Category: សង្គម និងសេដ្ឋកិច្ច

  • កំពូលមហាសេដ្ឋី Warren Buffet បង្ហើបប្រាប់គន្លឹះធ្វើឱ្យលោកជោគជ័យ

    កំពូលមហាសេដ្ឋី Warren Buffet បង្ហើបប្រាប់គន្លឹះធ្វើឱ្យលោកជោគជ័យ

    តើអ្នកចង់ដឹងទេថា រាល់ថ្ងៃមហាសេដ្ឋី Warren Buffet មានទម្លាប់ដូចម្ដេចខ្លះ ក្នុងការធ្វើឱ្យខ្លួនរបស់គាត់ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ?

    ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលមហាសេដ្ឋីរូបនេះ តែងតែធ្វើជាប្រចាំដើម្បីក្លាយជាអ្នកមានទ្រព្យសម្បតិ្ត និងសុខភាពល្អផងដែរ៖

    ១) មហាសេដ្ឋី Warren Buffet ចូលចិត្តញ៉ាំដូចជាកូនក្មេងអាយុ ៦ឆ្នាំ
    អាថ៌កំបាំងរបស់ មហាសេដ្ធី Warren Buffet ដែលធ្វើឱ្យគាត់នៅតែក្មេងគឺ គាត់តែងតែញ៉ាំ Coca-Cola ហើយ និងការ៉េម។ នៅពេលដែលគេសួរគាត់ថា តើគាត់អាចធ្វើឱ្យខ្លួនរបស់គាត់នៅមានសុខភាពល្អបានដោយរបៀបណាជាមួយនឹងការញ៉ាំអាហាដែលមានជាតិអំបិល និងស្ករ? គាត់ក៏បានឆ្លើយថា ខ្ញុំបានឆែកមើលតារាងគណនាតម្លៃ ហើយនឹងអាត្រានៃការស្លាប់ដ៏ទាប់បំផុតគឺកូនក្មេងអាយុ៦ឆ្នាំ។ ហេតុដូច្នេះហើយខ្ញុំក៏សម្រេចចិត្តញ៉ាំដូចជាកូនក្មេងអាយុ ៦ឆ្នាំដើម្បីជួយធ្វើឱ្យខ្ញុំមានសុខភាពល្អ។

    ២) មហាសេដ្ឋី Warren Buffet បានចំណាយពេលវេលារបស់គាត់ 80ភាគរយ ក្នុងការអានជារៀងរាល់ថ្ងៃ
    ចាប់តាំងពីពេលដែលគាត់ភ្ញាក់ពីដេក ដោយមហាសេដ្ឋីរូបនេះ បានចំណាយពេលក្នុងការអានកាសែតមុនគេបំផុត បន្ទាប់មកទើបអានសៀវភៅផ្សេងៗតាមក្រោយ។ តាមពិតទៅ គាត់ប៉ាន់ស្មានថា គាត់បានចំណាយពេលវេលារបស់គាត់ប្រហែលជា 80ភាគរយក្នុងមួយថ្ងៃក្នុងការអាន។ នៅពេលដែលគេសួរគាត់ថា អ្វីទៅជាគន្លឹះក្នុងការទទួលបានភាពជោគជ័យរបស់គាត់? Warren Buffet បានចង្អុលទៅកាន់គំនរសៀវភៅហើយនិយាយថា ចូរអានឱ្យបាន 500ទំព័រជារៀងរាល់ថ្ងៃ។ អ្នកអានបានកាន់តែច្រើន ចំណេះដឹងរបស់អ្នកនឹងកាន់តែកើន នៅពេលដែលចំណេះដឹងអ្នកកាន់តែកើន អ្នកនឹងកាន់តែឆ្លាត នៅពេលដែលអ្នកកាន់តែឆ្លាត អ្នកនឹងរកលុយបានកាន់តែច្រើនផងដែរ។ នេះគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យរបស់ខ្ញុំ។

    គួរបញ្ជាក់ផងដែរថា លោក Warren Buffet ជាមហាសេដ្ឋីលំដាប់ទី2 វ័យ 86ឆ្នាំ ដែលមានលុយច្រើនជាងគេបំផុត បន្ទាប់ពីលោក Bill Gates ដោយគិតត្រឹមថ្ងៃនេះ លោក Warren Buffet មានលុយប្រមាណ 77ពាន់លានដុល្លារអាមេរិក៕

  • សាន សុម៉ាលី តួស្រីល្បីក្នុងរឿងកាកីត្អូញថា ទីផ្សារសិល្បៈស្ងាត់ដូចចោរលួចសេះ

    សាន សុម៉ាលី តួស្រីល្បីក្នុងរឿងកាកីត្អូញថា ទីផ្សារសិល្បៈស្ងាត់ដូចចោរលួចសេះ

    ភ្នំពេញៈ  ទើប​តែ​វិល​មក​ពី​សម្តែង និង​កើប​លុយ​ដុំ​នៅ​អូស្រ្តាលី​ចំនួន ​៥ ​សប្តាហ៍​ សោះ​ក៏​ស្រាប់​តួ​សម្តែង​​ស្រី​ចូល​ចិត្ត​ព្រលែង​ដើម​ទ្រូង​សិចស៊ី ​កញ្ញា សាន សុម៉ាលី និងជាតួស្រី​ល្បី​ក្នុង​ភាព​យន្ត​រឿង​​កាកី​ ​​បានរអ៊ូរ​រទាំ​​ថា ខ្លួន​ចាស់​ហើយ​មិន​សូវ​មាន​ទី​ផ្សារ​ក្នុង​សង្គម​សិល្បៈ​ទៅ​វិញ។

