Category: សង្គម និងសេដ្ឋកិច្ច

  • ថែរក្សា​សុខភាព សម្ផស្ស បែប​បច្ចេកវិទ្យា​ថ្មី​ចេញពី​ខាងក្នុង ពី​គ្លីនិក Dr. Rich

    ថែរក្សា​សុខភាព សម្ផស្ស បែប​បច្ចេកវិទ្យា​ថ្មី​ចេញពី​ខាងក្នុង ពី​គ្លីនិក Dr. Rich

    ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​ចាំបាច់​ទៅលើ​ការបម្រើ​សេវា​ផ្នែក​ថែរក្សា​សុខភាព និង​ព្យាបាល​សម្ផស្ស​ឱ្យនៅ​តែមាន​ភាពស្រស់ស្អាត​ក្មេង​ជាង​វ័យ​នោះ អ្នកជំនាញ​ផ្នែក​សម្រស់​មកពី​ប្រទេស​ថៃ​បានប្រកាស​បើកសម្ពោធ​គ្លីនិក ថែរក្សា​សុខភាព និង​សម្ផស្ស Dr.Rich យ៉ាង​ឱឡារិក​នៅ​សណ្ឋាគារ​ជូ​លី​ណា ភ្នំពេញ ជាមួយនឹង​ការផ្តើម​ទទួល​បម្រើ​លើ​សេវា​ដ៏​ពេញនិយម​មួយ​នេះ​នៅ​កម្ពុជា ដោយ​រាល់​អ្នក​ដែល​ប្រាថ្នា​ចង់បាន​រូប​សម្រស់​ស្រស់ស្អាត​គួរ​ជាទី​គយគន់ មិនចាំបាច់​ចំណាយពេល​វេលា និង​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​ចាក​ចេញទៅ​ក្រៅប្រទេស ដើម្បី​ស្វែងរក​សេវា​ព្យាបាល​សម្រស់​នោះ​ទៀតឡើយ ។

    នៅ​ល្ងាច​ថ្ងៃទី14 ខែតុលា ឆ្នាំ2017 កន្លងទៅនេះ ក្រោម​ការចូលរួម​អបអរសាទរ​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាតិ-អន្តរជាតិ​ជាច្រើន​នាក់ រួមមាន​អ្នកតំណាង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា អ្នកជំនួញធំៗ តារា​ខ្មែរ-ថៃ ប្រុស-ស្រី ល្បីឈ្មោះ​ជាច្រើន​ដួង រួមជាមួយ​បណ្តា​អ្នកសារព័ត៌មាន​យ៉ាង​កុះករ លោកស្រី IRADA BAMA នាយិកា​គ្រប់គ្រង​គ្លីនិក​ថែរក្សា​សុខភាព និង​សម្ផស្ស Dr.Rich បាន​បញ្ជាក់ថា៖ Dr.Rich គឺជា​គ្លីនិក​កែ​សម្ផស្ស​បែប​ថ្មី កម្រិត Premium ដែល​រួមបញ្ចូល​គ្នា​រវាង​ការថែរក្សា​សុខភាព​ពី​ខាងក្នុង និង​សុខភាព​ស្បែក​ឱ្យ​ស្រស់ស្អាត​ជាមួយនឹង​បច្ចេកទេស​ទំនើប មាន​សមត្ថភាព​អាច​កាត់បន្ថយ​ភាព​ចាស់​ជាង​វ័យ ស្បែក​ជ្រីវជ្រួញ ឱ្យ​ប្រែក្លាយ​មក​ស្រស់ស្អាត​គួរ​ជាទី​ទាក់ទាញ​បំផុត ។

    លោកស្រី IRADA បាន​បន្តទៀតថា ៖ «ជាមួយនឹង​ការនាំយក​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​ថែរក្សា និង​ព្យាបាល​សម្ផស្ស ក្រោម​ភាព​ជំនាញ​របស់​អ្នកមាន​ឯកទេស​ផ្នែក​សម្ផស្ស​ច្បាស់លាស់​មកពី​ប្រទេស​ថៃ​ប្រកបដោយ​វិជ្ជាជីវៈ​នាពេលនេះ យើង​ក៏មាន​សេវាកម្ម​តាមរបៀប Anti-Aging ដែលជា​ការទទួល​ពិនិត្យ​សុខភាព​ខាងក្នុង​ដោយ​ជ្រើស​រើសយក​វីតាមីន និង​អាហារ​បំប៉ន​សុខភាព​មួយចំនួន មានលទ្ធភាព​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​សុខភាព​ល្អ និង​សម្រស់​ស្រស់ស្អាត​ក្មេង​ជាង​វ័យ​យ៉ាង​មាន​ប្រសិទ្ធភាព​តាំងពី​ពេល​ចាប់ផ្តើម​លើកដំបូង»។

