Category: សង្គម និងសេដ្ឋកិច្ច

  • Ronaldo ដាក់​លក្ខខណ្ឌ​សម្រាប់​ករណី​ទៅ​ទាត់​ឱ្យ​​ក្លឹប Newcastle

    Ronaldo ដាក់​លក្ខខណ្ឌ​សម្រាប់​ករណី​ទៅ​ទាត់​ឱ្យ​​ក្លឹប Newcastle

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កីឡា Marca កីឡាករ Cristiano Ronaldo អាច​លេង​នៅ Champions League រដូវ​កាល​ក្រោយ បន្ទាប់ពី​គាត់​ដាក់​លក្ខខណ្ឌ​សម្រាប់​ករណី​ចេញពី​ក្លឹប Al Nassr ទៅកាន់ Newcastle។

    ក្នុងករណី Newcastle ដណ្ដើមបាន​សំបុត្រ​ទៅ​ចូលរួម​ប្រកួត​នៅ Champions League 2023-2024 លក្ខខណ្ឌ​មួយ​នៅក្នុង​កិច្ចព្រមព្រៀង​រវាង Ronaldo និង​ក្លឹប Al Nassr របស់ អារ៉ាប៊ីសាអូឌីត នឹងត្រូវ​បាន «ដាស់»។ ពេលនោះ Ronaldo មាន​សិទ្ធិ​ស្នើ Al Nassr អនុញ្ញាតឱ្យ Newcastle ខ្ចី​គាត់​ទៅ​ប្រកួត​ដណ្ដើម​ពានរង្វាន់ Champions League 2023-2024។

    សារព័ត៌មាន​ខាងលើ​មិនបាន​និយាយ​ច្បាស់​ថា Newcastle បាន​យល់ព្រម​បន្ថែម Ronaldo ហើយ ឬ​នៅ ប៉ុន្តែ ក្លឹប​អង់គ្លេស Newcastle កំពុង​ត្រូវបាន​គ្រប់​គ្រង​ដោយ​ ​មូលនិធិ​វិនិយោគសាធារណៈ​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) ខណៈដែល Al Nassr ក៏​ជា​ក្លឹប​របស់​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ។ Marca គឺជា​ទីភ្នាក់ងារសារព័ត៌មាន​ធំ​ដំបូង​គេ​មួយ​ដែល​បាន​រាយការណ៍​ថា Ronaldo នឹងចូលរួម​ជាមួយ​ក្លឹប Al Nassr។

    Ronaldo ដាក់​លក្ខខណ្ឌ​នេះ​ក៏​ព្រោះតែ​ចង់​ការពារ​កំណត់ត្រា​នានា​របស់គាត់​នៅ Champions League ក្នុងនោះ​មាន​ជាអាទិ៍ ការ​ស៊ុត​បញ្ចូល​ទី​បាន 141 គ្រាប់ និង​បង្ក​ឱកាស​បាន 42 គ្រាប់ជា​ដើម។ កំណត់ត្រា​របស់ Ronaldo កំពុង​រង​ការគំរាមកំហែង​ពី Messi ម្ចាស់​ជើងឯក World Cup 2022 ដែល​រកបាន 129 គ្រាប់ និង​បង្ក​ឱកាស​បាន 40 គ្រាប់។

    កាលពី​ថ្ងៃទី 14 វិច្ឆិកាឆ្នាំ 2022 គ្រូបង្វឹក Eddie Howe បាន​លុបបំបាត់​លទ្ធភាព​ដែល​ Newcastle អាច​ទិញ Cristiano Ronaldo ដោយ​​បាន​និយាយថា ក្លឹប​នេះ​កំពុងមាន​ក្រុម​កីឡាករ​វ័យចំណាស់ៗ ហើយ​គាត់​ចង់​បន្ថែម​កីឡាករ​វ័យក្មេង​ដែលមាន​សក្ដានុពល។ ក៏ប៉ុន្តែ ក្រុម​ថៅកែ​នៅ អា​រ៉ា​ប៊ី​សា​អូឌីត នៅតែមាន​ទឹកមាត់ប្រៃ​មិន​អន់​ដែរ លើ​ការសម្រេចចិត្ត​ក្នុងការ​ទិញដូរ​កីឡាករ​របស់ Newcastle៕

  • (AFF Cup 2022) – ក្រោយ​យកឈ្នះ​លើ​កម្ពុជា ថៃ​និយាយថា «នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ះ​ក្រុម​ណា​ក៏​ដូច​តែ​ក្រុម​ណា»

    (AFF Cup 2022) – ក្រោយ​យកឈ្នះ​លើ​កម្ពុជា ថៃ​និយាយថា «នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ះ​ក្រុម​ណា​ក៏​ដូច​តែ​ក្រុម​ណា»

    គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ថៃ Mano Polking និយាយថា ថៃ​ប្រឹងប្រែង​កាន់កាប់​ពូ​ល A គឺ​ដើម្បី​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 នៅលើ​ទីលាន​របស់ខ្លួន ពោលគឺ​មិនមែន​ដើម្បី​គេច​ពី​ក្រុម​ដែល​ខ្លាំង​នោះឡើយ។

    ក្រុម​ថៃ បាន​យកឈ្នះ​លើ​កម្ពុជា 3-1 នៅ​ជុំ​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​កាលពី​ព្រលប់​ថ្ងៃទី 02 មករា 2023 ហើយ​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF Cup 2022 ក្នុងនាម​ជា​អ្នក​នាំមុខគេ​នៅ​ពូ​ល A។ គូប្រកួត​បន្ទាប់​របស់​កូនសិស្ស និង​គ្រូបង្វឹក​ថៃ នឹង​ជា​ក្រុម​លេខ 2 នៅ​ពូ​ល B។

