Category: សង្គម និងសេដ្ឋកិច្ច

  • ឥណទាន​សម្បទាន​សម្រាប់ គម្រោង​​សង់​ស្ពាន​​មិត្ត​ភាព​​កម្ពុជា-​កូរ៉​ខាង​ត្បូង ជិត​​ធ្លាក់​​មក​ដល់​ហើយ

    ឥណទាន​សម្បទាន​សម្រាប់ គម្រោង​​សង់​ស្ពាន​​មិត្ត​ភាព​​កម្ពុជា-​កូរ៉​ខាង​ត្បូង ជិត​​ធ្លាក់​​មក​ដល់​ហើយ

    «សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង រាជរដ្ឋាភិបាល នៃ​ព្រះ​រាជាណា​ចក្រ​​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី 09 ធ្នូ 2022» នេះ​បើតាម​ប្រកាស​របស់ ក្រសួង​ការ​បរទេស​​ក​ម្ពុ​ជា ចុះ​ថ្ងៃទី 08 ធ្នូ 2022។

    សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា បានឱ្យដឹងថា ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើ រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា និង​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ច​សម្រប​សម្រួល​​ក្របខណ្ឌ​ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន​សម្រាប់​ឆ្នាំ 2022-2026 ដែលមាន​ទំហំ​ទឹកប្រាក់ 1,500 លាន​ដុល្លារ​អាម៉េរិក។ ចំណែក រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចកម្ពុជា និង​តំណាង​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ​ប្រចាំ​កម្ពុជា ក៏​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅ​កម្ពុជា ផងដែរ។

    យោងតាម ក្រសួងការបរទេស​ក​ម្ពុ​ជា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន 2 ដែល​នឹង​ទទួលបាន​ឥណទាន​សម្ប​ទាន​ពី កូរ៉េខាងត្បូង រួមមាន «គម្រោង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន​អគ្គិសនី​នៅ ខេត្ត​ព្រះសីហនុ» ដែលមាន​ទឹកប្រាក់ 70,000,000 ដុល្លារ​អាម៉េរិក និង «គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ» (ផ្សារ​ចាស់-ជ្រោយចង្វារ និង​ជ្រោយចង្វារ-អរិយ​ក្សត្រ) ដែលមាន​ទឹកប្រាក់ 245,909,000 ដុល្លារ​អាម៉េរិក។

    ឥណទាន​សម្បទាន​ដែល​ផ្ដល់​ដោយ កូរ៉េខាងត្បូង នេះ នឹងចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ខិតខំ​របស់ កម្ពុជា ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ការពង្រឹង​ប​ន្ធែ​ម​នូវ​ទំនាក់ទំនង​ល្អ​ទ្វេភាគី​ដែលមាន​ស្រាប់​រវាង កម្ពុជា និង កូរ៉េខាងត្បូង នេះ​បើតាម ក្រសួងការបរទេស​ក​ម្ពុ​ជា៕

  • អ៊ី​ឡុ​ន ម៉ាស (Elon Musk) បាត់បង់​តំណែង​អ្នកមាន​ជាងគេ​ពីរលើក​ក្នុង​មួយថ្ងៃ​

    អ៊ី​ឡុ​ន ម៉ាស (Elon Musk) បាត់បង់​តំណែង​អ្នកមាន​ជាងគេ​ពីរលើក​ក្នុង​មួយថ្ងៃ​

    នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​គិត​តាម​ពេលវេលា​ជាក់ស្ដែង​របស់ Forbes មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស ត្រូវបាន​លោក ប៊ែ​រណា អាក​ណូ (Bernard Arnault) ម្ចាស់​កម្មសិទ្ធិ​របស់ Louis Vuitton យកឈ្នះ​ពីរលើក កាលពី​ម្សិលមិញ។

    ក្នុង​រយៈពេល 14 ខែ​ក្រោយពី​ដណ្ដើមបាន​តំណែង​របស់ ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) ដែលជា​ម្ចាស់ Amazon លោក អ៊ី​ឡុ​ន ម៉ាស នាយក​ប្រតិបត្តិ​របស់ Tesla និង Twitter បាន​បាត់បង់​តំណែង​អ្នកមាន​ជាងគេ​លើ​ពិភពលោក បើទោះជា​ក្នុង​រយៈពេល​ខ្លី នេះ​បើតាម យោងតាម Forbes។

    ជាក់ស្ដែង នៅវេលា​ជិត​ថ្ងៃត្រង់​នៃ​ថ្ងៃទី 07 ធ្នូ 2022 ទ្រព្យសម្បត្តិ​របស់លោក ម៉ាស ត្រូវបាន​គណនា​ឃើញថា មាន 185.3 ពាន់​លាន​ដុល្លារ​អាម៉េរិក ទាប​ជាង 100 លាន​ដុល្លារ ធៀប​នឹង​លោក អាក​ណូ ប្រធាន​របស់ LVMH ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​យីហោ Louis Vuitton។ មកដល់​ថ្ងៃត្រង់ ថ្ងៃទី 07 ធ្នូ លោក ម៉ាស ក៏​ដណ្ដើម​តំណែង​នេះ​បានមក​វិញ។ ប៉ុន្តែ ដល់​ម៉ោង 15 និង 30 នាទី លោក អាក​ណូ ក៏​ដណ្ដើមបាន​ម្ដងទៀត​ជា​លើក​ទី​ពីរ​ក្នុង​ថ្ងៃ​ម្សិលមិញ។

