Category: សង្គម និងសេដ្ឋកិច្ច

  • (World Cup 2022)- ប្រធានាធិបតី​បារាំង ចុះ​លើកទឹកចិត្ត​កីឡាករ បន្ទាប់ពី​ចាញ់ អា​ហ្ស​ង់​ទីន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

    (World Cup 2022)- ប្រធានាធិបតី​បារាំង ចុះ​លើកទឹកចិត្ត​កីឡាករ បន្ទាប់ពី​ចាញ់ អា​ហ្ស​ង់​ទីន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

    ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង ចុះទៅ​កាន់​ទីលាន​ប្រកួត​នៅ កាតា ដើម្បី​លើកទឹកចិត្ត​ខ្សែប្រយុទ្ធ Mbappe បន្ទាប់ពី បារាំង ចាញ់ អា​ហ្ស​ង់​ទីន ក្នុងការ​ប្រកួត​ទាត់​ប៉េ​ណាំង​ទី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022។

    លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​​ថ្ងៃទី 18 ធ្នូ 2022 បានធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Lusail Iconic ប្រទេស​កាតា ដើម្បី​តាមដាន​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 រវាង​ក្រុម​ជម្រើសជាតិ​របស់ បារាំង និង អា​ហ្ស​ង់​ទីន។ នៅលើ​ជួរ​កៅអី​ពិសេស លោក ម៉ា​ក្រុង បាន​សម្ដែង​ការសប្បាយរីករាយ​នៅពេល​ក្រុម​របស់ បារាំង រកបាន​គ្រាប់​បាល់​ស្មើ​នៅក្នុង 2 តង់​ដំបូង ក៏ដូចជា​តង់​ថែម​ម៉ោង​បន្ទាប់។

    ប៉ុន្តែ នៅក្នុង​ការប្រកួត​ស៊ុត​ប៉េ​ណាំង​ទី​ដើម្បី​កំណត់​អ្នកឈ្នះ ភាព​អស្ចារ្យ​របស់​អ្នកចាំទី Emiliano Martinez បាន​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន យកឈ្នះ​លើ បារាំង និង​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក។ ក្រុម​កីឡាករ​របស់ បារាំង តួច​ចិត្ត អស់សង្ឃឹម ក្នុងនោះ ខ្សែប្រយុទ្ធ Kylian Mbappe ដែល​រកបាន 3 គ្រាប់​មុននឹង​ត្រូវ​ទាត់​ប៉េ​ណាំង​ទី មិន​សប្បាយចិត្ត​សោះ។

    លោក ម៉ា​ក្រុង ដាក់​ដៃ​លើ​ស្មា​របស់ Mbappe និង​និយាយ​លើកទឹកចិត្

    ប្រធានាធិបតី​បារាំង បាន​ចុះទៅ​កាន់​ទីលាន​ប្រកួត លើកទឹកចិត្ត Mbappe ដែល​លេង​បានល្អ​ក្នុងការ​ប្រកួត ប៉ុន្តែ​នៅតែ​មិនអាច​ជួយ​ឱ្យ បារាំង ដណ្ដើមបាន​ជើងឯក។ លោក ម៉ា​ក្រុង ដាក់​ដៃ​លើ​ស្មា​របស់ Mbappe និង​និយាយ​លើកទឹកចិត្ត។ ប៉ុន្តែ Mbappe មិនអាច​សប្បាយ​ចិត្តបាន នៅពេល​មើលទៅ​កាន់​ទិដ្ឋភាព​ក្រុម​របស់ អា​ហ្ស​ង់​ទីន កំពុង​អបអរ​ជ័យជម្នះ។

    ដោយ​រកបាន 8 គ្រាប់​នៅ World Cup លើក​នេះ Mbappe ទទួលបាន​ស្បែកជើង​មាស និង​ក្លាយជា​កីឡាករ​ដែល​រកបាន 3 គ្រាប់​ដំបូង​គេ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup រាប់​ចាប់ពី​ឆ្នាំ 1966៕

  • Messi ពាក់អាវ​​មហា​ក្សត្រ​កាតា​​ប្រទាន លើក​ពាន World Cup 2022

    Messi ពាក់អាវ​​មហា​ក្សត្រ​កាតា​​ប្រទាន លើក​ពាន World Cup 2022

    (កាតា)- កំពូល​តារាបាល់ទាត់​វ័យ 35 ឆ្នាំ Lionel Messi ពាក់​អាវធំ​ក្រៅ​ដែល​មហាក្សត្រ​កាតា ប្រទាន នៅពេល​លើក​ពាន World Cup ជា​លើកដំបូង​ក្នុង​អាជីព ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន។

