Category: សង្គម និងសេដ្ឋកិច្ច

  • Sialkot គឺជា​ប្រភព​ផលិត និង​ផ្គត់ផ្គង់​បាល់ទាត់ដ៏​ធំ​របស់​​ពិភពលោក

    Sialkot គឺជា​ប្រភព​ផលិត និង​ផ្គត់ផ្គង់​បាល់ទាត់ដ៏​ធំ​របស់​​ពិភពលោក

    ទីក្រុង​ភាគ​ឦសាន​របស់ ប៉ា​គី​ស្ថាន រួមចំណែក 70% ក្នុង​ប្រភព​ផ្គត់ផ្គង់​បាល់ទាត់​នៅលើ​ពិភពលោក បូក​រួមទាំង​បាល់ទាត់ Al Rihla នៅ World Cup 2022។

    រាប់ទាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022 នេះ FIFA បាន​ប្រើប្រាស់​បាល់ Al Rihla និង Al Hilm ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Adidas យ៉ាងតិច 300,000 គ្រាប់។ ការផលិត​បាល់​ប្រភេទ​នេះ​ត្រូវបាន Adidas ប្រគល់ឱ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ប៉ា​គី​ស្ថាន Forward Sport ដោយមាន​រោងចក្រ​ធំជាងគេ​នៅ Sialkot ប្រទេស​ប៉ា​គី​ស្ថាន។

    តំណាង​របស់​រោងចក្រ​ខាងលើ​បានឱ្យដឹងថា ពួកគេ​រួមចំណែក 33% នៃ​បរិមាណ​សរុប​របស់​បាល់ Al Rihla។ នេះ​គឺជា​រដូវ​កាល​ទី​បី​បន្តបន្ទាប់​ដែល Forward Sports បាន និង​កំពុង​ផ្គត់ផ្គង់​បាល់​សម្រាប់ World Cup។ World Cup រុស្ស៊ី 2018 Forward Sports បាន​ផ្គត់ផ្គង់​បាល់​ដែលមាន​ឈ្មោះថា Telstar 18 ចំណែក World Cup ប្រេ​ស៊ី​ល 2014 រោងចក្រ​នេះ​ផ្គត់ផ្គង់​បាល់​ឈ្មោះ Brazuca។ World Cup 2022 ក្រុមហ៊ុន Forward Sports បាន​ផលិត​បាល់ Al Rihla ដោយ​ប្រើ​បច្ចេកវិទ្យា​ដែល​ពួកគេ​បាន​អភិវឌ្ឍ​តាំងពី​ឆ្នាំ 2007។

    ក៏ប៉ុន្តែ បើ​គិត​ជារួម Forward Sports គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​នៅក្នុង​ភាពល្បីល្បាញ​របស់​ទីក្រុង Sialkot ក្នុង​វិស័យ​ផលិត​ឧបករណ៍​កីឡា​អន្តរជាតិ។ ក្នុង​វិស័យ​បាល់ទាត់ ទីក្រុង​នេះ​មាន​រោងចក្រ​ប្រហែល 1,000 ដែលមាន​កម្មករ​ធ្វើ​ការសរុប​ប្រហែល 60,000 នាក់ (ស្មើនឹង 8% នៃ​ចំនួន​ប្រជាជន​សរុប​របស់​ទីក្រុង​នេះ)។

    ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​នេះ Sialkot ត្រូវបាន​គេ​ប្រដូច​ទៅនឹង​រោងចក្រ​ផលិត​បាល់ទាត់​ដែល​ដេរ​ដោយ​ដៃ​ធំ​បំផុត​លើ​ពិភពលោក ដោយ​រួមចំណែក 70% នៃ​ប្រភព​ផ្គត់ផ្គង់ និង 80% នៃ​បរិមាណ​បាល់ទាត់​ដែល​ដេរ​ដោយ​ដៃ។

