Category: សង្គម និងសេដ្ឋកិច្ច

  • ប្រាក់ខែ​គ្រូ នឹង​កើន​ដល់​ជាង​មួយ​លាន​រៀល​នៅ​ឆ្នាំក្រោយ ខណៈពេល​ចូលនិវត្តន៍​នឹងត្រូវ​ពន្យារ

    ប្រាក់ខែ​គ្រូ នឹង​កើន​ដល់​ជាង​មួយ​លាន​រៀល​នៅ​ឆ្នាំក្រោយ ខណៈពេល​ចូលនិវត្តន៍​នឹងត្រូវ​ពន្យារ

    នៅ​ថ្ងៃទី5 ខែតុលា ឆ្នាំ2017 ម្សិលមិញនេះ ជា​ទិវា​គ្រូបង្រៀន​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ» ដែល​ទិវា​នេះ​ជា​ទិវា​ដ៏​មាន​សារៈសំខាន់​ក្នុង​ការលើកតម្លៃ​គ្រូបង្រៀន​នៅ​កម្ពុជា។

    ដើម្បី​ត្រៀម​សម្រាប់​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​យុទ្ធនាការ​ជាច្រើន​ដូចជា ការប្រកួត​សូត្រ​កំណាព្យ​ថ្នាក់ជាតិ និង​ការប្រកួត​តែង​និពន្ធ​លើ​ប្រធានបទ​ទាក់ទង​នឹង​គ្រូបង្រៀន​ជាដើម។ ហើយ​សម្រាប់​កម្មវិធី​នៅថ្ងៃនេះ​វិញ ក្រសួង​អប់រំ បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែលមាន​ការចូលរួម​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មន្ត្រី​ក្នុង​វិស័យ​អប់រំ​ប្រមាណ​ជាជាង​មួយ​ពាន់​នាក់។

    នៅក្នុង​ពិធី​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​បានប្រកាសថា រាជរដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់ខែ​អប្បបរមា​ពី​ប្រាក់ខែ 95ម៉ឺន​រៀល​នៅ​ឆ្នាំនេះ ទៅដល់​ជាង​មួយ​លាន​រៀល​នៅ​ឆ្នាំ 2018 ខាងមុខនេះ។

    សម្តេច​ត​ជោ ហ៊ុន សែន បាន​លើកឡើងថា ទិវា​គ្រូបង្រៀន​នេះ​ពិតជា​មានតម្លៃ​យ៉ាងខ្លាំង​ចំពោះ​លោកគ្រូ-អ្នកគ្រូ​ទូទាំងប្រទេស ដើម្បី​រំឭក​ដល់​គុណសម្បត្តិ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន​ដែល​បាន​ផ្តល់នូវ​ចំណេះដឹង​ដល់​អ្នកជំនាន់ក្រោយ។ ហើយ​តាម​ប្រធានបទ​នេះ គឺ​ពិតជា​មានតម្លៃ​សម្រាប់ គ្រូបង្រៀន​ដែលជា​មនុស្ស​ដ៏​សំខាន់ ជា​ព្រលឹង​មនុស្ស​ជំនាន់​ក្រោយ។ រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ គឺ​រួមទាំង​ស្ថាប័នរដ្ឋ និង​ស្ថាប័នឯកជន ដែល​បាន​បង្កើត​សាលារៀន​រាប់ពាន់​ដែល​កំពុង​បម្រើ​លើ​វិស័យនេះ​នៅ​ទូទាំងប្រទេស ហើយ​កំពុង​បណ្តុះបណ្តាល​បុត្រាបុត្រី​ខ្មែរ​ប្រមាណ​ជាង 3លាន​នាក់។

    សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា គ្រូបង្រៀន​ទាំងអស់​ដែល​ត្រូវ​ចូលនិវត្តន៍​នៅ​អាយុ 60ឆ្នាំ អាច​នឹងត្រូវ​ពន្យារពេល​ចូលនិវត្តន៍​នៅ​អាយុ 65ឆ្នាំ​វិញ ព្រោះ​ស្ថានភាព​សុខភាព​របស់លោក​គ្រូ-អ្នកគ្រូ​ជាច្រើន​នាពេល​បច្ចុប្បន្ន​មាន​លក្ខណៈ​ល្អប្រសើរ ពោលគឺ​ពួកគាត់​នៅមាន​ថាមពល​ខ្លាំង​ដែល​អាច​បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា​បាន​ក្នុង​រយៈពេល​វែង៕

  • ទីបំផុត ប្រាក់ខែកម្មករក្នុងឆ្នាំ2018 ត្រូវបានសម្រេចជាផ្លូវការហើយ

    ទីបំផុត ប្រាក់ខែកម្មករក្នុងឆ្នាំ2018 ត្រូវបានសម្រេចជាផ្លូវការហើយ

    ភ្នំពេញ៖ បន្ទាប់ពីបានជួបប្រជុំគ្នាអស់ជាច្រើនលើករវាងភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពរួចមក ឥឡូវនេះភាគីរដ្ឋាភិបាលដែលតំណាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចជាផ្លូវការហើយសម្រាប់ប្រាក់ខែកម្មករកាត់ដេរ និងដេស្បែកជើងនៅឆ្នាំ2018។

    ខ្លឹមសារនៃសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវា​យ​នភណ្ឌកាត់ដេរ និងផលិតផលស្បែកជើងសម្រាប់ឆ្នាំ2018 របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី5 ខែតុលា ឆ្នាំ2017 នៅត្រង់ប្រការ1 បានកំណត់ថា សម្រាប់កម្មករ-និយោជិតសាកល្បង ត្រូវទទួលបានប្រាក់ខែ165ដុល្លារក្នុងមួយខែ។ ចប់រយៈពេលសាកល្បងក្លាយជាកម្មករ-និយោជិតពេញសិទ្ធិ​ ត្រូវបានទទួលប្រាក់ឈ្នួលអប្បបរមា 170ដុល្លារក្នុងមួយខែ។

    រីឯប្រការ2 ចំពោះកម្មករ-និយោជិតដែលទទួលបានប្រាក់ឈ្នួលអប្បបរមាគិតតាមបរិមាណផលិតផលធ្វើបាន(ដេរគិតបុង)ត្រូវទទួលបានប្រាក់ឈ្នួលតាមទិន្នផលជាក់ស្តែងដែលធ្វើបាន។ ប្រសិនបើទាបជាងប្រាក់ឈ្នួលដូចដែលមានចែងខាងលើនោះ និយោជកត្រូវបន្ថែមឱ្យគ្រប់ចំនួន165ដុល្លារក្នុងមួយខែសម្រាប់កម្មករ-និយោជិតសាកល្បង និង170ដុល្លារក្នុងមួយខែសម្រាប់កម្មករ-និយោជិតពេញសិទ្ធិ។ ហើយសម្រាប់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករ-និយោជិតធ្លាប់បានទទួលកន្លងមកត្រូវរក្សាទុកដដែល។

    គួរបញ្ជាក់ដែរថា សម្រាប់ប្រាក់អត្ថប្រយោជន៍ដែលកម្មករ-និយោជិតធ្លាប់ទទួលបានកន្លងមក មានដូចជា៖

    -ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន 7ដុល្លារអាមេរិកក្នុងមួយខែ។
    -ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន10ដុល្លារក្នុងមួយខែ។  -ប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន 2,000រៀលក្នុងមួយថ្ងៃ ឬទទួលបានបាយដោយឥតគិតថ្លៃ។
    -និងប្រាក់រង្វាន់អតីតភាពការងារចំនួន 2ដុល្លារដល់11ដុល្លារក្នុងមួយខែ សម្រាប់កម្មករ-និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី2 ដល់ឆ្នាំទី11 ។

    ដូច្នេះ ជាមធ្យមនិយោជិតម្នាក់នឹងទទួលបានប្រាក់បៀវត្សរ៍យ៉ាងតិចចំនួនពី 187ដុល្លារ ទៅដល់198 ដុល្លារក្នុងមួយខែ៕

  • គន្លឹះ​មួយចំនួន​សម្រាប់​អ្នក​ចង់​ចាប់​អាជីព​ក្នុង​វិស័យ​អចលនទ្រព្យ

    គន្លឹះ​មួយចំនួន​សម្រាប់​អ្នក​ចង់​ចាប់​អាជីព​ក្នុង​វិស័យ​អចលនទ្រព្យ

    មាន​មនុស្ស​ជាច្រើន​បាន​ប្រាថ្នា​ចង់​ក្លាយជា​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​ពួកគេ​ពុំ​ដឹងថា​ តើ​ត្រូវមាន​អ្វីខ្លះ​ធ្វើជា​ដើមទុន​ក្រៅពី​ការប្រើ​ធនធាន​ដើម្បីឱ្យ​អាជីព​ទទួលជោគជ័យ​នោះទេ។ លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន ស៊ី​ភី​អែល ខេ​ម​បូ​ឌា ប្រ​ភើ​ធី លីមីត​ធី​ត (CPL Cambodia Properties Limited) បាន​ចូលរួម​ចែករំលែក​នូវ​គន្លឹះសំខាន់ៗមួយចំនួន​ដែលនាំឱ្យ​លោក​ឧកញ៉ា​ទទួលបាន​ភាពជោគជ័យ​នាពេល​កន្លងមក។

    តើ​លោក​ឧកញ៉ា​បានចាប់ផ្ដើម​ដំណើរការ​ក្រុមហ៊ុន CPL តាំងពី​ពេលណា​មក?

