Category: សង្គម និងសេដ្ឋកិច្ច

  • ប្រទេស​កំពុងអភិវឌ្ឍន៍៖ សិស្ស​រៀនចំណេះ​ទូទៅ​យូរ​ធ្វើឱ្យ​ការរៀន​ជំនាញ​មាន​ពេល​ខ្លី

    ប្រទេស​កំពុងអភិវឌ្ឍន៍៖ សិស្ស​រៀនចំណេះ​ទូទៅ​យូរ​ធ្វើឱ្យ​ការរៀន​ជំនាញ​មាន​ពេល​ខ្លី

    ការអប់រំ ជា​ធាតុ​គន្លឹះ​យ៉ាងសំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ប្រទេស ព្រោះថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជា​កត្តា​ជំរុញ​ឱ្យកម្លាំង​ពលកម្ម​មាន​ភាព​សកម្ម​លើ​គ្រប់​វិស័យ​ក្នុងសង្គម ទាំង​ផលិតកម្ម សេវាកម្ម និង​ការគ្រប់គ្រង​រដ្ឋបាល​ជាដើម។

    ពាក់ព័ន្ធ​នឹង​ការអប់រំ​នេះ លោក​បណ្ឌិត តាន់ មុនី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី​គ្រុប បានលើកឡើង​នៅក្នុង​ទិវា​ភាពជា​អ្នកដឹកនាំ​ឆ្នាំ 2017 ថា ការបណ្តុះបណ្តាល​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​បាន​ចំណាយ​ពេលវេលា​ច្រើនពេក​លើ​ការបណ្តុះបណ្តាល​ចំណេះដឹង​ទូទៅ តែ​មិនសូវ​ផ្តោត​សំខាន់​ខ្លាំង​លើ​ការសិក្សា​ជំនាញ។ លោក​បាន​បញ្ជាក់ថា វិធីសាស្ត្រ​នៃ​ការបណ្តុះបណ្តាល​នេះ គឺ​ខុសពី​ប្រទេស​អភិវឌ្ឍន៍​ហើយ ព្រោះថា នៅ​ប្រទេស​អភិវឌ្ឍន៍​ហើយធំៗមួយចំនួន គឺ​សិក្សា​ចំណេះដឹង​ទូទៅ​ត្រឹម​មធ្យមសិក្សា​បឋមភូមិ​តែប៉ុណ្ណោះ បន្ទាប់មក​គឺ​គេ​ផ្តោត​ខ្លាំង​លើ​ការបណ្តុះបណ្តាល​ជំនាញ ឬ​តម្រង់​ឆ្ពោះទៅរក​ជំនាញ​ណាមួយ​តែម្តង។

    លោក​បណ្ឌិត តាន់ មុនី​វណ្ណ បាន​និយាយថា៖ «ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​រៀនចំណេះ​ដឹង​ទូទៅ​ដល់​ទៅ 12ឆ្នាំ ដែល​ពេលវេលា​យូរ​នេះ អាចធ្វើឱ្យ​សិស្ស​មិនមាន​ពេល​ច្រើន​ដើម្បី​ហ្វឹកហាត់​ផ្នែក​ជំនាញ»។

    សហគ្រិន​ខាងលើ​បាន​ថ្លែង​ផងដែរ​ថា ចំណុច​សំខាន់​មួយ​ផ្សេងទៀត​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​កំពុង​ជួបប្រទះ​គឺ ពួកគេ​ខ្វះ​ការស្រាវជ្រាវ ព្រោះថា នៅក្នុង​ប្រទេសនីមួយៗ អាចមាន​សាកលវិទ្យាល័យ​ច្រើន តែ​មិនសូវមាន​សកម្មភាព​ខ្លាំង​លើ​ការស្រាវជ្រាវ​នោះទេ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការពិបាក​ក្នុងការ​អភិវឌ្ឍ។ តែ​ទោះជា​យ៉ាងនេះ​ក្តី ជា​ដំណោះស្រាយ លោក​បណ្ឌិត បានស្នើ​សុំឱ្យ​មានការ​បណ្តុះ​បណ្តាល​ជំនាញ​ឱ្យបាន​ខ្លាំង​ដល់​សិស្ស ហើយ​ធ្វើយ៉ាងណា​រៀបចំ​ថវិកា​សម្រាប់​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​សក្តានុពល​ខ្លាំង៕

  • ព័រ​ទុយ​ហ្គា​ល់ និង​បារាំង ឈ្នះ​កៅអី​ទៅ World Cup ខណៈ​ហូ​ឡង់ ធ្លាក់

    ព័រ​ទុយ​ហ្គា​ល់ និង​បារាំង ឈ្នះ​កៅអី​ទៅ World Cup ខណៈ​ហូ​ឡង់ ធ្លាក់

    ក្រុម​ម្ចាស់​ជើងឯក​ប្រចាំ​ទ្វីបអឺរ៉ុប ព័រ​ទុយ​ហ្គា​ល់ បានឈ្នះ​កៅអី​ទៅកាន់​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំក្រោយ តាមរយៈ​ការកត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ លើ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស កាលពី​ថ្ងៃ​អង្គារ ក្រោយពី​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​ខ្សែការពារ Johan Djourou បាន​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​កៅអី​ដោយ​ស្វ័យប្រវត្តិ​តែម្តង។

    ខ្សែការពារ​អន្តរជាតិ​ស្វ៊ី​សរូប​នេះ បានធ្វើ​ឲ្យ​បាល់​ចូលក្នុង​សំណាញ់​ទី​ខ្លួនឯង​នៅ​រយៈពេល4នាទីចុងក្រោយ​នៃ​តង់​ទី1  រួចហើយ​ខ្សែបម្រើ​ប្រយុទ្ធ Andre Silva បាន​បំពេញ​ជ័យជម្នះ​ឱ្យ​ក្រុម​របស់ខ្លួន​នៅ​នាទី​ទី57តែម្តង ខណៈដែល​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​តាម​ស្មើ27ពិន្ទុ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ដើម្បី​បញ្ចប់​ដោយ​ការ​ឈរលើ​លេខ1ក្នុង​ពូ​ល D ដោយសារ​តែមាន​គ្រាប់​បាល់​ច្រើនជាង។ ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស បាន​នាំមុខ​នៅក្នុង​ពូ​ល​នេះ ចាប់តាំងពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ 2-0 ក្នុង​ទីក្រុង Basel ក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​របស់​ពួកគេ កាលពី​ខែកញ្ញា ឆ្នាំមុន​មកម្ល៉េះ និង​បាន​បន្ត​ឈ្នះ​រាល់​ការប្រកួត​ទាំង 9លើក នៅ​មុនពេល​ការប្រកួត​ក្នុង​ទីក្រុង Lisbon កាលពី​ថ្ងៃ​អង្គារ ស្រប​ពេលដែល​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​បន្ត​ឈ្នះ8លើកជាប់ៗគ្នា។ បច្ចុប្បន្ន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស នឹង​ឈានទៅ​កាន់ការ​ចាប់ឆ្នោត​សម្រាប់​វគ្គ Playoff នៅ​ថ្ងៃទី17 ខែតុលា ខាងមុខនេះ។

    ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Antoine Griezmann បា​នរក​គ្រាប់​បាល់1គ្រាប់ និង​បាន​ជួយ​ឲ្យ Olivier Giroud រកបាន1គ្រាប់​ផ្សេងទៀត ខណៈដែល​ក្រុម​ជម្រើសជាតិ​បារាំង បាន​កក់​កៅអី​របស់​ពួកគេ​ក្នុង​យុទ្ធនាការ World Cup នៅ​ឆ្នាំក្រោយ តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​បេឡា​រុស 2-1 នា​កីឡដ្ឋាន Stade de France ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល A របស់​ពួកគេ​កាលពី​ថ្ងៃ​អង្គារ។

    ដោយឡែក ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បាន​ធ្លាក់​ចេញពី​យុទ្ធនាការ បើទោះបីជា​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត 2-០ ក្នុង​ពូ​ល A ដូចគ្នានេះ​ក៏ដោយ។ បារាំង និង​ព័រ​ទុយ​ហ្គា​ល់ នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក អេ​ស្ប៉ា​ញ អង់គ្លេស អ៊ី​ស្លង់ អាល្លឺម៉ង់ ប៉ូឡូញ ស៊ែ​ប៊ី និង​ម្ចាស់ផ្ទះ​រុស្ស៊ី ក្នុងការ​ឈ្នះ​កៅអី World Cup ពី​វគ្គ​ជម្រុះ​នៅ​តំបន់​អឺរ៉ុប។ ក្រុម​ទាំង8ដែល​ត្រូវ​ឈ្នះ​កៅអី​ទៅ​ប្រកួត​វគ្គ Playoff រួមមាន​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស អ៊ីតាលី ក្រូ​អាស៊ី ដា​ណឺ​ម៉ាក អៀរ​ឡង់​ខាងជើង ស៊ុយអែត សាធារណរដ្ឋ​អៀរ​ឡង់ និង​ក្រុម​ជម្រើសជាតិ​ក្រិ​ក៕

    ប្រភពពី៖ The Guardian

  • តើ​អាហារ​កាក​សរសៃ​សំខាន់​ចំពោះ​កូនតូច​យ៉ាងណាខ្លះ?​

    តើ​អាហារ​កាក​សរសៃ​សំខាន់​ចំពោះ​កូនតូច​យ៉ាងណាខ្លះ?​

    ការ​ញ៉ាំ​អាហារ​របស់​កូនតូច​វ័យ​តេះតះ​នោះ អាច​ញ៉ាំ​បាន​ច្រើនបែប​ច្រើនយ៉ាង​បាន​ដូច​មនុស្ស​ធំ​ហើយ គ្រាន់តែ​ត្រូវ​មើល​ពី​ជំនាញ​ក្នុងការ​ទំពា​របស់​កូន​បន្តិច​សិន​ប៉ុណ្ណោះ ព្រោះ​ក្មេង​ខ្លះ​ពូកែ​ទំពា​ចូលចិត្ត​ទំពា​នឹង​ធ្វើឱ្យ​ឆាប់​ញ៉ាំ​អាហារ​រឹងល្មមៗបាន។ ក្មេង​ណា​ដែល​មិនសូវ​ចូលចិត្ត​ទំពា ឬ​ឪពុកម្តាយ​ច្រើនតែ​កិន​អាហារ​ឱ្យ​ម៉ដ្ឋ​ឱ្យ​ញ៉ាំ​ជានិច្ច​នោះ នឹង​ក្រចេះ​ទំពា តែ​យ៉ាងណាក៏ដោយ អាហារដែល​សំខាន់​សម្រាប់​ក្មេង​វ័យ​នេះ​លែង​សូវ​ជា​ទឹកដោះ​ហើយ តែ​ជា​អាហារ​ទាំង5ប្រភេទ​ក្រុម ដែល​យើង​ស្គាល់​ច្បាស់​ហ្នឹងឯង។លេខ​នេះ ឡា​រ៉ែ​ន នឹង​នាំ​អ្នក​ម្តាយ​ឱ្យបាន​ស្គា​ល់ពី​អាហារ​កាក​សរសៃ ដែល​ក៏​ជា​ចំណែក​មួយ​របស់​បន្លែ ផ្លែឈើ ដែល​សំខាន់​មិន​ចាញ់​សារធាតុ​អាហារ​ដទៃទៀត​ឡើយ។

    អ្វី​ទៅជា​អាហារ​កាក​សរសៃ?

    កាក​សរសៃ​អាហារ គឺជា​ខា​បូ​ហាយ​ដ្រេ​ត ម៉ូលេគុល​ធំ មាន​ទាំង​ប្រភេទ​រលាយ​ក្នុង​ទឹក និង​មិន​រលាយ​ក្នុង​ទឹក ប្រទះឃើញ​មាន​ច្រើន​នៅក្នុង​បន្លែ​ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ។ កាក​សរសៃ​អាហារ​នឹងមិន​ត្រូវបាន​បឺត​ជ្រាប​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ទេ តែ​នឹងធ្វើ​ដំណើរ​ទៅ​រហូតដល់​ពោះវៀនធំ មាន​តួនាទី​បោសសម្អាត​អ្វីដែល​រាងកាយ​មិនត្រូវ​ការ ដើម្បី​មិនឱ្យ​មាន​អ្វី​នៅ​សេសសល់​ក្នុង​ពោះវៀនធំ រួច​បញ្ចេញ​មក​ក្រៅ​តាម​លាមក។

    ហេតុ​អី​បានជា​កូនតូច​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​កាក​សរសៃ?

