Category: សង្គម និងសេដ្ឋកិច្ច

  • ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េខាងត្បូង​តម្លៃ​ជាង​ 245 លាន​ដុល្លារ នឹង​ចាប់ផ្ដើម​ស្ថាបនា​នៅ​ឆ្នាំក្រោយ

    ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េខាងត្បូង​តម្លៃ​ជាង​ 245 លាន​ដុល្លារ នឹង​ចាប់ផ្ដើម​ស្ថាបនា​នៅ​ឆ្នាំក្រោយ

    គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ នឹងត្រូវ​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ថ្ងៃទី 09 ធ្នូ នៅ​វិមាន​សន្តិភាព ហើយ​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំក្រោយ នេះ​បើតាម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងការបរទេស​កម្ពុ​ជា។

    គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េខាងត្បូង ឆ្លង​ទន្លេសាប និង​ទន្លេមេគង្គ ពី​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ ទៅ​ជ្រោយចង្វារ និង អរិ​យ្ស​ត្រ ខេត្តកណ្ដាល ដែល​នឹង​ចំណាយ​ថវិកា 245,909,000 ដុល្លារ​អាមេរិក​នេះ គឺជា​ស្ពាន​ខ្សែកាប​ដែលមាន​ជើង​សសរ​ទម្រ​ខ្ពស់​សំខាន់​ចំនួន​ពីរ ហើយ​ជើង​សសរ​រង្វើល ងាយស្រួល​កប៉ាល់​ឆ្លងកាត់​ពី​ខាងក្រោម។

    យោងតាម​លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្ពាន​ដែលមាន​ប្រវែង​សរុប​ជាង 2 គីឡូម៉ែត្រ​នេះ នឹង​ជួយ​សម្រួល​ឱ្យ​ការធ្វើ​ចរាចរណ៍ កាត់បន្ថយ​ការកកស្ទះ​ចេញចូល​រាជធានី​ភ្នំពេញ និង​ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​អរិយ​ក្សត្រ ស្វាយជ្រុំ។

    គម្រោង​ស្ថាបនា​ស្ពាន​ខាងលើនេះ​ស្ថិតក្នុង​ចំណោម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​ពីរ​នៅ កម្ពុជា ដែល​ផ្ដល់​ឥណទាន​សម្បទាន​ដោយ កូរ៉េខាងត្បូង។ ឥណទាន​សម្បទាន​តម្លៃ 1,500 លាន​ដុល្លារ​អាម៉េរិក សម្រាប់ កម្ពុជា ពី​ឆ្នាំ 2022-2026 របស់ កូរ៉េខាងត្បូង គ្រោង​នឹង​ចុះហត្ថលេខា​នៅថ្ងៃនេះ។

    ឥណទាន​សម្បទាន​ដែល​ផ្ដល់​ដោយ កូរ៉េខាងត្បូង នេះ នឹងចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ខិតខំ​របស់ កម្ពុជា ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ការពង្រឹង​ប​ន្ធែ​ម​នូវ​ទំនាក់ទំនង​ល្អ​ទ្វេភាគី​ដែលមាន​ស្រាប់​រវាង កម្ពុជា និង កូរ៉េខាងត្បូង នេះ​បើតាម ក្រសួងការបរទេស​ក​ម្ពុ​ជា៕

  • សម្ដេច​តេ​ជោ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅលេង​បុណ្យ​សមុទ្រ​នៅ​ក្រុងព្រះសីហនុ

    សម្ដេច​តេ​ជោ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅលេង​បុណ្យ​សមុទ្រ​នៅ​ក្រុងព្រះសីហនុ

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម នា​ព្រឹក​មិញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហោះ​សារ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅលេង​បុណ្យ​សមុទ្រ​នៅ ខេត្ត​ព្រះសីហនុ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 09 ដល់ 11 ធ្នូ 2022។

    សម្ដេច​តេ​ជោ បានសរសេរថា «កំពុងធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​ពី ភ្នំពេញ ខេត្ត​ព្រះសីហនុ។ យើង​នឹង​ខិតខំ​កសាង​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ទៀត​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត ព្រំដែន​វៀតណាម។ សូម​អញ្ជើញ​ទៅលេង​បុណ្យ​សមុទ្រ​នៅ ក្រុងព្រះសីហនុ ថ្ងៃស្អែក 10 ធ្នូ 2022»។

