Category: សង្គម និងសេដ្ឋកិច្ច

  • បែកធ្លាយរូបនាងខ្ញុងសែនព្រេនជាមួយគូស្នេហ៍

    បែកធ្លាយរូបនាងខ្ញុងសែនព្រេនជាមួយគូស្នេហ៍

    នៅថ្ងៃទី27 ខែកញ្ញា ឆ្នាំ2017 នេះគេហទំព័រសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា អ្នកនាង ស្រេង សុគន្ធដា ហៅខ្ញុង ​បាន​សម្រេច​ចិត្ត​សែន​ព្រេន ក្រាបផ្ទឹម​ជាមួយគូស្នេហ៍សុំ​គ្នា​ធ្វើ​ជា​ប្ដី​ប្រពន្ធនៅ​មុខ​ចាស់ទុំ​ទាំង​សង​ខាង តាំង​ពី​ថ្ងៃ​ទី30 ខែសីហា ឆ្នាំ2017 កន្លងមកយ៉ាងស្ងាត់ៗ មិនឱ្យមហាជនបានដឹងឡើយ។

    តែដោយឡែក ថ្មីៗនេះ ស្រាប់តែលេចចេញនូវរូបភាពប៉ុន្មានសន្លឹកដែលអ្នកនាងខ្ញុងបានក្រាបសំពះផ្ទឹមជាមួយ​តារា​កំប្លែង​ នាយ​កៃដ ដោយអ្នកនាងបានអះអាងប្រាប់សារព័ត៌មានខាងលើថា “នាយ​​កៃដធ្លាប់​មាន​ប្រពន្ធ និង​មាន​កូន​ប្រុស​ម្នាក់​អាយុប្រហែល​4ឆ្នាំ”។ ហើយបើតាម​ការ​​រៀបរាប់​របស់​តារាកំប្លែងស្រីរូបនេះ បានឱ្យដឹងទៀតថា «នាយ​កៃដទើបតែ​លែងលះ​ប្រពន្ធដាច់ស្រេច​ជាង​5ខែ​នេះ​ទេ ដោយ​នាយ​កៃដតាម​ស្រឡាញ់​រូបនាង​យូរហើយ និង​ដោយឃើញ​ថា នាយបាន​លែង​លះ​ប្រពន្ធ​ដាច់ស្រេចហើយ និង​មិន​ជំពាក់ជំពិននឹង​ស្រី​ណា​ផ្សេង​ទៀត គួបផ្សំនឹង​​ខ្លួនក៏​​មិន​ចង់​នៅ​មេម៉ាយ​យូរ​ពេក ត្បិត​អី​​​ទ្រាំ​​ធ្វើ​ជា​ស្ត្រី​មេម៉ាយ​៧ឆ្នាំ​មក​ហើយផងដែរនោះ ក៏​សម្រេច​ចិត្ត​ជ្រើសរើស​នាយ​កៃដ​ជាគូអនាគត​តែ​ម្ដង​ទៅ»។

    គួរបញ្ជាក់ផងដែរ អ្នកនាងខ្ញុង និង នាយកៃដ បានទាក់ទងស្នេហាគ្នាអស់រយៈពេលជាង 2 ឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានក្លាយជាតារាកំប្លែងរបស់ក្រុមកំប្លែង CTN ហើយដែលបានជួបគ្នា ព្រមទាំងកាន់តែមានទំនាក់ទំនងស៊ីជម្រៅនោះ ដោយសារតែខណៈនោះមានការបង្កើត និងពង្រីកក្រុមកំប្លែងថ្មី ដោយបានកោះហៅអតីតក្រុមអ្នកមានសមត្ថភាពដែលធ្លាប់បានឆ្លងកាត់ការប្រឡងកាលពីពេលមុនៗ មកចូលរួមក្នុងក្រុមថ្មីនោះហ្នឹងឯង៕

  • ជប៉ុន​ផ្តល់​បច្ចេកទេស​សាងសង់​លូ​នៅ​ទីកន្លែង​តូចចង្អៀត

    ជប៉ុន​ផ្តល់​បច្ចេកទេស​សាងសង់​លូ​នៅ​ទីកន្លែង​តូចចង្អៀត

    ភ្នំពេញ៖ ស្រប​ពេលដែល​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិចលង់​ជា​បន្តបន្ទាប់​នៅតាម​ទីតាំង​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​បណ្តុះបណ្ដាល​ជំនាញ​សាង​បណ្តាញ​លូបង្ហូរទឹក​នៅក្នុង​ទីតាំង​ដែលមាន​កន្លែង​តូចចង្អៀត​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

    ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​សាធារណកា​រ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ដោយមាន​កំណើនប្រជាជន កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ដ ជាពិសេស​ក្នុង​ទីក្រុង និង​ទីប្រជុំជន​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន ការសាងសង់​សំណង់​ក្រោម​ដី ដូចជា​ការសាងសង់​ប​ណ្តា​ញ​លូ និង​បរិក្ខារ​ផ្លូវថ្នល់ផ្សេងៗបាន​ក្លាយជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​ក្រសួង ស្ថាប័ន និង​មន្ទីរ​សាធារណការ​ខេត្ត ដែល​ទទួលខុសត្រូវ​លើ​ការងារ​សាងសង់ ថែទាំ-ជួសជុល និង​សម្រាប់​វិស្វករ​សំណង់​ស៊ីវិល​ផងដែរ។

    ដើម្បី​បង្កើន​ការយល់ដឹង​បន្ថែម និង​បច្ចេកវិទ្យាថ្មីៗដែល​មិន​ចំណាយ​ច្រើន កាត់បន្ថយ​ផលប៉ះពាល់ ឬ​ការរំខាន​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​កម្រិត​អតិបរមា ផ្តល់​ផល​កម្រិត​អតិបរមា​នោះ នៅ​ថ្ងៃទី26 ខែកញ្ញា ឆ្នាំ2017 អគ្គនាយកដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ (SMCD) សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បានរៀបចំ​សិក្ខាសាលា វគ្គ​បំពាក់​បំប៉នបន្ថែម​មួយ​ដល់​មន្ត្រី​ជំនាញ​ដែល​កំពុង​បម្រើការ​តាម​នាយកដ្ឋាន និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​មួយចំនួន​ដែលជា​សេនាធិការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    សិក្ខាសាលា​ចំណាយពេល​ពេញ​មួយថ្ងៃ​ស្តីអំពី៖