    មនុស្ស​ធំ​ក្នុងប្រទេស​យើង ច្រើនតែ​ផ្តល់​ភាព​សំខាន់​ជាមួយ​អាហារ​ពពួក​ប្រូ​តេ​អុ​ី​ន​ខ្លាំង​ជាង ព្រោះ​ជា​ចំណែក​ដែល​ធ្វើឱ្យ​រូបរាងកាយ​ចម្រើន​ធំធាត់ តែ​រាងកាយ​នឹង​ធំធាត់​ឡើង​យ៉ាង​រឹងប៉ឹង​មាំមួន​ល្អ​នោះ ត្រូវ​បានទទួល​អាហារ​ដែល​ច្រើនបែប​ច្រើនយ៉ាង​ក្នុង​បរិមាណ​ដ៏​សមរម្យ​មួយ រួមជាមួយ​ការហាត់​ប្រាណ និង​រួមទាំង​អាហារ​កាក​សរសៃ​ផងដែរ។ កុមារ​ក្នុង​វ័យ​នេះ​ជាច្រើន​នាក់​មាន​បញ្ហា​ក្នុងការ​បន្ទោបង់ ដោយសារតែ​ញ៉ាំ​បន្លែ ផ្លែឈើ​បាន​តិចពេក ឬ​ញ៉ាំ​ទឹកស្អាត​មិនបាន​គ្រប់គ្រាន់ ធ្វើឱ្យ​កើត​បញ្ហា​ទល់លាមក​ឡើង​ញឹកញាប់​ដែល​វា​អាច​នឹង​ក្លាយជា​ទម្លាប់​រហូតដល់​វ័យ​ធំ និង​ក្លាយជា​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​នៅ​ទីបំផុត​ក៏​អាច​ថា​បានដែរ។ដូច្នេះ​ការ​ញ៉ាំ​អាហារ​ដែលមាន​កាក​សរ​សៃ​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់ នឹង​ជួយ​ឱ្យ​ការធ្វើការងារ​របស់​ពោះវៀន​ល្អ​ឡើង កាត់បន្ថយ​អាការ​ទល់លាមក​ដល់​កូនតូច​វ័យ​រពឹស​បាន​ទៀតផង។

    ត្រូវ​ញ៉ាំ​អាហារ​កាក​សរសៃ​ក្នុង​បរិមាណ​ប៉ុន្មាន​ក្នុង​មួយថ្ងៃ?

    ជា​ប្រក្រតី​មនុស្ស​ធំ​គួរ​បានទទួល​បរិមាណ​អាហារ​កាក​សរសៃ​ជា​មធ្យម​ពី25-30ក្រាម​ក្នុង​មួយថ្ងៃ តែ​សម្រាប់​ក្មេង​ដែលមាន​អាយុ​ចន្លោះ​ពី1-8ឆ្នាំ​នោះ គួរ​បានទទួល​អាហារ​កាក​សរសៃ​ពី14-18ក្រាម​ក្នុង​មួយថ្ងៃ​បរិមាណ​នេះ​មិនមែន​មានន័យថា​ត្រូវតែទៅ​ថ្លឹង​ចំនួន​បន្លែ​ផ្លែឈើ​ឱ្យ​ត្រឹមត្រូវ​នាំ​តែ​ពិបាក​នោះទេ គ្រាន់តែ​ក្នុងពេល​ញ៉ាំ​អាហារម្តងៗត្រូវមាន​មុខម្ហូប

    ដែលជា​បន្លែ និង​បង្អែម​ដែលជា​ផ្លែឈើ​ស្រស់ ឬ​គ្រាប់សណ្តែកផ្សេងៗតែប៉ុណ្ណោះ។ការ​ញ៉ាំ​អាហារ​ប្រភេទ​គ្រាប់សណ្តែក ក៏មាន​ចំណុច​មិនល្អ​ដូចគ្នា​ដែរ គឺ​បើ​ញ៉ាំ​ច្រើន​ជ្រុល​ពេក​នឹង​ធ្វើឱ្យ​កើតមាន​ខ្យល់​នៅក្នុង​ពោះ​ច្រើន និង​ឆ្អល់ពោះ ព្រោះតែ​មានការ​សាង​ហ្កា​ស់​ឡើង​ច្រើន (ដូចដែល​យើង​ច្រើនតែ​និយាយថា ញ៉ាំ​សណ្តែកដី​ហើយ​ដើរខ្យល់​ហ្នឹងឯង) ដូច្នេះហើយ​ទើប​ការ​ញ៉ាំ​អាហារ​ឱ្យមាន​តុល្យភាព​គឺជា​រឿង​សំខាន់​មួយ​ដែល​លោកឪពុក​អ្នក​ម្តាយ​ត្រូវ​ចាត់​ការឱ្យ​កូនតូច​ក្នុង​វ័យ​នេះ។

    អាហារ​កាក​សរសៃ… អ្នក​ជួយ​ពោះវៀនគុណប្រយោជន៍​របស់​អា​ហារ​កាក​សរសៃ​មាន​ច្រើនណាស់ ដូចជា ៖

    -ការពារ​អាការ​ទល់លាមក ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​បាន​តាម​ប្រក្រតី។
    -ការពារ​ការ​បឺត​ជ្រាប​របស់​សារធាតុបង្កមហារីក អាហារ​កាក​សរសៃ​នឹង​ជួយ​បណ្តេញ​សារធាតុពុល​ចេញពី​រាងកាយ​បាន​លឿន(តាម​លាមក)និង​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការកើត​មហារីក ពោះវៀនធំ។
    -ការពារ​រោគ​បាន​ច្រើន​ប្រភេទ ដូចជា រោគ​ធាត់ រោគ​ទឹកនោមផ្អែម និង​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់​ជាដើម។
    -កាត់បន្ថយ​ភាព​ប្រថុយ​នឹង​ការ​កើតរោគ​បេះដូង។

    អាហារ​ដែលមាន​កាក​ស​រ​សៃ​ខ្ពស់​មានដូចជា ៖

    ផ្លែឈើ៖ ផ្លែ​ប៉ោម ផ្លែ​សារី ត្របែក ល្ហុង​ទុំ ចេក ក្រូចពោធិ៍សាត់ ពុទ្រា ស្វាយ​ខ្ចី និង​ពោត។ល។
    បន្លែ៖ ស្នៀតពោត ការ៉ុត ផ្សិតត្រចៀកកណ្តុរ សណ្តែកកួរ ស្ពៃក្តោប ស​ណ្តែ​ង​សៀង​ជប៉ុន កញ្ឆែត និង​ត្រប់​ពុត​រំ​ញ​ង។ល។
    គ្រាប់​ធញ្ញជាតិផ្សេងៗ៖ អង្ករសំរូប គ្រាប់​ផ្កាឈូក​រត្ន សណ្តែកខៀវ គ្រាប់ល្ង សណ្តែកក្រហម និង​សណ្តែក​លឿង។ល។
    អាហារ​ផ្សេងទៀត៖ នំប៉័ង​ហូល​វិធ និង​គ្រាប់​ជី។ល៕

  • រដ្ឋាភិបាល​គ្រោង​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន 2កន្លែង​ថែមទៀត

    រដ្ឋាភិបាល​គ្រោង​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន 2កន្លែង​ថែមទៀត

    ភ្នំពេញ៖ ក្នុង​គោលដៅ​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន (Passport) ចំនួន 2កន្លែង​ថែមទៀត​នៅក្នុង​ខេត្ត​ជិត​ព្រំដែន​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ទទួលបាន​សេវា​នៅ​ទីតាំង​ថ្មី​នេះ។

    សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ កតិកាសញ្ញា​ជាស​កល ស្តីពី​ទេសន្តរប្រវេសន៍ ប្រកបដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃទី10 តុលា​នេះ​ថា ដើម្បី​ធ្វើការ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ ចៀសវាង​កើតមាន​គ្រោះថ្នាក់​ក្នុងពេល​ចេញទៅ​ធ្វើការ​ក្រៅប្រទេស  រដ្ឋាភិបាល​បានសម្រេច​បង្កើត​ទីតាំង​ធ្វើលិខិត​ឆ្លងដែន​ពីរ​កន្លែង​បន្ថែមទៀត​គឺ នៅក្នុង​ខេត្តបាត់ដំបង និង​ក្នុង​ខេត្តបន្ទាយមានជ័យ ជាទី​ដែល​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ច្រើនជាងគេ និង​បន្តទៅ​ប្រទេស​ទី 3 ថែមទៀត។

    ស្របពេល​ជាមួយគ្នានេះដែរ សម្តេច​ក៏បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​ព្រំដែន​បិទ​ច្រករបៀង​នានា​នៅតាម​ព្រំដែន ព្រោះថា ទីតាំង​ទាំងនោះ​ហើយ​ដែល​ពលករ អាច​ចេញទៅ​ធ្វើការ​ដោយ​ខុសច្បាប់ និង​បង្កឱ្យមាន​គ្រោះថ្នាក់​កើតឡើងជារឿយៗនៅ​ប្រទេស​ផ្សេង ជួនកាល​ត្រូវបាន​មេខ្យល់​នាំយកទៅ​ធ្វើការ​ដោយ​មិនដឹង​គោលដៅ​ច្បាស់លាស់ ឬ​ពេលខ្លះ​ត្រូវ​សមត្ថកិច្ច​គេ​ចាប់​ដាក់​ពន្ធ​ធនាគារ ឬ​ចាប់​បញ្ជូនមក​ស្រុកកំណើត​វិញ មាន​ចំនួន​មិនតិចជាង100នាក់​ទេ​ក្នុងមួយថ្ងៃ។

    សម្តេច​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​គួរ​កុំ​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន ព្រោះថា​អាច​នឹងមាន​គ្រោះថ្នាក់​កើតឡើង​ដល់​ខ្លួន ហើយ​ករណីនេះ អាជ្ញាធរ​ព្រំដែន​ត្រូវតែមាន​វិធានការ​រឹតបន្តឹង ចៀសវាង​ការធ្វើ​ចំណាកស្រុក​ដោយ​គ្មាន​ឯកសារ​ច្បាស់លាស់៕

  • រន្ធត់ចិត្តណាស់!!  G-Dragon កើតអី បានជាសល់តែស្បែកដណ្ដប់ឆ្អឹងដូច្នេះ?!

    រន្ធត់ចិត្តណាស់!!  G-Dragon កើតអី បានជាសល់តែស្បែកដណ្ដប់ឆ្អឹងដូច្នេះ?!

    តាមរយៈសារព័ត៌មាន koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី10 ខែតុលា ឆ្នាំ2017នេះ បានឱ្យដឹងថា វត្តមានរបស់តារាចម្រៀងល្បី G-Dragon  ពិតជាបានធ្វើឱ្យមហាជនអ្នកគាំទ្រដែលនៅក្នុងសាលប្រគំតន្ត្រី M.O.T.T.E នាទីក្រុងតៃប៉ិ កោះតៃវ៉ាន់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីរាត្រីថ្ងៃម្សិលមិញនេះ។

    ដោយឡែក Seungri ជាសមាជិក​ Bigbang ក៏បានបង្ហោះរូបភាពខ្លះៗរបស់​ G-Dragon ដែលមានសភាពរាងកាយស្គមស្គាំងដែរ ពោលគឺសល់ត្រឹមតែស្បែកដណ្ដប់ឆ្អឹង ដែលសង្កេតមើលទៅដូចជាមនុស្សដែលកំពុងមានជំងឺធ្ងន់ដូច្នោះដែរ។ ជាការពិតណាស់ ការសម្ដែងយប់មិញនេះ G-Dragon មិនបានភ័យខ្លាចក្នុងការបង្ហាញរាងកាយដ៏ស្គមគួរឱ្យខ្លាចនោះឡើយ បើទោះបីជាអ្នកគាំទ្រកំពុងមានក្តីមន្ទិលសង្ស័យក៏ដោយ ក៏លោកព្យាយាមបញ្ចប់ការសម្ដែងប្រកបដោយជោគជ័យ តែគួរឱ្យសោកស្ដាយដែរ ព្រោះតារាប្រុសរូបនេះមិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន អំពីមូលហេតុនៃស្ថានភាពរាងកាយរបស់លោកដែលក្លាយជាបែបនោះឡើយ៕

     

     

  • លោកជំទាវ តាំង ហ្គិ​ច​លៀង៖  អ្នកដឹកនាំ​ពូកែ គឺ​គេ​យក​បេះដូង​ទៅ​ដឹកនាំ…

    លោកជំទាវ តាំង ហ្គិ​ច​លៀង៖  អ្នកដឹកនាំ​ពូកែ គឺ​គេ​យក​បេះដូង​ទៅ​ដឹកនាំ…

    ការគ្រប់គ្រង និង​ដឹកនាំ​មនុស្ស​ជា​រឿង​សំខាន់បំផុត​សម្រាប់​ម្ចាស់​ស្ថាប័ន​មួយ ឬ​បុគ្គល​ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​អនាគត​ត្រូវតែ​ចេះ និង​មាន​វិធីសាស្ត្រ​គ្រប់គ្រង ឬ​មាន​ភាពជា​អ្នកដឹកនាំផ្សេងៗគ្នា​ទៅតាម​ភាព​វៃឆ្លាត ក៏ដូចជា​បទពិសោធ​រៀងៗខ្លួន។

    បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ នៅក្នុង​វេទិកា​ភាពជា​អ្នកដឹកនាំ​ឆ្នាំ 2017 លោកជំទាវ តាំង ហ្គិ​ច​លៀង អគ្គនាយិកា​នៃ​ក្រុមហ៊ុន​ឌី​ហ្វើ​នី​ឈ័​រ បាន​លើកឡើងថា អ្នកដឹកនាំ​ដែល​ល្អ គឺជា​អ្នកដឹកនាំ​ដែល​យក​បេះដូង​ទៅ​ដឹកនាំ មាន​ភាពជា​គំរូ​ល្អ មានការ​ជំរុញ​ទឹកចិត្ត​ខ្លាំង និង​មានការ​ទទួលខុសត្រូវ​ខ្ពស់។

    លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​និយាយថា៖ «អ្នកដឹកនាំ​ដែល​ល្អ​គឺជា​អ្នកដឹកនាំ​ដែល​យក​បេះដូង​ទៅ​ដឹកនាំ ហើយ​វិធីសាស្ត្រ​ដែល​អាចដឹកនាំ​ដោយ​របៀបនេះ​បាន លុះត្រាតែ​យើង​អាច​យកចិត្ត​គេ មក​ដាក់​ក្នុង​ចិត្ត​យើង​ឱ្យបាន»។

