Category: សង្គម និងសេដ្ឋកិច្ច

  • ហេតុអ្វី ប៉ែន ចំរ៉ុង នៅតែជាតួសម្តែងក្នុងផលិតកម្មរបស់អតីតប្រពន្ធខ្លួនអ៊ីចឹង?

    ហេតុអ្វី ប៉ែន ចំរ៉ុង នៅតែជាតួសម្តែងក្នុងផលិតកម្មរបស់អតីតប្រពន្ធខ្លួនអ៊ីចឹង?

    ភ្នំពេញៈ គ្រាន់តែបានឃើញរូប Poster ភាពយន្តរឿង «អាមោកលក់ម៉ាំ» ដែលនឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តនានានៅក្នុងរាជធានីភ្នំពេញដែលសម្តែងដោយលោក ប៉ែន ចំរ៉ុង អតីតកូនប្រសាមិនបានរៀបការ ដែលមានបន្សល់ចំណងស្នេហ៍កូនមួយជាមួយនឹងអ្នកនាង ភិន សុដាលីស ជាកូនស្រីថៅកែផលិតកម្មមហាហង្សនោះ មហាជនក៏មានការភ្ញាក់ផ្អើលសាជាថ្មីថា ម៉េចក៏លោក អ៊ិន សុភិន ចាងហ្វាងផលិ តកម្មនៅតែទទួលយកលោក ប៉ែន ចំរ៉ុង ធ្វើតួសម្តែងទៀតអ៊ីចឹង?

    ភាពយន្តរឿង «អាមោកលក់ម៉ាំ» នេះមានលោក ប៉ែន ចំរ៉ុង ជាតួឯកប្រុស ខណៈតួឯកស្រីគឺកញ្ញា អេនជី ហើយក៏មានតួសម្តែងប្រុសជើងចាស់ដទៃទៀត ដូចជា លោក ហម ឆរ៉ា និង លោក ជា សំណាង ផងដែរ ដោយខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះនៅតាមរោងភាពយន្តនានាទូទាំងកម្ពុជា។

    មហាជនបានលាន់មាត់ថា ចុះក្រែងបុរសម្នាក់នេះបានលែងលះកូនស្រីលោកហើយ ហេតុអីក៏ជ្រើសយកមកសម្តែងកុនក្នុងផលិតកម្មខ្លួនទៀត? ឬមួយចាងហ្វាងផលិតកម្មកំពុងតែត្រូវរ៉ូវនឹងអតីតកូនប្រសាមិនបានរៀបការដោយគ្រាន់តែទៅចុះអេតាស៊ីវិលនោះទេដឹង?

    លោក អ៊ិន សុភិន ជាចាងហ្វាងផលិតកម្មភាពយន្តមហាហង្ស បានបង្ហើបប្រាប់ត្រួសៗដែរនាពេលកន្លងមកថា៖ «តាមពិតទៅរឿង “អាមោកលក់ម៉ាំ” នេះបានថតចប់រួចរាល់តាំងពីពេលពួកគេទាំងពីរ[កូនស្រីខ្ញុំ និងចំរ៉ុង] នៅត្រូវគ្នាម៉្លេះ ហើយក៏គ្រោងចាក់បញ្ចាំងនៅមុនពេលដែលពួកគេបែកគ្នាផងដែរ។ ដោយសារយើងបានបង្ហោះ trailer តាមគេហទំព័ររួចហើយ និងក៏មានការរិះគន់យ៉ាងចាស់ដៃដែរចំពោះវត្តមានរបស់ ចំរ៉ុង ក្នុងរឿងនោះដែរ ដូច្នេះហើយបានជាយើងផ្អាក និងទុករហូតមកដល់ពេលនេះ»៕

    https://www.youtube.com/watch?v=0K06ur6ZOW0

  • ការមើល​ថែទាំ​អញ្ចាញធ្មេញ និង​ធ្មេញ​យ៉ាង​ត្រឹមត្រូវ​តាម​វិធី

    ការមើល​ថែទាំ​អញ្ចាញធ្មេញ និង​ធ្មេញ​យ៉ាង​ត្រឹមត្រូវ​តាម​វិធី

    មាន​មនុស្ស​ជា​ច្រើនតែ​ព្រងើយកន្តើយ​នឹង​ការ​ដុស​សម្អាត​ធ្មេញ ដោយ​មិនដឹង​ឡើយ​ថា ភាព​ស្អាត​នៅក្នុង​ប្រអប់មាត់​ក៏មានចំណែក​សំខាន់​ខ្លាំង​ដែរ ព្រោះ​វា​អាច​ហុច​ផល​ដល់​អវយវៈ​ផ្នែក​ដទៃទៀត​បាន ដោយ​គួរ​ដុស​សម្អាត​ធ្មេញ​យ៉ាងតិច​ក្នុង​មួយថ្ងៃ​ឱ្យបាន2ដង ចូរ​ប្រើ​ច្រាស​ដុសធ្មេញ​សរសៃ​ទន់ មិនមែនជា​ច្រាស​ដែលមាន​សរសៃ​រឹង​ខ្លាំងពេក​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​ធ្មេញ​ឆាប់​សឹក។ ទំហំ​របស់​ក្បាល​ច្រាស​ដុសធ្មេញ​ក៏​គួរ​មាន​ខ្នាត​ដែល​សមល្មម​ក្នុង​ការចូល​ទៅដល់​គ្រប់​កន្លុកកន្លៀត​របស់​ធ្មេញ​បាន​យ៉ាង​ងាយស្រួល និង​ត្រូវ​ផ្តល់​ភាព​សំខាន់​របស់​ការ​ដុស​សម្អាត​ធ្មេញ​ដែល​ត្រឹមត្រូវ​តាម​វិធី និង​គ្រប់​ទីតាំង​របស់​ធ្មេញនីមួយៗ ដូច្នេះហើយ​ទើប ឡា​រ៉ែ​ន មាន​វិធី​ដុស​សម្អាត​ធ្មេញ​ដែល​ត្រឹមត្រូវ​មក​ជម្រាបជូន​ដូចតទៅ៖

    1/ គួរ​ដុស​សម្អាត​ធ្មេញ​ឱ្យ​ត្រូវ​វិធី​ក្រោយពេល​បរិភោគ​អាហារ​រួច​គ្រប់ពេល តែបើ​មិនមាន​ភាពងាយស្រួល​ក្នុងការ​ដុស​សម្អាត​ធ្មេញ​ទេនោះក៏​គួរតែ​ខ្ពុរមាត់ខ្លាំងៗ ដោយ​ទឹកស្អាត​គ្រប់ពេល និង​ត្រូវ​ដុស​សម្អាត​ធ្មេញយ៉ាងតិច​ក្នុង​មួយថ្ងៃ2ដង​គឺ ភ្ញាក់​ពី​ដំណេក និង​មុន​ចូល​គេង។

