Category: សង្គម និងសេដ្ឋកិច្ច

  • Neymar សន្យាបំពេញបំណង PSG ក្រោយ​​ពី​បំពេញការ​ផ្ទេរ​ជាផ្លូវ​ការ

    Neymar សន្យាបំពេញបំណង PSG ក្រោយ​​ពី​បំពេញការ​ផ្ទេរ​ជាផ្លូវ​ការ

    ការផ្ទេរក្នុង​​តម្លៃខ្លួន​ជា​កំណត់ត្រាពិភពលោក​របស់ Neymar ទៅកាន់​ក្លិប Paris Saint-Germain ត្រូវ​បាន​បំពេញ​កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍ម្សិលមិញដែលនៅពេលនោះក្លិប​យក្ស​របស់​បារាំង​មួយនេះ បាន​ប្រកាស​ថា តា​​រាឆ្នើម​អន្តរ​​ជាតិ​​ប្រេស៊ីល Neymar បាន​ចុះហត្ថលេខា​​រយៈ​ពេល​5​ឆ្នាំ ដើម្បី​​ធ្វើ​​ ​    ​ឲ្យរូប​គេ​ទទួលបាន​ចំណូល​ប្រមាណ​ជា​30លានអឺ​រ៉ូ (ស្មើនឹង​35.5លានដុល្លារអាមេ​រិក) ក្នុង​មួយ​ឆ្នាំ​បន្ទាប់​ពីកាត់​ពន្ធរួច​។ ការ​ផ្ទេរនេះត្រូវ​បាន​ចុះ​ហត្ថ​លេខា​​ត្រឹម​រយៈ​ពេល​​តែ​ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ​ពី PSG បាន​ចំណាយ​ប្រាក់ទិញ​​រំលាយកិច្ច​សន្យា​របស់ Neymar ចំនួន​222​​លាន​អឺ​រ៉ូ (ស្មើ​នឹង​260​លានដុល្លារ​អាមេ​រិក) ទៅ​ឲ្យ​ក្លិប Barcelona​​។

    ក្រោយពីបំពេញការផ្ទេរ​នេះភ្លាម​ៗ Neymar បាន​សន្យា​​ថា នឹង​ធ្វើ​រាល់​អ្វី​ទាំង​អស់​ដើម្បី​ជួយ​ឲ្យ​ក្លិប​ PSG សម្រេច​បំណង​របស់​ខ្លួន​។ តា​រាឆ្នើម​រូប​នេះ​បាន​ឲ្យ​​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​ចូល​រួមជាមួយ​នឹង Paris Saint-Germain​ ចាប់​តាំងពី​ខ្ញុំ​បាន​ទៅ​ដល់​ទ្វីប​អឺ​រ៉ុប ក្លិបនេះតែង​តែ​​ជា​​ក្លិបមួយ​ដែលមានការ​ប្រកួត​ប្រជែងខ្លាំង​បំផុត ជាក្លិប​មួយមាន​មហិច្ឆ​តាធំ​បំផុត និង​មាន​ការ​ប្រជែង​ដ៏​ធំបំផុត​។ អ្វី​ដែល​​បាន​លើក​ទឹក​ចិត្ត​ខ្ញុំខ្លាំង​បំផុត​ក្នុង​ការ​ចូល​រួម​ជា​មួយ​​នឹងមិត្ត​រួមក្រុម​ថ្មី​របស់​ខ្ញុំ គឺ​ការ​ជួយ​ក្លិបនេះ​ឲ្យ​ដណ្តើម​បាន​​ពាន​ដែល​អ្នក​គាំ​ទ្រ​របស់​ពួកយើង​ចង់​បាន​»​។

    ខ្សែ​ប្រយុទ្ធ​រូប​នេះ​បានបន្ថែម​ទៀត​ថា៖ «មហិច្ឆ​តា​របស់ PSG បាន​ទាក់​ទាញ​ឲ្យ​ខ្ញុំ​ត្រូវតែមកកាន់ក្លិបនេះ រួម​ជាមួយនឹង​ការស្រេកឃ្លានជ័យជម្នះ និង​​ថាមពល​។ ខ្ញុំ​បាន​លេង​អស់​រយៈពេល​4​​រដូវកាល​នៅ​ទ្វីប​អឺ​រ៉ុប ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំបានត្រៀម​លក្ខណៈ​រួច​រាល់ហើយក្នុង​ការ​ទទួល​យកការ​ប្រជែង​មួយនេះ​។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ខ្ញុំ​នឹង​ធ្វើ​រាល់​អ្វី​ៗ​ទាំង​អស់​ដែលខ្ញុំ​អាច​ធ្វើ​បាន​​ដើម្បី​ជួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្ញុំ ដើម្បី​​បើក​ជើង​មេឃ​ថ្មី​សម្រាប់ក្លិប​របស់​ខ្ញុំ និង​ដើម្បីនាំ​យក​​​ការ​រីក​រាយ​ទៅកាន់​អ្នក​គាំ​ទ្រ​រាប់​លា​ននាក់​ទូ​ទាំង​ពិភព​​លោក​»​។

    PSG បានប​ញ្ជាក់​ថា Neymar នឹង​បង្ហាញមុខ​ជាផ្លូវការ​​ក្នុង​សន្និ​​សីទ​សារ​ព័ត៌​មានមួយនៅល្ងាច​ថ្ងៃ​សុក្រនេះ​ឯង៕

