Category: សង្គម និងសេដ្ឋកិច្ច

  • ហេតុអ្វី​ក្មេង​ត្រូវ​អាន​សៀវភៅ​សម្រាប់​កុមារ?

    ហេតុអ្វី​ក្មេង​ត្រូវ​អាន​សៀវភៅ​សម្រាប់​កុមារ?

    ក្មេងៗជា​អនាគត​ធនធានមនុស្ស​យ៉ាងសំខាន់​របស់​សង្គម ហើយ​នៅពេលដែល​ក្មេង​តូច​ត្រូវបាន​អភិវឌ្ឍ​បានល្អ ពួកគេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព​លើ​គ្រប់ផ្នែក ឬ​អាច​ក្លាយជា​សម្រេច​ក្តី​ស្រមៃ​ឪពុកម្តាយ​បាន​យ៉ាង​ល្អ​បំផុត។

    ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ក្មេង ការអាន ជា​គន្លឹះ​សំខាន់​មួយ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ពួកគេ ព្រោះថា​នៅពេលដែល​ពួកគេ​ចាប់ផ្តើម​ចេះ​អាន ឬ​ចូលចិត្ត​អាន ពួកគេ​នឹង​អាច​ទទួលបាន​នូវ​ប្រយោជន៍​ជាច្រើន​ពី​តម្លៃ​អប់រំ​នៃ​មេរៀន​នោះ។

    កញ្ញា ហ៊ីង ស្រីរ័ត្ន អ្នកនិពន្ធ​សៀវភៅ​កុមារ​សម្រាប់​គ្រឹះស្ថានបោះពុម្ពផ្សាយ​មួយចំនួន​នៅ​កម្ពុជា បាន ប្រាប់ថា កុមារ​មានគំនិត​ប្លែក​ខុសពី មនុស្ស​ធំ ហើយ​ពេលខ្លះ​ការដោះស្រាយ​បញ្ហា​បែប​កុមារ​អាចធ្វើឱ្យ​មនុស្ស​ធំ​មានការ​ភ្ញាក់ផ្អើល។ ការ​តែង​និពន្ធ​សៀវភៅ​រឿង​សម្រាប់​កុមារ​គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​បញ្ហា​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកនិពន្ធ តែ​ពេលខ្លះ​អ្នកនិពន្ធ​មិនអាច​ឆ្លើយ​បានល្អ​បំផុត​នោះទេ​សម្រាប់​ការ​បញ្ចប់រឿង​របស់ខ្លួន។ ហេតុនេះ​អ្នកនិពន្ធ​ត្រូវ​ចូលទៅ​ជិត​កុមារ​បំផុត​ដើម្បី​ធ្វើការ​សាកសួរ ហើយ​ដកស្រង់​យកគំនិត​ដែល​ប្លែក ឬ​ល្អ​បំផុត​ដែល​ខ្លួន​នឹកស្មាន​មិន​ដល់​ដើម្បី​អប់រំ​ដល់​កុមារ​ជាច្រើន​ផ្សេងទៀត​ដែល​បាន​អាន។

    កញ្ញា ស្រីរ័ត្ន បាន​និយាយថា៖ “នៅពេលដែល​កុមារ​រីករាយ​ជាមួយនឹង​ការ អាន និង​ចេះ​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​បានល្អ ពួកគេ​នឹង​យក​សកម្មភាព​ទាំងអស់នេះ​ទៅ​អនុវត្ត​ក្នុងការ​រស់នៅ​របស់គេ ដែល​ធ្វើឱ្យ​ពួកគេ​ចេះ​ដោះស្រាយ​បញ្ហា​បានល្អ​បំផុត ឬ​ដកស្រង់​គំនិត​ទាំងអស់នេះ​ជា​មូលដ្ឋាន​ដើម្បី​បង្កើត​ដំណោះស្រាយថ្មីៗប្រកបដោយ​ភាព​ឆ្លាត​វៃ ដែល​គ្រប់គ្នា នឹកស្មាន​មិន​ដល់»។

    បើតាម​អ្នកនិពន្ធ​វ័យក្មេង​ខាងលើ ការ បណ្តុះ គំនិត​ច្នៃប្រឌិត និង​ភាព​វៃឆ្លាត​របស់ កុមារ​កម្ពុជា ជាការ​កសាង​គ្រឹះ​មួយ​យ៉ាងរឹងមាំ​សម្រាប់​អនាគត​របស់​យុវជន​នៅក្នុង​សង្គម។

    ស្រដៀង​គ្នា​នេះដែរ លោក ឈូ ជី​និ​ត អ្នកនិពន្ធ​សៀវភៅ​កុមារ​បាន​លើកឡើងថា សៀវភៅ​អប់រំ​សម្រាប់​កុមារ​មានគុណ​តម្លៃ​ខ្ពស់​ដើម្បី​បណ្តុះ​ផ្នត់គំនិត និង​ចរិតលក្ខណៈ​ឱ្យ​កុមារ​ចេះ​យល់ដឹង​ដោយ​ខ្លួនឯង​នូវ​ទង្វើ​ទាំងឡាយណា​ដែល​គួរ​ធ្វើ និង​ទង្វើ​ទាំងឡាយណា​ដែល​មិនគួរ​ធ្វើ។ ជាធម្មតាកុមារៗដែល​ចូលចិត្ត​អាន​សៀវភៅ គឺជា​កុមារ​ក្លាហាន និង​មាន​ភាព​វៃឆ្លាត​ជាង​កុមារ​ដែល​មិន​ចូលចិត្ត​អាន។ គំនិត​របស់​កុមារ​ដែល​ធ្លាប់បាន​អាន​មាន​លក្ខណៈ​ទូលំទូលាយ និង​មាន​ទម្លាប់​ល្អ​ជាង​កុមារ​ដែល​មិន​ចូលចិត្ត​អាន​សៀវភៅ៕

  • ស្មា​ត​ហ្វូ​ន​កាមេរ៉ា 4 របស់ Huawei បង្ហាញខ្លួន​លើកដំបូង​នៅ​កម្ពុជា តម្លៃ​ត្រឹមតែ 329 ដុល្លារ

    ស្មា​ត​ហ្វូ​ន​កាមេរ៉ា 4 របស់ Huawei បង្ហាញខ្លួន​លើកដំបូង​នៅ​កម្ពុជា តម្លៃ​ត្រឹមតែ 329 ដុល្លារ

    ភ្នំពេញ៖ ទីបំផុត​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក Huawei ប្រចាំ​កម្ពុជា ដាក់​បង្ហាញ​វត្តមាន និង​ឲ្យ​ប្រើប្រាស់​សាកល្បង​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា 4 nova 2i លើកដំបូង​ក្នុង​ពិធី​ជំនួប បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តារាល្បីៗ នៅ​ថ្ងៃទី 12 ខែតុលា ឆ្នាំ 2017។

