​

    សុខ ស្រីនាង រំពឹងថា ទ្រនំថ្មី​ហង្ស​មាសមាន​ទី​ផ្សារ​ល្អជាងទ្រនំសាន់ដេ​

    ភ្នំពេញ: អស់ពី​ភ្ញាក់ផ្អើល​ក្រុម​តារា​ចម្រៀង​នៃ​ផលិតកម្ម​រស្មីហង្សមាស​កំពុងតែ​ដើរ ​ចេញ​ជា​បណ្តើរៗ​មិនទាន់​ស្ងប់​ផងនោះ ក៏​ស្រាប់តែ​លេច​ឮថា តារា​ចម្រៀង​ស្រី​មេម៉ាយ​ក្មេងខ្ចី សុខ ស្រីនាង លប​ទៅចុះ​កិច្ចសន្យា​នឹង​ទ្រនំ​ថ្មី បន្ទាប់ពី​ផុត​កុងត្រា​ផលិតកម្ម​សាន់ដេ ខណៈ​មហាជន​នឹងបាន​ជ្រាប​ច្បាស់​ពេល​បទថ្មី​តារា​ស្រី​រូបនេះ​ចេញ​ក្រោយ​ចូល​ ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ។​

     

    ​តារា​ចម្រៀង​ស្រី ដែល​បាន​ចែកផ្លូវ​ពី​អតីត​ស្វាមី ជាអ្នក​សិល្បៈ​រួម​អាជីព​ចម្រៀង និងមាន​ស្រុក​កំណើត​ដូចគ្នា គឺតារា​ចម្រៀង​ប្រុស​លោក ស៊ី សុវត្ថិ រក្សាភាព​នៅលីវ​ប្រមាណ​ជា ៧ ឆ្នាំ​មកហើយ​នោះ ក៏បង្ហើប​ប្រាប់ពី​ពេលវេលា​ផុត​កុងត្រា​នៅ​សាន់ដេ និង​តម្រុយ​នៃ​ទ្រនំថ្មី​​គឺ​រស្មីហង្សមាសនោះថា៖ «នាង​ខ្ញុំបាន​ផុត​កុងត្រា​ជាមួយ​នឹង​ផលិតកម្ម​សាន់ដេ តាំងពី​ចុងខែ​កុម្ភៈ កន្លង​មកនេះ​ម្ល៉េះ។ នាងខ្ញុំ​ក៏មិន​លាក់ទេ​ថា ខ្ញុំ​ពិតជា​បាន​ឈប់​ពីសាន់ដេ​មែន ហើយក៏​ទើបតែ​បានចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ថ្មីដែរ។​ សុំទោស​ដែរ​សម្រាប់​បទ​ថ្មី​របស់​ខ្ញុំ​​ទាំង​នោះ គួរតែ​នាងខ្ញុំ​ត្រូវ​ស្រូតចេញ​នៅមុន​ចូលឆ្នាំ​ថ្មី​ តែដោយ​សារក្រុម​ការងារ​ខាង​ផលិតកម្ម​គាត់​ជាប់រវល់​ថត MV បទ​តារា​ចម្រៀង​ផ្សេងៗ​ទៀត​ដែរ ទើបត្រូវ​ពន្យារ​ចាំចេញ​​ក្រោយ​ចូលឆ្នាំ​ខ្មែរ​វិញ»។

    ចំពោះ​មូលហេតុ​ដើរចេញ​ក្រោយ​ផុត​កុងត្រា​រយៈពេល ៥ ឆ្នាំ ក៏តារា​ចម្រៀង​ស្រី​រូបនេះ​មិនបាន​បញ្ជាក់​ប្រាប់​អ្វីឲ្យ​ច្បាស់​ដែរ ហើយ​អ្នកនាង សុខ ស្រីនាង​គ្រាន់តែ​បង្ហើប​ថា៖ «នាងខ្ញុំ​ច្រៀង​នៅទីនេះ ដូចជា​យូរ​គួរសម​ដែរ ហើយ​នៅពេល​ផុត​កុងត្រា ក៏​ផលិតកម្ម​មិនបាន​សួរនាំ​អ្វី​បន្ថែមទៀត ទើប​សម្រេច​ថា នឹង​ដើរចេញ​ទៅរក​កន្លែងថ្មី ហើយក៏​ចង់ចេញ​ដោយ​នាំ​ជាមួយ​នឹង​រឿងល្អ​ផងដែរ​សម្រាប់​​តម្លៃនៃ​អាជីព​​ខ្លួន»។ តារា​ចម្រៀង​ស្រី​អតីត​សិស្ស​រៀននៅ​វិទ្យាល័យ​សន្ធរម៉ុក​រូបនេះ​បាន​ ចុះ​កិច្ច​សន្យា​ជាមួយ​ទ្រនំ​ថ្មី​រួចរាល់​ទៀត ដោយ​រង់ចាំតែ​ចេញ​បទ​ចម្រៀង​សម្រិត​សម្រាំង​បែប​មនោ​សញ្ចេតនា និង​បទញាក់់​គាប់ចិត្ត​យុវវ័យ។

     

    អ្នកនាង សុខ ស្រីនាង បាន​ព្រលយ​ថា៖ «កាល​នាងខ្ញុំ​នៅ​ផលិតកម្ម​ចាស់ ហាក់ដូចជា​មិនសូវ​មាន​ឱកាស​បាន​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​ទេសចរណ៍​ តាមខេត្ត​ក្រុង​នានា​របស់​បណ្តា​ស្ពន់ស័រ​ឡើយ​ក្រៅពី​ចេញបទ​ចម្រៀង ខណៈ​រឿង​ការចេញ​សម្តែង​ក្រៅម្តងៗ និងថត​ស្ប៉តពាណិជ្ជកម្ម​នានា​នោះ​រកបាន​ដោយ​ខ្លួនឯង។ នាងខ្ញុំ​សង្ឃឹមថា ការខិតខំ​នៅ​កន្លែង​ថ្មី នឹង​អាចជួយ​ឲ្យខ្ញុំ​មានឈ្មោះ​បោះ​សំឡេង​បន្ថែម និង​មាន​ឱកាស​ច្រើន​ជាមិនខាន»៕

  • មហាជនភ្ញាក់ផ្អើល ខណៈ ម៉ៅ ហាជី បង្ហាញចម្ការទំពាំងបាយជូរខ្លួននៅបាត់ដំបង

    មហាជនភ្ញាក់ផ្អើល ខណៈ ម៉ៅ ហាជី បង្ហាញចម្ការទំពាំងបាយជូរខ្លួននៅបាត់ដំបង

    ភ្នំពេញៈ ទើប​តែ​​​​​ល្បី​នឹង​រឿង​​​​​ទិញ​រថយន្ត​ទំនើប​ម៉ាក​ Tundra ជាង ៣​ម៉ឺន​ដុល្លារ និង​ផ្ទះល្វែង​នៅ​បុរី​​ប៉េង​ហួត​មាន​តម្លៃរាប់​ម៉ឺន​ដុល្លារ​ ​ មុន​​​នេះ​​សោះ ​​ តារា​ចម្រៀង​ប្រុស​​ចំណូល​ថ្មីរបស់​ផលិត​កម្ម​ថោន​​លោក ម៉ៅ ហា​ជី​ ​ឥឡូវ​ក៏​បន្ត​ធ្វើ​ឲ្យ​មហាជន​​ស្រឡាំង​កាំង និង​ការ​សម្ញែង​រូបថត​ទៅ​មើលចម្ការ​​ទំពាំង​​បាយជូរ​ដែល​​មាន​ទំ​ហំ​រាប់​សិប​​ហិចតា​ ដែល​គេ​​ឃើញ​​​​តាម​រ​យៈ​រូប​ថត​​មួយ​សន្លឹក និង​​សារ​​ថា៖ «មក​មើល​​ចម្ការ​ម្តង​ទុក​ចោល​យូរ​ហើយ!»។​