    1.បច្ចេកវិទ្យា​នៃ​ការដាក់​លូ​ដោយ​មិន​ជីករណ្តៅ (Trenchless Pipe Installation/Pipe Jacking Method)។

    2.ផលិតផល​បណ្តាញ​លូ​ចាក់​រួចស្រេច​ដែលមាន​រង្វង់​មុខកាត់ផ្សេងៗ ឃឿន​ផ្លូវ​ធ្វើ​ពី​បេតុង​ចាក់​ស្រាប់ និង​ឥដ្ឋការ៉ូ​រៀប​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នៅ​កម្ពុជា​ក៏ត្រូវ​បានបង្ហាញ​នៅក្នុង​អង្គសិក្ខាសាលា​នេះ​ផងដែរ ។

    គួរ​បញ្ជាក់ថា អង្គសិក្ខាសាលា​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង មានការ​បញ្ចេញ​មតិយោបល់​ទទួលយក​នូវ​បច្ចេកទេស វិធីសាស្ត្រ​សាងសង់​លូ​ក្នុង​ទីកន្លែង​តូចចង្អៀត​ដែល​សមស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា និង​ចែករំលែក​ពីបទ​ពិសោធ​គ្នា​ទៅវិញទៅមក​រវាង​មន្ត្រី​បច្ចេកទេស​កម្ពុជា និង​អ្នកជំនាញ​របស់​អង្គការ(JICA)ជប៉ុន៕

  • UNICEF ថា កុមារ 80% ក្នុង​មណ្ឌល​កុមារកំព្រា មាន​ឪពុកម្តាយ

    UNICEF ថា កុមារ 80% ក្នុង​មណ្ឌល​កុមារកំព្រា មាន​ឪពុកម្តាយ

    អង្គការ UNICEF នៅ​កម្ពុជា​បាន​បង្ហាញថា មាន​កុមារ​ប្រមាណ 80% ដែល​កំពុង​រស់នៅក្នុង​មណ្ឌល​ថែទាំ ឬ​មជ្ឈមណ្ឌល​កុមារកំព្រា សុទ្ធ​តែមាន​ឪពុក ឬ​ម្តាយ​ដែល​នៅមាន​ជីវិត។ ទិន្នន័យ​នេះ​ត្រូវបាន​បង្ហាញ​ស្រប​ពេលដែល​អង្គ​ការដែល​ធ្វើ​ការងារ​សំខាន់​ពាក់ព័ន្ធ​នឹង​កុមារ​មួយ​នេះ​ចង់បង្ហាញ​ពី​គុណវិបត្តិ​នៃ​ការបរិច្ចាគ​ដោយ​មិន​ចំ​ទិសដៅ​ទៅកាន់​មជ្ឈមណ្ឌល​កុមារកំព្រា​មួយចំនួន។

     

    UNICEF Cambodia ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នក​បរិច្ចាគ​ទៅកាន់​មជ្ឈមណ្ឌល​កុមារកំព្រា​គួរ​មានការ​ប្រុងប្រយ័ត្ន ព្រោះ​ការដែល​បរិច្ចាគ​ទៅកាន់​មណ្ឌល​កុមារកំព្រា​ដែល​ប្រតិបត្តិការ​ក្នុង​រូបភាព​ជំនួញ វា​ប្រៀបដូចជា​ការចូលរួម​ចំណែក​ក្នុងការ​បំបែក​កុមារ​ចេញពី​គ្រួសារ​របស់គេ​ដោយ​មិនដឹង​ខ្លួន​ដូច្នោះ​ដែរ។ តាម​ការបង្ហាញ​របស់​អង្គការ​ខាងលើ​បាន​បញ្ជាក់ថា កុមារ​ដែល​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​មាន​ស្ថានភាព​ផ្លូវចិត្ត​មិនល្អ​ដូច​កុមារ​ដែល​រស់នៅ​ជួបជុំ​ជាមួយ​គ្រួសារ​នោះទេ ហេតុនេះ​សូម​រួមគ្នា​ជំរុញ​ឱ្យធ្វើ​យ៉ាងណា​ជួយ​ឱ្យ​កុមារ​បានរស់នៅ​ជាមួយនឹង​ក្រុមគ្រួសារ​វិញ​ប្រសើ​ជាជាង​ធ្វើការ​ជំរុញ ឬ​បរិ​ច្ចាគឱ្យ​កុមារ​ចេញពី​គ្រួសារ។

    ជា​ស្ថានភាព​ជាក់ស្តែង អង្គការ​មនុស្សធម៌​មួយចំនួន​ត្រូវបាន​គេ​រកឃើញថា កំពុង​ធ្វើ​ជំនួញ ឬ​កេងចំណេញ​លើ​ថវិកា​ដែល​ត្រូវ​ផ្តល់ឱ្យ​កុមារ​ទាំងនោះ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​សកម្មភាព​ទាំងនេះ​ជំរុញឱ្យមាន​ភាព​អសកម្ម​កាន់តែច្រើន​ដល់​កុមារ។

    លោក ប៉ត សុផល នាយក​ប្រតិបត្តិ​អង្គការ​បណ្តុះបណ្តាល​មូលដ្ឋាន​ដែលជា​អង្គ​ការជួយ​កុមារ​នៅក្នុង​សហគមន៍​ឃុំ​ជី​រ៉ូ នៃ​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា ការអប់រំ​កុមារ​នៅក្នុង​មូលដ្ឋាន ដោយ​ការផ្គត់ផ្គង់​ជា​សម្ភារ និង​ការបណ្តុះបណ្តាល​ជំនាញ ឬ​ភាសាបរទេស​ដល់​កុមារ អាច​ជំរុញ​ឱ្យ​ពួកគេ​ទទួលបាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​សមត្ថភាព ស្រប​ពេលដែល​ពួកគេ​នៅតែមាន​ភាពកក់ក្តៅ​ក្នុងការ​រស់នៅ​ជាមួយ​គ្រួសារ​របស់​ពួកគេ។ កុមារ​ពិតជា​ត្រូវការ​ការយកចិត្តទុកដាក់ ហេតុនេះ​ការជំរុញ​កុមារ​ឱ្យមាន​លទ្ធភាព​គ្រប់គ្រាន់​អាចជួយ​ដល់​ពួកគេ​ផង និង​សម្រាល​បន្ទុក​របស់​ពួកគេ​នៅ​មូលដ្ឋាន​ជាក់ស្តែង​ផង ដែល​នឹង​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ធនធានមនុស្ស​ដ៏​មានគុណ​ភាព​នៅ​ថ្ងៃ​អនាគត៕