    សហគ្រិន​ល្បីឈ្មោះ​ខាងលើ​បាន​បន្ថែមទៀតថា ការដែល​យកចិត្ត​រប​ស់​អ្នកដទៃ មក​ដាក់​ក្នុង​ចិត្ត​យើង គឺ​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកដឹកនាំ​ដែលមាន​ការគិត​ល្អិតល្អន់ និង​មានចិត្ត​ទូលាយ​បំផុត។ លោកជំទាវ​បាន​ពន្យល់​លម្អិត​លើ​ចំណុច​នេះ​ដោយ​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​បុគ្គលិក​ធ្វើ​ខុស យើង​អាច​មានរឿង 5 ចង់​ស្តីឱ្យ ប្រសិនបើ​យើង​មិនបាន​យកចិត្ត​បុគ្គលិក​នោះមក​ដាក់​ក្នុង​ចិត្ត​យើង​ទេនោះ  តែ​នៅពេលដែល​យើង​សាក​គិត​ម្តងទៀត ពេលខ្លះ​ក្នុងការ​សម្រេចចិត្ត​ស្តីបន្ទោស 5 រឿង​នោះ យើង​អាច​ខុស 3 រឿង​រួច​បាត់ទៅហើយ ហេតុនេះ ក្នុងនាម​យើង​ជា​អ្នកដឹកនាំ គួរតែ​គិត​ទៅវិញ​ថា ប្រសិនបើ​យើង​ទទួលរង​នូវ​ការស្តីបន្ទោស ឬ​ទទួលរង​នូវ​ស្ថានភាព​ដែល​យើង​បានធ្វើ​ដាក់​គាត់​វិញ តើ​គាត់​នឹងមាន​អារម្មណ៍​បែបណា ហើយ​វា​ចំណេញ​អ្វីខ្លះ​ដល់​ស្ថាប័ន និង​អ្នក​ទាំងអស់គ្នា។

    បញ្ជាក់​លើ​ចំណុច​ភាពជា​អ្នកដឹកនាំ​នេះដែរ លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​ថ្លែង​ផងដែរ​ថា អ្នកដឹកនាំ​ដែល​ប្រើ​បេះដូង​ទៅ​ដឹកនាំ​ក៏​ជាម​នុស្ស​ដែលមាន​ភាព​ទទួលខុស​ត្រូវ​ខ្ពស់​ផងដែរ ដោយ​យើង​គួរ​គិតថា​វាសនា​របស់​អ្នកដទៃ​គឺ​ស្ថិតក្នុង​ដៃ​របស់​យើង។ នៅពេលដែល​យើង​គិតថា វាសនា​អ្នកដទៃ ជាពិសេស​បុគ្គលិក​ដែលមាន​វ័យ​ជាង 20ឆ្នាំ កំពុង​រីកលូតលាស់​ជាមួយ​យើង ហើយ​គាត់​នឹងមាន​អនាគត​បន្តទៀត​ជាមួយនឹង​ការដឹកនាំ​របស់​យើង យើង​នឹង​កាន់​តែមាន​អារម្មណ៍​ថា ត្រូវតែមាន​ភាពជា​អ្នកដឹកនាំ​ឱ្យ​ខ្លាំង​ជាង​មុន ដើម្បី​ធ្វើការ​អភិវឌ្ឍ និង​ដឹកនាំ​ឆ្ពោះទៅរក​ចំណុច​ដែល​កាន់តែ​វិជ្ជមាន​ឡើង៕

  • ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ត្រីមាស​ទី1ធ្លាក់ចុះ​ជាង20%

    ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​ត្រីមាស​ទី1ធ្លាក់ចុះ​ជាង20%

    ភ្នំពេញ៖ នៅក្នុង​ត្រីមាស​ទី1 ឆ្នាំ2017នេះ ទុនវិនិយោគ​នៃ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា សរុប​មាន​ចំនួន1,200លាន​ដុល្លារ ពោលគឺ​បាន​ធ្លាក់ចុះ​ប្រមាណ​ជា 22% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។

    លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ទិដ្ឋភាព​ច្បាប់ បទដ្ឋាន​គតិយុត្ត​លើ​ការវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ថា  ទោះជា​ទុនវិនិយោគ​លើ​វិស័យ​សំណង់​មានការ​ធ្លាក់ចុះ​ដូច្នេះ​មែន ប៉ុន្តែ​បើ​យើង​ក្រឡេកមើល​គម្រោង​សំណង់​លំនៅឋាន និង​បុរី គិត​ត្រឹម​ខែ​មិនា ឆ្នាំ2017 ការវិនិយោគ​មាន 670គម្រោង ដែលមាន​ទុន​សរុប 939លាន​ដុល្លា មានការ​កើនឡើង 33.18% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ លោក​ឧកញ៉ា បញ្ជាក់ថា វិស័យ​សំណង់ បច្ចុប្បន្ន​អគារ​ចាប់ពី5ជាន់ឡើង​មាន​ចំនួន​ជាង600អគារ និង​បុរី​ជាង110ទីតាំង។

    ចំណែក​លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ចាប់ពី​ឆ្នាំ 2010 រហូតដល់​ខែកញ្ញា ឆ្នាំ2017 ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​សរុប​បាន​ចំនួន 213គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជា 3,375លាន​ដុល្លារ​អាមេរិក។

    លោកជំទាវ​មានប្រសាសន៍ថា វិស័យ​សំណង់​នៅ​កម្ពុជា​គឺមាន​ការរីកចម្រើន​ខ្លាំង តែ​ចំនួន​ក្រុមហ៊ុន​ដែល​ក្រសួង​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យបាន213គម្រោង​ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ 3,375លាន​ដុល្លារ​អាមេរិក។ ក្នុងចំណោម​គម្រោង​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ក្នុងនោះ​គម្រោង​បុរី​មាន​ចំនួន 132 គម្រោង ស្មើនឹង 31,997ផ្ទះ និង​អគារ​សហកម្មសិទ្ធិ មាន​ចំនួន 81 គម្រោង ស្មើនឹង 29,612បន្ទប់។

    លោកជំទាវ​បាន​រំឭកថា ឧស្សាហកម្ម​សំណង់​នៅ​ប្រទេស​កម្ពុជា​បាន​បង្កើត​រហូតដល់​ប្រមាណ1/10(មួយ​ភាគ​ដប់)នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផសស)នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​មិនផ្ទាល់​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន។ លើសពីនេះ​ដោយសារ​វិស័យ​សំណង់​មានការ​ចូលរួម​ជាច្រើន​ពី​សំណាក់​សហគ្រាស​ធុន​តូច និង​មធ្យម ដូច្នេះ​វិស័យនេះ​បាន​បង្កើត​ប្រាក់ចំណូល​ដែល​ត្រូវបាន​បែងចែក​ទូលំទូលាយ ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កា​ន់​តែ​ប្រសើរឡើង។

    របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យដឹងថា វិស័យ​សំណង់​នៅតែ​បន្ត​កំណើន​រឹងមាំ និង​ស្ថិតក្នុង​គន្លង​ដែលមាន​និរន្តរភាព​ជាង​មុន ទោះជា​មានការ​ថយចុះ​មក​នៅត្រឹម 14.4% ក៍ដោយ។ នៅ​ត្រីមាស​ទី1 ឆ្នាំ2017នេះ សកម្មភាព​សាងសង់​នៅតែ​បន្ត​កំណើន​ខ្ពស់ ទោះបី​មានការ​ថយចុះ​នៃ​គម្រោង​សំណង់​លំនៅឋាន ដែលមាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​ត្រូវបាន​ជំនួស​វិញ​ដោយ​សំណង់​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ និង​សំណង់​ផ្សារ​ទំនើប ព្រម​ជាមួយនឹង​កំណើន​វិនិយោគសាធារណៈ លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រូបវន្ត៕

  • ឆ្នាំ2017 ប្រជាជន​កម្ពុជា មាន​ចំណូល​ក្រោម 120ដុល្លារ​ក្នុង​មួយខែ

    ឆ្នាំ2017 ប្រជាជន​កម្ពុជា មាន​ចំណូល​ក្រោម 120ដុល្លារ​ក្នុង​មួយខែ

    ភ្នំពេញ៖ របាយ​ការ​ណ៍​ថ្មី​មួយ​បាន​រកឃើញថា ទោះជា​កំណើនសេដ្ឋកិច្ច​ឆ្នាំ 2017 នឹង​នៅតែ​បន្ត​កើន​ក្នុង​រង្វង់7.0%ក៏ដោយ ក៏ប៉ុន្តែ​ផលិតផល​ក្នុងស្រុក​សរុប(ផសស) ឬ​ហៅថា​ចំណូល​ដុល​ប្រចាំឆ្នាំ​របស់​ប្រជាជន​ខ្មែរ​ម្នា​ក់មាន​ចំនួន​ត្រឹមតែ 1,422ដុល្លារ​អាមេរិក ប្រហែល118ដុល្លារ​ក្នុង​មួយខែ​តែប៉ុណ្ណោះ។

    យោងតាម​របាយ​ការ​ណ៏​លទ្ធផល​នៃ​ការអនុវត្ត​ថវិកា​ឆមាស​ទី1 និង​លទ្ធផល​ប៉ាន់ស្មាន​នៃ​ការអនុវត្ត​ថវិកា​ឆ្នាំ2017របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​ឆ្នាំ2017 នៅតែ​បន្ត​រឹងមាំ​ក្នុង​រង្វង់7.0% ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប(ផសស) គិត​ជា​ទឹកប្រាក់​តាម​ថ្លៃ​បច្ចុប្បន្ន​មាន​ចំនួន 89,032,586លាន​រៀល ស្មើនឹង 21,983 លាន​ដុល្លារ​អាមេរិក ហើយ​ផលិតផល​សរុប​សម្រាប់​មនុស្ស​ម្នាក់​រំពឹងថា នឹង​ឡើងដល់1,422ដុល្លារ​ក្នុង​មួយឆ្នាំ​នេះ។

    កាលពី​ឆ្នាំ2016កន្លងទៅ សេដ្ឋកិច្ចកម្ពុជា​នៅ​រក្សាបាន​កំណើន​ក្នុង​រង្វង់7.0% ដែល​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​កសិកម្ម កំណើន​រឹងមាំ​នៃ​វិស័យ​សំណង់ ទោះ​ជាមាន​កំណើន​ថយចុះ​បន្តិច និង​កំណើន​គួរឱ្យកត់សម្គាល់​នៃ​វិស័យ​មិនមែន​កាត់ដេរ​ក្ដី។ ប្រការនេះ​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប(ផសស) សម្រាប់​មនុស្ស​ម្នាក់​កើន​ពី1,216ដុល្លារ​នៅ​ឆ្នាំ2015 ដល់1,302 ដុល្លារ​នៅ​ឆ្នាំ2016 បើ​គិត​សរុប​សម្រាប់​មនុស្ស​ម្នាក់​ទទួលបាន​ប្រហែល108ដុល្លារ​ក្នុង​មួយខែ។

    យោងតាម​ការប៉ាន់ស្មាន ដោយ​ផ្អែក​តាម​ទិន្នន័យ​ស្ថិតិ​ជាក់ស្តែង​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ2017នេះ សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​នៅតែ​បន្ត​កំណើន​ក្នុង​រង្វង់ 6.9% ក្នុង​ឆ្នាំ2017 ដែល​ទាប​ជាង​ការប៉ាន់ស្មាន​កាលពីដើមឆ្នាំ ដែល​កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​វិស័យ​សំណង់ និង​វិស័យ​កសិកម្ម និង​កំណើន​ខ្ពស់​លើសពី​ការរំពឹងទុក​នៃ​វិស័យ​ទេសចរណ៍។

    វិស័យ​កសិកម្ម​ត្រូវបាន​ព្យាករ​ថា នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​រង្វង់ 2.0% នៅ​ឆ្នាំ2017 ចំណែក​វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ដែរ​ថា នឹងមាន​កំណើន​ថយចុះ​បន្តិច​ក្នុង​អត្រា 9.2% នៅ​ឆ្នាំ2017 ដោយសារ​ការថយចុះ​នៃ​កំណើន​ក្នុង​វិស័យ​កាត់ដេរ។ វិស័យ​កាត់ដេរ​រំពឹងថា មាន​កំណើន​ថយចុះ​មក​នៅត្រឹម 5.8% ចំណែក​វិស័យ​សំណង់​ត្រូវបាន​ព្យាករ​ថា នៅ​បន្ត​រឹងមាំ និង​ស្ថិតនៅក្នុង​គន្លង​មួយ​ដែលមាន​និរន្តរភាព​ជាង​មុន ទោះបី​មានការ​ថយចុះ​បន្តិច​មក​នៅត្រឹម14.4% ដោយសារ​ការរង់ចាំ​មើល​របស់​វិនិយោគិន ចំពោះ​ព្រឹត្តិការណ៍​បោះឆ្នោត ដែល​ខិតជិត​មកដល់ និង​វិធានការ​រឹតត្បិត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​ផ្តល់​ឥណទាន​ក្នុង​វិស័យនេះ។

