Category: សង្គម និងសេដ្ឋកិច្ច

  • អាណាព្យាបាលគួរគិតគូរពីឯករាជភាពរបស់កូនៗក្នុងវ័យជំទង់

    អាណាព្យាបាលគួរគិតគូរពីឯករាជភាពរបស់កូនៗក្នុងវ័យជំទង់

    យុវវ័យ ឬវ័យជំទង់ ជាវ័យដែលកូនៗចាប់ផ្តើមបញ្ចេញការជំទាស់ច្រើនបំផុត ដែលធ្វើឱ្យអាណាព្យាលឈឺក្បាលវិលមុខមិនស្ទើរឡើយ។ វ័យនេះជាវ័យដែលអាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត ព្រោះថានៅពេលដែលឥទ្ធិពលនៃឯករាជភាពរបស់គេបានស្តែងចេញមកជាសកម្មភាពអវិជ្ជមាន វាអាចធ្វើឱ្យយុវជននោះក្លាយជាមនុស្សខូច និងបាត់បង់អនាគតតែម្តង។

    ឯករាជភាពរបស់យុវវ័យ ឬមនុស្សវ័យជំទង់ ជាបញ្ហាប្រឈមមួយដែលធ្វើឱ្យអាណាព្យាបាលភាគច្រើនឈឺក្បាល ហើយស្វែងរកវិធីបង្ក្រាបពួកគេ។ ពាក្យខ្មែរយើងក៏បានលើកឡើងផងដែរថា លត់ដែកទាន់នៅក្តៅ អប់រំកូនចៅទាន់នៅក្មេង។ ពាក្យនេះសំខាន់ណាស់សម្រាប់ការអប់រំកូនៗ តែប្រសិនបើអាណាព្យាបាលអនុវត្តខុស ឃ្លាមួយនេះក៏នឹងផ្តល់ផលអវិជ្ជមានខ្លាំងផងដែរ។

    អ្នកចិត្តវិទ្យាមនុស្សវ័យជំទង់នៅបស្ចិមប្រទេសភាគច្រើន បានយល់ស្របដូចៗគ្នាថា ដោយសារតែយុវវ័យ ជាវ័យដែលគ្រប់ផ្នែកនៃរាងកាយមានការផ្លាស់ប្តូរ ចិត្តគំនិតរបស់ពួកគេក៏ត្រូវផ្លាស់ប្តូរដូចគ្នា។ នៅពេលដែលរាងកាយរបស់ពួកគេគ្រប់លក្ខណៈដូចមនុស្សធំពេញវ័យ គេក៏ចាប់ផ្តើមចង់ធ្វើអ្វីៗគ្រប់យ៉ាងដូចមនុស្សធំតាមវិធីរបស់គេផ្ទាល់។ វិធីនៃការគិត និងការដោះស្រាយបញ្ហាដោយឯករាជនេះ ពេលខ្លះមើលទៅគឺហាក់បីដូចជាឆ្គងខ្លាំងណាស់សម្រាប់មនុស្សចាស់ និងគ្រប់យ៉ាងដែលមនុស្សចាស់ផ្តល់ទៅឱ្យពួកគេ ក៏ត្រូវបានជំទាស់ពីពួកគេវិញដូចគ្នា។

    អាណាព្យាបាលមួយចំនួនបានធ្វើឱ្យកូនៗមិនចូលចិត្ត ឬគិតថាឪពុកម្តាយកំពុងដាក់គំនាបដល់ពួកគេ ធ្វើឱ្យទំនាក់ទំនង និងសម្ព័ន្ធភាពរវាងកូន និងឪពុកម្តាយកាន់តែឃ្លាតឆ្ងាយពីគ្នាបន្តិចម្តងៗ ហេតុនេះដើម្បីកុំឱ្យឯករាជភាពរបស់កូនៗដែលស្ថិតក្នុងវ័យជំទង់ក្លាយជាសកម្មភាពអវិជ្ជមាន និងដើម្បីឱ្យកូនៗនៅតែចូលចិត្ត ស្រឡាញ់ និងគោរពស្តាប់បង្គាប់នោះ អាណាព្យាបាលគួរតែសាកល្បងបើកចិត្តឱ្យទូលាយទទួលយកនូវគំនិតរបស់កូនៗជាមុនសិន។