    ក្រោយ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2014 នៅ ប្រេ​ស៊ី​ល Lionel Messi បាន​លើក​ពាន​បាល់​មាស World Cup ប៉ុន្តែ បានត្រឹមតែ​សម្លឹងមើលពាន​ជើងឯក World Cup ពី​ចម្ងាយ​ជាមួយនឹង​ទឹក​មុខ​មិន​សូវ​សប្បាយចិត្ត។ ក៏ប៉ុន្តែ ក្រោយ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​កាលពី​យប់មិញ (18 ធ្នូ 2022) នៅ កាតា ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន លើក​នេះ​ដណ្ដើមបាន​ទាំង​ពាន់​ជើងឯក World Cup បាន​ទាំង​ពាន​បាល់​មាស។

    Messi រកបាន 2 គ្រាប់ ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ស្មើនឹង បារាំង 3-3 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ មុនពេល​ស៊ុត​បាន​ជោគជ័យ​ជាមួយនឹង​លទ្ធផល 4-2 នៅក្នុង​ការប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី។ កំពូល​កីឡាករ​រូបនេះ​តំណាងឱ្យ អា​ហ្ស​ង់​ទីន ឡើង​ទទួល​ពានមាស World Cup ពី​មហាក្សត្រ​របស់ កាតា ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani និង​ប្រធាន FIFA លោក Gianni Infantino។

    មុនពេល​ប្រគល់​ពានមាស ព្រះអង្គម្ចាស់ Al Thani បាន​ប្រទាន​អាវធំ​ក្រៅ bisht ពណ៌​ខ្មៅ​ទៅឱ្យ Messi ដើម្បី​សម្ដែង​ការកោតសរសើរ។ អាវ bisht ត្រូវបាន​ប្រើប្រាស់​សម្រាប់តែ​មេដឹកនាំ​សាសនា​អ៊ីស្លាម ឬ​មន្ត្រី​រដ្ឋាភិបាល នៅក្នុង​ព្រឹត្តិការណ៍​ពិសេស​ប៉ុណ្ណោះ។

    ក្រោយមក Messi ទទួល​ពានមាស​ពី ព្រះអង្គម្ចាស់ Al Thani និង​លោក Infantino។ Messi ឆ្លៀត​ថើប​ពាន​ជើងឯក​ជា​លើកដំបូង​ក្នុង​អាជីព​របស់ខ្លួន។ នេះ​ក៏​ត្រូវបាន​ចាត់ទុកថា​ជា​រង្វាន់​ពិសេស និង​មានតម្លៃ​បំផុត​ចំពោះ​អាជីព​ជា​កីឡាករ​មួយរូប ហើយក៏​ជា​ពាន​ជើងឯក​ទី​បី​ដែល​បាន​ទៅលើ អា​ហ្ស​ង់​ទីន បន្ទាប់ពី​ឆ្នាំ 1978 និង 1986។

    Messi ទទួលពានមាសពី ព្រះអង្គម្ចាស់ Al Thani និងលោក Infantino
  • ពាន់​រង្វាន់​ជើង​ឯក​ World Cup 2022 បាន​ទៅ​លើ អាហ្សង់ទីន

    ពាន់​រង្វាន់​ជើង​ឯក​ World Cup 2022 បាន​ទៅ​លើ អាហ្សង់ទីន

    អាហ្សង់ទីន និង​ បារាំង រក​បាន​ 3 គ្រាប់​ដូច​គ្នា​ក្នុង​ 2 តង់​នៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ មុន​ពេល​យក​ឆ្នះ​ 4-2 ក្នុង​ការ​ស៊ុត​ប៉េណាំងទី ដែល​នាំ​ឱ្យ អាហ្សង់ទីន បាន​ក្លាយ​ជា​ជើង​ឯក World Cup 2022 នៅ​យប់​ថ្ងៃទី​ 18 ឈាន​ចូល​វេលា​ទាប​ភ្លឺ​ថ្ងៃទី 19 ធ្នូ 2022។

    នៅ​ក្នុង​តង់ទីមួយ អាហ្សង់ទីន នាំមុខ​ 2-0 ក្នុង​នោះ មាន​ការ​ស៊ុត​ផ្ដាច់​ 6 ដង​។ បារាំង​ មិន​បាន​ស៊ុត​ផ្ដាច់​ម្ដង​ណា​ឡើយ​នៅ​ក្នុង​ 45 នាទី​ដំបូង​នៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​។

    ចូល​ដល់​តង់ទីពីរ នាទីទី 80 ខ្សែបម្រើ​អាហ្សង់ទីន បង្កកំហុស​ និង​ត្រូវ​រង​បាល់​ពិន័យ​ប៉េណាំងទី។ Mbappe ស៊ុត​បញ្ចូល​ទី ជួយ​ឱ្យ បារាំង​រក​បាន​ 1-2។ នាទីទី 82 Messi បណ្ដោយឱ្យបាត់​បាល់ នាំឱ្យ បារាំង​វាយ​លុក​។ Mbappe គ្រប់​គ្រង​បាល់ និង​ស៊ុតផ្ដាច់​បាន​ជោគ​ជ័យ ជួយ​ឱ្យ​បារាំង​រក​បាន 2-2។

