Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួងពាណិជ្ជកម្ម​ព​ន្លឿ​ន ការរៀបចំ​សៀវភៅ​បន្ទុក​សម្រាប់​សមាគម​ម្រេច​កម្ពុជា

    ក្រសួងពាណិជ្ជកម្ម​ព​ន្លឿ​ន ការរៀបចំ​សៀវភៅ​បន្ទុក​សម្រាប់​សមាគម​ម្រេច​កម្ពុជា

    ស្រប​ពេលដែល​ការដាំដុះ​ដំណាំ​ម្រេច​កាន់តែ​មានការ​កើនឡើង ហើយ​ទីផ្សារ​មាន​កម្រិត​នោះ ក្រសួងពាណិជ្ជកម្ម​បាន​នឹង​កំពុង​រៀបចំ​ចងក្រង​បង្កើត​លក្ខខណ្ឌ​ដាំ​ដុះ​ម្រេច (Good Agricultural Practice) ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​ពី​អ្នក​នាំចេញ​ផងដែរ។

    សៀវភៅ​បន្ទុក​ថ្មី​មួយ​ដែល​រៀបចំឡើង​ដោយ​អ្នកមាន​បទពិសោធ​ក្នុង​ការដាំដុះ​ម្រេច និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​កសិកម្ម បាន​រៀបរាប់​ពី​លក្ខខណ្ឌ​នានា​ចាប់ពី​ការដាំដុះ​បច្ចេកទេស​ដាំ​ដុះ ថែទាំ ការប្រមូល​ផល ការ​ទុកដាក់​ទិន្នផល ការត្រួតពិនិត្យ និង​ការអញ្ជើញ​ភាគី​ខាងក្រៅ​មក​ពិនិត្យ ជាដើម។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ឯកឧត្តម វ៉ា រុត​សាន ប្រធាន​ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​អ្នក​ផ្តួចផ្តើម​ឱ្យមាន​សៀវភៅ​បន្ទុក​នេះ។

    ឯកឧត្តម វ៉ា រុត​សាន បាន​លើកឡើងថា សៀវភៅ​បន្ទុក​ដែល​អនុវត្តតាម GAP នឹងត្រូវ​ផ្តល់ជូន​ដល់​ប្រជាកសិករ និង​ម្ចាស់​កសិដ្ឋាន ដើម្បី​អនុវត្ត ស្រប​ពេលដែល​ក្រសួងពាណិជ្ជកម្ម​ត្រៀម​បង្កើត​សហព័ន្ធ​ម្រេច និង​ដាក់បញ្ចូល​ផលិតផល​ម្រេច​ទៅជា​ផលិតផល​សក្តានុពល​ស​ម្រា​ប់​ការនាំចេញ។ ឯកឧត្តម បាន​បន្តថា សៀវភៅ​បន្ទុក​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការដាំដុះ​ម្រេច​ប្រកបដោយ​និរន្តរភាព ដោយ​រាប់​ចាប់តាំងពី​ការដាំដុះ ការប្រមូល​ផល ការប្រើប្រាស់​ជី និង​ការ​ទុកដាក់​ផលិតផល​ក្រោយ​ប្រមូល​ផល សុទ្ធតែ​បានចែង​នៅក្នុង​សៀវភៅ​បន្ទុក​ដែល​រៀបចំ​ថ្មី​នេះ។

    ឯកឧត្តម វ៉ា រុត​សាន មានប្រសាសន៍ថា៖“អ្នក​ដាំ​ដុះ​អាច​មើលសៀវភៅ​នេះ ហើយ​អាច​កែសម្រួល​ចំណុច​ខ្លះ​ទៅតាម​លទ្ធភាព​ដែល​គាត់​អាចធ្វើ​បាន​ដោយ​គាត់​អនុវត្ត​ស្រាល​ជាង​សៀវភៅ​បន្ទុក ឬក៏​ត្រូវ​ចងឱ្យ​តឹង​ជាង​នេះ។ ទៅ​អនាគត​អ្នក​ដាំ​ដុះ​ម្រេច​អាច​ដាំ​ដុះ​ដោយមាន​របៀប និង​គំរូ​ច្បាស់លាស់។ ការដាំដុះ​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើឱ្យ​ទិន្នផល​ម្រេច​ហក់​ឡើង​រហូតដល់​ប្រមាណ2ម៉ឺន​តោន ដោយមាន​ការដាំដុះ​នៅក្នុង​ខេត្ត​ចំនួន19 ទូទាំងប្រទេស​កម្ពុជា។

    ជាមួយ​ទិន្នផល​កើនឡើង​ខ្ពស់ និង​តម្រូវការ​ប្រើប្រាស់​មា​នក​ម្រិ​ត ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ក៏បាន​ត្អូញ​តែ្អ​រ​ពី​ផល​លំបាក​ក្នុង​ការរក​ទីផ្សារ​ឱ្យ​ផលិតផល​ម្រេច​ផងដែរ។ កាលពី​ថ្ងៃទី11 ខែសីហា ឆ្នាំ2017 នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ស្តីពី​ពាណិជ្ជកម្ម​ម្រេច និង​ការផ្លាស់ប្តូរ​បទពិសោធ​របស់​សហគមន៍​ម្រេច​អន្តរជាតិ ក្នុង​ការកសាង​ទំនុកចិត្ត​ឆ្ពោះទៅកាន់​និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច​កម្ពុជា។

    នាឱកាស​នោះ ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​អះអាងថា ការដាំដុះ​ម្រេច​របស់​កម្ពុ​ជាមាន​សន្ទុះ​ខ្លាំងក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​មាន​ស្ថិរភាព​តម្លៃ​ធៀប​នឹង​ផលិតផលផ្សេងៗទៀត។ បច្ចុប្បន្ននេះ​ក្នុង1ឆ្នាំ​កម្ពុជា​អាច​ប្រមូល​ផល​ម្រេច​បាន​ប្រមាណ2ម៉ឺន​តោន ខណៈ​កាលពី​អំឡុង​ទសវត្សរ៍ ឆ្នាំ60 បាន​បរិមាណ​ត្រឹមតែ2,000តោន​ប៉ុណ្ណោះ។

    ឯកឧត្តម ម៉ៅ ថូ​រ៉ា បាន​អះអាងថា ម្រេច​ជា​ផលិតផល​សំខាន់​មួយ​ក្នុងចំណោម​ទំនិញ​ទាំង19មុខ​របស់​កម្ពុជា​ដែលជា​អាទិភាព​សម្រាប់​ការនាំចេញ។ ផលិតផល​ម្រេច​ប្រមាណ300តោន​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក ហើយ​ទិន្នផល​សេសសល់​ត្រូវ​ពឹង​លើ​ការនាំចេញ ដោយ​នាំ​ចេញទៅ​ប្រទេស​វៀតណាម​ច្រើនជាងគេ ក្រៅពីនោះ​មាន​ទីផ្សារ​ប្រទេស​ជប៉ុន កូរ៉េ អាមេរិក និង​កាណាដា​ជាដើម។

