Category: សង្គម និងសេដ្ឋកិច្ច

  • Newcastle ធ្វើ​ឲ្យ Liverpool ខកចិត្ត ទោះបី Coutinho រកបាន​គ្រាប់​បាល់

    Newcastle ធ្វើ​ឲ្យ Liverpool ខកចិត្ត ទោះបី Coutinho រកបាន​គ្រាប់​បាល់

    ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អឥតខ្ចោះ​ពី​សំណាក់​ខ្សែបម្រើ​ឆ្នើម Philippe Coutinho បាន​ជួយ​ឲ្យ​ក្រុម Liverpool បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 នៅលើ​ទឹកដី​ក្រុម Newcastle United កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ នេះ​គឺជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ខកចិត្ត​មួយ​ផ្សេងទៀត​សម្រាប់​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​គឺ​លោក Jurgen Klopp។

    ការទទួល​ជ័យជម្នះ​នឹងធ្វើ​ឲ្យ​ពួកគេ​ឡើងទៅ​ឈរ​ពីលើ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Chelsea និង​ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង4នៃ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ ផ្ទុយទៅវិញ​ក្រុម Liverpool បាន​ជួប​ភាព​ត្រដាបត្រដួស​ម្តងទៀត​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី។ ក្រុម​របស់លោក Klopp មាន​ភាគរយ​នៃ​ការគ្រប់គ្រង​បាល់​ច្រើនជាង​ដល់​ទៅ2ដង​បើ​ធៀប​ទៅនឹង​ក្រុម Newcastle  ប៉ុន្តែ​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន និង​ត្រូវតែ​ពឹងផ្អែក​ទៅលើ​គ្រាប់​បាល់​បញ្ចូល​ទី​ពី​ចម្ងាយ​របស់ Coutinho ក្នុងការ​ទទួលបាន1ពិន្ទុ​នា​កីឡដ្ឋាន St James’ Park។ ក្រុម Newcastle ដែល​ត្រូវបាន​ដឹកនាំ​ដោយ​អតីត​គ្រូបង្វឹក​របស់ Liverpool គឺ​លោក Rafael Benitez នោះ បាន​រក្សា​កំណត់ត្រា100ភាគរយ ខណៈដែល​ពួកគេ​បានធ្វើការ​ការពារ​យ៉ាង​រឹងមាំ និង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី នៅពេលដែល Joselu បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ នៅ​មុនពេល​បញ្ចប់​តង់​ទី1។

    លោក Klopp បាន​ប្រាប់​ទូរទស្សន៍ BBC ថា៖ «ខ្ញុំ​ពិតជា​ខកចិត្ត​ណាស់ និង​ឆ្អែត​ចិត្ត​ចំពោះ​អ្វីដែល​អ្នក​ចង់បាន។ ពួកគេ (ក្រុម Newcastle) មានឱកាស​តែ1លើក​គត់ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែម្តង។ បញ្ហា​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​យុត្តិធម៌​សោះ។ ប្រសិនបើ​អ្នក​មិន​ជួយ​ខ្លួន​អ្នក គ្មាន​នរណាម្នាក់​ជួយ​អ្នក​បានឡើយ។ វា​នឹង​បន្ត​បែបនេះ​រហូត​លុះត្រាតែ​យើង​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី»៕

    ប្រភពពី៖ Sports.yahoo

  • កម្ពុជា​មានលទ្ធភាព​នាំ​គ្រឿង​សមុទ្រ​រាប់សិប​តោន​ទៅ​ក្រៅប្រទេស

    កម្ពុជា​មានលទ្ធភាព​នាំ​គ្រឿង​សមុទ្រ​រាប់សិប​តោន​ទៅ​ក្រៅប្រទេស

    ភ្នំពេញ៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា កម្ពុជា​ហាក់​មាន​កង្វះខាត​ក្នុងការ​ផ្ត​ត់​ផ្គង់​គ្រឿង​សមុទ្រ នៅលើ​ទីផ្សារ​របស់​ខ្លូន​នៅឡើយ ពិសេស​នៅ​រដូវ​បុណ្យទានម្តងៗ តម្លៃ​គ្រឿង​សមុទ្រ​ឡើងថ្លៃ​ខ្ពស់ តែថ្មីៗនេះ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ចេញ​របាយការណ៍​ដែល​បង្ហាញថា កម្ពុជា​អាច​នាំ​គ្រឿង​សមុទ្រ​ទៅ​ក្រៅប្រទេស​រាប់សិប​តោន​ក្នុងមួយឆ្នាំ។

    យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ​កម្ពុជា​បាន​នាំចេញ​ផល​នេសាទ​សមុទ្រ​ទៅកាន់​ប្រទេស​ចិន សិង្ហ​បុរី ជប៉ុន​កូរ៉េខាងត្បូង​អូស្ត្រាលី សហរដ្ឋអាមេរិក ថៃឡង់​ដ៏ និង​វៀតណាម​ក្នុង​ចន្លោះ​ពី 25តោន ទៅ30ពាន់​តោន ហើយ​ជប៉ុន គឺជា​ប្រទេស​ដែល​នាំចូល​ពី​កម្ពុជា​ធំជាងគេ។ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS ដែល​ធ្វើ​បច្ចុប្បន្នភាព ដោយ​រាជរដ្ឋាភិបាល​កាលពីដើមឆ្នាំ 2014 វិស័យ​ជលផល​ត្រូវបាន​ចាត់ទុកជា​ផលិតផល​អាទិភាព ដែលមាន​សក្តានុពល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​ពិភពលោក ខណៈដែល​ប្រទេស​កម្ពុជា​កំពុងមាន​តម្រូវការ និង​នាំចូល​ពី​ប្រទេសជិតខាង​ទៀតផង។

    ក្នុង​យុទ្ធសាស្ត្រ​នាំចេញ​ផល​នេសាទ​នេះ កាលពី​ថ្ងៃទី29 ម្សិលមិញ​នេះ នៅក្នុង​ទី​រួម​ខេត្តកំពត​ក្រសួងពាណិជ្ជកម្ម​បាន​បើក​សម្ភោ​ធ​ផ្សារ​រួម​ដំបូង​គេ​ជា​ផ្លូវការ​របស់​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ដើម្បី​បង្កើន​ចង្វាក់​តម្លៃ និង​ពង្រីក​ការនាំចេញ​ជលផល​សមុទ្រ​កម្ពុជា​ទៅកាន់​ទីផ្សារ​ជាតិ និង​អន្តរជាតិ។

    ផ្សារ​រួម​នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​ហិរញ្ញប្បទាន​របស់​គម្រោង​ជលផល​សមុទ្រ នៃ​កម្មវិធី​ពិពិធ​កម្ម និង​ពង្រីក​ការនាំចេញ​កម្ពុជា (CEDEP II) ដំណាក់កាល​ទី2 ក្នុង​ទំហំ​ទឹកប្រាក់ 5,000ដុល្លារ​សហរដ្ឋអាមេរិក ដែលមាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ជា​អ្នកសម្របសម្រួល និង​អនុវត្ត​ដោយ​អភិវឌ្ឍន៍​វិស័យ​ឯកជន សហការ​ជាមួយ​អង្គការសហប្រជាជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO)។

    នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា វិស័យ​ជលផល​គឺជា​និមិត្តរូប​តំណាងឱ្យ​ប្រភព​ដ៏​សំខាន់​នៃ​រូបិយប័ណ្ណ​ជាតិ ដែល​បានផ្ដល់​ផលចំណេញ​ដល់​ប្រជា​នេសាទ និង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ប្រមាណ​ជាង6លាន​នាក់។ ឯកឧត្តម​បាន​បន្តទៀតថា ផ្សារ​រួម​នេះ​នឹង​ដើរតួ​ជា​មជ្ឈមណ្ឌល​សេវាកម្ម និង​ផ្តល់ព័ត៌មាន​រវាង​អ្នកលក់ និង​អ្នកទិញ​ផល​នេសាទ​សមុទ្រ ជាពិសេស​ផ្តល់ឱកាស​ជូន​ប្រជា​នេសាទ និង​សមាជិក​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ធ្វើការ​ដាក់លក់​ជលផល​សមុទ្រ ដើម្បី​បង្កើន​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ “ខ្ញុំ​សូម​ជូនពរ​ឲ្យ​ដំណើរ​ការលក់​ក្នុង​ផ្សារ​រួម​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​បានជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជា​នេសាទ និង​សមាជិក​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា” ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍។

    ទន្ទឹមគ្នានេះ ឯកឧត្តម ចាន់ ជេ​ស្តា ក៏បាន​សម្តែង​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​ផ្សារ​រួម​នៃ​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា និង​បានបង្ហាញ​ជំនឿ​ថា ផ្សារ​រួម​នេះ​នឹង​ជួយ​បង្កើត​ការងារ និង​ប្រាក់ចំណូល​បន្ថែម​ជូន​ប្រជាជន ព្រមទាំង​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​នៅក្នុង​ខេត្តកំពត​ផងដែរ។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម និង​អង្គការ UNIDO ព្រមទាំង​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ដែល​បាន​សហការ​បង្កើត​ឲ្យ​មាន​ផ្សារ​រួម​នេះ​ឡើង។

    អ្នកសេដ្ឋកិច្ច​និយាយថា បច្ចុប្បន្ន​កម្ពុជា​កំពុងមាន​តម្រូវការ​គ្រឿង​សមុទ្រ​នៅលើ​ទីផ្សារ​ខ្លួន ដែល​រដ្ឋាភិបាល​គួរ​កាត់បន្ថយ​ការនាំចេញ និង​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុងស្រុក ចែកចាយ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ឱ្យមាន​ចំនួន​ច្រើនឡើង​ដើម្បី​កាត់បន្ថយ ការ​នាំចូល​គ្រឿង​សមុទ្រ​ពី​ក្រៅប្រទេស ដែល​មួយចំនួន​ជា​គ្រឿង​សមុទ្រ​អ​សុវត្ថិភាព​ទៀតផង៕