    តែ​បន្ទាប់​ពី​សាក​​​​សួ​រ​លម្អិត​ទៅ​លោក ម៉ៅ ហាជី ឆ្លើយ​ប្រាប់​ថា៖ «រូបថត​នោះ ពិត​ណាស់​រូបថត​បង្ហាញ​ភ្ជាប់​នឹង​ចម្ការ​ទំ​ពាំង​បាយជូរ​នៅ​ស្តៅ ស្រុក​បវិល​ ខេត្ត​បាត់ដំបង តែ​វា​ជា​​ដំណើរ​ទៅ​លេង​ចម្ការ​​​​បងប្អូន​ក៏​ថត​លេង​ទៅ ដឹង​អី​ធ្វើ​ឲ្យ​គេ​គិត​ថា​ខ្ញុំ​ជា​ថៅកែចម្ការ​​ទៀត»។

    ដោយ​ឡែក​លោក ម៉ៅ ហាជី ក៏ត្រូវ​មហាជន​សម្គាល់ថា ឥឡូវនេះ​កាក់កប និង​ហ៊ឺហា​ខ្លាំង​ដោយ​បាន​​ដូរឡាន​ពី Highlander តម្លៃ​ជាង ១ ម៉ឺន ដុល្លារ មកជិះ​រថយន្ត​ម៉ាក Tundra តម្លៃ​ជាង ៣ ម៉ឺន ដុល្លារ​។​​ឆ្លើយ​ដោយ​មិនលាក់​លៀម​នឹង​ដំណឹង​ដូរម៉ាក​រថយន្ត​ពី Highlander មកជិះ​ម៉ាក​ជិះ​រថយន្ត​ទំនើប​ជាង​មុនម៉ាក Tundra ព្រោះតែ​កាក់កប​ខ្លាំង​នឹង​អាជីព​ជាតារា​ចម្រៀង​មហាជន​ចូលចិត្ត​ខ្លាំង​ មិនចាញ់​តារា​ចម្រៀង​រលក​មុន លោក ម៉ៅ ហាជី បង្ហើប​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា៖ «អូ!ខ្ញុំ​ពិតជា​បានដូរ​ម៉ាកឡាន​មែន​បង!ខ្ញុំ​មិនលាក់​ទេ​ព្រោះវា​ជាកម្លាំង ​ញើស​ឈាម​រកបាន ដោយសារ​តែការ​ខំប្រឹង​ខ្លួនឯង គឺនៅ​សព្វថ្ងៃ​ជិះ​រថយន្ត​ម៉ាក Tundra មាន​ស៊េរី​ឆ្នាំ ២០០៧ តែប៉ុណ្ណោះ​មាន​តម្លៃ ៣២ ០០០ ដុល្លារ ដែល​បានដូរ​ពីរថយន្ត​មុនម៉ាក Highlander ដែល​ខ្ញុំបាន​ទិញ​តម្លៃ ១៨ ០០០ ដុល្លារ នោះ»។

    តែលោក​ហាក់​ដូចជា​បាន​ច្រានចោល​ទៅនឹង​រឿង​ប្រភព​ថវិកា ដែល​រកបាន​យកទៅ​ដូរ​រថ​​យន្ត​​ថ្មី​នោះ​​ថា៖ «តាម​ពិតទៅ​លុយ​ទិញ​រថយន្ត​ថ្មី​នេះ មិនមែន​ទើបតែ​ខ្ញុំបាន​មក​ច្រៀង​ក្នុង​ផលិត​កម្ម​ថោន​នោះ​ទេ។ ខ្ញុំបាន​សន្សំ​ពី​ការងារ​សិល្បៈ ដែល​ចំណាយ​ពេល​មួយឆ្នាំ​ឯណោះ​គឺឆ្នាំ ២០១៦ នោះ​គឺជា​ឆ្នាំ​ដែលខ្ញុំ​ទទួលបាន​ការចាប់អារម្មណ៍​បណ្តា​ក្រុមហ៊ុន រៀបចំ​កម្មវិធី​តន្ត្រី​តាម​ខេត្ត និងរាល់​កម្មវិធី​មង្គល​នានា ដែល​បងប្អូន​ខ្មែរ​បានស្គាល់​ខ្ញុំ ហើយ​ហៅ​ទៅច្រៀង​ជា​ហូរហែ​ពេញ ១ ឆ្នាំ​តែម្តង។ ដូច្នេះ​ហើយ​បានជា​ខ្ញុំអាច​សន្សំ​ប្រាក់់​យកមក​ដូរ​រថយន្ត​នេះ​បាន»។

    គួររំឭកថា លោក ម៉ៅ ហាជី ជា​បេក្ខជន​ប្រឡង​ប្រជែង​នៃ​កម្មវិធី​ចម្រៀង​ក្នុង​លំដាប់​ពិភពលោក​រដូវ​ កាលទី ១ ឆ្នាំ ២០១៥ ហើយ​លោក ក៏ជា​បេក្ខជន​ម្នាក់​នៅក្នុង​ចំណោម​បេក្ខជន​បីរូប​ចុងក្រោយ ទទួល​បាន​ការគាំទ្រ​ពី​មហាជន​បោះឆ្នោត​ឲ្យឈាន​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ រួមមាន​ដូចជា​លោក នី រតនា ជាម្ចាស់​ពាន Cambodian Idol ឆ្នាំ ២០១៥ លោក សៅ ឧត្តម និង​រូបលោក៕​

  • អេដា ជោគជ័យសិល្បៈភ្លាម បើក​អាជីវកម្មភ្លែត ក្រោយពីវិលចូលសិល្បៈវិញ

    អេដា ជោគជ័យសិល្បៈភ្លាម បើក​អាជីវកម្មភ្លែត ក្រោយពីវិលចូលសិល្បៈវិញ

    ភ្នំពេញៈ ​នៅ​ក្នុង​ពេល​​​ថ្មីៗនេះ​ស្រាប់​​តែ​ឃើញ ​តារា​​ចម្រៀង​ស្រី​អូរី​ជីណល់​សង​ អ្នក​​នាង អេដា បាន​បើក​​​​​​​​អាជីវ​​​កម្ម​​​​​​​លក់​​​​​​​សក់​​-ត​​សម្រាប់​ស្រ្តី​ដែល​បាន​ប្រកាស​លក់​ពេញ​​តាម​​​​ Instagram​​ ឆ្លៀត​​​ពេល​​ទំនេរ​​​​​​ពី​​ការ​​ងារ​ ​សិល្បៈ​ ​​ថែមទាំង​​​អះអាង​ថា​សក់​​ពិត មានគុណ​ភាព​ខ្ពស់​​​នាំ​​មក​​ពី​​​អាមេរិក​​។ ​​

     