    បើ​និយាយ​ពី​ការងារ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ខ្ញុំ​បានធ្វើ​កិច្ចការ​នេះ​ជា​យូរណាស់​មកហើយ ប៉ុន្តែ​បន្ទាប់ពី​ឃើញ​ស្ថានភាព​នៃ​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​មានដំណើរ​ការ​ល្អ ទើប​ខ្ញុំ​ឈានទៅដល់​ការបើក​ក្រុមហ៊ុន​ជា​ផ្លូវការ​ក្នុង​ឆ្នាំ1997។ បើ​គិត​រហូតមក​ដល់ពេលនេះ​ក្រុមហ៊ុន CPL បាន​បើក​ដំណើរការ​រយៈពេល20ឆ្នាំ​ទៅហើយ។

    ក្នុងនាម​លោក​ឧកញ៉ា​ជា​អ្នកមាន​បទពិសោធន៍​ច្រើន ប្រសិនបើ​បុគ្គល​ម្នាក់​ចង់​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​តើ​គាត់​គួរ​មានចំណេះដឹង​អ្វីខ្លះ?

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​កន្លងមក​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏​ធ្លាប់បាន​លើក​យកមក​ពិភាក្សាគ្នា​រួចមកហើយ​ថា តើ​បុគ្គល​ម្នាក់​គួរ​មានចំណេះ​កម្រិតណា​ទើប​អាច​ប្រកប​របរ​លើ​វិស័យនេះ​បាន? ព្រោះ​មាន​មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​ថា វិស័យ​អចលនទ្រព្យ​នរណា​ក៏​អាចធ្វើ​ការងារ​នេះ​បានដែរ។ ដូច្នេះ​ដើម្បី​បញ្ជៀ​ស​ហានិភ័យ ទើប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​សេចក្ដីប្រកាស​មួយ​ថា មុននឹង​ទទួលបាន​អាជ្ញា​បណ្ណ​ត្រូវតែ​ចូលរៀន។ ឧទាហរណ៍​នៅ​សហរដ្ឋអាមេរិក មុននឹង​ទទួលបាន​អាជ្ញា​បណ្ណ​រកស៊ី​ក្នុង​វិស័យនេះ ច្បាប់​បាន​តម្រូវឱ្យ​ចូលរៀន​រយៈពេល60ម៉ោង និង​ត្រូវ​ទៅ​ប្រឡង​ឱ្យ​ជាប់​ទើប​ទទួលបាន​អាជ្ញា​បណ្ណ ខណៈ​នៅ​ប្រទេស​មួយចំនួនទៀត​គេ​តម្រូវឱ្យ​អ្នក​ដែល​ចង់​ប្រកប​មុខ​ជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​ត្រូវមាន​បរិញ្ញាបត្រ​ផ្នែក​អចលនទ្រព្យ។ ការដែល​គេ​កំណត់​បែបនេះ​គឺ​គេ​ចង់ឱ្យ​អ្នក​ដែល​ប្រតិ​ប​ត្ដិ​ការងារ​នេះ​យល់​ពី​ច្បាប់ទម្លាប់​ដើម្បីឱ្យ​ធ្វើទៅ​ទទួលបាន​ផលប្រយោជន៍ និង​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ។

    តើ​ចំណេះដឹង​របស់​បុគ្គលិក​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ដំណើរការ​ក្រុមហ៊ុន​ដែរ ឬទេ?

    ជាការ​ពិតណាស់​ចំណេះដឹង​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ជា​កក្ដា​ចម្បង​ដែលនាំឱ្យ​ក្រុមហ៊ុន​មួយ​អាច​ដំណើរការបាន​យ៉ាង​រលូន។ ក្នុងនាម​យើង​ជា​អ្នកដឹកនាំ​ប្រសិនបើ​មើលឃើញថា បុគ្គលិក​នៅមាន​កង្វះខាត​ចំណេះដឹង​យើង​ត្រូវតែ​បញ្ជូន​ពួកគាត់​ឱ្យទៅ​រៀន​បន្ថែម​ដើម្បី​ព​ង្រឹ​ក​សមត្ថភាព​ពួកគាត់​ឱ្យ​កាន់តែ​ពូកែ ព្រោះ​បុគ្គលិក​មាន​សមត្ថភាព​គឺជា​សសរ​គ្រឹះ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន។ ចំពោះ​ការឱ្យ​បុគ្គលិក​ទៅ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល យើង​ក៏​ត្រូវតែ​ព្យាយាម​ធ្វើយ៉ាងណា​បញ្ជូន​ពួកគាត់ទៅ​រៀន​ឱ្យចំ​ទៅតាម​ជំនាញ និង​សមត្ថភាព​ដែរ​ដូចជា​បុគ្គលិក​ផ្នែក​លក់​យើង​ត្រូវតែ​ដឹងថា​គាត់​គួរ​មានចំណេះដឹង​អ្វីខ្លះ? ហើយ​នៅពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល យើង​ត្រូវឱ្យ​គាត់​ធ្វើ​តេ​ស្តិ៍​សមត្ថភាព​ផងដែរ បើ​ក្នុងករណី​គាត់​ធ្វើ​មិនទាន់​បានល្អ​យើង​ត្រូវឱ្យ​គាត់​ទៅ​រៀន​បន្ថែមទៀត​រហូត​គាត់​ធ្វើ​កិច្ចការ​នោះបាន​ជោគជ័យ។ ទាល់តែ​យើង​ធ្វើបែបនេះ​ទើប យើង​ទទួលបាន​ធនធានមនុស្ស​ល្អ​មក​ធ្វើ​ការងារ។ បើទោះជា​មានការ​ជំរុញ​ពី​ថ្នាក់ដឹកនាំ​ក៏ដោយ បុគ្គលិក​ខ្លួនឯង​ក៏ត្រូវ​តែមាន​ចិ​ត្ដ​ចង់​អភិវឌ្ឍន៍​ខ្លួនឯង​ដែរ ទើប​គាត់​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ។ “លើ​លោក​នេះ​គ្មាន​មហាសេដ្ឋី​ណា​ដែល​ក្លាយខ្លួនជា​មហាសេដ្ឋី​ដោយ​ខ្លួន​មិនចេះ​ជំនាញ​ពិតប្រាកដ​នោះទេ។

    មុន​ទទួលបាន​ភាពជោគជ័យ​ដូច​ពេលនេះ តើ​លោក​ឧកញ៉ា​ធ្លាប់​ជួប​ឧបសគ្គ​អ្វីខ្លះ?

    នៅលើ​វិស័យ​អចលនទ្រព្យ​អាចនិយាយបាន​ថា ទំរាំ​ដើរមក​ដល់​ចំណុច​នេះ ខ្ញុំ​បាន​ឆ្លងកាត់ និង​ជួប​ឧបសគ្គ​ជាច្រើន ប៉ុន្ដែ​ខ្ញុំ​តែងតែ​ដោះស្រាយ​វា​ដោយ​មិនដែល​ចុះ​ញ៉ម​ឡើយ។ ត្រង់ចំណុច​នេះ​ខ្ញុំ​សូម​លើកយក​ករណី​មួយ​ដូចជា​ពេល​កន្លង​ខ្ញុំ​បានធ្វើ​កិច្ច​ការឱ្យ​អតិថិជន​ពេញចិត្ដ​រហូតដល់​គាត់​កក់​លុយ​ឱ្យ​ខ្ញុំ ដែល​ខ្ញុំ​គិតថា​វា​ស្ទើរតែ​ឈានទៅដល់​ចំណុច​ជោគជ័យ​ហើយ ប៉ុន្ដែ​នៅ​ទីបំផុត​អតិថិជន​នោះ​បែរជា​ទៅ​ទទួល​សេវាកម្ម​ពី​ក្រុមហ៊ុន​ផ្សេង​វិញ ដោយ​គាត់​សុខចិត្ត​ចោល​ប្រាក់​កក់​ជាមួយ​ខ្ញុំ។ ត្រង់ចំណុច​នេះ​សូម្បី​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មិនដឹងថា​បណ្តាលមកពី​មូលហេតុ​អ្វី​ដែរ ព្រោះ​ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើការ​ងារ​នោះ​អស់​លទ្ធភាព​ទៅហើយ។ ជា​ដំណោះស្រាយ​ខ្ញុំ​បាន​ព្យាយាម​ជួប​អតិថិជន​ម្នាក់​ហ្នឹង ដើម្បី​ចង់ដឹង​ពី​មូលហេតុ និង​ចំណុច​ខ្វះខាត​របស់ខ្ញុំ។ នៅពេល​គាត់​ប្រាប់​ពី​មូលហេតុ​មក​ខ្ញុំ ទើប​ខ្ញុំ​ដឹងថា​ការងារ​កន្លងមក​នៅមាន​ការខ្វះចន្លោះ​ច្រើន ដូច្នេះ​ការសម្រេច​ចិ​ត្ដរបស់​អតិថិជន​ពិតជា​រឿង​ត្រឹមត្រូវ។ នេះ​ជា​បទពិសោធន៍​ដែល​យើង​ត្រូវ​រៀន​ឱ្យ​ចេះ​ដើម្បី​កុំឱ្យ​កើតមាន​បញ្ហា​នេះ​នៅពេល​ក្រោយ​ទៀត។

    CPL ជា​ក្រុមហ៊ុន​ដែល​ទទួលជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ។ តើ​ការថែរក្សា​ភាពជោគជ័យ​មានការ​ពិបាក​ដែរ ឬទេ?

