Category: សង្គម និងសេដ្ឋកិច្ច

  • លក្ខណសម្បត្តិបែបណាទើបរាប់ថាជាយុវជនដែលមានភាពចាស់ទុំ?

    លក្ខណសម្បត្តិបែបណាទើបរាប់ថាជាយុវជនដែលមានភាពចាស់ទុំ?

    ក្លាយជាមនុស្សដែលមានភាពចាស់ទុំគឺជាឥរិយាបថមួយដែលយុវជនគ្រប់រូបចង់ធ្វើ តែពេលខ្លះការគ្រប់គ្រងខ្លួនឯងពីស្ថានភាពមួយ ដែលពោរពេញទៅដោយការប្រែប្រួលទាំងចិត្តគំនិត រាងកាយ និងបរិស្ថានជុំវិញខ្លួន ជារឿងពិបាកមួយសម្រាប់ពួកគេ។

    វិធីសាស្រ្តដើម្បីក្លាយជាមនុស្សចាស់ទុំ មិនពិបាកពេកនោះទេគ្រាន់តែមនុស្សមួយចំនួនមិនបានដឹងតែប៉ុណ្ណោះ។

    ខាងក្រោមនេះជាលក្ខណៈមួយចំនួនដែលសម្គាល់ថា យុវជនរូបនោះជាមនុស្សចាស់ទុំ៖
    ១. មានគំនិតស៊ីជម្រៅ និងមិនឆេវឆាវ
    នៅពេលដែលមនុស្សណាម្នាក់ បានឆ្លងកាត់ការអប់រំ រួមទាំងបទពិសោធជីវិតច្រើនគេនឹងក្លាយជាមនុស្សម្នាក់ដែលមានការគិតស៊ីជម្រៅ មិនមែនធ្វើអ្វីមួយតាមការនឹកឃើញ ឬឆាប់ខឹង និងឆាប់ជឿតាមការអូសទាញណាមួយនោះទេ។ ម្យ៉ាងវិញទៀត នៅពេលដែលពួកគេមានភាពចាស់ទុំ គេក៏នឹងអាចបង្កើតគំនិតថ្មីៗ រួមទាំងមានភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហានានាប្រកបដោយហេតុផល រួមទាំងគំនិតដែលមនុស្សចាស់មួយចំនួនមិនអាចធ្វើបានថែមទៀតផង។

    ២. មានស្មារតីរឹងប៉ឹង និងមានឯករាជ្យភាព
    យុវជនភាគច្រើនចង់បានឯករាជ្យភាព តែអាណាព្យាបាលព្យាយាមមិនផ្តល់ឱកាសដល់ពួកគេ។ កត្តាមួយចំនួនដែលអាណាព្យាបាលមិនសូវផ្តល់ភាពឯករាជ្យឱ្យពួកគេគឺ មកពីម្តាយឪពុកមើលឃើញពីភាពឡេះឡោះ និងភាពទន់ជ្រាយនៅក្នុងគំនិត ដែលកូនៗស្តែងចេញមកតាមរយៈការនិយាយស្តី និងសកម្មភាព។ ហេតុនេះមនុស្សដែលមានភាពចាស់ទុំ ភាគច្រើនជាអ្នកដែលស្ងប់ស្ងាត់ រីករាយ និងមានការគិតផ្ទាល់ខ្លួនបានយ៉ាងច្បាស់លាស់។ នៅពេលដែលយុវជនណាម្នាក់មានគោលជំហរច្បាស់លាស់នៅក្នុងការគិត ពួកគេនឹងអាចក្លាយជាអ្នកដែលអាណាព្យាបាលទុកចិត្ត ហើយបង្កើតបាននូវចន្លោះឯករាជ្យភាពសម្រាប់ខ្លួនឯងប្រកបដោយភាពរឹងមាំ។

    ៣. មានឆន្ទៈក្នុងការកំណត់លើវាសនាខ្លួនឯង
    អាណាព្យាបាលតែងតែខ្វល់ខ្វាយច្រើនពីការកំណត់លើវាសនារបស់កូនៗ តែគាត់ប្រហែលជាមិនពិបាកសម្រេចចិត្តពេកទេ នៅពេលដែលកូនៗរបស់គាត់ជាមនុស្សដែលមានឆន្ទៈខ្ពស់ក្នុងការសម្រេចគោលដៅជីវិតរបស់គេ។ មនុស្សដែលមានភាពចាស់ទុំ ភាគច្រើនជាអ្នកដែលហ៊ានបង្ហាញពីគោលដៅជីវិត និងបំណងប្រាថ្នារបស់ខ្លួនដល់អាណាព្យាបាល ព្រមទាំងមានវិធីធ្វើវាឱ្យជោគជ័យថែមទៀតផង៕