    តារា​សម្តែង​ស្រី​ចូលចិត្ត​តុប​តែង​ខ្លួន​បែប​សិចស៊ី កប់​ស៊េរី បញ្ចេញ​សាច់​ក្បាល​ពោះ និង​ដើម​ទ្រូង​យ៉ាង​​គ្រហើៗ សាន សុម៉ាលី ស្រាប់តែ​ថ្មីៗ​នេះ​នាង​បាន​​រអ៊ូរ​ថា៖ «ហេតុ​ខ្លួន​ខ្ញុំ​ចាស់ និង​សម្រស់​ក៏​លែង​សូវ​ស្អាត ទើប​មិន​សូវ​មាន​ផលិត​កម្ម​ណា​គេ​ ហៅ​ទៅ​ថត​កុន​ទៀត​ដូចជា​តួ​ស្រី​ក្មេងៗ និង​ស្អាតៗ​ជំនាន់​ក្រោយ​។ ដោយ​សារតែ​ខ្លួន​កាន់តែ​មាន​វ័យ​ជ្រេ សម្រស់​ក៏​លែង​​​សូវ​ស្អាត​ផូរផង់​ដូច​កាល​មុន និង​តម្លៃ​ខ្លួន​​ថតកុន​ក៏​មិនសូវ​​ខ្ពស់​ដូច​តារាស្រី​វ័យ​ក្មេង​សាច់​សខ្ចី​មិនអាច​ប្រជែង​​បាន» ​។

    ​ កញ្ញា សាន សុម៉ាលី ក៏​​ត្អួញត្អែរ​ពីមូលហេតុ​ខ្លះ​នាំឲ្យ​មានភាព​ស្ងាត់​ទី​ផ្សារ​​​ថា៖ «​​វិស័យ​ភាពយន្ត​កាន់តែ​រីក​ដុះ​ដាល​គ្រាន់​ជាង​មុន​បន្តិច ហើយ​តារា​សម្តែង​ស្រករ​ក្រោយ​ក៏​សម្បូរ និងមាន​សម្រស់​ស្រស់​ស្អាតៗ​​ច្រើន​ទៀត ដូច្នេះ​ខ្ញុំ​ពិបាក​ប្រកួត​ប្រជែង​នឹង​​ពួកគាត់​ណាស់​។ បច្ចុប្បន្ន​នេះ ខាង​ផលិត​កម្ម និង​អ្នក​រៀបចំ​កម្មវិធី​ទៀត​សោត គេ​ក៏​រើសយក​សិល្បករ សិល្បការិនី ដែល​អាច​ចេះ​ទាំង​ច្រៀង និង​ចេះ​ទាំង​ការ​​សម្តែង​ផងដែរ»។

    គួរ​រំឮក​ថា​ តារា​ចម្រៀង និង​សម្តែង​ស្រី​ប្រុស ៦ដួង រួម​មាន​កញ្ញា សាន សុម៉ាលី កញ្ញា នៅ សូនីតា កញ្ញា មាស វ៉ារី លោក ម៉ា​ដូ​ណា លោក អាឡិច ចាន់​ត្រា និង​ពិធី​ការិនី​ផ្នែក​សម្រប​សម្រួល​កម្មវិធី​កញ្ញា ដារ៉ា នីតា បាន​​ហោះ​ហើរ​​​​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​សប្បុរធម៌​មួយ​គឺការ​សម្តែង​សិល្បៈ​នៅ​ជា​ច្រើន​​រដ្ឋ​ក្នុង​ប្រទេស​​អូស្ត្រាលី​កាល​ពី​ខែ​កុម្ភៈ​៕​

  • អាហារ 5យ៉ាង​ ដែល​មិនអាច​ខ្វះ​បាន​ សម្រាប់​ស្ត្រី 30ឆ្នាំ​ឡើង

    អាហារ 5យ៉ាង​ ដែល​មិនអាច​ខ្វះ​បាន​ សម្រាប់​ស្ត្រី 30ឆ្នាំ​ឡើង

    អាហារ​ចាំបាច់​ចំពោះ​រាងកាយ​ជានិច្ច អ្នកណាៗក៏​ដឹង​ដែរ ទើប​ថ្ងៃនេះ​យើង​មាន​អាហារ​សុខភាព 5យ៉ាង​មក​ផ្ញើនារីៗ ជា​អាហារ​ដ៏​ល្អដែល​មិនអាច​ខ្វះ​បាន ដើម្បី​មើលថែទាំ​សុខភាព និង​ការពារ​រោគ​ដែល​តែង​កើត​ច្រើន​នៅក្នុង​ក្រុមនារីៗយើង​ពេល​អាយុ​កាន់តែ​ច្រើនឡើង ដូច្នេះ​យើង​នាំគ្នា​ទៅ​មើលថា តើ​មាន​អ្វីខ្លះ?

