Category: សង្គម និងសេដ្ឋកិច្ច

  • តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 20 ធ្នូ 2022

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 20 ធ្នូ 2022

    យោង​តាម​តម្លៃ​ក្នុង​ទី​ផ្សារ​អន្តរ​ជាតិ​ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី 11 ដល់ 20 ធ្នូ 2022 នឹងត្រូវ​លក់ 4,368 រៀល/លីត្រ សម្រាប់​សាំង​ធម្មតា និង 4,718 រៀល/លីត្រ សម្រាប់​ប្រេងម៉ាស៊ូត។ ប៉ុន្តែ រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ កម្ពុជា ចំនួន 6.5 សេន​ដុល្លារ/លីត្រ។

    ដូច្នេះ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ពីថ្ងៃ​ទី 11 ដល់ 20 ធ្នូ 2022 នឹង​ចុះមក​នៅត្រឹម 4,100 រៀល/លីត្រ សម្រាប់​សាំង​ធម្មតា និង 4,450 រៀល/លីត្រ សម្រាប់​ប្រេងម៉ាស៊ូត។

  • «មិន​ស្រលាញ់ Messi គឺ​ស្មើនឹង មិន​ស្រលាញ់​បាល់ទាត់» – កីឡាករ​ដែល​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក World Cup 1986 អះអាង​ដូច្នេះ

    «មិន​ស្រលាញ់ Messi គឺ​ស្មើនឹង មិន​ស្រលាញ់​បាល់ទាត់» – កីឡាករ​ដែល​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក World Cup 1986 អះអាង​ដូច្នេះ

    អតីត​ខ្សែប្រយុទ្ធ​របស់ អា​ហ្ស​ង់​ទីន Jorge Valdano បាន​អះអាងថា Lionel Messi កំពុង​ទាត់​នៅ World Cup 2022 ក្នុង​លំដាប់​មួយ​ដែល​ដូច​ទៅនឹង​អតីត​កំពូល​តារាបាល់ទាត់ Diego Maradona។

    «Messi កំពុង​បង្ហាញ​បាន​នូវ​ភាព​អស្ចារ្យ​នៃ​បាល់ទាត់» Valdano ប្រាប់​ទំព័រ TyC Sport កាលពី​ថ្ងៃទី 11 ធ្នូ​ដូច្នេះ និង​បន្តថា «គាត់ (Messi) កំពុងត​ភ្ជាប់​បាន​ទាំងស្រុង និង​បង្ហាញ​បុគ្គលិកលក្ខណៈ​ដូច​ទៅនឹង Maradona នៅ World Cup។ ខ្ញុំ​ស្រលាញ់​ចូលចិត្ត Messi តាំងតែ​ពី​បានឃើញ​គាត់​លេង​បាល់​ដំបូង។ គាត់​គឺជា​មនុស្សទេព​ក្នុង​រយៈពេល 20 ឆ្នាំ​មកហើយ។ អ្នកណា​មិន​ស្រលាញ់​ចូលចិត្ត Messi បញ្ជាក់ថា អ្នកនោះ​មិន​ចូលចិត្ត​បាល់ទាត់»។

    Messi រក​បាល់​បាន 6 គ្រាប់​នៅ World Cup 2022 តិចជាង Kylian Mbappe តែ 1 គ្រាប់​ប៉ុណ្ណោះ។ ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន​រូបនេះ សុទ្ធតែ​រកបាន​គ្រាប់​បាល់​ក្នុង 2 ប្រកួត​នៅ​វគ្គ​ជម្រុះ​ផ្ទាល់។

    លោក Jorge Valdano

    Valdano គឺជា​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដែល​បាន​ស៊ុត​បញ្ចូល​ទី​របស់ អាល្លឺម៉ង់​ខាងលិច ក្នុង​វគ្គ​ផ្ដាច់​ព័​ត្រ​នៅ World Cup 1986 ជួយ​ឱ្យ​ក្រុម​របស់ អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ពាន​ជើងឯក​នៅ ម៉ិ​ក​ស៊ិ​ក។ លោក Valdano ធ្លាប់​លេង​ឱ្យ Real Madrid នៅ​ដំណាក់​ចុងក្រោយ​នៃ​អាជីព​របស់គាត់ ពី​ឆ្នាំ 1984 ដល់ 1987 និង​បាន​ដឹកនាំ​ក្លឹប​នេះ​ពី​ឆ្នាំ 1994 ដល់ 1996។