    ប្រភពពី៖ Sky Sports

  • របាយការណ៍ថ្មីៈ កម្ចីលក្ខណៈគ្រួសារមានចំនួនច្រើនជាងកម្ចីផ្សេងៗ

    របាយការណ៍ថ្មីៈ កម្ចីលក្ខណៈគ្រួសារមានចំនួនច្រើនជាងកម្ចីផ្សេងៗ

    ភ្នំពេញ៖ វិស័យភតិសន្យាហិរញ្ញវត្ថុមានន័យថា សេវាផ្តល់ប្រាក់កម្ចីនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមានការរីកចម្រើនតាមរយៈការពង្រីកសេវាលើចលនទ្រព្យ ដូចជាម៉ូតូ រថយន្ត គ្រឿងយន្តប្រើប្រាស់ក្នុងវិស័យកសិកម្ម គ្រឿងចក្រសាងសង់ គ្រឿងអេឡិចត្រូនិក គ្រឿងសិង្ហារិម សម្ភារប្រើប្រាស់ក្នុងគ្រួសារ និងចលនវត្ថុផ្សេងៗទៀតដល់អតិថិជន។

    យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា នៅក្នុងឆមាសទី1 ឆ្នាំ2017នេះ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ (ក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ) មានចំនួន12 ហើយមានកំណើនទ្រព្យសកម្មចំនួន 26.3% ដល់728 ប៊ីលានរៀល និងមានកំណើនភតិសន្យាហិរញ្ញវត្ថុ12.9% ដល់ 515.1ប៊ីលានជាមួយនឹងចំនួនអតិថិជន 63,065 នាក់។ សេវាផ្តល់ហិរញ្ញវត្ថុត្រូវបានបែងចែកទៅកាន់វិស័យសំខាន់ៗដូចជា ក្រុមគ្រួសារ31% កសិកម្ម23 % ពាណិជ្ជកម្ម9% និងសំណង់10%។

    របាយការណ៍បង្ហាញថា ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ (ខេមបូឌា)ខូអិលធីឌីមានទ្រព្យសកម្មសរុបចំនួន35ទ្រីលានរៀល និងមានសមាជិកក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន139 ដែលក្នុងនោះមានគ្រឹះស្ថានធនាគារពាណិជ្ជ39 គ្រឹះស្ថានធនាគារឯកទេស 14 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ7 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ63 ក្រុមហ៊ុនភតិសន្យា11 និងប្រតិបត្តិករឥណទានជនបទ5 ព្រមទាំងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ5 ទៀតត្រៀមចូលរួមជាសមាជិក។

    ក្រុមហ៊ុនក្រេឌីតប្យូរ៉ូបានផ្តល់ទិន្នន័យឥណទានអតិថិជនដែលមានសារៈសំខាន់មួយចំនួន ដូចជាទំហំឥណទានឯកជន ចំនួនអ្នកខ្ចីប្រាក់ ចំនួនអ្នកធានា និងចំនួនប្រតិបត្តិការប្រើប្រាស់ព័ត៌មានអតិថិជន។ សម្ពៀតឥណទានសរុបដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានមានចំនួន58.6ទ្រីលានរៀល ដោយមានគណនីចំនួន 2,753,125 និងមានអតិថិជនចំនួន 2.3លាននាក់ ស្របពេលដែលប្រតិបត្តិការទាញយកព័ត៌មានឥណទានមានចំនួន 340,959 នាក់៕

  • Amru វិនិយោគ17លានដុល្លារលើវិស័យស្រូវ អង្ករ

    Amru វិនិយោគ17លានដុល្លារលើវិស័យស្រូវ អង្ករ

    ភ្នំពេញៈ ក្រុមហ៊ុន Amru Rice បានបោះទុនវិនិយោគ17លានដុល្លារអាមេរិកលើវិស័យស្រូវអង្ករដើម្បីបង្កើនការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេស។

    លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនAmru Riceបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី3 សីហាម្សិលមិញនេះថា ក្រុមហ៊ុនបានបោះទុន10លានដុល្លារលើរោងម៉ាស៊ីនកិនស្រូវចំនួន3 និង7លានដុល្លារទៀតដើម្បីប្រមូលទិញស្រូវពី​កសិករកម្ពុជាដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងការផលិត និងលក់ស្រូវក្នុងតម្លៃសមរម្យដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។ លោកឧកញ៉ាបន្តថា គម្រោង​ធ្វើស្រែនេះបានគ្របដណ្តប់លើប្រជាជនចំនួន6,000គ្រួសារ និងមានផ្ទៃដីសរុប​ចំនួន12,000ហិកតា និងអាចប្រមូលផលបានប្រមាណជា3ម៉ឺនតោន។

    លោកឧកញ៉ាបានបន្តថា “ការធ្វើស្រែតាមបែបកិច្ចសន្យាជាការធ្វើឲ្យមានទំ​នុកចិត្តក្នុងទីផ្សារសម្រាប់កសិករ ព្រោះពេលពួកគាត់ផលិតបាន ពួកគាត់មានទីផ្សារស្រាប់ និងធានាបាននូវគុណភាពស្រូវដែលផ្តល់ភាពងាយស្រូលសម្រាប់នាំ​ចេញ”។ លោកឧកញ៉ាបន្តទៀតថា “ការធ្វើស្រែតាមបែបកិច្ចសន្យាក៏នឹងធ្វើឲ្យកសិករទទួលបានចំណូលប្រសើរជាងមុនដែរ និងថែមទាំងជួយលើកកម្ពស់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមីទៀតផង”។

