Category: សង្គម និងសេដ្ឋកិច្ច

  • Trailer រឿង “ធ្មប់” ទាក់ទាញឱ្យចង់ទស្សនាខ្លាំងណាស់

    Trailer រឿង “ធ្មប់” ទាក់ទាញឱ្យចង់ទស្សនាខ្លាំងណាស់

    តាមរយៈ Facebook របស់ផលិតកម្ម មាតុចក្រ បានបង្ហោះ Trailer រឿង “ធ្មប់” ដែលជាការនិពន្ធ និងដឹកនាំរឿងដោយស្នាដៃកូនខ្មែរដែលធ្លាប់បានឆ្លងកាត់ និងទទួលបានបទពិសោធពីអន្ដរជាតិជាច្រើន ខណៈនេះគេសង្កេតឃើញថា មានទស្សនិកជនទន្ទឺងរង់ចាំ និងអន្ទះសាចង់ទស្សនារឿងមួយនេះយ៉ាងខ្លាំង។

    គួររំឭកផងដែរថា លោក យ៉ា ឡេង ធ្លាប់បានប្រាប់សារព័ត៌មានឡារ៉ែនកន្លងទៅថា រឿង “ធ្មប់” គឺនិពន្ធដោយរូបលោកផ្ទាល់ ជាមួយលោក ស្វាយ លីម៉េង ហើយមានតួអង្គសំខាន់ៗ ដូចជា កញ្ញា ហ៊ិន ចាន់នីរ័ត្ន សម្ដែងជាតួនាង លក្ខ ប្រពន្ធសេដ្ឋី លោក លឹម រដ្ឋា សម្ដែងជាតួអង្គ ទេពពង្ស និងរូបលោកផ្ទាល់សម្ដែងជា រាជ (សេដ្ឋី) ។ គួរបញ្ជាក់ផងដែរថា រឿង “ធ្មប់” នេះបានចំណាយទុនអស់ច្រើនជាង 5 ម៉ឺនដុល្លារហើយ ដោយបានសហការជាមួយផលិតករក្នុងស្រុក និងវិនិយោគិនដែលស្រឡាញ់ការផលិតភាពយន្ដ បានចូលរួមជាដៃគូផលិតផងដែរ៕

  • ខ្លឹម ស្រីគា សម្រក់ទឹកភ្នែកព្រោះរឿងមួយ…

    ខ្លឹម ស្រីគា សម្រក់ទឹកភ្នែកព្រោះរឿងមួយ…

    ទន្ទឹមនឹងមានការគាំទ្រ កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាង  Miss Grand Cambodia បានបង្ហាញឈុត “ទេវីក្រុងកម្ពុជាធិបតី” យ៉ាងស្រស់សោភា ព្រមទាំងក្បាច់រាំប្រពៃណីខ្មែរ ដែលធ្វើឱ្យទស្សនិកជនទូទាំងពិភពលោកទះដៃគាំទ្រចំពោះភាពទន់ភ្លន់របស់នាងនៅលើឆាកអន្ដរជាតិ Miss Grand International នៅប្រទេសវៀតណាមរួចមក  ស្រាប់តែថ្មីៗនេះបវរកញ្ញា ខ្លឹម ស្រីគា បានសម្រក់ទឹកភ្នែកយ៉ាងគួរអាណិតនៅចំពោះមុខសាធារណជន ហើយថែមទាំងលើកដៃសំពះសុំទោសអ្នកគាំទ្រកម្ពុជាទាំងអស់ទៀតផង។ តើមានរឿងអ្វីកើតឡើងចំពោះបេក្ខនារីរូបនេះ…?។