    ឯកឧត្តម​បាន​ថ្លែងថា៖“ការកើនឡើង​ខ្ពស់​នៃ​ទិន្នផល​នេះ​បាន​បង្កក្តី​លំបាក​ដល់​ការរក​ទីផ្សារ។ យើង​ដឹង​ហើយ​ថា ម្រេច​តែមួយ​ក្តាប់​គេ​អាច​ប្រើ​បាន​ស្ទើរ​មួយ​ភូមិ ដូចនេះ​ការរក​ទីផ្សារ​ពិតជា​ពិបាក។ នៅ​ចំពោះមុខ​ការលំបាក​នេះ និង​ដើម្បី​ដោះស្រាយ​ស្ថានភាព​ប្រឈម​នៅពេល​ខាងមុខ ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​បង្កើត​សហគមន៍​ម្រេច​ឱ្យ​មាននៅ​គ្រប់​ខេត្ត​ទាំងអស់19 ដែលមាន​ការដាំដុះ​ម្រេច​ដើម្បី​ឈានទៅ​បង្កើត​សហព័ន្ធ​ម្រេច​នៅ​ថ្ងៃ​អនាគត ខណៈ​បច្ចុប្បន្ន​មានតែ​ខេត្ត​ចំនួន5ប៉ុណ្ណោះ​ដែលមាន​សហគមន៍​ម្រេច។ ការប្រកប​អាជីវកម្ម​ម្រេច​ត្រូវបាន​ធ្វើឡើងដោយឡែកៗពីគ្នា​រវាង​កសិករ​ម្នាក់​ទៅ​កសិករ​ម្នាក់ទៀត ដែលជា​កត្តា​ពិបាក និង​ការចំណាយ​ខ្ពស់។

    យោងតាម​ការសិក្សា កសិករ​លក់​ម្រេចភ្លាមៗក្រោយ​ប្រមូល​ផល ដោយសារ​គ្មាន​ឃ្លាំង​ស្តុក និង​ត្រូវការ​ទុន​បង្វិល។ អ្នក​ដាំ​ដុះ​ម្រេច ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ចន្លោះ​ពី2-3ម៉ឺន​ដុល្លារ​ក្នុង1ហិកតា​សម្រាប់​ការដាំដុះ​ម្រេច​រហូតដល់​ប្រមូល​ផល៕

  • តើ​គួរ​ធ្វើយ៉ាងណា​នៅពេលដែល​ក្អក​មិន​បាត់?​

    តើ​គួរ​ធ្វើយ៉ាងណា​នៅពេលដែល​ក្អក​មិន​បាត់?​

    អាការ​ក្អក អាច​កើតឡើង​ច្រើនបែប​អាស្រ័យ​លើ​មូលហេតុ​របស់​វា មនុស្ស​យើង​មិនអាច​ជ្រើសរើស​ថា​នឹង​ក្អក​បែបណា​បាន​នោះទេ តែ​ជ្រើសរើស​ក្នុងការ​ចាត់ការ​វា​ឱ្យ​ធូរស្រាល​ទៅវិញ​យ៉ាង​ឆាប់រហ័ស​បាន។ ដូច្នេះហើយ​ទើប​ខាង​វេជ្ជសាស្ត្រ​បែងចែក​អាការ​ក្អក​ចេញ​ជាច្រើន​បែបច្រើនយ៉ាង ដូចជា ក្អក​ស្ងួត និង​ក្អកមាន​ស្លេស្ម៍ ឬ​ក្អក​រយៈពេល​ខ្លី និង​ក្អក​រ៉ាំរ៉ៃ​ជាដើម។ មនុស្ស​ក្នុង​យុគសម័យ​នេះ​កើត​អាការ​ក្អក​ច្រើន​គ្នា​ណាស់ ដោយសារតែ​បច្ច័យ​អាកាសធាតុ និង​បច្ច័យ​ខាងក្នុង​រាងកាយ​គឺ ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ចុះខ្សោយ ទើប​ចេះតែ​ក្អក​មិន​បាត់។

    ក្នុង​ខាង​វេជ្ជសាស្ត្រ​បាន​បែងចែក “អាការ​ក្អក” ចេញ​ជា2បែប ដើម្បីឱ្យ​លោកអ្នក​សម្រេចចិត្តថា នឹង​ចាត់ការ​ជាមួយ​វា​យ៉ាងដូចម្ដេច​ដូចតទៅ​នេះ ៖

    1/ ក្អក​ទូទៅ៖ គឺ​ក្អក​ដោយសារ​ប្រព័ន្ធ​ដកដង្ហើម​មាន​បញ្ហា ដូចជា ក្អក​ដោយសារ​ឈ្លក់​នឹង​ល្អងធូលី​ដី ឬ​ផ្សែង​អ័​ព្ធ​ជាដើម ក្អក​ដោយសារ​កើត​ជំងឺ​ផ្តាសាយ​តឹង​ច្រមុះ​ធម្មតា ឬ​ក្អក​ដោយសារ​កើត​ប្រតិកម្ម​ចាញ់​ទីកន្លែង។ល។

    2/ ក្អក​មួយទៀត​ដែល​ត្រូវ​ប្រយ័ត្ន​នោះ​គឺថា តើ​ត្រូវ​ទៅរក​គ្រូពេទ្យ​ឬក៏​អត់ គឺ​ក្អក​រ៉ាំរ៉ៃ​យូរអង្វែង ក្អក​រួមជាមួយ​ហត់​ដង្ហក់​ដកដង្ហើម​មិន​រួច ក្អក​ដោយសារ​ឆ្លង​មេរោគ​ចូល​ធ្ងន់ធ្ងរ ឬ​មាន​គ្រុនក្តៅ​ខ្លួន​ផង ដែល​ទាំង3រោគសញ្ញា​នេះ​គឺជា​អាការ​ហើម​សួត (សួត​ឆ្លង​មេរោគ)។

    ការរក្សា​ព្យាបាល​អាការ​ក្អក​បែប​ទី1 (ក្អក​ទូទៅ) មានការ​បឋម​ព្យាបាល​ដោយ​ខ្លួនឯង​បែបងាយៗដូចតទៅ ៖

    • ចាប់ផ្តើម​ដោយ​ការ​គេង​សម្រាក​ឱ្យបាន​ច្រើន ចូល​គេង​យ៉ាងយូរបំផុត​នៅ​ម៉ោង10យប់ ដើម្បីឱ្យ​រាងកាយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ។

    • ពាក់​ស្រោម​ជើងពេល​គេង​យប់ ព្រោះ​បើ​ចង់ឱ្យ​សុខភាព​ល្អ ត្រូវតែ​ឱ្យ​ចុងជើង​ក្តៅឧណ្ហៗជានិច្ច។