    យោងតាម Bloomberg Businessweek បាល់​ដែល​ដេរ​ដោយ​ដៃ​មាន​ភាព​មាំមួន​​ជាង​បាល់​ដែល​ដេរ​ដោយ​ម៉ាស៊ីន។ បាល់​ស្ទើរតែ​ទាំងអស់​នៅ Sialkot ត្រូវបាន​ផលិត​ពី​ស្បែក​ចម្រុះ (cotton, polyester និង polyurethane)។ វត្ថុធាតុដើម​សម្រាប់​ផលិត​បាល់​នេះ​ត្រូវបាន​នាំចូល​ពី​ច្រើន​ប្រទេស។ បាល់​តម្លៃ​ទាប​បំផុត​គឺ​ប្រើប្រាស់​វត្ថុ​ធាតុ​យកមក​ពី ប្រទេស​ចិន។ ចំណែក​បាល់​គុណភាព​ខ្ពស់ជាង​នេះ​គឺ​ប្រើប្រាស់​វត្ថុ​ធាតុ​របស់ កូរ៉េខាងត្បូង។ ដោយឡែក បាល់​សម្រាប់​ទាត់​នៅ អឺរ៉ុប គឺ​ត្រូវ​ប្រើ​វត្ថុ​ធាតុ​របស់ ជប៉ុន៕

  • កម្ពុជា​លក់​លេខ​រថយន្ត​ពិសេស និង​ពិសេស​ផ្ទាល់ខ្លួន​សរុប​បាន​ជាង 343 ពាន់​លាន​រៀល

    កម្ពុជា​លក់​លេខ​រថយន្ត​ពិសេស និង​ពិសេស​ផ្ទាល់ខ្លួន​សរុប​បាន​ជាង 343 ពាន់​លាន​រៀល

    គិត​មកដល់​ខែវិច្ឆិកា 2022 ការលក់​ស្លាក​លេខ​ចុះបញ្ជី​រថយន្ត​រកបាន​ចំណូល​សរុប​បាន​ជាង 343 ពាន់​លាន​រៀល នេះ​បើតាម របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​អន្តរក្រសួង ដែល​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត។

    តួលេខ​ខាងលើ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 15 ធ្នូ 2022 នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ប្រចាំខែ​វិច្ឆិកា 2022 ស្តីពី​វឌ្ឍនភាព​នៃ​ការលក់​លេខ​ចុះបញ្ជី​យានយន្ត​របស់ គណៈកម្មការ​អន្តរក្រសួង ដែល​ប្រព្រឹត្តទៅ​នៅ​ទីស្ដីការក្រសួង​សាធារណការ ក្រោម​អធិបតីភាព​លោកជំទាវ កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​អន្តរក្រសួង បានឱ្យដឹងថា គិត​មកដល់​ខែវិច្ឆិកា 2022 ការលក់​ស្លាក​លេខ​ចុះបញ្ជី​រថយន្ត​សម្រេចបាន​សរុប​ប្រមាណ​ជាង 231 ពាន់​លេខ រកបាន​ចំណូល​សរុប​ជាង 343 ពាន់​លាន​រៀល ( 85 លាន​ដុល្លារ​អាមេរិក) ក្នុងនោះ លេខ​ពិសេស​លក់បាន​ជាង 215 ពាន់​លេខ រកបាន​ចំណូល​ជាង 231 ពាន់​លាន​រៀល (57 លាន​ដុល្លារ​អាម៉េរិក) និង​លេខ​ពិសេស​ផ្ទាល់ខ្លួន​លក់បាន​ជាង 15 ពាន់​លេខ រកបាន​ចំណូល​ជាង 112 ពាន់​លាន​រៀល (28 លាន​ដុល្លារ​អាមេរិក)។

    ដោយឡែក ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា 2022 គណៈកម្មការ​អន្តរក្រសួង​ខាងលើ រកបាន​ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សរុប​ជាង 78 ពាន់​លាន​រៀល (19 លាន​ដុល្លារ​អាមេរិក) កើនឡើង​ប្រមាណ 27% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង៕

    លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏បាន​បញ្ជាក់ថា ចំណូល​មួយផ្នែក​ដែល​បានមកពី​កម្មវិធី​ពិព័រណ៍​ការលក់​លេខ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន​នាពេលខាងមុខ នឹងត្រូវ​យកទៅ​រួមចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា៕

  • ប្រទេស​ថៃ​អាច​បង្កើន​ការនាំ​ចូល​បង្គា​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក

    ប្រទេស​ថៃ​អាច​បង្កើន​ការនាំ​ចូល​បង្គា​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក

    ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​នាំចេញ​បង្គា​ច្រើនជាងគេ ប៉ុន្តែ​បច្ចុប្បន្ន បរិមាណ​បង្គា​របស់ ប្រទេស​ថៃ កំពុង​ថយចុះ​ខ្លាំង​ដោយសារ​ជំងឺ ដូច្នេះហើយ​ប្រទេស​នេះ​កំពុងតែ «គាំទ្រ» ដល់​បង្គា​ដែល​នាំចូល​ពី​បរទេស​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។