    នាទីទី 109 Messi រក​បាន​ 1 គ្រាប់​ទៀត​ ជួយ​ឱ្យ អាហ្សង់ទីន នាំមុខ 3-2។ ប៉ុន្តែ នាទីទី 118 Mbappe របស់ បារាំង រក​បាន​គ្រាប់​បាល់ hattrick​ ជួយ​ឱ្យ​លទ្ធផល​បាន 3-3។

    នាទីទី 120+3 ត្រូវ​បាន​បញ្ចប់ ដោយ​លទ្ធផល 3-3។ ដូច្នេះ ការ​ប្រកួត​ដោយ​ទាត់​ប៉េណាំងទី ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជម្រើស​រើស​ម្ចាស់​ជើង​ឯក។

    អាហ្សង់ទីន ឈ្នះ 4-2 ក្នុង​វគ្គ​ទាត់​ប៉េណាំងទី ហើយ​ក៏​បាន​ក្លាយ​ជា​ម្ចាស់ពាន​រង្វាន់​ជើង​ឯក World Cup 2022៕

  • (ផ្ដាច់​ព្រ័ត្រ World Cup 2022)- អាហ្សង់ទីន​ -បារាំង ​តង់​ទីពីរ

    (ផ្ដាច់​ព្រ័ត្រ World Cup 2022)- អាហ្សង់ទីន​ -បារាំង ​តង់​ទីពីរ

    តង់ទីពីរ​បាន​ចាប់​ផ្ដើម…

    Messi បន្ត​សម្រុក​ទៅ​មុខ​ និង​បញ្ជូនបាល់​​ទៅ​កាន់​ស្លាប​ខាង​ស្ដាំដើម្បី​ឱ្យ Di Maria ប្លោង​ល្មម​ ហើយ De Paul​ ស៊ុត​ផ្ដាច់។ Rabiot បាន​ទទួល​កាត​លឿង​ បន្ទាប់​ពី​បង្ក​កំហុស​ច្រើន​ដង​លើ De Paul។

    ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ស៊ុត​ផ្ដាច់​សំដៅ​ទីដោយ​ជើង​ឆ្វេង ប៉ុន្តែមិន​អាច​យក​ឈ្នះ​អ្នក​ចាំទី​របស់​បារាំង កីឡាករ​ Lloris។

    នាទី​ទី 60 Messi វិះ​រក​បាន​មួយ​គ្រាប់​ទៀត​ បន្ទាប់​ពី​ Di Maria បញ្ជូន​បាល់​ពីស្លាប​ខាង​ឆ្វេង​ទៅ​កាន់​តំបន់​គ្រោះ​ថ្នាក់​។ De Paul ទទួល​បាន​ រួច​បញ្ជូន​ឱ្យ Messi។ កីឡាករ​ពាក់​អាវ​លេខ​ 10 មាន​ឱកាស​ស៊ុត​ផ្ដាច់​ ប៉ុន្តែ មិន​បាន​សម្រេច​ ដោយ​សារ​យឺត​ជាង​ខ្សែ​ការពារ​របស់ បារាំង​។

    នាទីទី 64 Di Maria របស់ អាហ្សង់ទីន ត្រូវ​បាន​ប្ដូរចេញ ទុក​កន្លែង​ឱ្យ Acuna។

    នាទីទី 71 បារាំង​ បាន​ស៊ុត​ផ្ដាច់​លើក​ដំបូង​ ដោយ​ Mbappe ប៉ុន្តែ​មិន​បាន​ជោគ​ជ័យ។ នាទី​ទី 72 Hernandez និង Griezmann របស់ បារាំង ត្រូវ​បាន​ប្ដូរ​ចេញ ដើម្បី​ឱ្យ Camavinga និង Coman ចូល​ជំនួស។

    បារាំង​ បាន​ទាត់​បាល់​ពិន័យប៉េណាំងទី។ នាទីទី 80 ខ្សែបម្រើ​អាហ្សង់ទីន បង្កកំហុស​ និង​ត្រូវ​រង​បាល់​ពិន័យ​ប៉េណាំងទី។ Mbappe ស៊ុត​បញ្ចូល​ទី ជួយ​ឱ្យ បារាំង​រក​បាន​ 1-2។

    នាទីទី 82 Messi បណ្ដោយឱ្យបាត់​បាល់ នាំឱ្យ បារាំង​វាយ​លុក​។ Mbappe គ្រប់​គ្រង​បាល់ និង​ស៊ុតផ្ដាច់​បាន​ជោគ​ជ័យ ជួយ​ឱ្យ​បារាំង​រក​បាន 2-2។