    • ទទួលទាន​ផ្លែ​ត្របែក ផ្លែ​ប៉េងប៉ោះស្រស់ៗ និង​ទទួលទាន​ទឹក​ផ្លែក្រូច​វ​ល្លិ៍ (ផ្លែ​ផា​សិន) ឱ្យបាន​ញឹកញាប់។

    • ផ្លុំ​សក់ ឬ​ជូត​សក់​ឱ្យ​ស្ងួត​មុនពេល​គេង ហាម​គេង​ទាំង​សក់​ក្បាល​សើម​ជាដាច់ខាត ព្រោះ​ភាព​សើម​នឹង​ធ្វើឱ្យ​មេរោគ​ផ្តាសាយ​រីក​សាយភាយ​បានល្អ​នៅក្នុង​ច្រមុះ និង​ផ្លូវដង្ហើម។

    សម្រាប់​ករណីនេះ មាន​រូបមន្ត​ភេសជ្ជៈ​ពិសេស​ការពារ​អាការ​ក្អក​បានពិតៗគឺ “ទឹកឃ្មុំ​ផ្សំ​ជាមួយ​ទឹកក្រូច​ឆ្មារ” ដោយ​ផ្សំ​ក្នុង​អត្រា​ស្មើគ្នា និង​មាន​គន្លឹះ​ពិសេស​មួយ​គឺ មិន​លាយ​ជាមួយ​ទឹក ឬ​ដាក់​ទឹកកក​ឡើយ គ្រាន់តែ​កូរ​ឱ្យចូល​គ្នា​សព្វ ផ្អែមជូរៗ រួចហើយ​ក្រេប​បំបាត់​អាការ​ក្អក​បាន។

    ចំណែក​អាការ​ក្អក​បែប​ទី2 គួរតែ​ទៅ​ជួប​គ្រូពេទ្យ បើ​មាន​អាការ​បន្ថែម​ដូចខាងក្រោម ៖

    • ក្តៅខ្លួន38.9អង្សា C ឡើង
    • ក្អកមាន​ស្លេស្ម៍ លាយ​ឈាម មាន​ពណ៌ក្រហមៗ ឬ​ខៀវ
    • មាន​អាការ​ហត់​ដង្ហក់
    • ពិបាក​ដកដង្ហើម
    • ឈឺ​ដើមទ្រូង​ខ្លាំង​ទាំង​ពេល​ក្អក និង​មិន​ក្អក
    • ក្អកជាប់ៗគ្នា​យូរ​ជាង2សប្តាហ៍

    តែ​ជា​សរុបទៅ បើ​លោកអ្នក​នៅតែ​មិនបាន​ធូរស្រាល​ពី​អាការ​ក្អក​សោះ​នោះ គួរតែ​ទៅ​ជួប​លោក​គ្រូពេទ្យ​ជាបន្ទាន់ ហើយ​កុំ​ភ្លេច​រៀបរាប់​អំពី​អាការ​ក្អក​ឱ្យបាន​លម្អិត​ផង ព្រោះ​អ្វីដែល​អ្នក​រៀបរាប់​ប្រាប់​លោកគ្រូ​ពេទ្យ​នោះ​អាចជួយ​ក្នុងការ​វិនិច្ឆ័យ​រោគ និង​ការព្យាបាល​បាន​ច្រើនណាស់៕

  • កុមារ​នៅ​អាស៊ី​ទទួលរង​អំពើហិង្សា​ច្រើនជាងគេ​លើ​ពិភពលោក

    កុមារ​នៅ​អាស៊ី​ទទួលរង​អំពើហិង្សា​ច្រើនជាងគេ​លើ​ពិភពលោក

    ការប្រើ​អំពើហិង្សា​លើ​កុមារ​ជា​រឿង​ដែល​ពិភពលោក​កំពុង​យកចិត្តទុកដាក់​ខ្លាំង​បំផុត ព្រោះថា កុមារ​ជា​ធនធាន​ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​កំណត់​អនាគត​របស់​ពិភពលោក។

    ទម្លាប់​នៃ​ការប្រើប្រាស់​ហិង្សា​ដើម្បី​អប់រំ​កុមារ រួមទាំង​សកម្មភាពផ្សេងៗជាច្រើន​ទៀត ដែល​ត្រូវបាន​គេ​មើលឃើញថា​សុទ្ធសឹង​ជា​រូបភាព​អំពើហិង្សា​ដែល​អាណាព្យាបាល​ភាគច្រើន​បានធ្វើ​ដោយ​មិនដឹង​ខ្លួន។ សកម្មភាព​ទាំងអស់នេះ​ត្រូវបាន​គេ​មើលឃើញថា អាច​បណ្តាលឱ្យ​កុមារ​ត្រូវ​ស្ថិតក្នុង​ស្ថានភាព​បាក់ស្បាត បាត់បង់​ការចងចាំ រួមទាំង​ប៉ះពាល់​ដល់​ការរីកលូតលាស់​នៃ​គំនិត​ប្រាជ្ញា​របស់​កុមារ​ថែម​ទៀតផង។

    យោងតាម​ទិន្នន័យ​របស់​អង្គការ​ទស្សនៈ​ពិភពលោក World Vision បាន​បង្ហាញថា កុមារ​ប្រមាណ​ជាង 1ពាន់​លាន​នាក់​លើ​ពិភពលោក​បានទទួលរ​ង​នូវ​អំពើហិង្សា​ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុងចំណោម​កុមារ​ដែល​ទទួលរង​នូវ​អំពើហិង្សា​ទាំងអស់នោះ ត្រូវបាន​គេ​រកឃើញថា ស្ថិតនៅក្នុង​ទ្វីបអាស៊ី​ច្រើនជាងគេ។

    អង្គការ​ដដែល​បានបង្ហាញ​ផងដែរ​ថា កុមារ​ប្រមាណ​ជាង 77.7លាន​នាក់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ បានទទួល​រងគ្រោះ​ពី​ការរំលោភបំពាន​លើ​កម្លាំង​ពលកម្ម។

    ការទប់ស្កាត់​អំពើហិង្សា​ត្រូវបាន​ស្ថាប័នរដ្ឋ ឯកជន រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផង ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​កត្តា​អវិជ្ជមាន​ទាំងនេះ​ដល់​អាណាព្យាបាល​ភាគច្រើន​ឱ្យបាន​ដឹង តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​គេ​សង្កេតឃើញថា នៅ​តំបន់​ដាច់ស្រយាល ជាពិសេស​តំបន់​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនអាច​ទៅដល់​នៅតែ​ប្រឈម​នឹង​បញ្ហា​អំពើហិង្សា​លើ​កុមារ​ច្រើន​នៅឡើយ។ ផ្ទុយ​មកវិញ នៅ​តំបន់​ប្រជុំជន ចាប់ផ្តើម​មាន​ស្ថានភាព​ប្រសើរឡើង​ច្រើន ព្រោះ​មនុស្ស​ចាប់ផ្តើម​យល់ដឹង​ពី​ផលវិបាក​នៃ​ការប្រើប្រាស់​អំពើហិង្សា​លើ​កុមារ រួមទាំង​យល់ដឹង​ផងដែរ​នូវ​វិធីសាស្ត្រ​ដើម្បី​បញ្ចៀស​អំពើហិង្សា​លើ​ពួកគេ៕