    មហា​សេដ្ឋី​បារាំង លោក ប៊ែ​រណា អាក​ណូ (Bernard Arnault)

    នៅពេល​ទីផ្សារ (ផ្សារ​ហ៊ុន) បិទទ្វារ​កាលពី​ថ្ងៃទី 07 ធ្នូ ម្ចាស់ Twitter ក៏​បន្ត​ឡើងកាន់​កាប់​តំណែង​លេខ​មួយ ដោយមាន​ទ្រព្យ 185.4 ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង 700 លាន​ដុល្លារ ធៀប​នឹង​មហាសេដ្ឋី​បារាំង អាក​ណូ។

    ចំណែក​បញ្ជី​ចំណាត់ថ្នាក់​​មហា​សេដ្ឋី​របស់ Bloomberg វិញ បង្ហាញថា CEO របស់ Tesla នៅតែ​ជា​អ្នកមាន​ជាងគេ​បង្អស់​លើ​ពិភពលោក ដោយមាន​ទ្រព្យ​សរុប 179 ពាន់​លាន​ដុល្លារ ខ្ពស់ជាង 14 ពាន់​លាន​ដុល្លារ ធៀប​នឹង​មហាសេដ្ឋី​បារាំង អាក​ណូ ដែល​មានតែ 165 ពាន់​លាន​ដុល្លារ៕

     

  • Messi និង Ronaldo មាន​ភាពខុសគ្នា​ឆ្ងាយ​នៅ​រដូវ​កាល World Cup 2022

    Messi និង Ronaldo មាន​ភាពខុសគ្នា​ឆ្ងាយ​នៅ​រដូវ​កាល World Cup 2022

    នៅ កាតា Lionel Messi ប្រៀបបាន​ទៅនឹង «ព្រះ​ចន្ទ​ពេញបូណ៌មី» ក្នុង​អាជីព នៅ World Cup ខណៈដែល Cristiano Ronaldo កាន់តែ​ដូច​ទៅនឹង «ព្រះ​ចន្ទ 15 កើត​ដែល​ត្រូវ​ពពក​បាំង»។

    កំពូល​កីឡាករ Messi និង Ronaldo ដែល «រត់ប្រណាំង​ទន្ទឹមគ្នា» អស់​រយៈពេល​ជាង 10 ឆ្នាំ​មកហើយ​នេះ សុទ្ធតែ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ដណ្ដើម​យកពាន​រង្វាន់​ជើងឯក World Cup 2022។ ក៏ប៉ុន្តែ Messi និង Ronaldo បង្ហាញ​អំណាច​ផ្ទុយគ្នា​ចាប់តាំងពី​ដើមរដូវ​កាល។

    Messi គឺជា​ប្រភព​ជំរុញ​ទឹកចិត្ត​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឡើងដល់​វគ្គ 1/8 នៅ World Cup 2022។ នៅ​វគ្គ​ចែក​ពូ​ល កំពូល​តារាបាល់ទាត់​វ័យ 35 Messi រកបាន 2 គ្រាប់ ក្នុងនោះ 1 គ្រាប់​នៅក្នុង​ការប្រកួត​ចាញ់ អា​រ៉ា​ប៊ី​សា​អូឌីត 1-2 និង 1 គ្រាប់​ក្នុងការ​ប្រកួត​ឈ្នះ ម៉ិ​ក​ស៊ិ​ក 2-0។ ក្នុង​វគ្គ 1/8 ពេល​ប៉ះ អូស្ត្រាលី Messi ក៏​បន្ត​រកបាន 1 គ្រាប់​ទៀត ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ 2-1។

    កំពូល​កីឡាករ Messi

    ទំព័រ WhoScored បានដាក់​ពិន្ទុ​ឱ្យ Messi 7.39 ពិន្ទុ ក្នុងការ​ប្រួត​ជាមួយ អា​រ៉ា​ប៊ី​សា​អូឌីត ហើយ 8.4, 8.18 និង 8.15 ពិន្ទុ​សម្រាប់ 3 ប្រកួត​បន្តបន្ទាប់​ទៀត។ ជា​មធ្យម ពិន្ទុ​របស់​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន គឺ 7.94។

    ចំណែក Ronaldo របស់ ព័រទុយហ្កាល់ វិញ ទើប​រកបាន 1 គ្រាប់ ក្នុងការ​ប្រកួត​ឈ្នះ ហ្កា​ណា 3-2។ ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំ​រូបនេះ ថែមទាំង​ធ្វើឱ្យមាន​ភាពចម្រូងចម្រាស​នៅពេល​ទាមទារ​គ្រាប់​បាល់​ឈ្នះ​របស់ Bruno Fernandes ក្នុងការ​ប្រកួត​ឈ្នះ អ៊ុយ​រូ​ហ្កា​យ ក្នុង​ជុំ​ទី​ពីរ។ ក្រុមហ៊ុន Adidas ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ជាក់ថា បាល់​មិនបាន​ប៉ះ Ronaldo ហើយ​គណៈកម្មការ​ក៏បាន​យក​គ្រាប់​បាល់​នេះ​ឱ្យ Fernandes។

