Category: សង្គម និងសេដ្ឋកិច្ច

  • ឱកាស​មកដល់​ហើយ! សម្រាប់​អ្នក​ចង់បាន​រថយន្ត​តាក់ស៊ី​ធ្វើ​អាជីវកម្ម

    ឱកាស​មកដល់​ហើយ! សម្រាប់​អ្នក​ចង់បាន​រថយន្ត​តាក់ស៊ី​ធ្វើ​អាជីវកម្ម

    ដោយ​សម្លឹង​ឃើញ​ភាព​ពេញ​និយមនៃ​ការធ្វើដំណើរ​របស់​ប្រជាជន​កម្ពុជា​តាមរយៈរ​ថយ​ន្ដ​តាក់ស៊ី​កាន់តែ​មានការ​កើនឡើង ពិសេស​អ្នកមាន​ក្ដី​ប្រាថ្នា​ចង់បាន​រថយន្ដ​តាក់ស៊ី​ផ្ទាល់ខ្លួន តែ​គ្មាន​ថិ​វ​កា​គ្រប់គ្រាន់​ក្នុង​ការទិញ​នោះ ពេលនេះ​ក្រុមហ៊ុន Global Mobility Service Inc. របស់​ប្រទេស​ជប៉ុន​កំពុង​នឹងធ្វើ​ឱ្យ​បំណង​ប្រា​ថា្ន​របស់​លោកអ្នក​បានសម្រេច​ហើយ។

    លោក តូ​កូ​ស្ហ៊ិ ណា​កាស៊ី​ម៉ា នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ជប៉ុន Global Mobility Service, Incបាន​លើកឡើងថា ដោយ​កំណើន​អ្នក​ប្រាស់​រថយន្ដឈ្នួល (តាក់ស៊ី)នៅក្នុង​កម្ពុជា​កាន់តែ​មាន​ការកើនឡើង​ទើប​ធ្វើឱ្យ​យើង​សម្លឹង​ឃើញ​ឱកាស​នៃ​ការវិនិយោគ​ធុរកិច្ច​នេះ។ តាមរយៈ​បច្ចេកវិទ្យា​ទំនើប​ដោយ​ប្រព័ន្ធ GMS ដែលមាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម​ប្រភេទ​សេវាកម្ម​ថ្មី​របស់​ជប៉ុន និង​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ឱ្យបាន​ល្អ។

    នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ជប៉ុន Global Mobility Service, Inc បញ្ជាក់ថា៖ «តាមរយៈ​ការវិនិយោគ​របស់​ក្រុមហ៊ុន យើង​នឹង​ចូលរួមចំណែក​ជួយ​ដល់​អ្នកបើកបរ​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យក្លាយ​ជា​ម្ចាស់​យានយន្ត​ពិតប្រាកដ និង​សាង​ប្រាក់ចំណូល​កាន់តែ​ខ្ពស់ តាមរយៈ​ប្រព័ន្ធ GMS ដែល​នឹង​នាំមក​ជូន​ប្រជាជន​កម្ពុជា​នូវ​ប្រព័ន្ធ និង​សេវាកម្ម​ដូចគ្នា ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា» ។

    ខណៈ Mobility Service Inc បានបង្ហាញ​វត្ដ​មាននៅ​កម្ពុជា ក្រុមហ៊ុន​មួយ​នេះ​បាន​សហការ​ជាមួយ​ធនាគារ​ឯកទេស AEON ក្នុង​ការផ្ដល់​ប្រាក់កម្ចី​ជូន​អ្នកបើកបរ​ដែល​ប្រាថ្នា​ចង់បាន​យានយន្ត​តាក់ស៊ី​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ដល់​ការសម្រេច​គោលបំណង​ក្នុងការ​បង្កើន​ប្រាក់ចំណូល​គ្រួសារ​បន្ថែម។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Global Mobility Service Inc. បាន​បង្កើត​ឧបករណ៍ IoT ដែល​ហៅថា ប្រព័ន្ធ​ចល័ត ឬ “MCCS” ដែល​អាច​បិទ​ដំណើរការ​យានយន្ត​តាមរយៈ​ការបញ្ជា​ពី​ចម្ងាយ ក្នុងករណី​ខកខាន​ការបង់​សង​ប្រាក់កម្ចី​ទាន់ពេលវេលា។ ប្រព័ន្ធ​នេះ​អាចបង្កើត​ប្រតិបត្តិការ​ប្រាក់កម្ចី​ស្វ័យប្រវត្តិ ជាពិសេស​អ្នកបើកបរ​ដែល​មិនមាន​ឥណទាន​គ្រប់គ្រាន់ ឬ​គណនី​ក្នុង​ធនាគារ៕