    នៅលើ​លោក​នេះ​គ្មានអ្វី​អមតៈ​ទេ ដូច​យើង​ឡើង​ដើមត្នោត​អ៊ីចឹង ប្រសិនបើ​ឡើងដល់​កំពូល​ហើយ វា​អត់​មាន​ទៅលើ​ទៀត​ទេ មានតែ​ធ្លាក់ចុះ​មកក្រោម​វិញ។ ដូច្នេះហើយ​ទោះជា​ខ្ញុំ​ដើរមក​ដល់​ចំណុច​នេះហើយ​ក៏ដោយ ក៏​ខ្ញុំ​នៅតែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ព្រោះ​ភាពជោគជ័យ និង​បរាជ័យ​វា​ស្ថិតនៅជិតៗខ្លួន​យើង បើ​យើង​ហ៊ាន​តែ​ធ្វេសប្រហែស​បន្ដិច​យើង​នឹង​ជួប​គ្រោះថ្នាក់​ភ្លាម។ យើង​ត្រូវ​ដឹងថា យើង​ឈរ​កាន់តែ​ខ្ពស់​អ្នកដទៃ​មើលឃើញ​យើង​កាន់តែច្រើន ហើយក៏​មិន​ប្រាកដថា​គេ​សុទ្ធតែគេ​សប្បាយ​ចិ​ត្ដ​ជាមួយ​យើង​ទេ ដូច្នេះ​មានតែ​ខ្លួន​យើង​ទេ​ដែល​ត្រូវ​ប្រឹងប្រែង​រក្សា​ជំហរ ជួយ​ធ្វើ​កិច្ចការងារល្អៗជូន​អតិថិជន​កុំ​ឱ្យមាន​កំហុស និង​ធ្វើអ្វីៗប្រកបដោយ​វិជ្ជាជីវៈ​ដោយ​យក​ភាពស្មោះត្រង់​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់​ធ្វើជា​ដើមទុន​ទើប​យើង​អាច​រក្សា​អាជីព​មួយ​នេះ​បានល្អ និង​មាន​ភាព​យូរអង្វែង។

    តើ​លោក​ឧកញ៉ា​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ដែល​អាចធ្វើឱ្យ​ការងារ​លើ​វិស័យ​អចលនទ្រព្យ​ទទួលបាន​ជោគជ័យ?

    បើ​និយាយ​ពី​កក្ដា​ដែល​ជំរុញ​ឱ្យ​អ្នក​ប្រក​បរបរ​ក្នុង​វិស័យ​អចលនទ្រព្យ​ទទួល​ភាពជោគជ័យ គឺមាន​ចំណុច​ច្រើនណាស់ ប៉ុន្ដែ​ពេលនេះ​ខ្ញុំ​សូម​លើកយក​ចំណុច​សំខាន់​មួយចំនួន​មក​បង្ហាញ៖

    ទី1. មុននឹង​ដាក់​ចិ​ត្ដ​ចូលប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​យើង​ត្រូវតែ​សួរ​ខ្លួនឯង​ថា តើ​យើង ស្រឡាញ់​កិច្ចការ​នេះដែរ ឬទេ? ប្រសិនបើ​ស្រឡាញ់​ត្រូវតែ​ប្រឹងប្រែង​សិក្សា និង​ធ្វើ​កិច្ចការងារ​នេះ​ឱ្យអស់​ពី​ចិ​ត្ដ100%។ ប្រសិនបើ​យើង​ធ្វើ​វា​បាន​ត្រឹម99% គេ​អាច​និយាយថា គឺ​បរាជ័យ។ ឧទាហរណ៍​ជាធម្មតា​អតិថិជន​ដែល​មករក​យើង គឺ​មានន័យថា​ពួកគាត់​មិនសូវមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ស្រាវជ្រាវ​ព័ត៌មាន​តម្លៃ​ដី​ទេ ដូច្នេះ​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​យើង​ត្រូវតែមាន​ចំណេះដឹង​ទូលំទូលាយ​ជាង​អតិថិជន ក្នុងករណី​បើ​យើង​មានចំណេះដឹង​ផ្នែក​នេះ​តិចជាង​គាត់ ប្រាកដជា​អតិថិជន​គ្មាន​ទំនុក​ចិ​ត្ដ​លើ​យើង​ឡើយ។

    ទី2. ត្រូវ​ចេះ​ផ្ដល់​អាទិភាព​ជូន​អតិថិជន មានន័យថា​យើង​ត្រូវ​ព្យាយាម​យល់​ចិ​ត្ដ​អតិថិជន​ថា គាត់​ចង់បាន​អី្វ? គាត់​ប្រញាប់​ចង់​លក់ ឬ​ទិញ​អចលនវត្ថុ​បែបណា? ដូច្នេះ​យើង​ត្រូវតែ​ផ្ដល់​អាទិភាព​ជូន​គាត់ ឬ​បម្រើ​សេវាកម្ម​ជូន​គាត់​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពស្មោះត្រង់។ តាមរយៈ​បទពិសោធន៍​ខ្ញុំ​ដឹងថា មាន​អតិថិជន​មួយចំនួន​គាត់​ខ្លាច​យើង (ភ្នាក់ងារ​អចលនទ្រព្យ) ដាក់​តម្លៃលើស​ឬ​មិន​ស្មោះត្រង់​ជាមួយ​គាត់ ដូច្នេះ​យើង​ត្រូវតែ​ធ្វើឱ្យ​អតិថិជន​មាន​ជំនឿ​ចិ​ត្ដ​លើ​យើង ទើប​គាត់​ចង់​ធ្វើការ​ជាមួយ​យើង​រហូត។

    ទី3. ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​សារព័ត៌មាន​ក៏​ជា​រឿង​សំខាន់​ដែរ ព្រោះ​វា​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​យើង​មានកេរ្តិ៍ឈ្មោះ និង​មាន​គេ​ទទួលស្គាល់​នៅលើ​ទីផ្សារ។

    ទី4. បន្ទាប់ពី​យើង​បាន​បម្រើ​សេវាកម្ម​ជូន​ដល់​អតិថិជន ឬ​ម្ចាស់​អចលនវត្ថុ​ហើយ យើង​ត្រូវ​ចេះ​សួររក​ព័ត៌មាន​មកវិញ ដើម្បី​ឱ្យដឹងថា តើ​ទង្វើ ឬ​កិច្ច​ការដែល​យើង​ធ្វើ​ជូន​ពួកគាត់​គ្រប់គ្រាន់​ទៅតាម​អ្វីដែល​គាត់​ចង់បាន​ហើយ ឬ​នៅ? យើង​ត្រូវ​ធ្វើបែបនេះ​គ្រប់ពេល ព្រោះ​មានតែ​អតិថិជន​ទេ​ដែលជា កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត​របស់​យើង។

    ទី5. ករណី​មាន​ម្ចាស់​កម្មសិទ្ធិ​ផ្ដល់​អចលនទ្រព្យ​ឱ្យ​យើង​ជួយ​លក់ ឬ​ជួល យើង​ត្រូវ​ដឹងថា អ្នកទិញ​តែង​ចង់បាន​តម្លៃថោក រីឯ​អ្នកលក់​តែង​ចង់បាន​តម្លៃ​ថ្លៃ គំនិត​អ្នក​ទាំងពីរ​ផ្ទុយគ្នា100% ដូច្នេះ​ក្នុងនាម​យើង​ជា​ភ្នាក់ងារ​ត្រូវ​ចេះ​សម្របសម្រួល និង​ចេះ​ផ្គូរ​ផ្គង​តម្លៃ​រវាង​អ្នកទិញ និង​អ្នកលក់​ឱ្យមាន​តម្លាភាព មានន័យថា​យើង​ត្រូវ​ផ្ដល់​ប្រយោជន៍​ឱ្យ​ពួកគាត់​ទាំងសងខាង​ដោយ​សុ​ក្រិត​បំផុត។

    ទី6. ការ​ស្គាល់​អតិថិជន ឬ​រក្សា​អតិថិជន​ទុក គឺជា​រឿង​សំខាន់ ព្រោះ​នៅពេល​យើង​មាន​អចលនទ្រព្យ​មួយ​មានតម្លៃ​ល្អ មាន​ទីតាំង​ល្អ យើង​ងាយ​នឹង​ផ្ដល់ព័ត៌មាន​ដល់​ពួកគាត់​ដើម្បីឱ្យ​ការទិញ​លក់​ប្រ​ព្រឹ​ត្ដ​ទៅដោយ​ងាយស្រួល។

    ទី7. គ្រប់​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​តែ​ធ្វើឡើង​ដោយមាន​ឯកសារ​ជា​លាយ​លក្ខ​អក្សរ​ជាដាច់ខាត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្គូរ​ផ្គង​តម្លៃ​រវាង​អ្នកលក់ និង​អ្នកទិញ ជាពិសេស​នៅពេល​មាន​បញ្ហា​យើង​ងាយ​រក​ភាគី​ទី3 ឱ្យជួយ​ដោះស្រាយ។