    ក្នុងកិច្ចសម្ភាសបេក្ខភាពបវរកញ្ញាទាំង 25 ដែលតំណាងឲ្យជាតិសាសន៍ខុសៗគ្នាលើពិភពលោក ក្នុងកម្មវិធី Miss Grand International 2017 ដែលប្រារព្ធឡើងនៅកោះត្រល់ នាប្រទេសវៀតណាម ខណៈពេលបង្ហាញចំណាប់អារម្មណ៍របស់បេក្ខភាពរបស់ប្រទេសនីមួយៗ  បវរកញ្ញារាងខ្ពស់ស្រឡះ សម្បុរស្រអែមស្រស់ ខ្លឹម ស្រីគា បេក្ខភាព Miss Grand Cambodia នៅពេលផ្តល់កិច្ចសម្ភាសចប់ នាងក៏បានឡាយហ្វ៍វីដេអូភ្លាមៗ ដោយពោលទាំងអារម្មណ៍ភិតភ័យ អួលដើមក គួបផ្សំនឹងទឹកភ្នែករលីងរលោងចំពោះអ្នកគាំទ្រថា “សូមទោសផង ខ្ញុំនិយាយភាសាអង់គ្លេសមិនបានល្អ ប៉ុន្តែនាងខ្ញុំនឹងខំព្យាយាម ខំប្រឹងរហូតឲ្យបានជោគជ័យត្រឡប់ទៅប្រទេសកម្ពុជាយើងវិញ” ។

    គួរបញ្ជាក់ផងដែរថា បេក្ខភាព Miss Grand Cambodia ដែលមហាជនអ្នកគាំទ្រជនជាតិខ្មែរកំពុងដាក់ការរំពឹងថានឹងនាំភាពជោគជ័យដើម្បីមុខមាត់ប្រទេសជាតិរូបនេះ នាងបានផ្ញើសារចុងក្រោយ បង្ហាញពីការដឹងគុណ និងថ្លែងអំណរអរគុណដល់បងប្អូនខ្មែរគ្រប់រូបដែលបានបោះឆ្នោតឲ្យ រហូតជាប់មកដល់វគ្គនេះ និងសូមឲ្យបងប្អូនខ្មែរយើងជួយបន្តការបោះឆ្នោតគាំទ្រថែមទៀត ដើម្បីឲ្យរូបនាងមានឱកាសនាំភាពជោគជ័យមកជូនប្រទេសកម្ពុជាយើង៕

  • លោក ជា វិបុល និង ភរិយា គង់ សុជាតិ ឆ្លងផុតទុក្ខធំហើយ

    លោក ជា វិបុល និង ភរិយា គង់ សុជាតិ ឆ្លងផុតទុក្ខធំហើយ

    ថ្មីនេះ តាមរយៈ Facebook Page របស់ពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក ជា វិបុល បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងមន្ទីរពេទ្យ ដែលបង្ហាញឱ្យឃើញថា កូនស្រីរបស់លោកកំពុងតែមានជំងឺ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

    បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេលជាង 5 ឆ្នាំមក លោក ជា វិបុល និង ភរិយា គង់ សុជាតិ ទទួលបានកូនស្រីដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ម្នាក់មានឈ្មោះថា “ដូរី ” ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ពិធីករដ៏ល្បី ជា វិបុល បានបង្ហោះសារបង្ហាញពីក្ដីព្រួយបារម្ភកូនស្រីដែលទើបតែមានអាយុ11ខែ នាងតូច ដូរី ថា  “ដូរី ឈឺ 6ថ្ងៃហើយ ថ្ងៃនេះបានធូរច្រើនហើយ ដោយមានជំងឺគ្រុនឈាមកម្រិតស្រាល ដែលកំពុងគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យ”។

    គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការព្រួយបារម្ភនេះ បណ្ដាអ្នកគាំទ្រជាច្រើនមានការឈឺឆ្អាលយ៉ាងខ្លាំង ដោយសម្តែងការអាណិតអាសូរ រួមទាំងផ្ញើសារជូនពរឲ្យឆាប់បានជាសះស្បើយគ្រប់ៗគ្នា៕

  • តោះ!! មកដឹងពីវិធីដែលតារាកូរ៉េល្បីៗ ត្រូវការ និងទិញស្រោមអនាម័យ

    តោះ!! មកដឹងពីវិធីដែលតារាកូរ៉េល្បីៗ ត្រូវការ និងទិញស្រោមអនាម័យ

    តាមរយៈសារព័ត៌មាន Koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី21 ខែតុលា ឆ្នាំ2017នេះ បានឱ្យដឹងថា នៅក្នុងបទសម្ភាសមួយជាមួយតារាល្បីៗរបស់ប្រទេសកូរ៉េក្នុងវគ្គពិសេសមួយ មហាជនតែងមានចម្ងល់ថា នៅពេលដែលតារាកូរ៉េល្បីៗទាំងនោះចង់ទិញ ឬត្រូវការស្រោមអនាម័យ តើពួកគេនឹងធ្វើដូចម្ដេច? បើពួកគេជាមនុស្សដែលស្ថិតក្នុងក្រសែភ្នែករបស់មហាជន និងមានការអៀនខ្មាសខ្លាំងក្នុងការបើកចំហរឿងទិញរបស់បែបនោះ ព្រោះថា រឿងនេះវាជារឿងអាថ៌កំបាំងផ្ទាល់ខ្លួនរបស់តារានីមួយៗ។