  • ជោគជ័យ តែង​បានមកពី​បរាជ័យ

    ជោគជ័យ តែង​បានមកពី​បរាជ័យ

    – មិនមាន​ទេ…ដំណើរ​ផ្លូវ​ទៅរក​ភាពជោគជ័យ​ដែល​រោយ​ដោយ​ស្រទាប់ផ្កា​កុលាប…
    – តើ​មាន​អ្វីខ្លះ​ដែល​បានមក​យ៉ាងងាយៗ ហើយ​រីកចម្រើន​លូតលាស់​ល្អ​ដោយ​មិនចាំបាច់​បញ្ចេញ​កម្លាំង?
    ចម្លើយ​គឺ មាន!  តែ​រឿង​នោះ​ប្រហែលជា​នៅ​ជាមួយ​យើង​មិន​បានយូរ​ឡើយ។

    នៅលើ​ដំណើរ​ផ្លូវ​ដែល​រោយ​ដោយ​ស្រទាប់ផ្កា​កុលាប វា​ក៏​គ្រាន់តែ​ជា​ដំណើរ​ផ្លូវ​របស់​មនុស្ស​ទន់ជ្រាយ​ដែល​មិន​ព្រម​ខំប្រឹង​ពុះពារ​តតាំង​នឹង​ឧបសគ្គ។ ជា​ដំណើរ​ផ្លូវ​មួយ​ដែល​មើលទៅ​ល្អ​សប្បាយ​ជាច្រើន​បែប មិនចាំបាច់​ចាប់ផ្ដើម​អ្វី​ច្រើន​ឡើយ  គ្រាន់តែ​អង្គុយ​ឱន​មុខ​ខំប្រឹង​ធ្វើការ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​គិតតែ​ស្វែងរក​ភាពជោគជ័យ​ដែល​មិនដឹង​ជា​នៅទីណា…។

    មាន​ក្តី​ស្រមៃ​ជាច្រើន​នៅក្នុង​ខួរក្បាល តែ​មិនដែល​ចាប់ផ្ដើម​ធ្វើ ព្រោះ​ខ្លាច​បរាជ័យ ខ្លាច​ភ្លាត់ភ្លាំង វា​ក៏​មិន​ខុស​អ្វី​ពី​ការ​អង្គុយធម្មតាៗដើម្បី​រង់ចាំ​ឱកាស​ដែល​មិនដឹងថា នឹង​មកដល់​នៅពេលណា…។

    ទោះជា​ឱកាស​ចូលមក​ដល់ តែ​បទពិសោធ​ដ៏​តិចតួច​របស់​យើង​ច្បាស់​ជា​នឹង​ធ្វើឱ្យ​ដំណើរ​ផ្លូវ​នៃ​ក្ដី​ស្រមៃ​ក្លាយជា​អ្វីមួយ​ដែល​លំបាកលំបិន​រហូតដល់​ចង់តែ​ដកទ័ព​ថយ…។

    គ្រាន់​តែដោយសារ​ស្រទាប់ផ្កា​កុលាប​ដែល​រោយ​ចុះមក​ក្នុងអំឡុងពេលដំបូងៗ និង​តម​ក​ចាប់ផ្ដើម​មាន​ចម្រូង​បន្លា​មកចាក់​ដោត​ជើងច្រើនឡើងៗជាបណ្ដើរៗនោះ មានតែ​មនុស្ស​មិន​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​នៅតែ​ហ៊ាន​ដើរ​តទៅ​មុខ​រហូតដល់​ជួបនឹង​ភាពជោគជ័យ​ដ៏​ច្រើន។ មនុស្ស​ប្រភេទ​ហ្នឹង​មាន​មិន​ច្រើន​ប៉ុន្មាន​ទេ​នៅលើ​ពិភពលោក ព្រោះ​ពួកគេ​មាន​ភាពជឿជាក់​លើ​ខ្លួនឯង និង​ប្រាកដ​ក្នុង​ចិត្ត​ថា ក្ដី​ឈឺចាប់ និង​ការខិតខំ​រើបម្រះ​ក្នុងថ្ងៃនេះ​នឹង​ក្លាយជា​អ្នក​នាំ​ភាពជោគជ័យ​មកឱ្យ​ពួកគេ​បាន​នាពេល​អនាគត។

    គ្រប់​ភាពជោគជ័យ​ដែលមាន​តម្លៃ គ្រប់​ក្ដី​ស្រមៃ​ដែល​យើង​គូសវាស​ទុក ទម្រាំ​តែ​ឈានទៅ​ស្រវា​ចាប់​វា​មក​គ្រប់គ្រង​បាន ត្រូវ​ឆ្លង​កាត់ក្តី​បរាជ័យ ក្តី​អស់សង្ឃឹម ក្ដី​រួញរា និង​ក្ដី​ភិតភ័យ រហូតដល់​ក្ដី​ភ័យខ្លាច​ពីអ្វី​ដែល​មើលមិនឃើញ​ទៀតផង។ អ្នក​ដែល​ហ៊ាន​ឈាន​រំលង និង​ចាប់ផ្ដើម​កែ​បញ្ហា​ចំពោះមុខ​ដោយ​ក្ដី​ជឿជាក់ថា ខ្លួនឯង​អាចធ្វើ​បាន​ដោយ​មិន​រួញរា​នឹង​អ្វីដែល​ហៅថា ឧ​សគ្គ​នោះ នៅ​ទីបំផុត​ពួកគេ​នឹង​ក្លាយជា​មនុស្ស​ដែល​ទទួលជោគជ័យ​ក្នុង​ជីវិត។ ជា​ភាពជោគជ័យ​ដែល​ស្ថិតស្ថេរ និង​សែន​មាន​មោទនភាព វា​នឹង​នៅ​គង់វង្ស និង​រីក​ធំធាត់​ជាមួយ​យើង​រហូត​តទៅ​យ៉ាង​មានគុណ​តម្លៃ។