    1/ យ៉ា​អួ​ជាតិ​ខ្លាញ់​តិច រសជាតិ​ធម្មជាតិ ជួយ​កាត់បន្ថយ​ការកើត​មហារីក​សុដន់ និង​ការឆ្លង​មេរោគ​ក្នុង​រន្ធ​ស្បូន ក្រៅពីនេះ​នៅមាន​កាល់ស្យូម​ខ្ពស់ ការពារ​បញ្ហា​ពុក​ឆ្អឹង​បាន​ទៀតផង។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-5ដង។

    2/ ត្រី​ដែលមាន​ខ្លាញ់ ដូចជា ត្រី​សាល​ម៉ុ​ន ត្រី​មែក​ឃើ​រេល និង​ត្រី​សា​ឌី​ន មាន​ជាតិ​អាស៊ីត​អូ​មេ​ហ្កា 3 ជួយ​ការពារ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រូ​ម៉ា​តយ​ដ៍ ជំងឺ​អេស​អឹ​លអី​ុ ដែល​កើត​ច្រើន​នៅលើ​ស្ត្រី​ច្រើនជាង​បុរស។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 2-3ដង។

    3/ សណ្តែក ទាំង​សណ្តែក​ដែល​ទទួលទាន​បាន​ទាំង​កួ ដូចជា ព​ពាយ សណ្តែកកួ សណ្តែក​ហោ​ឡាន់​តៅ សណ្តែកអង្គុយ សណ្តែកក្រហម និង​សណ្តែកខ្មៅ ដែលមាន​ហ្វៃ​ប៊ើ​រ​ខ្ពស់ មាន​សារធាតុ​ដែលមាន​ឬ​ទ្ធិ​ទប់ស្កាត់​អង់​ហ្ស៊ី​ម​ប្រូ​ទិ​អេស ដែល​ជួយ​ការពារ និង​កាត់បន្ថយ​ការ​បំបែក​ខ្លួន​របស់​កោសិកា​មហារីក ជួយ​ការពារ​មហារីក​សុដន់ ហើយ​ដែល​សំខាន់​គឺ ហុច​ផល​ល្អ​ដល់​អ័រម៉ូន​ភេទ​ស្រី។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 2-3ដង។

    4/ ផ្លែ​ប៉េងប៉ោះ និង​ឪឡឹក មាន​សារធាតុ​ឡៃ​ខូ​ពី​ន ជួយ​ការពារ​មហារីក​សុដន់ មាន​សារធាតុ​អ៊ែន​ទី​អុក​ស៊ី​ដេ​ន​ត៍ ធ្វើឱ្យ​មើលទៅ​ឃើញ​នៅ​ក្មេង​វ័យ ព្រោះ​ជួយ​ការពារ​ស្បែក​មិនឱ្យ​ត្រូវ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យ៉ូ​ឡេ​បំផ្លាញ។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-5ដង។

    5/ ប៊ីរី ដូចជា ប្លូ​៊​ប៊ីរី ស្ត្រ​ប៊ីរី រ៉ា​ស​ប៊ីរី មាន​អ៊ែន​ថូ​សៃ​អ៊ែន​ស៍ (Anthocyans) ដែលមាន​តួនាទី​សំខាន់​ក្នុងការ​ជួសជុល​កោសិកា​ក្នុង​រាងកាយ​របស់​យើង ក្រៅពីនេះ​នៅមាន​ការងារ​ស្រាវជ្រាវ​មួយ​ដែល​អះអាងថា វា​ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការកើត​មហារីក​បាន​ច្រើន​ប្រភេទ ដូចជា មហារីក​សុដន់ មហារីក​ប្រព័ន្ធ​រំលាយ​អាហារ​ជាដើម។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-4ដង។

    ចង់​ក្លាយជា​នារី​រូប​ស្អាត​សុខភាព​ល្អ ចូរ​កុំ​ខកខាន​អាហារ​ទាំង 5ប្រភេទ​ដូច​បាន​រៀបរាប់​ពី​ខាងលើនេះ ព្រមទាំង​ត្រូវ​នាំគ្នា​មើលថែទាំ​ខ្លួន​តាំងពី​ថ្ងៃនេះ​តទៅ៕

  • លោក Conte ជឿជាក់ខ្ពស់ក្នុងការឈ្នះពាន Premier League មុនពេលប៉ះ Middlesbrough រាត្រីនេះ

    លោក Conte ជឿជាក់ខ្ពស់ក្នុងការឈ្នះពាន Premier League មុនពេលប៉ះ Middlesbrough រាត្រីនេះ

    លោក Antonio Conte បាន​បញ្ជាក់​ថា លោក​ទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ ខណៈដែល​ក្រុម Chelsea កំពុង​តែ​ខិត​​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌ Premier League​។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូប​នេះ នឹង​នាំ​យក​យក​ពាន​កំពូល​របស់​អង់​គ្លេស​ទៅកាន់​​កីឡដ្ឋាន Stamford Bridge ប្រសិន​បើ​​ក្រុមរ​បស់​​លោក​ផ្តួលក្រុម Middlesbrough នៅ​រាត្រី​នេះ និង​យក​ឈ្នះ​លើ​ក្រុម West Brom នៅ​ថ្ងៃ​សុក្រ ខាង​មុខ​។ បន្ទាប់​មក លោក​នឹង​​ត្រូវ​សម្រាក​នៅ​រដូវ​​ក្តៅ ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​ជួស​ជុល​ក្រុម Chelsea ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ភាពខ្លាំង​ក្លា​។