    ការប្រកួត​នានា​នៅ​ជុំ​ចុងក្រោយ​របស់​ពូ​ល B នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 03 មករា​នេះ។ វៀតណាម ដែល​កំពុង​នាំមុខគេ​ដោយមាន 7 ពិន្ទុ នឹង​ទទួល​ក្រុម​របស់ មី​យ៉ាន់​ម៉ា (ក្រុម​ដែល​ត្រូវបាន​ជម្រុះ​រួចហើយ)។ សិង្ហ​បុរី ឈរ​លំដាប់​ទី​ពីរ​ក៏មាន 7 ពិន្ទុ នឹងត្រូវ​ប៉ះ ម៉ាឡេស៊ី ដែលមាន 6 ពិន្ទុ។

    នៅក្រោយ​ការប្រកួត​ឈ្នះ​កម្ពុជា 3-1 គ្រូបង្វឹក Polking របស់ ថៃ បាន​ច្រានចោល​មតិ​ដែលថា ថៃ ព្យាយាម​ដណ្ដើមយក​តំណែង​កំពូល​តារាង​គឺ​ដើម្បី​ជៀសវាង​គូប្រកួត​ដែលមាន​កម្លាំង​ខ្លាំង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ លោក Polking អះអាងថា «គោលដៅ​របស់​យើង​គឺ​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុងនាម​ជា​អ្នក​នាំមុខ​ដើម្បី​បាន​លេង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅលើ​ទឹកដី​របស់ខ្លួន។ ចំណែក​ការ​ប៉ះ​នឹង​ក្រុម​ណា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​ដូច​តែ​គ្នា​នោះដែរ»។

    ថៃ​បច្ចុប្បន្ន​គឺជា​អ្នកការពារ​តំណែង​ជើងឯក AFF Cup បន្ទាប់ពី​ដណ្ដើមបាន​កាលពី​ឆ្នាំ 2021 ពេល​បាន​យកឈ្នះ​វៀតណាម 2-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដួល​ឥណ្ឌូណេស៊ី 6-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

  • Cristiano Ronaldo មិនទាន់បាន​លេង​នៅ AFC Champions League

    Cristiano Ronaldo មិនទាន់បាន​លេង​នៅ AFC Champions League

    (អា​រ៉ា​ប៊ី​សា​អូឌីត)- កីឡាករ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo មិនទាន់បាន​លេង​នៅ AFC Champions League រដូវ​កាល 2022-2023 ដោយសារតែ​ក្លឹប Al Nassr មិនមាន​សិទ្ធិ​ចូលរួម។

    Ronaldo បាន​ចុះកិច្ចសន្យា​ជាមួយ​ក្លឹប Al Nassr កាលពី​ថ្ងៃទី 30 ធ្នូ 2022។ កីឡាករ​រូបនេះ​នឹង​រួមជាមួយ​ក្លឹប​ថ្មី លេង​នៅ​ពានរង្វាន់​ក្នុងស្រុក​ចំនួន 2 គឺ Saudi Pro League និង King Cup។ ក្លឹប Al Nassr មិនទាន់មាន​សិទ្ធិ​លេង​នៅ AFC Champions League (AFC Champions League គឺជាពាន​រង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី និងប្រកួតប្រជែងដោយក្លឹបបាល់ទាត់លំដាប់កំពូលរបស់ទ្វីបនេះ) ដោយសារតែ​ជាប់​ចំណាត់ថ្នាក់​ទី 3 នៅ Saudi Pro League និង​ហាលអាវ​ត្រឹម​វគ្គ 4 គូ នៅ King Cup រដូវ​កាល​មុន។

    មុន​នោះ Ronaldo ក៏បាន​បរាជ័យ​ក្នុងការ​ស្វែងរក​ក្លឹប​ដែលមាន​សំបុត្រ​ចូលរួម​ប្រកួត​នៅ UEFA Champions League។ ក្នុង​រដូវ​ទិញដូរ​កីឡាករ​ឆ្នាំ 2022 ក្លឹប​នានា​ដែល CR7 បាន​ទាក់ទង សុទ្ធតែ​បដិសេធ​ការ​​ចុះកិច្ចសន្យា ក្នុងនោះ​មាន​ទាំង Real Madrid, Chelsea, Bayern, Napoli, Marseille និង Frankfurt ផងដែរ។

    ដើម្បី​បាន​លេង​នៅ AFC Champions League 2023-2024 Ronaldo ត្រូវតែ​ជួយ​ក្លឹប Al Nassr ដណ្ដើមបាន​ពាន​នៅ Saudi Pro League ឬ King Cup។ អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត មាន​សិទ្ធិ​បញ្ជូន 3 ក្រុម​ទៅ​ចូលរួម AFC Champions League។ បញ្ជី​ឈ្មោះ​ក្លឹប​ដែល​នឹង​ទៅ​ចូលរួម​ប្រកួត​នៅ AFC Champions League រដូវ​កាល​ខាងមុខ​រួមមាន ជើងឯក Saudi Pro League 2022-2023, ជើងឯក King Cup 2022-2023 និង Al Hilal ដែលជា​ជើងឯក Saudi Pro League 2021-2022។