    2/ ក្រោយពេល​ដុសធ្មេញ អាច​ប្រើ​ម្រាមដៃ​ដុស​ធ្វើ​ម៉ាស្សា​នៅលើ​សាច់​អញ្ចាញធ្មេញស្រាលៗគ្រប់កន្លែង ដើម្បី​ជួយ​ឱ្យ​អញ្ចាញធ្មេញ​រឹងមាំ។

    3/ ទទួលទាន​បន្លែ និង​ផ្លែឈើ​ដែល​ជួយ​ថែបំប៉ន​អញ្ចាញធ្មេញ និង​ជួយ​សម្អាត​ធ្មេញ​បែបងាយៗ ដូចជា ផ្លែក្រូច ប៉ិគ​ក់ ត្របែក និងជម្ពូ​ជាដើម។

    4/ ចៀសវាង​ពី​ការ​ខាំ​ហែក​វត្ថុរឹងៗដោយ​ធ្មេញ ដូចជា ហែក​ថង់​ប្លា​ស្ទិ​ក ខាំ​ខ្សែចំណង​ឱ្យដាច់ ប្រើ​ធ្មេញ​គាស់​បើក​គម្រប​ដបជាដើម ព្រោះ​អាចធ្វើឱ្យ​ធ្មេញ​ជំ​ពើ​ស បែក ឬ​រង្គើ​បាន។

    5/ សង្កេតមើល​ធ្មេញ និង​អញ្ចាញ​បន្ទាប់ពី​ដុស​សម្អាត​ធ្មេញ​រួច ដោយការឆ្លុះ​កញ្ចក់​មើល​ក្នុង​ប្រអប់មាត់​ម្តងម្កាល បើ​ឃើញ​មាន​ចំណុចខ្មៅៗស្នាម​ហើមក្រហមៗនៅលើ​សាច់​អញ្ចាញ ឬ​មាន​កំណកកំបោររឹងៗនៅតាម​ជើងធ្មេញ គួរតែ​ទៅ​ជួប​ទន្តពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល​ជាបន្ទាន់។

    6/ មិនគួរ​កេះ​ធ្មេញ​ដោយ​មិនចាំបាច់​នោះទេ ព្រោះ​នឹងធ្វើ​ឱ្យជើង​ធ្មេញ​មាន​ប្រហោង និង​អាច​ឆ្លង​មេរោគ​បាន​ទៀតផង។

    7/ ក្នុងករណី​ដែល​ធ្មេញទឹកដោះ (សម្រាប់​ក្មេងតូច) រង្គើ​ធ្វើឱ្យ​ឈឺ ខណៈពេល​ទទួលទាន​អាហារ ឬ​ពេល​ដុស​សម្អាត​ធ្មេញ ឬក៏​មាន​ធ្មេញ​ពុកផុយ​របេះ​អស់​នៅសល់តែ​គល់ លែងមាន​ធ្មេញ​ហើយ​នោះ គួរតែ​ទៅ​ប្រឹក្សា​ជាមួយ​ទន្តពេទ្យ​ដើម្បី​ដកចេញ​ភ្លាម។

    វិធី​ដុស​សម្អាត​ធ្មេញការ​ដុស​សម្អាត​ធ្មេញ គួរ​ដុស​សម្អាត​ឱ្យ​សព្វគ្រប់​លើ​ធ្មេញ និង​គ្រប់ផ្នែក​របស់​ធ្មេញ​ដែល​ច្រាស​ដុសធ្មេញ​ចូលដល់ ពេល​ដុសធ្មេញ​មិនចាំបាច់​ប្រើ​កម្លាំង​សង្កត់ខ្លាំងៗនោះទេ ការ​ដុស​សម្អាត​ធ្មេញម្តងៗគួរប្រើ​ពេលវេលា​ពី 2-3នាទី ការចាប់​កាន់​ច្រាស​ដុសធ្មេញ គួរ​ចាប់​កាន់​ដង​ច្រាស​ដោយ​ម្រាម 4ចំណែក ដោយ​ម្រាម​មេដៃ​ដាក់​សង្កត់​នៅលើ​ដង​ច្រាស ដែល​ធ្វើឱ្យ​អាច​កម្រើក​ម្រាមដៃ​ឱ្យ​ច្រាស​ដុសធ្មេញ​វាស​ចុះ ឬ​វាសឡើង​បាន​ពេញដៃ​ល្អ៕

  • សម្ដី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលលើ Apple

    សម្ដី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលលើ Apple

    សម្ដីរបស់លោកប្រធានាធិបតី Donald Trump ចាប់ផ្ដើមមានឥទ្ធិពលទៅលើក្រុមហ៊ុន Apple ហើយ បន្ទាប់ពីបានស្នើឱ្យក្រុមហ៊ុនមួយនេះផ្លាស់ប្ដូររោងចក្រផលិតទូរស័ព្ទ iPhone មកទឹកដីអាមេរិកវិញ តាំងពីពេលមុនឡើងកាន់តំណែង។

    ឆ្លើយតបនឹងសំណើមួយនេះ នាយកប្រតិបត្តិ Apple លោក Tim Cook បានឆ្លើយប្រាប់ទៅពិធីករលោក Jim Cramer នៅក្នុងបទសម្ភាស Mad Money របស់ប៉ុស្តិ៍ CNBC កាលពីថ្ងៃទី 03 ខែឧសភា ឆ្នាំ 2017 នេះថា ក្រុមហ៊ុនលោកបានត្រៀមខ្លួននឹងធ្វើការវិនិយោគដ៏ធំមួយសម្រាប់ពលរដ្ឋអាមេរិក ដើម្បីតបនឹងការស្នើសុំរបស់លោកប្រធានាធិបតី។ ទឹកប្រាក់ មួយពាន់លានដុល្លារ នឹងត្រូវបានត្រៀមសម្រាប់ការសាងសង់រោងចក្រ និងសម្ភារជាច្រើនទៀត ដើម្បីបម្រើដល់ចង្វាក់ផលិតកម្មទូរស័ព្ទ iPhone។

    នាយកប្រតិបត្តិរូបនេះថ្លែងថា «ការផ្លាស់ប្ដូរនេះ វាប្រៀបដូចទឹករលកក្នុងបឹង ដែលមិនដែលបោកបក់ ប៉ុន្តែពេលវាចាប់ផ្ដើម គឺខ្លាំងតែម្ដង។ លោកបន្តថា ក្រោយការសាងសង់បានបញ្ចប់ នៅតំបន់នោះអាចនឹងបង្កើតការងារផ្សេងទៀត ពិសេសបណ្តុំសេវាឧស្សាហកម្ម ដែលបង្កើតឡើងជុំវិញកន្លែងការងារនេះតែម្តង និងវាជាវិធីដែល Apple ចង់សងគុណត្រឡប់ទៅសង្គមវិញ តាមរយៈការបង្កើតការងារ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ»។

