Category: សង្គម និងសេដ្ឋកិច្ច

  • បវរកញ្ញា ខ្លឹម ស្រីគា ទោះមិនជោគជ័យ តែក៏ស្ថិតក្នុងបេះដូងអ្នកគាំទ្រកម្ពុជាដែរ

    បវរកញ្ញា ខ្លឹម ស្រីគា ទោះមិនជោគជ័យ តែក៏ស្ថិតក្នុងបេះដូងអ្នកគាំទ្រកម្ពុជាដែរ

    នៅរាត្រីថ្ងៃទី25 ខែតុលា ឆ្នាំ2017 នេះ កម្មវិធីប្រកួតបវរកញ្ញា Miss Grand International 2017បានរកឃើញម្ចាស់មកុដ ហើយ គឺកញ្ញា Maria Jose Lora  មកពីប្រទេស ប៉េរូ និងបើទោះបីជាបេក្ខភាពពីកម្ពុជា កញ្ញា ខ្លឹម ស្រីគា មិនបានជាប់ជយលាភី និងនិយាយភាសាអង់គ្លេសមិនសូវបានល្អក្ដី ក៏មជ្ឈដ្ឋានអ្នកគាំទ្រកម្ពុជានៅតែបន្ដគាំទ្រនាង និងលើកទឹកចិត្តនាង ព្រមទាំងមានមោទនភាពចំពោះរូបនាងដែលជាតំណាងប្រទេស កម្ពុជា ទៅប្រកួតនៅលើឆាកអន្ដរជាតិដែរ។

    នេះបើតាមការរៀបរាប់របស់ Facebook Page Miss Grand Cambodia ដែលបានផ្ដល់កម្លាំងចិត្ត​ដល់កញ្ញា ខ្លឹម ស្រីគា ថា «សូមចូលរួមសោកស្តាយ និងលើកទឹកចិត្តចំពោះកញ្ញាខ្លឹម ស្រីគា។ កញ្ញានៅតែស្ថិតក្នុងដួងចិត្តរបស់យើង កញ្ញានៅតែជា Miss Grand Cambodia ជាទីស្រឡាញ់នៃប្រជាជនកម្ពុជា។ បោះជំហានទៅមុខជាមួយគ្នា ជាមួយប្អូនៗជំនាន់ក្រោយ យើងសង្ឃឹមថា ថ្ងៃមួយនឹងមានបេក្ខនារីកម្ពុជាទទួលបានមកុដមាសដ៏មានកិត្តិយសនេះមិនខាន។ សូមថ្លែងអំណរគុណគ្រប់កម្លាំងចិត្តពីមហាជនកម្ពុជាគ្រប់ៗរូប។ សូមជូនពរសំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ »។

    គួរបញ្ជាក់ផងដែរថា ទោះមិនបានជ័យលាភីគ្រងតំណែងមកុដក្ដី ក៏ប៉ុន្ដែ ខ្លឹម ស្រីគា បាន​ទទួល​ពាន​រង្វាន់​ពិសេស​១ គឺ ពាន​ប្រជាប្រិយភាព​ ដោយសារតែនាងមានភាពរីករាយរាក់ទាក់លេចធ្លោជាងគេ៕

     

  • អ្នកជំនាញ៖ ស្ថានភាព​នយោបាយ ​តែងមាន​ឥទ្ធិពល​លើ​វិស័យ​អចលនទ្រព្យ

    អ្នកជំនាញ៖ ស្ថានភាព​នយោបាយ ​តែងមាន​ឥទ្ធិពល​លើ​វិស័យ​អចលនទ្រព្យ

    អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា ចរន្ត​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​តែងតែ​ទទួលរង​ឥទ្ធិពល​ពី​នយោបាយ​ពិសេស​នៅពេល​ជិត​បោះឆ្នោត ប៉ុន្តែ​ស្ថានភាព​បែបនេះ​នឹង​ថយឥទ្ធិពល​ទៅវិញ​នៅពេល​ស្ថានភាព​នយោបាយ​អាច​គ្រប់គ្រង​បាន។

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត លោក​បណ្ឌិត គីម ហ៊ាង បាន​និយាយថា ការបោះឆ្នោត​តែងតែ​ប៉ះពាល់​ដល់​វិស័យផ្សេងៗ ហើយ​វា​មិនមែន​កើតឡើង​តែ​នៅ​ប្រទេស​កម្ពុជា​នោះទេ។ ភាពជាប់គាំង ឬ​ការដើរ ថយក្រោយ​នោះ គឺ​កើតមាន​ស្ទើរ
    គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក។

    ទាក់ទង​នឹង​ស្ថានភាព​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេលនេះ លោក​បណ្ឌិត បាន​បញ្ជាក់ថា ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិនមែន​ជាប់គាំង ឬ​ដើរ​ថយក្រោយ​ដោយសារ​កត្តានយោបាយ​នោះទេ ប៉ុន្តែ​តម្លៃ​ដីធ្លី​នាពេលនេះ​គឺ​បាន​ហាក់​ឡើង​ខ្ពស់​ខុសពី​តម្លៃពិត​ជាក់ស្តែង ដោយសារ​ម្ចាស់​ដីធ្លី​ទាមទារ​តាមចិត្ត​របស់គាត់​ចង់បាន ដូចនេះ​អ្នកមាន​លុយ​ត្រូវ​រក្សា​លុយ​ទុក​សិន រហូតដល់​ខ្លួន​អាច​ស្វែងរក​តម្លៃ​ណា​ដែល​សមរម្យ​បាន។

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​បញ្ជាក់ថា៖“តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ពេលនេះ បាន​ហក់​ឡើង​ខ្ពស់​រហូតដល់​កម្រិត​មួយ​ដែល​ពិបាក​ទិញ​លក់ ប៉ុន្តែ​តម្លៃ​ហក់​ឡើង​នេះ​មិនមែនជា​តម្លៃពិត​នោះទេ។ តម្លៃពិត គឺជា​តម្លៃ​ដែល​អ្នកលក់​ចង់​លក់ និង​អ្នកទិញ​ចង់​ទិញ ខណៈ​បច្ចុប្បន្ន​តម្លៃ​ស្ថិតនៅលើ​មាត់​អ្នកលក់​ដែល​តែងតែ​ទាមទារ​តាមចិត្ត​គាត់​ចង់។ បើសិន​គាត់​លក់​ក្នុងតម្លៃ​ធម្មតា អ្នក​ដែល​ត្រូវការ​ប្រាកដ​ជាមាន​ច្រើន។

