Category: សង្គម និងសេដ្ឋកិច្ច

  • មិត្ត​រួម​ក្រុម​នៅ​​បារាំង ឈរ​ជា​ជួរ ទទួល​ស្វាគមន៍ Lionel Messi មក​កាន់​ក្លឹប PSG

    មិត្ត​រួម​ក្រុម​នៅ​​បារាំង ឈរ​ជា​ជួរ ទទួល​ស្វាគមន៍ Lionel Messi មក​កាន់​ក្លឹប PSG

    (បារាំង)- Lionel Messi ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដី​ពី​មិត្ត​រួម​ក្រុម នៅពេល​ត្រលប់​ទៅកាន់ បារី​ស ដើម្បី​ហាត់​សមជា​មួយ​ក្លឹប PSG ក្រោយ​រយៈពេល 2 សប្ដាហ៍​ដែល​បាន​សម្រាក​បន្ទាប់ពី World Cup 2022 នៅ កាតា បានបញ្ចប់។

    ព្រឹក​ថ្ងៃទី 04 មករា 2023 Messi បាន​ទៅដល់​ទីលាន​ហ្វឹកហាត់ PSG។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​គាត់​បង្ហាញខ្លួន​នៅឯ​ក្លឹប បន្ទាប់ពី អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022។

    លើកចុងក្រោយ​បង្អស់​ដែល Messi លេង​ឱ្យ​ក្លឹប PSG គឺ​នៅក្នុង​ការប្រកួត​ឈ្នះ Auxerre កាលពី​ថ្ងៃទី 13 វិច្ឆិកា 2022 នៅ Ligue I មុនពេល​ទៅ​ចូលរួម​ប្រកួត និង​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក World Cup កាលពី​ខែធ្នូ 2022។

    Messi ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​មិត្ត​រួម​ក្រុម​នៅ​ក្លឹប PSG ក្នុងនោះ​មាន Neymar (មកពី ប្រេ​ស៊ី​ល), Carlos Soler (មកពី អេ​ស្ប៉ា​ញ), Nuno Mendes (មកពី ព័រទុយហ្កាល់) ជាដើម។ល។

    បន្ទាប់ពី​ស្វាគមន៍​គ្នា​នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ Messi ក៏បាន​ចេញមក​ទីលាន​ហ្វឹកហាត់ ដោយមាន​ការទទួល​អ​ប​អរ​របស់​សមាជិក​ក្លឹប PSG។ មិត្ត​រួម​ក្រុម បុគ្គលិក​របស់​ក្លឹប ឈរ​ជា​ជួរ ទះដៃ អបអរសាទរ​ប្រធាន​ក្រុម​របស់ អា​ហ្ស​ង់​ទីន។

    តំណាង​គណៈកម្មការ​គ្រប់គ្រង​ក្លឹប PSG របស់ បារាំង ក្រោយមក​ក៏បាន​ប្រគល់​ពាន​អនុស្សាវរីយ៍​ជើងឯក World Cup ដល់ Messi។

    កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បាន​យល់ព្រម​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ជាមួយនឹង PSG និង​ត្រូវ​ទាត់​ឱ្យ​ក្លឹប​រហូតដល់​ឆ្នាំ 2024។ តាម​គម្រោង កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវបាន​ចុះហត្ថលេខាឆាប់ៗនេះ៕

  • Messi និង Ronaldo អាច​ប៉ះ​គ្នា​​លើ​ទឹក​​ដី​​អា​រ៉ា​ប៊ី​សា​អូឌីត​ នៅ​​ដើម​​ឆ្នាំ​នេះ

    Messi និង Ronaldo អាច​ប៉ះ​គ្នា​​លើ​ទឹក​​ដី​​អា​រ៉ា​ប៊ី​សា​អូឌីត​ នៅ​​ដើម​​ឆ្នាំ​នេះ

    ខ្សែប្រយុទ្ធ Cristiano Ronaldo ប្រហែលជា​នឹងត្រូវ​ប៉ះ Lionel Messi នៅពេល​ក្រុម​របស់​ក្លឹប PSG របស់ បារាំង មកកាន់ អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ប្រកួត​មិត្តភាព​នៅ​ចុង​ខែម​ករានេះ។

    យោងតាម Sunsport ក្លឹប PSG ធ្លាប់​រៀប​គម្រោង​មកកាន់ អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ទាត់​មិត្តភាព​ជាមួយ​ក្រុម All Stars ដែលមាន​តារាបាល់ទាត់​មកពី​ពីរ​ក្លឹប​របស់​ប្រទេស​នេះ រួមមាន​ក្លឹប Al Hilal អ្នកការពារ​ជើងឯក​នៅ AFC Champions League និង​ក្លឹប Al Nassr ដែលជា​ក្លឹប​ថ្មី​របស់ Ronaldo។

