Category: សង្គម និងសេដ្ឋកិច្ច

  • Vespa សម្ពោធ​ម៉ូតូ​ស៊េរី​ថ្មី 2 ម៉ូ​ដែល​ក្នុង​ទីផ្សារ​កម្ពុជា

    Vespa សម្ពោធ​ម៉ូតូ​ស៊េរី​ថ្មី 2 ម៉ូ​ដែល​ក្នុង​ទីផ្សារ​កម្ពុជា

    ក្រោយ​ជោគជ័យ​លើ​ទីផ្សារ​ម៉ូតូ​បែប​ប្រណីត​រួចមក ក្រុមហ៊ុន Narita Vespa Cambodia  ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ម៉ូតូ Vespa បានធ្វើ​ការដាក់​សម្ពោធ​ម៉ូតូ​ស៊េរី​ថ្មី​គឺ Vespa Primavera និង Sprint មក​ក្នុង​ទីផ្សារ​កម្ពុជា ជាមួយនឹង​ការបំពាក់​បច្ចេកវិទ្យា​ទំនើប កម្លាំង​ខ្លាំង តែ​ស៊ីសាំង​តិចជាង​មុន។

    លោក ឡុង ណា​រិ​ទ្ធ អគ្គនាយក​ក្រុមហ៊ុន​ណា​រីតា វេស្ប៉ា បានឱ្យដឹងថា ម៉ូតូ​ដែល​ក្រុមហ៊ុន​ទើប​ដាក់​បង្ហាញ​នេះ វា​ជា​ម៉ូតូ​ជំនាន់​ថ្មី​ដ៏​ទំនើប ត្រូវបាន​ផលិតឡើង​តាម​បច្ចេកវិទ្យា​របស់​អ៊ីតាលី មាន​សមត្ថភាព​អាច​បើកបរ​កាន់តែ​ប្រសើរ ស៊ីសាំង​តិច សំឡេង​ស្ងាត់ និង​មាន​លំនឹង​ល្អ​ទោះ​បើកបរ​ក្នុងស្ថានភាព​ផ្លូវ​បែបណាក៏ដោយ។ មួយវិញទៀត ម៉ូតូ​ទាំងពីរ​នេះ​ក៏មាន​បំពាក់​នូវ​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព ABS និង​មាន​ប្រភេទ​ម៉ាស៊ីន ដែល​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ដែល​កើតចេញពី​ការបញ្ចេញ​ផ្សែង​ពុល​ទៀតផង។

    ក្នុង​ឆ្នាំ 2014 ម៉ូតូ​ទាំង​ពីរបាន​ចាប់បដិសន្ធិ​ឡើង​សម្រាប់​ជំនួស​ឱ្យ​ម៉ូ​ដែល Vespa ស៊េរី​ចាស់​ដែលមាន​ទំហំតូចៗ ហើយ​ត្រូវបាន​កែលម្អ​លក្ខណៈ​បច្ចេកទេស​ដូចគ្នា​ទាំងអស់ ខុស​តែ​ការ​រចនា​រូបរាង​មួយចំនួន​តែប៉ុណ្ណោះ ដោយ Vespa Primavera នេះ​មាន​ចង្កៀង​មុខ​មូល ខណៈ​Sprint មាន​ចង្កៀង​មុខ​ជ្រុង។ ម៉ូតូ Vespa Primavera និង Sprint ត្រូវបាន​បំពាក់​នូវ​ម៉ាស៊ីន​កម្លាំង 2 ជម្រើស 125cc និង 150 cc ហើយ​មាន​រង្វង់​កង់ 12 អ៊ី​ញ។ ក្រៅពីនេះ​វា​ក៏មាន​រន្ធ USB សម្រាប់​ការ​សាក​ថ្ម​ទូរស័ព្ទ និង​មាន​ប្រអប់​សម្រាប់​ដាក់​ឥ​វ៉ាន់​ធំ​ទូលាយ រួម​នឹង​បំពាក់​ប្រព័ន្ធ​ការពារ​ចោរលួច​ដ៏​ទំនើប​ផងដែរ៕