    ទី8. ការចរចា​ក៏​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ដែរ ព្រោះ​អ្នកខ្លះ​គាត់​មាន​សមត្ថភាព​អាចធ្វើ​ការងារ​ច្រើន និង​បានល្អ​ទៀតផង ប៉ុន្តែ​គាត់​មាន​ចំណុចខ្សោយ​ក្នុង​ការចរចា។ ការចរចា​យើង​អាច​ចាត់ទុកថា​ជា​ចំណុចកំពូល​សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​ទូទៅ ដែល​ត្រូវតែ​ព្យាយាម​ធ្វើឱ្យ​បានល្អ​បំផុត ព្រោះ​បើ​យើង​ធ្វើ​នៅសល់តែ1ចំណុច (99% គឺ​នៅតែ​បរាជ័យ)។សរុបមក​ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ​ដែល​ខ្ញុំ​បានបង្ហាញ វា​ជា​បទពិសោធន៍​ជាក់ស្តែង​ដែល​ធ្វើឱ្យ​ខ្ញុំ​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​រយៈពេល​ជាង20ឆ្នាំ​កន្លងមកនេះ៕

  • អេ​ហ្ស៊ី​ប ទុយ​នី​ស៊ី និង​នី​ហ្សេ​រី​យ៉ា រំពឹង​ឈ្នះ​កៅអី World Cup ចុង​សប្តាហ៍​នេះ

    អេ​ហ្ស៊ី​ប ទុយ​នី​ស៊ី និង​នី​ហ្សេ​រី​យ៉ា រំពឹង​ឈ្នះ​កៅអី World Cup ចុង​សប្តាហ៍​នេះ

    ក្រុមបាល់ទាត់​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ទុយ​នី​ស៊ី និង​អេ​ហ្ស៊ី​ប អាច​នឹង​ដណ្តើមយក​កៅអី 3 ក្នុងចំណោម​កៅអី​ចំនួន 5 ដែល​នឹងត្រូវ​ផ្តល់​ឲ្យ​សម្រាប់​ការប្រកួត​ជម្រុះ​នៅ​តំបន់​អាហ្វ្រិក នៅត្រឹម​ចុង​សប្តាហ៍​នេះ នៅពេល​ពួកគេ​ធ្វើការ​ប្រកួត​ជម្រុះ នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​ប្រទេស​រុស្ស៊ី នៅ​ឆ្នាំក្រោយ។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា នឹង​ឈ្នះ​សិទ្ធិ​ដើម្បី​បង្ហាញខ្លួន​ជា​លើក​ទី 6 របស់​ពួកគេ​ក្នុង​យុទ្ធនាការ​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​ទីក្រុង Uyo ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​ហ្សំ​ប៊ី ក្នុងការ​ប្រកួត​ពូ​ល B។

    ដោយឡែក ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម​ហ្គី​ណេ និង​ត្រូវតែ​រក​លទ្ធផល​ឲ្យ​បានល្អ​ប្រសើរ​ជាង​ក្រុម​ឈរ​លេខ2 គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដែល​នឹងត្រូវ​ប៉ះ​ជាមួយ​លី​ប៊ី ដើម្បី​ឈ្នះ​សិទ្ធិ​ពី​ការប្រកួត​ក្នុង​ពូ​ល A។ ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប អាច​នឹង​បញ្ចប់​ការរង់ចាំ​រយៈពេល28ឆ្នាំ​ក្នុង World Cup តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​លើ​ទឹកដី​ខ្លួនឯង​ពេល​ជួប​ក្រុម​កុង​ហ្គោ​ប្រា​ហ្សា​វី​ល៍ ប្រសិនបើ​អ៊ូ​ហ្គ​ង់​ដា មិនអាច​ដណ្តើមបាន 3 ពិន្ទុ​ពេញ​ពេល​ប៉ះ​ជាមួយនឹង​ក្រុម​ហ្គា​ណា។

    ស្របពេល​ជាមួយគ្នានេះ ការប្រកួត​ក្នុង​ពូ​ល​ផ្សេងទៀត ដែល​កំពុង​នាំមុខ​ដោយ​ក្រុម​ជម្រើសជាតិ​កូត​ឌី​វ័រ និង​បួ​គី​ណា​ហ្វា​សូ មិនទាន់​អាច​កាត់សេចក្តី​បានឡើយ បន្ទាប់ពី​ការប្រកួត​នៅ​ថ្ងៃស្អែក​នេះ ទោះបី​ស្ថិតក្នុង​លទ្ធផល​បែបណាក៏ដោយ។ ក្រោយពី​ឈ្នះ 2-1 លើ​ទឹកដី​ក្រុម​ហ្សំ​ប៊ី កាលពី​ឆ្នាំមុន នី​ហ្សេ​រី​យ៉ា ពិត​ជាមាន​សុទិដ្ឋិនិយម ជាពិសេស​ក្រោយពី​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ទាំង​ក្នុង និង​ក្រៅ​ទឹកដី ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអាហ្វ្រិក កា​មេ​រូ​ន កាលពី​ខែ​មុន។ ក្រោម​ជំនួយ​ដ៏​ធំ​ពី​សំណាក់​ខ្សែបម្រើ​ឆ្នើម Victor Moses និង John Mikel Obi នី​ហ្សេ​រី​យ៉ា បាន​យកឈ្នះ 4-0 ក្នុង​ទីក្រុង Uyo និង​ស្មើ 1-1 ក្នុង​ទីក្រុង Yaounde ដើម្បី​បញ្ចប់​ការ​ប្រជែង​របស់​កា​មេ​រូ​ន តែម្តង។

    លោក Gernot Rohr គ្រូបង្វឹក​របស់​នី​ហ្សេ​រី​យ៉ា មិន​រំពឹងថា នឹង​អាច​រក​គ្រាប់​បាល់​បាន 4គ្រាប់​ផ្សេងទៀត​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ហ្សំ​ប៊ី​ឡើយ។ លោក Rohr បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ខ្ញុំ​ពិតជា​មិន​ជឿថា ការដណ្តើម​បាន​ជ័យជម្នះ​ដោយ​ការរក​គ្រាប់​បាល់​បាន 4គ្រាប់ នឹង​កើតឡើង​ឡើយ ការ​ឈ្នះ​ដោយ​គ្រាប់​បាល់1 ឬ2 ប្រហែលជា​អាចទៅរួច»៕

    កម្មវិធី​ប្រកួត​ចុង​សប្តាហ៍
    ថ្ងៃ​សុក្រ ទី6 ខែតុលា
    ម៉ាលី v កូត​ឌី​វ័រ ម៉ោង 2 ទៀបភ្លឺ
    ថ្ងៃ​សៅរ៍ ទី7 ខែតុលា
    អាហ្វ្រិក​ខាងត្បូង v បួ​គី​ណា​ហ្វា​សូ ម៉ោង 8 យប់
    អ៊ូ​ហ្គ​ង់​ដា v ហ្គា​ណា ម៉ោង 8 យប់
    កា​មេ​រូ​ន v អាល់​ហ្សេ​រី ម៉ោង 11 យប់
    នី​ហ្សេ​រី​យ៉ា v ហ្សំ​ប៊ី ម៉ោង 11 យប់
    ហ្គី​ណេ v ទុយ​នី​ស៊ី ម៉ោង 12 យប់
    លី​ប៊ី v កុង​ហ្គោ ម៉ោង 12 យប់
    កាប់​វែ​រ v សេ​ណេ​ហ្គា​ល់ ម៉ោង-12:30 យប់
    ម៉ា​រ៉ុ​ក v ហ្គា​បុ​ង ម៉ោង 2 ទៀបភ្លឺ
    ថ្ងៃអាទិត្យ ទី8 ខែតុលា
    អេ​ហ្ស៊ី​ប v កុង​ហ្គ្រោ ម៉ោង 12 យប់

    ប្រភពពី៖ Supersport.com

  • អាល្លឺម៉ង់ និង អង់គ្លេស​បាន​កៅអី​ទៅ World Cup ឆ្នាំ 2018នៅ​រុស្ស៊ី​ហើយ

    អាល្លឺម៉ង់ និង អង់គ្លេស​បាន​កៅអី​ទៅ World Cup ឆ្នាំ 2018នៅ​រុស្ស៊ី​ហើយ

    ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងត្រូវការពារពាន World Cup របស់ពួកគេក្នុងប្រទេសរុស្ស៊ី ក្រោយពីបានឈ្នះកៅអីរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 31 លើក្រុមជម្រើសជាតិអៀរឡង់ខាងជើង ដែលអាចនឹងឈានទៅប្រកួតវគ្គ Playoff ពីការប្រកួតជម្រុះប្រចាំតំបន់អឺរ៉ុបក្នុងពូ C

    កីឡាករ Sebastian Rudy បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​ស្ថិតក្នុង​ភាពស្ងាត់ស្ងៀម​ក្នុង​ទីក្រុង Belfast តាមរយៈ​ការរក​គ្រាប់​បាល់​បើកឆាក​ក្នុង​រយៈពេល​ត្រឹមតែ2នាទី​ដំបូង ខណៈដែល​ក្រុម​ម្ចាស់ផ្ទះ​មិនអាច​ទាត់​បាល់​ចេញ​ឲ្យ​ឆ្ងាយ​ពីមុខ​ទី​របស់ខ្លួន​បាន ហើយ​ខ្សែបម្រើ​របស់​ក្លិប Bayern បាន​ឆក់​ឱកាស​នោះ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​តែម្តង។

