Category: សង្គម និងសេដ្ឋកិច្ច

  • សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» ផ្តល់ភាពងាយស្រួលដែលអតិថិជនមិនធ្លាប់ដឹង

    សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» ផ្តល់ភាពងាយស្រួលដែលអតិថិជនមិនធ្លាប់ដឹង

    សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» ជាសេវាហិរញ្ញវត្ថុមួយប្រភេទ ដែលអនុញ្ញាតឲ្យអតិថិជន និងសាធារណជនទូទៅដែលធ្លាប់ ឬមិនធ្លាប់ប្រើសេវាធនាគារពីមុនមកជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារផ្សេងទៀត អាចធ្វើប្រតិបត្តិការសេវាធនាគារបាន តាមរយៈទូរស័ព្ទចល័តដែលដំណើរការនៅលើស្មាតហ្វូនដែលមានប្រព័ន្ធដំណើរការ Android និង iOS។

    លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា សេវាកម្មយូនីធីទាន់ចិត្តគឺជាសេវាកម្មទូទាត់សាច់ប្រាក់តាមរយៈទូរស័ព្ទដៃស្មាតហ្វូន សម្រាប់ការទិញទំនិញនៅលើទីផ្សារគ្រប់ប្រភេទ មិនថាតែទំនិញនៅតាមផ្សារទំនើបនោះទេ សូម្បីតែអ្នកលក់អីវ៉ាន់ចាប់ហួយនៅតាមផ្សារ ឬនៅតាមផ្ទះក៏អាចទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃបានដែរ ដោយគ្រាន់តែអ្នកលក់ និងអ្នកទិញភ្ជាប់សេវាកម្មប្រើប្រាស់កម្មវិធីសេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះប៉ុណ្ណោះ។

    លោកស្រីបញ្ជាក់ថា «ឧទាហរណ៍ បើសិនជាអ្នកទិញគាត់បានភ្ជាប់សេវាកម្មសេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះហើយ នៅពេលគាត់ទៅទិញអីវ៉ាន់នៅផ្សារ គឺគាត់គ្រាន់តែកាន់ទូរស័ព្ទដៃស្មាតហ្វូនទៅជាមួយ ដោយមិនចាំបាច់យកលុយជាប់តាមខ្លួនក៏បានដែរ ហើយពេលទូទាត់សាច់ប្រាក់គាត់អាចបាញ់ចំនួនទឹកប្រាក់ ដែលគាត់បានទិញចូលទៅគណនីរបស់អ្នកលក់នោះ ទឹកប្រាក់នឹងលោតសារបង្ហាញថា ទឹកប្រាក់នោះបានចូលក្នុងទូរស័ព្ទដៃរបស់អ្នកលក់នោះហើយ»។

    លោកស្រីបន្ថែមថា «ការប្រើសេវាកម្មនេះ គឺមានសុវត្ថិភាពខ្លាំងមិនខ្លាចចោរឆក់ ឬអំពើចោរកម្មផ្សេងៗនោះទេ ទោះជាទូរស័ព្ទបាត់ក៍គេមិនស្គាល់លេខកូដដកយកប្រាក់ពីគណនីរបស់យើងបានដែរ លើសពីនេះវាមិនមានការឆ្លងមេរោគ ដូចការប្រើប្រាស់ជាលុយសុទ្ធក្នុងការទូទាត់ថ្លៃទំនិញ តាមផ្សារដូចបច្ចុប្បន្ននោះទេ ព្រោះថា ការទិញត្រីសាច់ពេលណាដៃយើងចាប់កាន់លុយហើយ វាប្រាកដជាប្រឡាក់ជាប់មេរោគមកជាមួយមិនខាន»។ ក្រៅតែពីការទូទាត់ថ្លៃទំនិញ បង់វិក្កយបត្រទឹកភ្លើង ឬទិញកាតទូរស័ព្ទ បង់ថ្លៃអ៊ីនធឺណិត បង់ថ្លៃសាលារៀន បង់ថ្លៃម៉ូតូឌុប ឬតាក់ស៊ីផ្សេងៗហើយនោះ សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» នៅផ្តល់ភាពងាយស្រួលសម្រាប់ការផ្ញើលុយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនគិតថ្លៃសេវាទៀតផង។

    លោកស្រី សូ ផនណារី មានប្រសាសន៍បន្ថែមថា «ឧទាហរណ៍ បើសិនជាបុគ្គលិក កម្មករ-កម្មការនីរោងចក្រកាត់ដេរ គាត់ចង់ផ្ញើលុយជូនឪពុកម្តាយនៅស្រុកកំណើត គាត់អាចផ្ញើប្រាក់តាមសេវាកម្មនេះបាន ហើយនឹងមានសារលោតចេញលេខចំនួនទឹកប្រាក់ នៅលើទូរស័ព្ទដៃរបស់ឪពុកម្តាយបង្ហាញឱ្យឃើញនូវចំនួនប្រាក់ដែលយើងបានផ្ញើទៅនោះដោយមិនមានគិតថ្លៃសេវានោះទេ ត្រឹមតែឪពុកម្តាយនៅស្រុកគាត់ប្រើទូរស័ព្ទស្មាតហ្វូន និងមានការប្រើប្រាស់កម្មវិធីដូចគ្នានេះតែប៉ុណ្ណោះ។

