Category: សង្គម និងសេដ្ឋកិច្ច

  • លោក បារ៉ាក់ អូបាម៉ា និងភរិយា ទាមទារយុត្តិធម៌ដល់ស្ត្រីរងគ្រោះពីផលិតករ Harvey Weinstein

    លោក បារ៉ាក់ អូបាម៉ា និងភរិយា ទាមទារយុត្តិធម៌ដល់ស្ត្រីរងគ្រោះពីផលិតករ Harvey Weinstein

    អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា និងភរិយាលោកស្រី Michelle បាននិយាយថា ពួកយើងស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់អ្នកផលិតខ្សែភាពយន្ត និងអ្នកផលិតកម្មវិធីលោក Harvey Weinstein ដែលបានបំពានផ្លូវភេទរបស់តារាស្រីៗ។

    កាលពីថ្ងៃអង្គារ ទី10 ខែតុលា ឆ្នាំ2017 សារព័ត៌មាន New Yorker បានចេញផ្សាយថា មន្ត្រីពាក់ព័ន្ធចំពោះបញ្ហាមួយនេះ នឹងបើកការស៊ើបអង្កេតលើករណីតារាស្រី 3 ដួង ដែលបានចេញមុខអះអាងថា ពួកនាងត្រូវបានរងការរំលោភបំពានផ្លូវភេទពីលោក Harvey Weinstein ក្នុងអំឡុងពេល 10 ខែខាងមុខ។

    ហើយថ្មីៗនេះ បើតាមសារព័ត៌មាន independent បានផ្សាយថា លោកបារ៉ាក់ អូបាម៉ា និងភរិយាបានចេញមុខយ៉ាងពេញទំហឹងនៅក្នុងរឿងនេះ ដោយបានលើកឡើងថា “ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់មានការខ្ពើមរអើមចំពោះទង្វើដ៏អាក្រក់របស់ Harvey Weinstein នេះណាស់។ បុរសនេះបានបន្ទាបបន្ថោក និងធ្វើឱ្យខូចខាតតម្លៃស្រ្តី  ហេតុនេះគាត់ត្រូវតែបានថ្កោលទោស និងទទួលខុសត្រូវចំពោះមុខច្បាប់ដោយមិនគិតពីទ្រព្យសម្បត្តិ ឬឋានៈគាត់ទេ”។

    គួបញ្ជាក់ផងដែរថា លោក អូបាម៉ា បានទាមទាររកយុតិ្តធម៌ និងទទូចបន្ថែមថា “យើងគួរសាទរចំពោះភាពក្លាហានរបស់នារីដែលបានចេញមុខមកនិយាយរឿងនេះទាំងក្ដីឈឺចាប់លាក់ទុកនៅក្នុងចិត្តយ៉ាងគ្រាំគ្រា ហើយយើងទាំងអស់គ្នាត្រូវតែកសាងវប្បធម៌មួយ ដែលជាការរួមចំណែកផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងការបង្រៀនកូនចៅរបស់យើង ឱ្យមានការគោរព និងឱ្យតម្លៃដល់ស្ត្រីឱ្យបានខ្លាំង” ៕

     

  • ក្រសួង​ការងារ កំពុង​សាង​កម្លាំង​ពលកម្ម ដើម្បី​អាច​ទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់

    ក្រសួង​ការងារ កំពុង​សាង​កម្លាំង​ពលកម្ម ដើម្បី​អាច​ទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់

    ភ្នំពេញ – ដើម្បី​កសាង​កម្លាំង​ជំនាញ និង​ឱ្យស្រប​ទៅតាម​ទីផ្សារការងារ  ថ្មីៗនេះ​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ2017-2025 ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​អាចមាន​កម្លាំង​ពលកម្ម​ជំនាញ​តម្រូវ​ទៅតាម​ទីផ្សារការងារ។

    សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន បាន​លើកឡើងថា ការបង្កើត​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថ្នាក់ជាតិ 2017-2025 គឺជា​ដំណើរការ​នៃ​ការកសាង​កម្លាំង​ជំនាញ​ឱ្យមាន​សមត្ថភាព និង​លទ្ធភាព​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដែលជា​កាតព្វកិច្ច​ដ៏​សំខាន់​ដើម្បី​ឈានទៅដល់​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម​ប្រកបដោយ​ចីរភាព។

    ជាមួយគ្នានេះ​សម្ដេច​ ហ៊ុន សែន បញ្ជាក់ថា ដើម្បី​ធានា​ឱ្យ​គោលនយោបាយ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស 2017-2025 អនុវត្ដ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ត្រូវ​បន្ដ​ពង្រឹង​ការអប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​បន្ដ​អនុវត្ដ​ប្រព័ន្ធ​ធានា​គុណភាព ពង្រឹង​គរុកោសល្យ និង​បច្ចេកទេស​របស់​គ្រូ​បណ្ដុះបណ្ដាល​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​ធនធាន​មូលដ្ឋាន​សម្រាប់​រៀន និង​បង្រៀន ដោយ​ឆ្លើយតប​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​តម្រូវការ​ទីផ្សារការងារ។

    ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានលើកឡើង​ថា ការបង្កើត​គោលនយោបាយ​នេះ​បានបង្ហាញ​ពី​ភាពចាំបាច់​នៃ​ការបង្កើត​យុទ្ធសាស្ដ្រ​នៃ​ការអប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​កម្លាំង​ពលកម្ម​ធ្វើយ៉ាងណា​ឱ្យ​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ។ ពិសេស​វា​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ដល់​វិស័យ​ឧស្សាហកម្ម​បង្កើត​ការងារ និង​ធានាបាន​គុណភាព​ផលិតភាព​ខ្ពស់​របស់​កម្លាំង​ពលកម្ម​ដែល​អាច​ប្រកួតប្រជែង​កាន់តែ​ប្រសើរ​ជាង​មុន​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់។ ក្នុងនោះ​ឯកឧត្ដម​បន្ដថា ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ឥតឈប់ឈរ និង​ស្វែងរក​ឧត្ដមភាព ទាមទារ​ឱ្យ​កម្ពុជា​កាន់តែ​ប្រឹងប្រែង​បង្កើន​គុណភាព​ក្នុង​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ឱ្យបាន​កម្រិត​អតិបរមា៕

  • កម្ពុជា​ទទួលបាន​ទឹកប្រាក់ 7.5លាន​ដុល្លារ សម្រាប់​ពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ 

    កម្ពុជា​ទទួលបាន​ទឹកប្រាក់ 7.5លាន​ដុល្លារ សម្រាប់​ពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ 

    ភ្នំពេញ៖ ដើម្បី​អភិវឌ្ឍ​ផលិតកម្ម និង​សេវាកម្ម និង​ការពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ​ឱ្យ​កាន់តែ​ប្រសើរឡើង កម្ពុជា​ទទួលបាន​ជំនួយឥតសំណង​ប្រមាណ​ជា 7.5 លាន​ដុល្លារ ពី​គម្រោង​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

    ថ្លែង​ក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (EIF) លើក​ទី25 ដោយមាន​ការចូលរួម​ពី​តំណាង​ឯកអគ្គរដ្ឋទូត​អ៊ឺរ៉ុប និង​តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅឯ​ខេត្តសៀមរាប នៅ​ថ្ងៃទី11 ខែតុលា​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បានឱ្យដឹងថា កម្មវិធី EIF ដែល​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​ឥត​សំណង​សរុប7.5លាន​ដុល្លារ ហើយ​បានធ្វើការ​លើ​គម្រោងធំៗរួមមាន​ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម ការសម្របសម្រួល និង​ជំរុញ​នាំចេញ និង​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ, សុវត្ថិភាព​ម្ហូបអាហារ និង​ភូតគាម​អនាម័យ។

    ឯកឧត្តម​មានប្រសាសន៍​ថា “តាមរយៈ​ជំនួយ​នេះ កម្ពុជា​អាច​បន្ត​ដើរតួ​ជា​ប្រទេស​ជោគជ័យ​មួយ​សម្រាប់​កម្មវិធី EIF នៅលើ​ពិភពលោក។ យុទ្ធសាស្ត្រ​DTIS មិន​ត្រឹមតែ​បម្រើ​ដល់​ការរៀបចំ​វិស័យសំខាន់ៗប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំណត់​ពី​ចំណុច​ខ្វះខាត​សមត្ថភាព ទាំង​នៅ​កម្រិត​ស្ថាប័ន និង​ធនធានមនុស្ស ដើម្បី​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម។

    បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​EIF បន្ត​ជួយ​ប្រទេស​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ទាំងឡាយ ដើម្បី​ធានា​និរន្តរភាព​លទ្ធផល​ក្នុង​រយៈពេល​យូរអង្វែង​ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​សម្រេចបាន​និរន្តរភាព​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ។
    ឯកឧត្តម ច​ច អេ​ត​ហ្គា ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម (AfT) ដើម្បី​ធានា​និរន្តរភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​ប្រទេស LDCs ហើយ​ចាប់តាំងពី​ឆ្នាំ2007 ដល់2015 សហគមន៍​អឺរ៉ុប និង​រដ្ឋ​សមាជិក បានផ្តល់ AfTដល់​ប្រទេស LDCs ចំនួន 96,8 ប៊ី​លាន​អឺរ៉ូ ដែល​ចំនួន​នេះ​ស្មើនឹង 1/3 នៃ​ទឹកប្រាក់ AfTពិភពលោក។ លើសពីនេះ សហគមន៍​អឺរ៉ុប​ក៏បាន​អនុញ្ញាតឱ្យ​ប្រទេស LDCs ចំនួន 47 រួមទាំង​កម្ពុជា​អាច​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)” ចាប់តាំងពី​ឆ្នាំ 2001មក។

    សម្រាប់​ប្រទេស​កម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថា សហគមន៍​អឺរ៉ុប បានផ្តល់ AfTដើម្បី​គាំទ្រ​ចំពោះ​វិស័យសំខាន់ៗចំនួន 5 ដូច​បានកំណត់​នៅក្នុង DTIS គឺ៖ អង្ករ សូត្រ​ប្រណីត ដំឡូង​មី ជលផល​សមុទ្រ និង​បដិសណ្ឋារកិច្ច ហើយ​ទន្ទឹមគ្នា​សហគមន៍​អឺរ៉ុប នឹង​បន្ត​ជួយ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា និង​ប្រទេស​ជា​សមាជិក EIF តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ។

