Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន​កូរ៉េខាងត្បូង​ផ្តោតលើ​ការវិនិយោគ​នៅ​ថៃ​ដោយ​បារម្ភ​ពី​ទីផ្សារ​ចិន

    ក្រុមហ៊ុន​កូរ៉េខាងត្បូង​ផ្តោតលើ​ការវិនិយោគ​នៅ​ថៃ​ដោយ​បារម្ភ​ពី​ទីផ្សារ​ចិន

    ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េខាងត្បូង​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការ​មក​វិនិយោគ​ក្នុងប្រទេស​ថៃ ដែលជា​ច្រក​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​ខាងកើត និង​បានធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​តំបន់​ផលិតកម្ម​ដ៏​សំខាន់​សម្រាប់​តំបន់​អាស៊ាន និង​អាស៊ី​ទាំងមូល។ នេះ​បើ​យោងតាម​ទី​ភា្ន​ក់​ងារ​លើកកម្ពស់​ពាណិជ្ជកម្ម​កូរ៉េ (Kotra)។

    លោក Kim Nam-Wook អគ្គនាយករង Kotra បាន​និយាយថា ក្រុមហ៊ុន​កូរ៉េខាងត្បូង​ជាច្រើន​នឹង​ចាក់​ចេញពី​ប្រទេស​ចិន​ដើម្បី​បញ្ជៀ​ស​ហានិភ័យ​ដែល​អាច​នឹង​កើតឡើង​ជាមួយ​ប្រទេស​កូរ៉េខាងជើង ខណៈដែល​ប្រទេស​ថៃ​បានផ្តល់​នូវ​ជម្រើស​ល្អ​បំផុត​សម្រាប់​ការផ្លាស់ប្តូរ​ទីតាំង ដោយសារ​ការលើកទឹកចិត្ត​ចំពោះ​ការវិនិយោគ និង​មានការ​គាំទ្រ​ពេញលេញ​ពី​រដ្ឋាភិបាល​ផងដែរ។

    លោក ថ្លែងថា៖“មាន​វិនិយោគិន​កូរ៉េខាងត្បូង​ជាច្រើន​ធ្លាប់បាន​ផ្តោតលើ​ប្រទេស​ចិន​ដោយសារ​ប្រទេស​ចិន​ជាទី​ផ្សារ​ធំ​ដែលមាន​ប្រជាជន​ជាង1ប៊ី​លាន​នាក់។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅពេលនេះអ្វីៗហាក់​កំពុង​ផ្លាស់ប្តូរ។ ភាព​តានតឹង​កើនឡើង​កំពុង​ធ្វើឱ្យ​ពួកគេ​គិត​អំពី​ការបញ្ជៀ​ស​ហានិភ័យ ដោយ​ប្តូរ​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន។

    លោក​បាន​បន្តថា អ្នកវិនិយោគ​កូរ៉េ ក៏ដូចជា Kotra កំពុង​ចាប់អារម្មណ៍​ខ្លាំង ដោយ​ប្រទេស​ថៃ​អាច​ក្លាយជា​តំបន់​ផលិតកម្ម​ថ្មី​មួយ ហើយក៏​ជា​ច្រក​មួយ​ទៅកាន់​តំបន់​អាស៊ាន ដែលមាន​ប្រជាជន​ជាង600លាន​នាក់​ផងដែរ។

    Kotra កាលពីពេលថ្មីៗនេះ​បានរៀបចំ​សិក្ខាសាលា​មួយ ដោយមាន​ក្រុមហ៊ុន​ចូលរួម​ប្រហែល100 មកពី​កូរ៉េខាងត្បូង ឥណ្ឌា អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ស្វែងរក​ឱកាស​បង្កើត​ជំនួប​អាជីវកម្ម និង​ចុះ​កិច្ចព្រមព្រៀង​ដែល​នឹង​នាំទៅដល់​ការវិនិយោគ​បន្ថែម​នៅក្នុង​ប្រទេស​ថៃ ពិសេស​គឺ​ក្នុង​តំបន់ EEC។

    The EEC ជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​ការវិនិយោគ​ថ្មី​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ជាមួយ​ការគាំទ្រ​ពេញលេញ​របស់​រដ្ឋាភិបាល ជាពិសេស​ការលើកទឹកចិត្ត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ការវិនិយោគ។ The EEC មាន​ទំហំ​ផ្ទៃដី​ជាង 30,000រ៉ៃ (48គីឡូម៉ែត្រ​ការ៉េ) នៅក្នុង​ខេត្ត​ចំនួន3 គឺ​ខេត្ត Chon Buri, Rayong និង Chachoengsao។

    The EEC ត្រូវបាន​រចនា​ឡើង​ដោយ​ផ្តោតលើ​តំបន់ឧស្សាហកម្ម​ចំនួន10 ដូចជា​រថយន្ត​ជំនាន់​ថ្មី ឧបករណ៍​អេឡិចត្រូនិក ទេសចរណ៍​សុខភាព និង​ផាសុកភាព កសិកម្ម និង​បច្ចេកវិទ្យា​ដាំ​ដុះ ម្ហូបអាហារ​គ្រឿងយន្ត​សម្រាប់​ឧស្សាហកម្ម បណ្តាញ​ឡូ​ជី​ស្ទិ​ក​អាកាសចរណ៍ ឥន្ធនៈ​អេតាណុល និង​គីមី​អេតាណុល​ឌីជីថល និង សេវាកម្ម​ផ្នែក​វេជ្ជសាស្ត្រ។

    លោក Kim បាន​ប្រាប់ទៀតថា អ្នកវិនិយោគ​កូរ៉េ​ដែល​មានបំណង​វិនិយោគ​នៅក្នុង​ប្រទេស​ថៃ​ភាគច្រើន​ផ្តោតលើ​គ្រឿងបន្លាស់​រថយន្ត និង​គ្រឿង​បង្គុំ​អគ្គិសនី។ លោក​បាន​បញ្ជាក់ថា៖“យើង​ចាប់អារម្មណ៍​ប្រទេស​ថៃ ព្រោះ​វា​ក្រុង​ធំ​របស់​អាស៊ី ដូចនេះ​វា​ងាយស្រួល​ខ្លាំងណាស់​ដើម្បី​បង្កើត​សង្វាក់​ផ្គត់ផ្គង់​នៅទីនេះ ដើម្បី​ផលិត និង​នាំចេញ​ទៅកាន់​ប្រទេស​អាស៊ានផ្សេងៗទៀត។

    កូរ៉េខាងត្បូង​ជាប់​ចំណាត់ថ្នាក់​លេខ8 ជា​ប្រទេស​ដែល​បាន​ចូលមក​វិនិយោគ​ច្រើនជាងគេ​ក្នុងប្រទេស​ថៃ ដោយមាន​តម្លៃ​វិនិយោគ​រហូតដល់​ទៅ8.9ប៊ី​លាន​បាត​ក្នុង​ឆ្នាំ2016។ បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ប្រមាណ300កំពុងបើក​ដំណើរការ​ក្នុងប្រទេស​ថៃ ហើយ​មានការ​រំពឹងថា ចំនួន​ក្រុមហ៊ុន​នឹង​កើនឡើង​ទ្វេដង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

    អ្នកវិនិយោគ​កូរ៉េ​កំពុង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ឧស្សាហកម្មផ្សេងៗទៀត​នៅក្នុង​ប្រទេស​ថៃ ដូចជា ទូរស័ព្ទ​ចល័ត គ្រឿងបន្លាស់​រថយន្ត កម្មន្តសាល គ្រឿងសម្អាង និង​ថែ​សម្ផស្ស។ អ្នកវិនិយោគ​កូរ៉េ​ក៏​ចាប់អារម្មណ៍​ទីផ្សារ​ប្រទេស​ឥណ្ឌា​ផងដែរ​ដោយសារ​ចំនួន​ប្រជាជន​ច្រើន៕

  • ខួបកំណើតកូនស្រី  តែ ប៉ែន ចំរុង គ្មានវាសនាបានចូលរួម

    ខួបកំណើតកូនស្រី  តែ ប៉ែន ចំរុង គ្មានវាសនាបានចូលរួម

    នៅរាត្រីថ្ងៃសុក្រទី6 ខែតុលា ឆ្នាំ2017 ជាថ្ងៃខួបកំណើតមួយឆ្នាំរបស់នាងតូច Katerina ដែលជាតំណក់ឈាមដំបូងរវាងតារាស្រី ភិន សុដាលីស និងតារាប្រុស ប៉ែន ចំរុង ដែលជាការរៀបចំឡើងដោយ លោក អ៊ិន សុភិន ក៏ប៉ុន្ដែជាអកុសល ប៉ែន ចំរុង គ្មានវាសនាបានចូលរួមខួបកំណើតកូនស្រីរបស់ខ្លួនឡើយ សូម្បីតែមកទល់ពេលនេះក្ដី ក៏តារាប្រុសរូបនេះ មិនទាន់បានចាប់កាន់ ឬពបីកូនស្រី និងបានជួបមុខដោយផ្ទាល់នៅឡើយ។