  • ៣ឆ្នាំទៀត ប្រាក់ចំណូលប្រជាពលរដ្ឋខ្មែរនឹងកើនដល់ ១៩០០ដុល្លារ

    ៣ឆ្នាំទៀត ប្រាក់ចំណូលប្រជាពលរដ្ឋខ្មែរនឹងកើនដល់ ១៩០០ដុល្លារ

    ភ្នំពេញៈ ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាពលរដ្ឋខ្មែរ នឹងកើនដល់ ១៩០០ដុល្លារសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០២០ខាងមុខ។ នេះបើយោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រាក់ចំណូលប្រជាពលរដ្ឋខ្មែរនៅឆ្នាំ២០១៦ មានចំនួន ១៣០២ដុល្លារ នឹងកើនឡើងដល់ ១៩០០ដុល្លារសម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០២០ខាងមុខ។ របាយការណ៍នេះក៏បានចង្អុលបង្ហាញដែរថា កម្ពុជានឹងសម្រេចគោលដៅក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមលំដាប់ខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

    ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ គឺសំដៅដល់ប្រជាពលរដ្ឋម្នាក់មានប្រាក់ចំណូលចាប់ពី ៤៨០០ដុល្លារ ដល់ជាង ១២០០០ដុល្លារក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ នេះបើយោងតាមការកំណត់របស់ធនាគារពិភពលោក។

    សេដ្ឋវិទូកម្ពុជាលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា អ្វីដែលជាការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ មានលក្ខណៈវិទ្យាសាស្រ្ត និងអាចទុកចិត្តបាន ព្រោះលោកជាអ្នកជ្រើសរើសអ្នកជំនាញទាំងនោះដោយផ្ទាល់។ ពួកគេពិតជាពូកែ និងមានទេពកោសល្យ។

    លោកបន្តថា “ខ្ញុំជឿថា ការព្យាករនេះផ្អែកលើវិទ្យាសាស្រ្តមិនមែនផ្អែកលើនយោបាយនោះទេ”។ លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា ផ្អែកលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ការរក្សាបាននូវស្ថិរភាពសង្គម នយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេសកាន់តែច្រើន ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មសម្រាប់ឆ្នាំ២០១៥ ២០២៥ នឹងធ្វើឲ្យកម្ពុជាសម្រេចបានតាមគោលដៅរបស់ខ្លួន៕

  • មានអីតែឯង…Samsung ក៏មានដែរ!

    មានអីតែឯង…Samsung ក៏មានដែរ!

    មួយខែចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានចាប់ផ្ដើមបង្អួតគ្នានូវកុំព្យូទ័រស៊េរីថ្មីៗ ដោយមានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃទាំងឡាយ ដែលអាចបម្រើសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុន Samsung ក៏មានមួយគ្រឿងនឹងគេដែរ ក្រោយពីទំនេរដៃពីរឿងស្មាតហ្វូន។

    ក្នុងព្រឹត្តិការណ៍ពិព័រណ៍ Computex នៅកោះតៃវ៉ាន់ Samsung បានដាក់បង្ហាញនូវម៉ូដែលកុំព្យូទ័រយួរដៃថ្មីមួយដែលមានឈ្មោះថា Notebook 9 Pro ដោយមានលក្ខណៈពិសេសត្រង់មានការភ្ជាប់ប៊ិច S Pen មកជាមួយដែលអាចគូសវាស និងធ្វើកិច្ចការមួយចំនួនទៀតស្រដៀងទូរស័ព្ទត្រកូល Note ដែរ។ មិនតែប៉ុណ្ណោះ Notebook 9 Pro ក៏អាចបត់អេក្រង់បាន 360 ដឺក្រេជាមួយនឹងអេក្រង់ប្រភេទ Touch Screen អាចប៉ះបញ្ជាដោយផ្ទាល់ ឬប្រើប៊ិច S Pen បញ្ជាក៏បានដែរ។ ចំពោះប៊ិច S-Pen អាចទទួលកម្លាំងសង្កត់បានដល់ទៅ 4000 កម្រិត ហើយថែមទាំងបំពាក់ Software ឈ្មោះ Samsung’s Air Command សម្រាប់គូររូប និងកត់ត្រាទៀតផង។ ចំពោះតម្លៃវិញ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់ប្រាប់នៅឡើយ។