  • មិនធម្មតា​ទេ…សម្បុក​សត្វ​ត្រចៀកកាំ1គីឡូ​លក់បាន1000ដុល្លារ

    មិនធម្មតា​ទេ…សម្បុក​សត្វ​ត្រចៀកកាំ1គីឡូ​លក់បាន1000ដុល្លារ

    ភ្នំពេញ៖ មុខរបរ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​យក​ទឹកមាត់ គឺជា​អាជីវកម្ម​លាក់​មុខ​មួយ​នៅ​កម្ពុជា មិនសូវ​សម្បូរ​អ្នក​ចិញ្ចឹម​ប៉ុន្មាន​ទេ ប៉ុន្តែ​អាច​រកប្រាក់​ចំណេញ​បាន​ច្រើន ដោយ​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ​ទាប​បំផុត គឺ​មួយ​ពាន់​ដុល្លារ ហើយ​កំពុង​ត្រូវប៉ាន់​បំផុត​នៅក្នុង​ទីផ្សារ​បរទេស។

    លោក មៀ​វ សុខ​ទ្រី អគ្គលេខាធិការ​សហព័ន្ធ​សត្វ​ត្រចៀកកាំ​កម្ពុជា បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ននេះ​តម្លៃ​សម្បុក​សត្វ​ត្រចៀកកាំ​ក្នុង​មួយ​គីឡូក្រាម​ប្រហែល1,000ដុល្លារ ក្នុងនោះ​ទីផ្សារ​នាំចេញ​សម្បុក​សត្វ​ត្រចៀកកាំ​ធំជាងគេ​គឺ​ប្រទេស​ចិន បន្ទាប់មក​ប្រទេស​វៀតណាម ម៉ាឡេស៊ី និង​ប្រទេស​ថៃ ដែល​ការនាំចេញ​សម្បុក​សត្វ​ត្រចៀកកាំ​ក្នុងមួយខែៗប្រមាណ​ជាជាង10តោន ហើយ​ក្នុង​មួយឆ្នាំ​សរុប​ប្រមាណ​ជាជាង100តោន។

    លោក​បញ្ជាក់ថា បច្ចុប្បន្ន​ការចិញ្ចឹម​សត្វ​ត្រចៀកកាំ​នៅ​កម្ពុជា​កំពុងមាន​ការកើនឡើង​ខ្លាំង​ដោយសារតែ​សម្បុក​សត្វ​ត្រចៀកកាំ​កំពុងតែ​មានតម្លៃ​ថ្លៃ និង​តម្រូវការ​ខ្ពស់ ហើយ​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​មិនត្រូវ​ការចំណាយ​ពេលវេលា​ច្រើន​ដូច​ការធ្វើ​អាជីវកម្មផ្សេងៗនោះទេ ដោយ​គ្រាន់តែ​រៀបចំ​សាងសង់​ផ្ទះ​ដើម្បី​ទុកឱ្យ​សត្វ​ត្រចៀកកាំ​រស់នៅ ហើយនឹង​ចាំ​ទទួលបាន​នូវ​អនុផល​ដោយ​គ្រាន់តែ​សត្វ​ត្រចៀកកាំ​បញ្ចេញ​ទឹកមាត់​ធ្វើ​សម្បុក​នៅក្នុង​ផ្ទះ​នោះ​តែប៉ុណ្ណោះ។

    ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ គឺមាន​រហូតដល់​រាប់ពាន់​ផ្ទះ​ដែល​ភាគច្រើន​ចិញ្ចឹម​នៅក្នុង​ខេត្ដ​ព្រះសីហនុ កំពត និង​ខេត្ដ​កោះកុង ដែលជា​ខេត្ដ​នៅជាប់​ឆ្នេរសមុទ្រ​ដែល​ផ្ដល់​ភាពអនុគ្រោះ​ច្រើន​ដល់​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ។

    ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ដល់​សមាជិក​សហព័ន្ធ​សត្វ​ត្រចៀកកាំ​កម្ពុជា និង​ម្ចាស់​អាជីវកម្ម​សត្វ​ត្រចៀកកាំ​ទាំងអស់​អាចមក​ចុះឈ្មោះ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ទាក់ទង​នឹង​ការថែទាំ​ផ្ទះ​សត្វ​ត្រចៀកកាំ និង​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ ទាក់ទង​នឹង​ការថែទាំ ការបង្កើន​ទិន្នផល​សម្បុក​សត្វ​ត្រចៀកកាំ​ឱ្យទទួល​បាន​ផល​កាន់តែច្រើន និង​មានគុណ​ភាពល្អ ខណៈដែល​សហព័ន្ធ​បាន​សហការ​ជាមួយ​អ្នកជំនាញ​សត្វ​ត្រចៀកកាំ​មកពី​ប្រទេស​ម៉ាឡេស៊ី​ធ្វើការ​បណ្ដុះបណ្ដាល​នៅ​ថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2917ខាងមុខនេះ នៅ​ខេត្ដ​ព្រះសីហនុ៕

  • រៀន​នៅក្នុង​សាលា​តែ​ម្យ៉ាង ប្រាកដជា​អាច​ទាត់​ខ្យល់​រយៈពេល​យូរ

    រៀន​នៅក្នុង​សាលា​តែ​ម្យ៉ាង ប្រាកដជា​អាច​ទាត់​ខ្យល់​រយៈពេល​យូរ

    ការសិក្សា​នៅ​មហាវិទ្យាល័យ​មាន​លក្ខណៈ​ខុសគ្នា​ទាំងស្រុង​ពី​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ព្រោះថា ការសិក្សា​នៅ​កម្រិត​នេះ​ទាមទារ​ឱ្យ​និស្សិត​មានការ​ស្រាវជ្រាវ​ស្វែងរក​ការពិសោធ​ជាក់ស្តែង ព្រមទាំង​ប្រឡូក​ច្រើន​ទៅនឹង​ការងារ​ដើម្បី​ស្វែងរក​ឱកាស​ដើម្បី​អនុវត្ត​ឱ្យ​លើ​ទ្រឹស្តី​ដែល​បាន​រៀនសូត្រ។

    រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត អ៊ឹម កុ​ច បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ​មាន​និស្សិត​ប្រមាណ​ជា2ភាគ3នៅក្នុង​តំបន់​មួយចំនួន​លើ​ពិភពលោក​មិនអាច​រក​ការងារ​ធ្វើបាន ឬ​មិនអាច​ទទួលបាន​ការងា​រ​ដែល​ត្រូវ​ជំនាញ​បាន​ក្រោយពេល​បញ្ចប់​ការសិក្សា។ កត្តា​ទាំងអស់នេះ​មិនមែន​បណ្តាលមកពី​ការអប់រំ​នៅតាម​សាលា ឬ​សាកលវិទ្យាល័យ​ដែល​មិនមាន​ភាពស៊ីចង្វាក់​ជាមួយនឹង​ទីផ្សារការងារ​ទាំងអស់​នោះទេ តែ​វា​បណ្តាលមកពី​កត្តាផ្សេងៗទៀត ជាពិសេស គឺ​កត្តា​និស្សិត​ខ្លួនឯង​ដែល​មិនបាន​បន្ស៊ាំ​ខ្លួនឯង​ជាមួយ​ចំនួន​ដើម្បី​ស្វែងរក​បទពិសោធ​ជាក់ស្តែង។

    ឯកឧត្តម អ៊ឹម កុ​ច បាន​មានប្រសាសន៍ថា៖ «កត្តា​មួយចំនួន​ដែល​ជំរុញ​ឱ្យ​សិស្ស-និស្សិត​មិនអាច​រក​ការងារ​ធ្វើបាន​នៅ​កម្រិត​មហាវិទ្យាល័យ គឺ​មកពី​ពួកគាត់​មិនទាន់មាន​សមត្ថភាព​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​មិនសូវ​យល់ច្បាស់​ពី​តម្លៃ​នៃ​ការចូលរួម​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​មិន​ចាប់អារម្មណ៍​ស្វែងយល់​ពី​ការបង្កើត​ទំនាក់ទំនង​ល្អ និង​យល់​មិនបាន​ស៊ីជម្រៅ​ពី​ការសិក្សា​នៅ​មហាវិទ្យាល័យ»។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បន្ថែមទៀតថា ដើម្បី​ទទួលបាន​ការងារ និង​អភិវឌ្ឍ​សមត្ថភាព​ការងារ​ឱ្យ​បានល្អ​ក្រោយពេល​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ មាតាបិតា​ទាំងឡាយ​ត្រូវតែ​ផ្តល់ឱកាស​ឱ្យបាន​ច្រើន​សម្រាប់កូនៗ និង​ចូលរួម​អប់រំ​កូន ដូចជា​ការលើកទឹកចិត្ត​កូន​ឱ្យធ្វើ​ការងារ​ហាត់​ការ (Internship) ជាដើម។នាពេល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​បង្កើតឡើង​ហើយ​ត្រូវការ​អ្នកធ្វើការ​ស្ម័គ្រចិត្ត​ដើម្បី​ហាត់​ការ​ដូចជា​តាម​ហាង​កាហ្វេ និង​តាម​ក្រុមហ៊ុន​ក្នុង​វិស័យផ្សេងៗជាច្រើន​ទៀត។ ការធ្វើ​ការហាត់​ការ គឺជា​ការងារ​ដែល​ផ្តល់​បទពិសោធ​ច្រើន​លើ​ផ្នែក​ការងារ​ទំនាក់ទំនង និង​ធ្វើឱ្យមាន​ភាពចាស់ទុំ។ ជាទូទៅ​ការសិក្សា​នៅ​មហាវិទ្យាល័យ​គឺ មាន​ប្រហែល​ជាជាង30%តែប៉ុណ្ណោះ​សម្រាប់​ទទួលបាន​ការងា​រ​ធ្វើ ហេតុនេះ​និស្សិត​ត្រូវ​ស្វះស្វែង​ដោយ​ខ្លួនឯង​ក្នុង​ពិភព​ខាងក្រៅ​ដើម្បី​រៀន ហើយ​អភិវឌ្ឍ​ខ្លួន​ដើម្បីឱ្យ​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ។ បន្ទាប់ពី​មានចំណេះដឹង​ពី​មហាវិទ្យាល័យ​មាន​បទពិសោធ​ជាក់ស្តែង និង​មាន​ទំនាក់ទំនង​ល្អ​ហើយ ពួកគេ​នឹង​ទទួលបាន​ការងារ​ល្អ​ធ្វើ​ក្រោយពេល​បញ្ចប់​ការសិក្សា។

    អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម អ៊ាង សុផ្លែត បាន​លើកឡើងថា ការសិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ​មាន​លក្ខណៈ​ខុសគ្នា​ទាំងស្រុង​ពី​ការសិក្សា​នៅ​កម្រិត​មធ្យមសិក្សា​ដែល​គ្រាន់តែ​ទន្ទេញ​ឱ្យ​ចាំតែ​ទ្រឹស្តី ឬ​គ្រាន់តែ​រៀន​ដើម្បី​តែ​ប្រឡង​ជាប់។ ការសិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ ទាមទារ​ឱ្យមាន​ភាពប្រាកដនិយម មានការ​ស្រាវជ្រាវ​ត្រឹមត្រូវ និង​សកម្ម​ក្នុងការ​អនុវត្ត​ដើម្បី​ច្បាស់​ថា ពួកគេ​យល់ច្បាស់​ពី​មេរៀន​ដែល​បាន​រៀន ហើយ​ធានាថា ពួកគេ​មានលទ្ធភាព​ធ្វើការ​ក្រោយ​បញ្ចប់​ការសិក្សា៕

  • កម្ពុជា និង UN បង្កើត​កម្មវិធី​រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​កម្ពុជា

    កម្ពុជា និង UN បង្កើត​កម្មវិធី​រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​កម្ពុជា

    ភ្នំពេញ៖ ដើម្បី​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​យុវជន​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​កម្មវិធី «រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​កម្ពុជា»។

    ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា គណៈ​ប្រឹក្សា​ភិ​បាល​របស់​កម្មវិធី “រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​កម្ពុជា” ដែល​តទៅ​នឹង​ហៅថា “កម្មវិធី​រួមគ្នា” គឺជា​ក្រុមប្រឹក្សាភិបាល​នៃ​គម្រោង​នេះ និង​ផ្តល់​ការដឹកនាំ​ជា​យុទ្ធសាស្ត្រ ការត្រួតពិនិត្យ​ផ្នែក​អភិបាលកិច្ច និង​ការធានា​នូវ​សេចក្តី​ជឿទុកចិត្ត​គ្នា។ គណៈ​ប្រឹក្សា​ភិ​បាល​នឹង​ទទួលបាន​សិទ្ធិ​ប្រទាន​ពី​ម្ចាស់ជំនួយ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​នានា ដោយ​យោងតាម​គោលបំណង​អភិក្រម និង​វិសាលភាព​របស់​គម្រោង​ដូចដែល​បានកំណត់​នៅក្នុង​ឯកសារ​គម្រោង។