    ពិធីករ Sung Shi Kyung បានសួរសំនួរចាក់ដោតមួយនេះទៅកាន់ក្រុមចម្រៀងល្បី MBLAQ’s G.O ថា “តើ Idol នឹងធ្វើយ៉ាងណា បើត្រូវការ ឬចង់ទិញស្រោមអនាម័យ?”។ រំពេចភ្លាមៗនោះ G.O បានផ្ទុះសំណើច និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឮសំណួរបែបនោះ។ គេបានតបទៅវិញទាំងអារម្មណ៍អស់សំណើចថា “ពួកយើងតែងតែស្នើសុំមិត្តភ័ក្ដិពួកយើង ឬក៏មនុស្សដែលនៅក្បែរខ្លួនយើងឱ្យគេជួយទិញឱ្យ ឬទៅយកស្រោមអនាម័យមកឱ្យយើង”។

    និងជាចុងបញ្ចប់ពិធីកររូបនោះ បានសួរមួយសំនួរចុងក្រោយទៀតថា “តើលោកបានប្រើវាលើកដំបូងនៅពេលណា?”។ ពេលនេះស្ថានការណ៍កាន់តែតានតឹងហើយចំពោះ MBLAQ’s G.O  ប៉ុន្ដែគេបានតបទៅវិញថា ជាទូទៅបើតាមដឹង តារាគ្រប់រូបបានប្រើប្រាស់ស្រោមអនាម័យនៅពេលពួកគេមានការងារធ្វើ មានប្រាក់ចំណូលត្រឹមត្រូវហើយ៕

     

  • ម៉ៃ ដាវីកា សម្ដែងវីដេអូចម្រៀង Kpop ជាលើកដំបូងជាមួយតារាល្បី

    ម៉ៃ ដាវីកា សម្ដែងវីដេអូចម្រៀង Kpop ជាលើកដំបូងជាមួយតារាល្បី

    នៅថ្ងៃទី21 ខែតុលា ឆ្នាំ2017 តាមរយៈសារព័ត៌មាន All Kpop បានចេញផ្សាយឱ្យដឹងថា ខណៈនេះ តារាសម្ដែងស្រីជួរមុខនាង ម៉ៃ ដាវីកា របស់ប្រទេសថៃ កំពុងតែសហការការងារជាមួយប្រទេសកូរ៉េ ក្នុងការសម្ដែងវីដេអូចម្រៀងជាមួយតារាចម្រៀងកូរ៉េនាង ALi ដែលគ្រោងនឹងបញ្ចេញជាផ្លូវការនៅអំឡុងខែវិច្ឆិកា នេះ។ នេះជាការវិលត្រឡប់មកសិល្បៈ Kpopជាថ្មីម្ដងទៀតរបស់តារាចម្រៀង ALi ក្នុងគ្រប់ខួបទី 11 ឆ្នាំនៃការចេញបទចម្រៀងទោលរបស់នាង។

    គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីចំណងជើងបទចម្រៀង និងអាល់ប៊ុមរបស់តារាស្រីខាងលើនេះនៅឡើយទេ គ្រាន់តែនាងបានបង្ហើបថា បទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយនេះ នឹងបង្កប់សាច់រឿងដែលធានាថា ធ្វើឱ្យអ្នកគាំទ្រទាំងអស់ ទាំងថៃ និងកូរ៉េ មានភាពភ្ញាក់ផ្អើលបំផុត និងមិនធ្លាប់បានឃើញនូវបទពិសោធថ្មីមួយនេះ៕