    យោងតាម ក្រសួងទេសចរណ៍ ពិធីបុណ្យ​សមុទ្រ​លើក​ទី 9 ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 09 ដល់ 11 ធ្នូ 2022 នេះ​នឹង​ធ្វើឡើង​អម​ជាមួយនឹង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃទី 09 ដល់ 14 ខែធ្នូ ក្រោម​ប្រធានបទ «ឆ្នេរ​នៃ​សន្តិភាព ឆ្នេរ​នៃ​ក្ដីសង្ឃឹម»។

    គិត​មកដល់ពេលនេះ សេវាកម្ម​ស្នាក់នៅ​ក្នុង ក្រុងព្រះសីហនុ មានការ​កក់​យ៉ាងច្រើន​ដើម្បី​ត្រៀម​មក​កម្សាន្ត នាឱកាស​បុណ្យ​សមុទ្រ ប៉ុន្តែ​មិនទាន់​ខ្វះ​កន្លែង​ស្នាក់នៅ​សម្រាប់​ទេសចរ​នៅឡើយ ដោយសារ​ថា ក្រុងព្រះសីហនុ មាន​បន្ទប់​ស្នាក់នៅ​សរុប​ជាង 9,000 បន្ទប់​ឯណោះ នេះ​បើតាម លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ៕

  • (World Cup 2022)- អាល្លឺម៉ង់ ៖ ក្រុម WAGs (គូស្នេហ៍​របស់​កីឡាករ) គឺជា​មូលហេតុ​មួយ​នាំឱ្យ​ពួកគេ​បរាជ័យ

    (World Cup 2022)- អាល្លឺម៉ង់ ៖ ក្រុម WAGs (គូស្នេហ៍​របស់​កីឡាករ) គឺជា​មូលហេតុ​មួយ​នាំឱ្យ​ពួកគេ​បរាជ័យ

    ទំព័រ Bild របស់ អាល្លឺម៉ង់ ចុះផ្សាយ​ថា នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការបរាជ័យ​របស់ ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ នៅ World Cup 2022 ក្រុម WAGs (គូស្នេហ៍​របស់​កីឡាករ) របស់ ក្រុម​ជម្រើសជាតិ ត្រូវបាន​មេដឹកនាំ​មួយចំនួន​នៅ សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ «ហៅ​ឈ្មោះ»។

    ក្រោយ​រដូវ​កាល World Cup 2018 ដែល​មិនបាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក៏បាន​ប្ដេជ្ញាចិត្ត​ខ្ពស់​សម្រាប់​រដូវ​កាល​នៅ កាតា។ ប៉ុន្តែ ពួកគេ​នៅតែ​លេង​មិន​បានល្អ​ដដែល ហើយក៏​មិនអាច​ឡើងដល់​វគ្គ 1/8 ជា​លើក​ទី​ពីរ​នៅ World Cup ពីរ​រដូវ​កាល​ចុងក្រោយ​នេះ។

    ក្រោយ​បរាជ័យ​នៅ កាតា ក្រុម​អាល្លឺម៉ង់ ក៏​ត្រលប់​ទៅ​ស្រុក​វិញ។ ថ្មីៗនេះ សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ (DFB) បានធ្វើ​សន្និសីទ 2 ម៉ោង​ដើម្បី​វិភាគ រក​មូលហេតុ​នៃ​ការបរាជ័យ​របស់ ក្រុម​ជម្រើសជាតិ នៅ World Cup 2022។

    មាន​មូលហេតុ​ជាច្រើន​ត្រូវបាន​លើកឡើង ក្នុងនោះ​ក៏មាន​ការពិត​ដែលថា គ្រូបង្វឹក Hansi Flick បានអនុញ្ញាត​ឱ្យ​ប្រពន្ធ និង​មិត្តស្រី​របស់​កីឡាករ ស្នាក់​នៅក្នុង​សណ្ឋាគារ​របស់​ក្រុម។ ប្រធាន​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ Bernd Neuendorf និង​អនុប្រធាន Joachim Watzke យល់ថា វត្តមាន​របស់ Wags បានធ្វើឱ្យ​កីឡាករ​អាល្លឺម៉ង់ ត្រូវ​បែក​អារម្មណ៍។ ក្រុម​មេដឹកនាំ​របស់ DFB មិន​ពេញចិត្ត​នៅពេល​ឃើញ​កីឡាករ​ត្រូវ​ថែទាំ​កូន។