    ចុងក្រោយនេះ ដើម្បីជាដំណោះស្រាយ អាណាព្យាបាលគួរតែទទួលស្តាប់នូវរាល់ទស្សនៈ គំនិតយោបល់ និងការសម្រេចចិត្តផ្សេងៗរបស់កូន និងបណ្តោយឱ្យពួកគេមានសេរីភាពខ្លះផង ដើម្បីឱ្យពួកគេទទួលបាននូវភាពធូរស្រាលមួយសម្រាប់ការរស់នៅ និងរៀនអភិវឌ្ឍខ្លួនឯងដោយខ្លួនឯង។ នៅពេលដែលអាណាព្យាបាលទុកចន្លោះសម្រាប់ការរស់នៅដោយឯករាជភាពដល់កូនៗហើយនោះ ពួកគេក៏នឹងមានអារម្មណ៍ថា ធូរស្រាល ហើយនិងព្យាយាមងាកមកស្តាប់យោបល់ ឬសុំការប្រឹក្សាពីឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេវិញដោយឯកឯងនៅពេលណាដែលពួកគេត្រូវការ ហើយប្រសិនបើអ្នកគិត និងមិនទុកចិត្តថាកូនអាចនឹងមិនមកប្រឹក្សាជាមួយអ្នក អ្នកអាចសាកល្បងឧស្សាហ៍ស្តាប់នូវគំនិត និងបញ្ហារបស់កូនៗ ហើយចូលខ្លួនធ្វើជាទីប្រឹក្សាសម្រាប់ពួកគេតាមរយៈការជជែក និងផ្តល់យោបល់ដោយស្លូតបូត និងផ្តល់តម្លៃដល់ពួកគេ។

    អាណាព្យាបាល អាចសាកល្បងអប់រំពួកគេតាមរយៈការដាក់ខ្លួនឱ្យទាប ហើយបង្កើនភាពស្និទ្ធស្នាលជាមួយកូនៗដោយការជជែកលេង ឬតំណាលរឿងរ៉ាវល្អៗដែលជាមេរៀនជីវិត ដើម្បីបង្កើតការចងចាំល្អៗ និងធ្វើជាគំរូនៃគំនិតដល់ពួកគេ ដើម្បីឱ្យពួកគេយកទៅប្រើនៅពេលចាំបាច់ ហើយនៅពេលនោះ អាណាព្យាបាល ឬឪពុកម្តាយគ្រប់រូបនឹងទទួលបានទាំងទំនាក់ទំនងល្អអំពីកូន ទាំងការគោរពស្រឡាញ់ និងការស្តាប់បង្គាប់ពីសំណាក់កូនៗជាទីស្រឡាញ់របស់លោកអ្នកជាមិនខាន៕

  • Kim Woo Bin កើតជំងឺមហារីកប្រហោងច្រមុះ

    Kim Woo Bin កើតជំងឺមហារីកប្រហោងច្រមុះ

    តារាឯកប្រុសល្បីឈ្មោះលោក Kim Woo Bin ដែលមើលសភាពខាងក្រៅឃើញមានរាងកាយរឹងប៉ឹងមាំមួនរហូតមកនោះ ថ្មីៗត្រូវបានគ្រូពេទ្យពិនិត្យឃើញថា មានជំងឺមហារីកប្រហោងច្រមុះ តែសំណាងល្អដែលវាស្ថិតក្នុងដំណាក់កាលដំបូងដែលអាចព្យាបាលឱ្យជាវិញបាន។

    មេរោគមហារីកប្រភេទមួយនេះគេតែងប្រទះឃើញនៅលើក្រុមមនុស្សក្នុងតំបន់អាស៊ី ដែលកើតឡើងនៅបរិវេណសាច់បំពង់ក និងប្រហោងច្រមុះខាងក្នុង ហើយបច្ចុប្បន្ននេះតារាប្រុសរូបនេះ កំពុងសម្រាកព្យាបាលតាមដំណាក់កាលរបស់គ្រូពេទ្យតាមរយៈការព្យាបាលដោយ SidusHQ ។

    គួរបញ្ជាក់ដែរថា លោក Kim Woo Bin ធ្លាប់បានថ្លែងឱ្យដឹងថា “សូមអរគុណសម្រាប់ក្តីបារម្ភពីអ្នកគ្រប់គ្នាដែលមានកង្វល់ជាមួយអាការរបស់ខ្ញុំ ដោយសារតែមានតារាងការងារ និងមានភាពរវល់ច្រើនពេក បានធ្វើឱ្យរាងកាយរបស់ខ្ញុំមិនសូវរឹងមាំ ទើបសម្រេចចិត្តចូលមន្ទីរពេទ្យ និងត្រូវបានពិនិត្យឃើញថា មានជំងឺមហារីកប្រហោងច្រមុះ តែសំណាងល្អណាស់ដែលអាការមិនធ្ងន់ធ្ងរខ្លាំង ក៏សម្រេចចិត្តផ្អាកការងារមួយចំនួនសិន ដើម្បីសម្រាកព្យាបាលជំងឺឱ្យបានជាសះស្បើយ នឹងអាលឆាប់បានវិលត្រឡប់ទៅបន្តការងារដូចដើមវិញ “ ។

    បានដឹងបែបនេះហើយ សូមអ្នកគាំទ្ររូបលោកទាំងអស់បួងសួង នឹងផ្ដល់កម្លាំងចិត្តដល់រូបលោកឱ្យកាន់តែឆាប់ជាលឿនឡើងផង៕

  • Sandara Park បកស្រាយរឿងហេតុអ្វីបានជានាងគ្មានមិត្តប្រុស?

    Sandara Park បកស្រាយរឿងហេតុអ្វីបានជានាងគ្មានមិត្តប្រុស?

