Category: សង្គម និងសេដ្ឋកិច្ច

  • ប្រព័ន្ធ ATM ដាក់ឱ្យ​ដំណើរការ​រួមគ្នា​ហើយ​នៅ​កម្ពុជា

    ប្រព័ន្ធ ATM ដាក់ឱ្យ​ដំណើរការ​រួមគ្នា​ហើយ​នៅ​កម្ពុជា

    ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានប្រកាស​ជា​ផ្លូវការ សហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ​អេស៊ីលីដា ធនាគារ​ស្ថាបនា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ប្រា​សាក់ ដាក់ឱ្យ​ដំណើរការ​រួមគ្នា​ជាបឋម​នូវ​ប្រព័ន្ធ Cambodia Share Switch (CSS) ដែលជា​ប្រព័ន្ធ​រួមបញ្ចូល​គ្នា​មួយ​សម្រាប់​សម្រួល​ដល់​អ​តិ​ថិ​ជន​ធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ​តាមរយៈ​ប័ណ្ណ​ទូទាត់​ម៉ាស៊ីន ATM និង POS របស់​គ្រឹះស្ថាន​សមាជិក​ប្រកបដោយ​ភាពងាយស្រួល និង​ឆាប់រហ័ស។

    ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC បានឱ្យដឹងថា គោលបំណង​នៃ​ការដាក់ឱ្យ​ដំណើរការ​ជាបឋម​នូវ​ប្រព័ន្ធ CSS គឺ​ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ កាត់បន្ថយ​ចរាចរ​សាច់ប្រាក់​នៅលើ​ទីផ្សារ លើកកម្ពស់​ប្រសិទ្ធភាព​ទូទាត់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ជំរុញ​ប្រតិបត្តិការ​អន្តរ​ធនាគារ​ឱ្យ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការផ្តល់​មធ្យោបាយ​ធ្វើ​ប្រតិបត្តិការ​បន្ថែមទៀត​សម្រាប់​អតិថិជន។

    ជាមួយនឹង​បណ្តាញ ATM ដ៏​ទូលំទូលាយ​របស់​គ្រឹះស្ថាន​ជា​សមាជិក ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​នៅតាម​ជនបទ​អាច​ប្រើប្រាស់​សេវា​ធនាគារ​បាន ដែល​នឹង​អាចរួមចំណែក​យ៉ាងសកម្ម​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សេដ្ឋកិច្ច។

    ប្រព័ន្ធ CSS គឺជា​ប្រព័ន្ធ​រួមមួយ​ដែល​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​របស់​គ្រឹះស្ថាន​ជា​សមាជិក ក្នុង​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​ទំនិញ និង​សេវាកម្ម​ដក​ប្រាក់-ផ្ទេរប្រាក់​អន្តរ​ធនាគារ​ពិនិត្យ​សមតុល្យ​គណនី និង​របាយការណ៍​ហិរញ្ញវត្ថុ​សង្ខេប​តាម​ម៉ាស៊ីន ATM ឬ POS របស់​គ្រឹះស្ថាន​ដែលជា​សមាជិក​ប្រព័ន្ធ CSS។

    គួរ​បញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះ​បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​ជាបឋម​បាន​ជោគជ័យ អតិថិជន​អាច​ប្រើ​ម៉ាស៊ីន ATM ឬ POS បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត ព្រោះ​ក្រៅពី​គ្រឹះស្ថាន​ស្ថាបនិក​ទាំងបី​ខាងលើ​ហើយ នៅមាន​គ្រឹះស្ថាន​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ផ្សេងទៀត បាននិងកំពុង​ដាក់ពាក្យ​សុំចូល​រួម​ដែរ​ហើយ។

    លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​ដែលជា​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា​ឱ្យដឹងថា ការអនុវត្ត​សេវា​បែបនេះ​គឺជា​ការល្អ ព្រោះ​នៅ​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស​សរុប​ចំនួន51 ហើយ​ធនាគារនីមួយៗមាន​ទូ​ATM រៀងៗខ្លួន ដូច្នេះ​ការដាក់ឱ្យ​ប្រើប្រាស់​សេវា​អេ​ធី​អឹម​រួមគ្នា​នេះ គឺអាច​ធ្វើឱ្យ​ធនាគារ​ទាំង​អស់ត​ភ្ជាប់​ជាមួយគ្នា ដោយ​អនុញ្ញាតឱ្យ​អតិថិជន​អាច​ដក​ប្រាក់​នៅ​ធនាគារ​ណា​ក៏បាន ខណៈដែល​អេស៊ីលីដា​មាន​ទូ​ATM សរុប​ជាង300គ្រឿង​ដាក់ពង្រាយ​ទៅតាម​ទីប្រជុំជន​នានា។ លោក​បាន​បន្តថា ការអនុវត្ត​បែបនេះ​គឺមាន​ភាពងាយស្រួល ប៉ុន្តែ​អ្នកមាន​កាត​អេ​ធី​អឹម​ដែល​ចង់​ដក​ប្រាក់​នៅ​ធនាគារ​ផ្សេង អតិថិជន​ត្រូវ​បង់​សេវាកម្ម​ពី​ការប្រើប្រាស់​នោះ។