    យ៉ាងណាមិញ ការឆ្លើយតបខាងលើ វាហាក់ផ្ទុយពីអ្វីដែល Apple ធ្លាប់បានបង្ហើបកាលពីពេលកន្លងទៅទាក់ទងនឹងរឿងផ្លាស់ប្ដូរទីតាំងរោងចក្រមួយនេះ។ លោក Luca Maestri ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Apple ធ្លាប់បានឱ្យដឹងក្នុងសន្និសីទកាសែត Goldmans Sachs កាលពីដើមឆ្នាំ 2017 ថា ក្រុមហ៊ុនគ្មានបំណងនឹងធ្វើការផ្លាស់ប្ដូរអ្វីមកទឹកដីអាមេរិកទេ ព្រោះក្រុមហ៊ុនបានធ្វើការវិនិយោគធំ និងជួយសេដ្ឋកិច្ចរបស់អាមេរិកជាច្រើនឆ្នាំមកហើយ លើទឹកប្រាក់រាប់ពាន់លានដុល្លារនៅអាមេរិក ដែលបើគិតសរុបមកដល់ពេលនេះ និងរយៈពេល 10 ឆ្នាំនេះ៕

    ប្រភព៖ YouTube
    អត្តបទដោយ Chhaihor

  • តារាចម្រៀងល្បីៗនិយាយអ្វីខ្លះ ក្នុងឱកាសទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោកលើកទី១៥៤

    តារាចម្រៀងល្បីៗនិយាយអ្វីខ្លះ ក្នុងឱកាសទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោកលើកទី១៥៤

    ភ្នំពេញៈ នាថ្ងៃប្រារព្ធខួបលើកទី១៥៤ នៃទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោកនៅកម្ពុជាឆ្នាំនេះ គេសង្កេតឃើញមានតារាសម្តែង និងតារាចម្រៀងជាច្រើនចូលរួមកម្មវិធី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ។

    ប្រកបដោយទឹកមុខរីករាយយ៉ាងក្រៃលែងគេសង្កេតឃើញថា មានក្រុមតារាចម្រៀងល្បីកំពូលៗរបស់ផលិតកម្មធំៗចូលរួមផងដែរ ដែលមានដូចជា វត្តមានតារាចម្រៀងស្រីកញ្ញាពេជ្រ សោភា លោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា កញ្ញា សុគន្ធ នីសា នៅក្នុងទ្រនំហង្សមាស និងលោកខេមរៈ សិរីមន្ត ដែលមកពីផលិតកម្មសាន់ដេ ដែលតារាចម្រៀងប្រុសរូបនេះទើបតែទទួលបានងារជាតំណាងទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍ ប្រចាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ឆ្នាំ២០១៧-២០១៨ ជាមួយនឹងតារាចម្រៀងស្រីហង្សមាសកញ្ញា ទេព បូព្រឹក្ស កាលពីចុងសប្តាហ៍កន្លងមក។

    កញ្ញា ពេជ្រ សោភា បានបង្ហើរអារម្មណ៍រីករាយនាឱកាសចូលរួមនោះថា៖ «ពិបាកនិយាយដែរ ព្រឹកមិញហ្នឹង ពិតជាសប្បាយណាស់ បានជួបគ្នាម្តងៗ មិនចេះខ្វះរឿងសើចទេ»។ កញ្ញានិយាយថា «យាយប៉ិកុំផូស្តរូបនោះអីពួកម៉ាក…Cute ពេកហើយខ្លាច……!!» និងសារបែបកំប្លែងលេងថា៖ «និយាយថា ស្លក់ទាំងអស់គ្នាតែម្តង»។ ចំណែកលោក ឆន សុវណ្ណរាជ វិញ គ្រាន់តែបង្ហោ សារ ថា៖ «អរុណសួស្តីបាទ ថ្ងៃនេះខ្ញុំបាទបានចូលរួមក្នុងកម្មវិធីមនុស្សធម៌ខួបទី១៥៤ របស់កាកបាទក្រហមកម្ពុជា» ខណៈលោក ណុប បាយ៉ារិទ្ធិ វិញនិយាយថា៖«ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧នេះ ត្រូវប្រារព្ធឡើងក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»៕

  • កុមារក្នុងសតវត្សទី21 ត្រូវការបំណិនជីវិតអ្វីខ្លះ?

    កុមារក្នុងសតវត្សទី21 ត្រូវការបំណិនជីវិតអ្វីខ្លះ?

    ការអប់រំជាផ្នែកសំខាន់បំផុតនៃជីវិតមនុស្សគ្រប់សម័យកាល ហើយថ្មីៗនេះដោយសារតែការរីកចម្រើននៃប្រព័ន្ធអប់រំ និងការរស់នៅរបស់ប្រជាជន បានធ្វើឱ្យការអប់រំនៅក្នុងសតវត្សថ្មីនេះក៏ត្រូវការធាតុផ្សំបន្ថែមជាច្រើន។

    លោក ប៉ិច ប៉ូឡែន អគ្គនាយកនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីបំណិនជីវិតសតវត្សទី 21 ថាការអប់រំក្នុងសតវត្សនេះគឺត្រូវការចំណេះដឹងជាមូលដ្ឋានមួយចំនួនបន្ថែមពីលើអ្វីដែលមាននៅក្នុងប្រព័ន្ធអប់រំនៅក្នុងសាលា។ ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការអប់រំឥរិយាបថ ការអប់រំផ្នែកហិរញ្ញវត្ថុ និងការអប់រំបែបចិត្តសាស្រ្តជាដើមសុទ្ធតែជាចំណុច ដែលត្រូវការក្នុងការបណ្តុះបណ្តាលមនុស្សឱ្យក្លាយជាបុគ្គលដែលប្រកបដោយគុណតម្លៃសម្រាប់សតវត្សទី21 នេះ។

    លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ “ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងហិរញ្ញវត្ថុពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសិក្សារបស់សិស្សា-នុសិស្សដោយផ្សារភ្ជាប់ទៅនឹងការដឹកនាំជីវភាពរស់នៅនាពេលបច្ចុប្បន្ន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការប្រកបអាជីវកម្ម ឬការងារនាពេលអនាគត”។