     

     

  • បុគ្គលិកក្រុមហ៊ុន Samsung ស្ម័គ្រចិត្តបរិច្ចាគឈាមជួយសម្រួលដល់ការខ្វះខាតឈាម

    បុគ្គលិកក្រុមហ៊ុន Samsung ស្ម័គ្រចិត្តបរិច្ចាគឈាមជួយសម្រួលដល់ការខ្វះខាតឈាម

    បុគ្គលិកមកពីក្រុមហ៊ុន Samsung ថៃ សាខាកម្ពុជា បានរួមគ្នាម្តងទៀតដើម្បីបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) ដែលរៀបចំឡើងកាលពីថ្ងៃទី19 ខែឧសភា ឆ្នាំ2017 ដែលវាជាផ្នែកមួយនៃកម្មវិធី Samsung Love & Care របស់ក្រុមហ៊ុនដែលតែងតែផ្តល់នូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាតាមរយៈសកម្មភាពមនុស្សធម៌នានា។

    លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុន Samsung ថៃអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនតែងយកចិត្តទុកដាក់ក្នុងកិច្ចការមនុស្សធម៌ក្នុងសង្គម បន្ថែមពីលើការជំរុញឱ្យផ្នែកបច្ចេកវិទ្យាផលិតផល និងការច្នៃប្រឌិត ហើយយើងសង្ឃឹមថា នឹងអាចធ្វើឱ្យជីវិតមនុស្សកាន់តែប្រសើរឡើង។

    លោកបន្តថា Samsung ជឿជាក់ថាការកសាងសង្គមប្រកបដោយភាពទទួលខុសត្រូវ និងការយកចិត្តទុកដាក់គឺចាប់ផ្តើមចេញពីខ្លួនយើងម្នាក់ៗ ដូច្នេះហើយបានជាក្រុមហ៊ុនធ្វើការបរិច្ចាគឈាមនេះជារៀងរាល់ឆ្នាំ ហើយយើងបានធ្វើវាពីចេញពីក្រឪបេះដូងរបស់យើង។

    ជាចុងក្រោយនេះ ក្រុមហ៊ុនក៏សូមសំណូមពរឱ្យសាធារណជន និងប្រិយមិត្តអ្នកអានទាំងអស់ ដែលគិតថាខ្លួនមានសុខភាពល្អគ្រប់គ្រាន់ដើម្បីផ្តល់ឈាមសម្រាប់អ្នកដែលត្រូវការជាបន្ទាន់ សូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាមតាមរយៈទូរស័ព្ទលេខ 092 99 8000៕

  • ពលរដ្ឋ​ក្នុង​អាគារ​ប៊ុល​ឌិ​ង-ស​ចំនួន81% ព្រម​ទទួល​សំណង​ពី​ក្រសួង​ដែនដី

    ពលរដ្ឋ​ក្នុង​អាគារ​ប៊ុល​ឌិ​ង-ស​ចំនួន81% ព្រម​ទទួល​សំណង​ពី​ក្រសួង​ដែនដី

    គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី19 ខែឧសភា ឆ្នាំ2017 ម្សិលមិញ​នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​អគារ​ប៊ុល​ឌិ​ង-សបាន​ចុះហត្ថលេខា​ព្រម​ទទួលយក​សំណង​ពី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ប្រមាណ​ជា81%ដែល​ស្មើនឹង398បន្ទប់​ហើយ ក្នុងចំណោម​ពលរដ្ឋ​រស់នៅ​លើ​អាគារ​នេះ​ទាំងអស់​ចំនួន 493បន្ទប់។

