Category: សង្គម និងសេដ្ឋកិច្ច

  • (World Cup 2022)- Ronaldo ត្រូវបាន​ការពារ​ដោយ Nuno Gomes

    (World Cup 2022)- Ronaldo ត្រូវបាន​ការពារ​ដោយ Nuno Gomes

    អតីត​កីឡាករ​ខ្សែប្រយុទ្ធ Nuno Gomes យល់ថា Cristiano Ronaldo មិនគួរ​ត្រូវបាន​រិះគន់​ចំពោះ​អ្វីដែល​គាត់​ធ្វើបាន​នៅ World Cup សម្រាប់ ព័រទុយហ្កាល់។

    Nuno Gomes គិតថា អ្នកគាំទ្រ​មិនគួរ​រំខាន Ronaldo បន្ទាប់ពី ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ ត្រូវបាន​ជម្រុះ​ពី World Cup 2022។ «សូម​ទុកឱ្យ Ronaldo បាន​សុខ​ផង» Gomes និយាយ​ដូច្នេះ និង​បន្ថែមថា «Ronaldo ពូកែ​លំដាប់​កំពូល​លើ​ពិភពលោក​ក្នុង​រយៈពេល 15 ឆ្នាំ​កន្លង ហើយ​គាត់​មិនចាំបាច់​បញ្ជាក់​អ្វី​បន្ថែម​ទៀតឡើយ។ ជនជាតិ​ព័រទុយហ្កាល់ គួរតែ​ដឹងគុណ​ចំពោះ​អ្វីដែល​គាត់​ធ្វើបាន»។

    កីឡាករ Gomes រក​បាល់​បាន 26 គ្រាប់​នៅក្នុង 76 ប្រកួត​សម្រាប់ ព័រទុយហ្កាល់ ក្នុងអំឡុង​ពី​ឆ្នាំ 1996 ដល់ 2011 និង​ជា​មិត្ត​រួម​ក្រុម​ជាមួយ Ronaldo រយៈពេល 8 ឆ្នាំ។ បច្ចុប្បន្ន Ronaldo ជាមួយនឹង​គ្រួសារ​កំពុង​ស្ថិតនៅ កាតា នៅឡើយ ក្រោយពី ព័រទុយហ្កាល់ ត្រូវបាន​ជម្រុះ​ត្រឹម​វគ្គ 1/8 នៅ World Cup 2022។ Ronaldo កំពុង​ជា​កីឡាករ​សេរី និង​មិនទាន់​កំណត់ថា នឹង​ទាត់​ឱ្យ​ក្លឹប​ណា​នៅឡើយ៕

    អតីតកីឡាករខ្សែប្រយុទ្ធរបស់ ព័រទុយហ្កាល់ Nuno Gomes
  • CEO របស់ Xiaomi ចាត់ទុក iPhone ជា​ស្ដង់ដា​សម្រាប់​ប្រកួតប្រជែង

    CEO របស់ Xiaomi ចាត់ទុក iPhone ជា​ស្ដង់ដា​សម្រាប់​ប្រកួតប្រជែង

    សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Xiaomi លោក Lei Jun បានចាត់ទុក iPhone ជា​ស្ដង់ដា​របស់​វិស័យ​បច្ចេកវិទ្យា​ទូរស័ព្ទ និង​ប្ដេជ្ញាចិត្ត​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​របស់ Apple។

    «មិន​ថា​ជា​ផ្នែក​ទន់ ឬ​ផ្នែក​រឹង យើង​ចាត់ទុក iPhone ជា​ស្ដង់ដា» លោក Lei Jun ថ្លែង​ដូច្នេះ​នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ Xiaomi 13 Pro កាលពី​ចុង​សប្ដាហ៍​កន្លង។ សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ Xiaomi រូបនេះ​ក៏បាន​អះអាងថា គំនិត​នេះ​គឺជា «ចំណុច​ចាប់ផ្ដើម ហើយ​តាមរយៈ​នេះ​យើង​អាចមាន​ឱកាស​ដើម្បី​យកឈ្នះ iPhone នាពេល​អនាគត»។