    បរិមាណ​បង្គា​របស់ ប្រទេស​ថៃ កំពុងស្ថិត​ក្នុងដំណាក់កាល​ថយចុះ​ពាក់កណ្ដាល បើ​ធៀប​នឹង​បរិមាណ​ខ្ពស់បំផុត​ក្នុងឆ្នាំនេះ នៅពេល​ជំងឺ​បាន​បង្ក​ការខាតបង់​ដល់​កសិដ្ឋាន​នានា​របស់​ប្រទេស​នេះ ធ្វើឱ្យមាន​សម្ពាធ​ដល់​រដ្ឋាភិបាល​ក្នុង​ការធានា​ប្រភព​ផ្គត់ផ្គង់​សម្រាប់​អ្នកប្រើប្រាស់​ក្នុងប្រទេស និង​ការជួយ​ដល់​ប្រជាកសិករ​ដែល​ចិញ្ចឹម​បង្គា​ជា​លក្ខណៈ​គ្រួសារ។

    បង្គា​គឺជា​ទំនិញ​សំខាន់​ខ្លាំង​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ថៃ ដោយសារ​វា​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​ចម្បង​សម្រាប់​មុខម្ហូប​ក្នុងស្រុក​ដូចជា​តុម​យ៉ាំ (Tom Yum) ជាដើម​នោះទេ ប៉ុន្តែ បង្គា​ក៏​ជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ផងដែរ។

    វិស័យ​ចិញ្ចឹម​បង្គា​នៅ ប្រទេស​ថៃ បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​បង្គា​ឆាប់​ងាប់ (EMS – Early Mortality Syndrome) ជាដើម អស់​រយៈពេល​ជាង 10 ឆ្នាំ​មកហើយ។ បរិមាណ​បង្គា​របស់​ប្រទេស​នេះ​គ្រោង​នឹង​សម្រេច​បានតែ 270,000 តោន​ក្នុង​ឆ្នាំ 2022 ថយចុះ​ច្រើន​ធៀប​នឹង​ជាង 600,000 តោន​កាលពី​ឆ្នាំ 2021។

    គិត​ត្រឹម​ឆ្នាំ 2012 ប្រទេស​ថៃ​គឺជា​អ្នក​នាំចេញ​បង្គា​លំដាប់​កំពូល​របស់​ពិភពលោក ប៉ុន្តែ​បាន​ធ្លាក់​មក​នៅក្រោម ឥណ្ឌា និង អេក្វាទ័រ ចាប់ពី​ឆ្នាំ 2016។

    កាលពី​ខែសីហា 2022 រដ្ឋាភិបាល​ប្រទេស​ថៃ បានសម្រេច​ឱ្យ​នាំចូល​បង្គា​ប្រហែល 10,000 តោន​ពី ប្រទេស​អេក្វាទ័រ និង ឥណ្ឌា ដើម្បី​ទប់ទល់​នឹង​ស្ថាន​ភាពខ្វះ​ប្រភព​ផ្គត់ផ្គង់​ក្នុងស្រុក។ ទន្ទឹមនឹងនេះ អាជ្ញាធរ​ថៃ ក៏បាន​កំណត់​គោលដៅ​ផលិត​បង្គា​ឱ្យបាន 400,000 តោន​ជា​រៀងរាល់ឆ្នាំ គិត​ចាប់ពី​ឆ្នាំក្រោយ៕

  • ការនាំចេញ-នាំចូល​ទំនិញ​របស់​វៀតណាម ឡើងដល់ 700 ពាន់​លាន​ដុល្លារ​អាម៉េរិក

    ការនាំចេញ-នាំចូល​ទំនិញ​របស់​វៀតណាម ឡើងដល់ 700 ពាន់​លាន​ដុល្លារ​អាម៉េរិក

    យោងតាម​ទិន្ន័យ​ពី អគ្គនាយកដ្ឋាន​គយ​វៀតណាម គិត​ត្រឹម​ថ្ងៃទី 14 ធ្នូ 2022 ការនាំចេញ-នាំចូល​ទំនិញ​របស់​ប្រទេស​នេះ បាន​កើន​ឡើងដល់ 698.5 ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​ដល់​ថ្ងៃទី 15 ធ្នូ បាន​ឡើងដល់​ខ្ទង់ 700 ពាន់​លាន​ដុល្លារ។