    លោក Conte បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់ យើង​កំពុង​តែ​ស្ថិតក្នុង​ដំណាក់​កាល​នៃ​ការ​ផ្លាស់​ប្តូរ​។ យើង​​បាត់​បង់​កីឡាករ​ជាច្រើន​ដែល​​បាន​បង្កើត​ប្រវត្តិ​សាស្ត្ររ​បស់​ក្លិប​នេះ​​»​។ ខ្សែ​ប្រយុទ្ធ Diego Costa នឹង​ត្រូវ​ចាក​ចេញ​ដើម្បី​ចូល​​រួម​ជា​​មួយ​នឹងក្លិប​នៅ​ចិន​នា​រដូវ​ក្តៅ​នេះ ហើយ​លោក Conte បាន​បញ្ជាក់​ថា៖ «​នៅ​រដូវកាល​នេះ យើង​បាន​បាត់​បង់​ខ្សែ​ការ​ពារ Ivanovic យើង​បាន​បាត់​បង់ Mikel ហើយ​នៅ​រដូវ​​​កាល​ក្រោយ យើង​នឹង​បាត់​បង់ John Terry ពោល​គឺ​កីឡាករ​បីនាក់​។ កុំ​​ភ្លេច​ថា Oscar បាន​ចាក​ចេញ​កាល​ពី​ខែ​មក​រា ដែល​នៅ​​​ពេលនោះ​យើង​​បាន​លក់រូប​គេ​ចេញ​»​។

    គ្រូ​បង្វឹក​រូប​​បាន​បន្ថែម​ទៀត​ថា៖ «បច្ចុប្បន្ន វា​ពិត​ជា​លំ​បាក​ណាស់​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ទាក់​ទង​នឹង​ Costa ហើយ​ខ្ញុំ​មិន​ចង់​គិត​ពីបញ្ហា​នេះ​ឡើយ​។ ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​ការ​ប្រកួត​បច្ចុប្ប និង​ត្រៀម​លក្ខណៈ​ឲ្យ​រួច​រាល់​ក្នុង​ការ​ប្រឈម​មុខ​នឹង​រាល់​ស្ថាន​ភាព​ទាំង​អស់ និង​ស្វែង​រក​ដំណោះស្រាយ​ដ៏​ត្រឹម​ត្រូវ​»​។ Chelsea អាច​នឹង​ទិញ​ចូល​កីឡាករ​ថ្មី​៦​នាក់​​ក្នុង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួន​។ ក្រុម Chelsea នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ ដោយ​ការ​ជឿ​ជាក់ ក្រោយពី​​ចាញ់​តែ​មួយ​លើក​គត់​ពី​ការ​ប្រកួត​ក្នុងផ្ទះខ្លួន​ឯង​៥​លើក​ចុ​ង​ក្រោយ​របស់​ពួក​គេ ប៉ុន្តែ ឈ្នះ​ដល់​ទៅ​៤​លើក​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ Mirror

  • កុលាបក្រហម ធ្លាក់ទៅក្របខ័ណ្ឌទី៣ ខណៈ Newcastle លើកពាន Championship

    កុលាបក្រហម ធ្លាក់ទៅក្របខ័ណ្ឌទី៣ ខណៈ Newcastle លើកពាន Championship

    កុលាប​ក្រហម Blackburn Rovers បាន​ក្លាយ​ជាក្រុម​ម្ចាស់​ជើង​​​ឯក​ក្រប​ខ័ណ្ឌ Premier League ដំបូង​គេ​ក្នុង​ការ​ធ្លាក់​ទៅ​​លេង​ក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​៣​​នៃ​កីឡា​បាល់​ទាត់​របស់​អង់គ្លេស កាល​ពី​​អាទិត្យ ស្រប​ពេល​ដែលក្រុម Newcastle បាន​ឈ្នះ​ពាន Championship នៅ​ថ្ងៃ​​ប្រកួត​ចុង​ក្រោយ​ដ៏​រំភើប​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​ផ្សេងទៀត​សម្រាប់​អតីត​​ម្ចាស់​ជើង​​​ឯក​អឺ​រ៉ុប​២​សម័យ​កាល Nottingham Forest ដែល​បាន​យក​​ឈ្នះ​លើ​ក្រុម Ipswich ៣-០ និង Birmingham City ដែល​​បាន​ផ្តួលក្រុម Bristol City ១-០ បាន​ធ្វើ​ឲ្យ​ក្រុម Blackburn ត្រូវ​ធ្លាក់​ចេញ​តែ​ម្តង​។ Blackburn បាន​ក្លាយ​ជា​​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ឆ្នាំ​៩៩៥ ប៉ុន្តែ ជោគ​វាស​របស់​ពួក​គេ​បាន​​លិច​លុង​កាន់​តែ​ជ្រៅ​ក្រោម​ការ​​កាន់​កាប់​របស់​ក្រុម​ហ៊ុន​របស់​ឥណ្ឌា Venky’s​។