    លោក អឿ សុធា​រ័ត្ន នាយក​អភិវឌ្ឍ​ន៏​អាជីវកម្ម និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ស្តីទី នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) មានប្រសាសន៍ថា ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រឹងប្រែង​រវាង​ធនាគារនីមួយៗនៅក្នុង​ប្រទេស​កម្ពុជា ហើយ​ធនាគារនីមួយៗសុទ្ធតែ​បាន​បង្កើត​ទូ ​ATM ដូចគ្នា គ្រាន់តែ​ធនាគារ​ខ្លះ​មាន​តិច និង​ធនាគារ​ខ្លះ​មាន​ច្រើន​ប៉ុណ្ណោះ។ លោក​ថា ប្រព័ន្ធ​ថ្មី​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន​ដែល​កាន់​កាត ATM នៅ​ធនាគារ​ណា​ដែល​មិនមាន​ប្រាក់​គ្រប់គ្រាន់​ក្នុងការ​បង្កើត​ទូ ATM ឱ្យបាន​ច្រើន។

    លោក​បន្តថា តាមពិតទៅ​ប្រតិបត្តិការ​ខាងលើ គេ​បានធ្វើ​រួចទៅហើយ​នៅ​ប្រទេស​ជឿនលឿន ដោយនៅ​ប្រទេស​ទាំងនោះ មិនមាន​ទូ ATM ដាក់​តម្រៀប​គ្នា​នៅ​កន្លែង​តែមួយ​ដូច​នៅ​កម្ពុជា​នោះទេ ព្រោះ​មានការ​ដាក់ឱ្យ​អតិថិជន​អាច​ដក​ប្រាក់​គ្រប់​ទូ ATM តែមួយ​រួមគ្នា​នេះ។

    គួរ​ញ្ជា​ក់​ផងដែរ​ថា ដោយសារ​មន្ត្រីរាជការ កម្មករ​រោងចក្រ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ចំនួន ត្រូវបាន​ដាក់ឱ្យ​បើកប្រាក់​តាម​ប្រព័ន្ធ ATM មក គេ​ឃើញ​នៅពេល​បើកប្រាក់ខែម្តងៗ ពួកគេ​តែង​ឈរ​តម្រង់​ជួរ​គ្នា​ចាំ​បើក​លុយ ប៉ុន្តែ​នៅពេល​ដាក់ឱ្យ​ដំណើរ​ការដក​ប្រាក់​រួមគ្នា​នៅ​ATM ផ្សេងគ្នា​បាន​បែបនេះ នឹងធ្វើ​ឱ្យ​ការ​ដំណើរ​ការដក​ប្រាក់​របស់​ពួកគាត់​ប្រ​ពឹ​ត្ត​ទៅបាន​ឆាប់រហ័ស​មិន​ចំណាយពេល​រង់ចាំ​យូរ ដូច​មុន​ទៀត​ទេ៕

  • ប្រជាជន​កម្ពុជា​គួរ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​សកល

    ប្រជាជន​កម្ពុជា​គួរ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​សកល

    ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​ផ្នែក​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ព្រោះ​មូលធន​មនុស្ស​ជា​ធនធាន​ដែល​មិនចេះ​រីងស្ងួត​សម្រាប់​សង្គម ដែល​អាច​ជំរុញ​ឱ្យ​សង្គម​មានការ​អភិវឌ្ឍ​កាន់តែខ្លាំង និង​អាច​ឈានដល់​ការប្រកួតប្រជែង​ជា​អន្តរជាតិ​ថែមទៀត​ផង។

    កត្តា​ជំរុញ​ដែល​ធ្វើឱ្យ​ធនធានមនុស្ស​ក្នុង​ប្រទេសមួយ​ខ្លាំង គឺ​កើតចេញពី​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន រួមទាំង​ប្រជាពលរដ្ឋម្នាក់ៗដែលមាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​សម្រាប់​ចូលរួម​អភិវឌ្ឍ​ស្ថាប័ន​ដែល​ខ្លួន​កំពុងធ្វើការ និង​សង្គមជាតិ​ទាំងមូល។

    លោក ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន​កម្ពុជា-អាស៊ាន បាន​លើកឡើងថា ប្រជាជន​នៅ​កម្ពុជា ជាពិសេស​យុវជន​ដែល​កំពុង​សិក្សា​នៅតាម​សាកលវិទ្យាល័យ គួរតែ​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ប្រជាជន​ដែលមាន​សមត្ថភាព​កម្រិត​អន្តរជាតិ (Global Citizen)។ បុគ្គល​ដែលមាន​សមត្ថភាព​ខ្លាំង​ជា​សកល​បែបនេះ គឺជា​បុគ្គល​ដែល​អាចធ្វើ​ការងារ​បាន​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក ឬ​មានចំណេះ​ជំនាញ​គ្រប់គ្រាន់​ក្នុងការ​ដណ្តើម​ទីផ្សារការងារសំខាន់ៗនៅ​បរទេស។