    តម្លៃ​សរុប​នៃ​ការនាំចេញ-នាំចូល​ទំនិញ​នៅ​ទូទាំងប្រទេស​នេះ ក្នុង​រយៈពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022 សម្រេចបាន 673.7 ពាន់​លាន​ដុល្លារ ដោយ​កើន 11.8% (ស្មើនឹង​កំណើន 70.92 ពាន់​លាន​ដុល្លារ) ធៀប​នឹង​អំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំ 2021។ ក្នុងនោះ ការនាំចេញ​របស់​ប្រទេស​នេះ​សម្រេចបាន 342.19 ពាន់​លាន​ដុល្លារ និង​ការ​នាំចូល​សម្រេចបាន 331.51 ពាន់​លាន​ដុល្លារ។

    លទ្ធផល​ខាងលើនេះ​បង្ហាញថា តុល្យភាព​ពាណិជ្ជកម្មរ​បស់ វៀតណាម មាន​អតិរេក​រហូតដល់ 10.68 ពាន់​លាន​ដុល្លារ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង 4 ពាន់​លាន​ដុល្លារ​ពេញ​មួយឆ្នាំ 2021។

    ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សហរដ្ឋ​អាម៉េរិក គឺជា​ទីផ្សារ​នាំចេញ​ធំ​បំផុត ហើយ ប្រទេស​ចិន គឺជា​ទីផ្សារ​នាំចូល​ធំ​បំផុត​របស់ វៀតណាម។ គិត​ចាប់ពី​ដើមឆ្នាំ​មកដល់​ដំណាច់ខែ​វិច្ឆិកា 2022 ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អាម៉េរិក សម្រេចបាន 101 ពាន់​លាន​ដុល្លារ កើន 17.7% (ស្មើនឹង 15.2 ពាន់​លាន​ដុល្លារ) ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។

    ចំណែក​ការនាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​វិញ សម្រេចបាន 109.46 ពាន់​លាន​ដុល្លារ កើន 10% (ស្មើនឹង 9.93 ពាន់​លាន​ដុល្លារ)។ ដូច្នេះ ការនាំចេញ​ទំនិញ​ទៅកាន់ សហរដ្ឋ​អាម៉េរិក និង​នាំចូល​ទំនិញ​ពី ប្រទេស​ចិន ក្នុង 11 ខែ​កន្លង​ក្នុង​ឆ្នាំ 2022 សុទ្ធតែ​លើសពី 100 ពាន់​លាន​ដុល្លារ ដែល​នេះ​គឺជា​កំណត់ត្រា​ថ្មី​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់ វៀតណាម៕

  • (World Cup 2022)- Benzema បដិសេធ​ការ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ

    (World Cup 2022)- Benzema បដិសេធ​ការ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ

    បើ​ទោះ​ជា​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​បារាំង (FFF) អញ្ជើញ ប៉ុន្តែ ខ្សែប្រយុទ្ធ Karim Benzema នៅ​តែ​​បដិសេធ​ការ​ត្រលប់​ទៅកាន់ កាតា ដើម្បី​ចូលរួម​ប្រកួត​ទល់​នឹង អា​ហ្ស​ង់​ទីន។

    របួស​របស់ Benzema បានជា​សះស្បើយ និង​ត្រលប់​ទៅ​ហ្វឹកហាត់​ជាមួយ Real ចាប់តាំងពី​ចុង​សប្ដាហ៍​កន្លង។ យោងតាម​ទំព័រ Mundo Deportivo (អេ​ស្ប៉ា​ញ) FFF បាន​ពិចារណា​ដល់​លទ្ធភាព​នាំយក​ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំនេះ​ត្រលប់​ទៅកាន់ កាតា វិញ និង​អនុញ្ញាតឱ្យ​ទាត់​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ដំបូង​ដែល​ត្រូវ​ប៉ះ​នឹង អា​ហ្ស​ង់​ទីន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022។

    ចំណែក​ភាគី Real ក៏បាន​ត្រៀម​រួចរាល់​ដើម្បីឱ្យ Benzema ហោះ​ទៅកាន់ កាតា បើសិន​ត្រូវបាន​ហៅ​ត្រលប់​ទៅវិញ។ អំពី​ទ្រឹស្ដី Benzema នៅតែ​អាច​ចូលរួម​ការប្រកួត​បិទ​បញ្ចប់ World Cup 2022 ព្រោះថា គាត់​នៅមាន​ឈ្មោះ​ក្នុង​បញ្ជី​របស់ FIFA។