    យោងតាម SCMP ក្រៅពី​ការចាត់ទុក iPhone ជា​ស្ដង់ដា ក្រុមហ៊ុន​ចិន​មួយ​នេះ​ក៏បាន​ចាត់ទុក Apple ជា​គូប្រជែង​ផងដែរ។ នៅក្នុង​ព្រឹត្តិការណ៍​ខាងលើ លោក Jun បាន​សន្យាថា «នឹងធ្វើ​ចិត្ត​ឱ្យ​ក្លាហាន និង​ប្ដេជ្ញាចិត្ត» ដើម្បី​ធ្វើសង្គ្រាម​ជាមួយនឹង​បណ្ដា​ម៉ូ​ដែល iPhone របស់ Apple។

    Xiaomi 13 និង 13 Pro គឺជា​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ថ្មី​ក្នុង​ត្រកូល​លំដាប់​ខ្ពស់​របស់​ក្រុមហ៊ុន​ចិន និង​មានតម្លៃ​បន្តបន្ទាប់​គឺ 3,999 យន់ និង 4,999 យន់។ ផលិតផល​ទាំងនេះ​មានតម្លៃ​ទាប​ជាង​ធៀប​នឹង iPhone 14 ដែលមាន​តម្លៃ​ចាប់ពី 5,999 យន់ នៅ​ប្រទេស​ចិន។

    ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ផលិតផល​ថ្មី​នេះ Xiaomi ក៏បាន​ណែនាំ​ពី​នាឡិកា​ឆ្លាត​វៃ Watch S2 និង​កាស​គ្មាន​ខ្សែ Buds 4 ផងដែរ៕

  • គ្រូបង្វឹក Luis Enrique ថា «Messi ស័ក្ដិសម​នឹងតំណែង​​ជើងឯក World Cup»

    គ្រូបង្វឹក Luis Enrique ថា «Messi ស័ក្ដិសម​នឹងតំណែង​​ជើងឯក World Cup»

    អតីត​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Luis Enrique ចង់ឃើញ Lionel Messi បញ្ចប់​អាជីព​ដែល​ឡើងដល់​កម្រិត​កំពូល​របស់ខ្លួន​ដោយ​នាម​ជា​ជើងឯក World Cup 2022 ជាមួយនឹង អា​ហ្ស​ង់​ទីន។

    «នៅពេល អេ​ស្ប៉ា​ញ មិនអាច​បន្តដំណើរ​ទៅមុខ ខ្ញុំ​ចង់ឱ្យ អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក World Cup ព្រោះថា Lionel Messi ស័ក្ដិសម​នឹង​ទទួល​បាន» គ្រូបង្វឹក Enrique ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី 12 ធ្នូ​ដូច្នេះ។

    «មេទ័ព» វ័យ 52 ឆ្នាំ​រូបនេះ​ធ្លាប់បាន​និយាយ​ដល់​ប្រការនេះ​នៅមុន World Cup ចាប់ផ្ដើម​ការប្រកួត​នៅ កាតា។ ក្រុម​អេ​ស្ប៉ា​ញ របស់ Enrique បាន​ចាញ់​នៅ​វគ្គ 1/8 ក្រោម​ថ្វី​ជើង​របស់ ក្រុម​ម៉ា​រ៉ុ​ក ខណៈដែល អា​ហ្ស​ង់​ទីន ប៉ះ ក្រូ​អាត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​វេលា​ម៉ោង 2 ថ្ងៃទី 14 ធ្នូ​ខាងមុខ។

