Category: សង្គម និងសេដ្ឋកិច្ច

  • ចំនួនអាផាតមិនផុសឡើងដូចពពុះសាប៊ូ

    ចំនួនអាផាតមិនផុសឡើងដូចពពុះសាប៊ូ

    ភ្នំពេញៈ ចំនួនអាផាតមិនដាក់ចូលទីផ្សារបានកើនឡើងដូចពពុះសាប៊ូ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំមុន អាផាតមិន និងខុនដូចំនួន២៩២គម្រោង និងមានផ្ទះចំនួន៧៧០០យូនីតបានដាក់ចូលទីផ្សារ។

    យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា ក្នុងអំឡុងឆ្នាំមុនអាផាតមិនបានដាក់ចូលទីផ្សារបានកើនឡើង២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ស្របពេលជាមួយ​តម្រូវការប្រើប្រាស់បានធ្លាក់ចុះ៨ភាគរយ ដោយសារការផ្គត់ផ្គង់អាផាតមិនច្រើននៅលើទីផ្សារ។

    ការសិក្សាដដែលបានរកឃើញផងដែរថា បញ្ហាសំខាន់នៅពីក្រោយការធ្លាក់ចុះតម្រូវការប្រើប្រាស់ គឺដោយសារចំនួនខុនដូបានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារបានកើនឡើង ដែ​លធ្វើឲ្យចំណែកទីផ្សារមានការចែករំលែកគ្នា ប៉ុន្តែទោះជាយ៉ាងណាគេនៅតែឃើញ​អត្រាប្រើប្រាស់អាផាតមិនមានកម្រិតខ្ពស់រហូតដល់៩០ភាគរយ។

    លោកឧកញ៉ានួន រិទ្ធីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបានវិនិយោគលើអាផាតមិននៅទីក្រុងភ្នំពេញផងដែរនោះបានថ្លែងថា ទីផ្សារ​អាផាតមិននៅតែមានភាពល្អប្រសើរ ទោះបីជាមានការផ្គត់ផ្គង់កើនឡើងក្តី តែអាផា​តមិនដែលបានសាងសង់រួចថ្មីៗនៅតែទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងជនបរទេស។

    លោកបន្តថា ទីផ្សារអាផាតមិនទាល់តែមានតម្រូវការទើបមានការផ្គត់ផ្គង់ ដូច្នេះការវិនិយោគលើអាផាតមិន មិនមានអ្វីគួរឲ្យបារម្ភទេ បើទោះជាមាន​ខុនដូថ្មីៗបានបញ្ចប់ការសាងសង់ច្រើន និងធ្វើឲ្យការប្រកួតប្រជែងកើនឡើងក្តី ក៏តម្រូវការ គោលដៅ និងទីតាំងនៃគម្រោងនីមួយៗមានភាពខុសៗគ្នា ហេតុនេះទើបទីផ្សារអាផា​តមិននៅតែមានភាពល្អប្រសើរ។

    អាផាតមិនសំដៅលើអាគារស្នាក់នៅរួម ដែលមានម្ចាស់តែមួយ ឬអ្នកវិនិយោ​គសាងសង់សម្រាប់ឱ្យជួល។ ចំណែកខុនដូជាអាគារសហកម្មសិទ្ធិ ដែលមានម្ចាស់ច្រើន​ហើយអ្នកវិនិយោគសាងសង់វាឡើងសម្រាប់លក់៕

  • Ederson ទៅដល់អង់គ្លេស ដើម្បី​ការ​ផ្ទេរ​ទៅ Man City

    Ederson ទៅដល់អង់គ្លេស ដើម្បី​ការ​ផ្ទេរ​ទៅ Man City

    អ្នក​ចាំ​ទី​ Ederson របស់ក្លិប Benfica បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Manchester ហើយ ដើម្បី​បំពេញការផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន (ស្មើ​នឹង​៤៥លាន​ដុល្លារ) របស់​គេទៅកាន់ក្លិប Man City​។

    ក្លិប​​យក្ស​របស់​អង់គ្លេស​មួយនេះនៅ​តែ​ត្រូវ​ធ្វើ​​ការដោះស្រាយ​​ទៅលើ​តម្លៃខ្លួន​​ដ៏ស្មុគស្មាញ​លើ​បញ្ហា​ភាព​ជា​កម្ម​សិទ្ធិ​​ភាគី​ទី​៣​ របស់​​អ្នក​ចាំ​ទី​វ័យ​២៣ឆ្នាំ​រូបនេះ ប៉ុន្តែ Ederson បាន​ទទួលការ​ត្រួត​ពិនិត្យ​សុខ​​ភាព​រួច​ជា​ស្រេចហើយ ដើម្បីបំពេញការ​ផ្ទេរ​កាលពីថ្ងៃ​ព្រហស្បតិ៍​​។ ក្លិប Benfica បាន​អះ​អាង​ថា ការ​ចរ​ចា​ផ្សេង​ៗ​ទៅលើ​ការ​ដោះស្រាយ​​លើ​បញ្ហា​ភាព​ជាកម្ម​សិទ្ធិ​​នេះត្រូវ​បាន​បំពេញ​ជា​ផ្លូវការហើយ​​។