    តារា​ចម្រៀងស្រី​​ទើប​តែ​បាន​​​​វិល​ត្រឡប់​មក​កាន់​វិស័យ​សិល្បៈ​ចម្រៀង​វិញ ​បន្ទាប់ពី​​បាត់​មុខ​មួយ​រយៈ និង​បាន​នាំ​បទ​ចម្រៀង​​អូរីជណល់​ថ្មី​ៗមួយ​ចំនួន ដែល​ស្រូប​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ជា​មួយ​នឹង​បទ​ដូចជា​ «ទី​នេះ​មាន​មនុស្ស​​ខូចចិត្ត» បទ​ «ភ្លើង» និង​បទ​ «ពីរ​នាក់​បាន​ហើយ» មាន​ឈ្មោះ​ពិត ក្រូច ចរិ​យា ហៅ​ អេដា ​ក៏​​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ដំណើរ​ការ​នៃ​ការ​បើក​អាជីវ​កម្ម​លក់​សក់​ពិត​នេះ​ថា៖ «ប្រសិន​បើ​ ដំណើរ​ការ​លក់​ដូរ​វិញ​​ទើប​តែ​បាន​ជាង​ ១០ ថ្ងៃ​ប៉ុណ្ណោះ​ ខណៈ​ការ​សិក្សា​លើ​ទី​ផ្សារ​នៃ​អាជីវ​កម្ម​មួយ​នេះ នាង​ខ្ញុំ​បាន​ចំណាយ​​ពេល​ដល់​ទៅ​ចំនួន​​បី​ខែ ឯណោះ​ទើប​សម្រេច​ចិត្ត​ថា ​ចាប់​ផ្តើម​ដំណើរ​ការ​ធ្វើ​ ហើយ​ពេល​នេះ មាន​អ្នក​កម្ម៉ង់​ទិញ​ចំនួន​ជាង ២០ នាក់​បណ្តើរៗ​ហើយ​ដែរ​បង​​»។​ ​

    អេដា ក៏​​​ប្រាប់​ពី​មូល​ហេតុ​​ប្រកប​អាជីវ​កម្ម​នេះ និង​តម្លៃ​សេវា​កម្ម​លក់​សក់-​ត​ត្រួសៗ​​​​​​ថា​៖ «ដំបូង​ឡើយ​​មក​ពី​សក់​នាង​ខ្ញុំ​មាន​បញ្ហា​ និង​តែង​តែ​ទៅ​ទិញ​សក់​នៅតាម​​ផ្សារ​ តែ​មិន​សូវ​ពេញ​ចិត្ត​ព្រោះ​ជា​​​សរសៃ​សក់​​ជ័រ​នី​ឡុង​ យក​មក​ប្រើ​មិន​គាប់​ចិត្ត។ ​​​លុះ​ក្រោយ​មក​ក៏​បាន​ស្គាល់​សក់​ ដែល​ម៉ាក​ប្រេន​​​ល្បី​នៅ​អាមេរិក ក៏​កម្ម៉ង់​​ទិញ​យក​ម​ក​ប្រើ​ជា​រឿយៗ​នា​ពេល​ទៅ​សម្តែង​កម្ម​វិធី​តន្រ្តី​នានា​​ ហើយ​​ជា​​​​ចុង​​​ក្រោយ​បាន​សហ​ការ​ ជា​​មួយ​ក្រុម​ហ៊ុន​ផលិត​សក់​ត​នេះ​ ក្នុង​ការ​ឈាន​មក​​បើក​អាជីវ​កម្ម​​»​​​។

    តារា​ចម្រៀងស្រី​​អូរីណល់សង​អ្នកនាង​ អេដា ដែល​បាន​ចុះ​កុងត្រា​​ ២​ ឆ្នាំ​ ជា​មួយ​នឹង​ក្រុម​ហ៊ុន​ស្មាត​ហ្វូន​ក្នុង​​នាម​ជា​សិល្ប​​​ការិនី​​​ផលិត​បទ​ចម្រៀង​អូរីណល់​សម្រាប់​ Smart Tune នោះ​​បាន​បន្ត​ថា៖ «សក់​ត​ដែល​នាង​ខ្ញុំ​នាំ​យក​​មក​ពី​អាមេរិក​លក់​នេះ មាន​តម្លៃ​​ទៅ​តាម​ប្រភេទ​ ឬ​សណ្ឋាន​សក់​ ដោយ​មាន​ចាប់​ពី​តម្លៃ​ទាប​​បំផុត​ 148ដុល្លារ និង​ឡើង​ទៅ​ដល់​ជាង​ 200ដុល្លា​រ។ ទោះបីជា​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បន្តិច​មែន តែ​ធានា​​​ថា​ជា​សក់​​ពិត​សុទ្ធ​សាធ​​មួយ​រយ​ភាគ​រយ ​និង​អាច​ដូរ​យក​លុយ​​វិញ​បាន ប្រសិន​បាន​ជាវ​​ទៅ​ប្រើ​ប្រាស់​​ហើយ​មានការ​​​​​​ខុស​​ពី​​ការ​ធានា​​នោះ។ សក់​ត​ទាំង​​នេះ​មាន​ជម្រើស​​ដល់​ទៅ​ 20ពណ៌​ឯ​ណោះ​​ និង​ធានា​ថា អាច​យក​ទៅ​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​ដូចជា​លាប​ថ្នាំ​ ឬ​ហាយ​ឡាយ​ជា​ដើម»។​ ទោះបី​​​​មមា​ញឹក​ខ្លាំង​ក្នុង​ការ​សម្តែង​បទ​ចម្រៀង​កម្មវិធី​ប្រគំ​តន្រ្តី​នានា​ គឺ​មាន​ទាំង​តូច​ទាំង​ធំ​​យ៉ាង​​​ណា​ក្តី ក៏​ អេដា នៅ​តែ​អាច​ឆ្លៀត​មក​ប្រកប​អាជីវ​កម្ម​ផ្ទាល់​ខ្លួន​​ក្រៅ​ពី​សិល្បៈ​ថែម​​ទៀត​​នោះ​។ ខណៈ​អ្នកនាង​ អេដា​ ​បន្ថែម​ថា៖ «នាង​ខ្ញុំ​គ្រាន់​តែ​រវល់​ពេល​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ​ ខណៈ​ឥឡូវ​​នេះ​​មាន​ប្អូន​ និង​ជំនួយ​ការ​ម្នាក់​ដែរ​​»៕​​

  • ចន ច័ន្ទលក្ខិណា ត្រូវអនាគតស្វាមីទី ២ ទទួចចង់បានកូនឆ្នាំរកានេះ

    ចន ច័ន្ទលក្ខិណា ត្រូវអនាគតស្វាមីទី ២ ទទួចចង់បានកូនឆ្នាំរកានេះ

    ភ្នំពេញៈ ខណៈ​​ដំណឹង​ចូល​រោង​ការ​​ ដែល​មហាជន​ចង់ដឹង​ដោយ​ក្តី​អន្ទះ​សារ​​ រវាង​តារា​សម្តែង​ស្រី​ជើង​ចាស់​​មេម៉ាយ​កូនមួយ​អ្នកនាង ចន ច័ន្ទ​លក្ខិណា ​អតីត​ភរិយា​​​តារា​សម្តែង​ប្រុស​ជើង​ចាស់​គឺ​លោក​ ​យុត្ថារ៉ា ឆានី និង​គូស្នេហ៍​ថ្មី​ជា​អ្នក​ជំ​​នួញ​​ពោះ​ម៉ាយ​កូនមួយ​ដែរ​គឺ​លោក ហេង ឡុង ហៅ​ រដ្ឋ​ ​ចេះ​​តែ​បន្លាយ​​​ពេល​ទៅ​​​មុខ​​នោះ ក៏​ស្រាប់​តែ​ថ្មី​នេះ​លេច​ឮ​ថា ​ខាង​ប្រុស​សំណូម​ពរ​ចង់​បាន​កូន​ពី​ខាង​ស្រី​នៅ​ឆ្នាំ​នេះ​តែ​ម្តង​។

