Category: សង្គម និងសេដ្ឋកិច្ច

  • AFF Cup 2022 – លទ្ធផលនៃការប៉ះគ្នា «កាលពីអតីតកាល» ដ៏គួរឱ្យភ្ញាក់ផ្អើលរវាង ថៃ និង ម៉ាឡេស៊ី នៅ Bukit Jalil

    AFF Cup 2022 – លទ្ធផលនៃការប៉ះគ្នា «កាលពីអតីតកាល» ដ៏គួរឱ្យភ្ញាក់ផ្អើលរវាង ថៃ និង ម៉ាឡេស៊ី នៅ Bukit Jalil

    ក្រុម​ជម្រើសជាតិ​ថៃ មិន​ធ្លាប់​បានឈ្នះ​ ម៉ាឡេស៊ី នៅ Bukit Jalil ហើយ​ក្នុង​ជ្រុង​មួយ​ផ្សេងទៀត សហព័ន្ធ​បាល់ទាត់​ម៉ាឡេស៊ី ឱ្យដឹងថា សំបុត្រ​ចូល​ទស្សនា​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 ​រវាង ម៉ាឡេស៊ី និង ថៃ ត្រូវបាន​ទិញ​អស់។

    មួយថ្ងៃ​បន្ទាប់ពី​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង ឥណ្ឌូណេស៊ី និង វៀតណាម ដែល​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​មាន​កោះ​រាប់ម៉ឺន ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង ម៉ាឡេស៊ី និង ថៃ ក៏​នឹង​ធ្វើឡើង​នៅ ម៉ាឡេស៊ី។

    អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺថា ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ មិនទាន់​ដណ្ដើមបាន​ភាពសប្បាយ​រីករាយ​ម្ដងណា​ឡើយ​នៅលើ​វាលស្មៅ Bukit Jalil។ ជារួម ថៃ បាន​ចាញ់ 3 ប្រកួត និង​ស្មើ 2 ប្រកួត នៅក្នុង 5 ប្រកួត​ដែល ថៃ ធ្វើជា​ភ្ញៀវ​នៅកីឡដ្ឋាន Bukit Jalil របស់ ម៉ាឡេស៊ី។

    ខាងលើនេះ​គឺជា​ស្ថិតិ​ដែល​មិនល្អ​សម្រាប់ ក្រុម​ជម្រើសជាតិ​ថៃ ហើយ​វា​បង្ហាញថា ម៉ាឡេស៊ី ពិតជា​ឧបសគ្គ​ធំ​សម្រាប់​​អ្នកការពារ​ជើងឯក​ថៃ។

    វីដេអូខាងលើ​គឺ​ជា​ការ​ប្រកួត​ជើង​ទី​ 2 នៃ​​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2014 ដែល​ ម៉ាឡេស៊ី ឈ្នះ ថៃ 3-2។

    មិន​ត្រឹម​តែមាន​លទ្ធផល​អវិជ្ជមាន​នៅពេល​ទាត់​នៅ Bukit Jalil នោះទេ ប៉ុន្តែ ថៃ ក៏ត្រូវ​ប្រឈម​នឹង​សម្ពាធ​ពី​ទស្សនិកជន​នៅ ម៉ាឡេស៊ី ផងដែរ នៅពេល​ធ្វើជា​ភ្ញៀវ​នា​ថ្ងៃទី 07 មករា​ខាងមុខ។

    យោងតាម សហព័ន្ធ​បាល់ទាត់​ម៉ាឡេស៊ី គណៈ​កម្មការ​បាន​ដាក់លក់​សំបុត្រ​ចំនួន 59,000 សំបុត្រ​សម្រាប់​ការប្រកួត​ខាងលើ ហើយ​ក្នុង​រយៈពេល 2 ថ្ងៃមុន​ការប្រកួត សំបុត្រ​ទាំងនេះ​ត្រូវបាន​លក់​អស់​គ្មាន​សល់។

    កីឡដ្ឋាន Bukit Jalil

    កីឡដ្ឋាន Bukit Jalil អាចដាក់​មនុស្ស​បានជា​ង 87 ពាន់​នាក់ ប៉ុន្តែ ម៉ាឡេស៊ី លក់​តែ 59,000 សំបុត្រប៉ុណ្ណោះ​ ព្រោះតែ​ការសង់​រោង​ប្រគំ​តន្ត្រី​មួយ​នៅ​ក្នុង​កីឡដ្ឋាន ប៉ះពាល់​ដល់​ទស្សនិកជន។