    លោក​បណ្ឌិត គីម ហ៊ាង ក៏បានផ្តល់​យោបល់​ដល់​អ្នក​ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ គួរតែ​ទិញ​ដី​នៅពេល​ជិត​បោះឆ្នោត ព្រោះ​ស្ថានភាព​តម្លៃ​ដីធ្លី​អាច​ធ្លាក់ចុះ​បន្តិច ដោយសារ​មាន​អ្នកត្រូវការ​លុយ​ច្រើន។

    លោក​បណ្ឌិត​បាន​អះអាងថា៖“ជិត​បោះឆ្នោត​តម្លៃ​ដី​ធ្លាក់ចុះ ងាយស្រួល​ទិញ។ បើ​ទិញ​ពី​ឥឡូវ​ក្នុង​រយៈពេល1ឆ្នាំ ឬ 2ឆ្នាំក្រោយ​តម្លៃ​ដី​នឹង​ហក់​ឡើងវិញ។ ជិត​បោះឆ្នោត​មនុស្ស​ត្រូវការ​លុយ​ច្រើន តម្លៃ​ដីធ្លី​អាច​ធ្លាក់ចុះ។

    តួលេខ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា គិតពី​ឆ្នាំ2010 រហូតមកដល់​ខែកញ្ញា ឆ្នាំ 2017 ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន សរុប​ចំនួន 213គម្រោង។ ក្នុងចំណោម​គម្រោង​ដែល​ទទួលបាន​អាជ្ញា​បណ្ណ ក្នុងនោះ​គម្រោង​បុរី​មាន​ចំនួន132គម្រោង​ស្មើនឹង31,997ផ្ទះ និង​អគារ​សហកម្មសិទ្ធិ​មាន​ចំនួន 81គម្រោង ស្មើនឹង29,612បន្ទប់ (យូ​នី​ត)។

    លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​កាលពីពេលថ្មីៗនេះ​ថា វិស័យ​សំណង់​គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​នៃការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​កម្ពុជា។ មកទល់​បច្ចុប្បន្ន​ឧស្សាហកម្ម​សំណង់​នៅ​ប្រទេស​កម្ពុជា បានរួម​ចំណែក​ប្រមាណ​មួយ​ភាគ​ដប់​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​មិនផ្ទាល់​សម្រាប់​ពលរដ្ឋ​ជាច្រើន។ លើសពីនេះ​ដោយសារ​វិស័យ​សំណង់​មានការ​ចូលរួម​ច្រើន​ពី​សំណាក់​សហគ្រាស​ធុន​តូច និង​មធ្យម​ដូច្នេះ​វិស័យនេះ​បាន​បង្កើត​ប្រាក់ចំណូល​ដែល​ត្រូវបាន​បែងចែក​ទូលំទូលាយ ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កា​ន់​តែ​ប្រកបដោយ​បរិ​យា​ប័ន្ន។

    លោកជំទាវ បាន​មានប្រសាសន៍ថា៖“ស្ថិតក្នុង​បរិការណ៍​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នក​អភិវឌ្ឍ​លំនៅឋាន​ទាំងអស់ ដែល​បាននិងកំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​យកចិត្តទុកដាក់​ដល់​ការធ្វើ​ពិពិធ​កម្ម និង​ពង្រីក​វិសាលភាព​នៃ​ការស្ថាបនា​គម្រោង​របស់​ខ្លួន​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ដល់​តំបន់ និង​ទីតាំង​សំខាន់ផ្សេងៗទៀត ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​រូបវ័ន្ត​របស់​យើង។ ការចូលរួម​យ៉ាងសកម្ម​របស់​អ្នក​អភិវឌ្ឍ​លំនៅឋាន​នៅក្នុង​វិស័យ​អចលនវត្ថុ និង​សំណង់នៅ​កម្ពុជា គឺជា​ការជួយជ្រោមជ្រែង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ឱ្យមាន​សន្ទុះ​កាន់តែ​លឿន​ថែមទៀត”៕

  • រកឃើញម្ចាស់មកុដ Miss Grand International 2017 ហើយ!

    រកឃើញម្ចាស់មកុដ Miss Grand International 2017 ហើយ!

    នៅថ្ងៃទី26 ខែតុលា ឆ្នាំ 2017 នេះ តាមរយៈសារព័ត៌មាន Kenh14 បានឱ្យដឹងថា នៅរាត្រីថ្ងៃទី25 ខែតុលា យប់មិញនេះ នៅលើទឹកដីកោះត្រល់ ប្រទេសវៀតណាម កម្មវិធីលំដាប់ថ្នាក់អន្ដរជាតិ Miss Grand International 2017 បានរកឃើញម្ចាស់មកុដហើយ ដោយជយលាភីបានទៅលើបវរកញ្ញា Maria Jose Lora ជាបវរកញ្ញាតំណាងប្រទេស ប៉េរូ ដោយនាងទទួលបានពិន្ទុនៃសំឡេងឆ្នោតច្រើនជាងគេបង្អស់នៅក្នុងវគ្គផ្ដាត់ព្រ័ត្រនេះ។