    ក្រោយមក Ronaldo ក៏បាន​បង្ហាញ​ការខឹង​សម្បា នៅពេល​ត្រូវបាន​គ្រូបង្វឹក​ប្ដូរ​ចេញ​តាំងពី​ដើមតង់​ទី​ពីរ​ពេល​ប៉ះ កូរ៉េខាងត្បូង នាំឱ្យ​លោក Fernando Santos មិន​ពេញចិត្ត។ មកដល់​ការប្រកួត​ឈ្នះ ស្វ៊ី​ស 6-1 ក្នុង​វគ្គ 1/8 Ronaldo ត្រូវបាន​ដាក់​ជា​កីឡាករ​បម្រុង ហើយ Goncalo Ramos ត្រូវ​ទាត់​ជំនួស និង​បង្កើតបាន hat-trick (រកបាន 3 គ្រាប់​ក្នុង 1 ប្រកួត) ជា​លើកដំបូង​របស់ World Cup 2022។

    Ronaldo ក្លាយ​ជា​កីឡាករ​បម្រុង​ជាលើក​ដំបូង​

    ទំព័រ Whoscored បានដាក់​ពិន្ទុ​ឱ្យ Ronaldo 7.36 ពិន្ទុ នៅក្នុង​ការប្រកួត​ជាមួយ ហ្កា​ណា និង​ការប្រកួត​បន្តបន្ទាប់​ទៀត​គឺ 6.63, 5.11 និង 6.07 ពិន្ទុ ធ្វើឱ្យ​ពិន្ទុ​មធ្យម​របស់​ខ្សែប្រយុទ្ធ ព័រទុយហ្កាល់ នេះ បានត្រឹមតែ 6.29 ពិន្ទុ។

    មិន​ត្រឹមតែ​ពិន្ទុ​នោះទេ សារព័ត៌មាន​របស់ អង់គ្លេស Sunsport ក៏បាន​បញ្ចេញ​ស្ថិតិ​ជំនាញ​បង្ហាញ​អំពី​ភាព​ផ្ទុយគ្នា​ទាក់ទង​នឹង​កម្លាំង​របស់ Messi និង Ronaldo ផងដែរ។ ជាក់ស្ដែង Messi ស៊ុត​ចំ​គោលដៅ 10 គ្រាប់, បង្កើត​ឱ​កា​ស៊ុត 13 លើក, បញ្ជូន​បាល់ 209 គ្រាប់, បង្កកំហុស 4 លើក, រកបាន 3 គ្រាប់ និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន 1 គ្រាប់ នៅក្នុង 4 ប្រកួត​កន្លង។

    ចំណែក​ស្ថិតិ​សម្រាប់ Ronaldo វិញ​គឺ ស៊ុត​ចំ​គោលដៅ 2 គ្រាប់, បង្ក​ឱកាស​ស៊ុត 3 លើក, បញ្ជូន​បាល់ 81 លើក, បង្កកំហុស 2 លើក, រកបាន 1 គ្រាប់ និង​មិនទាន់មាន​ការបង្ក​ឱកាស​ដែល​បាន​ស៊ុត​បញ្ចូល​ទី​នៅឡើយ៕

  • អាជ្ញាធរ​ថៃ «ប្រកាសសង្គ្រាម» ជាមួយនឹង​សាច់ជ្រូក​នាំចូល​ខុសច្បាប់​ពី​បរទេស

    អាជ្ញាធរ​ថៃ «ប្រកាសសង្គ្រាម» ជាមួយនឹង​សាច់ជ្រូក​នាំចូល​ខុសច្បាប់​ពី​បរទេស

    ប្រទេស​ថៃ បាន​ព្រមាន​ថា អ្នក​ទាំងឡាយណា​ដែល​ត្រូវ​ចាប់បាន​ភស្ដុតាង​ទាក់ទិន​នឹង​ការ​នាំចូល​សាច់ជ្រូក​ខុសច្បាប់ នឹងត្រូវ​ប្រឈម​នឹង​ការពិន័យ​ធ្ងន់ធ្ងរ​ទៅតាម​ច្បាប់​របស់​ប្រទេស​នេះ។

    នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​នៃ​ក្រសួងកសិកម្ម និង​សហករណ៍​ថៃ ទើបតែ​បានប្រកាស​ជំរុញ​ការចាត់វិធានការ​ទប់ស្កាត់​អំពើ​នាំចូល​សាច់ជ្រូក​ខុសច្បាប់​ពី​បរទេស ដែល​បង្ក​ការខាតបង់​ដល់​កសិករ និង​អ្នកប្រើប្រាស់​ក្នុងប្រទេសនេះ។

    ប្រកាស​របស់ នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​នៃ​ក្រសួងកសិកម្ម​ថៃ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ខែ​មុន អាជ្ញាធរ​ថៃ បាន​រកឃើញ និង​រឹបអូស​សាច់ជ្រូក​ខុសច្បាប់ 40 តោន ដែល​នាំចូល​ពី​បណ្ដា​ប្រទេសជិតខាង។