    ទន្ទឹមគ្នានេះ ឯកឧត្តម អ៊ី​ឡយ ឡា​អ៊ូ​រូ ប្រធាន​ក្រុមប្រឹក្សាភិបាល​កម្មវិធី EIF និង​ជា​តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​ប្រទេស​បេ​នី​ន ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​ទទួលស្គាល់ថា កម្ពុជា​គឺជា​ប្រទេស (EIF) ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង ក្នុងការ​ប្រើប្រាស់​របៀប​វារៈ​ពាណិជ្ជកម្ម​ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​លទ្ធផល​ចាក​ចេញពី​ប្រទេស​ដែលមាន “ប្រាក់​មាន​ចំណូល​ទាប” ទៅជា​ប្រទេស​ដែលមាន “ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប” ដោយ​ជោគជ័យ។ ហើយ​ក្រុមប្រឹក្សា EIF មក​ទីនេះ ក្នុង​គោលបំណង​រៀនសូត្រ​អំពី​ភាពជោគជ័យ​របស់​កម្ពុ​ជា ដើម្បី​ចែករំលែក​ជូន​ប្រទេស​ដែលជា​សមាជិក EIF ផ្សេងៗលើ​ពិភពលោក។

    ឯកឧត្តម អ៊ី​ឡយ បាន​បន្តទៀតថា ក្រុមប្រឹក្សា EIF ក៏​នឹងធ្វើ​ការពិភាក្សា​ស្វែងរក​វិធីសាស្ត្រ​នានា​ដើម្បី​ជួយ​គាំទ្រ​ប្រទេស LDCs នៅឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​អង្គការ WTO លើក​ទី11 ដែល​នឹង​រៀបចំឡើង​នៅក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ហ្ស៊ែ​រ ប្រទេស​អា​ហ្ស​ង់​ទីន ដើម្បី​ធ្វើ​សមាហរណកម្ម​ចូលទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល និង​ទាញយក​អត្ថប្រយោជន៍​អតិបរិមា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ការចូល​ទីផ្សារថ្មីៗ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​សម្រេច​គោលដៅ​សហស​វត្សរ៍​ប្រកបដោយ​ចីរភាព៕

  • លោកស្រី ចេន សុភាព ៖ ចង់ក្លាយជាអ្នកដឹកនាំល្អត្រូវរៀន 3យ៉ាង

    លោកស្រី ចេន សុភាព ៖ ចង់ក្លាយជាអ្នកដឹកនាំល្អត្រូវរៀន 3យ៉ាង

    ការបង្កើតបរិយាកាស ក្នុងភាពជាអ្នកដឹកនាំ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព ជាចំណុចសំខាន់មួយដែលមនុស្សគ្រប់គ្នាចង់ធ្វើ ដើម្បីក្លាយជាអ្នកដឹកនាំស្ថាប័នល្អ មេគ្រួសារល្អ ឬជាអ្នកដឹកនាំក្រុមមួយដ៏ល្អ។

    ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំនេះ លោកស្រី ចេន សុភាព ស្ថាបនិក កីតម្បាញខ្មែរ និងជាជយលាភីលេខ1 ក្នុងវេទិកា ភាពជាអ្នកដឹកនាំស្តីពីការបង្កើតបរិយាកាសដើម្បីឱ្យមនុស្សម្នាក់ៗក្លាយជាអ្នកដឹកនាំ បានលើកឡើងថា ការដឹកនាំគឺសំដៅលើការដឹកនាំក្រុមណាមួយឱ្យដល់គោលដៅ ហើយដើម្បីក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាព និងដល់គោលដៅប្រកបដោយភាពវិជ្ជមាន បុគ្គលគ្រប់រូបគួររៀន 3យ៉ាង គឺរៀនរៀន (Learn to Learn) រៀនធ្វើ និងរៀនចែករំលែក។

    លោកស្រី ចេន សុភាព បាននិយាយថា៖ «​អ្នកដឹកនាំត្រូវតែជាមនុស្សដែលបន្តការអភិវឌ្ឍ​ឥតឈប់ឈរ ហើយដើម្បីក្លាយជាអ្នកដឹកនាំដែលមានគំនិតទូលំទូលាយគឺត្រូវតែចេះកសាងខ្លួនខ្លាំងបំផុតតាមរយៈការស្តាប់ ការអាន ការចូលរួមសិក្ខាសាលា និងរៀនពីគ្រប់មជ្ឈដ្ឋាន ព្រោះនៅសម័យបច្ចេកវិទ្យានេះ គឺគេត្រូវការចំណេះដឹងខ្លាំងបំផុត»។

    ស្ថាបនិកកីតម្បាញខ្មែរខាងលើបានលើកឡើងផងដែរថា ការរៀនគឺលោកស្រីផ្តោតសំខាន់លើការអាន ព្រោះថា ការអានអាចធ្វើឱ្យមនុស្សទទួលបាននូវចំណេះដឹងច្រើន និងមានប្រសិទ្ធភាព ជាវិធីផ្សេងៗ ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Harry Truman បានលើកឡើងថា «​គ្រប់អ្នកដឹកនាំសុទ្ធតែជាអ្នកពូកែអាន តែមិនមែនគ្រប់អ្នកអានសុទ្ធតែក្លាយជាអ្នកដឹកនាំនោះទេ»។ បន្ថែមពីលើនេះ ការរៀនស្តាប់ និងការៀននិយាយក៏ជាចំណុចចាំបាច់មួយរបស់មេដឹកនាំដែរ ព្រោះថា មេដឹកនាំដែលពូកែនិយាយ ពូកែបង្ហាញពីគម្រោងប្រកបដោយ​គុណភាព ​លុះត្រាតែជាអ្នកពូកែ​បំផុសទឹកចិត្តមនុស្សឱ្យមានការខិតខំប្រកបដោយសក្តានុពល​ ពូកែនិយាយធ្វើឱ្យគេមានជំនឿចិត្ត និងពូកែនិយាយឱ្យគេមានក្តីសង្ឃឹមជាដើម។