    យោងតាម Bild គ្រូបង្វឹក Flick នឹង​នៅតែ​បន្តការងារ​ជាធម្មតា។ លោក Flick នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់ អាល្លឺម៉ង់ ទៅ​ប្រកួត​នៅ Euro 2024៕

  • អេ​ស្ប៉ា​ញ មាន​គ្រូបង្វឹក​ថ្មី បន្ទាប់ពី​បាន​ចែកផ្លូវ​គ្នា​ជាមួយ Luis Enrique

    អេ​ស្ប៉ា​ញ មាន​គ្រូបង្វឹក​ថ្មី បន្ទាប់ពី​បាន​ចែកផ្លូវ​គ្នា​ជាមួយ Luis Enrique

    យប់​ថ្ងៃទី 08 ធ្នូ សម្ព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) ប្រកាស​ជា​ផ្លូវការ​ថា «ចែកផ្លូវ​គ្នា» ជាមួយ​គ្រូបង្វឹក Luis Enrique ក្រោយពី​ក្រុម​ជម្រើសជាតិ​អេស្បា់ញ បាន​ចាញ់ ម៉ា​រ៉ុ​ក ក្នុងការ​ប្រកួត​នៅ​វគ្គ 16 ក្រុម ហើយ​ក្លាយជា​ក្រុម​ជម្រើសជាតិ​ទី 5 ដែល​បាន​បញ្ឈប់​ការងារ​របស់​គ្រូបង្វឹក​នៅ World Cup 2022។

    បច្ចុប្បន្ន RFEF បានប្រកាស​បង្ហាញ​អ្នក​ដែល​ត្រូវ​ចូលមក​ជំនួស​គ្រូបង្វឹក Luis Enrique សម្រាប់​ដំណាក់កាល​ថ្មី នោះ​គឺ​គ្រូបង្វឹក​មកពី​ក្រុម U21 លោក Luis de la Fuente។

    គ្រូបង្វឹក​ថ្មី​នេះ​គឺជា​មនុស្ស​ដែល​ត្រូវបាន​ប្រធាន​កីឡា​របស់ RFEF លោក Jose Francisco Molina ស្នើ​ដោយផ្ទាល់​ទៅកាន់​ប្រធាន RFEF លោក Luis Rubiales។ គ្រូបង្វឹក Ruente នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ខែមីនា 2023 នៅ​វគ្គ​ជម្រុះ EURO 2024។

    លោក Luis de la Fuente

    លោក Ruente ធ្លាប់ជា​កីឡាករ​ម្នា​ក់នៅ Athletic Bilbao។ គាត់​បាន​ចុះ​កិច្ចព្រមព្រៀង​តាំងពី​ពេល​មាន​អាយុ 15 ឆ្នាំ ហើយ​ឆ្លងកាត់ 7 ឆ្នាំ​នៅទីនេះ មុននឹង​បាន​ទៅកាន់ Sevilla។

    ក្រោយមក លោក Ruente ក៏បាន​ត្រលប់​មកកាន់ Bilbao និង​បញ្ចប់​អាជីព​ជា​កីឡាករ​នៅ Deportivo Alaves បន្ទាប់ពី​បាន​ចូលរួម​ប្រកួត​ជាង 250 លើក​នៅ​ពានរង្វាន់ La Liga ក៏ដូចជា​ធ្លាប់បាន​ក្លាយជា​កីឡាករ U21 អន្តរជាតិ និង​ជើងឯក Olympic។

    ឆ្នាំ 2013 លោក Ruente ដឹកនាំ​ក្រុម U19 អេ​ស្ប៉ា​ញ ហើយ​ក្រោយមក​ក៏​បន្ត​ធ្វើការ​ជាមួយ​ក្រុម U21 និង U23 អេ​ស្ប៉ា​ញ។