    អតីត​កំពូល​តារាបាល់ទាត់ Diego Maradona

    ចំណែក Maradona វិញ មិន​ត្រឹមតែ​លេង​បានល្អ​ជាងគេ​នៅ World Cup 1986 នោះទេ តែ​ក៏​ត្រូវបាន FIFA ជ្រើសរើស​ជា «កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​សតវត្សរ៍​ទី 20» ផងដែរ។ លោក Maradona បានទទួល​មរណភាព​កាលពី​ថ្ងៃទី 25 វិច្ឆិកា 2020 ក្នុង​វ័យ 60 ឆ្នាំ។ លោក Valdano យល់ថា «ស្មារតី​របស់ Maradona កំពុង​ត្រូវ​បានបង្ហាញ​នៅក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន នាបច្ចុប្បន្ន»៕

  • (World Cup 2022)- ខ្សែប្រយុទ្ធ​ម៉ា​រ៉ុ​ក លោត​កម្ពស់​ជិត 3 ម៉ែត្រ ដើម្បី​ជម្រុះ​​ព័រទុយហ្កាល់

    (World Cup 2022)- ខ្សែប្រយុទ្ធ​ម៉ា​រ៉ុ​ក លោត​កម្ពស់​ជិត 3 ម៉ែត្រ ដើម្បី​ជម្រុះ​​ព័រទុយហ្កាល់

    Youssef En-Nesyri លោត​ឡើងដល់​កម្ពស់ 2.78 ម៉ែត្រ ក្នុងពេល​តែ​ត​ប៉ើង​សំណាញ់​របស់ ព័រទុយហ្កាល់ នៅ​វគ្គ 1/8 World Cup 2022 ជិត​ស្មើនឹង​កំណត់ត្រា​​លោត​ខ្ពស់​របស់ Cristiano Ronaldo។

    នាទី​ទី 42 នៃ​ការប្រកួត​ក្នុង​វគ្គ 1/8 នៅក្នុង​កីឡដ្ឋាន Al Thumama ខ្សែការពារ Yahia Attiyat Allah ប្លោង​គ្រាប់​បាល់​ពី​ស្លាប​ខាងឆ្វេង​ទៅកាន់​តំបន់​គ្រោះថ្នាក់។ អ្នកចាំទី​របស់ ព័រទុយហ្កាល់ Diego Costa ធ្វើឱ្យមាន​កំហុស​នៅពេល​រត់​សំដៅទៅ​គ្រប់​គ្រង​បាល់​ប៉ុន្តែមិន​បាន​សម្រេច ខណៈដែល Youssef En-Nesyri ហាក់​សង្កត់​លើ​មុខ​ខ្សែបម្រើ Ruben Dias និង​តែ​ត​បញ្ចូល​ទី​បានជោគជ័យ​។

    យោងតាម​ទូរទស្សន៍ belN Sports ដែលជា​ដៃគូ​សហការ World Cup 2022 របស់ FIFA ប្រចាំ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង En-Nesyri បាន​ប៉ះ​គ្រាប់​បាល់​នៅលើ​កម្ពស់ 2.78 ម៉ែត្រ។ ខ្សែប្រយុទ្ធ​របស់ ម៉ា​រ៉ុ​ក នេះ​មាន​កម្ពស់ 1.88 ម៉ែត្រ ដូច្នេះ​មានន័យថា គាត់​លោ​កក​ម្ពស់​ជិត 1 ម៉ែត្រ។

    Youssef En-Nesyri លោកដល់កម្ពស់ 2.78 ម៉ែត្រ ក្នុងពេលតែតបញ្ចូលទីរបស់ ម៉ារ៉ុក

    Ronaldo ដែលជា​គូប្រជែង​របស់ En-Nesyri នៅលើ​ទីលាន Al Thumama និង​ល្បី​ឈ្មោះថា​លោក​បាន​ខ្ពស់​ខ្លាំង ក៏​លោត​ខ្ពស់ជាង En-Nesyri តែបន្តិច និង​បានតែ​ម្ដងគត់ កាលពី​រដូវ​កាល Champions League 2012-2013 ដែល​កាលណោះ Ronaldo លោក​ដល់​កម្ពស់ 2.93 ម៉ែត្រ។

    កីឡាករ En-Nesyri បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក តាំងពី​ឆ្នាំ 2016 ហើយ​មកដល់​បច្ចុប្បន្ន គាត់​រកបាន 17 គ្រាប់​នៅក្នុង 55 ប្រកួត៕

  • ក្នុង​បញ្ជី 500 ក្រុមហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់បំផុត​លើ​លោក អាម៉េរិក​រួមចំណែក​ជាង​ពាក់កណ្ដាល ខណៈ​ចិន​ថយ​ចុះ