    អាល្លឺម៉ង់ បានធ្វើការ​នាំមុខ 2-០ នៅពេលដែល​ខ្សែប្រយុទ្ធ​វ័យក្មេង Sandro Wanger បានទទួល​បាល់​ពី​ការបញ្ជូន​ឱ្យ​របស់​កីឡាករ Thomas Muller មុននឹង​ស៊ុត​បាល់​បញ្ចូល​ទី​ផុតដៃ​អ្នកចាំទី Michael McGovern តែម្តង។ ខ្សែការពារ Joshua Kimmich បាន​បំពេញ​គ្រាប់​បាល់​ទី3របស់​ក្រុម​ខ្លួន នៅពេលដែល​រូបគេ​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី​ ទី86 មុនពេល​កីឡាករ Josh Magennis បាន​វាយបក​មួយ​គ្រាប់​វិញ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ។ ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង នឹងត្រូវ​បញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2 ក្នុង​ពូ​ល​នេះ ប៉ុន្តែ ខណៈដែល​មានតែ​ក្រុម​ចំនួន 8 ក្នុងចំណោម​ក្រុម​ឈរ​លេខ 2ទាំង9 មាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ Playoff ក៏ដោយ ក៏​ពួកគេ​នៅតែ​អាច​ត្រូវការ​ត្រឹមតែ1ពិន្ទុ​ទៀត​ប៉ុណ្ណោះ​នៅលើ​ទឹកដី​ក្រុម​ន័​រ​វែ​ស សប្តាហ៍​ក្រោយ ដើម្បី​ទទួលបាន​កៅអី​របស់​ពួកគេ។

    ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Harry Kane បា​នរក​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការប្រកួត​ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ឈ្នះ​សិទ្ធិ​របស់​ពួកគេ​ទៅកាន់ World Cup ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ 1-0 នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្លូ​វេ​នី ក្នុង​ពូ​ល F។ វា​ជា​លើក​ទី6ជាប់ៗគ្នា​ហើយ​ដែល​ក្រុម​អង់គ្លេស បានឈ្នះ​កៅអី​ទៅ World Cup៕

    ប្រភពពី៖ ESPN

  • ចំណុច​ដែល​អ្នក​ម្ដាយ​គ្រប់រូប​ត្រូវ​យល់ដឹង បន្ទាប់ពី​សម្រាលកូន​បាន 24ម៉ោង​

    ចំណុច​ដែល​អ្នក​ម្ដាយ​គ្រប់រូប​ត្រូវ​យល់ដឹង បន្ទាប់ពី​សម្រាលកូន​បាន 24ម៉ោង​

    24 ម៉ោង​ដំបូង​ក្រោយពេល​ប្រសូត គឺជា​អំឡុង​ពេលដែល​អ្នក​ម្តាយ​ត្រូវ​មើលថែទាំ​ខ្លួនឯង និង​សម្រប​ខ្លួន​រួចជាស្រេច​ក្នុងការ​មើលថែទាំ​កូនតូច​ដែល​ទើបតែ​បើកភ្នែក​មើល​ពិភពលោក ដូចតទៅ​នេះ។

    មើលថែ​សុវត្ថិភាព​របស់ខ្លួន

    ខណៈពេល​ប្រសូត អ្នក​ម្តាយ​អាច​ជួបនឹង​បញ្ហា​ធ្លាក់ឈាម ឬ​ត្រូវ​ខាតបង់​ឈាម​យ៉ាងច្រើន បញ្ហា​នេះ​អាច​ការពារ​បាន​ដោយ​ខ្លួនឯង​ដោយ​ការធ្វើ​ម៉ាស្សា​បែប​លញ់​នៅលើ​ស្បូន។ ដោយសារតែ​ពេល​ប្រសូត សុក​នឹង​របូត​ធ្លាក់​ចេញមក​ធ្វើឱ្យ​អ្នក​ម្តាយ​បាត់បង់​ឈាម​ច្រើន ដែលជា​ប្រក្រតី​ស្បូន​នឹង​ច្របាច់​ខ្លួន​ឱ្យ​រឹង​ដើម្បី​ធ្វើឱ្យ​ឈាម​ឈប់​ហូរ តែបើ​ស្បូន​មិន​ច្របាច់​ខ្លួន​ទេនោះ អ្នក​ម្តាយ​គួរ​អង្អែល​លើ​ពោះ​បរិវេណ​ក្រោម​ផ្ចិត​ដែលជា​ទីតាំង​របស់​ស្បូន ហើយ​ធ្វើ​ម៉ាស្សា​លញ់ថ្នមៗ ដើម្បីឱ្យ​ដុំ​ស្បូន​ពង្រឹង​ខ្លួន ដែល​អាច​ធ្វើបាន​តាំងពី​នៅលើ​គ្រែ​ប្រសូត ដើម្បី​ជួយ​ខ្លួនឯង​ឱ្យមាន​សុវត្ថិភាព​ពី​ការ​ធ្លាក់ឈាម​ច្រើន។

    ប្រយ័ត្នប្រយែង​លើ​ការធ្វើ​ចលនា

    ផលប៉ះពាល់​ពី​ការបាត់បង់​ឈាម​ច្រើន​ខណៈពេល​ប្រសូត អាចធ្វើឱ្យ​អ្នក​ម្តាយ​មាន​សភាវ​សម្ពាធ​ឈាម​ទាប និង​រាងកាយ​នឿយ​ល្វើយ​គ្មាន​កម្លាំង  ដូច្នេះ​គួរ​ប្រយ័ត្ន​អាការ​ងងឹតមុខ ញ័រ​ដើមទ្រូង ញ័រ​ដៃ និង​អាច​ខ្យល់គ​បាន​យ៉ាង​ងាយ​នៅពេល​ផ្លាស់ប្តូរ​ឥរិយាបថលឿនៗ ដូចជា ក្រោក​ពី​គ្រែ​ដំណេក ឬ​ដើរទៅ​ចូល​បន្ទប់ទឹក​ជាដើម។ អ្នក​ម្តាយ​គួរ​ធ្វើ​ចលនាយឺតៗ រក​កន្លែង​កាន់​តោង​ឱ្យ​ជាប់ ឬ​គួរឱ្យ​ស្វាមី​ចាំ​ជួយ​ប្រគង​ទប់​ពេលដែល​ត្រូវធ្វើ​ចលនា​រាងកាយ។ បើ​អ្នក​ម្តាយ​មាន​អាការ​ងងឹតមុខ​ញឹកញាប់ គួរ​ប្រញាប់​គ្រូពេទ្យ ព្រោះ​អាច​នឹងត្រូវ​បញ្ចូល​សេរ៉ូម ឬ​បញ្ចូល​ឈាម​បន្ថែម។

    ថែទាំ​អនាម័យ

    ក្រោយពេល​ប្រសូត នឹងមាន​ទាំង​ស្នាម​ញើស ក្អែល ស្នាម​ឈាម និង​អាការ​នឿយ​ល្វើយ​ពី​ការ​ប្រសូត ដូច្នេះ​មុនពេល​អ្នក​ម្តាយ​បំបៅ​ទឹកដោះ​កូន​ដើម្បី​បង្កើន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​នោះ កុំភ្លេចថា ត្រូវ​មើលថែទាំ និង​សម្អាត​ខ្លួនឯង​ជាមុនសិន​ដើម្បី​ការពារ​កូនតូច​ពី​វត្ថុ​កខ្វក់ ឬ​មេរោគផ្សេង។ អ្នក​ម្តាយ​ដែល​ប្រសូត​តាម​ធម្មជាតិ​អាច​ងូតទឹក កក់សក់​បាន​តាម​ប្រក្រតី ចំណែក​អ្នក​ម្តាយ​ដែល​ប្រសូត​ដោយ​ការវះកាត់ បើ​មិនបាន​ប្រើ​ផ្លា​ស្ទើ​រ៍កា​ពារ​ទឹក​បិទ​ពីលើ​ស្នាមរបួស​ទេនោះ គួរប្រើ​វិធី​ជូត​សម្អាត​ឱ្យ​ស្អាត​ជាមុនសិន​ក្នុងអំឡុងពេល​ដំបូង ជាពិសេស​បរិវេណ​ដោះ និង​ក្បាលដោះ​មុននឹង​ឱ្យ​កូនបៅ។