    Ronaldo បានចុះកិច្ចសន្យាជាមួយក្លឹប Al Nassr កាលពីថ្ងៃទី 30 ធ្នូ 2022

    Al Nassr កំពុង​នាំមុខ​នៅ Saudi Pro League 2022-2023។ ក្រោយ 11 ប្រកួត ក្លឹប​ថ្មី​របស់ Ronaldo មាន 26 ពិន្ទុ ច្រើនជាង Al Shabab 1 ពិន្ទុ និង Al Ittihad 2 ពិន្ទុ ប៉ុន្តែ Al Nassr លេង​ច្រើនជាង​ក្លឹប​ទាំងពីរ​នេះ 1 ប្រកួត។

    យោងតាម​កិច្ចសន្យា CR7 នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍ 75 លាន​ដុល្លារ​អាម៉េរិក។ ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំនេះ​ក៏​អាច​រកបាន​ប្រាក់​បន្ថែម​រហូតដល់ 200 លាន​ដុល្លារ តាមរយៈ​ការផ្សាយ​ឃោស​នា និង​សកម្មភាព​ពាណិជ្ជកម្ម។

    Cristiano Ronaldo ចូលមក​កាន់​ក្លឹប Al Nassr របស់ អារ៉ាប៊ីសាអូឌីត ទៅតាម​ទម្រង់​សេរី បន្ទាប់ពី​គាត់ និង ក្លឹប​ Man Utd យល់ព្រម​បញ្ចប់​កិច្ចសន្យា​ចាស់៕

  • គម្រោង​សង់ស្ពាន​ឆ្លង​ទន្លេមេគង្គ​ខេត្តក្រចេះ នឹង​ចំណាយពេល 3 ឆ្នាំកន្លះ​ក្នុងការ​ស្ថាបនា

    គម្រោង​សង់ស្ពាន​ឆ្លង​ទន្លេមេគង្គ​ខេត្តក្រចេះ នឹង​ចំណាយពេល 3 ឆ្នាំកន្លះ​ក្នុងការ​ស្ថាបនា

    ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​និង ផ្លូវ​ត​ភ្ជាប់​ក្នុង​ខេត្តក្រចេះ ដែលមាន​តម្លៃ​ជាង 111 លាន​ដុល្លារ​អាម៉េរិក ត្រូវបាន រាជរដ្ឋាភិបាល​កម្ពុជា សម្ពោធ​បើក​រួចហើយ នា​ព្រឹក​មិញ​នេះ។

    ពិធី​សម្ពោធ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ដែលមាន​ប្រវែង​សរុប​ជាង 33 គីឡូម៉ែត្រ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន។

    គម្រោង​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មាន​ប្រវែង 1,761 ម៉ែត្រ និង​ទទឹង 13.5 ម៉ែត្រ។ ត្រើយ​ខាងកើត​របស់​ស្ពាន​នេះ​ស្ថិត​ត្រង់ ភូមិ​បុស្ស​លាវ​លើ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច​ត្រង់ ភូមិ​ព្រែក​ព្រលូង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។ រីឯ​ផ្លូវ​ត​ភ្ជាប់​នឹង​ស្ពាន​នេះ​មាន​ប្រវែង​ជាង 15 គីឡូម៉ែត្រ និង​ផ្លូវ​ក្នុង​ក្រុង​ក្រចេះ​មាន​ប្រវែង​ជាង 16 គីឡូម៉ែត្រ។

    យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​សាងសង់​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​នេះ ចំណាយ​ថវិកា​សរុប 111.98 លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី សាធារណរដ្ឋ​ប្រជាមានិត​ចិន។ គម្រោង​ដែល​នឹង​ចំណាយពេល​សាងសង់ 42 ខែ​នេះ អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG)។

  • AFF Cup 2022 – គ្រូបង្វឹក​របស់​ថៃ ៖ «មិនអាច​ធ្វេស​​ប្រហែសបាន​​នឹង​​ក្រុមកម្ពុជា»

    AFF Cup 2022 – គ្រូបង្វឹក​របស់​ថៃ ៖ «មិនអាច​ធ្វេស​​ប្រហែសបាន​​នឹង​​ក្រុមកម្ពុជា»

    គ្រូបង្វឹក Mano Polking មិន​ចង់ឃើញកីឡាករ​​ក្រុម​ជម្រើសជាតិ​របស់ ថៃ ភ្លេចខ្លួន​ព្រោះតែ​ត្រូវបាន​វាយតម្លៃ​ខ្ពស់ជាង​ក្រុម​របស់ កម្ពុជា នៅពេល​ប៉ះគ្នា​ក្នុង​ជុំ​ចុងក្រោយ​នៃ​ពូ​ល A នៅ AFF Cup 2022 នា​ព្រលប់​នេះ។

    ក្រុម​ជម្រើសជាតិ​ថៃ បច្ចុប្បន្ន នាំមុខគេ​នៅ ពូ​ល A ដោយមាន 7 ពិន្ទុ ក្រោយ​ទាត់​បាន 3 ប្រកួត ស្មើនឹង ឥណ្ឌូណេស៊ី ប៉ុន្តែ​ត្រូវ​នៅ​ពីលើ ដោយសារ​គ្រាប់​បាល់​ចំណេញ (goal difference) របស់ ថៃ +9 ចំណែក ឥណ្ឌូណេស៊ី +8។ នៅ​ជុំ​ចុងក្រោយ​ដែល​ត្រូវ​ប្រកួត​នៅ​ម៉ោង 19 និង 30 នាទី​ថ្ងៃនេះ កម្ពុជា ដែលជា​ក្រុម​នៅ មានឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ឈរ​លំដាប់​ទី 3 និង​មាន 6 ពិន្ទុ នឹង​ត្រូវ​ធ្វើជា​ភ្ញៀវ​នៅ​ទីលាន​របស់​ថៃ។