    យោងតាម​តួលេខ​នៃ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF)បាន​បង្ហាញថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រជាជនមាន​ចំណូល​ទាប​ជាង​ប្រទេសជិតខាង​នៅក្នុង​តំបន់​អាស៊ី។ របាយការណ៍​ចេញផ្សាយ​កាលពី​ខែមេសា ឆ្នាំ2017 បង្ហាញថា ប្រជាជន​កម្ពុ​ជាមាន​ចំណូល​ត្រឹមតែ1,308ក្នុង​មួយឆ្នាំ ខណៈដែល​ឥណ្ឌូនេស៊ី​មាន​ចំណូល 3,895 ដុល្លារ​ក្នុង​មួយឆ្នាំ ថៃ 6,265ដុល្លារ/ឆ្នាំ ហ្វីលីពីន3,102ដុល្លារ/ឆ្នាំ ម៉ាឡេស៊ី 9,623ដុល្លារ/ឆ្នាំ សិង្ហបូរី 51,431ដុល្លារ/ឆ្នាំ វៀតណាម 2,305ដុល្លារ/ឆ្នាំ មី​យ៉ាន់​ម៉ា 1,374ដុល្លារ/ឆ្នាំ ឡាវ 2,051ដុល្លារ/ឆ្នាំ និង​ប្រ៊ុយណេ 28,740ដុល្លារ/ឆ្នាំ៕

  • ផ្ទុះការរិះគន់ថា  សម្រស់បវរកញ្ញាកម្ពុជា ចាញ់រៀតណាមដាច់!

    ផ្ទុះការរិះគន់ថា  សម្រស់បវរកញ្ញាកម្ពុជា ចាញ់រៀតណាមដាច់!

    បើតាម Facebook  Miss Grand International បានស្ដែងឱ្យឃើញថា បវរកញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាព Miss Grand Cambodia ដែលបានធ្វើដំណើរទៅប្រកួត Miss Grand International នៅប្រទេសវៀតណាម ហើយបានថតរូបប៉ុន្មានសន្លឹកជាមួយ Miss Grand Vietnam នោះ  បានធ្វើឲ្យអ្នកគាំទ្រវៀតណាមមួយចំនួនបញ្ចេញយោបល់នៅលើវីដេអូ Facebook Live ថា មានសម្រស់ចាញ់ Miss Grand Vietnam ដាច់ ជាពិសេសទៅលើសម្លៀកបំពាក់ និងសម្រស់។ យ៉ាងណាមិញ ក៏មានជនជាតិខ្មែរមួយចំនួនតូចបានចូលទៅរិះគន់សម្រស់របស់បវរកញ្ញា ខ្លឹម ស្រីគា ដូចគ្នាដែរ។

    មានអ្នកគាំទ្រខ្មែរបានចូលទៅ Comment នៅលើរូបរបស់បវរកញ្ញារូបនេះ ជាមួយបវរកញ្ញាវៀតណាម ដោយធ្វើការរិះគន់ និងប្រៀបធៀបចំៗថា “ឈុតនេះអត់ស្អាតសោះ​! រ៉ូបកម្ពុជាសាមញ្ញពេកហើយ!  ឈុតអត់ស្អាតហើយស្បែកជើងក៏យ៉ាប់ដែរ”  តែក្រៅពីនោះក៏នៅតែមានអ្នក Comment បែបលើកទឹកចិត្តផងដែរថា បើទោះបីជាមើលឃើញមិនសូវមានការពេញចិត្តយ៉ាងក៏ដោយ តែក្នុងនាមជាកូនខ្មែរដូចគ្នា យើងគួរតែរិះគន់បែបណាឱ្យស័ក្តិសមជាមនុស្សមានក្រមសីលធម៌ ? គួរណាស់តែកុំបង្អាប់ឈាមជ័រដែលកើតចេញពីអម្បូរតែមួយអី ព្រោះថា ការរិះគន់ប្រភេទខ្លះអាចបំបាក់ទឹកចិត្តបេក្ខភាពដែលបានចូលរួមប្រកួតឱ្យបាត់ភាពជឿជាក់ និងអស់សង្ឃឹមផងដែរ។

    គួរបញ្ជាក់ផងដែរថា កញ្ញា ខ្លឹម ស្រីគា មានវ័យ18ឆ្នាំ ជាសិស្សមកពីរាជធានីភ្នំពេញតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួត Miss Grand International ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី25 ខែតុលា ឆ្នាំ2017ខាងមុខនេះនៅប្រទេសវៀតណាម។ កម្មវិធីប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តឡើងនៅ VinpearlPhu Quoc Resort & Villas Convention Hall កោះភូកុក ឬហៅថា កោះត្រល់ ហ្នឹងឯង៕

     

  • តើន​រណា​នៅ​ពីក្រោយ​នៃ​ពាន រង្វាន់ ICT AWARDS ឆ្នាំ2017?

    តើន​រណា​នៅ​ពីក្រោយ​នៃ​ពាន រង្វាន់ ICT AWARDS ឆ្នាំ2017?

    កាលពីពេលថ្មីៗនេះ​កម្ពុជា​បានរៀបចំ​ការប្រកួតប្រជែង​ពានរង្វាន់ ICT Awards 2017 ដែលមាន​ស្ថាប័នឯកជន និង​ស្ថាប័នរដ្ឋ​ជាច្រើន​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​យ៉ាង​សស្រោកសស្រាំ។

    បន្ទាប់ពី​ការប្រកួត​គណៈកម្មការ​រៀបចំ​បាន​រកឃើញ​ម្ចាស់​ជ័យលាភី ICT Awards 2017 គឺ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ខណៈ​ក្រសួង​បានធ្វើ​កំណែទម្រង់​លើ​ការគ្រប់គ្រង​យានយន្ត​ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត ដែល​ផ្តល់​សេវា​ចុះបញ្ជី​យានយន្ត​ក្នុង​រយៈពេល​ត្រឹមតែ​ប្រមាណ2ថ្ងៃ​ប៉ុណ្ណោះ ជំនួស​ឱ្យ​ការប្រើប្រាស់​នីតិវិធី​ស្មុគស្មាញ​ចាស់ ដែល​ប្រើប្រាស់​ពេលវេលា​រាប់​ខែ។

    ជាមួយគ្នានេះ​ក្រសួង​ក៏បាន​ដាក់ឱ្យ​ប្រើប្រាស់​នូវ QR Code លើ​ស្លាក​លេខ​ម៉ូតូ រថយន្ត ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ដំបូង​គេ​នៅ​អាស៊ី​ផងដែរ។ ក្រោយពេល​ទទួល​ជ័យលាភី​ក្នុងការ​ប្រកួត​រួចមក ម្ចាស់​ជ័យលាភី​នៃ​ពានរង្វាន់​ខាងលើ​ក៏​កំពុង​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ថា្នក់​តំបន់​មួយទៀត គឺ ASEAN ICT Awards 2017 ដែល​បានចាប់ផ្តើម​ដំណើរការ​ដាក់ពាក្យ​ប្រឡង​កាលពី​ខែមេសា ឆ្នាំ2017 ហើយ​ត្រូវ​ប្រកួត​យក​ជ័យលាភី​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខ។ តើ​តំណាង​ពី​កម្ពុជា​អាចនឹងទទួល​បាន​ជ័យជម្នះ​នៅលើ​ឆាក​អន្តរជាតិ​ដែរ ឬទេ?