    អគ្គនាយកគ្រឹះស្ថានអប់រំឯកជនខាងលើក៏បានលើកឡើងផងដែរថា ការអប់រំសម្រាប់កុមារនៅក្នុងសតវត្សទី21 ចាំបាច់ក៏ត្រូវមានការចូលរួមឱ្យបានសកម្មផងដែរពីសំណាក់អាណាព្យាបាលគ្រប់រូបដែលជាអ្នកនៅជិតស្និតជាមួយនឹងកូនៗបំផុត។ នៅពេលដែលអាណាព្យាបាលបានយល់ដឹងពីតួនាទី និងសារៈសំខាន់ក្នុងការអប់រំកូនៗ ពួកគាត់នឹងអាចផ្តល់ឱកាសសម្រាប់កូនអនុវត្តនូវសកម្មភាពច្នៃប្រឌិតជាច្រើនដែលពួកគេបានរៀន ដើម្បីរុញច្រានឱ្យពួកគេកាន់តែមានឥរិយាបថល្អ បំណិនជីវិត ជំនាញក្នុងការគិតខ្ពស់ មានភាពច្នៃប្រឌិត និងមានភាពឈ្លាសវៃ។

    ក្រៅពីកត្តាខាងលើ ការអប់រំនៅក្នុងសតវត្សថ្មីនេះ ក៏ត្រូវការចាំបាច់នូវសកម្មភាព និងការផ្លាស់ប្តូរផ្តត់គំនិតរបស់កុមារ ឬយុវជន ដើម្បីឱ្យពួកគេឆ្លើយតបជាមួយនឹងភាពបត់បែននៃសង្គម និងពិភពលោក។ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការអប់រំ របស់យុវជននៅសតវត្សទី21 លោក ហឿន សំនៀង នាយករងខុទ្ធកាល័យឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជានិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard បានលើកឡើងថា ដើម្បីការសិក្សានៅក្នុងសម័យនេះគឺត្រូវតែស្រាវជ្រាវ និងបង្កើនភាពជាក់លាក់នេះហេតុផលឱ្យបានច្បាស់លាស់។ លោកថា ការសិក្សានៅសម័យមុន គឺភាគច្រើនជាបែបបទនៃការសិក្សាតាមបែបទន្ទេញចាំមាត់ ឬរៀនធ្វើយ៉ាងណាដើម្បីតែទទួលបានពិន្ទុល្អ និងដឹងតែពីព្រឹត្តិការណ៍ណាមួយដើម្បីប្រើប្រាស់ ក្នុងការរស់នៅតែប៉ុណ្ណោះ តែសម្រាប់ការសិក្សានៅសតវត្សទី21 គឺត្រូវមានលក្ខណៈខុសពីនេះ។

    លោក ហឿន សំនៀង បាននិយាយថា៖ “ការសិក្សានៅក្នុងសតវត្សទី21 ចាំបាច់ត្រូវយល់ឱ្យច្បាស់ពីមូលហេតុ និងដំណើរនៃសាច់រឿងនៃមេរៀនដែលបានដាក់ឱ្យរៀននោះឱ្យបានច្បាស់លាស់។ ម្យ៉ាងវិញទៀត ការយល់ហេតុផលច្បាស់លាស់នេះអាចធ្វើឱ្យអ្នករៀនអាចចងចាំបានល្អ ហើយមានគំនិតបង្កើតថ្មីថែមទៀតផង”។ លោកហឿន សំនៀង បានបន្ថែមទៀតថា ការសិក្សាដោយយល់ច្បាស់ពីហេតុផល ក៏អាចរុញច្រានអ្នកសិក្សានោះឱ្យរកឃើញនូវដំណោះស្រាយសម្រាប់បញ្ហានៅក្នុងការរស់នៅផងដែរ។ នៅពេលដែលអ្នកណាម្នាក់គាត់យល់ហេតុផលនៃបញ្ហាច្បាស់លាស់ គាត់នឹងមានគំនិតបង្កើតថ្មីលើបញ្ហាស្រដៀងគ្នានេះ ឬយើងអាចបំបែកនូវចំណេះដឹងទាំងនេះទៅប្រើដើម្បីបង្កើតជាចំណេះដឹង និងបទពិសោធន៍សម្រាប់អនុវត្តថ្មីថែមទៀតផង។

    ទន្ទឹមនឹងបំណិនជីវិតផ្នែកការគិត ជំនាញថ្មីៗក៏ជាចំណុចសំខាន់ផងដែរដែលគ្រឹះស្ថានអប់រំជាច្រើននៅកម្ពុជាកំពុងចាប់អារម្មណ៍ ដូចជាការបញ្ចូលនូវជំនាញក្នុងការគិតឱ្យបានលឿន ជំនាញបច្ចេកវិទ្យាព័ត៌មាន ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងជំនាញភាសាដែលកំពុងត្រូវការប្រើប្រាស់ក្នុងសង្គមសម័យថ្មីជាដើម៕

  • ព្រឹកនេះ Facebook គាំងមិនដំណើរការប្រហែលជា ៣០នាទី

    ព្រឹកនេះ Facebook គាំងមិនដំណើរការប្រហែលជា ៣០នាទី

    ប្រហែលជា កន្លះម៉ោងមុននេះ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook ហាក់ដូចជាកើតមាន​បញ្ហា ដែលតាមរយៈសារគេអាចសន្និដ្ឋានបានថា Facebook កំពុងតែកែប្រែ ឬបន្ថែមមុខងារថ្មី ប៉ុន្តែ​បើតាមបទពិសោធន៍កន្លងមកគឺ Facebook គាំង អាចមកពីបញ្ហា Servers។

    នៅលើបណ្ដាញសង្គម Twitter បានសារជាច្រើនបានបង្ហោះថា Facebook បានគាំងនៅតាមបណ្ដា​ប្រទេសមួយចំនួន ដោយក្នុងនោះនៅតំបន់អាស៊ី​អា​គ្នេ​យ៍ បានជួបបញ្ហានេះច្រើនជាងគេ ខណៈដែលសហរដ្ឋអាមេរិក ក៏ជួបបញ្ហានេះច្រើនកន្លែងផងដែរ។

    គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៥ Facebook បានកើតមានបញ្ហាដូចគ្នានេះចំនួន ២ដង ដោយ​បានគាំងប្រហែលជា ៣០នាទី ទៅ១ម៉ោង៕

  • IMF មាន​សុ​ទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ចរបស់កម្ពុជា

    IMF មាន​សុ​ទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ចរបស់កម្ពុជា

    ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​កំណើន​សេដ្ឋកិច្ច ក៏​ដូចជា​ការ​រីក​ចម្រើន​របស់​វិស័យ​ធនាគារ​នៅ​ក្នុងប្រទេសកម្ពុជា​ នា​រយៈ​ពេល​​ជាង ​2ទសវត្សរ៍​ចុង​ក្រោយ​នេះ។