    យ៉ាងណាមិញ លោក អ៊ិន សុភិន ជាជីតាបង្កើត និងបានបីចាច់ចៅស្រីតាំងពីដើមរហូតមកនោះ លោកបានផ្ដល់កាដូជាសាច់បា្រក់ចំនួន2ម៉ឺនដុល្លារអាមេរិកដល់ចៅស្រី ដើម្បីធ្វើជាមូលនិធិសម្រាប់ជួយដល់កុមារកំព្រាដែលឪពុកម្តាយបោះបង់ចោល។ លោក អ៊ិន សុភិន បានបញ្ជាក់ថា «កាដូសម្រាប់ចៅស្រីគឺទឹកប្រាក់សុទ្ធចំនួន2ម៉ឺនដុល្លារអាមេរិក សម្រាប់ឱ្យចៅស្រីបង្កើតមូលនិធិជួយដល់កុមារកំព្រា ពិសេសកុមារដែលឪពុកម្តាយបោះបង់ចោល»។

    ជាចុងក្រោយលោកក៏បានបន្ដថា ចៅស្រីរបស់លោកទោះបីជាឪពុកបោះបង់ចោលចាប់តាំងពីនៅក្នុងផ្ទៃ៤ខែក្តីក៏ពេលនេះនាងទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្លាំងពីក្រុមគ្រួសារលោក ហើយលោកនឹកដល់កុមារដែលរស់នៅមណ្ឌលកុមារកំព្រាដែលខ្វះភាពកក់ក្តីពីក្រុមគ្រួសារ។ ចំពោះមូលនិធិដែលបង្កើតសម្រាប់ចៅស្រី និងជួយដល់មណ្ឌលកុមារកំព្រាណាដែលខ្វះខាតនេះ លោកក៏នឹងបែងចែកទៅតាមលទ្ធភាពផងដែរ។ លោកថា មូលនិធិនេះនឹងបានរួមចំណែកជួយដល់កិច្ចការងារសង្គម ផងដែរ៕

  • ចូលរួម​សារ​ទ​ដល់​កម្ពុជា ដែល​អាមេរិក និង​សហភាព​អ៊ឺរ៉ុប​នៅតែ​បន្ដ​បញ្ជា​ទិញ​ទំនិញ

    ចូលរួម​សារ​ទ​ដល់​កម្ពុជា ដែល​អាមេរិក និង​សហភាព​អ៊ឺរ៉ុប​នៅតែ​បន្ដ​បញ្ជា​ទិញ​ទំនិញ

    ខណៈ​ការនាំចេញ​ផលិតផល​វាយនភ័ណ្ឌរ​បស់​កម្ពុជា​នៅក្នុង​ឆ្នាំនេះ​មានការ​ធ្លាក់ចុះ ធ្វើឱ្យ​សេដ្ឋកិច្ច​ទាំងមូល​មានការ​ថមថយ​មក​នៅ​ត្រឹម6.8% ដែល​ធ្វើឱ្យ​កម្ពុជា​ត្រូវ​ប្រឹងប្រែង​ពង្រឹង​លើ​ផលិត​ឧស្សាហ៍កម្ម​ដទៃ​សម្រាប់​នាំចេញ​ធ្វើយ៉ាងណា​ជួយ​ទប់ទល់​នូវ​ការ​ថមថយ​កំណើនសេដ្ឋកិច្ច។ ថ្មីៗកម្ពុជា​បានទទួល​ដំណឹង​ល្អ ដោយសារតែ​អាមេរិក និង​សហភាព​អ៊ឺរ៉ុប​នៅតែ​បន្ត​បើក​ទីផ្សារ​របស់ខ្លួន​ដល់​កម្ពុជា និង​បង្កើន​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា។

    ក្នុងជំនួប​រវាង​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ ឯកឧត្តម​ទាំងពីរ​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប នឹងមិន​ភ្ជាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ​ការងារ ទៅនឹង​ភាព​តានតឹង​ផ្នែក​ផ្សេង​ទៀតឡើយ។ សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប​នឹង​បន្ត​បើក​ទីផ្សារ​របស់ខ្លួន​ដល់​កម្ពុជា និង​បង្កើន​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា។

    ឯកឧត្ដម​ទាំង​ពីរបាន​សាទរ​ដល់​កម្ពុជា ដែល​ទើប​សម្រេចបាន​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ2018 ចំនួន 170ដុល្លារ ប្រកបដោយ​រលូន និង​កុងសង់ស៊ីស​គ្នា​ពី​គ្រប់ភាគី​នា​ឆ្នាំនេះ។ ជាមួយគ្នានេះ ឯកឧត្តម​ទាំងពីរ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​បន្ត​ប្រកាន់​ភ្ជាប់​នូវ​យន្តការ​ត្រីភាគី ការសន្ទនា​សង្គម ការគោរព​លក្ខខណ្ឌ​ការងារ ការគោរព​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ និង​ការដោះស្រាយ​បញ្ហា​ទំនាក់ទំនង​វិជ្ជាជីវៈ និង​វិវាទ​ការងារ​ឱ្យបាន​លឿន និង​មាន​តម្លាភាព។

    ជាការ​ឆ្លើយតប ឯកឧត្តម អ៊ិត សំហេង ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ទាំងពីរ​ដែល​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​លក្ខ​ខណ្ឌ​ការងារ​នៅ​កម្ពុជា ព្រមទាំង​ធានាថា កម្ពុជា​នឹង​បន្ត​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ ដោយ​បន្ត​សហការ​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO-BFC) អង្គការ GIZ និង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​កម្ពុជា៕

  • អេ​ស្ប៉ា​ញ កក់​កៅអី​ទៅ World Cup ខណៈ​ស៊ែ​ប៊ី ត្រូវ​រង់ចាំ

    អេ​ស្ប៉ា​ញ កក់​កៅអី​ទៅ World Cup ខណៈ​ស៊ែ​ប៊ី ត្រូវ​រង់ចាំ

    ក្រុម​ជើង​ខ្លាំង​អេ​ស្ប៉​ញ បានឈ្នះ​កៅអី​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 ក្រោយពី​បានទទួល​ជ័យជម្នះ​លើទឹក​ដី​របស់​ពួកគេ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម​ជម្រើសជាតិ​អាល់​បា​នី ប៉ុន្តែក្រុមបាល់ទាត់​ជម្រើសជាតិ​ស៊ែ​ប៊ី ត្រូវតែ​រង់ចាំ​សិន​ដើម្បី​បំពេញ​ការ​ឈ្នះ​សិទ្ធិ​របស់​ពួកគេ ក្រោយពី​ចាញ់​ក្រុម​ជម្រើសជាតិ​អូទ្រីស 3-2។

    កីឡាករ Rodrigo, Isco និង Thiago Alcantara សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​រយៈពេល30នាទី​ដំបូង ក្នុង​ទីក្រុង Alicante ខណៈដែល​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​ឆ្នាំ2010មួយ​នេះ បានបញ្ចប់​ដោយ​ឈរលើ​លេខ1ក្នុង​ពូ​ល G ក្រោយពី​ក្រុម​ឈរ​លេខ២ អ៊ីតាលី បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ពេល​ជួប​ក្រុម​ជម្រើសជាតិ​ម៉ា​សេ​ដ្វា​ន ក្នុង​ទីក្រុង Turin។

    ខ្សែការពារ Gerard Pique របស់​ក្លិប Barcelona ត្រូវបាន​ស្វាគមន៍​ដោយ​ការស្រែក​ចំអក​ឲ្យ និង​ការ​ទះដៃ​អបអរ នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​ជា​អន្តរជាតិ​លើក​ទី92របស់គេ ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ ក្រោយពី​ការបោះឆ្នោត​ប្រជាមតិ​ដណ្តើមយក​ឯករាជ្យ​នៅ​តំបន់ Catalonia ដែល​ត្រូវបាន​ចាត់ទុកថា ជា​ទង្វើ​ខុសច្បាប់​ដោយ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ និង​ត្រូវបាន​រារាំង​ដោយ​ប៉ូលិស។ លោក Julen Lopetegui គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បាន​ប្រាប់​ស្ថានីយទូរទស្សន៍ Teledeporte របស់​អេ​ស្ប៉ា​ញ​ថា៖ «យើង​ត្រូវតែ​ផ្តោត​តែ​ទៅលើ​កីឡាបាល់ទាត់​ប៉ុណ្ណោះ។ វា​មាន​សប្តាហ៍​ដ៏​លំបាក និង​ស្មុគស្មាញ​មួយ ហើយ​ជា​រឿង​ល្អ​ដែល​យើង​អាច​ដោះស្រាយបាន​យ៉ាង​ល្អ​ក្នុង​រយៈពេល​ត្រឹមតែ30នាទី​ដំបូង»។