    លោកឧកញ៉ា សុង សារ៉ន បានបន្តថា ក្រៅពីប្រមូលទិញស្រូវពីកសិករដែលបានចុះ​កិច្ចសន្យាជាមួយក្រុមហ៊ុននៅខេត្តព្រះវិហារ បាត់ដំបង និងខេត្តកំពង់ចាមហើយ ក្រុមហ៊ុនក៏បានជួយទិញស្រូវពីកសិករ ដែលមិនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននៅ​ពេលពួកគាត់យកស្រូវមកលក់ឱ្យផងដែរ។

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក​ វេង សាខុនបានថ្លែងថា ក្រសួងបាន និងកំពុងជួយជំរុញការធ្វើស្រែតាមរយៈការចុះកិច្ចសន្យា តាមរយៈការសហការរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញស្រូវដើម្បីកិនជាអង្ករធ្វើ​ការនាំចេញផងដែរ។ លោកបន្តថា ការធ្វើស្រែតាមបែបចុះកិច្ចសន្យាជាការធានា​ដល់កសិករពីទីផ្សារស្រូវរបស់ខ្លួននៅពេលប្រមូលផល ដើម្បីពួកគេមិនព្រួយបា​រម្ភពីកង្វះទីផ្សារ និងការទម្លាក់តម្លៃពីឈ្មួញឱកាសនិយមមួយចំនួន។

    លោកបន្តថា “ក្រសួងកសិកម្មមិនអាចធ្វើការងារបានទទួលជោគជ័យនោះទេ បើគ្មានការចូលរួមពីវិស័យឯកជន និងអាជ្ញាធរពាក់ព័ន្ធ”៕

  • ទោះមិនលួចមើលដោយផ្ទាល់ក៏អាច​ធ្លាក់បានដែរ អ្នកប្រឡងបាក់ឌុបសូមប្រយ័ត្ន

    ទោះមិនលួចមើលដោយផ្ទាល់ក៏អាច​ធ្លាក់បានដែរ អ្នកប្រឡងបាក់ឌុបសូមប្រយ័ត្ន

    ក្រោយពេលមានកំណែទម្រង់​ប្រព័ន្ធអប់រំ ការប្រឡងបាក់ឌុប​បានចាប់ផ្តើម​រឹតបន្តឹងយ៉ាងខ្លាំង ​ដោយបេក្ខជន​ដែលធ្វើខុសនឹងវិន័យអាចប្រឈមជាមួយនឹងការធ្លាក់ ពិន័យ ឬ​បានពិន្ទុសូន្យលើវិញ្ញាសាណាមួយប្រសិនបើ​មិនបានដឹង​វិធីសាស្ត្រការពារខ្លួន ឬមិនគោរព​ទៅតាមបទ​បញ្ជាសំខាន់ៗមួយចំនួន។

    ដើម្បី​ចៀសវាង​លើបញ្ហាទាំងអស់នេះ បេក្ខជន​ដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនា​ប៉ុន្មានថ្ងៃទៀត​នេះគួរយកចិត្តទុកដាក់​ចៀសវាង​ចំណុចមួយចំនួន​ដែល​អាចប៉ះពាល់ដល់ការប្រឡងរបស់ខ្លួន។

    នាពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន​ និងកីឡា បាន​ផ្តល់និយមន័យ​ថា ការដែលមា​ន​ឯកសារ សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ​ ដែកចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន​នៅ​លើ​តុ​ទុកជា​មុន ការ​សរសេរ​លើ​បាតដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ ក្នុង​បន្ទប់​ប្រឡង គឺរាប់ថាជាការលួច​ចម្លង​ដែលបេក្ខជនអាចប្រឈមជាមួយនឹង​ការកំណត់ឱ្យធ្លាក់ប្រសិនបើ​បេក្ខជន​ពុំព្រមប្រគលឯកសារ​ទាំងអស់នោះឱ្យទៅមេប្រយោគ។ មួយវិញទៀត ការចម្លងសំណៅកិច្ចការអ្នកដទៃ ឬ​យក​កិច្ចការអ្នកដទៃ​ដាក់នៅកន្លែងរបស់ខ្លួន​អង្គុយ ការអើតមើល​សន្លឹកកិច្ចការ​អ្នកដទៃ ការប្រើប្រាស់​ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកនៅក្នុងបន្ទប់ប្រឡង​ក៏រាប់ថាជាការលួចចម្លងផងដែរ។ ក្រៅពីនេះក្រសួងក៏បានកំណត់ថាជាការលួចចម្លងដូចគ្នាចំពោះការដែលបេក្ខជន​អង្គុយខុស​លេខ​តុរបស់ខ្លួនដោយគ្មាន​ការអនុញ្ញាត​ពីអនុរក្ស​ ឬរំកិលមកអង្គុយ​កៀកអ្នកដទៃ រំកិលតុមកអង្គុយជាប់គ្នាខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ ការបង្កឱ្យអ្នកដទៃចម្លង និងប្តូរ​សន្លឹក​កិច្ចការគ្នា ឬប្តូរក្រដាស​ព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នា​ជាក់ស្តែងជាដើម។