    ឱ្យ​កូនបៅ​ទឹកដោះ​ម្តាយ

    គោលការណ៍​ក្នុងការ​បំបៅ​ដោះ​កូន​គឺ បៅ​រហ័ស បៅ​ញាប់ និង​បៅ​ត្រូវ​តាម​វិធី ក្រោយ​ប្រសូត គិលានុប្បដ្ឋាក​យិ​ការ​នឹង​ប្រញាប់​យក​ទារក​មកឱ្យ​បៅ​ទឹកដោះ​ម្តាយ​ភ្លាម គឺជា​ការជំរុញ​អ័រម៉ូន​ក្នុង​រាងកាយ​អ្នក​ម្តាយ​ឱ្យ​បង្ហូរ​ទឹកដោះ​ចេញមក ព្រោះ​មាន​អ្នក​ម្តាយ​ខ្លះ​អាច​ត្រូវ​ប្រើពេល​វេលា​ដល់​ទៅ 2 – 3 ថ្ងៃ​ឯណោះ ទំរាំ​នឹងមាន​ទឹកដោះ​ចេញ ទើប​ចាំបាច់​ណាស់​ដែល​ទារក​ត្រូវតែ​បៅ​ជំរុញ​ឱ្យបាន​ញឹកញាប់ ដើម្បីឱ្យ​អ្នក​ម្តាយ ជាមួយ​កូនតូច​បាន​រៀន​យល់ដឹង​ពី​វិធី​បៅ​ទឹកដោះ និង​ហ្វឹកហាត់​បីកូន​ទៅដំណាលៗគ្នា រួមទាំង​ជំរុញ​ឱ្យ​ទឹក​ដោះចេញ​កាន់តែ​លឿន​ឡើង។ ចំណែក​អ្នក​ម្តាយ​ដែល​វះ​ប្រសូត ហើយ​នៅ​មិនទាន់​អាច​បីកូន​បាន​នោះ ក៏​អាច​បំបៅ​ទឹកដោះ​កូន​បាន​ដោយ​ឥរិយាបថ​គេង​ផ្អៀង ដើម្បី​ចៀសវាង​ការឈឺ​ស្នាម​វះ​ប្រសូត។

    មើលថែ​ស្នាមរបួស​ក្រោយ​ប្រសូត

    របួស​នៅពេល​ប្រសូត​នេះ គ្រូពេទ្យ​នឹង​ដេរ​ដោយ​អំបោះ​រលាយ​ដោយ​ខ្លួនឯង ដោយ​ស្នាមរបួស​ម្តុំ​មាត់ស្បូន​នេះ​មាន​សរសៃប្រសាទ និង​សរសៃឈាម​ច្រើន ធ្វើឱ្យ​ស្នាមរបួស​ឆាប់​ជា​សះ គ្រាន់តែ​ត្រូវ​មើលថែទាំ​សម្អាត​ក្រោយពេល​អ្នក​ម្តាយ​ចូល​បន្ទប់ទឹក អាច​ប្រើ​ទឹក​លាង​សម្អាត​បាន​តាម​ប្រក្រតី និង​គួរ​ជូត​ផ្ដិត​ឱ្យ​ស្ងួត រួមទាំង​ឧស្សាហ៍​ផ្លាស់​សំលី​អនាម័យ​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​ការឆ្លង​មេរោគ និង​សើម​ផ្អាប់។ ចំណែក​ស្នាមរបួស​វះ​ប្រសូត គួរ​សង្កេតមើល​ខ្លួនឯង​ថា មាន​អាការ​ប្រតិកម្ម​ចាញ់​បន្ទះ​ផ្លា​ស្ទើ​រ៍​បិទ​ដំបៅ​ដែរឬទេ​បើ​អ្នក​ម្តាយ​មាន​អាការ​រមាស់ ឬ​ស្បែ​កមាន​ឡើង​កន្ទួល​ក្រហម ឬ​ឡើងពងៗនៅ​ម្តុំ​បរិវេណ​ដែល​បិទ​ផ្លា​ស្ទើ​រ៍​នោះ គួរឱ្យ​គ្រូពេទ្យ​ប្តូរ​ផ្លា​ស្ទើ​រ៍​ថ្មី​ឱ្យ និង​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ស្នាមរបួស​សើម​អាប់​ឱ្យសោះ។

    មើលថែទាំ​ផ្លូវចិត្ត​ខ្លួនឯង

    ក្រោយ​ប្រសូត អ្នក​ម្តាយ​អាច​សភាវ​សោកសៅ មាន​អារម្មណ៍​ឯកោ ឬ​អស់សង្ឃឹម សភាវ​នេះ​កើតចេញពី​ការប្រែប្រួល​របស់​អ័រម៉ូន​យ៉ាង​ទាន់ហន់ ព្រោះ​អំឡុងពេល​មានគភ៌ អ័រម៉ូន​ពី​សុក​នឹង​ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ស្រស់ស្រាយ ស្វាហាប់ ក្លៀវក្លា តែ​ក្រោយ​ប្រសូត​រួច អ័រម៉ូន​ទាំងនោះ​នឹង​បាត់អស់​ភ្លាម ទើប​អ្នក​ម្តាយ​អាចមាន​អារម្មណ៍​ប្រែប្រួល សោកសៅ​ឡើង​បាន។

    បើ​អ្នក​ម្តាយ​ជាម​នុស្ស​ដែលមាន​គ្រឹះ​រាងកាយ​រឹងប៉ឹង​មាំមួន សម្រប​ខ្លួន សម្រួល​ចិត្ត​បានល្អ​នោះ​នឹងមិន​កើតមាន​បញ្ហា​នេះ​ទេ​តែបើ​អ្នក​ម្តាយ​មាន​ភាព​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍​ស្រាប់​ហើយ​នោះ ពេល​អ័រម៉ូន​ផ្លាស់ប្តូរ អារម្មណ៍ និង​ផ្លូវចិត្ត​ក៏​នឹង​ងាយ​ប្រែប្រួល​បាន​ដូចគ្នា។

    ដូច្នេះ គួរ​មើលថែទាំ​ផ្លូវចិត្ត​ខ្លួនឯង​ឱ្យបាន​ធូរស្រាល អាច​ប្រើ​វិធី​ការ​ស្តាប់​បទ​ភ្លេង ធ្វើ​កិច្ច​ការដែល​ជួយ​ឱ្យ​ផ្លូវចិត្ត​មាន​សេចក្តីសុខ រក​មិត្ត​ភ័ក្តិ ឬ​មនុស្ស​ដែល​ជិតស្និទ្ធ​មក​ជជែក​លេង ឬ​ពិភាក្សា​រឿង​ការចិញ្ចឹម​មើលថែទាំ​កូន ក៏​អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​ធុញថប់ ក្តីកង្វល់ និង​ធ្វើឱ្យមាន​អារម្មណ៍​សប្បាយ​ចិត្តបាន​ច្រើនឡើង​ដែរ។

    បង្កើន​ភោជនាហារ

    រាងកាយ​របស់​អ្នក​ម្តាយ​ក្រោយ​ប្រសូត​នឹងមាន​អាការ​នឿយ​ល្វើយ​ដោយសារ​ការបាត់បង់​ឈាម និង​អ័រម៉ូន​ដែល​ប្រែប្រួល​ដូច្នេះ អ្នក​ម្តាយ​គួរ​ស្តា​សុខភាព​ខ្លួនឯង​ឱ្យ​ល្អ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ដោយ​ជ្រើសរើស​ញ៉ាំ​អាហារ​ដែលមាន​ប្រយោជន៍​ឱ្យ​គ្រប់​ទាំង 5ប្រភេទ​ក្រុម ដើម្បីឱ្យ​សារធាតុ​អាហារ​ទៅ​ជួយ​ជួសជុល​សាច់​ភ្នាសផ្សេងៗក្នុង​រាងកាយ​ឱ្យ​ត្រឡប់​ទៅរក​សភាព​ប្រក្រតី​វិញ​យ៉ាង​ឆាប់រហ័ស និង​នៅបាន​ហុច​ផល​ល្អ​ដល់​សារធាតុ​អាហារ​ដែល​កូនតូច​នឹង​បានទទួល​តាមរយៈ​ទឹកដោះ​អ្នក​ម្តាយ​ទៀតផង។

    មើលថែទាំ​រាងកាយ​ឱ្យ​រឹងមាំ មើលថែទាំ​ផ្លូវចិត្ត​ឱ្យ​ធូរស្រាល ដើម្បី​អ្នក​ម្តាយ​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​មើលថែទាំ​កូនតូច​បាន​យ៉ាង​ពេញទំហឹង​ចាប់ពីពេលនេះ​តទៅ៕

  • អ្នកធ្វើដំណើរ​តាម​ស្ពាន​លី​យ៉ុង​ផាត់​នឹង​លែង​បង់លុយ​ទៀតហើយ

    អ្នកធ្វើដំណើរ​តាម​ស្ពាន​លី​យ៉ុង​ផាត់​នឹង​លែង​បង់លុយ​ទៀតហើយ

    ភ្នំពេញ៖  អបអរសាទរ! ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ស្ពាន​លី​យ៉ុង​ផាត់(ព្រែក​ព្នៅ) នឹង​លែង​ត្រូវ​បង់លុយ​ដូច​មុន​ទៀតហើយ ចាប់ពី​ថ្ងៃទី15 ខែតុលា​ខាងមុខនេះ​តទៅ ខណៈដែល​រដ្ឋាភិបាល​បានប្រកាស​ទិញ​ស្ពាន​នេះ​ពី​លោក​ឧកញ៉ា លី យ៉ុង​ផាត់ យកមក​គ្រប់គ្រង​ដោយ​រដ្ឋ​វិញ។

    នៅលើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី5 ខែតុលា​នេះ បានឱ្យដឹងថា «ដើម្បី​ដោះស្រាយ​នូវ​ការលំបាក និង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន ពិសេស​សម្រួល​ដល់​ការធ្វើដំណើរ​ទៅ-មករ​បស់​ប្រជាពលរដ្ឋ ចាប់ពី​ម៉ោង00.00នាទី ថ្ងៃទី15 ខែតុលា ឆ្នាំ2017ខាងមុខនេះ​តទៅ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​6A ទៅ​ផ្លូវជាតិ​លេខ5 (ស្ពាន និង​ផ្លូវ​លី យ៉ុង​ផាត់ ព្រែក​ព្នៅ) នឹងត្រូវ​ធ្វើដំណើរ​ទៅ-មក​ដោយ​មិនបាច់​បង់ថ្លៃ​ឆ្លងកាត់​ទៀត​ទេ រាជរដ្ឋាភិបាល​នឹង​ទិញ​យកមក​គ្រប់គ្រង​វិញ»។

    សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តទៀតថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​នៅ​សេសសល់។ សង្ឃឹមថា ប្រជាពលរដ្ឋ​យើង​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការសម្រេច​នេះ។

    គួររំឭកថា ស្ពាន​លី យ៉ុង​ផាត់ បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​កាលពី​ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2010 ដែល​វិនិយោគ និង​សាងសង់​ដោយ​ក្រុមហ៊ុន​LYP Group ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន 43លាន​ដុល្លារ​អាមេរិក។ ស្ពាន​នេះ​មាន​បណ្តោយ996ម៉ែត្រ និង​ទទឹង14ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​កប់​ស្រូវ (ត្រើយ​ខាងលិច​បឹង​ទន្លេសាប) ទៅ​ចំណុច​ស្ពាន​ទី6 ផ្លូវជាតិ​លេខ​6A (ត្រើយ​ខាងកើត​បឹង​ទ​នេ្ល​សាប) ដែល​តម្រូវឱ្យ​មានការ​សាងសង់​ផ្លូវ​បេតុង​ប្រវែង8,170ម៉ែត្រ ភ្ជាប់​ពី​គល់ស្ពាន​ត្រើយ​ខាងកើត ទៅ​ផ្លូវជាតិ​លេខ​6A។

    សូមបញ្ជាក់​ផងដែរ​ថា ការផ្តល់​កាដូ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​នេះ គឺធ្វើឡើង​ស្របពេល​ដែល​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ផ្អាក​ដំណើរការ មិនឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ចាប់តាំងពី​ថ្ងៃទី1 ខែតុលា​កន្លងមក​ដើម្បី​ធ្វើការ​ជួសជុល​រហូតដល់​ចប់សព្វគ្រប់ ក្នុង​រយៈពេល​ប្រមាណ​ជា2ឆ្នាំ​ខាងមុខ៕

  • នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ ជំរុញ​ពាណិជ្ជករ​របស់ខ្លួន​ឱ្យ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា

    នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ ជំរុញ​ពាណិជ្ជករ​របស់ខ្លួន​ឱ្យ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា

    ស្ថិតនៅក្នុង​គោលបំណង​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ថៃ ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​ទទួលបាន​ជោគជ័យ​បំផុត​នោះ នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ បានរៀបចំ​វេទិការ​ដ៏​អស្ចារ្យ​លើកដំបូង BUSINESS MATCHING ដែលជា​ព្រឹត្តិការណ៍​នៃ​ការជួបគ្នា​រវាង​បណ្តា​ពាណិជ្ជករ​ថៃ ជាមួយនឹង​អ្នកជំនួញ​មាន​សក្ដានុពល​នៅ​កម្ពុជា ដើម្បី​បាន​ស្វែងយល់​បន្ថែម​ពី​ទិដ្ឋភាព​នៃ​ការវិនិយោគ​រួម ក៏ដូចជា​ការបង្ហាញ​ពី​វិសាលភាព​ដែល​បានមកពី​កិច្ច​សការ​វិនិយោគ​ភាពជា​ដៃគូ។

    នៅក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ ដោយមាន​ការចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​នានា​សរុប​ប្រមាណ​ជិត100ក្រុមហ៊ុន ដែល​មានបំណង​ស្វែងរក​ទីផ្សារ​របស់ខ្លួន​នៅ​កម្ពុជា​នោះ លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា សម្រាប់​គោលបំណង​របស់​កម្មវិធី​នៃ​កិច្ច​ជំនួប​គ្នា​រវាង​ពាណិជ្ជ​ករទាំង 2 ប្រទេស​នេះ គឺធ្វើឡើង​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​ថៃ​ក្នុង​ការចាប់​ដៃគូ​ស្វែងរក​ទីផ្សារ​ដ៏​ល្អ​នៅ​កម្ពុជា។

    លោកស្រី​បាន​បញ្ជាក់ថា ៖ «បច្ចុប្បន្ននេះ ប្រជាជន​កម្ពុជា​ភាគច្រើន​កំពុងតែ​ចាប់អារម្មណ៍ និង​ជឿទុកចិត្ត​ខ្ពស់​ជាមួយ​ផលិតផល​នានា​របស់​ថៃ ហើយក៏​កំពុងតែ​ទទួល​ប្រើប្រាស់​យ៉ាង​ទូលាយ​ផងដែរ ដែល​ក្នុងនោះ​រួមមាន​ដូចជា​ផ្នែក​ចំណីអាហារ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងសំណង់ ក៏ដូចជា​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ទៀត »។ លោកស្រី​បាន​បន្តទៀតថា ៖ ការផ្តល់​ទំនុកចិត្ត​មកលើ​ផលិតផល​របស់​ថៃ​ពី​សំណាក់​ជនជាតិ​កម្ពុជា​នេះ ក៏​ព្រោះតែ​ភាគច្រើន​របៀបរបប​នៃ​ការរស់នៅ​របស់​ជនជាតិ​ទាំង2មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា ដែល​ក្នុងនោះ​រាប់ទាំង​វប្បធម៌ និង​អរិយធម៌​ផងដែរ»។ ជាមួយគ្នានេះ លោកស្រី​ក៏បាន​បញ្ជាក់ប្រាប់​ដល់​ប​ណ្តា​ពាណិជ្ជករ​ដែលមាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​ផងដែរ ពេលនេះ​វា​គឺជា​ឱកាស​ដល់​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែលមាន​បំណង​ពង្រីក​ទីផ្សារ​មកកាន់​កម្ពុជា ខណៈពេល​ដែលមាន​បណ្តា​អ្នកវិនិយោគ​បរទេស​ជាច្រើន​ទៀត​ក៏​កំពុង​សម្លឹង​មកកាន់​ទីផ្សារ​កម្ពុជា​ផងដែរ​នោះ ។

    លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ជា​សហគ្រិន​ដ៏​ជោគជ័យ​វ័យក្មេង និង​ជា​ម្ចាស់​ក្រុមហ៊ុន​ចំនួន5 នៅក្នុង​ដៃ​នោះ ក្នុងនាម​ជា​ពាណិជ្ជករ​កិត្តិយស​នៅក្នុង​ព្រឹត្តិការណ៍ ដែល​ត្រូវបាន​អញ្ជើញ​ដោយ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ និង​ជា​អ្នកតំណាង​ពាណិជ្ជករ​កម្ពុជា​បាន​ថ្លែងថា ៖ «បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​ត្រូវបាន​បណ្តា​អ្នកវិនិយោគ​បរទេស​ជាច្រើន​ចាត់ទុកថា ជា​កូនក្រមុំ​ដ៏​ស្រស់ស្អាត ដែល​គ្រប់គ្នា​ប្រាថ្នា​ចង់បាន ហើយក៏​ចង់​សហការ​វិនិយោគ​ជាមួយ ដែល​ក្នុងនោះ​រួមមាន​ដូចជា ចិន កូរ៉េ ជប៉ុន វៀតណាម ក៏ដូចជា​វិនិយោគិន​នៅតាម​បណ្តា​ប្រទេសផ្សេងៗទៀត ។ ដោយឡែក​សម្រាប់​ប្រទេស​ថៃ​បច្ចុប្បន្ន ក៏បាន​ក្លាយជា​ដៃគូ​វិនិយោគ​ដ៏​ជិតស្និទ្ធ​ជាបណ្តើរៗជាមួយ​កម្ពុជា​ផងដែរ បើទោះបីជា​មិនទាន់​ឈានដល់​ចំណុចកំពូល​ក៏ដោយ»។

    នៅ​ចំពោះមុខ​បណ្តា​ពាណិជ្ជករ​ថៃ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ BUSINESS MATCHING កាលពី​ថ្ងៃទី03 ខែតុលា ឆ្នាំ2017 ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Centra នាទី​ក្រុង​បាងកក ប្រទេស​ថៃ លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ក៏បាន​បញ្ជាក់ប្រាប់​ពីបទ​ពិសោធន៍ និង​ភាពជោគជ័យ​របស់លោក​ក្នុង​កិច្ចសហការ​នាំយក​ផលិតផល​ពី​ប្រទេស​ថៃ​មក​ចែកចាយ​បន្ត​នៅលើ​ទីផ្សារ​កម្ពុជា​ទៀតថា ៖ « សព្វថ្ងៃនេះ ខ្ញុំ​មាន​ក្រុមហ៊ុន​ចំនួន5 រួមមាន​ក្រុមហ៊ុន អចលនទ្រព្យ CSS Real Estate LLC , ហាង​បញ្ចាំ​មហា​សេរី Pawn shop, ក្រុមហ៊ុន​ទទួល​ផលិត ផលិតផល​ស​ម្ភ​ស្ស និង​ក្រុមហ៊ុន Monsne Café Cambodia ដែល​ក្រុមហ៊ុន​ទាំងនេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុនមេ​ដ៏​ធំ​មួយ​មាន​ឈ្មោះថា Luxury Smile ។