    ដើម្បីប្រើប្រាស់សេវាកម្មនេះបាន អតិថិជនគ្រាន់តែចូលទៅកាន់កម្មវិធី AppStore ឬ PlayStore នៅលើទូរស័ព្ទរបស់លោកអ្នក ហើយដោនឡោត (Download) កម្មវិធីសេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» នេះមក និងធ្វើតាមការណែនាំជាអក្សរខ្មែរនៅលើទូរស័ព្ទនោះ រួចថត Selfie មុខរបស់ខ្លួន និងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនជាការស្រេច ឬមួយវិធីទៀតគឺអតិថិជនអាចទៅជួបជាមួយភ្នាក់ងារនៅឯការិយាល័យអេស៊ីលីដាដែលនៅជិតលោកអ្នក ដើម្បីឱ្យភ្នាក់ងាររបស់ធនាគារភ្ជាប់សេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះឱ្យក៏បាន តែប៉ុណ្ណឹងជាការស្រេចទៅហើយ៕

  • ទូរស័ព្ទ iPhone 7/7 Plus ប្រើយូរទៅ​ ស្ពឹកជាងមុន គួរធ្វើយ៉ាងណា?

    ទូរស័ព្ទ iPhone 7/7 Plus ប្រើយូរទៅ​ ស្ពឹកជាងមុន គួរធ្វើយ៉ាងណា?

    ជាទូទៅការប្រើទូរស័ព្ទស្មាតហ្វូនមិនថាមកពីក្រុមហ៊ុនណាទេ តែប្រើយូរបន្តិចទៅសម្ទុះល្បឿនរបស់វានឹងអាចធ្លាក់ចុះបន្តិច  ទូរស័ព្ទ iPhone 7/7 Plus ក៏ដូចគ្នាដែរ  ដោយសារហេតុនេះហើយ ទើបថ្ងៃនេះគេហទំព័រឡារ៉ែន សូមលើកយកនូវវិធីសាស្រ្ដធ្វើឱ្យទូរស័ព្ទ iPhone ទាំង 2 ស៊េរីនេះមានដំណើរការលឿនជាងមុន អាចថាមិនដូចថ្មី ប៉ុន្តែក៏គ្រាន់បើប្រសើរឡើងវិញបន្តិចដែរ។

    វិធីគឺ ៖

    1/-បិទដំណើរការ Reduce Motion 

    សូមចូលទៅកាន់ Settings -> General -> Accessibility ->ត្រង់ Reduce Motion សូមទាញរបារមកឆ្វេងដៃ ដើម្បីបិទដំណើរការ។

    2/- អាប់ដេតទូរស័ព្ទ iPhone ទៅជា Version ចុងក្រោយ

    សូមចូលទៅកាន់ Settings -> General -> Software Update ហើយធ្វើការអាប់ដេត Software
    3/-បិទទូរស័ព្ទ iPhone

    ចុចលើប៊ូតុង Power និងប៊ូតុងបន្ថយសំឡេងឲ្យជាប់ រហូតដល់អេក្រង់លោតរូបសញ្ញាផ្លែប៉ោមឡើងមក ហើយដំណើរការធម្មតាវិញ (ដែលនេះគឺជាការ Restart ម៉ាស៊ីនទូរស័ព្ទ)។

    4/-បិទ Background App Refresh

    សូមចូលទៅកាន់ Settings -> General -> Background App Refresh ហើយទាញរបារមកឆ្វេងដៃត្រង់ត្រង់ម្មវិធី Facebook, Instagram និងកម្មវិធីផ្សេងទៀត ដើម្បីបិទដំណើរការ។


    5/-លុបសម្អាត Catches

    សូមចូលទៅកាន់ Settings -> Safari ហើយចុចលើ Clear History and Data.

    6/-ធ្វើការ Reset ទូរស័ព្ទ iPhone

    សូមចូលទៅកាន់ Settings -> General -> Reset ហើយចុចលើ Erase All Content & Settings។ (មុនធ្វើការ Reset សូមធ្វើការ Backup ជាមុនសិន)៕

     

  • មហាសេដ្ឋី Snapchat រៀបការជាមួយតារាបង្ហាញម៉ូដស្រី វ័យច្រើនជាងខ្លួនជិត ១០ឆ្នាំ

    មហាសេដ្ឋី Snapchat រៀបការជាមួយតារាបង្ហាញម៉ូដស្រី វ័យច្រើនជាងខ្លួនជិត ១០ឆ្នាំ

    កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ តារាបង្ហាញម៉ូដស្រីរូបស្អាត Marinda Kerr មានវ័យ ៣៤ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការជាមួយកំលោះមហាសេដ្ឋី ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបច្ចេកវិទ្យា Snap Inc (Snapchat) គឺលោក Even Spiegel ដែលមានវ័យ ២៦ឆ្នាំ នៅក្នុងភូមិគ្រឹះក្នុងតំបន់ Brentwood ទីក្រុង Los Angeles ដែលពិធីរៀបមង្គលការនេះមិនសូវជាមានភាពអធឹកអធមប៉ុន្មានទេ គឺមានតែភ្ញៀវប្រហែលជា ៥០នាក់តែប៉ុណ្ណោះ។