    ការប្រកួត​មិត្តភាព​ខាងលើ​ស្ថិតក្នុង​ក្រម​ខណ្ឌ Riyadh Season Cup ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ចុងខែ​មករា 2022 ប៉ុន្តែ​ត្រូវ​ពន្យារពេល​ដោយសារ​កូ​វីដ។ PSG និង​ពីរ​ក្លឹប​របស់ អា​រ៉ា​ប៊ី​សា​អូឌីត នឹង​បើក​កិច្ចប្រជុំ​នាពេលខាងមុខ ដើម្បី​កំណត់​កាលបរិច្ឆេទ​នៃ​ការប្រកួត​មិត្តភាព​នេះ។ ការប្រកួត​នេះ​ទំនងជា​អាច​ត្រូវធ្វើឡើង​នៅក្នុង​ថ្ងៃទី 19 មករា 2023។

    Ronaldo មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​មិត្តភាព​នេះ ដោយ​សារបាន​ក្លាយជា​កីឡាករ​របស់​ក្លឹប Al Nassr ទៅហើយ។ បើសិនជា​បាន​ចូល​ទាត់ Ronaldo ប្រហែលជា​នឹង​អាច​បាន​ប៉ះ​នឹង Messi ដែលជា​កីឡាករ​របស់​ក្លឹប PSG។ ក៏ប៉ុន្តែ គេ​មិនទាន់​ប្រាកដថា Messi នឹង​បាន​ចូលរួម​ប្រកួត ឬ​យ៉ាងណា​នៅឡើយ ព្រោះថា PSG មិនទាន់មាន​វត្តមាន​របស់​កីឡាករ​នេះ ក្រោយពី អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ជើងឯក World Cup 2022៕

  • ខ្សែភាពយន្ត «Avatar 3» នឹង​និយាយ​អំពី​កុលសម្ព័ន្ធភ្លើង Na’vi នៅ​លើ​ពិភព Pandora

    ខ្សែភាពយន្ត «Avatar 3» នឹង​និយាយ​អំពី​កុលសម្ព័ន្ធភ្លើង Na’vi នៅ​លើ​ពិភព Pandora

    កំពូល​អ្នកដឹកនាំ​រឿង «Avatar» លោក James Cameron ឱ្យដឹងថា វគ្គ​បី​នៃ​ខ្សែភាពយន្ត​រឿង «Avatar» នឹង​និយាយ​អំពី​កុលសម្ព័ន្ធ​គោរពបូជា​ចំពោះ​ព្រះ​អគ្គី​នៅឯពិភព Pandora និង​បង្ហើប​អំពី​ជ្រុង​មួយ​នៃ​ភាពអវិជ្ជមាន​របស់​កុល​សម្ព័ន្ធ Na’vi។

    យោងតាម Variety កាលពី​ថ្ងៃទី 31 មករា 2023 អ្នក​ផលិត​ភាពយន្ត​ជនជាតិ​កាណាដា លោក Cameron បាន​ប្រាប់​ឱ្យដឹងថា «វគ្គ​បី​នឹង​គាស់កកាយ​អំពី​វប្បធម៌​ថ្មី។ ភ្លើង​នឹង​ត្រូវបាន​តំណាង​ដោយ​កុលសម្ព័ន្ធ Ash (ផេះ)។ ខ្ញុំ​ចង់​ណែនាំ​អំពី​កុលសម្ព័ន្ធ Na’vi នៅក្នុង​ជ្រុង​មួយ​ថ្មី។ មកដល់​បច្ចុប្បន្ន ខ្ញុំ​ទើបតែ​បានបង្ហាញ​នូវ​ចំណុច​វិជ្ជមាន​របស់​ពួកគេ។ នៅក្នុង​វគ្គដំបូងៗ មាន​សកម្មភាព​អវិជ្ជមាន​របស់​មនុស្សជាតិ និង​ផ្នែក​វិជ្ជមាន​របស់ Na’vi។ នៅក្នុង​វគ្គ​បី យើង​នឹងធ្វើ​ផ្ទុយ​ពីនេះ»។

    អ្នកដឹកនាំ​រឿង​ក៏បាន​និយាយថា នឹង​បន្ត​ស្វែងយល់​តំបន់​ដី​ថ្មី អភិវឌ្ឍ​រឿងរ៉ាវ​របស់​តួអង្គសំខាន់ៗ។ «ខ្ញុំ​អាច​អះអាងបាន​ថា បណ្ដា​វគ្គ​ចុងក្រោយ​នឹង​ល្អមើល​បំផុត។ វគ្គដំបូងៗគ្រាន់តែ​ជា​ឈុត​ឆាក​ណែនាំ ដូច​ទៅនឹង​របៀប​​ដែល​យើង​រៀបចំ​តុ​អាហារ​មុនពេល​បើក​ពិធីជប់លៀង» លោក Cameron បញ្ជាក់​ដូច្នេះ។

