Category: សង្គម និងសេដ្ឋកិច្ច

  • តើ​ក្រដាស 5000រៀល​ប្រភេទ​ថ្មី​មាន​លក្ខណៈ​សម្គាល់​ដូចម្តេចខ្លះ?

    តើ​ក្រដាស 5000រៀល​ប្រភេទ​ថ្មី​មាន​លក្ខណៈ​សម្គាល់​ដូចម្តេចខ្លះ?

    ភ្នំពេញ៖ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ខួប​នៃ​ការយាង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ថ្មី​មួយ​ស្ដីពី​ការដាក់ឱ្យ​ចរាចរ​ប្រភេទ​ក្រដាសប្រាក់ 5000រៀល និង1000រៀល​ថ្មី​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី25 ខែតុលា ឆ្នាំ2017 នេះ​តទៅ។ ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ សារពត៌មាន​ឡា​រ៉ែ​ន​សូម​លើកយក​លក្ខណៈ​សម្គាល់​ក្រដាស់ប្រាក់ 5000រៀល​ប្រភេទ​ថ្មី មក​បង្ហាញជូន​ដូចខាងក្រោម៖

    យោងតាម​ប្រកាស​ស្តីពី លក្ខណៈ​សម្គាល់​នៃ​ធនបត្រ​ប្រភេទ 5000រៀល​ថ្មី ដែល​ចុះហត្ថលេខា ដោយ​ឯកឧត្តម ជា ចាន់តូ បាន​បង្ហាញថា៖

    ក.លក្ខណៈ​ទូទៅ

    – ទំហំ​ធនបត្រ៖ បណ្តោយ 142ម.ម និង​ទទឹង 68ម.ម

    – ពណ៌​ចម្បង​គឺ​ពណ៌​ស្វាយ និង​ពណ៌​ត្នោត។

    ខ. ផ្ទៃ​ខាងមុខ​នៃ​ធនបត្រ

    -ផ្នែក​កណ្តាល ខាងស្តាំ​ត្រូវបាន​រំលេច​ឡើង​នូវ​ព្រះឆាយាល័ក្ខណ៍ នៃ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ វ​រ័​ន្ម កាលពី​ព្រះអង្គ​នៅ​កំពុង​បំពេញ​ព្រះរាជ​បូជនីយកិច្ច ដឹកនាំ​ចលនា​តស៊ូ​ទាមទារ​ឯករាជ្យ​ជាតិ​ពី​ពួក​អាណានិគមនិយម​បារាំង​សេស ខាងឆ្វេង​មាន​លេខ«៥០០០» នៅ​ពីលើ​គេ បន្ទាប់មក​គឺជា​ហត្ថលេខា​របស់​ទេសាភិបាល និង​អគ្គ​បេឡា ព្រមទាំង​រូបភាព​តែង​លម្អ​យកតាម​រូប​ក្បាច់​ហោជាង​នៃ​អគារ​តុលាការ​កំពូល និង​នៅ​ពីក្រោម​នោះ​មាន​លេខ-មាលា​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ខ្មៅ រូបចម្លាក់​នាគ​ក្បាល5 នៅ​វិមានឯករាជ្យ និង​អក្សរ«ប្រាំ​ពាន់​រៀល» ព្រមទាំង​អក្សរ «អ្នក​ក្លែង​ក្រដាសប្រាក់​នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់» នៅ​គែម​ខាងក្រោម​នោះ។

    -ផ្នែក​ខាងស្តាំ ជ្រុង​លើ​មាន​អក្សរ «ធនាគារជាតិ​នៃ​កម្ពុជា» ព្រមទាំង​លេខ-មាលា​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ក្រហម នៅ​កណ្តាល​មាន​រូបភាព​អង្គ​ដៅ​ចំណាំ​ខាងមុខ ដែល​មើល​ឆ្លុះ​ឃើញ​លេខ «5000» និង​ជ្រុង​ក្រោម​មាន​លេខ «៥០០០» ព្រមជាមួយ​លេខ«5000» នៅ​ពីក្រោម​នោះ។

    -ផ្នែក​ខាងឆ្វេង មាន​លេខ«5000» ព្រាលៗបោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ព្រមទាំង​រូបភាព​តែង​លម្អ​ពណ៌​ប្រាក់ យក​លំនាំ​តាម​ក្បាច់ចម្លាក់​នៅ​ប្រាសាទបន្ទាយស្រី បោះពុម្ព​កាត់​ទទឹង​ក្រដាសប្រាក់​ពីលើ​ដល់​ក្រោម និង​ជ្រុង​ក្រោម​មាន​និមិត្តសញ្ញា​សម្គាល់​ប្រភេទ​ប្រាក់ សម្រាប់​ជនពិការភ្នែក ព្រមទាំង​មាន​គំនូរ​បន្ទាត់ខ្លីៗជាច្រើន​បង្កើតឡើង​ដោយ​លេខ «5000»ដ៏​តូចល្អិត។

    គ.ផ្ទៃ​ខាង​ខ្នង​ធនបត្រ៖

    -ផ្នែក​កណ្តាល ត្រូវបាន​រំលេច​ឡើង​នូវ​រូបភាព​នាគ​ក្បាល9 នៅ​ស្ពាន​បុរាណ​កំពង់ក្តី និង​រូប​តួ​ស្ពាន​មើល​បញ្ឆិត​ពី​ចំហៀង​ខាងស្តាំ នៅ​ពីលើ​រូប​ស្ពាន​មាន​តែង​លម្អ​ដោយ​ក្បាច់ចម្លាក់​នៅ​ប្រាសាទបន្ទាយស្រី និង​នៅ​ពីក្រោម​មាន​អក្សរ «ប្រាំ​ពាន់​រៀល»។

    -ផ្នែក​ខាងស្តាំ ជ្រុង​លើ​មាន​លេខ«5000» បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ នៅ​កណ្តាល​ជា​រូបចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទបាយ័ន និង​នៅ​ជ្រុង​ក្រោម​មាន​លេខ «៥០០០» ។

    ផ្នែក​ខាងឆ្វេង ជ្រុង​លើ​មាន​អក្សរ «ធនាគារជាតិ​នៃ​កម្ពុជា» អក្សរ« NATIONAL BANK OF CAMBODIA» និង​លេខ«2015» នៅ​កណ្តាល​មាន​រូបភាពព្រាលៗ នៃ​រូបចម្លាក់​ព្រះ​កេស​ទេវតា នៅឯ​ទ្វារ​ជ័យ​ខាងត្បូង នៃ​ប្រាសាទបាយ័ន និង​ក្បាច់​តែង​លម្អ​ពណ៌​ប្រាក់ ផ្គុំ​ឡើង​ដោយ​លេខ«5000»ផ្កាប់ និង​នៅ​ជ្រុង​ក្រោម​មាន​លេខ «៥០០០»៕

  • West Ham វាយបក​ផ្តួល Spurs យ៉ាង​មិន​នឹកស្មាន​ដល់ ខណៈ Chelsea ទម្លាក់ Everton

    West Ham វាយបក​ផ្តួល Spurs យ៉ាង​មិន​នឹកស្មាន​ដល់ ខណៈ Chelsea ទម្លាក់ Everton

    លោក Slaven Bilic អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម West Ham បាន​បញ្ជាក់ថា ក្រុម​របស់លោក​បា​នប​ញ្ចេ​ញ​ប្រតិកម្ម​វាយបក​ក្នុង​របៀប​ដ៏​ត្រចះត្រចង់​បំផុត ក្រោយពី​ដេញតាម​ពីក្រោយ2គ្រាប់ ដើម្បី​ផ្តួល​ក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍​តែមួយ Tottenham ក្នុង​លទ្ធផល 3-2 និង​ដើម្បី​ឈានទៅ​កាន់​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ពាន Carabao Cup កាលពី​ថ្ងៃ​ពុធ។

    លោក Bilic បាន​ស្ថិតក្រោម​សម្ពាធ ក្រោយពី​ការរង​បរាជ័យ​របស់​ពួកគេ​ក្រោម​ស្នាដៃ​ក្រុម Brighton ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League នា​កីឡដ្ឋាន London Stadium កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​បាន​ជួបនឹង​ការរំភើប​ជាមួយ​ការបញ្ចេញ​ប្រតិកម្ម​របស់​កូនក្រុម​ខ្លួន​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Spurs។ ខ្សែប្រយុទ្ធ Andre Ayew បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​របស់ Moussa Sissoko និង Dele Alli នៃ​ក្រុម Spurs នៅ​មុនពេល​ខ្សែការពារ Angelo Ogbonna បា​នរក​គ្រាប់​បាល់ បំពេញ​ការ​វាយបក​ដើម្បី​ឈ្នះ​យ៉ាង​មិន​នឹកស្មាន​ដល់​តែម្តង។