    លក្ខណៈសម្បត្តិ
    – អេក្រង់ទំហំ 13.3 អ៊ីញ និង 15 អ៊ីញ បំពាក់ CPU Intel Core i7
    – RAM ទំហំ 8 GB (13.3 អ៊ីញ) និង RAM ទំហំ 16 GB (អេក្រង់ទំហំ 15 អ៊ីញ) ជាមួយបន្ទះឈីបក្រាហ្វិក AMD Radeon 450
    – មេម៉ូរីក្នុងម៉ាស៊ីនទំហំ 256 GB ប្រភេទ SSD
    – រន្ធដោត USB-C, USB-A ចំនួន 2 រន្ធ, រន្ធដោត HDMI, រន្ធ Micro SD
    – ប្រព័ន្ធប្រតិបត្តិការ Windows 10 Hello៕

  • អ៉ិត សេដ្ឋា ពិធីករល្បីឈ្មោះបានលាចាកលោកនារសៀលម៉ោង2ថ្ងៃនេះ

    អ៉ិត សេដ្ឋា ពិធីករល្បីឈ្មោះបានលាចាកលោកនារសៀលម៉ោង2ថ្ងៃនេះ

    បន្ទាប់ពីទទួលបានព័ត៌មានថា លោកអ៉ិត សេដ្ឋា កំពុងតែមានជំងឺជាទម្ងន់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីកាលពីព្រឹកមិញហើយនោះ អីលូវនេះលោកបានទទួលមរណភាពហើយ។

    លោកអ៉ិត សេដ្ឋា ជាពិធីករដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានស្គាល់លោក  កាលពីវេលាម៉ោង 2​ រសៀលថ្ងៃនេះលោកបានទទួលមរណភាពហើយបន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ។

    គួរបញ្ជាក់ថា លោកអ៉ិត សេដ្ឋា បានកើតក្នុងឆ្នាំ1970  នៅក្នុងស្រុកមោងឬស្សី ខេត្ដបាត់ដំបង។ ក្រោយថ្ងៃរំដោះ 1979 លោកបានចូលរៀននៅក្នុងសាលាវត្ដដំរីស។ រហូតដល់ឆ្នាំ1987  លោកបានភៀសខ្លួនទៅរស់នៅក្នុងជំរំខាវអ៊ីដាងប្រទេសថៃ។ ក្នុងឆ្នាំ1990 លោកបានរៀនភាសាថៃ ​និងជំនាញកាត់តវីដេអូនៅទីក្រុងបាងកក ប្រទេសថៃ។ ឆ្នាំ 1991 លោកបានធ្វើមាតុភូមិនិវត្ដន៍មករស់នៅទីក្រុងភ្នំពេញដោយបានចូលមកបម្រើការងារក្នុងស្ថានីយទូរទស្សន៍ IBC។ ឆ្នាំ1994 លោកបានផ្លាស់ចូលមកបម្រើការងារក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5។ ឆ្នាំ2001 លោកបានចូលបម្រើការងារនៅស្ថាប័នទូរទស្សន៍ខ្សែកាប្លិ៍  និងនៅឆ្នាំ2009លោកបានចូលបម្រើការងារនៅស្ថានីយទូរទស្សន៍ CTN រហូតដល់ថ្ងៃលោកទទួលមរណភាព៕

     

  • Full MV បទ «តើ…គេ?» របស់ ខេម និង កែវ វាសនា បង្ហាញពីភាពប្រទាក់ក្រឡា ស្នេហាឈឺចាប់

    Full MV បទ «តើ…គេ?» របស់ ខេម និង កែវ វាសនា បង្ហាញពីភាពប្រទាក់ក្រឡា ស្នេហាឈឺចាប់

    អារម្មណ៍ពីរស្របពេលតែមួយ គឺពិតជាឈឺចាប់ សេចក្ដីស្នេហាបុរសពីរនាក់ បែងចែកនារីម្នាក់ ព្រមទាំងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងតារាចម្រៀង ខេម ច្រៀងរួមគ្នាជាមួយលោក កែវ វាសនា នៅក្នុងបទ «តើ.. គេ?» ពេលនេះ ម៉ោងនេះ បានចេញ Full MV ហើយ។

    បទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀងដោយកវី លោក យឹម តាស្រង់ និងប្អូនរបស់លោក យឹម សុជាតា ហើយក្រោមការសម្រួលបទភ្លេងដោយ លោក ផល វឌ្ឍនៈ។ ចង់ដឹងថាផ្ទៃរឿងទាំងមូល មានភាពប្រទាក់ប្រឡា ស្នេហាឈឺចាប់យ៉ាងណានោះ សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ៖

  • អាសន្នធំហើយ! បើកសំបុត្រសម្ងាត់…កូនប្រុសអូសាម៉ា ប៊ិនឡាដេននឹងតាមសងសឹកជនជាតិអាមេរិក

    អាសន្នធំហើយ! បើកសំបុត្រសម្ងាត់…កូនប្រុសអូសាម៉ា ប៊ិនឡាដេននឹងតាមសងសឹកជនជាតិអាមេរិក

    កាលពីពាក់កណ្តាលខែឧសភា កន្លងទៅនេះ CBS របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា លោក អាលី ស៊ូហ្វាន អតីតមន្រ្តី FBI អាមេរិក ជាអ្នកដែលចូលរួមស៊ើបអង្កេតរឿងក្តីភេរវកម្ម 911 (យន្តហោះភេរវករបើកបំបុកអគារពាណិជ្ជកម្មពិភពលោក World Trade Center កាលពីឆ្នាំ 1997) បានផ្តល់បទសម្ភាសក្នុងកម្មវិធី 60 minutes របស់ CBS អំពីឯកសារសម្ងាត់ដែលរឹបអូសបានកាលពី 7 ឆ្នាំមុន ដែលខណៈនេះអាចបើកចំហជាសាធារណៈបានហើយនោះថា លោក ហាំហ្សា ប៊ិនឡាដេន កូនប្រុសរបស់អតីតមេខ្លោងភេរវករ អូសាម៉ា ប៊ិនឡាដេន ស្ថាបនិកខ្សែបណ្តាញ អាល់កៃដា បានសរសេរអត្ថបទមួយថា ត្រូវការសងសឹកឱ្យឪពុករបស់ខ្លួនដែលត្រូវសហរដ្ឋអាមេរិកសម្លាប់កាលពីឆ្នាំ 2010។

    ឯកសារសម្ងាត់នោះជាសំបុត្រផ្ទាល់ខ្លួនរបស់ ប៊ិនឡាដេន ដែលក្រុមយោធាស៊ីលរបស់សហរដ្ឋអាមេរិករឹបអូសមកបានពីប្រតិបត្តិការវាយសម្រុកចូលសម្លាប់ ប៊ិនឡាដេន ដល់កន្លែងលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន។ សំបុត្រមួយផ្នែកសរសេរដោយលោកហាំហ្សា កាលពីនៅអាយុ 22 ឆ្នាំ ដែលនៅជាប់ជិតដិតនឹងឪពុក និងត្រូវការស្នងផ្នត់គំនិតរបស់ឪពុក។

    បច្ចុប្បន្នលោកហាំហ្សា មានអាយុ 28 ឆ្នាំហើយ និងថែមទាំងបានផ្សព្វផ្សាយឃ្លីបសំឡេងបំផុសបំផុលសមាជិកក្នុងអំឡុងពេល 2 ឆ្នាំកន្លងមកនេះទៀតផង ដោយបានបង្ហាញអំពីចេតនាក្នុងការកសាងអាល់កៃដាឱ្យរឹងមាំ និងពង្រីកឱ្យធំឡើង ត្រៀមជាស្រេចក្នុងការសងសឹក។

    លោកស៊ូហ្វានបាននិយាយថា នៅក្នុងសំបុត្រនោះ ហាំហ្សាបានសរសេរថា ខ្លួននៅចាំមុខឪពុកគ្រប់ពេលវេលា គ្រប់ស្នាមញញឹមដែលឪពុកបានញញឹមដាក់ និងគ្រប់ពាក្យសម្តីដែលឪពុកនិយាយជាមួយ។ គេគិតថា គេត្រូវតែចូលរួមក្នុងដំណើរផ្លូវរបស់ ជីហាដ។