    តង់ទី​ពីរ​ ថែម​ម៉ោង 8 នាទី​។

    នាទីទី 90+3 Kylian Mbappe សម្រុកចូលពី​ស្លាប​ខាង​ឆ្វេង​ទៅ​កាន់​ចំណុច​កណ្ដាល ហើយក៏ស៊ុត​ផ្ដាច់​ ប៉ុន្តែ​បរាជ័យ​។

    នាទីទី 90+5 បារាំង​វិះរក​បាន​មួយ​គ្រាប់​ទៀត​ ពេល​ទាត់បាល់​ពិន័យ​។

    នាទី​ទី 90+7 Messi ស៊ុត​ផ្ដាច់​ ប៉ុន្តែ​បាល់​បាន​ហោះចាំ​អ្នកចាំទី​។

    Acuna ទទួល​កាត់​លឿង​នៅ​នាទីចុង​ក្រោយ​។

    ក្រោយ​ការ​ប្រកួត​ពីរតង់ លទ្ធផល​ 2-2។

    នាទីទី 91 តង់​បន្ថែមទីមួយ​ចាប់​ផ្ដើម​

    នាទីទី 94 Rabiot របស់ បារាំង ត្រូវបាន​ប្ដូរ​ចេញ ហើយ Fofana ចូលមក​ជំនួស​។

    នាទីទី 100 បារាំង​មាន​ប្រៀប​ជាង​

    នាទីទី 102 De Paul និង Alvarez របស់ អាហ្សង់ទីន ត្រូវបាន​ប្ដូរ​ចេញ​ និង​ជំនួស​ដោយ Paredes និង Lautaro Martinez។

    នាទីទី 105 Messi បញ្ជូន​បាល់​ទៅ​មក​ជាមួយនឹង​កីឡាករ​អាហ្សង់ទីន មុន​ពេល​បញ្ជូន​ឱ្យ Lautaro Martinez ប្រឈមមុខ​នឹង​ Lloris ប៉ុន្តែ មិន​អាច​ធ្វើអ្វិ​បាល​។

    នាទីទី 105+1 តង់បន្ថែម​ទីមួយ​បាន​បញ្ចប់​ដោយ 2-2 បន្ទាប់​ពី​​ Lautaro Martinez ធ្វើ​ឱ្យបាត់​បង់ឱកាស​ទីពីរ​។

    នាទីទី 108 Messi ស៊ុតពីចម្ងាយ ប៉ុន្តែ មិន​អាច​កម្ទេច​សំណាញ់​របស់ Lloris ដដែល។

    នាទីទី 109 Messi រក​បាន​ 1 គ្រាប់​ទៀត​។

    នាទីទី 113 បារាំង​ ប្ដុរកីឡាករ ដោយ​ Konate ចូល​ជំនួស Varane។

    នាទីទី 114 Paredes របស់ អាហ្សង់ទីន ត្រូវ​បាន​ពិន័យ​កាត​លឿង​។

    នាទីទី 118 Mbappe របស់ បារាំង រក​បាន​គ្រាប់​បាល់ hattrick​ ជួយ​ឱ្យ​លទ្ធផល​បាន 3-3។

    នាទីទី 120 តង់បន្ថែម​ទីពីរ​ ថែមម៉ោង 3 នាទី។

    នាទីទី 120+3 ត្រូវ​បាន​បញ្ចប់ ដោយ​លទ្ធផល 3-3។ ដូច្នេះ ការ​ប្រកួត​ដោយ​ទាត់​ប៉េណាំងទី ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជម្រើស​រើស​ម្ចាស់​ជើង​ឯក។

    ការ​ទាត់​ប៉េណាំងទី ចាប់​ផ្ដើម​ ដោយ​ បារាំង​ ទាត់​មុន​។ Mbappe ស៊ុត​បាន​ជោគ​ជ័យលើ Martinez របស់​ អាហ្សង់ទីន ចំណែក Messi ក៏​បាន​ឈ្នះ​ Lloris របស់ បារាំង។

    ប៉េណាំងទី​ជុំទីពីរ Emiliano Martinez កម្ចាត់​បាល់​របស់ Coman បាន​ជោគជ័យ ហើយ​ អាហ្សង់ទីន​ ក៏រក​បាន​ 1 គ្រាប់​ទៀត​។

    ជុំទីបី Tchouameni ទាត់ចេញ​ក្រៅ ចំណែក Paredes យកឈ្នះលើ Lloris។ អាហ្សង់ទីន​នាំមុខ 3-1 ក្នុង​ការ​ទាត់​ប៉េណាំងទី។

    ជុំទីបួន Kolo Muani យកឈ្នះ​លើ Martinez ធ្វើ​ឱ្យ បារាំង​​បរាជ័យ ខណៈ អាហ្សង់ទីន​ បាន​ជោគជ័យ។

    អាហ្សង់ទីន ឈ្នះ 4-2 ក្នុង​វគ្គ​ទាត់​ប៉េណាំងទី។ Messi ដណ្ដើម​បាន​តំណែង​ជើង​ឯក​ World Cup ជា​លើក​ដំបូង​ក្នុង​អាជីព៕