    លោក Jarkko Turunen ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​របស់ IMF សម្រាប់​កម្ពុជា ​បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​លោក​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​អភិវឌ្ឍ​វិស័យ​ធនាគារ ប្រកប​ដោយ​ភាព
    ​រឹងមាំ និង​អាច​គ្រប់គ្រង​ហានិភ័យ​ក្នុង​វិស័យ​ធនាគារ​បាន​យ៉ាង​ល្អ។

    ក្នុង​នាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក​ក៏​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ដំណើរ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ និង​មន្ត្រី​ជំនាញ ព្រម​ទាំង​ជួយ​តាម​ដាន​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​របស់​សេដ្ឋកិច្ច​កម្ពុជា​ដើម្បី​រួម​ចំណែក​បន្ត​ជំរុញ​កំណើន​ប្រកប​ដោយ​ចីរភាព។

    ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ស្ថិរភាព​នយោបាយ​ និង​សុខ​សន្តិភាព គឺ​ពិត​ជា​មាន​សារ​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ​ចំពោះ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ជាតិ។ ឯកឧត្តម​មាន​ប្រសាសន៍​ថា៖“កត្តា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និងមាន​ភាព​​រឹង​មាំ​នា​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ នៅ​ឆ្នាំ 2017 នេះ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា 7% ជាមួយ​នឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ប្រសើរ ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ជាង5% និង​ស្ថិរ​ភាព​តម្លៃ​ប្រាក់​រៀល”។

    គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​អត្រា​កំណើន​ឥណទាន​បាន​ថយ​ចុះ​សន្សឹមៗ ទៅ​ក្នុង​អត្រា​សមស្រប (17.6%នៅ​ខែកុម្ភៈ ឆ្នាំ2017) រួម​ចំណែក​ធ្វើ​ឱ្យ​ឥណទាន​បន្ត​មាន​គុណ​ភាពល្អ​ប្រសើរ៕

  • ក្រុមហ៊ុន​ធានារ៉ាប់រង​ធំ​លំដាប់​ទី2នៅលើ​ពិភពលោក​មកដល់​ទី​ផ្សា​កម្ពុជា​ជា​ផ្លូវការ

    ក្រុមហ៊ុន​ធានារ៉ាប់រង​ធំ​លំដាប់​ទី2នៅលើ​ពិភពលោក​មកដល់​ទី​ផ្សា​កម្ពុជា​ជា​ផ្លូវការ

    ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដ៏​ធំ​លំដាប់​ទី2 ​នៅលើ​ពិភព​លោក AIA ​បាន​ឈាន​ជើង​ចូលទីផ្សារ​កម្ពុជា​ហើយ បន្ទាប់ពី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​វិនិយោគ​នៅ​18​ទីផ្សារ​​​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​​ផ្តោត​សំខាន់​ទៅ​​លើ​ការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៃ​ផលិត​ផល​ផ្នែក​ជំងឺ​មហារីក ដោយ​មាន​កិច្ចសហការ​ជាមួយ​​​ធនាគារកម្ពុជា​សាធារណៈ និងក្រុមហ៊ុន Smart Axiata។

    លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា (AIA Cambodia) បាន​ប្រាប់​​​ថា កាលពី​អំឡុង​2​ឆ្នាំ​កន្លង​ទៅ ​លោក​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​ស្វែង​យល់​ពី​វិស័យ​ធានា​រ៉ាប់​រង​ក្នុង​ទីផ្សារនេះ​ ហើយ​លោក​បាន​សង្កេត​ឃើញ​ថា​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន និង​មានសេដ្ឋ​កិច្ច​លូត​លាស់យ៉ាងឆាប់​រហ័សនា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កត្តា​ទាំង​អស់​នេះ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន AIA សម្រេច​ចិត្ត​ចូល​មក​បើក​ទីស្នាក់​ការនៅក្នុង​​ទីផ្សារ​នេះ ដោយ​មាន​ផលិតផល​ប្លែក​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដទៃ​​​ទៀត​ដែល​កំពុង​មាន​វត្តមាន​ស្រាប់​នៅលើ​ទីផ្សារ​កម្ពុជា ក្នុងនោះ​គឺ​ផលិតផល​ធានា​រ៉ាប់រង​លើ​ជំងឺ​មហារីក។

    លោក Richard បាន​បញ្ជាក់​ថា៖“ផលិតផល​នេះ​ក្រុមហ៊ុន​យើង​ផ្តល់​កញ្ចប់​ជា​3​ដំណាក់​កាល ដោយ​ដំណាក់​កាល​ដំបូង​យើង​ផ្តល់​កញ្ចប់​ដល់​អតិថិជន​ជា​ប្រាក់​សម្រាប់​ថ្លៃ​ព្យាបាល​ទៅតាម​ទំ​ហំ​កញ្ចប់​ដែល​គាត់​បាន​ទិញ ដូច​ជា​កញ្ចប់​ថ្លៃ​ព្យាបាល​ក្នុង​ស្រុក កញ្ចប់​ថ្លៃ​ព្យាបាល​នៅក្រៅ​ស្រុក ឬ​បើសិន​ជា​អកុសល​អ្នក​ជំងឺ​មិន​ជា​ហើយ​​បាត់​បង់​ជីវិត​យើង​មាន​កញ្ចប់​ធំ​មួយ​ទៀត​ដែល​នឹង​ផ្តល់​ជូន​អ្នក​នៅ​រស់​​​ជា​គ្រួសារ​សាច់​ញាតិ​របស់​គាត់”។

    លោកបានបន្ត​ថា ​ក្រុមហ៊ុន​នឹង​ផ្តល់​សេវា​ប្រកប​ទៅ​ដោយ​គុណភាព​ខ្ពស់​សម្រាប់​អតិថិជន ដោយ​ប្រកាន់​ភ្ជាប់​នូវ​​គុណ​តម្លៃ ការ​តស៊ូ និង​ប្រាថ្នា​ចង់​លើក​កម្ពស់​គុណ​ភាព​ជីវិត​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែលជា​ធនធាន​ជំនាន់​ក្រោយ​​នៃ​កម្ពុជា។

    លោក Ng Keng Hooi អគ្គ​នាយក​ប្រតិបត្តិ​ និង​ជា​ប្រធាន​ចាត់​តាំង​នៃ​ក្រុមហ៊ុន AIA Group Limited បាន​លើក​ឡើង​ថា នៅ​សល់​អំឡុង​ពេល​តែ​2​ឆ្នាំ​ទៀត​ប៉ុណ្ណោះ AIA នឹង​ប្រារព្ធ​ខួប​គម្រប់​100​ឆ្នាំ​របស់​ខ្លួន​ គឺ​នៅ​ឆ្នាំ​2019 ខាង​មុខ។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​បោះផ្សាយ​លក់​មូលបត្រ​កម្ម​សិទ្ធិ​ជា​សាធារណៈ​​​លើក​ដំបូង (IPO) ក៏បាន​ធ្វើឱ្យ​ក្រុមហ៊ុន​ដ៏​មាន​សក្តានុពល​មួយ​នេះ​បំបែក​ឯតទគ្គកម្ម​នៅ​ឆ្នាំ2010 រួច​មក​​​ក្រុមហ៊ុន​ក៏បាន​វិវឌ្ឍន៍​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ជាង​គេ​ទី2 នៅ​លើ​ពិភព​លោក។