    សូម​បង្កើន​ភាពស្រស់ស្អាត​របស់លោក​អ្នក​លោក​ជាមួយ​គ្លីនិក Dr. Rich ចាប់ពីពេលនេះ​តទៅ…

  • George Weah អតីត​តា​រា​បាល់​ទាត់​ឆ្នើម កំពុង​​ប្រជែង​តំណែង​ប្រធា​នា​ធិបតី នៅ​លី​បេ​រី​យ៉ា

    George Weah អតីត​តា​រា​បាល់​ទាត់​ឆ្នើម កំពុង​​ប្រជែង​តំណែង​ប្រធា​នា​ធិបតី នៅ​លី​បេ​រី​យ៉ា

    អតីត​តា​​រា​បាល់​ទាត់​ដ៏ឆ្នើម​លោក George Weah ដែល​​ក៏​​ធ្លាប់​បានឈ្នះ​​ពាន​​កីឡាករឆ្នើម Ballon d’Or ​ប្រចាំ​ឆ្នាំ​របស់ពិភព​លោកផង​ដែរនោះនឹង​ត្រូវ​​ឈ្នះ​​ការប្រកួត​ជុំ​ទី​1​នៃ​ការ​បោះឆ្នោត​ជ្រើសរើសប្រធា​នាធិប​តីក្នុង​ប្រទេស​លី​បេ​រី​យ៉ា ក្រោយ​ពីក្រុម​ប្រឹក្សា​រៀប​ចំ​ការ​បោះឆ្នោ​តបានបញ្ជាក់​កាល​ពីថ្ងៃអាទិត្យ​ថា លោក​កំពុង​តែ​នាំមុខ​ជាមួយ​នឹង​​សំឡេង​ឆ្នោត​39​ភាគ​រយ ខណៈ​សន្លឹក​ឆ្នោត​​​​ដែលមិន​ទាន់​រាប់​នៅ​​សល់​ត្រឹម​តែ​5​ភាគ​រយ​​ទៀត​ប៉ុណ្ណោះ​។

    លោក Weah នឹង​ត្រូវ​ធ្វើ​ការ​ប្រជែង​ជាមួយនឹងអនុ​ប្រធា​នា​ធិបតី គឺ​លោក Joseph Boakai ដែលកំពុង​តែ​ស្ថិតក្នុង​​ចំណាត់​ថ្នាក់​លេខ​ 2​ជាមួយ​នឹង​សំ​ឡេង​ឆ្នោត ​29.1​ភាគ​​រយ ក្នុង​ការ​​បោះឆ្នោត​ជុំ​ទី​2 នៅ​ខែក្រោយ​នេះ​។ លោក Boakai មាន​សំឡេង​ឆ្នោត​ច្រើន​ជាង​បេក្ខ​ភាព​ឈរក្នុង​ចំណាត់ថ្នាក់​លេខ​3​គឺ​លោក​មេ​ធាវី ​​Charles Brumskine ចំនួន​២៨ម៉ឺន​សន្លឹក​។ លទ្ធផល​ចុង​ក្រោយ​​ ដែល​ត្រូវ​បាន​ផ្អែក​ទៅលើ​លទ្ធផល​ពីការ​បោះឆ្នោត​​កាល​ពីថ្ងៃអង្គារ នឹង​ត្រូវ​ប្រកាសនៅ​ត្រឹម​ថ្ងៃ​ទី​25 ខែ​តុលា ខាង​​មុខនេះ​។ បេក្ខ​ភាព​សរុប​ចំនួន​20​នាក់​បានចូល​រួម​ប្រកួត​ប្រជែងក្នុង​ការ​បោះឆ្នោត​កាលពីសប្តាហ៍​មុនដើម្បី​ប្រជែង​យក​​តំណែង​ពី​លោក Ellen Johnson Sirleaf ម្ចាស់​​ពាន​ណូ​បែល​សន្តិភាព​ពិភព​លោក ក្នុងការផ្លាស់ប្តូរ​របប​​នយោ​បាយ​ប្រជា​ធិ​ប​តេយ្យ​ជា​លើក​ទី​1​ក្នុង​ប្រទេស​លី​បេរីយ៉ា ក្នុង​រយៈ​​ពេលច្រើន​ជាង​70​ឆ្នាំ​មកហើយ​។

