Category: សង្គម និងសេដ្ឋកិច្ច

  • ក្រោយស្មើ 2-2 នៅព្រលប់នេះ «វៀតណាមត្រូវការឈ្នះតែ 1-0 នៅជើងទីពីរ គឺក្លាយជាជើងឯក»

    ក្រោយស្មើ 2-2 នៅព្រលប់នេះ «វៀតណាមត្រូវការឈ្នះតែ 1-0 នៅជើងទីពីរ គឺក្លាយជាជើងឯក»

    (វៀតណាម) – គ្រូបង្វឹក​​របស់​ក្រុម​វៀតណាម លោក Park Hang-seo បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រោយ​ការ​ប្រកួត​ជើង​ទី​មួយ​នៃ​វគ្គ​ផ្ដាច់​ព្រ័ត្រនៅ AFF Cup 2022 ​រវាង​វៀតណាម និង​ថៃ កាល​ពី​ព្រលប់​នេះ​ថា​ «វៀតណាមត្រូវការ​ឈ្នះ​តែ​ 1-0 នៅ​ជើង​ទីពីរ​ គឺក្លាយ​ជាជើង​ឯក»។

    «ពិតណាស់ លទ្ធផល 2-2 គឺ​មិន​មាន​អំណោយ​ផល​ល្អ​សម្រាប់​វៀតណាម​ នៅ​ជើង​ទីពីរ​ដែល​ត្រូវ​ប្រកួត​នៅ​ទឹក​ដី​ថៃ ដោយ​សារ​តែ​ច្បាប់​ស្ដី​ពី​គ្រាប់​បាល់​ឈ្នះ​លើ​ទីលាន​ម្ចាស់​ផ្ទះ» គ្រូបង្វឹក​របស់​ក្រុម​វៀតណាម លោក Park បាន​និយាយ​ដូច្នេះ និង​បន្ត​ថា​ «ថៃ​មាន​អំណោយផល​ល្អ​ជាង ប៉ុន្តែ​ប្រការ​នោះ​មិន​មែន​មាន​ន័យ​ថា យើង​ត្រូវ​បោះ​បង់​នោះ​ទេ​។ យើង​នឹង​ប្រឹង​ប្រែង​យក​ឈ្នះ​លើ​ទីលាន​របស់​ថៃ​»។

    គ្រូបង្វឹក​វ័យ 66 ឆ្នាំ បាន​សុំ​ទោស​អ្នក​គាំទ្រ​ ព្រោះ​តែ​មិន​បាន​ជួយ​ឱ្យវៀតណាម​ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​នៅ​លើ​ទីលាន​ម្ចាស់​ផ្ទះ​។ ប៉ុន្តែ លោក​យល់​ថា កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ប្រែង​ប្រឹង​រហូត​ដល់​នាទីចុង​ក្រោយ​។

    លោក Park Hang-seo គ្រូបង្វឹក​របស់​វៀតណាម

    លោក Park យល់​ថា កូនសិស្ស​របស់​លោក​មាន​កំហុស​ត្រង់​ការ​រក្សា​ទីតាំង​ នាំ​ឱ្យ​ចាញ់​ 2 គ្រាប់​។ «ប្រហែល​ជា​ដោយ​សារ​សម្ពាធ​ជា​ម្ចាស់​ផ្ទះ ចង់​ឈ្នះ ទើប​ចាកចេញ​ពី​ទីតាំង​របស់​ខ្លួន» លោក Park បន្ថែម​។

    ដោយ​លទ្ធផល​ 2-2 នៅ​ជើង​ទីមួយ វៀតណាមត្រូវ​ការ​ឈ្នះ​លើ​ទីលាន​របស់​ថៃ​នៅ​ជើង​ទីពីរ​ដើម្បី​ក្លាយ​ជា​ជើង​ឯក ឬ​ស្មើ 3-3 ឡើង​ទៅ​។

  • ទិដ្ឋភាពនៅ​ជុំវិញ​កីឡដ្ឋាន​របស់វៀតណាម​ មុន​​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2022

    ទិដ្ឋភាពនៅ​ជុំវិញ​កីឡដ្ឋាន​របស់វៀតណាម​ មុន​​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2022

    (វៀតណាម) – នៅវេលា​ម៉ោង 19 និង 30 នាទី​ព្រលប់​ថ្ងៃទី 13 មករា​នេះ ការប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 រវាង​វៀតណាម និង​ថៃ​នឹងត្រូវ​បានធ្វើ​ឡើង។ បរិយាកាស​គាំទ្រ​ចាប់ផ្ដើម​ឡើងក​ម្ដៅ ខណៈ​ក្រុម​អ្នកគាំទ្រ​ចាប់ផ្ដើម​បង្ហាញ​វត្តមាន។

    យោងតាម​សារព័ត៌មាន​វៀតណាម ក្រុម​អ្នកគាំទ្រ​វៀតណាម​បានបង្ហាញ​ខ្លួន​នៅខាងមុខ​កីឡដ្ឋាន My Dinh តាំងពី​វេលា​ថ្ងៃត្រង់ ដើម្បី​ថតរូប និង​កំសាន្ត។