  • (ផ្ដាច់​ព្រ័ត្រ World Cup 2022)- អាហ្សង់ទីន​ នាំ​មុខ បារាំង 2-0 ក្នុង​តង់​ទីមួយ​ ៖ Messi លេចធ្លោ​ជាង​គេ

    (ផ្ដាច់​ព្រ័ត្រ World Cup 2022)- អាហ្សង់ទីន​ នាំ​មុខ បារាំង 2-0 ក្នុង​តង់​ទីមួយ​ ៖ Messi លេចធ្លោ​ជាង​គេ

    បារាំង​ ក្នុង​ឈុតអាវ​ពណ៌ខៀវ ជា​អ្នក​ទាត់​បាល់​មុន ខណៈ អាហ្សង់ទីន ពណ៌ខៀវខ្ចីលាយ​ស និង​ខោ​ពណ៌ស។

    កីឡាករ​ទាំង​ពីក្រុម​បាន​បង្ក​កំហុស​លើ​គ្នា​ និង​បង្កើត​ឱកាស​ស៊ុត​ជា​បន្ត​បន្ទាប់​តាំង​ពីដើម​ទី ប៉ុន្តែ​ក៏​មិន​មាន​ភាគី​ណា​រក​បាន​គ្រាប់​បាល់​ រហូត​ដល់​មាន​ការ​ពិន័យ​ប៉េណាំងទី ក្រោយ​ពី Dembele បាន​បង្ក​កំហុស​លើ​កីឡាករ​ខ្សែ​ប្រយុទ្ធ​ Di Maria របស់​ អាហ្សង់ទីន នៅ​តំបន់​គ្រោះ​ថ្នាក់។

    ពី​ចម្ងាយ​ 11 ម៉ែត្រ Messi ស៊ុត​បាល់​ប៉េណាំងទី​បាន​ជោគ​ជ័យ។ នេះ​គឺជា​គ្រាប់​បាល់​ទី​ 6 របស់ Messi នៅ World Cup 2022, ​ទី 12 នៅ World Cup និង​ទី 97 នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​។

    ជាង​ 30 នាទី​ដំបូង​នៃ​ការ​ប្រកួត​ ក្រុម​អាហ្សង់ទីន គ្រប់​គ្រង​បាល់​បាន​ 60%, ស៊ុត​ផ្ដាច់​បាន​ 5​ ដង ក្នុង​នោះ​មាន​ 2 ដង​ទាត់​ចំ​ទិស​អ្នក​ចាំទី​។ បារាំង​មិន​ទាន់​បាន​ស៊ុត​ផ្ដាច់​ម្ដង​ណា​នៅឡើយ​ក្នុង​អំឡុង​ពេល​នេះ។

    នាទី​ទី 36 អាហ្សង់ទីន រក​បាន​មួយ​គ្រាប់​ទៀត នាំ​ឱ្យក្រុម​នេះ​នាំ​មុខ​​ បារាំង 2-0។

    Lionel Messi និង Angel Di Maria គឺជា​អ្នក​រក​បាន​ 2 គ្រាប់​ឱ្យ​ អាហ្សង់ទីន នៅ​ក្នុង​តង់​ទីមួយ​នៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​​ World Cup 2022 នាយប់​​ថ្ងៃទី 18 ធ្នូ 2022។

    នៅ​ក្នុង​តង់ទីមួយ អាហ្សង់ទីន ស៊ុត​ផ្ដាច់​ 6 ដង ក្នុង​នោះ 3 គ្រាប់​ហោះ​ចំទិស​អ្នក​ចាំទី​។ បារាំង​ មិន​បាន​ស៊ុត​ផ្ដាច់​ម្ដង​ណា​ឡើយ​នៅ​ក្នុង​ 45 នាទី​ដំបូង​នៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​។

    តង់ទីពីរ​បាន​ចាប់​ផ្ដើម…

     

  • រថយន្ត​អគ្គិសនីជិត 6 ពាន់​គ្រឿង​ត្រូវ​បាន​លក់​ក្នុង​ពិព័រណ៍​មួយ​នៅ​ប្រទេស​ថៃ

    រថយន្ត​អគ្គិសនីជិត 6 ពាន់​គ្រឿង​ត្រូវ​បាន​លក់​ក្នុង​ពិព័រណ៍​មួយ​នៅ​ប្រទេស​ថៃ

    ការ​បញ្ជា​ទិញ​រថយន្ត​អគ្គិសនី​ 5,800 គ្រឿង​នៅក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ប្រទេស​ថៃ កំពុង​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​កិច្ច​ខិត​ខំ​របស់​រដ្ឋាភិបាលថៃ​ ក្នុង​បំណង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