    វគ្គ​បី​របស់ Avatar ត្រូវបាន​ធ្វើឡើង​រួចរាល់ ហើយ​គ្រោង​នឹង​បញ្ចាំង​នៅ​រោងកុន​ចាប់ពី​ខែធ្នូ 2024។ មុន​នោះ លោក Cameron ក៏​ធ្លាប់បាន​បង្ហើប​ឱ្យដឹងថា វគ្គ​ប្រាំ នឹង​នាំ​កុលសម្ព័ន្ធ Na’vi មកកាន់​ផែនដី។ យោងតាម Variety វគ្គ​បី​អាចជា​ការប្រឈមមុខ​ដា​ក់​គ្នា​រវាង​បណ្ដា​កុលសម្ព័ន្ធ​ដែល​រស់​នៅលើ​ពិភព Pandora។ តួអង្គ​ឯក Jake Sully ត្រូវបាន​កុលសម្ព័ន្ធ​នានា​ទម្លាក់កំហុស​មកលើ ដោយសារតែ​មហន្តរាយ​ដែល​បង្កឡើង​ដោយ​ពួក Sky People (មនុស្ស​ពី​ផែនដី)។

    កំពូលអ្នកដឹកនាំរឿង «Avatar» លោក James Cameron

    ប្រាក់ចំណូល​នៅ​ទូទាំង​សកលលោក​របស់ Avatar 2 បច្ចុប្បន្ន​បាន​ឡើងដល់​ប្រហែល 1.44 ពាន់​លាន​ដុល្លារ​អាម៉េរិក។ វា​ត្រូវបាន​ចាត់ទុកថា​ជា​កំពូល​ស្នាដៃ​របស់លោក James Cameron។ Avatar 2 ត្រូវបាន​ចាប់ផ្ដើម​ថត​តាំងពី​ឆ្នាំ 2010 បន្ទាប់ពី​វគ្គ​មួយ​បាន​ក្លាយជា​ភាពយន្ត​ដែល​ទាក់ទាញ​អ្នកមើល​នៅ​រោងកុន​បាន​ច្រើនជាងគេ​គ្រប់​សម័យកាល។

    វគ្គបីនៃខ្សែភាពយន្តរឿង «Avatar» នឹងនិយាយអំពីកុលសម្ព័ន្ធគោរពបូជាចំពោះព្រះអគ្គីនៅឯពិភព Pandora

    «Avatar: The Way of Water» និយាយ​អំពី Jake Sully (Sam Worthington) និង Neytiri (Zoe Saldana) កសាង​គ្រួសារ​នៅលើ​ពិភព Pandora។ ពួកគេ​មានកូន​ជាមួយគ្នា 4 នាក់។ ប៉ុន្តែ ជីវភាព​សុខសាន្ត​រប​ស់​ពួកគេ​មិនបាន​អូសបន្លាយ​ពេល​យូរ​ឡើយ បន្ទាប់ពី​មនុស្សពី​ផែនដី​​ត្រលប់​ទៅ​សងសឹក៕

  • AFF Cup 2022 – កាលបរិច្ឆេទការប្រកួត «​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ»

    AFF Cup 2022 – កាលបរិច្ឆេទការប្រកួត «​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ»

    ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ អ្នកការពារ​ជើងឯក​ថៃ ត្រូវ​ប៉ះ​ក្រុម​របស់ ម៉ាឡេស៊ី ខណៈ វៀតណាម ត្រូវ​ប្រកួត​ជាមួយ ឥណ្ឌូណេស៊ី។

    វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 ឥណ្ឌូណេស៊ី នឹង​ប៉ះ វៀតណាម នៅ​ថ្ងៃទី 06 មករា វេលា​ម៉ោង 19 និង 30 នាទី។ នៅ​ថ្ងៃទី 07 មករា វេលា​ម៉ោង 19 និង 30 នាទី ម៉ាឡេស៊ី ត្រូវ​ប្រកួត​នឹង ថៃ។ ថ្ងៃទី 09 មករា ម៉ោង 19 និង 30 នាទី វៀតណាម ត្រូវ​ទាត់​ជាមួយ ឥណ្ឌូណេស៊ី។ ថ្ងៃទី 10 មករា ម៉ោង​ដដែល ថៃ ត្រូវ​ប៉ះ​នឹង ម៉ាឡេស៊ី។

    ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ មួយគូ​នឹងត្រូវ​ប្រកួត​នៅ​ថ្ងៃទី 13 មករា ម៉ោង 19 និង 30 នាទី ហើយ​មួយគូ​ទៀត​នឹងត្រូវ​ប៉ះគ្នា​នៅ​ថ្ងៃទី 16 មករា ម៉ោង​ដដែល៕

  • មនុស្ស​រាប់សែន​នាក់មក​គោរព និង​ជូន​ដំណើរ​សព​ស្ដេច​បាល់ទាត់ Pele ជា​លើកចុងក្រោយ

    មនុស្ស​រាប់សែន​នាក់មក​គោរព និង​ជូន​ដំណើរ​សព​ស្ដេច​បាល់ទាត់ Pele ជា​លើកចុងក្រោយ

    (ប្រេ​ស៊ី​ល)- មនុស្ស​ប្រហែល 230,000 នាក់ បានមក​គោរព​វិញ្ញាណក្ខន្ធ ដាក់​កម្រងផ្កា និង​រាប់ម៉ឺន​នាក់​មកកាន់​ទីក្រុង Santos ជូន​ដំណើរ​សព​ស្ដេច​បាល់ទាត់ Pele ជា​លើកចុងក្រោយ។

    ពិធី​គោរព​វិញ្ញាណក្ខន្ធ ដាក់​កម្រង​ផ្កាយ​ជូន​សព​ស្ដេច​បាល់ទាត់ Pele ត្រូវបាន​ធ្វើឡើង​នៅលើ​ទីលាន​បាល់ទាត់ Vila Belmiro ដែលជា​ទីលាន​ប្រកួត​របស់​ក្លឹប Santos នៅវេលា​ម៉ោង 10 ថ្ងៃទី 02 មករា ម៉ោង​នៅ ប្រេ​ស៊ី​ល។ ក្រុមគ្រួសារ​សព​បាន​ត្រៀ​ម​សម្រាប់​កិច្ចការ​បន្ទាប់​ចុងក្រោយ​ជូន​សព​លោក Pele មុនពេល​បិទ​ក្ដារ​មឈូស​បញ្ចុះសព។

    ក្នុង​រយៈពេល 24 ម៉ោង មនុស្ស​ប្រហែល 230,000 នាក់ បានមក​គោរព​វិញ្ញាណក្ខន្ធ​លោក Pele។ មនុស្សម្នា​តម្រង់​ជួរ​ប្រវែង 2 គីឡូម៉ែត្រ រង់ចាំ​ចូល​គោរព​វិញ្ញាណក្ខន្ធ។ ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Luiz Inacio Lula da Silva និង​ប្រធាន FIFA ក៏បាន​ចូលរួម​ពិធី​នេះដែរ។

    ក្រោយពិធី​ខាងលើ សព​របស់លោក Pele ត្រូវបាន​ដង្ហែ​ចាក​ចេញពី​ទីលាន Vila Belmiro ហើយ​តម្កល់​លើ​​រថយន្ត​ដើម្បី​បន្ត​ហែ​តាម​ដងផ្លូវ​នៅ Santos។

    ទីឋាន​សម្រាក​ចុងក្រោយ​របស់​សព​លោក Pele គឺជា​អគារ 14 ជាន់​ដែលមាន​បន្ទប់​បញ្ចុះ​​សព​ចំនួន 14,000 បន្ទប់។ សព​លោក Pele ត្រូវបាន​បញ្ចុះ​នៅ​ជាន់​ទី 9 ជាទី​ដែល​អាច​មើលទៅ​កាន់​​ទីលាន​បាល់ទាត់ Vila Belmiro។

    ស្ដេច​បាល់ទាត់ Pele បានទទួល​មរណភាព​កាលពី​ថ្ងៃទី 29 ធ្នូ 2022 ក្នុង​វ័យ 82 ឆ្នាំ ដោយសារ​ជំងឺមហារីក​ពោះវៀន។ លោក​ធ្លាប់​ស៊ុត​បញ្ចូល​ទី​បាន 1,279 គ្រាប់ ក្នុងនោះ​មាន​ឯតទគ្គ​កម្ម 643 គ្រាប់​សម្រាប់​ក្លឹប Santos និង​កំណត់ត្រា 77 គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល។ លោក Pele បាន​ជួយ​ឱ្យ ប្រេ​ស៊ី​ល ដណ្ដើមបាន​ជើងឯក World Cup ចំនួន 3 លើក គឺ​នៅ​ឆ្នាំ 1958, 1962 និង 1970៕

  • ខាងក្នុង​កសិដ្ឋានស្វ័យប្រវត្ត «គ្មាន​មនុស្ស» នៅ​ប្រទេស​ចិន (វីដេអូ)