    បុរស​ម្នាក់​នៅក្បែរ​តំបន់​កីឡដ្ឋាន​បានឱ្យដឹងថា ដោយសារតែ​ផ្ទះ​នៅ​ជិត គាត់​បាន​ទិញ​សំបុត្រ​មួយចំនួន​ក្នុង​បំណង​ជួយ​ដល់​មិត្តភក្ដិ​ដែល​មិនមាន​ពេល​មក​តម្រង់​ជួរ​ទិញ​សំបុត្រ។ គាត់​បន្ថែមថា គាត់​ក៏មាន​សំបុត្រ​មួយចំនួន​សម្រាប់​លក់​ដ​ល់​អ្នកត្រូវការ​ដើម្បី​យកចំណេញ​បាន​ខ្លះ​ផងដែរ។

    តាំងពីព្រឹក​ព្រលឹម សមត្ថកិច្ច​បានចាប់ផ្ដើម​ដំឡើង​របង​ការពារ​ពីរ​ជាន់​នៅខាងមុខ​តំបន់​កីឡដ្ឋាន ហើយ​ផ្លូវ​ឆ្ពោះ​មកកាន់​តំបន់​កីឡដ្ឋាន​នេះ​ក៏​នឹងត្រូវ​បានអនុញ្ញាត​សម្រាប់តែ​អ្នក​ថ្មើរជើង​ប៉ុណ្ណោះ ចាប់ពី​រសៀល​នេះ។

    មន្ត្រី​របស់ សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម បានឱ្យដឹងថា មកដល់​រសៀល​នេះ សំបុត្រ​ចូល​ទស្សនា​នៅតែ​ដាក់លក់​នៅឡើយ។

    នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​វៀតណាម និង​ថៃ ប៉ះគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup បន្ទាប់ពី​បាន​ជួបគ្នា​ដំបូង​នៅ​ឆ្នាំ 2008 ដែល​ពេលនោះ វៀតណាម​បានឈ្នះ​ថៃ 2-1 នៅ​ជើង​ទីមួយ និង​ស្មើ 1-1 នៅ​ជើង​ចុងក្រោយ នាំឱ្យ​វៀតណាម​បានក្លាយ​ជា​ឯក​ជើង AFF Cup 2008។

    នៅ​លើក​នេះ ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ប្រទេស​ថៃ វេលា​ម៉ោង 19 និង 30 នាទី​ថ្ងៃទី 16 មករា 2023៕

  • រ៉ុក្កែត​ធំជាងគេ​លើ​ពិភពលោក អាច​មើល​ឃើញ​​​ពីលើ​មេឃ

    រ៉ុក្កែត​ធំជាងគេ​លើ​ពិភពលោក អាច​មើល​ឃើញ​​​ពីលើ​មេឃ

    (សហ​ដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Airbus បាន​ចែករំលែក​រូបថត​ស្ដីពី​ប្រព័ន្ធ​រ៉ុក្កែត-យានអវកាស Starship កម្ពស់​120 ម៉ែត្រ របស់ SpaceX ដែល​ថត​បាន​ពី​គន្លង​គោ​ចរក​ម្រិត​ទាប​របស់​ផែនដី។

    SpaceX បាន​ដំឡើង​រ៉ុក្កែត Starship ខ្នាត​យក្ស​កាលពីដើម​សប្ដាហ៍​នេះ ដោយ​ដាក់​យានអវកាស Ship 24 នៅលើ​កំណាត់​ដំបូង​គេ​ដែលមាន​ឈ្មោះថា Booster 7 នៅក្នុង​មូលដ្ឋាន Starbase ក្បែរ​ទីក្រុង Brownsville ភាគខាងត្បូង​រដ្ឋ Texas។ កម្ពស់​សរុប​របស់ Ship 24 – Booster 7 គឺ 120 ម៉ែត្រ និង​ធំ​ជាង​រ៉ុក្កែត​ព្រះ​ចន្ទ Saturn V និង​ប្រព័ន្ធ​បាញ់​បង្ហោះ SLS ថ្មី​របស់ ណា​សា ដែល​ប្រើ​ក្នុង​បេសកកម្ម Artemis 1 ទៅទៀត។ Starship ធំ​ល្មម​អាច​មើលឃើញ​ពី​គន្លង​គោចរ​របស់​​ផ្កាយរណប​ដែលមាន​កាមេរ៉ា​​មាន​គុណភាព​បង្ហាញ​ខ្ពស់។ រូបភាព​ដែល​ថត​បាន​ដោយ​ផ្កាយរណប Pleiades Neo របស់ Airbus ត្រូវបាន​ចែករំលែក​កាលពី​ថ្ងៃទី 12 មករា។