    បន្ទាប់ពីបានប្រកួតប្រជែងអស់រយៈពេលជាច្រើនថ្ងៃ និងច្រើនដំណាក់កាលរួចមក បវរកញ្ញារូបនេះត្រូវបានគេចាត់ទុកជាប្រវត្តិសាស្ត្រថា ជាបវរកញ្ញាដែលមានសមត្ថភាពខ្ពស់ និងស្រស់ស្អាតលេចធ្លោជាងគេ ព្រមទាំងស័ក្ដិសមជាមួយតំណែងកំពូលជានារីឯកពិតប្រាកដមែន។ គួរបញ្ជាក់ផងដែរថា ទាំងកម្ពស់ រូបសម្ផស្ស និងការបញ្ចុះបញ្ចូលទស្សនិកជនរបស់បវរកញ្ញារូបនេះពិតជាគួរឱ្យមានទំនុកចិត្តមែន ខណៈពេលដើរបង្ហាញខ្លួននៅលើឆាក ហើយបានគ្រងនូវមកុដ Miss Grand International 2017 បានយ៉ាងសុក្រឹតនិងយុត្តិធម៌បំផុត៕

  • ភាពយន្ដ​ខ្លី​របស់​ខ្មែរ មាន​សម្ទុះ​ខ្លាំង​ក្នុង​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ឆ្នាំ2017នេះ

    ភាពយន្ដ​ខ្លី​របស់​ខ្មែរ មាន​សម្ទុះ​ខ្លាំង​ក្នុង​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ឆ្នាំ2017នេះ

    នេះ​ជា​ឆ្នាំ​ទី 6 ហើយ​ដែល​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ បានរៀបចំ​ឡើង និង​ទទួលបាន​ជោគជ័យ​ខ្លាំង​បំផុត រហូតដល់​ឆ្នាំ 2017 នេះ​មានការ​គាំទ្រ​ពី​សំណាក់​ផលិតករ​បរទេស​បាន​មក​ចូលរួម​ប្រកួត​រហូតដល់​ទៅ 3,124 រឿង ជា​រឿង​ដែល​មកពី​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ទៀតផង។

    គេ​សង្កេតឃើញថា ក្នុងឆ្នាំនេះ មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ក៏​ទទួលបាន​សម្ទុះ​នៃ​ការចូលរួម​ពី​ផលិតករ​វ័យក្មេង និង​ជើងចាស់​ដែលជា​ជនជាតិខ្មែរ​យើង​ដែរ ដោយបាន​ចូលរួម​ប្រកួត​ចំនួន 49 រឿង ហើយ​ជាប់​ជា​ជម្រើស​ក្នុងការ​ចាក់​ប​ញ្ជាំ​ង​នៅក្នុង​រោងភាពយន្ដ​ចំនួន 28 រឿង ព្រមទាំង​ជាប់​ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​មាន​ចំនួន 7 រឿង​ទៀតផង។

    នៅ​រាត្រី​ថ្ងៃទី 25 ខែតុលា ឆ្នាំ 2017 ក្នុង​ពិធី​បើកសម្ពោធ​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ឆ្នាំ2017 នៅក្នុង​បរិវេណ​សាល​មហោស្រព​ចតុមុខ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​នៅក្នុង​ពិធី​ថា « ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការរីកចម្រើន​នៃ​វិស័យ​ភាពយន្ដ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​រីកដុះដាល​សុសសាយ​ខ្លាំង​ឡើង ហើយ​កាន់តែ​ទទួលបាន​ភាពល្បីល្បាញរ​ហូត​ដល់​បរទេស​បាន​មក​ចូលរួម និង​មានការ​ស្វែងយល់​ពីស​ន្តិ​ភាព​របស់​ប្រទេស​កម្ពុជា​យើង​ទៀតផង»។

    យ៉ាងណាមិញ​លោក ជា សុខ​ហី ប្រធាន​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ ក៏បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន ឡា​រ៉ែ​ន ថា « ពិតជា​រំភើប​ណាស់ ! ចាប់តាំងពី​យើង​បានចាប់ផ្ដើម​មក យើង​សង្កេតឃើញថា សម្ទុះ​នៃ​ការផលិត​ភាពយន្ដ​ខ្មែរ​បាន​កើនឡើង​ខ្លាំង​មែនទែន ដូចជា​នៅក្នុង​ឆ្នាំនេះ យើង​ទទួលបាន​ជាង 3000រឿង ហើយ​អ្វីដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះ​គឺ រឿង​ខ្មែរ​មាន​ដល់​ទៅ 49 រឿង​ឯណោះ។ អស្ចារ្យ​មែនទែន! ភាពយន្ដ​ខ្មែរ​នៅក្នុង​ឆ្នាំ 2017 នេះ មានគុណ​ភាពល្អ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់ និង​បាន​ជាប់​ជា​ជម្រើស​យកទៅ​បញ្ចាំង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​រហូតដល់​ទៅ 3 រឿង »។

    គួរបញ្ជាក់​ផងដែរ​ថា លោក ស៊ុំ ស៊ីថែ​ន ជា​អ្នកនាំពាក្យ​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា នៅក្នុង​ឆ្នាំនេះ កម្មវិធី​នៃ​ការបង្ហាញ​ស្នាដៃ​ភាពយន្ដ​ខ្នាត​ខ្លី​មាន​ចំនួន 4 កម្មវិធី ដូចជា Film Cam ( ភាពយន្ដ​ខ្លី​របស់​ក្រុម​ជំរំ​ភាពយន្ដ ) Legacy Film Lap , Family and You និង​គម្រោង​បង្ហាញ​ភាពយន្ដ​ទាំង 5 ដែល​ទទួលបាន​ជយលាភី​លេខ 1ក្នុង​រយៈពេល 5 ឆ្នាំ​ដំបូង​របស់​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ផងដែរ៕

  • វិធីសាស្ត្រ​ពង្រឹង​ភាពជា​អ្នកដឹកនាំ​សម្រាប់​និស្សិត

    វិធីសាស្ត្រ​ពង្រឹង​ភាពជា​អ្នកដឹកនាំ​សម្រាប់​និស្សិត

    នៅពេល​ដើរចូល​សាកលវិទ្យាល័យ ជីវិត​និស្សិត​ចាប់ផ្តើម​ផ្លាស់ប្តូរ​ខ្លួន​ពី​អ្នករៀន​ដើម្បី​ប្រឡង​ជាប់​ទៅជា​អ្នក​ដែល​រៀន​ដើម្បី​អាជីព​ការងារ។ ដើម្បី​ទទួលបាន​ការងារ​ល្អ ឬ​ដើម្បី​ដឹកនាំ​អាជីវកម្ម​ក៏ដោយ ភាពជា​អ្នកដឹកនាំ​គឺជា​រឿង​សំខាន់បំផុត​មួយ​ដែល​ត្រូវតែមាន ហើយ​ភាពជា​អ្នកដឹកនាំ​ទាំងអស់នោះ​ចាំបាច់​ត្រូវតែ​បណ្តុះ​ឱ្យបាន​នៅក្នុង​ពេលដែល​កំពុង​សិក្សា។