    កីឡដ្ឋាន Bukit Jalil

    ប្រធាន​គណៈប្រតិភូ​បាល់​ទាត់​ថៃ លោកស្រី Nualphan Lamsam យល់ថា សម្ពាធ​នៅពេល​ត្រូវ​ធ្វើជា​ភ្ញៀវ​ក្នុង​កីឡដ្ឋាន​ដែលមាន​មនុស្ស​ច្រើន​គឺ​ពិតជា​ធំធេង។ «វា​នឹង​ជាការ​ប្រកួត​ដ៏​លំបាក» លោកស្រី​ថ្លែង​ដូច្នេះ និង​បន្ត «ថៃ មិន​ធ្លាប់បាន​ផ្ដួល ម៉ាឡេស៊ី នៅលើ​ទីលាន​នេះ។ ដូច្នេះ យើង​ត្រូវតែ​ត្រៀម​ឱ្យបាន​រួចរាល់​ទាំង​កម្លាំងកាយ ទាំង​កម្លាំង​ស្មារតី»៕

  • ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-តួ​ក​គី 11 ខែ នៃ​ឆ្នាំ 2022 កើន 63.6% ធៀប​នឹង 11 ខែ​ក្នុង​ឆ្នាំ 2021

    ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-តួ​ក​គី 11 ខែ នៃ​ឆ្នាំ 2022 កើន 63.6% ធៀប​នឹង 11 ខែ​ក្នុង​ឆ្នាំ 2021

    លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ស្ដីពី «ការត្រៀម​រៀបចំ​សម្រាប់ កិច្ចប្រជុំ​លើក​ទី 3 របស់ គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី» ដែល​គ្រោង​នឹង​ធ្វើឡើង​នាពេលខាងមុខ។

    ក្នុង​អង្គប្រជុំ​នេះ ក្រុមមន្ត្រី​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​សេចក្តីព្រាង​កំណត់ហេតុ​រួម ដែល​គ្របដណ្ដប់​លើ​វិស័យ​អាទិភាព​ដែល​រួមមាន ៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ ហា​ឡា​ល សហគ្រាស​ធុន​តូច​និង​មធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរណ៍​ស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​បំណង​ជំរុញ និង​ទាញយក​អត្ថប្រយោជន៍​ឱ្យបាន​ជា​អតិបរមា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-តួ​ក​គី។

    «កិច្ចប្រជុំ​លើក​ទី 3 របស់ គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី» គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 10-11 ខែមករា ឆ្នាំ 2023 នៅ រាជធានី​ភ្នំពេញ» នេះ​បើតាម ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា។

    លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

    យោងតាម ក្រសួងពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-តួ​ក​គី សម្រេចបាន 462.63 លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល 5 ឆ្នាំ (2017-2021) ខណៈដែល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022 សម្រេចបាន​រហូតដល់ 136.149 លាន​ដុល្លារ​អាមេរិក ពោលគឺ​កើន 63.6% ធៀប​នឹង 11 ខែ​ក្នុង​ឆ្នាំ 2021។ មុខទំនិញ​ដែល កម្ពុជា នាំចេញ​ទៅកាន់ តួ​ក​គី មានដូចជា ៖ សម្លៀកបំពាក់ វាយ​ន​ភណ្ឌ ស្បែកជើង សម្ភារៈ​ធ្វើដំណើរ អង្ករ ។ល។ ចំណែក​ការនាំ​ចូល​ទំនិញ​ពី តួ​ក​គី វិញ មានដូចជា ៖ ម៉ាស៊ីន កប្បាស ផលិតផល​ឱសថ កញ្ចក់ ដែក ផលិតផល​ប្លា​ស្ទិ​ក និង​ទំនិញ​ដទៃទៀត៕

  • ទិន្នន័យ​របស់​អ្នកប្រើប្រាស់ 235 លាន​នាក់​នៅ Twitter ត្រូវបាន​ហែក​ឃើ​រ​បញ្ចេញ​ជា​សាធារណៈ

    ទិន្នន័យ​របស់​អ្នកប្រើប្រាស់ 235 លាន​នាក់​នៅ Twitter ត្រូវបាន​ហែក​ឃើ​រ​បញ្ចេញ​ជា​សាធារណៈ

    ក្រុម​ហែក​ឃើ​រ (Hacker) បានឱ្យដឹងថា លួចបាន​ទិន្នន័យ​នៃ​គណនី Twitter ជាង 400 លាន និង​បាន​បង្ហោះ​លើ​អ៊ី​ន​ធើរ​ណិ​ត​អស់​ពាក់កណ្ដាល។

    យោងតាម Cybernews ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ចំនួន 235 លាន​នាក់​នៅ​លើ​ Twitter ត្រូវបាន​បង្ហោះ​លើ​វេទិកា​មួយ​ដែល​ជំនាញ​ក្នុង​ការទិញ​លក់​ទិន្នន័យ​របស់​ហែក​ឃើ​រ។ ទិន្នន័យ​ទាំងអស់នេះ​មាន​ទំហំ 63 GB ដោយមាន​ផ្ទុក​ឈ្មោះ​ អ៊ី​មេ​ល ចំនួន​អ្នកតាមដាន និង​ថ្ងៃខែ​បង្កើត​គណនី​របស់​អ្នកប្រើប្រាស់។