  • ស្ពាន​ជ្រោយចង្វារ​ចាស់​ នឹង​ចាប់ផ្ដើម​បិទ​ការធ្វើ​ចរាចរ​នៅ​ថ្ងៃទី1 ខែតុលា

    ស្ពាន​ជ្រោយចង្វារ​ចាស់​ នឹង​ចាប់ផ្ដើម​បិទ​ការធ្វើ​ចរាចរ​នៅ​ថ្ងៃទី1 ខែតុលា

    ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​បញ្ចៀស​ការកកស្ទះ​គ្រា​ដែល​ស្ពាន​មិ​ត្ដ​ភាព​កម្ពុជា-ជប៉ុន (ជ្រោយចង្វារ​ទី1) ត្រូវធ្វើ​ការជួសជុល​កែលំអ​នៅ​ថ្ងៃទី1 ខែតុលា ឆ្នាំ2017 ខាងមុខ ហើយ​និង​ត្រូវ​បិទ​ការធ្វើ​ចរាចរ​ទាំងស្រុង​លើ​ស្ពាន​នេះ។ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​សាធារណជន​ដែលមាន​យានជំនិះ និង​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងទៀត​ដែល​ត្រូវ​ឆ្លងកាត់​ស្ពាន​នេះ​ឱ្យ​បានដឹង​ពី​ខ្សែ​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ធ្វើដំណើរ​ដូចខាងក្រោម​នេះ ៖

    1.រថយន្ដ​ធុន​ធំ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ6 ចូលមក​ភ្នំពេញ​ត្រូវ​វាង​ទៅតាម​ផ្លូវ​លី​យ៉ុង​ផាត់។

    2.ចំពោះ​យានយន្ដ​គ្រប់​ប្រភេទ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ6 ចូល​ភ្នំពេញ ពេលមកដល់​ចំណុច​ផ្លូវកែង​ត្រូវ​បត់​ស្ដាំ​ធ្វើដំណើរ​ឆ្ពោះទៅ​ស្ពាន​ព្រែក​ក្ដាម​នឹងធ្វើ​ដំណើរ​បន្ដ​ចូល​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ5។

    ក្នុងករណី​មានការ​កកស្ទះ​ចរាចរណ៍​ធ្ងន់ធ្ងរ​នៅ​ចំណុច​ការដ្ឋាន អ្នកបញ្ជា​យានយន្ដ​ត្រូវ​អនុវត្ដ​តាម​ការបញ្ជា​ចរាចរណ៍​របស់​សមត្ថ​កិច្ច។ ខណៈ​ស្ពាន​មិ​ត្ដ​កម្ពុជា-ចិន (ជ្រោយចង្វារ​ទី2) ត្រូវដាក់​ឱ្យធ្វើ​ដំណើរ​ស​ម្រា​ប់​ទិស​ចេញ និង​ចូល​រាជធានី​ភ្នំពេញ៕

  • ពលរដ្ឋ​ចេះ​ប្រើ​អ៊ី​ន​ធើ​ណិ​ត គឺ​ជួយ​ជំរុញ​សេដ្ច​កិច្ច​ជាតិ

    ពលរដ្ឋ​ចេះ​ប្រើ​អ៊ី​ន​ធើ​ណិ​ត គឺ​ជួយ​ជំរុញ​សេដ្ច​កិច្ច​ជាតិ

    យោងតាម​ទិន្នន័យ​មូលដ្ឋាន​ចេញផ្សាយ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ខែមិថុនា ឆ្នាំ2016 ចំនួន​អ្នក​ប្រើ​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​បាន​កើនឡើង​ពី 1.7 លាន​នាក់​កាលពី​ឆ្នាំ 2011 ដល់ 7.16 លាន​នាក់​នៅ​ឆ្នាំ 2016 ដោយ​ក្នុងនោះ​មាន​អ្នក​ប្រើ​បែប​ចល័ត​ចំនួន 7,074,483 នាក់ ស្មើនឹង 98.84 % និង​អចល័ត​ចំនួន 82,926 នាក់ ស្មើនឹង 1.16 %។

    កំណើន​អ្នកប្រើប្រាស់​នេះ បានរួម​ចំណែក​យ៉ាងសកម្ម​មួយ​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យមាន​សម្ទុះ​ទៅមុខ​ជា​លំដាប់។ នេះ​បើតាម​ប្រសាសន៍​របស់ លោកជំទាវ រស់ សូរ​ក្ខា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថ្លែង​នៅក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា 4G LTE ដែល​រៀបចំ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពីពេល​កន្លង​ទៅ។

    តាមរយៈ​ការវិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​នៅក្នុង​ប្រទេស​នេះ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​តម្រូវការ​របស់​សាធារណជន និង​ស្របទៅតាម​និន្នាការ​ថ្នាក់​តំបន់ និង​សកលលោក។ ក្នុងនោះ កំណើន​ពលរដ្ឋ​ចេះ​ប្រើ​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​កាន់តែច្រើន វា​បាន​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ចជាតិ តាមរយៈ​ការប្រើប្រាស់​កម្មវិធី និង​សេវាកម្ម​ផ្សេង ដែល​បម្រើ​ដល់​ចរន្ដ​សេដ្ឋកិច្ច ដូចជា​កម្មវិធី​របស់​ធនាគារ កម្មវិធី​ផ្ទេរប្រាក់ Wing, eMoney, Pipay, PayGo ជាដើម។