    ដើម្បី​ដោះស្រាយ​បញ្ហា​និស្សិត​មួយចំនួន​ដែល​កំពុង​ចង់​ស្វែងរក​ភាពជា​អ្នកដឹកនាំ ឬ​បង្កើន​ភាពក្លាហាន​ក្នុងការ​ដឹកនាំ​គម្រោង​នានា គេហទំព័រ ឡា​រ៉ែ​ន សូម​ធ្វើការ​បង្ហាញជូន​នូវ​ចំណុចសំខាន់ៗមួយចំនួន​ដូចខាងក្រោម។

    1. ចាប់ផ្តើម​ធ្វើការ​ងារ​ស្ម័គ្រចិត្ត

    ការធ្វើការងារ​ស្ម័គ្រ​ចិត្តជា​រឿង​សំខាន់​មួយ​ដែល​អាចជួយ​ឱ្យ​និស្សិត​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​រៀន​ពី​ភាពជា​អ្នកដឹកនាំ ព្រោះ​ការងារ​ទាំងអស់នេះ​ត្រូវ​ធ្វើជា​ក្រុម​ដែល​ចាំបាច់​ត្រូវតែមាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ។ ម្យ៉ាងវិញទៀត ការធ្វើការ​ស្ម័គ្រ​ចិត្តជា​មួយ​នឹង​ក្រុមការងារ​ណាមួយ​អាចធ្វើឱ្យ​និស្សិត​ស្វែងយល់​ពី​ការរៀបចំ​គម្រោងសំខាន់ៗនានា​ដែល​អាច​ជំ​រុញឱ្យ​និស្សិត​ទាំងអស់​មានគំនិត​ច្រើន​ក្នុងការ​បង្កើត​គម្រោងថ្មីៗក្រោយពេល​បញ្ចប់​ការសិក្សា ឬ​អាចមាន​គំនិត​បង្កើត​ក​ម្ម​វិធី​ថ្មី​ជាមួយនឹង​ក្រុម​នៅក្នុង​សាកលវិទ្យាល័យ​ជាមួយគ្នា។

    2. ចំណាយពេល​ស្វែងរក​កង្វះខាត​របស់​ម​នុស្ស

    អ្នកដឹកនាំ​ជាច្រើន ជា​អ្នក​ដែល​អាចបង្កើត​កម្ម​វី​ធី ឬ​អ្នក​ដែល​អាច​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​មនុស្ស។ ប្រសិនបើ​ពួកគេ​ជា​អ្នកដឹកនាំ​ក្រុមនិស្សិត ពួកគេ​ត្រូវតែ​ជា​អ្នក​យល់ដឹង​ច្បាស់​ពី​ការងារ​របស់​និស្សិត ប្រសិនបើ​ពួកគេ​ជា​អ្នកដឹកនាំ​ស្ថាប័ន​ណាមួយ​ពួកគេ​ត្រូវតែ​យល់ច្បាស់​ពី​បញ្ហា​នៃ​ការរស់នៅ​របស់​មនុស្ស បន្ទាប់មក​ពួកគេ​ក៏​អាចបង្កើត​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហា។ ការដោះស្រាយ​បញ្ហា​នេះហើយ ជា​គម្រោង​សំខាន់​ដែល​និស្សិត ឬ​មនុស្ស​គ្រប់គ្នា​ត្រូវបង្កើត​ដោយ​ប្រើ​ភាពជា​អ្នកដឹកនាំ។

    3. ស្វែងរក​ពេល​ស្តាប់​បេះដូង​ខ្លួនឯង

    នៅលើ​ផ្លូវ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ម្នាក់ អ្នក​រាល់គ្នា​ជាពិសេស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មិនសូវមាន​បទពិសោធ​ច្រើន​ក្នុងការ​ដឹកនាំ​នោះទេ។ ភាពភ័យខ្លាច ការខឹង​ក្រេវក្រោធ ការធ្វេសប្រហែស និង​ភាព​ទន់ជ្រាយ​ជាដើម គឺជា​ឧបសគ្គ​ចំពោះ​មនុស្ស​គ្រប់រូប​ដែល​ចង់​ដឹកនាំ​ក្រុម​ណាមួយ។

    ការចំណាយ​ពេលវេលា​ដើម្បី​ស្តាប់​បេះដូង​ខ្លួនឯង​អាចធ្វើឱ្យ​យើងម្នាក់ៗរកឃើញ​នូវ​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង ហើយ​ពង្រឹងសមត្ថភាព​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ​ម្នាក់៕

  • ឥឡូវនេះ កម្ពុជា-ចិន អាច​ទូទាត់​ជា​រូបី​យ​វត្ថុ​របស់ខ្លួន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​បាន​ហើយ

    ឥឡូវនេះ កម្ពុជា-ចិន អាច​ទូទាត់​ជា​រូបី​យ​វត្ថុ​របស់ខ្លួន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​បាន​ហើយ

    ភ្នំពេញ – កម្ពុជា និង​ចិន បាននិងកំពុង​តែ​ជំរុញឱ្យមាន​ការប្រើប្រាស់​រូបី​យ​វត្ថុ​កម្ពុជា​ជា​ផ្លូវការ​ដើម្បី​ជា​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី និង​ក៏ដូចជា​ការចូលរួម​គាំទ្រ​គោលនយោបាយ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​ផងដែរ។