    សូម​បញ្ជាក់​ថា លោក Weah គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​ម្នាក់​ ខណៈ​ដែល​លោក​បាន​ចាប់ផ្តើមអាជីព​ជាកីឡា​បាល់​ទាត់​របស់​​លោក​នៅក្នុង​​ទ្វីប​អឺ​រ៉ុប ​ជាមួយ​នឹង​ក្លិប Monaco របស់​​បារាំង ក្នុង​ឆ្នាំ​1988​។ ក្រោយ​មក លោក​បានផ្ទេរ​ទៅកាន់ក្លិប Paris Saint-German ក្នុង​ឆ្នាំ​1992 មុននឹង​​ផ្ទេរ​ទៅកាន់​ក្លិប AC Milan ក្នុង​ឆ្នាំ​1995​។ ជា​មួយនឹងក្លិប​យក្ស​របស់​អ៊ី​តាលី​មួយ​នេះ លោក​បាន​ជួយ​ឲ្យពួកគេឈ្នះពាន​ក្រប​ខ័ណ្ឌ Serie A ក្នុងរដូវកាល​ទី​1​របស់​លោក ខណៈ​ដែល​លោក​បាន​បញ្ចប់​ក្នុង​នាម​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​​គេ​នៅ​រដូវកាលនោះ​។

    ក្រោយ​ពី​បាន​ឈ្នះពាន​ជា​បន្ត​បន្ទាប់​ និង​ទទួល​បាន​ភាព​ជោគ​ជ័យ​ដ៏អស្ចារ្យ​ក្នុងក្លិប AC Milan លោក Weah បាន​​ឈ្នះពាន Ballon d’Or និង​​ជាប់​ជាកីឡាករឆ្នើម​ប្រចាំ​ឆ្នាំ​ក្នុង​ពិភព​លោក​របស់ FIFA ក្នុងឆ្នាំ​1995 ដើម្បីក្លាយ​ជា​កីឡាករ​អា​ហ្វ្រិក​ដំបូង​គេក្នុងការ​ឈ្នះពាននេះ​៕

    ប្រភព​ពី​៖ Sports.yahoo.com

  • ស្ពាន​អាកាស​ពីរ​ទៀត​នឹង​បង្ហាញ​វត្ដ​មាន​ក្នុង​រាជធានី​ភ្នំពេញឆាប់ៗនេះ

    ស្ពាន​អាកាស​ពីរ​ទៀត​នឹង​បង្ហាញ​វត្ដ​មាន​ក្នុង​រាជធានី​ភ្នំពេញឆាប់ៗនេះ

    ភ្នំពេញ – ជា​ដំណោះស្រាយ​ក្នុង​ការជួយ​សម្រួល​ដល់​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារតែ​មានការ​កកស្ទះ​ស្ទើរតែ​រៀងរាល់ថ្ងៃ​នៅក្នុង​ត្រង់ចំណុច​ច្រមុះជ្រូក ឬ​កែង​ផ្លូវ271ជាមួយនឹង​ផ្លូវ​សម្ដេច​តេ​ជោ និង​មួយទៀត​ត្រង់ចំណុច​រង្វង់​មូល​ចោមចៅ​នោះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​សាងសង់​ស្ពាន​អាកាស​ត្រង់ចំណុច2នេះ​បន្ថែមទៀត។

    ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា នៅក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ និង​ចេញចូល​ជាប្រចាំ​ក្នុង​រង្វង់ 3លាន​នាក់  ពិសេស​រថយន្ដ​បានចេញ​ចូលធ្វើ​ចរាចរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​មាន​ប្រជាជន​ធ្វើដំណើរ​ចេញចូល​មកពី​តាម​បណ្ដា​ខេត្ដ​នានា​យ៉ាងច្រើន​ទៀតផង ដូច្នេះ​ក្នុងនាម​សាលា​រាជធានី​ភ្នំពេញ យើង​ចាំបាច់​ត្រូវតែ​គិតគូរ​បន្ថែម​ដើម្បី​ធ្វើយ៉ាងណា​ជូ​យ​សម្រួល​ដល់​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ និង​នៅពេល​មានការ​កកស្ទះ​ចរាចរណ៍។

    លោក​អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា៖ «នៅក្នុង​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ នៅពេល​ធ្វើ​ស្ពាន​អាកាស​ផ្លូវ​ចោមចៅ និង​ស្ពាន​អាកាស​នៅត្រង់​ម្ដុំ​ច្រមុះជ្រូក​ជិត​ក្បាលថ្នល់ (ផ្លូវ​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន កែង​នឹង​ផ្លូវ271 )ហើយ យើង​មាន​គម្រោង​ធ្វើ​ស្ពាន​អាកាស ឬ​អាចធ្វើ​ផ្លូវ​ក្រោម​ដី​បន្ថែមទៀត ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​ពលរដ្ឋ​យើង​អាចធ្វើ​ដំណើរ​ទៅមក​បាន​ដោយ​សុវត្ថិភាព និង​មិនមាន​ការកកស្ទះ​ចរាចរណ៍»។