    លោក Bilic បាន​ឲ្យ​ដឹងថា៖ «ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី3គ្រាប់​នៅពេល​ប្រកួត​ជាមួយនឹង​ពួកគេ ដែល​យើង​មិន​របូត​គ្រាប់​បាល់​សោះ ជាមួយនឹង​ទម្រង់​លេង​ប្រកបដោយ​ភាពក្លាហាន យើង​ពិតជា​ស័ក្តិសម​ក្នុងការ​ឈ្នះ​មែន ហើយ​វា​គឺជា​ការជឿជាក់​ដ៏​ធំ​មួយ​សម្រាប់​យើង»។ លោក Bilic បាន​បន្ថែមទៀតថា៖ «ខ្ញុំ​បាន​និយាយថា ខ្ញុំ​មាន​អារម្មណ៍​ស្ងប់ និង​រីករាយ​នៅពេលដែល​យើង​ឈ្នះ​នៅថ្ងៃនេះ។ អ្នកឃើញ​ហើយ​ថា ក្រុម​នេះ​ពិតជា​រស់​រវើក ហើយ​យើង​ពិត​ជាមាន​ភាពរឹងមាំ​ប្រកបដោយ​ភាព​វិជ្ជមាន។ យើង​បានធ្វើ​រឿង​ជាច្រើន ប៉ុន្តែ បើ​គិត​នៅ​រដូវ​កាល​នេះ យើង​មិនទាន់​ធ្វើ​អ្វី​បានសម្រេច​ឡើយ»។ ដោយឡែក នៅឯ​កីឡដ្ឋាន Stamford Bridge ឯនោះ​វិញ ការប្រកួត​ជា​លើក​ទី1របស់លោក David Unsworth ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន បានបញ្ចប់​ដោយ​ការរង​បរាជ័យ​ក្នុង​លទ្ធផល 2-1 ក្រោម​ស្នាដៃ​ក្រុម Chelsea៕

    ប្រភពពី៖ BBC

  • ហិរញ្ញវត្ថុ​នៅតែ​ត្រូវការ​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​រួបរឹត​វិស័យ​ស្រូវ​អង្ករ

    ហិរញ្ញវត្ថុ​នៅតែ​ត្រូវការ​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​រួបរឹត​វិស័យ​ស្រូវ​អង្ករ

    ទុន​បង្វិល​ច្រើន​ថែមទៀត​នៅតែ​ត្រូវការ​សម្រាប់​ជួយ​ស្រោចស្រង់​ស្ថានភាព​ស្រូវ​អង្ករ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ថ្វីបើ​ស្ថានភាព​នាពេលនេះ​មាន​ភាព​វិជ្ជមាន​ឡើងវិញ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ2017 ដោយសារ​តម្រូវការ​ទីផ្សារ​ខាងក្រៅ​ប្រទេស​បាន​ងើបឡើង និង​តម្លៃ​ក៏​ប្រសើរ​ជាង​ពេល​ប៉ុន្មាន​ឆ្នាំកន្លងមក។

    លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន មេគង្គ អូ​រី​ហ្សា​ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា បាន​អះអាងថា ស្ថានភាព​ស្រូវ​អង្ករ​បាន​វិល​មករក​ភាពល្អប្រសើរ​វិញ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ2017 ដោយ​ទីផ្សារ​ខាងក្រៅ​បាន​បញ្ជា​ទិញ​កាន់តែច្រើន ហើយ​តម្លៃ​អង្ករ​ក៏​ល្អ​ជាង​ពេលមុន​ផងដែរ។ ជាមួយគ្នានេះ តម្លៃ​ស្រូវ​នៅក្នុង​ស្រុក​ក៏​រក្សាបាន​នូវ​ស្ថិរភាព​ខ្ពស់ជាង​ឆ្នាំមុន។

    លោក​ឧកញ៉ា បាន​បន្ថែមទៀតថា ស្ថានភាព​ល្អប្រសើរ​បែបនេះ​មិនអាច​រក្សា​បានយូរ​ទេ ប្រសិនបើ​វិស័យ​មួយ​នេះ​នៅតែ​ខ្វះ​ទុន​សម្រាប់ធ្វើ​ចលនា​ទិញ​ពេល​ប្រមូល​ផល​ឱ្យបាន​រហ័ស បើទោះបីជា​កសិករ​ចូលរួម​ស្វែងយល់ និង​ដាំ​ដុះ​ស្រូវ​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ក៏ដោយ។

    លោក​ឧកញ៉ា បាន​បញ្ជាក់ថា៖“កសិករ​ខ្មែរ​នាពេលនេះ​មាន​ភាព​វ័យឆ្លាត​ក្នុង​ការដាំដុះ​ស្រូវ ដែល​ខុសពី​ប៉ុន្មាន​ឆ្នាំមុន ការផលិត​ស្រូវ​គឺ​មិនទាន់មាន​ភាពច្បាស់លាស់ ផ្សាភ្ជាប់​ទៅនឹង​តម្រូវការ​ទីផ្សារ​នោះទេ។ ដំណើរ​ការផលិត គឺ​ទៅមុខ​ហើយ តែ​អ្វីដែល​ត្រូវធ្វើ​គឺ​ដើមទុន​សម្រាប់​ទិញស្រូវ​នៅពេល​ប្រមូល​ផល និង​ឃ្លាំង​ស្តុក​ស្រូវ។ ទាំង​ការផលិត ដើមទុន និង​ឃ្លាំង​ស្តុក​ត្រូវតែដើរ​ស្របគ្នា ទើប​វិស័យនេះ​ដំណើរការ​ទៅមុខ​បាន​លឿន។ បម្រែបម្រួល​ទាំង​តម្រូវការ និង​តម្លៃ ក្នុង​វិស័យ​ស្រូវ​អង្ករ​នាពេលនេះ​បានធ្វើឱ្យ​វិស័យនេះ​មាន​ភាព​ធូរស្រាល បើ​ធៀប​ទៅនឹង​ស្ថានភាព​កាលពី​ឆ្នាំកន្លងមក។ ស្រូវ​អង្ករ​កម្ពុជា លែងមាន​កង្វល់​ចំពោះ​កង្វះ​អ្នកទិញ ហើយក៏​គ្មាន​កង្វល់​ចំពោះ​ការធ្លាក់​ថ្លៃ​នោះដែរ ប៉ុន្តែ​កញ្ចប់​ថវិកាបម្រុង​សម្រាប់​ផ្តល់​កម្ចី​ដល់​អ្នក​ទិញស្រូវ និង​ម្ចាស់​រោង​ម៉ាស៊ីន ដែល​ទម្លាក់​ដោយ​រាជរដ្ឋាភិបាល​ប្រមាណ50លាន​ក្នុង​ឆ្នាំ2017 នេះ​គឺ​មិន​គ្រប់គ្រាន់​ទេ។

    ទោះបីជា​យ៉ាងណាថ្មីៗនេះ​គេ​សង្កេតឃើញ​មាន​ប្រភព​ទុនថ្មីៗ បានផ្តល់​កម្ចី​ដល់​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ខ្នាតតូច ដើម្បី​ត្រៀម​ផ្តល់​កម្ចី​ដល់​វិស័យ​ស្រូវ​អង្ករ ប៉ុន្តែ​ទុន​ទាំងនេះ​គឺ​នៅ​តិច​ណាស់ បើ​ធៀប​ទៅនឹង​តម្រូវការ​ប្រតិបត្តិការ​ជាក់ស្តែង។ កម្ចី​សម្រាប់​វិស័យ​កសិកម្ម​មាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​ពី​វិស័យ​ហិរញ្ញវត្ថុ​ឯកជន។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា។

    លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា នាពេល​កន្លងមក បាន​លើកឡើងថា តាម​ការសង្កេត​តាមដាន ការផ្តល់​កម្ចី​ពី​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កម្ចី​ដែល​បានផ្តល់​ដល់​វិស័យ​កសិកម្ម​ទាំងមូល​មាន​ទំហំ2.5ប៊ី​លាន​ដុល្លារ ដោយ​ក្នុងនោះ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ទំហំ 1ប៊ី​លាន​ដុល្លារ និង​ពី​ធនាគារពាណិជ្ជ​កម្ម​មាន​ទំហំ1.5ប៊ី​លាន​ដុល្លារ គិត​មក​ត្រឹម​ខែសីហា ឆ្នាំ2017។

    លោកជំទាវ បាន​បន្តថា ជាមួយគ្នា​នៃ​ការផ្តល់​កម្ចី​ដែលមាន​ភាគរយ​ធំ​បែបនេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ឯកជន ពិនិត្យមើល​ក្នុងការ​បន្ធូរបន្ថយ​ល​ក្ខ​ខណ្ឌ​ក្នុងការ​ផ្តល់​កម្ចី​ដល់​ការទិញ​ស្រូវ ដោយ​មិនត្រូវ​ចាំតែ​តម្រូវ​លើ​ការដាក់​អចលនទ្រព្យ​បញ្ចាំ​នោះទេ តែ​ត្រូវ​ពិនិត្យ​លើ​អាជីវកម្ម​ជាក់ស្តែង។ ជាមួយ​ការ​បន្ធូរ​លក្ខខណ្ឌ​ខ្លះ ធនាគារ​ដែល​ផ្តល់ប្រាក់​កម្ចី​គួរតែ​តាមដាន​អ្នក​ខ្ចីប្រាក់​នោះ​ថា តើ​គាត់​ប្រាកដជា​យកប្រាក់​នោះ​ទៅ​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ​ពិតប្រាកដ ឬទេ? ព្រោះ​កន្លងមក​មាន​អ្នកខ្លះ​អាច​យក​វិស័យនេះ​ដឹកមុខ តែ​ពេល​ទទួលបាន​កម្ចី បែរជា​យកទៅ​ប្រកបមុខរបរ​ផ្សេង​ទៅវិញ។

    លោកជំទាវ បាន​ថ្លែងថា៖ “យើង​លើកទឹកចិត្ត​ឱ្យ​ផ្តល់​ប្រាក់កម្ចី​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ ដោយ​ពិនិត្យមើល​លើ​អាជីវកម្ម​ជាក់ស្តែង​ជាជាង​ទ្រព្យ​បញ្ចាំ តែ​ត្រូវ​ពិនិត្យ​ឱ្យ​ដិតដល់​ថា គាត់​ខ្ចីប្រាក់​នេះ​យកទៅ​សម្រាប់តែ​ស្រូវ​អង្ករ​តែមួយ​មុខ​ទេ”៕

  • ចង់ដឹង​ទេ​ថា តើ​តម្លៃ​ទឹកស្អាត​ធ្លាក់​ពី​ភ្នំ​កំចាយ មួយ​ម៉ែត្រគុប​តម្លៃ​ប៉ុន្មាន​រៀល?