    លោក ស៊ា​ង សុ​បញ្ញា បាន​និយាយថា៖ «ដើម្បី​ក្លាយខ្លួនជា​បុគ្គល​ដែលមាន​ការងារ​ធ្វើ និង​កម្រិត​សមត្ថ​ភាពជា​អន្តរជាតិ ពួកគេ​គួរតែមាន​ជំនាញធំៗ 2 ជា​គោល  គឺ​ជំនាញ​ភាសា​ឱ្យ​ច្បាស់ និង​ជំនាញ​បច្ចេកទេស​ឱ្យ​ច្បាស់។ ភាពច្បាស់​នៃ​ជំនាញ​ភាសា​នេះ គឺ​មិនមែន​គ្រាន់តែ​អាន​បាន ឬ​និយាយ​ស្តាប់​គ្នា​បាន​បែប​ធម្មតា នោះទេ គឺ​ចាំបាច់​ត្រូវ​ចេះ​ច្បាស់លាស់​អាច​បកប្រែ បរិយាយ អធិប្បាយ ឬ​សរសេរ​លិខិត​ជា​ផ្លូវការ​បាន​ដោយ​រលូន»។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា នៅពេលដែល​យើង​អាច​យល់ច្បាស់​ពី​ភាសា​ហើយ យើង​នឹងមាន​ទុន​មួយ​សម្រាប់​ការស្រាវជ្រាវ​ជាស​កល ដើម្បី​ឈានទៅដល់​ភាពជា​អ្នកជំនាញ​ដែលមាន​គុណភាព​ក្នុង​ការគិត និង​អនុវត្ត​ខ្ពស់។ ចំពោះ​ជំនាញ​បច្ចេកទេស​វិញ ក៏​ជា​ជំនាញ​ចាំបាច់​មួយ​ផងដែរ ព្រោះ​នាពេល​បច្ចុប្បន្ននេះ អាស៊ាន​បាន​បើកចំហ​នូវ​អាជីព​មួយចំនួន​ដើម្បីឱ្យ​ប្រជាជន​នៅក្នុង​ប្រទេស​ដែលជា​សមាជិក​ទាំងអស់ មានឱកាស​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ទាំង 10នេះ។ ប្រសិនបើ​យើង​មាន​ជំនាញ​ច្បាស់លាស់ ហើយ​ចេះ​ប្រើ​ភាសា​ច្បាស់លាស់ យើង​នឹង​អាច​ឈោង​ចាប់​ទីផ្សារការងារ​នៅ​បរទេស បាន និង​មិនមែន​ប្រកួតប្រជែង​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ។

    លោក គឹម អឿន នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​បាន​លើកឡើងថា មេដឹកនាំ​ដែល​ល្អ​គឺជា​មេដឹកនាំ​ដែល​ចេះ​នាំ​ប្រជាជន​ឱ្យក្លាយ​ជា​ប្រជាជន​សកល ហើយ​ប្រជាជន​ខ្លួនឯង​ក៏ត្រូវ​តែមាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ដោយ​ផ្តោត​សំខាន់​លើ​ទិដ្ឋភាពសំខាន់ៗចំនួន3 គឺ មនុស្ស បរិស្ថាន និង​ចំណូល។ ការលើកឡើង​ពី​កត្តា​មនុស្ស​នេះ​គឺ​ចង់​សំដៅលើ​ការគោរព និង​ការឱ្យ​តម្លៃ​មនុស្ស​គ្រប់រូប​លើ​ពិភពលោក ដោយ​ការ​ផ្តល់ឱកាស ចែករំលែក និង​ជួយ​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ភាពស្មោះត្រង់។

    ចំណុច​សំខាន់​មួយ​ផ្សេងទៀត​គឺ ធម្មជាតិ ឬ​បរិស្ថាន មានន័យថា មនុស្ស​ត្រូវ​គិតគូរ​ឱ្យបាន​ល្អិតល្អន់​ពី​សកម្មភាព​របស់ខ្លួន​ប្រចាំថ្ងៃ​ចំពោះ​ពិភពលោក និង​មិន​ចូលរួម​ការបំផ្លាញ​ពិភពលោក​ដោយ​ប្រយោល។

    លោក គឹម អឿន បាន​និយាយថា៖ «ការដែល​ប្រជាជន​គិតគូរ​ពី​ពិភពលោក គឺអាច​ធ្វើឱ្យ​យើង​រស់នៅក្នុង​ភាព​សុខដុម​ទាំងអស់គ្នា ហើយ​នៅពេលដែល​មនុស្ស​ធ្វើ​អ្វីមួយ​ដោយមាន​ភាព​ហ្មត់ចត់ ហើយ​ចូលរួម​ថែរក្សា​ពិភពលោក​តាមរយៈ​ការ​សន្សំសំចៃ​ថាមពល​អគ្គិសនី ការគ្រប់គ្រង​សំរាម​បានល្អ និង​ការដាំ​ដើមឈើ​ជាដើម អាចធ្វើឱ្យ​យើង​រស់នៅក្នុង​ភាព​ស្ងប់​សុខ»។