    «ជាមួយនឹង​អ្វីដែល Messi បានរួម​ចំណែក​ក្នុង​ពិភព​បាល់ទាត់ នឹងមិន​យុត្តិធម៌​ឡើយ​បើសិន​គាត់​ព្យួរ​ស្បែកជើង​ដោយ​មិនទាន់មាន​តំណែង​ជើងឯក World Cup» គ្រូបង្វឹក Enrique បន្ថែម​ដូច្នេះ។ យោងតាម​អតីត​ខ្សែបម្រើ​របស់ Barca កីឡាករ Messi នៅតែមាន​កម្លាំង និង​ចំណូលចិត្ត​គ្រប់គ្រាន់​ដើម្បី​ប្រកួត​សម្រាប់ អា​ហ្ស​ង់​ទីន នៅក្នុង​ការប្រកួត​ដែល​នៅសល់​របស់ World Cup លើក​នេះ។

    លោក Enrique ធ្លាប់បាន​ដឹកនាំ Messi កាលពី​លេង​ឱ្យ Barca ក្នុងអំឡុង​ពី​ឆ្នាំ 2014 ដល់ 2017។ ពួកគេ​រួមគ្នា​ដណ្ដើម​បាន​​ពាន​រង្វាន់​​ពីរ​នៅ La Liga, 3 ពានរង្វាន់​នៅ Copa del Rey, 1 ពាន់​រង្វាន់​នៅ Champions League និង 1 ពាន់​រង្វាន់​នៅ FIFA Club World Cup។ ក្រោយមក គ្រូបង្វឹក Enrique បាន​ដឹកនាំ​ក្រុម​អេ​ស្ប៉ា​ញ ប៉ុន្តែ​មិនទាន់​ដណ្ដើម​បាន​ពាន​រង្វាន់​ណា​មួយ​។ លោក Enrique ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ បញ្ចប់​កិច្ចសន្យា​កាលពី​ថ្ងៃទី 07 ធ្នូ ក្រោយពីត្រូវ​បាន​ជម្រុះ​​នៅ World Cup 2022។

    Messi កំពុង​លេង​នៅ World Cup ក្នុង​រដូវ​កាល​ទី 5 ហើយ​នេះ​ក៏​អាចជា​រដូវ​កាល​ចុងក្រោយ​នៃ​អាជីព​របស់គាត់។ នៅ World Cup 2022 គិត​ត្រឹម​ពេលនេះ Messi រក​បាល់​បាន 4 គ្រាប់ និង​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​ជោគជ័យ​បាន 2 គ្រាប់៕

  • អា​រ៉ា​ប៊ី​សា​អូឌីត មាន​គម្រោង​សាងសង់​អគារ​កម្ពស់ 2 គីឡូម៉ែត្រ ដើម្បី​ «យកឈ្នះ» អគារ Burj Khalifa

    អា​រ៉ា​ប៊ី​សា​អូឌីត មាន​គម្រោង​សាងសង់​អគារ​កម្ពស់ 2 គីឡូម៉ែត្រ ដើម្បី​ «យកឈ្នះ» អគារ Burj Khalifa

    អាជ្ញាធរ​របស់ អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​អញ្ជើញ​បណ្ដា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​មក​គូរ​ប្លង់​សម្រាប់​អគារ​ខ្ពស់បំផុត​ថ្មី​មួយ​ដែល​គ្រោង​នឹង​សាងសង់​នៅ រដ្ឋធានី​រី​យ៉ា​ដ។

    អា​រ៉ា​ប៊ី​សា​អូឌីត នឹង​សង់​អគារ​កម្ពស់ 2 គីឡូម៉ែត្រ​នៅ រី​យ៉ា​ដ នេះ​បើតាម MEED ចុះផ្សាយ​កាលពី​ថ្ងៃទី 07 ធ្នូ 2022។ អគារ​ខ្ពស់កប់ពពក​ថ្មី​ដែល​កំពុង​ត្រូវបាន​ពិចារណា​ដោយ​មូលនិធិ​វិនិយោគសាធារណៈ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) នេះ​នឹង​ស្ថិតនៅក្នុង​តំបន់​ពង្រីក​ថ្មី​ទំហំ 18 គីឡូម៉ែត្រ​ក្រឡា​នៅ​ភាគ​ខាងជើង​នៃ រដ្ឋធានី​រី​យ៉ា​ដ។ អាជ្ញាធរ​កំពុង​កំណត់​តំបន់​ដែល​ត្រូវ​បើក​ការដ្ឋាន​នៅក្បែរ​ព្រលានយន្តហោះ​អន្តជាតិ King Khalid និង​កំពុងធ្វើការ​សិក្សា​លម្អិត។