    គួរ​បញ្ជាក់ថា នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​សរុប​ចំនួន5ទីតាំង​ហើយ ក្នុងនោះ​មានដូចជា​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស7មករា ស្ពាន​អាកាស​តិច​ណូ ស្ពាន​អាកាស​ស្ទឹងមានជ័យ និង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ដែល​ស្ថិតនៅ​លើផ្លូវ​សហព័ន្ធ​រុស្សី៕

  • ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើមពាន BNI Cambodia ឆ្នាំ2017 ចាប់ផ្តើម​ធ្វើការ​ជម្រុះ

    ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើមពាន BNI Cambodia ឆ្នាំ2017 ចាប់ផ្តើម​ធ្វើការ​ជម្រុះ

    ស្ថិតនៅលើ​គោលជំហរ​នៃ​ការ​រឹតចំណង​មិត្តភាព និង​បង្កើន​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស្និទ្ធស្នាល​រវាង​បណ្តុំ​អ្នកជំនួញ ដែលជា​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក សមាគម BNI Cambodia បាន​បង្កើត​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំឆ្នាំ ប្រកួត​ដណ្ដើម​ពានរង្វាន់ ប៊ី អិន អាយ កម្ពុជា 2017 (BNI Cambodia 2017) ក្រោម​ការសម្របសម្រួល​ពី​សំណាក់​លោក អ៊ីវ គឹម​សួរ អ្នក​តំណាងអោយ BNI Cambodia ដែល​មកពី Master Chapter ។ សម្រាប់​ការប្រកួត​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​សមាគម BNI Cambodia នេះ ត្រូវបាន​ប្រារព្ធ​ពិធី​បើក​វគ្គ​នៃ​រដូវ​កាល​ថ្មី​កាលពី​រសៀល​ថ្ងៃទី14 ខែតុលា ឆ្នាំ2017 នៅ​ពហុ​កីឡដ្ឋាន វេ​ស្ទើ​ន រាជធានី​ភ្នំពេញ ។

    លោក អ៊ីវ គឹម​សួរ អ្នកសម្របសម្រួល​ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ប្រចាំឆ្នាំ2017 បានបញ្ជាក់​ឱ្យដឹងថា ការប្រកួត​ដណ្ដើម​ពានរង្វាន់​ប្រចាំឆ្នាំ​នាពេលនេះ គឺជា​ការបង្ហាញ​ពី​សមត្ថភាព និង​កិច្ចសហការ​ដ៏​ល្អ​របស់​សមាជិក​ក្នុង​ក្រុមនីមួយៗ ។ សម្រាប់​ក្រុម​កីឡាករ​ដែល​ចូលរួម​ប្រកួត​ទាំងអស់​មាន​ចំនួន 8 ក្រុម នឹងធ្វើ​ការប្រកួត​សន្សំ​ពិន្ទុ និង​ជម្រុះ​វិលជុំ នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ វេលា​ម៉ោង3 រហូតដល់​ម៉ោង7យប់ ជាមួយនឹង​ការបើក​យ៉ាង​ទូលាយ​សម្រាប់​អ្នកចូលរួម​ទស្សនា​ដោយ​សេរី ព្រមទាំង​ទទួលបាន​ភេសជ្ជៈ​ទទួលទាន​ដោយ​ឥតគិតថ្លៃ។

    សូម​ចូលរួម​គាំទ្រ​វិស័យ​កីឡាបាលទាត់​ទាំងអស់គ្នា…..

  • Update៖ ពេជ្រ សោភា ទម្លាយរឿងអតីតស្វាមីអ្នកនាង សាន ស្រីឡៃ ប្រើអំពើហឹង្សាលើរូបកូនក្រុម

    Update៖ ពេជ្រ សោភា ទម្លាយរឿងអតីតស្វាមីអ្នកនាង សាន ស្រីឡៃ ប្រើអំពើហឹង្សាលើរូបកូនក្រុម