    Washington Post រកឃើញថា ទិន្នន័យ​នេះ​គឺជា​ផ្នែក​មួយ​ក្នុងចំណោម 400 លាន​គណនី​ដែល ហែក​ឃើ​រ​បានប្រកាស​កាលពី​ថ្ងៃទី 23 ធ្នូ 2022 នៅលើ​វេទិកា​ទិញ​លក់ ប៉ុន្តែ ពេលនោះ​មាន​គណនី​តែ 1,000 ប៉ុណ្ណោះ​ដែល​ត្រូវបាន​ផ្ដល់​សិទ្ធិ​ឱ្យចូល​​កាន់​កាប់​សាកល្បង។ នៅពេល​បង្ហោះ ក្រុមចោរ​អ៊ី​ន​ធើ​ណិ​ត​បាន​ព្រមាន​ថា Elon Musk គួរតែ​ទិញ​ទិន្នន័យ​ទាំងនេះ​ទៅវិញ មិន​ដូច្នេះ​ទេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការពិន័យ​ពី​អាជ្ញាធរ។

    យោងតាម​សារ​របស់​ហែក​ឃើ​រ Twitter អាច​នឹងត្រូវ​បង់ប្រាក់​ពិន័យ 276 លាន​ដុល្លារ​អាម៉េរិក ទៅឱ្យ GDPR (General Data Protection Regulation គឺជា​បទ​ប្បញ្ញត្តិ​នៅក្នុង​ច្បាប់​សហភាព​អឺរ៉ុប​ស្តីពី​ការការពារ​ទិន្នន័យ និង​ភាព​ឯកជន​នៅក្នុង​សហភាព​អឺរ៉ុប និង​តំបន់​សេដ្ឋកិច្ច​អឺរ៉ុប) ដូច​ទៅនឹង​ករណី Facebook បើ​មិន​ទិញ​ទិន្នន័យ​ទាំងនេះ។

    ទិន្នន័យ​ដែល​ត្រូវបាន​លួច​ពី Twitter អាច​ត្រូវបាន​ក្រុម​ជនខិលខូច​យកទៅលក់ ឬ​ប្រើប្រាស់​ក្នុង​សកម្មភាព​​ទុច្ចរិត ក្នុងនោះ អ្នកនយោបាយ អ្នកមាន និង​បុគ្គល​ល្បីឈ្មោះ​ជា​ដើម​ អាច​ក្លាយជា​ជនរងគ្រោះ៕

  • Mbappe ចាញ់ Messi ក្នុងការ​​បោះ​ឆ្នោត​​រើស​​កីឡាករ​​ឆ្នើម​​ជាង​គេ​​ប្រចាំ​ឆ្នាំ​​របស់​ IFFHS

    Mbappe ចាញ់ Messi ក្នុងការ​​បោះ​ឆ្នោត​​រើស​​កីឡាករ​​ឆ្នើម​​ជាង​គេ​​ប្រចាំ​ឆ្នាំ​​របស់​ IFFHS

    កីឡាករ​បារាំង Kylian Mbappe ត្រូវបាន Lionel Messi យកឈ្នះ​ដាច់​យ៉ាង​ឆ្ងាយ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​ស្ថិតិ និង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អន្តរជាតិ (IFFHS)។

    លទ្ធផល​នៃ​ការបោះឆ្នោត​ខាងលើ​ដែល​​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 04 មករា 2023 បង្ហាញថា Messi នាំមុខគេ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​កីឡាករ​ឆ្នើម​ជាងគេ​ឆ្នាំ 2022 របស់ IFFHS ដោយ​ទទួលបាន 275 ពិន្ទុ។ ឈរ​លំដាប់​ទី​ពីរ​គឺ Kylian Mbappe ទទួលបាន 35 ពិន្ទុ។ ចំណែក Karim Benzema ទទួល 30 ទិ​ន្ទុ ត្រូវ​ជាប់​លេខ 3 ខណៈ Luka Modric ជាប់​លេខ 4 ដោយ​ទទួលបាន 15 ពិន្ទុ និង Erling Haaland ទទួលបាន 5 ពិន្ទុ ត្រូវ​ជាប់​លេខ 5។

    Ligue 1 គឺជា​តំណែង​រួម​តែមួយគត់​របស់ Mbappe ក្នុង​ឆ្នាំ 2022។ ក្រុម​ជម្រើសជាតិ​បារាំង របស់ Mbappe បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 ប៉ុន្តែ​បាន​ចាញ់ អា​ហ្ស​ង់​ទីន 2-4 ក្នុងការ​ប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី។ អំពី​ផ្នែក​ផ្ទាល់ខ្លួន ខ្សែប្រយុទ្ធ​វ័យ 23 ឆ្នាំ​រូបនេះ ដណ្ដើមបាន​ស្បែកជើង​មាស​នៅ World Cup 2022 ដោយ​រកបាន 8 គ្រាប់ និង​ដណ្ដើមបាន​តំណែង​ស្ដេច​កម្ទេច​សំណាញ់​ទី Ligue 1 ឆ្នាំ 2021-2022។