    លោក គឹម អឿន បានបញ្ជាក់​ផងដែរ​ថា រឿង​ចំណូល​ជា​រឿង​ចុងក្រោយ​បំផុត​បន្ទាប់ពី​រឿង​គោរព​គ្នា និង​បរិស្ថាន តែ​ទោះជា​យ៉ាងណា​ក៏​មនុស្ស​ត្រូវការ​ការរក​ចំណូល​ដែល​ត្រឹមត្រូវ និង​គោរព​បាន​នូវ​គោលការណ៍​ស្មោះត្រង់​ដែល​មិន​ប៉ះពាល់​អ្នកដទៃ ហើយ​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពថ្លៃថ្នូរ​ជាស​កល៕

  • អ្នកនាង អ៊ុំ គន្ធា បកស្រាយរឿងសមត្ថកិច្ចចាប់ ពាក់ព័ន្ធរឿងសេពគ្រឿងញៀន

    អ្នកនាង អ៊ុំ គន្ធា បកស្រាយរឿងសមត្ថកិច្ចចាប់ ពាក់ព័ន្ធរឿងសេពគ្រឿងញៀន

    ថ្មីៗនេះ អតីតតារាចម្រៀងយេយេក្នុងអំឡុងទសវត្សរ៍ 90 អ្នកនាង អ៊ុំ គន្ធា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយសង្ស័យថា អ្នកនាងកំពុងសម្ងំប្រើប្រាស់គ្រឿងញៀន។ ដោយឡែក បន្ទាប់ពីត្រូវបានចាប់ខ្លូនរួចមក តារាស្រីរូបនេះបានចេញមុខបកស្រាយតាមរយៈវីដេអូ Live របស់ Facebook Page មួយកាលពីយប់មិញនេះ។

    អ្នកនាង អ៊ុំ គន្ធា បានអះអាងថា ដំបូងឡើងអ្នកនាងចង់ផឹកស្រាមួយកែវ ហើយក៏ត្រូវកូនប្រុសយកស្រាមួយកែវនោះចាក់ចោល ធ្វើឱ្យអ្នកនាងខឹងសម្បាយ៉ាងខ្លាំង ក៏រត់ចេញពីផ្ទះ។ នៅពេលនោះអ្នកនាងចង់ផឹកស្រាខ្លាំងណាស់  អ្នកនាងក៏បានជួបនឹងបុរសម្នាក់ដែលជាអ្នកដើររើសកំប៉ុងអេតចាយ និងបានសួរនាំគ្នា និយាយត្រូវគ្នា ក៏បាននាំគ្នាទៅផឹកស្រានៅក្នុងផ្ទះគាត់នៅម្ដុំចំណុចក្រោមលូទឹកស្អុយតែម្ដង។ អ្នកនាងបានបន្ដទៀតថា ខណៈដែលអ្នកនាងកំពុងសម្រាកនៅក្រោមលូនោះ  អ្នកនាងមិនដឹងថា នៅខាងលើផ្ទះនោះមានអ្នកណាធ្វើសកម្មភាពអ្វីឡើយ លុះដល់ឮសំឡេងក្ឌុងក្ឌាំងនៅខាងលើ ទើបផ្អើលឈូឆរឡើងតែម្ដង។

    គួរបញ្ជាក់ផងដែរថា អតីតារាចម្រៀងសិចស៊ីរូបនេះ បាននិយាយថា អ្នកនាងមិនបានពាក់ព័ន្ធជាមួយគ្រឿងញៀនអ្វីទេ តែដោយសារពេលសមត្ថកិច្ចចុះរុករក ហើយប្រទះឃើញអ្នកនាងនៅក្រោមលូនោះតែម្ដង។ អ្នកនាងបានបញ្ជាក់ថា អ្នកនាងមិនពាក់ព័ន្ធអ្វីនឹងគ្រឿងញៀននោះទេ។ អ្នកនាងនិយាយថា ដោយសារខ្លួនមានជំងឺឈឺឆ្អឹងខ្នង និងមានបំណងរត់ចោលកូនៗ ព្រោះមិនចង់ឱ្យកូនលំបាក និងមករងទុក្ខវេទនាក្នុងការមើលថែទាំ និងរស់នៅជាមួយអ្នកនាងតែប៉ុណ្ណោះ៕

  • ទូច ស្រីល័ក្ខ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះ

    ទូច ស្រីល័ក្ខ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះ

    នៅថ្ងៃទី25 ខែតុលា ឆ្នាំ2017 វេលាម៉ោង 1 : 20 នាទី រំលងអធ្រាត តារាចម្រៀង និងសម្ដែង ទូច ស្រីល័ក្ខ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានបុកម៉ូតូហុងដាឌ្រីម125 CC សេរ៊ីឆ្នាំ2012 ពណ៌ខ្មៅ ក្នុងទិសដៅបញ្ច្រាសគ្នា ដោយអូសម៉ូតូជនរងគ្រោះទៅឆ្ងាយជិត 1 គីឡូម៉ែត្រ ទើបឈប់រថយន្ដដោះស្រាយភ្លាមៗ។

    ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានឱ្យដឹងថា អ្នកនាង ទូច ស្រីល័ក្ខ បានចេញដំណើរពីពិធីខួបកំណើតរបស់ខ្លួននៅលើបណ្ដោយផ្លូវ 217 (ផ្លូវព្រះមុនីរ៉េត) ក្នុងល្បឿនលឿនល្មមក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចផ្លូវកោងច្រមុះជ្រូកស្ទឹងមានជ័យ អ្នកនាងក៏បានបត់ឡើងមកផ្លូវវេងស្រេង ស្របពេលគ្នានោះស្រាប់តែម៉ូតូរបស់ជនរងគ្រោះបានបត់ចេញមកយ៉ាងលឿន ហើយមកវាក់អ៊ើនឹងរថយន្ដរបស់អ្នកនាង ទើបបណ្ដាលឱ្យដួលកៀបជាប់នឹងរថយន្ដរបស់អ្នកនាង ហើយអូសទៅមុខឡើងជិត 1 គីឡូម៉ែត្រ ទើបអាចបញ្ឈប់រថយន្ដបាន។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកើតហេតុការណ៍ភ្លាមៗ លោក ប៉ែន ចំរ៉ុង បានមកដល់កន្លែងកើតហេតុ និងសូមធ្វើជាតំណាងដោះស្រាយបញ្ហាជូនអ្នកនាង ទូច ស្រីល័ក្ខ ព្រមទាំងជូនជនរងគ្រោះដែលមានរបួសស្រាលទៅមន្ទីរពេទ្យ ហើយទទួលជួសជុលម៉ូតូជនរងគ្រោះឱ្យស្អាតឡើងវិញ ព្រោះមិនចង់បន្ដរឿងវែងឆ្ងាយនាំតែរំខានសមត្ថកិច្ចដោះស្រាយ៕

     

  • លោក Unsworth ស្រេកឃ្លាន​បង្ហាញ​ស្នាដៃ​ពេល​ប៉ះ Chelsea នៅ​រាត្រី​នេះ

    លោក Unsworth ស្រេកឃ្លាន​បង្ហាញ​ស្នាដៃ​ពេល​ប៉ះ Chelsea នៅ​រាត្រី​នេះ

    លោក David Unsworth បាន​ស្នើសុំ​ធ្វើការ​ដឹកនាំ​ការប្រកួត​ក្នុង​ចំនួន​កំណត់​មួយ​ដើម្បី​បង្ហាញថា លោក​អាច​ធ្វើជា​អ្នកចាត់ការ​ទូទៅ​ដ៏​ស័ក្តិសម​បំផុត​របស់​ក្លិប Everton ក្នុង​ការចូល​ជំនួស​កន្លែង​របស់លោក Ronald Koeman ក្នុង​កិច្ចសន្យា​ជា​អចិន្ត្រៃយ៍។

    លោក Unsworth ដែលជា​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមបាល់ទាត់​អាយុ​ក្រោម23ឆ្នាំ​របស់ Everton បាន​ចូលកាន់​តំណែង​ជា​បណ្តោះអាសន្ន​នៅឯ​កីឡដ្ឋាន Goodison Park ជា​លើក​ទី2 ក្រោយ​ការចាកចេញ​ពី​តំណែង​របស់លោក Koeman សញ្ជាតិ​ហូ​ឡង់។ គ្រូបង្វឹក​វ័យ44ឆ្នាំ​រូបនេះ បានប្រកាសថា លោក​ចង់បាន​ការងារ​នេះ និង​បាន​ចំណាយពេល​ប្រជុំ​ក្នុង​រយៈពេល​ដ៏​យូរអង្វែង​ជាមួយនឹង​លោក Bill Kenwright ដែលជា​ប្រធាន​ក្លិប ក្រោយពី​ការចាកចេញ​របស់លោក Koeman កាលពី​ថ្ងៃ​ចន្ទ។ មិនមាន​ពេលវេលា​ជាក់លាក់​ណាមួយ​ដែល​ត្រូវបាន​ដាក់​ទៅលើ​ការ​កាន់តំណែង​របស់លោក Unsworth ឡើយ បើទោះបី​លោក​បានធ្វើ​ការពិភាក្សា​ទៅលើ​ចំនួន​នៃ​ការប្រកួត កីឡាករ ក៏ដូចជា​គម្រោង​រយៈពេល​ខ្លី និង​វែង​ជាមួយនឹង​ប្រធាន​ក្លិប​របស់ Everton ក៏ដោយ។ ក្រុម Everton ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្តល់​ពេលវេលា​ដល់​អតីត​ខ្សែការពារ​របស់​ពួកគេ​រហូតដល់​ថ្ងៃ​សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​នៃ​ការដឹកនាំ​របស់លោក ហើយ​ការងារ​ដ៏​ចម្បង​របស់លោក​នឹង​ចាប់ផ្តើម​ជាមួយនឹង​ការប្រកួត​ពាន Carabao Cup នៅលើ​ទឹកដី​ក្រុម Chelsea នៅ​រាត្រី​នេះ។

    នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​មុនពេល​ការប្រកួត​នៅ​រាត្រី​នេះ លោក Unsworth បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​បុរស​ដ៏​មាន​មោទនភាព​ម្នាក់​ដែល​បាន​អង្គុយ​នៅទីនេះ ដើម្បី​ត្រៀម​ដឹកនាំ​ក្រុម Everton នៅ​ថ្ងៃស្អែក។ វា​មិនមាន​បញ្ហា​នោះឡើយ​ថា ចំនួន​ការប្រកួត​ប៉ុន្មាន​លើក​ដែល​ខ្ញុំ​មាន​នោះ ខ្ញុំ​នឹង​ប្រើប្រាស់​រាល់​សមត្ថភាព​ទាំងអស់​ដែល​ខ្ញុំ​មាន»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 1:45ទៀបភ្លឺ៕

    ប្រភពពី៖ The Guardian

  • Man United និង Man City ដឹក​ដៃ​គ្នា​ទៅ​វគ្គ8ក្រុម​នៅ League Cup

    Man United និង Man City ដឹក​ដៃ​គ្នា​ទៅ​វគ្គ8ក្រុម​នៅ League Cup

    ក្រុម​បិសាច​ក្រហម Manchester United បាន​ត្រួសត្រាយ​ផ្លូវ​របស់​ពួកគេ​ឆ្ពោះទៅកាន់​វគ្គ8 ក្រុម​ចុងក្រោយ​នៃ​ពាន Carabao Cup ឬ League Cup យ៉ាង​ងាយស្រួល ក្រោយពី​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ កាលពី​ថ្ងៃ​អង្គារ តាមរយៈ​ការរក​គ្រាប់​បាល់​បាន​ទាំង 2គ្រាប់​ពី​សំណាក់​កីឡាករ Jesse Lingard។

    កីឡាករ​រូបនេះ​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ស្រប​ពេលដែល​ក្រុម Swansea មិនបាន​បង្ហាញ​ពី​ភាពរឹងមាំ​របស់ខ្លួន​ឡើយ។ Man United បានធ្វើការ​ផ្លាស់ប្តូរ​កីឡាករ 7នាក់​ពី​ក្រុម​ដែល​បាន​ចាញ់​ក្រុម Huddersfield ក្នុង​លទ្ធផល 2-1 កាលពី​ចុង​សប្តាហ៍ថ្មីៗនេះ។ ស្របពេល​ជាមួយគ្នានេះ អ្នកចាំទី Claudio Bravo របស់ Manchester City បាន​ក្លាយជា​វីរបុរស​របស់​ក្រុម​កំពុង​នាំមុខ​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ ខណៈដែល​ពួកគេ​បាន​ផ្តួល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី2 Wolves ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ដើម្បី​កក់​កៅអី​របស់​ពួកគេ​ក្នុង​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ពាន League Cup កាលពី​ថ្ងៃ​អង្គារ។

    បើទោះបីជា​ក្រុម​ទាំងពីរ​សុទ្ធសឹង​បាន​បង្កើត​ឱកាសល្អ​ដូចគ្នា​នៅពេល​ជិត​បញ្ចប់​ការប្រកួត​ក៏ដោយ ប៉ុន្តែ​ការប្រកួត​នៅ​កីឡដ្ឋាន Etihad នេះ នៅតែ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ដដែល​ក្រោយពី​រយៈពេល30នាទី​នៃ​នាទី​បន្ថែម១៥នាទី2ដង​ត្រូវ​បានបញ្ចប់ ដែល​នាំ​ឲ្យ​ឈានដល់​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​តែម្តង។ Bravo ដែល​បាន​រង​នូវ​ការរិះគន់ ក្រោយពី​បានបង្ហាញ​ពី​ទម្រង់​មិនល្អ​កាលពី​រដូវ​កាល​មុន និង​បាន​បង្ហាញខ្លួន​ត្រឹមតែ3លើក​ក្នុង​យុទ្ធនាការ​នេះ បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី 2លើកជាប់ៗគ្នា​ពី​ការ​ស៊ុត​របស់ Alfred N’Diaye និង Conor Coady ពី​ចំណុច11ម៉ែត្រ។

    ខ្សែប្រយុទ្ធ Sergio Aguero ដែល​ត្រូវការ​គ្រាប់​បាល់​តែ1គ្រាប់​ទៀត​ដើម្បី​ក្លាយជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​របស់ Man City នោះ បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល 4-1 ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីនេះ៕

    ប្រភពពី៖ ESPN

  • តារាចម្រៀង​សិច​ស៊ី​អម្លុង​ទសវត្ស90 អ្នកនាង អ៊ំ គ​ន្ធា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ករណី​ប្រើប្រាស់​គ្រឿងញៀន

    តារាចម្រៀង​សិច​ស៊ី​អម្លុង​ទសវត្ស90 អ្នកនាង អ៊ំ គ​ន្ធា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ករណី​ប្រើប្រាស់​គ្រឿងញៀន