    ក្រុម​ម្ចាស់​ជើងឯក World Cup 4សម័យកាល អ៊ីតាលី ត្រូវមាន​ជោគវាសនា​ចូលរួម​ក្នុងការ​ប្រកួត Playoff នៅ​ខែវិច្ឆិកា ក្រោយពី​ខ្សែប្រយុទ្ធ​បម្រុង Aleksandar Trajkovski របស់​ម៉ា​សេ​ដ្វា​ន បា​នរក​គ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​របស់​ខ្សែការពារ​ជើងចាស់ Giorgio Chiellini៕

    ប្រភពពី៖ sports.yahoo.com

  • វិស័យ​ហិរញ្ញវត្ថុ​អាច​លែង​ត្រូវការ​ធនធានមនុស្ស​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

    វិស័យ​ហិរញ្ញវត្ថុ​អាច​លែង​ត្រូវការ​ធនធានមនុស្ស​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

    អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​អះអាងថា តម្រូវការ​ធនធានមនុស្ស​ក្នុង​វិស័យនេះ​នៅតែមាន​ច្រើន ខណៈដែល​វិស័យនេះ​នៅតែ​បន្ត​ទាក់ទាញ​វិនិយោគិនថ្មីៗឱ្យ​ចូលមក​បណ្តាក់ទុន​បន្ថែម បើទោះបីជា​ប្រឈម​នឹង​ការដាក់កំហិត​លើ​អត្រា​ការប្រាក់​ខ្ពស់បំផុត​ត្រឹម18% ក្នុង​ឆ្នាំ​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់ឱ្យអនុវត្ត​ចាប់តាំងពី​ខែមេសា កន្លងមក​ក៏ដោយ។

    ក្រោយ​ការដាក់ចេញ​នូវ​សេចក្តីសម្រេច​ថ្មី​លើ​អត្រា​ការប្រាក់​នេះ ប្រតិបត្តិ​ករ​ក្នុង​វិស័យនេះ​បានឱ្យដឹងថា ប្រាក់ចំណេញ​របស់ខ្លួន​នឹង​ធ្លាក់ចុះ បើទោះបីជា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​ប្រតិបត្តិ​រប​ស់​ខ្លួន​ក៏ដោយ។ ជាមួយ​ការ​ប្រឈមថ្មីៗនៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ឯកជន​នេះ អ្នកគ្រប់គ្រង​ក្នុង​វិស័យ​ដែល​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​ជាងគេ​មួយ​នេះ​បាន​លើកឡើងថា តម្រូវការ​ធនធានមនុស្ស​សម្រាប់​វិស័យនេះ​នៅតែ​ត្រូវការ​ច្រើន​ដដែល ដោយសារ​វិស័យនេះ​ស្ថិតនៅ​ដំណាក់កាល​អភិវឌ្ឍ។

    ការអះអាង​នេះ អាចជា​មធ្យោបាយ​មួយ​កាត់បន្ថយ​នូវ​មន្ទិលសង្ស័យ​របស់​និស្សិត​ចំពោះ​ការសម្រេចចិត្ត​សិក្សា​មុខវិជ្ជា​ធនាគារ និង​ហិរញ្ញវត្ថុផងដែរ ស្រប​ពេលដែល​សិស្ស​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កំពុងតែ​ស្វែងយល់​ជ្រើសរើស​មុខវិជ្ជា​ដើម្បី​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា។

    លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ប្រាប់ថា បន្ទាប់ពី​ការដាក់​កម្រិត​ថ្មី​របស់​ធនាគារជាតិ​មកលើ​ការប្រតិបត្តិ​របស់​វិស័យ​ហិរញ្ញវត្ថុ​ឯកជន គេ​នៅ​មិនទាន់​ឃើញ​មាន​ផលប៉ះពាល់​អ្វី​ធំដុំ​នៅឡើយ​ទេ ក្រៅពី​ការបាត់បង់​ប្រាក់ចំណេញ​ប៉ុណ្ណោះ។ លោក​ឧកញ៉ា បាន​បន្ថែមថា ការបាត់បង់​ប្រាក់ចំណេញ​នេះ​អាច​ទប់ស្កាត់​ផែនការ​ពង្រីក​អាជីវកម្ម​តាមរយៈ​ការពង្រីក​សាខា​បន្ថែម ហើយ​តម្រូវការ​ធនធានមនុស្ស​សម្រាប់​ប្រតិបត្តិការ​ក៏​នៅតែមាន​ដើម្បី​ពង្រឹង​ខ្លួន បើទោះបីជា​វិស័យ​មួយ​នេះ​ស្ថិតនៅ​ដំណាក់កាល​ដំបូង​នៃ​កំណែទម្រង់​ក៏ដោយ។

    លោក​ឧកញ៉ា ហួត អៀង​តុង បាន​ថ្លែងថា៖“ហិរញ្ញវត្ថុ​ជា​វិស័យ​មួយ​សំខាន់​សម្រាប់​អភិវឌ្ឍន៍​ប្រទេស ដូចនេះ​តម្រូវការ​ធនធានមនុស្ស​ក៏​នៅតែមាន​អាទិភាព​ដែរ ហើយ​ខ្ញុំ​រំពឹងថា​តម្រូវការ​ចំនួន​មនុស្ស​បម្រើ​ការងារ​ក្នុង​វិស័យនេះ​អាច​ថយចុះ​នៅពេល​ខាងមុខ តែ​វិស័យនេះ​ទាំងមូល​នឹង​នៅតែ​ល្អជា​បន្តទៀត។

    លោកស្រី សូ ផន​ណា​រី អនុប្រធាន​ប្រតិ​ប​តិ្ត​និង​ជា​ប្រធាន​មន្ត្រី​ប្រតិ​ប​តិ្ត​ការ​នៅ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងថា សម្រាប់​វិស័យ​ធនាគារ​នេះ​ទីផ្សារ​ទំនង​មិន​ចង្អៀត​ពេក​នោះទេ ដោយសារ​មាន​ធនាគារថ្មីៗរបស់​បរទេស​ទើប​ចូលមក ហើយ​ម្យ៉ាងទៀត​វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក​កកើត​ច្រើន​ដែរ​ក្នុង​រយៈពេលថ្មីៗនេះ​ដែល​បញ្ជាក់​ឱ្យឃើញថា ទីផ្សារ​នៅតែ​ត្រូវការ​ច្រើន។

    ទោះជា​បែបនេះ​ក្តី​លោកស្រី​ហាក់​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកសិក្សា​ឱ្យ​សម្លឹងមើល​ជំនាញផ្សេងៗជាច្រើន​ទៀត​ដែល​ទីផ្សារ​ត្រូវការ​ដូចគ្នាដោយ​មិនត្រូវ​ផ្តល់​អាទិភាព​ដល់​ការសិក្សា​ហិរញ្ញវត្ថុ​ខ្ពស់​ពេក​នោះទេ។ លោកស្រី​និយាយថា៖“ជំនាញ​អ្វី​ក៏ដោយ​ឱ្យតែ​ទីផ្សារ​ត្រូវការ​ខ្លាំង ជំនាញ​នោះ​នឹង​ទទួលបាន​ការឱ្យ​តម្លៃ និង​ប្រាក់ចំណូល​ខ្ពស់។

    សម្រាប់​ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត លោកស្រី​បាន​បញ្ជាក់ថា តម្រូវការ​ធនធានមនុស្ស​ថ្មី​អាច​នឹង​នៅ​ទ្រឹង​សម្រាប់​ឆ្នាំ2019 និង​ឆ្នាំ2020 ខណៈ​ឆ្នាំ2018 ខាងមុខ តម្រូវការ​ធនធានមនុស្ស​ថ្មី​អាចមាន​ត្រឹម1ទៅ2%ប៉ុណ្ណោះ​នៃ​ចំនួន​បុគ្គលិក​បច្ចុប្បន្ន​សរុប12,580នាក់។