    ខាងក្នុង​កសិដ្ឋានស្វ័យប្រវត្ត «គ្មាន​មនុស្ស» នៅ​ប្រទេស​ចិន (វីដេអូ)

    កសិដ្ឋាន Beidahuang Seven Stars ផលិត​គ្រាប់​ធញ្ញជាតិ​ជាង 20 ពាន់​លាន​គីឡូក្រាម​ជា​រៀងរាល់ឆ្នាំ ដោយសារ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្វ័យប្រវត្ត​ឆ្លាត​វៃ។

    ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​ចិន កសិដ្ឋាន «គ្មាន​មនុស្ស» Beidahuang Seven Stars គឺជា​ទីតាំង​ទំនើប​មួយ ជាទី​ដែល​បុគ្គលិក​អាច​គ្រប់គ្រង និង​ដំណើរការ​កសិដ្ឋាន​ទាំងមូល​ដោយ​ប្រើតែ​កុំព្យូទ័រ។

    ក្នុង​កសិដ្ឋាន​នេះ​មាន​រថភ្លើង​ស្វ័យប្រវត្ត សម្រាប់​ដឹកជញ្ជូន​កូន​រុក្ខជាតិ។ ការដាំ​ស្រូវ​ក៏​​ប្រើប្រាស់​បច្ចេកវិទ្យា​ស្វ័យប្រវត្ត ដោយ​មិន​ត្រូវការ​មនុស្ស​ធ្វើការ​ដោយផ្ទាល់។

    បណ្ដា​ប្រព័ន្ធ​ឆ្លាត​វៃ ត្រូវបាន​ប្រើប្រាស់​រួមផ្សំ​ជាមួយនឹង​ផ្កាយរណប ដើម្បី​គ្រប់គ្រង​កសិដ្ឋាន។ នៅ​រដូវ​ប្រមូល​ផល ម៉ាស៊ីន​គ្មាន​មនុស្ស​បើកបរ នឹង​ចេញទៅ​វាលស្រែ​ដើម្បី​ច្រូត​កាត់​បោក​បែនស្រូវ។

    កសិដ្ឋាន «គ្មាន​មនុស្ស» Beidahuang Seven Stars ផលិត​គ្រាប់​ធញ្ញជាតិ​បាន​ជាង 20 ពាន់​លាន​គីឡូក្រាម​ជា​រៀងរាល់ឆ្នាំ អាច​ផ្គត់​ផ្គង់ស្បៀង​ដល់​មនុស្ស 160 លាន​នាក់​/ឆ្នាំ៕

  • ទិដ្ឋភាព​នៃ​ពី​ធី​បង្ហាញខ្លួន​របស់ Ronaldo នៅ​ក្លឹប Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត

    ទិដ្ឋភាព​នៃ​ពី​ធី​បង្ហាញខ្លួន​របស់ Ronaldo នៅ​ក្លឹប Al Nassr របស់​អា​រ៉ា​ប៊ី​សា​អូឌីត

    ក្នុង​ព្រឹត្តិការណ៍​បង្ហាញខ្លួន​កាលពី​ព្រលប់​ថ្ងៃទី 03 មករា 2022 កីឡាករ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​អះអាងថា មក​ចូលរួម​ក្លឹប Al Nassr ដើម្បី​ស្វែងរក​បទពិសោធន៍​លំបាក ទាំង​ក្នុង និង​ក្រៅ​ទីលាន​ប្រកួត។

    នៅវេលា​ម៉ោង​ប្រហែល 23 និង 05 នាទី ម៉ោង​នៅ កម្ពុជា Ronaldo បង្ហាញខ្លួន​នៅ​ខាងក្រៅ​វាលស្មៅ Mrsool Park។ គាត់​ត្រូវបាន​ក្រុម​អង្គរក្ស​អម​ការពារ​ចូលទៅក្នុង​បន្ទប់​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយនឹង​គ្រូបង្វឹក Rudi Garcia និង​ប្រធាន Musalli Al-Muammar។

    ក្នុង​សន្និសីទ​នេះ Ronaldo និយាយថា «ពី 10 15 ឆ្នាំ​កន្លង បាល់ទាត់​បាន​ប្រែប្រួល​ច្រើន។ ក្រុម​នានា​បាន​ត្រៀមខ្លួន​ម៉ត់ចត់​ជាង​មុន។ គ្រប់គ្នា​អាច​ឃើញ​ប្រការនេះ​នៅ World Cup។ អា​រ៉ា​ប៊ី​សា​អូឌីត ឈ្នះ​ក្រុម​ជើងឯក។ កូរ៉េខាងត្បូង បណ្ដា​ក្រុម​នៅ អាហ្វ្រិក សុទ្ធតែ​បង្ក​ភាព​ភ្ញាក់ផ្អើល។ ពេលនេះ ការយក​ឈ្នះ​មួយ​ប្រកួត​មិនមែន​ងាយស្រួល​ឡើយ។ ដូច្នេះហើយ ចំពោះ​ខ្ញុំ ការ​មកកាន់ អា​រ៉ា​ប៊ី​សា​អូឌីត ប្រកួត មិនមែនជា​ទីបញ្ចប់រ​បស់​អាជីព​នោះទេ»។