    នៅរាត្រីថ្ងៃនេះ ថ្ងៃទី16 ខែតុលា ឆ្នាំ2017 អ្នកនាង សាន ស្រីឡៃ អតីតបេក្ខនារីប្រឡង The Voice Cambodia នៅរដូវកាលទី2 ត្រូវអតីតស្វាមីរបស់នាងបាញ់ចំនួន៣គ្រាប់ពេលនាងកំពុងដើរចូលទៅក្នុងគ្លីនិក កែសម្ផស្សឈ្មោះ វ៉ាយតាឡុងហ្គោ ស្ថិតនៅម្ដុំផ្លូវ360 កែងផ្លូវ57 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមកទើបបុរសជាប្ដីបាញ់សម្លាប់ខ្លួនឯងត្រង់សៀតផ្កាខាងស្តាំសម្លាប់ខ្លួនតាមក្រោយ។

    យោងតាមឃ្លីបវីដេអូសម្ភាសន៍ជាមួួយតារាស្រី ពេជ្រ សោភា អ្នកនាងក៏បានផ្ដាំផ្ញើ និងអំពាវនាវទៅកាន់មជ្ឈដ្ឋានមហាជនទាំងអស់ថា ” សូមមេត្តាកុំថាឱ្យ ស្រីឡៃ ដោយសារតែចូលសិល្បៈ ទើបបែកបាក់ជាមួយស្វាមី ទើបបានកើតរឿងអ៊ីចឹង ។ អ្នកទាំងអស់គ្នាត្រូវដឹងថា ភ្លើងចង្កៀងផ្ទះនរណា គឺភ្លឺផ្ទះអ្នកហ្នឹង “។ យ៉ាងណាមិញ អតីតគ្រូបង្វឹករូបនេះ បានបញ្ជាក់បន្ថែមថា កូនក្រុមរបស់អ្នកនាង ត្រូវបានអតីស្វាមីប្រើអំពើហឹង្សាលើរូបនាងជារៀងរាល់ថ្ងៃ ពេលខ្លះ អ្នកនាងបានឃើញស្នាមជាំលើរាងកាយ សឹងតែទទួលយកមិនបាន ហើយមិនសប្បាយចិត្តនៅពេលដែលស្រីឡៃ ព្យាយាមបិទបាំងស្នាមជាំ រងគ្រោះដោយសារអំពើហឹង្សាលើស្ត្រីបែបនេះ។ ពេជ្រ សោភា បានចោលជាសំនួរទាំងទឹកភ្នែក និងរកកល់ខ្យល់គ បន្ដផងថា ” នាងបានប្រាប់ខ្ញុំផ្ទាល់ ថាស្វាមីស្រីឡៃពិតជាប្រើអំពើហឹង្សាលើរូបនាង តើអ្នកទាំងអស់គ្នាទទួលបានឬអត់ ចំពោះអំពើហឹង្សាជារៀងរាល់ថ្ងៃ? ” ៕

  • តារាចម្រៀងហង្សមាស អ្នកនាង សាន ស្រីឡៃ ត្រូវអតីតស្វាមីបាញ់សម្លាប់ នៅម្តុំបឹងកេងកង១

    តារាចម្រៀងហង្សមាស អ្នកនាង សាន ស្រីឡៃ ត្រូវអតីតស្វាមីបាញ់សម្លាប់ នៅម្តុំបឹងកេងកង១

    តារាចម្រៀង សាន ស្រីឡៃ ដែលជាអតីតកូនក្រុម​របស់អ្នកនាង ពេជ្រ សោភា នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទីពីរ ត្រូវបានអតីតស្វាមីបាញ់សម្លាប់​ហើយ រួចក៏បាញ់សម្លាប់ខ្លួនឯងមួយតង់ទៀត បណ្តាលឲ្យស្លាប់ទាំងពីរនាក់ នៅក្នុងហាងមួយ​ស្ថិតនៅតាមបណ្តោយផ្លូវ ៥៧ នៃសង្កាត់បឹងកេងកង ១ រាជធានីភ្នំពេញ ក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧នេះតែម្តង។

    សមត្ថកិច្ចមិនទាន់ដឹងថា តើវាជាជម្លោះដោយរបៀបណា ទើបឈានដល់ថ្នាក់បាញ់​សម្លាប់ និងការចូលរួមពីភាគីទីបីនេះឡើយ ដោយពេលនេះ នៅកន្លែងកើតហេតុ កំពុងពោពេញ​ដោយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋចោមរោមមើល ហេតុការណ៍ដ៏គួរឲ្យរន្ធត់បំផុតនេះ។ បើតាមព័ត៌មានបន្ថែមពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនទីបី ដែលបាន​ជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ បានរត់ចេញពីកន្លែងកើតហេតុបាត់ហើយ៕

  • ពលរដ្ឋសប្បាយចិត្តដែរឬទេ នៅពេល​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ត្រូវបាន​លុបចោល?

    ពលរដ្ឋសប្បាយចិត្តដែរឬទេ នៅពេល​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ត្រូវបាន​លុបចោល?