    លោកស្រី ចេន សុភាព បានបញ្ជាក់ផងដែរថា៖ «ជាអ្នកដឹកនាំល្អម្នាក់មិនមែនគ្រាន់តែពូកែនិយាយនោះទេ តែក៏ត្រូវពូកែធ្វើផងដែរ។ ត្រូវតែជាអ្នកដែលធ្វើជាគំរូល្អដល់​អ្នកគ្រប់គ្នា ប្រកបដោយការទទួលខុសត្រូវ និងការគោរព ជាពិសេសធ្វើជាគំរូដល់បុគ្គលិកដែលធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅរួម»។

    សហគ្រិនរូបនេះបានលើកឡើងផងដែរថា អ្នកដឹកនាំក៏ត្រូវតែជាអ្នកពូកែចែករំលែកទាំងចំណេះដឹង រឿងល្អៗ ការយកចិត្តទុកដាក់ និង​ការចែករំលែកក្តីស្រឡាញ់ទៅកាន់ក្រុមទាំងមូល៕

  • Angelina Jolie និងGwyneth Paltrow ធ្លាប់រងការរំលោភបំពានផ្លូវភេទជាទម្ងន់

    Angelina Jolie និងGwyneth Paltrow ធ្លាប់រងការរំលោភបំពានផ្លូវភេទជាទម្ងន់

    នៅថ្ងៃទី11 ខែតុលា ឆ្នាំ2017 សារព័ត៌មាន BBC បានចេញផ្សាយឱ្យដឹងថា អ្នកនាង Angelina Jolie និងអ្នកនាង Gwyneth Paltrow ដែលជាតារាសម្ដែងល្បីប្រចាំហូលីវូដ បានចេញមកសារភាពថា ពួកអ្នកនាង និងស្ត្រីជាច្រើនរូបទៀតសុទ្ធតែធ្លាប់រងការបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរពីអ្នកផលិតកម្មវិធីម្នាក់ដែលមានឈ្មោះថា Harvey Weinstein។

    អ្នកនាង Angelina Jolie បានហែកស្បែកមុខបុរសចំណាស់ម្នាក់នេះថា “នាងខ្ញុំធ្លាប់មានបទពិសោធអាក្រក់ៗជាមួយនឹងអ្នកផលិតកម្មវិធី Harvey Weinstein នៅអំឡុងពេលដែលនាងខ្ញុំនៅជាយុវវ័យនៅឡើយ ទើបនាងខ្ញុំបានសម្រេចចិត្តមិនបន្ដធ្វើការងារជាមួយនឹងគាត់ទៀត ព្រមទាំងបានដាស់តឿនដល់អ្នកផ្សេងៗទៀត មិនឱ្យចូលរួមការងារជាមួយបុរសចំណាស់ម្នាក់នេះ។ ការធ្វើបែបនេះដាក់ស្ត្រីភេទ គឺជារឿងរំលោភបំពានសុទ្ធសាធ នឹងមិនអាចលើកលែងទោសឱ្យបានឡើយ”។

    យ៉ាងណាមិញ មិនមែនមានតែតារាស្រី Angelina Jolie តែម្នាក់នោះទេដែលបានចេញមកបកស្រាយរឿងរបស់អ្នកផលិតកម្មវិធីរោគចិត្តមួយនេះ តែនៅមានអ្នកនាង Gwyneth Paltrow ដែលបានរៀបរាប់ដោយមិនលាក់បាំងប្រាប់អ្នកសារព័ត៌មាន BBC ថា “នៅពេលនោះនាងខ្ញុំនៅក្មេងពេក ហើយទើបតែបានចុះកិច្ចសន្យាជាមួយគាត់ នៅពេលនោះនាងខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ ខណៈនោះ នាងខ្ញុំក៏បានប្រាប់ដល់ Brad Pitt ផងដែរ ព្រោះពួកយើងនៅទាក់ទងគ្នានៅឡើយ ។ ហើយគាត់បានចេញមុខការពារនាងខ្ញុំពី Harvey Weinstein ដែរ។ ទោះយ៉ាងនោះក៏ដោយ ក្រោយកើតហេតុ នាងខ្ញុំបានគិតថា គាត់គង់តែនឹងបណ្ដេញខ្ញុំចេញដូចតែគ្នាទេ”។

    គួរបញ្ជាក់ផងដែរថា បើទោះមានការអះអាងពីនារីរងគ្រោះដោយការរំលោភបំពានផ្លូវភេទជាច្រើននាក់ដោយសារលោក Harvey Weinstein ក៏ដោយ ក៏ប៉ុន្ដែរហូតមកទល់ពេលនេះ បុរសចំណាស់រូបនេះនៅតែអះអាងប្រាប់អ្នកសារព័ត៌មានថា លោកត្រូវបានគេចោទទាំងបំពាន និងប្រឌិតរឿងដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោក៕

     

  • ការចេញលិខិត​បញ្ជាក់​កម្មសិទ្ធិ​ច្រើន​សន្លឹក​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ខ្ចីប្រាក់ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ

    ការចេញលិខិត​បញ្ជាក់​កម្មសិទ្ធិ​ច្រើន​សន្លឹក​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ខ្ចីប្រាក់ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ

    ភ្នំពេញ – ស្រប​ពេលដែល​វិស័យ​មីក្រូហិរញ្ញវត្ថុ​កំពុងមាន​អត្រាកំណើន​នៃ​អ្នកប្រើប្រាស់ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​កម្ពុជា​បាន​ក្រើនរំឭក​ដល់​អាជ្ញាធរ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការចេញលិខិត​បញ្ជា​ក់ក​ម្ម​សិទ្ធិ​ច្រើន​សន្លឹក​ឱ្យ​ប្រជាពលរដ្ឋ​សម្រាប់​ខ្ចីប្រាក់ ដើម្បី​ឈានទៅ​បញ្ជៀ​សប​ញ្ហា​ប្រឈម​នឹង​ហានិភ័យ​ទាំងឡាយ​ដែល​អាច​កើតឡើង​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។

    ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា  បច្ចុប្បន្ន​វិស័យ​មីក្រូហិរញ្ញវត្ថុ​មានការ​រីកចម្រើន​ដែល​អាច​មើលឃើញថា តាមរយៈ​អត្រាកំណើន​នៃ​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ពិសេស​ប្រជាពលរដ្ឋ​ពេញវ័យ​ដែល​កំពុង​ប្រើប្រាស់​សាវា​នេះ មានការ​កើនឡើង​ប្រមាណ 51% នៅ​ឆ្នាំ2017 ធៀប​ទៅនឹង​ឆ្នាំ2016 មាន​ប្រមាណ 8,7%។

    គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​ចំនួន 76 ស្ថាប័ន និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មាន​ចំនួន 286ស្ថាប័ន ដែលមាន​រហូតដល់​ថ្នាក់ឃុំ។ ទំហំ​ទឹកប្រាក់​កម្ចី​សរុប​ប្រមាណ 18,80 ទ្រី​លាន​រៀល ស្មើនឹង​ប្រមាណ 3,90 ប៊ី​លាន​ដុល្លារ ហើយ​ផ្តល់​ដល់​អតិថិជន​ចំនួន 1,8 លាន​នាក់ និង​ប្រាក់​បញ្ញើ​សរុប​ចំនួន 7,70 ទ្រី​លាន​រៀល ស្មើនឹង1,90 ប៊ី​លាន​ដុល្លារ និង​ទទួលបាន​អតិថិជន​ដែល​ផ្ញើ​ប្រាក់​ចំនួន1,7លាន​នាក់។

    អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​កម្ពុជា បាន​បន្ត​លើកឡើងថា ទន្ទឹមនឹង​ភាព​រីកចម្រើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៍មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ។  ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព អាជ្ញាធរ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​អំពី​ប្រភព​ស្របច្បាប់​នៃ​ដំណើរការ​ខ្ចីប្រាក់។ បន្ត​ការសហការ​អនុវត្តតាម​ផ្លូវច្បាប់​ទៅលើ​សមាគម អង្គការ ជនខិលខូច និង​អ្នករកស៊ី​ចងការ​ប្រាក់​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត។ ពិសេស​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់ មុន​ចេញ​លិខិត​បញ្ជាក់ជូន​ប្រជាពលរដ្ឋ​ដើម្បី​ខ្ចីប្រាក់ និង​ចៀសវាង​ការចេញលិខិត​ឱ្យ​ច្រើន​សន្លឹក និង​បញ្ឈប់​ការសហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុងការ​ដើរទារ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ។

    ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ពិនិត្យ​ថ្លឹងថ្លែង​ប្រកបដោយ​សមភាព និង​ពង្រឹង​ប្រសិទ្ធភាព​អនុវត្តតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា ចាត់វិធានការ​ចំពោះ​អ្នកផ្តល់​ប្រាក់កម្ចី​ឱ្យបាន​ម៉ឺងម៉ាត់ និង​ជំរុញ​បន្ត​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្តល់​សេវា​កម្ចី ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​មាន​លក្ខណៈ​អនុគ្រោះ​សម្រាប់​ពលរដ្ឋ​ក្រីក្រ ព្រមទាំង​បន្ត​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជូន​សាធារណជន​បន្ថែមទៀត អំពី​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ និង​បញ្ហាផ្សេងៗដែល​អាច​កើតឡើង​ពី​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នេះ៕

  • អ្នកគាំទ្រតារាចម្រៀងក្រុម EXO ធ្វើអត្តឃាតក្រោយដឹងថា Idol ខ្លួនមានសង្សារហើយ!

    អ្នកគាំទ្រតារាចម្រៀងក្រុម EXO ធ្វើអត្តឃាតក្រោយដឹងថា Idol ខ្លួនមានសង្សារហើយ!