    Ronaldo បន្ថែមថា អ្នក​ដែល​បាន​ចំអក​ឱ្យ​គាត់ ទាក់ទង​នឹង​ការ​មក​ចូលរួម​ជាមួយ​ក្លឹប Al Nassr «ពិតជា​មិនបាន​យល់​អ្វី​អំពី​បាល់ទាត់» ព្រោះ​ពានរង្វាន់​ជើងឯក​នៅ​ប្រទេស​អាស៊ី​ខាងលិច​មួយ​នេះ ពិតជា​មានការ​ប្រកួត​ប្រជែង​ខ្ពស់។ «បើសិនជា​អាច ខ្ញុំ​ចង់ឱ្យ​គ្រូបង្វឹក​អនុញ្ញាតឱ្យ​ខ្ញុំ​ចូល​ប្រកួតភ្លាមៗនៅ​ថ្ងៃស្អែក» Ronaldo សង្កត់ធ្ងន់​ដូច្នេះ។

    ក្រោយពី​សន្និសីទ​សារព័ត៌មាន​បានបញ្ចប់ Ronaldo ក៏បាន​ជួប​មិត្ត​រួម​ក្រុម​ថ្មី​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ហើយ​ចេញទៅ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ប្រហែល 25,000 នាក់។ អ្នកគាំទ្រ​ទាំងនេះ​បាន​រង់ចាំ​ជាង 1 ម៉ោង ដើម្បី​បានឃើញ​កំពូល​តារាបាល់ទាត់​ជនជាតិ​ព័រទុយហ្កាល់ ក្នុង​ឈុត​កីឡា។

    Ronaldo អះអាងថា គាត់​មាន​មោទកភាព​នៅពេល​បានមក​កាន់ Al Nassr ព្រោះថា នេះ​គឺជា​ឧបសគ្គ​ថ្មី​ក្នុង​អាជីព ក្រោយពី​សម្រេចបាន​គ្រប់យ៉ាង​នៅ អឺរ៉ុប។ «ខ្ញុំ​បាន​បដិសេធ​ការអញ្ជើញ​ពី​ក្លឹប​ជាច្រើន​នៅ អឺរ៉ុប អាម៉េរិក ប្រេ​ស៊ី​ល អូស្ត្រាលី ឬ ព័រទុយហ្កាល់ ដើម្បី​មក​ទីនេះ​ ដោយ​សង្ឃឹមថា អាចជួយ​ជា​ប្រយោជន៍​តាមរយៈ​បទពិសោធន៍ និង​ការយល់ដឹង​របស់ខ្លួន»។

    Ronaldo បាន​ថ្លែងអំណរគុណ​ចំពោះ​ការទទួល​ស្វាគមន៍​ពី អា​រ៉ា​ប៊ី​សា​អូឌីត។ ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំនេះ​ក៏បាន​ចុះ​ហត្ថ​លេខ និង​ចែក​បាល់​ជូន​អ្នកគាំទ្រ​មួយចំនួន​ផងដែរ។

    សមាជិកគ្រួសារ​របស់ Ronaldo ក៏ត្រូវ​បាន​ណែនាំ​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ​។ ព្រឹត្តិការណ៍​នេះ​បានបញ្ចប់​បន្ទាប់ពី Ronaldo និង​គ្រួសារ ដើរទៅ​កាន់​ផ្លូវ​ក្រោម​ដី អម​ជាមួយនឹង​សំឡេង​ហ៊ោ​ពី​អ្នកគាំទ្រ។

    Ronaldo បាន​ទៅដល់​ព្រលានយន្តហោះ Riyadh កាលពី​ព្រឹក​ថ្ងៃទី 03 មករា 2022 និង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ប្រធាន​ក្លឹប Al Nassr។ នៅ​ក្លឹប​នេះ CR7 នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍ 75 លាន​ដុល្លារ/ឆ្នាំ។ ប្រាក់ចំណូល​សរុប​រប​ស់​គាត់​អាច​ឡើងដល់ 200 លាន​ដុល្លារ​អាម៉េរិក បើ​បូក​រួមទាំង​ចំណូល​ពី​ម្ចាស់​ឧបត្ថម្ភ និង​ផ្សាយពាណិជ្ជកម្ម៕

    https://www.youtube.com/watch?v=yy21yj1zbxQ

  • AFF Cup 2022 – គ្រូបង្វឹក​មី​យ៉ាន់​ម៉ា ថា «វៀតណាម​លេង​មិនទាន់​បានល្អ»