    ក្នុង​បញ្ជី 500 ក្រុមហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់បំផុត​លើ​លោក អាម៉េរិក​រួមចំណែក​ជាង​ពាក់កណ្ដាល ខណៈ​ចិន​ថយ​ចុះ

    បណ្ដា​ក្រុមហ៊ុន​ឯកជន​ដែលមាន​មូលធន​ទីផ្សារ​ធំជាងគេ​នៅ ប្រទេស​ចិន បាន «ធ្លាក់​ថ្លៃ» ជាង 50% ក្នុង​រយៈពេល 2 ឆ្នាំ ក្នុងនោះ ភាគច្រើន​កើតឡើង​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អចលនទ្រព្យ។

    វិទ្យាស្ថាន​ស្រាវជ្រាវ Hurun ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង Shanghai ប្រទេស​ចិន ទើបតែ​បានប្រកាស​នូវ​បញ្ជី​ចំណាត់ថ្នាក់ 500 ក្រុមហ៊ុន​ដែលមាន​តម្លៃ​ជាងគេ​លើ​ពិភពលោក (Hurun Global 500)។ ឆ្នាំនេះ តម្លៃ​សរុប​របស់​ក្រុមហ៊ុន​ទាំង 500 នេះ បាន​ថយចុះ 19%។ 340 ក្រុមហ៊ុន​មាន​មូលធន​ទីផ្សារ​ថយចុះ ឬ​នៅ​ទ្រឹង​ដដែល។

    «វិស័យ​ដែល​បាន​រង​ផលប៉ះពាល់​ច្រើនជាងគេ​គឺ​ការលក់​រាយ ពិសេស​គឺ​ពាណិជ្ជកម្ម​អន​ឡាញ ដោយសារ​អតិផរណា​កើនឡើង​ខ្ពស់ បណ្ដាលឱ្យ​បណ្ដា​ក្រុមហ៊ុន​សម្របសម្រួល​ផ្នែក​ទូទាត់​ប្រាក់ និង​ប្រគល់​ទំនិញ​ត្រូវ​ដាំ​ក្បាល​ចុះ» Rupert Hoogewerf ប្រធាន​ក្រុមហ៊ុន និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​របស់ Hurun ឱ្យដឹង​ដូច្នេះ។

    ប្រទេស​ចំនួន 3 ដែលមាន​ក្រុមហ៊ុន​ស្ថិតក្នុង​បញ្ជី​ខាងលើ​ច្រើនជាងគេ​គឺ សហរដ្ឋ​អាម៉េរិក ចិនដីគោក និង​ជប៉ុន។ ចំនួន​ក្រុមហ៊ុន​អាម៉េរិក ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ គឺ​ច្រើនជាង​ពាក់កណ្ដាល ធៀប​នឹង​ចំនួន​សរុប ពោលគឺ​មាន 260 ក្រុមហ៊ុន និង​មានតម្លៃ​សរុប 30.4 ទ្រី​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង 65%។ ចំណែក ប្រទេស​ចិន វិញ ឈរ​លំដាប់​ទី​ពីរ ដោយមាន 35 ក្រុមហ៊ុន ស្មើនឹង 6% នៃ​តម្លៃ​សរុប។

    ដោយឡែក Top 10 ស្ដីពី​ក្រុមហ៊ុន​មានតម្លៃ​ជាងគេ​លើ​ពិភពលោក សុទ្ធតែជា​របស់ សហរដ្ឋ​អាម៉េរិក។ ឆ្នាំនេះ ថ្វីបើ​បាត់បង់​តម្លៃ 2.4 ទ្រី​លាន​ដុល្លារ ប៉ុន្តែ Top 10 ស្ដីពី​ក្រុមហ៊ុន​មានតម្លៃ​ជាងគេ​លើ​ពិភពលោក នៅតែ​រួមចំណែក​បាន 21% ក្នុងចំណោម​តម្លៃ​សរុប​របស់ Top 500។ Alphabet បាន​យកឈ្នះ Amazon និង​បាន​កាន់កាប់​តំណែង​លេខ 3 ខណៈដែល Amazon លេខ 4, Apple ឈរ​លំដាប់​លេខ 1, Microsoft ជាប់​លេខ 2, Tesla លេខ 5, Berkshire Hathaway លេខ 6៕

  • រថយន្ត​អគ្គិសនី Apple Car តម្លៃ​ក្រោម 100,000 ដុល្លារ បង្ហាញខ្លួន​នៅ​ឆ្នាំ 2026

    រថយន្ត​អគ្គិសនី Apple Car តម្លៃ​ក្រោម 100,000 ដុល្លារ បង្ហាញខ្លួន​នៅ​ឆ្នាំ 2026

    យោងតាម Bloomberg ក្រុមហ៊ុន Apple កំពុង​កំណត់​គោលដៅ​បញ្ចេញ​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ 2026 យឺត​ជាង​មួយឆ្នាំ ធៀប​នឹង​គម្រោង​ដំបូង។