    កម្មវិធី​នេះ ធ្វើឡើង​នៅក្នុង​ទីស្នាក់ការ ក្រុមហ៊ុន Huawei ផ្ទាល់​ជាមួយនឹង​ភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និង​តារាល្បីៗ សរុប​ប្រមាណ​ជាង 20នាក់។ មាន​វត្តមាន​ជា​ភ្ញៀវកិត្តិយស​នៃ​កម្មវិធី​ដ៏​វិសេស​នេះ តារា​សម្តែង និង​បង្ហាញ​ម៉ូដ​ល្បីឈ្មោះ កញ្ញា ភី យ៉ា វេ​កា និង មុន្នី រ​ត្ន័ លើកសរសើរ​មិន​ដាច់​ពី​មាត់ ពី​រូបរាង​ពិត​របស់​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei nova 2i ថា “រាង​ស្អាត អេក្រង់​ធំ​ពេញភ្នែក ថតរូប​ច្បាស់​ស្អាត​ទាំងមុខ​ក្រោយ ពិតជា​ល្បី​ដូច​ឈ្មោះ​មែន! ទ្រាំ​អត់​បានទេ ក​ម្ម៉​ង​ទុក​មួយ​ដែរ​សិន។

    Huawei nova 2i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង អេក្រង់​ធំ ពេញភ្នែក ពេញ​គែម 5.9 អ៊ី​ញ (HUAWEI FullView Display) ជាមួយនឹង​សមត្ថភាព កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP ភ្ជាប់​ជាមួយនឹង Smart Selfie Toning Flash ឯកទេស​អ្នក Selfie មួយ​គ្មាន​ពីរ អាច​ផ្តិត​យក​រូបភាព​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ី​វិ​ល័យ និង​រស់​រវើក។ ចំណែកឯ កាមេរ៉ា​ភ្លោះ ខាងក្រោយ​វិញ 16MP/2MP មាន​សមត្ថ​ភាពខ្លាំង អាច​ផ្តិត​យក​រូបភាព បែប​សិល្បៈ ស៊ី​វិ​ល័យ កម្រិត​ខ្ពស់ ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ស្រស់ស្អាត​ល្អ (bokeh) និង​ជួយ​បន្ថែម​ពន្លឺ សម្រាប់​ទីតាំង ដែលមាន ពន្លឺ​ខ្សោយ ដូច​កាមេរ៉ា​អាជីព។ HUAWEI nova 2i ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Octa-core Kirin 659, មាន​រ៉េ​ម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android-7 ជាមួយនឹង​ថាមពល​ថ្ម​ធំ​មហិមា 3,340mAh ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​កប់ Best 4G LTE Smart Ever ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី​អស្ចារ្យ កាន់តែ​លឿន និង អស់​កង្វល់​រឿង​អស់​ថ្ម ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម ។

    លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ របស់ ក្រុមហ៊ុន Huawei កម្ពុជា​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ យើង​ទទួល​បានការ​ម្ម៉​ង់​ទុក សម្រាប់​ស្មា​ត​ហ្វូ​ន Huawei nova 2i លើសពី​ការរំពឹងទុក​សម្រាប​ស្តុក​ដំបូង។ លោក អែម យុ​ទ្ធូ បន្ថែមថា៖ “ក្រោយពី​ដាក់​បង្ហាញ​នូវ​រូបរាង​ពិត គុណ​ភាពល្អ​ជាងគេ ទំនើប​ជាងគេ ថត​ស្អាត​ជាងគេ កាមេរ៉ា​ដល់​ទៅ 4 សេវា​កប់ ថ្ម​កាន់​បានយូរ​ជាងគេ តម្លៃ​ល្អ​ជាងគេ គឺ​ត្រឹមតែ 329ដុល្លារ ខ្ញុំ​ជឿថា​ក្រុមហ៊ុន Huawei នឹង​ទទួលជោគជ័យ​ខ្លាំង​សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​កាមេរ៉ា៤ nova 2i ជាក់​ជាពុំខាន ”។

    សម្រាប់ អតិថិជន​ដែល​ពុំទាន់​បានធ្វើការ​ក​ម្ម៉​ង់​ទុក​មុន នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i សូម​ប្រញាប់​រួសរាន់​ឡើង ចាប់ផ្តើម​កក់​ទុក​មុន​ភ្លាម នឹង​ទទួលបាន​កាដូ​យ៉ាងច្រើន សន្ធឹកសន្ធាប់ ពី​ក្រុមហ៊ុន Huawei រួមមាន ដង​ថតរូប (Selfie Stick), ក្រវិល​ទម្រ​ទូរ​សព្ទ (Phone Ring), កាស​ធំ​ពាក់​ក្បាល សម្រាប់​ស្តាប់​តន្ត្រី (Big Head Ear Phone) និង​ស៊ីម​ស្មា​ត​ជាមួយនឹង​កញ្ចប់​សេវាកម្ម ធំ​ម្ម៉​ង់​រយៈពេល 24សប្តាហ៍ ឥតគិតថ្លៃ និង​តម្លៃ​ពិសេស​ត្រឹមតែ 329ដុល្លារ។ អតិថិជន អាច​អញ្ជើញ​សាកសួរ​ព័ត៌មាន​អំពី កម្មវិធី ក​ម្ម៉​ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន Huawei ស៊េរី​ថ្មី កាមេរ៉ា​ភ្លោះ​មុខ ភ្លោះ​ក្រោយ nova 2i នៅតាម​បណ្តា​ហាង សាខា​លក់​ទូរស័ព្ទ ដែលមាន ភ្នាក់ងារ​បុគ្គលិក​លក់ ឬ ស្លាក​សញ្ញា Huawei ចាប់ពី​ថ្ងៃនេះ​តទៅ។