    លោកជំទាវ​បញ្ជាក់ថា៖ «កម្ពុជា ជា​ប្រទេស​មាន​សក្តានុពល​មួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​វិស័យ ICT ជាមួយនឹង​ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​កើនឡើង​ខ្ពស់ ហើយ​ការប្រើប្រាស់​អ៊ិន​ធើ​ណិ​ត​មាន​រហូតដល់​ទៅជា​ង 7 លាន​នាក់។ ទាំងនេះ វា​ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​យើង​ឱ្យ​ទៅមុខ​បាន​លឿន»។

    ចំនួន​អ្នក​ប្រើ​ទាំងនោះ សរុប​រួម​មកពី​ក្រុមហ៊ុន​ចំនួន 8 ដែល​ផ្ដល់​សេវា​អ៊ិន​ធើ​ណិ​ត រួមមាន Smart Axiata , Viettel,  CamGSM, Sotelco, XinWei, South East Asia Telecom, Cadcomms និង Star Digital MUDS TV។  ក្នុងនោះ មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត 19,484,692 (98,79 % នៃ​ចំនួន​អ្នកប្រើប្រាស់​សរុប) និង​មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​អចល័ត 238,118 (1,21% នៃ​ចំនួន​អ្នកប្រើប្រាស់​សរុប) ហើយ​មាន​ចំនួន​អ្នកប្រើប្រាស់​សរុប​ធៀប​ទៅនឹង​ចំនួន​ប្រជាជន 133%។

    ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហរដ្ឋអាមេរិក (Bilateral Meeting with the U.S.-ASEAN Business Council Delegates)ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានលើកឡើង​ពី​កំណើន​នៃ​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​នេះ និង​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​មក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា លើ​វិស័យ​បច្ចេកវិទ្យា ICT នេះ​ទៀតផង៕

  • និស្សិត​ជាច្រើន​យល់ច្រឡំ​ថា ទាល់តែ​រៀន ICT ទើប​មាន​ការងារ​ធ្វើ

    និស្សិត​ជាច្រើន​យល់ច្រឡំ​ថា ទាល់តែ​រៀន ICT ទើប​មាន​ការងារ​ធ្វើ

    «និស្សិត​ខ្មែរ​ភាគច្រើន​យល់ច្រឡំ​ថា ឱ្យតែ​ចង់​ចេះ​មុខវិជ្ជា​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ​សុទ្ធតែ​ត្រូវ​សិក្សា​ផ្នែក​បច្ចេកវិទ្យា ព័ត៌មានវិទ្យា (ICT)ទាំងអស់» នេះ​ជាការ​លើកឡើង​របស់​ប​ណ្ឌិ​ត ឯក មនោ​សែន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស ដែល​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ដ៏​ធំ​ប្រចាំឆ្នាំ​ស្តីពី យុទ្ធសាស្ត្រ​ក្នុងការ​ជ្រើសរើស​មុខជំនាញ​ដែល​ត្រឹមត្រូវ និង​ឱកាស​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស។

    លោក​បណ្ឌិត ឯក មនោ​សែន បានលើកឡើង​ផងដែរ​ថា យុវជន​បច្ចុប្បន្ន​តែងតែ​ឮ​គេ​និយាយថា ការងារ​នាពេល​បច្ចុប្បន្ន​ទាមទារ​ឱ្យ​ចេះ ICT ហើយម្នាក់ៗក៏​សម្រុក​មក​រៀន​ផ្នែក ICT ព្រោះតែ​មានការ​យល់ច្រឡំ។ តាមពិតទៅ​ការងារ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ចំណេះដឹង​កុំព្យូទ័រ តែ​មិនមែន​ត្រូវ​ការជំនាញ​បច្ចេកវិទ្យា ព័ត៌មាន​ទាំងអស់​នោះទេ។

    បណ្ឌិត ឯក មនោ​សែន បាន​និយាយថា៖ «គ្រប់​ការងារ​ទាំងអស់​មិនមែន​ត្រូវ​ការជំនាញ​ផ្នែក​កូដ ឬ​ផ្នែក​កម្មវិធីជ្រៅៗនៃ​មុខជំនាញ​ព័ត៌មានវិទ្យា​នោះទេ តែ​ការសិក្សា​ជំនាញ​កុំព្យូទ័រ​វា​មាន​បែបផែនផ្សេងៗគ្នា។ ជា​ឧទាហរណ៍ អ្នកសិក្សា​គណនេយ្យ​ត្រូវ​ការជំនាញ​កុំព្យូទ័រ តែ​គេ​មិនចាំបាច់​ត្រូវ​រៀន ICT នោះទេ គេ​រៀន​តែ​កម្មវិធី​មួយចំនួន​ដូចជា Quick Book ឬ Peach Tree ជាដើម​ក៏បាន ហើយ​អ្នកសិក្សា​ព័ត៌មានវិទ្យា​ក៏​មិន​ប្រាកដថា ចេះ​កម្មវិធី​ទាំងអស់​នេះដែរ»។

    អ្នកជំនាញ​ផ្នែក​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា តាមពិតទៅ​អ្នកណា​ក៏ត្រូវ​ចេះ​កុំព្យូទ័រ​ដែរ តែ​កម្មវិធី​មួយចំនួន​យើង​អាច​សិក្សា​វគ្គខ្លីៗ ឬ​រៀន​ដោយ​ខ្លួនឯងបាន ហើយ​នៅ​សាកលវិទ្យាល័យ​ក៏​គេ​មាន​បង្រៀន​វគ្គ​កុំព្យូទ័រ​ដែល​ត្រូវ​ជាមួយនឹង​អាជីព​ការងារ​នោះដែរ។ សូម​និស្សិត​កម្ពុជា​កុំ​មានការ​យល់ច្រឡំ​គិតថា បើ​ចង់​រៀន​ជំនាញ​ណាមួយ​ហើយ ត្រូវតែ​រៀន​ជំនាញ ICT មួយ​មុខ​ទៀត​ទើប​មានការ​ងារ​ធ្វើ ដែល​តាមពិតទៅ​វា​មិនមែន​ដូច្នោះ​ទេ៕