    ចង់ដឹង​ទេ​ថា តើ​តម្លៃ​ទឹកស្អាត​ធ្លាក់​ពី​ភ្នំ​កំចាយ មួយ​ម៉ែត្រគុប​តម្លៃ​ប៉ុន្មាន​រៀល?

    ភ្នំពេញ៖ បន្ទាប់ពី​គម្រោង​វា​រី​អគ្គិសនី និង​គម្រោង​ទម្លាក់​ទឹកស្អាត​ពីលើ​កំពូលភ្នំ​កំចាយ​ក្នុង​ខេត្តកំពត​ចាប់ផ្តើម​សាងសង់​មក ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​ចំនួន3 គឺ​ខេត្តកំពត ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ​បាន​រីករាយ​ត្រេកអរ និង​សាទរ​ចំពោះ​គម្រោង​នេះ​ខ្លាំងណាស់ ព្រោះ​នឹង​បាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ ប៉ុន្តែ​ពួកគាត់​ក៏មាន​ការបារម្ភ​ផងដែរ​ថា តើ​ទឹកស្អាត​នោះ​នឹងមាន​តម្លៃ​ទាប​ឬ​ខ្ពស់? ហើយ​ឥឡូវនេះ ដំណឹង​នេះ​ត្រូវបាន​បង្ហាញ​ឱ្យដឹង​ច្បាស់​ជា​ផ្លូវការ​ហើយ។

    ក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​ចុះទៅ​ពិនិត្យមើល​គម្រោង​យក​ទឹកធ្លាក់​ពី​វា​រី​អគ្គិសនី​ភ្នំ​កំចាយ​ខេត្តកំពត​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ China Energy Engineering Corporation Limited កាលពីពេលថ្មីៗនេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន ដើម្បី​កំណត់​តម្លៃ​ទឹក​ឱ្យបាន​ទាប​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ព្រោះ​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ចំនួន 2 កន្លែង​សម្រាប់​កសាង​រោងចក្រ​ទឹកស្អាត ទីមួយ​គឺ អតីត​ព្រលានយន្តហោះ​ខេត្តកំពត និង​ទី​ពីរ អតីត​ព្រលានយន្តហោះ​ខេត្ត​កែប​ក្នុងការ​សាងសង់​ទីតាំង​ក្រុមហ៊ុន​ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ទៅដល់​ប្រជាពលរដ្ឋ។

    ជា​លទ្ធផល ក្រោយពី​បាន​សិក្សា​សមិទ្ធ​លទ្ធភាព​របស់​ក្រុមហ៊ុន​ចិន​ខាងលើ​រួចហើយ តម្លៃ​ទឹក​លក់ដុំ​កើន​តម្លៃ​រហូតដល់​ប្រមាណ 4ពាន់1រយ​រៀល​ក្នុង​មួយ​ម៉ែត្រគុប ជា​តម្លៃ​ដែល​ឯកឧត្តម​ចាត់ទុកថា ខ្ពស់ជាង​តម្លៃ​ទឹក​លក់​នាពេល​បច្ចុប្បន្ន ខុស​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើឱ្យ​ទឹក​មាន​តម្លៃថោក​សមរម្យ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ទឹកស្អាត​ចេញពី​បំពង់​បង្ហូរ​បានគ្រប់ៗគ្នា។

    សូមបញ្ជាក់ថា តាម​គោលជំហរ​របស់​ក្រសួង​បើ​ក្រុមហ៊ុន​ចិន​ទាំងពីរ​សហការគ្នា​ក្នុងការ​វិនិយោគ​ពិតជា​ប្រសើរ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ទឹកស្អាត​ដែល​ផលិត​ចេញមក​នោះ​មាន​តម្លៃថោក​សមរម្យ គឺមាន​តម្លៃ​លក់ដុំ​ត្រឹមតែ 1ពាន់​រៀល​ក្នុង​មួយ​ម៉ែត្រគុប​ទើប​អាច​ទទួលយកបាន។

    តំណាង​ក្រុមហ៊ុន Sinohydro បាន​ឯកភាព​ដោយ​នឹង​ពិភាក្សាគ្នា​ជាមួយ​ក្រុមហ៊ុន​ China Energy Engineering Corporation Limited ដើម្បី​រក​ចំណុច​ឯកភាព​រួមមួយ​ក្នុងការ​ទម្លាក់​តម្លៃ​ឱ្យដល់1,000រៀល​ក្នុង​មួយ​ម៉ែត្រគុប​នេះ៕

  • ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ ចែករំលែក​យុទ្ធសាស្ដ្រ​នៃ​ការធ្វើ​ជំនួញខុសៗគ្នា​ជាច្រើន​ក្នុងពេល​តែមួយ

    ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ ចែករំលែក​យុទ្ធសាស្ដ្រ​នៃ​ការធ្វើ​ជំនួញខុសៗគ្នា​ជាច្រើន​ក្នុងពេល​តែមួយ

    ប្រសិនបើ​និយាយ​ពី​អ្នក​ពូកែ​រកស៊ី ឬ​ឧកញ៉ា​វ័យក្មេង សាធារណជន​ជាច្រើន​ច្បាស់​ជា​នឹកឃើញ​ដល់​លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ ដែល​បច្ចុប្បន្ននេះ​លោក​ឧកញ៉ា​ទើបតែ​មាន​អាយុ 29ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​បាន​គ្រប់គ្រង​លើ​មុខ​ជំនួញធំៗជាច្រើន​ដែល​នឹកស្មាន​មិន​ដល់។ តើ​មាន​ចំណុច​ពិសេស​អ្វីខ្លះ​ដែល​ធ្វើឱ្យ​អ្នកជំនួញ និង​ម្ចាស់​អាជីវកម្ម​វ័យក្មេង​រូបនេះ​អាចធ្វើ​អភិបាលកិច្ច​លើ​អាជីវកម្ម​របស់ខ្លួន​ទៅមុខ​បាន​យ៉ាង​រលូន និង​ជោគជ័យ?

    ខាងក្រោម​នេះ​ជា​កិច្ចសម្ភាសន៍​រវាង​អ្នកយកព័ត៌មាន​របស់​គេហទំព័រ ឡា​រ៉ែ​ន ជាមួយ​លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ ដើម្បី​ធ្វើការ​ចែករំលែក​ដល់​សាធារណជន ក៏ដូចជា​ម្ចាស់​អាជីវកម្ម​មួយចំនួន​ដែលមាន​មហិច្ឆតា​ចង់​ទទួលបាន​ជោគជ័យ៖

    តើ​បច្ចុប្បន្ន​លោក​ឧកញ៉ា​គ្រប់គ្រង​លើ​អាជីវកម្ម​ចំនួន​ប៉ុន្មាន?

    បច្ចុប្បន្ន​ខ្ញុំ​មាន​ក្រុមហ៊ុន​ចំនួន5 គឺ Luxury Smile Cambodia ជា​ក្រុមហ៊ុន​នាំចូល Trade Mark ល្បីៗមកពី​ប្រទេស​កូរ៉េ អាមេរិក ថៃ និង​តៃវ៉ាន់ ជាដើម​ហើយ​នៅពេលនេះ​ខ្ញុំ​ក៏​កំពុង​ចង់​នាំ​ផលិតផល​មកពី​ប្រទេស​ជប៉ុន និង​សិង្ហ​បុរី ដើម្បី​សាង​ទំនាក់ទំនង និង​បង្កើត​លទ្ធភាព​ក្នុង​នាំ​ផលិតផល​ពី​ប្រទេស​យើង​ទៅ​ប្រទេស​កាន់​គេ​វិញ​ផងដែរ។ ក្រុមហ៊ុន​ទី2 គឺ MYC Brand Build ជា​ក្រុមហ៊ុន ឬ​រោងចក្រ​សម្រាប់ Brand Build ឱ្យ​អតិថិជន​ដែល​គាត់​ចង់​សាង​វា​ឡើង​ឱ្យ​ជោគជ័យ។ ចំណែក​ទី3 គឺ CSS Real Estate ជា​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក ដើម្បីឱ្យ​ខ្មែរ​យើង​ទិញ​លក់បាន​ដោយ​ពុំ​ចាំបាច់​ចូលសញ្ជាតិ ទី4 មហា​សេរី​ផន​សប ជា​ក្រុមហ៊ុន​បញ្ចាំ​រថយន្ដ ម៉ូតូ គ្រឿងអលង្ការ និង​ទី5 ក្រុមហ៊ុន Monsne Group ដែល​យើង​បង្កើត​អាជីវកម្ម​ដំបូង គឺ មន្ដ​ស្នេហ៍​កាហ្វេ ដោយ​បច្ចុប្បន្ន​មាន​ចំនួន18សាខា។

    តើ​លោក​ឧកញ៉ា​មាន​យុទ្ធសាស្ដ្រ​ដូចម្ដេច​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​ច្រើន​ក្នុងពេល​តែមួយ?