    លោកស្រី​បាន​បញ្ជាក់ថា៖ “យើង​កំពុង​បណ្តុះបណ្តាល​បុគ្គលិក​ឱ្យ​ផ្តោតលើ Digital Banking ដូចនេះ​តម្រូវការ​ធនធានមនុស្ស​ថ្មី​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​គឺ​មិនទាន់​ចាំបាច់​នោះទេ។

    ឯកឧត្តម វ​ង្សី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ និង​ហិរញ្ញវត្ថុ ធ្លាប់បាន​ទទួលស្គាល់ថា វិស័យ​ហិរញ្ញវត្ថុ​នេះ​មាន​ភាព​កាក់កប​ខ្លាំង​ជា​វិស័យផ្សេងៗទៀត ដែលមាន​អត្រា​ចំណេញ​ប្រចាំឆ្នាំ​រហូត​ជាង18%។ ទន្ទឹមគ្នានេះ​អត្រា​ការប្រាក់​ខ្ពស់​សម្រាប់​អតិថិជន​គឺជា​ចំណោទ​មួយ​ដែល​ទាមទារ​ឱ្យ​ដោះស្រាយ​នៅពេល​ខាងមុខ ព្រោះ​វិស័យនេះ​ក៏​ដល់​ពេលដែល​ត្រូវ​កែទម្រង់​ដែរ។

    យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បង្ហាញ​ពី​ការរីកចម្រើន​ឥតឈប់ឈរ​ក្នុង​វិស័យនេះ​ក្នុង​រយៈពេល​កន្លងមក ដោយ​ប្រាក់​បញ្ញើ និង​កម្ចី​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ2015 បាន​កើនឡើង​ក្នុង​រង្វង់​ពី​ជាង 18ទៅជិត 30%នៅ​ឆ្នាំ2016។ ប្រាក់​បញ្ញើ​របស់​អតិថិជន​នៅក្នុង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅក្នុង​ឆ្នាំ2015 បាន​កើនឡើង 18.9% ដល់ 12.68ពាន់​លាន​ដុល្លារ ខណៈដែល​ឥណទាន​បាន​កើនឡើង 28% ដល់ 15.14ពាន់​លាន​ដុល្លារ ធៀប​ទៅនឹង​ឆ្នាំ2014។

    រហូតមកដល់​ពេលនេះ​ចំនួន​ធនាគារពាណិជ្ជ ធនាគារ​ឯកទេស និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​កំពុង​ប្រតិបត្តិ​នៅ​កម្ពុជា មាន​ចំនួន​ជិត80ស្ថាប័ន៕

  • ចំណុចសំខាន់ៗរបស់​បុគ្គលិក ដែល​គួរ​ធ្វើឱ្យ​ក្រុមហ៊ុន​មួយ​ទទួលបាន​ជោគជ័យ

    ចំណុចសំខាន់ៗរបស់​បុគ្គលិក ដែល​គួរ​ធ្វើឱ្យ​ក្រុមហ៊ុន​មួយ​ទទួលបាន​ជោគជ័យ

    ការអភិវឌ្ឍ​ក្រុមហ៊ុន មិន​ខុសពី​ការអភិវឌ្ឍ​ប្រទេស​ប៉ុន្មាន​នោះទេ វា​ទាមទារ​ឱ្យមាន​សមាជិក​ប្រកបដោយ​គុណភាព និង​មាន​ការគិត​ដើម្បី​ចូលរួម​គ្រប់​សកម្មភាព​ឆ្ពោះទៅរក​គោលដៅ​រួម។

    អគ្គនាយិកា នៃ​ក្រុមហ៊ុន​ឌី​ហ្វើ​នី​ឈ័​រ លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​លើកឡើងថា មិន​ថា​ការធ្វើការ​នៅទីណា ឬ​ឱ្យ​ក្រុមហ៊ុន​ណា​នោះទេ បុគ្គលិក​គួរ​ចាត់ទុកថា ទីនេះ​ជា​ផ្ទះ​របស់ខ្លួន ព្រោះ​នៅពេលដែល​ក្រុមហ៊ុន​មានការ​រីកចម្រើន យើងទាំងអស់គ្នា​ក៏មាន​ការរីកចម្រើន​ទៅតាម​នោះដែរ។ ម្យ៉ាងវិញទៀត បុគ្គលិក​ក៏​គួរតែ​គិតថា ស្ថាប័ន​ដែល​ខ្លួន​កំពុងធ្វើការ​ជា​សាលារៀន​ដែល​អាចជួយ​ឱ្យ​អ្នក​ទាំងអស់គ្នា​រៀន​ពី​មនុស្ស​នៅ​ជុំវិញខ្លួន និង​ជាពិសេស​គឺ​បាន​រៀន​ពីបទ​ពិសោធ​ក្នុង​ការធ្វើការងារ​រប​ស់​អ្នកគ្រប់គ្រង​ស្ថាប័ន​នោះ។ ទន្ទឹមនឹងនេះ ការធ្វើការងារ​នៅក្នុង​ក្រុមហ៊ុន ក៏​ជា​ឱកាស​មួយ​ដែល​អាចធ្វើឱ្យ​បុគ្គលិក​ម្នាក់​បាន​បញ្ចេញ​សមត្ថភាព ដើម្បី​ហ្វឹកហាត់​សម្រេច​កិច្ចការងារ​ឱ្យ​បានល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ព្រោះ​ក្រោយ​ពេលដែល​បុគ្គលិកម្នាក់ៗគិតបែបនេះ គេ​នឹង​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​ការងារ ហើយ​តែងតែ​អាច​អភិវឌ្ឍ​ខ្លួនឯង​បានល្អ​បំផុត​ទៀតផង។

    លោកជំទាវ​ក៏បាន​លើកឡើង​ផងដែរ​ថា បុគ្គលិកម្នាក់ៗគួរ​មាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ក្នុង​ការធ្វើការងារ ព្រោះ​ក្រុមហ៊ុននីមួយៗត្រូវការ​បុគ្គលិក​ដែលមាន​គំនិត​បង្កើត​ថ្មី និង​មានការ​ទទួលខុសត្រូវ​ខ្ពស់។ ភាពម្ចាស់ការ​លើ​ខ្លួនឯង​នេះ អាចធ្វើឱ្យ​បុគ្គលិក​ខ្លួនឯង​ក្លាយជា​បុគ្គល​ដែល​បង្កើត​សមិទ្ធផល​បាន​យ៉ាងច្រើន​ដោយ​គ្មាន​ការបញ្ជា ហើយ​សមិទ្ធផល​ទាំងអស់នេះ​ក៏​អាច​រុញច្រាន​ឱ្យ​គាត់​ក្លាយជា​អ្នកដឹកនាំ​គេ​ទៀតផង។

    ជាធម្មតា មនុស្ស​ណា​ម្នាក់​ក៏មាន​គុណសម្បត្តិ និង​គុណវិបត្តិ​ដែរ ហេតុនេះ​ភាពម្ចាស់ការ​ត្រូវតែ​ច្បាស់​ថា ប្រកបដោយ​ការទទួលខុសត្រូវ​ដែលមាន​ហេតុផល​ច្បាស់លាស់ ដើម្បី​ធានាថា សកម្មភាព​ដែល​ស្តែង​ចេញមក​គឺ​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ក្រុមហ៊ុន តែ​មិនមែន​នាំ​បញ្ហា​ដល់​ក្រុមហ៊ុន​នោះទេ។ នៅពេលដែល​បុគ្គលិក​មាន​ភាពម្ចាស់ការ និង​ទទួលខុសត្រូវ​ខ្ពស់​ហើយ គាត់​ប្រាកដជា​មានគំនិត​មួយ​ដែល​ចេះ​ទើស ចេះ​វិភាគ និង​ចេះ​ជួយ​បញ្ចេញយោបល់​ប្រកបដោយ​ភាព​វិជ្ជមាន​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បុគ្គល​គ្រប់គ្នា​នៅក្នុង​ក្រុមហ៊ុន ជាពិសេស​អ្នក​ដែល​ធ្វើ​ការងារ​នៅក្នុង​ក្រុម​ជាមួយគ្នា​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​ដើម្បី​ឆ្ពោះទៅរក​ភាព​រីកចម្រើន​នៅក្នុង​ក្រុមហ៊ុន។