    អតីតសមាជិកក្រុមចម្រៀង 2NE1 នាង Sandara Park បានពន្យល់បកស្រាយយ៉ាងច្បាស់លាស់ថា ហេតុអ្វីបានជានាងលំបាកក្នុងការស្វែងរកមិត្តប្រុសសម្រាប់ខ្លួននាងផ្ទាល់ បន្ទាប់ពីនាងបានត្រឡប់មករស់នៅប្រទេសកូរ៉េខាងត្បូងវិញនោះ។

    ក្នុងអំឡុងពេលផ្ដល់បទសម្ភាសនៅក្នុងប្រទេសហ្វីលីពីន នាងត្រូវបានគេចោទសួរអំពីរឿងស្នេហានៅក្នុងជីវិតដែលចេះតែរសាត់ទៅមុខ ប្រសិនបើនាងមិនប្រញាប់ប្រញាល់ចាប់យកឱកាសក្នុងការណាត់ជួបទំនាក់ទំនងគូស្នេហ៍ទេនោះ។

    តារាស្រីរូបនេះ បានពន្យល់ថា ការស្វែងរកមិត្តប្រុសវាជារឿងពិបាកមួយសម្រាប់នាង។ នាងបន្ដថា នាងខ្វះទំនុកចិត្តនៅពេលដែលរឿងមួយនេះបានចូលមកក្នុងជីវិតនាង ហើយនឹងពិបាកសម្រេចចិត្តក្នុងការឱ្យមនុស្សណាម្នាក់ដែលមានគំនិតដូចនាងដើរចូលមកក្នុងបេះដូងណាស់។

    តារាវ័យ ៣២ឆ្នាំរូបនេះ បានបន្ដទៀតថា បន្ទាប់ពីបានចូលច្រៀង និងចុះកុងត្រាជាមួយផលិតកម្ម YG Entertainment ដូចសមាជិកដ៏ទៃទៀតនៅក្នុងអតីតក្រុមអ្នកចម្រៀងស្រី 2NE1 ហើយនោះ នាងមិនត្រូវបានអនុញ្ញាតឱ្យមានទំនាក់ទំនងស្នេហារយៈពេល ៣ឆ្នាំ ហើយហេតុផលមួយទៀតគឺ ដោយសារតែភាពមិនអំណោយផលនៃពេលវេលាការងាររបស់នាង នាងពិតជាពិបាករកពេលវេលាទំនេរក្នុងការណាត់ជួបជាមួយគូស្នេហ៍ណាស់ ។ នាងបន្ដថា ជារឿងល្អ មានតែមានទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារតែម្ដងទើបងាយស្រួល ។

    ជាចុងក្រោយ នាងបានបញ្ជាក់ថា ចិត្តរបស់នាងគឺផ្ដោតទៅលើភាពជោគជ័យរបស់ការងារ ខ្លាំងជាងរឿងស្នេហារបស់នាងនៅក្នុងជីវិតទៅទៀត ហើយបញ្ហាមួយនេះវាមិនបានធ្វើឱ្យលំបាកដល់ Sandara ឡើយ៕

  • រឿងដែលអ្នកត្រូវធ្វើក្នុងអាជីវកម្មរបស់អ្នក ដើម្បីក្លាយជាសេដ្ឋី

    រឿងដែលអ្នកត្រូវធ្វើក្នុងអាជីវកម្មរបស់អ្នក ដើម្បីក្លាយជាសេដ្ឋី

    នៅពេលដែលលោកអ្នកមានអាជីវកម្មខ្នាតតូចមួយ ដែលបានផ្ដល់ផលចំណេញដល់លោកអ្នកល្អគួរសម តែលោកអ្នកមានអារម្មណ៍ថា ដូចជាមិនសូវសប្បាយចិត្តជាមួយនឹងវានោះ ចូរ… ៖