    រដ្ឋការសហរដ្ឋអាមេរិកបានកត់ត្រាឈ្មោះរបស់ ហាំហ្សាទុកក្នុងឋានៈជាភេរវករលំដាប់ពិភពលោកដែលបានទទួលការតែងតាំងជាពិសេសក្នុងកម្រិតដែលឪពុករបស់គេធ្លាប់បានទទួលពីមុនដែរ។ សូម្បីតែសំឡេងនិយាយរបស់ហាំហ្សាក៏ដូចឪពុករបស់គេដែរ កាលពីពេលថ្មីៗនេះ នៅក្នុងអត្ថបទ និងពាក្យសម្តីដែលត្រូវបានផ្សព្វផ្សាយចេញមក ហាំហ្សាបានប្រើប្រាស់ប្រយោគ និងពាក្យផ្សេងៗដែលប៊ិន ឡាដេនជាឪពុកធ្លាប់បានប្រើទាំងអស់។

    “គេនិយាយថា…ជនជាតិអាមេរិក យើងកំពុងតែទៅរកពួកអ្នកហើយ និងពួកអ្នកនឹងមានអារម្មណ៍ដឹងអំពីការទៅរកពួកអ្នកក្នុងគ្រានេះ យើងនឹងមកយកវិញនូវអ្វីដែលពួកអ្នកបានធ្វើចំពោះឪពុករបស់យើង ចំពោះអ៊ីរ៉ាក់ ចំពោះអាហ្វហ្គានីស្ថាន ទាំងអស់វាជារឿងរ៉ាវនៃការសងសឹក” អតីតមន្រ្តី FBI រៀបរាប់។

    បច្ចុប្បន្នខ្សែបណ្តាញអាល់កៃដាមានមូលដ្ឋាននៅក្នុងរាប់សិបប្រទេស ចាប់តាំងពីហេតុការណ៍អារ៉ាប់ស្រ្ពីងក្នុងឆ្នាំ 2010 ដែលកើតមានសុញ្ញាកាសខាងអំណាចមក គ្រាន់តែនៅក្នុងប្រទេស ស៊ីរី មានសាវ័កអាល់កៃដាប្រមាណជា 20.000 នាក់ទៅហើយនៅតាមទីក្រុង និងទីប្រជុំជនផ្សេងៗ។

    “អាល់កៃដាឥឡូវរឹងមាំជាងកាលពីពេលមុន ខ្ញុំជឿថា ប៊ិនឡាដេនខ្លួនឯងក៏មានក្តីស្រមៃដ៏ក្តៅគគុកមួយដែលគិតថា គេនឹងត្រូវតែមានសាវ័កដែលអាចបញ្ជាបានដូចកងទ័ព កងកម្លាំង និងផែនដី”លោក ស៊ូហ្វានបន្ថែម។

    អក្សរក្រោមរូបភាព ៖ ហាំហ្សា កាលពីនៅក្មេង


    ស្រាវជ្រាវដោយ តាវ៉ែនតា

  • លក្ខណៈសម្គាល់ធុរេនធម្មជាតិររបស់ខ្មែរ និងធុរេននាំចូលពីថៃ

    លក្ខណៈសម្គាល់ធុរេនធម្មជាតិររបស់ខ្មែរ និងធុរេននាំចូលពីថៃ

    ជារៀងរាល់ឆ្នាំចាប់ពីខែឧសភារហូតដល់ខែកក្កដា កសិករដែលដាំធុរេនមានការរីករាយសប្បាយចិត្តណាស់ ក្នុងការប្រមូលផលធុរេនយកមកលក់នៅលើទីផ្សារ ប៉ុន្តែអតិថិជននៅតាមទីប្រជុំជនវិញ មានការលំបាកខ្លាំងក្នុងការរកទិញធុរេនធម្មជាតិរបស់ខ្មែរយកមកពិសា ដូច្នេះដើម្បីឱ្យបានដឹងច្បាស់យើងនាំគ្នាមកមើលពីវិធីសាស្រ្តងាយៗ ក្នុងការពិនិត្យមើលថា តើណាមួយជាធុរេនធម្មជាតិក្នុងស្រុក ឬធុរេននាំចូលពីក្រៅស្រុកដូចជាប្រទេសថៃ ឬវៀតណាមជាដើម?

    លោក ស្រ៊ន គឹមស្រេង អាជីវករលក់ធុរេនធម្មជាតិ តាមបណ្តាញសង្គមហ្វេសប៊ុក មានប្រសាសន៍ថា ធុរេនធម្មជាតិរបស់ខ្មែរមានលក្ខណៈខុសពីធុរេននាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម ធុរេនរបស់ខ្មែរមានសម្បករាងក្រាស់បន្តិច ពេលពុះរួចចូរ ពិនិត្យទៅលើគែមសម្បកខាងក្រៅ នឹងឃើញមានពណ៌ខៀវស្រស់ ចំណែកទងរបស់វាមានថ្នាំងពីរកង់ ហើយពេលដែលវាទុំខ្លាំង ថ្នាំងទី1 នឹងជ្រុះបាត់នៅសល់តែថ្នាំងទី2 ប៉ុណ្ណោះ នោះគឺអាចសម្គាល់ថា ជាធុរេនខ្មែរដែលទុំអាចពិសាបានហើយ។

    លោកបន្តថា សម្រាប់ធុរេននាំចូលពីប្រទេសថៃវិញនៅលើទងមានថ្នាំងខ្លះដែរ តែភាគច្រើនមានថ្នាំងតែ 1 ប៉ុណ្ណោះ ចំណែកសម្បកវារាងស្តើង ពេលដែលពុះរួចពិនិត្យទៅលើគែមសម្បកខាងក្រៅនោះមានពណ៌លឿងថ្លា មិនខៀវស្រស់ដូចធុរេនខ្មែរនោះទេ។ ចំណែកធុរេនវៀតណាម ក៏មានលក្ខណៈស្រដៀងគ្នានឹងធុរេននាំចូលពីប្រទេសថៃដែរ តែភាគច្រើននៅលើទងមិនមានថ្នាំងនោះទេ។

    គួរបញ្ជាក់ថា លោក គឹម ស្រេង នាំចូលធុរេនពីភូមិបែកអន្លង់ និងស្រែវាល ស្រុកចំការលើ ខេត្តកំពង់ចាម ចែកចាយនៅលើទីផ្សារតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងក្រុងភ្នំពេញ។ លោកថា ឆ្នាំនេះធុរេនរាងយឺតខែបន្តិចមិនទាន់សម្បូរខ្លាំងនៅឡើយ ហើយជួនកាលទុំមិនទាន់ម៉ូយកុម្ម៉ង់ទៀតផង ដោយលក់ក្នុងមួយគីឡូក្រាមតម្លៃ 23000រៀល។ យ៉ាងណាក៍ដោយ នៅពេលធុរេនផ្តល់ផលច្រើនប្រហែលជាកន្លះខែទៀតនេះ លោកនឹងដាក់លក់នៅស្តង់កែងស្តុបបូកគោត្រង់ហ្ការ៉ាស់ឡានហាក់ស្រ៊ុន ក្នុងក្រុងភ្នំពេញ៕

  • បវរកញ្ញា Miss Grand Thailand ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងទាំងសងខាង

    បវរកញ្ញា Miss Grand Thailand ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងទាំងសងខាង

    លោកគ្រូពេទ្យបានប្រាប់ទៅអ្នកគ្រប់គ្រងទូទៅរបស់បវរកញ្ញា Miss Grand Thailand ថា នាងបានដឹងខ្លួនឡើងវិញហើយ តែមិនអាចចងចាំហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានទេ និងនាងថែមទាំងបាក់ជើងទាំងសងខាងទៀតផង ដូច្នេះត្រូវរង់ចាំដល់រាងកាយរបស់នាងអាចកម្រើកបានឡើងវិញសិន ទើបអាចដឹងបានថា តើជើងរបស់នាងទាំងពីរអាចវះកាត់បានឬក៏អត់?