    ចំណែក​កីឡាករ​ឆ្នើម​ជាងគេ​លើ​ពិភពលោក Lionel Messi វិញ បានបញ្ចប់​ឆ្នាំ 2022 ដោយ​ការ​ដណ្ដើមបាន​តំណែង​ចំនួន 3 រួមមាន World Cup, Intercontinental Super-cup និង Ligue 1។ នៅ World Cup 2022 ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ រកបាន 7 គ្រាប់ និង​បង្ក​ឱកាស​ផ្ទាល់ (Key pass) បាន 3 គ្រាប់។ Messi ដណ្ដើមបាន​តំណែង​ផ្ទាល់ខ្លួន​ចំនួន 2 ថែមទៀត​គឺ កីឡាករ​ឆ្នើម​ជាងគេ​បង្អស់ និង​ស្បែកជើង​ប្រាក់។

    Messi និង Mbappe នៅក្លឹប​បារាំង PSG

    នៅ​ក្លឹប PSG Messi ក៏មាន​ឥទ្ធិពល​ខ្លាំង។ ក្នុងចំណោម 51 ប្រកួត​ដែល​លេង​ឱ្យ​ក្លឹប និង​ក្រុម​ជម្រើសជាតិ ឆ្នាំ 2022 កីឡាករ​វ័យ 35 ឆ្នាំ​រូបនេះ រួមចំណែក​បាន 35 គ្រាប់ និង​បង្ក​ឱកាស​ផ្ទាល់​បាន 30 គ្រាប់។ គិត​ជា​មធ្យម ក្នុង​រយៈពេល 69 នាទី Messi រួមចំណែក​រកបាន 1 គ្រាប់។

    នេះ​គឺជា​លើក​ទី 6 ហើយ​ ដែល IFFHS ប្រគល់​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ។ ក្នុង 2 លើកដំបូង​នៅ​ឆ្នាំ 1988 និង 1989 Marco Van Basten សុទ្ធតែ​ជាប់​ចំណាត់ថ្នាក់​លេខ 1។ ចំណែក​ឆ្នាំ 1996 ពានរង្វាន់​នេះ​បាន​ទៅលើ Lothar Matthaus។ ដោយសារ​សំណើ​ពី FIFA ពានរង្វាន់​នេះ​មិនត្រូវ​បានប្រគល់​រហូត​ដល់​ឆ្នាំ 2020 តែ​ត្រូវ​ទុកតួនាទី​នេះ​ឱ្យ​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ FIFA។ កីឡាករ​ដែល​ដណ្ដើមបាន​ពានរង្វាន់​នេះ​ក្នុង 2 ឆ្នាំ​កន្លង​ទៅ​ ​គឺ Robert Lewandowski៕

  • កំពូល​តារាបាល់ទាត់​ច្រើន​រូប ដែល​នឹង​អាច «ក្លាយជា​កីឡាករ​សេរី» នៅ​រដូវក្ដៅ​ឆ្នាំ 2023

    កំពូល​តារាបាល់ទាត់​ច្រើន​រូប ដែល​នឹង​អាច «ក្លាយជា​កីឡាករ​សេរី» នៅ​រដូវក្ដៅ​ឆ្នាំ 2023

    Lionel Messi, Karim Benzema, Toni Kroos, Luka Modric និង N’Golo Kante ជាដើម គឺជា​កីឡាករ​ដែល​អាច​ចរចា និង​ចុះកិច្ចសន្យា​ជាមួយ​ក្លឹប​ផ្សេង​ពីថ្ងៃ​ទី 01 មករា 2023 មុនពេល​អាច​​ក្លាយជា​កីឡាករ​សេរី​នៅ​រដូវក្ដៅ​ឆ្នាំ 2023 នេះ។

    Lionel Messi លេង​ឱ្យ​ក្លឹប PSG តាំងពី​រដូវក្ដៅ 2021 ហើយ​កិច្ចសន្យា​នៅសល់តែ​កន្លះ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ យោងតាម​អ្នកជំនាញ​ផ្នែក​ទិញដូរ​កីឡាករ Fabrizio Romano តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បាន​យល់ព្រម​ពន្យារ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ជាមួយ PSG ហើយ​ការចុះហត្ថលេខា​នឹងត្រូវ​បានសម្រេច​បន្ទាប់​ពី​កិច្ចប្រជុំ​ជា​មួយ​ប្រធាន Al Khelaifi និង​ទីប្រឹក្សា Luis Campos។ Romano បន្ថែមថា ក្លឹប Inter Miami និង Barca ក៏​ធ្លាប់​ទាក់ទង​មកកាន់ Messi ប៉ុន្តែ ត្រូវបាន Messi បដិសេធ​ការចរចា។

    Karim Benzema ស្ថិតក្នុង​ក្រុម​កីឡាករ​ដែល​បញ្ចប់​កិច្ចសន្យា​ជាមួយ Real Madrid នៅ​រដូវក្ដៅ 2023។ ប៉ុន្តែ ខ្សែប្រយុទ្ធ​ជនជាតិ​បារាំង​នេះ នៅតែមាន​តួនាទី​សំខាន់​នៅ​ទីលាន Bernabeu និង​ត្រូវបាន​គេ​ជឿថា នឹង​ពន្យារ​កិច្ចសន្យា​ជាមួយ Los Blancos ថែម​មួយ​រដូវ​កាល​ទៀត។