    គួរ​បញ្ជាក់ថា រាល់​អតិថិជន​ដែល​បានធ្វើ​ការបញ្ជា​ទុក​មុន នឹង​អាច​ទទួលបាន​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i កាមេរ៉ា​បួន នៅ​ថ្ងៃទី 25 ឬ 26 ខែតុលា 2017។ ព័ត៌មាន​លម្អិត​សូម​សាកសួរ ហាង​លក់​ទូរ​សព្ទ​ដែលមាន​ស្លាក​សញ្ញា Huawei ឬ បុគ្គលិក​លក់ Huawei។ Huawei ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមធំៗ ថែម​ឥត​ល្ហែ ថែម​មួយ​កំ​ប្លេ​រ ថែម​មិន​សំចៃ តម្លៃ​កប់​ពេញចិត្ត​ស្តូក ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫ​កាដូ​អស់ពី​ស្តុក។ អតិថិជន នឹង​ទទួលបាន​កាដូភ្លាមៗ ច្រើន​កប់​ចិត្ត ដោយ​គ្រាន់តែ​ជាវ ស្មា​ត​ហ្វូ​ន រឺ​ថេ​ប្លេ​ត Huawei ម៉ូ​ដែល​ណាមួយ​ក៏បាន នៅតាម​ហាង​លក់​ទូរ​ស័ព្ទ​នានា ដែលមាន​ភ្នាក់ងារ​បុគ្គលិក​លក់ រឺ​ស្លាក​សញ្ញា Huawei៕

  • បណ្ឌិត​តាន់ មុនី​វណ្ណ៖ គ្រាន់តែ​មានទ្រព្យ​សម្បត្ដិ មិនទាន់​រាប់​ជា​បុគ្គល​ដ៏​អស្ចារ្យ​ទេ

    បណ្ឌិត​តាន់ មុនី​វណ្ណ៖ គ្រាន់តែ​មានទ្រព្យ​សម្បត្ដិ មិនទាន់​រាប់​ជា​បុគ្គល​ដ៏​អស្ចារ្យ​ទេ

    បច្ចុប្បន្ន​មាន​បុគ្គល​ជាច្រើន​តែងតែ​ចង់​ក្លាយជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ។ លោក​បណ្ឌិត តាន់ មុនី​វណ្ណ លើកឡើងថា វា​មិនមែន​រឿង​ងាយស្រួល​នោះទេ ដើម្បី​ក្លាយជា​បុគ្គល​ដ៏​អស្ចារ្យ ក្រៅពី​ត្រូវមាន​គតិបណ្ឌិត​អស្ចារ្យ បុគ្គល​ម្នាក់​នោះ​ក៏​ត្រូវមាន​សកម្មភាព​អស្ចារ្យ ឬ​ល្អ​ជាង​អ្នកដទៃ​ផងដែរ។ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​មាន​ចំណុច​ពិសេស​ទាំងនេះ?

    លោក​បណ្ឌិត តាន់ មុនី​វណ្ណ បញ្ជាក់​ដើម្បី​ក្លាយខ្លួនជា​អ្នក​បុគ្គល​មាន​គតិបណ្ឌិត​អស្ចារ្យ និង​មាន​សកម្មភាព​អស្ចារ្យ មិនមែន​យើង​ត្រូវធ្វើ​នៅ​ពាក់កណ្ដាល​អាយុ​នោះទេ។ នៅ​ប្រទេស​ជឿនលឿន​នៅពេល​គេ​ឱ្យ​តម្លៃ​បុគ្គល​ម្នាក់​អស្ចារ្យ​គេ​ត្រូវ​ពិនិត្យមើល​ទង្វើរ​របស់​គាត់​តាំងពីក្មេង​មកម្ល៉េះ។ ប្រសិនបើ​យើង​ធ្វើ​អ្វី​មិនល្អ យើង​នឹង​មិនអាច​ក្លាយជា​បុគ្គល​ដ៏​អស្ចារ្យ​បានឡើយ ដូច្នេះ​អ្នកជំនាន់ក្រោយ​គួរតែ​សំអាត​គំនិត​ពី​ក្មេង​ឱ្យបាន​ល្អជា មុននឹង​ត្រូវ​គិត​លើ​បញ្ហា​នេះ​ឱ្យ​ច្បាស់លាស់។

    លោក​បណ្ឌិត​បន្ដថា៖ «ដូចជា​រូបខ្ញុំ នៅ​ពី​ក្មេង​មិនមែនជា​មនុស្ស​ល្អ​ពេក​ទេ តែ​ខ្ញុំ​បានកំណត់​ខ្លួនឯង​តាំងពីក្មេង​មក​ថា មិន​ចង់​ធ្វើ​អ្វី​ខុស ហើយ​អ្វី​ធ្វើឱ្យ​ខ្ញុំ​មិនបាន​ល្អឥតខ្ចោះ​ពី​ក្មេង​នោះ មិនមែន​មកពី​ខ្ញុំ​មិនបាន​គិត​ទេ គឺ​ដោយសារតែ​ខ្ញុំ​មានការ​ចេះដឹង​តិច ឬ​កម្រិតជីវភាព​មានការ​ខ្វះចន្លោះ តែ​យ៉ាងហោចណាស់​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អ្វី​មិនឱ្យ​រំលង​ផ្លូវច្បាប់​ដែរ»។

    ទោះជា​យ៉ាងណា​លោក​បណ្ឌិត តាន់ មុនី​វណ្ណ បញ្ជាក់ថា យោងតាម​ស្ថា​ភាពបច្ចុប្បន្ន ពាក់ព័ន្ធ​សមត្ថភាព ប្រជាជន​កម្ពុជា​អាច​នឹង​ពិបាក​ក្លាយខ្លួនជា​បុគ្គល ឬ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​បាន​ណាស់។ ប៉ុន្ដែ​មិនមែន​មានន័យថា បុគ្គល​ទាំងអស់នោះ​មិនអាច​ធ្វើ​សម្ម​ភាពល្អ​បាន ឬ​មិនអាច​បំពេញ​នូវ​ចំណុច​ខាងលើ​មិនបាន​ខ្លះ​នោះទេ។ ឧ​ទារ​ហណ៍​ដូចជា​រូបលោក​រស់នៅ​ឈរលើ​គោលការណ៍​ត្រឹមត្រូវ​របស់ខ្លួន ដូច្នេះ​ទោះ​មាន​មិ​ត្ដ​ភ័ក្ដិ ឬ​អ្នកផ្សេង​ទាញ​លោក​ដើរ​ចេញពី​គោលការណ៍​ដែល​យល់ថា មិន​ត្រឹមត្រូវ​គឺ​លោក​មិន​ធ្វើជា​ដាច់ខាត ។ ប្រជាជន​កម្ពុជា​មិនទាន់​អាច​ក្លាយជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​បាន​គឺ​មិនមែនជា​កំហុស​របស់​នរណាម្នាក់។

    ជាមួយគ្នានេះ​លោក​បណ្ឌិត​បញ្ជាក់ថា នៅក្នុង​ភាសា​ជា​សាកល​មនុស្ស ឬ​បុគ្គល​ដែល​អស្ចារ្យ​មិនមែន​សំដៅលើ​មនុស្ស​មានទ្រព្យ​សម្បត្ដិ​នោះទេ។  មនុស្ស​មាន​កន្លែង​រស់​នៅ​ល្អ មាន​ហូបចុក​គ្រប់គ្រាន់​នោះ​ជា​រឿង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទៅហើយ។