    លោកជំទាវ ជា សេរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ​នឹងមាន​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ទំនិញ ខណៈដែល​ពួកគាត់​អាច​ទូទាត់​ជា​ប្រាក់រៀល​ក៏បាន និង​ជា​ប្រាក់​យន់​ក៏បាន ដោយ​ពុំ​ចាំបាច់​ធ្វើការ​ប្ដូរប្រាក់​ទៅជា​ដុល្លារ​អាមេរិក​ដូច​មុន​ទៀតឡើយ។ ពិសេស​ពាណិជ្ជករ​ក៏​ពុំ​ចាំបាច់​ព្រួយបារម្ភ​ពី​ហានិភ័យ​នៃ​អត្រា​ប្ដូរប្រាក់​ទៀត​ដែរ។

    កម្ពុជា ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ទាំង​វិស័យ​រដ្ឋាភិបាល និង​វិស័យ​ឯកជន នយោបាយ វប្បធម៌​ប្រពៃណី​ជាដើម។

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​កិច្ចការ​នេះ ព្រោះ​ពាណិជ្ជករ​ចង់បាន​ជម្រើស​ក្នុងការ​ទូទាត់​ទំនិញ និង​ការប្រើប្រាស់​រូបី​យ​វត្ថុ​បែបនេះ។  ជាមួយគ្នានេះដែរ លោក​ឧកញ៉ា​ក៏បាន​ស្នើសុំ​ឱ្យមាន​ការបង្កើត​កិច្ចសហប្រតិបត្ដិការ​បែបនេះ​ជាមួយ​បណ្ដា​ប្រទេសផ្សេងៗទៀតផង៕

  • ក្លៀក​ខ្មៅ ប្រែ​មកជា​ស​ តាមបែប​ធម្មជាតិ ក្នុង​រយៈពេល 1ខែ

    ក្លៀក​ខ្មៅ ប្រែ​មកជា​ស​ តាមបែប​ធម្មជាតិ ក្នុង​រយៈពេល 1ខែ

    ក្លៀក​ខ្មៅ ជា​បញ្ហា​ដ៏​ធំ​ណាស់​សម្រាប់​សុភាព-នារី​យើង ហើយក៏​ជា​មូល​ជាហេតុ​ដែល​ធ្វើឱ្យ​អ្នក​មិន​ហ៊ាន​ពាក់អាវ​ដៃ​វាល​ក្លៀក ឬ​មិន​ចង់បង្ហាញ​បរិវេណ​វ​ង្វ​ង់​ក្លៀក​របស់​អ្នក​នោះទេ ព្រោះ​មាន​ភាព​ខ្មាសអៀន​ខ្លាំង ព្រមទាំង​ជា​បញ្ហា​ដ៏​គួរ​រំខាន​ផងដែរ។ អស់​កង្វល់​តទៅទៀត​ហើយ ឡា​រ៉ែ​ន នឹង​ប្រាប់​ពី​វិធី​ក្នុងការ​កែប្រែ​បញ្ហា​នេះ​ឱ្យ​សុភាពនារី​ទាំងអស់​មាន​ទំនុកចិត្ត​មកលើ​ខ្លួនឯង​ជាថ្មី​ឡើងវិញ ដោយ​ការកែប្រែ​ក្លៀក​ខ្មៅ​ឱ្យ​ប្រែ​ជាស​ស្អាត ហើយ​តឹង​ណែន​មិនមាន​ស្នាម​ប្រហោង​បានក្នុង​រយៈពេល​តែ1ខែ​ប៉ុណ្ណោះ តាម​រូបមន្ដ​បែប​ធម្មជាតិ។

    គ្រឿងផ្សំ​សម្រាប់​ត្រៀម ដើម្បី​ម៉ាស្សា​ស្បែក​ក្លៀក​ខ្មៅ​ឱ្យ​ប្រែ​ជាស​ស្អាត៖
    • ទឹក​ត្រសក់​ក្រឡុក 1ស្លាបព្រា​កាហ្វេ
    • ទឹកក្រូច​ឆ្មារ 1ស្លាបព្រា​កាហ្វេ
    • ម្សៅ​ល្មៀត កន្លះ​ស្លាបព្រា​កាហ្វេ
    • ប្រេងដូង 1ស្លាបព្រា​បាយ

    វិធី​ធ្វើ
    គ្រាន់តែ​យក​វត្ថុ​ធាតុ​ផ្សំ​ដែល​បាន​តៀម​ទុក​ដូចខាងលើ មក​លាយ​ឱ្យ​ក្លាយជា​ល្បាយស្មើសាច់ តែ​មិនត្រូវ​លាយ​ជាមួយ​ប្រេងដូង​នៅក្នុង​ចាន​តែមួយ​នោះទេ។

    វិធី​ម៉ាស្សា
    បន្ទាប់ពី​ងូតទឹក​រួច ចូរ​ជូត​ខ្លួន​ឱ្យ​ស្ងួត រួច​យកសំឡី​ជ្រលក់​ជាមួយ​ប្រេងដូង ចំនួន1ស្លាបព្រា​-បាយ ដោយ​ម៉ាស្សា​ថ្មមៗនៅ​បរិវេណ​រង្វង់​ក្លៀក។ ក្រោយមកទៀត សូម​យក​សំឡី​ជ្រលក់​ជាមួយ​វត្ថុ​ធាតុ​ដែល​បាន​ត្រៀម​រួចជាស្រេច ហើយ​លាប​ថ្មមៗពីលើ​បរិវេណ​ក្លៀក​ជា​បន្ត រួច​ទុកចោល​រយៈពេល20នាទី ទើប​លាង​សម្អាត​ដោយ​ទឹក​ឱ្យ​ស្អាត​ជាការ​ស្រេច។

    ការអនុវត្ត
    សម្រាប់​អ្នក​ដែលមាន​បញ្ហា​ក្លៀក​ខ្មៅ​ខ្លាំង យក​ល្អ​អ្នក​គួរតែ​អនុវត្តតាម​វិធី​នេះ យ៉ាងហោច-ណាស់​ឱ្យបាន2-3ដង ក្នុង​មួយ​សបា្ដហ៍ ទើប​ទទួលបាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត៕

  • ខែ​ការ​ច្រើន តើ​ត្រូវ​ចាយវាយ​បែបណា​ដើម្បី​កុំឱ្យ​ដាច់​ខែ​ដាច់ខ្យល់?