  • សេចក្តីប្រកាស​របស់​ក្រសួង​នឹងធ្វើ​ឱ្យ​ក្រុមហ៊ុន​ភ្នាក់ងារ​វាយតម្លៃ​អចលនវត្ថុ​ងាយស្រួល​ធ្វើការ

    សេចក្តីប្រកាស​របស់​ក្រសួង​នឹងធ្វើ​ឱ្យ​ក្រុមហ៊ុន​ភ្នាក់ងារ​វាយតម្លៃ​អចលនវត្ថុ​ងាយស្រួល​ធ្វើការ

    ដើម្បី​ធានាឱ្យមាន​និរន្ដរភាព និង​ជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​ឱ្យ​ដំណើរការ​កាន់តែ​ប្រសើរថ្មីៗនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ច្បាប់​ស្តីពី​ថ្លៃ​សេវា និង​កម្រៃជើងសា​វិជ្ជាជីវៈ សម្រាប់​ការផ្តល់​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​នានា។

    លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើកឡើងថា  ក្រោយពី​បានដឹង​ដំណឹង​នៃ​ការចេញ​សេចក្ដីប្រកាស​របស់​ក្រសួង លោក​ពិតជា​មានការ​សាទរ​ជាខ្លាំង និង​បាន​គាំទ្រ100% ទៅលើ​ចំណាត់ការ​របស់​ក្រសួង ព្រោះ​វា​ល្អ​ចំពោះ​សមាគម​ផង និង​ល្អ​សម្រាប់​ឧស្សាហកម្ម​អចលនទ្រព្យ​ទាំងមូល​ផង។ លោក​បន្ដថា ចំណាត់ការ​នេះ​ក្រៅពី​បានផ្ដល់​នូវ​ទំនុកចិត្ដដ​ល់​អតិថិជន និង​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការធ្វើសកម្មភាព​ជួញដូរ​លើ​អចលនទ្រព្យ​ហើយ​នោះ វា​ក៏បាន​ចូលរួមចំណែក​ក្នុង​ការរៀបចំ​ក្រុមហ៊ុន​អចលនទ្រព្យ​នានា​ដែល​រកស៊ី​លើ​វិស័យនេះ​ឱ្យ​កាន់​តែមាន​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ​ទៀតផង។

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើកឡើងថា ៖«កន្លងមក មាន​ភ្ញៀវ​ខ្លះ​បាន​លើកឡើងថា ក្រុមហ៊ុន​ចេះតែ​ទារ​ថ្លៃ​សេវា​តាម​ចិ​ត្ដ អត់​មាន​ក្បួន​អត់​មានច្បាប់ នៅពេល​ពួកគាត់​និយាយ​អ៊ីចឹង​យើង​ក៏​ពិបាក​និយាយ​ទៅវិញ​ដែរ ប៉ុន្ដែ​ក្រោយពេល​ក្រសួង​ចេញ​សេចក្ដីប្រកាស​បែបនេះ យើង​នឹង​ងាយស្រួល​ក្នុង​ការធ្វើការងារ និង​ពេល​ជជែក​ជាមួយ​អតិថិជន ព្រោះ​យើង​មាន​ភ័ស្ដុតាង​បង្ហាញ​ទៅ​ពួកគាត់​ថា យើង​ធ្វើ​អ្វី​ទៅតាម​ការកំណត់​របស់​ក្រសួង»។

    ដោយ​យោងតាម​ឧបសម្ព័ន្ធ​នៃ​ការប្រកាស​លេខ 761.សហវ.ប្រក ចុះ​ថ្ងៃទី31 ខែកក្កដា ឆ្នាំ2017 រូបមន្ត​នៃ​ការ​គណនា និង​មូលដ្ឋាន​នៃ​ការកំណត់ថ្លៃ​សេវា និង​កម្រៃជើងសា​វិជ្ជាជីវៈ​សម្រាប់​ការបំពេញ​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ​ដែល​ត្រូវ​ទិញ-លក់​ត្រូវ​បានកំណត់​ដូចជា៖

    សម្រាប់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ដូចជា ដីធ្លី និង​ផ្ទះសំបែង​ដែល​ទិញ ឬ​លក់​មានតម្លៃ​ស្មើនឹង៖

    – 100,000 ដុល្លារ ឬ​ក្រោម​នេះ ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ 0,170 % ឬ អប្បបរមា​ស្មើនឹង170 ដុល្លារ។

    – 1,000,001 – 5,000,000ដុល្លារ ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ 0,050%

    – 5,000,001 – 10,000,000ដុល្លារ ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ 0,030%

    – លើសពី 10,000,000ដុល្លា ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ 0,025% ។

    សម្រាប់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ និង​ក្រុមហ៊ុន​គ្រប់គ្រង​អចលនវត្ថុ

    1. 1. ការទិញ និង​លក់​អចលនវត្ថុ ដូចជា ដីធ្លី និង​ផ្ទះសំបែង

    -ចំពោះ​ការទិញ និង​លក់​ទាំងអស់​ត្រូវបាន​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ អប្បបរមា ៣% ក្នុង​រយៈពេល​ដែល​មិន​កំណត់។

    1. 2. ការជួល​អចលនវត្ថុ

    – ការជួល​អចលនវត្ថុ ដែលមាន​រយៈពេល​ក្រោម 1 ឆ្នាំ កម្រៃ​សេវា​វិជ្ជាជីវៈ​អាច​កំណត់​បាន​ទៅតាម​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងសងខាង គឺ​អ្នក​ជួល និង​ម្ចាស់​អចលនវត្ថុ។

    – ការជួល​អចលនវត្ថុ រយៈពេល1 ឆ្នាំ កម្រៃ​សេវា​វិជ្ជាជីវៈ គឺ​ត្រូវតែ​ស្មើនឹង​តម្លៃ​ជួល​អចលនទ្រព្យ 1 ខែ។