    នៅ​ព្រឹក​ថ្ងៃទី  24 ខែ តុលា ឆ្នាំ2017 នេះ អតីត​តារាចម្រៀង​សិច​ស៊ី​អម្លុង​ទសវត្ស90 អ្នកនាង អ៊ំ គ​ន្ធា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​ប៉ុស្ដិ៍នគរបាល ខណ្ឌ​ឬ​ស្សី​កែវ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ដែល​បាន​បង្ក​ជាច្រើនលើក​ច្រើនសារ។ ប្រភព​ដែល​សារព័ត៌មាន ឡា​រ៉ែ​ន ទទួលបាន បានឱ្យ​ដឹ​ថា តារា​ស្រី​រូបនេះ កន្លងមក​ធ្លាប់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​កែប្រែ​ផងដែរ ក៏ប៉ុន្ដែ​ដោយឡែក តារា​សិច​ស៊ី​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាថ្មី​ម្ដងទៀត នៅវេលា​ម៉ោង 11 ព្រឹក​ថ្ងៃនេះ ដោយ​សង្ស័យថា នាង​បាន​សេប​គ្រឿងញៀន។

    គួរបញ្ជាក់​ផងដែរ​ថា នៅ​ចំណុចកើតហេតុ​ម្ដុំ  សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មន្ត្រី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន មនុស្ស​ចំនួន 3នាក់ រួមទាំង​តារា​ស្រី​សិច​ស៊ី​រូបនេះ បាន​សំងំ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទីនោះ។ ខណៈ​នេះ​អ្នកនាង អ៊ំ គ​ន្ធា  ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ប៉ុស្ដិ៍នគរបាល​ខណ្ឌ ឬ​ស្សី​កែវ ដើម្បី​សួរនាំ និង​ចាត់ចែង​តាម​និតិ​វិធី​ច្បាប់៕

  • កម្ចី​ឥណទាន 10លាន​ដុល្លារ ត្រូវបាន​ផ្ដល់​ទៅដល់​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​ដំបូង

    កម្ចី​ឥណទាន 10លាន​ដុល្លារ ត្រូវបាន​ផ្ដល់​ទៅដល់​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​ដំបូង

    ដើម្បី​ចូលរួម​ជំរុញ​លើ​សកម្មភាព​នៃ​ការប្រមូល​ផល​ស្រូវ​ឱ្យមាន​ភាពរលូន​ល្អ ក្នុងដំណាក់កាល​ដំបូង​នៃ​ការប្រមូល​ផល​នេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ទម្លាក់​ឥណទាន​ក្នុង​រង្វង់10លាន​ដុល្លារ​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីន។

    ឯកឧត្ដម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​លើកឡើងថា នៅ​ឆ្នាំនេះ​ធនាគារ​មាន​កញ្ចប់​ឥណទាន​សរុប50លាន​ដុល្លារ ជា​ទឹកប្រាក់​សម្រាប់​ទ្រទ្រង់​លើ​វិស័យ​ស្រូវ​អង្ករ ខណៈដែល​កាលពី​ឆ្នាំ2016 មានតែ27លាន​ដុល្លារ​ប៉ុណ្ណោះ។ ឯកឧត្ដម​បន្ដថា ក្នុង​រដូវ​កាល​ប្រមូល​ផល​ដំបូង​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ត្រៀម​កញ្ចប់​ឥណទាន​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្នុង​រង្វង់10លាន​ដុល្លារ​ជាមួយនឹង​អត្រា​ការប្រាក់5%ក្នុង​មួយឆ្នាំ ដើម្បី​ទិញស្រូវ​យកមក​ស្តុក​ទុក។ ពិសេស​រដូវ​ប្រមូល​ផល​ស្រូវ​ធំ​ដែល​នឹង​ជិត​ឈានចូល​មកដល់​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។

    ជាមួយនឹង​ការត្រៀម​ឥណទានថ្មីៗនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ទម្លាក់​កញ្ចប់​ថវិកា​កម្ចី15លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញធំៗចំនួន 2 ដើម្បី​យកទៅ​សង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​នៅក្នុង​ខេត្ដ​ចំនួន 3 គឺ​ខេត្ដ​កំពង់ធំ ព្រៃវែង និង​តាកែវ​ដែល​នឹងត្រូវ​សាងសង់​រួច​នៅ​ខែមករា ឆ្នាំ2018 ខណៈដែល​រដូវ​ប្រមូល​ផល​ធំ​ត្រៀម​នឹង​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប និង​សុ​ម៉ាលី​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ។

    អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ បញ្ជាក់ថា៖« ឆ្នាំមុន​ឥណទាន​សរុប​បាន​ទម្លាក់27លាន​ដុល្លារ​អាមេរិក ឆ្នាំនេះ​ថែម23លាន​ដុល្លារ​ទៀត​ដូច្នេះ​សរុប50លាន​ដុ​លា្ល​រ។ ក្នុង​រដូវ​កាល​ទី1យើង​បាន​ត្រៀម10លាន​ហើយ ដូច្នេះ​យើង​សង្ឃឹមថា នៅ​រដូវ​កាល​ប្រមូល​ផល​ធំ​ពី​ខែវិច្ឆិកា​ដល់​ខែកុម្ភៈ​នឹងមាន​ដំណើរការ​កាន់តែ​ល្អ​ជាង​មុន។ ក្នុងនោះ​គឺ​យើង​ទម្លាក់​អត្រា​ការប្រាក់​នៅសល់​ត្រឹម5% ក្នុងពេលដែល​ធនាគារ​ផ្សេង​អត់​ទាន់​មាន​នរណា​ទម្លាក់​ដល់​ថ្នាក់​ហ្នឹង​ទេ»។ ឯកឧត្ដម​បន្ថែមថា មូលហេតុ​នៃ​ការបន្ថែម​ឥណទាន​សម្រាប់​ទ្រទ្រង់​លើ​វិស័យ​ស្រូវ​អង្ករ​នេះ ព្រោះ​តែមាន​តម្រូវការ​អង្ករ​ក្នុងប្រទេស​ច្រើន ដូច្នេះ​ទើប​យើង​ជំរុញ​លើ​ការប្រមូល​ផល​បន្ថែមទៀត៕