    ដោយឡែក​ពលរដ្ឋ​ដែល​នៅសល់​ចំនួន95បន្ទប់​បាន​ណាត់​ពេល​មក​ចុះកិច្ចសន្យា​ចំនួន25បន្ទប់​ថែមទៀត​ហើយ ដែល​សរុប​រួម​ចំនួន​បន្ទប់​ដែល​មក​ចុះកិច្ចសន្យា​យល់ព្រម​លក់បាន​កើនឡើង​ដល់423បន្ទប់ ដែល​ស្មើនឹង 86% រីឯ​ម្ចាស់​បន្ទប់​ស្នាក់នៅ​ចំនួន 70 បន្ទប់​ទៀត​នឹង​អញ្ជើញ​មក​ចុះកិច្ចសន្យា​ជា​បន្តបន្ទាប់​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ក្រុមការងារ​នៅចាំ​ទទួល​បម្រើការ​រៀងរាល់ថ្ងៃ​ទាំង​ក្នុង​ថ្ងៃ​ឈប់សម្រាក​ផងដែរ។

    យ៉ាងណាក៏ដោយ​ពលរដ្ឋ​នៅ​ជាន់​ក្រោម​បង្អស់ ឬ​ជាន់​ផ្ទាល់​ដី​មួយចំនួន នៅ​មិនទាន់​យល់ព្រម​ទទួលយក​សំណង​ក្នុងតម្លៃ 1400ដុល្លារ​អាមេរិក​ក្នុង1ម៉ែត្រការ៉េ​នេះ​ដូច​អ្នក​នៅ​ជាន់​លើ​នៅឡើយ​ទេ ដោយ​សំអាងថា​នៅ​ជាន់​ក្រោម ពួកគាត់​អាចធ្វើ​អាជីវកម្ម និង​ប្រកបមុខរបរ​លក់ដូរ​ទំនិញផ្សេងៗ ដែល​អាច​រក​ចំណូល​សម្រាប់​សេដ្ឋកិច្ចរ​បស់​គ្រួសារ​ពួកគាត់​បាន៕

     

     

  • 7 រឿងគួរប្រតិបត្តិក្នុងជីវិត រួមគោលគំនិតពីព្រះធម៌

    7 រឿងគួរប្រតិបត្តិក្នុងជីវិត រួមគោលគំនិតពីព្រះធម៌

    1 –  សម្លឹងមើលពិភពលោកក្នុងន័យល្អ   ជីវិតក៏មានតែរឿងរីករាយ
    សម្លឹងមើលពិភពលោកក្នុងន័យអាក្រក់   ជីវិតកករល្អក់ និងទុក្ខសោក
                       “គំនិតល្អៗវិជ្ជមានជាប្រភពនៃសេចក្តីសុខ”

    2 – មនុស្សមានបញ្ញា ច្បាស់ជាប្រើបញ្ញា ក្នុងការកែបញ្ហា
    ចូររៀនយល់ដឹងក្នុងការប្តូរបញ្ហា ឱ្យក្លាយជាបញ្ញា
              “បញ្ញាល្អច្បាស់ជាមានសេចក្តីសុខ”

    3 – បុប្ផារីកស្គុសស្គាយ តែក៏ងាយនឹងរុះរោយ
    ឯអំពើល្អរបស់មនុស្សវិញ គង់វង្សពាសពេញជានិរន្តរ៍
    “ជីវិតរបស់មនុស្សល្អ គឺជីវិតដែលមានតែសេចក្តីសុខ”

    4 – បាបមិត្ត គឺ មិត្តអាក្រក់ មិត្តដែលនាំទៅរកអំពើបាប
    កល្យាណមិត្ត គឺ មិត្តល្អ ចូរសេពគប់ចុះ
    សម្ព័ន្ធមិត្ត គឺ មិត្តដែលចងសម្ព័ន្ធនឹងគ្នាព្រោះផលប្រយោជន៍ មិត្តបែបហ្នឹង ចូរប្រយ័ត្ន!
                                   “មានសម្ព័ន្ធភាពល្អ ជីវិតក៏មានសេចក្តីសុខ”