    នេះ​​បើ​តាម​សារ​មួយ​ដែល​បង្ហោះ​ចេញ​ ពី​គណនី​​ហ្វេសប៊ុក​របស់​តារា​សម្តែង​ស្រី ​​បាន​បើកហាង​សាឡន ហាង​​​លក់​ផ្កា និង​បន្ថែម​​ជំនួញ​គ្រឿង​សម្អាង ខណៈ​ម្ដង​ម្កាល អ្នកនាង​ក៏ធ្លាប់​អំពាវនាវ​ពីទីតាំង​អចលន​ទ្រព្យ​​ដែល​​ល្បី​ថា​​ជា​ការ​ជួយ​ការងារ​ជំនួញ​របស់​គូស្នេហ៍​នាង​ផងដែរ​​​សរសេរ​ថា៖ «យី!​ ហ៊ា​ ឡុង មក​មើល​​ក្មួយ​បែរ​​ជា​មក​ទារ​ចង់​បាន​កូន​ដែរ សុទ្ធ​តែ​ថា​ចង់​បាន​កូន​ឆ្នាំ​រកា ជប់​សិល្ប៍​​មែន​!នឹក​ថា​​ចង់​បាន​ភ្លាម ណ្ហើយ​​បញ្ឈប់​គំនិត​​នេះ​ភ្លាម​ មាន​​​​ភារៈ​​ជា​បង ជា​បង្គោល​ ច្រើន​ណាស់​ ចុង​ឆ្នាំ​ត្រី​​រៀប​ការ​ស្រីពៅ​ហើយ!​បងៗ​ចាប់​ផ្តើម​វិល​​មុខ​ ត្រៀម​ហត់​ទៀត​ហើយ ការងារ​សាឡន ការ​ងារ​ថត​កុន​ ការ​ងារ​សមាគម​ ការ​​ងារ​សង្គម​ផ្សេង​ទៀត​ ការ​ងារ​សម្រាប់​ក្រុម​គ្រួសារ​ ត្រូវ​រៀបចំ​ទុក​ដាក់​ឲ្យ​ប្អូនៗ​មាន​គ្រួសារ​ឲ្យ​អស់​សិន»។

    គ្រា​មុន​នេះ​បន្តិច​ ក៏​ធ្លាប​ឃើញ​​លោក ហេង ឡុង​ ធ្លាប់​បាន​បង្ហោះ​រូបមួយ​សន្លឹក​ ដោយ​មាន​រូប​លោក និង​លោក​​អាចារ្យ​ដេញ​ពេលា​មង្គល​​ក្នុង​សភាព​មួយ​មាន​​កាយ​វិការ​ត្រង​ត្រាប់​ចាំ​ស្តាប់​ ដោយ​យក​ចិត្ត​ទុក​​ដាក់​មែន​ទែន ហើយ​ក៏​បង្ហើរ​សារ​មួយ​ឃ្លា​នោះ​​ថា៖ «មក​ជួប​លោក​គ្រូ​ចាក់​គម្ពីរ​ រក​ថ្ងៃ​រៀបការ»។​ សារនោះ​ក៏បង្ក​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ទាំងក្នុង​មជ្ឈដ្ឋាន​អ្នកគាំទ្រ និង​មិត្ត​អ្នក​សិល្បៈ​តែម្តង បន្ទាប់​ពី​អ្នក​ទាំងពីរ​បាន​ស្វែង​យល់​ចិត្ត​គ្នា​ និង​បណ្តើរ​គ្នា​ដោយ​បើក​ចំហ​យូរ​ក្រែល​ណាស់​មក​ហើយ​ និង​ធ្លាប់​មាន​ដំណឹង​លេ​ច​ឮ​ថា បុរស​ពោះ​ម៉ាយ​កូនមួយ​រូបនេះ ​ក៏បាន​សន្យា​ដែរថា ​នឹងកំណត់​ថ្ងៃ​រៀបការ​នាពេល​សង់ផ្ទះ​វីឡា​សម្រាប់​រួម​រស់​ជាមួយ​គ្នា​ក្រោយ​ថ្ងៃរៀបការ​រួច។

    ស្រាយ​ចម្ងល់​លោក ហេង ឡុង​ ក៏​បាន​​ស្រាយ​ថា៖ «អូ! ​តាម​ពិត​ទៅ​ជា​សារ​សម្តី​ខ្ញុំ​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ! ហើយ​​នោះគឺ​ជា​រូប​ ដែល​ខ្ញុំ​ថត​ជាមួយ​នឹង លោក​ ឃ្លាំង ហួត ​ជា​អភិ​បាល​ខណ្ឌ​​ជ្រោយច​ង្វា​រ​ ទេ​តើ ខណៈ​ខ្ញុំរួម​ដំណើរ​នៅក្នុង​ពិធី​ដង្ហែកឋិនទាន​ទៅកាន់​ខេត្ត​ពោធិ៍សាត់​ ជាមួយ​គាត់​នាពេល​ថ្មីៗ​នេះ ហើយ​ក៏បាន​​ឆៀ​ង​ចូល​លេង​ នៅឯ​កន្លែង​រមណីយដ្ឋាន​អ្នកតា​ឃ្លាំង​មឿង ក៏​ចូល​ចាក់​គម្ពីរ​លេង​ទៅ»៕​

     

  • នាយ ចឺម និងថៅកែផលិតកម្មភាពយន្ត BKS រួមគ្នាបង្កើតជំនួញក្រៅសិល្បៈ

    នាយ ចឺម និងថៅកែផលិតកម្មភាពយន្ត BKS រួមគ្នាបង្កើតជំនួញក្រៅសិល្បៈ

    ភ្នំពេញៈ ក្រោយ​ពី​​ទទួល​បាន​ផល​​ផ្លែ​ផ្កា​ខ្លាំងនៅ​​ក្នុង​​វិស័យ​សិល្បៈ​ តារា​កំប្លែង​វ័យ​ក្មេង និង​ចម្រៀង​ប្រចាំ​ផលិត​​​​កម្ម​សាន់​ដេ មាន​ឈ្មោះ​ពិត សុខ មេសា ហៅ​​នាយ ចឺម សមាជិក​នៃ​ក្រុម​កំប្លែង ​ប្រចាំ​ទូរទស្សន៍​ស៊ី​ធី​​អិន​​​ ថ្មីៗ​នេះ​ក៏​កើត​គំនិត​ធ្វើ​អាជីវ​កម្ម​ថ្មី​ក្រៅ​ពី​សិល្បៈ ​ដោយ​លេច​ឮ​ដំណឹង​​ថា​ដាក់​ទុន​រួម​គ្នា​ជាមួយ​នឹង​ចាង​ហ្វាង​​កុន​វ័យ​ក្មេង​គឺ​លោក ឈុន​ សុវណ្ណ​ភក្តី​ ជា​ថៅ​កែ​​ផលិត​​កម្ម​ BKS Production។