    «គ្រប់គ្នា​គិតថា យើង​នឹង​យកឈ្នះ​លើ កម្ពុជា ប៉ុន្តែ ថៃ មិនត្រូវ​ធ្វេសប្រហែស​ឡើយ។ កម្ពុជា កំពុង​លេង​បានល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​របស់ Keisuke Honda» គ្រូបង្វឹក​របស់ ថៃ Polking ថ្លែង​ដូច្នេះ។

    លោក Polking បន្តថា ក្រុម​កីឡាករ​ថៃ មានប្រៀប​ដោយសារ​ជា​ម្ចាស់ផ្ទះ ហើយ​កីឡាករ​មាន​ភាពជឿជាក់ និង​ត្រៀម​យកឈ្នះ​លើ កម្ពុជា។

    គ្រូបង្វឹក Mano Polking របស់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិថៃ

    នៅក្នុង​ម៉ោង​ដូចគ្នានេះដែរ ឥណ្ឌូណេស៊ី នឹង​ធ្វើជា​ភ្ញៀវ​របស់ ហ្វ៊ី​លី​ពី​ន។ ក្រុម​ដែល​ដណ្ដើមបាន​តំណែង​កំពូល​តារាង​ទំនងជា​នឹង​អាច​គេច​បាន​ពី​ការប្រកួត​នឹង វៀតណាម នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

  • ក្រុមហ៊ុន NanoFlowcell ផលិត​រថយន្ត​​អគ្គិសនី​ «មិនត្រូវ​ការ​ថ្ម​ផ្ទុក​ថាមពល»

    ក្រុមហ៊ុន NanoFlowcell ផលិត​រថយន្ត​​អគ្គិសនី​ «មិនត្រូវ​ការ​ថ្ម​ផ្ទុក​ថាមពល»

    7 ឆ្នាំ​កន្លងផុតទៅ រាប់​ចាប់ពី​ក្រុមហ៊ុន NanoFlowcell ប្រកាស​ពី​រថយន្ត​មិនត្រូវ​ការ​ថ្ម​ផ្ទុក​ថាមពល QUANTiNO ពេលនេះ ម៉ូ​ដែល​រថយន្ត​នេះ​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់ការ​​ផលិត។

    ដំបូង​ឡើយ រថយន្ត​អគ្គិសនី​មិនត្រូវ​ការ​ថ្ម ឬ​អាគុយ QUANTiNO ត្រូវបាន​បង្ហាញ​ក្នុង​ទម្រង់​គំរូ (concept) នៅក្នុង​ពិព័រណ៍​រថយន្ត Geneva 2015។ បច្ចុប្បន្ន ក្រុមហ៊ុន NanoFlowcell កំពុង​ពង្រីក​សកម្មភាព​ទៅកាន់ សហរដ្ឋ​អាម៉េរិក ដោយសារតែ​គោលនយោបាយ​លើកស្ទួយ​យានយន្ត​អគ្គិសនី​របស់ រដ្ឋាភិបាល​ប្រទេស​នេះ។

    រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ​ប្រើប្រាស់​យន្តការ​មួយ​ដែល​ហៅថា bi-ION ដោយ​ដំណើរការ​នេះ​បង្កើត​អគ្គិសនី​តាមរយៈ​អន្តរ​កម្ម​របស់ អេឡិចត្រូលីត (electrolyte) ដែល​ជា​បន្ទុក​​អគ្គិសនី​វិជ្ជមាន និង​សារធាតុ anolyte ដែល​ជា​បន្ទុក​​អគ្គិសនី​អវិជ្ជមាន​នៅក្នុង​ស្រទាប់​ចម្រាញ់ជ្រើស​រើស​អ៊ីយ៉ុង។

    ក្នុង​ប្រកាស​មួយ​នាពេលថ្មីៗនេះ ក្រុមហ៊ុន NanoFlowcell ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ ក្រុង​ឡុង​ដ៍ បានឱ្យដឹង​នូវ​គោលបំណង​ផលិត​រថយន្ត​អគ្គិសនី QUANT E និង​សាងសង់​រោងចក្រ​ផលិត​សារធាតុ​គីមី និង​ឧបករណ៍ bi-ION ក្នុង​ទ្រង់ទ្រាយ​ធំ​ដើម្បី​ផ្គត់ផ្គង់​គីមី bi-ION សម្រាប់​ឧបករណ៍​ដទៃទៀត​រប​ស់​ខ្លួន។ ប្រកាស​នេះ​ត្រូវបាន​លើកឡើង​អម​ជាមួយនឹង​គម្រោង​វាយលុក​ទីផ្សារ​អាម៉េរិក​ផងដែរ។

    ក្រុមហ៊ុន NanoFlowcell បាន​បង្ហើប​ឱ្យដឹង​អំពី​កំណែ​ពិសេស​របស់​រថយន្ត​អគ្គិសនី​មិន​ប្រើប្រាស់​ថ្ម QUANTiNO ដែលមាន​ឈ្មោះ​​ថា 25។ រថយន្ត​នេះ​មាន​ដំបូល​ដែល​អាច​ដោះចេញ​បាន និង​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី កម្លាំង 320 សេះ។

    យោងតាម​ក្រុមហ៊ុន​ខាងលើ ធាតុ​រាវ​អេឡិចត្រូលីត bi-ION 1 ធុង 250 លីត្រ ​របស់​រថយន្ត​នេះ​អាច​បើក​បរបាន 2,000 គីឡូម៉ែត្រ។ ដើម្បី​ចាក់​ឥន្ធនៈ​នេះ គេ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ប្រើប្រាស់​ដំណោះស្រាយ bi-ION របស់​ក្រុមហ៊ុន NanoFlowcell។