    លោក Rafael Benitez និង​ក្រុម Newcastle របស់​លោក បាន​ខិត​ខំ​ព្យា​យាម​យ៉ាង​ខ្លាំង​ដើម្បី​ផ្តួល​ក្រុម Burnley ក្នុង​លទ្ធ​ផល ៣-០ ប៉ុន្តែ ការ​​ធ្វេស​ប្រហែស​របស់​អ្នក​ចាំ​ទី David Stockdale នៃ​ក្រុមរ​បស់ Brighton បាន​ជួយ​ឲ្យ​ក្រុម​សា​រិកា​ព្រៃ​មួយ​នេះ វិល​ទៅកាន់​ក្រប​ខ័ណ្ឌ Premier League ក្នុង​នាម​ជា​​ម្ចាស់​ជើង​ឯក​។ ក្រុម Brighton បាន​បញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​២ ក្រោយ​ពី​ទទួល​បាន​ត្រឹម​លទ្ធ​ផល​ស្មើ ១-១ នៅ​លើ​ទឹក​ដីក្រុម Aston Villa កាល​ពី​ថ្ងៃ​អាទិត្យ​។ លោក Benitez ដែល​ឈ្មោះ​​របស់​លោក​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ស្រែក​ច្រៀង​បន្ទរ​តាម​គ្នា​នោះ បាន​ឲ្យ​ដឹង​ថា៖ «អ្វី​ដែល​ត្រូវ​តែ​មាន​មោទ​ន​ភាព​នោះ​​គឺ​ថា ការ​ខិត​ខំព្យា​យាម​ដែល​បាន​ធ្វើ​អំឡុង​ពេល​រដូវ​កាល​នេះ បាន​ទទួល​លទ្ធ​ផល​នៅ​ថ្ងៃ​នេះ​»​​​៕

    ប្រភព​​ពី៖ Reuters

  • លោក Mourinho មិនខកចិត្ត ទោះការមិនស្គាល់ចាញ់របស់ Man Utd បញ្ចប់ក្រោមដៃ Arsenal

    លោក Mourinho មិនខកចិត្ត ទោះការមិនស្គាល់ចាញ់របស់ Man Utd បញ្ចប់ក្រោមដៃ Arsenal

    កំណត់​ត្រា​នៃ​ការ​មិន​ស្គាល់​ចាញ់​ក្នុង​ការ​ប្រកួត​លីក​របស់​ក្រុម​បិសាចក្រហម Manchester United បាន​​ឈាន​​ដល់​ទី​បញ្ចប់​ទាំង​ការ​ខក​ចិត្ត ពេល​ប្រកួត​ជា​មួយ​នឹងក្រុម​របស់​លោក Arsene Wenger នា​កីឡដ្ឋាន Emirates ក្រោយ​ពី​ក្រុម​​របស់​លោក​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-០ ក្រោម​ស្នា​ដៃក្រុម Arsenal កាល​ពី​ថ្ងៃ​​អាទិត្យ​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​ចន្លោះ​ពេល​ដ៏​រហ័ស​​ពីសំណាក់​ខ្សែ​បម្រើ Granit Xhaka និង​ខ្សែ​​ប្រយុទ្ធ Danny Welbeck បាន​ជួយ​ឲ្យ​ក្រុម​កាំ​ភ្លើង​ធំ Arsenal ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏សំខាន់​មួយ និង​​បាន​បំ​បែក​បច្ចេក​ទេស​ការ​ពារ​នៃ​ក្រុម​របស់​លោក Jose Mourinho ដើម្បី​បង្កើន​​ឱកាស​របស់​ពួក​គេ​ក្នុង​ការ​ប្រជែង​យក​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​។ Man United មិន​ធ្លាប់​ចាញ់​សោះ​ពី​ការ​ប្រកួត​ទាំង​២៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្រោយ​ពី​ចាញ់​​ក្រោមស្នា​ដៃក្រុម Chelsea ក្នុង​លទ្ធផល ៤-០ នៅ​កីឡដ្ឋាន Stamford Bridge បើ​ទោះ​បី​ពាក់​កណ្តាល​នៃ​លទ្ធ​ផល​​ទាំង​នោះ បានប​ញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​ក៏​ដោយ​។ ទោះ​បី​ជា​យ៉ាង​ណា ពួក​គេ​បាន​ជួប​លទ្ធ​ផល​ដ៏​ខក​ចិត្ត​ពេល​បញ្ចប់​ការ​ប្រកួត ខណៈ​ដែល​​លោក Mourinho បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​កីឡាករ​ដល់​ទៅ​៨​នាក់​ទៅ​​លើ​សមា​ជិក​ក្រុម​ដែល​បាន​ផ្តួលក្រុម Celta Vigo ក្នុង​លទ្ធ​ផល ១-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

    លោក Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Man United បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​ផ្លាស់​ប្តូរ​កីឡាករ​៨​នាក់​។ ពិត​​ណាស់ យើង​បាន​ដឹង​ថា យើង​នឹង​មិន​មាន​ភាព​ខ្លាំង​ក្លា​ពេញ​លេញ​ឡើយ​។ នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​។ យើង​​ចង់​​ដណ្តើម​ពាន Europa League ពី​ព្រោះ​វា​សំខាន់​​ជាង​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​​ទៅ​ទៀត​»​។ គ្រូ​បង្វឹក​​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ បាន​បន្ថែម​ទៀត​ថា​៖ «ពាន​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​ឈ្នះ​គឺ​មាន​រយៈ​ពេល​៣​ខែ​មក​ហើយ​។ ខ្ញុំ​មិន​ខ្វល់​ពី​បញ្ហា​នោះ​ឡើយ​។ ថ្ងៃ​​ព្រហស្បតិ៍ គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់​​ប្រចាំ​រដូវ​កាល​នេះ​។ ខ្ញុំ​សង្ឃឹម​ថា Old Trafford មាន​អារម្មណ៍​បែប​នេះ ពី​ព្រោះ​យើង​ត្រូវ​ការ Old Trafford​»​៕