    -កុំឆាប់ងាកទៅក្រឡេកមើលគម្រោងអាជីវកម្មផ្សេងទៀតអី។
    -ផ្ដោតទៅលើភាពជោគជ័យ ដែលអ្នកកំពុងតែជួបនៅក្នុងអាជីវកម្មដែលកំពុងធ្វើ និងស្វែងរកវិធីសាស្រ្តផ្សេងទៀត ដើម្បីធ្វើឲ្យអាជីវកម្មខ្នាតតូចដដែលរបស់អ្នកនោះ រីកចម្រើនទៅមុខទៀតដោយការស្វែងរកអតិថិជនថ្មីៗ ឬក៏ពង្រីកការលក់ផលិតផលរបស់អ្នកទៅដល់អតិថិជនថ្មីៗបន្ថែមទៀត។
    -កុំធុញទ្រាន់នឹងភាពជោគជ័យដែលសមល្មមនោះ និងកុំព្យាយាមជួសជុលនូវអ្វីដែលបានខូចខាតទៅហើយ។ មានតែការផ្ដោតទៅលើលទ្ធភាពដ៏សំខាន់នៃការធ្វើអាជីវកម្មរបស់អ្នកតែប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកអាចបង្កើតទ្រព្យសម្បតិ្តបានយ៉ាងពិតប្រាកដ។ ការផ្ដោតទៅលើលទ្ធភាព គឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម។ ការធ្វើអ្វីមួយដែលអ្នកស្រឡាញ់ជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ចូលចិត្ត គឺជាអាថ៌កំបាំងក្នុងការធ្វើឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិត និងទទួលបានជោគជ័យ។ ទោះជាមានសម្ពាធខ្លាំងយ៉ាងណាក៏ដោយ ការផ្ដោតទៅលើអ្វីដែលអ្នកកំពុងតែធ្វើគឺជាគន្លឹះក្នុងការទទួលបានភាពជោគជ័យនៅក្នុងជីវិត និងក្នុងការធ្វើអាជីវកម្មរបស់អ្នក។
    -កុំធ្វើការងារនេះបន្តិច ការងារនោះបន្តិច ចូរផ្ដោតទៅលើការងារដែលអ្នកកំពុងធ្វើ ទោះជាអ្នកជួបនឹងក្តីបរាជ័យច្រើនដងក៏ដោយ។
    -ចូរបន្ដផ្ដោតទៅលើអ្វីដែលអ្នកកំពុងតែធ្វើរហូតដល់វាទទួលបានជោគជ័យ។
    -ដរាបណាអ្នកមិនទាន់បោះបង់វាចោល អ្នកនឹងទទួលបានជោគជ័យ ព្រោះការផ្ដោតបញ្ញា គំនិត ស្មារតី និងការច្នៃប្រឌិត គឺជាគន្លឹះនាំទៅរកភាពជោគជ័យ៕

  • ស្មាតហ្វូនរបស់បារាំង បំពាក់បច្ចេកវិទ្យាកាមេរ៉ា Zoom 22 ដងនៅតែច្បាស់ ចេញលក់នៅកម្ពុជា

    ស្មាតហ្វូនរបស់បារាំង បំពាក់បច្ចេកវិទ្យាកាមេរ៉ា Zoom 22 ដងនៅតែច្បាស់ ចេញលក់នៅកម្ពុជា

    ស្មាតហ្វូនថ្មីមួយដែលផលិតឡើងដោយក្រុមហ៊ុនបារាំង សហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាកាមេរ៉ារបស់ប្រទេសហ្វាំងឡង់ មានសមត្ថភាពអាចពង្រីក (Zoom) រហូតដល់22ដង នៅតែច្បាស់ល្អមិនបែក មិនព្រាល ចាប់ផ្ដើមមានលក់ហើយក្នុងទីផ្សារកម្ពុជា ក្រោយបង្ហាញខ្លួនជាច្រើនខែក្នុងទីផ្សារបរទេសរួចមក។

    ស្មាតហ្វូនថ្មីនេះ មានឈ្មោះថា SUGAR S9 វាត្រូវបានបំពាក់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 16MP អមដោយមុខងារSuper Pixel 64 Million Mega Pixel របស់ក្រុមហ៊ុនVisidon ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសហ្វាំងឡង់ ដែលវាអាចថតយករូបភាពបានច្បាស់ស្រស់ស្អាតមិនចាញ់កាមេរ៉ាអាជីព ហើយអាចថតរូបកម្រិត 138 ដឺក្រេ ប្រភេទ Wide Angle។ កាមេរ៉ារបស់វាក៏មានបន្ថែមនូវមុខងារ Beauty Self-Timer និង Beautiful Video ដែលអាចថតរូបភាពបានស្រស់ស្អាតរួមនឹង Effects បានជាច្រើនទៀត។ S9 ប្រើប្រាស់ Lens Beauty Video ដែលផ្តល់នូវពន្លឺភ្លឺច្បាស់ក្នុងពេលថត។

    ចំពោះលក្ខណៈសម្បត្តិទូទៅ ទូរស័ព្ទនេះប្រើកញ្ចក់អេក្រង់ Super AMOLED មានទំហំ 5.5អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពវីដេអូបានក្នុងទំហំ Full-HD 1080 ភិចសែល ជាមួយកម្រិតភាពច្បាស់ 431ppi និងមានកម្រាស់ស្តើងត្រឹម 6.6 មីល្លីម៉ែត្រ និងទម្ងន់162 ក្រាម ស្រាលហើយមានគែមកោងព័ទ្ធជុំវិញ និងមានដាំដោយត្បូងស្វារូស្គីហ្សឺកូនៀនៅផ្នែកចំហៀង។ S9 បានបំពាក់នូវបន្ទះឈីព Qualcomm Snapdragon 430 SoC ប្រភេទ Octa-core-64bit ដែលមានល្បឿនគណនា 1.4GHz ជាមួយ Ram ទំហំ 4GB, ប្រើឈីពក្រាហ្វិក Adreno 505 និងមានម៉េម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB/128GB ហើយអាចបន្ថែមទំហំម៉េម៉ូរីក្រៅបាន 128GB និងមានថ្មLi-Poly ទំហំ 3,000 mAh ដែលកាន់ថាមពលប្រើប្រាស់បានយូរ និងអាចសាកបន្តទៅទូរស័ព្ទផ្សេងបានតាមរយះមុខងារ OTG។ ស្មាតហ្វូននេះ មាន 2ពណ៌សម្រាប់ជ្រើសរើសពណ៌ខ្មៅ និងពណ៌ផ្កាឈូក ជាមួយនឹងតម្លៃប្រមាណ 299 ដុល្លារ៕

