Category: សង្គម និងសេដ្ឋកិច្ច

  • ឳពុកក្មេករបស់បងប្រុសខេមរៈ សិរីមន្តទទួលមរណភាព

    ឳពុកក្មេករបស់បងប្រុសខេមរៈ សិរីមន្តទទួលមរណភាព

    បើតាមរយៈFacebook Page របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្តបានឱ្យដឹងថា ឳពុកក្មេករបស់បងប្រុសលោកគឺឯកឧត្តម ចៅ ភារម្យ បានទទួលមរណភាពក្នុងអាយុ 72 ឆ្នាំ កាលពីថ្ងៃទី2 ខែតុលា ឆ្នាំ2017។

    ដូចដែលប្រិយមិត្តធ្លាប់បានដឹង បានស្គាល់ហើយ កាលពីពេលកន្លងមក លោកខេមរៈ ភារុណ គឺជាបងប្រុសរបស់កំពូលតារាចម្រៀងខេមរៈ សិរីមន្តដែលធ្លាប់បានបញ្ចេញស្នាដៃនិពន្ធបទចម្រៀងល្បីៗជាច្រើនកន្លងមកឱ្យតារាប្រុសរូបនេះច្រៀង។ ហើយកាលពីរាត្រីម្សិលមិញនេះដែរ តារាចម្រៀងរូបនេះក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងក្រុមគ្រួសារបងប្រុសរបស់ខ្លួនតាមរយៈFacebook Pageថា «សូមវិញ្ញាណក្ខន្ឌលោកអ៊ុំបានទៅដល់សុខគតិភពកុំបីអាក់ខានឡើយ»៕

  • ល្បីស្អាតៗ តាមពិតកែសម្ផស្សសោះ…បវរកញ្ញា Miss Universe Vietnam

    ល្បីស្អាតៗ តាមពិតកែសម្ផស្សសោះ…បវរកញ្ញា Miss Universe Vietnam

    បើតាមសារព័ត៌មាន kenh14 ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី5 ខែតុលា ឆ្នាំ2017នេះ បានឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាលំដាប់ថ្នាក់ពិភពលោក Miss Universe Vietnam 2017 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់បវរកញ្ញាដែលស្អាតដាច់គេតែចំនួនប៉ុន្មាននាក់ប៉ុណ្ណោះ ដូចជា Hoang Thuy, Mau Thuy, Mai Ngo, Huyen Thanh និងជាពិសេសជាងគេនោះគឺ នាង Ly Thien Huong ដែលមានជើងសស្រឡូន ហើយមានកម្ពស់ 174 សង់ទីម៉ែត្រ ព្រមទាំងមានទំហំទាំង3 (ដើមទ្រូង ចង្កេះ និងត្រគៀក) ត្រូវតាមខ្នាតស្ដង់ដារទៀតផង។

    តែអ្វីដែលកំពុងធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅពេលនេះគឺ នាង Thien Huong ត្រូវបានក្រុមអ្នកលេងបណ្ដាញសង្គមយករូបភាពពិតរបស់នាងមកបង្ហោះ ដែលស្ដែងឱ្យឃើញថា ការពិត នេះជាសម្រស់ក្លែងក្លាយទេ ហើយរូបភាពពីពេលមុននេះទើបជារូបសម្រស់ពិតរបស់នាង។ គឺជារូបសម្ផស្សដ៏គួរឱ្យភ័យខ្លាច ខុសគ្នាដាច់នឹងពេលបច្ចុប្បន្ននេះដែលនាងមានសម្រស់ស្អាតដាច់គេ។ យ៉ាងណាមិញ ដើម្បីកុំឱ្យប្រិយមិត្តមានមន្ទិលសង្ស័យយូរនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

     

     

     

  • Sam Smith ថើបសង្សារប្រុសដូចគ្នាកណ្ដាលទីសាធារណៈ

    Sam Smith ថើបសង្សារប្រុសដូចគ្នាកណ្ដាលទីសាធារណៈ

    បន្ទាប់ពីបែកធ្លាយរូបភាពប៉ុន្មានសន្លឹករបស់តារាចម្រៀងមនោសញ្ចេតនាលន្លង់លន្លោច  Sam Smith បានថើបជញ្ជក់មាត់គ្នាជាមួយសង្សារប្រុសដូចគ្នាដែលជាតួអង្គនៅក្នុងរឿង “13 Reasons Why” លោក  Brandon Flynn រួចមក ស្រាប់តែថ្មីៗនេះ តារាចម្រៀងរូបនេះបានអះអាងប្រាប់សារព័ត៌មាន The Star ថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតប្រាកដមែន។