    ​អ្នក​គ្រប់គ្រង​ពិព័រណ៍នេះ​បាន​ឱ្យ​ដឹង​ថា រថយន្តអគ្គិសនី​សរុប​ 15% ស្ថិត​ក្នុង​ចំណោម​រថយន្ត​ 36,679 គ្រឿង​ ​ត្រូវ​បាន​បញ្ជាទិញ​ជា​មុន​ នៅ​ក្នុងរយៈ​ពេល 12 ថ្ងៃ​នៃ​​ពិព័រណ៍​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី 12 ធ្នូ​កន្លង​ទៅ​។

    រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មថៃ​ Suriya Juangroongruangkit ថ្លែងថា រថយន្ត​អគ្គិសនី​របស់ ប្រទេស​ចិន ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ​។ «ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ថៃ បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ចាប់​តាំង​ពី​រដ្ឋាភិបាល​ផ្ដល់​កញ្ចប់​ជំនួយ​ដែល​មាន​តម្លៃ​ជាង 57 លាន​ដុល្លារ​អាម៉េរិក» រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ អះអាង​ដូច្នេះ​។

    កាល​ពី​ខែ​កុម្ភៈកន្លង​ទៅ រដ្ឋាភិបាល​ថៃ បាន​អនុម័ត​ខ្ទង់​ប្រាក់​ជំនួយ​ពី 2,000 ដល់ 4,300 ដុល្លារ​ អាស្រ័យលើ​ប្រភេទ​ និង​ម៉ូដែល​រថយន្ត​ សម្រាប់​ការ​ទិញ​រថយន្ត​អគ្គិសនី​មួយ​គ្រឿង ដើម្បី​ជំរុញ​តម្រូវ​ការ​ប្រើ​ប្រាស់​ចំពោះ​រថយន្ត​អគ្គិសនី​ដែល​ផលិត​ពី​ឆ្នាំ 2022 ដល់ 2023​។

    ប្រធាន​ក្រុមហ៊ុន Inter-Media Consultant លោក Kwanchai Paphatphong ថ្លែង​ថា «ក្នុង​អំឡុង​ពិព័រណ៍ BYD បាន​ទទួល​ការ​បញ្ជា​ទិញ​ជា​មុន​ច្រើន​ជាង​គេ​ ដោយ​មាន 2,714 គ្រឿង​ត្រូវ​បាន​កក់។ បន្ទាប់​មក​គឺ​រថយន្ត​អគ្គិសនី Ora Good Cat របស់ GWM (1,212 គ្រឿង), ​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន Neta (827 គ្រឿង) និង​ក្រុមហ៊ុន​អង់គ្លេស MG (ជាង 600 គ្រឿង​)៕

  • រ៉ូ​បូត​ឆ្លាត​វៃ​ជួយប្រមូល​ផល​ផ្លែឈើ​ជំនួស​កម្លាំង​មនុស្ស

    រ៉ូ​បូត​ឆ្លាត​វៃ​ជួយប្រមូល​ផល​ផ្លែឈើ​ជំនួស​កម្លាំង​មនុស្ស

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ អ៊ីស្រាអែល បានទទួល​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​រ៉ូ​បូត​ហោះ​មួយ​ប្រភេទ​ដែលមាន​សមត្ថភាព​បេះ​ផ្លែឈើ​ជំនួស​មនុស្ស។

    នៅក្នុង​តំបន់​មួយចំនួន​របស់​ពិភពលោក ឱ្យតែ​ដល់​រដូវ​ប្រមូល​ផល​ផ្លែឈើ កសិករ​តែងតែ​ជួប​បញ្ហា​ខ្វះ​កម្លាំង។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា Tevel របស់ អ៊ីស្រាអែល ក៏បាន​អភិវឌ្ឍ​រ៉ូ​បូត​ហោះ​ដែលមាន​ជំនាញ​ក្នុងការ​បេះ​ផ្លែឈើ។

    រ៉ូ​បូត​នេះ​ហោះ​ក្បែរ​ពីលើ ឬ​ពី​ខាង​ដើមឈើ ដើម្បី​ពិនិត្យ និង​បេះ​ផ្លែ​ដែល​ដល់ពេល​ត្រូវ​ប្រមូល​ផល។ ពួកវា​ប្រើប្រាស់​ដៃ​ដែល​អាច​ស្រូប​ទាញ​ផ្លែឈើ ហើយ​ទម្លាក់​ចូលទៅក្នុង​ធុង​ដោយ​ការប្រុងប្រយ័ត្ន។

    យោង Yaniv Maor នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Tevel បានឱ្យដឹងថា «រ៉ូ​បូត​ហោះ​ដែល​យើង​អភិវឌ្ឍ មាន​រូបរាង​តូច លឿន និង​សន្សំសំច័យ​ប្រាក់»។