  • វិធីផ្លាស់ប្ដូរកន្លែងផ្ទុកកម្មវិធីហ្គេមទៅក្នុង SD Card ដើម្បីសន្សំសំចៃ Memory ទូរស័ព្ទ

    វិធីផ្លាស់ប្ដូរកន្លែងផ្ទុកកម្មវិធីហ្គេមទៅក្នុង SD Card ដើម្បីសន្សំសំចៃ Memory ទូរស័ព្ទ

    បើទោះបីជាស្មាតហ្វូនបច្ចុប្បន្នត្រូវបានក្រុមហ៊ុនផលិតចេញមកមានទំហំផ្ទុកធំជាងមុន និងអាចបន្ថែម SD Card បានក៏ដោយ ប៉ុន្តែតម្រូវការអ្នកប្រើប្រាស់នៅតែមិនគ្រប់គ្រាន់ ក្នុងនោះប្រសិនបើយើងមិនចេះគ្រប់គ្រងទិន្នន័យក្នុងទូរស័ព្ទឱ្យបានត្រឹមត្រូវផងនោះ វានឹងធ្វើឱ្យដំណើរការបញ្ជាផ្សេងៗមានការរអាក់រអួលខ្លះដែរមិនខាន។

    សម្រាប់ថ្ងៃនេះគេហទំព័រឡារ៉ែន សូមលើកយកនូវរបៀបផ្លាស់ប្ដូរកម្មវិធី ឬហ្គេមលើទូរស័ព្ទ Galaxy S8 ទៅដាក់ក្នុង SD Card ជំនួសវិញ ដើម្បីសន្សំសំចៃ Memory ក្នុងទូរស័ព្ទ ព្រោះថា កាលណាទំហំផ្ទុកទំនេរច្រើន ការដំណើរការកម្មវិធី និងហ្គេមក៏ទៅមុខរលូនល្អផងដែរ។

    ខាងក្រោមនេះ ជាវិធីចូលទៅធ្វើការផ្លាស់ប្ដូរ៖
    1. មុនដំបូង សូមចូលទៅកាន់ Settings
    2. បន្ទាប់មក អូសអេក្រង់ចុះទៅក្រោម ហើយចុចលើ Apps
    3. បន្ទាប់មកទៀត ចុចលើកម្មវិធីដែលចង់ផ្លាស់ប្ដូរទៅដាក់ក្នុង SD Card
    4. ចុចលើ Storage
    5. នៅក្រោម Storage Used សូមចុចលើ Change
    (ទូរស័ព្ទនឹងបង្ហាញប្រាប់ ប្រសិនបើកម្មវិធី ឬហ្គេមនោះមិនអាចផ្លាស់ប្ដូរទៅដាក់ក្នុង SD Card បាន)
    6. ចុចលើ SD Card
    7. ចុងក្រោយ ចុចលើ Move ជាការស្រេច

  • ជឿ ឬមិនជឿ! ដីតែជាង 2000ម៉ែត្រការ៉េ អាចដាំម្កាក់បានចំណូលប្រហែល 100ដុល្លារក្នុងមួយថ្ងៃ

    ជឿ ឬមិនជឿ! ដីតែជាង 2000ម៉ែត្រការ៉េ អាចដាំម្កាក់បានចំណូលប្រហែល 100ដុល្លារក្នុងមួយថ្ងៃ

    ម្កាក់គឺជារុក្ខជាតិហូបផ្លែម្យ៉ាងដែលគេចូលចិត្តទទួលទានជាគ្រឿងម្ជូរនៅពេលទំនេរពិសេសសម្រាប់ស្ត្រីដែលសម្រាកពីការងារពេលថ្ងៃត្រង់ក៏ដូចជាស្ត្រីមេផ្ទះញ៉ាំកំដរមាត់ជាដើម។ យ៉ាងណាមិញម្កាក់មិនមែនមានប្រយោជន៍តែផ្លែប៉ុណ្ណោះទេ ប៉ុន្តែស្លឹករបស់វាក៏មានប្រយោជន៍សម្រាប់ការដាំស្លជាម្ហូបអាហារផងដែរ ពិសេសគឺសម្លម្ជូរពោះគោសម្រាប់ពិធីបុណ្យ និងពិធីមង្គលការជាដើម។