    Benfica បាន​ចេញ​សេចក្តីថ្លែង​ការណ៍មួយកាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​មួយ​ជា​មួយ​នឹង​ក្លិប​យក្ស​របស់​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ ដើម្បីលក់​អ្នក​ចាំ​ទី Ederson ក្នុង​តម្លៃ​ខ្លួន​៤០​លាន​អឺ​រ៉ូ (ស្មើ​នឹង ៣៥លានផោន ឬ​៤៥លាន​ដុល្លារ​អាមេរិក​)។ កាលពី​​សប្តាហ៍មុន លោក Antonio Silva Campos ប្រធាន​​អតីតក្លិប​របស់ Ederson គឺ​ក្លិប Rio Ave បានប្រកាស​ថា ពួក​គេ​​នៅមាន​សិទ្ធិ​​៣០​ភាគ​រយ​លើ​តម្លៃ​ខ្លួន​លក់​ចេញ​របស់​អ្នក​ចាំ​ទី​រូប​នេះ ហើយ​ក្រុមហ៊ុន​ភ្នាក់​ងារ​ដោះ​ដូរ​របស់​​លោក Jorge Mendes មាន​​​កម្មសិទ្ធិ​២០​ភាគរយ ខណៈ​ដែល​ក្លិប Benfica មាន​កម្ម​សិទ្ធិ​​៥០​​ភាគ​រយ​។ សម្រាប់ Man City វិញ អ្នក​ចាំ​ទី Joe Hart បានចំណាយ​ពេល​​ក្នុង​រដូវកាល​នេះក្នុងនាម​ជា​កីឡាករ​កម្ចី​នៅ​ឯ​ក្លិប Torino ហើយ​អ្នកចាំ​ទីអន្តរ​ជាតិ​អង់​គ្លេស​រូបនេះ អាច​នឹង​ចាក​ចេញពី Man City ក្នុង​កុង​ត្រា​​ជា​អចិន្ត្រៃយ៍​ ក្រោយ​ពី​ការ​ផ្ទេរ​ចូលរបស់ Ederson។

    Ederson នឹងក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​២​នា​រដូវក្តៅ​នេះ​របស់ Man City ក្រោយ​ពី​ក្លិបមួយនេះ​បានចុះ​ហត្ថ​លេខា​ជាមួយ​នឹង​ខ្សែ​បម្រើ Bernardo Silva របស់​ក្លិប Monaco ក្នុង​តម្លៃ​ខ្លួន​៤៣,៦លាន​ផោន​៕

    ប្រភព​ពី៖ Daily Mail

     

     

     

  • ការចុះឈ្មោះចូលរៀន​របស់សិស្សមតេ្តយ្យ​មានការកើនឡើងតែមិនទាន់គ្រប់គ្រាន់នៅឡើយ

    ការចុះឈ្មោះចូលរៀន​របស់សិស្សមតេ្តយ្យ​មានការកើនឡើងតែមិនទាន់គ្រប់គ្រាន់នៅឡើយ

    យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការ UNICEF បានឱ្យដឹងថា ​ការអប់រំកុមារតូច​ចាប់ពីអាយុ៣ឆ្នាំ ដល់៥ឆ្នាំនៅកម្ពុជា​មានឥទ្ធិពល​ដល់កុមារពេញមួយជីវិត។ កុមារដែលបានទទួលការអប់រំតាំងពីនៅតូច នឹងមានការចេះត្រៀមខ្លួន​ដើម្បីទទួលយកការអប់រំ​រយៈពេលវែង រួមទាំងមានឱកាស​ចូលរៀន និងបញ្ចប់​ការសិក្សាកម្រិតបឋមច្រើនទៀតផង។

    យោងតាមទិន្នន័យរបស់​នាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ​ យុវជន និងកីឡា បានលើកឡើងថាក្នុងឆ្នាំ ២០១៦-២០១៧ នេះ​ មានកុមារ​ ២នាក់ក្នុងចំណោម ៥នាក់ក្នុងប្រទេសកម្ពុជា ចាប់ពីអាយុ​ ៣ឆ្នាំ ដល់៥ឆ្នាំ បានចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យ។ ទិន្នន័យនេះបង្ហាញឱ្យឃើញពីការកើនឡើងយ៉ាងវិជ្ជមាន​បើប្រៀបធៀបជាមួយឆ្នាំសិក្សា ២០០៨-២០០៩ ដែលមានកុមារតូច​ចន្លោះពី​អាយុ ៣ឆ្នាំ ដល់​ ៥ឆ្នាំ ត្រឹមតែ​ ១នាក់ប៉ុណ្ណោះក្នុងចំណោម ៥នាក់ ដែលបានចុះឈ្មោះចូលរៀន​ថ្នាក់មត្តេយ្យ។

    ភាពវិជ្ជមាន​នេះ នឹងជំរុញឱ្យការទទួលបានការអប់រំ​សម្រាប់កុមារតូចៗកាន់តែមានលក្ខណៈប្រសើរឡើង​នៅគ្រប់មជ្ឈដ្ឋាន ហើយវាក៏ជា​គុណសម្បត្តិ​ល្អមួយផងដែរសម្រាប់អនាគតនៃធនធានមនុស្សរបស់កម្ពុជា។ ផ្អែកលើ​ទិន្នន័យដដែលនេះក៏បានបង្ហាញផងដែរថា ខេត្តដែល​មាន​អត្រា​កុមារតូចចូលរៀនថ្នាក់មត្តេយ្យ​ខ្ពស់ជាងគេ​ក្នុងប្រទេសកម្ពុជា គឺមិនមែនរាជធានីភ្នំពេញនោះទេ តែជាខេត្ត​ដែលស្ថិតនៅជាយដែននៃប្រទេសទៅវិញ។