  • ខ្សែភាព​យន្ត «Avatar 2» ទទួល​បាន​ការ​វាយ​តម្លៃ​ថា ពោរពេញ​ដោយ​ភាព​មហស្ចារ្យ

    ខ្សែភាព​យន្ត «Avatar 2» ទទួល​បាន​ការ​វាយ​តម្លៃ​ថា ពោរពេញ​ដោយ​ភាព​មហស្ចារ្យ

    ក្រុមអ្នកវិភាគ​អន្តរជាតិ​សម្ដែង​ការកោតសរសើរ​ចំពោះ​វគ្គ​ពីរ​នៃ​ខ្សែភាពយន្ត​រឿង «Avatar» ថា ប្រកបដោយ​ភាព​អស្ចារ្យ និង​មាន​ទិដ្ឋភាព​បង្ហាញ​ពី​មនោសញ្ចេតនា​គួរឱ្យ​រំជួលចិត្ត​ច្រើនជាង​វគ្គ​មួយ។

    យោងតាម Variety ក្រោយ​ការរង់ចាំ​អស់ 13 ឆ្នាំ អ្នកវិភាគ​ល្បីឈ្មោះ​ជាច្រើនរូប​ក៏ត្រូវ​បាន​ក្រុម​អ្នក​ផលិត​របស់​ខ្សែភាពយន្ត​រឿង Avatar: The Way of Water អញ្ជើញ​ឱ្យចូល​រួម​ព្រឹត្តិការណ៍​បញ្ចាំង និង​រិះគន់​នៅ ក្រុង​ឡុង​ដ៍ កាលពីដើម​សប្ដាហ៍​កន្លង។

    លទ្ធផល​នៃ​ការវាយតម្លៃ​ដំបូង​របស់​ក្រុមអ្នកវិភាគ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ភាគច្រើន អ្នកវិភាគ​បាន​វាយតម្លៃ​វិជ្ជមាន​ទៅលើ​ខ្សែភាពយន្ត​នេះ។ អ្នកវិភាគ​ច្រើន​រូប​បាន​កោតសរសើរ​ថា វគ្គ​ថ្មី​នេះ​ពោរពេញ​ដោយ​ការ​ស្រមៃ​ដ៏​អស្ចារ្យ​ដែលជា​ស្នាដៃ​របស់​អ្នកដឹកនាំ James Cameron និង​បច្ចេកទេស​កាត់ត​វីដេអូ​នៅក្នុង​ខ្សែភាពយន្ត។

    «នេះ​គឺជា​ចំណុចកំពូល​នៃ​សិល្បៈ​រៀបរាប់​រឿងរ៉ាវ និង​ការផលិត​ភាពយន្ត» អ្នកវិភាគ Erik Davis និយាយ​ដូច្នេះ។ ចំណែក Josh Horowitz ពិធីករ​នៃ​កម្មវិធី Happy Sad Confused និយាយថា «ខ្ញុំ​មិនដែល​មាន​មន្ទិល​ចំពោះ​គាត់ (លោក James Cameron)…។ …ពោរពេញ​ដោយ​មនោសញ្ចេតនា និង​មហស្ចារ្យ»។

    វគ្គ​ពីរ​របស់ Avatar ត្រូវបាន​បញ្ចេញ​កាលពី​ពាក់កណ្ដាល​ខែធ្នូ 2022 និង​មាន​គម្លាត​ពី​វគ្គ​មួយ 13 ឆ្នាំ។ ចំណែក 3 វគ្គ​បន្ទាប់​ទៀត​របស់​ខ្សែភាពយន្ត​នេះ​ក៏ត្រូវ​បាន​រៀប​គម្រោង​ផលិត ហើយ​គ្រោង​នឹង​ចាប់​បញ្ចាំង​នៅ​ឆ្នាំ 2024, 2026 និង 2028។

    វគ្គ​ដំបូង​របស់ Avatar ដែល​បាន​ចាប់​បញ្ចាំង​កាលពី​ឆ្នាំ 2009 បាន​យកឈ្នះ​លើ Titanic ដែល​ដឹកនាំ​រឿង​ដោយ​លោក Cameron ដូចគ្នា និង​បាន​ក្លាយជា​ខ្សែភាពយន្ត​ដែលមាន​អ្នកទស្សនា​ច្រើនជាងគេបង្អស់​នៅ​គ្រប់​សម័យកាល និង​រកបាន​ចំណូល 2.8 ពាន់​លាន​ដុល្លារ​អាម៉េរិក​នៅក្នុង​រយៈ​ពេល 13 ឆ្នាំ​កន្លង៕