    5 – ចូរមានសេចក្តីសុខខណៈធ្វើការ
    ចូររីករាយចិន្តាខណៈដកដង្ហើម
    “ធ្វើការងារល្អ ជីវិតក៏មានសេចក្តីសុខ”

    6 – អ្វីគ្រប់យ៉ាងក្នុងលោកនេះ វាត្រឹមត្រូវស្រាប់ទៅហើយ
    មានតែការយល់ឃើញរបស់មនុស្សយើងប៉ុណ្ណោះដែលខុស
    “សម្លឹងមើលពិភពលោកក្នុងន័យល្អ ជីវិតក៏មានសេចក្តីសុខ”

    7 – ក្រុមគ្រួសារគឺ មូលដ្ឋានសំខាន់របស់ជីវិត
    មានក្រុមគ្រួសារល្អ ជីវិតក៏មានសេចក្តីសុខ
    “មានក្រុមគ្រួសារល្អ ជីវិតក៏នឹងមានសេចក្តីសុខទ្វេគុណ”

    រៀបរៀងដោយៈ តាវ៉ែនតា

     

  • ក្រសួងអប់រំ ប្រកាសជ្រើសរើសអ្នកជំនាញវ័យក្មេងទៅបម្រើការនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ

    ក្រសួងអប់រំ ប្រកាសជ្រើសរើសអ្នកជំនាញវ័យក្មេងទៅបម្រើការនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ

    នាពេលថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសជ្រើសរើសមន្ត្រីវ័យក្មេង (Young Professionals) ដើម្បីទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដោយក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ថា យុវជនកម្ពុជាដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬមានសញ្ញាបត្រស្មើអាចដាក់ពាក្យដើម្បីស្នើសុំបម្រើការងារនេះបាន។

     

    លក្ខខណ្ឌនៃការទទួលយកសម្រាប់បំពេញភារកិច្ចនេះ គឺចាំបាច់ត្រូវតែជាយុវជនដែលមានអាយុក្រោម ៣២ឆ្នាំ ចេះភាសាបារាំង និងអង់គ្លេសច្បាស់លាស់។ អ្នកដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យក្នុងកម្មវិធីនេះត្រូវចុះឈ្មោះ និងបំពេញពាក្យសុំតាមបណ្តាញ Online ដែលប្រកាសដោយក្រសួង និងផុតកំណត់នៅខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីចូលរួមប្រឡងនៅខែធ្នូ ឆ្នាំ២០១៧។

    ចំពោះកាលបរិច្ឆេទនៃការប្រឡងជាក់លាក់ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជម្រាបជូនសាធារណជនតាមគេហទំព័រផ្លូវការរបស់ក្រសួងនៅពេលក្រោយ៕

  • កម្ពុជាមានមជ្ឈមណ្ឌលពាណិជ្ជកម្មលើកដំបូងនៅខេត្តសានស៊ីប្រទេសចិន

    កម្ពុជាមានមជ្ឈមណ្ឌលពាណិជ្ជកម្មលើកដំបូងនៅខេត្តសានស៊ីប្រទេសចិន

    មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន «Qujiang Culture Building» ប្រចាំទីក្រុងស៊ីអានខេត្តសានស៊ីប្រទេសចិន ត្រូវបានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅខែឧសភានេះ ដោយមានការអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូដោយប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលចិន។

    មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន ស្ថិតក្នុងទីតាំងនៃអគារពាណិជ្ជកម្មរបស់សមាគមសេដ្ឋកិច្ចវប្បធម៌កម្ពុជា-ចិន ស្ថិតនៅតាមបណ្តោយផ្លូវលេខ292 សង្កាត់គូយាន ទីក្រុងស៊ីអាន ខេត្តសានស៊ី។ មជ្ឈមណ្ឌលនេះគ្រប់គ្រងដោយសមាគមខ្មែរនៅប្រទេសចិន ទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងពាណិជ្ជកម្ម និងជាកន្លែងផ្តល់ព័ត៌មានដល់ពាណិជ្ជករ អ្នកទេសចរ និងវិនិយោគិនទាំងចិន និងជនជាតិបរទេសដទៃទៀតដែលចង់ស្វែងយល់ព័ត៌មានអំពីកម្ពុជា។ នៅក្នុងមជ្ឈមណ្ឌលនេះ គឺមានដាក់តាំងពិព័រណ៌ផលិតផលខ្មែរជាច្រើន ខិត្តប័ណ្ណផ្សព្វផ្សាយពាណិជ្ជកម្ម ព័ត៌មានទាក់ទិនទៅនឹងការវិនិយោគ និងឯកសារផ្សេងៗអំពីកម្ពុជា។

    ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីកាត់ខ្សែបូសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអានបើកឲ្យដំណើរការជាផ្លូវការថា ការបើកសម្ភោធមជ្ឈមណ្ឌលពាណិជ្ជកម្មនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានបើកស្ថានអគ្គកុងស៊ុលនៅទីក្រុងស៊ីអាន ខេត្តសានស៊ី កាលពីថ្ងៃទី17 ខែមិថុនា ឆ្នាំ2015 ដោយគ្របដណ្តប់លើខេត្តសានស៊ី ខេត្តកានស៊ូ និងតំបន់ស្វយ័តនីងសែ។ ចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ គឺកម្ពុជាបាននាំចូលផលិតផលទៅកាន់ខេត្តសានស៊ីមានទំហំទឹកប្រាក់ជាង 42លានដុល្លាក្នុងឆ្នាំ2015 និងជិត53លានដុល្លារក្នុងឆ្នាំ2016។

    ទឹកប្រាក់វិនិយោគរបស់វិនិយោគិនខេត្តសានស៊ី នៅកម្ពុជាមានទំហំ 1,33លានដុល្លារក្នុងឆ្នាំ2015 និងក្នុងឆ្នាំ2015កន្លងទៅនេះដែរ ចំនួនភ្ញៀវទេសចរពីខេត្តសានស៊ី មកកម្ពុជាគឺមានចំនួន1ម៉ឺននាក់។ បច្ចុប្បន្នមាននិស្សិតខ្មែរ 47នាក់ និងមានប្រជាជនខ្មែរ ចំនួន 247 នាក់ស្នាក់នៅខេត្តសានស៊ីផងដែរ។ កាលពីថ្ងៃទី3-5 ខែសីហា ឆ្នាំ2016 ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសានស៊ី។ ជាមួយគ្នានេះដែរមេដឹកនាំខេត្តសានស៊ីក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់នៅកម្ពុជាផងដែរ៕

  • សាច់​ចៀម​ដោត​ចង្កាក់

    សាច់​ចៀម​ដោត​ចង្កាក់

    ធ្លាប់​ឮ និង​ទទួលទាន​ត្រឹមតែ​ជា​សាច់គោ​អាំង ឬ​សាច់គោ​ដោត​ចង្កាក់​អាំង តែ​ពេលនេះ​អាច​ទំនង​ជាមាន​ភាពខុសប្លែក​គ្នា​បន្តិច​ហើយ ដ្បិត ឡា​រ៉ែ​ន បាន​នាំយកមក​នូវមុខ​ម្ហូប​ថ្មី​មួយទៀត​ដែល​បង្កើតឡើង​ដោយ​ចុងភៅ​ជំនាញ​មាន​បទពិសោធ​ជាច្រើន​ឆ្នាំ ប្រចាំ​នៅ​ភោជនីយដ្ឋាន Cowboy ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ប៉ាស្ទ័រ កែង​ផ្លូវ​លេខ242 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្កើត​ចេញពី​សាច់​ចៀម រួមជាមួយ​នឹង​បន្លែ នោះ​គឺ​មុខម្ហូប​ដែលមាន​ឈ្មោះថា “សាច់​ចៀម​ដោត​ចង្កាក់​អាំង​ពិសេស”