    តារា​​កំប្លែង​មាន​ដុង​តាំងពី​វ័យ​ក្មេង​ ដែល​បច្ចុប្បន្ន​វ័យ ២២ ឆ្នាំ មាន​ស្រុក​កំណើត​មកពី​ខេត្ត​កំពង់ស្ពឺ​គឺ​ជា​ក្មួយ​​ប្រុស​បង្កើត​ជា​តារា​កំប្លែង​ដ៏​ល្បី​នាយ ក្រូច​ នោះ បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «មែន​តា​បង!​ខ្ញុំ​ និង​​​នាយ​ក្តី [លោក ឈុន ​សុវណ្ណភក្តី ]​ ដែល​បាន​រាប់​អាន​គ្នា​ដូចជា​បង​ប្អូន​បង្កើត​អ៊ីចឹង មាន​គំនិត​រួម​គ្នា​​សហ​​ការ​បង្កើត​ការ​ងារ​រកស៊ី​មួយ​តាម​អ្វី​ដែល​រៀង​ខ្លួន​មាន​តែ​ប៉ុណ្ណោះ​​ អាច​បម្រើ​អតិថិជន​បាន តែ​មិន​មាន​​ការ​ដាក់​ទុក​ជា​លុយ​កាក់​ដូចជា​ជំនួញ​ក្រុម​ហ៊ុន​អ្វី​នោះ​ទេ​។ គឺ​ថា ខ្ញុំ​មាន​សេវា​កម្ម​ក្រុម​តន្រ្តី​ផ្ទាល់​ខ្លួន​ឈ្មោះ​​ក្រុម​តន្រ្តី​​នាយ​ចឺម ដែល​អាច​បម្រើ​សេវា​កម្ម​ជួល​កម្សាន្ត​តាម​កម្ម​ពិធី​មង្គល​ការ ជប់​លៀង ឬ​កម្ម​វិធី​អា​ហ្វែ​រ​​នានា​ទាំង​ក្រុង និង​ខេត្ត​នានា។ ចំណែក​លោក ភក្តី​ គាត់​មាន​លក់​គ្រឿង​អេឡិច​ត្រូ​និច​​ទំនើប​ៗ និង​​សេវា​កម្ម​ម្ហូប​អាហារ​​។ ​​ពិសេស​នោះ នាយ​ក្តី គាត់​មាន​ផលិត​ Power Bank ដែល​អាច​សាក​ថ្ម​បាន​ចំនួន​ ១០ ដង​បាន​ មាន​តម្លៃ​គួរ​សម​សម្រាប់​អ្នក​និយម​ដើរ​កម្សាន្ត​ទី​​ឆ្ងាយ​ ហើយ​ត្រូវ​ការ​វា​សម្រាប់​សាក​ថ្ម​ទូរ​​សព្ទដៃ ​បាន​ច្រើន​លើក​នោះ​ផង​ដែរ។​  ​ពួក​យើង​ក៏​បាន​ចាប់​ផ្តើម​ផ្សព្វ​​ផ្សាយ​សេវា​កម្ម​នេះ ​នៅ​តាម​ទំព័រ​ហ្វេសប៊ុក ​BKS Production បណ្តើរៗ​មក​ហើយ​ដែរ»។​

    នាយ​ ចឺម ដែល​គេ​ឧស្សាហ៍​ឃើញ​ដូរ​ស៊េរី​រថយន្ត​ទំនើប​ណាស់​ដូចជា​ដូរ​ចេញ​ពី​ម៉ាក Lexus 300 មក​ជិះ​ម៉ាក Hammer តម្លៃ​រាប់​ម៉ឺន​ដុល្លារ បាន​ធ្វើ​ឲ្យ​មហាជន និង​មិត្ត​អ្នក​សិល្បៈ​បើក​ភ្នែក​ធំៗ និង​ធ្លាប់​មាន​ក្តី​ស្រមៃ​ទិញ​​ផ្ទះ​វីឡា​តម្លៃ​២០ ម៉ឺន ដុល្លារ ទៀត​ផង។ តារា​កំប្លែង​ នាយ ចឺម ក៏​ធ្លាប់​បង្ហើប​ប្រាប់​ដែរ​ថា៖ «បើ​តាម​ចិត្ត​ចង់​ទិញ​នោះ គឺ​ជា​ផ្ទះ​វីឡា ដែល​មាន​តម្លៃ ២០ ម៉ឺន ដុល្លារ​។ តែ​ពេល​នេះ មិន​ទាន់​មាន​ប្រាក់​គ្រប់​គ្រាន់​នៅ​ឡើយ ហើយ​គ្រាន់តែ​ជា​ក្តី​ស្រមៃ​ចង់​បាន​របស់​​ខ្ញុំ​ប៉ុណ្ណោះ»៕​

     

  • ឈិន សុធា​រី សម្រេច​ឃុំ​ខ្លួនឯង​មួយរយៈ​ក្រោយ សុវណ្ណ មករា សុំ​លែងលះ

    ឈិន សុធា​រី សម្រេច​ឃុំ​ខ្លួនឯង​មួយរយៈ​ក្រោយ សុវណ្ណ មករា សុំ​លែងលះ

     បន្ទាប់ពី​បាន​ផ្ទុះឡើង​នូវ​រឿងរ៉ាវ​ដ៏​រកាំរកូស​នៅក្នុង​សង្គម​គ្រួសារ​អស់​មួយ​រយៈពេល​ក្រោម​ការចោទប្រកាន់ថា មាន​វត្តមាន​អ្នក​ទី3ចូល​ជ្រៀតជ្រែក​ក្នុង​រង្វង់​គ្រួសារ រហូត​បណ្តាលឱ្យ​លោក សុវណ្ណ មករា សម្រេចចិត្ត​ប្រកាស​ជា​សាធារណៈ​សុំ​លែងលះ​នៅតាម​បណ្តាល​ហ្វេ​ស​ប៊ុ​ក​រួចមក​នោះ ពេលនេះ ភាគី​ដែលជា​ភរិយា អ្នកនាង ឈិន សុធា​រី បានបង្ហាញ​ពី​ភាព​សោកសៅ ពោរពេញ​ទៅដោយ​ទុក្ខព្រួយ​ជាខ្លាំង រិះគិត​អ្វី​លែងចេញ​ទាំងអស់ ពោលគឺ​មានតែ​អង្គុយ​សម្ងំ​ឃុំ​ខ្លួនឯង​នៅក្នុង​ផ្ទះ​ដោយមាន​កូនប្រុស​ស្រី​ទាំង2នាក់ ជា​អ្នក​កំដរ ដោយ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​នោះឡើយ ដោយហេតុថា ហាក់​មានការ​ខ្មាសអៀន​ជាមួយ​មនុស្ស​ដែល​ស្ថិតនៅ​ជុំវិញខ្លួន​ជាខ្លាំង ។