    លោក​បន្ដថា៖ «នៅក្នុង​សង្គមមនុស្ស​ប្រសិនបើ​យើង​យល់​ខុស​ថា លុយកាក់ អំណាច ឬអ្វី​ផ្សេង​អស្ចារ្យ​គឺ​សង្គម​គ្មាន​ក្ដី​សុខ​ទេ។ ភាព​អស្ចារ្យ​សម្រាប់​ខ្ញុំ ហើយ​សាកលលោក​ក៏ត្រូវ​ការ​ដែរនោះ​គឺ​សកម្មភាព​នៃ​ភាពត្រឹមត្រូវ និង​ក្រមសីលធម៌​របស់ខ្លួន​យើង។ ជា​ការគិត​សម្រាប់​ខ្ញុំ ខ្ញុំ​តែង​អភ័យទោស​ឱ្យ​អ្នកដទៃ​ច្រើន​បើ​គាត់​មិនចេះ​គឺ​គាត់​ធ្វើ​ខុស តែ​ចំពោះ​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​មិន​ងាយ​អភ័យទោស​ឱ្យ​ខ្លួនឯង​ទេ ប្រសិនបើ​ខ្ញុំ​ធ្វើ​ខុស​ប្រាប់​ខ្លួនឯង​ថា កំហុស​នេះ​មិន​គួរឱ្យ​កើតមាន​ម្ដង​ទៀតឡើយ »៕

  • NBC នឹង​តម្រូវឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សិក្សា​ពី​ប្រភព​រូបិយ​បណ្ណ​ចំណូល​របស់​អតិថិជន​មុន​ផ្តល់​ឥណទាន

    NBC នឹង​តម្រូវឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សិក្សា​ពី​ប្រភព​រូបិយ​បណ្ណ​ចំណូល​របស់​អតិថិជន​មុន​ផ្តល់​ឥណទាន

    ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​នោះ នៅក្នុង​កិច្ចប្រជុំ​ស្តីពី​តួនាទី និង​គោលនយោបាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​សិក្សា​ពី​តម្រូវការ​ប្រើប្រាស់​របស់​អ្នក​ខ្ចី​ឱ្យបាន​ច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​រូបិយ​បណ្ណ។

    លោកជំទាវ ជា សេរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​គួរតែ​ពិនិត្យមើល​ប្រភព​ចំណូល និង​ប្រភព​ចំណាយអតិថិជន​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​ជាមុន ថា​តើ​រូបិយ​បណ្ណ​ប្រភេទ​ណា ជា​ប្រាក់រៀល ឬក៏​ដុល្លារ​អាមេរិក ដែល​គេ​ប្រតិបត្តិ​សម្រាប់​ការប្រកប​អាជីវកម្ម? ការធ្វើ​បែបនេះ​គឺ​ដើម្បី​កុំឱ្យ​អ្នក​ខ្ចីប្រាក់​ប្រឈម​នឹង​ការខាតបង់​នៅពេល​សង​ត្រឡប់​ទៅកាន់​ធនាគារ​វិញ ខណៈដែល​អត្រា​ប្តូរប្រាក់​នៅលើ​ទីផ្សារ​មានការ​ប្រែប្រួល។

    លោកជំទាវ​មានប្រសាសន៍ថា៖“តាម​ការអង្កេត​ចំណូល និង​ចំណាយ​របស់​ប្រជាជន​យើង គឺ​ប្រាក់រៀល តែ​នៅពេល​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គេ​បែរជា​ជំ​រុញឱ្យ​ពួកគាត់​យក​ជា​ប្រាក់​ដុល្លារ។ តាម​ការសង្កេត​របស់​ធនាគារជាតិ​នៃ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត ជាពិសេស​នៅតាម​ទីជនបទ​ប្រភព​ចំណូល និង​ចំណាយ​របស់​ពួកគាត់​ភាគច្រើនបំផុត​ជា​ប្រាក់រៀល ប៉ុន្តែ​នៅពេល​ពួកគាត់​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បែរជា​ត្រូវ​បានផ្តល់​ភាគច្រើន​ឱ្យ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ទៅវិញ ដែលជា​ហេតុ​អាចធ្វើឱ្យ​ពួកគាត់​ត្រូវ​ខាតបង់​ទៅលើ​អត្រា​ប្តូរប្រាក់។

    លោកជំទាវ​អគ្គនាយក​បច្ចេកទេស បាន​អះអាងថា ធនាគារជាតិ​នៃ​កម្ពុជា​នឹងធ្វើ​ការងារ​នេះ​ដើម្បី​ជំ​រុញឱ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ទាំងអស់​គួរ​ធ្វើការ​ស្វែងយល់​អំពី​តម្រូវការ​ប្រើប្រាស់​ថវិកា​អតិថិជន​របស់ខ្លួន​ឱ្យបាន​ច្បាស់ ដើម្បី​ធានាថា​ការផ្តល់​ឥណទាន​ជូន​ពួកគាត់​មាន​ប្រសិទ្ធភាព និង​ចំ​ទិសដៅ​ពិតប្រាកដ ខណៈ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ជនបទ​អំពី​រូបិយ​បណ្ណ​ឥណទាន​នៅមានកម្រិត។

    លោកជំទាវ ជា សេរី បាន​បញ្ជាក់ថា៖“យើង​នឹងធ្វើ​ការងារ​នេះ​ជាមួយ​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ អតិថិជន​ភាគច្រើន​មិនសូវ​យល់​ពី​រឿង​ហិរញ្ញវត្ថុ​ទេ ដូច្នេះ​វា​ជា​បញ្ហា។ អតិថិជន​អាច​រត់ទៅរក​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​មួយ​ទៅមួយ យើង​ត្រូវតែ​ធ្វើ​ការងារ​រួមគ្នា​ថា មុននឹង​ផ្តល់​ប្រាក់កម្ចី ទាំងអស់គ្នា​ត្រូវតែ​មើល​ប្រាក់ចំណូល​របស់​អតិថិជន ហើយ​ការឱ្យ​ប្រាក់កម្ចី​ត្រូវតែ​ផ្តល់​តាម​ប្រភព​ប្រាក់ចំណូល​នោះ។ ធនាគារជាតិ​នៃ​កម្ពុជា​ជឿថា វិធានការ​នេះ​នឹង​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​ជំរុញឱ្យមាន​កា​រ​ប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ច្រើនឡើង​ថែមទៀត។

    ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លី​មី​ធី​ត លោក​ឧកញ៉ា ហួត អៀង​តុង បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ធនាគារជាតិ តែ​លោក​ឧកញ៉ា​បាន​យល់ឃើញថា ការអនុលោម​តាម​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​មិនមែនជា​កត្តា​សត្យានុម័ត​ក្នុងការ​ប្រើប្រាស់​ប្រាក់កម្ចី​នោះទេ ដោយសារ​ការប្រើប្រាស់​ប្រាក់កម្ចី​ដូចជា ការទិញ​សម្ភារ​ប្រើប្រាស់សំខាន់ៗជាដើម គឺ​ត្រូវអនុវត្ត​ជា​ប្រាក់​ដុល្លារ។

    ទោះបីជា​យ៉ាងណាក៏ដោយ​លោក​ឧកញ៉ា​ចង់ឱ្យ​មានកា​រ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ច្រើន ជាជាង​ការប្រើប្រាស់​រូបិយវត្ថុ​បរទេស ព្រោះថា​ការប្រើប្រាស់​រូបិយវត្ថុ​របស់​ជាតិ​នឹងធ្វើ​ឱ្យ​យើង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ច។

    ឧកញ៉ា ហួត អៀង​តុង បញ្ជាក់ថា៖“ការលើកឡើង​នេះ​ជា​រឿង​ល្អ​មួយ តែ​យើង​សង្កេតឃើញថា អ្នក​ខ្ចីប្រាក់​ដែលមាន​ប្រភព​ចំណូល​ជា​ប្រាក់រៀល មិន​ប្រាកដថា​គាត់​ត្រូវយក​ប្រាក់រៀល​នោះទេ ដោយសារ​ការវិនិយោគ​ជំហាន​ដំបូង​គឺ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក។

    បើតាម​លោកជំទាវ ជា សេរី ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​លុយ​រៀល​កាន់តែច្រើន ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីប្រកាស​តម្រូវឱ្យ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​បង្កើន​ទំហំ​ឥណទាន​ជា​ប្រាក់រៀល​ឱ្យបាន​យ៉ាងតិច 10%នៃ​ឥណទាន​សរុប​របស់ខ្លួន​នៅត្រឹម​ឆ្នាំ2019 ខាងមុខ៕

  • បវរកញ្ញា Miss Grand Wales ចម្លងឈុតរបស់តារាម៉ូដែល Alessandra Ambrosio

    បវរកញ្ញា Miss Grand Wales ចម្លងឈុតរបស់តារាម៉ូដែល Alessandra Ambrosio

    តាមរយៈសារព័ត៌មាន kenh14 បានចេញផ្សាយនៅថ្ងៃទី 13 ខែ តុលា ឆ្នាំ2017 ឱ្យដឹងថា ការប្រកួតក្នុងវគ្គឈុតប្រចាំជាតិរបស់បណ្ដាប្រទេសនីមួយៗ ដែលបរវកញ្ញា Miss Grand បានពាំនាំយកមកប្រកួតនៅក្នុងរាត្រីយប់មិញនេះ គេបានកត់សម្គាល់ឃើញថា ឈុតរបស់បរវកញ្ញា Miss Grand Wales ដែលបានដើរបង្ហាញដោយបវរកញ្ញា Nadia Suliman មានភាពស្រដៀងទៅនឹងឈុត Victoria’s Secret ដែលត្រូវបានបង្ហាញដោយនាង Alessandra Ambrosio  នៅក្នុងកម្មវិធី Fashion Show 2012 ជាហេតុបណ្ដាលឱ្យអ្នករចនាម៉ូដ និងមហាជនគិតថា បវរកញ្ញាប្រចាំប្រទេសខាងលើនេះបានយកឈុតចម្លងមកប្រកួត។

    គួបញ្ជាក់ផងដែរថា ឈុត Victoria’s Secret បានដាក់បង្ហាញកាលពីឆ្នាំ2012នោះ ត្រូវបានរចនាម៉ូដដោយគ្រាប់ត្បូងចំរុះពណ៌ចំនួន 5200គ្រាប់ ហើយមានភាពដូចគ្នាទៅនឹងឈុតរបស់ Miss Grand Wales ក៏ប៉ុន្ដែខុសគ្នាបន្ដិចត្រង់ពណ៌ដិតរបស់ឈុតតែប៉ុណ្ណោះ៕

  • កម្ពុជា-អាស៊ាន ព្រមព្រៀងគ្នា​លើ​ការតភ្ជាប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស

    កម្ពុជា-អាស៊ាន ព្រមព្រៀងគ្នា​លើ​ការតភ្ជាប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស

    រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន-ចិន ដោយ​រួមមាន​រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹកជញ្ជូន​កម្ពុជា​ផង នៅ​ថ្ងៃទី12 ខែតុលា​ម្សិលមិញ​នេះ បានរៀបចំ​កិច្ចប្រជុំ​រួមគ្នា​មួយ​ថ្មី នៅ​ប្រទេស​សឹង្ហ​បូរី ដើម្បី​ពិភាក្សា​លើ​គម្រោង​ត​ភ្ជាប់​បណ្តាញ​ផ្លូវ​ដឹកជញ្ជូន​គ្នា​ទៅវិញទៅមក។

    ឯកឧត្តម Khaw Boon Wan រដ្ឋមន្ត្រី​សម្របសម្រួល​ទទួលបន្ទុក​ហេដ្ឋារចនាសម្ព័ន្ធ និង​ជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន​សឹង្ហ​បុរី ព្រមទាំង​ឯកឧត្តម Dai Dongchang អនុរដ្ឋមន្ត្រី​ដឹកជញ្ជូន​ចិន ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ ក្នុងនោះ​រដ្ឋមន្ដ្រី​អាស៊ាន​បាន​គាំទ្រ​ការឯកភាព​គ្នា នៅក្នុង​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំតុមូល​ថ្នាក់ដឹកនាំ​ស្តីពី​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី14-15 ខែឧសភា ឆ្នាំ2017 នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​បង្កើន​ការតភ្ជាប់​រវាង​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    លោក​រដ្ឋមន្ដ្រី​បាន​ឯកភាព​ប្រគល់​ភារកិច្ច ជូន​ឯកឧត្តម​មន្ត្រី​ចិន-អាស៊ី និង​ក្រុមការងារ​ពាក់ព័ន្ធ​ធ្វើការ​ពិភាក្សា អំពី​សកម្មភាព​តាមដាន​របស់​ខ្លូន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង​ផ្លូវអាកាស ដើម្បី​ជំរុញ​កំណើន​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ នៅក្នុង​តំបន់។