    + គ្រឿងផ្សំ
    * សាច់​ចៀម
    * ម្ទេស​ប្លោក​ខៀវ
    * ម្ទេស​ប្លោក​ក្រហម
    * ខ្ទឹមបារាំង
    * អំបិល
    * ម្រេច​ម៉ដ្ឋ
    * រ៉ូ​ស្មែ​រី
    * ប្រេង​អូ​លីវ
    * ទឹកជ្រលក់​ម្រេចខ្មៅ​គ្រាប់

    + វិធី​ធ្វើ
    មុនដំបូង​អ្នក​ត្រូវយក​សាច់​ចៀម​លាង​សម្អាត​ឱ្យ​ស្អាត រួច​ជូត​ឱ្យ​ស្ងួត​សឹម​យកទៅ​ប្រឡាក់​ជាមួយ​អំបិល ម្រេច​ម៉ដ្ឋ ប្រេង​អូ​លីវ បន្ទាប់មក​យក​បន្លែ​ដូចជា ម្ទេស​ប្លោក​ខៀវ ម្ទេស​ប្លោក​ក្រហម ខ្ទឹមបារាំង​ដោយ​កាត់​ជា​ដុំ (តាម​ចំណង់​ចំណូលចិត្ត) ហើយ​យក​ចង្កាក់​ដោត​ជាមួយ​សាច់ រួច​យកទៅ​អាំង​ដោយ​ប្រើ​កម្តៅភ្លើង​ក្ដៅ​ល្មម។ ដោយឡែក​សម្រាប់​កម្រិត​នៃ​ការ​ឆ្អិន លោកអ្នក​កំណត់​បាន​ដោយ​ខ្លួនឯង​ទៅតាម​ចិត្ត​ដែល​អ្នក​ចង់បាន៕

  • វិធីរៀបចំបន្ទប់ទឹកស្អាតស្ទីល Shower Room

    វិធីរៀបចំបន្ទប់ទឹកស្អាតស្ទីល Shower Room

    ប្រទេសយើងស្ថិតនៅក្នុងតំបន់ក្តៅ កិច្ចការងារក្នុងមួយថ្ងៃៗរបស់យើង ត្រូវជួបនឹងធាតុអាកាសផ្សេងៗជាច្រើនទើបយើងចាំបាច់ត្រូវងូតទឹកសម្អាតខ្លួនយ៉ាងតិចបំផុតមួយថ្ងៃ 2ដង គឺព្រឹក និងល្ងាច ឬក្នុងចន្លោះពេលថ្ងៃ ដើម្បីលាងជម្រះវត្ថុកខ្វក់ និងបណ្តេញវត្ថុមិនល្អចេញពីរាងកាយ ដូច្នេះហើយទើបបន្ទប់ទឹកត្រូវតែស្អាត ដើម្បីផ្តល់នូវលក្ខណៈដ៏ល្អប្រសើរបំផុត។

    ការរៀបចំតុបតែងបន្ទប់ទឹកដែលល្អ
    1. គួរញែកបរិវេណផ្នែកទទឹក និងផ្នែកស្ងួតឱ្យដាច់ចេញពីគ្នា ដើម្បីសុវត្ថិភាព មិនរអិលដួលក្នុងអំឡុងពេលប្រើការ ដោយផ្នែកដែលទទឹកគឺ បរិវេណងូតទឹក ហើយផ្នែកស្ងួតគឺ បរិវេណបង្គន់ កន្លែងលុបមុខ និងបរិវេណតែងខ្លួន។