  • ផ្លូវ​ខេត្ត 2 ខ្សែ ប្រវែង​សរុប​ជាង 43 គីឡូម៉ែត្រ គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​នៅ 2 សប្ដាហ៍​ទៀត

    ផ្លូវ​ខេត្ត 2 ខ្សែ ប្រវែង​សរុប​ជាង 43 គីឡូម៉ែត្រ គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​នៅ 2 សប្ដាហ៍​ទៀត

    ផ្លូវ​ខេត្ត 2 ខ្សែ ប្រវែង​សរុប​ប្រមាណ​ជាង 43 គីឡូម៉ែត្រ គ្រោង​នឹង​ត្រូវបាន​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2022 ខាងមុខ នេះ​បើតាម​ការឱ្យ​ដឹង​នៅថ្ងៃនេះ​ពី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​នេះ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្ម​ការ​​សម្រាប់​​ត្រៀម​​រៀបចំ​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ផ្លូវ​ខេត្ត​លេខ 146បេ និង ផ្លូវ​ខេត្ត​លេខ148 ដែលមាន​ប្រវែង​សរុប​ប្រមាណ 43.02 គីឡូម៉ែត្រ ស្ថិតនៅក្នុង ខេត្ត​ព្រះសីហនុ ដោយមាន​ការអញ្ជើញ​ចូលរួម មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប។

    កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី ធ្វើការ​បែងចែក​តួនាទី​និង​ភារកិច្ច​ជូន​ដល់​សមាជិក​សមាជិកា​នៃ​គណៈកម្មាការ និង​អនុគណៈកម្មការ​សម្រាប់​ត្រៀម​រៀបចំ​ពិធី​សម្ពោធ ដើម្បីឱ្យ​ប្រព្រឹត្តិទៅបាន​ដោយ​រលូន។

    យោងតាម ក្រសួង​សាធារណការ ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវ​ខេត្ត​លេខ 146បេ និង ផ្លូវ​ខេត្ត​លេខ148 នេះ គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2022 ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

  • គម្រោង​ផ្លូវ​ល្បឿន​លឿន​វែង​បំផុត​នៅ​ភាគខាងត្បូង​វៀតណាម ដែល​ត​ភ្ជាប់​មក​ក្បែរ​ព្រំដែន​កម្ពុជា

    គម្រោង​ផ្លូវ​ល្បឿន​លឿន​វែង​បំផុត​នៅ​ភាគខាងត្បូង​វៀតណាម ដែល​ត​ភ្ជាប់​មក​ក្បែរ​ព្រំដែន​កម្ពុជា

    (វៀតណាម)- គម្រោង​ផ្លូវ​ល្បឿន​លឿន ចូ​វ​ដុក-កឹ​ន​ធើ-សុក​ទ្រាំង (មាត់ជ្រូក-ព្រែក​ឫស្សី-ឃ្លាំង) ដែលមាន​ប្រវែង 188 គីឡូម៉ែត្រ និង​រត់​ឆ្លងកាត់​ខេត្ត​អាន​យ៉ាង ទីក្រុង​កឹ​ន​ធើ ខេត្ត​ហូ​វ​យ៉ាង និង​ខេត្ត​សុក​ទ្រាំង គឺជា​ផ្លូវ​ល្បឿន​លឿន​វែង​បំផុត​នៅ​ភាគខាងត្បូង​របស់ វៀតណាម ឬ​ហៅថា ដែនដី​សណ្ដ​ទន្លេមេគង្គ។

    យោងតាម ក្រសួង​ដឹកជញ្ជូន​វៀតណាម ផ្លូវ​ល្បឿន​លឿន​ដែល​ទទួលបាន​ទុនវិនិយោគ​ជាង 44 ទ្រី​លាន​ដុង (ប្រហែល 1,877,000,000 ដុល្លារ​អាម៉េរិក) នេះ មាន 4 គន្លង​សម្រាប់​រថយន្ត និង​អាច​បើកបរ​ក្នុង​ល្បឿន 100 គីឡូម៉ែត្រ/ម៉ោង។