    រូបភាពឱបថើបគ្នានេះ ស្ថិតនៅក្នុងទីសាធារណៈមួយនៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលបង្ហាញពីការណាត់ជួបគ្នា និងទទួលទានអាហារជាមួយគ្នាផងដែរ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងវ័យ 25 ឆ្នាំ និង តារាសម្ដែងវ័យ 23 ឆ្នាំ ទាំងពីរនាក់នេះ បានបញ្ចាក់ថា ពួកគេកំពុងតែមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នា ហើយកំពុងតែស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក ដូច្នេះហើយទើបអ្នកគាំទ្របានឃើញពួកគេបណ្ដើរគ្នាទៅទទួលទានអាហារ ព្រមទាំងអង្គុយផឹកស្រាយ៉ាងផ្អែមល្ហែមជាមួយគ្នា ពោលគឺ ញ៉ាំបណ្ដើរ ថើបជញ្ជក់មាត់គ្នាបណ្ដើរ។ ផ្អែមល្ហែមដល់កម្រិតនេះឯង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើននឹកស្មានមិនដល់ ដូច្នេះដើម្បីឱ្យកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

     

     

     

  • Kane នឹង​ធ្វើជា​ប្រធាន​ក្រុម ពេល​អង់គ្លេស ប៉ះ ស្លូ​វេ​នី រាត្រី​នេះ

    Kane នឹង​ធ្វើជា​ប្រធាន​ក្រុម ពេល​អង់គ្លេស ប៉ះ ស្លូ​វេ​នី រាត្រី​នេះ

    Harry Kane នឹង​ធ្វើជា​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្លូ​វេ​នី ក្នុង​វគ្គ​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 នៅ​រាត្រី​នេះ ប៉ុន្តែ លោក Gareth Southgate មិនទាន់បាន​សម្រេចចិត្ត​ក្នុងការ​ជ្រើស​រើសយក​ប្រធាន​ក្រុម​ជា​អចិន្ត្រៃយ៍​នៅឡើយ​ទេ។

    លោក Southgate គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស បានប្រកាសថា Kane នឹង​ដឹកនាំ​ក្រុម​របស់លោក​ក្នុងការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ លោក​មិនបាន​ប្រកាសថា ខ្សែប្រយុទ្ធ​របស់​ក្លិប Tottenham រូបនេះ​ជា​ប្រធាន​ក្រុម​អចិន្ត្រៃយ៍​ឡើយ។ អ្នកចាត់ការ​ទូទៅ​រូបនេះ បាន​ស្ទាក់ស្ទើរ​ក្នុងការ​តែងតាំង​ប្រធាន​ក្រុម​ជា​អចិន្ត្រៃយ៍ ចាប់តាំងពី​ចូល​ជំនួស​កន្លែង​របស់លោក Sam Allardyce កាលពី​ឆ្នាំមុន និង​បានជ្រើសរើស​ប្រធាន​ក្រុម​របស់លោក​ទៅតាម​ការប្រកួត​មួយលើក។

    ខ្សែបម្រើ Jordan Henderson របស់​ក្លិប Liverpool ធ្លាប់បាន​ធ្វើជា​ប្រធាន​ក្រុម​របស់​អង់គ្លេស ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី និង​ម៉ា​ល់ត៍ កាលពីដើម​ឆ្នាំនេះ ស្រប​ពេលដែល Kane ក៏​ធ្លាប់បាន​កាន់តំណែង​ជា​ប្រធាន​ក្រុម​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង និង​ស្កុ​តលែ​ន​ដែរ។ លោក Southgate នឹងត្រូវ​សម្រេចចិត្តថា តើ​លោក​នឹងត្រូវ​តែងតាំង​ប្រធាន​ក្រុម​ជា​អចិន្ត្រៃយ៍​ម្នាក់ នៅមុន​យុទ្ធនាការ World Cup ក្នុងប្រទេស​រុស្ស៊ី នៅ​រដូវក្តៅ​ក្រោយ ឬ​យ៉ាងណា ប៉ុន្តែ គ្រូបង្វឹក​រូបនេះ​ជឿជាក់ថា Kane គឺជា​មនុស្ស​ដ៏​ស័ក្តិសម​ក្នុងការ​ដឹកនាំ​ក្រុម​អង់គ្លេស ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្លូ​វេ​នី នៅ​កីឡដ្ឋាន Wembley។ លោក Southgate បាន​ឲ្យ​ដឹងថា៖ «រូបគេ​នឹង​ធ្វើជា​ប្រធាន​ក្រុម​នៅ​ថ្ងៃស្អែក​នេះ ជា​ព័ត៌មាន​ដែល​រូបគេ​បានដឹង​រយៈពេល​មួយខែ​មុន​ទៅហើយ យើង​បានធ្វើការ​ពិភាក្សាគ្នា​រួចជាស្រេច»។

    ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ ដោយ​ដឹងថា ការដណ្តើម​បាន​ជ័យជម្នះ​ពេល​ជួប​ក្រុម​ស្លូ​វេ​នី នឹង​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ក្នុងការ​កក់​កៅអី​ទៅ World Cup នៅ​រុស្ស៊ី ឆ្នាំ2018 ខណៈដែល​ពួកគេ​ត្រូវការ​ត្រឹមតែ2ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ការប្រកួត​ជម្រុះ2លើកចុងក្រោយ​របស់​ពួកគេ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

    ប្រភពពី៖ Sky Sports

  • ក្រៅពី​វិស័យ​កាត់ដេរ កម្ពុជា​ត្រូវ​ពង្រឹង​វិស័យផ្សេងៗទៀត ទើប​អាច​រក្សា​ស្ថិរភាព​កំណើនសេដ្ឋកិច្ច

    ក្រៅពី​វិស័យ​កាត់ដេរ កម្ពុជា​ត្រូវ​ពង្រឹង​វិស័យផ្សេងៗទៀត ទើប​អាច​រក្សា​ស្ថិរភាព​កំណើនសេដ្ឋកិច្ច

    ភ្នំពេញ – យោងតាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក​បានបង្ហាញ​ឱ្យឃើញថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹងមាន​ការធ្លាក់ចុះ​បន្ដិច​នៅត្រឹម 6.8% ក្នុងឆ្នាំនេះ ខណៈ​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ទៅកាន់​ក្រៅប្រទេស​មានការ​ថយចុះ។

    បញ្ហា​ចម្បង​មួយ​ដែល​គេ​មើលឃើញថា ជា​កត្តា​រុញច្រាន​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​ថយចុះ​បន្ដិច​នោះ គឺ​ដោយសារតែ​ប្រាក់​ឈ្នួល​របស់​កម្មករ​បាន​កើនឡើង រីឯ​តម្លៃ​ផលិតផល​វាយ​ន​ភណ្ឌ​មានការ​ធ្លាក់ចុះ​បណ្ដាលឱ្យ​សកម្មភាព​នៃ​ការនាំចេញ​ផលិតផល​ទាំងនោះ​មានការ​ថយចុះ​ដែរ។

    យោងតាម​ការលើកឡើង​របស់លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​បាន​បញ្ជាក់ថា ដើម្បី​រក្សា​ឱ្យបាន​កំណើនសេដ្ឋកិច្ច កម្ពុជា​ត្រូវតែ​ប្រឹងប្រែង​ពង្រីក​សក្ដានុពល​នៃ​ការផលិត​នូវ​ផលិត​ថ្មី​បន្ថែមទៀត​ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ ធ្វើយ៉ាងណា​ជំរុញឱ្យមាន​ការនាំចេញ​កាន់តែ​ផុលផុស។

    នៅក្នុង​ឆ្នាំនេះ​ការនាំចេញ​លើ​វិស័យ​វាយ​ន​ភណ្ឌ​មានការ​ធ្លាក់ចុះ​នៅត្រឹម5.4%គិត​ត្រឹម​ឆមាស​ទីមួយ បើ​បើ​ធៀប​ទៅនឹង​ឆ្នាំ2016 រយៈពេល​ដូចគ្នា​មានការ​នាំចេញ​រហូតដល់ 8.4% ។

    សេដ្ឋវិទូ​ជាន់ខ្ពស់​រូបនេះ​ប្រាប់​យ៉ាង​ដូច្នេះ​ថា៖«ការពិត​សេដ្ឋកិច្ច​ដែល​ធ្លាក់ចុះ​ពី​អត្រា7.0%មក​នៅត្រឹម6.8% ដោយសារតែ​វិស័យ​កាត់ដេរ​របស់​យើង​ថយ​ល្បឿន​បន្ដិច លើក​មុន​យើង​មាន​កំណើន​ដល់8%ឥឡូវ​យើង​មានការ​ធ្លាក់​ចុះមក​នៅត្រឹម5% ។ តែ​យ៉ាងណាក៏ដោយ ប្រទេស​យើង​នៅមាន​ឧស្សាហកម្មថ្មីៗជាច្រើន​ទៀត ដែល​កំពុង​រីកលូតលាស់ ដូច្នេះ​យើង​ត្រូវតែ​ថែបំប៉ន​វា​ឱ្យមាន​សក្ដានុពល​ខ្លាំង​ឡើង​ជាង​ហ្នឹង​ទៀត ដើម្បី​ជំនួស និង​ជួយ​ទប់​នូវ​ការធ្លាក់ចុះ​បន្ដិច​ម្ដង​នៃ​វិស័យ​កាត់ដេរ​របស់​យើង ព្រោះ​យើង​មិនអាច​រារាំង​វិស័យ​កាត់ដេរ​មិនឱ្យ​ទៅណា​បានទេ»។