    ករណីសំខាន់ៗមួយចំនួនខាងលើ​អាចនឹងត្រូវ​ពិន័យឱ្យទទួល​បានពិន្ទុសូន្យ និងបញ្ឈប់​មិនឱ្យប្រ​ឡងបន្តទៅទៀតក្នុងសម័យប្រឡងនេះ។ ហេតុនេះ​បេក្ខជនត្រូវខិតខំប្រឹងប្រែងប្រឡងដោយសមត្ថភាព​ខ្លួនឯងផ្ទាល់ ចៀសវាង​ត្រូវជួបបញ្ហា​ដោយ​នឹកស្មានមិនដល់៕

  • ស្ដាប់អ្នកជំនាញប្រាប់ពីហេតុផលដែលអ្នកវិនិយោគផ្លាស់ប្ដូរឥរិយាបថនៃការអភិវឌ្ឍ

    ស្ដាប់អ្នកជំនាញប្រាប់ពីហេតុផលដែលអ្នកវិនិយោគផ្លាស់ប្ដូរឥរិយាបថនៃការអភិវឌ្ឍ

    ភ្នំពេញ – ស្ថិតក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងតែមានការកើនឡើងនៃវិស័យសំណង់ត្រូវបានគេមើលឃើញថា មានម្ចាស់គម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែញាប់ដៃញាប់ជើងដើម្បីបញ្ចប់គម្រោងរបស់ខ្លួនឱ្យបានរួចរាល់។ ក្នុងនោះក៏មានម្ចាស់គម្រោងមួយចំនួនបានផ្លាស់ប្ដូរឥរិយាបថពីការសាងសង់គម្រោងរស់នៅបែបខុនដូ ទៅជាគម្រោងលំនៅឋាន រីឯអ្នកខ្លះទៀតធ្លាប់តែអភិវឌ្ឍគម្រោងលំនៅឋានក៏បានងាកមករកការអភិវឌ្ឍខុនដូវិញ។

    តើការផ្លាស់ប្ដូរដ៏គួឱ្យភ្ញាក់ផ្អើលគ្រាដែលទីផ្សារអចលនទ្រព្យបច្ចុប្បន្នហាក់មានសកម្មភាពនៃការលក់យឺតជាងបណ្ដាឆ្នាំកន្លងមក វានឹងមានអ្វីកើតឡើង? តើការផ្លាស់ប្ដូរឥរិយាបថនៃការអភិវឌ្ឍអាចផ្ដល់គុណសម្បត្ដិ និងគុណវិបត្ដិអ្វីខ្លះដល់អតិថិជន?

    លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអិល បានលើកឡើងថា ពាក់ព័ន្ធការផ្លាស់ប្ដូរឥរិយាបថនៃការអភិវឌ្ឍរបស់អ្នកវិនិយោគនីមួយៗយើងមានសុទិដ្ឋិនិយមថា គ្មានបញ្ហាអ្វីកើតឡើងដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ដអតិថិជនទេ។ ផ្ទុយទៅវិញយើងមើលឃើញថា ពួកគាត់មានភាពឆ្លាតវាងវៃក្នុងការប្រកបរបរនៅលើវិស័យនេះទៅវិញទេ ព្រោះពួកគាត់ចង់ធ្វើអ្វីប្លែកល្អៗសម្រាប់អតិថិជនរបស់ខ្លួន ដោយពួកគាត់មិនសំដៅលើការទទួលបានប្រាក់ចំណេញតែមួយមុខប៉ុណ្ណោះទេ។

    លោកឧញ៉ាបន្ដថា៖ «បើតាមខ្ញុំគិត គឺពួកគាត់ចង់បានកេរ្ដិ៍ឈ្មោះល្អក្នុងការអភិវឌ្ឍតាមរយៈការមើលឃើញអ្នកវិនិយោគខ្លះមានជំនាញខាងអគារខ្ពស់ៗ គាត់ងាកមករកទីផ្សារជាលក្ខណៈបុរីម្តង ចំណុចទាំងនេះបណ្ដាលមកពីគាត់អាចមើលឃើញទីផ្សាររបស់បុរីនៅមានសភាពល្អប្រសើរ តែយ៉ាងណាយើងជឿថា បើគាត់ងាកមកធ្វើបុរី ក៏បុរីរបស់គាត់ធ្វើខុសពីបុរីផ្សេងៗដែរ»។

    អគ្គនាយកក្រុមហ៊ុនស៊ីភីអិល បញ្ជាក់ទៀតថា ដូចជាគម្រោងបុរីប៉េង ហួត គាត់មានជំនាញខាងអភិវឌ្ឍន៍បុរី តែគាត់បានងាកមកអភិវឌ្ឍគម្រោងរស់នៅបែបខុនដូបន្ថែមទៀត ព្រោះគាត់យល់ថា វិស័យខុនដូក៏ជាសក្ដានុពលមួយដ៏សំខាន់សម្រាប់ការរស់នៅរបស់ប្រជាជនដែលនិយមការរស់នៅបែបស៊ីវីល័យ។

    ទោះជាយ៉ាងណាលោកឧកញ៉ាបានលើកជាទស្សនៈថា៖ «ក្រៅពីហេតុផលខាងលើ ប្រហែលជាអ្នកអភិវឌ្ឍន៍គាត់ត្រូវការកិត្ដិយស កេរ្ដិ៍ឈ្មោះ តាមរយៈការបង្ហាញចេញឱ្យឃើញថា ក្នុងនាមជាអ្នកអភិវឌ្ឍន៍ អ្វីក៏ពួកគាត់អាចធ្វើទៅបាន ដោយឈរលើគោលការណ៍សុវត្ថិភាព គុណភាព និងការរស់នៅប្រកបដោយផាសុកភាព។ ដូច្នេះពួកគាត់ចង់បង្ហាញថា ក្នុងនាមជាអ្នកអភិវឌ្ឍន៍ ខុនដូក៏ធ្វើបាន បុរីក៏ធ្វើបាន ពោលគឺមានគ្រប់រសជាតិ»។