    ខុសពី​ផែនការ​ដំបូង រថយន្ត​អគ្គិសនី​នេះ​នឹងមាន​តម្លៃ​ក្រោម 100,000 ដុល្លារ​អាម៉េរិក ហើយ Apple ក៏​នឹង​បោះបង់​មហិច្ឆតា​ដែលថា Apple Car នឹង​បំពាក់​មុខងារ​បើកបរ​ស្វ័យប្រវត្ត​កម្រិត 4 ឬ 5 ដែល​មិនចាំបាច់​មាន​អន្តរាគមន៍​ពី​មនុស្ស។ Apple Car នឹង​ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត​កម្រិត 3 ពោលគឺ​កម្រិត​ខ្ពស់ ប៉ុន្តែ​ត្រូវការ​អន្តរាគមន៍​រប​ស់​អ្នកបើកបរ​នៅក្នុង​ស្ថានការណ៍​គ្រោះថ្នាក់។

    រថយន្ត Apple Car នឹង​អនុញ្ញាតឱ្យ​អ្នកបើកបរ​កំសាន្ត​អារម្មណ៍​ជាមួយនឹង​អេក្រង់​ទូរទស្សន៍ ដូចជា ការលេង​ហ្គេម ឬ​មើល​ភាពយន្ត​ជាដើម នៅពេល​បើកបរ​លើផ្លូវ​ល្បឿន​លឿន។

    ពុំទាន់​មាន​ព័ត៌មាន​ដែលថា Apple នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ណាមួយ​នៅឡើយ ប៉ុន្តែ Apple នឹងចូលរួម​ក្នុងការ​អភិវឌ្ឍ​ផ្នែក​ទន់ និង​ផ្នែក​រឹង​ដើម្បី​ជួយ​ដល់​មុខងារ​បើកបរ​ស្វ័យប្រវត្ត។ នេះ​មិនមែនជា​រឿង​ថ្មី​នៅក្នុង​វិស័យ​ផលិត​រថយន្ត ព្រោះថា កន្លងមក Huawei ក៏​ធ្លាប់បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Seres ដើម្បី​ផលិត AITO M5។

    រថយន្ត​ AITO M5 ដែល​ជា​ផលិត​ផល​នៃ​កិច្ច​សហការ​រវាង Huawei និង Seres

    យោងតាម​អ្នកយកការណ៍​របស់ Bloomberg ក្រុមហ៊ុន Apple កំពុង​ចំណាយ​ប្រាក់​ប្រហែល 1 ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ សម្រាប់​គម្រោង​ផលិត​រថយន្ត Apple Car (Project Titan)។

    ក្រុមហ៊ុន​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​រូបរាង​ចុងក្រោយ​របស់ Apple Car ប៉ុន្តែ​មាន​ព័ត៌មាន​និយាយថា ការ​រចនា​រូបរាង​របស់ Apple Car ត្រូវបាន​កំណត់ថា​នឹង​រួចរាល់​នៅ​ឆ្នាំ 2023 និង​បំពាក់​មុខងារ​នានា​សព្វគ្រប់​នៅ​ឆ្នាំ 2024 ហើយ​សាកល្បង​បើកបរ​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ 2025 មុននឹង​នឹង​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំ 2026។

    តាម​គម្រោង រថយន្ត Apple Car ដែល​នឹងមាន​តម្លៃ​ក្រោម 100,000 ដុល្លារ​អាម៉េរិក​នេះ នឹង​ប្រកួតប្រជែង​ផ្ទាល់​ជាមួយនឹង Tesla Model S ឬ EQS របស់ Mercedes-Benz៕

  • (World Cup 2022)- Messi បំបែក​កំណត់ត្រា​របស់ Pele នៅ World Cup

    (World Cup 2022)- Messi បំបែក​កំណត់ត្រា​របស់ Pele នៅ World Cup

    ការបញ្ជូន​បាល់​ទៅឱ្យ​ខ្សែការពារ Nahuel Molina ស៊ុត​បញ្ចូល​ទី​របស់ ហូ​ឡង់ បានសម្រេច បាន​ជួយ​ឱ្យ Lionel Messi បំបែក​បានកំណត់​ត្រាប​ង្ក​ឱកាស​របស់ Pele ក្នុង​បណ្ដា​វគ្គ​ជម្រុះ​ផ្ទាល់​នៅ World Cup។