    ជាការ​បញ្ចេញ​នូវ​វិបត្តិ​ទុក្ខព្រួយ​របស់ខ្លួន ឈិន សុធា​រី បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ៖ « សួស្តី​បងប្អូន​ទាំងអស់គ្នា ជាទីគោរព​ស្រលាញ់/😍រាប់អាន.នាង​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា​ដែល​តែងតែ​ស្រលាញ់​គាំទ្រ​ជាពិសេស​បារម្ភ​និង​លើកទឹកចិត្ត​ផ្តល់​កំលាំងចិត្ត​ជូន​ដល់​ខ្ញុំ.នាង​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ក្រៅពី​ពាក្យ​អរគុណ/🙏ដល់​បងប្អូន​ទាំងអស់​ទេ.នាង​ខ្ញុំ​សូម​ជម្រាបជូន​ថា.ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​លើសពីនេះ​បាន ព្រោះ​ពេលនេះ​ខ្ញុំ​គិត​អ្វី​ក៏​មិន​លិច គិត​អ្វី​មិន​ចេញ​ធ្វើ​អ្វី​ក៏​មិនកើត វិលវល់​ស្មូគ​ស្មាញ តឹង​ណែន​ពេញ​ខួរក្បាល ថប់ដង្ហើម​ចង់​ស្ទះ​បែក​ដើមទ្រូង​ទៅហើយ/😭រក​លេខ​ដាក់​គ្មា​ទេ! នាង​ខ្ញុំ​សុំ​នៅ​ស្ងប់ស្ងាត់​មួយ​រយះពេល​ដើម្បី​ទុកពេល​សំរាប់​ខ្លួនឯង​ផង បើ​អាច​នឹង​មានឱកាស​ខ្ញុំ​និង​ធ្វើការ​បកស្រាយ! សុំ​អភ័យទោស​ដល់បងៗសារ​ព​ត័​មាន​មួយចំនួន​ដែល​ខ្ញុំ​មិន​បានធ្វើ​បទសំភាសន៍​រឺក៏​ផ្ត​ល់ព​ត័​មាន​អំពី​រូបនាង​ខ្ញុំ​ផ្ទាល់​រឺ​មិនអាច​លើក​និយាយបាន.ពេលនេះ​សូម្បីតែ​ចេញ​ក្រៅ​ក៏​ខ្ញុំ​មិន​ចង់​ចេញទៅ​ណា​ទេ​ព្រោះ​ខ្ញុំ​ខ្មាស់​គេ​មានតែ​ការមើល​មុខ​និង​សួរនាំ​ដូច្នេះ​នាង​ខ្ញុំ​សម្រេចចិត្ត​ឃុំខ្លួន​ឯង​មួយ​រយះ​ខ្លី​និង​មើលថែកូនៗរបស់ខ្ញុំ តែបើ​ឃើញ​ខ្ញុំ​ចេញ​ក្រៅ​ហៅ​នាង​ខ្ញុំ​ផង​និយាយ​លេង​តែ​រឿងសប្បាយៗដើម្បីអោយ​បាន​ឆាប់​ជា/😂😂😭សង្ឃឹមថាបងៗនិង​យល់​អារម្មណ៍​មួយ​នេះ.សុំ​ទុកពេល​អោយ​ខ្ញុំ​សិន/🙏😭 អរគុណ​ម្តង​ហើយ​ម្តងទៀត.ខ្ញុំ​ចង់​ប្រាប់ថា ខ្ញុំ​ក៏​ស្រលាញ់​បងប្អូន​ទាំងអស់គ្នា​ដែរ!សូមអ្នក​គាំទ្រ​នាង​ខ្ញុំ​ទាំងអស់​សុខភាព​ល្អ​និង​ជួបតែ​សំណាងល្អ 🙏🙏🙏😍….» ។

    ភ្ជាប់​ជាមួយនឹង​សារ​បង្ហាញ​ពី​ក្ដី​ទុក្ខព្រួយ​ខាងលើនេះ ក៏មាន​ការជួយ​លើកទឹកចិត្ត​ពី​សំណាក់​បណ្តា​មិត្ត​ភ័ក្តិ​ជាច្រើន​នាក់​ផងដែរ ដែល​ភាគច្រើន​នៅក្នុង​នោះ សុទ្ធតែ​បានបង្ហាញ​ពី​ការលើក​ទឹក​ទឹកចិត្ត​ដែល​ជម្រុញឱ្យមាន​ការតាំង​ចិត្ត ព្យាយាម​ក្រោកឈរ ធ្វើជា​គោលជំហរ​របស់​កូន​សម្លាញ់​ទាំង2របស់ខ្លួន ដែល​មិនទាន់​ក្ដី​នៅឡើយ​នោះ ៕

  • វិធីពិនិត្យលេខកូដទូរស័ព្ទ iPhone របស់លោកអ្នកផលិត​សម្រាប់​​ប្រទេស​​ណា?

    វិធីពិនិត្យលេខកូដទូរស័ព្ទ iPhone របស់លោកអ្នកផលិត​សម្រាប់​​ប្រទេស​​ណា?

    ទូរស័ព្ទ iPhone ត្រូវបាន​ក្រុមហ៊ុន Apple ផ្ដល់​សិទ្ធិ​ផលិត និង​ផ្គុំ​ចេញពី​រោងចក្រ Foxconn នៅ​ប្រទេស​ចិន ជាមួយនឹង​កម្រិតស្ដងដា​រ​តែមួយ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បែងចែក​វា​ដោយមាន​លេខ​កូដ​សម្គាល់​តាម​ប្រទេសផ្សេងៗគ្នា ដើម្បី​ស្រួល​ចែកចាយ​លក់។ យ៉ាងណាមិញ គេ​ជឿជាក់ថា Apple អាច​នឹង កែប​ន្ទៈ​ឈី​ប​ខ្លះ ដែល​តម្រូវ​តាម​ប្រព័ន្ធ 3G/4G ដើម្បីឱ្យ​វា អាច​ចាប់​សេវា​បណ្តាញទូរស័ព្ទ នៅក្នុង​ប្រទេសនីមួយៗបានល្អ។

    ដើម្បី​មើល​កូដ Model របស់ iPhone លោកអ្នក​អាច​ចូលទៅ Settings-> About រួច​មើល​រក​ពាក្យ Model។ វា​មាន ប្រមាណ​ពី 7 ទៅ 8 តួអក្សរ តែ​សូម​រកមើល តួអក្សរ​ពីរ​ចុងក្រោយ (ដោយ​មិន​រាប់ អក្សរ​ដែលមាន​សញ្ញា / នៅ​ពីមុខ) រួច​ផ្ទៀងផ្ទាត់​នឹង​តារាង​ខាងក្រោម ដើម្បី​ស្វែងរក​ប្រភព​របស់​វា។

    ឧទាហរណ៍​ថា ទូរស័ព្ទ​លោកអ្នក​មាន​លេខ​កូដ MC604MY/A ដោយ​មិន​រាប់​អក្សរ​នៅ​ពីក្រោយ /A ដូចនេះ តួអក្សរ​ពី​ចុងក្រោយ MY ដូច្នេះ ក្រុមហ៊ុន​ផលិត​សម្រាប់​ប្រទេស Malaysia។

    • AB: Egypt, Jordan, Saudi Arabia, United Arab Emirates
    • B: Ireland, UK, also used for some replacement phones
    • BR: Brazil (Assembled in Brazil)
    • BZ: Brazil (Assembled in China)
    • C: Canada
    • CL: Canada
    • CH: China
    • CZ: Czech Republic
    • D: Germany
    • DN: Austria, Germany, Netherlands
    • E: Mexico
    • EE: Estonia
    • FB: France, Luxembourg
    • FD: Austria, Liechtenstein, Switzerland
    • GR: Greece
    • HN: India
    • IP: Italy
    • HB: Israel
    • J: Japan
    • KH: Korea
    • KN: Norway
    • KS: Finland, Sweden
    • LA: Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
    • LE: Argentina
    • LL: USA
    • LZ: Chile, Paraguay, Uruguay
    • MG: Hungary
    • MY: Malaysia
    • NF: Belgium, France, Luxembourg
    • PL: Poland
    • PO: Portugal
    • PP: Philippines
    • RO: Romania
    • RS: Russia
    • SL: Slovakia
    • SO: South Africa
    • T: Italy
    • TH: Thailand
    • TA: Taiwan
    • TU: Turkey
    • X: Australia, New Zealand
    • VN: Vietnam ,also use for some replacement
    • Y: Spain
    • ZA: Singapore
    • ZP: Hong Kong, Macau

     