    លោក Somchuan Ratanamungklanon ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ បានឱ្យដឹងថា ស្ទើរតែ​ទាំង​អស់នៃ​សាច់ជ្រូក​នាំចូល​ខុសច្បាប់ សុទ្ធតែ​ត្រូវបាន​ដឹក​តាម​កប៉ាល់​កុងតឺន័រ ហើយ​នាយកដ្ឋាន​គយ អាច​ត្រួតពិនិត្យបាន​តែមួយ​ភាគ​តូច​ប៉ុណ្ណោះ។

    ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​ថៃ បាន​ព្រមាន​ថា អ្នក​ទាំងឡាយណា​ដែល​ត្រូវ​ចាប់បាន​ភស្ដុតាង​ទាក់ទិន​នឹង​ការ​នាំចូល​សាច់ជ្រូក​ខុសច្បាប់ នឹងត្រូវ​ប្រឈម​នឹង​ការពិន័យ​ធ្ងន់ធ្ងរ​ទៅតាម​ច្បាប់​ស្ដីពី​ជំងឺ​រាតត្បាត​លើ​សត្វ​ចិញ្ចឹម​របស់​ប្រទេស​នេះ។ ទំនិញ​ដែល​ត្រូវបាន​រឹបអូស​នឹងត្រូវ​កម្ទេច​ចោល ខណៈ​ម្ចាស់​ទំនិញ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​តាមច្បាប់​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី៕

  • ក្រុម​ហ៊ុន​ GM សម្ពោធ​រោងចក្រ​ធំ​ដំបូងនៅ​ កាណាដា ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដឹក​ទំនិញ

    ក្រុម​ហ៊ុន​ GM សម្ពោធ​រោងចក្រ​ធំ​ដំបូងនៅ​ កាណាដា ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដឹក​ទំនិញ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក General Motors (GM) បាន​សម្ពោធ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​ដំបូង​នៅ ប្រទេស​កាណាដា កាលពី​ថ្ងៃទី 05 ធ្នូ​កន្លងទៅ ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី Justin Trudeau។

    រោងចក្រ​ដំឡើងរថយន្ត​ដែល​​មាន​ទីតាំង​នៅក្នុង​តំបន់ Ingersoll ខេត្ត Ontario នេះ ទទួលបាន​ទុនវិនិយោគ​ប្រហែល 380 លាន​ដុល្លារ​អាម៉េរិក ពី​រដ្ឋាភិបាល និង​ខេត្ត Ontario។ នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រថយន្ត​អគ្គិសនី​ធំ​របស់ កាណាដា ដែល​រួមមាន​ទាំង​ការរុករក​រ៉ែ​លី​ចូ​ម​សម្រាប់​ការផលិត​ថ្ម​ផ្ទុក​ថាមពល​ដើម្បី​ផ្គត់​ផ្គត់​ដល់​រថយន្ត​អគ្គិសនី​នៅ អាម៉េរិក​ខាងជើង។

    នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ថ្លែង​កាល​ពី​ថ្ងៃទី 05 ធ្នូ​ថា «ថ្ងៃនេះ យើង​នឹង​សម្ពោធ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​ដំបូង​នៅ កាណាដា»។ ចំណែក​ប្រធាន​ក្រុមហ៊ុន GM កាណាដា អ្នកស្រី Marissa West បាន​និយាយថា «អនាគត​របស់​រថយន្ត​អគ្គិសនី​នៅ កាណាដា លែង​នៅ​ជា​គម្រោង​មួយ​ដែល​នៅ​ឆ្ងាយ​ទៀតហើយ»។

    រថយន្តអគ្គិសនីប្រភេទដឹកទំនិញ BrightDrop Zevo 600

    រោងចក្រ​ខាងលើនេះ​នឹង​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹកទំនិញ​ដែលមាន​ឈ្មោះថា BrightDrop Zevo 600។ GM បានកំណត់​គោលដៅ​ផលិត​រថយន្ត​ប្រភេទ​នេះ​ឱ្យបាន 50,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ 2025។ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​របស់ អាល្លឺម៉ង់ DHL Express គឺជា​អតិថិជននៅ ​កាណាដា ​ដំបូង​ដែល​បាន​បញ្ជា​ទិញ​រថយន្ត​ដឹកទំនិញ BrightDrop៕

  • (World Cup 2022) – ការតាមរក​ទិញ​សំបុត្រ​ក្នុង​ផ្សារងងឹត​ដើម្បី​ចូល​ទស្សនា

    (World Cup 2022) – ការតាមរក​ទិញ​សំបុត្រ​ក្នុង​ផ្សារងងឹត​ដើម្បី​ចូល​ទស្សនា

    Ashraf Ali ទៅដល់​កីឡដ្ឋាន 974 រយៈពេល 6 ម៉ោង មុនពេល​បាល់​ចាប់ផ្ដើម​រមៀល​ក្នុងការ​ប្រកួត​រវាង អា​ហ្ស​ង់​ទីន និង ប៉ូឡូញ កាលពី​យប់​ថ្ងៃទី 30 វិច្ឆិកា ប៉ុន្តែ អស់សង្ឃឹម ដោយសារតែ​មិនអាច​ទិញ​បាន​សំបុត្រ​ចូល​ទស្សនា ហើយក៏​បាន​លើក​បដា​សរសេរ​ដោយ​ដៃ​ថា «ខ្ញុំ​ត្រូវការ​សំបុត្រ»។