    ពេល​ត្រូវបាន​សួរ​អំពី​ព័ត៌មាន​​ខាងលើ បន្ទាប់ពី​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​បានឈ្នះ ម៉ា​រ៉ុ​ក 2-0 កាលពី​យប់​ថ្ងៃទី 14 ធ្នូ អ្នកគ្រប់គ្រង​ក្រុម​ជម្រើសជាតិ​បារាំង Deschamps ដកដង្ហើម​វែង គ្រវីក្បាល​បដិសេធ​ការឆ្លើយតប និង​ស្នើឱ្យ​សួរ​សំណួរ​ផ្សេង។ មុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លោក Deschamps ក៏បាន​អះអាងថា «ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​​ទៅលើ​តែ​កីឡាករ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​កំពុង​ប្រកួត​ប៉ុណ្ណោះ»។

    យោងតាម Relevo ដែលជា​ទំព័រសារព័ត៌មាន​កីឡា​នៅ ម៉ា​ឌ្រី​ដ Benzema មិន​ពេញចិត្ត មាន​អារម្មណ៍​ថា​ត្រូវ «រងរបួស» ព្រោះតែ​ការខ្វះ​ការ​យោកយល់ និង​ការអធិប្បាយ​ប្រកបដោយ​ភាពសោះអង្គើយ​របស់ Deschamps។ ដូច្នេះហើយ Benzema ក៏​មិន​មានបំណង​ត្រលប់​ទៅកាន់ កាតា សូម្បីតែ​នៅពេល​ត្រូវបាន​គ្រូបង្វឹក​កោះហៅ។

    Benzema រងរបួស និង​ត្រូវ​ខកខាន​ការហ្វឹកហាត់​នៅ កាតា កាលពី​ថ្ងៃទី 19 វិច្ឆិកា។ ក្នុង​ថ្ងៃ​ដដែល សម្ព័ន្ធ​បាល់ទាត់​បារាំង ក៏បាន​បញ្ជាក់​ពី​ការ​លុបឈ្មោះ Benzema ពី​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ World Cup 2022។ Benzema គិតថា ការសម្រេចចិត្ត​របស់ Deschamps គឺ «លឿន​ពេក» ព្រោះថា គាត់​អាចជា​សះស្បើយ​មុនពេល World Cup 2022 បានបញ្ចប់៕

  • (World Cup 2022)- ការ​ប្រជែង​ដណ្ដើម​តំណែង «កំពូល​អ្នកកម្ទេច​សំណាញ់» ជិត​មកដល់​ហើយ

    (World Cup 2022)- ការ​ប្រជែង​ដណ្ដើម​តំណែង «កំពូល​អ្នកកម្ទេច​សំណាញ់» ជិត​មកដល់​ហើយ

    (កាតា)- មុន​ការប្រកួត​ផ្ដាច់ព្រ័ត្រ​រវាង អា​ហ្ស​ង់​ទីន និង បារាំង គេ​ឃើញថា កំពូល​តារាបាល់ទាត់ 4 រូប​របស់​ក្រុម​ទាំងពីរ​គឺ Messi, Mbappe, Giroud និង Alvarez សុទ្ធតែ​មានឱកាស​ក្លាយជា​ស្ដេច​កម្ទេច​សំណាញ់​នៅ World Cup 2022។

    ខាងក្រោម​នេះ​គឺជា​ស្ថិតិខ្លះៗអំពី​ចំនួន​គ្រាប់​បាល់​ដែល​កំពូល​តារាបាល់ទាត់​ទាំង 4 រូប​ខាងលើ​រកបាន ក៏ដូចជា​បង្ក​ឱកាស​ស៊ុត​បញ្ចូល​ទី​បានសម្រេច​នៅ World Cup 2022 ៖

    (រូបខាងលើ) – Lionel Messi របស់ អា​ហ្ស​ង់​ទីន រកបាន 5 គ្រាប់, បង្ក​ឱកាស​បាន 3 គ្រាប់ និង​ប្រកួត​ក្នុង​រយៈពេល 570 នាទី។

    Kylian Mbappe របស់ បារាំង រកបាន 5 គ្រាប់, បង្ក​ឱកាស​បាន 2 គ្រាប់ និង​ប្រកួត​ក្នុង​រយៈពេល 477 នាទី។

    Julian Alvarez (ស្ដាំ) របស់ អា​ហ្ស​ង់​ទីន រកបាន 4 គ្រាប់, បង្ក​ឱកាស​បាន 0 គ្រាប់ និង​ប្រកួត​ក្នុង​រយៈពេល 364 នាទី។