    ប្រភព​ពី​៖ The Sun

  • ស្ងាត់ៗ ពេជ្រ សោភា ពាក់ចិញ្ចៀនបញ្ចាំចិត្តរឹតចំណងស្នេហ៍ពីលោក សក្កដា

    ស្ងាត់ៗ ពេជ្រ សោភា ពាក់ចិញ្ចៀនបញ្ចាំចិត្តរឹតចំណងស្នេហ៍ពីលោក សក្កដា

    ភ្នំពេញៈ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ស្រាប់​តែ​បាន​ឃើញ​តារា​ចម្រៀង​ស្រី​ចាស់​វស្សា​នៅ​លើទ្រនំ​ផលិត​កម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា​ បង្ហាញ​សិ្នទ្ធិ​ស្នាល​នឹង​តារាសម្តែង​​ប្រុស​លោក ឆឺម សក្កដា និង​មាន​សារ​ផ្អែម​ល្ហែម​ទៀត​ផង ដែល​សរ​បញ្ជាក់​ថា ចំណង​ស្នេហ៍​ពួកគេ​ពិតជា​មាន​ពន្លឺ​ត្រចះ​ត្រចង់​ទៅ​មុខ។ តែ​ក៏​មាន​ការ​លើក​ឡើង​ពី​មហាជន​ខ្លះ​ដែរ​ថា ពួកគេ​គ្រាន់​តែ​សម្តែង​ប៉ុណ្ណោះ​ មិន​មានអ្វី​​កើត​ឡើង​ជា​ពិត​នោះ​ទេ។

    ហាក់​ដូចជា​ចង់​មានការ​បញ្ជា​ក់​ឲ្យ​មហាជន​ដឹង នា​ពេល​ថ្មីៗ​​នេះ​ គេ​ឃើញ​មាន​ការ​ពាក់​ចិញ្ចៀន​គូ​ស្នេហ៍​រវាង​តារា​ចម្រៀង​ជា​គ្រូ​បង្វឹក​នៅ​​ក្នុង​កម្ម​វិធី​ The Voice Cambodia អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម សក្កដា​ បង្ហោះ​តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម និង​សារ​មួយ​នៅ​តាម​ហ្វេសប៊ុក​សរសេរថា៖ «សំខាន់​យើង​ទាំង​ពីរ​សប្បយ​ចិត្ត​ ទោះជា​រឿង​អ្វី​ក៏​ដោយ​ ឲ្យ​តែ​ជួប​គ្នា​Always សប្បាយ​ចិត្ត​ និង​និយាយ​រឿងល្អ​ឲ្យ​ស្តាប់​ទៀត»។

     

    ចំពោះ​រឿង​ចិញ្ចៀន​គូ​ស្នេហ៍​ដែលធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ និង​សង្ស័យនោះ ត្រូវ​បាន​ម្ចាស់​បទ​ចម្រៀង ​«​ឆ្កែ​​រាំបុកប៉ោត» និង​«រាំឡូយកប់លូ» និង​បទ ​«ហុយៗ» ​​​ដែល​មាន​ស្រុក​កំណើត​ពី​ខេត្ត​ព្រៃវែង អ្នក​នាង​ ពេជ្រ សោភា បង្ហើប​ថា៖ «អត់​ទាន់​បើក​ចំហ​ដល់​ម្លឹង​នោះ​​ទេ​! ​តែ​​​​អរគុណ​ដែរ​សម្រាប់​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​បង​ប្អូន​​មហា​ជន​​​តាម​ដាន​ពី​ជីវិត​គូ​​របស់​ពួក​​យើង។ សូម​បង​ប្អូន​ចំណាយ​ពេល​តាម​​ដាន​​រឿង​យើង​បន្តិច​ទៀត​សិន​ចុះ​ នឹង​ជ្រាប​ហើយ!»៕​​