    ក្នុងឯកសារ​របស់​នាយកដ្ឋាន​អប់រំកុមារតូច បានបង្ហាញថា ខេត្តស្ទឹងត្រែងមានចំនួនកុមារតូចចូលរៀន​ថ្នាក់​មត្តេយ្យ​ចាប់ពីអាយុ៣ឆ្នាំទៅ មានចំនួន ៧៨% ច្រើនជាង​រាជធានីភ្នំពេញ​ដែលមានចំនួនត្រឹមតែ ៣៥% តែប៉ុណ្ណោះសម្រាប់ឆ្នាំសិក្សា ២០១៦-២0១៧នេះ៕

  • ណូម័រ ស៊ាំនឹងពាក្យគេថា មានអ្នកចិញ្ចឹម

    ណូម័រ ស៊ាំនឹងពាក្យគេថា មានអ្នកចិញ្ចឹម

     

    បន្ទាប់ពីកញ្ញា ណូម័រ បានសំម្ងំខ្លួនមិនសូវលេចមុខក្នុងអាជីពសិល្បៈមួយរយៈកន្លងមក  ស្រាប់តែថ្មីៗនេះលេចឮថា បានទិញផ្ទះមួយកន្លែងក្នុងតម្លៃជាង10ម៉ឺនដុល្លារ ខណៈដែលតារាសិល្បៈផ្សេងទៀតកំពុងតែប្រឹងប្រែងធ្វើការងារ ប៉ុន្ដែមិនទាន់មានលទ្ធភាពទិញផ្ទះបានដូចនាងនៅឡើយ។

    អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍លើកញ្ញា ណូម័រ គឺគ្រាដែលនាងពុំសូវមានការងារធ្វើ រកប្រាក់ចំណូលពុំសូវបាន តែនាងបែរជាមានលទ្ធភាពទិញផ្ទះដល់តម្លៃជាង10ម៉ឺនដុល្លារ។ បញ្ហានេះត្រូវបានអ្នកខ្លះលើកឡើងថា នាងអាចនឹងមានអ្នកឧបត្ថម្ភពីក្រោយជាមិនខាន។

    ជួបកញ្ញា ណូម័រ កាលពីពេលថ្មីៗនេះ នាងប្រាប់ថា៖”អ្នកណានិយាយអីក៏និយាយទៅ ព្រោះខ្ញុំស៊ាំទៅហើយ ព្រោះវាមិនមែនជាលើកទី1ទេ ដែលគេនិយាយពីខ្ញុំ ថាមានអ្នកនេះអ្នកនោះចិញ្ចឹម ពោលគឺតាំងពីខ្ញុំចូលសិល្បៈដំបូងៗ និងបានទិញផ្ទះមួយល្វែងតម្លៃជាង6ម៉ឺន ក៏គេបានលើកឡើងដូច្នេះដែរ”។

    នាងពិតជាបានទទួលស្គាល់ថា បានទិញផ្ទះក្នុងតម្លៃជាង១០ម៉ឺនពិតប្រាកដមែន តែប្រាក់ទាំងនោះជាកម្លាំងញើសឈាមរបស់នាងសុទ្ធសាធគ្មានបុរសណាមកទិញឱ្យនោះទេ។ ជាមួយនឹងចម្ងល់របស់មហាជននេះត្រូវបាននាង បញ្ជាក់ប្រាប់ថាទោះជានាងផ្អាកសម្ដែងមួយរយៈក៏ពិតមែន តែក៏នាងមិនបានពន្លែងចោលអាជីពសិល្បៈទាំងអស់ដែរ ពោលគឺនាងបានចាប់យកអាជីពជាពិធីការិនី ដែលការងារនេះអាចបង្កើតប្រាក់ចំណូលបានយ៉ាងច្រើន។

    ពិធីការិនីរូបនេះបញ្ជាក់ថា កាលពីឆ្នាំមុននាងបានទិញផ្ទះមួយទៅហើយក្នុងតម្លៃជាង6ម៉ឺនដុល្លារ តែដោយសារគិតថា ផ្ទះនោះតូចលំបាករស់នៅ ទើបនាងសម្រេចចិត្ដទិញផ្ទះនេះតែម្ដងដោយបង់រំលស់ក្នុងមួយខែជាង1ពាន់ដុល្លារ ដោយសារតែការងារពិធីការិនីរបស់នាងបច្ចុប្បន្នកំពុងតែកាក់កបទើបនាងពុំមានការបារម្ភពីការបង់រំលស់នោះឡើយ។

    គួរបញ្ជាក់ថា តម្លៃខ្លួនក្នុងការងារជាពិធីការិនីរបស់កញ្ញា ស្ថិតនៅក្នុងរង្វង់ចាប់ពី300-500 ដុលា្លរអាស្រ័យទៅលើកម្មវិធីធំ តូច ទៅជិត ឬឆ្ងាយ៕

  • តើលោក គួច សុខលី និយាយអ្វីខ្លះពីវិស័យភោជនីយដ្ឋាននៅកម្ពុជា?

    តើលោក គួច សុខលី និយាយអ្វីខ្លះពីវិស័យភោជនីយដ្ឋាននៅកម្ពុជា?