    – ការជួល​អចលនទ្រព្យ​លើសពី 1 ឆ្នាំ កម្រៃ​សេវា​វិជ្ជាជីវៈ គឺ​ត្រូវតែ​ស្មើនឹង​តម្លៃ​ជួល​អចលនទ្រព្យ 1 ខែ បូករួម​នឹង​ចំនួន 25% បន្ថែម ទៅតាម​សមាមាត្រ​នៃ​ការជួល​តាម​ឆ្នាំនីមួយ។

    ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន និង​ភ្នាក់ងារ​វាយតម្លៃ​អចលនទ្រព្យ ត្រូវបាន​លោក​គីម ហ៊ាង បញ្ជាក់ថា នៅពេល មិនទាន់មាន​ច្បាប់​កំណត់​អំពី​កម្រៃជើងសា​ច្បាស់លាស់ លោក​សង្កេតឃើញថា មាន​ក្រុមហ៊ុន​ខ្លះ​ទារ​ថ្លៃ​បាន​ច្រើន ក្រុមហ៊ុន​ខ្លះ​ទារ​ថ្លៃ​បាន​តិច ដោយសារតែ​វា​មិនមាន​តម្លៃ​ស្ដង់ដារ​ច្បាស់លាស់ ដូច្នេះ​នៅពេល​ក្រសួង​ចេញ​សេចក្ដីប្រកាស​តម្លៃ​ជា​ស្ដង់ដារ​អ៊ីចឹង គឺ​វា​ល្អ។ ទន្ទឹមនឹង​នេះដែរ យើង​ចាំបាច់​ណាស់​ត្រូវតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់នេះ​ដល់​សាធារណជន​ឱ្យ​យល់ច្បាស់​ពី​បញ្ហា​នេះ។

    លោក គីម ហ៊ាង បញ្ជាក់ថា៖ «បើទោះជា​ក្រសួង​បានចេញ​សេចក្ដីប្រកាស​ហើយក៏​ពិតមែន ប៉ុន្ដែ​សមាគម​អត់​ទាន់​បានធ្វើការ​អី​ទេ ព្រោះ​យើង​រង់​ចាំមើល​សិន ក្រែងលោ​មានការ​ប្រែប្រួល ប្រសិនបើ​អត់​មានការ​ប្រែប្រួល​អ្វី​ទេ យើង​នឹងធ្វើ​កម្មវិធី​ផ្លូវការ​មួយ​ដើម្បី​ប្រកាស​ពី​ព័ត៌មាន​ទាំងអស់​ហ្នឹង»។ លោក​បន្ដថា ការផ្សព្វផ្សាយ​ព័ត៌មាន​បែប​ហ្នឹង វា​នឹង​ធ្វើឱ្យ​ដំណើរ​ការធ្វើការងារ​រ​វាង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ និង​អតិថិជន​កាន់​តែមាន​ភាពល្អប្រសើរ និង​កាត់បន្ថយ​ការ​តថ្លៃ​គ្នា​លើ​បញ្ហា​កម្រៃជើងសា។

    ទោះបី​ជាមាន​ការចេញ​សេចក្ដីប្រកាស​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​ប្រកួតប្រជែង​គ្នា​ដោយ​ភាពស្មោះត្រង់​ក៏ដោយ ក៏​លោក​គីម ហ៊ាង បញ្ជាក់ថា វា​មានការ​លំបាក​ដែរ​ក្នុងការ​ធ្វើឱ្យ​ក្រុមហ៊ុននីមួយៗរកស៊ី​ដោយស្មោះ​ត្រង់។ យ៉ាងណា ក៏​នៅតែមាន​ក្រុមហ៊ុន​មួយចំនួន​ខូចខិល តែបើ​យើង​មានច្បាប់​ហើយ អ្នកឯង​មិន​គោរព​ច្បាប់ គឺ​ស្មើនឹង​អ្នកឯង​នៅក្រៅ​ច្បាប់។ អ្នកខ្លះ​គេ​បង្កើត​ច្បាប់​ហើយ អត់​គោរព​ទេ ដល់ពេល​គេ​អនុវត្ដ​ច្បាប់ ខ្លួន​ចាប់ផ្ដើម​និយាយថា អ​យុត្ដិធម៌៕

  • ដល់​ពេលដែល​ប្រទេស​អាស៊ាន​បើក​របាំង​ពន្ធគយ​ហើយ

    ដល់​ពេលដែល​ប្រទេស​អាស៊ាន​បើក​របាំង​ពន្ធគយ​ហើយ

    ភ្នំពេញ៖ មកទល់​ឆ្នាំ2017នេះ ការងារ​ក្នុងប្រទេស​អាស៊ាន​កាន់តែ​មាន​ភាព​វិ​វ​ឌ្ឍ​ទៅមុខ​គួរឱ្យកត់សម្គាល់ ដោយ​ក្នុងនោះ​ប្រទេស​ជា​សមាជិក​អាស៊ាន​បានរួម​ឯកភាពគ្នា​ជា​ធ្លុង​មួយ​ក្នុងការ​លើកលែង​ពន្ធ​ដល់​គ្នា​ទៅវិញទៅមក។ តើ​មាន​ប្រទេស​ណាខ្លះ​ហើយ ដែល​បាន​លើកលែង​ពន្ធ​នាំចេញ​នាំចូល​នេះ?

    នៅ​ខែកញ្ញា ឆ្នាំ2017 កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លើក​ទី49បានធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ា​សៃ ប្រទេស​ហ្វីលីពីន រួមមាន​តំណាង​ប្រតិភូ​ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាមួយនឹង​ដៃគូ​ពិភាក្សា​របស់​អាស៊ាន​រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋ​កូរ៉េ នូ​វែ​ល​ហ្សេ​ឡង់ រុស្សី និង​សហរដ្ឋអាមេរិក។

    កិច្ចប្រជុំ​នេះ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ដោយ​ប្រទេស​ក្នុង​អាស៊ាន​បានរួម​គ្នា​លើកលែង​របាំង​ពន្ធ​ស្ទើរតែ 100% ទៅហើយ ដោយ​ក្នុងនោះ​ការលុបចោល​របាំង​ពន្ធគយ​ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​លើ​ទំនិញ បាន​បង្ហាញថា ប្រទេស​ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ (ASEAN 6) បាន​លុបចោល 99.2% នៃ​បន្ទាត់​ពន្ធគយ។ ដោយឡែក​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV) បាន​លុបបំបាត់​នូវ 90.9% នៃ​បន្ទាត់​ពន្ធគយ​សរុប​ដែល​គិត​ជា​មធ្យម​មាន96.01នៃ​បន្ទាត់​ពន្ធគយ​សរុប​ត្រូវបាន​លុបបំបាត់​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន។