  • ខៀវ សានសាណា បង្ហោះសាររំឮកអនុស្សាវរីយ៍កាល ៧ ឆ្នាំមុន ពពោះកូនប្រុសដំបូង

    ខៀវ សានសាណា បង្ហោះសាររំឮកអនុស្សាវរីយ៍កាល ៧ ឆ្នាំមុន ពពោះកូនប្រុសដំបូង

    ភ្នំពេញៈ ការ​បង្ហោះ​​រូប​ថត​ថ្នាក់​ថ្នម​ និង​ថែប​ថែ​​កូន​ប្រុស​ច្បង​ខ្លួន ដែល​​សល់​ពី​ចំណង​ស្នេហ៍​​​ស្វា​មី​​ទី​ ១ របស់​​​ពិធី​ការិនី​ទូរទស្សន៍​ ដែល​ចេះ​ភាសា​អង់គ្លេស​ជ្រៅ​ជ្រះ​ ស្ទាត់​ជំនាញ និង​សម្បូរ​​​​វោហារ​​​​​​មិន​ចាញ់​​តារា​កំប្លែង អ្នកនាង ខៀវ សានសាណា ក៏​បង្ក​ការ​​​ងឿង​ឆ្ងល់​​ពេញ​បណ្តាញ​​​​សង្គម​​​យ៉ាង​ខ្លាំង​ ក៏បាន​​ព្រលយ​ចេញ​ជា​ពាក្យ​ចចាម​អារាម​សង្ស័យ​ថា ​ទំនងជា​អ្នក​នាង​​មាន​​​​ក្តី​​ប្រាថ្នា​ចង់​​​​បាន​បុត្រ​​ជាមួយ​នឹង​ស្វាមី​ទី ​២​ ទៀត​ទេ​ដឹង​?

    ពិធី​ការិនី​កូន ​២​​ សម្រស់​នៅ​តែ​ស្រស់​ស្អាត​ អ្នកនាង ខៀវ សានសាណា ​ក៏​​ច្រាន​ចោល​ភ្លាម​តែ​​ម្តង​ទៅ​នឹង​​ចម្ងល់​របស់​​មហាជន​ដែល​​ថា នាង​កំពុង​តែ​ត្រៀម​ចិត្ត​កាយ​ព​ពោះ​ជូន​ស្វាមី​ទី​ ២​ ជន​ជាតិ​​អូស្ត្រាលី​លោក Seraj Sutton ​ដែរ​ថា៖ «នៅ​មិន​ទាន់​មាន​គម្រោង​ដូច្នោះ​ នៅ​ឡើយ​នោះ​ទេ​!​ សព្វ​​ថ្ងៃនេះ​​​ពួក​យើង​​រវល់​ខ្លាំង​ណាស់​នឹង​ការ​ងារ​រៀង​ខ្លួន​​ ដូច្នេះ​​ត្រូវ​រង់​ចាំ​មើល​មួយ​រយៈ​​សិន​»។ ពិធីការិនី​​ល្បី​ប្រចាំ​​ទូរទស្សន៍ My TV និង ​CTN អ្នកនាង ខៀវ សានសាណា នា​ពេល​មួយ​រយៈ​ក្រោយ​​នេះ គេ​សង្កេត​ឃើញ​នាង​ច្រើ​នតែ​កាន់​កម្ម​វិធី​កម្សាន្ត​របស់​​ក្មេង​ៗ​រួម​មាន​ដូច​ជា​កម្ម​វិធី ​Bet Your Baby ជា​ដើម​នៅ​ CTN ដូច្នេះ​ហើយ​បាន​ជា​នាង​ងាក​មក​នឹក​ឃើញ​រើស​រើ​រូប​ថត​កូន​ប្រុស​ច្បង​មក​​បង្ហោះ​រំឮក​អនុស្សាវរីយ៍​ពេញ​បណ្តាញ​សង្គម​នោះ។

    អ្នក​នាង ខៀវ សានសាណា ក៏​បាន​បក​ស្រាយ​នូវ​សារ ​ដែល​នាង​បាន​ប​ង្ហោះ​​​ជា​ភាសា​អង់គ្លេស​​មួយ​​ឃ្លានោះ​ថា៖ «​ អស់ពេល ៧ ឬ ៨​ ឆ្នាំ​ កន្លង​​ផុតមក​​ហើយ ដែល​ខ្ញុំ​បានសម្រាល​កូន​ប្រុស​ដំបូង​។​ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ជ្រើសយក​គាត់​ សុខ​ចិត្ត​ចោល​ទ្រព្យ​ធន​​នានា​ ដែល​បាន​ពី​ការ​ងារ​​​​កំពុង​តែ​មាន​រាសី​ឡើង​ និង​​ចោល​​អ្នក​ស្គាល់​ទាំង​ឡាយពីកាល​​មុន​។ ​ពេល​នោះ​ពិតជា​​ពិបាក​សម្រេច​​​​​​ចិត្ត​​បំផុត​សម្រាប់​ខ្ញុំ​។ តែ​ពេល​នេះ នាង​ខ្ញុំ​គិត​ថា ​ជា​ការ​សម្រេច​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ជីវិត​​​ខ្លួន​​​​​ឯង។ ជា​ពិសេស​​ នា​​ពេល​​យើង​បាន​រៀបការ​ ហើយ​មាន​កូន​​​ដំបូង​ ក៏​សម្រេច​ចិត្ត​តាម​ស្វាមី​ និង​​ជ្រើស​រើស​ផ្លូវ​រក្សា​​ទុកកូន​ ដោយ​​សុខ​ចិត្ត​​​លះ​បង់​ចោល​ការងារ​ដែល​ខ្លួន​ស្រឡាញ់»។

    ពិធី​ការិនី​​ដែល​សម្បូរ​​​វោហារ​ ចេះ​បត់​បែន​តាម​ស្ថាន​ភាព​ នៃ​កម្ម​វិធី​រូប​នេះ​បាន​​បន្ត​ថា៖ «ជាមួយ​គ្នា​​នេះ​ដែរ នាង​​ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក ​នូវ​សារ​ដាស់​ស្មារតី​មួយ​ចំណែក​តូច​នេះ ​ទៅ​ដល់​ស្រ្តី​ទាំង​ឡាយ​ដែល​​​​មាន​​វ័យ​ស្របាលៗ​​នឹង​ខ្ញុំ​កាល​ពី ​៨​ ឆ្នាំ​មុន ​ជា​ស្ថាន​ភាព​ពិបាក​ប្រហាក់​ប្រហែល​គ្នា នៅ​​ក្នុង​​ការ​​​​សម្រេច​​​​ចិត្ត​​​ព្រោះ​​តែ​មាន​វ័យ​ខ្ចី​គំនិត​។ ជា​ពិសេស​នោះ នៅ​ពេល​ស្រ្តី​យើង​មាន​កូន​ដំបូង សុំ​កុំ​សម្រេច​​ចិត្ត​ខុស​ដោយ​​មិន​ព្រម​​រក្សា​ទុក្ខ​នូវ​សាច់​ឈាម​របស់​ខ្លួន​អី។ ​ដូចជា​រូប​ខ្ញុំ​អ៊ីចឹង បាន​សម្រេច​​ចិត្ត​រក្សា​​កូន​​ប្រុស​ច្បង​ Samuel Elson Bowser ឥឡូវនេះ​ ​ខ្ញុំ​បាន​ចង់​ចាំ​ថ្ងៃ​កំណើត​របស់​គេ​ ហើយក៏​សប្បាយ​ចិត្ត​ក្នុង​នាម​ជា​ម្តាយ​មួយ​ដែល​រូប​ស្រឡាញ់​កូន​»។​​​ យ៉ាងណា​មិញ ពិធី​ការិនី​ដែល​ល្បី​ទាំង​ការងារ​លើ​ឆាក និងបាន​​ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍​ទាំង​លើ​ខ្សែជីវិត​គូ​របស់​នាង​ដែរ​​នោះ អ្នកនាង ខៀវ សានសាណា ក៏​បាន​សំណូម​ពរ​​ដល់​ស្រ្តី​គ្រប់​រូប​ដែល​​​​​បាន​សម្រេច​​ចិត្ត​រៀបការ​រួច​ហើយ ក៏​ត្រូវ​​​ត្រៀម​ចិត្ត​ទទួល​យក​នូវ​​​ការ​គិត​ដ៏​​ត្រឹម​ត្រូវ​ និងមាន​ស្មារតី​​​រឹង​​មាំ​​របស់​ខ្លួន​​ផង​​ដែរ៕