    សំណួរ​នេះ​មាន​ជាម​នុស្ស​ច្រើន​តែងតែ​ចង់ដឹងថា តើ​ខ្ញុំ​គ្រប់គ្រង​អាជីវកម្ម​ដូចម្ដេច? ព្រោះ​អ្នកខ្លះ​គ្រប់គ្រង​អាជីវកម្ម​មួយ​មិនបាន​ផង ខណៈ​អ្នក​ខ្លះទៀត​គ្រាន់តែ​ចាប់ផ្ដើម​អាជីវកម្ម​ភ្លាម​ក៏​បរាជ័យតែម្តង។ ចំពោះ​ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​បរាជ័យ​ជាច្រើនលើក​ផងដែរ ដូច្នេះ​ខ្ញុំ​តែងតែ​ប្រើពាក្យ​មួយ​ឃ្លា​សម្រាប់​ដាស់តឿន​ខ្លួនឯង“ធ្វើ​ល្ងង់​ទាន់​ខ្លួនឯង​ចេះ កុំ​ធ្វើ​ចេះ​បើ​ខ្លួនឯង​ល្ងង់។ ពាក្យ​មួយ​ឃ្លា​នេះ​ខ្ញុំ​តែង​ប្រាប់​ខ្លួនឯង​គ្រប់ពេល​ថា “កុំ​មាន​មហិច្ឆតា កុំ​មាន​អំនួត​ត្រូវ​ស្គាល់​ពី​ខ្លួនឯង។ ត្រូវ​រំលឹក​ខ្លួនឯង​ថា យើង​មកពី​ប្រភព​ណា? ឆ្លងកាត់​អ្វីខ្លះ? ខ្ញុំ​ធ្លាប់​បរាជ័យ ព្រោះ​ខ្ញុំ​មាន​អំនួត​ពេក​មិន​ស្ដាប់​មតិ​របស់គេ ហេតុនេះ​ទើប​ខ្ញុំ​រំលឹក​ខ្លួនឯង​ថា ឱ្យធ្វើ​ខ្លួន​ឱ្យ​សាមញ្ញ។ ទោះ​គេ​មានមតិ​ល្អ ឬ​អាក្រក់​យើង​ត្រូវតែ​ស្ដាប់​សិន។ សរុបមក​ខ្ញុំ​អាច​សាង​គ្រប់យ៉ាង​បាន ដោយសារ​ខ្ញុំ​យក​បេះដូង​ទៅ​និយាយ​ជាមួយ​ក្រុមការងារ​ខ្ញុំ​គ្រប់ផ្នែក​ទាំងអស់ ហើយ​ខ្ញុំ​តែង​ចាត់ទុក​ពួកគាត់​ជា​ក្រុមគ្រួសារ​តែមួយ មានន័យថា​ខ្ញុំ​យក​បេះដូង​មក​គ្រប់គ្រង។ យើង​ត្រូវ​ចាំ​ថា អាជីវកម្ម​មាន​ពីរ​ប្រភេទ គឺ​អាជីវកម្ម​គ្រួសារ និង​អាជីវកម្ម​ស្ដង់ដារ សម្រាប់​អាជីវកម្ម​របស់ខ្ញុំ​មាន​ស្ដង់ដារ ប៉ុន្ដែ​ខ្ញុំ​យក​បេះដូង​ទៅ​និយាយ​ព្រោះ​យក​បេះដូង​ទៅ​និយាយ​វា​មាន​ភាពទូលំទូលាយ។ សំណួរ​សួរថា តើ​ខ្ញុំ​អាច​គ្រប់គ្រង​អាជីវកម្ម​ម្នាក់ឯង​បានទេ? ខ្ញុំ​អាច​ជោគជ័យ​ម្នាក់ឯង​ទេ? ចម្លើយ គឺ​ជោគជ័យ​របស់ខ្ញុំ​មាន​សព្វថ្ងៃ​បាន​ដោយសារតែ​បងប្អូន​ខ្ញុំ (បុគ្គលិក) ជួយ​ជំរុញ​គំនិត​ខ្ញុំ​ដែល​បាន​ច្នៃប្រឌិត យកមក​ធ្វើជា​គម្រោង និង​អនុវត្ដ​ទើប​អាច​ចេញ​បាន​នូវ​ទិដ្ឋភាព និង​ផ្លែផ្កា​ទាំងនេះ។

    តើ​លោក​ឧកញ៉ា​វាស់​ស្ទង់​សមត្ថភាព​បុគ្គលិក​ដូចម្ដេច​ដើម្បីឱ្យ​ពួកគាត់​អាចធ្វើ​ការ​បាន​ប្រកបដោយ​ផលិតភាព​ខ្ពស់?

    រាល់​អាជីវកម្មនីមួយៗ ខ្ញុំ​តែងតែ​បណ្ដុះបណ្ដាល​បុគ្គលិក ហ្វឹកហាត់​គាត់ ដូច្នេះ​អាចធ្វើឱ្យ​បុគ្គលិកម្នាក់ៗមាន​សមត្ថភាព​ធ្វើ​កិច្ចការ​បាន​ពីរ​ទៅ​បី​ជំនាញ​ឯណោះ។ យ៉ាងណាមិញ ខ្ញុំ​ក៏​មិនបាន​បង្ខំ​ពួកគាត់​ទេ គឺ​គាត់​ធ្វើ​ចេញពី​បេះដូង។ នៅ​ប្រទេស​យើង​ភាគច្រើន​បុគ្គលិក​ធ្វើការ​ងារ​គិត​ប្រាក់ខែ មិនមែន​គិត​ម៉ោង​ដូច​បណ្តា​ប្រទេស​អភិ​ឌ្ឍ​នោះទេ ដូច្នេះ​ប្រសិនបើ​ពួកគាត់​ធ្វើការ​ងារ​ដោយ​ពុំមាន​ទទួលខុសត្រូវ ក្រុមហ៊ុន​របស់​យើង​នឹង​ដួល​ទៅតាម​គាត់​ជាមិនខាន តែដោយសារ​ពួកគាត់​ស្រឡាញ់​ក្រុមហ៊ុន​ខ្ញុំ​ដូចជា​ក្រុមហ៊ុន​របស់គាត់ មានន័យថា​យើង​ធ្វើ​ដោយ​បេះដូង​ទល់​បេះដូង គឺ​យើង​កាត់បន្ថយ​ការស្ដីបន្ទោស ហើយ​ងាក​មករក​ការសម្របសម្រួល និង​រក​ដំណោះស្រាយ​រួមគ្នា។ មាន​ក្រុមហ៊ុន​ជាច្រើន​នៅពេល​អាជីវកម្ម​ចាប់ផ្ដើម​មាន​បញ្ហា គាត់​មិន​ព្យាយាម​ដោះស្រាយ​បញ្ហាភ្លាមៗទេ គាត់​បែរជាយក​បញ្ហា​មក​ធ្វើជា​បន្ទុក យូរទៅៗវា​កាន់តែកើនឡើងៗរហូត​ដោះ​លែងចេញ។ ជា​បទពិសោធ​ខ្ញុំ​រាល់​បញ្ហា​កើតឡើង​ត្រូវ​ដោះស្រាយ​ភា្ល​ម​កុំ​ទុក​យូរ​ឱ្យសោះ។

    តើ​លោក​ឧកញ៉ា​អាច​យក​ករណី​សិក្សា​មួ​យមក​បង្ហាញ​បានទេ?

    ដូចជា​ករណី 2-3ខែ​កន្លងទៅនេះ​ត្រូវ​ឆ្លងកាត់​រដូវភ្លៀង ក្រុម Sale របស់​ក្រុមហ៊ុន​ខ្ញុំ​មួយចំនួនជារឿយៗបាន​និយាយថា អត់​បានចេញ​ទៅណា​ទេ ដោយសារ​ភ្លៀង។ ខ្ញុំ​បាន​សួរ​ទៅ​ពួកគាត់​វិញ​ថា ចុះបើ​គាត់​គិត​លើ​បញ្ហា​ភ្លៀង​ជាធំ មានន័យថា​រាល់​រដូវភ្លៀង​ក្រុមហ៊ុន​មិនអាច​លក់​ផលិតផល​បានទេ ឬ​យ៉ាងណា? ដូច្នេះ​យើង​ជា​ថ្នាក់ដឹកនាំ​មួយ​ត្រូវ​ដាក់ចេញ​នូវ​យុទ្ធសាស្ដ្រ​ឱ្យ​ពួកគាត់ ដើម្បី​ការពារ​នៅពេល​គាត់​ជួប​បញ្ហា​បែប​ហ្នឹង។ អ៊ីចឹង​យើង​ត្រូវ​រក​មធ្យោបាយ​ធ្វើយ៉ាងណា​ដើម្បី​ពួកគាត់​មិនអាច​ចេញទៅ​ក្រៅ តែ​អា​ចរក​ចំណូល​ចូល​ក្រុមហ៊ុន​បាន។ នៅពេល​ប្រជុំ​យើង​ត្រូវ​លើកយក​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​យកមក​គិត និង​ដោះស្រាយ ដើម្បី​ជំរុញ​លើក​ទឹក​ចិ​ត្ដ​ពួកគាត់។ បើ​មិន​អ៊ីចឹង​មានតែ​យើង​ទ្រាំ​ទទួលយក​លទ្ធផល​តាម​ការកំណត់​របស់​ពួកគាត់​មានន័យថា រាល់ Low Season ក្រុមហ៊ុន​ត្រូវតែ​ខាត។ សម្រាប់​ខ្ញុំ​អត់​ធ្វើ​អ៊ីចឹង​ទេ ត្រូវតែមាន​ដំណោះស្រាយ​កែសម្រួល​បញ្ហា​មកវិញ។ ពាក្យ​មួយ​ឃ្លា​លើកឡើងថា «ម្ដាយ​ម្នាក់​ចិញ្ចឹម​កូន10នាក់​បាន តែ​កូន10នាក់​មិនអាច​ចិញ្ចឹម​ម្ដាយ​បានទេ» យើង​ជា​ម្ចាស់​ក្រុមហ៊ុន​ដូចជា​ម្ដាយ​អ៊ីចឹង​ទាល់តែ​យើង​ចេះ​បណ្ដុះបណ្ដាល​កូន​យើង​ឱ្យមាន​ជំហរ​ខ្លួន ចេះ​ទប់ទល់​ស្ថានការណ៍​ខ្លួនឯងបាន​ដើម្បី​មកជួយ​យើង ព្រោះ​មានតែ​ពួកគាត់​ទេ​ជា​កងទ័ព​ជួរមុខ។ ឧទាហរណ៍ បើ​យើង​មិនអាច​ដឹក​ផលិតផល​ឱ្យ​ភ្ញៀវ​បាន​នៅ​ថ្ងៃ​ហ្នឹង ពួកគាត់​អា​ចខ​ល​ទៅលេង ឬ​សួរសុខទុក្ខ​យក​ចិ​ត្ដ​ភ្ញៀវ ឬ​អាច​លក់​ផលិតផល​នៅពេល​ហ្នឹង​ក៏បាន លុះដល់​ថ្ងៃស្អែក​ចាំ​ដឹក​ផលិតផល​ឱ្យ​ភ្ញៀវ​ក៏បាន។