    ស្រ្តីកសិករ ហែម ស្រស់ ដែលបានចាប់យករបរដាំដើមម្កាក់ដើម្បីយកស្លឹកនេះជាង10ឆ្នាំមកហើយនោះបានរៀបរាប់ថា គ្រួសារគាត់បានមកទិញដីដាំដើមម្កាក់យកស្លឹកនេះនៅក្នុងភូមិថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលតាំងពីឆ្នាំ2008មក ដោយសារគាត់គិតថា ដំណាំនេះបានជួយលើកកម្ពស់ជីវភាពរបស់គ្រួសារគាត់ឱ្យធូរធារ សមរម្យ មានផ្ទះធំទ្រនំខ្ពស់ និងអាចមានលទ្ធភាពឱ្យកូនបានចូលរៀនមហាវិទ្យាល័យថែមទៀតផង។

    អ្នកស្រីបានឱ្យដឹងថា ផ្ទៃដីដែលគាត់ដាំដុះនេះគឺមានទទឹង15ម៉ែត្រ និងបណ្តោយ 170ម៉ែត្រ ហើយកូនដើមម្កាក់ដែលយកមកដាំនេះ គឺគាត់បានទិញពីកន្លែងលក់កូនឈើនៅម្តុំសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលក្នុងតម្លៃ1ដើម 800រៀល។ កសិករដដែលនេះបានបន្ថែមដែរថា ទំហំដីនេះគាត់អាចដាំបាន1000ដើម ហើយម្កាក់នេះគឺគេបេះយកតែស្លឹកលក់ប៉ុណ្ណោះ ដោយក្នុង1ខែអាចបេះបានក្នុងចន្លោះពី15ទៅ20ថ្ងៃ និងយកទៅលក់បោះដុំឱ្យម៉ូយនៅឯផ្សារដើមគ ដែល1ដុំធំស្មើនឹង10ដុំតូច មានទម្ងន់1គីឡូក្រាម លក់បានក្នុងតម្លៃពី3000 ទៅ 4000រៀល ហើយក្នុង1ថ្ងៃអាចបេះបានប្រមាណពី 80 ទៅ 100គីឡូក្រាម ជាងនេះទៅទៀតបើសិនជារដូវបុណ្យមង្គលការ (ខែប្រាំង) វិញនោះ គឺរកតែស្លឹកម្កាក់លក់ឱ្យម៉ូយស្ទើរតែមិនបានផង ហើយក៏កំពុងមានគម្រោងការទិញដីដើម្បីពង្រីកការដាំបន្ថែមទៀតដែរ។

    ចំណែកឯលោក សួន ពេជ្រ ដែលជាស្វាមីរបស់អ្នកស្រី ហែម ស្រស់ វិញក៏បានបង្ហាញអំពីរបៀបដាំ និងវិធីថែទាំផងដែរថា ដំណាំម្កាក់យកស្លឹកនេះ គឺមិនពិបាកដាំ និងថែទាំនោះទេ និយាយរួមគឺមើលថែតែស្មៅកុំឱ្យវាដុះច្រើនប៉ុណ្ណោះ។ លោកបានរៀបរាប់ថា មុនពេលដាំ គឺយើងត្រូវភ្ជួររាស់ដី និងហាលចោលរយៈពេលពី10ទៅ15ថ្ងៃដើម្បីឱ្យដីឆ្អិនល្អហើយក៏មិនចាំបាច់លើកជារងដែរ ដោយគ្រាន់តែយកចបមកជីកជារណ្តៅតូចល្មមរួចយកកូនម្កាក់មកដាក់ដាំ និងស្រោចទឹកជាការស្រេច និងមិនចាំបាច់ដាក់ជីអ្វីនោះដែរ។ បន្ទាប់ពីដាក់ដាំរួច បើនៅខែប្រាំងយើងត្រូវស្រោចទឹកឱ្យបាន3ដងក្នុង1អាទិត្យ លុះ2ខែក្រោយបន្ទាប់ពីដាក់ដាំ គឺយើងអាចបេះស្លឹកវាយកទៅលក់បានជាបណ្តើរៗហើយ និងត្រូវបន្ថយការស្រោចទឹកឱ្យមកនៅត្រឹម1អាទិត្យ 2ដងបានហើយ ព្រោះដាំណាំនេះវាពុំសូវត្រូវការទឺក ឬជីប៉ុន្មាននោះទេ។

    លោកបានបញ្ជាក់ថា ក្នុងការដាំ គឺត្រូវដាក់ដាំឱ្យឃ្លាតពីគ្នាពីដើមមួយទៅដើមមួយប្រមាណជា1,2ម៉ែត្រ ហើយដើមម្កាក់យកស្លឹកនេះបើនិយាយទៅគឺងាយថែទាំជាងដំណាំផ្សេងៗទៀត ព្រោះ1អាទិត្យគឺត្រូវស្រោចទឹកតែ2ដងប៉ុណ្ណោះ ហើយមិនចាំបាច់ដាក់ជីឬបាញ់ថ្នាំពុលសម្លាប់សត្វល្អិតអីដែរ ព្រោះស្លឹកវាដង្កូវមិនស៊ីដូចស្លឹកដើមម្កាក់យកផ្លែនោះទេពោលគឺគ្រាន់តែបាញ់ថ្នាំសម្លាប់ស្មៅ1ខែ2ទៅ3ដងជាការស្រេច។