    មនុស្ស​ម្នាក់ ក្រោយមក​ក៏បាន​ចូលមក​ក្បែរ និង​ស្នើ​លក់​សំបុត្រ​មួយ​សន្លឹក​ឱ្យ Ali ក្នុងតម្លៃ 2,000 ដុល្លារ​អាម៉េរិក ខ្ពស់ជាង 9 ដង ធៀប​នឹង​តម្លៃ​ដើម។ តម្លៃ​នេះ​ខ្ពស់​ខ្លាំងណាស់​សម្រាប់​អ្នក​គាំ​ទ្រ​វ័យ 30 ឆ្នាំ មកពី អេ​ហ្ស៊ី​ប ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ក្នុងការ​ទស្សនាការ​ប្រកួត​របស់ Lionel Messi ដោយផ្ទាល់។

    30 នាទី​មុន​ការប្រកួត​ចាប់ផ្ដើម Ali ទិញ​បាន​សំបុត្រ​មួយ​ក្នុងតម្លៃ 500 ដុល្លារ​អាម៉េរិក ដើម្បី​ចូលទៅ​កាន់​កីឡដ្ឋាន ហើយ​ក៏បាន​ទស្សនា ក្រុម​អា​ហ្ស​ង់​ទីន ឈ្នះ ប៉ូឡូញ 2-0។

    នៅពេល World Cup 2022 ឈានចូល​ដល់​វគ្គ​ជម្រុះ​ផ្ទាល់​ដែល​ប្រកបដោយ​ភាព​តានតឹង អ្នកគាំទ្រ​ក៏​ប្រមូល​ផ្ដុំគ្នា​កាន់តែច្រើន​នៅ​ខាងក្រៅ​កីឡដ្ឋាន​នានា​នៅ ដូ​ហា ប្រទេស​កាតា ដើម្បី​តថ្លៃ​សំបុត្រ​ជាមួយ​ក្រុម​អ្នកជួញដូរ​សំបុត្រ។ តម្លៃ​សំបុត្រ​សម្រាប់​ទស្សនាការ​ប្រកួត​វគ្គសំខាន់ៗអាច​ត្រូវបាន​ដំឡើង​ខ្ពស់ជាង​ធម្មតា 10 ដង។

    ក្រុម​ឈ្មួញ​សំបុត្រ​ហាក់​មិន​ខ្លា​ច​ក្រែង​ចំពោះ​សមត្ថកិច្ច​ដែល​ដើរល្បាត ក៏ដូចជា​កាមេរ៉ា​សុវត្ថិភាព និង​ច្បាប់​ហាម​លក់​សំបុត្រ​ក្នុង​ទីផ្សារងងឹត​នៅ កាតា។ «ទីផ្សារងងឹត​កំពុង​តែមាន​រូបរាង» ឈ្មួញ​សំបុត្រ​ម្នាក់​មកពី ប្រទេស​បារាំង និយាយ​ដូច្នេះ ហើយ​ថា ការងារ​នេះ​ជួយ​ឱ្យ​គាត់​រកបាន​ប្រាក់​ដើម្បី​មើល​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។

    បុរស​ម្នាក់​កាន់​បដា «ខ្ញុំ​ត្រូវ​ការ​សំបុត្រ​មួយ» មុន​ការ​ប្រកួត​​កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2022

    បុរស​ខាងលើ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា គាត់​លក់​សំបុត្រ​នេះ​ទៅវិញ​ក្នុងតម្លៃ​ខ្ពស់ជាង​​ធម្មតា​ 1,000% សម្រាប់ «អ្នកគាំទ្រ​ដែល​ខ្លាំងក្លា​បំផុត» នៅក្នុង​ការប្រកួត​ដែលមាន​កំពូល​តារាបាល់ទាត់​ដូចជា Messi ឬ Ronaldo ជាដើម។

    World Cup 2022 បាន និង​កំពុង​ទាក់ទាញ​ឈ្មួញ​សំបុត្រ​ជំនាញ​មកពី​ជុំវិញ​ពិភពលោក។ អ្នកគាំទ្រ​ប្រហែល 20 នាក់​បាន​បង្ហើប​ប្រាប់ Reuters ថា ពួក​បាន​ទិញ ឬ​បាន​ព្យាយាម​ទិញ​សំបុត្រ​នៅក្នុង​ផ្សារងងឹត​តាមរយៈ​បណ្ដាញ​សង្គម ឬ​ខាងក្រៅ​កីឡដ្ឋាន។

    កាលពី​សប្ដាហ៍​កន្លង គណៈកម្មការ World Cup បាន​អំពាវនាវ​ដល់​ក្រុម​អ្នកគាំទ្រ​ថា អ្នក​ដែល​មិនមាន​សំបុត្រ កុំមក​កាន់​កីឡដ្ឋាន បន្ទាប់ពី​មាន​ករណី​​ហ្វូងមនុស្ស​ព្យាយាម​ចូលទៅ​ខាងក្នុង​ដោយការ​ «ជែក» នៅក្នុង​ការប្រកួត​មួយចំនួន។