    សមាជិក-សមាជិកា​គណៈ​ប្រឹក្សា​ភិ​បាល​រួមមាន​តំណាង​ជាន់ខ្ពស់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា ទីភ្នាក់ងារ​ស្វ៊ី​ស​ដើម្បី​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) អង្គការសហប្រជាជាតិ​ផ្នែក​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ (UNESCO) មូលនិធិ​សហប្រជាជាតិ​សម្រាប់​កុមារ (UNICEF) និង​កម្មវិធី​ស្ម័គ្រចិត្ត​សហប្រជាជាតិ (UNV) ព្រមទាំង​ក្រុមប្រឹក្សា​យោបល់​យុវជន​របស់​អង្គការសហប្រជាជាតិ (UNYAP)។

    សូមបញ្ជាក់ថា កម្មវិធី​រួមគ្នា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​មុខរបរ និង​ការងារ សម្រាប់​យុវជន​នៅ​កម្ពុជា​នេះ​នឹង​កាន់តែ​ជំរុញ​ដល់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​គោលដៅ​នៃ​គោលនយោបាយ​ជាតិធំៗរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានដាក់​ចេញ​ដែល​កម្មវិធី​រួមគ្នា​នេះ ចាប់ផ្តើម​រយៈពេល2ឆ្នាំ ពី​ខែកញ្ញា ឆ្នាំ2017 ដល់​ខែសីហា ឆ្នាំ2019 គឺ​ដើម្បី​អភិវឌ្ឍ យុវជន និង​ស្ត្រី​វ័យក្មេង​កាន់តែ​ច្រើនឡើង​ទទួលបាន​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិតភាព ហើយ​អ្វី​ដែលជា​ការរំពឹងទុក​ក្នុងការ​សម្រេច​ឱ្យបាន​គឺ

    ទី1. យុវជន និង​ស្ត្រី​វ័យក្មេង​ទទួលបាន​ការអប់រំ​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ប្រកបដោយ​គុណភាព និង​ការស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវ: និង​បច្ចេកទេស។

    ទី2. យុវជន និង​ស្ត្រី​វ័យក្មេង​ទាំង​ក្នុង និង​ក្រៅ​សាលា​បានទទួល​ជំនាញ​អាជីវកម្ម និង​សហគ្រាស​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​សហគ្រាស​ប្រកបដោយ​និរន្តរភាព។

    ទី3. យុវជន និង​ស្ត្រី​វ័យក្មេង​បានទទួល​អត្ថ​ប្រ​យោ​ជ​ន៏​ពី​ហានិភ័យ​នៃ​ការរំលោភបំពាន និង​ការរើសអើង​នៅ​កន្លែង​ការងារ៕

  • 15 ថ្ងៃ លក់ Franchise បាន 15សាខា ដោយសារ​គន្លឹះល្អៗ 3 យ៉ាង…

    15 ថ្ងៃ លក់ Franchise បាន 15សាខា ដោយសារ​គន្លឹះល្អៗ 3 យ៉ាង…

    តើ​អ្នក​និយម​តាមដាន​កិច្ចការ​ធុរកិច្ច និង​ការបង្កើត​អាជីវកម្មថ្មីៗធ្លាប់​បានដឹង​ទេ​ថា តើ​មាន​ក្រុមហ៊ុន​ណាខ្លះ​ដែល​អាច​លក់​ Franchise ក្នុង​រយៈពេល 15ថ្ងៃ បាន​ដល់​ទៅ 15សាខា?…ប៉ុន្ដែ Monsne (មន្ត​ស្នេហ៍) កាហ្វេ ជា​ម៉ាក​សញ្ញា​ថ្មី​របស់​កូន​ខ្មែរ​ដែល​ទើប​បង្កើតឡើង អាចធ្វើ​បាន​ហើយ។

    លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ ជា​ម្ចាស់​អាជីវកម្ម Monsne Group ដែល​បង្កើត​ម៉ាក​សញ្ញា Monsne កាហ្វេ បាន​លើកឡើងថា៖« បន្ទាប់ពី​ខ្ញុំ​ដំណើរ​ការលក់ Monsne កាហ្វេ រយៈពេល 15ថ្ងៃ ខ្ញុំ​ចុះហត្ថលេខា​ទិញ-លក់បាន 15សាខា ។ អ៊ីចឹង​ចំពោះ​ហាង​កាហ្វេ​ដែល​លក់ Franchise ល្បី​ខ្លាំង​បំផុត​ទូទាំង​ពិភពលោក គឺ​គ្មាន​ប្រ៊េ​ន​ដ៍​ណា​អាច​លក់បាន​ដូច​ខ្ញុំ​ទេ»។

    តើ​មាន​គន្លឹះ​សំខាន់​អ្វីខ្លះ​ដែល​ធ្វើឱ្យ​ម៉ាក​សញ្ញា Monsne កាហ្វេ មាន​សក្ដានុពល និង​ការទាក់ទាញ​ខ្លាំង​ដល់​ថ្នាក់​ហ្នឹង?

    ឧកញ៉ា​ចិត្រ សេរី​សុភ័ក្ដ្រ បាន​បន្ដថា ក្នុង​អាជីវកម្ម​មួយ​នេះ គឺ​លោក​បានរៀបចំ​គន្លឹះសំខាន់ៗចំនួន 3 គឺ ៖

    ទី1 ៖ ការផ្ដល់​ទំនុកចិត្ដដ​ល់​ដៃគូ មានន័យថា យើង​ត្រូវ​ចេះ​សាង​កេរ្ដិ៍ឈ្មោះ​ឱ្យបាន​ល្អ​លើ​ការងារ​រកស៊ី និង​អាជីវកម្មផ្សេង។ ធ្វើយ៉ាងណា​ត្រូវ​រក្សា​ភាពស្មោះត្រង់ និង​មាន​គុណធម៌​ជាមួយ​ដៃគូ​ដោយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​អារម្មណ៍​អ្នកដទៃ ដូចជា​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង​មិនឱ្យ​មាន​ភាព​សៅហ្មង​ដោយសារ​យើង។ នេះ​ជា​ចំណុច​សំខាន់បំផុត​ដែល​ម្ចាស់​អាជីវកម្ម​ដទៃទៀត​ពុំ​គូរ​មើលរំលង។

    ទី2 ៖ គិតពី​សុវត្ថិភាព មានន័យថា អ្វីដែល​យើង​បង្កើតឡើង គឺមាន​ស្ដង់ដារ មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន។

    ទី3 ៖ ការបង្កើន​ចំណូល​ដល់​ដៃគូ​ឱ្យបាន​ច្រើន មានន័យថា ទោះបី​យើង​ជា​អ្នកលក់ Franchise ឱ្យគេ​ក៏ពិតមែន ប៉ុន្ដែ​យើង​មិនអាច​យករួចខ្លួន​ទេ គឺ​ត្រូវ​គិត និង​រៀបចំ​យុទ្ធសាស្ដ្រ​ទីផ្សារ​ឱ្យគេ​ផង ធ្វើយ៉ាងណា​ឱ្យដៃ​គូ​ពាណិជ្ជកម្ម​របស់​យើង​ទទួលបាន​ប្រាក់ចំណេញ​ច្រើន៕