    ក្រៅពី​ចំណុច​ខាងលើ តើ​មាន​កត្តា​អ្វី​ទៀត​ដែល​ជំរុញ​ឱ្យ​ជំនួញ​លោក​ឧកញ៉ា​ទទួលបាន​ជោគជ័យ?

    ខ្ញុំ​ជាម​នុស្ស​ធ្លាប់​ក្រីក្រ​ពីមុនមក ដូច្នេះ​ខ្ញុំ​ស្គាល់​ការលំបាក។ យើង​ជា​ម្ចាស់​ក្រុមហ៊ុន​ត្រូវមាន​ឆន្ទៈ និង​បញ្ជ្រាប​ខ្លួន​ចូល​ជាមួយ​ពួកគាត់ ដើម្បី​ឱ្យដឹង​គ្រប់​ជ្រុងជ្រោយ គ្រប់​គន្លឹះ​ទាំងអស់។ ឧទាហរណ៍ រាល់​តំណែងនីមួយៗតាំងពី​ក្រាហ្វិក​ឌី​ហ្សា​ញ វីដេអូ​អេ​ឌី​ទ័​រ ផ្នែក​លក់ អ្នក​កាន់​អន​ឡាញ ជាដើម យើង​ត្រូវ​ចេះ​កែសម្រួល​ពួកគាត់។ ប្រសិនបើ​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​អត់​មាន​គោលការណ៍ ឬ​ចេញ​ផែន​ការឱ្យ​ពួកគាត់ តើ​យើង​គិតថា​ពួកគាត់​អាច​ធ្វើបាន​គ្រប់យ៉ាង​ដែរ ឬទេ? បើ​យើង​មិនចេះ​ច្នៃប្រឌិត កែសម្រួល​មតិ​របស់​ពួកគាត់​លើកឡើង​តើ​អាចទៅរួច​ទេ? ដូច្នេះ​ក្នុង​កិច្ចការ​ទាំងនេះ​ខ្ញុំ​ត្រូវធ្វើ​គ្រប់​លក្ខខណ្ឌ​ទាំងអស់​ទើប​ដំណើរការ​ការងារ​ទៅមុខ​បាន​រលូន។

    តើ​លោក​ឧកញ៉ា​រៀបចំ​ផែនការ​ដូចម្ដេច ដើម្បី​រៀបចំ​ការងារ?

    ពាក់ព័ន្ធ​បញ្ហា​នេះ​ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម យើង​ត្រូវតែមាន​ផែនការ​មួយ​ឱ្យ​ច្បាស់លាស់។ សម្រាប់​ពួកគាត់​ជា​បុគ្គលិក​យើង​ក៏​ត្រូវឱ្យ​គាត់​មាន​ផែនការ​សម្រាប់​ខ្លួនឯង​ដែរ ហើយ​យើង​ត្រូវ​យកមក​ពិនិត្យ​ដើម្បី​ជួយ​គ្នា​រៀបចំ​យុទ្ធសាស្ដ្រ​ទីផ្សារ។ ការធ្វើ​បែបនេះ​នឹងធ្វើ​ឱ្យ​យុទ្ធសាស្ដ្រ​ទីផ្សារ​របស់​យើង​កាន់តែ​មុត​ស្រួច ព្រោះ​នៅពេល​យើង​ជួយ​សម្រួល​គាត់​តាមរយៈ​មតិយោបល់​នានា នឹង​ធ្វើឱ្យ​ពួកគាត់​មាន​ទំនុក​ចិ​ត្ដ​លើ​ខ្លួនឯង​កាន់តែខ្លាំង។

    តើ​ការបើក​អាជីវកម្ម​ដែល​គ្មាន​ផែនការ​ច្បាស់លាស់​អា​ចទ​ទួលបាន​ភាពជោគជ័យ​ដែរ ឬទេ?

    រហូតមកដល់​ពេលនេះ​ខ្ញុំ​មាន​អាយុ29ឆ្នាំ តែ​ខ្ញុំ​ចេញ​រកស៊ី​បាន13ឆ្នាំ​ហើយ។ រាល់​មុខ​ជំនួញ​ទាំងអស់​ត្រូវមាន​គោលការណ៍ ឆន្ទៈ និង​គោលបំណង​ឱ្យ​ច្បាស់លាស់។ គោលបំណង​របស់​យើង​មិនមែន​បានត្រឹមតែ​គិត​អត់​អនុវត្ដ​នោះទេ។ ដូច្នេះ​យើង​ត្រូវ​បោះចោល​គំនិត​អគតិ ឬ​អវិជ្ជមាន​ឱ្យបាន​ច្រើន គិត​ល្អ រក​ដំណោះស្រាយ​ល្អ ធ្វើយ៉ាងណា​ឱ្យ​ការងារ​របស់​យើង​មាន​សកម្ម​ភាពរស់រវើក។ អ្នកខ្លះ​លើកឡើងថា ការរកស៊ី ឬ​បើក​អាជីវកម្ម​អ្វី ទោះ​គ្មាន​ផែនការ​ក៏​អាចធ្វើ​បានដែរ។ ចំណុច​នេះ​ខ្ញុំ​សូម​និយាយថា មិនអាច​ធ្វើទៅ​បានទេ រាល់​មុខ​ជំនួញ​ត្រូវតែមាន​គោលការណ៍ ឬ​ផែនការ។ ទោះបីជា​ផែនការ​មិនល្អ​ឥតខ្ចោះ​ក៏ត្រូវ​រៀប​ឱ្យបាន​នៅក្បែរ​ចំណុច​ល្អ​ដែរ។ ទោះជា​មាន​លុយ​ច្រើន​សម្រាប់ធ្វើ​អាជីវកម្ម​ក៏ដោយ តែបើ​គ្មាន​ផែនការ​ច្បាស់លាស់​នោះ​ភាគរយ​នៃ​ការបរាជ័យ​នឹង​កើន​ដល់95% ហើយ​សម្រាប់5%ដែល​ជោគជ័យ​នោះ គឺ​ព្រោះតែ​សំណាង ឬ​ង៉ូ​វ​ហេង​តែប៉ុណ្ណោះ។ រាល់​ការចាប់ផ្ដើម​អាជីវកម្ម វា​ត្រូវ​ពាក់ព័ន្ធ​ជាមួយ​ចំណេះដឹង បទពិសោធ កម្លាំង​ចិ​ត្ដ ឬ​ការជំរុញទឹក​ចិ​ត្ដ ធនធានមនុស្ស និង​ហិរញ្ញវត្ថុ។ គ្រប់​មុខរបរ​លើ​ពិភពលោក​ត្រូវមាន​ចំណុច​ទាំង5នេះ បើ​យើង​អត់​មាន​ឆន្ទៈ​យើង​នឹងមិន​មានការ​គិត បើ​អត់​មានការ​ជំរុញ​ទឹក​ចិ​ត្ដ​យើង​នឹង​បាក់ទឹកចិត្ដ ព្រមទាំង​បោះបង់ចោល​នូវ​អ្វី​ជា​ឆន្ទៈ និង​គោលដៅ​របស់ខ្លួន។ ទោះ​មាន​លុយ​បើ​គ្មាន​ផែនការ​ក៏​អាច​បាត់បង់ ប៉ុន្ដែ​បើ​មាន​ផែនការ និង​យុទ្ធសាស្ដ្រ​ច្បាស់លាស់​មិនចាំបាច់​មាន​លុយ ក៏​អាចមាន​អ្នកចំណាយ​លុយ​ឱ្យ​យើង​ធ្វើ​ផែនការអាជីវកម្ម​ឱ្យគេ​ដែរ៕