    ខែ​ការ​ច្រើន តើ​ត្រូវ​ចាយវាយ​បែបណា​ដើម្បី​កុំឱ្យ​ដាច់​ខែ​ដាច់ខ្យល់?

    រដូវ​កាល​សំបុត្រ​អញ្ជើញ​អាពាហ៍ពិពាហ៍​សម្រុកចូល​មកដល់​ផ្ទះ និង​ការិយាល័យ​បានមក​ដល់​ហើយ ទាំង​អ្នកធ្វើការ អ្នករកស៊ី និង​រួមទាំង​សិស្ស-និស្សិត​ផង​នោះ សុទ្ធតែ​ត្រូវ​ត្រៀម​វិធី​ការពារ​ខ្លួន​ដើម្បី​កុំឱ្យ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​បណ្តាលមកពី​ការចែករំលែក​ចំណូល​ប្រចាំថ្ងៃ​ដើម្បី​ចូលរួម​ពី​ធី​មង្គលការ​ទាំងនោះ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក លី សុភា​រិ​ទ្ធ បុគ្គលិក​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​លើកឡើងថា ជាការ​ពិតណាស់​សម្រាប់​អ្នកធ្វើការ ឬ​អ្នករកស៊ី​ក៏ដោយ មិនអាច​គេចផុត​ពី​ការ​មាន​ទំនាក់ទំនង​បានទេ ហើយ​ពិធីមង្គលការ​ជា​ពិធី​មួយ​ដែល​ត្រូវតែ​ចូលរួម ព្រោះ​ដើម្បី​បង្ហាញ​ពី​ការ​រាប់អាន និង​ការផ្តល់​កិត្តិយស​ដល់​ក្រុមគ្រួសារ​សាច់ញាតិ ឬ​មិត្ត​ភ័ក្តិ​ដែលជា​ម្ចាស់​ដើមការ។ អ្នក​ដែល​មមាញឹក​ក្នុងការ​ចូលរួម​ពិធីមង្គលការ ភាគច្រើន​ជាម​នុស្ស​ដែលមាន​ទំនាក់ទំនង​ល្អ ហើយ​វា​ក៏​ជាស​ញ្ញាណ​ល្អ​មួយ​ដែរ តែ​អ្នក​ទាំងនោះ​ក៏​អាច​ប្រឈម​នឹង​បញ្ហាសំខាន់​មួយ​ដែរ នោះ​គឺ​វិបត្តិ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។

    លោក លី សុភា​រិ​ទ្ធ បាន​និយាយថា៖ «នៅ​ខែ​ដែលមាន​កម្មវិធី​ការ​ច្រើន អ្នកណា​ក៏ដូចជា​អ្នកណា​ដែរ​តែងតែ​ជួបនឹង​បញ្ហា​រឿង​លុយកាក់​ខ្លះ​មិន​ខាន តែ​ក៏​មិនមែន​មានន័យថា វា​ធ្វើឱ្យ​យើង​លំបាក​ខ្លាំង ហើយ​គ្មាន​វិធី​ដោះស្រាយ​នោះដែរ»។

    លោក សុភា​រិ​ទ្ធ បាន​លើកឡើងថា ជា​បទពិសោធ​របស់លោក​នៅ​ខែ​ដែល​ត្រូវ​ចំណាយ​ច្រើន​លើ​ការចូលរួម​ពិធីមង្គលការ លោក​តែងតែ​កាត់បន្ថយ​ការចំណាយ​ទាំងឡាយណា​ដែល​មិនសូវ​ចាំបាច់។ ជាធម្មតា​អ្នកធ្វើការ​តែងតែ​ឧស្សាហ៍​ជួបជុំគ្នា​យ៉ាងហោចណាស់​មួយខែ​ម្តង ហេតុនេះ​នៅ​ខែ​ណា​ដែលមាន​ពិធីការ​ច្រើន យើង​អាច​បង្វែរ​ការជួបជុំ​ក្រៅផ្លូវការ​ដែល​ត្រូវ​ចំណាយលុយ​ច្រើន​នោះ ទៅ​ជួបជុំគ្នា​នៅក្នុង​ពី​ធី​មង្គលការ​វិញ​ម្ដង។ លោក​ភា​រិ​ទ្ធ បាន​បន្ថែមទៀតថា ក្រៅពីនេះ យើង​ក៏​អាច​កាត់បន្ថយ​ការចំណាយ​តាមរយៈ​ការកែច្នៃ​ដំណើរ​កម្សាន្ត​នានា​តាម​វិធី​ឆ្លាត​វៃ​មួយចំនួន ដូចជា​ការដើរ​លេង​ដោយ​ខ្ចប់​អាហារ​ទៅតាម នៅ​រមណីយដ្ឋានជិតៗជំនួស​ឱ្យ​ការ​ដើរលេងឆ្ងាយៗ ឬ​បង្កើត​កម្មវិធី​ជួបជុំ​គ្រួសារ​បែបសប្បាយៗតែ​ចំណាយលុយ​តិច និង​បង្កើត​ភាពកក់ក្តៅ ជំនួស​ឱ្យ​ការទិញ​សម្ភារថ្លៃៗ ឬ​ដើរ​ហាងទំនើប។