    Luka Modric និង Toni Kroos គឺជា​កីឡាករ​ផ្សេងទៀត​របស់ Real ដែល​នៅសល់​កិច្ចសន្យា​កន្លះ​ឆ្នាំ​ទៀត។ Modric ទំនងជា​នឹង​ទទួលបាន​ការពន្យារ​កិច្ចសន្យា​ពី Real ខណៈ Kroos ប្រហែលជា​អាច​ចូលនិវត្តន៍​ក្នុង​រដូវក្ដៅ​ឆ្នាំនេះ។

    N’Golo Kante លែងមាន​តួនាទី​សំខាន់​នៅ Chelsea ក្នុង​រដូវ​កាល 2022-2023 ព្រោះតែ​បាន​រងរបួស​ធ្ងន់ ព្រមទាំង​មិនបាន​ចូលរួម​ប្រកួត​នៅ World Cup 2022 ទៀតផង។ យោងតាម Foot Mercato ក្លឹប​ថ្មី Al Nassr ដែល​ទើបតែ​បាន​ទិញ Ronaldo កំពុង​រៀបការ​ចំ​ចរចា​ទិញ Kante តាមបែប​កីឡាករ​សេរី​នៅ​រដូវក្ដៅ 2023។

    ក្រៅពី​កីឡាករ​មួយចំនួន​ខាងលើ មាន​កីឡាករ​ជាច្រើនរូប​ផ្សេងទៀត​ក៏​នៅសល់​កិច្ចសន្យា 6 ខែ​ រួមមាន​ជាអាទិ៍ កីឡាករ​ Eric Maxim Choupo-Moting, Ilkay Gundogan (ក្លឹប Man City), Thiago Silva (ក្លឹប Chelsea), Milan Skriniar (ក្លឹប PSG), David de Gea (ក្លឹប Man Utd), Youri Tielemans (ក្លឹប Leicester), Jorginho (Chelsea), Wilfried Zaha (Crystal Palace), Roberto Firmino (Liverpool), Hector Bellerin, Memphis Depay, Sergi Roberto (ក្លឹប Barca) ជាដើម។ល។

    Lionel Messi
    Karim Benzema
    Luka Modric និង Toni Kroos
    Eric Maxim Choupo-Moting
    Marco Reus
    N’Golo Kante
    Ilkay Gundogan
    Thiago Silva
    Milan Skriniar
    David de Gea
  • គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ និង​ផលិត​កាបូប​ចំនួន 3 ទៀត ទទួល​បាន​ការ​យល់​ព្រម​ពី ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

    គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ និង​ផលិត​កាបូប​ចំនួន 3 ទៀត ទទួល​បាន​ការ​យល់​ព្រម​ពី ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

    រោងចក្រ​ផលិត​កាបូប​ សម្លៀក​បំពាក់​ កម្រាល​​គ្រែ​ របស់​ក្រុមហ៊ុន WINDARA INTERNATIONAL, YUE WING CHEONG MANUFACTORY និង XIN SHUN JIE (CAMBODIA) LEATHER ត្រូវបាន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ។

    រោងចក្រ​ទាំងនេះ​មាន​ដូចខាងក្រោម ៖

    ក្រុម​ហ៊ុន WINDARA INTERNATIONAL CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូបស្ពាយ​ពីក្រោយ កាបូប​ដំណេក តង់ កាត់ដេរ​សម្លៀកបំពាក់ និង​កម្រាល​ក្រាល​ដេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ C ភូមិ​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 2,714 កន្លែង។

    ក្រុម​ហ៊ុន YUE WING CHEONG MANUFACTORY CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ម្កាក់ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 738 កន្លែង។

    ក្រុម​ហ៊ុន XIN SHUN JIE (CAMBODIA) LEATHER CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.2 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,133 កន្លែង។

    រោងចក្រ​ទាំង 3 ដែលមាន​ទីតាំងនៅ ខេត្តកំពង់ស្ពឺ ខាងលើនេះ គ្រោង​នឹង​បណ្ដាក់ទុន​វិនិយោគ​សរុប 16 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ជិត 4,600 កន្លែង៕

  • កូនស្រី​របស់​ស្ថាបនិក Huawei ថត​ភាពយន្ត​ជាមួយនឹងកំពូល​តារា​សម្ដែង Liu Yifei 

    កូនស្រី​របស់​ស្ថាបនិក Huawei ថត​ភាពយន្ត​ជាមួយនឹងកំពូល​តារា​សម្ដែង Liu Yifei 

    ស្រីស្អាត Annabel Yao ដែលជា​កូនស្រី​របស់​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ចិន Huawei លោក Ren Zhengfei សម្ដែង​ជា​តួអង្គ​រង​ក្នុង​ខ្សែភាពយន្ត​រឿង Windy Place ដែលមាន​​កំពូល​តារា​សម្ដែង Liu Yifei (Crystal Liu) សម្ដែង​ជា​តួឯក។