    បើតាមប្រភពសារព័ត៌មានថៃ entertain.teenee ដែលចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា ក្រោយពីតារាចម្រៀង Luhan នៃក្រុមតារាចម្រៀង EXO បានប្រកាសកាលពីពេលមុននេះនៅលើបណ្ដាញសង្គមរបស់ខ្លួនថា ខណៈនេះលោកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាស្រីវ័យក្មេងអាយុ 17 ឆ្នាំ ជាជនជាតិចិននោះ  ភ្លាមៗនោះ ស្រាប់តែស្រីស្អាតអ្នកគាំទ្រម្នាក់មានឈ្មោះ គួន សៀវថុង អាយុ 20 ឆ្នាំបានសម្រេចចិត្តធ្វើអត្តឃាតដោយអារកដៃខ្លួនឯងនៅក្នុងបន្ទប់របស់ខ្លួនលើអគារខ្ពស់មួយ ព្រមទាំងបង្ហោះជាសាធារណៈទៀតផង។

    គួរបញ្ជាក់ផងដែរថា នៅទីបំផុតដំណឹងដ៏សែនរន្ធត់មួយនេះបានក្លាយជារឿងដ៏គួរឱ្យតក់ស្លត់មួយ និងក្លាយជាប្រធានបទក្ដៅនៅលើបណ្ដាញទំនាក់ទំនង weibo ដែលប្រជាជនចិននិយមប្រើប្រាស់  ព្រោះថាពួកគេគិត ថាអាចនឹងមាននារីៗអ្នកគាំទ្រ Luhan ជាច្រើននាក់ទៀតធ្វើអត្តឃាតជាបន្ដបន្ទាប់ ដោយសារតែភាពអស់សង្ឃឹមក្នុងក្ដីស្នេហារបស់ខ្លួនចំពោះ Luhan ៕

  • តារាម៉ូដែលថៃ 10 រូបដែលគ្មានអ្នកណាមើលដឹងថា ជានារីភេទទី 3

    តារាម៉ូដែលថៃ 10 រូបដែលគ្មានអ្នកណាមើលដឹងថា ជានារីភេទទី 3

    រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ ត្រូវបានចេញផ្សាយដោយសារព័ត៌មានកូរ៉េ koreaboo នៅព្រឹកថ្ងៃទី11 ខែតុលា ឆ្នាំ2017 នេះ ដោយបានកោតសរសើរចំពោះវេជ្ជសាស្ត្រកែសម្ផស្ស និងប្តូរភេទនៅប្រទេសថៃ ដែលក្នុងនោះមានតារាម៉ូដែលថៃចំនួន 10 រូប ដែលមានសម្រស់ស្រស់ស្អាតដូចទេពធីតា ហើយប្រសិនបើលោកអ្នកបានឃើញនោះ ប្រាកដជាមើលមិនដឹងឡើយថា ពួកនាងសុទ្ធតែជានារីប្ដូរភេទ ឬភេទទី3  និងមិនត្រឹមតែពួកនាងមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្ដែពួកនាងក៏បានបង្ហាញពីភាពជោគជ័យ និងឥទ្ធិពលនៃការកែសម្ផស្សទៀតផង។ ចង់ដឹងថា តើ​មានតារាដួងណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

    1.Tree chada Poyd (ទ្រី ឆាដា ផយ)

    នាង Tree chada Poyd ជាតារាសម្ដែង និងតារាម៉ូដែល ដែលមានភាពលេចធ្លោល្បីល្បាញជាងគេ និងថែមទាំងជានារីគំរូនៃក្រុមនារីភេទទី3ទៀតផង។

    2.JIratchaya Mo (ជីរ៉ាត់ឆាយ៉ា ម៉ូ)

    នារីម៉ូដែលភេទទី3ដ៏ស្រស់ស្អាតរូបនេះ បានឈ្នះពានរង្វាន់បវរកញ្ញាឯក Tiffany’s និង Miss International Queen ដែលសុទ្ធសឹងតែជាការប្រឡងបវរកញ្ញាអន្តរជាតិល្បីៗសម្រាប់នារីប្តូរភេទ។ បន្ទាប់ពីទទួលបានពានរង្វាន់ នាងបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងសំឡេងច្រៀងរបស់នាង ដែលមានសំឡេងដូចមនុស្សស្រីបេះបិទ តាមរយៈកម្មវិធី I Can See Your Voice ។

    3.Chananchida  Blossom (ចាណាន់ជីដា ប្លូសសំ)

    Chananchida គឺជាបេក្ខភាពប្រកួតប្រជែង Miss Tiffany’s Universe 2013 ហើយជាកីឡាការិនីរត់ប្រណាំងលើកដំបូងលំដាប់ថ្នាក់លេខ 1 ក្នុងកីឡារបស់ស្ត្រីប្ដូរភេទនៅក្នុងប្រទេសថៃផងដែរ។

    4.Nathachat Hana (ណាត់ថាឆាត ហាណា)

    Nathachat Hana គឺជានារីដ៏ស្រស់សោភាសម្បុរខ្មៅស្រអែមម្នាក់ ដែលមានទម្រង់មុខស្រួចពីកំណើត ព្រមទាំងមានដងខ្លួនស្រឡូន ហើយនាងជាតារាបង្ហាញម៉ូដអាជីពដ៏អស្ចារ្យ។ នាងទទួលបានអ្នកគាំទ្រជាច្រើនតាមរយៈការអញ្ចើញចូលរួមជាតារាកិត្តិយសនៅក្នុងកម្មវិធី “The Face Thailand Season 3” ។

    5.Rinrada Yoshi (រីនរ៉ាដា យ៉ូឈិ)

    Rinrada គឺជាតារាសម្តែង និងជាតារាបណ្ដាញទំនាក់ទំនងសង្គមល្បីឈ្មោះមួយរូបដែលមានទម្រង់មុខដូចតុក្កតា។ ហើយកន្លងមកនាងបានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀង និងខ្សែភាពយន្តជាច្រើន ដែលបច្ចុប្បន្ននេះ តម្លៃខ្លួនរបស់នាងខ្ពស់មិនចាញ់តារាជួរមុខប៉ុន្មានឡើយ។