  • លោក Klopp សង្ឃឹម​ថា Spurs នឹង​​​មិន​ផ្តោតតែ​​លើ​តំបន់​ការ​ពារ​ឡើយ

    លោក Klopp សង្ឃឹម​ថា Spurs នឹង​​​មិន​ផ្តោតតែ​​លើ​តំបន់​ការ​ពារ​ឡើយ

    ក្រោយពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ត្រឹម​ស្មើ ០-០ ​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Manchester United កាល​ពី​ចុង​សប្តាហ៍មុន លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool ពិត​ជា​ពេញ​ចិត្ត​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជួប​ជា​មួយ​នឹងក្រុម​ឡើង​ទម្រង់​លេង​ Tottenham Hotspur​។ Man United បាន​បង្ហាញ​ពី​ទម្រង់​លេង​ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​នៅ​​ឯកីឡដ្ឋាន Anfield កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Klopp រក​បាន​ឱកាស​ដ៏​ជាក់​​លាក់​​ពី​មុខ​ទី​ត្រឹម​តែ​2​លើក​​ប៉ុណ្ណោះ​។

    Liverpool បាន​​នាំ​យក​ការ​​ខក​ចិត្ត​របស់​ពួក​គេ​ទៅ​​ទម្លាក់​លើ​ក្រុម Maribor ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​នេះ ដោយ​បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​ដល់​ទៅ​7គ្រាប់​លើ​ក្រុម​របស់​ស្លូ​វេ​នី​មួយ​នេះ ហើយ​លោក Klopp ពិត​ជា​រំភើប​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​​ជួបក្រុម Spurs ភ្លាម​ៗ​។ លោក Klopp បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​​នៅមុន​ពេល​​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សុក្រ ថា៖ «ខ្ញុំ​ពិត​ជា​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​​កាន់​ការ​ប្រកួត​នេះ ពីព្រោះ​អ្នក​មិនមាន​ការ​ប្រកួតបែប​នេះ​ច្រើន​ឡើយ ខណៈ​ដែល​ក្រុម​ទាំង​នេះ នឹង​ខិត​ខំ​ព្យា​យាម​ឲ្យ​អស់​ពី​សមត្ថ​ភាព​ដូច​គ្នា​​។ វា​នឹង​ក្លាយ​ជា​ការប្រកួត​ដូច​ជា​មួយ​នឹងក្រុម Man City ​អ៊ី​ចឹង ហើយ​ការ​ប្រកួត​ជា​មួយ​នឹង Tottenham នឹង​មានលក្ខណៈ​ដូច​គ្នា​»​​។

    គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​មួយ​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ពួក​គេ​កំពុង​តែ​ស្ថិតក្នុង​ទម្រង់​​លេង​យ៉ាងល្អ ក្នុង​នាម​ជាក្លិប​មួយ ហើយ​យើង​​នឹងក្លាយ​ជា​គូ​ប្រជែង នៅពេល​ដែល​យើង​ទៅ​កាន់​ទី​នោះ​។ ប៉ុន្តែ ពួកគេ​ដឹង​ថា វា​នឹង​​មិនមែន​ជា​ការប្រកួត​ដ៏​​ងាយ​ស្រួល​ឡើយ​​។ សូម​រង់​ចាំ​មើល​ពី​អ្វី​ដែល​​​កើត​ឡើង​»​។ ការ​ប្រកួត​នេះ​នឹង​​ចាប់​ផ្តើម​នៅម៉ោង​1០​យប់​៕

    ប្រភព​ពី៖ Sport24

  • ទម្លាយរឿងពិត អាំ ផាត់ឆារ៉ាផា កាត់កាល់មិត្តសំណព្វ ជេន នី

    ទម្លាយរឿងពិត អាំ ផាត់ឆារ៉ាផា កាត់កាល់មិត្តសំណព្វ ជេន នី

    ជារឿងមួយដែលកំពុងតែក្ដៅគគុកនៅក្នុងសង្គមសិល្បៈប្រទេសថៃ ដែលតារាស្រីលំដាប់ជួរមុខ នាង អាំ ផាត់ឆារ៉ាផា បានប្រកាសកាត់កាល់មិត្តភ័ក្ដិសំណព្វចិត្តមួយថ្លើមមួយគឺនាង ជេន នី ដែលបណ្ដាលឱ្យមជ្ឈដ្ឋានអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ នេះបើតាមសារព័ត៌មានថៃ​ Teenee បានចេញផ្សាយនៅថ្ងៃទី20 ខែតុលា ឆ្នាំ2017 ថ្មីៗនេះ។