    ធាតុ​រាវ​អេឡិចត្រូលីត bi-ION 12.5 លីត្រ អាចឱ្យ​រថយន្ត​របស់ NanoFlowcell បរបាន 100 គីឡូម៉ែត្រ។ ថ្វីបើ​មិន​ប្រៀប​ស្មើនឹង​រថយន្ត​ប្រើ​ប្រេងសាំង ប៉ុន្តែ យើង​ត្រូវ​ដឹងថា ធាតុ​រាវ​អេឡិចត្រូលីត​មិន​បង្ក​គ្រោះថ្នាក់ ​មិន​ងាយ​ឆេះ និង​មិន​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជា​ឧស្ម័ន​​ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ៕

     

  • ប្រទេស​ចិន ដាក់​ដំណើរការ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​លើ​សមុទ្រ​កម្លាំង 1.743 kWh

    ប្រទេស​ចិន ដាក់​ដំណើរការ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​លើ​សមុទ្រ​កម្លាំង 1.743 kWh

    គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​សមុទ្រ Shenquan ដំណាក់កាល​ទី​ពីរ​ដែល​​ទួ​រ​ប៊ី​ន​ទោល​មាន​កម្លាំងខ្លាំង​​បំផុត​នៅ ប្រទេស​ចិន ត្រូវបាន​ត​ភ្ជាប់​នឹង​បណ្ដាញ​អគ្គិសនី​ពេញលេញ​រួចហើយ។

    អគ្គិសនី​​បានមកពី​ស្ថា​នី​ខាងលើ​ដែល​ផ្ដោតទៅលើ​គោលដៅ​ពាណិជ្ជកម្ម​ត្រូវបាន​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​នៅ ក្វាង​ទុង កាលពី​ចុងខែ​កន្លង។ យោងតាម​ក្រុមហ៊ុន​វិនិយោគ​អគ្គិសនី​រដ្ឋ​ចិន (SPIC) អគ្គិសនី​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ទួ​រ​ប៊ី​ន​ខ្យល់​ចំនួន 34 គ្រឿង​នៅលើ​សមុទ្រ​របស់​​ទីក្រុង Jieyang ត្រូវបាន​ភ្ជាប់​ទៅនឹង​បណ្ដាញ​អគ្គិសនី​តាមរយៈ​ខ្សែភ្លើង​ក្រោម​សមុទ្រ។

    គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​សមុទ្រ Shenquan ដំណាក់កាល​ទី​ពីរ​មាន​កម្លាំង​សរុប 502,000 kW។

    ប្រធាន​ក្រុមហ៊ុន​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់ Qiangzhan របស់ SPIC លោក Liu Ming បានឱ្យដឹងថា នៅពេល​វិស័យ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​លើ​សមុទ្រ​បន្ត​រីក​ច្រើន​នៅ ប្រទេស​ចិន តម្រូវការ​ថ្មី​ចំពោះ​ការសាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​លើ​ផ្ទៃសមុទ្រ​កម្លាំង​ខ្លាំង និង​ប្រសិទ្ធភាព​ខ្ពស់​ក៏បាន​កើនឡើង។

    លោក Liu Ming បន្ថែមថា ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​នៅ​សមុទ្រ Shenquan ដំណាក់កាល​ទី​ពីរ​អាច​ផ្គត់ផ្គង់​ថាមពល​ស្អាត​ជិត 1,743 ពាន់​លាន ​kWh ជា​រៀងរាល់ឆ្នាំ ជួយ​សំច័យ​ធ្យូងថ្ម​ប្រភេទ​ស្ដង់ដា បាន​ជិត 530,000 តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​បាន​ប្រហែល 1.4 លាន​តោន។

    ទួ​រ​ប៊ី​ន​ខ្យល់ 11 MW ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​គម្រោង​នេះ​គឺជា​ប្រភេទ​កម្លាំង​ខ្លាំង​បំផុត​ដែល​បម្រើ​ដល់​គោលដៅ​ពាណិជ្ជកម្ម​នៅ ប្រទេស​ចិន។

    ដោយ​ស្លាប​កង្ហារ​មាន​អង្កត់ផ្ចិត​ប្រវែង 208 ម៉ែត្រ ទំហំ​ផ្ទៃបរិយាកាស​​ដែល​ទួ​រ​ប៊ី​ន​ខ្យល់​នេះ​វិល​គឺ​ស្មើនឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន 4.7 ទីលាន។ ទួ​រ​ប៊ី​ននីមួយៗ អាច​ផ្ដល់​អគ្គិសនី​ស្អាតបាន​​ប្រហែល 38.2 លាន kWh ជា​រៀងរាល់ឆ្នាំ ស្មើនឹង​ការប្រើប្រាស់អគ្គិសនី​​ប្រចាំឆ្នាំ​របស់​គ្រួសារ​ចំនួន 20,000 គ្រួ៕

  • ក្រោយពី Cristiano Ronaldo ចាកចេញ តើ​បណ្ដា​ក្លឹប​មាន​ស្ថានភាព​បែបណាខ្លះ?

    ក្រោយពី Cristiano Ronaldo ចាកចេញ តើ​បណ្ដា​ក្លឹប​មាន​ស្ថានភាព​បែបណាខ្លះ?