    បច្ចុប្បន្ន Airbus មាន​ផ្កាយរណប​ថតរូប​ផែនដី Pleiades Neo ចំនួន​ពីរ​គ្រឿង ដែល​អាច​ថត​យក​រូប​ភាព​របស់​វត្ថុតូចៗត្រឹម 30 សម ពី​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី។ កាលពី​ខែធ្នូ 2022 Airbus បាន​បញ្ជូន​ផ្កាយរណប​ប្រភេទ​នេះ​ចំនួន​ 2 ​គ្រឿង​ទៀត​ឡើងទៅ​កាន់​អវកាស ប៉ុន្តែ​បាន​បាត់ដាន។

    ក្រុមហ៊ុន SpaceX ក៏បាន​ចែករំលែក​រូបថត​ស្ដីពី Starship កាលពី​ថ្ងៃទី 12 មករា។ ក្នុង​រូបថត​ទាំងនោះ​បង្ហាញថា Starship ឈរ​ខ្ពស់កប់ពពកទាប​​នៅ Starbase។ SpaceX កំពុង​ត្រៀម Ship 24 និង Booster 7 សម្រាប់​ការសាកល្បង​បាញ់​បង្ហោះ​ឡើងទៅ​កាន់​គន្លង​គោចរ​នៅ​ចុងខែ​កុម្ភៈ​ឆ្នាំនេះ ប៉ុន្តែ​យាន Ship 24 នឹងត្រូវ​ដោះចេញ​មុនពេល​បាញ់​បង្ហោះ​សាកល្បង​រ៉ុក្កែត។

    នេះ​គឺជា​ការសាកល្បង​បាញ់​បង្ហោះ​ឡើងទៅ​កាន់​គន្លង​គោចរ​ជា​លើកដំបូង​របស់ Starship ក្នុង​រង្វង់​ជិត 2 ឆ្នាំ​កន្លង។ មុន​នោះ ការបាញ់​បង្ហោះ​សាកល្បង​លើកចុងក្រោយ​ត្រូវបាន​ធ្វើឡើង​កាលពី​ខែឧសភា 2021 ដែល Starship បាន​ហោះ​ឡើងដល់​កម្ពស់ 10 គីឡូម៉ែត្រ ពីលើ Texas មុនពេល​ចុះចត​ដោយ​ជោគជ័យ៕

  • ក្រុមហ៊ុន​ចិន Yadea បង្ហាញ​ម៉ូតូ​អគ្គិសនី​លេខ​ស្វ័យប្រវត្ត VoltGuard VFV

    ក្រុមហ៊ុន​ចិន Yadea បង្ហាញ​ម៉ូតូ​អគ្គិសនី​លេខ​ស្វ័យប្រវត្ត VoltGuard VFV

    ម៉ូតូ​អគ្គិសនី​លេខ​ស្វ័យប្រវត្ត​កាន់តែ​ដូច​ទៅនឹង​គូប្រជែង​ប្រើ​ម៉ាស៊ីន​សាំង​របស់​ពួកវា ពិសេស​គឺ​នៅពេល​និយាយ​ដល់​ផាសុកភាព និង​ប្រសិទ្ធភាព។

    ដើមឡើយ ម៉ូតូ​អគ្គិសនី​មាន​រូបរាង​តូច​ជាង និង​មាន​ល្បឿន​យឺត​ជាង​បច្ចុប្បន្ន​ឆ្ងាយ​ណាស់ ប៉ុន្តែ​ក្រុមហ៊ុន​ជាច្រើន​បាន​បញ្ចេញ​ម៉ូតូ​អគ្គិសនី​លេខ​ស្វ័យប្រវត្ត​ដែលមាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ម៉ូតូ​ម៉ាស៊ីន​សាំង​កម្លាំង 125cc ក្នុងនោះ​មាន​ក្រុមហ៊ុន​ចិន Yadea ផងដែរ។

    Yadea ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​អ្នក​ផលិត​ម៉ូតូ​អគ្គិសនី​ដែល​បន្ថែម​ប្រសិទ្ធភាព និង​គុណ​ភាពជា​បន្តបន្ទាប់​ទៅឱ្យ​ផលិតផល​ថ្មី​របស់ខ្លួន ក្នុងនោះ​មានដូចជា ម៉ូតូ​អគ្គិសនី​លេខ​ស្វ័យប្រវត្ត VoltGuard VFV ជាដើម​ដែល​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​នៅ​អឺរ៉ុប។

    ភាពស្រស់ស្អាត ទាន់សម័យ​របស់​ម៉ូតូ​អគ្គិសនី​លេខ​ស្វ័យប្រវត្ត VoltGuard VFV គឺ​ស្ថិតនៅលើ​ភាពសាមញ្ញ​របស់​វា ហើយ​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​ម៉ូតូ​សាំង​លេខ​ស្វ័យប្រវត្ត​នឹងមិន​ជួប​ការលំបាក​ឡើយ​នៅពេល​ប្រើប្រាស់ VoltGuard VFV។ VoltGuard VFV បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 5.5 គីឡូវ៉ាត់ និង​អាច​បើកបរ​ក្នុង​ល្បឿន​ប្រហែល 80 គីឡូម៉ែត្រ/ម៉ោង។