    2. សុវត្ថិភាពខាងក្នុងបន្ទប់ទឹក ឧបករណ៍ក្រាលកំរាលបន្ទប់ទឹកមិនគួរប្រើឥដ្ឋដែលរលោង តែក៏មិនគ្រើមជ្រុលពេកដែរ គួរមានបង្កាន់ដៃចាប់នៅជាប់នឹងជញ្ជាំងក្បែរបង្គន់សម្រាប់មនុស្សចាស់។ បើមានព្រីភ្លើងនៅក្នុងបន្ទប់ទឹក គួរបំពាក់នៅត្រង់ចំណុចណាដែលទឹកខ្ទាតមិនដល់។

    3. ពន្លឺ និងការបញ្ចេញខ្យល់អាកាសក្នុងបន្ទប់ទឹក គួរមានបង្អួចនៅផ្នែកណាមួយក្នុងបន្ទប់ទឹក ដោយដាក់ឱ្យខ្ពស់បំផុតកុំឱ្យខាងក្រៅមើលចូលមកឃើញ និងទទួលបានពន្លឺព្រះអាទិត្យចាំងចូលមកផង។ បំពាក់អំពូលភ្លើងបន្ថែមសម្រាប់បំភ្លឺនៅពេលយប់ ឬសម្រាប់ការប្រើការផ្សេងៗ ដូចជា ស្លៀកពាក់ តុបតែងមុខ ឬកោរពុកមាត់ជាដើម។

    4. ស្ទីលរបស់បន្ទប់ទឹកនៅក្នុងតំបន់ក្តៅដូចប្រទេសយើងស័ក្តិសមនឹងស្ទីល Shower Room ឬបែបប្រើចំពួយទឹកផ្កាឈូក តែផ្ទះខ្លះក៏មានអាងងូតទឹកនៅក្នុងបន្ទប់ទឹកដែរ។ ចំណែកការតុបតែងបន្ទប់ទឹក ចង់ប្រើក្បាច់ក្បូរនៅលើកម្រាលឥដ្ឋ ឬជញ្ជាំង ម៉ូដអាងលុបលាងមុខ ឬរូបបែបនៃកន្លែងថ្នាក់ៗសម្រាប់ដាក់របស់របរជាដើមអាស្រ័យ លើចំណង់ចំណូលចិត្ត និងការនិយមរបស់ម្ចាស់ផ្ទះ តែអ្វីដែលសំខាន់ គឺត្រូវថែរក្សាភាពស្អាត និងមានអនាម័យល្អជានិច្ច៕

  • Real រំពឹងអាចលើកពាន La Liga នៅថ្ងៃអាទិត្យនេះបើឈ្នះ Malaga

    Real រំពឹងអាចលើកពាន La Liga នៅថ្ងៃអាទិត្យនេះបើឈ្នះ Malaga

    ក្រុមយក្ស Real Madrid កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការលើកពានក្របខ័ណ្ឌ La Liga ជាលើកទី១របស់ពួកគេក្នុងរយៈពេល៥ឆ្នាំ នៅថ្ងៃអាទិត្យស្អែកនេះ ខណៈដែលក្រុមរបស់លោក Zinedine Zidane នេះកំពុងនាំមុខ៣ពិន្ទុដាច់លើក្រុម Barcelona នៅមុនពេលឈានដល់ថ្ងៃប្រកួតចុងក្រោយនៃរដូវកាលនេះ តែទាំងអស់នេះ Barca ត្រូវតែផ្តួលក្រុម Eibar ក្នុងផ្ទះខ្លួនឯងឱ្យបានជាមុនសិនដើម្បីទទួលបានឱកាសមួយ ក្នុងការលើកពានក្របខ័ណ្ឌកំពូលអេស្ប៉ាញជាលើកទី៣ជាប់ៗគ្នា មុននឹងលោក Luis Enrique ចាកចេញនៅកីឡដ្ឋាន Camp Nou នៅចុងរដូវកាលនេះ។