  • សល់តែ១សប្តាហ៌ទៀតទេ គូរស្នេហ៍ភេទដូចគ្នា នៅកម្ពុជា​ នឹងរៀបការហើយ

    សល់តែ១សប្តាហ៌ទៀតទេ គូរស្នេហ៍ភេទដូចគ្នា នៅកម្ពុជា​ នឹងរៀបការហើយ

    សេចក្តីស្រលាញ់ គឺមានន័យធំធាងណាស់ចំពោះមនុស្សទូទៅ ដែលគ្មាននរណាអាចកំណត់បានទេ អ្នកខ្លះស្រលាញ់ស្រីដូចគ្នា អ្នកខ្លះស្រលាញ់ប្រុសដូចគ្នា ហើយក៏មានអ្នកខ្លះមានកូនក្រមុំពីរនាក់ ស្រលាញ់កូនកំលោះតែម្នាក់ក៏មាន។
    តែបើលោកអ្នកយល់ពីក្តីស្រលាញ់ពិតប្រាកដ លោកអ្នកនឹងអាចស្វែងរកសុភមង្គល និងគូរស្នេហ៍ពិតអោយ ជីវិតខ្លួនឯងបាន។​ ស្នេហាមិនត្រូវបានបែងចែកភេទនោះទេ សំខាន់គូរស្នេហ៍មួយគូរដែលយល់ពីក្តីស្នេហ៍ស៊ីជម្រៅរវាងគ្នានឹងគ្នា។ តួរយ៉ាងដូចគូរស្នេហាមួយគូរខាងក្រោមនេះ គាត់ជាបុរសដូចគ្នា តែពួកគាត់ពុះពារ និងហ៊ានប្រឈមមុខជាមួយក្រុមគ្រួសារ និងសង្គម​។

    មិនធម្មតាទេទម្រាំមានថ្ងៃនេះ លោកអ្នកប្រហែលមិនបានដឹងថា ការស្រលាញ់ភេទដូចគ្នាត្រូវប្រឈមបញ្ហាអ្វីខ្លះ ដែលពួកគេម្នាក់ៗត្រូវឆ្លងកាត់ មិនមែនតែមួយគូរនេះទេ ពេលបច្ចុប្បន្នគឺសង្កេតឃើញថា មានច្រើនឡើងៗ។ នៅក្នុង គណនី Facebook ដែលមានឈ្មោះថា​ Toto Mayuko (Toto) បានបង្ហោះក្នុង គណនីរបស់ខ្លួនថា​ពួកគេនឹងរៀបការ​នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នេះហើយ ជាមួយម្ចាស់គណនី Facebook ដែលមានឈ្មោះថា​ Veas Dara Nako ដែលជាគូរស្នេហ៍របស់លោក។​ ហើយក្នុងនោះក៏ឃើញមានការជូនពរជាច្រើនផងដែរ។ បើសិនជាយើងចេះអោយតម្លៃលើស្នេហា និងមានភាពស្មោះត្រង់នឹងគ្នា នោះស្នេហារបស់អ្នកនឹងបានជោគជ័យ ហើយក៏សូមជូនពរអោយស្រលាញ់គ្នាជារៀងរហូត។


    ប្រភព : Facebook

  • បទថ្មី «បំពេម្តាយ» ធ្វើឲ្យ មាស សុខសោភា បង្ហូរទឹកភ្នែកពិតៗ

    បទថ្មី «បំពេម្តាយ» ធ្វើឲ្យ មាស សុខសោភា បង្ហូរទឹកភ្នែកពិតៗ

    ភ្នំពេញៈ មិន​នឹក​ស្មាន​ថា​បទ​ថ្មី​​មាន​ចំណង​ជើង​ថា «​​បំពេ​​ម្តាយ» ធ្វើ​ឲ្យ​កំពូល​តារា​ស្រី​​ឈរ​​លើ​ទ្រនំ​ផលិត​​កម្ម​ថោន​​ អ្នក​នាង មាស សុខសោភា កប់​អារម្មណ៍​អួល​ដើម​ក ច្រៀង​លែង​ចេញទំរាំត្រូវ​គឺ​ចំណាយ​ពេល​ច្រើន​លើក​ឯណោះ។

    ទោះបីជា​ខ្លួន​ធ្លាប់​ ឆ្លង​កាត់​​បទ​ពិសោធន៍​​​​​​​ស្ទើរ​​​​គ្រប់​រស​ជាតិ​នៅ​ក្នុង​​​ឈុតឆាក​​​​ថត​សម្តែង​​​​​​​បទ​​ជាង​១០​ឆ្នាំ​ហើយ​ក៏​មិន​ដែល​មាន​អារម្មណ៍​រន្ធត់​បែប​នេះ​ដែរ​គឺ​បទ ​«​​បំពេ​​ម្តាយ» ធ្វើ​ឲ្យ​អ្នក​នាង មាស សុខ​សោភា ស្រែក​ច្រៀង​លែង​ចេញ​ បែរជាចេញ​​​​​ទឹក​ភ្នែក​ជោគជាំ​លើ​​ផែន​​ថ្ពាល់​​ទាំង​គូ​ជំនួស​​​​សំនៀង​រ៉ៃ​កណ្តឹង​​ដ៏​ក្រអួន​​ក្រអៅ​ខ្លួន​។

    ប្រភព​​ពី​លោក អ៊ុក រតនា ​អ្នក​ដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ថោន​បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ «​តារា​​ចម្រៀង​ស្រី​ មាស សុខ​សោភា​ អួល​​ដើម​ក ច្រៀង​មិន​ចេញ និង​​​បង្ហូរ​ទឹក​ភ្នែក​​ មក​ពី​គាត់​ចូល​​អារម្មណ៍​​​​ស្លុង​នឹង​អត្ថ​ន័យ​​​បទ​​ចម្រៀង​នេះ​។ ពិសេស​ទៅ​ទៀត​​គឺ​​​​​បទ​នេះ​ក៏​មាន​​​វត្ត​​​​មាន​អ្នក​ម្តាយជា​ទី​ស្រឡាញ់​របស់​អ្នកនាង​ផ្ទាល់​ចូល​រួម​សម្តែង​ ដោយ​ក្រុម​ការ​ងារ​យើង​​​លាក់​​ការ​សំងាត់​​​គឺ​​​​មិន​ប្រាប់​​​ ឲ្យ​ដឹង​​មុន​​។ ក៏​ស្រាប់​តែ​​​​អ្នក​​នាង​​ មាស  សុខសោភា​ ភ្ញាក់​ផ្អើល​ក្នុង​អារម្មណ៍​យ៉ាង​ខ្លាំង​ ខណៈ​ក្រុម​ការ​ងារ​​គ្រាន់​ប្រាប់​គាត់​ថា​​នឹង​មាន​បទ​សម្ភាសន៍​មួយ​​ត្រូវ​និយាយ​ពី​អារម្មណ៍​ពិត​ចំពោះ​ម្តាយ​​មុន​ពេល​​​​ ចេញ​​ទៅ​​កា​ណា​ដា នោះ​ឯង​»។​