    បវរកញ្ញាខាងលើមានឈ្មោះថា ណង ហ្វឺស រតនា រ៉ាមចាទុ អាយុ ១៩ ឆ្នាំ ជាបវរកញ្ញា Miss Grand Thailand មកពីខេត្ត ឧថៃថានី ប្រចាំឆ្នាំ ២០១៧ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលនាងបានបើករថយន្តទៅកាន់ទីក្រុងបាងកក ដើម្បីទៅបំពេញភារៈកិច្ចចំនួន ៤ ថ្ងៃ និងបានបាត់ដំណឹងរហូតដល់មានព័ត៌មានលេចឮឡើងថា នាងបានស្លាប៉បាត់បង់ជីវិតនៅថ្ងៃកើតហេតុនោះហើយ។

    ព័ត៌មានចុងក្រោយនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញអ្នកគ្រប់គ្រងទូទៅរបស់តារាស្រីរូបនេះ បានចេញមកអះអាងថា នាងនៅរស់ទេ និងបានដឹងខ្លួនឡើងវិញហើយ ព្រមទាំងអាចនិយាយជាមួយគ្រូពេទ្យបានដូចធម្មតា គ្រាន់តែនាងមិនអាចចងចាំហេតុការណ៍ដែលបានកើតឡើងដែលបណ្ដាលឱ្យកើតគ្រោះថ្នាក់នោះបានទេ។ អ្នកគ្រប់គ្រងរូបនោះបានបន្ដទៀតថា នាងមានរបួសធ្ងន់ តែមិនបានបាត់បង់ជីវិតទេ គ្រូពេទ្យបានប្រាប់ថា នាងគ្មានឈាមកកក្នុងខួរក្បាលទេ តែមានរបួសធ្ងន់ធ្ងរនៅបរិវេណផ្ទៃមុខ និងបាក់ជើងទាំងសងខាង ។


    គួរបញ្ជាក់ផងដែរថា ខណៈនេះសម្ពាធឈាមរបស់នាងស្ថិតនៅក្នុងកម្រិតធម្មតា ប៉ុន្ដែត្រូវរង់ចាំរហូតដល់សភាពរាងកាយមានភាពល្អប្រសើរឡើងវិញបន្ដិច និងអាចកម្រើកបាន ទើបត្រូវអាចសម្រេចចិត្តជាថ្មីថា តើត្រូវធ្វើការវះកាត់ជើងទាំងសងខាងរបស់នាងដែលរងគ្រោះធ្ងន់ធ្ងនោះឬយ៉ាងណា?៕

  • Roma ប្រាប់ Liverpool ថា ២៨លានផោនមិនគ្រប់គ្រាន់សម្រាប់ការទិញយក Salah ទេ

    Roma ប្រាប់ Liverpool ថា ២៨លានផោនមិនគ្រប់គ្រាន់សម្រាប់ការទិញយក Salah ទេ

    ក្លិប Roma បានប្រាប់ក្លិបហង្សក្រហម Liverpool ថា ២៨លានផោន (ស្មើនឹង៣៦លានដុល្លារអាមេរិក) នឹងមិនគ្រប់គ្រាន់ក្នុងការទិញយកខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីប Mohamed Salah ទេ។

    ក្លិបទាំងពីរបានរៀបចំកិច្ចពិភាក្សាជាច្រើនលើកជុំវិញកិច្ចព្រមព្រៀងដែលអាចទៅរួចមួយ ខណៈដែល Liverpool បានបញ្ជាក់ប្រាប់ថា ពួកគេត្រៀមលក្ខណៈរួចរាល់ក្នុងការដាក់សំណើជាទឹកប្រាក់២៨លានផោន ដើម្បីទិញយកកីឡាកររូបនេះ ប៉ុន្តែទោះបីជាយ៉ាងណា ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ នឹងមិនលក់កីឡាករ Salah វ័យ២៤ឆ្នាំម្នាក់នេះក្នុងតម្លៃខ្លួនប៉ុននោះឡើយ ហើយបច្ចុប្បន្ន វាអាស្រ័យទៅលើ Liverpool ក្នុងការសម្រេចថា តើពួកគេចង់បង្កើនសំណើនៃការដេញថ្លៃរបស់ខ្លួន ឬយ៉ាងណា?។