    Olivier Giroud (ឆ្វេង) របស់ បារាំង រកបាន 4 គ្រាប់, បង្ក​ឱកាស​បាន 0 គ្រាប់ និង​ប្រកួត​ក្នុង​រយៈពេល 383 នាទី។

    នៅ World Cup 2022 មាន​កីឡាករ 7 រូប​ដែល​ទាត់​បញ្ចូល​ទី​បាន 3 គ្រាប់ រួមមាន Richarlison (ប្រេ​ស៊ី​ល), Valencia (អេក្វាទ័រ), Rashford, Saka (អង់គ្លេស), Gakpo (ហូ​ឡង់), Ramos (ព័រទុយហ្កាល់) និង Morata (អេ​ស្ប៉ា​ញ)។ ក៏ប៉ុន្តែ ពួកគេ​សុទ្ធតែ​ស្ថិតក្នុង​ក្រុម​ដែល​ត្រូវបាន​ជម្រុះ និង​មិន​មានឱកាស​ប្រកួត​ទៀតឡើយ៕

  • ក្រុមហ៊ុន​អប់រំ​របស់ អ្នកឧកញ៉ា គួច ម៉េង​លី ប្រកាស​ពី​ពេលវេលា​ឡើង​ផ្សារ​ហ៊ុន

    ក្រុមហ៊ុន​អប់រំ​របស់ អ្នកឧកញ៉ា គួច ម៉េង​លី ប្រកាស​ពី​ពេលវេលា​ឡើង​ផ្សារ​ហ៊ុន

    ក្រុមហ៊ុន​អប់រំ MJQ Education ដែលមាន​សាលា​ចំនួន 15 សាខា ត្រៀមខ្លួន​ឡើង​ផ្សារ​ហ៊ុន នៅ​ចុងខែ​មីនា ឬ​ដើមខែ​មេសា ឆ្នាំ 2023 នេះ​បើតាម អ្នកឧកញ៉ា​បណ្ឌិត គួច ម៉េង​លី ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ​ក្រុមហ៊ុន​ដឹកជញ្ជូន អឹម ជេ ឃ្យូ ត្រា​វែ​ល ឯ.ក នៅ​ព្រឹក​ថ្ងៃទី 15 ធ្នូ 2022។

    អ្នកឧកញ៉ា​បណ្ឌិត គួច ម៉េង​លី ដែលជា​ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ គួច អេ​ឌ្យូ​ខេ​សិន (MJQ Education) បាន​ប្រកា​លពី​កាលបរិច្ឆេទ​នៃ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) នេះ បន្ទាប់ពី​បានប្រកាស​ត្រៀម​យក​សាលា​ឡើង​ផ្សារ​ហ៊ុន​កាលពីពេល​កន្លងទៅថ្មីៗនេះ។

    «ការឡើង​ទីផ្សារ​ហ៊ុន​នេះ​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ 3 និង​ដើមខែ 4 ហើយនឹង​ចាប់ផ្ដើម​ប្រកា​សលក់ ហើយ​និង​ផ្សព្វផ្សាយ​ពី​ខែ 1 ទៅ» អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េង​លី ជេ គួច អេ​ឌ្យូ​ខេ​សិន ថ្លែង​ដូច្នេះ និង​បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុន​ហ៊ុន​ត្រូវការ​ថវិកា​ដើម្បី​ពង្រីក​សាខា​សាលា​ទៅតាម​ខេត្ដ និង​តំបន់​ដាច់ស្រយាល។

    អ្នកឧកញ៉ា​បណ្ឌិត គួច ម៉េង​លី ក៏បាន​បង្ហើប​ឱ្យដឹងថា អនាគត​ក្រុមហ៊ុន MJQ Education នឹង​ពង្រីក​សាលា​ឱ្យបាន​យ៉ាងតិច 160 សាខា​នៅ​ទូទាំងប្រទេស៕

  • ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល លើក​ទី 15 ចាប់ផ្ដើម​ទទួលភ្ញៀវ

    ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល លើក​ទី 15 ចាប់ផ្ដើម​ទទួលភ្ញៀវ

    (ភ្នំពេញ)- ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល​លើក​ទី 15 ត្រូវបាន​សម្ពោធ​បើកទទួល​ភ្ញៀវ​ឡើងវិញ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្រោយ​ការផ្អាក 2 ឆ្នាំ ដោយសារ​ជំងឺ​រាតត្បាត។

    ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-នាំចូល លើក​ទី 15 នេះ នឹងធ្វើ​ឡើង​ក្នុង​រយៈពេល 4 ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី 15 ដល់ 18 ធ្នូ 2022 នេះ​បើតាម​ក្រុម​អ្នករៀបចំ​កម្មវិធី។ ពិព័រណ៍​នេះ​មាន​ស្តង់​សរុប​ចំនួន 268 ស្តង់ ដែលមាន​ដូចជា ស្តង់​របស់ សហព័ន្ធ​ស្រូវ​អង្ករ អង្គការ សមាគម​អាជីវកម្ម ក្រុមហ៊ុន សហគ្រាស​ក្នុងស្រុក និង​ក្រុមហ៊ុន​មកពី​បរទេស និង​ស្ដង់​របស់​អាជ្ញាធរ​កម្ពុ​ជា​ជាដើម។

    ក្នុង​ពិព័រណ៍​នេះ​មានការ​ចូលរួម​តាំង​បង្ហាញ​របស់​ស្ថាប័ន​មកពី​ប្រទេស​មួយចំនួន មានដូចជា ប្រទេស​ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហ​បុរី កូរ៉េខាងត្បូង ជប៉ុន ចិន ឥណ្ឌា ប៉ា​គី​ស្ថាន អ៊ីតាលី តួ​ក​គី និង​សហរដ្ឋ​អាម៉េរិក ផងដែរ។

    យោងតាម​អ្នករៀបចំ​ពិព័រណ៍ បណ្ដា​ផលិត​ដែល​ដាក់តាំង​បង្ហាញ​ក្នុងឱកាស​នេះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​ផលិតផល​កសិកម្ម មានដូចជា​បន្លែ ផ្លែឈើ ផលិតផល​កែច្នៃ​ពី​កសិផល ម្ហូបអាហារ ភេសជ្ជៈ ក៏ដូចជា​គ្រឿងអលង្ការ និង​គ្រឿងសំអាង​ជាដើម។ល។

  • (World Cup 2022)- គ្រូបង្វឹក​របស់ ម៉ា​រ៉ុ​ក ៖ «ខ្ញុំ​ចង់ឱ្យ​ បារាំង ​លើក​ពាន​ជើងឯក»

    (World Cup 2022)- គ្រូបង្វឹក​របស់ ម៉ា​រ៉ុ​ក ៖ «ខ្ញុំ​ចង់ឱ្យ​ បារាំង ​លើក​ពាន​ជើងឯក»

    លោក Walid Regragui សង្ឃឹមថា បារាំង ដណ្ដើមបាន​ជោគជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បីឱ្យ ម៉ា​រ៉ុ​ក អាចមាន​មោទកភាព ព្រោះ​ចាញ់​តែ​ម្ចាស់​ពាន​ជើងឯក World Cup 2022។

    «ខ្ញុំ​ជូនពរ​ប្រទេស​បារាំង។ យើង​នឹង​គាំទ្រ​ពួកគេ» លោក Regragui ដែលជា​ជនជាតិ​ម៉ា​រ៉ុ​ក កើត​នៅ ប្រទេស​បារាំង ប៉ុន្តែ​ក្រោយមក​ក៏បាន​លេង និង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់ ម៉ា​រ៉ុ​ក ថ្លែង​ដូច្នេះ បន្ទាប់ពី​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី 14 ធ្នូ។

    លោក Regragui បន្ថែមថា «យើង​ចង់ឱ្យ បារាំង ដណ្ដើមបាន​ជោគជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​អាច​និយាយបានថា យើងខ្ញុំ​ចាញ់​តែ​ម្ចាស់​ជើងឯក​ពិភពលោក។ ប្រការ​នោះ​អាច​នឹង​ល្អ​សម្រាប់​ពួកយើង»។

    នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បារាំង នឹងត្រូវ​ប៉ះ អា​ហ្ស​ង់​ទីន នៅ​យប់​ថ្ងៃទី 18 ធ្នូ។ ចំណែក ម៉ា​រ៉ុ​ក នឹង​ត្រូវ​ជួប ក្រូ​អាត ក្នុងការ​ប្រកួត​ដណ្ដើមពាន​រង្វាន់​លេខ 3 មុន​នោះ​មួយថ្ងៃ។ យោងតាម​លោក Regragui ឱកាស​សម្រាប់​ក្រុម​ទាំងពីរ​នេះ​គឺ 50-50។ «បើសិនជា បារាំង ឈ្នះ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ម្ដងទៀត នោះ​នឹង​ជា​ជ័យជម្នះ​ពីរលើកផ្ទួនៗក្នុង​ប្រវត្តិសាស្ត្រ។ ពួកគេ​គឺ​ក្រុម​ជម្រើសជាតិ​ឆ្នើម​បំផុត​លើ​ពិភពលោក​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង» លោក Regragui អះអាង​ដូច្នេះ។