    កន្លែង​លក់​សំបុត្រ​ផ្លូវការនៅ World Cup 2022

    ចំណែក​អ្នកការទូត​ម្នាក់​មកពី អាម៉េរិក​ឡាទីន បាន​និយាយថា អាជ្ញាធរ​នៅ កាតា មិនបាន​ចាត់ការ​ឱ្យបាន​តឹងរឹង​ចំពោះ​សកម្មភាព​លក់​សំបុត្រ​ក្នុង​ផ្សារងងឹត ហើយ​ករណី​ភាគច្រើន​ត្រូវបាន​ដាក់ទោស​ត្រឹមតែ​ការពិន័យ​ជា​ប្រាក់។ ស្ថានទូត​បរទេស​នានា​នៅ កាតា មិនទាន់បាន​ទទួលដំណឹង​ណាមួយ​ស្ដីពី​ការបណ្ដេញ​ជនល្មើស​ចេញពី​ប្រទេស​ដោយសារ​ទង្វើ​ជួញដូរ​សំបុត្រ​នេះ​នៅឡើយ៕

  • ធនាគារពិភពលោក ថា «សេដ្ឋកិច្ចកម្ពុជា​កំពុង​ងើបឡើង​វិញ ប៉ុន្តែ​អាច​នៅ​ជួប​ឧបសគ្គ​ច្រើន​ទៀត»

    ធនាគារពិភពលោក ថា «សេដ្ឋកិច្ចកម្ពុជា​កំពុង​ងើបឡើង​វិញ ប៉ុន្តែ​អាច​នៅ​ជួប​ឧបសគ្គ​ច្រើន​ទៀត»

    សេដ្ឋកិច្ច​របស់ កម្ពុជា កំពុង​ងើបឡើង​វិញ​បានល្អ​បន្ទាប់ពី​ការផ្ទុះ​ជំងឺ​កូ​វីដ-19 ប៉ុន្តែ​កត្តា​អវិជ្ជមាន​នានា​ដែល​កំពុង​កើត​ឡើងលើ​សកលលោក អាច​បង្ក​ហានិភ័យ​ដល់​ទស្សនវិស័យ​វិជ្ជមាន​សម្រាប់​កំណើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក (WB) ចេញផ្សាយ​នៅ​ថ្ងៃទី 07 ធ្នូ​នេះ។

    របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា សម្រាប់​ខែធ្នូ 2022 របស់ WB បានឱ្យដឹងថា ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូ​វីដរ​បស់ កម្ពុជា ជាមួយនឹង​កំណើន 4.8% នៅ​ឆ្នាំ 2022 គឺ​មួយផ្នែក​អាស្រ័យទៅលើ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍។

    ឧស្សាហកម្ម​កាត់ដេរ ទំនិញ​ធ្វើដំណើរ និង​ការនាំចេញ​ស្បែកជើង​របស់ កម្ពុជា នៅ​រក្សាបាន​ភាពស្វិតស្វាញ​របស់ខ្លួន។ វិស័យ​សេវាកម្ម ជាពិសេស​ផ្នែក​ធ្វើដំណើរ និង​ទេសចរណ៍ មានដំណើរ​បាន ខណៈដែល​ភ្ញៀវ​អន្តរជាតិ​មកកាន់ កម្ពុជា បាន​កើន​ឡើងជា​លំដាប់ រហូតដល់​ទៅ 1.2 លាន​នាក់ ក្នុង​រយៈពេល 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022 នេះ​បើតាម WB។ ធនាគារ​នេះ​បន្ថែមថា កំណើនសេដ្ឋកិច្ច​ក៏​កើនឡើង​ដោយសារ «ទំនុកចិត្ត​របស់​ធុរកិច្ច និង​អ្នកប្រើប្រាស់​បាន​កើនឡើង អមដោយ​ការកើនឡើង​នៃ​ការវិនិយោគ​ក្នុងប្រទេស និង​ពី​ក្រៅប្រទេស​ផងដែរ»។

    «កំណើនសេដ្ឋកិច្ច​របស់ កម្ពុជា នឹង​កើន 5.2% នៅ​ឆ្នាំ 2023 ព្រោះថា​កំណើន​នៃ​ការជួល​មនុស្ស​ធ្វើការ​នឹង​កាន់តែ​ជួយ​ដល់​ការកើនឡើង​នៃ​ការ​ទទួលទាន ការប្រើប្រាស់​ក្នុងស្រុក អមដោយ​ការធ្លាក់ចុះ​នៃ​អតិផរណា» ធនាគារពិភពលោក បាន​ព្យាករ​ដូច្នេះ។

    ក៏ប៉ុន្តែ WB អះអាងថា កម្ពុជា នៅ​ប្រឈមមុខ​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​នៅឡើយ ដោយសារតែ​ការវិវត្ត​សភាពការណ៍​នៅក្រៅ​ប្រទេស ក្នុងនោះ ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​នៅមាន​សភាព​អាប់អួរ។ កំណើន​ពាណិជ្ជកម្ម​សកល​បាន​ថយចុះ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ 2022 ហើយ​ត្រូវបាន​ព្យាករ​ថា នឹង​ថយចុះ​យ៉ាងខ្លាំង​នៅ​ឆ្នាំ 2023 ដែល​នេះ​នឹង​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុងនោះ​មាន កម្ពុជា ផងដែរ។