    ដោយ​មានការ​ត្អូញត្អែរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ និង​អ្នករស់នៅ​ម្ដុំ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ជុំវិញ​ផល​លំបាក​នៃ​ការធ្វើ​ចរាចរ​នៅ​ម្ដុំ​នោះ​ដែលមាន​ការកកស្ទះ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ តែ​ពេលនោះ​សាលា​រាជធានី​ភ្នំពេញ​បាន និង​កំពុងដំណើរការ​លុបរ​ង្វ​ង់​មូល​នោះ​ចោល​ហើយ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​កើតមានឡើង​នៅ​ម្ដុំ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែលមាន​ផ្ទះ​នៅ​ជិតខាង​នោះ ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​ដែរ បាន​សម្ដែង​នូវ​អារម្មណ៍​ធុញថប់​ជាខ្លាំង ខណៈ​មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ និង​មាន​រយៈពេលយូរៗបង្កឱ្យមាន​ការខាតបង់​ថវិកា និង​ពេលវេលា​យ៉ាងច្រើន។ ពិសេស​ពួកគាត់​ក៏​ធ្លាប់បាន​សំណូមពរ​ដល់​អជ្ញាធរ ក៏ដូចជា​រដ្ឋបាល​សាលា​រាជធានី​ឱ្យ​គិតគូរ​ពី​បញ្ហា​នេះ​ជា​ច្រើនដង​រួចមកហើយ​ដែរ។

    ជាក់ស្ដែង​នៅក្នុង​គេហទំព័រ​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បានសរសេរថា៖«រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ដំណើរកា​រ​ការដ្ឋាន​លុប​រង្វង់​មូល​កាំ​កូ និង​ដាក់​ភ្លើងស្តុប​ជំនួស​វិញ» ដូច្នេះ​មិនយូរ​ទៀត​នោះទេ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ម្ដុំ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី និង​សប្បាយរីករាយ​ជាមិនខាន​ជាមួយនឹង​ការធ្វើដំណើរ​ទៅមក​យ៉ាង​រលូន តាមរយៈ​ការ​លុប​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ចោល​ទាំងស្រុង​នេះ៕

  • តើ​អង្គការ​ពាណិជ្ជកម្ម​ពិភព (WTO) ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​ដូចម្តេចខ្លះ?

    តើ​អង្គការ​ពាណិជ្ជកម្ម​ពិភព (WTO) ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​ដូចម្តេចខ្លះ?

    ភ្នំពេញ៖ ថ្ងៃទី13 តុលា ឆ្នាំ2018 ម្សិលមិញ​នេះ ជា​ថ្ងៃ​គម្រប់​ខូ​ប​លើក​ទី13 ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ក្នុង​រយៈពេល13ឆ្នាំ​កន្លងមកនេះ ក្នុងនាម​កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែលមាន​សមាជិក 164ប្រទេស និង​មាន​ប្រទេស​ចំនួន 33 ផ្សេងទៀត​កំពុង​តម្រង់​ជួរ​សុំចូល​ជា​សមាជិក។

    បើតាម​សារ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា សមិទ្ធផល​មួយចំនួន​ក្នុងចំណោម​សមិទ្ធផលធំៗជាច្រើន​ដែល​បានសម្រេច​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​សមាជិកភាព​ក្នុង​រយៈពេល13ឆ្នាំ​កន្លងមកនេះ​រួមមាន៖