    ពិធីមង្គលការរបស់មហាសេដ្ឋី Even បានចំណាយទឹកប្រាក់អស់ ៩លានអឺរ៉ូ ដែលបានអញ្ចើញភ្ញៀវកិត្តិយសតែប៉ុន្មាននាក់ មិត្តភ័ក្ដិជិតស្និទ្ធ រួមជាមួយក្រុមគ្រួសារតែប៉ុណ្ណោះ ។ សូមជម្រាបបន្ថែមថា នៅក្នុងពិធីសំខាន់នេះ គេសង្កេតឃើញមានវត្តមានកូនប្រុសរបស់ Miranda Kerr បានចូលរួម ហើយព្រមទាំងត្រេកអរសប្បាយសាទរជាមួយមង្គលការរបស់ម្ដាយខ្លួនទៀតផង ក៏ប៉ុន្ដែមិនឃើញមានវត្តមានរបស់ Orlando ដែលជាអតីតស្វាមីនោះឡើយ។

    នេះជាអាពាហ៍ពិពាហ៍លើកទី ២ ហើយសម្រាប់តារាបង្ហាញម៉ូដជនជាតិអូស្ត្រាលី នាង Marinda Kerr បន្ទាប់ពីនាងបានបែកបាក់ស្នេហ៍ជាមួយអតីតស្វាមី Orlando Bloom កាលពីឆ្នាំ២០១០មក។

    គួរបញ្ជាក់ផងដែរថា លោក Even Spiegel ត្រូវបានទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes ផ្ដល់ចំណាត់ថ្នាក់ ជាមហាសេដ្ឋីវ័យក្មេង​ ជាមួយនឹងទឹកប្រាក់ 4.7ពាន់លានដុល្លារអាមេរិក៕

  • ឥណទាន អេស៊ីលីដា កើនឡើងតិចតួចបំផុត មិនធ្លាប់មានក្នុងរយៈពេល ៤ខែឆ្នាំនេះ

    ឥណទាន អេស៊ីលីដា កើនឡើងតិចតួចបំផុត មិនធ្លាប់មានក្នុងរយៈពេល ៤ខែឆ្នាំនេះ

    ភ្នំពេញ៖ ទំហំឥណទានរបស់ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ក្នុងរយៈពេល ៤ខែនេះ កើនឡើងតិចតួចបំផុត ដែលមិនធ្លាប់មាន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ី បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃសោរ៍ថា ដោយសារប្រជាពលរដ្ឋព្រួយបារម្ភពីការបោះឆ្នោត និងផលរបរកសិកម្មរបស់ពួកគាត់មានតម្លៃទាប បានធ្វើឲ្យការខ្ចីឥណទានមានកំណើនតិចតួចនាឆ្នាំនេះ ផ្ទុយទៅវិញចំនួននៃការដាក់ប្រាក់បញ្ញើបានកើនឡើង ព្រោះប្រជាពលរដ្ឋពួកគេមិនចង់បញ្ចេញប្រាក់វិនិយោគ ក៏បានសម្រេចចិត្តយកប្រាក់មកដាក់បញ្ញើដើម្បីទទួលបានអត្រាការប្រាក់ជំនួសវិញ។

    ជាក់ស្តែងឥណទានរបស់ អេស៊ីលីដា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះមានទឹកប្រាក់ ២៩លានដុល្លារ កើនឡើង១,១៩ភាគរយ ដោយទំហំឥណទានសរុបបានកើនពី ២៧៧១លានដុល្លារ ដល់ ២៨០០លានដុល្លារ។ ចំណែកប្រាក់បញ្ញើបានកើនចំនួន ១៧៦លានដុល្លារ ស្មើនឹងកំណើន ៦ភាគរយ ដោយទំហំទឹកប្រាក់សរុបបានកើនពី ៣០៥១លាន ដល់ ៣២២៧លានដុល្លារអាមេរិក។

    លោក អ៉ិន ចាន់នី បានបន្តថា ប្រសិនជាគិតកំណើនរយៈពេលពេញមួយឆ្នាំ ការដាក់ប្រាក់បញ្ញើអាចកើនឡើងដល់ ១៨ភាគរយ ហើយការប្រើប្រាស់ឥណទានក៏អាចមានការប្រែប្រួលផងដែរ។ កំណើនឥណទានទាបបែបនេះ មិនមែនដោយសារមូលហេតុដែលរដ្ឋាភិបាលបានដាក់ “របារ” អត្រាការប្រាក់មកត្រឹម១៨ភាគរយនោះទេ ប៉ុន្តែអាស្រ័យលើការប្រកបរបររបស់ប្រជាពលរដ្ឋមានភាពអំណោយផលឬអត់ប៉ុណ្ណោះ។

    លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា បន្ទាប់ពីមានការរឹតបន្តឹងលើបទប្បញ្ញត្តិមួយចំនួនពីធនាគារជាតិ បានធ្វើឲ្យកំណើនឥណទានបានថមថយល្បឿន ដែលជាសញ្ញាល្អនៃសេដ្ឋកិច្ចជាតិ ប៉ុន្តែការដាក់បទប្បញ្ញត្តិនានាក៏មានការប្រុងប្រយ័ត្នផងដែរ ព្រោះសេដ្ឋកិច្ចត្រូវការលុយដើម្បីផលិត ដូច្នេះប្រសិនជាមានការរឹតបន្តឹងមូលនិធិខ្លាំងពេក ក៏អាចរកផលប៉ះពាល់ផងដែរ ហេតុនេះការថ្លឹងថ្លែងបញ្ហានេះមានសារៈសំខាន់ណាស់។
    លោកបន្តថា “ការផ្តល់ឥណទាន ឬទំហំឥណទាន គេត្រូវវាស់ជាមួយនឹងផលទុនជាតិសរុប ប្រសិនជាទំហំឥណទានកើនស្មើឬលើសផលទុនជាតិសរុបវានឹងមានគ្រោះថ្នាក់ ឬហានិភ័យដល់សេដ្ឋកិច្ចជាតិ”។ លោកបន្តថា“ដោយសារកំណើនឥណទានលឿនពេក និងដោយសារព្រួយបារម្ភពីបញ្ហានេះហើយ ទើបធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវបទប្បញ្ញត្តិមួយចំនួនដើម្បីទប់ស្កាត់ហានិភ័យអ្វីមួយកើតឡើង”៕

  • Perotti សង្គ្រោះ Roma នៅថ្ងៃជប់លៀងលាគ្នារបស់ Totti

    Perotti សង្គ្រោះ Roma នៅថ្ងៃជប់លៀងលាគ្នារបស់ Totti

    ខ្សែបម្រើ Diego Perotti បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុម Roma បានផ្តល់ថ្ងៃនៃការលាគ្នារបស់ខ្សែប្រយុទ្ធជើងចាស់ Francesco Totti នូវការចងចាំមួយ ក្រោយពីបានកត់ត្រាជ័យជម្នះដ៏រំភើបក្នុងលទ្ធផល ៣-២ ក្នុងផ្ទះខ្លួនឯងលើក្រុម Genoa នាកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃអាទិត្យ។

    Totti ដែលបានលេងការប្រកួតចុងក្រោយរបស់គេជាមួយនឹងក្រុម Roma ក្រោយពីបានចំណាយពេលលេងឲ្យក្លិបនេះអស់រយៈពេល២៥ឆ្នាំ ប៉ុន្តែ ឈ្នះពានលីកតែមួយលើកនោះ ត្រូវបានគេផ្តល់ឲ្យនូវកាដូមួយនៅថ្ងៃចុងក្រោយ នៅពេលដែលរូបគេត្រូវបានដាក់ឲ្យលេងជំនួសខ្សែបម្រើប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah នៅនាទីទី៥៤។ Totti មិនបានរកគ្រាប់បាល់បញ្ចូលទីឡើយក្នុងការបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Serie A ជាលើកទី៦១៩ និងជាលើកទី៧៨៥បើសរុបទាំងអស់។

    ស្របពេលដែលការទទួលជ័យជម្នះនេះ បានធ្វើឲ្យក្រុម Roma ឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ Totti បានជួបថ្ងៃលាគ្នាដ៏រំជួលចិត្ត ខណៈដែលអ្នកគាំទ្រជាច្រើនបានបង្ហូរទឹកភ្នែក ក្រោយពីពួកគេបាននិយាយលាហើយទៅកាន់កីឡាករដ៏អស្ចារ្យបំផុតក្នុងប្រទេសអ៊ីតាលី ក្នុងរយៈពេល២០ឆ្នាំមកនេះ។ Totti បានឲ្យដឹងថា៖ «ពេលវេលានេះបានមកដល់។ ខ្ញុំបានយំពេញមួយយប់ ហើយនេះគឺជាតែអាវមួយរបស់ខ្ញុំ»៕
    ប្រភពពី៖ Channel News Asia

  • ហង់ ភូមិរ៉ា បង្រៀនសិល្បៈបុរាណ ព្រោះចង់ឱ្យយុវជនស្រឡាញ់វប្បធម៌ពិតប្រាកដ

    ហង់ ភូមិរ៉ា បង្រៀនសិល្បៈបុរាណ ព្រោះចង់ឱ្យយុវជនស្រឡាញ់វប្បធម៌ពិតប្រាកដ

    មរតកវប្បធម៌ ជាពិសេសល្ខោនខោល របាំបុរាណខ្មែរ របាំប្រជាប្រិយ ឬរបាំប្រពៃណីជាដើម ជាដួងព្រលឹងសំខាន់របស់ជាតិ ហើយវាក៏បង្ហាញផងដែរ នូវអត្តសញ្ញាណជាតិទៅកាន់ពិភពលោក។ មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងថា សិល្បៈបុរាណមានសារៈសំខាន់ តែសម្ទុះនៃការគាំទ្រនៅមានកម្រិតនៅឡើយ ហើយការអនុវត្តទៀតសោតក៏បានត្រឹមតែបង្ហាញឱ្យឃើញតែរូបភាពខាងក្រៅ មិនបានស៊ីជម្រៅ និងបញ្ជាក់ឱ្យឃើញពីសកម្មភាពជាក់ស្តែងនោះឡើយ។