    ទោះជាបច្ចុប្បន្នកំណើននៃភោជនីយដ្ឋាននៅកម្ពុជាមានការកើនឡើងជាបន្ដបន្ទាប់ក្ដី ក៏ប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបានលើកឡើងថា កំណើននៃភោជនីយដ្ឋានទាំងនោះមិនទាន់គ្រប់គ្រាន់សម្រាប់ទីផ្សារកម្ពុជាទេ។

    ខាងក្រោមនេះជាកិច្ចសម្ភាសរវាងអ្នកយកព័ត៌មានប្រចាំកាសែត ឡារ៉ែន ពាណិជ្ជ ជាមួយលោក គួច សុខលី ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា៖

    តើបច្ចុប្បន្នមានភោជនីយដ្ឋានចំនួនប៉ុន្មានដែលបានចូលជាសមាជិរបស់សមាគម?
    សមាគមយើងមានសមាជិក 140 ក្រុមហ៊ុន ក្នុងនោះយើងមើលឃើញថា ក្នុងក្រុមហ៊ុនមួយមានឈ្មោះភោជនីយដ្ឋាន (ប្រ៊េនដ៍ៗ) 2 – 3 រីឯក្រុមហ៊ុនខ្លះទៀតក៏មានពី 5 – 10 ដែរ ដូច្នេះបើគិតពីចំនួនភោជនីយដ្ឋានវិញ គឺមានច្រើន ក្នុងនោះ 70% ជាប្រ៊េនដ៍មកពីក្រៅប្រទេស30% ជាប្រ៊េនដ៍ក្នុងស្រុក។

    អតិថិជនដែលទៅទទួលទានអាហារ តើពួកគាត់ផ្ដោតលើភោជនីយដ្ឋានមានយីហោល្បីៗ ឬផ្ដោតលើរសជាតិ?
    យើងមើលឃើញថា ជំហានដំបូងពួកគាត់ចាប់អារម្មណ៍លើរសជាតិអាហារ បន្ទាប់មកគាត់គិតពីតម្លៃ និងសេវាកម្ម ក្រៅពីនេះទើបគាត់ងាកទៅមើលលើទីកន្លែង និងបរិស្ថាន។ ទោះជាយ៉ាងណាភោជនីយដ្ឋានមានយីហោល្បីៗក៏ជាកត្តាសំខាន់ខ្លាំងណាស់ដែរ ព្រោះវាអាចងាយឱ្យអតិថិជនឆាប់ស្គាល់ ជាពិសេសនៅពេលពួកគាត់ចូលមកទទួលទានអាហារគាត់មានទំនុកចិត្ដទៅលើគុណភាពអាហារ អនាម័យ បរិស្ថានជាស្រេចហើយ។

    តើការងាររបស់សមាគមភោជនីយដ្ឋានគ្របដណ្ដប់លើអ្វីខ្លះ?
    សព្វថ្ងៃយើងធ្វើការងារគ្រប់ដណ្ដប់ទៅលើអាហារ ភេសជ្ជៈ កាហ្វេ ប៉ុន្ដែថ្មីៗនេះផ្នែកខាងកាហ្វេគេចង់បង្កើតសមាគមដាច់ដោយឡែកពីអាហារ ព្រោះគេតែងមានកម្មវិធីជាច្រើនបង្ហាញពីផលិតផលកាហ្វេ ប៉ុន្ដែចំពោះមុខនេះ ផលិតផលកាហ្វេស្ថិតនៅក្រោមសមាគមភោជនីយដ្ឋាននៅឡើយ។

    មូលហេតុអ្វីបានជាភោជនីយដ្ឋាន Franchise ល្បីៗនៅបរទេសហូរចូលមកកម្ពុជា?
    បើយើងមើលលើចំណុចនេះយើងគួរដឹងថា ក្រុមហ៊ុនធំៗមុននឹងចូលមកដាក់ទុនវិនិយោគនៅក្នុងប្រទេសណាមួយ ពិសេសកម្ពុជាគឺពួកគេបានសិក្សា ស្រាវជ្រាវយ៉ាងច្បាស់លាស់អំពីកម្ពុជា ដ្បិតអីប្រជាជនយើងមានចំនួនតិច ប៉ុន្ដែសក្ដានុពលនៃប្រទេសកម្ពុជាធំ បើយើងសង្កេតមើលប្រទេសសិង្ហបុរីប្រជាជនគេតិចមែនទែន តែគេនៅតែអាចធ្វើបាន។ ត្រឡប់មកវិញខ្ញុំគិតថា ដោយសារតែសម្លឹងឃើញពីសក្ដានុភាពរបស់កម្ពុជា ទើបភោជនីយដ្ឋានមាន Franchise ទាំងនោះចូលមកប្រទេសយើង។ គេអត់រង់ចាំទាល់តែដល់ពេលវេលា ឬរង់ចាំដល់ប្រជាពលរដ្ឋមានលទ្ធភាពសិននោះទេ គឺពួកគេមករង់ចាំមុនតែម្ដង ដោយសារតែពួកគេជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

    តើភោជនីយដ្ឋាន Franchise ទាំងនោះផ្ដោតលើអតិថិជនប្រភេទណា?
    ភាគច្រើនភោជនីយដ្ឋានប្រ៊េនដ៍ៗទាំងអស់ដែលចូលមកក្នុងប្រទេសកម្ពុជា គឺគេផ្ដោតទៅលើអតិថិជនក្នុងស្រុកមុនគេ ព្រោះចំនួនប្រជាជនក្នុងស្រុកមានច្រើនជាងភ្ញៀវទេសចរ។ ម្យ៉ាងទីផ្សារនៅក្នុងស្រុករបស់យើងភាគច្រើនជាយុវវ័យ ដែលជាអ្នកហ៊ានចាយលុយច្រើនទៅលើការទទួលទានអាហារនៅក្រៅផ្ទះ និងម្យ៉ាងដោយសារតែឥរិយាបថនៃការរស់នៅរបស់យុវជនយើងនិយមជួបជុំគ្នានៅខាងក្រៅផង។ កាលពីមុនយើងពិបាកជួបជុំគ្នានៅខាងក្រៅ សូម្បីទំនាក់ទំនងបណ្ដាញសង្គមក៏អត់មានដែរ ផ្ទុយទៅវិញបច្ចុប្បន្នទំនាក់ទំនងមានភាពងាយស្រួលដែលបង្កលក្ខណៈល្អក្នុងការណាត់ជួបគ្នានៅតាមភោជនីយដ្ឋានស្អាតៗ។