    រដ្ឋមន្ត្រី​អាស៊ាន​ក៏បាន​ពិភាក្សា និង​ផ្តល់​អនុសាសន៍​ណែនាំ លើ​ការអនុវត្តន៍​ឯកសារសំខាន់ៗដូចខាងក្រោម៖ 1.កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស អាស៊ាន-ចិន 2.កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ អាស៊ាន-ចិន 3.យន្តការ​ពិគ្រោះ​យោបល់​លើ​បញ្ហា​ពាក់ព័ន្ធ​ផ្លូវ​សមុទ្រ អាស៊ាន-ចិន 4.ផែនការ​យុទ្ធសាស្ត្រ​កែសម្រួល​សម្រាប់​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន​អាស៊ាន-ចិន, និង 5.សកម្មភាព​រួម​អាស៊ាន-ចិន​សម្រាប់​ឆ្នាំ2018។


    ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន​បានអនុម័ត​លើ អនុស្សរណៈ​យោគយល់ រវាង​អាជ្ញាធរ​ទទួលបន្ទុក​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសយាន នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន ស្តីពី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការទាក់ទង​នឹង​ការស៊ើបអង្កេត​ឧប្បត្តិហេតុ និង​គ្រោះថ្នាក់​អាកាសយាន ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ៕

  • ឈុត “ទេវីក្រុងកម្ពុជាធិបតី” ធ្វើឱ្យកក្រើកវេទិកា Miss Grand International

    ឈុត “ទេវីក្រុងកម្ពុជាធិបតី” ធ្វើឱ្យកក្រើកវេទិកា Miss Grand International

    នៅរាត្រីថ្ងៃទី12 ខែតុលា ឆ្នាំ 2107 ការប្រកួត Miss Grand International 2017 បានប្រព្រឹត្តយ៉ាងកក្រើកនៅប្រទេសវៀតណាម ហើយនេះក្នុងវគ្គប្រកួតឈុតប្រពៃណីប្រចាំជាតិសាស្ត្រដ៏ស្អាតបំផុត។ នៅក្នុងនេះដែរ មានបវរកញ្ញា Miss Grand ដែលមកពីបណ្ដាលប្រទេសជាច្រើនបានចូលរួម សុទ្ធសឹងតែពាំនាំឈុតមកប្រកួតយ៉ាងស្រស់សោភា ព្រមទាំងប្រកបដោយគ្រឿងអលង្កាយ៉ាងភ្លឺចិញ្ចាច ។

    ដោយឡែកខាងប្រទេសកម្ពុជាយើងវិញ កញ្ញា ខ្លឹម ស្រីគា ជាតំណាង  Miss Grand Cambodia ក៏បានបង្ហាញឈុត “ទេវីក្រុងកម្ពុជាធិបតី” យ៉ាងស្រស់សោភា ព្រមទាំងមានទំនុកចិត្តក្នុងការដើរបង្ហាញម៉ូដ អមដោយស្នាមញញឹមដែលស័ក្ដសមជានារីខ្មែរអង្គរពិតៗ។ មិនត្រឹមតែប៉ុណ្ណោះ ខណៈដែល Miss Grand Cambodia រូបនេះបានចេញមកបង្ហាញឈុតហើយ នាងក៏បានបញ្ចេញសមត្ថភាពពិសេសមួយទៀតសម្ដែងជូនមហាជនបានភ្ញាក់ផ្អើល គឺក្បាច់រាំប្រពៃណីខ្មែរ ដែលទស្សនិកជនទូទាំងពិភពលោក ទះដៃគាំទ្រចំពោះភាពទន់ភ្លន់នៃក្បាច់រាំរបស់នាង។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូ និងរូបភាពទាំងឡាយខាងក្រោមនេះ៖

     

  • Barcelona ធ្វើដំណើរ​ទៅកាន់​ទឹកដី Atl. Madrid ក្នុងពេល​មាន​វិបត្តិ​នៅ Catalonia

    Barcelona ធ្វើដំណើរ​ទៅកាន់​ទឹកដី Atl. Madrid ក្នុងពេល​មាន​វិបត្តិ​នៅ Catalonia

    ការប្រកួត​ដ៏​ធំ​បំផុត​នៃ​ក្របខ័ណ្ឌ La Liga ក្នុង​រដូវ​កាល​កម​ទល់​ពេលនេះ នឹងត្រូវ​ប្រព្រឹត្តទៅ​ស្របពេល​មាន​វិបត្តិ​នយោបាយ​ដ៏​តានតឹង ខណៈដែល​ក្រុម Barcelona នឹងធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Atletico Madrid នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុងការ​ធ្វើដំណើរ​ជា​លើក​ទី1 របស់​ពួកគេ​ទៅកាន់​រដ្ឋធានី​របស់​អេ​ស្ប៉ា​ញ ចាប់តាំងពី​ការធ្វើប្រជាមតិ​ទាមទារ​ឯករាជ្យ​នៅ​តំបន់ Catalonia ដែល​ត្រូវបាន​រំខាន​ដោយ​អំពើហិង្សា។

    Barca បាន​លេង​ការប្រកួត​ជា​លើកចុងក្រោយ​របស់​ពួកគេ នៅ​កីឡដ្ឋាន​បិទ​ជិត​គ្មាន​អ្នកទស្សនា ខណៈដែល​ការធ្វើប្រជាមតិ​កាលពី​ថ្ងៃទី1 ខែតុលា ដែល​ត្រូវបាន​ចាត់ទុកថា ជា​ទង្វើ​ខុសច្បាប់​ដោយ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បានកើត​ឡើង ស្របពេល​មាន​ហេតុការណ៍​ដ៏​ជ្រួលច្របល់ ខណៈដែល​ប៉ូ​លិ បាន​រឹបអូស​យក​សន្លឹកឆ្នោត និង​បាន​ប៉ះទង្គិច​ជាមួយនឹង​អ្នកបោះឆ្នោត​ជាច្រើន​នាក់ ដែល​បានធ្វើ​ឲ្យ​មនុស្ស92នាក់​រងរបួស។