    លោកជំទាវ តាំង ហ្គិ​ច​លៀង បានលើកឡើង​បន្ថែមទៀតថា បុគ្គលិក​ដែល​អាចជួយ​អភិវឌ្ឍ​ក្រុមហ៊ុន​បាន​ភាគច្រើន​ជាម​នុស្ស​ដែល​មិនចេះ​អាង​គេ ហើយ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​នៅក្នុង​ការអនុវត្ត​ការងារ ស្រប​ពេលដែល​ខិតខំ​ព្យាយាម​ស្វែងយល់​បន្ថែម​ពី​អ្នក​នៅ​ជុំវិញខ្លួន។ ជារួម​គឺ​បុគ្គលិក​ពូកែ ភាគច្រើន​គិតថា ខ្លួនឯង​ជា​ចំណែក​មួយ​របស់​ក្រុមហ៊ុន ហើយ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​អភិវឌ្ឍ​ដល់​ក្រុមហ៊ុន មិន​រង់ចាំ​ឱ្យ​ក្រុមហ៊ុន​មក​អភិវឌ្ឍ​ពួកគាត់​ឡើយ។ លើសពីនេះទៅទៀត ដើម្បី​ដាក់ចិត្ត​ខិតខំ​ប្រឹងប្រែង​ឱ្យបាន​ខ្លាំង​បុគ្គលិកម្នាក់ៗគួរ​យកចិត្ត​របស់​អ្នក​បណ្តាក់ទុន​មក​គិត។ បុគ្គលិក​គ្រប់គ្នា​អាច​គិតថា ប្រសិនបើ​អ្នកជា​អ្នក​ដែល​បោះទុន​រាប់ម៉ឺន រាប់លាន​ដើម្បី​រកស៊ី​វិញ តើ​អ្នក​នឹងមាន​អារម្មណ៍​ព្រួយបារម្ភ​ប៉ុនណា​ចំពោះ​អនាគត​នៃ​ក្រុមហ៊ុន​នោះ ហើយ​អ្នក​ត្រូវ​ពង្រឹង និង​ពង្រីក​វា​ដោយ​វិធី​ណាខ្លះ?។

    ស្រដៀង​គ្នា​នេះដែរ លោក ឆាក់ សុជាតិ ម្ចាស់​ក្រុមហ៊ុន​សេដ្ឋីនី បាន​លើកឡើងថា បុគ្គលិក​ក្រុមហ៊ុននីមួយៗគួរតែ​យក​កន្លែងធ្វើការ​ជា​យានជំនិះ​ដើម្បី​សម្រេច​គោលដៅ។ មុននឹង​ធ្វើការ គួរតែ​សួរ​ខ្លួនឯង​ថា តើ​ធ្វើ​ការងារ​ដើម្បី​អ្វី? ហើយ​អ្វី​ជា​ចំណែក​នៃ​ការសម្រេច​ក្តី​សុបិន​ដែល​យើង​ត្រូវ​ទទួលបាន​ពី​ការងារ​ទាំងនោះ?។ បើ​គ្មាន​ចម្លើយ​ទេនោះ មានន័យថា អ្នក​កំពុងតែ​បំផ្លាញ​ពេលវេលា​នៃ​ដំណើរ​ជីវិត​របស់​ខ្លួនឯង​នៅ​កន្លែងធ្វើការ​ហើយ។ ការដែល​យើង​យក​កន្លែងធ្វើការ​ជា​យានជំនិះ​ដើម្បី​សម្រេច​គោលដៅ មិនមែន​មានន័យថា យើង​ធ្វើជា​បុគ្គលិក​កិបកេង ឬ​លួច​បន្លំ​លុយកាក់ និង​ពេលវេលា​របស់​ក្រុមហ៊ុន​នោះទេ គឺ​យើង​យក​ពេលវេលា​ដែល​កំពុងធ្វើការ​ទាំងនោះ ដើម្បី​រៀនសូត្រ​ពី​របៀប​នៃ​ការធ្វើការ របៀប​ធ្វើការ​ដឹកនាំ របៀប​ធ្វើជា​ម្ចាស់ និង​របៀបផ្សេងៗទៀត ដែល​វា​ជា​ចំណែក​នៃ​ក្តី​សុបិន​របស់​យើង ដោយ​មិន​ចំណាយ​ប្រាក់។

    លោក ឆាក់ សុជាតិ បាន​និយាយថា៖ «បើ​អ្នក​ស្រឡាញ់​ការងារ ក៏ដូចជា​ស្រឡាញ់​ជីវិត​ខ្លួនឯង​ដែរ នោះ​មានន័យថា ដំណើរ​ជីវិត​នៃ​ការបំពេញ​ការងារ​រប​ស់​អ្នក គឺ​មានន័យ​គ្រប់គ្រាន់​ហើយ​សម្រាប់​ជីវិត»។

    លោក​បាន​បន្ថែមទៀតថា ធ្វើការ​ឱ្យគេ ឬ​បង្កើត​ការងារ​ឱ្យគេ​ធ្វើ គឺ​គ្មាន​លក្ខណសម្បត្តិ​ខុសគ្នា​ប៉ុន្មាន​ទេ ព្រោះ​មាន​តួនាទី​ជា​អ្វី​ក៏ដោយ ក៏​យើង​នៅតែ​ធ្វើការ​បាន​ដូចគ្នា។ គ្រាន់តែ​បែបបទ​នៃ​ការបំពេញ​កិច្ចការ​វា​មាន​ភារកិច្ច និង​តួនាទី​ផ្សេងគ្នា​តែ​ប៉ុ​ណ្នោះ។ ប៉ុន្តែ​នៅតែមាន​ឈ្មោះថា ធ្វើការ​ដូចគ្នា។ ម្ល៉ោះហើយ ដើម្បីឱ្យ​ការបំពេញ​កិច្ចការងារ​របស់​យើងម្នាក់ៗមាន​លទ្ធផល​ល្អ និង​ជាទី​គាប់ចិត្ត​របស់​អ្នកដឹកនាំ គឺ​យើង​ត្រូវតែ​បំពេញ​កិច្ចការ​ទាំងនោះ​ឱ្យ​ដូចជា​ការដែល​យើង​កំពុង​បំពេញ​ក្តី​សុបិន​នៅក្នុង​ជីវិត​របស់​យើង​ដូច្នោះ​ដែរ។ ព្រោះ​បើ​យើង​ស្រឡាញ់ និង​យកចិត្តទុកដាក់​វា​ស្មើ​ជីវិត នោះ​យើង​នឹង​ខិតខំ​សម្រេច​វា​ឱ្យ​បានល្អ​បំផុត ដូច​ការដែល​យើង​ខំ​ដកដង្ហើម​ដើម្បី​រស់​រាល់ថ្ងៃនេះ​អ៊ីចឹង​ដែរ។

    ម្ចាស់​អាជីវកម្ម​រូបនេះ​បាន​ថ្លែង​ផងដែរ​ថា បុគ្គលិក​ខ្លះ​ចង់បាន​លទ្ធផល​ច្រើន តែ​ចូលចិត្ត​ធ្វើ​សកម្មភាព​តិច ពោល គឺ​មានន័យថា ចង់បាន តែ​មិន​ចង់​ធ្វើ។ ពួកគេ​ខ្លះ​ទាមទារ ឱ្យមាន​ការផ្តល់ឱ្យ​សិន ទើប​ពួកគេ​ខិតខំ​តាម​ក្រោយ នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​បុគ្គលិក​ភាគច្រើន ពិបាក​រីកចម្រើន និង​មិនអាច​ឡើង​តំណែង​បាន។ ព្រោះ​ពួកគេ​មានការ​គិត​មួយ​ផ្ទុយ​ពី​អ្នកដឹកនាំ ដែល​ម្ចាស់​អាជីវកម្ម​ភាគច្រើន​តែង​គិតថា ចាំ​ពួកគាត់​ខំ​ធ្វើ​កិច្ចការ​បានល្អ​សិន ទើប​ដំឡើង​ប្រាក់ខែ ឬ​តំណែង​ឱ្យ។ ការគិត​ផ្ទុយគ្នា​នេះ ធ្វើឱ្យ​បុគ្គលិក​នៅតែ​មិនអាច​ទៅមុខ​បាន រីឯ​ក្រុមហ៊ុន​ក៏​គ្មាន​ភាព​រីកចម្រើន ដែល​សកម្មភាព​ដដែល​ជា​ដដែល​នេះ​ចាប់ផ្តើម​ក្លាយទៅជា​ជំងឺមហារីក ពិបាក​ព្យាបាល ព្រោះ​ទាំង​អ្នកដឹកនាំ ទាំង​បុគ្គលិក គឺ​នៅតែ​បន្ត​រស់នៅក្នុង​បរិបទដដែលៗ និង​ចាប់ផ្តើម​អស់សង្ឃឹម ឬ​បាត់បង់​ជំនឿពីមួយថ្ងៃៗ អាច​រហូតដល់​ថ្ងៃ​បិទទ្វារ​អាជីវកម្ម​ទៅវិញ​ក៏​អាច​ថា​បានដែរ ព្រោះតែ​ពួកគេ គ្មាន​លទ្ធផល​ថ្មី​ដែលជា​ការលើកទឹកចិត្ត​ក្នុងការ​បន្តដំណើរ​ទៅមុខទៀត។