  • កម្ពុជា​កំពុង​ប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យបាន​ផែន​ការតភ្ជាប់​អាស៊ាន 2025

    កម្ពុជា​កំពុង​ប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យបាន​ផែន​ការតភ្ជាប់​អាស៊ាន 2025

    ភ្នំពេញ- តាមរយៈ​កិច្ចប្រជុំ​អាស៊ាន+3 (ចិន ជប៉ុន កូរ៉េ) ស្តីពី​ការលើកកម្ពស់​ការតភ្ជាប់​ក្នុង​តំបន់ និង​ឆ្ពោះទៅ​សហគមន៍​អាស៊ី​ខាងកើត កម្ពុជា​បានបង្ហាញ​ពី​ការត្រៀមខ្លួន​ក្នុង​ការជួយ​ដល់​អាស៊ាន ពិសេស​ដើម្បី​អនុវត្ត​ផែនការ​ថ្មី​ស្តីពី​ការតភ្ជាប់​អាស៊ាន 2025។

    លោក គង់ សុផល អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវគោក បានលើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុង​រយៈពេល2ទសវត្សរ៍​កន្លងមក​ក្នុងការ​អភិវឌ្ឍ​ប្រទេស ពិសេស​តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ជា​អាទិភាព​លើ​ការស្តារ​វិស័យ​ដឹកជញ្ជូន ទាំង​ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស កំពង់ផែ និង​ជាពិសេស​បណ្តាញ​ផ្លូវជាតិ​ដែល​ធ្វើការ​អភិវឌ្ឍ និង​ត​ភ្ជាប់​ទៅ​អនុតំបន់ ឬ​តំបន់​ផ្សេងទៀត។

    ក្នុង​កិច្ចប្រជុំ​អាស៊ាន+3 (ចិន ជប៉ុន កូរ៉េ) ស្តីពី ការលើកកម្ពស់​ការតភ្ជាប់​ក្នុង​តំបន់ និង​ឆ្ពោះទៅ​សហគមន៍​អាស៊ី​ខាងកើត​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ នា​ថ្ងៃទី29 ខែកញ្ញា ឆ្នាំ2017 ក៏មាន​ការចូលរួម​ពី​តំណាង​ធនាគារធំៗ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារ​អភិវឌ្ឍន៍​ចិន (CDB), ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)។

    អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវគោក បន្ដថា បច្ចុប្បន្ននេះ បណ្តាញ​គមនាគមន៍​ក​ម្ពុ​ជា​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការតភ្ជាប់​ទៅ​បណ្តា​ប្រទេសជិតខាង និង​ក្នុង​តំបន់​ដោយ​មិនមាន​បង្ក​ជា​ឧបសគ្គ​ឡើយ។ ស្របពេល​ជាមួយគ្នានេះ កម្ពុជា​ក៏បាន​ដាក់​ជា​យុទ្ធសាស្ត្រ​ក្នុងការ​សាងសង់​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ក្នុង​គោលបំណង​ពង្រីក​ចំណងមិត្តភាព​សហប្រតិបត្តិ​ការ តាម​ព្រំដែន​ប្រទេសជិតខាង ដែល​មកដល់ពេលនេះ​បាន​រួចរាល់​ប្រមាណ70% ហើយ ដែល​ធ្វើឱ្យ​ការតភ្ជាប់​តាមផ្លូវ​គោក​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​មុន ។

    ក្នុងឱកាស​នោះដែរ​កម្ពុជា​បានស្នើ​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​ខិតខំ​សហការគ្នា​ដើម្បី​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​សម្របសម្រួល​ការងារ​ដឹក​ជញ្ជូន​នានា​ដែល​បាន​ចុះហត្ថលេខា​កន្លងមក ដូចជា​កិច្ចព្រមព្រៀង ស្តីពី​ការសម្របសម្រួល​ការងា​រដឹក​ជញ្ជូន​ឆ្លងកាត់​ក្នុង​មហា​អនុតំបន់​មេគង្គ (GMS Cross Border Transport Facilitation Agreement) កិច្ចព្រមព្រៀង ស្តីពី​ការសម្របសម្រួល​ការងា​រដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្នុង​តំបន់​អាស៊ាន (ASEAN Framework Agreement on the Facilitation of Goods in Transit, AFAFGIT) និង​កិច្ចព្រមព្រៀងដទៃៗទៀត​ដែល​ថ្នាក់ដឹកនាំ​បាន​ឯកភាព និង​ទទួលបាន​សច្ចាប័ន​ពី​ស្ថាប័ន​នីតិបញ្ញត្តិ រួចរាល់​ហើយ។