    លោកក៏បានប្រាប់បន្ថែមដែរថាស្លឹកម្កាក់នេះ គឺគេគ្មានយកទៅធ្វើអ្វីក្រៅពីធ្វើជាគ្រឿងផ្សំក្នុងសម្លម្ជូរគ្រឿងនោះទេ(ព្រោះវាមានរសជាតិជូរ និងឈ្ងុយក្លិនម្កាក់) ពិសេសនៅខែប្រាំងនៅរដូវដែលមានបុណ្យការច្រើននេះតែម្តង គឺលក់ដាច់ណាស់ម៉ូយមកកុម្ម៉ង់ទិញបេះលក់សឹងតែមិនទាន់ផង៕

  • ស្ដាប់អ្នកនាង ភិន សុដាលីស ប្រាប់ពីទំនាក់ទំនងជាមួយកូនកាត់រុស្ស៊ី

    ស្ដាប់អ្នកនាង ភិន សុដាលីស ប្រាប់ពីទំនាក់ទំនងជាមួយកូនកាត់រុស្ស៊ី

    មុនពេលនេះបន្តិច មានការលើកឡើងថា អ្នកនាង ភិន សុដាលីស និងលោក ស៊ីនី ជាតារាសម្ដែងកូនកាត់រុស្ស៊ី អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នា ដោយសារតែពួកគេបានបង្ហាញសកម្មភាពស្និទ្ធស្នាលទៅកាន់មហាជន។

    បន្ទាប់ពីលេចនូវការសង្ស័យមិនបានប៉ុន្មានផង ស្រាប់តែអ្នកនាង ភិន សុដាលីស បានអូសទាញតារាប្រុសរូបនេះមកចូលរួមសម្ដែងនៅផលិតកម្មមហាហង្សក្នុងរឿង ”ណូលី និងណូឡា” លើសពីនេះទៀត ផលិតកម្ម មហាហង្សថែមទាំងបានប្រគល់តំណែងតួឯកឱ្យតារាប្រុសម្នាក់នេះថែមទៀតផង។

    បញ្ហានេះត្រូវបានគេសន្និដ្ឋានថា ទង្វើរបស់អ្នកនាងភិន សុដាលីស ហាក់កំពុងតែមាន ចេតនាចង់បង្ហាញទៅឱ្យមហាជនបានឃើញពីសម្ព័ន្ធមេត្រីភាពរបស់ពួកគេហើយ។

    ខាងក្រោមនេះជាកិច្ចសម្ភាសផ្ទាល់រវាងអ្នកយកព័ត៌មានរបស់គេហទំព័រឡា រ៉ែន ជាមួយអ្នកនាង ភិន សុដាលីស និងលោកស៊ីនី ដែលបានបកស្រាយពីសម្ព័ន្ធភាពរបស់ពួកគេ ៖

  • Chelsea លុបចោលការហែក្បួនបង្ហាញពីការឈ្នះពាន ក្រោយពីការបំផ្ទុះគ្រាប់បែកនៅ Manchester

    Chelsea លុបចោលការហែក្បួនបង្ហាញពីការឈ្នះពាន ក្រោយពីការបំផ្ទុះគ្រាប់បែកនៅ Manchester

    ក្លិបតោខៀវ Chelsea បានលុបចោលគម្រោងនៃរៀបចំការហែក្បួនបង្ហាញពីការឈ្នះពាន ក្នុងទីក្រុងឡុងដ៍ នាថ្ងៃអាទិត្យនេះ ក្រោយពីការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃចន្ទក្នុងទីក្រុង Manchester។ ក្រុមរបស់លោក Antonio Conte បានឈ្នះពានក្របខ័ណ្ឌ Premier League ហើយអាចឈ្នះពានពីរក្នុងរដូវកាលតែមួយ តាមរយៈការឈ្នះពាន FA Cup នៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ខាងមុខនេះ។

    អ្នកគាំទ្រដ៏ច្រើនកុះករត្រូវបានរំពឹងទុកថា នឹងចូលរួមក្នុងកម្មវិធីហែក្បួនដ៏រីករាយនេះ។ ក្លិប Chelsea បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រោយពីការពិចារណាយ៉ាងយកចិត្តទុកដាក់ទៅលើសោកនាដកម្មនេះហើយ យើងមានអារម្មណ៍ថា វាដូចជាមិនសមរម្យឡើយក្នុងការរៀបចំឲ្យមានការហែក្បួនតាមការគ្រោងទុកនៅថ្ងៃអាទិត្យនោះ»។ ក្លិបនេះបានបញ្ជាក់ប្រាប់បន្តថា៖ «ការសម្រេចចិត្តលុបចោលការហែក្បួនអបអរនេះបានកើតឡើង ក្រោយពីមានការរឹតបន្តឹងផ្នែកសន្តិសុខដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលចក្រភពអង់គ្លេស និងយើងបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ទៅលើការរៀបចំការហែរក្បួននេះរួចហើយ»។