    លោក​បាន​បន្ថែមទៀតថា បុគ្គលិក​គួរ​ធ្វើជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​សម្រាប់​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន​ណា​ក៏ដូចជា​ក្រុម​ណា​ដែរ គឺ​មិនអាច​ចៀស​ផុតពី​បញ្ហា​ឡើយ។ គ្រាន់តែ​បញ្ហា​នោះ​ធំ ឬ​តូច គឺ​ទៅតាម​សមត្ថភាព​នៃ​ការដឹកនាំ​ឡើងមក​តែប៉ុណ្ណោះ។ បើ​អ្នកជា​ចំណែក​មួយ​នៃ​ដំណោះស្រាយ នោះ​ក្រុមហ៊ុន​នឹង​កាន់តែ​រីកចម្រើន ប៉ុន្តែ​បើ​អ្នកជា​ចំណែក​នៃ​បញ្ហា នោះ​ក្រុមហ៊ុន​នឹង​កាន់​តែមាន​បញ្ហា។ បញ្ហា​ធំ ឬ​តូច​នោះ​មិនទាន់​ហៅថា ជា​បញ្ហា​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថភាព​នៃ​ការដោះស្រាយ​របស់​ក្រុមការងារ​ធំ ឬ​តូច​នោះ ទើប​ជា​បញ្ហា​យ៉ាងពិត​ប្រាកដ។ ពោលគឺ​មានន័យថា បើទោះជា​ក្រុមហ៊ុន​ជួប​បញ្ហា​យ៉ាងណាក្តី បើ​ក្រុមការងារ​របស់​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​រួមចំណែក​ដោះស្រាយ នោះ​បញ្ហា​វា​លែង​ទៅជា​បញ្ហា​ទៀតហើយ គឺ​វា​គ្រាន់តែ​ជា​ឱកាស​ដែល​អាចឱ្យ​ក្រុមហ៊ុន​របស់​អ្នក​បាន​រៀនសូត្រ​នូវ​អ្វីដែល​ថ្មី​ក្នុងការ​បោះជំហាន​ទៅរក​ភាពជោគជ័យ​តែប៉ុណ្ណោះ៕

  • សត្វ​ស្វា​ក្តាម​ជាង4ម៉ឺន​ក្បាល​ត្រូវបាន​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស

    សត្វ​ស្វា​ក្តាម​ជាង4ម៉ឺន​ក្បាល​ត្រូវបាន​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស

    ភ្នំពេញ៖ បច្ចុប្បន្ន​ចំនួន​សត្វ​ស្វា​ក្តាម​ក្នុង​កសិដ្ឋាន​នៅ​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​ការនាំ​ចេញទៅ​ក្រៅប្រទេស​មានការ​ធ្លាក់ចុះ​ព្រោះ​តម្រូវការ​ទីផ្សារ​មាន​តិចតួច។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ2017 សត្វ​ស្វា​ក្តាម​នៅតាម​បណ្តា​កសិដ្ឋាន​ទាំងអស់​មាន​ចំនួន​សរុប54,500ក្បាល ក្នុងនោះ​កូន​កើត​ក្នុង​រយៈពេល9ខែ ឆ្នាំ2017នេះ មាន​ចំនួន 8,154ក្បាល។

    គិតពី​ឆ្នាំ2010 ដល់ 2017 ក្រុមហ៊ុន​បាន​នាំចេញ​សត្វ​ស្វា​ក្តាម​ទៅ​ក្រៅប្រទេស​ដូចជា ជប៉ុន ចិន សហរដ្ឋអាមេរិក សាធារណរដ្ឋ​កូរ៉េ និង​សិង្ហ​បុរី​ចំនួន 40,420ក្បាល។ ការនាំចេញ​សត្វ​ស្វា​ក្តាម​ទៅ​ក្រៅប្រទេស គឺ​នាំចេញ​កូន​ស្វា​ក្តាម​ជំទង់​ដែល​បង្កាត់​ពូជ​មិនមែនមេៗស្វា​នោះទេ​សម្រាប់ធ្វើ​ការស្រាវជ្រាវ និង​ពិសោធ​វេជ្ជសាស្ត្រ ហើយ​ការនាំចេញ​ក្នុង​មួយ​ឆ្នាំមាន​ចំនួន​ជា​មធ្យម​ពី3,000 – 5,000 ក្បាល។

    លោក Steven Meyer នាយក​ក្រុមហ៊ុន Shin Nippon Biomedical Laboratories(SNBL)បានឱ្យដឹង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី “ផលិតកម្ម​សត្វ​ស្វា​ក្តាម និង​ជំងឺ​ស៊ូ​ណូ​ស” ដែល​ធ្វើឡើង​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី5 ខែតុលា បានឱ្យដឹងថា ការវិវឌ្ឍ​រីកចម្រើន និង​សមិទ្ធផលសំខាន់ៗដែល​ក្រុមហ៊ុន​សម្រេចបាន​ជាអាទិ៍​មានដូចជា៖ ការជ្រើសរើស​ពូជ និង​ការ​បង្កាត់​ពូជ ការចិញ្ចឹម ការការពារ​ជំងឺឆ្លង ការងារ​ស្រាវជ្រាវ​កម្មសិក្សា​របស់​និស្សិត និង​មន្ត្រី​ជំនាញ ការផ្លាស់ប្តូរ​បទពិសោធ ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ការ​បំពេញបែបបទ​នាំចេញ​តាម​គោលការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ។

    លោក​បានបញ្ជាក់​បន្ថែម​ថា ជាច្រើន​ឆ្នាំ​កន្លងមកនេះ សត្វ​ស្វា​ក្តាម ត្រូវបាន​នាំចេញ​ពី​ប្រទេស​កម្ពុជា​យកទៅ​ចិញ្ចឹម និង​បង្កាត់​ពូជ​នៅ​ប្រទេសជិតខាង ពិសេស​ប្រទេស​ចិន រួច​ធ្វើការ​នាំចេញ​ទៅកាន់​ប្រទេស​ទី3 ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​ចំណូល ពិសេស​បាត់បង់​អត្តសញ្ញាណ និង​ប្រភពដើម​របស់​សត្វ​ស្វា​ក្តាម។ បច្ចុប្បន្ន និង​អនាគត ក្រុមហ៊ុន​បានទទួល​គោលការណ៍​នាំចេញ​ទៅកាន់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី កូរ៉េ និង​ចិន។ល។ ក្នុង​បំណង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ឱសថ​មនុស្ស និង​សត្វ។

    ជាមួយគ្នានេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ក្រុមហ៊ុន​SNBL ដែល​សហការគ្នា​លើ​ការស្រាវជ្រាវ បណ្តុះបណ្តាល​ផ្លាស់ប្តូរ​បទពិសោធ ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​សត្វ​នៅ​មន្ទីរ​ពិសោធ​ទាំង​ក្នុង និង​ក្រៅប្រទេស​តាំងពី​ឆ្នាំ 2010 រហូតមកទល់​ពេលបច្ចុប្បន្ន។

    គួរ​បញ្ជាក់ថា សត្វ​ស្វា​ក្តាម (Scientific Name: Macacafascicularis) ជា​ប្រភេទ​សត្វ​ស្ថិតក្នុង​ក្រុម​ដែលមាន​ដោយ​បង្គួរ វា​ជា​ប្រភេទ​សត្វ​មិន​ខ្លាច​ទឹក និង​រស់នៅ​ជា​ហ្វូង​ធំ​រហូតដល់​ទៅ 100ក្បាល។ ស្វា​ក្តាម​មាន​វត្តមាន​ស្ទើរតែ​ទូទាំង​តំបន់​នៃ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅតាម​បណ្តា​ប្រទេស​នានា​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​ដែរ ដែល​រួមមាន៖ ប្រទេស​ថៃ ម៉ាឡេស៊ី ហ្វីលីពីន កោះ​សូ​ម៉ា​ត្រា។ល។ លទ្ធផល​ស្រាវជ្រាវ​របស់​រដ្ឋបាល​ព្រៃឈើ​ក្នុង​ឆ្នាំ2009 បាន​បង្ហាញថា ដង់ស៊ីតេ​សត្វ​ស្វា​ក្តាម ជា​មធ្យម​មាន 30ក្បាល/Km2 ហើយ​ពួកវា​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​នៅតាម​តំបន់​ព្រៃ​លិច​ទឹក តំបន់​ព្រៃភ្នំ តំបន់​ព្រៃកោងកាង តាម​ឆ្នេរសមុទ្រ និង​តំបន់កសិកម្ម។

    ចាប់តាំងពី​ឆ្នាំ2003មក ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បានអនុញ្ញាត​ឱ្យមាន​កា​រ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម​សម្រាប់ធ្វើ​ការនាំចេញ បច្ចុប្បន្ននេះ​មាន​កសិដ្ឋាន​ចំនួន7នៅ​កម្ពុជា៕

  • វៀតណាម​ជំរុញ​វិស័យ​អប់រំ​បែបណា​ដើម្បី​ជួយ​ដល់​វិស័យ​ឧស្សាហកម្ម?