    ជាមួយ​កិច្ចពិភាក្សា​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កាណាដា រួមបញ្ចូល​កិច្ចពិភាក្សា​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-កាណាដា (6th AEM-Canada Consultations including Dialogue with Canada – ASEAN Business Council (CABC)៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ស្វាគមន៍​ចំពោះ​ការបញ្ចប់​នូវ​ការសិក្សា​បឋម​រួម​ក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន-កាណាដា។ ក្រៅពីនោះ​ផងដែរ រដ្ឋមន្ត្រី​អាស៊ាន​ក៏បាន​កត់សម្គាល់​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ 2016-2020 ក្នុងការ​អនុវត្ត​សេចក្ដីប្រកាស​រួម​ស្ដីពី​ពាណិជ្ជកម្ម និង​វិនិយោគ​អាស៊ាន-កាណាដា ដែលមាន​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី និង​គាំទ្រ​ដល់​កិច្ច​ផ្ដួចផ្ដើមផ្សេងៗដោយ​វិស័យ​ឯកជន។

    គួរ​បញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លើក​ទី16 (16th AEM-MOFCOM (China) Consultations) កន្លងទៅ​បានបង្ហាញ​ឱ្យដឹងថា ពាណិជ្ជកម្ម​លើ​ទំនិញ​រវាង​អាស៊ាន និង​ចិន​មានតម្លៃ 368 ប៊ី​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2016 ស្មើនឹង 16.5% នៃ​ទំហំ​ពាណិជ្ជកម្ម​លើ​ទំនិញ​សរុប​របស់​អាស៊ាន។ ចំណែក​លំហូរ​វិនិយោគ​ដោយផ្ទាល់​ពី​បរទេស(FDI) ពី​ប្រទេស​ចិន​មក​អាស៊ាន មានតម្លៃ 9.2ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ2016 ស្មើនឹង 9.5% នៃ​លំហូរ​សរុប​របស់​អាស៊ាន៕

  • និស្សិត​ធ្លាប់​បាន​ជាប់​អាហា​រូបករណ៍​ប្រាប់​ពី​ជីវិត​ពិត​នៃ​ការ​ទៅ​រៀន​បរទេស

    និស្សិត​ធ្លាប់​បាន​ជាប់​អាហា​រូបករណ៍​ប្រាប់​ពី​ជីវិត​ពិត​នៃ​ការ​ទៅ​រៀន​បរទេស

    ការជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​គឺជា​ក្តី​រំពឹង​របស់​និស្សិត​ជាច្រើន​នៅ​កម្ពុជា តែមាន​និស្សិត​មួយចំនួន​ហាក់​មានការ​យល់ច្រឡំ បន្ទាប់ពី​ពួកគេ​ត្រូវ​ខកចិត្ត​ក្រោយពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កញ្ញា ឡៅ ដា​នេ អតីត​និស្សិត​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ Bridgewater State University បាន​លើកឡើងថា ការ​ទៅ​សិក្សា​នៅ​បរទេស​មិនមែន​ទៅ​តែ​រៀន​ទាំងស្រុង​នៅក្នុង​សាលា​នោះទេ តែ​គោលបំណង​សំខាន់​គឺ​ការ​ទៅ​មើល​ពី​របៀប​រស់នៅ និង​ការអភិវឌ្ឍ ឬ​រៀន​ពី​សង្គម​របស់គេ​ដើម្បី​យក​ចំណេះដឹង​មួយចំនួន​មក​អភិវឌ្ឍ​សង្គម​របស់​យើង។

    កញ្ញា​បាន​បន្ថែមទៀតថា សូម​កំណត់​គោលបំណង​ឱ្យបាន​ច្បាស់​មុនពេល​សម្រេចចិត្ត​ទៅ ព្រោះថា ការជាប់​អាហារូបករណ៍​ទៅ​ផ្លាស់ប្តូរ​ការសិក្សា (exchange)នៅ​បរទេស​មិនមែន​សុទ្ធតែ​ចំណេញ​ទាំងអស់​នោះទេ​សម្រាប់​និស្សិតម្នាក់ៗ ប្រសិនបើ​កម្មវិធី​ណា​ដែល​យើង​មិន​ពេញចិត្ត យើង​មិនបាច់​ទៅ​ក៏​បានដែរ ព្រោះ​វា​អាចធ្វើឱ្យ​យើង​ខាត​ពេលវេលា​ជាជាង​រៀន​នៅ​សាកលវិទ្យាល័យ​ក្នុងស្រុក​ទៅវិញ​ទេ។

    បង្ហាញ​លើ​ចំណុច​ស្រដៀង​គ្នា​នេះដែរ លោក ឌុ​ច ឡា​លីន និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​ផ្លាស់ប្តូរ​បទពិសោធ​នៅ​សហរដ្ឋអាមេរិក​បានលើកឡើង​ថា សូម​ឈប់​គិតថា ការជាប់​អាហារូបករណ៍​ជាការ​ត្រូវ​ឆ្នោត​រង្វាន់​ធំ តែ​ត្រូវ​គិតថា វា​គ្រាន់តែ​ជា​បទពិសោធ និង​ដំណើរ​ផ្សងព្រេង​ថ្មី​មួយ​សម្រាប់​ជីវិត​តែប៉ុណ្ណោះ។

    លោក ឌុ​ច ឡា​លីន បាន​និយាយថា៖ «ការសិក្សា​នៅ​បរទេស វា​គ្រាន់តែ​ជា​បទពិសោធ​ដែល​យើង​ត្រូវ​ទទួលយក​ពី​បរិស្ថាន​ថ្មី​មួយ ហើយ​ដកស្រង់យក​នូវ​អ្វីដែល​យើង​បានឃើញ​ពី​សង្គម និង​ពី​ចំណេះដឹង​ជុំវិញខ្លួន​មក​ធ្វើជា​បទពិសោធ​សម្រាប់​ជំនួយ​ដល់​ការងារ និង​ការរស់នៅ​ពេល​ត្រឡប់មក​ស្រុក​វិញ​តែប៉ុណ្ណោះ»។