  • ទោះ​រដូវរ​ស្សាក៏​ភាព​ស្រស់ស្អាត​របស់អ្នកមិន​បាត់​ទៅណា​ដែរ

    ទោះ​រដូវរ​ស្សាក៏​ភាព​ស្រស់ស្អាត​របស់អ្នកមិន​បាត់​ទៅណា​ដែរ

    រដូវរ​ស្សា​អាកាសធាតុ​ក៏​មិន​ក្តៅហែង​ដូច​មុន​ដែរ ដ្បិតថា​វា​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ដែល​អាចធ្វើឱ្យអ្នក​មានការ​ពិបាក​ក្នុង​ការ​​ធ្វើដំណើរ​ទៅណា​មក​ណា​បន្តិច​ក្តី ​ប៉ុន្តែ​គ្រាន់តែ​នឹក​គិតដល់​ការជួបជុំ​ដែល​នឹង​មកដល់​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ភ្លាម ភាពធុញថប់​ដែល​បណ្តាល​មក​ដំណក់ទឹកភ្លៀង​ក៏​នឹង​រសាយ​ចេញពី​ក្នុង​ចិត្ត​ភ្លាម​ដែរ ព្រោះថា​ការជួប​ជុំគ្នា​នេះហើយ​ជា​ប្រភព​នៃ​ភាព​សប្បាយ​រីករាយ សេចក្តីសុខ សុភមង្គល ​និង​ជា​ចំណង​ដែល​ចាំ​ជួយ​ចងរឹត​បន្តឹង​ទំនាក់ទំនង​ក្នុង​គ្រួសារ សាច់ញាតិ​ឱ្យ​កាន់​តែមាន​ភាព​រឹង
    មាំ។ កុំ​បារម្ភ!​ បើទោះជា​ឱកាស​នៃ​ការបង្ហាញ​សម្រស់​នេះ​ស្ថិតនៅក្នុង​អំឡុងពេល​ភ្លៀងធ្លាក់​ក្តី ក៏​ភាព​ស្អាត​របស់​អ្នក​មិន​បាត់បង់​ទៅ​ណា​ដែរ ​ប្រសិនបើ​អ្នក​អនុវត្តតាម​វិធីងាយៗខាងក្រោមនេះ៖

    មើលថែ​ស្បែក
    រដូវភ្លៀង​គឺជា​ពេលវេលា​ដែល​ស្បែក​ងាយ​នឹងមាន​សភាពរ​ម៉ាស់ ក្រហម ឡើង​កន្ទួល ឬ​រោល ព្រោះតែ​ជាតិ​សំណើម​នៃ​ទឹក​ភ្លៀង​ដែល​ជាប់​នៅលើ​ស្បែក។ ដូច្នេះ​ដើម្បី​ការពារ​ស្បែក​កុំឱ្យ​កើតមាន​បញ្ហា​ទាំងនេះ​អ្នក​គួរតែ​ការពារ​វា​កុំឱ្យ​ទទឹក​ ឬត្រូវ​ប្រញាប់​ងូតទឹក​សម្អាតខ្លួន​ចេញ​ឱ្យ​ស្អាត។ ក្រែ​ម​ថែរក្សា​ស្បែក​ គឺ​នៅតែ​ត្រូវ​ប្រើ​ជា​ចាំបាច់ ​ដើម្បី​ថែរក្សា​ស្បែក​ពី​ភាព​ស្ងួត​គ្រើម បើទោះជា​រដូវ​នេះ​ជា​រដូវ​ភ្លៀង​​ក្តី​ តែ​ក៏​មិនមែន​មានន័យថា​ ស្បែក​មិនត្រូវ​ការ​សំណើម​នោះដែរប៉ុន្តែ​សូមចៀសវាង​ការប្រើ​ក្រែ​ម​ផ្តល់​សំណើមដែលមាន​កម្រិត​ខ្លាំង ឬមាន​ជាតិ​ខ្លាញ់​ខ្លាំងពេក​និងត្រូវខាត់​សម្អាត កម្ចាត់​ស្បែកចាស់ៗចោល​ម្តង​ ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍។

    មុ​ខ
    សម្រាប់​រដូវ​កាល​នេះ​អ្នក​គួរតែ​ផាត់មុខ​បែប​ស្រាល ព្រោះ​ប្រសិនបើ​អ្នក​ផាត់មុខ​ខ្លាំង ហើយ​​ត្រូវ​ទឹក​វិញ​នោះ ម្សៅ​នឹង​ឡើង​ប្រតាក អាក្រក់​មើល​ខ្លាំងណាស់។ ម្យ៉ាងវិញទៀត​អ្នក​ក៏​មិន​គួរប្រើ​ម៉ា​ស្កា​រ៉ានោះដែរ ប៉ុន្តែ​អ្នក​អាច​ប្រើ ​Eyeliner ជំនួសក៏បាន។

    សក់
    រដូវ​កាល​នេះ​អ្នក​គួរ​សម្អាត​សក់​ឱ្យបាន​ញឹក-ញាប់​បន្តិច​ ហើយក៏​ត្រូវ​ចៀសវាង​ការប្រើប្រាស់​ផលិតផល​សម្រាប់​សក់​ច្រើន​ជ្រុលផងដែរ ហើយគួរ​ប្រើតែ​សាប៊ូ​ណាដែលមាន​កម្រិតស្រាល​ និង​ប្រើ​ក្រែ​ម​បន្ទន់​សក់​រួមជាមួយ​ផង។ ក្រៅពី​ថែ-រក្សា​ហើយ​នោះ ការធ្វើ​​ម៉ូដ​សក់​ក៏​សំខាន់ណាស់​ដែរ។ ក្នុង​រដូវ​កាល​ភ្លៀង​ធ្លាក់​បែបនេះ​អ្នក​មិនគួរទម្លាក់​សក់​នោះទេ យក​ល្អ​គួរតែ​ចង​លើក​វា​ឱ្យខ្ពស់ៗទៅ ទើប​​វា​មិន​ធ្វើឱ្យមាន​អារម្មណ៍​ថា​រញ៉េ-រញ៉ៃ និង​មាន​ភាព​សើម​ជាប់​ស្បែក​ប្រសិនបើ​វាទ​ទឹក។

    ជើង
    ពេល​មាន​ភ្លៀង​កន្លែង​ខ្លះ​ប្រាកដជា​មានទឹកដក់ ដូច្នេះ​បើ​អាច​ចៀសបាន​អ្នក​គួរតែ​ចៀស ប៉ុន្តែ​បើ​ចៀស​មិនបាន​ទេនោះ អ្នក​គួរតែ​ប្រញាប់ប្រ-ញាល់​ក្នុង​ការលាង​សម្អាត​ជើង ​និង​ក្រចកជើង​របស់​អ្នក​ឱ្យបាន​ស្អាត និង​ជូត​វា​ឱ្យ​ស្ងួត ព្រោះ​ថាបើ​បណ្តោយឱ្យ​ទឹក​កខ្វក់​ទាំងនោះ​នៅជាប់​ជើងរបស់​អ្នក​យូរពេក វា​អាច​នឹង​បង្កឱ្យឆ្លង​មេរោគ​ផ្សិត​ជាដើម​។

    រដូវភ្លៀង ភ្លៀង​នឹង​ធ្លាក់​ពេលណា​ក៏​មិនដឹង​ ដូច្នេះ​សូមអ្នក​កុំ​ខ្ចិ​ល​ក្នុងការ​នាំយក​នូវ​អាវ​ភ្លៀង​ឬ​ឆ័​ត្រ​ទៅតាម​ខ្លួន​ផង ដើម្បី​សុវត្ថិភាព​ទាំង​ចំ-ពោះ​សម្រស់ និង​សុខភាពរបស់អ្នក៕

  • Original song របស់ Sky ចាក់ដោតអារម្មណ៍យុវវ័យខ្លាំងដល់បេះដូង

    Original song របស់ Sky ចាក់ដោតអារម្មណ៍យុវវ័យខ្លាំងដល់បេះដូង

    អ្នកនិយមលេងឧបករណ៍ភ្លេងហ្គីតារច្បាស់ជាមិនអាចរំលងបទចម្រៀងមួយនេះបានឡើយ ជាប្រភេទបទងាយៗ ចង្វាក់បែប Cuteៗ តាមស្ទីលយុវវ័យសម័យថ្មី ដែលមានចំណងជើងថា “ចង់ឱ្យគ្រប់យ៉ាងដូចដើម” ជាការបកស្រាយ និងនិពន្ធដោយ តារាចម្រៀង Sky ។ អារម្មណ៍ដែលផុសចេញពីការស្រឡាញ់ និងមានទេពកោសល្យក្នុងការផលិតស្នាដៃថ្មីៗ ដើម្បីឱ្យមហាជនអ្នកគាំទ្របានទទួលនោះ គឺជាកម្លាំងជំរុញចិត្ត​ឱ្យតារាចម្រៀងរូបនេះ និពន្ធទំនុកច្រៀង និងទំនុកបទភ្លេងដោយខ្លួនលោកផ្ទាល់ក្នុងការបម្រើអារម្មណ៍អ្នកនិយមគាំទ្រស្ដាប់បទ Original song ដែលជាស្នាដៃកូនខែ្មរផ្ទាល់។

    លោក ចាន់ធី មករា ឬមានឈ្មោះនៅក្នុងសិល្បៈហៅថា Sky បានប្រាប់សារព័ត៌មាន ឡារ៉ែន ថា “ចម្រៀងនិពន្ធថ្មីដំបូងដែលខ្ញុំបានធ្វើឡើងនេះ បានផលិតជាផ្លូវការហើយ ក៏ប៉ុន្ដែខ្ញុំក៏នៅតែបន្ដផលិតបទជាច្រើនទៀតផងដែរ ។ ពេលនេះគឺមានការគាំទ្រពីអ្នកទាំងអស់គ្នាហ្នឹងហើយដែលជាកម្លាំងចិត្តយ៉ាងសំខាន់សម្រាប់ខ្ញុំ ជាពិសេសស្នាដៃកូនខ្មែរផ្ទាល់តែម្ដង។ សង្ឃឹមថា អ្នកទាំងអស់គ្នាជាកូនខ្មែរបានចាប់អារម្មណ៍ និងលើកទឹកចិត្តកូនខ្មែរដូចគ្នាក្នុងការផលិតស្នាដៃនិពន្ធថ្មីនេះ” ។