    អគារ​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក​នាបច្ចុប្បន្ន​គឺ Burj Khalifa នៅ​ទីក្រុង ឌូ​បៃ ដោយមាន​កម្ពស់ 828 ម៉ែត្រ។ យោងតាម​ក្រុម​អ្នកម៉ៅការ​សំណង់ អគារ​ទាំងឡាយណា​ដែលមាន​កម្ពស់ 2 គីឡូម៉ែត្រ ក្នុង​តំបន់ នឹងត្រូវ​ចំណាយ​ថវិកា​សាងសង់​ឡើងដល់ 5 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​អញ្ជើញ​ក្រុមហ៊ុន​អភិវឌ្ឍ​សំណង់ ក្រុមហ៊ុន​ស្ថាបត្យកម្ម​សំណង់ និង​ក្រុមហ៊ុន​គ្រប់គ្រង​គម្រោង​ជាដើម​ចំនួន 8 ស្ថាប័ន ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ក្នុងការ​រចនា​អគារ​កប់​ពពក​ថ្មី​នេះ។

    អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​អនុវត្ត​គម្រោង​សាងសង់ធំៗជាច្រើន ក្នុងនោះ​មានដូចជា គម្រោង​ព្រលានយន្តហោះ​ស្ដេច Khalid និង​មហា​គម្រោង​ទីក្រុង NEOM តម្លៃ 500 ពាន់​លាន​ដុល្លារ​អាម៉េរិក ក៏ដូចជា​ទីក្រុង​បណ្ដោយ​ត្រង់ The Line ប្រវែង 170 គីឡូម៉ែត្រ​ជាដើម៕

  • គ្រោង​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ 1 ទៅកាន់​ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​ចំណាយ​ទុន 200 លាន​ដុល្លារ​អាម៉េរិក

    គ្រោង​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ 1 ទៅកាន់​ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​ចំណាយ​ទុន 200 លាន​ដុល្លារ​អាម៉េរិក

    នៅពេល​ដ៏​ខ្លី​ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា នឹង​សាងសង់​ស្ពាន​ចំនួន 3 ថែមទៀត ក្នុងនោះ ស្ពាន​ទី 1 ឆ្លងកាត់​ទន្លេមេគង្គ ភ្ជាប់​ពី​ក្រចេះ​ទៅ​កំពង់ធំ និង​ស្ពាន 2 ទៀត​នៅ ភ្នំពេញ និង​ខេត្តកណ្ដាល។

    សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំពី​គម្រោង​ខាងលើ​នៅ ប្រទេស​ប៊ែ​ល​ហ្ស៉ិ​ក ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ អឺរ៉ុប កាលពី​យប់​ថ្ងៃទី 12 ធ្នូ 2022។

    យោងតាម​សម្ដេច​តេ​ជោ ស្ពាន​ទាំងនេះ​រួមមាន ៖ ស្ពាន​ទីមួយ ៖ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ត្រង់​ខេត្តក្រចេះ ដែល​ត​ភ្ជាប់​ពី ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្តកំពង់ធំ ហើយនឹង​ត្រូវ​បើក​ការដ្ឋាន​នៅ​ដើមខែ​មករា 2023។ ស្ពាន​ទី​ពីរ ៖ ស្ពាន​មិត្តភាព​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ ដែល​ភ្ជាប់​ពី​ផ្សារ​រាត្រី-ជ្រោយចង្វារ និង​ពី​ជ្រោយចង្វារ-អរិយ​ក្សត្រ។