    អំពី​វ​ឌ្ឍ​ភាព ការត្រៀម​សម្រាប់​ការវិនិយោគ និង​ការអនុវត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​វែង​បំផុត​នៅ​ភាគខាងត្បូង​របស់ វៀតណាម នេះ ត្រូវបាន​ចាប់ផ្ដើម​ពី​ឆ្នាំ 2022 ហើយ​តាម​ផែនការ កំណាត់​ផ្លូវសំខាន់ៗមួយចំនួន​ក្នុង​គម្រោង​នឹងត្រូវ​បានបញ្ចប់​នៅ​ឆ្នាំ 2025 និង​រួចរាល់​ទាំងស្រុង​ជា​ស្ថាពរ​នៅ​ឆ្នាំ 2026 ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ដំណាលគ្នា​នៅ​ឆ្នាំ 2027។

  • កាតា ចាប់ផ្ដើម​រុះរើ​កីឡដ្ឋាន​ដែល​សាងសង់​ឡើង​ពី​កុងតឺន័រ​ចំនួន 974 ទូ

    កាតា ចាប់ផ្ដើម​រុះរើ​កីឡដ្ឋាន​ដែល​សាងសង់​ឡើង​ពី​កុងតឺន័រ​ចំនួន 974 ទូ

    កម្មករ​ចាប់ផ្ដើម​រុះរើ​កីឡដ្ឋាន​បណ្ដោះអាសន្ន 974 នៅក្នុង​តំបន់ Ras Abu Aboud រដ្ឋធានី​ដូ​ហា ក្រោយ​ការប្រកួត​ចុងក្រោយ​បាន​កន្លងទៅ​ច្រើន​ថ្ងៃ។

    កីឡដ្ឋាន 974 ត្រូវបាន​សម្ពោធ​ដំណើរការ​កាលពី​ថ្ងៃទី 20 វិច្ឆិកា 2022 និង​ត្រូវបាន​ប្រើប្រាស់​សម្រាប់តែ 13 ប្រកួត​ប៉ុណ្ណោះ រួមមាន 6 ប្រកួត​របស់ Arab Cup និង 7 ប្រកួត​របស់ World Cup។ ការប្រកួត​ចុងក្រោយ​ដែល​ធ្វើឡើង​នៅលើ​កីឡដ្ឋាន​នេះ​គឺ​ការ​ប៉ះគ្នា​រវាង​ក្រុម​ជម្រើសជាតិ​របស់ ប្រេ​ស៊ី​ល និង កូរ៉េ​ខាង​ត្បុ​ង នៅក្នុង​វគ្គ​ជម្រុះ​ផ្ទាល់​កាលពី​ថ្ងៃទី 05 ធ្នូ ក្នុងនោះ​ក្រុម​មកពី អាម៉េរិក​ខាងត្បូង បានឈ្នះ 4-1។

    ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សំឡេង​កញ្ចែ​បានបញ្ចប់​ការប្រកួត គេ​ឃើញ​រថយន្ត​ដឹកទំនិញ និង​រថយន្តស្ទូច បានមក​កាន់​កីឡដ្ឋាន 974។ កាលពី​ថ្ងៃទី 07 ធ្នូ ក្រុមកម្មករ​ចាប់ផ្ដើម​រុះរើ​ផ្នែក​ខាងក្រៅ​កីឡដ្ឋាន។

    ក៏ប៉ុន្តែ នេះ​មិនមែនជា​ទីបញ្ចប់​របស់​កីឡដ្ឋាន 974 ឡើយ។ យោងតាម Financial Times កាតា គ្រោង​ដឹកជញ្ជូន​កុងតឺន័រ​ទាំង 974 ទូ​នេះ​ទៅកាន់ អ៊ុយ​រូ​ហ្កា​យ ដែលមាន​ចម្ងាយ​ពី ដូ​ហា ប្រហែល 13,000 គីឡូម៉ែត្រ បើ​ធ្វើដំណើរ​តាមផ្លូវ​សមុទ្រ។