    6.Woranun Frame (វរ៉ាណាន់ ហ្វ្រេម)

    នារីប្ដូរភេទរូបនេះ ជាតារា Net IDOL ដែលមានឈ្មោះល្បីម្នាក់ទៀត ហើយនាងត្រូវបានស្ថានីយទូរទស្សន៍ជាច្រើនអញ្ចើញនាងឱ្យផ្ដល់បទសម្ភាសជុំវិញ ភាពស្រស់ស្អាតនៃសម្រស់របស់នាង។ សព្វថ្ងៃនេះ នាងមានអាជីពជាតារាសម្ដែង បង្ហាញម៉ូដ និងជាពិធីការិនី។

    7.Monthana Jeen (មន់ថាណា យីន)

    Monthana Jeen ជាតារាបង្ហាញម៉ូដល្បីល្បាញ ហើយនាងធ្លាប់បានទៅចុះឈ្មោះចូលធ្វើបរិច្ចាគកិច្ចជាយោធាថៃ តែជាអកុសលនាងចាប់បានសន្លឹកឆ្នោតពណ៌ខ្មៅ (រួចខ្លួនពីការធ្វើបរិច្ចាគកិច្ចយោធា)។

    8.Pemika Pynk (ភេមីកា ភិង)

    Pemika Pynk ជានារីម៉ូដែលអាជីព និងជាអ្នកតំណាងមន្ទីរពេទ្យកែសម្ផស្សរបស់ប្រទេស កូរ៉េ ផងដែរ។

    9.Patta Nadia (ផាត់ថា ណាឌៀ)

    តារាមួយដួងនេះ មានឈ្មោះល្បីតាមរយៈការប្រកួតក្នុងកម្មវិធី Miss Mimosa Queen Thailand in 2015 ហើយសព្វថ្ងៃនេះ នាងជាតារាសម្ដែង តារាម៉ូដែល និងអ្នករបាំអាជីព។

    10.Chalisa Rose (ឆាលីហ្សា រ៉ូហ្ស)

    Chalisa គឺជានារីប្តូរភេទទីមួយរបស់ប្រទេសថៃ ដែលទទួលបានកិត្តិយសទៅសម្ដែងក្នុងខ្សែភាពយន្ដខ្នាតធំរបស់ប្រទេសចិន និងជាតួអង្គចម្បងទៀតផង។ បច្ចុប្បន្ននេះ នាងបានក្លាយជាតារាសម្ដែងរបស់ប្រទេសចិនពេញសិទ្ធិ និងភាគច្រើនអ្នកគាំទ្រឧស្សាហ៍បានឃើញនាងសម្ដែងក្នុងរឿងកំប្លែងទូរទស្សន៍នៅក្នុងប្រទេសចិន៕

     

  • រដ្ឋាភិបាល​ប្រកាស​ចំណាយ 40លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​បន្ថែម​ប្រាក់ខែ​ឱ្យ​កម្មករ

    រដ្ឋាភិបាល​ប្រកាស​ចំណាយ 40លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​បន្ថែម​ប្រាក់ខែ​ឱ្យ​កម្មករ

    ភ្នំពេញ៖ ដើម្បី​លើកកម្ពស់​ជីវភាព​កម្ម​ករ-កម្មការិនី​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង រាជរដ្ឋាភិបាល​បានសម្រេច​ចំណាយ​ថវិកាជាតិ​ក្នុង​មួយឆ្នាំ​ប្រមាណ​ជា40លាន​ដុល្លារ ដើម្បី​បង្គ្រប់​ប្រាក់ខែ​កម្មករ​ឱ្យបាន​ដល់ 170ដុល្លារ​ចាប់ពី​ឆ្នាំ2018 ខាងមុខ​តទៅ។

    ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ2017-2025 នៅ​វិមាន​សន្តិភាព ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្តែង​ការអបអរសាទរ​ចំពោះ​ការស្រុះស្រួល​គ្នា​លើ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ-និយោជិត​នៅ​ឆ្នាំ2018 ដែល​ព្រម​ទទួលយក​តួលេខ165ដុល្លារ និង​ការបន្ថែម​ពីលើ​ដោយ​រាជរដ្ឋាភិបាល 5ដុល្លារ​ទៀត​ស្មើ170ដុល្លារ។

    ការបន្ថែម 5ដុល្លារ​ពីលើ​ប្រាក់​ឈ្នួល​របស់​កម្មករ​នៅ​ឆ្នាំ2018នេះ ធ្វើឱ្យ​រាជរដ្ឋាភិបាល​ខាតបង់​ជាង 40លាន​ដុល្លារ​អាមេរិក​តាមរយៈ​ការអនុគ្រោះ​ពន្ធ​កាត់​ទុក ដោយ​ពន្យារ​រហូតដល់​ឆ្នាំ2022 និង​ការយក​ប្រាក់កម្រៃ​លើ​ការនាំចេញ។

    យោងតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ថវិកា​ឆ្នាំ2018 បាន​កំណត់ថា ប្រាក់បៀវត្សរ៍​ចាប់ពី1លាន 2សែន​រៀល​ឡើងទៅ​ទើប​ជាប់ពន្ធ។ សម្តេច​រំពឹងថា រដ្ឋសភា​នឹង​គាំទ្រ​ចំពោះ​ច្បាប់​ថវិកាជាតិ​ថ្មី​នេះ និង​ស្នើឱ្យ​ពិចារណា​ធ្វើយ៉ាងណា​កុំ​ឱ្យមាន​គម្លាត​គ្នា​ខ្លាំង​លើ​ប្រាក់ឧបត្ថម្ភ​ពេល​មរណភាព ទាំង​មរណភាព​ធម្មតា និង​ក្នុងពេល​បេសកកម្ម​រវាង​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ។

    សូម​រំឭកថា ក្រៅពី​ប្រាក់ខែ170ដុល្លារ​នេះហើយ កម្មករ-កម្ម​ការ​នី​ក៏​នៅមាន​ប្រាក់ខែ​ឧបត្ថម្ភផ្សេងៗទៀត ក្នុងនោះ​មានដូចជា ៖

    -ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន 7ដុល្លារ​អាមេរិក​ក្នុង​មួយខែ។
    -ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន10ដុល្លារ​ក្នុង​មួយខែ។

    -ប្រាក់​ថ្លៃ​បាយ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន 2,000រៀល​ក្នុង​មួយថ្ងៃ ឬ​ទទួលបាន​បាយ​ដោយ​ឥតគិតថ្លៃ។
    -និង​ប្រាក់រង្វាន់​អតីតភាព​ការងារ​ចំនួន 2ដុល្លារ​ដល់11ដុល្លារ​ក្នុង​មួយខែ សម្រាប់​កម្មករ-និយោជិត​ដែល​បានធ្វើការ​ចាប់ពី​ឆ្នាំ​ទី2 ដល់​ឆ្នាំ​ទី11 ។

    ដូច្នេះ ជា​មធ្យម​និយោជិត​ម្នាក់​នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ពី 187ដុល្លារ ទៅដល់198 ដុល្លារ​ក្នុង​មួយខែ៕

  • Robben ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់

    Robben ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់

    ការរំពឹងទុក​ពី​ការធ្លាក់​ចេញពី​យុទ្ធនាការ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់ បានកើត​ឡើង បើទោះបី​ពួកគេ​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ក្នុង​លទ្ធផល 2-០ នា​កីឡដ្ឋាន Amsterdam Arena កាលពី​ថ្ងៃ​អង្គារ​ក៏ដោយ ខណៈដែល​ពួកគេ​ត្រូវ​ឈ្នះ​ដោយ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ដល់​ទៅ7គ្រាប់ ទើប​មាន​សិទ្ធិ​ឈ្នះ​កៅអី​ទៅ​ប្រកួត​ក្នុង​វគ្គ Playoff។

    ស្របពេល​ជាមួយគ្នានេះ Arjen Robben ដែល​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ទាំង2គ្រាប់​នោះ បានប្រកាស​ពី​ការចូលនិវត្តន៍​របស់​គេ​ពី​កីឡាបាល់ទាត់​អន្តរជាតិ ក្រោយពី​បាន​ចំណាយពេល​លេង​អស់​រយៈពេល14ឆ្នាំ​រួចមក។ គ្រាប់​បាល់​បញ្ចូល​ទី​ទាំងពីរ​គ្រាប់​របស់គេ​សុទ្ធសឹង​បាន​កើតឡើង​ក្នុង​តង់​ទី1 ប៉ុន្តែ វា​នៅតែ​មិន​គ្រប់គ្រាន់​ក្នុងការ​រារាំង​មិន​ឲ្យ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ឈានទៅ​កាន់​វគ្គ Playoffបានឡើយ។ ក្រុម​ជម្រើសជាតិ​ទាំងពីរ​បានបញ្ចប់​ដោយមាន19ពិន្ទុ​ដូចគ្នា ដោយ​ឈរ​នៅ​ពីក្រោយ​ក្រុម​ជម្រើសជាតិ​បារាំង ក្នុង​ពូ​ល A ប៉ុន្តែ ស៊ុយអែត បានបញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 ដោយសារ​តែមាន​គ្រាប់​បាល់​ច្រើនជាង។ Robben វ័យ33ឆ្នាំ​បាន​ស៊ុត​បាល់​បញ្ចូល​ទី37គ្រាប់​ក្នុងការ​បង្ហាញខ្លួន96លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ និង​បាន​ជួយ​ឲ្យ​ពួកគេ​ឈានទៅ​ប្រកួត​ព្រឹត្តិការណ៍ World Cup វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ2010 មុននឹង​ពួកគេ​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្នុង​លទ្ធផល 1-០ បន្ទាប់ពី​នាទី​បន្ថែម15នាទី​ពីរដង។

    ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ក៏​ធ្លាប់បាន​ឈានទៅដល់​ការប្រកួត​វគ្គ4ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ2014 ផងដែរ មុនពេល​ចាញ់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដោយ​បាល់​ប៉េ​ណា​ល់​ទី។ Robben ដែល​បានធ្វើការ​បង្ហាញខ្លួន​ជា​អន្តរជាតិ​ជា​លើក​ទី1របស់គេ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ កាលពី​ឆ្នាំ2003នោះ បាន​ឲ្យ​ដឹងថា៖ «រយៈពេល14ឆ្នាំ ពិតជា​ឆ្នាំ​ដ៏​អស្ចារ្យ និង​ប្រកបដោយ​ផ្លែផ្កា​មែន»៕

    ប្រភពពី៖ The Guardian