    ស្ពាន​ទី​បី ៖ ស្ពាន​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ 1 ទៅកាន់​ស្រុក​ល្វាឯម ខេត្តកណ្តាល ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ 200 លាន​ដុល្លារ​អាម៉េរិក។

     

  • (World Cup 2022) – Top 5 កីឡាករ​ឆ្នើម​បំផុត​គិត​ត្រឹម​មុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    (World Cup 2022) – Top 5 កីឡាករ​ឆ្នើម​បំផុត​គិត​ត្រឹម​មុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    ទំព័រ Goal បានជ្រើសរើស​កីឡាករ 5 រូប​ដែល​ត្រូវបាន​ចាត់ទុកថា ឆ្នើម​ជាងគេ គិត​ត្រឹម​មុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022។

    យោងតាម​ទំព័រ Goal កីឡាករ Lionel Mess របស់ អា​ហ្ស​ង់​ទីន កំពុង​នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់ Top 5 ខាងលើ។ គិត​មកដល់​បច្ចុប្បន្ន តារាបាល់ទាត់​វ័យ 35 ឆ្នាំ​រូបនេះ រកបាន 4 គ្រាប់ និង​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​ជោគជ័យ​បាន 2 គ្រាប់។

    ឈរ​លំដាប់​ទី​ពីរ​គឺ Mbappe របស់ ក្រុម​ជម្រើសជាតិ​បារាំង។ ក្នុង 5 ប្រកួត​កន្លងមក កីឡាករ​កើត​ឆ្នាំ 1998 នេះ រកបាន 5 គ្រាប់ ដែលនាំឱ្យ​គាត់​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ស្ដេច​កម្ទេច​សំណាក់។

    លំដាប់​បន្ទាប់​បាន​ទៅលើ​ខ្សែប្រយុទ្ធ Antoine Griezmann (បារាំង), អ្នកចាំទី Donminik Livakovic (ក្រូ​អាត) និង​ខ្សែការពារ Achraf Hakimi (ម៉ា​រ៉ុ​ក)៕

  • (World Cup 2022) – នេះ​ជា​ក្រុម​ដែល​ត្រូវបាន​ព្យាករ​ថា អាច​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​អត្រា​ខ្ពស់បំផុត

    (World Cup 2022) – នេះ​ជា​ក្រុម​ដែល​ត្រូវបាន​ព្យាករ​ថា អាច​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​អត្រា​ខ្ពស់បំផុត

    ស្ថិតិ​របស់ Five Thirty Eight បានបង្ហាញ​អំពី​អត្រា​នៃ​ឱកាស​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​របស់ 4 ក្រុម​ដែលមាន​វត្តមាន​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។

    ការវិភាគ​ដែល​យោងទៅតាម «ស​ន្ទ​ស្សន៍​កម្លាំង​បាល់ទាត់» (SPI) របស់ Five Thirty Eight បាន​បង្ហាញថា អា​ហ្ស​ង់​ទីន គឺជា​ក្រុម​នាំមុខគេ​ស្ដីពី​សមត្ថភាព​នៃ​ការ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022 ក្នុង​អត្រា 37%។

    SPI គឺជា​ពាក្យ​តំណាង​ការ​គណនា​តាមរយៈ​ការដាក់​ពិន្ទុ​លើ​សមត្ថភាព​វាយលុក និង​ការពារ​របស់​បណ្ដា​ក្រុមបាល់ទាត់​ជម្រើសជាតិ។ ចំណែក Five Thirty Eight គឺជា គេហទំព័រ​របស់ អាម៉េរិក ដែល​ផ្ដោតលើ​ការសិក្សា​ស្រាវជ្រាវ ការស្ទង់មតិ ការ​ស្រង់​ស្ថិតិ​ក្នុង​វិស័យ​នយោបាយ កីឡា និង​សេដ្ឋកិច្ច។