    នាទី​ទី 35 Messi បណ្ដើរ​បាល់​នៅ​តំបន់​កណ្ដាល ឆ្លង​ផុត Nathan Ake រួច​បញ្ជូន​បាល់​រហ័ស​ដើម្បីឱ្យ Molina រុលចូល​ទៅកាន់​តំបន់​គ្រោះថ្នាក់ និង​ស៊ុត​ផ្ដាច់ ផ្ដួល​អ្នកចាំទី Andries Noppert របស់ ហូ​ឡង់ ក្នុង​វគ្គ​ជម្រុះ​ផ្ទាល់​របស់ World Cup 2022 កាលពី​យប់មិញ។ «Messi ពិតជា​មិនមែន​មនុស្ស ព្រោះថា មាន​អ្នកណា​ទៅ​ឃើញ​ផ្លូវ​បញ្ជូន​បាល់​បែបនេះ» ទំព័រ SportBible មាន​យោបល់​ដូច្នេះ។

    Messi បង្ក​ឱកាស​សម្រាប់​ការ​ស៊ុត​បញ្ចូល​ទី​ជោគជ័យ​បាន 5 លើក​មកហើយ ក្នុង​វគ្គ​ជម្រុះ​ផ្ទាល់ នៅ World Cup ដែល​នេះ​បាន​ជួយ​ឱ្យ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន រូបនេះ បំបែក​បានកំណត់​ត្រា​ចាស់​របស់ «ស្ដេច​បាល់ទាត់» Pele របស់ ប្រេ​ស៊ី​ល ដែល​ធ្លាប់​បង្ក​ឱកាស​បាន 4 ដង នេះ​បើតាម​ក្រុមហ៊ុន​ស្រាវជ្រាវ Opta។

    កីឡាករ Messi បាន​បង្ក​ឱកាស​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ជោគជ័យ​ជា​លើកដំបូង​នៅ World Cup 2010 ហើយ​បន្ទាប់មក​គឺ​នៅ World Cup 2014, 2018 និង​បច្ចុប្បន្ន៕

    https://www.youtube.com/watch?v=A7RaenXCcig

  • (World Cup 2022)- បេក្ខភាព​ជើងឯក​លំដាប់​ទីមួយ​ត្រូវបាន​ជម្រុះ ខណៈ អា​ហ្ស​ង់​ទីន ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    (World Cup 2022)- បេក្ខភាព​ជើងឯក​លំដាប់​ទីមួយ​ត្រូវបាន​ជម្រុះ ខណៈ អា​ហ្ស​ង់​ទីន ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    កាលពី​យប់​ថ្ងៃទី 09 ធ្នូ Lionel Messi រកបាន​គ្រាប់​បាល់ និង​បង្ក​បាន​ឱកាស ប៉ុន្តែ ការ​ស៊ុត​បញ្ចូល​ទី 2 គ្រាប់​របស់ Wout Weghorst ធ្វើឱ្យ អា​ហ្ស​ង់​ទីន និង ហូ​ឡង់ ត្រូវ​ទាត់​បាល់​ប៉េ​ណាំង​ទី ហើយ អា​ហ្ស​ង់​ទីន​ក៏​ឈ្នះ 4-3 និង​បាន​បន្តដំណើរ​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

    ចំណែក ប្រេ​ស៊ី​ល វិញ កាលពី​យប់​ថ្ងៃទី 09 ធ្នូ ក៏ត្រូវ​បាន ក្រូ​អាត ទម្លាក់​ចេញពី World Cup 2022 ដោយ​ចាញ់ 2-4 នៅក្នុង​ការទា​ត់បាល់​ប៉េ​ណាំង​ទី ក្រោយពី​ពួកគេ​រកបាន 1 គ្រាប់​ដូចគ្នា​ក្នុង​រយៈពេល 120 នាទី ក្នុងការ​ប្រកួត​នៅ​វគ្គ 1/8។

    ការធ្វើដំណើរ​នៅ World Cup 2022 របស់ ប្រេ​ស៊ី​ល បានបញ្ចប់​ដោយ​ការឈឺចាប់​នៅ​ចំពោះមុខ​គូប្រកួត​ដែល​ស័ក្ដិ​សមជា «ស្ដេច​ប៉េ​ណាំង​ទី»។ ក្រូ​អាត បានឈ្នះ​បន្តបន្ទាប់ 4 លើក​នៅក្នុង​ការ​ទាត់​ប៉េ​ណាំង​ទី​នៅ World Cup។