    កាលពីពេលថ្មីៗកន្លងទៅ តារាស្រី ជេននី ធានភោស៊ុវ៉ាន់ ទើបតែបានប្រកាសកាត់កាល់មិត្តភ័ក្ដិសំណព្វចិត្តរបស់ខ្លួន គឺតារាស្រី “វីជេ វុនសេន” ដោយសារតែមានទំនាស់ពាក្យសម្ដី និងសង្គ្រាមស្នេហា តែមកដល់ពេលថ្មីៗនេះវិញ ស្រាប់តែកំពូលមិត្តសំណព្វចិត្តម្នាក់ទៀតគឺ អាំ ផាត់ឆារ៉ាផា ដែលធ្លាប់ជាមិត្តស្លាប់រស់ជាមួយគ្នា បែរជាប្រកាសកាត់កាល់នាង ជេន នី ទៅវិញ។

    គួរបញ្ជាក់ផងដែរថា អ្នកលេងបណ្ដាញសង្គមអ៊ីនស្តាក្រាម បានចូលទៅ Comment នៅលើរូបរបស់នាង អាំ ផាត់ឆារ៉ាផា ថា​ “ការដែល អាំ ផាត់ឆារ៉ាផា កាត់កាល់ ជេន នី នេះ ព្រោះតែ ជេន នី បានបណ្ដើរលោក ណូត(អតីតសង្សាររបស់ អាំ) ទៅដើរលេងស្ងាត់ៗតែពីរនាក់ ដោយមិនបានប្រាប់ អាំ” ៕

  • កុំឱ្យ​រំលង…ឱកាស​ការងារ​ជាង 2ម៉ឺន​មុខតំណែង​បានមក​ដល់​ហើយ!

    កុំឱ្យ​រំលង…ឱកាស​ការងារ​ជាង 2ម៉ឺន​មុខតំណែង​បានមក​ដល់​ហើយ!

    ខណៈដែល​កម្មវិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​លើក​ទី7 ជិត​ខិតចូល​មកដល់​ត្រូវបាន​គេ​មើលឃើញថា កម្មវិធី​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍ និង​ឱកាស​ការងារ​យ៉ាង​ល្អ​សម្រាប់​យុវជន​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់ចំណូល។

    ឯកឧត្ដម ហៃ ហ៊ុន​ឡេង ទីប្រឹក្សា​ក្រសួង​ការងារ និង​ជា​អនុប្រធាន​ទីភ្នាក់ងារ​ជាតិ និង​មុខរបរ​នៃ​ក្រសួង​ការងារ​បាន​លើកឡើងថា វេទិកា​ពិព័រណ៍​ការងា​រ​បង្កើតឡើង ដើម្បី​ផ្ដល់​កន្លែង​ជួបជុំគ្នា​រវាង​និយោជក និង​អ្នកផ្ដល់​ការអប់រំ​បណ្ដុះបណ្ដាល និង​អ្នកស្វែងរក​ការងារ​ធ្វើ ក៏ដូចជា​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ ពិសេស​ចូលរួម​លើកកម្ពស់​ការងារ និង​ផ្ដល់ឱកាស​ការងារ​យ៉ាង​ទូលំទូលាយ​ដល់​កម្លាំង​ពលកម្ម​ទាំង​មាន​ជំនាញ និង​ឥត​ជំនាញ​ឱ្យទទួល​បានការ​ងារ​កា​ន់​តែ​ប្រសើរ និង​ចំណេញ​ពេលវេលា និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់។

    ដើម្បី​ងាយស្រួល​ទទួលបាន​ឱកាស​ការងារភ្លាមៗនេះ យុវជន ក៏ដូចជា​អ្នកចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ការងារ​នៅ​ថ្ងៃទី27-28 តុលា ឆ្នាំ2017ខាងមុខ សូម​ភ្ជាប់​មក​នូវ​ជាមួយ​ប្រ​វ​ត្ដិ​រូប​របស់ខ្លួន​ដើម្បី​ដាក់​ស្នើសុំ​ដោយផ្ទាល់​ជាមួយ​និយោជក​ដែល​កំពុងតែ​ត្រូវការ​កម្លាំង​ពលកម្ម នៅក្នុង​កម្មវិធី​ពិព័រណ៍។ ក្នុង​ពិព័រណ៍​ការងារ​ឆ្នាំ2017នេះ មានឱកាស​ការងារ​ប្រមាណ2ម៉ឺន​មុខតំណែង​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុនធំៗជាង120 មកពី​វិស័យ​សំខាន់​ដូចជា​ធនាគារ មីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ បដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និង​កាម​ន្ដ​សាល​ជាដើម។