    1. រក្សា និង​បង្កើន​ការវិនិយោគ​លើ​វិស័យ​នានា ពិសេស​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ត្រឹមតែ 209រោងចក្រ​នៅក្នុង​ឆ្នាំ2003 និង​មាន​កម្មករ​ត្រឹមតែ25ម៉ឺន​នាក់ ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹមតែ45ដុល្លារ​ក្នុង​មួយខែ​នោះ បច្ចុប្បន្ន​បាន​កើនឡើង​រហូតដល់556រោងចក្រ កម្មករ​កើនឡើង​ដល់65ម៉ឺន​នាក់ ជា​កម្មការិនី88% និង​ប្រាក់​ឈ្នួល​អប្បបរមា​កើនឡើង​ដល់ 170ដុល្លារ ដោយ​មិន​រួមបញ្ចូល​ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​អត្ថប្រយោជន៍ផ្សេងៗចំនួន 17ដុល្លារ​ទៀតផង។
    2. WTO បាន​បើក​ច្រក​ទីផ្សារ​នាំចេញ​ជាច្រើន​ប្រទេស​ធ្វើឱ្យ​ការនាំចេញ​ទូទៅ​បាន​កើនឡើង2ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ2003 ទៅ​ចំនួន​ជាង10ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2017 (តាម​ស្ថិតិ​របស់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ)។
    3. រក្សាបាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ខ្ពស់​ជាងគេ ក្នុង​រង្វង់7% គិត​ជា​មធ្យម​ធៀប​នឹង​កំណើន​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួចផ្សេងៗ ក្នុង​ចន្លោះ​ពី2004 ដល់2017។
    4. អតិផរណា​បាន​ធ្លាក់ចុះ​ពី5.5%ក្នុង​ឆ្នាំ2011 មក​នៅត្រឹម1.2% នៅ​ឆ្នាំ2015ផងដែរ​ដោយសារ​មាន​គោលនយោបាយ​ជាតិ​ច្បាស់លាស់។
    5. អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី47.8% នៅ​ឆ្នាំ2007 មក​នៅ13.5%ក្នុង​ឆ្នាំ2014ហើយ​កម្ពុជា​ក៏​ទទួលបាន​នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ2015ផងដែរ ដែល​ក្នុងនោះ​មាន​ចំណូល​សរុប​ចំនួន 1,070 ដុល្លារ​សម្រាប់​ប្រជាជន​ម្នាក់។
    6. សមាជិកភាព​របស់​ក​ម្ពុ​ជា ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ផ្តល់នូវ​សិទ្ធិ​ស្មើគ្នា​ជាមួយ​ប្រទេស​ជា​សមាជិក​ទាំងអស់​ក្នុងការ​ពិគ្រោះ​យោបល់ ពិភាក្សា ដោះស្រាយ​វិវាទ និង​ធ្វើការ​សម្រេចចិត្ត​នានា​របស់​អង្គការ​នេះ។
    7. កម្ពុជា​ក៏​ទទួលបាន​ផងដែរ​នូវ​ជំនួយ​បច្ចេកទេស និង​ការបណ្តុះបណ្តាល ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ទទួលបាន​ជំនួយ​សម្រាប់​អភិវឌ្ឍ​ពាណិជ្ជកម្ម​ជាដើម។ល។
    8. បាន​ដើរតួនាទី​ជា​ប្រធាន​ក្រុម​សម្របសម្រួល នៃ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច កាលពី​ខែកុម្ភៈ ឆ្នាំ2017កន្លងទៅ ដែល​បាន និង​កំពុង​ជួយ​ជំរុញ​ដល់​ការចរចា​នានា ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

    សូមជម្រាបថា ក្នុង​ចន្លោះ​ឆ្នាំ2007ដល់2017 កម្ពុជា​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស កែទម្រង់​ស្ថាប័ន និង​រចនាសម្ព័ន្ធ កសាង​លិខិតបទដ្ឋាន​ច្បាប់ និង​សាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដែល​បាន​ជួយ​សម្របសម្រួល និង​ទាក់ទាញ​ការវិនិយោគ​ពី​បណ្តា​ប្រទេស​ជាច្រើន​មក​កម្ពុជា។ សមិទ្ធផល​ទាំងអស់នេះ​បាន និង​កំពុង​កំពុង​ជួយ​ដល់​ការពង្រីក​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា ព្រមទាំង​ជួយ​លើកតម្កើង​កិត្យានុភាព និង​កិត្តិនាម​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀតផង៕

  • Song Joong Ki និង Song Hye Kyo បង្ហាញធៀបការហើយ

    Song Joong Ki និង Song Hye Kyo បង្ហាញធៀបការហើយ

    នៅថ្ងៃទី14 ខែតុលា ឆ្នាំ2017 សារព័ត៌មាន kenh14 បានចេញផ្សាយឱ្យដឹងថា នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់កូរ៉េ អ្នកគាំទ្រគូស្នេហ៍ថ្មោងថ្មីរវាង Song Joong Ki និង Song Hye Kyo បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញអំពីធៀបអាពាហ៍ពិពាហ៍(សំបុត្រការ)របស់តារាទាំងពីរដួងនេះ ដោយនៅលើធៀបការនេះមានឈ្មោះរបស់អ្នកទាំងពីរផងដែរ។