    លោក​បាន​បន្ត​ថា ក្រុម​ហ៊ុន​ AIA មាន​ស្នាក់ការ​កណ្តាល​នៅក្នុង​ទីក្រុង​ហុងកុង ហើយ​បាន​ពង្រីក​ខ្លួន​យ៉ាង​លឿន​នៅ​លើ​ទីផ្សារ​សំខាន់ៗ​ចំនួន​18​​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ដោយ​សារ​បម្រែ​បម្រួល​សេដ្ឋកិច្ច សង្គម និង​ប្រជាសាស្ត្រ​នៅ​ទូទាំង​តំបន់ វា​ពិតជា​បានផ្តល់​ឱកាស​សម្រាប់​ឧស្សាហកម្ម​ធានារ៉ាប់រង។ កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ី នៅ​តែ​មាន​ភាពខ្លាំង​ក្លា និង​មាន​ស្ថិរភាព ហើយ​ក្រុមហ៊ុន​ជឿជាក់​ថា AIA មាន​ធនធាន​មនុស្ស​ដែល​ស័ក្តិសម និង​មាន​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​ដើម្បីឱ្យ​ប្រាកដ​បាន​ថា ខ្លួន​មាន​តួនាទី​សំខាន់​នៅ​ក្នុង​កំណើន និង​ការអភិវឌ្ឍ​យ៉ាង​សកម្ម​នៅ​អាស៊ី​រួមមាន​ការ​កសាង និង​បណ្តុះ​អាជីវកម្ម​នៅ​កម្ពុជា។

    លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដែល​អញ្ជើញ​ចូល​រួម​ជា​គណៈ​ អធិបតី​​​ក្នុង​ពិធី​សម្ពោធ​ការិយាល័យ (AIA Cambodia) បាន​មាន​ប្រសាសន៍​ថា ទោះ​ជា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រីក​លូត​លាស់​លឿន​ក៏ដោយក៏ប៉ុន្តែ​វិស័យ​ធានា​រ៉ាប់រង​ហាក់​នៅ​មាន​លក្ខណៈ​ក្មេងខ្ចី​នៅ​ឡើយ​។ ពិត​មែន​ហើយ​ដែល​ការ​ធានា​រ៉ាប់រង​ទូទៅ​បាន​ចាប់ផ្តើម​តាំងពី​ទសវត្សរ៍​ឆ្នាំ​50 មកម៉្លេះក្នុងសម័យ​សង្គមរាស្ត្រ​និយម ប៉ុន្តែ​វា​ត្រូវ​បាន​អាក់​ខាន​ជា​អន្លើៗ​ដោយ​មូលហេតុ​សង្គ្រាម ហើយ​កម្ពុជា​បាន​ចាប់​ផ្តើម​ជាថ្មី​ក្នុង​ឆ្នាំ1993 ជាមួយ​ក្រុមហ៊ុន​កា​មិនកូ​។ ដោយ​ឡែក​ការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ទើបតែ​ចាប់ផ្តើម​នៅលើ​ទីផ្សារ​កម្ពុជា​នៅក្នុង​ឆ្នាំ2012។ គិត​ត្រឹម​ឆ្នាំ2016 កន្លង​ទៅ​នេះ​អត្រា​ជ្រាប​ចូល​ទីផ្សារ​នៃ​វិស័យ​ធានារ៉ាប់រង​ទាំង​អស់ មាន​កម្រិត​ត្រឹម​តែ 0.62% នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​នេះ​ជា​អត្រា​ដ៏​ទាប​មួយ​ធៀប​នឹង​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់។ អ្វី​ដែល​​គួរឱ្យ​កត់សម្គាល់​ និង​គួរ​ជាទី​មោទនភាព​​បំផុត​នោះ​គឺ​ការធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា ដែល​ទើប​តែ​មាន​​អាយុកាល​នៅ​ក្មេងខ្ចី​នៅឡើយ​នោះ​​បាន​រីកលូតលាស់​ជាមួយនឹង​សន្ទុះ​យ៉ាងខ្លាំង​ជា​រៀងរាល់ឆ្នាំ។

    គួរ​បញ្ជាក់ថា វិស័យ​ធានារ៉ាប់រង​អាយុជីវិត​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ដោយមាន​កំណើន​រហូតដល់ 95% កាលពី​ឆ្នាំ2016 ធៀប​នឹង​ឆ្នាំ​កន្លង​​ទៅ។ ការកើនឡើង​យ៉ាង​លឿន​នេះ​ត្រូវគេ​មើលឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​​មានការ​យល់ដឹង​យ៉ាងច្រើន​ពី​សារ​សំខាន់​ក៏ដូចជា​អត្ថប្រយោជន៍​នៃ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត៕

  • Middlesbrough ត្រូវកាត់ចេញពីក្រប​ខ័ណ្ឌ Premier League ខណៈ Chelsea ឆ្ពោះទៅកាន់ការលើកពាន

    Middlesbrough ត្រូវកាត់ចេញពីក្រប​ខ័ណ្ឌ Premier League ខណៈ Chelsea ឆ្ពោះទៅកាន់ការលើកពាន

    ក្រុម Middlesbrough ត្រូវ​បាន​កាត់​ចេញ​ពី​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយ ក្រោយ​ពី​ពួក​គេ​បាន​ជួប​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៣-០ ក្រោម​ស្នា​ដៃក្រុម​កំពុង​នាំ​មុខ​លើ​តារាង​លីក Chelsea កាល​ពី​ថ្ងៃ​ចន្ទ​។