    Real ជួប​បញ្ហា​នៅឯ​ខ្សែប្រយុទ្ធ ខណៈ Juventus យល់ថា ការប្រកួត​មាន​សាម​គ្គី​ភាព​ជាង​មុន ចំណែក Man Utd មិនអាច​ការពារ​តំណែង​ជើងឯក លី​គ​កំពូល​អង់គ្លេស (English Premier League) បន្ទាប់ពី​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ចាកចេញ។

    ក្លឹប​ Sporting Lisbon

    Cristiano Ronaldo មាន​ភាព​លេចធ្លោ​នៅពេល​បង្ហាញខ្លួន​នៅ​ក្លឹប​ក្នុងស្រុក Sporting នា​រដូវ​កាល 2002-2003។ គាត់​រកបាន 5 គ្រាប់ ក្នុង 31 ប្រកួត​នៅក្នុង​រដូវ​កាល​អាជីព​ដំបូង ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ពី​បណ្ដា​ក្លឹប រួម​មាន​ជាអាទិ៍ Liverpool, Arsenal, Barca និង​ក្លឹប​ជាច្រើន​ផ្សេងទៀត។ ក្រោយ​ការចាកចេញ​របស់ Ronaldo ក្លឹប Sporting ក៏​អន់ថយ​ជា​បន្តបន្ទាប់។

    ក្លឹប Man Utd

    Ronaldo បាន​ក្លាយជា​កីឡាករ​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ ដំបូង​គេ​របស់​ក្លឹប Man Utd ពេល​បង្ហាញខ្លួន​លើ​ទីលាន Old Trafford កាលពី​រដូវក្ដៅ 2003។ គាត់​ក៏​ជា​កីឡាករ​វ័យក្មេង​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់ អង់គ្លេស នាពេលនោះ។

    បន្ទាប់មក Ronaldo ក៏បាន​ក្លាយជា​ផ្នែក​មួយ​ដែលមិន​​អាច​ខ្វះ​បាន​នៅក្នុង​ដំណើរ​ការនាំ Man Utd ឱ្យ​ក្លាយជា​មហាអំណាច​គ្រ​ប់​គ្រង​លិ​គ​កំពូល​អង់គ្លេស ក៏ដូចជា​ការប្រកួតប្រជែង​នៅ Champions League។ Ronaldo ទទួលបាន​គ្រាប់​បាល់​មាស​ជា​លើកដំបូង នៅពេល​គាត់​ជួយ​ឱ្យ Man Utd ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក English Premier League និង Champions League អំឡុង​ឆ្នាំ 2007-2008។

    ជា​សរុប Ronaldo រក​គ្រាប់​បាល់​បាន 118 គ្រាប់ ក្នុង 292 ប្រកួត ពេល​ទាត់​ឱ្យ Man Utd ជា​លើកដំបូង ដោយបាន​ជួយ​ឱ្យ​ក្លឹប​នេះ​ដណ្ដើមបាន​ពាន់រង្វាន់​ជើងឯក English Premier League 3 លើក, Cup FA 1 លើក, EFL Cup 2 លើក, FA Community Shield 2 លើក, Champions League 1 លើក និង FIFA Club World Cup 1 លើក។

    ក៏ប៉ុន្តែ ចុងក្រោយ ដោយមាន​ការយល់ព្រម​ពី Alex Ferguson (អតីត​ប្រធាន​សមាគម​បាល់ទាត់​ស្កុ​តឡែ​ន) Ronaldo ក៏បាន​ចាកចេញ​ដោយមាន​ការដោះដូរ​ក្នុងតម្លៃ​ជិត 100 លាន​ដុល្លារ​អាម៉េរិក។ ករណី​លក់ Ronaldo ឱ្យ Real Madrid កាលពី​ឆ្នាំ 2009 បានធ្វើឱ្យ​ក្លឹប Man Utd បរាជ័យ​នៅ​រដូវ​កាល 2009-2010 ដោយ​ត្រូវ​បាត់បង់​តំណែង​ជើងឯក​លិ​គ​កំពូល​អង់គ្លេស ទៅលើ​ដៃ Chelsea ហើយក៏​អន់ថយ​បន្តបន្ទាប់ តែ​មិនបាន​អូសបន្លាយ​ពេល​យូរ។

    ឆ្នាំ 2021 Ronaldo ក៏បាន​ត្រលប់​មកកាន់ Man Utd ទៅតាម​កិច្ចសន្យា 2 ឆ្នាំ ក្រោយ​ការលេង​ឱ្យ Juventus បាន 4 ឆ្នាំ។ ប៉ុន្តែ លើក​នេះ Ronaldo នៅបាន​តែ 1 ឆ្នាំ​កន្លះ និង​រកបាន 27 គ្រាប់ ក្នុង 54 ប្រកួត ហើយ​មិន​ដណ្ដើមបាន​តំណែង​ជើងឯក​ណាមួយ។ Ronaldo បាន​ចាក​ចេញពី Man Utd ព្រោះតែ​កិច្ច​សម្ភាស​ដែល​បាន​បង្ក​ភាព​ចម្រូងចម្រាស​នៅលើ Piers Morgan Uncensored។

    ក្លឹប​ Real Madrid

    ក្នុង 9 រដូវ​កាលដែល​បាន​ប្រកួត​នៅ Bernabeu កីឡាករ Ronaldo បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប ដោយ​រកបាន 450 គ្រាប់ ក្នុង 438 ប្រកួត ស្មើនឹង​ជាង 1 គ្រាប់​ក្នុង 1 ប្រកួត។ Ronaldo ដណ្ដើមបាន​ពាន់រង្វាន់​ចំនួន 15 នៅ Champions League, La Liga, Copa del Rey, Spanish Super Cup, UEFA Super Cup និងនៅ FIFA Club World Cup។