    យោងតាម WB វិស័យ​ផលិតកម្ម​របស់ កម្ពុជា ពឹង​ផ្អែកលើ​ទីផ្សារ​នាំចេញ​ដើម្បី​រីកចម្រើន ហើយ​វា​នឹងរង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ខ្លាំង នៅពេល​កំណើនយឺតៗកាន់តែ​អូសបន្លាយ​ពេល​នៅ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់ កម្ពុជា។ ដូចគ្នានេះដែរ ការវិនិយោគ និង​លំហូរ​មូលធន​ទំនងជា​នឹង​ថយចុះ ដោយសារ​ការធ្លាក់ចុះ​បន្តិចម្តងៗនូវ​ទុន​ពី ប្រទេស​ចិន ដែលជា​ប្រភព​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ធំ​បំផុត​របស់ កម្ពុជា គិត​មកទល់ពេលនេះ។

    នាយិកា​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ លោកស្រី ម៉ា​រៀម ស័​រ​មែន បាន​មានប្រសាសន៍ថា ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ផល​ប៉ះទង្គិច​ដោយសារ​ការធ្លាក់​ចុះ​នៃ​តម្រូវការ​នៅក្រៅ​ប្រទេស កម្ពុជា​គួរ​ចាត់វិធានការ​ដើម្បី​ពង្រឹង​ជំហរ​សារពើពន្ធ​របស់ខ្លួន និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុក ជាពិសេស​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​ទាក់ទាញ៕

  • ក្រសួងទេសចរណ៍ កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ចាប់ពី​ថ្ងៃទី 09 ធ្នូ​ខាងមុខ

    ក្រសួងទេសចរណ៍ កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ចាប់ពី​ថ្ងៃទី 09 ធ្នូ​ខាងមុខ

    ពិធីបុណ្យ​សមុទ្រ​ដែល​នឹង​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 09 ដល់ 11 ធ្នូ​ខាងមុខ កំពុង​ត្រូវបាន ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ ដើម្បី​អម​នឹង មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក។

    ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ចាប់ពី​ថ្ងៃទី 09 ដល់ 11 ធ្នូ​ខាងមុខ ដើម្បី​អម​ជាមួយ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក ដែល​នឹង​ចាប់ផ្ដើម​ធ្វើឡើង​ពីថ្ងៃ​ទី 09 ដល់ 14 ធ្នូ 2022 នេះ​បើតាម ក្រសួងទេសចរណ៍​កម្ពុជា ឱ្យដឹង​នៅថ្ងៃនេះ។

    ដោយឡែក និយាយ​អំពី​ចំនួន​ទេសចរ​នៅ កម្ពុជា ក្នុង​ឆ្នាំ 2022 ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ក្នុង​រយៈពេល 11 ខែ​កន្លងទៅ​នៃ​ឆ្នាំ 2022 នេះ កម្ពុជា ទទួលបាន​ទេសចរ​ផ្ទៃក្នុង​ជាង 10 លាន​នាក់ ហើយ​បើតាម​ការប៉ាន់ស្មាន តួលេខ​នេះ​អាច​ឡើងដល់​ជិត 11 លាន​នាក់ នៅ​ពេញ​មួយឆ្នាំ 2022៕

  • សម្រស់​​មិត្តស្រី​វ័យ 20 ឆ្នាំ​របស់​កីឡាករ​ខ្សែប្រយុទ្ធ​​​​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់

    សម្រស់​​មិត្តស្រី​វ័យ 20 ឆ្នាំ​របស់​កីឡាករ​ខ្សែប្រយុទ្ធ​​​​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់

    តារា​ម៉ូ​ដែល Margarida Corceiro មិត្តស្រី​វ័យ 20 ឆ្នាំ​របស់​ខ្សែប្រយុទ្ធ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់ Joao Felix ទទួលបាន​ការសរសើ​រថា ស្អាត​ប្លែក និង​មាន​មន្ត​ស្នេហ៍។

    យោងតាម Marca នាង Margarida Corceiro គឺជា​នារី​ម្នាក់​ក្នុងចំណោម Wags (ភរិយា មិត្តស្រី​របស់​កីឡាករ​បាល់ទាត់) ដែលមាន​ភាព​ទាក់ទាញ​បំផុត​នៅ World Cup 2022។ នាង និង Joao Felix បាន​ទាក់ទង​គ្នា​ក្នុង​រយៈពេល 3 ឆ្នាំ​មកហើយ ជួនកាល​ពួកគេ​នៅ​ជាមួយគ្នា​នៅក្នុង​ព្រឹត្តិការណ៍​កីឡាធំៗ។

    Margarida Corceiro ដែល​មាន​អាយុ​តិចជាង​ខ្សែប្រយុទ្ធ Joao Felix 3 ឆ្នាំ គឺជា​តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​សម្ដែង​ល្បីឈ្មោះ​នៅ ព័រទុយហ្កាល់។

    Margarida Corceiro បាន​ចូលប្រលូក​ក្នុង​វិស័យ​ដើរ​ម៉ូដ​តាំងពី​អាយុ 12 ឆ្នាំ ក្រោយពី​ត្រូវបាន​ក្រុមហ៊ុន​កំសាន្ត​មួយ​ចាប់អារម្មណ៍។ នាង​និយាយថា នាង​ចូលចិត្ត​ដើរ​ម៉ូដ​ខ្លាំងណាស់ បើ​ទោះ​មិនសូវមាន​ពេល​សម្រាប់​ឯកជន​ភាព ព្រោះតែ​តួនាទី​ជា «មនុស្ស​របស់​សាធារណជន»។