  • ទស្សនាកម្រងរូបភាពត្រៀមអាពាហ៍ពិពាហ៍របស់ Song Joong Ki និង Song HyeKyo

    ទស្សនាកម្រងរូបភាពត្រៀមអាពាហ៍ពិពាហ៍របស់ Song Joong Ki និង Song HyeKyo

    តាមរយៈសារព័ត៌មាន koreaboo បានចេញផ្សាយថ្មីៗនេះបានឱ្យដឹងថា ប៉ុន្មានថ្ងៃនេះស្រាប់តែមានរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រ Song Joong Ki និង Song HyeKyo ខណៈដែលគូស្នេហ៍មួយគូនេះបានទម្លាយកម្រងរូបភាពត្រៀមអាពាហ៍ពិពាហ៍(Prewedding)ចេញមកពីអាល់ប៊ុម “Holy photoshop”។ ពិធីមង្គលការរបស់តារាទាំងពីរដួងនេះនឹងប្រព្រឹត្តទៅនៅក្នុងសណ្ឋាគារប្រណីត  Shilla Hotel ក្នុងប្រទេសកូរ៉េ ហើយអ្នកទាំងពីរកំពុងតែក្លាយទៅជាគូស្នេហ៍ដែលមានឥទ្ធិពលជាងគេនៅក្នុងចង្កោមគូស្នេហ៍ក្នុងពិភពសិល្បៈកូរ៉េ។

    គួរបញ្ជាក់ផងដែរថា ខាងផលិតកម្ម Blossom Entertainment បានអះអាងថា តារាចម្រៀងស្រី OckJoo Hyun នឹងច្រៀងចម្រៀងបើកកម្មវិធីជាផ្លូវការនៅក្នុងពិធីអាពាហ៍ពិពាហ៍ខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីរឿងមួយនេះហើយ ព័ត៌មានលម្អិតផ្សេងទៀត ដែលទាក់ទងនឹងអាពាហ៍ពិពាហ៍របស់គូស្នេហ៍ Song Joong Ki និង Song HyeKyo នឹងត្រូវបានបញ្ជាក់បន្ថែមនាពេលខាងមុខដែលជិតមកដល់ឆាប់ៗខាងមុខនេះ ព្រមជាមួយវិស្សមកាលក្រេបច័ន្ទទឹកឃ្មុំផងដែរ៕

  • គណៈកម្មាធិការជាតិសុវត្ថិភាពដាក់វិធានការ10ចំណុចពេលបុណ្យអុំទូក

    គណៈកម្មាធិការជាតិសុវត្ថិភាពដាក់វិធានការ10ចំណុចពេលបុណ្យអុំទូក

    ភ្នំពេញ៖ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីអុំទូកដែលនឹងចូលមកដល់នៅថ្ងៃទី2 ដល់ថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2014ខាងមុខឆាប់ៗនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់ពលរដ្ឋអ្នកធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទ ពិសេសស្រទាប់យុវជនត្រូវបើកបរដោយភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ចំពោះខ្លួនឯង និងអ្នកដទៃ។​

    ខ្លឹមសារនៃសេចក្តីអំពាវនាវខាងលើបានកោតសរសើរប្រកបដោយក្តីមោទនបំផុតចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុសក្នុងពេលធ្វើចរាចរ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកន្លងទៅ។

    ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមចំពោះមុខយូរអង្វែងដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់។ គួរកត់សម្គាល់ថា ក្នុងត្រីមាសទី3 ឆ្នាំ2017នេះ មានអ្នកជិះទោចក្រយានយន្តចំនួន 77% ដែលភាគច្រើនជាយុវវ័យបានក្លាយជាជនរងនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួន66% មិនបានពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ។

    ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី2 ដល់ថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខនេះ យានយន្តធ្វើចរាចរនឹងមានកំណើនខ្ពស់ខុសប្រក្រតីដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ឬការកកស្ទះចរាចរណ៍ដូចក្នុងពិធីបុណ្យនានាកន្លងទៅផងដែរ។

    ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវគោកដូចខាងក្រោម៖

    1.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។

    2.មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

    3.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។

    4.ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

    5.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។

    6.មិនត្រូវបត់ ឬវ៉ាប្រជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

    7.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ល។

    1. សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសបុណ្យអុំទូក។

    9.មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកដាច់ខាត។

    និង10.ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច និងប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