    រ៉ូ​បូត​នេះ​បំពាក់​កាមេរ៉ា​ដែល​អនុញ្ញាតឱ្យ​វា​ដឹងថា ផ្លែ​ណា​ត្រូវ​បេះ ផ្លែ​ណា​មិនទាន់​ដល់ពេល​ត្រូវ​បេះ។ វា​ក៏​បំពាក់​ប្រព័ន្ធ​ពិសេស​ដែល​ជួយ​ឱ្យ​ដំណើរការ​បន្តបន្ទាប់​ដោយ​មិន​ខ្លាច​អស់​ថាមពល​អគ្គិសនី និង​អាច​ធ្វើការ​គ្រប់​កាលៈទេសៈ។

    បច្ចុប្បន្ន រ៉ូ​បូត​របស់ Tevel អាច​បេះ​ផ្លែឈើ​មួយចំនួន​មានដូចជា ប៉ោម សារី ស្វាយ ប៊ឺ​រ និង​ជម្ពូ។ ក្រៅពី អ៊ីស្រាអែល រ៉ូ​បូត​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​នៅ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​នៅ អឺរ៉ុប។ ប៉ុន្តែ ក្រុមហ៊ុន Tevel ឱ្យដឹងថា កំពុងមាន​គម្រោង​វាយលុក​ទីផ្សារ​ចិន និង​ជប៉ុន ផងដែរ៕

  • ក្រសួង​សាធារណការ ប្រកាស​ពី​វឌ្ឍនភាព​នៃ​គម្រោង​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ 8 ចាប់ពី​គីឡូម៉ែត្រ 25+820 ដល់​គីឡូម៉ែត្រ 29+300

    ក្រសួង​សាធារណការ ប្រកាស​ពី​វឌ្ឍនភាព​នៃ​គម្រោង​ស្តារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ 8 ចាប់ពី​គីឡូម៉ែត្រ 25+820 ដល់​គីឡូម៉ែត្រ 29+300

    រដ្ឋលេខាធិការ​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី 15 ធ្នូ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​របស់​ក្រសួង ចុះ​ពិនិត្យ​ការដ្ឋាន​គម្រោង​ស្ដារឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ 8 ចាប់ពី​គីឡូម៉ែត្រ 25+820 ដល់​គីឡូម៉ែត្រ 29+300។

    ឯកឧត្តម នូ សុវត្ថិ រដ្ឋលេខាធិការ​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ឱ្យ​ក្រុម​វិស្វកម្ម​ដែល​ទទួល​អនុវត្ត​គម្រោង ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ត្រូវ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    គម្រោង​ស្ដារឡើងវិញ​កំណាត់​ផ្លូវជាតិ​ខាងលើ មាន​ប្រវែង​សរុប 2,480 ម៉ែត្រ និង​ទទឹង 24.51 ម៉ែត្រ ក្នុងនោះ​ក៏មាន​សួនច្បារ​ទទឹង 3 ម៉ែត្រ​នៅ​កណ្ដាល​ទ្រូងផ្លូវ ព្រមទាំង​មាន​លូបង្ហូរទឹក​ភ្លៀង​នៅ​សងខាង​ផ្លូវ និង​មាន​បំពាក់​បង្គោល​ភ្លើង និង​ភ្លើង​បំភ្លឺ​ពេលយប់​ផងដែរ។

    យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គិត​មកដល់​បច្ចុប្បន្ន គម្រោង​ដែល​ត្រូវបាន​អនុវត្ត​ដោយ​កងវិស្វកម្ម​សម្តេច​តេ​ជោ​សៀមរាប (ក្រុម ក) នេះ សម្រេចបាន 50% រួចហើយ៕

  • កូរ៉េខាងត្បូង សាងសង់​ព្រលានយន្តហោះ​អណ្ដែត​លើសមុទ្រ​នៅ Busan

    កូរ៉េខាងត្បូង សាងសង់​ព្រលានយន្តហោះ​អណ្ដែត​លើសមុទ្រ​នៅ Busan

    ទីក្រុង Busan របស់ កូរ៉េខាងត្បូង ថ្មីៗនេះ​បាន​ដាក់សំណើ​ស្ដីពី​គម្រោង​សាងសង់​ព្រលានយន្តហោះ​អណ្ដែត​លើសមុទ្រ​មួយកន្លែងដែល​គ្រោង​ស្ថាបនា​រួចរាល់​នៅ​ឆ្នាំ 2029។

    គម្រោង​សាងសង់​ព្រលានយន្តហោះ​អណ្ដែត​លើទឹក​ត្រូវ​បានលើកឡើង​ដើម្បី​ជំរុញ​ដំណើរការ​ក្នុងការ​ស្ថាបនា​ព្រលានយន្តហោះ​ថ្មី Gadeok។ ព្រលានយន្តហោះ Gadeok ​នេះ​នឹងមាន​ស្ថានីយ​អ្នកដំណើរ​នៅលើ​ដីគោក ខណៈដែល​ផ្លូវរ​ត់របស់​យន្តហោះ​នឹង​សាងសង់​លើ​ផ្ទៃសមុទ្រ។