    តារា​រូបនេះ​បាន និង​កំពុង​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់ ក្នុងនោះ​មានដូចជា ឈុត​ងូតទឹក ឈុត​គេង និង​ឈុត​កីឡា​ជាដើម។ នៅលើ​ទំព័រ​បណ្ដាញ​សង្គម Margarida Corceiro ទទួលបាន​ការសរសើ​រថា ស្អាត​ប្លែក ប្រកបដោយ​មន្ត​ស្នេហ៍។

    មិត្តស្រី​របស់​កីឡាករ​ខ្សែប្រយុទ្ធ Joao Felix មាន​កម្ពស់ 1.66 ម៉ែត្រ និង​មាន​រង្វង់​ទាំង 3 (ដើមទ្រូង ចង្កេះ និង​ត្រគាក) គឺ 80-57-88 សម។

    នាង Margarida បង្ហើប​ឱ្យដឹងថា គន្លឹះ​ដើម្បី​សម្រស់​របស់​នាង​គឺ​ការធ្វើឱ្យមាន​តុល្យភាព​ក្នុង​របប​អាហារ និង​ការហាត់​ប្រាណ។ នាង​មិន​ហូប​តម ប៉ុន្តែ ហូប​អាហារ​ចម្រុះ សម្បូរបែប។ Margarida ទៅ​ក្លឹប​ហាត់ប្រាណ 3 ដង/សប្ដាហ៍។

    នាង​យកចិត្តទុកដាក់​លើ​ការថែទាំ​សំណើម​សម្រាប់​ស្បែក និង​ប្រើប្រាស់​ក្រែ​ម​លាប​សក់​ជា​ញឹកញាប់​ដើម្បី​ជួយ​ឱ្យ​សរ​សៃ​សក់​មាន​សុខ​ភាពល្អ។ Margarida ចូល​ចិត្តការ​ផាត់មុខ​បែប​ធម្មជាតិ ដោយ​កម្រ​ផាត់ម្សៅ​ទ្រនាប់ ឬ​លាប​ក្រែ​ម​បបូរមាត់​ក្រាស់៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​របស់ វៀតណាម ដាក់ពាក្យ​សុំ​ធ្វើ IOP នៅ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​របស់ វៀតណាម ដាក់ពាក្យ​សុំ​ធ្វើ IOP នៅ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន VinFast Trading & Investment ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ សិង្ហ​បុរី ទើបតែ​បានដាក់​ពាក្យស្នើសុំ​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) នៅ សហរដ្ឋ​អាម៉េរិក។

    ការដាក់​ពាក្យ​ឡើងទៅ​កាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) នេះ ទើបតែ​ត្រូវបាន​ក្រុមហ៊ុន VinFast ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​វៀតណាម Vingroup របស់​មហាសេដ្ឋី ហ្វា​ម ញ៉ឹ​ត​វឿ​ង ប្រកាស​នាពេលថ្មីៗនេះ ប៉ុន្តែ ចំនួន​ហ៊ុន​ដែល​បោះផ្សាយ​លក់ និង​តម្លៃ​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។

    VinFast ក៏បាន​ឱ្យដឹងថា ពួកគេ​គ្រោង​ធ្វើ IPO នៅលើ​ផ្សារ​ហ៊ុន Nasdaq Global Select Market និង​មានឈ្មោះ​កូដ​ថា VFS។

    Nasdaq និង NYSE (ផ្សារ​ហ៊ុន​ញូវយ៉ក) គឺជា​ផ្សារ​ហ៊ុន​ដែល​ធំជាងគេ​នៅ សហរដ្ឋ​អាម៉េរិក។ គិត​មកដល់​ចុងខែ​តុលា 2022 ផ្សារ​ហ៊ុន​ទាំងពីរ​នេះ​មានតម្លៃ​មូលធន​ទីផ្សារ​សរុប​ជិត​ស្មើនឹង 40 ទ្រី​លាន (40,000,000,000,000) ដុល្លារ​អាម៉េរិក ក្នុងនោះ Nasdaq មានតម្លៃ​ជាង 17 ទ្រី​លាន​ដុល្លារ។ ប៉ុន្តែ បើ​គិត​ទៅលើ​ល្បឿន​នៃ​ការរីកចម្រើន គេ​ឃើញថា Nasdaq មាន​វឌ្ឍនភាព​លឿន​ជាង NYSE នៅពេល​តម្លៃ​មូលធន​ទីផ្សារ​របស់ Nasdaq កាលពី 4 ឆ្នាំមុន មានតែ​ជាង 11 ទ្រី​លាន​ដុល្លារ​ប៉ុណ្ណោះ។

    រថយន្តអគ្គិសន VinFast 999 គ្រឿង​ ដែល​ត្រូវ​បាន​នាំ​ទៅ​កាន់​ទីផ្សារ​អាម់េរិក កាល​ពី​ពេល​ថ្មី​ៗ​នេះ

    បច្ចុប្បន្ន VinFast ផលិត​យានយន្ត​អគ្គិសនី​ច្រើន​ប្រភេទ បូករួម​ទាំង​រថយន្ត​ក្រុង​អគ្គិសនី ម៉ូតូ​អគ្គិសនី និង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​យានយន្ត​អគ្គិសនី​ផងដែរ៕