    ជាងនេះទៅទៀត​កម្ពុជា​ក៏បាន​ស្នើ​ឲ្យ​បញ្ចូល​មន្ត្រី​បច្ចេកទេស​នៃ​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ទាំង3ចូលរួម​ជាមួយ​ក្រុមការងា​រ​ជំនាញ​នានា​របស់​អាស៊ាន​ដើម្បី​សហការ​អនុវត្ត​សេចក្ដីសម្រេច​រួម កិច្ចព្រមព្រៀង និង​ផែនការ​នានា​ដែល​អនុម័ត​ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន+3 កន្លងមក​ទៀតផង៕

  • អ្នកគាំទ្រ Real ប្រឆាំង​ប្រជាមតិ​នៅ Catalonia ខណៈ Barcelona លេង​គ្មាន​អ្នកទស្សនា

    អ្នកគាំទ្រ Real ប្រឆាំង​ប្រជាមតិ​នៅ Catalonia ខណៈ Barcelona លេង​គ្មាន​អ្នកទស្សនា

    អ្នកគាំទ្ររបស់ក្រុម Real Madrid បានធ្វើការតវ៉ាប្រឆាំងនឹងការធ្វើប្រជាមតិដណ្តើមឯករាជ្យនៅតំបន់ Catalonia ក្នុងពេលក្រុមយក្សរបស់អេស្ប៉ាមួយនេះ បានយកឈ្នះលើក្រុម Espanyol ក្នុងលទ្ធផល 2 ក្នុងការប្រកួតក្របខ័ណ្ឌ La Liga តាមរយៈការលើកទង់ជាតិរបស់អេស្ប៉ា ពីលើក្បាលរបស់ពួកគេ កាលពីថ្ងៃអាទិត្យ។

    ការតវ៉ានេះ បានកើតឡើងត្រឹមតែរយៈពេលប៉ុន្មានម៉ោង ក្រោយពីក្រុម Barcelona ត្រូវបានបង្ខំឲ្យលេងក្នុងការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Las Palmas នៅកីឡដ្ឋានដែលបិទជិតគ្មានអ្នកទស្សនា ដោយសារតែបារម្ភពីសុវត្ថិភាព។

     

    នៅត្រឹមនាទីទី12នៃការប្រកួតនៅឯកីឡដ្ឋាន Bernabeu ទង់ជាតិអេស្ប៉ា បានបង្ហាញខ្លួនជុំវិញកីឡដ្ឋានរបស់ក្រុម Real Madrid ទាំងអស់ ស្របពេលដែលអ្នកគាំទ្ររបស់ Real បានសម្រេចចិត្តក្នុងការបង្ហាញពីការគាំទ្ររបស់ពួកគេទៅលើរដ្ឋាភិបាលដែលពួកគេកំពុងតែពឹងផ្អែក។ រដ្ឋាភិបាលអេស្ប៉ា ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រី បានបញ្ជាក់ថា ការបោះឆ្នោតធ្វើប្រជាមតិដើម្បីផ្តាច់តំបន់ Catalonia ចេញពីអេស្ប៉ា គឺជារឿងមិនស្របច្បាប់។

    បញ្ហានេះ បានបង្កើតឲ្យមានការប៉ះទង្គិចគ្នាជុំវិញតំបន់ Catalonia រវាងប៉ូលិស និងអ្នកគាំទ្រដែលទាមទារឯករាជ្យ។ យ៉ាងហោចណាស់មនុស្សចំនួន91នាក់បានរងរបួស ស្របពេលដែលប៉ូលិសប្រឆាំងកុប្បកម្មបានបាញ់គ្រាប់កាំភ្លើងជ័រ និងបានបង្ខំចិត្តចូលទៅធ្វើអន្តរាគមន៍នៅឯស្ថានីយបោះឆ្នោតរបស់ក្រុមសកម្មជន ជុំវិញការបោះឆ្នោតទាមទារឯករាជ្យ។

    លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បានបញ្ជាក់ថា ក្លិបបានធ្វើការសម្រេចចិត្តក្នុងការលេងនៅកីឡដ្ឋាន Camp Nou ដោយគ្មានអ្នកទស្សនា ស្របពេលដែលការតវ៉ាប្រឆាំងនឹងការប៉ះទង្គិចដោយហិង្សាត្រូវបានធ្វើឡើង ជាងការបារម្ភទៅលើបញ្ហាសន្តិសុខ។ Barcelona បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប FC Barcelona សូមធ្វើការប្រកាសថ្កោលទោសចំពោះបញ្ហានេះ ដែលបានកើតឡើងនៅកន្លែងជាច្រើនក្នុងតំបន់ Catalonia នៅថ្ងៃនេះ ក្នុងគោលបំណងក្នុងការរារាំងប្រជាជនមិនឲ្យទទួលបានសិទ្ធិប្រជាធិបតេយ្យ ក្នុងការសម្តែងមតិដោយសេរី»

    ប្រភពពី៖ The Sun

  • បវរកញ្ញាវៀតណាមល្បីថា ស្អាតដាច់គេ ធ្លាយរូបភាពរួមភេទជាមួយប្រុសស្នេហ៍

    បវរកញ្ញាវៀតណាមល្បីថា ស្អាតដាច់គេ ធ្លាយរូបភាពរួមភេទជាមួយប្រុសស្នេហ៍

    បើតាមរយៈសារព័ត៌មានវៀតណាម បានឱ្យដឹងថា នាង វ៉ូ ហុង ង៉ុក វេ (Võ Hồng Ngọc Huệ) ដែលជាបវរកញ្ញា Miss Teen Vietnam និងជា Miss Teen Vietnam បានធ្លាយវីដេអូរួមភេទជាមួយមិត្តប្រុសរបស់នាង ដែលបានថតទុកក្នុងទូរស័ព្ទដៃរបស់នាងចំនួន 3 ឃ្លីបដែលមានរយៈពេលមិនតិចជាង 5 នាទីឡើយ។

    គួរបញ្ជាក់ផងដែរថា នាង ង៉ុក វេ បាននិយាយថា ដំបូងឡើយដែលនាងថតវីដេអូនេះទុក គឺមានបំណងចង់រក្សាទុកមើលតែខ្លួនឯងផ្ទាល់ ក៏ប៉ុន្ដែជាអកុសល ខណៈដែលនាងបានឈ្លោះគ្នាជាមួយមិត្តប្រុសរបស់នាង ពេលនោះនាងបានបាត់ទូរស័ព្ទមួយនោះ ហើយឃ្លីបទាំងនោះបានបង្ហាញឱ្យឃើញមុខរបស់នាងចំៗមិនអាចប្រកែកបាន និងអ្វីដែលសំខាន់នោះគឺ បច្ចុប្បន្ននេះរឿងអាស្រូវរបស់នាងបានធ្វើឱ្យប្រជាជនវៀតណាមខកចិត្ត និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារនៅមុនការប្រកួត គ្មានព័ត៌មានអាក្រក់ណាមួយលេចចេញឡើយ៕

    https://youtu.be/aCyjIbclges

     

  • អគ្គនាយកដ្ឋាន​ពន្ធដា​រ ៖ ម្ចាស់​អចលនទ្រព្យ​ដែល​ជាប់​កាតព្វកិច្ច គួរ​រួសរាន់​ទៅ​បង់ពន្ធ

    អគ្គនាយកដ្ឋាន​ពន្ធដា​រ ៖ ម្ចាស់​អចលនទ្រព្យ​ដែល​ជាប់​កាតព្វកិច្ច គួរ​រួសរាន់​ទៅ​បង់ពន្ធ

    ប្រជាពលរដ្ឋ ឬ​ម្ចាស់​អចលនទ្រព្យ​ដែលមាន​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​លើ​អចលនទ្រព្យ​របស់ខ្លួន  គួរតែ​រួសរាន់​ទៅ​បង់ពន្ធ​ឱ្យទាន់​ពេលវេលា ខណៈ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ពន្យារពេល​នៃ​ការបង់ពន្ធ​ចំនួន 1ខែ ដើម្បី​ទុក​ឱកាស​ឱ្យ​ម្ចាស់​អចលនទ្រព្យ​ទាំង​នោះបាន​បំពេញ​កាតព្វកិច្ច​ឱ្យបាន​រួចរាល់ ។

    ក្នុង​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បញ្ជាក់ថា ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ដែលមាន​អចលនទ្រព្យ​ស្ថិតនៅក្នុង​ភូមិសាស្ដ្រ​ជាប់ពន្ធ​ទូទាំង​រាជធានី-ខេត្ដ សូម​ជ្រាបថា ដោយ​សង្កេតឃើញថា មាន​ម្ចាស់​អចលនទ្រព្យ​ជាច្រើន​បានមក​បង់ពន្ធ​លើ​អចលនទ្រព្យ​របស់ខ្លួន​ប្រចាំឆ្នាំ2017រួចរាល់​ហើយ តែ​ក៏​នៅមាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​នេះ​នៅឡើយ។

    ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ម្ចាស់​អចលនទ្រព្យ​ឱ្យមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការបំពេញ​កាតព្វកិច្ច​ខ្លួន​ទៅលើ​ការប្រកាស​បង់ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានសម្រេច​ពន្យារពេល​បង់ពន្ធ​លើ​អចលនទ្រព្យ​ក្នុង​ឆ្នាំ2017 រហូតដល់​ថ្ងៃទី31 ខែតុលា ឆ្នាំ2017 ដូច្នេះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​គួរតែ​រួសរាន់​ទៅ​បង់ពន្ធ​ឱ្យទាន់​ពេលវេលា បើ​ពុំ​ដូច្នេះ​ទេ នឹងត្រូវ​ទទួលរង​ទោសទណ្ឌ​ស្របតាម​ច្បាប់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន៕

  • តារាកូរ៉េ 5 ដួង មុនពេលល្បីខ្លាំង សុទ្ធតែធ្លាប់បានសម្ដែងរឿងតាំងពីក្មេង

    តារាកូរ៉េ 5 ដួង មុនពេលល្បីខ្លាំង សុទ្ធតែធ្លាប់បានសម្ដែងរឿងតាំងពីក្មេង

    តាមរយៈសារព័ត៌មាន koreaboo បានចេញផ្សាយនៅថ្ងៃទី30 ខែកញ្ញា ឆ្នាំ2017 ថា មនុស្សជាច្រើនមិនដែលធ្លាប់បានសង្កេត និងទស្សនាឡើយអំពីតារានៅក្នុងដួងចិត្តចំនួន 5 ដួង ដែលកាលពីកុមារភាពធ្លាប់បានសម្ដែងក្នុងរឿងភាគ និងក្នុងខ្សែភាពយន្ដខ្នាតធំ មុនពេលមានភាពល្បីល្បាញដូចពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ សមត្ថភាពសម្ដែងរបស់តារាប៉ុន្មានដួងនេះ ពិតជាមិនធម្មតាមែន ហើយថែមទាំងមានអត្តចរិតគួរឱ្យស្រឡាញ់ទៀតផងដែរ។

    1. Taeyang សមាជិកក្រុមចម្រៀង BIGBANG

    តារាចម្រៀងប្រុស Taeyang បានចាប់ផ្ដើមសម្ដែងរឿងមួយនៅក្នុងអំឡុងឆ្នាំ2011 ដែលជាខ្សែភាពយន្តខ្នាតធំមានចំណងជើងថា “Kiss Me Much” ដែលនៅគ្រានោះ លោកទើបតែមានអាយុ 11 ឆ្នាំប៉ុណ្ណោះ និងសម្ដែងជាតួអង្គសិស្សកំហូច។

    1. Hongki សមាជិកក្រុមចម្រៀង FT ISLAND


    លោក Hongki មានបទពិសោធសម្ដែងជាច្រើនរឿង ហើយទាក់ទាញបានចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើននាក់តាមរយៈរឿង Magic Card Masuri, There’s a Light at the Tip of My Fingernails, Ggangsoon, និងរឿង Side Dot កាលពីរូបគេនៅក្មេង ក្នុងឆ្នាំ 2002។

    3.Jin young សមាជិកក្រុមចម្រៀង B1A4


    ការបានសម្ដែងក្នុងរឿងភាគទូរទស្សន៍ដែលមានចំណងជើងថា “Supermom” កាលពីរូបគេនៅក្មេងនោះ បានធ្វើឱ្យជីវិតតារាប្រុស Jin young ផ្លាស់ប្ដូរ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គមសិល្បៈកូរ៉េមកដល់សព្វថ្ងៃ។

    1. Chan hee សមាជិកក្រុមចម្រៀង SF9


    តារាប្រុសរូបនេះកាលពីនៅក្មេង ធ្លាប់បានសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើនរឿងដូចជា Signal, Can You Hear My Heart? និង The Innocent Man ជាដើម ហើយម្យ៉ាងវិញទៀតក្រុមចម្រៀង SF9 ត្រូវបានអ្នកគាំទ្រឱ្យឈ្មោះថា ជាក្រុមចម្រៀង  “Mini TVXQ” ព្រោះសុទ្ធសឹងតែជាក្រុមបុរសមានសម្រស់ស្អាតសង្ហាជាងគេ។

    1. Moon bin សមាជិកក្រុមចម្រៀង ASTRO


    ក៏ដូចគ្នាដែរ តារាប្រុស Moonbin បានទទួលប្រជាប្រិយភាពពីសំណាក់មជ្ឈដ្ឋានមហាជនតាមរយៈរឿង Boys Over Flowers ដែលកាលនោះរូបគេសម្ដែងជាតួអង្គ Kim Bum ៕

  • ក្រសួង​ទេសចរ​ណ៏​បង់​ក្លា​ដែ​ស និង​កម្ពុជា​ត្រៀម​ចុះ MOU ទាក់ទាញ​ភ្ញៀវទេសចរ

    ក្រសួង​ទេសចរ​ណ៏​បង់​ក្លា​ដែ​ស និង​កម្ពុជា​ត្រៀម​ចុះ MOU ទាក់ទាញ​ភ្ញៀវទេសចរ

    ភ្នំពេញ៖ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បង់​ក្លា​ដែ​សនឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី16 ខែតុលា ឆ្នាំ2017ខាងមុខនេះ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុងនោះ​មានការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ផ្ដោតលើ​ការជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ខណៈដែល​ប្រទេស​នៅក្នុង​អាស៊ី​មួយ​នេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​តំបន់​ទេសចរណ៍​កម្ពុជា ពិសេស ប្រាសាទអង្គរវត្ត​តែម្ដង។

    លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានឱ្យដឹង​នៅក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោកស្រី សៃ​ដា មូ​ណា​តា​ស្នី​ម ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដែ​ស​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​រាជធានី​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី29 ខែកញ្ញា​ឆ្នាំ207 នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍។

    លោក ទិ​ត ចន្ថា បានឱ្យដឹងថា ក្នុងជំនួប​ពិភាក្សា​នា​ព្រឹក​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ លោកស្រី សៃ​ដា មូ​ណា​តា​ស្នី​ម បាន​ជម្រាប​ប្រាប់​លោក​រដ្ឋមន្ត្រី ថោង ខុន ថា នាពេលខាងមុខឆាប់ៗនេះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​របស់លោក​ស្រី​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន​ជាមួយ​កម្ពុជា ពិសេស​គឺ​វិស័យ​ទេសចរណ៍។

    លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​លើកសរសើរ​មិន​ដាច់​ពី​មាត់​ថា ដោយសារ​ប្រទេស​កម្ពុជា​រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ពិសេស​គឺ​វិស័យ​ទេសចរណ៍​នេះ​តែម្ដង ទើប​ប្រជាជន​បង់​ក្លា​ដែ​ស និង​ភ្ញៀវទេសចរ​ប្រទេស​ទី​បី​ដែល​កំពុង​ទស្សនា​នៅ​បង់​ក្លា​ដែ​ស​ទាំងនោះ​ចង់​មក​ទស្សនា​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ពិសេស​ប្រជាជន​របស់លោក​ស្រី​បាននិងកំពុង​ចាប់អារម្មណ៍​ខ្លាំង​លើ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយសារ​អាជ្ញាធរ​កម្ពុ​ជាមាន​ការគ្រប់គ្រង​តំបន់​ទេសចរណ៍​នៅ​តំបន់​អង្គរ​បាន​យ៉ាង​ល្អប្រសើរ។ ប្រជាជន​បង់​ក្លា​ដែ​សមាន​ចំនួន​រហូតដល់​ជាង200លាន​នាក់​ឯណោះ ដែល​នេះ​ជា​សក្ដានុពល វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ហើយ​លោកស្រី​ឯកអគ្គរដ្ឋទូត​ក៏​ចង់ឱ្យ​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​ទស្សនា​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ផងដែរ។

    លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា ភាគី​ទាំង​ពីរបាន​ពិភាក្សា គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​បញ្ជូន​ភ្ញៀវទេសចរ​ប្រទេស​ទាំងពីរ និង​ភ្ញៀវទេសចរ​ប្រទេស​ទី​បី ឱ្យ​ទៅមក​ទស្សនា​គ្នា​ទៅវិញទៅមក ធ្វើយ៉ាងណា​ជំរុញ​ការងារ​ទំនាក់ទំនង​នេះ​ឱ្យ​កាន់​ល្អប្រសើរ និង​ជិតស្និទ្ធ​ថែមទៀត ពីព្រោះ​កម្ពុជា-បង់​ក្លា​ដែ​ស​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មកហើយ ហើយ​ក៏មាន​ស្ថានភាព​សង្គម ទំនាក់ទំនង​សាសនា វប្បធម៌ និង​អរិយធម៌ ប្រហាក់ប្រហែលគ្នា​ផងដែរ។

    លោក ចន្ថា បាន​បន្ថែមទៀតថា ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​បង់​ក្លា​ដែ​ស នាពេលខាងមុខ លោកស្រី សៃ​ដា ចង់ឱ្យមាន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ (MoU) រវាង​ក្រសួងទេសចរណ៍​កម្ពុជា និង​ក្រសួងទេសចរណ៍​បង់​ក្លា​ដែ​ស។ ចំណែក​លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ជម្រាប​ពី​ការចាប់អារម្មណ៍ និង​ឆ្លើយតប​នូវ​ការស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​នេះ​យ៉ាង​ពេញចិត្ត។

    លោក ថោង ខុន បាន​ជម្រាប​ទៅ​លោកស្រី សៃ​ដា ថា កម្ពុជា​ពិតជា​ចង់​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​បង់​ក្លា​ដែ​ស ដូច​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រទេស​បង់​ក្លា​ដែ​ស​ផងដែរ ពីព្រោះ​ផលប្រយោជន៍​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​នេះ​នឹងចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​មួយកម្រិត​ទៀត។ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ទៅ​លោកស្រី សៃ​ដា មូ​ណា​តា​ស្នី​ម នូវ​គោលបំណង​ពិ​សេសមួយ​ទាក់ទង​នឹង​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ កម្ពុជា-បង់​ក្លា​ដែ​ស-កម្ពុជា ពីព្រោះ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​នេះហើយ គឺជា​កត្តា​ចម្បង​ដ៏​សំខាន់បំផុត​សម្រាប់​ជំរុញ​ចលនា​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក។

    ទោះយ៉ាងណា ភាគី​បង់​ក្លា​ដែ​ស​មិនទាន់​អាច​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​របស់ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​លោកស្រី​ឯកអគ្គរដ្ឋទូត​គឺ ខណៈ​នេះ​បង់​ក្លា​ដែ​ស​កំពុង​រៀបចំ​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ជាបណ្ដើរៗហើយ៕

  • អាថ៌កំបាំងនៃការថតរូបតារាកូរ៉េ អ៊ីចឹងសោះ !

    អាថ៌កំបាំងនៃការថតរូបតារាកូរ៉េ អ៊ីចឹងសោះ !