    នៅសប្តាហ៍នេះ ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសជាមួយនឹងលោក ហង់ ភូមិរ៉ា ដែលគ្រប់គ្នាស្គាល់ថា លូលូ នាដកសិល្បៈខ្មែរបុរាណ ដើម្បីបង្ហាញពីភាពសំខាន់ៗមួយចំនួននៃសិល្បៈខ្មែរ រួមជាមួយនឹងគម្រោងរបស់លោកដែលបើកបង្រៀនវគ្គល្ខោនខោល របាំបុរាណខ្មែរ របាំប្រជាប្រិយ និងរបាំប្រពៃណី ដល់ប្រជាជនគ្រប់រូបដោយឥតគិតថ្លៃ។

    ១. លោកយល់ថា សិល្បៈវប្បធម៌ខ្មែរសំខាន់ប៉ុនណាសម្រាប់សង្គម?
    សិល្បៈវប្បធម៌ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ជាតិទាំងមូល ព្រោះវប្បធម៌គឺតំណាងឱ្យជាតិ ហើយពិភពលោកអាចស្គាល់យើងថា ជាខ្មែរគឺតាមរយៈសម្បត្តិវប្បធម៌នេះឯង។ យើងមានមរតកវប្បធម៌យ៉ាងល្អពិសិដ្ឋ ជាពិសេសសិល្បៈប្រកបដោយគុណតម្លៃ និងនិយមន័យជ្រាលជ្រៅដែលអាចបង្ហាញឱ្យពិភពលោកស្ងើចសរសើរបាន។ ពិភពលោកនឹងស្គាល់ខ្មែរច្បាស់ប្រសិនបើយើងរួមគ្នាបង្ហាញ គាំទ្រ និងផ្តល់តម្លៃដល់សិល្បៈបុរាណរបស់យើងគ្រប់ទម្រង់ឱ្យបានច្រើន។ ហេតុនេះហើយទើបខ្ញុំខិតខំបង្កើតកម្មវិធីសិល្បៈបុរាណ រួមទាំងការបង្រៀននានាដើម្បីឱ្យពិភពលោកបានស្គាល់សិល្បៈខ្មែរយើង។

    ២. តើការបង្កើតកម្មវិធីបង្រៀនសិល្បៈបុរាណដោយមិនយកប្រាក់នេះ តើលោកមានគម្រោងតាំងពីពេលណា? ហើយកត្តាអ្វីខ្លះដែលជំរុញលោកឱ្យបង្កើតកម្មវិធីនេះ?
    តាមពិតទៅខ្ញុំមានគម្រោងបង្កើតកម្មវិធីបង្រៀនសិល្បៈបុរាណនេះយូរហើយ គ្រាន់តែពិបាករកកន្លែងបង្រៀន នៅពេលនេះយើងមានកន្លែងហើយ គឺខាងសាលាស៊ីសុវត្ថិគាត់បានផ្តល់ទីតាំងឱ្យយើងសម្រាប់បង្រៀន។ ហើយបើនិយាយពីកត្តាជំរុញមានច្រើន តែអ្វីដែលចម្បងគឺ បើយើងជាសិល្បៈករមិនចាប់ផ្តើមធ្វើ តើអ្នកណាធ្វើ? ពេលខ្លះទោះបីជាក្រុមរបស់ខ្ញុំមិនមានលុយមានកាក់ច្រើនមែន តែយើងត្រូវតែចាប់ផ្តើមធ្វើដើម្បីឱ្យយុវជនយើងដែលស្រឡាញ់សិល្បៈគាត់បានរៀន ហើយក៏អាចជំរុញឱ្យគាត់ស្រឡាញ់សិល្បៈវប្បធម៌យើងកាន់តែច្រើនដែរ។ ពេលខ្លះត្រូវតស៊ូបង្រៀន និងរៀននៅក្រោមថ្ងៃក្តៅ ឬក្រោមដើមឈើ តែទឹកចិត្តនៃការស្រឡាញ់វប្បធម៌ បានជំរុញឱ្យយើងខំដោយមិនខ្លាចនឿយហត់ ក្នុងក្តីសង្ឃឹមមួយថា មរតកវប្បធម៌របស់យើងនឹងអាចទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់យុវជន និងមនុស្សគ្រប់គ្នាក្នុងសង្គម។

    ៣. តើលោកមើលឃើញថា ការគាំទ្ររបស់យុវជនចំពោះសិល្បៈវប្បធម៌ខ្មែរមានកម្រិតប្រសើរហើយឬនៅ?
    តាមពិតយើងឃើញមានការគាំទ្រច្រើនគួរសម តែចំនួននៃអ្នកគាំទ្រពិតប្រាកនៅមានកម្រិតនៅឡើយ ព្រោះមានមនុស្សមួយចំនួនគាំទ្របានតែមាត់ប៉ុណ្ណោះ។ ដូចយើងទាំងអស់គ្នាបានឃើញហើយក្នុងសង្គម មានអ្នកខ្លះនិយាយថា គាំទ្រសិល្បៈវប្បធម៌ខ្មែរ បង្ហោះក្នុង Facebook ថាស្រឡាញ់សិល្បៈខ្មែរ តែមិនដែលចូលរួមគាំទ្រឱ្យបានពិតប្រាកដតាមរយៈការចូលទស្សនាសិល្បៈវប្បធម៌ខ្លួនឯងឡើយ ហើយមានខ្លះទៀតមិនទាំងស្គាល់ទម្រង់សិល្បៈខ្មែរផង។ ជាក់ស្តែងគ្រប់គ្នានិយាយថាស្រឡាញ់សិល្បៈបុរាណខ្មែរ តែខែចូលឆ្នាំថ្មីៗនេះមិនសូវឃើញមានការរាំរបាំប្រពៃណីខ្មែរនោះទេ ភាគច្រើនឃើញតែសិល្បៈបែបបែកស្លុយទៅវិញ។