    លោក Walid Regragui គ្រូបង្វឹករបស់ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក

    ក្នុង​ប្រវត្តិសាស្ត្រ មានតែ អ៊ីតាលី (ឆ្នាំ 1934, 1938) និង ប្រេ​ស៊ី​ល (ឆ្នាំ 1958, 1962) ប៉ុណ្ណោះ ដែលជា​ក្រុម​ជម្រើសជាតិ​ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក 2 លើក​បន្តបន្ទាប់៕

  • (World Cup 2022)- រកឃើញ​មូលហេតុ​ដែល​ជួយ​ឱ្យ ម៉ា​រ៉ុ​ក ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    (World Cup 2022)- រកឃើញ​មូលហេតុ​ដែល​ជួយ​ឱ្យ ម៉ា​រ៉ុ​ក ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

    ដោយសារ​តែមាន​កម្លាំង​ពី​ពលរដ្ឋ​នៅ​បរទេស ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ ម៉ា​រ៉ុ​ក បាន និង​កំពុងតែ​មានអំណាច​ខ្លាំង​នៅ World Cup 2022។

    យោងតាម​ស្ថិតិ​របស់ Guardian កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក ចំនួន 14 នាក់ ក្នុងចំណោម 26 នាក់ គឺជា​ពលរដ្ឋ​កើត​នៅ​បរទេស។ ពួកគេ​គឺជា​កូនចៅ​របស់​គ្រួសារ​ជនជាតិ​ម៉ា​រ៉ុ​ក ដែល​ទៅ​រស់​នៅឯ​ប្រទេស​ដទៃ។ ក្នុងចំណោម​កីឡាករ​ជម្រើសជាតិ​ម៉ា​រ៉ុ​ក 14 នាក់​ដែល​កើត​នៅ​បរទេស មាន 4 នាក់​កើត​នៅ ហូ​ឡង់, 4 នាក់​កើត​នៅ បែលហ្ស៊ិក, 2 នាក់​កើត​នៅ បារាំង, 2 នាក់​កើត​នៅ អេ​ស្ប៉ា​ញ, 1 នាក់​កើត​នៅ អ៊ីតាលី និង 1 នាក់​កើត​នៅ កាណាដា។

    កីឡាករ​ភាគច្រើន​ក្នុងចំណោម 14 នាក់​ខាងលើ កំពុង​លេង​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ដំបូង (មិនមែន​បម្រុង) ដែល​នេះ​បាន និង​កំពុង​ជួយ​ឱ្យ ម៉ា​រ៉ុ​ក ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។ ក្នុងការ​ប្រកួត​ដែល​បាន​ជម្រុះ អេ​ស្ប៉ា​ញ នៅ​វគ្គ 1/8 ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក បាន​បញ្ចេញ «កីឡាករ​អានិកជន» រហូតដល់ 8 នាក់ ដែល​ទាត់​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ដំបូង ក្នុងនោះ​មាន​ទាំង​អ្នកចាំទី​ផងដែរ។

    ប្រធាន​ក្រុម​គ្រូបង្វឹក​របស់ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​រ៉ុ​ក លោក Walid Regragui ក៏​ជា «អានិកជន​ម៉ា​រ៉ុ​កនៅ​បរទេស»។ លោក Walid កើត​នៅ Corbeil-Essonnes ជា​តំបន់​ជាយក្រុង​បារី​ស ប្រទេស​បារាំង៕

    ការប្រកួត​ចុងក្រោយ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022 រវាង បារាំង និង ម៉ា​រ៉ុ​ក នឹង​ចាប់ផ្ដើម​នៅ​ម៉ោង 02 ទៀបភ្លឺ ថ្ងៃទី 15 ធ្នូ 2022 (យប់​នេះ)។ មួយ​ក្នុងចំណោម 2 ក្រុម​នេះ​នឹងត្រូវ​ឡើងទៅ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់ អា​ហ្ស​ង់​ទីន ដែល​កំពុង​រង់ចាំ​ជាស្រេច៕