    អ៊ុយ​រូ​ហ្កា​យ មាន​ផែនការ​សាងសង់​កីឡដ្ឋាន​ទៅតាម​រចនាសម្ព័ន្ធ​ដើម និង​ប្រារព្ធ​ការប្រកួត​បាល់ទាត់​នៅ​ទីនោះ​ក្នុង​ឆ្នាំ 2030 បើសិន​ប្រទេស​នេះ​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ World Cup។ អ៊ុយ​រូ​ហ្កា​យ សង្ឃឹមថា គំនិត​ផ្ដួចផ្ដើម​ដែល​ត្រូវ​បានស្នើ​ក្នុង​បំណង​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការសាងសង់​កីឡដ្ឋាន និង​ក្រោយ​ការប្រកួត នឹង​ជួយ​ឱ្យ​ពួកគេ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​មាន​សិទ្ធិ​ប្រារព្ធ​ព្រឹត្តិការណ៍ World Cup 2030 ដែលជា​វេលា​គម្រប់​ខួប 100 ឆ្នាំ រាប់​ចាប់តាំងពី អ៊ុយ​រូ​ហ្កា​យ បានទទួល World Cup លើកដំបូង។

    974 ស្ថិត​ក្នុងចំណោម​កីឡដ្ឋាន​ចំនួន 7 នៅ កាតា ដែល​ត្រូវបាន​សាងសង់​ថ្មី​សម្រាប់​ទទួល World Cup 2022 ហើយក៏​ជា​កីឡដ្ឋាន​បណ្ដោះអាសន្ន​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ World Cup ផងដែរ។ កីឡដ្ឋាន 974 ត្រូវបាន​សាងសង់ឡើង​ពី​កុងតឺន័រ​ចំនួន 974 ទូ អាចដាក់​មនុស្ស​បាន 40,000 នាក់។ 974 ក៏​ជា​លេខ​កូដ​តំបន់​របស់ កាតា នៅក្នុង​វិស័យ​ទុរគម​មនាគ​មន៍​អន្តរជាតិ​ទៀតផង៕

  • ក្រុម​ហ៊ុន​អាម៉េរិក Tesla ដាក់លក់​រថយន្ត​អគ្គិសនីនៅ ​ទីផ្សារ​ប្រទេស​ថៃ ​ជា​ផ្លូវការ

    ក្រុម​ហ៊ុន​អាម៉េរិក Tesla ដាក់លក់​រថយន្ត​អគ្គិសនីនៅ ​ទីផ្សារ​ប្រទេស​ថៃ ​ជា​ផ្លូវការ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បានបង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន 2 ម៉ូ​ដែល​របស់ខ្លួន​នៅ ប្រទេស​ថៃ កាលពី​ថ្ងៃទី 07 ធ្នូ ដែល​នេះ​គឺជា​ជំហាន​ដំបូង​របស់​ក្រុមហ៊ុន​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​អ្នក​ផលិត​រថយន្ត​ជប៉ុន តាំងពី​យូរ​មកហើយ។

    ការបង្ហាញ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែលមាន​តម្លៃ​ពី 1.7 លាន​បាត ដល់ 2.5 លាន​បាត (ប្រហែល 48,447 ដុល្លារ ដល់ 71,205 ដុល្លារ​អាម៉េរិក) ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅពេល ប្រទេស​ថៃ ជំរុញ​ការប្រើប្រាស់ និង​ផលិត​រថយន្ត​អគ្គិសនី​ដោយ​ការកាត់បន្ថយ​អត្រាពន្ធ និង​ការ​ផ្ដល់ជំនួយផ្សេង។

    នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ Tesla Model 3 និង Model Y ដែល​ត្រូវ​បានបង្ហាញ​គឺមាន 3 កំណែ ៖ RWD, Long Range AWD និង Performance។

    Tesla មាន​គម្រោង​ចាប់ផ្ដើម​លក់​រថយន្ត​អគ្គិសនី​របស់ខ្លួន​នៅក្នុង​ទីផ្សារ​ធំជាងគេ​លំដាប់​ទី​ពីរ​របស់ អាស៊ីអាគ្នេយ៍ តាមរយៈ​ថ្នាល​បច្ចេកវិទ្យា ហើយ​ការប្រគល់​ទំនិញ​នឹង​ចាប់ផ្ដើម​ពី​ដើមឆ្នាំ 2023។