    ៤. សិល្បៈគេត្រូវការអភិរក្ស និងអភិវឌ្ឍន៍ តើការអភិវឌ្ឍបែបណាដែលលោកគិតថាជាការអភិវឌ្ឍត្រឹមត្រូវសម្រាប់ទម្រង់សិល្បៈវប្បធម៌ខ្មែរ?
    ពិតណាស់ អភិរក្ស និងអភិវឌ្ឍន៍ ត្រូវដើរទន្ទឹមគ្នា តែគោលដៅនៃការអភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរ គឺដើម្បីអភិរក្ស។ ការអភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរមិនមែនបង្កើតទម្រង់សិល្បៈថ្មីនោះទេ តែយើងត្រូវចេះកែច្នៃនូវអ្វីដែលយើងមានឱ្យកាន់តែទាក់ទាញ។ ជាឧទាហរណ៍ យើងបង្កើតឆាកល្ខោនខោលឱ្យកាន់តែមានសោភ័ណភាព និងទំនើបឡើង ដូចជាឈុតហោះ ឱ្យហោះចូលព្រៃមែនទែនដើម្បីបង្កើតទស្សនីយភាពឱ្យកាន់តែរស់រវើក និងជាការគាស់រំឭកឡើងវិញនូវសិល្បៈបុរាណឱ្យកូនខ្មែរសម័យថ្មីបានស្គាល់ផងដែរ៕

  • ផលិតកម្មចក្រវាលពេជ្រ នឹងផលិតរឿង «ព្រះមហាមោគ្គល្លាន» ជាការដាស់អារម្មណ៍ជនជំនាន់ក្រោយ

    ផលិតកម្មចក្រវាលពេជ្រ នឹងផលិតរឿង «ព្រះមហាមោគ្គល្លាន» ជាការដាស់អារម្មណ៍ជនជំនាន់ក្រោយ

    បន្ទាប់ពីក្បួនដង្ហែបែបព្រះពុទ្ធសាសនាចំនួន 5ប្រទេសដែលមាន ថៃ ឡាវ កម្ពុជា វៀតណាម និងភូមា បានមកដល់ទឹកដីកម្ពុជា គេសង្កេតឃើញមានពុទ្ធបរិស័ទជាច្រើនបានចូលរួម ក្នុងនោះអ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្រវាលពេជ្រ ក៏បានសម្ដែងនូវអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយបញ្ជាក់ថា ព្រឹត្ដិការណ៍ព្យុហយាត្រានេះគឺជាប្រវត្ដិសាស្រ្ដដំបូងក្នុងវិស័យពុទ្ធសាសនា។

    អ្នកស្រី ថុង ស៊ីវទៀង បានបញ្ជាក់ថា ពិធីនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាការដាស់តឿនសតិអារម្មណ៍ស្មារតីរបស់មនុស្សមួយចំនួនដែលកំពុងតែលង់ខ្លួនចូលយ៉ាងជ្រៅទៅក្នុងអំពីអាក្រក់ ពុំស្គាល់បាបបុណ្យ គុណទោស។
    ក្នុងនាមអ្នកស្រីជាអ្នកកាន់ពុទ្ធសាសនា និងជាចាងហ្វាងផលិតកម្មមួយរូបផងនោះអ្នកស្រីក៏ធ្លាប់បានដាក់បញ្ចូលនូវឈុតឆាកមួយចំនួនដែលទាក់ទង និងបុណ្យបាប និងលទ្ធផលនៃការធ្វើអំពើអាក្រក់ អំពើល្អទៅក្នុងខ្សែភាពយន្តរបស់ផលិតកម្មរបស់អ្នកស្រីផងដែរ។

    អ្នកស្រីបន្ដថា៖ «ប្រហែលនៅពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ខ្ញុំនឹងសហការជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5 ផលិតរឿង «ព្រះមហាមោគ្គល្លាន» ជាខ្សែរឿងពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាសម្រាប់ឱ្យប្រជាជនខ្មែរទស្សនាផង និងដើម្បីយកទៅរិះគិតពិចារណាផង។ ពិសេសដើម្បីជំរុញទឹកចិត្ដមនុស្សជំនាន់ក្រោយ ឱ្យកាន់តែយល់ច្បាស់អំពីបាបបុណ្យ គុណកុសល »។

    គួរបញ្ជាក់ថាពិធីដង្ហែក្បួនព្យុហយាត្រាមកកាន់កម្ពុជានេះ ត្រូវបានទទួលស្វាគមន៍ទាំងស្រុងដោយថៅកែនៃសណ្ឋាគារសូហ្វីតែលភូគីត្រា។ កម្មវិធីនេះត្រូវបានចេញដំណើរពីវិទ្យាស្ថានពោធិគយាវិទ្យាល័យប្រទេសថៃ ដង្ហែទៅប្រទេសឡាវ ចូលមកកម្ពុជា រួចទើបចេញទៅប្រទេសវៀតណាម បន្ទាប់មកឆ្លងកាត់តាមកោះកុងចូលទៅប្រទេសថៃវិញហើយបន្ដដំណើរទៅភូមា ទើបត្រឡប់មកកន្លែងដើមនៅក្នុងប្រទេសថៃវិញ៕