    តារាចម្រៀងរូបនេះបានរំឭកប្រាប់ថា នៅពេលដែលលោកចូលសិល្បៈដំបូងៗ និងឡើងច្រៀងនៅតាមស្ថានីយទូរទស្សន៍ក្នុងស្រុកជាច្រើននោះ លោកមានការសោកស្ដាយយ៉ាងខ្លាំងដែលពេលនោះមិនមានបទចម្រៀងផ្ទាល់ខ្លួន ដូច្នេះពេលនេះបើទោះបីជាលំបាក ឬគ្មានថវិកាគ្រប់គ្រាន់ក្នុងការផលិតបទចម្រៀងយ៉ាងនេះក្ដី ក៏លោកបានសន្សាទុកនៅក្នុងចិត្តថា លោកគ្រោងនឹងផលិតបទចម្រៀងថ្មីៗសម្រាប់កូនខ្មែរ និងរូបលោកផ្ទាល់ឱ្យបាន។

    ជាចុងក្រោយ តារាវ័យក្មេងរូបនេះក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានស្រឡាញ់ និងគាំទ្រចម្រៀងលោក និងជាពិសេសផងដែរនោះ តារាចម្រៀងរូបនេះគ្រោងនឹងផលិតជាវីដេអូចម្រៀងដែលធានាថា នឹងទាក់ចិត្តយុវវ័យខ្លាំងបំផុតនៅពេលឆាប់ៗខាងមុខនេះ៕

  • ទិន្នផល​ស្រូវ​នឹង​ល្អប្រសើរ ខណៈដែល​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក3កន្លែង​នឹង​ចាប់ផ្ដើម​ប្រើ​នៅ​ដើមឆ្នាំ2018

    ទិន្នផល​ស្រូវ​នឹង​ល្អប្រសើរ ខណៈដែល​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក3កន្លែង​នឹង​ចាប់ផ្ដើម​ប្រើ​នៅ​ដើមឆ្នាំ2018

    ភ្នំពេញ- បន្ទាប់ពី​មានការ​ផ្ដល់​ទឹកប្រាក់​ក្នុង​រង្វង់15លាន​ដុ​លា្ល​រ​អាមេរិក​ដល់​ក្រុមហ៊ុននាំចេញ​អង្ករធំៗចំនួន2ដើម្បី​ធ្វើការ​សាងសង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក​ស្រូវ 3 ទីតាំង​បន្ថែមទៀត​រួចមក គេ​រំពឹងថា នៅ​ឆ្នាំ2018 ស្ថានភាព​ស្រូវ​អង្ករ​នៅ​កម្ពុជា​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​មិន​ខាន។

    ឯកឧត្ដម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​លើកឡើងថា គម្រោង​សាងសង់​ឃ្លាំង​ស្ដុក​ស្រូវ និង​ឡស​ម្ងួ​តរបស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ត្រូវបាន​សាងសង់ឡើង​នៅលើ​ទីតាំង 3 កន្លែង ស្ថិតនៅក្នុង​ខេត្ដ​ចំនួន3 មាន​កំពង់ធំ តាកែវ និង​ព្រៃវែង។ ឯកឧត្ដម​បន្ដថា គម្រោង​សាងសង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក​ទាំង 3ទីតាំង​នេះ គឺជា​គម្រោង​ទី2 របស់​រាជរដ្ឋាភិបាល​ដែល​ចាប់ដៃ​ជាមួយ​វិស័យ​ឯកជន ដោយ​ក្នុង​មួយ​ទីតាំង​ត្រូវ​ប្រើ​ទឹកប្រាក់​អស់​ចំនួន 5 លាន​ដុល្លារ និង​អាចមាន​សមត្ថភាព​ស​ម្ងួ​ត​ក្នុង​មួយថ្ងៃ​បាន1,500តោន និង​អាច​ស្ដុក​បាន5ម៉ឺន​តោន។

    ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក​ស្រូវ​ចំនួន3ទីតាំង​នេះ​នឹង​ជួ​យស​ម្រូ​ល​ដល់​ដំណើរការ​ប្រមូល​ផល​ស្រូវ និង​ស្ដុក​ទុក ធ្វើយ៉ាងណា​មិនឱ្យ​ទិន្នផល​ស្រូវ​មានការ​ខូចគុណភាព ដែល​គេ​រំពឹងថា ការប្រមូល​ផល​ស្រូវ​ក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ខណៈ​គម្រោង​ទី​ពីរ​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​ក្នុង​ឆ្នាំ2018។ គួរ​បញ្ជាក់ថា គម្រោង​ទីមួយ​នៃ​ការសាងសង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្ដុក​ស្រូវ​នេះដែរ ត្រូវបាន​អនុវត្ដ​នៅ​ខេត្ដ​បាត់ដំបង​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា ភូ ពុ​យ ៕

  • ជប៉ុន​បោះទុន $3លាន​សាងសង់​សាកលវិទ្យាល័យ​ជំនាញ​កសិកម្ម​នៅ​កម្ពុជា

    ជប៉ុន​បោះទុន $3លាន​សាងសង់​សាកលវិទ្យាល័យ​ជំនាញ​កសិកម្ម​នៅ​កម្ពុជា

    ភ្នំពេញ៖ ដោយ​សម្លឹង​ឃើញ​កម្ពុជា​ជាទី​តាំង​ភូមិសាស្ត្រ​មួយ​នៅ​អាស៊ី​ដែល​អំណោយផល​ផ្នែក​កសិកម្ម  ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន​គ្រោង​បោះទុន​ប្រមាណ​ជា 3លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម ទេសចរណ៍ និង​ថែទាំ​មនុស្ស​ចាស់​លើកដំបូង​នៅ​កម្ពុជា​យើង។

    ដំណឹង​សាងសង់​សាកលវិទ្យាល័យ​ថ្មី​មួយ​នេះ​ត្រូវបាន​ឱ្យដឹង​នៅពេលដែល​លោក Yoshio Kondo នាយក​ក្រុមហ៊ុន Procast Asia Co.,Ltd បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​សមាគម Toukaizaikai ដែលជា​សមាគម​មួយ​មាន​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម ផ្នែក​សេវាកម្ម ផ្នែក​វេជ្ជសាស្ត្រ និង​ហិរញ្ញវត្ថុ​សរុប​ជាង300ក្រុមហ៊ុន​ជា​សមាជិក​មក​កម្ពុជា​ដើម្បី​ស្វែងយល់​ពី​ភាពអនុគ្រោះ និង​លក្ខខណ្ឌ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​ជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

    លោក Yoshio Kondo នាយក​ក្រុមហ៊ុន Procast Asia co.,Ltd ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ដែរថា ទៅ​ថ្ងៃ​អនាគត សមាគម Toukaizaikai នឹង​ពង្រីក​ការវិនិយោគទុន​នៅ​ប្រទេស​កម្ពុជា ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​បាន និង​កំពុង​សាងសង់​សាកលវិទ្យាល័យ​មួយ​ដើម្បី​បណ្ដុះបណ្ដាល​លើ​ជំនាញ​ថែទាំ​ជន​ចាស់ជរា កសិកម្ម និង​ទេសចរណ៍ នៅ​តំបន់​ខាំ​កូ​ស៊ី​ធី ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា3លាន​ដុល្លារ​អាមេរិក​ក្នុងការ​សាងសង់​អគារ​សាកលវិទ្យាល័យ​ថ្មី​មួយ​នេះ។

    ក្នុងជំនួប​ដ៏​កម្រ​នេះ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានប្រសាសន៍​បញ្ជាក់ថា នៅពេល​ខាងមុខនេះ​ក្រុមហ៊ុន Procast Asia នឹង​ពង្រីក​គម្រោង​វិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា​ដែល​អាច​ផ្ដល់នូវ​កាលានុវត្តភាព​បន្ថែមទៀត​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ការបង្កើត​នូវ​ឱកាស​ការងារថ្មីៗជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។

    ឯកឧត្តម​បណ្ឌិត បាន​ជូនដំណឹង​ទៅ​ក្រុម​គណៈប្រតិភូ​នៃ​សមាគម Toukaizaikai នូវ​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​នឹង​ភាពអនុគ្រោះ និង​លក្ខខណ្ឌ​ការងារ ក៏ដូចជា​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា​នាពេល​បច្ចុប្បន្ន ជាពិសេស​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ជប៉ុន​ក្នុងដំណាក់កាល​បច្ចុប្បន្ន​នេះ។ លើសពីនេះ​ទៀត គឺ​ភាពរឹងមាំ​នៃ​សន្តិភាព និង​ស្ថិរភាព​ពេញ​ប្រទេស​កម្ពុជា​ផងដែរ។ ហើយ​សមាគម​បានចាប់ផ្ដើម​ធ្វើការ​សិក្សា​ស្វែងយល់​តាមរយៈ​ព័ត៌មាន​នានា​រួចហើយ គ្រាន់តែ​សមាគម​ត្រូវធ្វើ​ការពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​បន្ថែមទៀត​ដើម្បី​យល់ដឹង​ឱ្យ​កាន់តែ​ប្រាកដ​ច្បាស់។