    នាង​ Annabel Yao វ័យ 25 ឆ្នាំ សម្ដែង​ជា​តួអង្គ​ម្ចាស់​ហាង​ចាបហួយនៅ​​ក្នុង​ខ្សែភាពយន្ត​រឿង Windy Place (Meet Yourself) ​ដែល​ចាប់​បញ្ចាំង​តាំងពី​ថ្ងៃទី 03 មករា 2023។

    នៅលើ​វេទិកា​អន​ឡាញ​នានា អ្នកគាំទ្រ​ជាច្រើន​បានឱ្យដឹងថា ពួកគេ​ភ្ញាក់ផ្អើល​នៅពេល​កូនស្រី​របស់​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ខ្នាត​យក្ស Huawei សម្ដែង​ជា​តួរង ព្រោះថា កន្លង​មក​នាង​ត្រូវបាន​គេ​ឡង់សេ​ខ្លាំង​រាប់​ចាប់តាំងពី​ពេល​ឈាន​ជើង​ចូលក្នុង​វិស័យ​ក​ន្សា​ន្ត។ មុនពេល​សម្ដែង​ក្នុង​រឿង​ខាងលើ Annabel Yao បាន​សម្ដែង​ជា​តួអង្គ​ឯក​ក្នុង​ភាពយន្ត​ខ្នាត​ខ្លី រឿង The Water Murmurs, 2022។

    ខុសពី​បណ្ដា​គម្រោង​ថត​ភាពយន្តមុនៗ លើក​នេះ Annabel Yao ទទួលបាន​ការកោតសរសើ​រ​ច្រើន ដោយ​សារ​តែ​នាង​អាច​បង្ហាញ​លក្ខណៈ​បែប​ធម្មជាតិ ស្លូតត្រង់ និង​បែប​អ្នក​ជនបទពិតៗ។ ក៏ប៉ុន្តែ នៅ​មានមតិ​រិះគន់​ជាច្រើន​ផងដែរ ក្នុងនោះ​មាន​អ្នកខ្លះ​ថា សម្រស់​របស់​នាង​ធម្មតាៗ បើសិន​មិនមាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ទេ នាង​ពិបាក​នឹង​បាន​សម្ដែង​ជា​តួអង្គ​លេចធ្លោ។

    នាង Annabel Yao គឺជា​កូនស្រី​ពៅ​របស់លោក Ren Zhengfei ​ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ដូច្នេះ នាង​ក៏​តែង​ត្រូវបាន​អ្នកយកព័ត៌មាន​ចិន​ហៅថា «ព្រះ​នាង​របស់ Huawei» (Huawei ត្រូវ​បាន​ សហរដ្ឋ​​អាម៉េរិក ដាក់​ទណ្ឌកម្ម ដោយ​ចោទ​ថា ជា​អ្នក​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ​ប្រទេស​នេះ)។ នាង​បាន​ចូលប្រលូក​ក្នុង​វិស័យ​កម្សាន្ត​តាំង​ពីដើមឆ្នាំ 2021 ក្រោយពី​បាន​រៀន​ចប់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ Harvard។ Annabel Yao ធ្លាប់​បញ្ចេញ MV ចំនួន 2 ប៉ុន្តែ សុទ្ធតែ​ត្រូវបាន​សហគមន៍​អ្នកជំនាញ និង​ទស្សនិកជន​វាយតម្លៃ​ទាប៕

  • ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដោយ​កម្លាំង​ខ្យល់​​ខ្លាំងជាងគេ​លើ​ពិភពលោក ចាប់ផ្ដើម​ដំណើរ​ការ​

    ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដោយ​កម្លាំង​ខ្យល់​​ខ្លាំងជាងគេ​លើ​ពិភពលោក ចាប់ផ្ដើម​ដំណើរ​ការ​

    ទួ​រ​ប៊ី​ន​ខ្យល់ V236 កម្លាំង 15 MW របស់​ក្រុមហ៊ុន Vestas បានចាប់ផ្ដើម​ដំណើរការ​សាកល្បង​នៅលើ​លំហ​សមុទ្រ​របស់ ប្រទេស​ដា​ណឺ​ម៉ាក។

    គំរូ​របស់​ទួ​រ​ប៊ី​ន​​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​ Vestas V236 ខាងលើ​ត្រូវបាន​ដំឡើង​កាលពីពេលថ្មីៗនេះ​នៅក្នុង​មជ្ឈមណ្ឌល​ពិសោធន៍​ជាតិ Osterild នៅ Jutland ខាងលិច នៃ​ប្រទេស​ដា​ណឺ​ម៉ាក និង​បានចាប់ផ្ដើម​ផលិត​អគ្គិសនី kWh ដំបូង នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ម្សិលមិញ។ បច្ចុប្បន្ន នេះ​គឺជា​ទួ​រ​ប៊ី​ន​​ផលិត​អគ្គិសនី​​ដោយ​កម្លាំង​ខ្យល់​ ​ខ្លាំង​បំផុត​លើ​ពិភពលោក។