    ជាមួយគ្នានេះដែរ លោក លី សូ​ដេ​ត បន្ថែមថា ប្រសិនបើ​សេដ្ឋកិច្ចកម្ពុជា​ឡើង​ខ្ពស់ តម្លៃ​ពលកម្ម​ឡើង​ខ្ពស់ ដូច្នេះ​យើង​ត្រូវ​ផលិត​ផលិតផល​ណា​ដែលមាន​តម្លៃ​ជាង​ផលិតផល​វាយ​ន​ភណ្ឌ (សម្លៀកបំពាក់) នេះ។ ទោះយ៉ាងណា យើង​ត្រូវ​ទប់ទល់​នឹង​ការថយចុះ​យ៉ាងគំហុក​នៃ​វិស័យ​កាត់ដេរ​ដែរ បើ​មិន​ដូច្នោះ​ទេ យើង​មិនអាច​រក្សា​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​បានទេ៕

  • អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ រួមគ្នា​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ2030

    អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ រួមគ្នា​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ2030

    ប្រទេស​អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ នឹង​រួមគ្នា​បង្កើត​ការដេញថ្លៃ​មួយ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំ2030។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ប្រធានាធិបតី​របស់​ប្រទេស​ទាំងបី​កាលពី​ថ្ងៃ​ពុធ។

    លោក Horacio Cartes ប្រធានាធិបតី​របស់​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ បានបញ្ជាក់​កាលពី​ខែសីហា​ថា ប្រទេស​របស់លោក​នឹងចូលរួម​ដាក់សំណើ​ដេញថ្លៃ​ដែល​ត្រូវបាន​ចូលរួម​ដោយ​ប្រទេស​អា​ហ្ស​ង់​ទីន និង​អ៊ុយ​រូ​ហ្គា​យ ដែល​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ និង​បានឈ្នះ​ពាន World Cup ដំបូង​គេ កាលពី​ឆ្នាំ1930។ លោក Cartes បាន​ចូលរួម​ប្រជុំ​ជាមួយនឹង​ប្រធានាធិបតី​របស់​ប្រទេស​អា​ហ្ស​ង់​ទីន និង​អ៊ុយ​រូ​ហ្គា​យ គឺ​លោក Mauricio Macri និង​លោក Tabare Vazquez ក្នុង​ទីក្រុង Buenos Aires កាលពី​ថ្ងៃ​ពុធ ដើម្បី​ធ្វើការ​ប្រកាស​ជា​ផ្លូវការ។ លោក Cartes បាន​ឲ្យ​ដឹងថា៖ «កិច្ចប្រជុំ​ជា​លើក​ទី1សម្រាប់​ការរៀបចំ​ការដេញថ្លៃ​នេះ នឹងត្រូវ​រៀបចំឡើង​នៅ​សប្តាហ៍​ទី1នៃ​ខែវិច្ឆិកា។

    ប្រទេស​ផ្សេងទៀត​ក៏​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​ដែរ ប៉ុន្តែ វា​នឹង​មានការ​ប្រជែង​ដ៏​ខ្លាំង​មួយ​ពី​សំណាក់​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ដែល​នឹងធ្វើ​ការអបអរ​គម្រប់​ខួប​ឆ្នាំ​ទី100របស់គេ​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ» ចាប់តាំងពី​ប្រទេស​នេះ​បានរៀបចំ​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី1មក។ ប្រទេស​ម្ចាស់ផ្ទះ​អ៊ុយ​រូ​ហ្គា​យ បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្នុង​លទ្ធផល 4-2 ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ឆ្នាំ1930 ក្នុង​ទីក្រុង Montevideo។

    សូមបញ្ជាក់ថា  ព្រឹត្តិការណ៍ World Cup បន្ទាប់(ឆ្នាំ2018)នឹងត្រូវ​ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស​រុស្ស៊ី ខណៈដែល​កាតា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ2022។ ដោយឡែក ការដាក់សំណើ​ដេញថ្លៃ​រួមគ្នា​រវាង​ប្រទេស​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កាណាដា កំពុងតែ​មានប្រៀប​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ2026 ខណៈដែល​មានតែ​ប្រទេស​ម៉ា​រ៉ុ​ក មួយ​ប៉ុណ្ណោះ ដែល​បាន​ចូលខ្លួន​ក្នុងការ​ដេញថ្លៃ៕

    ប្រភពពី៖ Sport24

  • ចាប់ពី​ឆ្នាំ2018ទៅ កម្មករ​កាត់ដេរ​នឹង​ទទួលបាន​ប្រាក់ខែ​ច្រើន​ហើយ

    ចាប់ពី​ឆ្នាំ2018ទៅ កម្មករ​កាត់ដេរ​នឹង​ទទួលបាន​ប្រាក់ខែ​ច្រើន​ហើយ

    ភ្នំពេញ៖ ក្រុមការងារ​បច្ចេកទេស​ត្រីភាគី រួមមាន​ភាគី​ក្រសួង​ការងារ ភាគី​ក្រុម​សហជីព​តំណាង​កម្មករ និង​ភាគី​និយោជក (ថៅកែ) បាន​ជួបប្រជុំគ្នា​មួយ​ដើម្បី​ធ្វើការ​ចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការដំឡើង​ប្រាក់ខែ​ឱ្យ​កម្មករ-កម្មការិនី​កាត់ដេរ និង​ដេរ​ស្បែកជើង​សម្រាប់​ឆ្នាំ 2018ខាងមុខ។

    ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​ដើម្បី​ពិភាក្សា​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ2018ខាងមុខនេះ ភាគីនីមួយៗនៃ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​បានដាក់​សំណើ​ចុងក្រោយ​របស់ខ្លួន ដោយ​ក្នុងនោះ​ភាគី​សហជីព​ស្នើសុំ 170ដុល្លារ ភាគី​និយោជក​ស្នើសុំ​ត្រឹម 162ដុល្លារ និង​ភាគី​រាជរដ្ឋាភិបាល​សម្របសម្រួល​ដល់ 165ដុល្លារ។

    ប៉ុន្តែ​យ៉ាងណា​នោះ ក្រុមការងារ​បច្ចេកទេស​ទាំងបី​មិនទាន់​ឯកភាពគ្នា​ទាំងស្រុង​នៅឡើយ​ទេ ដោយ​គណៈកម្មការ​ប្រឹក្សា​ការងារ​នឹង​កោះប្រជុំ​នៅ​រសៀល​ថ្ងៃទី5 ខែតុលា ឆ្នាំ2017នេះ ម្ដងទៀត ដើម្បី​ប្រជុំ​ពិនិត្យ​សម្រេច​លើ​សំណើ​របស់​ភាគីនីមួយៗនេះ។

    សូមជម្រាបថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​កាត់ដេរ នៅក្នុង​តំបន់​សេដ្ឋកិច្ច​កាលពី​ម្សិលមិញ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ប្រាក់ខែ​អប្បបរមា​របស់​កម្មក​រ​កាត់ដេរ​នៅ​ឆ្នាំ2018នឹង​ទទួលបាន​យ៉ាងតិច​ក្នុង​ចន្លោះ​ពី160-170 ដុល្លារ ហើយ​បើ​បូករួម​ទាំង​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗទៀតផង​នោះ កម្មករ​កាត់ដេរ​ម្នាក់ ៗនឹង​ទទួលបាន​ប្រាក់ខែ​លើសពី 200ដុល្លារ​ក្នុង​មួយខែ។

    ក្នុង​គោលនយោបាយ​លើកកម្ពស់​ជីវភាព​កម្ម​ករ រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ជា​ស្ត្រី​ដែលមាន​ផ្ទៃពោះ​លើសពី3ខែ បានចេញ​មុន​ម៉ោង​ធ្វើការ​របស់ខ្លួន​យ៉ាងតិច15នាទី ដើម្បី​គាំពារ​សុខមាលភាព​កម្ម​ករ​និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​ក្នុង​ផ្ទៃ។

    ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាក​ឆ្លងទន្លេ​ក៏មាន​ប្រាក់ខែ120%រយៈពេល3ខែ​ផងដែរ។ ទោះជា​សម្រាលកូន​ក្នុង​ប្រព័ន្ធ ឬ​ក្រៅ​ប្រព័ន្ធ និង​ទោះបីជា​កូន​នោះ​កើត​រស់ ឬ​ស្លាប់​ក្ដី ក៏​នៅតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​គាំពារ​ដែរ។ ក្នុងនោះ​បើ​សម្រាលកូន​បាន​មួយ​នាក់​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ 40ម៉ឺន​រៀល កូនភ្លោះ​ពីរ​នាក់​ទទួលបាន80ម៉ឺន​រៀល និង​កូនភ្លោះ​បីនាក់​ទទួលបាន120ម៉ឺន​រៀល ដែល​ប្រាក់ឧបត្ថម្ភ​នេះ​នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី1 ខែមករា ឆ្នាំ2018ខាងមុខនេះ​តទៅ៕

  •  ស្ថានីយ​បូមទឹក​ថ្មី​នឹង​ធ្វើឱ្យ​ភ្នំពេញ​លែង​លិចលង់

     ស្ថានីយ​បូមទឹក​ថ្មី​នឹង​ធ្វើឱ្យ​ភ្នំពេញ​លែង​លិចលង់

    ភ្នំពេញ៖ ស្រប​ពេលដែល​ជំនន់​ទឹកភ្លៀង​បានកើត​ឡើងជា​បន្តបន្ទាប់​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ និង​បាន​បង្កឱ្យមាន​ការ​លិច​ផ្លូវ និង​ផ្ទះសំបែង​ជាច្រើន​កន្លែង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​កន្លងមក  ដើម្បី​ទប់ស្កាត់​ការលិចលង់​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានប្រកាសថា​នឹង​សាងសង់​ស្ថានីយ​បូមទឹក​មួយកន្លែង​ទៀត​ដែលមាន​សមត្ថភាព​អាច​រំដោះ​ទឹកភ្លៀង​ចេញ​បាន​ដល់​ទៅ 3 ខណ្ឌ។

    ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បានឱ្យដឹងថា ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ទីក្រុង​ដោយសារ​ទឹកភ្លៀង អាជ្ញាធរ​រាជធានី​បានសម្រេច​ជាបន្ទាន់​មួយ​លើ​គម្រោង​សាងសង់​ស្ថានីយ​បូមទឹក​មួយកន្លែង​ទៀត​ស្ថិតនៅ​ទីតាំង​លូ​ប្រាំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង រួម​នឹង​ការស្តារ​ប្រឡាយ​មេ​ជាច្រើន​ខ្សែ​ទៀត​ក្នុង​តំបន់​នោះ ដូចជា​ប្រឡាយ​លូ​ប្រាំ ប្រឡាយ​បារាំង និង​ប្រឡាយ​ដើម​ស្លែង ជាដើម។

    លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​នោះ​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ក្រោយពី​បាន​ចុះ​សិក្សា​ធ្វើការ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ប្រឡាយ​លូ​ប្រាំ ប្រឡាយ​បារាំង និង​ប្រឡាយ​ដើម​ស្លែង​បន្ទាប់ពី​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​រួចមក ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ដាក់​គ្រឿងចក្រ​ដើម្បី​ស្តារ​ប្រឡាយ​មេ​ទាំងនោះ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​បន្ទាន់ ហើយ​ត្រៀម​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​មួយទៀត​ក្នុងពេលឆាប់ៗនេះ​តែម្តង។

    ក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សិក្សា​ជា​កញ្ចប់​លើ​ការដោះស្រាយ​បញ្ហា​លិចលង់​នេះ ដែល​រំពឹងថា​ក្រោយ​ការជីក​ស្តារ​ប្រឡាយ​មេ​ទាំង 3​ខាង​លើ និង​ក្រោយពី​សាងសង់​ស្ថានីយ​បូមទឹក​នេះ​រួច នៅ​ឆ្នាំក្រោយ បើ​ស្ថានភាព​ភ្លៀង​មាន​ដូច​ឆ្នាំនេះ​ទៀត វា​នឹង​អាច​រំដោះ​ជំនន់​ទឹកភ្លៀង​បាន​យ៉ាង​ល្អប្រសើរ និង​អាច​រំដោះ​ទឹកបាន​ទាន់ពេលវេលា​បញ្ចៀស​ការ​លិចលង់​ដូច​បច្ចុប្បន្ន​បាន​យ៉ាង​ទាន់ពេលវេលា។

    សូម​ជម្រាប​ផងដែរ នេះ​គឺជា​គម្រោង​ស្តារ​បើកមុខ​ប្រឡាយ​ដាក់​បណ្តាញ​លូ​ប្រអប់​ថ្មី​ដែលមាន​ទំហំ​ចន្លោះ​ចាប់ពី 2.50ម៉ែត្រ ដល់ 6ម៉ែត្រ៕

  • អប់រំ ជា​ផ្នែក​សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​របស់​ធនាគារ​ពិភពលោក​ដើម្បី​ជួយ​កម្ពុជា

    អប់រំ ជា​ផ្នែក​សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​របស់​ធនាគារ​ពិភពលោក​ដើម្បី​ជួយ​កម្ពុជា

    ធនាគារពិភពលោក ជា​ស្ថាប័ន​សកល​មួយ​ដែល​បាន​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​នានា​លើ​ពិភពលោក ដោយ​ក្នុងនោះ​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ផងដែរ​ដែល​ទទួលបាន​ផលប្រយោជន៍សំខាន់ៗជាច្រើន​ពី​ស្ថាប័ន​នេះ។

    យោងតាម​ការបង្ហាញរ​បស់​ធនាគារពិភពលោក បានឱ្យដឹងថា កម្ពុជា​បានទទួល​ឥណទាន​លើកដំបូង​របស់ខ្លួន​ពី​ធនាគារពិភពលោក​នៅ​ឆ្នាំ1993 ដែល​ជំនួយ​សំខាន់​នេះ​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ស្តារឡើងវិញ​នូវ​ស្ថាប័ន​សង្គមកិច្ច សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ត។

    នៅ​ក្នុងការ​ផ្តល់ជំនួយ​ទាំងអស់នោះ​ធនាគារពិភពលោក​បាន​រៀបចំ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក ដែលជា​យុទ្ធសាស្ត្រ​មួយ​មាន​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​ទ្រទ្រង់​កំណើន​លើ​គ្រប់​វិស័យ និង​រឹងមាំ​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​វិបុលភាព​រួម។