  • Hazard សង្គ្រោះ Chelsea ខណៈ Man Utd រក្សា​កំណត់ត្រា​ឈ្នះ

    Hazard សង្គ្រោះ Chelsea ខណៈ Man Utd រក្សា​កំណត់ត្រា​ឈ្នះ

    តារា​ឆ្នើម Eden Hazard បាន​ជួយសង្គ្រោះ​ក្រុម Chelsea ក្រោយពី​ក្រុម​របស់លោក​បាន​ខ្ជះខ្ជាយ​គ្រាប់​បាល់​នាំមុខ2គ្រាប់ នៅពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 3-3 ជាមួយនឹង​ក្រុម Roma ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​ពុធ។

    ក្រុម​របស់លោក Antonio Conte ហាក់ដូចជា​ត្រូវ​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅ​កាន់ការ​ដណ្តើមបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​មួយនា​កីឡដ្ឋាន Stamford Bridge ទៅហើយ ក្រោយពី​បាន​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​តង់​ទី1ពី​សំណាក់​ខ្សែការពារ David Luiz និង​ខ្សែបម្រើ Hazard នា​កីឡដ្ឋាន Stamford Bridge។ ប៉ុន្តែ កីឡាករ Aleksandar Kolarov របស់ Roma បាន​វាយបក​មួយ​គ្រាប់​វិញ នៅ​មុនពេល​បញ្ចប់​តង់​ទី1 មុនពេល​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Man City គឺ Edin Dzeko រកបាន 2គ្រាប់​ក្នុង​តង់​ទី2 ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​ក្របខ័ណ្ឌ Serie A មួយ​នេះ​នាំមុខ​វិញ។

    ប៉ុន្តែ Hazard បាន​សង្គ្រោះ​ក្រុម Chelsea ជាមួយនឹង​គ្រាប់​បាល់​តាម​ស្មើ​នៅពេល​ជិត​បញ្ចប់​ការប្រកួត។ Chelsea នៅតែ​ឈរលើ​លេខ1ក្នុង​ពូ​ល C ដោយ​នាំមុខ2ពិន្ទុ​ពីលើ​ក្រុម Roma ប៉ុន្តែ ការបង្ហាញ​ពី​ទម្រង់​លេង​នាពេលថ្មីៗនេះ នឹងធ្វើ​ការដាក់​តឿន​ដល់​ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League មួយ​នេះ។ លោក Antonio Conte អ្នកចាត់ការ​ទូទៅ​រប​ស់ Chelsea បាន​ឲ្យ​ដឹងថា៖ «វា​ពិតជា​យុត្តិធម៌​ហើយ។ វា​គឺជា​ការប្រកួត​ដ៏​លំបាក​មួយពេល​ជួប​ក្រុម​ខ្លាំង​មួយ។ ក្រៅពី​តង់​ទី1 យើង​បាន​ជួប​បញ្ហា។ ការបង្ហាញ​ពី​ទម្រង់​លេង​របស់​យើង​ល្អ ប៉ុន្តែ ពិតណាស់ បាល់ទាត់​របស់​យើង​មាន​ភាព​ផ្សេង​ជាង​ពីមុន​នៅថ្ងៃនេះ»។

    ស្របពេល​ជាមួយគ្នានេះដែរ ក្រុម Manchester United បាន​រក្សា​កំណត់ត្រា​ឈ្នះ100ភាគរយ​របស់ខ្លួន​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល​នេះ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Benfica ក្នុង​លទ្ធផល 1-០ ដើម្បី​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី3ពី​ការប្រកួត3លើក​ដែរ៕

    ប្រភពពី៖ Sky Sports

  • ការ​គិតថា ក្មេង​មិនគួរ​គិតគូរ​រឿង​លុយកាក់ គឺជា​ការមិន​ត្រឹមត្រូវ

    ការ​គិតថា ក្មេង​មិនគួរ​គិតគូរ​រឿង​លុយកាក់ គឺជា​ការមិន​ត្រឹមត្រូវ

    អាណាព្យាបាល​កម្ពុជា​ជាច្រើន​តែង​យល់ច្រឡំ​ថា កូនក្មេង​មិនគួរ​គិតគូរ​ពី​រឿង​លុយកាក់​នោះទេ​ព្រោះ​អ្វីដែល​ពួកគេ​ត្រូវធ្វើ​គឺ ខំរៀន​ចំណេះដឹង​ទូទៅ​ឱ្យបាន​ពូកែ ដើម្បី​ទទួលបាន​អនាគត​ល្អ តែ​គំនិត​នេះ​គឺ​មិន​ប្រាកដថា ត្រឹមត្រូវ​នោះទេ ព្រោះ​មនុស្ស​ដែលមាន​អនាគត​ល្អ​ភាគច្រើន​ជា​មនុស្ស​ដែល​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​មាន​ទម្លាប់​គ្រប់គ្រង​លុយកាក់​ល្អ​តាំងពីក្មេង។

    លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានលើកឡើង​ថា ក្មេង​តូច​ជា​អ្នក​ដែល​ត្រូវ​យល់ដឹង​បំផុត​អំពី​បញ្ហា​លុយកាក់ ព្រោះ​វប្បធម៌​សន្សំ ឬ​វប្បធម៌​ឥណទាន​ត្រូវ​បណ្តុះ​តាំងពី​កុមារ​ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់។ នៅពេលដែល​ក្មេង​យល់ច្បាស់​ពី​តម្លៃ​នៃ​ការគ្រប់គ្រង​លុយកាក់​គាត់​នឹងមាន​ទម្លាប់​ល្អ​ក្នុងការ​ចាយវាយ​តាំងពី​នៅ​តូច​ដែល​ធ្វើឱ្យ​គាត់​អាច​ក្លាយជា​មនុស្ស​ដែល​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បានល្អ​នៅពេលដែល​គាត់​ធំ​ឡើង។

    លោកជំទាវ ជា សិរី បាន​និយាយថា៖ «ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ក្មេងៗគឺមាន​សារៈសំខាន់​ខ្លាំងណាស់ ទោះជា​នៅក្នុង​ក្របខ័ណ្ឌ​គ្រួសារ និង​នៅក្នុង​ក្របខ័ណ្ឌ​ជា​ស្ថាប័នធំៗក៏ដោយ។ មិន​ថា​ក្នុង​កម្រិតណា​នោះទេ តែ​ការគ្រប់គ្រង​លុយ​គឺ​សុទ្ធតែជា​រឿង​សំខាន់​ទាំងអស់​សម្រាប់​មនុស្ស»។