    តើលោកគិតថាការផ្គត់ផ្គង់ក្នុងវិស័យភោជនីយដ្ឋានគ្រប់គ្រាន់ ឬលើសតម្រូវការហើយឬនៅ?
    ខ្ញុំគិតថា ការផ្គត់ផ្គង់ភោជនីយដ្ឋាននៅកម្ពុជាពុំលើសតម្រូវការទេ ព្រោះដោយសាររបៀបរស់នៅរបស់ប្រជាជនកម្ពុជាមានការផ្លាស់ប្ដូរច្រើន ធ្វើឱ្យមានការកើនឡើងនៃអ្នកនិយមចេញទៅទទួលទានអាហារក្រៅផ្ទះជាមួយមិត្ដភ័ក្ដិ។ តាមរយៈសកម្មភាពហ្នឹងហើយដែលធ្វើឱ្យវិស័យភោជនីយដ្ឋានមានការកើនឡើងដែលយើងមើលឃើញថា នៅមិនទាន់គ្រប់គ្រាន់នោះ។ ផ្ទុយទៅវិញតាមរយៈកំណើនសេដ្ឋកិច្ចដែលរក្សានិរន្ដរភាពបាន កំណើនទេសចរណ៍ នឹងធ្វើឱ្យកម្ពុជាត្រូវការបន្ថែមនូវវិស័យសេវាកម្មអាហារដ្ឋាន និងភោជនីយដ្ឋាននេះ។

    តើការហូរចូលភោជនីយដ្ឋានល្បីៗមកពីបរទេសអាចធ្វើឱ្យប៉ះពាល់ដល់អាហារដ្ឋានតាមផ្ទះទេ?
    ខ្ញុំមិនគិតអ៊ីចឹងទេ។ ផ្ទុយទៅវិញខ្ញុំគិតថា ដល់ពេលនោះពួកគាត់នឹងមានការផ្លាស់ប្ដូរដោយខ្លួនឯង ព្រោះនៅពេលគាត់មើលឃើញពីសកម្មភាព និងសេវាកម្មដែលភោជនីយដ្ឋានល្អៗគេអនុវត្ដ គាត់នឹងអភិវឌ្ឍតាម ប្រសិនបើគាត់មិនមានការផ្លាស់ប្ដូរ ឬប្រឹងអភិវឌ្ឍតាមទេនោះ អាជីវកម្មរបស់គាត់នឹងប្រឈមនឹងហានិភ័យណាមួយមិនខាន៕

  • វិធី Backup ទិន្នន័យទាក់ទងនឹងការ Chat ក្នុងកម្មវិធី LINE ជៀសវាងការបាត់បង់

    វិធី Backup ទិន្នន័យទាក់ទងនឹងការ Chat ក្នុងកម្មវិធី LINE ជៀសវាងការបាត់បង់

    អ្នកប្រើប្រាស់កម្មវិធី LINE ភាគច្រើនតែងជួបបញ្ហាបាត់បង់ទិន្នន័យផ្សេងមានក្នុង Chat ក្រោយពួកគេធ្វើការដូចលេខទូរស័ព្ទ ដូរ​ទូរស័ព្ទថ្មី និងការ Login /Logout ជាដើម។ ចំពោះបញ្ហាញទាំងអស់នេះ យើងអាចដោះស្រាយវាបាន ហើយប្រាកដទៀតថា វាពិត​ជា​មិន​បាត់​បង់ទេ ប្រសិនបើអនុវត្តតាមវិធីខាងក្រោយ។ ក្នុងនោះ លោកអ្នកក៏ត្រូវប្រាកដដែលថា គណនី LINE នោះត្រូវបានចុះឈ្មោះ (Register Account ) ដោយប្រើ Email បានត្រឹមត្រូវ។

    1. មុនដំបូង សូម Update កម្មវិធី LINE ទៅជា Version ចុងក្រោយជាមុនសិន
    2. បន្ទាប់មក សូមចូលទៅកាន់ Settings
    3. បន្ទាប់មកទៀត ចុចលើ Chats & Calls
    4. ចុចលើ Backup and Restore Chat History
    5. ចុចលើ Google Account ហើយចុចលើ Allow
    1. ចុងក្រោយ ចុចលើ Backup to Google Drive
  • វត្ថុអនុស្សាវរីយ៍ទេសចរណ៍មានចំនួនតិចនៅលើទីផ្សារ

    វត្ថុអនុស្សាវរីយ៍ទេសចរណ៍មានចំនួនតិចនៅលើទីផ្សារ

    ភ្នំពេញៈ ក្រុមអ្នកជំនាញទេសចរណ៍មកពីវិស័យឯកជនបានស្នើសុំឲ្យរដ្ឋាភិបាលរៀបចំបទដ្ឋានគតិយុត្តិឲ្យបានសមស្រប ខណៈដែលផលិតផលជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់ឲ្យភ្ញៀវទេសចរបរទេសមានចំនួនតិចនៅឡើយ។

    លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា វិស័យឯកជនសំណូមពរឲ្យមានការវិនិយោគលើការផលិតវត្ថុអនុស្សាវរីយ៍ សម្រាប់លក់ជូនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ព្រោះនៅលើទីផ្សារទេសចរណ៍ មានផលិតផលផលិតក្នុងស្រុកតិចបំផុតដែលបានចរាចរលក់នៅលើទីផ្សារ។ លោកស្រីបន្តថា មានអ្នកខ្លះយកផលិតផលបរទេសមកប្រាប់ជនបរទេសថា ជាផលិតផលក្នុងស្រុក ប៉ុន្តែភ្ញៀវបរទេសពួកគាត់ស្គាល់ផលិតផលទាំងនោះថាផលិតនៅប្រទេសណា។

    លោកស្រីបន្តថា “តាមធម្មតាភ្ញៀវទេសចរ ពួកគេមកកម្សាន្តនៅប្រទេសយើង ពួកគេចង់ទិញផលិតផលរបស់ប្រទេសយើង ពួកគេមិនចង់ទិញផលិតផលផលិតនៅបរទេសនោះទេ”។ លោកស្រីបន្តថា “ពេលខ្លះវាជារឿងគួរអៀនខ្មាស់ផងដែរ ដែលមគ្គុទេសក៍ទេសចរណ៍នាំជនបរទេសទិញផលិតផលរបស់គេ ហើយប្រាប់ភ្ញៀវថាជាផលិតផលខ្មែរ”។

    លើសពីនេះ ភ្ញៀវទេសចរមួយចំនួន ពួកគេបានយកម្ហូបអាហាររបស់ពួកគេតាមខ្លួន ដើម្បីទុកទទួលទាន ដោយសារពួកគេបារម្ភពីបន្លែ ត្រីសាច់ ក្នុងស្រុកដែលផ្ទុកដោយសារធាតុគីមី។ ហេតុនេះអាជ្ញាធរពាក់ព័ន្ធគួរបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រោះការបណ្តែតបណ្តោយឲ្យផលិតផលមានសារធាតុគីមីចរាចរកាន់តែច្រើន វាមិនត្រឹមតែបំផ្លាញសុខភាពប្រជាពលរដ្ឋនោះទេ តែបំផ្លាញដល់វិស័យទេសចរណ៍ទាំងមូល។លោកស្រីឆាយ ស៊ីវលីនបញ្ជាក់ឲ្យដឹង។

    អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាលោកហូ វណ្ឌីបានថ្លែងថា បច្ចុប្បន្នមានអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មួយចំនួនបានផលិតវត្ថុអនុស្សាវរីយ៍សម្រាប់លក់ ប៉ុន្តែមានចំនួនតិចបើធៀបនឹងផលិតផលនាំចូល និងមានតម្លៃដើមខ្ពស់ ដែលធ្វើឲ្យពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ លោកបន្តថា វាមានរឿងប្រឈមច្រើនក្នុងបញ្ហានេះទាក់ទងនឹងធនធានមនុស្ស កម្រិតជំនាញ ការគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងការធ្វើការមិនស៊ីសង្វាក់គ្នារបស់មន្រ្តីជាដើម។

    លោកបន្តថា “បច្ចុប្បន្នវត្ថុអនុស្សាវរីយ៍ដែលបានលក់នៅលើទីផ្សារទេសចរណ៍មានមិនដល់២០ភាគរយនោះទេដែលជាផលិតផលក្នុងស្រុក ដែលធ្វើឲ្យកម្ពុជាបាត់បង់ប្រាក់ជាច្រើនចេញពីវិស័យនេះ”។ លោកបន្តថា “ប្រសិនជាមិនគិតគូរពីបញ្ហានេះទេ នៅលើទីផ្សារនាពេលអនាគតនឹងមិនមានផលិតផលខ្មែរនោះឡើយ យើងនឹងបាត់អត្តសញ្ញាណរបស់យើង”។

    កាលពីឆ្នាំ២០១៦កន្លងមកនេះ កម្ពុជាបានប៉ាន់ប្រមាណថាទទួលបានប្រាក់ពីវិស័យនេះ៣២០០លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១៣ភាគរយនៃផលទុនជាតិសរុប។

    លោកហូ វណ្ឌីបានបន្តថា វត្ថុអនុស្សាវរីយ៍ចម្លងដែលបានផលិតក្នុងស្រុកពិតជាពិបាកនាំចេញ ព្រោះនិតិវិធីមានភាពស្មុគស្មាញច្រើន ទោះបីជាមានការប្រជុំអន្តរក្រសួងរវាងក្រសួងទេសចរណ៍ ក្រសួងវប្បធ៌មវិចិត្រសិល្បៈ និងស្ថាប័នគយរួចហើយក៏ដោយ ក៏ផលិតផលចម្លងទាំងនោះពិបាកនាំចេញ និងត្រូវការពេលវេលាយូរទើបអាចនាំចេញបាន។ លោកបន្តថា បើនិយាយពីការវិនិយោគ គឺមានអ្នកវិនិយោគច្រើនបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យនេះ ប៉ុន្តែពួកគេមិនទាន់សម្រេចចិត្តដោយសារកម្ពុជាមិនទាន់មានច្បាប់ទាក់ទងនឹងវិស័យនេះ តម្លៃអគ្គិសនីខ្ពស់ ផលិតបានហើយប្រឈមនឹងកង្វះទីផ្សារ និងខ្វះធនធានមនុស្សជំនាញលើការងារនេះច្រើន៕