    ទោះយ៉ាងណា​លោកនាយក​ក្រុមហ៊ុន Procast មិនទាន់​អាច​បញ្ជាក់​ពី​ទំហំ​វិនិយោគ​ច្បាស់លាស់ និង​ថ្ងៃ​ចាប់ផ្ដើម​នៃ​ការវិនិយោគ​នៅឡើយ​ទេ ដោយសារ​ត្រូវ​រង់ចាំ​បញ្ចប់​ការត្រួតពិនិត្យ​ជាក់ស្ដែង និង​ត្រូវ​ឆ្លងកាត់​បែបបទ​គតិយុត្ត​នៅ​កម្ពុជា​ជាច្រើន​ដំណាក់កាល​តទៅទៀត៕

  • សត្វ​​​សមុទ្រ 7 ប្រភេទ​ក្នុង​យុគ​មុ​ន​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​យើង​រីករាយ​ក្នុងការ​ផុត​ពូជ​របស់​វា…

    សត្វ​​​សមុទ្រ 7 ប្រភេទ​ក្នុង​យុគ​មុ​ន​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​យើង​រីករាយ​ក្នុងការ​ផុត​ពូជ​របស់​វា…

    មនុស្ស​​​ជាច្រើន​​​ប្រហែលជាគិតថា ​​​មនុស្ស​យើង​មិនគួរ​ទៅធ្វើ​ឱ្យ​សត្វ​មួយចំនួន​ផុត​ពូជ​ពី​ពិភពលោក​នេះ​សោះនេះ​សោះ ប៉ុន្តែ​បើសិនជា​ពពួកសត្វ​ចម្លែក​ទាំងអស់​ខាងក្រោម​នេះ​នៅមាន​ជីវិត​រស់នៅក្នុង​ពិភព​បច្ចុប្បន្ន​វិញ លោកអ្នកប្រហែលជាត្រូវប្ដូរគំនិតនេះយ៉ាងពិតប្រាកដ។

    1 . ដៃ​ណូ​ស៊ូ​ខាស់ (Deinosuchus )

    ជា​សត្វ​ក្រពើ​មួយ​ប្រភេទ​ដែល​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ដោយសារតែ​ទីកន្លែង​ដែល​វា​រស់នៅ​នោះ​ស្ថិតនៅក្នុង​ទីតាំង​តែមួយ​ជាមួយនឹង​សត្វ ដៃ​ណូ​ស័​រ​ធី​រេ​ក្ស ដូច្នេះហើយ​ទើប​ប្រាកដ​ណាស់ ដែលជា​ញឹកញាប់​ពួកវា​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​មិនអាច​ចៀសផុត​បាន។ ទំហំ​របស់​វា វែង​ជាង 40 ហ្វុ​ត (ជាង 12 ម៉ែត្រ) ឯណោះ។

    2 . ម៉ូ​សា​សូ​រ៉ា​ស់ (Mosasauras )

    មិនបាច់​អធិប្បាយ​ពី​ភាពកាចសាហាវ​របស់​ពួកវា​នោះទេ ព្រោះ​លោកអ្នក​អាច​នឹង​ធ្លាប់​បានឃើញ​ពួកវា​នៅក្នុង​ខ្សែភាពយន្ត​រួចមកហើយ​នៅក្នុង​រឿង Jurasic World ។ ត្រឹមត្រូវ​ហើយ!  វា​គឺជា​សត្វ​ដៃ​ណូ​ស័​រយ​ក្ស​នៅក្នុង​ទឹក​ដែលមាន​ប្រវែង​វែង​ជាង 60 ហ្វុ​ត (ជាង 16 ម៉ែត្រ) ដែល​អាច​ខាំត្របាក់​សត្វ​ដៃ​ណូ​ស័​រ​គ្រប់​ប្រភេទ​ដែល​ចូលមក​ក្បែរ​ទីកន្លែង​ដែល​វា​រស់នៅ។

    3 . អា​ណូ​ម៉ា​ឡូ​ខា​រី​ស (Anomalocaridid )

    ទោះជា​វា​មាន​ទំហំ​មិនធំ​ប៉ុន​សត្វ​ដៃ​ណូ​ស័​រ​ដទៃទៀត​មែន តែ​វា​គឺជា​អ្នកប្រមាញ់​ដែល​នៅលើ​ខ្ពស់បំផុត​នៃ​ពពួកសត្វ​ដែលជា​ចំណីអាហារ​របស់​វា​តាំងពី​យុគសម័យ​ក​កំណើត​វត្ថុ​មានជីវិត​នៅលើ​ពិភពលោក​នេះ​ម្លេះ។ អាច​រាប់បាន​ថា ជា​សត្វ​ពពួក អា​ថូ​ផត ដែលជា​អ្នកប្រមាញ់​ដ៏​សាហាវ​ដំបូង​គេ​របស់​ពិភពលោក។ ភាពកាចសាហាវ​របស់​វា​មាន​ខ្លាំងក្លា​ដល់​ថ្នាក់​ត្រូវ​ប្រយុទ្ធ​ដើម្បី​ស៊ីគ្នា​ឯង​ជា​ចំណី។

    4 . ជែ​ខេ​ឡូ​ប​តេ​រ៉ា​ស់ (Jaekelopterus )

    សត្វ​សារាយសមុទ្រ​កំពូល​សាហាវ។ ទោះជា​ទំហំ​របស់​វា​មាន​ត្រឹមតែ 9 ហ្វុ​ត (ជិត 3 ម៉ែត្រ) មែន  តែ​ភាពកាចសាហាវ​របស់​វា​អាច​ហៅ​បាន​ថា ស្ថិតក្នុង​លំដាប់​កំពូល​បំផុត​នៃ​សត្វ​សមុទ្រ​ទាំងឡាយ​ក៏​អាច​ថា​បានដែរ។ នៅពេលណា​ក៏ដោយ​ដែល​វា​ប្រទះឃើញ​ចំណី វា​នឹង​ស្ទុះ​ចូលទៅ​ខាំ​ទាញ​ហែក​ចំណី​ជាចម្រៀកៗ មុននឹង​ស៊ី​យ៉ាង​ឆ្ងាញ់​មាត់។

    5 . ស៊ី​ប​ហ៊ែ​ក​ទី​ណឹ​ស (Xiphactinus )

    សាកល្បង​នឹកឃើញ​ពី​រូបភាព​ត្រី​ស៊ីម​នុស្ស ពី​រ៉ា​ន់​យ៉ា ដែលមាន​ប្រវែង 4.5 – 6 ម៉ែត្រ​ល​មើលថា តើ​វា​គួរឱ្យ​ភ័យខ្លាច​ប៉ុនណា?។ ត្រី​អ្នកប្រមាញ់​ចំណី​មួយ​ប្រភេទ​នេះ​រស់នៅក្នុង​ម្ដុំ​បរិវេណ​សមុទ្រ​អាមេរិក​ខាងជើង​កាលពី​ប្រមាណ​ជា 85 លាន​ឆ្នាំមុន។ ពេលដែល​ទ្វីបអាមេរិក​ខាងជើង​ត្រូវ​បែង​ចែង​ជា 3 កោះធំៗ និង​មាន​សមុទ្រ​នៅ​ចំ​កណ្ដាល​នោះ ពួកវា​គឺជា​អ្នកប្រមាញ់​សាច់​ឆៅ​ដ៏​សាហាវ​បំផុត​នៅ​ម្ដុំ​នោះ។

    6 . អ៊ី​ដេ​ស្តា​ស់ (Edestus )

    ត្រី​ឆ្លាម​អ្នកប្រមាញ់​សាច់​ឆៅ​ដែល​រស់នៅក្នុង​មហាសមុទ្រ​ទូទាំង​ពិភពលោក និង​អ្វីដែល​លេចធ្លោ​បំផុត​របស់​វា​នោះ​គឺ ធ្មេញ​ដែល​មុត​ក្រិ​ប​ដូច​ផ្លែកាំបិត។ ដោយ​ទំហំ​របស់​វា​ដែល​ធំ​វែង​ដល់​ទៅ 20 ហ្វុ​ត (ជាង 6 ម៉ែត្រ ) និង​ភាពកាចសាហាវ​ដែល​ត្រី​ឆ្លាម​ដទៃទៀត​សុំ​ខ្លាច​នោះ ទើប​ធ្វើឱ្យ​វា​ក្លាយជា​ត្រី​ឆ្លាម​ដ៏​គួរឱ្យ​ភ័យខ្លាច​បំផុត​ក្នុង​ពិភព​នា​យុគ​សម័យមុន​ប្រវត្តិសាស្ត្រ។

    7 . ដាន់​លី​អូស​តេ​អ៊ុ​ស (Dunkleosteus )

    ក្នុងខណៈដែល​សត្វ​អ្នកប្រមាញ់​ដទៃ​ច្រើន​តែមាន​ធ្មេញ​ដ៏​មុត​ស្រួច​ចំនួន​ច្រើន​នោះ ត្រី​អសុរកាយ​មួយ​នេះ​បែរ​ជាមាន​ធ្មេញ​ទំហំ​ធំ​បំផុត​តែ 1 វែង ដែល​ទុក​សម្លាប់សត្វ​ជា​ចំណី ប្រៀបដូចជា គិ​យ៉ូ​ទីន ដែល​ចាប់​ហែក​ចំណី​ដោយ​ការ​ត្របាក់​តែមួយ​ដង​គត់៕