    បើតាម​លោកជំទាវ​អគ្គនាយិកា ការបង្រៀន​ក្មេង​តូច​ឱ្យ​ចេះ​សន្សំ​លុយ ជា​ទម្លាប់​ល្អ​បំផុត​មួយ​ដែល​អាណាព្យាបាល​គួរ​ធ្វើ​ដើម្បី​ជួយ​ពួកគេ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​ការគិត​ពិចារណា​ច្បាស់លាស់​លើ​ចំណូល និង​ចំណាយ ព្រោះ​វា​ជា​ធាតុ​សំខាន់​ក្នុង​ការកំណត់​ការអភិវឌ្ឍ​កម្រិតជីវភាព​នៅ​ថ្ងៃ​អនាគត។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន បាន​លើកឡើងថា ក្មេងៗត្រូវការ​ចេះដឹង​លើ​ជំនាញ​ជាច្រើន ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ចំណេះដឹង​ទូទៅ​នៅក្នុង​សាលា ជំនាញ​ទុន​ដែល​ពាក់ព័ន្ធ​នឹង​បំ​ណិ​ន​ជីវិត និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ។

    លោក ប៉ិច ប៉ូ​ឡែ​ន បាន​និយាយថា៖ «ក្មេងៗនៅ​បរទេស ជាពិសេស​នៅ​សិង្ហ​បុរី គេ​រៀន​ពី​វិធី​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាំងពី​ថ្នាក់បឋមសិក្សា ដែល​កត្តា​នេះ​ធ្វើឱ្យ​ប្រជាជន​គេម្នាក់ៗក្លាយជា​មនុស្ស​ដែលមាន​ចំណេះដឹង​ច្រើន​លើ​ការចាយវាយ»។

    ផ្អែកលើ​ចំណុច​ខាងលើនេះ​ផងដែរ លោក ប៉ិច ប៉ូ​ឡែ​ន យល់ថា កុមារ​នៅ​កម្ពុជា​ក៏មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​សិក្សា​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នេះដែរ ហើយ​កម្ម​វី​ធី​របស់​គ្រឹះស្ថានសិក្សា​មួយចំនួន​ក៏បាន​បង្កើត​កម្មវិធីល្អៗឡើង​ដើម្បីឱ្យ​ក្មេង​បាន​ក្លាយជា​មនុស្ស​ដែល​ចេះ​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ពូកែ​សន្សំ ដូចជា​កម្មវិធី Money Tree ជាដើម។ លោក​បានបញ្ជាក់​ផងដែរ​ថា ក្មេងៗដែល​ចេះ​សន្សំ គឺមាន​លក្ខណៈ​ល្អ​ប្លែក​ពីក្មេងៗដែល​មិន​ចូលចិត្ត​សន្សំ ហើយ​អាណាព្យាបាល​ក៏​ធូរ​ចិត្តច្រើន​ដែរ​នៅពេលដែល​ឃើញ​កូន​គាត់​ដឹងក្តី ឬ​ចេះ​ចាយវាយ​តាំងពី​ពួកគេ​នៅ​ក្មេង៕

  • តារា​ឆ្នើម​ទាំង 3របស់ PSG រកបាន​គ្រាប់​បាល់​ដូចគ្នា ខណៈ Barca បន្ត​ឈ្នះ

    តារា​ឆ្នើម​ទាំង 3របស់ PSG រកបាន​គ្រាប់​បាល់​ដូចគ្នា ខណៈ Barca បន្ត​ឈ្នះ

    ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ទាំង 3របស់​ក្រុម Paris St Germain សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា នៅពេលដែល​ក្រុម​ជើង​ខ្លាំង​របស់​បារាំង​មួយ​នេះ​បាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 4-0 លើ​ក្រុម​ម្ចាស់ផ្ទះ Anderlecht ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League ពូ​ល B របស់​ពួកគេ​កាលពី​ថ្ងៃ​ពុធ។

    ខ្សែប្រយុទ្ធ Kylian Mbappe, Edinson Cavani និង Neymar ដែល​សុទ្ធសឹង​ជា​តារា​ឆ្នើម​មានតម្លៃ​ខ្លួន​ខ្ពស់កប់ពពក​នោះ​សុទ្ធតែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ទាំងអស់ ស្រប​ពេលដែល Angel Di Maria បាន​បន្ថែម​គ្រាប់​បាល់​ទី4នៅពេល​ជិត​បញ្ចប់​ការប្រកួត ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​ពួកគេ​រក្សា​កំណត់ត្រា​ឈ្នះ100ភាគរយ​ក្នុង​ការប្រកួត​វគ្គ​ចែក​ពូ​ល​នេះ ពោលគឺ​ឈ្នះ3លើក​ពី​ការប្រកួត​ទាំង3លើក។

    បច្ចុប្បន្ន ពួកគេ​កំពុង​តែមាន9ពិន្ទុ ដោយ​នាំមុខ3ពិន្ទុ​ពីលើ​ក្រុម​ឈរ​លេខ2 Bayern Munich ដែល​ទើបតែ​បាន​ផ្តួល​ក្រុម Celtic ក្នុង​លទ្ធផល 3-0 លើ​ទឹកដី​ខ្លួនឯង​នៅ​រាត្រី​ដដែល​នោះដែរ។ Mbappe វ័យ18ឆ្នាំ​បាន​ប្រាប់​ទូរទស្សន៍ Frenhc TV ថា៖ «យើង​ចង់​បង្កើត​ឲ្យ​មានការ​ចាប់អារម្មណ៍​ក្នុង​យុទ្ធនាការ​នេះ។ យើង​មក​ទីនេះ​ដើម្បី​ព្យាយាម និង​យកឈ្នះ​ការប្រកួត​ដ៏​ធំ​មួយ ហើយ​យើង​ពិតជា​រីករាយ​ក្នុង​ការវិល​ទៅកាន់​ទីក្រុង​ប៉ារីស​វិញ ដោយមាន៣3ពិន្ទុ»។ ស្របពេល​ជាមួយគ្នានេះដែរ ក្រុម Barcelona ក៏បាន​កត់ត្រា​ជ័យជម្នះ3លើក​ពី​ការប្រកួត​បើកឆាក​ទាំង3លើក​របស់​ពួកគេ​ផងដែរ ខណៈដែល​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល 3-1 លើ​ក្រុម Olympiakos Piraeus បើទោះបី​លេង​ជាមួយនឹង​សមាជិក​ត្រឹមតែ10នាក់​ជិត50នាទី​ក៏ដោយ។

    លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម Barcelona ឈរ​យ៉ាង​មាន​លំនឹង​នៅលើ​កំពូល​តារាង​នៃ​ពូ​ល D ដោយមាន9ពិន្ទុ ពោលគឺ​នាំមុខ3ពិន្ទុ​លើ​ក្រុម​ឈរ​លេខ2 Juventus ដែល​បាន​យកឈ្នះ​លើ​ក្រុម Sporting Lisbon ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល 2-1៕

    ប្រភពពី៖ The Straits Times