    ខ្សែបម្រើ Andres Iniesta ដែលជា​ប្រធាន​ក្រុម​របស់​ក្លិប Barcelona បាន​ប្រាប់​ស្ថានីយ​វិទ្យុ Catalunya នៅ​សប្តាហ៍​នេះ​ថា៖ «វា​ជា​ពេលវេលា​មួយ​ក្នុងចំណោម​ពេលវេលា​ដ៏​អាក្រក់​បំផុត​ដែល​ខ្ញុំ​បាន​ជួប»។ Iniesta វ័យ33ឆ្នាំ បាន​ចុះហត្ថលេខា​លើ​កុងត្រា​អស់​មួយជីវិត​នៅឯ​ក្លិប Barcelona កាលពី​សប្តាហ៍​មុន ពោលគឺ​រយៈពេល1ថ្ងៃ ក្រោយពី​បានធ្វើការ​កៅអី​ឲ្យ​ភាគី​នយោបាយ​ទាំងពីរ ធ្វើការ​ចរចា​គ្នា។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ការបែងចែក​បក្សពួក​គ្នា​នៅតែ​កើតមាន បើទោះបី​លោក Carles Puigdemont ប្រធានាធិបតី​របស់​តំបន់ Catalonia បានសម្រេច​ចិត្ត​ក្នុង​ការព្យួរ​ការប្រកាស​ឯករាជ្យ​ដោយ​ឯកតោភាគី កាលពី​ថ្ងៃ​អង្គារ​ក៏ដោយ។ Iniesta បាន​បន្ថែមទៀតថា៖ «វា​បាន​ឈានដល់​ចំណុច​មួយ​ដែល​មិនល្អ​សម្រាប់​គ្រប់គ្នា​ទាល់តែសោះ។ បញ្ហា​ដែល​កំពុងតែ​កើតឡើង ត្រូវតែមាន​ការដោះស្រាយ»។ ស​បុត្រ​ចូល​ទស្សនា​ត្រឹមតែ250សន្លឹក​ប៉ុណ្ណោះ​ត្រូវបាន​លក់​ទៅ​ឲ្យ​អ្នកគាំទ្រ​ក្រុម​ក្រៅ​ដី នៅ​កីឡដ្ឋាន Wanda Metropolitano របស់​ក្លិប Atletico។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1៖45ទៀបភ្លឺ៕

    ប្រភពពី៖ Sky Sports

     

  • ការចាប់អារម្មណ៍ផ្សេងៗធ្លាក់​ទៅលើ​លោក Mourinho ខណៈ Man Utd ទៅ​ជួប Liverpool

    ការចាប់អារម្មណ៍ផ្សេងៗធ្លាក់​ទៅលើ​លោក Mourinho ខណៈ Man Utd ទៅ​ជួប Liverpool

    លោក Jose Mourinho នឹង​វិល​ទៅកាន់​កីឡដ្ឋាន Anfield នា​ថ្ងៃ​សៅរ៍​នេះ ជាមួយនឹង​ក្រុម Manchester United របស់លោក ដែល​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​ល្អប្រសើរ​ជាង​ការធ្វើដំណើរ​ជា​លើកចុងក្រោយ​របស់​ពួកគេ​ទៅកាន់​ទឹកដី​ក្រុម Liverpool កាលពី​រយៈពេល 12ខែ​មុន​ទៅទៀត។

    Man United បាន​ជួប​ភាព​ត្រដាបត្រដួស​កាលពី​ខែតុលា ឆ្នាំ2016 ខណៈដែល​ការរង​បរាជ័យ​ជា​បន្តបន្ទាប់​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Manchester City និង Watford បាន​លុបចោល​សុទិដ្ឋិនិយម​របស់​ពួកគេ​កាលពីដើម​រដូវ​កាល​តែម្តង មុននឹង​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម Liverpool។ រយៈពេល 1ឆ្នាំ​ក្រោយមក ពួកគេ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​មុត​ស្រួច ដោយបាន​កត់ត្រា​ជ័យជម្នះ 6លើក និង​ស្មើ 1លើក ក្នុងការ​ប្រកួត​បើកឆាក 7លើក​នៃ​ក្របខ័ណ្ឌ Premier League ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​តាម​ស្មើ​ពិន្ទុ​ជាមួយនឹង​ក្រុម​កំពុង​នាំមុខ Manchester City។

    ក្រុម​របស់លោក Mourinho ក៏មាន​ទម្រង់​លេង​ដ៏​រឹងមាំ​ដូចគ្នា​ក្នុង​ក្របខ័ណ្ឌ Champions League ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី7គ្រាប់​ក្នុងពេល​យកឈ្នះ​លើ​ក្រុម Basel និង CSKA Moscow និង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​មធ្យម​ចំនួន 3,2គ្រាប់​ក្នុង​មួយ​ប្រកួត​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់។ ក្រោយពី​បាន​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​ប្រជែង​ចំណាត់ថ្នាក់​លេខ1កាលពី​ឆ្នាំមុន បច្ចុប្បន្ន ក្រុម Liverpool កំពុងតែ​ជួប​ភាព​ត្រដាបត្រដួស​វិញ។

    ការរកបាន 5ពិន្ទុ​ពី​ការប្រកួត​លី​ក 4លើកចុងក្រោយ​របស់​ពួកគេ បានធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ7 នៅលើ​តារាង ខណៈដែល​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ក្នុងការ​ប្រកួត​ក្របខណ្ឌ Champions League ទាំង2 លើកដំបូង​របស់​ពួកគេ​មកទល់ពេលនេះ និង​បាន​ធ្លាក់​ចេញពី​ពាន League Cup ក្រោម​ស្នាដៃ​ក្រុម Leicester City។ ការរង​របួស​ទៅលើ Sadio Mane បានធ្វើ​ឲ្យ​លោក Jurgen Klopp អវត្តមាន​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​ម្នាក់ ហើយ​ទាំង​កីឡាករ Philippe Coutinho និង Roberto Firmino អាច​នឹង​ស្រុតចុះ​កម្លាំង ក្រោយពី​ទើបតែ​បំពេញ​កា​រត​ព្វ​កិច្ច​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 6៖30ល្ងាច៕

    ប្រភពពី៖ Sport24

  • រកឱ្យឃើញ​សក្តានុពល​ពិត​របស់ខ្លួន​ជាមុនសិន សឹម​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ

    រកឱ្យឃើញ​សក្តានុពល​ពិត​របស់ខ្លួន​ជាមុនសិន សឹម​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ

    ការស្វែងរក​សក្តានុពល​ពិត​របស់​ខ្លួនឯង ជា​ធាតុ​សំខាន់​មួយ​ដែល​សិស្ស​ត្រូវតែ​ដឹង​មុនពេល​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ តែ​គួរឱ្យ​សោកស្ដាយ​ណាស់​ដែលមាន​សិស្ស​ជាច្រើន​មិនសូវ​បាន​រកឃើញ​ក្តី​ស្រមៃ​ពិតប្រាកដ ដែល​កត្តា​នេះហើយ​ធ្វើឱ្យ​ពួកគេ​ជ្រើសរើស​ជំនាញ​ខុសពេល​សិក្សា​នៅ​មហាវិទ្យាល័យ។