    វៀតណាម​ជំរុញ​វិស័យ​អប់រំ​បែបណា​ដើម្បី​ជួយ​ដល់​វិស័យ​ឧស្សាហកម្ម?

    ការអប់រំ​ធនធានមនុស្ស ជា​ផ្នែក​យ៉ាងសំខាន់​ដែល​ជំ​រុញឱ្យ​សកម្មភាព​មាន​ភាពរស់រវើក ព្រោះថា នៅពេលដែល​ប្រទេសមួយ​សម្បូរ​ទៅដោយ​ប្រជាជន​ដែលមាន​គុណភាព​ខ្លាំង គ្រប់​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក​ក៏​អាចធ្វើ​ទៅបាន​ដោយ​រលូន​ផងដែរ ព្រោះ​ពួកគេ​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ផលិត​នូវ​រាល់​ផលិតផល​ទាំងអស់នោះ។

    យោង​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​វៀតណាម​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Vietnam Express បានឱ្យដឹងថា រដ្ឋាភិបាល​កំពុង​ធ្វើ​បទ​ប្បញ្ញត្តិ​ថ្មី​មួយ​ដើម្បី​សម្រួល​ដល់​ស្ថាប័ន​បរទេស​ដែល​ធ្វើ​ការផ្តល់​សេវាកម្ម​អប់រំ​ដល់​សិស្ស​ដើម្បី​ស្វែងរក​ការសិក្សា​នៅក្រៅ​ប្រទេស។

    យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម បានបង្ហាញ​ពី​ការលើកឡើង​របស់​ក្រសួង​អប់រំ និង​បណ្តុះបណ្តាល​វៀតណាម​ថា ពួកគេ​ជឿជាក់ថា បទ​ប្បញ្ញត្តិ​ថ្មី​នេះ​នឹង​ជំរុញឱ្យមាន​ការបណ្តុះបណ្តាល​ធនធានមនុស្ស​បាន​យ៉ាង​ទំ​លំ​ទូលាយ ដែល​មូលធន​មនុស្ស​ទាំងអស់នោះ​នឹង​ក្លាយជា​កម្លាំង​ពលកម្ម​យ៉ាងសំខាន់​សម្រាប់​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក។

    ទិន្នន័យ​នៅ​ចុងឆ្នាំ 2016 ពាក់ព័ន្ធ​នឹង​ការអប់រំ​នៅ​ប្រទេស​វៀតណាម បានបង្ហាញ​ឱ្យឃើញថា មាន​និស្សិត​ប្រមាណ​ជាង 30,000នាក់ បាន​ចេញទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក។ ចំនួន​នេះ​ត្រូវបាន​គេ​មើលឃើញថា​វៀតណាម​បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6 ក្នុងចំណោម​ប្រទេស​ដែលមាន​សិស្ស​ទៅ​សិក្សា​នៅ​គ្រឹះស្ថាន​អប់រំ​របស់​អាមេរិក។

    ជា​ចក្ខុវិស័យ​ថ្មី​របស់​វៀតណាម គឺ​ចង់ឃើញ​សិស្ស​និស្សិត​របស់ខ្លួន​បាន​ចេញទៅ​សិក្សា​នៅ​បរទេស ជាពិសេស​សហរដ្ឋអាមេរិក​ច្រើនជាង​ជប៉ុន និង​ជិត​ដល់​ចំនួន​សិស្ស​នៃ​ប្រទេស​កាណាដា។ ចំនួន​ចុះឈ្មោះ​សិក្សា​របស់​សិស្ស​វៀតណាម​នៅ​សហរដ្ឋអាមេរិក មាន​ចំនួន​ច្រើនជាង​ឆ្នាំ 2009 ទ្វេដង។

    ក្រៅពី​សហរដ្ឋអាមេរិក ប្រទេស​ដែលជា​គោលដៅ​របស់​សិស្ស​វៀតណាម​មានដូចជា អូស្ត្រាលី សិង្ហ​បុរី និង​ចក្រភព​អង់គ្លេស៕

  • ផ្សារ​ផលិតផល​របស់​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា បើក​សាកល្បង​នៅក្នុង​ខេត្តកំពត

    ផ្សារ​ផលិតផល​របស់​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា បើក​សាកល្បង​នៅក្នុង​ខេត្តកំពត

    ផលិតផល​មួយចំនួន​ដែល​ចេញពី​បណ្តា ខេត្ត​នានា​នៅ​តំបន់​សមុទ្រ បានចាប់ផ្តើម​មាន​ផ្សារ​សាកល្បង​របស់ខ្លួន​ជា​លើកដំបូង​ក្នុង​ខេត្តកំពត ដោយ​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរ​ខេត្តកំពត ព្រមទាំង​វិស័យ​ឯកជន​រំពឹងថា ការបង្កើត​ផ្សារ​មួយ​នេះ​នឹងចូលរួម​ចំណែក​ជួយ​ដល់​ការអភិវឌ្ឍ​ផលិតផលផ្សេងៗ ពិសេស​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា។

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ កាលពី​ថ្ងៃ​សុក្រ​កន្លងមក បានចាត់ទុក​ការបង្កើត​ផ្សារ​ផលិតផល​សមុទ្រ​នេះ គឺជា​ដំណើរ​វិ​វត្ត​ដ៏​ល្អ​មួយ​ដែល​នឹង​ផ្តល់ឱកាស​ឱ្យ​សហគ្រាស​នៅ​តំបន់​សមុទ្រ​អាច​នាំយក​ផលិតផល​សមុទ្រ​របស់​ខ្លួន ដើម្បី​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​ដែលមាននិន្នាការ​កើនឡើង​ផ្នែកអនាម័យ គុណភាព និង​សោភ័ណភាព។

    ឯកឧត្តម​បាន​បញ្ជាក់ថា បើតាម​បទពិសោធ​របស់​ប្រទេស​ជឿនលឿន​ដែល​ផលិតផល​ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ គឺ​អ្នកប្រើប្រាស់​តែងតែ​ប្រើ​ភ្នែក​របស់គេ​មុន មុននឹង​ការប្រើ​អណ្តាត​សម្រាប់​ទិញ​ផលិតផល​នោះ។ នេះ​មានន័យថា ផលិតផល​ដែល​អាច​ទាក់ទាញ​អ្នកប្រើប្រាស់​បាន គឺជា​ផលិតផល​ដែលមាន​សោភ័ណភាព​ស្អាត និង​គុណ​ភាពល្អ។

    ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា៖“ខ្ញុំ​ពិតជា​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ផ្នែក​ឯកជន ហើយ​ខ្ញុំ​ជឿថា ផ្សារ​នេះ​នឹង​ក្លាយជា​កន្លែង​ប្តេជ្ញាចិត្ត​របស់​ម្ចាស់​សហគ្រាស​ផលិត​ទាំងអស់។ អភិបាល​ខេត្តកំពត ឯកឧត្តម ចាន់ ចេស្តារ បាន​និយាយថា ផ្សារ​នេះ​បាន​កើតឡើង​ក្នុង​ខេត្តកំពត ចំពេល​ដែល​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​កំពុងមាន​ប្រជាប្រិយភាព​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។

    បើតាម​ឯកឧត្តម ក្នុងឆ្នាំនេះ​ខេត្តកំពត​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​ជាង1លាន​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង20ម៉ឺន​នាក់។ ភាគច្រើន​នៃ​ភ្ញៀវទេសចរ​ទាំងអស់​គឺ​សុទ្ធតែជា​អ្នកមាន​ជីវភាព​មធ្យម និង​ខ្ពស់ ដូចនេះ​ការបង្កើត​ផ្សារ​នេះ​នឹង​រួមចំណែក​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​អភិវឌ្ឍន៍​ផលិតផល​សមុទ្រ​ដើម្បី​ឈានឆ្ពោះ​ទៅរក​គុណភាព និង​អនាម័យ​កម្រិត​ខ្ពស់​ផងដែរ។