    ស្រដៀង​គ្នា​នេះដែរ លោក ហម សុ​ភី ដែលជា​ម្ចាស់​អាជីវ​ម្ម​ខ្នាតតូច​មួយ​បាន​លើកឡើងថា សម្រាប់​លោក​ជា​អ្នករកស៊ី លោក​ត្រូវបំពេញ​កាតព្វកិច្ច​ជា​ចាំបាច់​ក្នុងការ​ចូលរួម​ពី​ធី​មង្គលការ​របស់​អតិថិជន ឬ​ដៃគូ​អាជីវកម្ម។ ពេលខ្លះ​ការចូលរួម​ពី​ធី​ការ អាច​ប៉ះពាល់​ដល់​ចំណូល​ច្រើន​ផងដែរ​ប្រសិនបើ​យើង​មិនបាន​ប្រយ័ត្ន ហេតុនេះ​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​គឺ ធ្វើយ៉ាងណា​កាត់បន្ថយ​ការជួបជុំ​នានា​ក្រៅផ្លូវការ និង​កាត់បន្ថយ​ការទិញ​សម្ភារថ្មីៗដែល​មិនចាំបាច់​មួយចំនួន។ លោក​ថា ជាធម្មតា​ទេ ការរស់នៅ​ក្នុងសម័យ​នេះ​គឺ​ត្រូវការ​សម្ភារ​និយម​ខ្លះ និង​ពេលដែល​ចូលរួម​ពិធី​នានា​នេះហើយ​ជា​ឱកាស​ដែល​យើង​ត្រូវ​បង្ហាញ​របស់​ទាំងអស់នោះ តែ​ពេលខ្លះ​បើ​គិត​បក​មកវិញ បើ​យើង​កាត់បន្ថយ​ការទិញ​ទូរស័ព្ទទំនើបៗដែល​មិនសូវ​ចាំបាច់ ឬ​ការផ្លាស់ប្តូរ​របស់​ដែល​អាច​ប្រើ​បាន​មួយចំនួន​អាចធ្វើឱ្យ​យើង​សល់​លុយ​ច្រើន ហើយ​មិនសូវមាន​បញ្ហា​លុយកាក់​នោះទេ៕

  • ផ្នត់គំនិត​ភាពជោគជ័យ​របស់​មហា​សេដ្ឋី​ដែល​ចាប់ផ្ដើម​ពី​ចំណុចសូន្យ ដែល​មនុស្ស​ធម្មតា (ច្រើន) មើលរំលង…

    ផ្នត់គំនិត​ភាពជោគជ័យ​របស់​មហា​សេដ្ឋី​ដែល​ចាប់ផ្ដើម​ពី​ចំណុចសូន្យ ដែល​មនុស្ស​ធម្មតា (ច្រើន) មើលរំលង…

    ហេតុអ្វី​បាន​មនុស្ស​មួយចំនួន​ជួបនឹង​ភាពជោគជ័យ​យ៉ាង​គួរឱ្យ​មោទនភាព?  នោះ​ដោយសារតែ​ពួកគេ​មានជីវិត​ដែល​ល្អ មានឱកាស មាន​អ្នក​នៅចាំ​ចង្អុលបង្ហាញ​ផ្លូវ​ឱ្យ​យ៉ាង​ងាយស្រួល និង​ហេតុអ្វី​អ្នក​ខ្លះទៀត​ទទួលបាន​ភាពជោគជ័យ​មិន​ចាញ់​គ្នា តែ​ខុសគ្នា​នៅត្រង់​គ្មានអ្វី​ជា​ឧបករណ៍​បើកផ្លូវ ចាប់ផ្ដើម​ជីវិត​ពី​សូន្យ ទ្រេតទ្រោត​ដួល​ងើប​ត្រឡប់ត្រលិន​រហូត​អាច​ទទួលបាន​ភាពជោគជ័យ​មិន​ចាញ់​អ្នក​ដែលមាន​ឱកាសល្អ​ទាំង​នោះដែរ?

    មហាសេដ្ឋី​ជាច្រើន​នាក់​បានបង្ហាញ​ឱ្យ​យើង​ឃើញថា ជីវិត​មិនចាំបាច់​ត្រូវមាន​មាសប្រាក់​លុយកាក់​មក​គ​រ​ទុកឱ្យ​តាំងពី​ដំបូង​នោះឡើយ យើង​អាច​សាង និងរ​កវាម​កបាន​ដោយ​សមត្ថភាព។

    មនុស្ស​ជាច្រើន​ចាប់ផ្ដើម​ពី​កន្ទេល​មួយ​ខ្នើយ​មួយ តែ​ពេលវេលា​កន្លងទៅ អ្វីដែល​ពួកគេ​មាន​គឺ ភូមិគ្រឹះ​ដ៏​ធំ និង​រថយន្ត​ទំនើប ព្រមទាំង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។ ប្រៀបដូចជា​ផ្លាស់​ជីវិត​ខ្លួនឯង​ជាថ្មី ពី​មនុស្ស​ធម្មតា​ដែល​គ្មាន​អ្នកណា​ស្គាល់ ក្លាយជា​បុគ្គល​ដែលមាន​ឈ្មោះ​ល្បី…

    នោះ​ដោយសារតែ​ពួកគេ​ហ៊ាន​ក្នុងការ​ប្រឈម​នឹង​ក្ដី​ភ័យខ្លាច… 
    នោះ​ដោយសារតែ​ពួកគេ​មិន​ញញើត​នឹង​ឧបសគ្គ​ដែល​នៅខាងមុខ…
    នោះ​ដោយសារតែ​ពួកគេ​ជឿថា អ្វីដែល​គេ​កំពុង​ធ្វើ​នៅពេលនេះ​គឺ​សំខាន់បំផុត…

    និង​នោះ​ដោយសារតែ​ពួកគេ​ព្យាយាម​ធ្វើ​នាពេល​បច្ចុប្បន្ន​ឱ្យ​ល្អ​បំផុត ចំណែក​លទ្ធផល​នឹង​ទៅជា​យ៉ាងណា​នោះ គ្មាន​នរណា​ទៅ​យកចិត្តទុកដាក់​នឹង​វា​ប៉ុន្មាន​ឡើយ  ព្រោះ​ការចាប់ផ្ដើម​ធ្វើតាម​ផែនទី​ដែល​បានរៀបចំ​ទុក​នៅ​នឹង​មុខ ផ្ចង់ស្មារតី​ជាមួយ​វា​ឱ្យ​ល្អ​បំផុត នោះ​យើង​នឹង​រកឃើញថា វា​គឺជា​ចំណែក​មួយ​របស់​ដុំ​ជិ​ក-ស (ក្រដាស​ត​រូបភាព) ដែល​នឹង​ត​ដំណើរ​ជីវិត​ដ៏​រុងរឿង​ឱ្យ​កើតឡើង​បាន។