    ក្រុមហ៊ុន Yadea បាន​អះអាងថា VoltGuard VFV អាច​ជិះ​បាន​ចម្ងាយ​ដល់ 200 គីឡូម៉ែត្រ​បន្ទាប់ពី​បញ្ចូល​ថាមពល​អគ្គិសនី​មួយ​ពេញ បើសិន​បើកបរ​ក្នុង​ល្បឿន 30 គីឡូម៉ែត្រ/ម៉ោង៕

    https://www.youtube.com/watch?v=-2eTx44_c7I

  • អតីត​ខ្សែប្រយុទ្ធ​ថៃ បារម្ភ​ថា អាជ្ញាកណ្ដាល​គាំទ្រ​​ក្រុម​វៀតណាម​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ AFF Cup 2022

    អតីត​ខ្សែប្រយុទ្ធ​ថៃ បារម្ភ​ថា អាជ្ញាកណ្ដាល​គាំទ្រ​​ក្រុម​វៀតណាម​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ AFF Cup 2022

    Piyapong Pue-on វ័យ 63 ឆ្នាំ យល់ថា ថៃ​ចាញ់​ប្រៀប​វៀតណាម​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2022 ចាប់ពី​បញ្ហា​ធនធានមនុស្ស​រហូតដល់​អាជ្ញាកណ្ដាល។

    «វៀតណាម​បាន​សម្រាក​ច្រើនជាង​ថៃ។ យើង​ត្រូវ​រង់ចាំ​ទទួលលទ្ធផល​នៃ​ការពិនិត្យ​ដើម្បី​ដឹងថា Teerasil Dangda អាច​ចូល​ប្រកួត​បានដែរ ឬទេ។ ជារួម វៀតណាម​មាន​អំណោយផល​ជាង។ នេះ​មិនទាន់​និយាយ​ដល់​បរិយាកាស​ខាងក្រៅ​ទីលាន​ប្រកួត​ដែល​អាច​ជះឥទ្ធិពល​មិនល្អ។ រាល់​លើក​ដែល​ថៃ​ទាត់​នៅលើ​ទីលាន​គូប្រកួត សុទ្ធ​តែមាន​បញ្ហា» Piyapong Pue-on អះអាង​ប្រាប់ Thairath ដូច្នេះ។

    ថៃ​ត្រូវ​ទទួលផល​មិនល្អ​សម្រាប់​ការប្រកួត​ឈ្នះ​ម៉ាឡេស៊ី 3-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ជើង​ទី​ពីរ​ដោយ​ការរង​របួស​របស់ Teerasil។ ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំនេះ​បើកឆាក​ដោយ​រកបាន 1 គ្រាប់ ប៉ុន្តែ​ត្រូវ​ចាក​ចេញពី​ទីលាន​ក្រោយ​តង់​ទីមួយ។ Teerasil រកបាន 6 គ្រាប់ ដែលជា​តួលេខ​ច្រើនជាងគេ​នៅ AFF Cup 2022។ បើ​សិន​កីឡាករ​នេះ​មិនអាច​ចូល​ប្រកួត​លើ​វាលស្មៅ​របស់​កីឡដ្ឋាន My Dinh នោះ​គឺជា​ការខាតបង់​ដ៏​ធំ​របស់​ថៃ។

    អតីត​ខ្សែប្រយុទ្ធ​ថៃ លោក Piyapong Pue-on

    Piyapong Pue-on និយាយថា «កត្តា​សំខាន់បំផុត​ដែល​ប៉ះពាល់​ដល់​ការប្រកួត នោះ​គឺ​អាជ្ញាកណ្ដាល (Ko Hyun-jin) ដែលជា​ជនជាតិ​កូរ៉េខាងត្បូង​ដូច​គ្រូបង្វឹក​របស់​វៀតណាម លោក Park Hang-seo។ AFF មិនគួរ​រៀបចំ​អាជ្ញាកណ្ដាល​ដូច្នេះ​ទាល់តែសោះ ព្រោះ​នឹង​អាចមាន​ការសង្ស័យ។ យើង​ត្រូវ​ទទួលស្គាល់ថា ថៃ អន់​ជាង​គ្រប់​ចំណុច»។

    វៀតណាម​ប៉ះ​នឹង​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺជា​ក្ដី​ស្រមៃ​របស់​អ្នកគាំទ្រ​នៅ​វៀតណាម។ ទាំងពីរ​គឺជា​ក្រុម​ជើងឯកថ្មីៗបំផុត​នៅ AFF Cup។ ឆ្នាំ 2018 វៀតណាម មិនបាន​ប៉ះ​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ឆ្នាំ 2020 ថៃ​យកឈ្នះ​កូនសិស្ស និង​គ្រូបង្វឹក Park Hang-seo 2-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

    លោក Ko Hyun-jin ជនជាតិ​កូរ៉េខាង​ត្បូង នឹង​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​រវាង​ថៃ និង​វៀតណាម​

    ឆ្នាំនេះ វៀតណាម​ទាត់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ឥណ្ឌូណេស៊ី​មុនគេ ទើបបាន​សម្រាក​ច្រើនជាង​ថៃ​មួយថ្ងៃ។ ទន្ទឹមនឹងនេះ គ្រូបង្វឹក Park ក៏ត្រូវ​បាន​គេ​ជឿថា មានកូន​សិស្សពូកៗច្រើន​ផងដែរ។

    គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​របស់​ក្រុម​វៀតណាម លោក Park Hang-seo

    យោងតាមអតីត​ខ្សែប្រយុទ្ធ​ថៃ Piyapong Pue-on លទ្ធផល​ស្មើ 1-1 នៅលើ​ទីលាន​របស់​វៀតណាម នៅ​ព្រលប់​ថ្ងៃទី 13 មករា​នេះ​ ​នឹង​ជា​ជោគជ័យ​សម្រាប់​ថៃ។ ក៏ប៉ុន្តែ Piyapong Pue-on ​​ព្យាករ​ថា ក្រុម​ទាំងពីរ​នឹង​ទាត់​ដោយ​ប្រុងប្រយ័ត្ន ដូច្នេះ​ឱកាស​ស៊ុត​បញ្ចូល​ទី​អាច​នឹងមាន​តិចតួច៕

  • គ្រូបង្វឹក​ថៃ៖ «មកកាន់​វៀតណាម​មិនមែន​ដើម្បី​សុំ​ស្មើ» តែ​​វៀតណាម​តប​វិញ​ថា «នឹង​ទារបំណុល​ចាស់​ឱ្យបាន»

    គ្រូបង្វឹក​ថៃ៖ «មកកាន់​វៀតណាម​មិនមែន​ដើម្បី​សុំ​ស្មើ» តែ​​វៀតណាម​តប​វិញ​ថា «នឹង​ទារបំណុល​ចាស់​ឱ្យបាន»

    គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល Mano Polking របស់​ក្រុម​ជម្រើសជាតិ​ថៃ កំណត់​គោលដៅ​ស៊ុត​បញ្ចូល​ទី​ឱ្យបាន ចំណែក​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម ក៏បាន​ឆ្លើយតប​ថា នឹង​ទារ​បំណុល​ចាស់។

    «យើង​ត្រូវការ​លទ្ធផល​ល្អ ប៉ុន្តែ តើ​យ៉ាងម៉េច​ដែល​​ហៅថា​លទ្ធផល​ល្អ? ស្មើ​ក៏​ល្អ ប៉ុន្តែ​ឈ្នះ​គឺ​ល្អ​ជាង» គ្រូបង្វឹក Polking ថ្លែង​កាលពី​ថ្ងៃទី 12 មករា​ដូច្នេះ និង​បន្តថា «ពួកយើង​មក​ទីនេះ​មិនមែន​ដើម្បី​សុំ​ស្មើ​ឡើយ។ ពួកយើង​ចង់​រកបាន​គ្រាប់​បាល់ឈ្នះ។ មានច្បាប់​ស្ដីពី​គ្រាប់​បាល់​ឈ្នះ​លើ​ទីលាន​ម្ចាស់​ផ្ទះ ដូច្នេះ​នឹង​ជា​រឿង​ល្អ​បើសិន​ពួកយើង​រកបាន​គ្រាប់​បាល់​នៅ My Dinh»។

    ដោយឡែក គ្រូបង្វឹក​របស់​វៀតណាម​ បាន​និយាយថា «ពួកយើង​នៅមាន​កិច្ចការ​ចំនួន​ពីរ​ទៀត​ត្រូវធ្វើ។ នោះ​គឺ​លេង​ឱ្យ​បានល្អ​នៅក្នុង​ជើង​ទីមួយ រកបាន​ជ័យជម្នះ​ដើម្បី​ទារបំណុល​ចាស់​ជាមួយ​ថៃ។ ទី​ពីរ​គឺ​បញ្ចប់​អាណត្តិ​ចុងក្រោយ​របស់​តំណែង​ជើងឯក នាំ​ពាន​មក​ជូន​អ្នកគាំទ្រ។ 5 ឆ្នាំ​កន្លង នៅ​អាស៊ីអាគ្នេយ៍ ខ្ញុំ​ចាញ់​តែមួយ​ប្រកួត​​គត់ គឺ​ការប្រកួត​ចាញ់​ថៃ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF Cup 2020»។

    នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2020 ថៃ​ឈ្នះ​វៀតណាម 2-0 នៅ​ជើង​ទីមួយ ហើយ​ស្មើ 0-0 នៅ​ជើង​ទី​ពីរ។ ប៉ុន្តែ គ្រូបង្វឹក​ថៃ និយាយថា ពេលនេះ​ក្រុម​ទាំងពីរ​មានការ​ប្រែប្រួល​ច្រើន។

    គ្រូបង្វឹក​កូនកាត់​ប្រេ​ស៊ី​ល-អាល្លឺម៉ង់ របស់​ថៃ សង្ឃឹមថា 2 ប្រកួត​នៅ​វគ្គ​ចុងក្រោយបង្អស់​នេះ​នឹង​ល្អមើល​ខ្លាំង ព្រោះតែ​​នេះ​​គឺ​ជា​​ការ​​ប៉ះគ្នា​រវាង​ក្រុម​មួយ​ដែល​ពូកែ​ខាង​វាយលុក និង​ក្រុម​មួយទៀត​ពូកែ​ខាង​ការពារ៕