    ជាមួយនឹង​ដំណើរការ​យ៉ាង​រលូនរ​បស់​ក្រុមហ៊ុន​ទាំងអស់នេះ ខ្ញុំ​ក៏​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ​ចំនួន 36 ក្រុមហ៊ុន ដើម្បី​នាំយក​ផលិតផល​ពី​ប្រទេស​ថៃ​ទៅ​លក់​នៅលើ​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​គួរ​ជាទី​មោទនៈ ខណៈដែល​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ខ្ញុំ​នឹង​ពង្រីក​កិច្ចសហការ​ជា​ដៃគូ​រហូតដល់ 300ក្រុមហ៊ុន ក្នុងការ​នាំយក​ផលិតផល​នានា​ពី​ប្រទេស​ថៃ​ទៅ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​កម្ពុជា​បន្ថែមទៀត»។

    យ៉ាងណាក៏ដោយ ជាមួយនឹង​ព្រឹត្តិការណ៍ នៃ​កិច្ច​ជំនួប​លើកដំបូង​រវាង​ពាណិជ្ជករ​កម្ពុជា-ថៃ កាលពីពេល​កន្លងទៅនេះ  នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ បាន​រំពឹង និង​សង្ឃឹម​ជឿជាក់ថា អាចជួយ​រឹតបណ្តឹង​ចំណង​សហប្រតិបត្តិ​ការធ្វើ​ជំនួញ​កាន់តែ​ស្អិតល្មួត​ទ្វេដង ជាពិសេស វា​ជាការ​បើកឱកាស​កាន់តែ​ងាយស្រួល​សម្រាប់​ពាណិជ្ជ​ករទាំង2ប្រទេស​ផងដែរ ៕

  • ស្ត្រីនៅក្នុងវិស័យវិទ្យាសាស្ត្រពិត មានចំនួនតិចតួចគួរឱ្យ​បារម្ភ

    ស្ត្រីនៅក្នុងវិស័យវិទ្យាសាស្ត្រពិត មានចំនួនតិចតួចគួរឱ្យ​បារម្ភ

    នាយុគសម័យបច្ចុប្បន្ននេះ បច្ចេកវិទ្យាចាប់ផ្តើមមានការរីកចម្រើនខ្លាំង ហើយការអប់រំក៏ចាប់ផ្តើមមានការអភិវឌ្ឍ ដែលផ្តល់ឱកាស និងភាពងាយស្រួលសម្រាប់ស្ត្រី​ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង ដែលអាច​កាត់បន្ថយ​វិសមភាពនៃការអប់រំរវាងបុរស និងស្ត្រី។

    ទោះបីជាចំនួនស្ត្រីដែលទទួលបានការអប់រំខ្អស់មានការកើនឡើងក្តី តែជាទូទៅគេសង្កេតឃើញថា ​ចំនួនស្ត្រីនៅក្នុងវិស័យវិទ្យាសាស្រ្តពិតនៅមានចំនួនតិចតួចបំផុត។ យោងតាម​ការបង្ហាញរបស់គេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញឱ្យដឹងថា ចំនួនស្ត្រីដែលធ្វើការផ្នែកបច្ចេកវិទ្យាមានចំនួនត្រឹមតែ 24% ប៉ុណ្ណោះលើពិភពលោក ខណៈមានស្ត្រីត្រឹមតែ​ 23% ប៉ុណ្ណោះធ្វើការងារពាក់ព័ន្ធនឹងកុំព្យូទ័រ និងគណិតវិទ្យា។

    ពាក់ព័ន្ធនឹងបញ្ហានេះដែរ កញ្ញា សុខ ស៊ីគៀង ឯកអគ្គរាជទូតនៃកម្មវិធី Technovation នៅកម្ពុជា ធ្លាប់បានប្រាប់ថា បច្ចេកវិទ្យាមានសារៈសំខាន់ណាស់សម្រាប់ដោះស្រាយបញ្ហាជីវភាពរស់នៅ និងការងារសំខាន់ៗក្នុងសង្គម តែនៅកម្ពុជា​យើង គេសង្កេតឃើញថា មានចំនួនស្ត្រីតិចតួចនៅឡើយដែលជ្រើសរើសជំនាញបច្ចេកវិទ្យាដើម្បីសិក្សា។

    អ្នកបណ្តុះបណ្តាលបច្ចេកវិទ្យាខាងលើបានបន្ថែមទៀតថា បញ្ហាដែលស្ត្រី ឬកុមារីកម្ពុជាកំពុងជួបប្រទះគឺពួកគាត់មិនទាន់យល់បានទូលំទូលាយពីសារៈសំខាន់នៃបច្ចេកវិទ្យា​ និងមិនទាន់ទុកចិត្តខ្លួនឯងថា មានសមត្ថភាពដូចបុរស តែពីមួយឆ្នាំទៅមួយឆ្នាំ​ដើម្បីដោះស្រាយបញ្ហានេះ កម្មវិធីជាច្រើនត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់ស្ត្រីឱ្យបានយល់ដឹង និងប្រើប្រាស់សមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហារបស់សង្គមដោយខ្លួនឯង។

    យោងតាមទិន្នន័យដែលបានបង្ហាញដោយ​វេទិកាសេដ្ឋកិច្ចបានឱ្យដឹងផងដែរថា នៅកម្ពុជា​មាននិស្សិតកម្រិតបណ្ឌិតចំនួន 95% ជាបុរស និងប្រមាណជា 79% នៃអ្នកស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM៖ Science, Technology, Engineering, Math) ក៏សុទ្ធតែជាបុរសដូចគ្នា៕

     

     

  • ឃុយ ម៉ីហៀង ពីកុមារីរើសអេតចាយ តាមក្ដីស្រមៃក្លាយជាតារា

    ឃុយ ម៉ីហៀង ពីកុមារីរើសអេតចាយ តាមក្ដីស្រមៃក្លាយជាតារា

    នៅថ្ងៃព្រហស្បតិ៍ ទី5 ខែតុលា ឆ្នាំ2017នេះ ប្រភពដែលគេហទំព័រ ឡារ៉ែន ទទួលបានថ្មីនេះៗ ឱ្យដឹងថា កុមារី ឃុយ ម៉ីហៀង ដែលជាបេក្ខភាពប្រឡងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia មានវ័យ 12 ឆ្នាំ គឺមានអតីតភាពជាកុមារីរើសអេតចាយ ហើយព្យាយាមសន្សំថវិកាបន្ដិចបន្ដួចដើម្បីផ្គត់ផ្គង់ការសិក្សា និងធ្វើដំណើរមកតាមរកក្ដីស្រមៃរបស់ខ្លួនតាមរយៈកម្មវិធីខាងលើនេះដោយខ្លួននាងផ្ទាល់តែម្ដង។

    ប្រភពដែលឡារ៉ែនទទួលបាននោះគឺ នាងតូចខាងលើ ហើយនិងម្ដាយជាស្ត្រីចំណាស់ម្នាក់ដែលប្រកបរបរដើររើសអេតចាយ និងលក់ចេកចៀន ហើយក្រោយមកទើបមានឱកាសទទួលបានមុខរបរថ្មី គឺយកខោអាវពីភ្នំពេញ ទៅលក់នៅខេត្តកំពង់ស្ពឺ។ តែយ៉ាងណាក៏ដោយ ស្ថានភាពគ្រួសារមិនអាចត្រូវបានស្ដារឱ្យធូរស្រាលឡើងភ្លាមៗនៅឡើយ ទើបត្រូវប្រឈមមុខនឹងភាពក្រលំបាកតោកយ៉ាកមួយនេះតទៅទៀត។

    ដោយកត់់សម្គាល់ឃើញថា សំឡេងរបស់ខ្លួនមានភាពក្រអួនក្រអៅ ពីរោះរន្តំចិន្តា និងបកស្រាយបទចម្រៀងបានច្រើនទម្រង់ផងនោះ នាងតូច ឃុយ ម៉ីហៀង ក៏សម្រេចចិត្តធ្វើដំណើរមកតាមរកក្ដីស្រមៃរបស់ខ្លួន ដើម្បីក្លាយជាតារាចម្រៀងតាមរយៈកម្មវិធីប្រឡងខាងលើ ដោយមានបំណងប្រាថ្នាចង់ធ្វើឱ្យជីវភាពគ្រួសាររបស់នាងមានភាពល្អប្រសើរឡើង មិនក្រលំបាកដូចសព្វថ្ងៃនេះ។

    គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ កុមារី ឃុយ ម៉ីហៀង បានបន្ដដំណើរប្រកួតមកដល់វគ្គ Live Show សបា្ដហ៍ទី2 ហើយ ព្រមទាំងបានជាប់បន្ដទៅវគ្គ Live Show សបា្ដហ៍ទី3 ជាបន្ដទៀតផងដែរ ក្រោមការបង្វឹករបស់ Coach សុគន្ធ នីសា៕