    តាមការសិក្សាអំពីក្របខ័ណ្ឌយុទ្ធសាស្រ្ដអភិវឌ្ឍន៍ទីក្រុងកម្ពុជា ឃើញថា ដោយសារតែកំណើនប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញអាចកើនឡើងដល់7,92លាននាក់ ឬស្មើនឹង44% នៅឆ្នាំ2030។ ទិន្នន័យនេះបង្ហាញថា តម្រូវការលំនៅឋានសម្រាប់តំបន់រាជធានីក្រុង ទីប្រជុំជន មានប្រមាណ80ម៉ឺនលំនៅឋាន គិតជាមធ្យមមានតម្រូវការ5ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ។

    លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real estate បានលើកឡើងថា ការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកវិនិយោគគឺពួកគាត់ផ្អែកទៅលើកេរ្ដិ៍ឈ្មោះ ភាពល្បីល្បាញ និងការទទួលស្គាល់ពីគ្រប់ស្រទាប់ទាំងអស់ ពិសេសទំនុកចិត្ដរបស់អតិថិជនមកលើអ្នកវិនិយោគតែម្ដង។

    ដូច្នេះបើគាត់មានកេរ្ដិ៍ឈ្មោះហើយទទួលបានទំនុកចិត្ដពីអតិថិជនផងនោះ ទោះជាគាត់ប្ដូរទៅអភិវឌ្ឍគម្រោងអ្វីក៍ដោយ ក៏គាត់នៅតែទទួលបានជោគជ័យដែរ ព្រោះពួកគាត់ឈរលើគុណភាព សុវត្ថិភាព និងផាសុកភាព ទាំងនេះជាចំណុចដែលយើងមើលឃើញថា ជាតម្រូវការរបស់អតិថិជន។ លោកបន្ដថា បើយើងមើលទៅលើទីផ្សារនៃគម្រោងពីរនេះ គឺវាមានភាពខុសគ្នា។ គម្រោងលំនៅឋាន ផ្ដោតលើអតិថិជនក្នុងស្រុក រីឯអតិថិជនជាជនបរទេសគាត់អត់មានសិទ្ធិទិញទេគម្រោងបែបនេះ ដោយច្បាប់អនុញ្ញាតិឱ្យមានសិទ្ធិទិញតែលើអគារសហកម្មសិទ្ធិ (ខុនដូ)ប៉ុណ្ណោះ។

    អគ្គនាយកក្រុមហ៊ុន Key Real estate បន្ថែមថា៖ «បើតាមទស្សនៈខ្ញុំវិញ គិតថាគម្រោងប្រភេទណាក៏ល្អដែរ ព្រោះវាមានទីផ្សារសម្រាប់អតិថិជនផ្សេងៗគ្នា។ ដោយឡែកពាក់ព័ន្ធនឹងអារម្មណ៍របស់អ្នកវិនិយោគប្រហែលមកពីគាត់ជោគជ័យនឹងអ្វីដែលគាត់កំពុងតែមាន ដូច្នេះគាត់ចង់ភ្លក្សរសជាតិបែបថ្មីផ្សេងទៀតដើម្បីឱ្យបានដឹងថា ពេលធ្វើទៅវា តើនឹងចេញលទ្ធផលជាក់ស្ដែងយ៉ាងណា? តែទោះយ៉ាងណាយើងជឿថា ពួកគាត់មើលឃើញឱកាសទីផ្សារហើយបានជាមានការផ្លាស់ប្ដូរឥរិយាបថបែបនេះ»៕

  • សុខ ដែន ស្ដាយឱកាសដែលបញ្ចេញក្បាច់គុនមិនអស់ពីសមត្ថភាព

    សុខ ដែន ស្ដាយឱកាសដែលបញ្ចេញក្បាច់គុនមិនអស់ពីសមត្ថភាព

    ក្រោយពីបង្ហាញនូវអារម្មណ៍រីករាយ និងមានមោទនភាពជាមួយរឿង «ហ្លួងព្រះស្ដេចកន» ហើយនោះ តារាសម្ដែងផ្នែកវាយតប់ សុខ ដែន ហាក់មានអារម្មណ៍សោកស្ដាយខណៈរូបលោកពុំបានបញ្ចេញក្បាច់គុនរបស់ខ្លួនដែលមានឱ្យអស់ពីសមត្ថភាព។

    លោក សុខ ដែន បញ្ជាក់ថា ក្រោយពីបានទស្សនាឈុតឆាកខ្លីៗនៃរឿង « ហ្លួងព្រះស្ដេចកន» រួចមក លោកពិតជាមានអារម្មណ៍រំភើបជាខ្លាំងក្នុងនាមលោកជាតារាសម្ដែងម្នាក់នៅក្នុងរឿងនោះដែរ។ លោកបន្ដថា នេះជារឿងរ៉ាវបែបប្រវត្ដិសាស្រ្ដដែលបានបង្ហាញពីឈុតឆាក និងយុទ្ធសាស្រ្ដនៃការធ្វើសឹករបស់ហ្លួងព្រះស្ដេចកនព្រមទាំងសកម្មភាពនៃការវាយ កាប់ចាក់គ្នា ដែលមើលទៅពិតជាអស្ចារ្យនៅក្នុងប្រវត្ដិសាស្រ្ដភាពយន្ដខ្មែរមែន។

    តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «សម្រាប់អារម្មណ៍របស់ខ្ញុំពិតជាមានភាពស្ញប់ស្ញែងជាមួយស្នាដៃរបស់ឯកឧត្ដម ម៉ៅ អាយុទ្ធខ្លាំងណាស់ ព្រោះចាប់តាំងពីខ្ញុំចូលប្រឡូកក្នុងសិល្បៈសម្ដែងខ្ញុំពុំដែលបានទស្សនាភាពយន្ដខ្មែរណាមានគុណភាព និងការចំណាយយ៉ាងសន្ធឹកសន្ធាប់បែបនេះទេ ដូច្នេះហើយទើបខ្ញុំមានអារម្មណ៍សោកស្ដាយដែលខ្ញុំពុំមានឱកាសបញ្ចេញអស់ពីសមត្ថភាពនូវក្បាច់គុនដែលខ្ញុំចេះ»។

    តួអង្គមិត្ដភក្ដិហ្លួងព្រះស្ដេចកនឈ្មោះ វៀង ប្រាប់ថា អ្វីដែលលោកលើកឡើង គឺសំដៅលើរឿងនេះបានប្រមូលផ្ដុំទៅដោយអ្នកមានចំណេះ ជំនាញខាងផ្នែកក្បាច់គុនជាច្រើនទើបធ្វើឱ្យឈុតឆាកវាយតប់មើលទៅអស្ចារ្យយ៉ាងខ្លាំងមិនចាញ់ភាពយន្ដបរទេសនោះទេ។ លោកបន្ដថា ការប្រមូលផ្ដុំអ្នកមានទេពកោសល្យដ៏ច្រើននេះហើយដែលជាហេតុធ្វើឱ្យតារាក្បាច់គុនម្នាក់ៗមានឱកាសបានបញ្ចេញសមត្ថភាពម្នាក់បន្ដិចៗប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលពួកគាត់បានបញ្ចេញ គឺពិតជាទេពកោសល្យពិសេសណាស់ ។

    ដោយឡែកអ្នកស្រី ឌី សាវ៉េត តារាសម្ដែងល្បីឈ្មោះក្នុងទស្សវត្ស 60 និងជាតួអង្គម្ដាយរបស់ហ្លួងព្រះស្ដេចកន បានលើកឡើងថា ក្នុងមួយជីវិតដែលអ្នកស្រីបានប្រឡូកក្នុងអាជីពសិល្បៈទើបតែបានឃើញភាពយន្ដខ្មែរមួយរឿងនេះទេដែលមានភាពអស្ចារ្យ។ អ្នកស្រីបញ្ជាក់ថា៖ «នៅក្នុងចិត្ដរបស់ខ្ញុំបានគិតថា រឿង ‘’ហ្លួងព្រះស្ដេចកន“ ជារឿងហូលីវូដសម្រាប់ប្រជាជនខ្មែរ ព្រោះខ្ញុំទស្សនាឈុតឆាកនៃការធ្វើសឹកសង្រ្គាមនៅក្នុងរឿងនោះហើយ ហាក់មានអារម្មណ៍ថា ខ្ញុំកំពុងតែស្ថិតនៅក្នុងសម័យកាលនោះ»៕

  • អ៊ឹម ជីវ៉ា បកស្រាយរឿងជិះឡានអត់បង់ពន្ធផ្លូវរាប់ឆ្នាំ

    អ៊ឹម ជីវ៉ា បកស្រាយរឿងជិះឡានអត់បង់ពន្ធផ្លូវរាប់ឆ្នាំ

    ថ្មីៗនេះតារាសម្ដែង អ៊ឹម ជីវ៉ា បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកសម្ដែងនូវអារម្មណ៍ហាក់មិនសប្បាយចិត្ដ ជាមួយការលើកឡើងតាមរយៈសារព័ត៌មានក្នុងស្រុកមួយដែលបានផ្សាយថា អ៊ឹម ជីវ៉ា ជិះឡានអត់បង់ពន្ធផ្លូវរាប់ឆ្នាំមកហើយ។

    ក្នុងសារនោះតារាសម្ដែង អ៊ឹម ជីវ៉ា បានសរសេរថា៖«បើអស់លោកសារព័ត៌មានមិនដឹងរឿងទេគួរតែCall មកសម្ភាសខ្ញុំសិន មុននឹងអស់លោកចុះផ្សាយព័ត៌មានពីខ្ញុំ! ធ្វើបែបនេះធ្វើឱ្យគេមើលងាយដល់ស្ថាប័នព័ត៌មានផ្សេងទៀតដែលគេល្អៗ…អស់លោកចុះផ្សាយនេះហាក់បីដូចជាចង់បំបាក់មុខមាត់ខ្ញុំមែនទេ??? សួរថា អស់លោកមានខលមកខ្ញុំមុនចុះផ្សាយអត់!? នេះឬវិជ្ជាជីវៈអ្នកសារព័ត៌មាន! ខ្ញុំមានលេខទូរស័ព្ទ មាន Facebook ម៉េចមិន Chat ឬ Call មកខ្ញុំ?? ធ្វើនេះចង់បានន័យថាម៉េច?!?»