  • ផ្សារបោះដុំ “Makro” នឹងលេចចេញជារូបរាងនៅខែធ្នូ ឆ្នាំ2017

    ផ្សារបោះដុំ “Makro” នឹងលេចចេញជារូបរាងនៅខែធ្នូ ឆ្នាំ2017

    ត្រឹមតែរយៈពេល 7ខែទៀតប៉ុណ្ណោះ ប្រជាជនខ្មែរ ពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញនឹងបានឃើញផ្សារលក់ទំនិញដ៏ធំលំដាប់អន្ដរជាតិ (Makro) មួយ ផុសរូបរាងឡើងនៅម្ដុំកាំកូស៊ីធី។

    លោក ស្រី ស៊ុឆាដា អ៊ីធីចារូគូស អគ្គនាយកក្រុមហ៊ុន ស្យាម ម៉ាក្រូ បានលើកឡើងថា វាជាក្តីមោទនភាពបំផុតមួយសម្រាប់យើងដែលបានបើកសាខាដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃអស់រយៈពេល 30 ឆ្នាំកន្លងមក។

    លោកស្រីបន្ដថា តាមរយៈផលិតផលជាច្រើនប្រភេទ និងមានគុណភាពខ្ពស់ ពិសេសលើបទពិសោធនៃការគ្រប់គ្រងអាជីវកម្មបោះដុំរបស់យើង រួមជាមួយកិច្ចសហការរវាងរបស់អ្នកវិនិយោគមកពីប្រទេសថៃ និងវិនិយោគិនក្នុងស្រុក យើងនឹងធ្វើឱ្យភ្នំពេញក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មានសក្ដានុពលមួយនៅកម្ពុជា។

    ផ្សារម៉ាក្រូ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដី 5ហិកតា ដែលក្នុងនោះផ្ទៃដី 1ហិកតា ត្រូវបានរៀបចំឱ្យក្លាយជាទីតាំងលក់ទំនិញបំពាក់ដោយម៉ាស៊ីនត្រជាក់ដែលមានចំណតរថយន្ដអាចចូលចតបានរហូតដល់ទៅ 500 គ្រឿង។ ផ្សារនេះត្រូវនឹងនាំចូលមកនូវទំនិញ និងផលិតផលដែលមានគុណភាពជាមួយនិងការធានាសុវត្ថិភាពដោយប្រទេសថៃ និងស្ដង់ដារអន្ដរជាតិ។

    ឯកឧត្ដម ប៉ា សុជាតិវង្ស គណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ឯកឧត្ដមពិតជាមានចិត្ដសប្បាយរីករាយជាខ្លាំង ព្រោះសមិទ្ធផលដែលនឹងលេចរូបរាងនា 7 ខែខាងមុខនេះ វាកំពុងតែដើរស្របគ្នាទៅនឹងគោលនយោបាយ និងផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ។ ពិសេសវាបានឆ្លុះបញ្ចាំងឱ្យឃើញពីការជឿទុកចិត្ដពីសំណាក់អ្នកវិនិយោគបរទេសមកលើស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

    ឯកឧត្ដមគណៈអភិបាលរាជធានីភ្នំពេញ បានបន្ដទៀតថា ការលេចចេញនៃផ្សារទំនើបស្ដង់ដារអន្ដរជាតិនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថនៃការលក់ ព្រមទាំងកាត់បន្ថយការលក់ដែលគ្មានបៀបរៀបរយ។ ពិសេសវានឹងអាចបង្កើនការងារដល់កសិករតាមការបញ្ជារទិញកសិផលដោយមានការកំណត់ស្តង់ដារបានត្រឹមត្រូវពីទីផ្សារមួយនេះ។ លើសពីនេះអតិថិជនកាន់តែមានទំនុកចិត្ដខ្លាំងតាមរយៈការឆ្លងកាត់ការត្រួតពិនិត្យគុណភាពទំនិញយ៉ាងត្រឹមត្រូវរបស់ផ្សារ Makro ដ៏ទំនើបមួយនេះ៕

  • ឧកញ៉ាបណ្ឌិត ដេវិដ ឆាណាយវ៉ា ផ្ដល់ឱកាសសិក្សាដល់សិស្សស្ថិតនៅស្រុកខ្សាច់កណ្ដាលតាមរយៈបណ្ណាល័យ

    ឧកញ៉ាបណ្ឌិត ដេវិដ ឆាណាយវ៉ា ផ្ដល់ឱកាសសិក្សាដល់សិស្សស្ថិតនៅស្រុកខ្សាច់កណ្ដាលតាមរយៈបណ្ណាល័យ

    ដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម ក៏ដូចជួយជំរុញវិស័យអប់រំឱ្យមានការរីកចម្រើនលោកឧកញ៉ាបណ្ឌិត ដេវិដ ឆាណាយវ៉ា បានចូលរួមកសាងបណ្ណាល័យ នៅក្នុងវត្ដសុវណ្ណមរកត ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។

    បណ្ណាល័យនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី28 ខែឧសភា ឆ្នាំ2017។ ពិធីនេះត្រូវបានចូលរួមស្វាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