  • អាម៉េរិក​រកឃើញ​បញ្ហាធ្វើឱ្យ​កក​ស្ទះ​សកម្មភាព​អាកាសចរណ៍​​កាល​ពី​ថ្ងៃ​ទី 11 មករា

    អាម៉េរិក​រកឃើញ​បញ្ហាធ្វើឱ្យ​កក​ស្ទះ​សកម្មភាព​អាកាសចរណ៍​​កាល​ពី​ថ្ងៃ​ទី 11 មករា

    អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា បុគ្គលិក​មិន​គោរព​តាម​ដំណើរការ​គឺជា​មូល​ហេតុដែល​បណ្ដាលឱ្យមាន​បញ្ហា​​ក្នុង​ប្រព័ន្ធ​ជូន​ដំណឹង​ NOTAM ធ្វើឱ្យ​ជើងហោះហើរ​រាប់ពាន់​ត្រូវបាន​ពន្យារពេល។

    «ការវិភាគ​បឋម​បង្ហាញថា ហ្វា​ល​ទិន្នន័យ​មួយ​បាន​ខូច​ដោយសារ​បុគ្គលិក​មិន​គោរព​តាម​ដំណើរការ ខណៈដែល​ប្រព័ន្ធ​នៅតែ​ដំណើរ​ការធម្មតា» អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក (FAA) បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី 12 មករា ស្ដីពី​បញ្ហា​ដែល​បាន​កើតឡើង​ចំពោះ​ប្រព័ន្ធ​កុំព្យូទ័រ នាំឱ្យ​សកម្មភាព​អាកាសចរណ៍​នៅ សហរដ្ឋ​អាម៉េរិក ត្រូវ​កកស្ទះ​ក្នុង​រយៈពេល 90 នាទី នៅមុន​នោះ​មួយថ្ងៃ។

    FAA មិនបាន​បង្ហាញ​សេចក្ដីលំអិត​អំពី​បញ្ហា​ខាងលើ ប៉ុន្តែ​សង្កត់ធ្ងន់ថា ពុំមាន​សញ្ញា​ដែល​បង្ហាញថា​មានការ​វាយប្រហារ​ពី​ហែក​ឃើ​រ​។ ប្រភពព័ត៌មាន​ដែល​ដឹក​ច្បាស់​អំពី​បញ្ហា​ខាងលើ​បានឱ្យដឹងថា ហ្វា​ល​ទិន្នន័យ​បាន​ខូច​នោះ​ បាន​ប៉ះពាល់​ដល់​ប្រព័ន្ធ​សំខាន់ និង​ប្រព័ន្ធ​បម្រុង។

    សូមបញ្ជាក់ថា FAA កាលពី​ព្រឹក​ថ្ងៃទី 11 មករា បាន​ផ្អាក​ការហោះហើរ​ក្នុងស្រុក​អស់​ជាច្រើន​ម៉ោង បណ្ដាល​ឱ្យ​​ជើង​ហោះ​ហើរ​​ជាង​ 11,000 ត្រូវបាន​ពន្យារពេល និង​ជាង 1,100 ត្រូវបាន​លុបចោល។ ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បញ្ហា​កើតឡើង​ក្នុង​ប្រព័ន្ធ​ជូនដំណឹង​ផ្នែក​អាកាសចរណ៍ (NOTAM) ដែលជា​ផ្នែក​សំខាន់បំផុត​មួយ​នៅក្នុង​ការធានា​សុវត្ថិភាព​អាកាសចរណ៍​នៅ សហរដ្ឋ​អាម៉េរិក និង​ពិភពលោក។

    អ្នកជំនាញ​ជាច្រើន​យល់ថា ហេតុការណ៍​កាលពី​ថ្ងៃទី 11 មករា គឺជា​សញ្ញា​បង្ហាញថា ត្រូវការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធគ្រប់គ្រង​អាកាសចរណ៍​របស់ សហរដ្ឋ​អាម៉េរិក៕

  • កំពូល​តារា​សម្ដែង​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ឆ្នាំ 2022 Margot Robbie ស្លៀក​រ៉ូ​ប​ប្រណិត​នៅ Golden Globes

    កំពូល​តារា​សម្ដែង​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ឆ្នាំ 2022 Margot Robbie ស្លៀក​រ៉ូ​ប​ប្រណិត​នៅ Golden Globes

    រចនាបថ​បែប Haute Couture របស់ Chanel សម្រាប់កំពូល​តារា​សម្ដែង​ Margot Robbie នៅក្នុង​ព្រឹត្តិ​ការណ៍​​ប្រគល់​ពានរង្វាន់​ផ្នែក​សិល្បៈ​ «ផែនដី​មាស» ​ឆ្នាំ 2023 ធ្វើ​ឱ្យគេ​ចំណាយពេល​អស់ 750 ម៉ោង​ក្នុង​ការច្នៃ​ម៉ូដ។