    មនុស្ស​ធម្មតា​ច្រើនតែ​មើលរំលង​សមត្ថភាព​ខ្លួនឯង-តែ​អ្នក​ដែល​ជួបនឹង​ភាពជោគជ័យ​មើលឃើញថា សមត្ថភាព​ដែល​ទន់ខ្សោយ អាច​បន្ថែម​បាន​ដោយ​ការរៀន​យល់ដឹង។

    អ្នក​ជួប​ភាពជោគជ័យ​នឹង​នឹក​ស្រមៃ ហើយ​ចាប់​ផ្ដើមធ្វើ​វា​ឡើង​យ៉ាង​តាំងចិត្ត ចំណែក​មនុស្ស​ធម្មតា​គូសវាស​ក្ដី​ស្រមៃ និង…ស្រមើស្រមៃ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ​មិនបាន​ចាប់ផ្ដើម​ធ្វើ​វា​ឡើង​យ៉ាងពិត​ប្រាកដ​នោះទេ។

    គ្មានអ្វី​ស្មុគស្មាញ​នៅក្នុង​ភាពជោគជ័យ​ដែល​ពួកគេ​បានទទួល​នោះទេ  គ្មាន​អាថ៌កំបាំង​អ្វី​បង្កប់​នៅក្នុង​នោះទេ មាន​ត្រឹមតែ​ទស្សនៈ និង​គំនិត​ដែល​ខុសប្លែក​ពី​មនុស្ស​ធម្មតា​ប៉ុណ្ណោះ។ មហាសេដ្ឋី​ដែល​ចាប់ផ្ដើម​ជីវិត​ពី​សូន្យ​សុទ្ធតែ​ធ្លាប់ជា​មនុស្ស​ធម្មតា​ពីមុនមក​ទាំងអស់ ប៉ុន្តែ​ខួរក្បាល​ពួកគេ​បែរជា​មាន​បែបផែន​ដែល​ខុសប្លែក មាន​ភាពជឿជាក់ មាន​ក្ដី​ព្យាយាម និង​សម្លឹងមើល​ពិភពលោក​យ៉ាង​យល់ដឹង។ មិន​ថា​ជោគជ័យ ឬ​បរាជ័យ​នោះទេ មនុស្ស​ទាំងនោះ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ឈានទៅ​ខាងមុខ​បែប​មិន​ញញើតញញើម  នេះ​គឺ​ផ្នត់គំនិត​ដែល​មនុស្ស​ជាច្រើន​មើលរំលង។ មិន​ហ៊ាន​ដើរ​ចេញពី​កន្លែង​ដែល​ខ្លួនឯង​គិតថា សុខ​ស្រួល​បំផុត​ហើយ​នៅក្នុង​ចំណុច​ដែល​ខ្លួនឯង​កំពុង​ឈរ​នេះ។ ខ្លាច​ការ​ចេញទៅ​ប្រឈម​នឹង​ពិភពថ្មី​មួយ​ដែល​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ជា Comfort zone ដូច​មុន​ឬក៏​អត់?។

    បើ​មិន​ចង់​ធ្វើជា​មនុស្ស​ធម្មតា – សាកល្បង​ប្រឈមមុខ​នឹង​ក្តី​ភ័យខ្លាច សាកល្បង​ធ្វើ​នូវ​អ្វីដែល​មិន​ធ្លាប់ធ្វើ សាកល្បង​ចាប់យក​ក្ដី​ស្រមៃ​មក ហើយ​ចាប់​ផ្ដើមធ្វើ​សាក ល​មើល​ឱ្យបាន​ម្ដង​ទៅ​មើល៍។ អ្វីដែល​គិតថា ធ្វើ​មិនកើត អាច​នឹង​ក្លាយជា​ចំណុច​ចាប់ផ្ដើមរ​បស់ជំហាន​ដំបូង ហើយ​វា​ដឹកនាំ​យើង​ធ្វើដំណើរ​ឆ្ពោះទៅរក​ចំណុចកំពូល​នៃ​ភាពជោគជ័យ​ដូចដែល​យើង​ត្រូវការ​ក៏​អាច​ថា​បានដែរ…៕

    រៀបរៀង​ដោយ តា​វ៉ែនតា

  • ភរិយា Rain ជិតដល់ថ្ងៃប្រសូតបុត្រហើយ

    ភរិយា Rain ជិតដល់ថ្ងៃប្រសូតបុត្រហើយ

    នៅថ្ងៃទី25 ខែតុលា ឆ្នាំ2017 នេះ តាមរយៈសារព័ត៌មានកូរ៉េ Koreaboo បានឱ្យដឹងថា ចុងក្រោយថ្មីៗនេះ Kim Tae Heeជាភរិយារបស់តារាចម្រៀង និងសម្ដែង Rain បានប្រាប់ឱ្យដឹងថា អ្នកនាងជិតដល់ថ្ងៃផ្ដល់កំណើតកូនសម្លាញ់ហើយ បន្ទាប់ពីពពោះបានគ្រប់ខែ។ សារព័ត៌មានដដែលនេះក៏បានអះអាងដែរថា លោក Rain បានបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គម Instagram របស់លោកផ្ទាល់ដោយបានបញ្ជាក់ថា លោកត្រៀមទទួលយកនូវសមាជិកថ្មីមួយទៀតដែលជិតបានឃើញពន្លឺព្រះអាទិត្យនាពេលឆាប់ៗខាងមុខនេះ។

    គួរបញ្ជាក់ផងដែរថា លោក Rain បានសរសេរខ្លីៗជំនួសកូនស្រីនៅក្នុងគភ៌របស់ភរិយានៅលើរូបភាពក្នុងអ៊ីនស្ដាក្រាមថា “អរគុណ!! …ខ្ញុំប្រៀបបីដូចជាម្ចាស់ក្សត្រិយ៍ដ៏ស្រស់ស្អាត។ ពួកយើងនឹងឱ្យនាងបានសម្រាកយ៉ាងស្រួលបំផុត ហើយនោះនាងនឹងក្លាយជាមនុស្សម្នាក់ដែលប្រសើរ ហើយរីករាយបំផុតនៅក្នុងជីវិត”៕