    យោងតាម​អាជ្ញាធរ​ក្រុង Busan ការសាងសង់​ផ្លូវរ​ត់របស់​យន្តហោះ​ក្នុង​ទម្រង់​អណ្ដែត​លើទឹក​នេះ ស៊ីពេល​តិចជាង ធៀប​នឹង​ការដែល​ត្រូវ​កែលំអ​ដី​ក្នុងការ​ស្ថាបនា​លើដី​គោក។ វិធី​ថ្មី​នេះ​ក៏​មិនសូវ​ប៉ះពាល់​បរិស្ថាន និង​ងាយ​ពង្រីក​បន្ថែម។

    ក៏ប៉ុន្តែ ការសាងសង់​ព្រលានយន្តហោះ​លើ​ផ្ទៃ​ទឹកនឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដែល​អាច​ឡើងដល់ 11 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​ប្រឈម​នឹង​​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​សុវត្ថិភាព ក្នុងនោះ​មានដូចជា​សមត្ថភាព​នៃ​ការ​ទប់​ទល់នឹង​ខ្យល់ព្យុះ​ជាដើម៕

  • បារាំង ពង្រាយ​ប៉ូលិស​រាប់ម៉ឺន​នាក់​ដើម្បី​ធានា​សន្តិសុខសម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup

    បារាំង ពង្រាយ​ប៉ូលិស​រាប់ម៉ឺន​នាក់​ដើម្បី​ធានា​សន្តិសុខសម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup

    អាជ្ញាធរ​បារាំង បានប្រកាសថា ប៉ូលិស​ប្រហែល 14,000 នាក់ នឹងធ្វើ​សកម្មភាព​នៅ​ទូទាំងប្រទេស​ដើម្បី​ធានា​សន្តិសុខ​នៅក្នុង​ថ្ងៃ​ប្រកួត​បាល់ទាត់​ពិភពលោក ​វគ្គ​ផ្ដាច់ព្រ័ត្រ។

    យោងតាម​ផែនការ​ដែល​ត្រូវបាន​លើកឡើង​នៅ​ចំពោះមុខ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង Gerald Darmanin កាលពី​ថ្ងៃទី 16 ធ្នូ កងកម្លាំង​នេះ​នឹងចូលរួម​រក្សា​សន្តិសុខ​នៅ រដ្ឋធានី​បារី​ស ជាទី​ដែល​ត្រូវបាន​ព្យាករ​ថា នឹងមាន​ការជួបជុំ​មនុស្សម្នា​ទ្រង់ទ្រាយ​ធំ ក្នុងករណី បារាំង ដណ្ដើមបាន​ជ័យជម្នះ។

    មហាវិថី Champs-Elysees គឺជា​កន្លែង​ដែល​ធ្លាប់មាន​ព្រឹត្តិការណ៍​អបអរធំៗនៅក្នុង​ពេលដែល បារាំង ដណ្ដើមបាន​ជើងឯក World Cup នៅក្នុង​ឆ្នាំ 1998 និង 2018។ មនុស្ស​ប្រហែល 600,000 នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅទីនេះ ដើម្បី​ចូលរួម​អបអរសាទរ​កាលពី 4 ឆ្នាំមុន។ មហាវិថី​នេះ​នឹង​ហាម​យានជំនិះ​នៅ​ថ្ងៃទី 18 ធ្នូ ហើយ​កម្លាំង​សមត្ថកិច្ច 2,750 នាក់ នឹង​យាមល្បាតនៅក្បែរៗនោះ។

    កម្លាំង​ប៉ូលិស​បារាំង កំពុង​បំពេញ​ភារកិច្ច​

    កាលពី​ថ្ងៃទី 14 ធ្នូ មនុស្ស​ប្រហែល 40 នាក់​ត្រូវបាន​ប៉ូលិស​បារាំង​ចាប់ខ្លួន នៅពេល​ព្យាយាម​ចូលរួម​​ជាមួយនឹង​ក្រុម​មនុស្ស​ដែល​កំពុង​ជប់លៀង​ជ័យជម្នះ ក្រោយពី ក្រុម​ជម្រើសជាតិ​បារាំង បាន​យកឈ្នះ​លើ ម៉ា​រ៉ុ​ក ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ «ពួកគេ​ទៅ​ចូលរួម​ដើម្បី​បង្កហេតុ» នេះ​បើតាម​រដ្ឋមន្ត្រី Darmanin និយាយ​អំពី​ក្រុមមនុស្ស​ខាងលើ។

    មុន​នោះ ក៏មាន​ការប៉ះទង្គិច​គ្នា​នៅ បារាំង បន្ទាប់ពី ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រទេស​នេះ បាន​ផ្ដួល ក្រុម​ម៉ា​រ៉ុ​ក នៅក្នុង​វគ្គ 1/8។ សមត្ថកិច្ច​បារាំង បាន​បាញ់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​រំសាយ​ក្រុមមនុស្ស៕