    ឯកឧត្តម​អភិបាល​ខេត្តកំពត បាន​បញ្ជាក់ថា៖ “វា​ជា​កិត្តិយស​ណាស់ ដែល​ផ្សារ​រួម​សម្រាប់​ផលិតផល​សមុទ្រ​មួយ​នេះ​បាន​កើតឡើង​ក្នុង​ទឹកដី​ខេត្តកំពត។ យើង​សង្ឃឹមថា អាជីវករ​អាច​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ហើយ​ផលិត​ផលិតផល​ដែលមាន​ស្តង់ដារ និង​អនាម័យ​ខ្ពស់​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់​ដែលមាន​ជីវភាព​កាន់តែ​ប្រសើរ។

    ក្នុងនាម​ជា​ម្ចាស់​ផលិតផល​ម៉ាក ង៉ូ​វ ហេង ដែលមាន​ផលិត​ទឹកត្រី និង​ម្រេច​ជាដើម​នោះ លោក​ឧកញ៉ា ចាន់ ស៊ីថា អនុប្រធាន​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា និង​ជា​ភាគី​ម្ចាស់​ផ្សារ​ដោយសារ​ផ្សារ​នេះ​បានរៀបចំ​ឡើង​ក្នុង​ទីតាំង​អចលនទ្រព្យ​របស់​គ្រួសារ​លោក​ទាំងស្រុង និង​ការជួយឧបត្ថម្ភ​ថវិកា​កែលម្អ​ពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រចាំ​កម្ពុជា (UNIDO) បាន​យល់ឃើញថា ខេត្ត​នៅ​មាត់សមុទ្រ​មាន​ផលិតផល​សក្តានុពល​ជាច្រើន​ដែល​មិនទាន់​បានបង្ហាញ​ឱ្យស្រប​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់។

    លោក​ឧកញ៉ា ចាន់ ស៊ីថា បាន​អះអាងថា កន្លងមក ខេត្តកំពត​គេ​ដឹងថា មានតែ​ដំណាំ​ម្រេច​មួយ​មុខ​គត់​ដែល​ល្បី​សុះសាយ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ តែ​ផលិតផល​ផ្សេងទៀត​មិនត្រូវ​បាន​លើកស្ទួយ ដូចជា​បន្លែ និង​ផលិតផល​ជលផល​សមុទ្រ​ជាដើម។

    ឧកញ៉ា ចាន់ ស៊ីថា និយាយថា៖“យើង​ចង់ឱ្យ​នៅទីនេះ​សម្រាំង​យក​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ កម្រិតស្តង់ដារ និង​មាន​អនាម័យ។ យើង​នឹង​ឈានទៅរក​សហគមន៍​ផលិត​ផលិតផល​ទាំង​បន្លែ ត្រី ជាដើម តាម​កិច្ចសន្យា ដើម្បី​ធានាថា​ផលិតផល​នោះ​មានគុណ​ភាព និង​ការ​វេច​ខ្ចប់​ល្អ។

    លោក សុខ ណារិន នាយក​ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រចាំ​កម្ពុជា (UNIDO) ដែល​បាន​ជួយ​ជ្រោមជ្រែង​បង្កើត​ផ្សារ​នេះ បាន​អះអាងថា ក្រោយពី​ការធ្វើការងារ​មួយរយៈ​ធំ​ជាពិសេស​ជាមួយ​អ្នកនេសាទ​តាម​គោលដៅ គេ​សង្កេតឃើញថា​មានការ​កែប្រែ​ឥរិយាបថ​មួយចំនួន​ក្នុងការ​ទុកដាក់​ផលិតផល និង​ការ​វេច​ខ្ចប់។

    លោក បាន​និយាយថា៖“អ្វីដែល​យើង​ដឹង គឺ​ផលិតផល​របស់​យើង ជាពិសេស​ផលិតផល​សមុទ្រ​មិនទាន់​កែច្នៃ ត្រូវបាន​នាំចេញ​យ៉ាងច្រើន ដែល​យើង​ត្រូវតែ​ទាញ​ការចាប់អារម្មណ៍​មករក​ផលិតផល​ដែលមាន​គុណភាព អនាម័យ ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់ ព្រោះ​សូម្បី​ទីផ្សារ​ក្នុងស្រុក​ក៏មាន​សក្តានុពល​ខ្ពស់​ដូចគ្នា”៕

  • ស្ពាន​អាកាស​ថ្មើរជើង (ឆ្លងថ្នល់) ក្នុង​រាជធានី​ភ្នំពេញ​នឹងត្រូវ​សាងសង់​បន្ថែម

    ស្ពាន​អាកាស​ថ្មើរជើង (ឆ្លងថ្នល់) ក្នុង​រាជធានី​ភ្នំពេញ​នឹងត្រូវ​សាងសង់​បន្ថែម

    ភ្នំពេញ – ស្ពាន​អាកាស​ថ្មើរជើង​ជាច្រើន​កន្លែង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​នឹងត្រូវ​សាងសង់​បន្ដ ខណៈ​ស្ពាន​អាកាស​ថ្មើរជើង​នាង​គ​ង្ហី​ង​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​សប្ដាហ៍​ក្រោយ។

    មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​បានឱ្យដឹងថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន OCIC នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅត្រង់​ម្ដុំ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង។

    លោក សាំ ពិ​សិទ្ធិ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​តាមរយៈ Facebook ផ្លូវការ​របស់ខ្លួន​ថា «ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើងស្តុប​មិនឱ្យ​ប៉ះពាល់​ចរាចរណ៍ និង​ធានាបាន​សុវត្ថិភាព រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង​ក្នុង​ខណ្ឌ៧មករា​នៅ​សប្តាហ៍​ក្រោយ​នេះហើយ»។

    ជុំវិញ​បញ្ហា​នេះ​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា នៅ​សប្ដាហ៍​ក្រោយនេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ទី​បី​ដែល​គ្រោង​នឹង​ប្រើ​ពេលវេលា​សាងសង់​ប្រមាណ6ខែ​នោះ​នឹងត្រូវ​ធ្វើឡើង  ដោយ​ស្ពាន​អាកាស​សម្រាប់​ដើរ​ឆ្លងថ្នល់​ទី​បី​នេះ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ក្នុងអំឡុង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​រួច។

    ស្ពាន​អាកាស​ថ្មើរជើង​ត្រង់ចំណុច​នា​ងគ​ង្គី​ង​នេះ នឹងត្រូវ​សាងសង់ឡើង​ចេញពី​តំបន់​ពាណិជ្ជកម្ម​អូ​ឡាំ​ព្យា គ្រប់​លើ​ស្តុ​ប​នាង​គ​ង្គី​ង ដើម្បី​ធ្វើយ៉ាងណា​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​របស់​ប្រជាពលរដ្ឋ​ទូទៅ​ចេញពី​តំបន់​ពាណិជ្ជកម្ម​មកកាន់​ទីសាធារណៈ និង​ការធ្វើដំណើរ​ថ្មើរជើង​ពី​ទីសាធារណៈ​ទៅកាន់​តំបន់​ពាណិជ្ជកម្ម​កុំ​ឱ្យមាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។ ស្ពាន​នេះ​មាន​ច្រក​ឡើង-ចុះ​ជណ្ដើរ 5 ច្រក​ដែល​ស្របតាម​ផ្លូវ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ទៅតាម​ទិសដៅ​របស់ខ្លួន​បាន។ ដោយឡែក​ពាក់ព័ន្ធ​ការវិនិយោគ​លើ​ស្ពាន​អាកាស​ថ្មើរជើង​ទី​បី​នេះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រកាសជូន​សាធារណៈ​ដឹង​នៅពេល​ខាងមុខ។

    អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បន្ដថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ពីរ​រួចហើយ នៅ​ម្ដុំ​ជម្ពូ​វ័​ន្ដ ហើយ​ស្ពាន​អាកាស​នាង​គ​ង្ហី​ង​នេះ គឺជា​ស្ពាន​ទី​បី។ បច្ចុប្បន្ន​ក្រៅពី​គិតគូរ​អំពី​ការសាងសង់​ស្ពាន​ថ្មើរជើង​ទី​បី(នាង​គ​ង្ហី​ង)នេះហើយ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​កំពុងតែ​គិតគូរ និង​សិក្សា​បន្ថែមទៀត​ទៅលើ​ទីតាំង​ណា​ដែល​អំណោយផល និង​មាន​តម្រូវការ​ស្ពាន​អាកាស​ថ្មើរជើង​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ និង​គ្រោះថ្នាក់​កើតចេញពី​បញ្ហា​ចរាចរណ៍​នោះ ហើយ​និង​មានការ​សាងសង់​ជា​បន្ដបន្ទាប់​នៅពេលក្រោយៗទៀត៕