    ជួបជាមួយលោក អ៊ឹម ជីវ៉ា លោកប្រាប់ថា លោកមិនចង់ឱ្យមានរឿងវែងឆ្ងាយទេ គ្រាន់តែលោកឆ្ងល់ថា បើមានបញ្ហាអ្វីមួយពាក់ព័ន្ធនឹងរឿងឯកជនរបស់លោក ម៉េចក៏មិនខលមកសួរនាំឱ្យដឹងរឿងសិន មុននឹងចុះផ្សាយ?។ លោកបញ្ជាក់ថា៖«ខ្ញុំជាតារាសិល្បៈមែន តែខ្ញុំស្គាល់មនុស្សច្រើននៅក្នុងសង្គម ដល់គាត់សរសេរអ៊ីចឹង សួរថាខ្ញុំខ្មាស់គេទេ? ខ្ញុំមិនខ្វល់ថាគាត់សរសេរបែបណាទេ តែអ្នកអានឥឡូវគ្រាន់តែចំណងជើងច្បាស់ជាគិតថា អ៊ឹម ជីវ៉ាជិះរថយន្ដអត់បង់ពន្ធ»។

    ដើមចមនៃរឿងនេះកើតឡើងដោយសារតែលោកអ៊ឹម ជីវ៉ា បានលក់រថយន្ដកាមរីឆ្លាមពណ៌ស្ករដែលលោកបានទិញប្រើប្រាស់តាំងពី11ឆ្នាំមុនឱ្យទៅតារាចម្រៀង សន វិជ្ជបុត្រ។ បន្ទាប់មកលោក សន វិជ្ជបុត្រ បានសរសរនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា ឈប់ហើយ! ទិញឡានពីម្ចាស់ឡានមិនបង់ពន្ធផ្លូវ ដល់យកទៅបង់បានដឹងថាពន្ធដារគុណសរុបឆ្នាំយកតែម្ដង បង់អស់1លាន 75ម៉ឺន5ពាន់ រៀល ងងឹតមុខឈឹង! លើសពីនេះលោកថែមទាំងបង្ហោះរូបភាពរថយន្ដ និងក្រដាសពន្ធទៀតផង។

    ទោះជាយ៉ាងណាលោក អ៊ឹម ជីវ៉ា បានប្រាប់ថា រវាងលោក និង សន វិជ្ជបុត្រ គ្មានបញ្ហានឹងគ្នាទេ យើងទាំងពីរនៅតែជាមិត្ដរាប់អាននឹងគ្នា ដោយលោកចាត់ទុកថា រឿងដែលកើតឡើងគ្រាន់តែជាការយល់ច្រឡំគ្នាតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរលោកអ៊ឹម ជីវ៉ា បញ្ជាក់ថា៖ «ខ្ញុំទិញរថយន្ដមកជិះស្របច្បាប់ ហើយខ្ញុំបានបង់ពន្ធផ្លូវជារៀងរាល់ឆ្នាំ ប្រសិនបើខ្ញុំមិនបង់ខ្ញុំជិះរាប់ឆ្នាំ ពេលខ្ញុំជួបបញ្ហាម្ដងៗប៉ូលិសគាត់នឹងពិន័យខ្ញុំលើពន្ធផ្លូវមិនខាន។ ខ្ញុំគិតថា ប្រហែលជាមានបញ្ហាភាន់ច្រឡំអ្វីមួយហើយ»៕

  • Apple ត្រៀមបោះទឹកប្រាក់ $ 2.62 ពាន់លាន ឱ្យ LG

    Apple ត្រៀមបោះទឹកប្រាក់ $ 2.62 ពាន់លាន ឱ្យ LG

    តាមរបាយការណ៍ដែលត្រូវបានគេបង្ហោះពេញបណ្ដាញអ៊ិនធើណេត បានឱ្យដឹងថា ក្រុមហ៊ុន Apple ត្រៀមជះលុយប្រមាណ 2.62 ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន LG ក្នុងការបង្កើតបន្ទះអេក្រង់ សម្រាប់យកទៅប្រើលើទូរស័ព្ទ iPhone ជំនាន់ថ្មីៗទៀត។

    តាមការចុះផ្សាយលើគេហទំព័រ The Investor បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងវិនិយោគលុយប្រមាណ 2 ទៅ 3 ទ្រីលានវ៉ុន ឬស្មើនឹង $1.75 ទៅ $2.62 ពាន់លានទៅលើរោងចក្រថ្មីមួយរបស់ LG ដែលនឹងផ្តោតទៅលើការផលិតអេក្រង់ OLED។ ប្រភពបានបន្តទៀតថា ក្រុមហ៊ុនទាំង 2 ទំនងជាបានឯកភាពគ្នាហើយ ទៅលើគម្រោងវិនិយោគមួយនេះ ចំណែកចង្វាក់ផលិតកម្មវិញ រោងចក្រថ្មីនេះអាចនឹងផលិតអេក្រង់ OLED បាន 30,000 ផ្ទាំងធំៗ ដែលអាចបំបែកជាផ្ទាំងតូចៗ សម្រាប់ iPhone បាន។ ចង្វាក់ផលិតកម្មថ្មីនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនាដើមឆ្នាំ 2019 ខាងមុខនេះ៕