    យុទ្ធសាស្ត្រ​ដែល​បានចែង​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​នេះ គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2014 – 2018  របស់​កម្ពុជា និង​មាន​គោលបំណង​ជួយ​កម្ពុជា​កែលម្អ​បន្ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច​របស់ខ្លួន ផ្គត់ផ្គង់ នូវ​សេវា​សង្គមកិច្ច​និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ឱ្យបាន​ល្អប្រសើរ​ជាង​មុន និង​បង្កើត​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ទីទ័លក្រ​តាមរយៈ​ការវិនិយោគ​លើ​អ្វីដែល​អាច​ជំរុញ​ការផលិត។

    ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ ក្រុម​ធនាគារពិភពលោក​បាន​រៀបចំ​ការវិនិច្ឆ័យ​ស្ថានភាព​ប្រទេស​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ(SCD) ដើម្បី​ជួយ​កំណត់​រកឱ្យឃើញ​នូវ​ឱកាស និង​បញ្ហា​ប្រឈម​នានា ព្រមទាំង​ផ្នែក​អភិវឌ្ឍន៍​ដែលជា​អាទិភាព​សម្រាប់​ធានា​ឱ្យបាន​នូវ​កំណើនសេដ្ឋកិច្ច​ដែល​រឹងមាំ។ យោងតាម​ការវិភាគ​នេះ​បាន​រកឃើញ​នូវ​យុទ្ធសាស្ត្រ​សំខាន់​មួយចំនួន ដែល​ក្នុងនោះ ការកសាង​ធនធានមនុស្ស​ត្រូវបាន​គេ​មើលឃើញថា ជា​យុទ្ធសាស្ត្រ​សំខាន់​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​សម្រួល​ដល់​ចល័តភាព​សេដ្ឋកិច្ច និង​វិបុលភាព​រួម​នៅក្នុង​ប្រទេស។

    ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ផ្នែក​យ៉ាងសំខាន់​ដែល​គាំទ្រ​ដល់​សកម្មភាព​របស់​គ្រប់​វិស័យ​នៅក្នុង​សង្គម ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ព្រោះថា​គ្រប់​ស្ថាប័ន​ទាំងអស់​សុទ្ធតែ​ត្រូវការ​មូលធន​មនុស្ស​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សមត្ថភាព​ខ្ពស់​ដើម្បី​ចូលរួម​ជំរុញឱ្យមាន​ភាព​រីកចម្រើន៕

  • យុវជន​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ឯកសារ​ស្រាវជ្រាវ

    យុវជន​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ឯកសារ​ស្រាវជ្រាវ

    ការសិក្សា​ស្រាវជ្រាវ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព និង​ពង្រឹង​នូវ​គុណភាព​នៃ​ការអប់រំ​របស់​យុវជន ជាពិសេស​និស្សិត​ដែល​កំពុង​សម្រួច​សមត្ថ​ភាព​ដើម្បី​ត្រៀម​បម្រើ​ការងារ ឬ​បង្កើត​អាជីវកម្មថ្មីៗនៅក្នុង​សង្គម។ ចរន្ត​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ត្រូវបាន​គេ​សង្កេតឃើញថា ចាប់ផ្តើម​មានការ​ផុសផុល​ឡើង​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តែ​អ្នកស្រាវជ្រាវ​មួយចំនួន​និយាយថា នៅមាន​ឧបសគ្គ​ច្រើន​នៅឡើយ​លើ​កត្តា​ឯកសារ។

    កញ្ញា ឆែ សុ​សម្ផស្ស ប្រធាន​ក្រុម​ជំហាន​យុវជន​កម្ពុជា​ដែលជា​ក្រុម​ស្រាវជ្រាវ​ពី​ទិន្នន័យ​លើ​វិស័យ​នានា​ក្នុងសង្គម បាន​លើកឡើងថា ការសរសេរ ឬ​ការជជែក​ពិភាក្សា​តស៊ូ​មតិ ចាំបាច់​បំផុត​ត្រូវតែមាន​អំណះអំណាង ឬ​ទិន្នន័យ​ពី​ប្រភព​ច្បាស់លាស់ និង​ទទួលយកបាន ដើម្បីឱ្យ​និយមន័យ ឬ​ការលើកឡើង​នូវ​បញ្ហា​ទាំងអស់នោះ​មាន​ទម្ងន់ និង​ប្រកបដោយ​ភាពប្រាកដនិយម តែ​ជាទូទៅ​អ្នកស្រាវជ្រាវ ក៏ដូចជា​អ្នកតស៊ូ​មតិ​ដែរ តែងមាន​បញ្ហា​ប្រឈម​ធំ​មួយ​គឺ ខ្វះ​ទិន្នន័យ។