    ទីប្រឹក្សា​ក្រសួង​ការងារ និង​ជា​អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​បាន​បញ្ជាក់ថា វេទិកា​នេះ​ក៏​ជាការ​ចូលរួម​ជំរុញ​យន្ដការ​ការងារ​រាជរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​ការងារ​ផងដែរ។ ក្រៅពី​ផល​ប្រ យោជន៍​ទាំងនេះហើយ ពិព័រណ៍​ការងារ​បាន​កាត់បន្ថយ​គម្លាត​រវាង​ការផ្គត់ផ្គង់ និង​តម្រូវការ​ក្នុង​ទីផ្សារការងារ​ព្រមទាំង​បង្ក​ភាព​ស្រួល​ដល់​យុវជន​ដែល​ត្រូវ​ឈានចូល​ទៅក្នុង​ទីផ្សារ​ងារ​ដើម្បី​បាន​ការងារ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ទៀតផង៕

  • កម្ពុជា​ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​នៅតាម​ដង​ទន្លេសាប

    កម្ពុជា​ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​នៅតាម​ដង​ទន្លេសាប

    ភ្នំពេញ៖ ដើម្បី​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេសាប ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ជំនាញ​នៅតាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប​ដើម្បី​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង​ឡើង​ក្នុងការ​គ្រប់គ្រង​កាកសំណល់​និង​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​នេះ។

    វគ្គ​បណ្តុះបណ្តាល​ស្តីពី “ការគ្រប់គ្រង​ទឹក​កខ្វក់” នេះ​បានរៀបចំ​នៅក្នុង​សណ្ឋាគារ​ប៉ា​រ៉ា​ឌី ក្រុង​សៀមរាប ខេត្តសៀមរាប​ដែល​គោលបំណង​សំខាន់​នោះ​គឺ ដើម្បី​ពង្រឹងពង្រីក​ចំណេះដឹង និង​សមត្ថភាព​បន្ថែម​ដល់​មន្ត្រី​ជំនាញ​នាយកដ្ឋាន មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ត្រី​សាលាក្រុង​នៃ​ខេត្ត​ចំនួន4ដែល​នៅជាប់​នឹង​បឹង​ទន្លេសាប គឺ​ខេត្ត កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ និង​ពោធិ៍សាត់ ។

    កម្មវិធី​នៃ​វគ្គ​បណ្តុះបណ្តាល​រួមមាន ការគ្រប់គ្រង​សំណល់​ភក់ យន្តការ​នៃ​ការបង្កើត​អង្គភាព​លូទឹក និង​ស្ថានីយ​ចម្រោះ​សម្អាត​ទឹក​សំណល់ ការកំណត់ថ្លៃ​សេវា​ចម្រោះ​ទឹក​សំណល់ ការសិក្សា​គណនា​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជា​ប្រភេទ​ចម្រោះ​តាមបែប​ធម្មជាតិ Lagoon System ការចុះពិនិត្យ​ទីតាំង​ស្ថានីយ​ចម្រោះ​ទឹក​សំណល់​ជាក់ស្តែង និង​ការចែករំលែក​បទពិសោធ​គ្នា​ទៅវិញទៅមក​តាម​ខេត្តនីមួយៗដែល​ខ្លួន​គ្រប់គ្រង​តាមរយៈ​ការធ្វើ​បទ​បង្ហាញ បង្កើន​ចំណេះដឹង អនុវត្ត និង​យុទ្ធនា​ការអប់រំផ្សេង។

    គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសាប​បាន​ជួប​ការលំបាក​ដោយសារ​កង្វះ​ខាត​ទឹកស្អាត និង​បង្គន់​អនាម័យ​ប្រើប្រាស់ ដោយ​ពលរដ្ឋ​រស់នៅ​លើទឹក​មួ​យ​ចំនួន​បាន​បោះចោល​កាកសំណល់​ផ្សេង និង​បន្ទោបង់​នៅលើ​ទឹក ហើយ​ប្រើប្រាស់​ទឹក​នោះ​វិញ​ដដែល ដែល​ពួកគាត់​គិតថា កាកសំណល់​ដែល​គាត់​ទម្លាក់ចោល​នោះ​ហូរ​ទៅតាម​ទឹក​អស់ហើយ តែ​ធាតុពិត​គឺ​វា​បាន​បង្ក​ភាពកខ្វក់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៅវិញ​ទេ៕

  • អ្នកនិពន្ធ​កម្ពុជា​រៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ដើម្បី​លើកស្ទួយ​ការសរសេរ

    អ្នកនិពន្ធ​កម្ពុជា​រៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ដើម្បី​លើកស្ទួយ​ការសរសេរ

    វិស័យ​អក្សរសិល្ប៍​ខ្មែរ ធ្លាប់មាន​ប្រវត្តិ​យូរលង់​តាំងពី​បុរាណកាល រហូតមកដល់​ទសវត្ស​រ៍1970 និង​បាន​ងើប​ឡើងវិញ​បន្ទាប់ពី​សម័យ​ខ្មែរក្រហម។ បច្ចុប្បន្ន​ស្នាដៃ​និពន្ធ ឱកាស និង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ និង​វិស័យ​បោះពុម្ព​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែ​វិស័យនេះ​ទាមទារ​ឱ្យមាន​ការបន្ត​ជ្រោមជ្រែង បង្ក​លទ្ធភាព និង​ឱកាស​ដល់​អ្នកនិពន្ធ តាមរយៈ​ពិព័រណ៍​សៀវភៅ សិក្ខាសាលា សន្និសីទ និង​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ជាដើម។

    ដោយ​មើលឃើញ​ពី​បញ្ហា​ទាំងអស់នេះ អ្នកនិពន្ធ សូ ភី​ណា រួមទាំង​ក្រុម​ស្ថាបនិក​ស្លាបប៉ាកកា​ខ្មែរ បានរៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ឡើង​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​អក្សរសិល្ប៍​នៅ​កម្ពុជា​តាមរយៈ​ការ​បំផុសសកម្មភាព​សាធារណជន​ឱ្យបាន​ឃើញ​នូវ​ស្នាដៃ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​អ្នកនិពន្ធ​កម្ពុជា។

    កម្មវិធី​នេះ​មាន​គោលបំណង បណ្តុះ​ស្មារតី​ស្រឡាញ់​អក្សរ​សិល្ប៍ជាតិ លើកកម្ពស់​កិត្តិយស និង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ​ខ្មែរ​នៅក្នុង​សង្គមជាតិ និង​ជួយ​បង្កើន​ឱកាស​ដល់​អ្នកនិពន្ធ​ក្នុងការ​ទំនាក់ទំនង និង​ទីផ្សារ។ ទស្សនវិស័យ​របស់​ម​ហោ​ស្រព​អក្សរសិល្ប៍​ខ្មែរ​គឺ ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​នូវ​អក្សរសិល្ប៍​ខ្មែរ​ល្អ​ឯក និង​លទ្ធភាព​កាន់តែ​ប្រសើរឡើង​ក្នុងការ​ទទួលបាន​ស្នាដៃ​និង​ចំណេះដឹង​អក្សរសិល្ប៍។ មហោស្រព​នេះ​នឹងត្រូវ​បានរៀបចំ​ឡើងលើ​ក​ទី1នៅ​ខេត្តសៀមរាប ដែលជា​បណ្តុំ​វប្បធម៌ អរិយធម៌​របស់​ខ្មែរ។ កម្មវិធី​នា​ឆ្នាំ​បន្ទាប់ នឹង​រៀបចំឡើង​ទៅតាម​បណ្តា​ខេត្ត​នានា ទៅតាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្តែង។

    មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី1នេះ រួមមាន​កម្មវិធី​ជាច្រើន ដូចជា វេទិកា​ពិភាក្សា​អំពី​បរិបទសំខាន់ៗ ការសម្ពោធ​សៀវភៅ សិក្ខាសាលា​និពន្ធ និង​ការសម្តែង​សិល្បៈ​កម្សាន្ត​ផងដែរ៕