    ក្រុម​អាហ្សង់ទីន

    ការ​ចាញ់​របស់ ប្រេ​ស៊ី​ល នៅ World Cup លើក​នេះ គឺជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត ដោយសារ ប្រេ​ស៊ី​ល ថ្មីៗនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេក្ខភាព​ទីមួយ​សម្រាប់​តំណែង​ជើងឯក World Cup 2022 ប៉ុន្តែ​បែរជា​ចាញ់​គូប្រកួត​ដែល​ត្រូវបាន​វាយតម្លៃ​ទាប​ទៅវិញ។

    ក្រោយ​ការប្រកួត​ចាញ់ ក្រូ​អាត គ្រូបង្វឹក​របស់ ប្រេ​ស៊ី​ល សុំ​លាឈប់​ពី​តំណែង។ ចំណែក Messi វិញ​ក៏បាន​បំបែក​កំណត់ត្រា​របស់ Pele នៅ World Cup បន្ទាប់ពី អា​ហ្ស​ង់​ទីន ឈ្នះ ហូ​ឡង់ កាលពី​យប់មិញ៕

  • មហាសេដ្ឋី​បារាំង បន្ត​ដណ្ដើមបាន​តំណែង​អ្នកមាន​ជាងគេ​លើ​លោក​ពី​ម្ចាស់ Tesla

    មហាសេដ្ឋី​បារាំង បន្ត​ដណ្ដើមបាន​តំណែង​អ្នកមាន​ជាងគេ​លើ​លោក​ពី​ម្ចាស់ Tesla

    ដោយមាន​សមត្ថភាព​ផ្នែក​ជំនួញ​ដ៏​អស្ចារ្យ​តែ​ពី​នៅ​ក្មេង បច្ចុប្បន្ន​មហាសេដ្ឋី​បារាំង Bernard Arnault គឺជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក ដោយ​ទើបតែ​ដណ្ដើមបាន​តំណែង​នេះ​កាលពី​ព្រឹក​មិញ។

    បង្កើតបាន​ក្រុមហ៊ុន LVMH ដ៏​ធំ​ដែលជា​អ្នកគ្រប់គ្រង​យីហោ​ប្រណិត Louis Vuitton, Tag Heuer, Christian Dior និង Celine។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 09 ធ្នូ 2022 មហាសេដ្ឋី Bernard Arnault និង​គ្រួសារ នាំមុខគេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ទៅតាម​ពេលវេលា​ជាក់ស្ដែងភ្លាមៗរបស់ Forbes ដោយមាន​ទ្រព្យ​តម្លៃ 186.6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ចំណែក​មហាសេដ្ឋី Elon Musk ដែលជា​ស្ថាបនិក​របស់ Tesla វិញ ឈរ​លំដាប់​ទី​ពីរ ដោយមាន​ទ្រព្យ​តម្លៃ 185 ពាន់​លាន​ដុល្លារ។

    ដោយមាន​សមត្ថភាព​ផ្នែក​ជំនួញ​ដ៏​អស្ចារ្យ​តែ​ពី​នៅ​ក្មេង មហាសេដ្ឋី​បារាំង Bernard Arnault បង្កើតបាន​ក្រុមហ៊ុន​ដ៏​ធំ LVMH ដែល​គ្រប់គ្រង​យីហោ​ផលិតផល​ប្រណិត Louis Vuitton, Tag Heuer, Christian Dior និង Celine។ លោក Bernard Arnault គឺជា​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់ LVMH។

    តារាង​ចំណាត់​ថ្នាក់​មហា​សេដ្ឋី

    លោក Bernard Arnault កើត​ឆ្នាំ 1949 នៅក្នុង​គ្រសារ​ធូរធារ​មួយ​ដែល​ប្រកប​មុខ​ជំនួញ​នៅ Roubaix ប្រទេស​បារាំង។ ឪពុក​របស់គាត់​មាន​ក្រុមហ៊ុន​សំណង់ Ferret-Savinel ចំណែក​ម្ដាយ​គឺជា​អ្នក​ចូលចិត្ត​សម្លៀកបំពាក់​ប្រណិត​របស់ Dior។

    តាំងពី​នៅ​ក្មេង Bernard Arnault បានបង្ហាញ​នូវ​សមត្ថភាព​រកស៊ី​ដែល​គួរឱ្យ​កោតសរសើរ។ សមត្ថភាព​ផ្ទាល់ខ្លួន បូក​នឹង​ការសិក្សា រួម​នឹង​ការទទួលបាន​បទពិសោធ​ន៍​ពី​ឪពុក​ទៀត​នោះ លោក Bernard Arnault ក៏​ចេះតែ​ទទួលបាន​ជោគជ័យ​នៅក្នុង​មុខ​ជំនួញ៕