    យ៉ាងណាមិញ នៅលើរូបភាពមួយសន្លឹកនេះ អ្នកគាំទ្របានអះអាងយ៉ាងដូច្នេះថា “នេះគឺជាធៀបការដ៏ប្រណីតរបស់ Song Joong Ki និង Song Hye Kyo” ។ គួរបញ្ជាក់ផងដែរថា ថ្ងៃកំណត់នៃការរៀបអាពាហ៍ពិពាហ៍របស់តារាពីរដួងខាងលើនេះ គ្រោងនឹងប្រពឹត្តទៅនៅថ្ងៃទី31 ខែតុលា ឆ្នាំ2107 ពោលគឺចំថ្ងៃបុណ្យ Halloween ជាថ្ងៃបុណ្យបរទេសតែម្ដងនៅក្នុងបរិវេណសណ្ឋាគារ Shilla Hotel Seoul ដែលធ្លាប់មានតារាកូរ៉េជាច្រើនគូរួចមកហើយបានមករៀបចំពិធីមង្គលការនៅទីនេះ ដូចជា Jang Dong Gun, Go So Young, Kwon Sang Woo, Son Tae Young, Jeon Ji Hyun និងប្តីរបស់នាង Choi Jun Hyuk, Hwang Jung Eum និង Lee Young Don ជាដើម៕

  • ជក់ចិត្ត​ជាមួយ សាច់គោ​បំពង​ល្ងស​ពិសេស

    ជក់ចិត្ត​ជាមួយ សាច់គោ​បំពង​ល្ងស​ពិសេស

    ភាគច្រើន មុខម្ហូប​សាច់គោ​បំពង​ល្ងស​នេះ ហាក់​មិន​ត្រូវបាន​គេ​និយម​ទទួលទាន​ជាមួយ​អាហារ​ប្រចាំ​ពេល​នោះទេ ប៉ុន្តែ​បើជា​មុខម្ហូប​សម្រាប់​ទទួលទាន​ក្នុងនាម​ជា​គ្រឿងក្លែម​វិញ​នោះ គឺ​ពិត​ជាមាន​ប្រជាប្រិយភាព​ខ្ពស់ ដែល​ស្ទើរតែ​គ្រប់​ភោជនីយដ្ឋាន​ទាំងអស់​សុទ្ធតែ​មានមុខ​ម្ហូប​មួយ​នេះ​នៅក្នុង​សៀវភៅ​រាយ​នាម​មុខម្ហូប​ជានិច្ច ។ ចង់ដឹង​ទេ​ថា អាហារ​ដែលមាន​ការពេញនិយម​ខ្ពស់​មួយ​មុខ​នេះ មាន​វិធី​ធ្វើយ៉ាងណា​ខ្លះ ? បើ​ចង់​ជ្រាប សូម​បន្ត​ការអាន​របស់លោក​អ្នក​ជាមួយ​រៀបរាប់ និង​បង្ហាញជូន​ពី​សំណាក់​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន Cow boy ដូចខាងក្រោម ។

    គ្រឿងផ្សំ ៖

    • សាច់គោ
    • ល្ង ស
    • អំបិល
    • ម្រេច
    • ម្សៅ​ស៊ុប​ខ្នរ
    • ពងមាន់ (ផ្នែក​ស)
    • ម្សៅ​បំពង
    • ស្លឹក​ក្រូចសើច
    • ជ្រក់​ឆៃថាវ
    • ប្រេងឆា

    វិធី​ចម្អិន ៖ សម្រាប់​វិធី​ចម្អិនម្ហូប​មួយ​មុខ​នេះ​គឺ​កាន់តែ​ងាយស្រួល ដោយ​គ្រាន់តែ​យក​សាច់គោ​ហាន់​ជា​បន្ទះ​ស្តើង​ល្មម ហើយ​ប្រឡាក់​ជាមួយ​គ្រឿងផ្សំ​ដែល​រួមមាន អំបិល ម្រេច ពងមាន់ ម្សៅ​ស៊ុប​ខ្នរ ម្សៅ​បំពង ល្ងស ហើយ​យកទៅ​បំពង​ជាមួយ​ប្រេងឆា​ដែល​កំពុង​ក្ដៅ។ នៅពេល​ឃើញថា សាច់គោ​ឆ្អិន​ល្មម ឡើង​ពណ៌​ក្រហម​ហើយ​នោះ ត្រូវ​បន្ថែម​ស្លឹក​សើច​បំពង​រួមគ្នា​មួយសន្ទុះ ស្រង់​ចេញ​ទុកឱ្យ​ស្ងួត​ប្រេង រួច​រៀប​ដាក់​លើ​ចាន​ដូច​ក្នុង​រួម​ភាពជា​ស្រេច។ ដោយឡែក​នៅពេល​ទទួល​ទាន លោកអ្នក​អាច​យក​ជ្រក់​ឆៃថាវ ឬ​អំបិលម្រេច​ក្រូចឆ្មារ​មក​ធ្វើជា​គ្រឿងផ្សំ​រសជាតិ​កាន់តែ​ប្រសើរ៕