    កញ្ញា ឆែ សុ​សម្ផស្ស បាន​និយាយថា៖ «ជាទូទៅ​យើង​ឃើញថា និស្សិត​ត្រូវការ​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ការងារ​សាលា ហើយ​អ្នកតស៊ូ​មតិ​ក៏ត្រូវ​ការស្រាវជ្រាវ​ដើម្បី​ធ្វើជា​អំណះអំណាង​គាំទ្រ​ទឡ្ហីករណ៍​របស់ខ្លួន តែ​ពួកគេ​មាន​បញ្ហា​មួយ​គឺ កង្វះខាត​វិធីសាស្ត្រ​ស្រាវជ្រាវ និង​ខ្វះខាត​ប្រភព​ឯកសារ​សម្រាប់​ស្រាវជ្រាវ ដែល​ធ្វើឱ្យ​ពួកគេ​មិនអាច​បង្កើត​ស្នាដៃ​ដែល​ច្បាស់លាស់​បាន​ដោយ​ងាយ​នោះឡើយ»។

    បង្ហាញ​ពី​ចំណុច​នេះដែរ​លោក ហម សុខ​នី ប្រធាន​ក្រុម​អ្នកអាន និង​ជា​អ្នកស្រាវជ្រាវ​មួយរូប បាន​លើកឡើងថា ជា​បញ្ហា​សម្រាប់​អ្នកស្រាវជ្រាវ​គឺ ទិន្នន័យសំខាន់ៗពាក់ព័ន្ធ​នឹង​បញ្ហាសំខាន់​នានា​ក្នុងសង្គម គឺ​នៅ​រាយប៉ាយ​គ្រប់​ទីកន្លែង​ដែល​ធ្វើឱ្យ​ពួកគេ​ចំណាយពេល​ច្រើន​ក្នុងការ​ស្វែងរក​ឯកសា​រ​មុនពេល​ចងក្រង​ជា​សំណុំ​ឯកសារ​ឡើង។

    អ្នកស្រាវជ្រាវ​ខាងលើ​បាន​បន្ថែមទៀតថា ប្រសិនបើ​ប្រភព​ឯកសារ​ត្រូវបាន​គេ​ចងក្រង​ទុក​ឱ្យមាន​របៀបរៀបរយ និស្សិត​នឹងមិន​ពិបាក​ស្រាវជ្រាវ​នោះទេ ហើយ​ការទាញយក​អំណះអំណាង​ក្នុងការ​និយាយ​របស់​ពួកគេ​ក៏​នឹងមាន​ភាពរលូន​ផងដែរ។ នៅពេលនោះ​ការគិត​របស់​យុវជន​កម្ពុជា​នឹង​កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ​ដែល​អាចធ្វើឱ្យ​ពួកគេ​អាច​ទាញយក​ប្រយោជន៍​បាន​យ៉ាងច្រើន​ពី​ការសិក្សា​ស្រាវជ្រាវ​នានា។

    និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​ស្ថាបត្យកម្ម និង​ជា​អ្នកតស៊ូ​មតិ​ម្នាក់​ដែរ លោក ឆែម សុ​ភី បាន​លើកឡើងថា ទន្ទឹមនឹង​បញ្ហា​ឯកសារ​នៅ​រាយប៉ាយ កង្វះ​ការធ្វើ​បច្ចុប្បន្នភាព (Update) ទិន្នន័យ​ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​និស្សិត និង​អ្នកតស៊ូ​មតិ​ពិបាក​ខ្លាំង​ណាស់ដែរ។ ជាទូទៅ គេ​សង្កេតឃើញថា អ្នកតស៊ូ​មតិ​មួយចំនួន​មានការ​ពិបាក​ខ្លាំង​ក្នុងការ​លើកយក​អំណះអំណាង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ឱ្យស្រប​តាម​ស្ថានភាព​ជាក់ស្តែង និង​ស្របតាម​ព្រឹត្តិការណ៍ថ្មីៗដែល​កើតមាន​នៅក្នុង​សង្គម។

    អ្នកតស៊ូ​មតិ​រូបនេះ​ចង់ឃើញ​ស្ថាប័ន​នានា​បង្ហាញ​ពី​ប្រភព​ឯកសារ​ឱ្យបាន​លឿន រួមទាំង​គ្រឹះស្ថាន​អប់រំ​នានា​ចូលរួម​ចងក្រង​ជា​ប្រភព​ទិន្នន័យ​ឱ្យបាន​រៀបរយ និង​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ជំនួយ​ដល់​សិស្ស និស្សិត​ដែល​ត្រូវការ​ស្រាវជ្រាវ​លើ​បញ្ហា​នានា​ដែល​វា​អាចជា​ទុន​នៃ​គំនិត​សម្រាប់​បង្កើត​ស្នាដៃថ្មីៗប្រកបដោយ​ភាព​ច្នៃប្រឌិត៕