    នៅក្នុង​ទីផ្សារ​ថៃ Tesla នឹងត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​ចិន មានដូចជា BYD និង Great Wall Motors ជាដើម ដែល​ក្រុមហ៊ុន​ទាំងនេះ​លក់​រថយន្ត​ដែលមាន​តម្លៃ​ចាប់ពី 23,000 ដុល្លារ​អាម៉េរិក។

    ថៃ គឺជា​កន្លែង​ផលិត និង​ដំឡើងរថយន្ត​ធំជាងគេ​លំដាប់​ទី 4 នៅ អាស៊ី សម្រាប់​បណ្ដា​ក្រុមហ៊ុន​ដូចជា Toyota និង Honda ជាដើម។ ប្រទេស​ថៃ ផលិត​រថយន្ត​បាន​ចាប់ពី​ប្រហែល 1.5 ដល់ 2 លាន​គ្រឿង​ជា​រៀងរាល់ឆ្នាំ ក្នុងនោះ ប្រហែល​ពាក់កណ្ដាល​ត្រូវបាន​នាំ​ចេញទៅ​បរទេស៕

  • Air Asia មាន​គម្រោង​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា នាពេលឆាប់ៗនេះ

    Air Asia មាន​គម្រោង​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា នាពេលឆាប់ៗនេះ

    (ភ្នំពេញ)៖ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍ បានអនុញ្ញាត​ឱ្យ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ចូលជួប​ពិភាក្សា​ការងារ​ទាក់ទង​នឹង​គម្រោង​បង្កើត​ទីស្នាក់ការ​របស់​ខ្លួន​នៅ កម្ពុជា។

    យោងតាម ក្រសួងទេសចរណ៍ នា​ថ្ងៃ​ព្រហស្បតិ៍ ទី 08 ធ្នូ 2022 នៅ​ទីស្តីការក្រសួង ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia លើ​ការបង្កើត​ទីស្នាក់ការ​នៅ កម្ពុជា។ តំណាង Air Asia បានឱ្យដឹងថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នេះ​នឹងមាន​ឈ្មោះថា Air Asia Cambodia ដែល​នឹងធ្វើ​ពិធី​ចុះហត្ថលេខា និង​ប្រកាស​ជា​ផ្លូវការ​នាទី 09 ធ្នូ 2022។

    ក្រុមហ៊ុន​បានឱ្យដឹងថា កម្ពុជា ជា​ប្រទេស​ទី 5 ក្នុង​តំបន់​អាស៊ី ដែលមាន​ទីស្នាក់ការ​រ​បស់ Air Asia ហើយ​ក្រុមហ៊ុន​គ្រោង​ចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ​នៅ កម្ពុជា ចាប់ពី​ឆ្នាំ 2023 ខាងមុខ។

    ជំនួប​រវាង​ ក្រសួង​ទេសចរណ៍​កម្ពុជា និងតំណាង Air Asia កាល​ពី​ព្រឹកថ្ងៃទី 08 ធ្នូ 2022

    តំណាង Air Asia បញ្ជាក់ថា ក្រុមហ៊ុន​មាន​គម្រោង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យបាន 3 ទៅ 4 លាន​នាក់/ឆ្នាំ ក្នុងនោះ ជំហាន​ដំបូង គ្រោង​ដាក់​ដំណើរការ​យន្តហោះ​ប្រភេទ Boeing A321 ចំនួន 4 គ្រឿង ដើម្បី​ត​ភ្ជាប់​គោលដៅ​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន, ចិន និង ឥណ្ឌា និង​គោលដៅ​ក្នុងស្រុក​ពី ភ្នំពេញ-សៀមរាប-ខេត្ត​ព្រះសីហនុ។

    ការវិនិយោគ​របស់​ក្រុមហ៊ុន Air Asia នឹង​នាំមក​នូវ​ទេសចរ​បន្ថែ​ម​ទៀត​មក​ទស្សនា កម្ពុជា ជាពិសេស​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​គោលដៅ​របស់ កម្ពុជា ទៅកាន់​ពិភពលោក ក្រសួងទេសចរណ៍ សង្ឃឹម​ដូច្នេះ៕