    កន្លងមក មុនពេល​គ្រាប់​បាល់ World Cup 2022 ចាប់ផ្ដើម​រមៀល ក្រុម​អា​ហ្ស​ង់​ទីន ឈរ​ត្រឹម​លំដាប់​ទី 4 ប៉ុណ្ណោះ ក្នុងចំណោម​បេក្ខភាព​សម្រាប់​តំណែង​ជើងឯក ដោយមាន​អត្រា 8%។ ដំណាក់​កាលនោះ Five Thirty Eight វាយតម្លៃថា ប្រេ​ស៊ី​ល គឺជា​ក្រុម​ដែល​មានឱកាស​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​ខ្ពស់បំផុត ក្នុង អត្រា 22%។ បន្ទាប់ពី ប្រេ​ស៊ី​ល គឺ​ក្រុម​របស់ អេ​ស្ប៉ា​ញ (11%) និង បារាំង (9%)។

    ក៏ប៉ុន្តែ នៅពេល​វគ្គ 1/8 បានបញ្ចប់ ក្នុង top 4 នៃ​បេក្ខភាព​ជើងឯក​ដែល​ត្រូវបាន​ព្យាករ​ថា មានឱកាស​ច្រើនជាងគេ នៅសល់តែ អា​ហ្ស​ង់​ទីន និង បារាំង។ មុន​នោះ នៅពេល ប្រេ​ស៊ី​ល ត្រូវបាន​ជម្រុះ​ពី​វគ្គ 1/8 ដោយសារតែ​ចាញ់ ក្រូ​អាត ក្នុងការ​ប្រកួត​ទាត់​ប៉េ​ណាំង​ទី អេ​ស្ប៉ា​ញ ឯណោះ​វិញ​ក៏បាន​ចាញ់ ម៉ា​រ៉ុ​ក ហើយក៏​ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​នេះ។

    សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម​ដែល​ឈរ​លំដាប់​បន្ទាប់ពី អា​ហ្ស​ង់​ទីន ស្ដីពី​ដែល​ដែល​ឱកាស​ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក World Cup 2022 គឺ​ក្រុម​របស់ បារាំង ដោយមាន​អត្រា 35%។ បន្ទាប់ពី បារាំង គឺ​ក្រុម​របស់ ក្រូ​អាត ដោយមាន 16% និង​ឈរ​ក្រោយ​គេ​គឺ ម៉ា​រ៉ុ​ក ដោយមាន 13%។

    នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ អា​ហ្ស​ង់​ទីន នឹង​ប៉ះ ក្រូ​អាត នៅ​ម៉ោង 2 ថ្ងៃទី 14 ធ្នូ។ មួយថ្ងៃ​ក្រោយមក នឹងមាន​ការប្រកួតរ​វាង បារាំង និង ម៉ា​រ៉ុ​ក៕

  • គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ-ខេត្តក្រចេះ នឹង​ប្រកាស​បើក​ការដ្ឋាន​នា​ពេល​ឆាបៗ​

    គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ-ខេត្តក្រចេះ នឹង​ប្រកាស​បើក​ការដ្ឋាន​នា​ពេល​ឆាបៗ​

    «គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ-ខេត្តក្រចេះ» និង «គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ លេខ 7 (ពី​ទីប្រជុំជន​ស្គន់ ដល់​ក្រុង​កំពង់ចាម)» គ្រោង​នឹង​រៀបចំ​កម្មវិធី​ប្រកាស​បើក​ការដ្ឋាន​នា​ដើមខែ​មករា ឆ្នាំ 2023 នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​នៅ ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី 12 ធ្នូ 2022 ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​កម្មវិធី​ប្រកាស​បើក​ការដ្ឋាន​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែមករា 2023 ខាងមុខ។

    យោងតាម​ក្រសួង​សាធារណការ គម្រោង​ទាំងនេះ​ទទួលបាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