    វត្តមាន​របស់ Ronaldo បាន​ជួយ​ស្ដារ​មុខមាត់​របស់ Real Madrid នៅ អឺរ៉ុប ក្នុងអំឡុង​ពេលដែល​កីឡាករ​នេះ​ដណ្ដើមបាន​គ្រាប់​បាល់​មាស​ចំនួន 4 បន្ថែមទៀត ត្រឹម​ឆ្នាំ 2018។ Real Madrid សម្រេចចិត្ត​លក់ Ronaldo ឱ្យ Juventus ក៏​ព្រោះតែ​បញ្ហា​ហិរញ្ញវត្ថុ។

    ក្រោយ​ការចាកចេញ​របស់ Ronaldo ក្លឹប Real Madrid ដាំ​ក្បាល​ចុះ​ជា​បន្តបន្ទាប់។ ក៏ប៉ុន្តែ ឆ្លងកាត់​មួយរយៈ​ពេល​យូរ Real ក៏​ងើប​ឡើងជា​បន្តបន្ទាប់។

    ក្លឹប Juventus

    Ronaldo បញ្ចប់​ការ​ទាត់ 9 ឆ្នាំ​ឱ្យ Real ដើម្បី​ចូលរួម​ជាមួយ Juventus ក្នុងតម្លៃ​ខ្លួន 120 លាន​ដុល្លារ​កាលពី​ឆ្នាំ 2018។ ក្នុង 3 ឆ្នាំ Ronaldo រកបាន 101 គ្រាប់​ក្នុង 133 ប្រកួត ជួយ​ឱ្យ​ក្លឹប​នេះ​ដណ្ដើមបាន​ពាន់រង្វាន់ 1 នៅ Cup Italy។ ប៉ុន្តែ Ronaldo មិនអាច​ជួយ​ឱ្យ Juventus ដណ្ដើមបាន​ពាន​នៅ Champions League។

    ក្រោយ​ការចាកចេញ​របស់ Ronaldo ក្លឹប Juventus ចេះតែ​ដាំ​ក្បាល​ចុះ។ ក៏ប៉ុន្តែ ការចាកចេញ​របស់ Ronaldo ក៏បាន​ជួយ​ស្ដារ​សាមគ្គីភាព​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​ក្លឹប​នេះ។ គ្រូបង្វឹក Max Allegri ធ្លាប់​និយាយ​បញ្ឆិតបញ្ឆៀង​ថា Juventus ប្រកួត​មាន​លក្ខណៈ​ដូច​ក្រុម​កីឡាករ​បាល់ទាត់​ពេញលេញ ដោយសារតែ​លែង​ផ្ដល់​អាទិភាព​ឱ្យ​កីឡាករ​ពិសេស៕

  • អ៊ី​ឡុ​ន ម៉ាស ក្លាយជា​មនុស្ស​ដំបូង​គេ​លើ​លោក​ដែល​បាត់បង់​ប្រាក់ 200 ពាន់​លាន​ដុល្លារ

    អ៊ី​ឡុ​ន ម៉ាស ក្លាយជា​មនុស្ស​ដំបូង​គេ​លើ​លោក​ដែល​បាត់បង់​ប្រាក់ 200 ពាន់​លាន​ដុល្លារ

    មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ឈាន​ចូលឆ្នាំថ្មី​ជាមួយនឹង​ទ្រព្យ 137 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយចុះ​ជាង 200 ពាន់​លាន​ដុល្លារ ធៀប​នឹង​មួយឆ្នាំ​មុន​នោះ។

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដែល​បានផ្សាយកាលពី​ថ្ងៃទី 31 ធ្នូ 2022 មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស មានទ្រព្យ​តម្លៃ 137 ពាន់​លាន​ដុល្លារ ថយចុះ 203 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង 340 ពាន់​លាន​ដុល្លារ​កាលពី​ខែវិច្ឆិកា 2021។ ប្រការនេះ​ធ្វើឱ្យ​លោក​ក្លាយជា​មនុស្ស​ដំបូង​គេ​លើ​ពិភពលោក​ដែល​បាត់បង់​ទ្រព្យ​ជាង 200 ពាន់​លាន​ដុល្លារ។

    លោក ម៉ាស កាលពី​ខែមករា 2021 បាន​ក្លាយជា​មនុស្ស​ទី​ពី​រលើ​ពិភពលោក​ដែលមាន​ទ្រព្យ​ជាង 200 ពាន់​លាន​ដុល្លារ បន្ទាប់ពី​ម្ចាស់ Amazon លោក ជេ​ហ្វ​បេ​ហ្សូ​ស (Jeff Bezos) ឡើងដល់​ចំណុច​នេះ​បាន​មួយខែ។ លោក ម៉ាស បាន​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​អ្នកមាន​ជាងគេ​លើ​ពិភពលោក ស្ទើរ​ពេញ​មួយឆ្នាំ 2022 ប៉ុន្តែ បាន​ធ្លាក់​មក​នៅ​លំដាប់​ទី​ពីរ​កាលពី​ខែធ្នូ 2022។

    ទ្រព្យសម្បត្តិ​ភាគច្រើន​របស់លោក ម៉ាស គឺ​បានមកពី​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​មូលធន​ទីផ្សារ​ឡើងដល់​ជាង 1 ទ្រី​លានដុល្លារ​ កាលពី​ខែវិច្ឆិកា 2021 ស្មើ​មុខមាត់​ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗលើ​ពិភពលោក មានដូចជា Apple, Microsoft, Amazon និង Google ជាដើម។