    លោកឧកញ៉ាបណ្ឌិត ដេវិដ ឆាណាយវ៉ា បានបញ្ជាក់ថា ការជួយកសាងបណ្ណាល័យនេះគឺលោកពុំចង់បានអ្វីតបស្នងមកវិញទេ គ្រាន់តែចង់ផ្ដល់ឱកាសដល់សិស្សានុសិស្សនៅក្នុងតំបន់នោះឱ្យមានឱកាសបានសិក្សាស្រាវជ្រាវដូចអ្នកសិក្សានៅភ្នំពេញដែរតែប៉ុណ្ណោះ។ ក្នុងនោះលោកក៏បានបំពាក់នូវកុំព្យូទ័រ និងអ៊ីនធើណេតដែលអាចឱ្យសិស្សានុសិស្សស្រាវជ្រាវបាន 24ម៉ោង។

    លោកឧកញ៉ាបណ្ឌិតបានបន្ដថា មូលហេតុដែលលោកជួយទៅលើបណ្ណាល័យ ព្រោះលោកយល់ថា ការជួយទៅលើសាលារៀនពីសប្បុរសជននានាឃើញថាមានច្រើនហើយ ដូច្នេះបណ្ណាល័យត្រូវដើរទៅទន្ទឹមនឹងសាលារៀន។ មានសាលាត្រូវតែមានបណ្ណាល័យទើបសមស្របទៅនឹងស្ដង់ដារអប់រំ។

    គួរបញ្ជាក់ថា បណ្ណាល័យនេះត្រូវបានកសាងឡើងដោយចំណាយថវិកាក្នុងរង្វង់ជាង 3ម៉ឺនដុល្លារ និងថែមទាំងត្រូវបានបំពាក់ដោយសម្ភារសិក្សាយ៉ាងសម្បូរបែបទៀតផង៕

  • អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅអាស៊ាន នឹងបើកការដ្ឋាននៅថ្ងៃទី១សីហា

    អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅអាស៊ាន នឹងបើកការដ្ឋាននៅថ្ងៃទី១សីហា

    ភ្នំពេញៈ ទីបំផុតអគារពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង ដែលជាអគារខ្ពស់ជាងគេ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេក្នុងតំបន់អាស៊ានកម្ពស់ ៥៥០ម៉ែត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១ សីហា ឆ្នាំ ២០១៧ ខាងមុខនេះ។

    លោកសាស្រ្តាចារ្យ ទួស សាភឿន ស្ថាបត្យករដែលបានចូលរួមគូរប្លង់អគារនេះ និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីម្សិលមិញថា លោកឧកញ៉ា ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានសម្រេចជ្រើសរើសយកថ្ងៃទី១ សីហាខាងមុខនេះ ដើម្បីបើកការដ្ឋានសាងសង់អគារនេះជាផ្លូវការហើយ។ ការសាងសង់អគារនេះនឹងចាប់ផ្តើមជាមួយទុនវិនិយោគ ២១០០លានដុល្លារ និងគ្រោងចំណាយថវិកា ៣០០០ លានដុល្លារទៀត ដើម្បីឲ្យអគារនេះដំណើរការរស់រវើកក្រោយពេលសាងសង់ចប់។ អគារនេះ រួមមានអាផាតមិនទំនើប សណ្ឋាគារលំដាប់ផ្កាយ៦ អគារការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មគ្រប់ប្រភេទនៅទីនេះ។

    លោកសាស្រ្តាចារ្យ ទួស សាភឿន បានបន្តថា តាមគម្រោងអគារនេះគ្រោងនឹងសាងសង់ ១៣៣ជាន់ និងកម្ពស់ ៥៥០ម៉ែត្រ ប៉ុន្តែមិនទាន់ពិតប្រាកដនៅឡើយទេ ព្រោះកម្ពស់របស់អគារនេះអាចមានការប្រែប្រួលនៅពេលខាងមុខ។

    តាមគម្រោង អគារពាណិជ្ជកម្មខ្ពស់កប់ពពកនេះនឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។

    អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ប្រសិនបើគិតពីទីផ្សារនាពេលបច្ចុប្បន្ន វត្តមានអគារនេះហាក់ដូចជាធំបន្តិចបើធៀបនឹងសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវានឹងមិនធំទេសម្រាប់ពេលអនាគត ប្រសិនជាប្រទេសរបស់យើងបន្តរីកចម្រើនបន្ថែមទៀត។

    អ្នកនាងបន្តថា ភាពជោគជ័យរបស់គម្រោងធំបែបនេះ វាអាស្រ័យលើយុទ្ធសាស្រ្តរបស់អ្នកវិនិយោគលើអគារនេះថា តើពួកគេនឹងផ្តល់អ្វីពិសេសសម្រាប់អតិថិជនយ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យពួកគេទិញ ប្រើប្រាស់ និងស្នាក់នៅក្នុងអគារនេះ។ «ការសាងសង់បញ្ចប់ មិនកំណត់ពីភាគជោគជ័យរបស់អគារនេះទេ ភាពជោគជ័យរបស់អគារនេះ នឹងកំណត់ដោយការប្រើប្រាស់របស់វាថា មានសកម្មភាពមមាញឹកបែបណា»៕