  • ឧទ្យាន​ផ្ទះ​កញ្ចក់កសិកម្ម​ទំនើប​​មួយ​ផលិត​បន្លែ​បាន 3,600 តោន​ជា​រៀងរាល់ឆ្នាំ

    ឧទ្យាន​ផ្ទះ​កញ្ចក់កសិកម្ម​ទំនើប​​មួយ​ផលិត​បន្លែ​បាន 3,600 តោន​ជា​រៀងរាល់ឆ្នាំ

    Shouguang គឺជា​មជ្ឈមណ្ឌល​ផលិត និង​ចែកចាយ​បន្លែ​ធំជាងគេ​មួយ​នៅ ប្រទេស​ចិន ដោយមាន​ចំការ​បន្លែ​ផ្ទះ​កញ្ចក់​ទំនើប​ជាច្រើន។

    នៅឯ​ឧទ្យាន​កសិកម្ម​ទំនើប​បែប​ថ្មី​នៅ​ទីក្រុង Shouquang ខេត្ត Shandong ប្រទេស​ចិន កសិករ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ក្នុងការ​បេះ​បន្លែ​ក្នុងផ្ទះ​កញ្ចក់។ Ma Xiuli ជា​កសិករ​ដាំ​បន្លែ​មួយរូប​និយាយថា «យើង​ប្រមូល​ផល​ប្រហែល 500 គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ។ ពេលនេះ​ជា​ពេល​ប្រមូល​ផល​កម្រិត​ខ្ពស់។ បរិមាណ​បន្លែ​ក្នុងផ្ទះ​កញ្ចក់​របស់ខ្ញុំ ជា​មធ្យម​ពី 22,500 ដល់ 25,000 គីឡូក្រាម​ក្នុង​មួយឆ្នាំ»។

    Shouguang គឺជា​មជ្ឈមណ្ឌល​ផលិត និង​ចែកចាយ​បន្លែ​ធំជាងគេ​មួយ​នៅ ប្រទេស​ចិន។ ឧទ្យាន​បែប​ទំនើប​ថ្មី​នេះ​មានផ្ទះ​កញ្ចក់​ប្រហែល 160 ខ្នង ផ្ដល់​ទិន្នផល​បន្លែ 3,600 តោន​ជា​រៀងរាល់ឆ្នាំ។

    «ផ្ទះ​កញ្ចក់​របស់​យើង​មាន​សមត្ថភាព​គ្រប់គ្រង​សីតុណ្ហភាព​បានល្អ» លោក Li Guangju មកពី​មន្ទីរ​កសិកម្ម និង​ជនបទ​របស់​ក្រុង Shouquang ថ្លែង​ដូច្នេះ និង​បន្តថា «នៅពេល​សីតុណ្ហភាព​ខាងក្រៅ​ធ្លាក់ចុះ -13 ទៅ -14 អង្សា​សេ យើង​នៅតែ​អាច​កែប្រែ​កម្ដៅ​ខាងក្នុង​ពី 13 ដល់ 14 ឬ​ដល់​ទៅ 15 អង្សា​សេ​ក៏មាន»។

    លោក Li Guangju បញ្ជាក់ថា សីតុណ្ហភាព​ដូចខាងលើ​អាច​ធានា​ចំពោះ​ការរីកលូតលាស់​របស់​តាសក់ផ្អរ ត្រប់ ប៉េងប៉ោះ​ជាដើម។ យោងតាម លោក Li Guangju មជ្ឈមណ្ឌល​ខាងលើ មាន​បំពាក់​ឧបករណ៍​ឆ្លាត​វៃ ដែល​ជួយ​បង្កើន​ទិន្នផល ក៏ដូចជា​គុណភាព​បន្លែ​ផងដែរ។

    ដោយសារតែ Shouquang គឺជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​បន្លែ​មួយ​ដ៏​សំខាន់​របស់ ប្រទេស​ចិន ដូច្នេះ អាជ្ញាធរ ក៏ដូចជា​កសិករ បាន និង​កំពុង​ខិតខំ​ធានា​ការផ្គត់ផ្គង់​បន្លែ​ឱ្យបាន​ទាន់ពេល​សម្រាប់​ទីផ្សារ​នានា​ក្នុងប្រទេស។