  • Bill Gates ចង្អុលបង្ហាញផ្លូវដល់យុវជនដែលទើបនឹងបញ្ចប់ការសិក្សា…

    Bill Gates ចង្អុលបង្ហាញផ្លូវដល់យុវជនដែលទើបនឹងបញ្ចប់ការសិក្សា…

    គេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក បានចេញអត្ថបទមួយស្តីពីគំនិតរបស់មហាសេដ្ឋីពិភពលោកផ្នែកបច្ចេកវិទ្យា លោក Bill Gates ដែលបានបានផ្ញើសារដោយសំដៅទៅលើសិស្សនិស្សតរាប់ពាន់នាក់ដែលទើបបញ្ចប់ការសិក្សាថ្មីនៅក្នុងសហរដ្ឋអាមេរិក អំពីការងារ និងការអប់រំជីវិត ហើយវាក៏មានប្រយោជន៍ផងដែរសម្រាប់យុវជននៅកម្ពុជាយើង។

    នៅក្នុងចំណោមសារដែលលោក Bill Gates សរសេរនៅលើបណ្តាញ Twiter ចំនួន ១៤ជាប់ៗគ្នានោះ មហាសេដ្ឋីខាងលើចង្អុលបង្ហាញពីចំណុចសំខាន់ៗចំនួន ៣ ដែលអាចជួយឱ្យយុវជនមានជោគជ័យក្នុងការងារ និងជីវិត នោះគឺ ឥទ្ធិពល (Impact) សុភមង្គល (Happiness) និង វិវឌ្ឍន៍(Progress)។ នៅក្នុងចំណោមរឿងទាំង ៣ ខាងលើនេះ មិនមានចំណែកណាមួយដែលគាត់និយាយអំពីលុយនោះទេ ព្រោះគាត់ផ្តោតសំខាន់លើកត្តារបស់មនុស្សខ្លួនឯងខ្លាំងជាងកត្តាខាងក្រៅ។ លោក Bill Gates ក៏បានបង្ហាញផងដែរអំពី អាជីពការងារដែលនិស្សិតទើបនឹងបានបញ្ចប់ការសិក្សាគួរស្វែងរកនាពេលបច្ចុប្បន្ន។

    មហាសេដ្ឋីពិភពលោកខាងលើបានសរសេរថា៖ «ការងារច្នៃប្រឌិត ការងារផ្នែកថាមពល និងជីវសាស្រ្ត ជាមុខវិជ្ជាដែលធ្វើឱ្យអ្នកគ្រប់គ្នាទទួលបាននូវផលប្រយោជន៍ និងឥទ្ធិពលយ៉ាងធំ ដែលសិស្សនិស្សិតគួរជ្រើសរើសធ្វើជាអាជីពការងារ»។ ស្រដៀងគ្នានេះដែរ លោកក៏បានបង្ហាញអំពីវិស័យថាមពលនៅពេលដែលគាត់ធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ Columbia University ថា៖«នាពេលបច្ចុប្បន្ននេះ ពិភពលោកត្រូវការធនធានយ៉ាងច្រើនដើម្បីធ្វើការអភិវឌ្ឍលើវិស័យថាមពលឱ្យកាន់តែមានគុណភាពល្អ ថោក និងស្អាត។ ហើយវិស័យបច្ចេកវិទ្យាជីវសាស្ត្រ ក៏កំពុងមានតម្រូវការខ្លាំងផងដែរ ព្រោះពិភពលោកកំពុងប្រឈមជាមួយបញ្ហាមួយចំនួនដែលត្រូវការសមិទ្ធផលថ្មីៗរបស់ពួកគេដូចជា ការដោះស្រាយបញ្ហាជំងឺមហារីក និងជំងឺធាត់ជ្រុលដែលកើតឡើងពីចំណីអាហារជាដើម»។

    ចំណុចដែល Bill Gates ផ្តោតខ្លាំងលើសិស្សនិស្សិតនៅលើពិភពលោកគឺ ត្រូវធ្វើការងារទាំងឡាយណាដែលអាចដោះស្រាយបញ្ហាមនុស្សបាន ហើយចាប់ផ្តើមពីពួកគេ នោះពិភពលោកនឹងកាន់តែមានលក្ខណៈប្រសើរឡើងមិនខាន៕

  • Man United លុប​ចោល​ការ​ចាប់​អារម្មណ៍​ទៅ​លើការផ្ទេរ Griezmann ពី Atletico

    Man United លុប​ចោល​ការ​ចាប់​អារម្មណ៍​ទៅ​លើការផ្ទេរ Griezmann ពី Atletico

    ក្លិប Manchester United បានដក​ការ​ចាប់អារម្មណ៍​របស់​ពួកគេពីការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Antoine Griezmann របស់​ក្លិប Atletico Madrid​។ នេះបើយោង​ទៅ​តាម​ប្រភព​ជិត​ដិត​មួយ​​របស់​​ក្លិបនេះកាលពីថ្ងៃ​ព្រហស្បតិ៍​។ Man United ដែល​ជាម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Europa League ត្រូវ​បាន​​បណ្តាញ​សារ​​ព័ត៌​​មាន​ចេញផ្សាយ​ថា កំពុង​តែ​រៀប​ចំផែន​​ការក្នុងការ​ទិញយក Griezmann វ័យ​២៦​ឆ្នាំ​។ ប៉ុន្តែ ប្រភព​មួយ​ និង​បណ្តាញ​សារ​ព័ត៌​មាន​ជាច្រើន​របស់ចក្រ​ភពអង់គ្លេសអះ​​អាង​ថា ក្លិប​បិសាចក្រហម Man United បាន​ផ្លាស់ប្តូរ​ការ​ចាប់អារម្មណ៍​របស់ពួក​គេ​។ ក្លិបនេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ​បាន​ដាក់​​អាទិ​ភាព​របស់​​ខ្លួន​ទៅលើ​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​កណ្តាល​ដ៏​មានសក្តា​នុ​ពល​ជំនួស​វិញ​។

    ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic របស់ Man United នៅ​តែ​​​ស្ថិតក្នុង​បញ្ហា​របួសជង្គង់​​រយៈពេល​វែង ហើយនឹង​ត្រូវ​ផុត​កិច្ច​សន្យា​របស់​គេ​នៅ​​ចុង​ខែ​នេះ​។ តុលា​ការ​អាជ្ញា​កណ្តាល​កីឡា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ពិន័យ​ព្យួរ​​លើ​ការ​ដោះ​​ដូរកីឡាករ​ប្រឆាំងនឹង Atletico ជុំវិញ​ការ​ប្រព្រឹត្ត​ល្មើស​នឹង​ការ​ចុះ​ហត្ថ​លេខា​កីឡាករ​បរទេស​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​។ វាមានន័យ​ថា ក្លិប​ស្ថិតក្នុង​ទីក្រុង Madrid មួយ​នេះ នឹង​មិន​អាច​ទិញ​ចូល​កីឡាករ​ថ្មី​រហូត​ដល់​​ខែ​មក​រា ឆ្នាំ​២០១៨​​។ Atletico កំពុង​តែ​មាន​បំណង​ក្នុង​ការលក់ Griezmann និង​ទិញ​​យក​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិបារាំងម្នាក់​ទៀត Alexandre Lacazette ពីក្លិប Lyon ដើម្បី​ជំនួស​កន្លែង​របស់​គេ​។ Griezmann គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្សែ​បម្រើ Paul Pogba ដែលកំពុងលេង​ឲ្យ Man United  និង​បាន​បង្ហើប​ពីការ​​ចង់​​ផ្ទេរ​ទៅកាន់​កីឡ​ដ្ឋាន Old Trafford នា​ពេលថ្មី​ៗ​នេះ​៕
    ប្រភព​ពី៖ Daily Star

     

  • Villareal ចុះ​ហត្ថ​លេខា​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Unal មកពីក្លិប Man City

    Villareal ចុះ​ហត្ថ​លេខា​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Unal មកពីក្លិប Man City

    ក្លិប Villareal បាន​ចុះ​ហត្ថ​លេខា​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ Enes Unal វ័យ​២០​ឆ្នាំ​មក​ពី​ក្លិប Manchester City របស់​ក្រប​ខ័ណ្ឌ Premier League ក្នុងកិច្ច​សន្យា​រយៈ​ពេល​៥ឆ្នាំ​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់ក្លិបស្ថិតក្នុង​ក្រប​ខ័ណ្ឌ La Liga មួយនេះ កាលពី​ថ្ងៃពុធ​​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិតួកគី Unal បាន​ចូលរួម​ជាមួយ​នឹងក្លិប Man City កាល​​ឆ្នាំ​២០១៥ និង​ត្រូវបាន​ខ្ចី​ជើង​​ទៅកាន់ក្លិប Genk របស់​បែល​ហ្ស៊ិក និង NAC Breda របស់​ហូឡង់ នៅមុន​ការចំណាយ​ពេល​ខ្ចី​ជើង​ពេញមួយ​រដូវកាល នៅ​ឯ​ក្លិប FC Twente សម្រាប់​យុទ្ធ​នាការ​ឆ្នាំ​២០១៦-២០១៧ ដោយ​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៩​គ្រាប់ក្នុងការ​បង្ហាញខ្លួន​៣៣លើក​។ Unal បាន​បង្ហាញខ្លួន​ជាលើកដំបូង​នៅក្នុងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​តួក​គី កាល​ពីឆ្នាំ​២០១៥ ក្នុង​វ័យ​ត្រឹម​តែ​១៧​ឆ្នាំ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ចំនួន​៥​គ្រាប់​មក​ទល់​ពេលនេះ​។ ការ​ផ្ទេរ​នេះ​​គឺ​មាន​តមៃ្ល​ខ្លួន​១២លានផោន (ស្មើនឹង​​១៥,៥លាន​ដុល្លារ​អាមេ​រិក​) ក្នុង​នោះ​រាប់​បញ្ចូល​ទាំងលក្ខ​ខណ្ឌ​​ទិញ​រំលាយ​កិច្ច​សន្យា​​ទៅលើ​​កុងត្រា​របស់​កីឡាករ​វ័យក្មេង​រូបនេះ​​ដែលមាន​តម្លៃ​១៧,៥លាន​ផោន​ផងដែរ​។ នេះ​បើយោង​ទៅ​តាមការ​ចេញផ្សាយ​របស់​បណ្តាញ​សារ​ព័ត៌​មាននានា​។

    Unal ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ឈាន​ដល់​ទម្រង់លេងកម្រិតកំពូល​របស់​ខ្លួន ចាប់​តាំង​ពី​​ទទួល​បានជោគ​ជ័យ​ដ៏​ធំ​ធេង​នៅ​ឯ​ក្លិប Bursaspor ក្រោយ​ពី​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​១៨២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១១០​លើក​ក្នុងកម្រិត​យុវ​ជន និងក្រុម​ឈុត​ធំ​។ រូប​គេ​ក៏​បាន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៤គ្រាប់ ក្នុងការ​ប្រកួត​២៥​លើក​សម្រាប់​ក្រុម​​ជម្រើស​ជាតិ​តួក​គីអាយុ​ក្រោម​១៦ឆ្នាំ​ផងដែរ​៕

    ប្រភព​ពី​៖ Reuters