    បើតាម​និស្សិត​ដែល​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ខាងលើ និស្សិត​កម្ពុជា​មិនគួរ​ផ្តោត​វាសនា​ទាំងស្រុង​តែ​លើ​ការសិក្សា​នៅ​បរទេស​នោះទេ ព្រោះថា ចំណេះដឹង​ពិតប្រាកដ​ទើប​ជា​ចំណុច​ដែល​សំខាន់​សម្រាប់​វិស័យ​ការងារ​នៅ​កម្ពុជា ហើយ​ការចង់​ផ្លាស់​ប្តូរជីវិត​ដោយ​ផ្អែកលើ​សញ្ញាបត្រ​ពី​បរទេស​ទាំងស្រុង​មិនមែនជា​រឿង​ត្រឹម​ត្រុ​វ​ពេក​ឡើយ​សម្រាប់​និស្សិត​កម្ពុជា​យើង។

    ស្រដៀង​គ្នា​នេះដែរ លោក គីម ដា​រ៉ា អតីត​និស្សិត​ដែល​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន បាន​លើកឡើងថា ការប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ត្រូវតែមាន​គោលបំណង​ឱ្យបាន​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ យើង​នឹង​ខាតបង់​ជាក់​ជាមិនខាន។ និស្សិត​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពីអ្វី​ដែល​យើង​ចង់បាន ហើយ​ទៅយក​ចំណុចសំខាន់ៗទាំងអស់នោះ​ពី​បរទេស​មក​ដើម្បី​បំពេញ​នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន​សម្រាប់​អភិវឌ្ឍ​សង្គម​បន្ទាប់ពី​ត្រឡប់មក​ប្រទេស​ដើម​វិញ ជា​ឧទាហរណ៍ ដូចជា​និស្សិត​ទៅ​សិក្សា​ផ្នែក​បច្ចេកទេស​នៅ​បរទេស គឺ​ពួកគាត់​ទៅប្រើ​ប្រាស់​បន្ទប់​ពិសោធទំនើបៗនៅ​បរទេស​ដើម្បី​យកចំណេះ​ដឹង​ទាំងអស់​នោះមក​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​ដែល​កំពុង​ជួបប្រទះ​ជាដើម៕

  • មួយ​នេះហើយ ជា​ស្មា​ត​ហ្វូ​ន​ដែល Huawei ថា អាច​ស៊ីដាច់ Samsung និង Apple…

    មួយ​នេះហើយ ជា​ស្មា​ត​ហ្វូ​ន​ដែល Huawei ថា អាច​ស៊ីដាច់ Samsung និង Apple…

    កាលពីដើម​ខែកញ្ញា លោក Richard Chu ដែលជា​នាយក​ជាន់ខ្ពស់​ផ្នែក​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Huawei បាន​បង្ហើប​ម្ដង​រួចមកហើយ​ស្ដីពី​សមត្ថភាព​ដ៏​ខ្លាំង​របស់​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ដែល​អាច​ស៊ីដាច់​គូប្រកួត​ប្រជែង​ដូចជា Apple និង Samsung បាន ហើយ​ទាំងអស់នេះ​ជា​រូបរាង និង​លក្ខណសម្បត្តិ​របស់ Mate 10 ដែល​ត្រូវបាន​ចែកចាយ​ពេញ​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត។

    តាម​ការចុះផ្សាយ​លើ​គេហទំព័រ​បច្ចេកវិទ្យា GSM Arena បាន​បញ្ជាក់ថា ទាំងអស់នេះ​ជា​រូបភាព​របស់​ស្មា​ត​ហ្វូ​ន Mate 10 ថ្មី​របស់ Huawei ដែល​ក្រុមហ៊ុន​ត្រៀម​បើកសម្ពោធ​នៅ​ខែតុលា។ ក្រុមហ៊ុន​អាច​ចេញ 2 ស៊េរី ដោយ​មួយ​ជា​ម៉ូ​ដែល Pro មាន​សមត្ថ​ភាពខ្លាំង និង​មាន​រាង​ប្លែក​ជាង​ម៉ូ​ដែល​ធម្មតា ហើយ​ប្រើប្រាស់​បន្ទះ​ឈី​ប Kirin 970 ដែល​អាច​គាំទ្រ​បច្ចេកវិទ្យា AI។

    រូបភាព​ដែល​ទ​ទូល​បាន​បញ្ជាក់ថា ម៉ូ​ដែល Mate 10 មាន​ទ្រនាប់​ស្គែ​ន​ខ្ចៅដៃ​នៅ​ផ្នែក​ខាងមុខ ចំណែកឯ Mate 10 Pro វិញ​មាន​ទ្រនាប់​ស្គែ​ន​ខ្ចៅដៃ​នៅ​ផ្នែក​ខាងក្រោយ​ស្ថិតនៅ​ខាងក្រោម​បណ្ដុំ​កាមេរ៉ា​ភ្លោះ ហើយ​មាន​ថាមពល​ថ្ម 4000 mAh ភ្ជាប់​នូវ​មុខងារ Super Charge។ ចំពោះ​ផ្នែក​កាមេរ៉ា​វិញ វា​ទាំង 2 នៅតែ​ប្រើ​កាមេរ៉ា​ភ្លោះ​មកពី​ក្រុមហ៊ុន Leica ដដែល ដោយមាន​កម្រិត Aperture ទំហំ​ធំជាងគេ​ក្នុង​លោក F/1.6 លើ Lens ទាំង 2 តែម្ដង និង​អ្វីដែល​ថ្មី​មួយទៀត​នោះ គឺ​ពួកវា​នឹងមាន​បំពាក់​នូវ​មុខងារ​ការ​ពារ​ជម្រាប​ទឹក IP67 និង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត LTE មាន​ល្បឿន​ដល់ 1.2Gbps (Cat. 18)៕