    ​លោក អ៊ុក រតនា  បន្ត​ថា៖ «ទំរាំ​​​គាត់​ប្រមូល​អារម្មណ៍​ល្អ អា​ច​បង្ហើរ​សំនៀង​បាននោះ គឺ​គាត់​ជាប់​គាំង​ពីរ​បីដង​ឯណោះ ទើប​យើង​អាច​ចាប់​យក​​ការ​ថត​ជា​ការ​បាន។​ គាត់​ថា មក​ពី​អារម្មណ៍​នឹក​ស្រណោះ​​ឃើញ​​កាល​គ្រា​នៅ​ពី​ក្មេង​ម្តាយ​ធ្លាប់​បីបាច់​ថែរក្សា និង​បំពេ​គាត់ ខណៈ​​​បទ​ចម្រៀង​​​ហាក់​ជម្រុញ​ទឹក​ចិត្ត​​ឲ្យ​កូនៗ​ចេះ​បំពេ​ម្តាយ​​​វិញ​​ទើប​ស្រក់​ទឹក​ភ្នែក​ទប់​លែង​បានដូច្នេះ​នឹង​ឯង​​»៕​

  • RB Leipzig ឈ្នះកៅអីទៅលេងក្នុង Champions League ជាស្វ័យប្រវត្តិ

    RB Leipzig ឈ្នះកៅអីទៅលេងក្នុង Champions League ជាស្វ័យប្រវត្តិ

    ក្រុម RB Leipzig បានប​ញ្ចប់​យុទ្ធ​នា​ការ​នៃ​ក្រប​ខ័ណ្ឌ Bundesliga ជា​លើក​ដំបូង​​របស់​ពួក​គេ​ជា​មួយ​នឹង​ការ​ឈ្នះ​​សិទ្ធិ​ជា​ស្វ័យ​ប្រវត្តិ​ទៅ​លេង​​ក្នុង​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Timo Werner បាន​​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ៤-១ លើ​ក្រុម Hertha Berlin កាល​ពី​ថ្ងៃ​សៅរ៍​។ Leipzig ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង Red Bull កាល​ពី​​ឆ្នាំ​២០០៩​នោះ ទើប​តែ​បាន​​ឈាន​ទៅ​ប្រកួត​​ក្រប​ខ័ណ្ឌ​កំពូល​របស់​អាល្លឺ​ម៉ង់ ​នៅ​ក្នុង​​រដូវ​កាល​នេះ​ប៉ុណ្ណោះ ក្រោយ​ពី​ឡើង​ផុត​ពី​ក្រប​ខ័ណ្ឌ​បួន ក្នុង​រយៈ​ពេល​៧​ឆ្នាំ​។

    ពួក​គេ​​បច្ចុប្បន្ន​​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​២​នៅ​លើ​តារាង និង​​មាន​ភាព​ជាក់​លាក់​ក្នុង​​​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៣ ដែល​​មាន​ន័យ​ថា នឹង​ត្រូវ​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែក​ពូល​។ លោក Ralph Hasenhuettl គ្រូ​​បង្វឹក​របស់​ក្រុម Leipzig បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មានមោទ​ន​ភាព​​ណាស់​។ វា​ពិត​ជា​គ្មាន​កន្លែង​ណា​ល្អ​ប្រសើរ​ជាង​នេះ​ក្នុង​ការ​អប​អរ​នៅ​ពី​មុខ​អ្នក​គាំ​ទ្រ​ដ៏ច្រើន​បែប​នេះ​​ឡើយ​»​។ ពួក​គេ​​ក្លាយ​ជា​ក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga ដំបូង​គេ​បើ​គិត​ចាប់​តាំង​ពីក្លិប Kaiserslautern កាល​ពីឆ្នាំ​១៩៩៨ ក្នុង​ការ​​ឈ្នះ​កៅអី​ជា​ស្វ័យ​ប្រវត្តិ​ទៅ​កាន់​ក្រប​ខ័ណ្ឌ Champions League ភ្លាម​ៗ ក្រោយ​ពី​​បាន​ឈ្នះ​សិទ្ធិ​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌកំពូល​។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺ​ម៉ង់ Werner វ័យ​២១​ឆ្នាំ បច្ចុប្បន្ន​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទីក្នុង​ការ​ប្រកួត​លីក​ចំនួន​២១​គ្រាប់​នៅ​រដូវ​កាល​នេះ​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia