Category: សង្គម និងសេដ្ឋកិច្ច

  • កំពូល​អាហារ ជំនួយ​សម្រាប់​ការហាត់​ប្រាណ​

    កំពូល​អាហារ ជំនួយ​សម្រាប់​ការហាត់​ប្រាណ​

    មនុស្ស​ជាច្រើន​តែងតែ​ជួបនឹង​បញ្ហា “ហាត់ប្រាណ” មិនទាន់បាន​ប៉ុន្មាន​ផង ក៏​ហត់​បាត់ទៅហើយ ធ្វើ​ឱ្យអស់​អារម្មណ៍​លែង​ចង់​ហាត់ប្រាណ​តទៅទៀត​តែម្តង តែ​ថ្ងៃនេះ ឡា​រ៉ែ​ន សូម​ណែនាំ​ជូន​មិត្ត​អ្នកអាន​ដែល​ចូលចិត្ត​ការហាត់​ប្រាណ​នូវ​កំពូល​អាហារ4យ៉ាង​ដែល​នឹង​ជួយ​បង្កើន​កម្លាំង​ថាមពល​ដែល​លោកអ្នក​បាត់បង់​ក្រោយ​ការហាត់​ប្រាណ និង​ជួយ​ឱ្យ​ការធ្វើ​លំ​ហាត់ប្រាណ​របស់លោក​អ្នក​កាន់តែ​ងាយស្រួល​ឡើង​ផង។

    1.ទឹកឃ្មុំ

    ការសិក្សា​ស្រាវជ្រាវ​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា អាហារ​ដែលមាន​ចំណែក​ផ្សំ​របស់​ហ្វ្រា​ក់​តូ​ស (Fructose) និង គ្លុយ​ខូ​ស (Glucose)នឹង​ជួយ​បង្កើន​កម្លាំង​ថាមពល​ក្នុង​ការធ្វើ​កិច្ច-ការផ្សេងៗបាន​ច្រើនជាង​អាហារ​ដែល​មានតែ គ្លុយ​ខូ​ស ម្យ៉ាង ហើយ​ប្រាកដ​ណាស់​ថា ទឹកឃ្មុំ គឺជា​អាហារ​ដែលមាន​ទាំង ហ្វ្រា​ក់​តូ​ស និង​គ្លុយ​ខូ​ស ហើយ​ទឹកឃ្មុំ​នៅមាន​វីតាមីន រួមទាំង​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរ:ដែល​ល្អ​ចំពោះ​សុខភាព​ទៀតផង។

    2.ផ្លែ​ប៉ោម

    ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​មុន​ធ្វើ​លំ​ហាត់ប្រាណ នឹង​ជួយ​ធ្វើឱ្យ​លោកអ្នក​ហាត់ប្រាណ​បាន​កាន់តែ​យូរ​ឡើង ព្រោះ​ផ្លែ​ប៉ោម​សម្បូរ​ទៅដោយ “ឃ្វើ​រ៍​ស៊ី​ទីន” (Quercetin) ដែលជា​សារធាតុ​ដែលមាន​ឥទ្ធិពល​ប្រឆាំង​អុក​ស៊ី​ដេ-ស្សិន​ខ្ពស់បំផុត។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ឃ្វើ​រ៍​ស៊ី​ទីន អាចជួយ​ឱ្យ​កីឡាករ​ប្រណាំង​កង់​អាច​ធាក់​កង់​បាន​កាន់តែ​យូរ​ឡើង ព្រោះ ឃ្វើ​រ៍​ស៊ី​ទីន នឹង​ទៅ​ជួយ​ផលិត​អុក​ស៊ី​ហ្ស៊ែ​ន​នៅក្នុង​សួត​ឱ្យ​កើនឡើង ធ្វើឱ្យមាន​អារម្មណ៍​អាច​អត់ទ្រាំ​នឹង​ការ​ហត់នឿយ​បាន​កាន់តែខ្លាំង​ឡើង​ទៀត។ ក្រៅពី​ផ្លែ​ប៉ោម​ហើយ​នោះ​សារធាតុ ឃ្វើ​រ៍​ស៊ី​ទីន នេះ នៅ​ត្រូវបាន​គេ​រកឃើញថា មាន​ច្រើន​នៅក្នុង​ផ្លែ​ទំពាំងបាយជូរ​ផងដែរ។

    3.ទឹកដោះ

    មិនចាំបាច់​ត្រូវ​ទទួលទាន​ភេសជ្ជៈ​សារធាតុ​រ៉ែ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អ្វី ដើម្បី​បង្កើន​ថាមពល​ឡើងវិញ បន្ទាប់ពី​ហាត់ប្រាណ​រួច​នោះទេ តែ​ចូរ​ទទួលទាន​ទឹកដោះគោ​ធម្មតា​ទូទៅ ឬ​ទឹកដោះ​សូកូឡា ដែល​ប្រកបដោយ​ខា​បូ​ហាយ​ដ្រេ​ត និង​ប្រ​តេ​អុ​ី​ន​វិញ ព្រោះ​វា​នឹង​ជួយ​សម្រួល​ឱ្យ​រាងកាយ​របស់លោក​អ្នក​មាន​តុល្យ​ភាពល្អ​ឡើងវិញ​ក្រោយពេល​ហាត់ប្រាណ​រួច។

    4.យ៉ា​អួ

    ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា “ប្រូ​បៃ​អូ​ទិ​ក” (Probiotics) ដែលមាន​នៅក្នុង​យ៉ា​អួ​នឹង​ជួយ​ធ្វើឱ្យ​លោកអ្នក​មាន​សុខ​ភាពល្អ ក្រៅពីនេះ​យ៉ា​អួ​នៅមាន​ខា​បូ​ហាយ​ដ្រេ​ត និង​ប្រូ​តេ-អុ​ី​ន​លាយ​ផ្សំគ្នា​ក្នុង​បរិមាណ​ដ៏​សមល្មម​ទៀតផង​ដូច្នេះហើយ​ទើប​យ៉ា​អួ​ក្លាយជា​កំពូល​អាហារ​ក្នុង​ការស្តារ​កម្លាំង​ថាមពល​ដល់​រាងកាយ​របស់លោក​អ្នក​ក្រោយពេល​ហាត់ប្រាណ៕

  • ស្ថាប័នរដ្ឋ និង​ឯកជន​ចាប់ផ្តើម​មើលឃើញ​ពី​គុណសម្បត្តិ​របស់​គ្រូ​ចូលនិវត្តន៍​កាន់តែខ្លាំង

    ស្ថាប័នរដ្ឋ និង​ឯកជន​ចាប់ផ្តើម​មើលឃើញ​ពី​គុណសម្បត្តិ​របស់​គ្រូ​ចូលនិវត្តន៍​កាន់តែខ្លាំង

    សាលារៀន​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស តែ​អ្នក​ដែល​កែច្នៃ និង​ថែទាំ​មនុស្ស​ពិតប្រាកដ​នោះ​គឺ​គ្រូបង្រៀន​ដែល​កំពុង​បម្រើ​ការងារ​យ៉ាង​មមាញឹក​នៅក្នុង​សាលា​ឱ្យមាន​សកម្ម​ភាពរស់រវើក។ គ្រូបង្រៀន​ជា​កម្លាំងចលករ​យ៉ាងសំខាន់​ដែល​ធ្វើឱ្យ​សង្គម​មួយ​មាន​ស្ថានភាព​ស្រស់បំព្រង ពោរពេញ​ទៅដោយ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​តាមរយៈ​ការបង្កើន​ចំនួន​ធនធានមនុស្ស​ទៅតាម​ជំនាញរៀងៗខ្លួន​របស់​យុវជន​ដែលជា​អ្នក​បន្តវេន​របស់​កម្ពុ​ជា។

    ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ជា​ទិវា​គ្រូបង្រៀន ដែល​គ្រប់​សមាសភាព​ក្នុងសង្គម​ចាប់ផ្តើម​នាំគ្នា​លើកឡើង​ពី​បញ្ហា​គ្រូបង្រៀន និង​ក៏​ជា​ពេលដែល​សិស្ស​គ្រប់គ្នា​រំឭក​ឡើងវិញ​នូវ​គុណបំណាច់​របស់លោក​គ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ​ដែល​បាន​យកចិត្តទុកដាក់ បណ្តុះបណ្តាល​សិស្ស​ទាំងឡាយ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់ និង​មាន​ភាព​ថ្កុំថ្កើង​នៅពេល​បច្ចុប្បន្ននេះ។

    ទោះជា​យ៉ាងនេះ​ក្តី ជាទូទៅ​គ្រូ​ដែលជា​វិស្វករ​នៃ​ព្រលឹង​របស់​មនុស្សម្នាក់ៗនេះ ត្រូវបាន​គេ​យកចិត្តទុកដាក់​ដោយពេល​ម្ដងម្កាល​តែប៉ុណ្ណោះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន។ ជា​រៀងរាល់​ទិវាសំខាន់ៗ សិស្ស​ជាច្រើន​នាំគ្នា​រំឭក​គុណ និង​ដឹង​គុណគ្រូ តែ​ពេល​ក្រៅពី​នោះមក គ្រូបង្រៀន ជាពិសេស​គ្រូចាស់ៗដែល​ចូលនិវត្តន៍ នៅ​មិនទាន់​ទទួលបាន​ការលើកទឹកចិត្តខ្លាំងៗពី​សិស្ស​នៅឡើយ​ទេ ដូចជា​ស្ថាប័ន​នានា ជាពិសេស​ស្ថាប័នឯកជន​តែម្ដង។ តែ​នាពេលថ្មីៗនេះ សាធារណជន​បានចាប់ផ្ដើម​មើលឃើញថា ការយកចិត្តទុកដាក់​លើ​គ្រូបង្រៀន​ហាក់​មាន​លក្ខណៈ​ផុសផុលខ្លះៗហើយ​តាមរយៈ​ការបង្ហាញ​ជំហរ​បស់​សាលា​ឯកជន​មួយចំនួន​ក្នុងការ​ជ្រើសរើស​គ្រូបង្រៀន​ចូលនិវត្តន៍​ឱ្យមក​បង្រៀន​ក្នុង​សាលា​របស់ខ្លួន ដើម្បី​ជាការ​លើកទឹកចិត្ត និង​ដើម្បី​ជា​ផ្តល់​ប្រាក់ចំណូល​បន្ថែម​ដល់​គាត់​ផងដែរ។

    ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នេះ លោក ប៉ិច ប៉ូ​ឡែ​ន ស្ថាបនិក​សាលា​វេ​ស្ទ​ឡា​ញន៍ ធ្លាប់បាន​លើកឡើងថា លោក​សាស្ត្រាចារ្យ ចូលនិវត្តន៍​ជា​ធនធានមនុស្ស​ដែលមាន​តម្លៃ និង​ជា​ជន​ដែលមាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​បង្រៀន។ ម្យ៉ាងវិញទៀត​យើង​សង្កេតឃើញថា គ្រូបង្រៀនចាស់ៗជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​ទេពកោសល្យ​ខ្ពស់​ក្នុង​ជីវិត​បង្រៀន ដែល​អាច​បណ្តុះបណ្តាល​សិស្ស​ជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​ធនធាន​ដ៏​រឹងមាំ​សម្រាប់​សង្គម​បាន។

    ស្រដៀង​គ្នា​នេះដែរ អតីត​នាយក​វិទ្យាល័យ​ទួល​ទំពូង លោក​សាស្ត្រាចារ្យ ស៊ិន ស៊ីថុន និង​ជា​ស្ថាបនិក​នៃ​សាលា មហា​សាស្ត្រា ក៏បាន​លើកទឹកចិត្ត​គ្រូបង្រៀន​ចូលនិវត្តន៍​ដើម្បី​មក​បង្រៀន​ក្នុង​សាលា​របស់លោក ដើម្បី​ជាការ​លើកទឹកចិត្ត​ផង និង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​លោកគ្រូ-អ្នកគ្រូ​ចូលនិវត្តន៍​បាន​ជួបជុំគ្នា ពិភាក្សាគ្នា​ផង​ដើម្បី​ផ្ទេរ​ចំណេះដឹង​ដល់​ក្មេងជំនាន់ក្រោយ។

    ក្រៅពីនេះ​គេ​មើលឃើញ​សាលា​ឯកជន​មួយចំនួន​ផ្សេងទៀត​ក៏បាន​ចាប់អារម្មណ៍ និង​ជ្រើសរើស​គ្រូបង្រៀន​ចូលនិវត្តន៍​មក​បង្រៀន​ដែរ ដែល​ជាការ​ផ្តល់ឱកាស​ច្រើន​សម្រាប់​សាស្ត្រាចារ្យចាស់ៗដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម និង​ដើម្បី​ជាការ​យកចិត្តទុកដាក់​ចំពោះ​រូបគាត់​ផងដែរ៕

  • ទស្សនាឈុតតារាឯកប្រុសក្នុងរឿង “Descendants Of The Sun” របស់ប៉ាគីស្ថាន

    ទស្សនាឈុតតារាឯកប្រុសក្នុងរឿង “Descendants Of The Sun” របស់ប៉ាគីស្ថាន

    មិនមែនធម្មតាទេ តារា​ប្រុសម្នាក់នេះពិតជាសង្ហារបស់គេមែន!!  រឿង “Descendants Of The Sun” ជារឿងភាគរបស់កូរ៉េ ដែលទទួលបានភាពល្បីល្បាញនៅក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុបផងដែរ ក៏ប៉ុន្ដែបើនៅតាមប្រទេសក្នុងតំបន់អាស៊ានវិញ គឺបានបោះឆ្នោតឱ្យរឿងភាគទូរទស្សន៍មួយនេះ ជាប់លំដាប់ថ្នាក់លេខមួយតែម្ដង។

    ដោយសម្លឹងឃើញសាច់រឿងមានភាពទាក់ទាញ និងបង្ហាញពីវិរភាពនៃសេចក្ដីស្នេហាជាតិដ៏អស្ចារ្យនោះ  ប្រទេសប៉ាគីស្ថានបានទិញសិទ្ធិរឿងនេះទៅផលិតជាថ្មីជាវើហ្សឹនប៉ាគីស្ថានវិញម្ដង ដោយបានបង្ហាញពីស្ថានភាពជីវិតរបស់ក្រុមទាហាននៃប្រទេសមួយនេះ ហើយកាន់តែពិសេសជាងនេះទៅទៀត គឺមានវត្តមានតារាសម្ដែងឯក និងបង្ហាញម៉ូដប្រុស លោក Imran Abbas វ័យ 34 ឆ្នាំ ដែលមានរូបរាងស្រស់សង្ហា ដែលស្រីៗឃើញហើយទប់អារម្មណ៍មិនលង់ស្នេហ៍មិនបានឡើយ។ ដោយឡែក នៅថ្ងៃនេះលោកអ្នកនឹងបានឃើញឃ្លីបវីដេអូខ្លីមួយ ដែលតារាប្រុសរូបនេះសម្ដែង ហើយដកស្រង់យកមកបង្ហាញជូនទស្សនិកជនអ្នកគាំទ្ររូបលោកនៅលើបណ្ដាញសង្គម អ៊ីនស្ដាក្រាម ផ្ទាល់តែម្ដង ដូច្នេះដើម្បីកុំឱ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះតែម្ដង៖

     

  • ទស្សនាសម្រស់ Fan Bing bing ខណៈមិនទាន់កែកុនក្នុងកម្មវិធី Photoshop

    ទស្សនាសម្រស់ Fan Bing bing ខណៈមិនទាន់កែកុនក្នុងកម្មវិធី Photoshop

    នៅថ្ងៃទី2 ខែតុលា ឆ្នាំ2017 នេះ សារព័ត៌មាន kenh14 ដែលបានចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា បន្ទាប់ពីបានរង់ចាំការចូលរួមកម្មវិធីបង្ហាញម៉ូដ  Fashion Week តារាស្រីចិនកំពូលសម្រស់ Fan Bingbing ដែលអ្នកគាំទ្រឱ្យរហស្សនាមថា ជារាជិនីសម្រស់ នោះបានបង្ហាញវត្តមានក្នុងឈុតសម្លៀកបំពាក់ពណ៌ស ហើយមុខមាត់មិនសូវមានការ Make-up ប៉ុន្មានទេ។

    រូបថតប៉ុន្មានស្លឹកដែលបានថតដោយ អ្នកជំនាញថតរូបអាជីពដ៏ល្បីល្បាញជនជាតិបរទេសម្នាក់ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា រូបថតរបស់តារាស្រីរូបនេះគ្រប់សន្លឹកទាំងអស់ មិនចាំបាច់កែកុននៅក្នុងកម្មវិធី Photoshop ទេ ព្រោះនាងមានសម្រស់ស្រស់ស្អាតបែបធម្មជាតិស្រាប់ទៅហើយ ហើយលោកអ្នកថែមទាំងមិនអាចរកឱ្យឃើញនូវចំណុចដែលថាមិនស្អាត ឬទើសទាស់ចិត្តត្រង់ណាមួយបាននោះឡើយ ព្រោះនាងគឺជា រាជិនីសម្រស់ ពិតៗតែម្ដង៕

  • កម្ពុជា​មិនទាន់​ប្រមូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​កំណត់​នៅឡើយ

    កម្ពុជា​មិនទាន់​ប្រមូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​កំណត់​នៅឡើយ

    ភ្នំពេញ៖ ត្រឹម​រយៈពេល8 ខែ​ដើមឆ្នាំ2017 អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រមូល​ពន្ធ​បាន​ប្រមាណ​ជា 5,657 ពាន់​លាន​រៀល​ស្មើនឹង​ប្រមាណ​ជា 1,414.43លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​មិនទាន់​គ្រប់​តាម​ផែនការ​កំណត់​នៅឡើយ​ទេ។

    ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​នាយកដ្ឋាន​ពន្ធដារ​បាន​ឱ្យដឹង​ក្នុង​ពិធី​ជួប​សម្តែង​ការគួរសម​របស់​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ថា ត្រឹម​រយៈពេល8ខែ ដើមឆ្នាំ2017នេះ ការប្រមូល​ពន្ធ​ទើបតែ​សម្រេចបាន​ប្រមាណ​ជា 82.43% នៃ​ផែនការ​កំណត់ដោយ​ច្បាប់​ប៉ុណ្ណោះ បានន័យថា មិនទាន់​គ្រប់100%នៅឡើយ​ទេ។

    ឯកឧត្តម​មានប្រសាសន៍​ថា ការអនុវត្ត​កំណែទម្រង់​នេះ ចៀស​មិន​ផុតពី​ផលប៉ះពាល់​នោះទេ គ្រាន់តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ  ជាពិសេស​ការផ្លាស់ប្តូរ​ផ្នត់គំនិត និង​វប្បធម៌​ការងារ​របស់ «មន្ត្រី​ពន្ធដារ​ជា​អ្នកត្រួតត្រា​អ្នក​ជាប់ពន្ធ​ទៅជា​អ្នកផ្តល់​សេវា និង​ការ​ប្រឈម ដែល​សត្រូវ​នៃ​ការកែទម្រង់​គឺជា​អ្នក​មិន​ចង់​កែទម្រង់» ក្នុង​ភាពជា​អ្នកដឹកនាំ​ស្ថាប័ន​ដើម្បី​ឈានទៅ​ទទួលបាន​ជោគជ័យ​លើ​ការងារ កំណែទម្រង់​ត្រូវការ​ឆន្ទៈ​ខ្ពស់ ការតាំង​ចិត្ត​ពុះពារ​មិន​រាថយ ចំណេះដឹង ភាពជឿជាក់ ការបំពេញ​ការងារ​ប្រកប​ប្រតិសកម្ម និង​ផ្នត់គំនិត​នៃ​ការផ្តួចផ្តើម។

    ឆ្លៀត​ក្នុងពេលនោះ​ឯកឧត្តម​បាន​ផ្ញើ​សារ​តាមរយៈ​ក្រុមយុវជន​អាស៊ីអាគ្នេយ៍​ឱ្យជួយ​ផ្សព្វផ្សាយ​ចែករំលែក​បន្ត​ចំណេះដឹង និង​បទពិសោធ​ការងារ ពាក់ព័ន្ធ​នឹង​វិស័យ​ពន្ធដារ ក្នុងន័យ​ពង្រឹង និង​បញ្ជ្រាប​វប្បធម៌ នៃ​ពន្ធដារ និង​ក្នុងន័យ​ពង្រឹង និង​បញ្ជ្រាប​វប្បធម៌​នៃ​ការបង់ពន្ធ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែ​ជ្រួតជ្រាប​ដល់​មជ្ឈដ្ឋាន​អ្នក​ជាប់ពន្ធ​នានា ក៍​ដូចជា​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែរ។

    គួរ​រំឭក​ដែរ​ថា ក្នុង​រយៈពេល5ឆ្នាំ​ចុង​ក្រោយនេះ ចាប់តាំងពី​ឆ្នាំ2012មក គឺ​តែងតែ​សម្រេចបាន​លើស​ផែនការ ហើយ​ការប្រមូល​ចំណូល​ពន្ធ​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ 20% ក្នុង​មួយឆ្នាំ ដែល​ជាក់ស្តែង​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​ពី736លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ2012 រហូត​ទទួលបាន​ប្រមាណ​ជាង 1.4 ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2016៕

  • នៅ​កម្ពុជា…បើ​គ្មាន​វិធានការ​ទប់ស្កាត់ ឧស្ម័ន​ផ្ទះ​កញ្ចក់​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ

    នៅ​កម្ពុជា…បើ​គ្មាន​វិធានការ​ទប់ស្កាត់ ឧស្ម័ន​ផ្ទះ​កញ្ចក់​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ

    គ្រា​ដែល​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​បាននិងកំពុង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ​នៅក្នុង​ពិភពលោក​ជាពិសេស​នៅ​កម្ពុជា។ យោងតាម​ការសិក្សា​មួយ​បាន​បញ្ជាក់ថា បរិមាណ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​កម្ពុជា​នឹង​កើនឡើង​ប្រហែល4ដង​នៅ​ឆ្នាំ 2030 និង​បន្ត​កើនឡើង​ប្រហែល 24ដង នៅ​ឆ្នាំ2050 បើ​ធៀប​ទៅនឹង​ឆ្នាំ2010 នេះ​បើ​គ្មាន​វិធានការ​ទប់ស្កាត់។

    ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន លើកឡើងថា បច្ចុប្បន្ន​ការប្រែប្រួល​អាកាសធាតុ បាននិងកំពុង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ នៅក្នុង​ពិភពលោក​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់​ដើម្បី​ដោះស្រាយ​ជាបន្ទាន់។ ដូច្នេះ​ទើប​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សកល​នៃ​ប្រទេស​ជប៉ុន​បានរៀបចំ​កម្មវិធី​សិក្ខាសាលា​មួយ​ស្តីពី ការកសាង​សមត្ថភាព​ស្តីពី​ការអភិវឌ្ឍ​បញ្ចេញ​កាបូន​តិច​សម្រាប់​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា។ កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា​ថា តើ​ត្រូវ​ពង្រឹង​សហគមន៍​ស្រាវជ្រាវ​ដែល​គាំទ្រ​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ការអនុវត្ត​សកម្មភាព​នានា ដោយ​ផ្អែកលើ​វិទ្យាសាស្ត្រ​នៅ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​នាពេល​អនាគត​យ៉ាងដូចម្តេច? ។

    ឯកឧត្តម​បាន​បន្តថា ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា​ផង បាននិងកំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ដែល​បណ្តាលឱ្យ​បាត់បង់​ជិវិត​មនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ធនធានធម្មជាតិ និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សង្គម​យ៉ាងធ្ងន់ធ្ងរ។ ជា​ក្ដី​រំពឹង​តាមរយៈ​ការសិក្សា​មួយ​នេះ​ពិតជា​បាន​ឆ្លើយតប​ទៅតាម​តម្រូវ​ការចាំបាច់​ជាក់ស្តែង និង​ការចែករំលែក​នូវ​ចំណេះដឹង បទពិសោធ​ពី​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​បញ្ចេ​ញ​កាបូន​តិច និង​វិធានការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាស៊ី និង​ផ្តល់ឱកាស​ឱ្យ​អ្នកចូលរួម​ស្វែងយល់​កាន់តែច្បាស់ អំពី​សារៈសំខាន់​នៃ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​បញ្ចេញ​កាបូ​និក នៅតាម​បណ្តា​ទីក្រុង​នៅ​តំបន់​អាស៊ី ជាពិសេស​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ។

    គួរ​បញ្ជាក់ថា ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​ទឹកជំនន់​ឆ្នាំ2013 បានធ្វើឱ្យ​កម្ពុជា​បាត់បង់​ថវិកា​ប្រមាណ 360លាន​ដុល្លារ ស្មើនឹង10% នៃ​ថវិកាជាតិ និង​នៅ​ឆ្នាំ2050 ការបាត់បង់​សេដ្ឋកិច្ចជាតិ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​អាច​កើន​ដល់​ប្រមាណ 3,5% នៃ GDP ប្រសិនបើ​ពុំមាន​ចាត់វិធានការ​ណាមួយ ។យោងតាម​របាយការណ៍​របស់​អន្ត​រដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី5 បាន​បង្ហាញថា ផែនដី​កំពុង​បន្ត​ឡើងក​ម្តៅ ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម និង​បរិស្ថាន​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរឡើងៗ ។ ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅលើ​ពិភពលោក​បាន​កើនឡើង​ជិត2ដង​ក្នុង​រយៈពេល2ទសវត្សរ៍​ចុងក្រោយ​នេះ ពី​ឆ្នាំ1990ដល់​ឆ្នាំ 2010 បរិមាណ​នេះ​នឹង​បន្ត​កើនឡើង​កាន់តែ​ខ្ពស់​ប្រសិនបើ​គ្មាន​វិធានការ​កាត់បន្ថយ​សម​ស្រប​នោះទេ ។

    ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ ស្ថាប័ន​រូបី​យ​វត្ថុ​អន្តរជាតិ(IMF) ធ្លាប់បាន​ប្រាប់​ទៅកាន់​ប្រទេស​អ្នកមាន​ឱ្យទៅជួយ​ប្រទេស​អ្នកក្រីក្រ​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដោយ​ការប្រែប្រួល​អាកាសធាតុ ឬ​ជា​ប្រទេស​មានការ​រីកចម្រើន​យឺតយ៉ាវ ឬក៏​ប្រទេស​ដែលមាន​លំហូរ​ជនភៀសខ្លួន​ច្រើន។

    ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​លើកឡើងថា ប្រទេស​ក្រីក្រ​ដែលមាន​ចំណូល​តិចតួច គឺ​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច​តែប៉ុណ្ណោះ ដូច្នេះ​ប្រទេសធំៗត្រូវតែ​ចូលរួម​ផ្តល់ជំនួយ​ក្នុងនាម​ជា​ប្រទេស​ដែល​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន។ IMF លើកឡើងថា ការកើនឡើង​នូវ​កម្ដៅ​របស់​ផែនដី​បាន​ជះឥទ្ធិពល​មិន​ស្មើគ្នា​ឡើយ ហើយ​ប្រទេស​ក្រីក្រ​នឹង​លំបាក​ក្នុងការ​ដោះស្រាយ​ចំពោះ​ផលប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ។

    ពាក្យ «​ឧស្ម័ន​ផ្ទះ​កញ្ចក់​» Greenhouse gas (GHG) ជា​ឧស្ម័ន​ដែលមាន​នៅក្នុង​បរិយាកាស ដែល​កើតឡើង​ដោយ​ធម្មជាតិ​ឬ​ដោយ​សកម្មភាព​មនុស្ស ហើយ​ដែល​ស្រូបយក និង​បញ្ចេញ​រស្មី​តាម​ជំហាន​រលក​ជាក់លាក់​ក្នុង​ជំហាន​រលក​នៃ​រំភាយ​រស្មី​កម្តៅ​ក្រហម​អាំង​ហ្វ្រា​ដែល​ភាយ​ចេញពី​ផ្ទៃផែនដី​បរិយាកាស និង​ពពក​។ បាតុភូត​ទាំងនេះ​បង្កឱ្យមាន​ផល​ផ្ទះ​កញ្ចក់​។​

    ​ចំហាយ​ទឹក ​(H2O)​ឧស្ម័ន​កាបូ​និក​(CO2) ​ឌីអាសូតម៉ូណូអុកស៊ីត​ (N2O)​មេតាន​(CH4)​និង​អូ​សូន ​(O3) ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចម្បងៗ​នៅក្នុង​បរិយាកាស របស់​ផែនដី​។ ក្រៅពីនេះ មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយចំនួន​នៅក្នុង​បរិយាកាស ដែល​បង្កើតឡើង​ដោយ​មនុស្ស​ទាំងស្រុង ដូចជា​ហា​ឡូ​កាបួ និង​សារធាតុ​ដទៃទៀត​ដែល​ផ្ទុក​ក្លរ​និង​ប្រូ​ម គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​នៃ​ពិធីសារ​ម៉ុងរ៉េអាល់​។ ក្រៅពី CO2 N2O និង CH4​ពិធីសារ​ក្យូ​តូ គ្រប់គ្រង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដទៃទៀត ដូចជា ស៊ុ​ល​ភួ​អ៊ិ​ច​សា​ភ្លុយអ​រីត​ (SF6) អ៊ី​ដ្រូ​ភ្លុយអ​រ៉ូ​កាបួ​ (HFCs) និង​ពែរ​ភ្លុយអ​រ៉ូ​កាបួ​ (PFCs)​៕

  • មនុស្ស​ជាច្រើន​សុទ្ធតែ​ចង់​មាន​ទម្លាប់​អាន តែ​មិនដឹង​ចាប់ផ្តើម​ដោយ​វិធី​ណា

    មនុស្ស​ជាច្រើន​សុទ្ធតែ​ចង់​មាន​ទម្លាប់​អាន តែ​មិនដឹង​ចាប់ផ្តើម​ដោយ​វិធី​ណា

    ការអាន​សៀវភៅ ឬ​អាន​អ្វីមួយ គឺជា​រឿង​មួយ​ដែល​មនុស្ស​ស្ទើរ​គ្រប់គ្នា​ទទួលស្គាល់ថា​សំខាន់  ប៉ុន្តែ​ពួកគេ​តែងមាន​ឧបសគ្គ​មួយ​ដែល​មិនអាច​ធ្វើឱ្យ​ពួកគេ​ក្លាយជា​អ្នកអាន​ដ៏​ល្អ​បាន នោះ​គឺ ការ​គ្មាន​ទម្លាប់​អាន ហើយ​តែង​ងងុយគេង​រៀងរាល់​ពេលដែល​ពួកគេ​កាន់​សៀវភៅអាន។

    ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ឡា​រ៉ែ​ន ​សូម​ជូន​នូវ​ដំណោះស្រាយ​មួយចំនួន​ដើម្បី​ជា​វិធីសាស្ត្រ​សម្រាប់​អនុវត្ត​ចំពោះ​អ្នក​ដែល​ចង់​បង្កើត​ទម្លាប់​នៃ​ការអាន។

    1. ឯកសារ​សម្រាប់​អាន

    មនុស្សម្នាក់ៗ ពេលធ្វើ​អ្វីមួយ តែងតែ​ចង់​ចាប់ផ្តើមភ្លាមៗ និង​ទទួលបាន​ជោគជ័យភ្លាមៗតែម្ដង។ ដូចជា​អ្នក​ហាត់ប្រាណ​ថ្ងៃទី1 ហើយ​ចង់បាន​សាច់ដុំ​ពោះ 6កង់​តែម្តង​ជាដើម។ វា​មិនអាច​ទៅរួច​ទេ ហេតុនេះ​ការអាន​ក៏​ដូចគ្នា​ដែរ គ្មាន​មនុ​ស្សណា​ម្នាក់​មិន​ចង់​អាន​ឯកសារសំខាន់ៗដើម្បី​ជា​ប្រយោជន៍ភ្លាមៗនោះទេ តែ​នៅពេលដែល​ពួកគាត់​ខ្វះ​ទម្លាប់​នៃ​ការអាន គាត់​អាច​នឹង​ធុញ ហើយ​បោះបង់​ការអាន​ចោល​វិញ​យ៉ាង​ងាយ។

    ជា​វិធីសាស្ត្រ​ល្អ​មួយ​សម្រាប់​អ្នកអាន គឺ​ត្រូវ​ស្វែងរក​ឱ្យឃើញ​នូវ​ឯកសារ​ដែល​ខ្លួន​ចូលចិត្ត​អាន ចាប់ពី​សៀវភៅ​ដែលមាន​រូប​ច្រើន​អក្សរ​តិច រហូតដល់​សៀវភៅ ឫ​ឯកសារ​ដែលមាន​សុទ្ធតែ​អក្សរ​ទាំងអស់។ ក្រៅពីនេះ ការអាន​ទស្សនា​វ​ដ្តី​កម្សាន្ត ការអាន​រឿង​ប្រលោមលោក រឿង​កំប្លែងសប្បាយៗក៏​អាចជា​ចំណុច​មួយ​ដែល​ធ្វើឱ្យ​អ្នក​ចូលចិត្ត​អាន​សៀវភៅ​បានដែរ ហេតុនេះ​សូម​អាន​អ្វី​ក៏ដោយ​ឱ្យ​អ្នក​តែ​ពេញចិត្ត រហូតដល់​មាន​ទម្លាប់​អាន​ដោយ​រីករាយ​ហើយ សឹម​ប្តូរ​គោលដៅ​ទៅ​អាន​សៀវភៅ​ឯកសារ​ដែលមាន​ប្រយោជន៍ នោះ​យើង​នឹង​អាច​ក្លាយជា​អ្នកអាន​ម្នាក់​ដែល​ខុសប្លែក​ពី​ពេលមុន​មិន​ខាន។

    1. នៅ​ឱ្យ​ឆ្ងាយ​ពីរ​បស់​ដែល​អ្នក​ធ្លា​ប់ញៀន បើសិន​ចង់​អាន​សៀវភៅ​បានយូរ

    ពាក្យ​ថា ញៀន គឺមាន​ច្រើន អ្នកខ្លះ​ញៀន​ស្រា ញៀន​ល្បែង ញៀន​ថ្នាំញៀន ដែល​សុទ្ធតែជា​បញ្ហា​ធ្ងន់ធ្ងរ ព្រោះ​ជាទូទៅ​មនុស្ស​ដែល​ញៀន​របស់​ទាំងអស់នេះ​ប្រហែលជា​មិនសូវ​ចង់​អាន​សៀវភៅ​ប៉ុន្មាន​ទេ តែ​ញៀន​ដែល​យើង​ចង់​និយាយ​នៅទីនេះ​គឺ​ញៀន​របស់​កំប៉ិកកំប៉ុក ដូចជា​ញៀន Facebook ញៀន​ហ្គេម​ទូរស័ព្ទដៃ ញៀន​ជជែក​លេង​តាម​ទូរស័ព្ទ ឬ​ញៀន​ការនិយាយ​ដើម​គេ​ជាដើម។

    ការដកខ្លួន​ចេញពី​របស់​ដែល​អ្នក​ធ្លាប់​ជក់ចិត្ត​ដែល​មិនមែនជា​ការអាន​នេះ​មួយរយៈ  អាចធ្វើឱ្យ​អារម្មណ៍​របស់​អ្នក​ស្ងប់ស្ងាត់ ហើយ​មាន​ចន្លោះ​ល្អ​មួយ​សម្រាប់​ការអភិវឌ្ឍ​ខ្លួន​តាមរយៈ​ការអាន។ ហេតុនេះ​ប្រសិនបើ​ចង់​មាន​ទម្លាប់​អាន​សៀវភៅ សូម​នៅ​ឱ្យ​ឆ្ងាយ​ពី​រឿង​ទាំងឡាយណា​ដែល​ធ្វើឱ្យ​យើង​គិតថា រំខាន ឬ​ជា​គ្រឿង​អូសទាញ​ឱ្យ​អ្នក​បោះ​សៀវភៅ​ចោល។

    1. កុំ​បង្ខំ​អាន និង​កុំ​អាន​ទាំង​បង្ខំ

    អ្នក​ដែល​ចង់​បង្កើត​ទម្លាប់​អានដំបូងៗ គេ​មិន​អាន​ទាំង​បង្ខំភ្លាមៗ ឬ​នៅ​កន្លែង​ណា​ក៏​អាន​បានដែរ​នោះទេ តែ​គេ​អាច​ចាប់ផ្តើម​ពី​ការសម្រួល​អារម្មណ៍​ឱ្យ​បានល្អ​ជាមុនសិន។ ដើម្បីឱ្យ​ងាយស្រួល​អាន អ្នក​អាច​ស្វែងរក​ពេល​សម្រាក​ដ៏​សមរម្យ​ណាមួយ​ជាប្រចាំ បើទោះបីជា​ពេលនោះ​ខ្លី​ក៏ដោយ តែ​ឱ្យតែ​ស្ថិតក្នុង​បរិយាកាស​មិនមាន​ឮ​សំឡេង​រំខាន​ខ្លាំង មិន​ហប់ ឬ​មិន​មានការ​ធុញថប់​អារម្មណ៍​ជាដើម។

    សូម​ចាប់ផ្តើម​អាន​សៀវភៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ និង​រីករាយ មុនពេល​ឈានដល់​ការ​ក្លាយជា​អ្នកអាន​ម្នាក់​ដែល​អាច​អាន​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង៕

  • បើ​មិន​ប្រយ័ត្ន និស្សិត​អាច​ជ្រើស​យក​ជំនាញ​តាម​ក្តី​សុបិន​ក្លែងក្លាយ

    បើ​មិន​ប្រយ័ត្ន និស្សិត​អាច​ជ្រើស​យក​ជំនាញ​តាម​ក្តី​សុបិន​ក្លែងក្លាយ

    ជា​រៀងរាល់ឆ្នាំ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​មួយចំនួន​តែងតែ​ត្អូញត្អែរ​ចំពោះ​ការដែល​ខ្លួន​បាន​សិក្សា​ចំ​ជំនាញ​ដែល​ធ្លាប់​នឹក​ស្រមៃ​តាំងពី​តូច ឬ​បានធ្វើ​ការងារ​ដែល​ធ្លាប់បាន​ស្រមៃ​ទុក​ហើយ តែ​បែរជា​មិន​សប្បាយចិត្ត​សោះ ហើយ​ទីបំផុត​ក៏​ងាក​ទៅរក​ជំនាញ​មួយ​ផ្សេង ខុសពី​មុខជំនាញ​ដែល​រៀន​នៅ​មហាវិទ្យាល័យ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កញ្ញា អៀង លីន​ដា គ្រូបង្វឹក​កម្មវិធី Life Coach បាន​លើកឡើងថា ការដែល​យុវជន​មិនទាន់​រកឃើញ​សក្តានុពល​របស់ខ្លួន​ឯង ឬ​សិក្សា​លើ​ជំនាញ​មួយ​ដែល​ធ្លាប់​គិតថា ចង់​រៀន តែ​បែរជា​មិនសូវ​ពូកែ ហើយ​បោះបង់ចោល​វិញ​នោះ  អាចមកពី​ពួកគេ​រក​មិនទាន់​ឃើញ​ក្តី​សុបិន​ពិតប្រាកដ។ មនុស្ស​ជាច្រើន​បាន​សម្លឹងមើល​តែ​លើ​រូបភាព​ខាងក្រៅ​នៃ​អាជីព​មួយ ដូចជា​មើលឃើញ​ពី​ការប្រែប្រួល​នៃ​ជីវភាព ឬ​មើល​ឃើញតែ​ពី​សម្ភារ​របស់​មនុ​ស្សណា​ម្នាក់​ក្រោយពេល​ដែលមាន​ជំនាញ​មួយ ហើយ​គិតថា ប្រសិនបើ​ខ្លួន​បានធ្វើ​ដូច​មនុស្ស​ម្នាក់​នោះ​ប្រហែលជា​អាចមាន​របស់​ទាំងអស់​នោះ​ដូចគ្នា ដោយ​មិនបាន​គិតពី​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​របស់ខ្លួន ដែល​ធ្វើឱ្យ​ពួកគេ​មិនអាច​សម្រេច​ក្តី​សុបិន​ពិតប្រាកដ​បាន។

    កញ្ញា អៀង លីន​ដា បាន​និយាយថា៖ «ពេលខ្លះ​និស្សិត​ចូលចិត្ត​ចំណាយពេល​ច្រើន​ដើម្បី​ស្តាប់​គំនិត​ពី​មនុស្ស​ជុំវិញខ្លួន ឬ​មើល​មនុស្ស​ជុំវិញខ្លួន​ច្រើនពេក ហើយ​ភ្លេច​គិតពី​ខ្លួនឯង»។

    អ្នក​បណ្តុះបណ្តាល​ខាងលើ​បានលើកឡើង​ផងដែរ​ថា សំឡេង​ខាងក្រៅ​ថ្វីត្បិតតែ​ល្អ​សម្រាប់​យុវវ័យម្នាក់ៗក្នុងការ​កំណត់​ទិសដៅ​អនាគត​មែន តែ​សូមកុំ​ធ្វើតាម​ទាំងស្រុង​ហើយ​ភ្លេច​គិតពី​ខ្លួនឯង។ ជាធម្មតា អ្នក​ខាងក្រៅ​អាច​មើល​យើង​ឃើញ​តែមួយ​ជ្រុង​ប៉ុណ្ណោះ តែ​ស្ថានភាព​ពិត គឺ​មានតែ​ខ្លួន​យើង​ទេ​ដែលជា​អ្នក​ស្គាល់​ខ្លួនឯង​ច្បាស់។

    កញ្ញា​លីន​ដា បានផ្តល់​ដំណោះស្រាយ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ជ្រើសរើស​ជំនាញ​ខុស​នេះ យុវជន​គួរតែ​ស្រង់​យក​មតិ​ពី​អ្នក​ជុំវិញខ្លួន​សម្រាប់​ជាម​តិ​ដើម្បី​ពិចារណា ហើយ​ធ្វើការ​សម្រេច​ដោយ​ខ្លួនឯង​ផ្ទាល់​ទើប​ជាការ​ប្រសើរ​បំផុត។ ចំណុច​សំខាន់​ដែល​ត្រូវធ្វើ គឺ​ចំណាយ​ពេលវេលា​មួយចំនួន​ដើម្បី​ស្តាប់​បេះដូង​ខ្លួនឯង ហើយ​ពិចារណា​ឱ្យបាន​ដិតដល់​ថា តើ​យើង​ស្រឡាញ់​អ្វី​ឱ្យ​ពិតប្រាកដ មុននឹង​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ៕

  • សង្ស័យ Song Hye Kyo កំពុងតាំងគភ៌មុនរៀបការ

    សង្ស័យ Song Hye Kyo កំពុងតាំងគភ៌មុនរៀបការ

    នៅថ្ងៃទី2 ខែតុលា ឆ្នាំ2017នេះ សារព័ត៌មាន Teenee បានចេញផ្សាយឱ្យដឹងថា នៅលើបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្ដាក្រាមដែលមានឈ្មោះថា dots_kdrama បានបង្ហោះរូបភាពរបស់គូស្នេហ៍ Song Hye Kyo និងមិត្តប្រុសនាងគឺ លោក Song Joong Ki ដែលបានធ្វើដំណើរវិលត្រឡប់មកពីទីក្រុងប៉ារីស ប្រទេសបារាំងវិញ។

    ដោយឡែកមានរូបថត2សន្លឹកដែលបង្ហាញពីគូស្នេហ៍មួយគូនេះកំពុងដើរចេញពីព្រលានយន្ដហោះ ហើយជួបរាក់ទាក់ជាមួយអ្នកគាំទ្រ តែអ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនោះគឺ ពោះរបស់តារាស្រី Song Hye Kyo មានសភាពហាក់ដូចជាស្ត្រីដែលកំពុងតាំងគភ៌ ក៏ប៉ុន្តែយ៉ាងណាមិញ បើតាមសារព័ត៌មានរបស់កូរ៉េ តារាស្រីរូបនេះនៅមិនទាន់មានការបកស្រាយណាមួយឱ្យច្បាស់ការដល់អ្នកគាំទ្រឡើយ។ ដើម្បីស្រាយចម្ងល់ខាងលើនេះ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ ៖

  • ពិតជាអស្ចារ្យមែន!! ឈុតប្រចាំជាតិឡាវ សម្រាប់កាប្រកួត Miss Grand International

    ពិតជាអស្ចារ្យមែន!! ឈុតប្រចាំជាតិឡាវ សម្រាប់កាប្រកួត Miss Grand International

    ជិតដល់ថ្ងៃប្រកួតហើយសម្រាប់វេទិកា Miss Grand International  2017 ដែលរៀបចំឡើងដោយប្រទេសវៀតណាម នៅថ្ងទី25 ខែតុលា ឆ្នាំ2017 បវរកញ្ញាតំណាងប្រទេសឡាវគឺ កញ្ញា ជីនណាលី ណៈរៈស៊ីង ឬឈ្មោះហៅក្រៅថា ហ្វាសៃ ក៏ជាបេក្ខនារីបវរកញ្ញាម្នាក់ដែរដែលនឹងត្រូវដើរបង្ហាញម៉ូដឈុតប្រចាំជាតិចូលរួមក្នុងការប្រកួតនៅក្នុងឆ្នាំនេះ ។ នេះបើតាមសារព័ត៌មាន Teenee នៅថ្ងៃទី2 ខែតុលា ឆ្នាំ2017។

    ដោយឡែកឈុតនេះទៀតសោត បានក្លាយជាកម្លាំងជំរុញចិត្តដល់ប្រជាជនឡាវគ្រប់រូប ព្រោះខាងអ្នកឧបត្ថម្ភបវរកញ្ញាឡាវបាននាំយកឈុតនេះមកពីវត្តព្រះធាតុហ្លួងវៀងច័ន្ទជាវត្តប្រាសាទដ៏ចំណាស់មួយ និងជាឈុតបុរាណដែលបង្ហាញពីភាពស្រស់ស្អាតពិបាកនឹងបរិយាយប្រចាំវប្បធម៌ជាតិនៃប្រទេសឡាវ និងកាន់តែធ្វើឱ្យប្រជាជនឡាវមានមោទនភាពខ្លាំងបំផុតទៀតផង។ គួរបញ្ជាក់ដែរថា ឈុតដែលប្រកបដោយគ្រឿងអលង្ការភ្លឺចិញ្ចាច មានរស្មីពណ៌មាស មានរចនាក្បាច់ផ្កាភ្ញី និងសត្វនាគមួយឈុតដ៏ប្រណីត ថែមទាំងមានលក្ខណៈឯកពិសេសដោយឡែក ដែលរចនាម៉ូដដោយ អ្នកនាង កែវ ស៊ីដួង ជាជនជាតិឡាវ ដែលជាអ្នកជំនាញផ្នែកសិល្បៈបុរាណ វប្បធម៌ ទំនៀមទម្លាប់ និងយល់ដឹងពីប្រពៃណីរបស់ស៊ុនសាតឡាវ(ជនជាតិឡាវ) យ៉ាងច្បាស់លាស់។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