    Chelsea បានបន្ថែមទៀតថា៖ «ដើម្បីសុវត្ថិភាព និងផ្តល់ផលប្រយោជន៍ដល់គ្រប់គ្នា យើងជឿជាក់យ៉ាងមុតមាំថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។ យើងជឿជាក់ថា អ្នកគាំទ្ររបស់យើងនឹងយល់ពីការសម្រេចចិត្តនេះ»៕
    ប្រភពពី៖ Reuters

  • សឿន វីតា ចាប់ផ្ដើមកាក់កបនឹងតួកាច

    សឿន វីតា ចាប់ផ្ដើមកាក់កបនឹងតួកាច

    តារាសម្ដែង សឿន វីតា ដែលមានទម្រង់មុខអំណោយផលពីធម្មជាតិដែលតម្រូវឱ្យធ្វើជាតួកាចនោះ កំពុងតែមានប្រជាប្រិយភាពនៅក្នុងទីផ្សារភាពយន្ដជាខ្លាំង បន្ទាប់ពីលោកមានឱកាសបានបង្ហាញសមត្ថភាពក្នុងខ្សែភាពយន្តចំនួន 2 រឿងឱ្យផលិតកម្ម អិលឌីរួចមក។

    កន្លងមកតារាសម្ដែងរាងខ្ពស់ស្រឡះមាឌធំម្នាក់នេះត្រូវបានអ្នកដឹកនាំរឿងជាច្រើនតម្រូវឱ្យលោកសម្ដែងជាតួអង្គដែលមានចរិតស្លូតបូត សុភាព ដែលមានដូចជាតួអង្គជាពូរបស់តួឯកប្រុសដែលមានចរិតស្លូតសុភាពស័ក្ដិសមជាអ្នកមានចំណេះដឹង។ តែក្រោយពីលោកបើកឆាកជាមួយផលិតកម្មអិលឌីចំនួន 2 រឿងដោយសម្ដែងជាតួអង្គកាចរួចមក ក៏ត្រូវបានបណ្ដាផលិតកម្មជាច្រើនសម្លឹងឃើញសមត្ថភាពរបស់លោកផងដែរ។

    សឿន វីតា បញ្ជាក់ថា រឿងចំនួនពីរដែលលោកបានសម្ដែងឱ្យផលិតកម្មអិលឌីនោះ មានដូចជារឿង ”កូនប្រសារឡឺកឺ” និង ”ក្រមុំចិត្ដដែកប៉ះអង្គរក្សចិត្ដខ្លាំង”។ ថ្មីៗនេះ លោកក៏កំពុងតែទទួលយកការងារសម្ដែងនៅក្នុងរឿង”មន្ដស្នេហ៍កូនក្រមុំថៅកែត្បូង”។ លោកបន្ដថា ដោយសារតែលោកបានសម្ដែងចំនួនពីររឿងទៅហើយ និងការផ្លាស់ប្ដូរចរិតនៃការសម្ដែងពីតួអង្គស្លូតបូតមកជាតួកាចវិញ វាពិតជាធ្វើឱ្យលោកមានអារម្មណ៍ថាប្លែក ព្រោះចរិតពីធម្មជាតិរបស់លោកគឺជាអ្នកស្លូតបូត តែអ្វីដែលលោកទទួលបានមកវិញនោះ គឺការគាំទ្រដ៏ច្រើនពីសំណាក់មហាជនមិនចាញ់ការសម្ដែងបែបស្លូតនោះឡើយ។

    តារាសម្ដែង វីតា ដែលមានមុខរបរជាអ្នកបើករថយន្ដតាក់ស៊ីទៅតាមបណ្ដាខេត្ដនោះបានបន្ដទៀតថា៖”ទោះជាយ៉ាងណាខ្ញុំពុំដែលប្រកាន់ទៅលើការសម្ដែងទេ ទោះបីជាអ្នកដឹកនាំរឿងតម្រូវឱ្យខ្ញុំសម្ដែងជាតួអង្គមានចរិតបែបណាក៏ដោយ ក៏ខ្ញុំព្រមសម្តែងដែរ ព្រោះខ្ញុំគិតថា ចំណុចជោគជ័យរបស់ខ្ញុំមិនស្ថិតនៅលើតំណែង ឬប្រភេទតួអង្គឡើយ តែវាស្ថិតនៅលើសមត្ថភាពរបស់ខ្ញុំដែលអាចធ្វើទៅបានកម្រិតណា និងទទួលបានការគាំទ្រពីមហាជនប៉ុនណាតែប៉ុណ្ណោះ”៕

    ទោះជាយ៉ាងណាលោកសឿន វីតា បញ្ជាក់ប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនថាការសម្ដែងជាតួអង្គកាចពិតជាទាក់ទាញប្រជាប្រិយភាពបានឆាប់រហ័សជាតួអង្គស្លូតៗមែន៕