    Vesta V236 មាន​កម្លាំង 15 MW និង​ទំហំ​ផ្ទៃក្រឡា​ដែល​កង្ហារ​របស់​វា​វិល​គឺ​ជាង 43,740 ម៉ែត្រ។ Vesta V236 ដែល​ត្រូវ​បានបង្ហាញ​កាលពី​ខែកុម្ភៈ 2021 មាន rotor ដែលមាន​មុខកាត់ 236 ម៉ែត្រ និង​កម្ពស់ 280 ម៉ែត្រ ខណៈ​​ដែល​​ស្លាប​កង្ហារនីមួយៗមាន​ប្រវែង​ជាង 115 ម៉ែត្រ។

    Vesta V236 មួយគ្រឿង​អាច​ផលិត​អគ្គិសនី​បាន 80 GWh ជា​រៀងរាល់ឆ្នាំ គ្រប់គ្រាន់​​សម្រាប់​ការប្រើប្រាស់​របស់​គ្រួសារ 20,000 គ្រួ​នៅ អឺរ៉ុប និង​អាច​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​បាន 38,000 តោន/ឆ្នាំ។

    ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​របស់ Vestas នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ដំណើរការ​សាកល្បង​បន្ថែម ក្នុង​បំណង​​បញ្ជាក់​ទៅលើ​បច្ចេកវិទ្យា​ដែល​បំពាក់​លើ​វា មុន​នឹងដាក់​ពាក្យស្នើ​សុំ​អាជ្ញា​បណ្ណ​ដើម្បី​ផលិត​ទ្រង់ទ្រាយ​ធំ៕

  • ឡើង​តុលាការ​ព្រោះតែ​លែង​ត្រីជាង 12 តោន​ដើម្បី​រំដោះគ្រោះ

    ឡើង​តុលាការ​ព្រោះតែ​លែង​ត្រីជាង 12 តោន​ដើម្បី​រំដោះគ្រោះ

    (ប្រទេស​ចិន)- ស្ត្រី​ម្នាក់​ត្រូវ​ឡើង​តុលាការ​បន្ទាប់ពី​បាន​លែង​ត្រី​អណ្ដែងជាង 12 តោន ទៅក្នុង​ទឹក​បឹង ទៅតាម​ជំនឿ​ព្រះពុទ្ធសាសនា ដើម្បី​ជា​ការ​រំដោះ​គ្រោះ និង​បួងសួង​សុំ​សេចក្ដីសុខ។

    SCMP កាលពី​ថ្ងៃទី 04 មករា បាន​ចុះផ្សាយ​ថា រដ្ឋអាជ្ញា​នៅ​ខេត្ត Jiangsu ប្រទេស​ចិន អនុវត្ត​ច្បាប់​ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​ត្រកូល Xu ព្រោះតែ​សកម្មភាព​លែង​ត្រី​អណ្ដែង 12.5 តោន ចូលក្នុង​បឹង ធ្វើឱ្យ​កម្មករ​ផ្នែកអនាម័យ​នៅ​មូលដ្ឋាន​ចំណាយពេល​រហូតដល់ 10 ថ្ងៃ ​នៅក្នុង​ការស្រង់ ប្រមូលត្រី​​ពី​បឹង​វិញ។ រឿងក្ដី​នេះ​កំពុង​ត្រូវបាន​បើកសវនាការ​នៅ​តុលាការ​ក្រុង Changzhou។

    រឿងហេតុ​ដែល​បាន​ឡើងដល់​តុលាការ​នេះ​គឺ​កើតឡើង​បន្ទាប់ពី ស្ត្រី​ម្នាក់​ត្រកូល Xu បាន​ចំណាយ​ប្រាក់​ប្រហែល 13,000 ដុល្លារ​អាម៉េរិក ទិញ​ត្រី​អណ្ដែង 12.5 តោន​ពី​អ្នកលក់​ម្នាក់​ដែលមាន​ត្រកូល Liu ហើយ​យកទៅ​លែង​ដោយស្ងាត់ៗនៅក្នុង​បឹង​មួយ​ក្នុង​ទីក្រុង​កាលពី​ខែធ្នូ 2021។

    ត្រី​ជាច្រើន​ដែល​ត្រូវបាន​លែង​ក្នុង​បឹង​នោះ​ក៏បាន​ងាប់​ជា​បន្តបន្ទាប់ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល និង​ការចាប់អារម្មណ៍​ពី​បុគ្គលិក ​អាជ្ញាធរ​ក្នុង​តំបន់ និង​ធ្វើឱ្យ​ពួកគេ​ត្រូវ​ចំណាយពេល 10 ថ្ងៃ​ក្នុងការ​ប្រមូល​ត្រី​ងាប់​ពី​​ក្នុង​បឹង។