    មក​ចូលរួម​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​ផែនដី​មាស (Golden Globes) លើក​ទី 80 នៅ Los Angeles កាលពី​ថ្ងៃទី 10 មករា 2023 Margot Robbie ស្លៀក​រ៉ូ​ប​ពណ៌​ផ្កាឈូក​ខ្ចី​ដែលជា​ស្នាដៃ​ក្នុង​រចនាបថ Haute Couture 2022 របស់ Chanel។ ស្ទីល​ស្លៀកពាក់ និង​ផាត់មុខ​របស់​នាង​គឺជា​ការច្នៃប្រឌិត​របស់ Kate Young ដោយ​យកតាម​លំនាំ​ថាមពល​របស់ Hollywood។

    រ៉ូ​ប​នេះ​មានការ​ដេរ​ប៉ាក់​ចំនួន 30,000 ចំណុច និង​មាន​ប៉ាក់​ឌិន sequin គ្រាប់អង្កាំ រោម​សត្វ​ស្លាប និង​ចំណាយពេល​អស់ 31 ថ្ងៃ​ក្នុង​ការច្នៃ។ Margot Robbie ​ពាក់​ក្រវិល​ធ្វើ​ពី​មា​សស និង​ពេជ្រ 18K របស់​ក្រុមហ៊ុន​បារាំង។ អ្នកជំនាញ Pati Dubroff ផាត់មុខ​ឱ្យ​ស្រី​ស្អាត​រូបនេះ​តាមបែប​ធម្មជាតិ។

    សារព័ត៌មាន Vogue បាន​វាយតម្លៃថា ស្ទីល​ស្លៀកពាក់ និង​តុបតែង​ខ្លួន​របស់ Margot Robbie គឺ​សមស្រប​នឹង​រូបភាព​នៃ​តួអង្គ​សម្ដែង​ថ្មី​របស់​នាង​នៅក្នុង​ខ្សែភាពយន្ត​រឿង Babylon ដែល​ដឹកនាំ​សម្ដែង​ដោយ Damien Chazelle)។

    Margot Robbie កើត​ឆ្នាំ 1990 នៅ អូស្ត្រាលី និង​ត្រូវបាន​គេ​ស្គាល់​ច្រើន​ដោយសារ​ការ​សម្ដែង​ជា​តួអង្គ​ក្នុង​ខ្សែភាពយន្ត «ក្ដៅ​សាច់» មួយ​ចំនួន​។ បច្ចុប្បន្ន នាង​ក្លាយជា​កំពូល​តារា​សម្ដែង​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​នៅ Hollywood ដោយធ្លាប់​បាន​សម្ដែង​ក្នុង​រឿង​ជាច្រើន​មានដូចជា Once Upon a Time in Hollywood, Bombshell, Bird of Prey និង Suicide Squad ជាដើម។

    យោងតាម Forbes នាង Margot Robbie នាំមុខគេ​ក្នុងចំណោម​កំពូល​តារា​សម្ដែង​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ឆ្នាំ 2022 ដោយ​ទទួលបាន 12.7 លាន​ដុល្លារ​សម្រាប់​សម្ដែង​ជា​តួអង្គ​ឯក​ក្នុង​រឿង Barbie៕

  • សំបុត្រ​ទស្សនា​ជើង​ទី​ពីរ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2022 លក់​អស់​ក្នុង 5 នាទី

    សំបុត្រ​ទស្សនា​ជើង​ទី​ពីរ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2022 លក់​អស់​ក្នុង 5 នាទី

    (ប្រទេស​ថៃ) – សំបុត្រ​ជាង 20,000 សម្រាប់​ទស្សនាការ​ប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 រវាង ថៃ និង​វៀតណាម នៅ​កីឡដ្ឋាន Thammasat ត្រូវបាន​លក់​អស់​គ្មាន​សល់​ក្រោយ​ការបើក​លក់បាន 5 នាទី កាលពី​ព្រឹក​ថ្ងៃទី 12 មករា 2023។

    ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 16 មករា លើ​ទីលាន​របស់​កីឡដ្ឋាន Thammasat ក្នុង​រាជធានី​បាងកក អាចដាក់​មនុស្ស​បាន 25,000 នាក់។ គណៈកម្មការ​បាន​បញ្ចេ​ញ​សំបុត្រ​ទស្សនា​ជាង 20,000 ដែល​ទាំងនេះ​សុទ្ធតែ​ត្រូវបាន​លក់​នៅលើ​អន​ឡាញ។ បញ្ជរ​លក់​សំបុត្រ​ត្រូវបាន​បើក​នៅ​ម៉ោង 10 ព្រឹក ហើយ​ប៉ុន្មាន​នាទី​ក្រោយមក ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រុម​ជម្រើសជាតិ​ថៃ ក៏បាន​ប្រកាសថា សំបុត្រ​ត្រូវបាន​លក់​អស់។