    លទ្ធ​ផល​នេះ​មាន​ន័យ​ថា Middlesbrough ដេញ​តាម​ពី​​ក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​សវុត្ថិ​ភាព​ដល់​ទៅ​ ៧​ពិន្ទុ ខណៈ​ដែល​​នៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​ ២​លើក​ទៀត​ប៉ុណ្ណោះ ហើយ​និឹងវិល​ទៅកាន់​ក្រប​ខ័ណ្ឌ Championship វិញ ក្រោយពី​បាន​ចំណាយ​ពេល​ត្រឹម​តែ​១​ឆ្នាំ​ក្នុង​ក្រប​​ខ័ណ្ឌ​កំពូល​។ ពួក​គេ​នឹង​ត្រូវ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ឆ្មា​ខ្មៅ Sunderland នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​ក្រុម​មាន​មូល​ដ្ឋាន​នៅ​​ភាគ​ឦសាន​មួយ​នេះ ត្រូវ​បាន​កាត់​ចេញ​កាល​ពី​ខែ​មុន​។ ប៉ុន្តែ ការ​ទទួល​ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​​ក្រុម​តោ​ខៀវ Chelsea ត្រូវ​ការ​ជ័​យ​ជម្នះ​ត្រឹម​តែ​ ១​លើក​​ទៀត​​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ដែល​នៅ​​សល់​ ៣​ប្រកួត​​ទៀត​ដើម្បី​លើក​ពាន​​ក្រប​ខ័ណ្ឌ Premier League ជា​លើក​ទី​២​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​។

    Chelsea នឹង​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​​កាន់​​ទឹក​ដីក្រុម West Brom ក្នុង​​ការ​ប្រកួត​បន្ទាប់​របស់​គេ​នៅ​ថ្ងៃ​សុក្រ ខាង​មុខ​នេះ​។ លោក Antonio Conte គ្រូ​បង្វឹក​របស់​ក្រុម Chelsea បាន​ឲ្យ​ដឹង​ថា៖ «យើង​​​ប្រាកដ​ជា​រីក​រាយ​។ វា​ជា​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​មួយ​ ហើយ​កីឡាករ​របស់​ខ្ញុំ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​​ការ​​ខិត​ខំ​ដើម្បី​ប្រជែង​យក​បី​ពិន្ទុ​​»​។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​ដំណាក់​​កាល​នេះ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ឈ្នះ និង​ដណ្តើម​យក​ប្រៀប​លើ​ការ​បរា​ជ័យ​របស់ Tottenham​។ បច្ចុប្បន្ន វា​សល់​តែ​មួយ​ជំ​ហាន​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ឈ្នះ​ពាន​។ យើង​ត្រូវ​តែ​​សម្រាក​ឲ្យ​បាន​ល្អ និង​ត្រៀម​លក្ខណៈ​ឲ្យ​រួច​រាល់​ដើម្បី​ជួប​ជាមួយ​​នឹង​ក្រុម West Brom​»​។ ដោយ​ឡែក លោក Steve Agnew គ្រូ​បង្វឹក​របស់​ក្រុម Middlesbrough បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​សោក​ស្តាយ និង​ខក​​ចិត្ត​ណាស់​ជា​មួយ​នឹង​លទ្ធផល​នេះ ហើយ​​បច្ចុប្បន្ន​យើង​​បាន​បាត់​បង់​ទី​តាំង​របស់​​យើង​ក្នុង Premier League​»​៕

    ប្រភព​ព័ត៌​មាន៖ Reuters

  • 5 ទង្វើ​ដែល​អាចធ្វើឱ្យ​កូនតូច​លប​គេង​យំ​ខ្សិក​ខ្សួល​នៅពេល​យប់

    5 ទង្វើ​ដែល​អាចធ្វើឱ្យ​កូនតូច​លប​គេង​យំ​ខ្សិក​ខ្សួល​នៅពេល​យប់

    លោកឪពុក​អ្នក​ម្តាយ​តែងតែមាន​សេចក្តីសុខ​នៅពេល​បានឃើញកូនៗសើច​សប្បាយ និង​មាន​ស្នាមញញឹម តែ​នោះ​ក៏​មិនបាន​មានន័យថា ពួកគេ​នឹងមាន​សេចក្តីសុខ​រហូត​នោះដែរ។ សាកល្បង​សង្កេតមើល​នៅពេល​យប់​ទៅ​មើលថា តើ​កូនតូច​មាន​លប​គេង​យំ​ឬទេ? ព្រោះ​អារម្មណ៍​របស់​ពួកគេ​ពិតជា​ឆាប់​ញាប់​ញ័រ​រញ្ជួយ ហើយ​មិនដឹង​នឹង​សម្តែង​ចេញមក​យ៉ាងណា ទើបបាន​ត្រឹមតែ​លួច​យំ​ហ្នឹងឯង។ បើសិន​កើតមាន​សំណួរ​ថា ហេតុ​អីបានកូនៗរបស់​អ្នក​ត្រូវ​លប​គេង​យំ​នោះ? សូម​សាកល្បង​មក​មើ​លពី​មូលហេតុ​ទៅ​មើលថា តើ​វា​មកពី 5ទង្វើ​របស់​លោកឪពុក និង​អ្នក​ម្តាយ​ដូចដែល ឡា​រ៉ែ​ន បាន​នាំមក​ជម្រាបជូន​នៅថ្ងៃនេះ​ឬក៏​អត់?

    1/ ឱ្យកូនៗឃើញ​ព័ត៌មាន​ដ៏​គួរឱ្យ​ស្រងេះស្រងោច​អាណោច​អធម្ម
    ក្មេង​ដែល​ទើបតែ​បើកភ្នែក​មើល​ពិភពលោក​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ សភាព​ជុំវិញខ្លួន​របស់គេ​ក៏​មានតែ​ឪពុកម្តាយ និង​នៅឯ​សាលារៀន​ប៉ុណ្ណោះ កូនតូច​នៅ​មិនទាន់មាន​បទពិសោធ​អាក្រក់​ដោយ​ត្រង់​នៅឡើយ​ទេ ដូច្នេះ​អាណាព្យាបាល​គួរ​ចៀសវាង​ឱ្យ​ពួកគេ​មើល​ព័ត៌មាន​បែប​អវិជ្ជមាន ដូចជា ព័ត៌មាន​ឧក្រិដ្ឋកម្ម ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដែល​វា​ជាការ​បង្ហាញ​រូបភាព​ឱ្យក្មេងៗចងចាំ និង​បង្ក​ឱ្យ​កើតក្តី​ភ័យខ្លាច ហុច​ផលប៉ះពាល់​ដល់​ផ្លូវចិត្ត រហូត​មិន​ហ៊ាន​និយាយ​ចេញមក និង​លួច​លាក់ទុក​ទៅ​ពួន​យំ​តែម្នាក់ឯង​យ៉ាង​ស្ងាត់ៗ ដូច្នេះ​រឿង​ដែល​ឪពុកម្តាយ​គួរ​ធ្វើ​គឺ ការពារកូនតូចៗរបស់​អ្នក ផ្តល់​សេចក្តី ស្រឡាញ់ ភាពកក់ក្តៅ និង​ព្យាយាម​ចៀសវាង​កុំឱ្យ​កូនតូច​ឃើញ​ព័ត៌មាន​អាក្រក់​ទាំងនោះ។