    អ្នកស្រី Xu និង​អ្នកលក់​ត្រី​ត្រកូល Liu ត្រូវបាន​គេ​ប្ដឹង​កាលពី​ខែកញ្ញា 2022 និង​ត្រូវ​ស្នើឱ្យ​សង​ការខាតបង់​ជាង 90,000 យុន រួម​នឹង​ប្រាក់​ពិន័យ​មួយចំនួនទៀត។

    ការលែង​សត្វ​រំដោះគ្រោះ​គឺជា​ទំនៀមទម្លាប់​ដែលមាន​តាំងពី​យូរ​មកហើយ ប៉ុន្តែ បច្ចុប្បន្ន សត្វ​ដែល​ត្រូវគេ​យកមក​លែង មួយ​ភាគ​ធំ​គឺជា​សត្វ​ដែល​ត្រូវគេ​ចាប់ពី​ធម្មជាតិ និង​លក់​ទៅឱ្យ​អ្នកមាន​តម្រូវ​ការលែង​ក្នុង​ពិធី​រំដោះគ្រោះ ក្នុង​នោះ​​ក៏​មាន​សត្វ​ដែល​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​បរិស្ថាន និង​ជីវិត​មនុស្ស​ មាន​ជា​អាទិ៍​ សត្វ​​​ក្រពើ ឬ​ពស់​វែក​ជា​ដើម​៕

  • ឥណ្ឌូណេស៊ី មិន​ធ្លាប់​បាន​ចាញ់​​ក្រោម​ថ្វី​ជើង​របស់​ វៀតណាម នៅ AFF Cup ចាប់តាំងពី​ក្រោយ​ឆ្នាំ 1996

    ឥណ្ឌូណេស៊ី មិន​ធ្លាប់​បាន​ចាញ់​​ក្រោម​ថ្វី​ជើង​របស់​ វៀតណាម នៅ AFF Cup ចាប់តាំងពី​ក្រោយ​ឆ្នាំ 1996

    លើកចុងក្រោយ​បង្អស់​ដែល ឥណ្ឌូណេស៊ី ត្រូវ​ចាញ់​វៀតណាម នៅ AFF Cup គឺ​នៅ​ឆ្នាំ 1996 ដោយ​វៀតណាម បានឈ្នះ 3-2 ក្នុងការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លេខ 3។

    នៅក្នុង​ការប្រកួត​ចាញ់ វៀតណាម 2-3 នៅ AFF Cup 1996 ដែល​កាលណោះ​នៅ​ប្រើ​ឈ្មោះ Tiger Cup ក្រុម​របស់ ឥណ្ឌូណេស៊ី រកបាន 2 គ្រាប់ ខណៈ វៀតណាម ស៊ុត​បញ្ចូល​ទី​របស់​គូប្រកួត​បាន 2 គ្រាប់ ចំណែក​គ្រាប់​ទី 3 ដែល វៀតណាម រកបាន គឺ​ដោយសារ​កីឡាករ​ឥណ្ឌូណេស៊ី ទាត់​ចូល​ទី​ខ្លួនឯង។

    ក្នុង​រយៈពេល 26 ឆ្នាំក្រោយ​ការប្រកួត​ខាងលើ ឥណ្ឌូណេស៊ី មិន​ធ្លាប់បាន​ចាញ់​វៀតណាម​ម្ដងណា​ទៀតឡើយ​នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​នៃ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍។ ក្នុងអំឡុង​ពេលនោះ ឥណ្ឌូណេស៊ី ធ្លាប់​បានឈ្នះ​លើ វៀតណាម 3-2 ក្នុង​ឆ្នាំ 2000, ស្មើ 2-2 ក្នុង​ឆ្នាំ 2002, ឈ្នះ 3-0 នៅ​ឆ្នាំ 2004, ស្មើ 1-1 នៅ​ឆ្នាំ 2007, ស្មើ 2-2 នៅ​ឆ្នាំ 2014, ឈ្នះ 2-1 និង​ស្មើ 2-2 នៅ​ឆ្នាំ 2016 ហើយ​ស្មើ 0-0 ក្នុង​ឆ្នាំ 2020។

    លទ្ធផល​ខាងលើនេះ​កំពុងតែ​ជួយ​ឱ្យ ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី មាន​ទឹកចិត្ត​ក្នុងការ​ប្រឈមមុខ​នឹង វៀតណាម នៅ​ជុំ​ដំបូង​ដែល​នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី 06 មករា 2023។ ជា​សរុប ក្នុង​ប្រវត្តិសាស្ត្រ ឥណ្ឌូណេស៊ី និង​វៀតណាម បាន​ប៉ះគ្នា​ចំនួន 25 ប្រកួត ក្នុងនោះ ឥណ្ឌូណេស៊ី បានឈ្នះ 8 ប្រកួត, ស្មើ 10 ប្រកួត និង​ចាញ់ 7 ប្រកួត។

    យោងតាម Bola ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី មាន​គូប្រកួត​ធំ​ចំនួន 3 គឺ ថៃ វៀតណាម និង ម៉ាឡេស៊ី៕