    តើ ICT Awards 2017 នេះ​បានផ្តល់​ប្រយោជន៍​ដូចម្តេចខ្លះ​ដល់​កម្ពុជា?

    លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​នឹងចូលរួម​ប្រកួតប្រជែង ASEAN ICT Awards 2017 ដោយផ្ទាល់ បាន​និយាយថា ការចូលរួម​ប្រកួត​យើង​សម្រេចបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ។ កម្មវិធី​នេះ​សម្រេច​ទៅបាន​ក្រោម​គំនិត​ផ្តួចផ្តើម​ដឹកនាំ​ធ្វើកំណែទម្រង់ និង​ការផ្តល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយពី​សំណាក់​ឯកឧត្តម​ទេសរ​ដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    កិច្ចខិតខំ​ប្រឹងប្រែង​នេះ​កំពុង​ជួយ​សម្រួល​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​មាន​ភាពងាយស្រួល​ក្នុងការ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​រថយន្ត​តាម​អន​ឡាញ​ក៏បាន តាម​ហាង​ទិញ​រថយន្ត​ក៏បាន និង​តាមរយៈ​មន្ត្រី​នៅ​កន្លែងធ្វើការ​ផ្ទាល់​ក៏បាន ដែល​អាច​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា មានន័យថា ប្រជាពលរដ្ឋ​លែង​ចំណាយ​សេវា​ក្រៅផ្លូវការ​ដូច​មុន​ទៀតហើយ។ អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ​គឺ​ប្រព័ន្ធ​ចុះបញ្ជី​ស្វ័យប្រវត្តិកម្ម​ថ្មី​មាន​ដាក់ QR Code នៅលើ​ស្លាក​លេខ​រថយន្ត និង​ទោចក្រយានយន្ត ឬ​ម៉ូតូ តែម្តង​ដោយ​វា​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង​ទោចក្រយានយន្ត ម៉ូតូ ឬ​រថយន្ត គឺ​មិនចាំបាច់​ចំណាយពេល​ទៅ​ឆែក​គល់បញ្ជី​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន ចៀសវាង​ការ​ក្លែងបន្លំ​ណាមួយ​ក្នុងការ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងបន្លំ​នោះ។

    លោកបាន​បន្តថា នីតិវិធីងាយៗក្នុងការ​ចុះបញ្ជី គឺ​ប្រជាពលរដ្ឋ​មាន​ជម្រើស3សម្រាប់​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ ទី1. អាច​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ដោយផ្ទាល់​ជាមួយ​មន្ត្រី​នៅ​ការិយាល័យ​ផ្តល់​សេវា​របស់​ក្រសួង ទី2. អាចធ្វើ​តាមរយៈ​ហាង​ដែល​បាន​ទិញ​រថយន្ត ឬ​ទោចក្រយានយន្ត​នៅនឹងកន្លែង និង​ទី3. អាច​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ។ វិធីសាស្ត្រ​ដែល​ងាយស្រួល​ជាងគេ គឺ​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​គ្រាន់តែ​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រសួង តាមរយៈ​អាសយដ្ឋាន https://vehicle.mpwt.gov.kh ដែល​បានផ្តល់​លទ្ធភាព​ឱ្យ​ម្ចាស់​រថយន្ត​ជ្រើសរើស​លេខ​រថយន្ត និង​ប្រភេទ​ស្លាក​ខ្នាត​ធំ ឬ​វែង​ដែល​ខ្លួន​ពេញចិត្ត ហើយ​បង់ក​ម្រៃ​សេវា Online ឬ​ទៅកាន់​បញ្ជរ Wing, LyHour ឬ SmartLuy ជាការ​ស្រេច។ ក្រោយពី​បង់ប្រាក់​រួចរាល់​អតិថិ​ជន​អាច​ជិះ​រថយន្ត​ទៅ​កឹ​ប​ស្លាក​លេខ នៅ​ទីតាំង​ធ្វើ​ស្លាក​លេខ​រថយន្ត​រាជធានី-ខេត្ត ដោយ​គ្រាន់តែ​ធ្វើដំណើរ​ទៅដល់​ទីតាំង​នោះគេ​នឹង​ផ្ទៀងផ្ទាត់​ព័ត៌មាន ក៏ដូចជា​ទិន្នន័យ​ដែល​បាន​ចុះបញ្ជី​តាម​អន​ឡាញ​ដើម្បី​កឹ​ប​ស្លាក​លេខ ហើយ​ផ្តល់​កាត​គ្រី​ជូនភ្លាមៗតែម្តង មិនបាច់​ចំណាយ​ក្រៅផ្លូវការ និង​មិនបាច់​រង់ចាំ​យូរ​ដូចពេលមុន​ទៀត​ទេ។

    ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ នឹងត្រូវ​ដាក់ចូល​ប្រកួតប្រជែង​ក្នុង​កម្មវិធី ASEAN ICT Awards 2017 ដែល​នឹងត្រូវ​ប្រកាស​ជ័យលាភី​នៅ​ចុងខែ​វិច្ឆិកា ខាងមុខនេះ ហើយ​គេ​រំពឹងថា​កម្ពុជា​នឹង​អាច​ដណ្តើមបាន​ជ័យលាភី​នេះ ដោយសារ​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​បែប​ថ្មី​នេះ ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​តម្លាភាព សុវត្ថិភាព និង​ទើបត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​កម្ពុ​ជាដំបូង​បំផុត ក្នុងចំណោម​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន។

    គួររំលឹកថា ក្រោយពេល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ហ៊ាង សុទ្ធា​យុ​ត្តិ បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី​ព័ត៌មានវិទ្យា​ជាច្រើន​ដូចជា ក្រុមហ៊ុន I-ways ក្នុងតួនាទី​ជា​អ្នកគ្រប់គ្រង បន្ទាប់មក​លោក​ក៏​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន Khmer Dev Company ក្រុមហ៊ុន Angkor One LLC និង​ជាទី​ប្រឹក្សា​បច្ចេកវិទ្យា​ព័ត៌មាន​ថ្នាក់​តំបន់​របស់​អង្គការសហប្រជាជាតិ​ស្ថិតិ (UNSD) ហើយក៏​ជាទី​ប្រឹក្សា​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា រៀបចំ​កម្មវិធី​គ្រប់គ្រង​ការប្រឡង​បាក់​ឌុប​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ផងដែរ។ ក្រោយមក​លោក​ក៏​ចូល​បម្រើ​ការងារ​នៅ​ក្រសួងពាណិជ្ជកម្ម ក្នុងតួនាទី​ជា​អនុប្រធាននាយកដ្ឋាន​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិក។ ការងារ​បច្ចុប្បន្ន​រប​ស់លោក​គឺជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