    ​សំបុត្រ​របស់​កៅអី​តំបន់ A សម្រាប់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះមាន​តម្លៃ​ 600 បាត () ខណៈ​កៅអី​តំបន់ B គឺ 450 បាត ចំណែក C និង D គឺ 250 បាត។ សារព័ត៌មាន Thairath បាន​ផ្សាយ​ថា សំបុត្រ​ដែល​ត្រូវបាន​ឈ្មួញ​សំបុត្រ​ពពាយនាយលក់​​នៅ​ខាងក្រៅ​កីឡដ្ឋាន​ ​មានតម្លៃ​ខ្ពស់ជាង​ពីរដង​ធៀប​នឹង​​តម្លៃ​ដើម។

    ដោយឡែក សំបុត្រ​សម្រាប់​អ្នកគាំទ្រ​របស់​ក្រុម​វៀតណាម នៅ​ Thammasat គឺ​មានតម្លៃ 750 បាត។ ទីតាំង​សម្រាប់​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ស្ថិត​នៅជាប់​នឹង​ទីតាំង​សារព័ត៌​មាននៅ​តំបន់​ A។

    តម្លៃ​សំបុត្រ​សម្រាប់​ទស្សនា​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ថៃ មានតម្លៃ​ទាប​ជាង​ពាក់កណ្ដាល ធៀប​នឹង​សំបុត្រ​នៅ​ជើង​ទីមួយ​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន My Dinh នៅ​ហាណូយ​ ដែល​អាចដាក់​មនុស្ស​បាន​ប្រហែល 40,000 នាក់។ ក្រុម​ម្ចាស់ផ្ទះ​វៀតណាម ដាក់លក់​សំបុត្រ 4 ប្រភេទ រួមមាន តម្លៃ 400,000, 600,000, 800,000 និង 1 លាន​ដុង។ មកដល់​រសៀល​ម្សិលមិញ ឈ្មួញ​សំបុត្រ​នៅ​ខាងក្រៅ​កីឡដ្ឋាន My Dinh បាន​ដំឡើងថ្លៃ​សំបុត្រ​ខ្ពស់ជាង​មុន 4 ដង។ សំបុត្រ​ចូល​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ​ត្រូវបាន​វៀតណាម​លក់​អស់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

    វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ និង​ទី​ពីរ​របស់​ AFF Cup 2022 នឹង​ត្រូវបាន​ប្រកួត​នៅវេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 13 មករា និង 16 មករា​ខាងមុខ៕

    សំបុត្រទស្សនាជើងទីពីរវគ្គផ្ដាច់ព្រ័ត្រ AFF Cup 2022 លក់អស់ក្នុង 5 នាទី
    អ្នកគាំទ្រ​ក្រុម​ថៃ ក្នុង​ការ​ប្រកួត​ជាមួយ​ម៉ាឡេស៊ី កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​
    អ្នកគាទ្រ​ក្រុម​ជម្រើស​ជាតិ​ថៃ
  • ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​របស់​ឥណ្ឌា ចាប់ផ្ដើម​ប្រគល់​ទំនិញ​វគ្គ​ដំបូង​

    ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​របស់​ឥណ្ឌា ចាប់ផ្ដើម​ប្រគល់​ទំនិញ​វគ្គ​ដំបូង​

    HOP Electric ដែលជា​អ្នក​ផលិត​យានយន្ត​អគ្គិសនី​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ឥណ្ឌា បានចាប់ផ្ដើម​ចែកចាយ​ម៉ូតូ​អគ្គិសនី​ថ្មី​បំផុត​របស់ខ្លួន​ចំនួន​ 2,500 គ្រឿង​ដំបូង​នៅក្នុង​ទីក្រុង Jaipur។

    យោងតាម​ក្រុមហ៊ុន​ខាងលើ ក្នុង​រង្វង់ 2 ខែ រាប់​ចាប់​ពីថ្ងៃ​បង្ហាញខ្លួន ម៉ូតូ​អគ្គិសនី HOP OXO ​​របស់​ពួកគេ​ ទាក់ទាញ​អតិថិជន​បញ្ជា​ទិញ​បាន​ជាង 10,000 លើក និង 50,000 នាក់​សម្ដែង​ចំណាប់អារម្មណ៍​តាមរយៈ​គេហទំព័រ​ក្រុម​ហ៊ុន​។

    ប្រធាន​ផ្នែក​ទីផ្សារ​របស់ HOP Electric បានឱ្យដឹងថា ការយឺតយ៉ាវ​ដែល​បានកើត​ឡើង​កន្លង​មក​​គឺ​ដោយសារ​ការអនុវត្ត​ស្ដង់ដា និង​ការសាកល្បង​ថ្មី ក៏ដូចជា​ការកែប្រែ​​លក្ខន្តិកៈ​របស់​កម្ម​វិធី FAME II។ ក្រៅពី Jaipur ក្រុមហ៊ុន HOP Electric ​ក៏​នឹង​ឆាប់​ចាប់ផ្ដើម​ប្រគល់​ទំនិញ​នៅតាម​បណ្ដា​រដ្ឋ​ដទៃ​របស់​ឥណ្ឌា ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​៕