     

  • ថៃ នរៈពិទូ ប្រហែលរំជួលចិត្តខ្លាំងពេលឃើញសារម្តាយ​

    ថៃ នរៈពិទូ ប្រហែលរំជួលចិត្តខ្លាំងពេលឃើញសារម្តាយ​

    ភ្នំពេញ: តារា​សម្តែង​រាង​សង្ហា អតីត​ប្រុស​ស្អាត​លេខ​ ១ កាល​ពី​ឆ្នាំ ២០០៦ ថៃ នរៈ​ពិទូ ដែល​មាន​ឪពុក​ជា​មន្រ្តី​​ជាន់​ខ្ពស់​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​​សិល្បៈ​ និង​ម្តាយ​ជា​អ្នក​និពន្ធ​និង​ជា​នាយិកា​ក្រុមហ៊ុន​កែ​សម្ផស្ស​ ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ឃុំ​ខ្លួន​ ពាក់​ព័ន្ធ​ករណី​ជួញ​ដូរគ្រឿង​ញៀន​ ជិត​កន្លះ​ឆ្នាំ​ហើយ ប៉ុន្តែ​អ្វី​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ជា​ថ្មី​នោះ ខណៈ​ម្តាយ​តារា​សម្តែង​រូប​សង្ហា​ជាប់​​ប្តូរ​ឈ្មោះ​ជា​ប្រុស​ស្អាត មក​ជា​ពិរុទ្ទ​​ជន​ ​​បង្ហោះ​​ទួញ​រៀបរាប់​​រញ្ជួយ​អស់​​មហាជន​ ពីទឹក​ចិត្ត​ម្តាយ​។

    រំឭកថា អតីត​ប្រុស​ស្អាត​ឆ្នាំ​ ២០០៦ ​ដែល​មាន​កំណើត​​ក្នុង​ត្រកូល​គ្រួសារ​មន្រ្តី​រាជ​ការ​ ត្រូវ​បាន​សមត្ថ​កិច្ច​​​ខេត្ត​ បាត់ដំបង​ចាប់​ឃាត់​ខ្លួន រួម​នឹង​ភរិយា​ផង​ កាល​ពី​ថ្ងៃ​ទី​ ៩ ​​ ខែ​មករា​ឆ្នាំ​ ២០១៧ ពី​បទ​ចែកចាយ​គ្រឿង​ញៀន ​នៅ​ចំណុច​ខារ៉ា​អូខេ ដឺសោន​​​ហ្វាមី​លី។ អ្វី​ដែល​ធ្វើ​ឲ្យ​មិត្ត​ភក្តិ​នៅ​ក្នុង​សង្គម​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ មិន​តែ​ប៉ុណ្ណោះ​ទស្សនិក​ជន​ជា​ច្រើន​ បាន​បង្ហាញ​អារម្មណ៍​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ក្រោយ​បាន​ដឹង​រឿង​នេះ។

    ដាស់​​​ភាព​ភ្ញាក់​ផ្អើល​ជាថ្មី ក្រោយ​កំហុស​អា​សោច​កេរ្តិ៍​ដល់​អ្នក​មាន​គុណ​​ ​ អ្នក​ស្រី ម៉ានីយ៉ា ជា​ម្តាយ​​​ប្រុស​ស្អាត​ឆ្នាំ ២០០៦ ថៃ នរៈ​ពិទូ បាន​បញ្ចេញ​សារ​​ទួញ​​រៀប​រាប់​ពី​ភាព​កម្សត់​នៅ​លើ​គណនីហ្វេស​ប៊ុក​របស់​អ្នក​ស្រី ដែល​ធ្វើ​ឲ្យ​​មនុស្ស​ជាច្រើន​រំភើប​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ទឹកចិត្ត​ម្តាយ​រូប​នេះ ទាំង​​បង្ហាញ​ទាំង​ថ្ងៃ​ខួប​កំណើត ថៃ នរៈ​ពិទូ ជាមួយ​នឹង​នំ​ខួប​កំណើត​ ខណៈ​ជិះ​លើ​រថយន្ត។ អ្នកស្រី ម៉ានី​យ៉ា បាន​រៀបរាប់​ថា៖ «យប់​មិញ​ម៉ាក់​មិន​បាន​​គេង​ទេ ហើយ​បើក​ឡាន​រាប់​រយ​គីឡូ​មក​រក​កូន ព្រោះ​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​ម៉ាក់​បាន​បង្កើត​កូន​ប្រុស​ឲ្យ​មក​ស្គាល់​ពិភព​លោក​នេះ….ពិទូរ​ពួក​យើង​ស្រឡាញ់​​កូន​ណាស់… កូន​ប្រុស! ទោះ​បី​ជា​ឆ្នាំ​នេះ ពួក​យើង​កំ​សត់​ជាង​រាល់​ឆ្នាំ តែ​ម៉ាក់​សប្បាយ​ចិត្ត ព្រោះ​ថា ចាប់​ពី​ពេល​វេលា​នេះ​ទៅ កូន​និង​យល់​​ដឹង នឹង​ស្គាល់​ពី​ន័យ​ពិត​របស់​ជីវិត»។ ពី​សារ​​នោះម្តាយ​តារា​​សម្តែង​និង​ជា​អតីត​ប្រុស​ស្អាត​ឆ្នាំ ២០០៦ កំពុង​​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ធ​ធនា​គារ​ខេត្ត​ បាត់ដំបង​នោះ អ្នក​ស្រី​រៀបរាប់​​បាន​លើក​ទឹក​ចិត្ត​​ថា៖ «កូន​តស៊ូ​ឡើង ដើម្បី​អនាគត កើត​ជា​មនុស្ស​គ្មាន​នរណា​មិន​ចេះ​ខុស​ទេ សំខាន់ ខុស​ហើយ​កូន​ត្រូវ​កែខ្លួន​បែរមក​រក​ផ្លូវត្រូវ​វិញ…អត់ធ្មត់​ណា​កូន ក្រុម​គ្រួសារ​យើង ព្រម​ទាំង​មនុស្ស​ជាច្រើន​នៅ​ស្រឡាញ់​កូន នឹង​​រង់​ចាំ​ផ្លូវ​កូន​ត្រឡប់​មក​វិញ ពេញ​ដោយ លក្ខណសម្បត្តិ​ជា​កូនប្រុស ដ៏​ថ្លៃថ្នូរ ជាសរ​សរ​ទ្រូង​គ្រួសារ ជា​កូន​ល្អ ជា​បង​ល្អ ជា​ប្ដី​ល្អ នឹង​ជា ឪពុក​ល្អ ណា៎​កូន​ណា៎!!! Happy ​birthday son. I love you»៕