    AFF Cup 2022 – គ្រូបង្វឹក​មី​យ៉ាន់​ម៉ា ថា «វៀតណាម​លេង​មិនទាន់​បានល្អ»

    (វៀតណាម) – យោងតាម​គ្រូបង្វឹក Antoine Hey ក្រុម​ជម្រើសជាតិ​វៀតណាម លេង​មិនទាន់​បានល្អ បើ​ទោះ​បាន​យកឈ្នះ​លើ មី​យ៉ាន់​ម៉ា 3-0 នៅ​ជុំ​ចុងក្រោយ​ក្នុង​ពូ​ល B នៅ AFF Cup 2022។

    វៀតណាម ពិត​ជាមាន​ភាពលេច​ធ្លោ​នៅពេល​ទទួល​ក្រុម​របស់ មី​យ៉ាន់​ម៉ា លើ​ទីលាន My Dinh នៅ ហាណូយ កាលពី​ព្រលប់​ម្សិលមិញ។ ក្រុម​វៀតណាម គ្រប់គ្រង​បាល់​បាន 58% និង​ស៊ុត​ផ្ដាច់​បាន 20 លើក ក្នុងនោះ​មាន 6 លើក បាល់​ហោះ​ចំ​គោលដៅ។

    វៀតណាម បាន​យកឈ្នះ​លើ មី​យ៉ាន់​ម៉ា ក្នុង​លទ្ធផល 3-0 ដោយ​ថ្វី​ជើ​ងរ​បស់ Nguyen Tien Linh និង Chau Ngoc Quang បន្ទាប់ពី​កីឡាករ Kyaw Zin Lwin របស់​ មីយ៉ាន់ម៉ា បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង។

    ក៏ប៉ុន្តែ គ្រូបង្វឹក​របស់ មី​យ៉ាន់​ម៉ា លោក Antoine Hey យល់ថា «វៀតណាម លេង​មិនទាន់​បានល្អ​ពិតប្រាកដ​នៅឡើយ បើទោះជា​បានឈ្នះ 3-0។ ដំបូង ពួកគេ​ទាត់​មិនមាន​ស្ថិរភាព បែក​អារម្មណ៍។ ជាក់ស្ដែង វៀតណាម ត្រូវការ​កែលំអ​បន្ថែម​ទៀត ដើម្បី​អាច​លេង​បានល្អ​ជាង​នេះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ»។

    បើទោះជា​លេង​មិនទាន់​បានល្អ ប៉ុន្តែ វៀតណាម នៅតែ​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ដោយ​ឈរលើ​កំពូល​តារាង​ពូ​ល B និង​មាន 10 ពិន្ទុ ដោយ​រកបាន 12 គ្រាប់ និង​មិនទាន់​ចាញ់ 1 គ្រាប់​ណា​ឡើយ។ ក្រុម​នេះ​នឹងត្រូវ​ប៉ះ ឥណ្ឌូណេស៊ី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ធ្វើជា​ភ្ញៀវ​នៅ​ថ្ងៃទី 06 មករា ហើយ 3 ថ្ងៃ​ក្រោយមក​ នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។ ចំណែក មី​យ៉ាន់​ម៉ា វិញ ត្រូវបាន​ជម្រុះ​ជា​ផ្លូវការ​ពី AFF Cup 2022៕

  • AFF Cup 2022 – កម្លាំង​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម និង​មី​យ៉ាន់​ម៉ា ដែល​ត្រូវ​ប៉ះគ្នា​នៅ​ព្រលប់​នេះ

    AFF Cup 2022 – កម្លាំង​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម និង​មី​យ៉ាន់​ម៉ា ដែល​ត្រូវ​ប៉ះគ្នា​នៅ​ព្រលប់​នេះ

    ក្នុងការ​ប្រកួត​នៅវេលា​ម៉ោង 19 និង 30 នាទី​ព្រលប់​ថ្ងៃទី 03 មករានេះ វៀតណាម កំពុងមាន​ប្រៀប​ជាង​ក្រុម​របស់ មី​យ៉ាន់​ម៉ា និង​អាច​បាន​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

    ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​នៅ AFF Cup 2022 រវាង វៀតណាម និង មី​យ៉ាន់​ម៉ា នៅ​ព្រលប់​នេះ នឹងត្រូវ​ធ្វើឡើង​នៅលើ​ទឹកដី​របស់ វៀតណាម។

    បច្ចុប្បន្ន មី​យ៉ាន់​ម៉ា ស្ថិតនៅលើ​ចំណាត់ថ្នាក់​ទី 159 ក្នុង​បញ្ជី​របស់ FIFA ខណៈ វៀតណាម ជាប់​​ចំណាត់ថ្នាក់​ទី 96។