    លោក Jurgen Klopp នៃក្លិប Liverpool បានចាត់ទុកខ្សែបម្រើស្លាបរូបនេះ គឺជាកីឡាករអាទិភាពរបស់លោកក្នុងការទិញចូល ខណៈដែលក្លិបនេះត្រៀមសម្រាប់រដូវកាលថ្មីក្នុងក្របខ័ណ្ឌ Premier League និងការប្រកួតក្នុងក្របខ័ណ្ឌ Champions League វគ្គ Playoff។ Liverpool បានជួបនឹងភាពត្រដាបត្រដួសខ្លាំងកាលពីរដូវកាលមុន នៅពេលដែលពួកគេលេងដោយគ្មានខ្សែបម្រើដ៏ឆ្នើម Sadio Mane ជាពិសេសនៅកីឡដ្ឋាន Anfield ជាកន្លែងដែលពួកគេបានជួបការលំបាកក្នុងការផ្តួលក្រុមជាច្រើន ហើយលោក Klopp ជឿជាក់ថា Salah នឹងជួយបន្ថែមល្បឿនក្នុងក្រុមរបស់លោក។ Salah ទើបតែបានបំពេញរដូវកាលទី២របស់គេនៅឯក្លិប Roma ក្រោយពីរូបគេបានលេងក្នុងនាមជាកីឡាករកម្ចីពីក្លិប Fiorentina ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ និងបានក្លាយជាកីឡាករដ៏មានគ្រោះថ្នាក់បំផុតរបស់ក្របខ័ណ្ឌ Serie A។

    ក្នុងអំឡុងការចំណាយពេល២រដូវកាលរបស់គេក្នុងក្រុម Roma រូបគេបានស៊ុតបាល់បញ្ចូលទី២៩គ្រាប់ ក្នុងការប្រកួតលីក៦៥លើក៕
    ប្រភពពី៖ The Guardian

  • UNESCO បើកការប្រកួតខ្សែវីដេអូរឿង “សាលារៀនរីករាយ” សម្រាប់ប្រទេសអាស៊ីប៉ាស៊ីហ្វិក

    UNESCO បើកការប្រកួតខ្សែវីដេអូរឿង “សាលារៀនរីករាយ” សម្រាប់ប្រទេសអាស៊ីប៉ាស៊ីហ្វិក

    អង្គការ UNESCO បានប្រកាសឱ្យមានការប្រកួតខ្សែវីដេអូសម្រាប់អាណាព្យាបាល សិស្ស គ្រូ និងអ្នកគ្រប់គ្រងសាលានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ អ្នកឈ្នះការប្រកួតនេះនឹងអាចឈ្នះដំណើរទៅទីក្រុងបាងកក និងរង្វាន់ជាច្រើនទៀត។ ខ្សែវីដេអូដែលបេក្ខភាពផលិតបាន នឹងត្រូវយកទៅធ្វើបទបង្ហាញនៅទីក្រុងបាងកក ដោយដកស្រង់យកសាលារៀនណាដែលអ្នកគិតថាជា សាលារៀនរីករាយ។

    គោលបំណងសំខាន់នៃការប្រកួតខ្សែវីដេអូនេះគឺ ដើម្បីលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់ផ្នែកអប់រំ និងបំផុសឱ្យមានសកម្មភាពដើម្បីជំរុញឱ្យសាលារៀនកាន់តែមានភាពច្នៃប្រឌិត ប្រកបដោយភាពរីករាយដល់សិស្សានុសិស្ស។ ម្យ៉ាងវិញទៀត សុភមង្គលក្នុងការសិក្សាក៏ជាប្រធានបទមួយដែលកម្មវិធីចង់ទទួលបានពីអ្នកផលិតខ្សែវីដេអូទាំងអស់នោះផងដែរ ព្រោះវាជាធាតុសំខាន់មួយក្នុងការលើកតម្កើងផ្នែកអប់រំនៅក្នុងប្រទេសនីមួយៗ។ ការបង្កើតភាពសប្បាយរីករាយក្នុងការសិក្សា អាចធ្វើឱ្យក្មេងកាន់តែច្រើនឡើងចង់ទទួលយកការរៀនសូត្រ ហើយមិនបោះបង់ការសិក្សា ព្រោះពួកគេគិតថាការសិក្សាគឺ អាចធ្វើឱ្យពួកគេសប្បាយចិត្ត និងមានភាពកក់ក្តៅ។

    ប្រជាជននៅក្នុងប្រទេសកម្ពុជាអាចស្វែងរកមើលខ្សែវីដេអូ និងព័ត៌មានលម្អិតនៅក្នុងគេហទំព័ររបស់អង្គការ UNESCO ដែលកម្មវិធីនេះក៏ត្រូវបានគេផលិតឡើងផងដែរនៅក្នុងឆ្នាំ ២០១៦៕