    ស្ថាប័ន​អប់រំ​សំខាន់​នានា​លើ​ពិភពលោក បានបង្ហាញ​ពី​វិធីផ្សេងៗគ្នា ដែល​សូម្បីតែ​គេហទំព័រ​អប់រំធំៗជាច្រើន​បានបង្ហាញ​នូវ​វិធីខុសៗគ្នា តែ​ជារួម​វិញ យើង​ឃើញថា វិធី​ស្វែងរក​សក្តានុពល​របស់​មនុស្ស​មាន​ដូចខាងក្រោម​នេះ៖

    1. ស្វែងយល់​ខ្លួនឯង​ដោយ​យក​ទ្រឹស្តី​ពហុ​បញ្ញា​ជា​គោល

    មនុស្សម្នាក់ៗមាន​សក្តានុពលផ្សេងៗគ្នា តែ​នៅ​ក្នុងនោះ​លោក Howard Gardner ដែលជា​អ្នក​ចិត្តសាស្ត្រ​ល្បីល្បាញ​មួយរូប បាន​សង្ខេប​ពី​សក្តានុពលសំខាន់ៗរបស់​មនុស្ស​ទាំងអស់​ជា 8 ផ្នែក​គឺ

    ផ្នែក​ទី1 មនុស្ស​ពូកែ​ផ្នែក​ភាសា

    ផ្នែក​ទី2 មនុស្ស​ពូកែ​ផ្នែក​តក្ក​វិទ្យា និង​គណិតវិទ្យា

    ផ្នែក​ទី3 មនុស្ស​ពូកែ​ផ្នែក​តន្ត្រី

    ផ្នែក​ទី4 មនុស្ស​ពូកែ​ផ្នែក​រាងកាយ និង​ចលនា

    ផ្នែក​ទី5 មនុស្ស​ពូកែ​ក្នុងការ​ស្មាន​ពី​ទ្រង់ទ្រាយ​ក្នុង​លម្ហ

    ផ្នែក​ទី6 មនុស្ស​ពូកែ​យល់​ពី​ខ្លួនឯង

    ផ្នែក​ទី7 មនុស្ស​ពូកែ​ទំនាក់ទំនង​បុគ្គល​ដទៃ ឬ​ពូកែ​ស្វែងយល់​ពី​អ្នកដទៃ

    និង​ផ្នែក​ទី8 គឺ​មនុស្ស​ពូកែ​ផ្នែក​ធម្មជាតិ។

    នៅក្នុង​ផ្នែក​ទាំងអស់នេះ មនុស្សម្នាក់ៗតែងតែមាន​ជំនាញ ឬ​មាន​សក្តានុពល​ខ្លាំង​បំផុត 1 ហើយ​បូក​រួមទាំង​សក្តានុពល​បន្ទាប់បន្សំ​ដែល​បូក​បញ្ចូល​ជាមួយនឹង​ផ្នែកផ្សេងៗមួយចំនួនទៀត ដែល​ទាមទារ​ឱ្យ​មនុស្សម្នាក់ៗ ជាពិសេស​សិស្ស​ដែល​ត្រៀម​ជ្រើសរើស​ជំនាញ​សិក្សា​ត្រូវ​សង្កេត​ឱ្យបាន​ដិតដល់​ថា តើ​ខ្លួនឯង​ជា​មនុស្ស​ប្រភេទ​ណា។

    2. រកឱ្យឃើញ​នូវ​អ្វីដែល​ខ្លួន​ចូលចិត្ត​បំផុត

    ការស្រឡាញ់ ជំ​រុញឱ្យ​មនុស្ស​មាន​សក្តានុពល ព្រោះ​នៅពេលដែល​មនុស្ស​ស្រឡាញ់​អ្វីមួយ​ខ្លាំង គេ​នឹង​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​សម្រេច ឬ​យក​ឱ្យបាន​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់​នោះ។ សម្រាប់​សិស្ស​និស្សិត​ក៏​ដូចគ្នា​ដែរ សូមអ្នក​ស្វែងរក​ឱ្យឃើញ​នូវ​ទម្លាប់សាមញ្ញៗទាំងឡាយណា​ដែល​អ្នក​គិតថា ធ្វើ​វា​ហើយ​សប្បាយចិត្ត​បំផុត ដូចជា​ការចូល​ចិត្ត​សរសេរ​ខ្លាំង ចូលចិត្ត​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ខ្លាំង ចូលចិត្ត​រៀបចំផ្ទះ​ខ្លាំង ចូលចិត្ត​អាន​សៀវភៅ​ខ្លាំង ចូលចិត្ត​ធ្វើ​លំ​ហាត់​ខ្លាំង ឬ​ចូលចិត្ត​ការនិយាយ​ខ្លាំង​ជាដើម។ បន្ទាប់មក​អ្នក​អាច​ស្វែងយល់​ឱ្យ​កាន់តែ​លម្អិត​លើ​ជំនាញ​មួយចំនួន​ថា មាន​ជំនាញ​អ្វីខ្លះ​ដែល​ត្រូវ​នឹង​ចំណូលចិត្ត ហើយ​ដែល​អ្នក​គិតថា បានធ្វើ​វា​ហើយនឹង​មិនចេះ​ធុញទ្រាន់​អស់​មួយជីវិត។

    3. ព្យាយាម​ស្គាល់​អាជីព​ឱ្យបាន​ច្រើន

    អាជីព​នៅលើ​ពិភពលោក​មាន​ច្រើនណាស់ ហើយ​ក៏មាន​អាជីព​ជាច្រើន​ដែល​មនុស្ស​មិនបាន​ដឹង​ពី​សារៈសំខាន់​របស់​វា ហេតុនេះហើយ​ទើប​មាន​អាជីព​ខ្លះ​មិនសូវ​សំខាន់​តែមាន​មនុស្ស​រៀន​ច្រើន ហើយ​ខ្លះទៀត​សំខាន់​ហើយ​ល្អ តែ​មនុស្ស​មិន​ព្រម​រៀន។ តាមពិតទៅ តាម​ការស្រាវជ្រាវ​រប​ស់​អ្នក​អប់រំ​នៅ​កម្ពុជា​ជាច្រើន​សុទ្ធតែ​បាន​សន្និដ្ឋាន​ដូចគ្នា​ថា ការជ្រើសរើស​មុខវិជ្ជា​ខុស​របស់​និស្សិត​កម្ពុជា​អាចមកពី​កត្តា​មិន​ស្គា​ល់ពី​គុណ​តម្លៃពិត​ប្រាកដ​របស់​មុខវិជ្ជា​ឱ្យបាន​ច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគេ​ខ្វះ​ជម្រើស​ក្នុងការ​សិក្សា​អ្វីដែល​ថ្មី ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត ហើយ​សង្គម​កំពុង​ត្រូវការ​ខ្លាំង៕