  • យន្តហោះ​អគ្គិសនី​ផ្ទាល់ខ្លួន​ប្រភេទ​ហោះ​ឡើង-ចុះចត​ដោយ​ត្រង់ តម្លៃ 99 ពាន់​ដុល្លារ​អាម៉េរិក

    យន្តហោះ​អគ្គិសនី​ផ្ទាល់ខ្លួន​ប្រភេទ​ហោះ​ឡើង-ចុះចត​ដោយ​ត្រង់ តម្លៃ 99 ពាន់​ដុល្លារ​អាម៉េរិក

    (សហរដ្ឋ​អាម៉េរិក)- យន្តហោះ​អគ្គិសនី Dragon ដែលមាន​ស្លាប​កង្ហារ​ចំនួន 8 និង​ល្បឿន 101 គីឡូម៉ែត្រ/ម៉ោង ត្រូវបាន​លក់​ក្នុងតម្លៃ 99 ពាន់​ដុល្លារ​អាម៉េរិក។

    ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​អាម៉េរិក RotorX បាន​ចូលប្រលូក​ក្នុងការ​ប្រកួត​លើ​វិស័យ​យន្តហោះ​អគ្គិសនី (eVTOL) ផ្ទាល់ខ្លួន ដែល​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ ជាមួយនឹង​ម៉ូ​ដែល​យន្តហោះ​ដែលមាន​ស្លាប់​កង្ហារ​ច្រើន ឈ្មោះ Dragon នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 08 ធ្នូ។

    យន្តហោះ Dragon អាច​ដឹក​ទម្ងន់​បាន 113 គីឡូក្រាម អាច​ត្រូវបាន​បញ្ជា​ដោយ​ចង្កូត អាច​ហោះ​បណ្ដែត​ខ្លួន​ដោយ​ស្វ័យប្រវត្ត និង​ចុះចត​ដោយ​ស្វ័យប្រវត្ត។ យន្តហោះ​នេះ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី 16 kW សម្រាប់​កង្ហារនីមួយ។ ដើម្បី​ធានា​សុវត្ថិភាព ក្រុមហ៊ុន RotorX ក៏បាន​បំពាក់​ឆត្រយោង​មួយ​ផងដែរ។ អ្នកបើកបរ​មិនបាច់​មាន​បណ្ណ​បើកបរ​ឡើយ។

    ដូច​ទៅនឹង Jetson One របស់ ក្រុមហ៊ុន​ស៊ុយអែត យន្តហោះ Dragon អាច​ហោះ​ក្នុង​មួយ​ជើងបាន​រយៈពេល​ប្រហែល 20 នាទី និង​មាន​ល្បឿន 101 គីឡូម៉ែត្រ/ម៉ោង។ អ្នកទិញ​យន្តហោះ Dragon នឹង​ទទួលបាន​ឧបករណ៍​សម្រាប់​ដំឡើង ឬ​រុះរើ​ដោយ​ខ្លួនឯង។ ប៉ុន្តែ ក៏​អាច​ទៅកាន់​ទីស្នាក់ការ Advanced Tactics នៅ California ដើម្បី​ដំឡើង​យន្តហោះ និង​ទទួល​ការបណ្ដុះបណ្ដាល​ផងដែរ។

    RotorX នឹង​ចាប់ផ្ដើម​ប្រគល់​ទំនិញ​ដល់​អតិថិជន​នៅ​ខែសីហា 2023។ ខណៈដែល​តម្លៃ​របស់ Jetson One គឺ 92,000 ដុល្លារ​អាម៉េរិក តម្លៃ​លក់​តាម​ការគ្រោង​ទុន​របស់ Dragon គឺ 99,000 ដុល្លារ។ ប៉ុន្តែ RotorX កំពុង​ទទួល​ការបញ្ជាទិញ​ជាមុន​ដោយ​តម្លៃ​កក់ 19,500 ដុល្លារ និង​តម្លៃ​លក់​ដំបូង​ត្រឹមតែ 85,000 ដុល្លារ​ប៉ុណ្ណោះ៕

  • (World Cup 2022) – អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល ចង់ឃើញ Messi យំ ខណៈ​ឱកាស​ប៉ះគ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ 43%

    (World Cup 2022) – អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល ចង់ឃើញ Messi យំ ខណៈ​ឱកាស​ប៉ះគ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ 43%

    អតីត​ខ្សែប្រយុទ្ធ Fred និយាយថា គាត់​ចង់ឃើញ ប្រេ​ស៊ី​ល ប៉ះ អា​ហ្ស​ង់​ទីន នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។