    អំពី​លទ្ធផល​នៃ​ការប្រកួតថ្មីៗរបស់​ក្រុម​ទាំងពីរ រួមមាន​ដូចខាងក្រោម ៖

  • រថភ្លើង​ក្រុង​ដែល​ដំណើរការ​ដោយ​​ថាមពល​អ៊ីដ្រូសែន ​បំ​ភាយ​តែ​ទឹក​ដំបូង​គេ​នៅ​អាស៊ី (វីដេអូ)

    រថភ្លើង​ក្រុង​ដែល​ដំណើរការ​ដោយ​​ថាមពល​អ៊ីដ្រូសែន ​បំ​ភាយ​តែ​ទឹក​ដំបូង​គេ​នៅ​អាស៊ី (វីដេអូ)

    (ប្រទេស​ចិន)- រថភ្លើង​ក្រុង​ដំណើរការ​ដោយ​អ៊ីដ្រូសែន និង​បំ​ភាយ​តែ​ទឹក​ដំបូង​គេ​នៅ​អាស៊ី ត្រូវបាន​បើកបរ​ចេញពី​រោងចក្រ​នៅ​ទីក្រុង Chengdu ខេត្ត Sichuan កាលពី​សប្ដាហ៍​កន្លង។

    រថភ្លើង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ផ្លូវដែក Changchun Railway និង​ក្រុមហ៊ុន​ផ្លូវដែក Chengdu នេះ ប្រើប្រាស់​បច្ចេកវិទ្យា​រប​ស់​រថភ្លើង​រាង​គ្រាប់កាំភ្លើង Fuxing និង​មាន​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រព័ន្ធ​ថាមពល​អ៊ីដ្រូសែន ដែលជា​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​កម្លាំង​ខ្លាំង និង​មាន​ស្ថិរភាព​យូរអង្វែង អាច​រត់​បាន 600 គីឡូម៉ែត្រ ក្រោយ​ការបញ្ចូល​ថាមពល​មួយ​ពេញ។

    យោងតាម​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់ Chengdu រថភ្លើង​នេះ​ប្រើប្រាស់​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន និង​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​រហ័ស (Supercapacitor) ដើម្បី​ផ្គត់ផ្គង់​ថាមពល។ ថាមពល​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រតិកម្ម​អេ​ឡិច​ត្រូ​គីមី (electrochemical reaction) របស់​អ៊ីដ្រូសែន និង​អុកស៊ីសែន​ក្នុង​ថ្ម​ផ្ទុក​ថាមពល។ ប្រតិកម្ម​នេះ​បំ​ភាយ​តែ​ទឹក និង​មិនមាន​អនុផល​ផ្សេង​ឡើយ ព្រមទាំង​មាន​ស្ថិរភាព និង​មិនមាន​សំឡេង​រំខាន​ច្រើន។

    រថភ្លើង​ដែល​ដំណើរការ​ដោយ​អ៊ីដ្រូសែន ធ្វើដំណើរ 500 គីឡូម៉ែត្រ​រាល់ថ្ងៃ​ក្នុង​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង អាច​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ជាង 10,000 គីឡូក្រាម​ក្នុង​មួយឆ្នាំ នេះ​បើតាម​ក្រុម​អ្នក​អភិវឌ្ឍ​ខាងលើ។

    រថភ្លើង​នេះ​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​សម្រាប់​ផ្លូវដែក​ក្នុង​តំបន់​ដែល​មិនទាន់មាន​បណ្ដាញ​អគ្គិសនី​ផងដែរ។

    ប្រទេស​ចិន មាន​មហិច្ឆតា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល​អ៊ីដ្រូសែន។ ដល់​ឆ្នាំ 2025 ប្រទេស​នេះ​គ្រោង​នឹងមាន​មធ្យោបាយ​ធ្វើដំណើរ​ប្រហែល 50,000 គ្រឿង​ដែល​ប្រើប្រាស់​ថ្ម​អ៊ីដ្រូសែន ហើយ​បរិមាណ​ផលិតផល​អ៊ីដ្រូសែន​ប្រចាំឆ្នាំ​ដែល​បានមកពី​ថាមពល​កកើតឡើង​វិញ​នឹង​សម្រេចបាន​ពី 100,000 ដល់ 200,000 តោន នេះ​បើតាម​ផែនការ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ខែមីនា 2022 ដោយ​គណៈកម្មការ​កំណែ​ទម្រង់ អភិវឌ្ឍ​ជាតិ និង​រដ្ឋបាល​ថាមពល​ជាតិ របស់ ប្រទេស​ចិន​៕