    បើតាមសារព័ត៌មាន kenh14 បានចេញផ្សាយនៅព្រឹកថ្ងៃទី30 ខែកញ្ញា ឆ្នាំ2017 នេះបានឱ្យដឹងថា លោកអ្នកធ្លាប់តែបានឃើញរូបភាពស្អាតៗជាច្រើនរបស់តារាកូរ៉េ ដែលមើលទៅមានកម្ពស់ខ្ពស់ មានភាពរស់រវើក មានការច្នៃប្រឌិតខ្ពស់នោះ  ប៉ុន្ដែប្រសិនបើលោកអ្នកបានឃើញពីសកម្មភាពក្រៅឆាកនៃការថតរូបភាពទាំងអស់នោះវិញ  លោកអ្នកប្រាកដជាមានការហួសចិត្តនឹកស្មានមិនដល់ជាមិនខានថា តាមការពិតទៅអ្វីដែលយើងធ្លាប់បានឃើញនឹងភ្នែករបស់យើងនេះ វាពិតជាមានអាថ៌កំបាំងដ៏ច្រើនដែលយើងមិនធ្លាប់បានដឹងពីមុនមកច្រើនមែន។

    ភាគច្រើនតារាកូរ៉េ ពួកគេតែងចង់ព្យាយាមធ្វើឱ្យខ្លួនឯងមានភាពអស្ចារ្យខុសពីមនុស្សធម្មតាទូទៅ រហូតដល់ពេលខ្លះ ពួកគេហ៊ានលះបង់រឿងជាច្រើនយ៉ាង ទោះបីជានៅក្នុងស្ថានភាពប្រថុយប្រថានក្ដី។

    ដើម្បីស្រាយចម្ងល់មួយនេះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • Man City ខកចិត្ត​ធំ  Aguero គ្រោះថ្នាក់​រថយន្ត​បាក់ឆ្អឹង​ជំនីរ  

    Man City ខកចិត្ត​ធំ  Aguero គ្រោះថ្នាក់​រថយន្ត​បាក់ឆ្អឹង​ជំនីរ  

    ខ្សែប្រយុទ្ធ Sergio Aguero របស់​ក្លិប Manchester City បាន​រងរបួស​បាក់ឆ្អឹង​ជំនីរ ក្នុង​គ្រោះថ្នាក់​បុក​រថយន្ត​មួយ​ក្នុងប្រទេស​ហូ​ឡង់ ដែល​ក្លាយជា​ការខកចិត្ត​ដ៏​ធំ​មួយ​ដល់​ការ​ប្រជែង​លើក​ពាន​របស់​ក្រុម ដែល​កំពុង​នាំមុខ​លើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ។

    Aguero បានធ្វើ​ឲ្យ​ខ្លួនគេ​ក្លាយជា​សមាជិក​ដ៏​សំខាន់​ម្នាក់​ក្នុង​ការជួយ​ឲ្យ Man City ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង តាមរយៈ​ការរកបាន​គ្រាប់​បាល់​បញ្ចូល​ទី6គ្រាប់​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ។ ខ្សែប្រយុទ្ធ​វ័យ 29ឆ្នាំ​រូបនេះ បាន​រងរបួស​ក្រោយពី​រថយន្ត​តាក់ស៊ី​មួយគ្រឿង​បាន​ដឹក​រូបគេ​ទៅកាន់​អាកាសយានដ្ឋាន​នៃ​ទីក្រុង Amsterdam បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​មួយ​ក្នុង​ការប្រគំ​តន្ត្រី​មួយកន្លែង​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍។

    ក្រោយមក Aguero បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​សុក្រ​ថា រូបគេ​ពិតជា​មាន​សំណាងល្អ​ណាស់​ដែល​បាន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព។ តារា​ឆ្នើម​អន្តរជាតិ​អា​ហ្ស​ង់​ទីន​ដែល​ក្លិប​របស់គេ​បាន​បញ្ជាក់ថា រូបគេ​នឹងត្រូវ​អវត្តមាន​រយៈពេល4សប្តាហ៍​នោះ បាន​ឲ្យ​ដឹងថា៖ «វា​ជា​ការបុក​យ៉ាងខ្លាំង​ក្លា​មួយ ប៉ុន្តែ​ខ្សែក្រវាត់​សុវត្ថិភាព​បានការ​ពារ​មិន​ឲ្យ​រូបខ្ញុំ​រងគ្រោះថ្នាក់​ធ្ងន់»។

    ដំបូង​ឡើយ វា​មានការ​ព្រួយបារម្ភ​ថា រូបគេ​អាច​នឹងត្រូវ​អវត្តមាន​រយៈពេល2ខែ។ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City បាន​និយាយថា Aguero នឹងត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត​របស់ Man City នៅលើ​ទឹកដី​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Chelsea នៅ​ថ្ងៃ​សៅរ៍​នេះ ហើយក៏​នឹងត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត​ជម្រុះ World Cup របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន នៅ​ដើមខែ​តុលា​នេះ ផងដែរ៕

    ប្រភពពី៖ Skysports