    2/ ឪ​ពុកយក​ម្តាយ​ឈ្លោះប្រកែក​គ្នា
    ការឈ្លោះគ្នា​គឺជា​រឿង​របស់​ឪពុកម្តាយ​ក៏ពិតមែន តែ​កុំភ្លេចថា លោកអ្នក​នៅមាន​ច្រវាក់​មាស​ចងចិត្ត​តូច​មួយ​ដែល​អាច​បាន ឮសំឡេងស្រែកជេរ​គ្នា​រំលង​បន្ទប់​នោះ។ មិន​ថា​អ្នក​ទាំងពីរ​នឹង​ជួប​បញ្ហា ឬ​ទាស់ចិត្ត​អ្វី​គ្នា​ក៏ដោយ គួរ​និយាយ​គ្នា​ដោយ​ហេតុផល និង​ចៀសវាង​កុំឱ្យ​កូនតូច​ឃើញ​ទង្វើ​ហ្នឹង ព្រោះ​វា​គឺ​អំពើហិង្សា​នៅក្នុង​ផ្ទះ។ ក្មេងៗ
    នឹងមាន​សម្ពាធ​ក្នុង​ចិត្ត និង​លួច​ទៅ​យំ ព្រោះ​ពួកគេ​មិនអាច​យល់បាន​ថា កើតរឿង​អ្វី​ឡើង​ចំពោះ​អ្នក​ទាំងពីរ​ឡើយ។

    3/ វាយកូនៗដោយ​អំពើហិង្សា
    ការវាយដំ​មិនមែនជា​វិធី​កែប​ញ្ហា​ដែល​ល្អ​ឡើយ លោកឪពុក​អ្នក​ម្តាយ​គួរតែ​និយាយ​ជាមួយ​កូន​ដោយ​ពាក្យសម្តី​សុភាព និង​បញ្ជាក់​ប្រាប់​ពី​ហេតុផល ឬ​បើក្មេងៗត្រូវ​ទទួល​ទណ្ឌកម្ម ក៏​គួរតែ​រកមើល​វិធី​ផ្សេង​ណា​ដែល​មិនមែនជា​ការវាយដំ​ពួកគេ​យ៉ាង​ខ្លាំងក្លា​វិញ​ ព្រោះ​គ្រប់​ពេលដែល​អ្នក​វាយវាត់​ទៅលើ​សាច់​ដ៏​ស្តើង​ខ្ចី​របស់​កូនតូច​​នោះ ក្រៅពី​ពួកគេ​នឹង​ឈឺចាប់​ខាង​រាងកាយ​ហើយ នៅ​សាង​ស្នាមដំបៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ទៀតផង។

    4/ ហៅកូនៗដោយ​ពាក្យ​អសុរោះ
    សាកល្បង​សួរ​ខ្លួនឯង​ទៅ​មើលថា តើ​ចូលចិត្ត​ឱ្យ​អ្នកដទៃ​ហៅ​ខ្លួនឯង​ដោយ​ឈ្មោះ​ចំអក​ឡក​លើ​យ ឬ​ពាក្យ​អសុរោះ​ឬទេ?បើ​មិន​ចូលចិត្ត… ក្មេងៗក៏​ដូចគ្នា​ដែរ ពួកគេ​មិន​ចូលចិត្ត​ឱ្យ​ហៅ​ដោយ​ឈ្មោះ​ដែល​ឆ្លុះបញ្ចាំង​ទៅក្នុង​ផ្លូវ​ដែល​មើលងាយ ដូចជា អា​ភ្លើ អា​ខូច​នោះឡើយ ព្រោះកូនតូចៗនឹងមាន​អារម្មណ៍​ថា ខ្លួនឯង​គ្មាន​មានតម្លៃ គួរឱ្យ​អស់សង្ឃឹម កើតជា​ចំណុច​អន់​នៅក្នុង​ដួងចិត្ត និង​អាច​លាក់ទុក​ទៅ​គេង​យំ​តែម្នាក់ឯង​បាន។

    5/ ឪពុកម្តាយ​សម្រេចចិត្ត​លែងលះគ្នា
    ចំណុច​ចុង​ក្រោយនេះ ជា​រឿង​ដែល​ធ្វើបាប​ដួងចិត្ត​កូនតូច​ខ្លាំង​​បំផុត បើ​ឪពុកម្តាយ​សម្រេចចិត្ត​លែងលះ និង​គិតថា​កូនតូច​មិនជា​អ្វី​ទេនោះ សូម​ប្រាប់​ទៅ​ចុះ​ថា លោកអ្នក​គិត​ខុស​យ៉ាងធ្ងន់ធ្ងរ​ខ្លាំងណាស់ដែល​​បញ្ហា​នេះ​នឹង​ក្លាយជា​ចំណុច​មួយ​នៅក្នុង​ដួងចិត្ត​របស់​ក្មេង ព្រោះ​កុំភ្លេចថា កូនតូច​ត្រូវបាន​ចិញ្ចឹម​ថែទាំ​មក​ដោយ​អ្នក​ទាំងពីរ​នាក់ ដូច្នេះ​ទាំង​ឪពុក និង​ម្តាយ​ប្រៀបដូចជា ទឹក និង​ខ្យល់អាកាស​ដែល​ធ្វើឱ្យ​កូនតូច​រស់នៅ​តទៅទៀតបាន។ អ្នក​ទាំងពីរ​គឺ​ សេចក្តីសុខ និង​ជា​គ្រួសារ​ដែលមាន​គ្រប់ បើ​ខ្វះ​ខាង​ណា​ម្នាក់​ទៅនោះ ប្រាកដ​ណាស់​ថា ក្មេងៗនឹងត្រូវ​នឹក និង​ដង្ហោយ​រក ហើយ​ថែមទាំង​លាក់ទុក​ភាព​សោកសៅ​នៅក្នុង​ខ្លួន​ទៀតផង។

    លោកឪពុក​អ្នក​ម្តាយ​សាកល្បង​សង្កេត​ស្តាប់​សំឡេង​របស់កូនៗនៅពេល​យប់​ទៅ​មើលថា តើ​កូនតូច​មាន​លួច​យំ​ឬទេ? បើ​បានឮ​សូរសំឡេង​អណ្តឺតអណ្តក់​នោះ បង្ហាញថា លោកអ្នក​កំពុង​ធ្វើបាប​ដួងចិត្តកូនៗដូច5ចំណុច​ខាងលើនេះ​ដោយ​មិនដឹង​ខ្លួន​ក៏​អាច​ថា​បាន​ដែរ។ សាកល្បង​បែរមក​និយាយ​ពន្យល់​គ្នា​ ដើម្បីឱ្យ​កូនតូច​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​គេង​លក់​យ៉ាង​មាន​សេចក្តីសុខ​រហូត​តទៅ​ប្រសើរ​ជាង៕