  • ឧទ្យានបច្ចេកវិទ្យាកសិកម្មត្រូវបានដាក់ឱ្យដំណើរការដើម្បីផ្ទេរចំណេះដឹងដល់កសិករ

    ឧទ្យានបច្ចេកវិទ្យាកសិកម្មត្រូវបានដាក់ឱ្យដំណើរការដើម្បីផ្ទេរចំណេះដឹងដល់កសិករ

    ភ្នំពេញ៖ ការផ្ទេរបច្ចេកវិទ្យាកសិកម្មឱ្យដល់ដៃប្រជាកសិករគឺជាគន្លឹះដ៏សំខាន់សម្រាប់បង្កើនផលិតភាពផលិតផលកសិកម្មឱ្យបានសមស្របទៅតាមនិន្នាការទីផ្សារកសិផលនាពេលបច្ចុប្បន្ន នេះជាប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    ឯកឧត្តមមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧទ្យានបច្ចេកវិទ្យាកសិកម្មរបស់មជ្ឈ​មណ្ឌល​​ឧត្តមភាពប្រពលវប្បកម្មនិរន្តរភាព និងអាហារូបត្ថម្ភ(Center of Excellence on Sustainable Agricultural​ Intensification and Nutrition, CE SAIN) ដោយទទួលបានការសហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ(USAID)ថាដោយសារចំនួនប្រជាជនមានការកើនឡើងជាហេតុធ្វើឱ្យសេចក្តីត្រូវការស្បៀងអាហារហក់ឡើងយ៉ាងរហ័សស្របពេលដែលទំហំដី ការប្រើប្រាស់ដី និងការអនុវត្តបច្ចេកវិទ្យាកសិកម្មនៅមានកម្រិតនៅឡើយ។ ហេតុនេះមជ្ឈមណ្ឌលនេះនឹងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សិក្សាស្រាវជ្រាវផ្សព្វផ្សាយ ផ្ទេរបច្ចេកវិទ្យាឱ្យទៅដល់ដៃប្រជាកសិករផ្ទាល់ដើម្បីធានាបាននូវការផលិតផលិតផលទាំងបរិមាណគុណភាព និងសុវត្ថិភាពឱ្យឆ្លើយតបបានតាមតម្រូវការទីផ្សារដែលជាដើមចមនៃថាមពលសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

    ឯកឧត្តមមានប្រសាសន៍បន្ថែមថា ក្រសួងមានភារកិច្ចជាច្រើនដែលត្រូវធ្វើ និងទាមទារឱ្យថ្នាក់ដឹកនាំដៃគូពាក់ព័ន្ធក្នុងវិស័យឯកជនចូលរួចែករំលែកទាំងចំណេះដឹង និងថវិកាដើម្បីសម្រេចឱ្យបាន និងដើរឱ្យដល់គោលដៅដែលប្រជាពលរដ្ឋចង់បានគឺ កសិផលមានទីផ្សារ និងតម្លៃអាចទទួល​យកបានពលរដ្ឋមានការងារធ្វើ កាត់បន្ថយចំណាកស្រុក។

    ជាមួយគ្នានេះលោកជំទាវ Polly Dunford​ នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ(USAID) បានជម្រាបជូនអង្គពិធីពីតួនាទី​ និងសារប្រយោជន៍នៃមជ្ឈមណ្ឌលដែលបានសង្កត់ធ្ងន់លើការងារបណ្តុះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ និងអនុវត្តបង្ហាញផ្ទាល់ធ្វើយ៉ាងណាឱ្យប្រជាកសិករអាចទទួលបាន និងយកទៅអនុវត្តបានសមស្របទៅនឹងស្ថានភាពដី ទឹក អាកាសធាតុ និងទីផ្សារ។ មិនតែប៉ុណ្ណោះមជ្ឈមណ្ឌលនេះថែមទាំងជាកន្លែងជួបជុំអ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និងប្រជាកសិករដើម្បីដោះដូរ ចែករំលែក ផ្ទេរចំណេះដឹងនិងបទពិសោធក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវផលិតផលកសិកម្ម ដែលធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព សមស្របតាមនិន្នាការទីផ្សារពេលបច្ចុប្បន្ន៕

  • “First They Killed My Father” ដាក់បញ្ចាំងជាផ្លូវការហើយ

    “First They Killed My Father” ដាក់បញ្ចាំងជាផ្លូវការហើយ

    យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនចែកចាយកុន Netflix ដ៏ធំរបស់អាមេរិកបានទម្លាយឱ្យដឹងព័ត៌មានអំពីការដាក់បញ្ចាំងរឿង “First They Killed My Father” ឬចំណងជើងជាភាសាខ្មែរថា ​”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ថាគ្រោងនឹងដាក់បញ្ជាំងនៅលើបណ្ដាញផ្សាយផ្ទាល់របស់ខ្លួននៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 នោះនៅលើទឹកដីសហរដ្ឋអាមេរិក។

    គួរបញ្ជាក់ផងដែរថា រឿងនេះគឺជាស្នាដៃនិពន្ធរបស់អ្នកនាង Jolie និងអ្នកស្រី Ung Loung ដែលជាជនជាតិខ្មែរធ្លាប់ឆ្លងកាត់ក្នុងរបបសង្គ្រាមប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ ហើយបានចាប់ផ្ដើមថត និងរើសតួសម្ដែងកាលឆ្នាំ​2015 ក្រោមការដឹកនាំសម្ដែងដោយអ្នកនាង Angelina Jolie។ ហើយបានដាក់សម្ពោធជាផ្លូវការលើកដំបូងនៅក្នុងប្រទេសកម្ពុជា នៅក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងបាត់ដំបងកាលពីខែកុម្ភៈ ឆ្នាំ 2017 កន្លងទៅ។

    កាន់តែជាក់ច្បាស់សូមទស្សនា​វីដេអូ Trailer ដូចខាងក្រោមនេះ៖