    Zhang Linlin មកពី​នាយកដ្ឋាន​កសិក​ម្ម និង​ជនបទ​របស់​ទីក្រុង Shouquang ឱ្យដឹងថា Shouquang គឺជា​ដែនដី​កសិកម្ម​របស់ ប្រទេស​ចិន ដោយមាន​ផ្ទៃដី​ដាំ​ដុះ​សរុប 40,000 ហិកតា ដែល​ផ្ដល់​ទិន្នផល​ប្រចាំឆ្នាំ​ឡើងដល់ 4.5 លាន​តោន៕

  • ស្រី​ស្អាត​ជប៉ុន គ្រង​មកុដ​បវរកញ្ញា​ទេសចរណ៍​ពិភពលោក​ឆ្នាំ 2022

    ស្រី​ស្អាត​ជប៉ុន គ្រង​មកុដ​បវរកញ្ញា​ទេសចរណ៍​ពិភពលោក​ឆ្នាំ 2022

    បវរកញ្ញា​ជប៉ុន Hanawa Erina បាន​គ្រង​មកុដ​បវរកញ្ញា​ទេសចរណ៍​ពិភពលោក​ឆ្នាំ 2022 (Miss Tourism World 2022 នៅក្នុង​រាត្រី​ផ្ដាច់ព្រ័ត្រ ដែល​បាន​ធ្វើឡើង​នៅ ប្រទេស​វៀតណាម កាលពី​យប់​ថ្ងៃទី 10 ធ្នូ។

    តំណាង​របស់ ជប៉ុន គឺ​ស្រី​ស្អាត Erina Hanawa បាន​យកឈ្នះ​លើ​បេក្ខភាព 50 រូប មុននឹង​បាន​គ្រង​មកុដ​បវរកញ្ញា​ទេសចរណ៍​ពិភពលោក​ឆ្នាំ 2022។

    ដោយមាន​សក់​ខ្លី មុខមាត់​ប្រកបដោយ​ភាពស្រស់​ស្រាយ និង​កម្ពស់ 172 សម Erina ធ្លាប់​ទទួលបាន​ពានរង្វាន់​បេ​ក្ខ​នារី​ដែល​ត្រូវបាន​ស្រលាញ់​ចូលចិត្ត​បំផុត។ ស្រី​ស្អាត​រូបនេះ​ក៏​ទទួលបាន​ការសរសើរ​នៅក្នុង​អំឡុង​ចូលរួម​ការប្រលង​បវរកញ្ញា​ទេសចរណ៍​ពិភពលោក​ឆ្នាំ 2022។

    តំណាង​របស់ ហ្វ៊ី​លី​ពី​ន ដណ្ដើមបាន​តំណែង​បវរកញ្ញា​ទេសចរណ៍​ពិភពលោក​លំដាប់​រង​ទីមួយ ខណៈ​បេក្ខភាព​របស់ វៀតណាម ដណ្ដើមបាន​តំណែង​បវរកញ្ញា​លំដាប់​រង​ទី​ពីរ។ ចំណែក​លំដាប់​រង​ទី​បី​បាន​ទៅលើ​តំណាង​មកពី រុស្ស៊ី និង ទី​បួន​បាន​ទៅលើ​តំណាង​មកពី នី​ហ្សេ​រី​យ៉ា។

    នៅក្នុង Top 12 នៃ​រាត្រី​ផ្ដាច់ព្រ័ត្រ​របស់​ព្រឹត្តិការណ៍​ប្រលង​បវរកញ្ញា​ទេសចរណ៍​ពិភពលោក​ឆ្នាំ 2022 រួមមាន ជប៉ុន ឥណ្ឌូណេស៊ី អ៊ីតាលី ថៃ ហ្កា​ណា តួ​ក​គី សិង្ហ​បុរី ចិន ហ្វ៊ី​លី​ពី​ន រុស្ស៊ី នី​ហ្សេ​រី​យ៉ា និង វៀតណាម៕