    ក៏ប៉ុន្តែ ភាគហ៊ុន Tesla បាន​បាត់បង់​តម្លៃ​ជិត 70% ក្នុង​ឆ្នាំ 2022 ដោយសារតែ​មូលហេតុ​ដែល​ត្រូវបាន​គេ​គិតថា ជាប់​ទាក់ទិន​នឹង​ករណី​ទិញ​បណ្ដាញ​សង្គម Twitter នាំឱ្យ​មហាសេដ្ឋី​អាម៉េរិក​រូបនេះ​បាត់បង់​ទ្រព្យ​អស់​ជាង 100 លាន​ដុល្លារ។

    ការណ៍​ដែល​​ភាគហ៊ុន Tesla ចុះថោក និង​ការលក់​ភាគហ៊ុន​ដើម្បី​យកប្រាក់​ទៅ​ទិញ Twitter បាន​ធ្វើឱ្យ Tesla លែង​នៅ​ជា​ក្រុមហ៊ុន​ធំជាងគេ​របស់លោក ម៉ាស។ លោក ម៉ាស កំពុង​កាន់កាប់​ភាគហ៊ុន 42.2% របស់​ក្រុមហ៊ុន​ផលិត​រ៉ុក្កែត SpaceX ដែល​ស្មើនឹង 44.8 ពាន់​លាន​ដុល្លារ ខណៈ​នៅ Tesla លោក ម៉ាស កាន់កាប់ 44 ពាន់​លាន​ដុល្លារ។

    មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង បាន​ច្រានចោល​ការព្រួយបារម្ភ​នានា​អំពី Tesla និង​បាន​រិះគន់​ចំពោះ​ ធនាគារកណ្ដាល​អាម៉េរិក ដែល​បាន​ដំឡើង​ការប្រាក់​ជា​បន្តបន្ទាប់។ «Tesla កំពុងដំណើរការ​ល្អជា​ងពេលណាៗទាំងអស់។ យើង​មិន​គ្រប់គ្រង ធនាគារកណ្ដាល​អាម៉េរិក នោះ​ទើប​ជា​បញ្ហា​ពិតប្រាកដ» លោក អ៊ី​ឡុ​ន ម៉ាស សរសេរ​លើ Twitter កាលពី​ពាក់កណ្ដាល​ខែធ្នូ 2022 ដូច្នេះ៕

  • ភាពយន្ត «Avatar 2» រកចំណូលបានជាង 1,000 លាន​ដុល្លារ​អាម៉េរិក

    ភាពយន្ត «Avatar 2» រកចំណូលបានជាង 1,000 លាន​ដុល្លារ​អាម៉េរិក

    ប្រាក់ចំណូល​បានមកពី​កំពូល​ខ្សែភាពយន្ត​រឿង «Avatar: The Way of Water» បាន​ឡើងដល់ 1.03 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្រោយ​ការ​បញ្ចាំង​បាន 14 ថ្ងៃ។

    យោងតាម Deadline គិត​ត្រឹម​ដំណាច់​ថ្ងៃទី 27 ធ្នូ 2022 «Avatar 2» ឬ «Avatar: The Way of Water»​ រកប្រាក់​ចំណូល​ពី​ទីផ្សារ​ក្នុងស្រុក​បាន 317.1 លាន​ដុល្លារ និង​ពី​ទីផ្សារ​បរទេស​បាន 712.7 លាន​ដុល្លារ។

    បណ្ដា​ប្រទេស​ដែល​ខ្សែភាពយន្ត​នេះ​រកចំណូលបាន​ច្រើនជាងគេ​រួមមាន ប្រទេស​ចិន (108.7 លាន​ដុល្លារ), បារាំង (68 លាន​ដុល្លារ), កូរ៉េខាងត្បូង (58.2 លាន​ដុល្លារ), អាល្លឺម៉ង់ (47 លាន​ដុល្លារ), ឥណ្ឌា (40.50 លាន​ដុល្លារ)។

    មុន​នោះ ប្រាក់ចំណូល​របស់ «Avatar វគ្គ 1» (2009) រកចំណូលបាន​ខ្ទង់ពាន់​លាន​ដុល្លារ ក្រោយ​ការ​បញ្ចាំង​បាន 19 ថ្ងៃ។

    «Avatar: The Way of Water» គឺជា​ខ្សែភាពយន្ត​ទី​បួន​ដែល​រកចំណូលបាន​ខ្ទង់ពាន់​លាន​ដុល្លារ​ក្រោយ​សម័យ​កូ​វីដ-19។ មុន​នោះ Spider-man: No Way Home (1.908 ពាន់​លាន​ដុល្លារ), Top Gun: Maverick (1.489 ពាន់​លាន​ដុល្លារ) និង Jurassic World: Dominion (1.001 ពាន់​លាន​ដុល្លារ) គឺជា​ខ្សែភាពយន្ត​ដែល​រកបាន​ចំណូល​ខ្ទង់ពាន់​លាន​ដុល្លារ។

    ក្នុង​ប្រវត្តិសាស្ត្រ​របស់​វិស័យ​ភាពយន្ត មានតែ​ខ្សែភាពយន្ត​ចំនួន 6 ប៉ុណ្ណោះ​ដែល​រកចំណូលបាន​ខ្ទង់ពាន់​លាន​ដុល្លារ​ក្រោយ​ការបញ្ចាំង​រយៈ​ពេល​ 2 សប្ដាហ៍​ដំបូង​នៅ​រោងកុន៕