    ឯ Real វិញកំពុងស្ថិតក្នុងទម្រង់លេងយ៉ាងរឹងមាំ ខណៈកំពុងបោះជំហានឆ្ពោះទៅកាន់ការលើកពាន តាមរយៈការផ្តួលក្រុម Sevilla និង Celta Vigo ក្នុងលទ្ធផល ៤-១ ដូចគ្នា កាលពីសប្តាហ៍មុន ស្របពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់។ ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម Celta លោក Zidane បានធ្វើការព្រមានថា៖ «យើងត្រូវតែបន្តនូវអ្វីដែលយើងកំពុងតែធ្វើ ពីព្រោះការប្រកួតលីកនេះមិនទាន់បញ្ចប់នៅឡើយទេ»។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រោយពីចាញ់ក្នុងការប្រកួតលីកត្រឹមតែ៣លើកនៅរដូវកាលនេះ វានឹងក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយប្រសិនបើក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ Malaga បានផ្តល់ការខកចិត្តមួយទៀតដល់ក្រុម Real នៅដំណាក់កាលចុងក្រោយនោះ។

    ក្រុម Malaga ក៏កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អក្នុងក្របខ័ណ្ឌ La Liga នេះផងដែរ ក្រោយពីដណ្តើមបាន១៣ពិន្ទុពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។ Malaga ក៏បានធ្វើឲ្យក្រុម Real ព្រួយបារម្ភផងដែរ ក្រោយពីបានផ្តួលក្រុម Barcelona ក្នុងលទ្ធផល ២-០ កាលពីខែមុន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕
    ប្រភពពី៖ Daily Star

  • ផ្ទះបាយ នឹងលែងមាន​សត្វ​កន្លាត​ ដោយគ្រាន់តែអនុវត្តតាមវិធីនេះ

    ផ្ទះបាយ នឹងលែងមាន​សត្វ​កន្លាត​ ដោយគ្រាន់តែអនុវត្តតាមវិធីនេះ

    ក​ន្លាត ជា​សត្វ​ចង្រៃ​ដែល​តែងតែ​មក​ពួន​សម្ងំ​នៅក្នុង​ចង្ក្រាន​បាយ ក្នុង​ទូ ឬ​នៅក្នុង​ទីកន្លែង​ផ្សេងៗ​ក្នុងផ្ទះ​នោះ មាន​វិធី​កំចាត់​ដ៏​ងាយ​សែន​ងាយ តែ​ស្ត្រី​មេផ្ទះ​ភាគច្រើន អាច​មិន​ដឹង ឬ​គិត​មិន​ដល់​។

    វិធី​នោះ​គឺ យក​គ្រាប់​ម្រេច​ទៅ​ដាក់​នៅ​តាម​កន្លែង​ណា​ដែល​សត្វ​កន្លាត​ចូលចិត្ត​ចេញមក ដោយ​ដាក់​ក្នុង​មួយ​ចំណុច 4-5 គ្រាប់​បាន​ហើយ។ តែ​ប៉ុណ្ណឹង​សត្វ​កន្លាត​នឹង​លែង​ហ៊ាន​មក​រំខាន​ទៀតហើយ ព្រោះ​វា​មិន​ត្រូវ​ធាតុ​គ្នា​ជាមួយនឹង​ក្លិន​គ្រាប់​ម្រេច​ឡើយ មិនចាំបាច់​ប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​នាំ​តែ​អស់​លុយ និង​មាន​គ្រោះថ្នាក់​ដល់​អ្នក​នៅ​ក្នុងផ្ទះ​ឡើយ ដល់​ពេល​គ្រាប់​ម្រេច​នោះ​អស់​ក្លិន ក៏​ដូរ​ដាក់​គ្រាប់​ម្តេច​ថ្មី​ទៀត​ជំនួស​ជា​ការ​ស្រេច​៕