    «ខ្ញុំ​សង្ឃឹមថា ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន នឹង​ប្រយុទ្ធ​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ» Fred និយាយ​នៅលើ​ទូរទស្សន៍ TV Globo ដូច្នេះ។ «ខ្ញុំ​ចង់ឃើញ​ការប្រកួត​នោះ​ច្របូកច្របល់ ប្រវាយប្រតប់។ Neymar នឹង​ស៊ុត​បញ្ចូល​ទី​ពី​ការពិន័យ ហើយ Messi ត្រូវ​យំ»។

    Fred លេង​ឱ្យ ប្រេ​ស៊ី​ល ក្នុងអំឡុង​ពី​ឆ្នាំ 2005 ដល់ 2014 ក្នុងនោះ​គាត់​បាន​ចូលរួម និង​រកបាន​គ្រាប់​បាល់​នៅ World Cup 2006 និង 2014។ កីឡាករ​រូបនេះ​ចំណាយពេល​ច្រើន​ក្នុង​អាជីព​សម្រាប់​ការលេង​ឱ្យ​ក្លឹប​ប្រេ​ស៊ី​ល លើកលែងតែ​ដំណាក់​កាលពី​ឆ្នាំ 2005-2009 ដែល​លេង​ឱ្យ Lyon។ កីឡាករ​ខ្សែប្រយុទ្ធ​វ័យ 39 ឆ្នាំនេះ បាន​ចូលនិវត្តន៍​កាលពី​ខែមេសា 2022 ព្រោះតែ​រងរបួស​ច្រើន។

    ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន បាន​ប៉ះគ្នា 4 ប្រកួត​នៅ World Cup ហើយ​សុទ្ធតែ​មានការ​ប្រកួត​យ៉ាង​ស្វិតស្វាញ និង​ហិង្សា។ លើកដំបូង​គឺ​នៅ World Cup 1974 នៅ អាល្លឺម៉ង់​ខាងលិច ដែល​កាលណោះ អា​ហ្ស​ង់​ទីន ចាញ់ ប្រេ​ស៊ី​ល 1-2 និង​ត្រូវ​ជម្រុះ​ត្រឹម​ជុំ​ទី​ពីរ​នៃ​វគ្គ​ចែក​ពូ​ល ដែល​ប្រហាក់ប្រហែល​នឹង​វគ្គ 1/8 បច្ចុប្បន្ន។

    4 ឆ្នាំ​ក្រោយមក (1978) ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន ស្មើគ្នា 0-0 នៅ​ជុំ​ទី​ពីរ​នៃ​វគ្គ​ចែក​ពូ​ល ប៉ុន្តែ​ចុងក្រោយ Mario Kempes និង​មិត្ត​រួម​ក្រុម​អា​ហ្ស​ង់​ទីន ដណ្ដើមបាន​សិទ្ធិ​ធ្វើដំណើរ​ទៅមុខ និង​យកបាន​ពានរង្វាន់​ជើងឯក។

    Fred អតីតខ្សែប្រយុទ្ធប្រេស៊ីល

    World Cup 1982 នៅ អេ​ស្ប៉ា​ញ ក្រុម​ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន បាន​ជួបគ្នា​ម្ដងទៀត។ លើក​នេះ ប្រេ​ស៊ី​ល ឈ្នះ 3-1 ចំណែក Diego Maradona ត្រូវ​ទទួល​កាត​ក្រហម ដោយសារតែ​ទាត់​ខ្សែបម្រើ Batista។ World Cup 1990 នៅ អ៊ីតាលី ប្រេ​ស៊ី​ល ចាញ់ អា​ហ្ស​ង់​ទីន 0-1 ហើយ​នៅក្រោយ​ការប្រកួត កីឡាករ​ប្រេ​ស៊ី​ល ចោទថា ក្រុម​គ្រូបង្វឹក​របស់ អា​ហ្ស​ង់​ទីន បានឱ្យ​ដប​ទឹក​មាន​ថ្នាំ​ងងុយដេក​មកឱ្យ​ខ្លួន​ផឹក តែ​ក្រោយមកទៀត Maradona ឱ្យដឹងថា នោះ​គឺជា​ទឹក​ទេព។

    ដើម្បី​ប៉ះគ្នា​លើក​ទី 5 នៅ World Cup ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន សុទ្ធតែ​ត្រូវ​ឈ្នះ ក្រូ​អាត និង ហូ​ឡង់ នៅ​វគ្គ 1/8។ FiveThityEight យល់ថា ឱកាស​ដើរ​បន្ត​របស់ ប្រេ​ស៊ី​ល គឺ 77% ចំណែក អា​ហ្ស​ង់​ទីន គឺ 56%។ ប្រការនេះ​បង្ហាញថា ភាគរយ​នៃ​ការ​ប៉ះគ្នា​របស់ ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទីន នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ 43%៕