    អ្នក​ដែល​កំពុង​ដើរទៅ​មុខ​តាម​ក្ដី​ស្រមៃ​របស់ខ្លួន ចូរ​ចាំ​ទុក​ជាប់​ជានិច្ច​ថា ភាពជោគជ័យ​ដែល​រោយ​ដោយ​ស្រទាប់ផ្កា​កុលាប​រហូត​ពេញ​មួយ​ដំណើរ​ផ្លូវ​នោះ គឺ​គ្រាន់តែ​ជា​រូបភាព​បន្លំ​ភ្នែក​ដែល​គ្មាន​រូបរាង​ពិតប្រាកដ​ឡើយ។ ការ​នឹង​ឈានទៅ​មុខ​យ៉ាង​មុតមាំ​លើ​ដំណើរ​ផ្លូវ​នៃ​ភាពជោគជ័យ​បាន ត្រូវតែ​ឆ្លងកាត់​ឧបសគ្គ​ដ៏​ច្រើន​ដែល​វា​ជា​អ្នក​សាកល្បង​ចិត្ត​របស់​យើង​ថា តើ​យើង​មានតម្លៃ​គ្រប់គ្រាន់​ជាមួយនឹង​ក្ដី​ស្រមៃ​ដ៏​ធំធេង​នោះដែរ​ឬទេ?។

    បទពិសោធ​ដែល​កន្លងផុត​ទៅក្នុង​ក្ដី​លំបាកលំបិននីមួយៗដែល​បាន​ជួប​ក្នុង​ដំណើរ​ផ្លូវ គឺជា​អ្នក​ជួយ​សាង​ភាពរឹងមាំ​ឱ្យ​យើង​នាពេល​អនាគត។ រឹតតែ​ច្រើន​ប៉ុនណា រឹតតែ​ជួយ​ធ្វើឱ្យ​បេះដូង​យើង​រឹងមាំ និង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ប្រឈម​ជាមួយនឹង​បញ្ហាផ្សេងៗទៀត​ដែល​នឹង​ចូលមក​នាពេល​អនាគត​បាន​យ៉ាង​មិន​ភ័យខ្លាច។

    ចូរ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន ឈាន​រំលង​បញ្ហា និង​ចេញ​ដើរ​នៅលើ​ដំណើរ​ផ្លូវ​ដែល​ពេញ​ទៅដោយ​ចម្រូង​បន្លា​យ៉ាង​គ្មាន​ភ័យខ្លាច…ភាពជោគជ័យ​នឹង​រង់ចាំ​អ្នក​នៅខាងមុខ៕

    រៀបរៀង​ដោយ តា​វ៉ែនតា

  • អគ្គិសនី​កម្ពុជា​សហការ​ជាមួយ JICA ជប៉ុន​ចុះ​ពិនិត្យ​កុង​ទ័​រ​ភ្លើង​មិន​ប្រក្រតី

    អគ្គិសនី​កម្ពុជា​សហការ​ជាមួយ JICA ជប៉ុន​ចុះ​ពិនិត្យ​កុង​ទ័​រ​ភ្លើង​មិន​ប្រក្រតី

    ភ្នំពេញ៖ ដើម្បី​ចៀសវាង​ការចោទប្រកាន់ ការប្រើប្រាស់​ភ្លើង​អស់​ច្រើន​គីឡូវ៉ាត់ អាជ្ញាធរ​អគ្គិសនី​បាន​សហការ​ជាមួយ​អ្នកជំនាញការ JICA ជប៉ុន ដើម្បី​រក​ភាពត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា គីឡូវ៉ាត់​អគ្គិសនី​ថ្លៃ ឬ​កើនឡើង​ច្រើន​ខុស​ប្រក្រតី​នៅ​ទូទាំងប្រទេស។

    មន្ត្រី​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​និយាយថា អគ្គិសនី​ដែល​ផ្គត់ផ្គង់​លក់​ឱ្យ​អ្នកប្រើប្រាស់នីមួយៗ តម្រូវឱ្យ​រត់​កាត់​នាឡិកា​អគ្គិសនី ឬ​ជញ្ជីង​វាស់​ភ្លើងអគ្គិសនី​របស់​អ្នកប្រើប្រាស់​នោះ ដើម្បីឱ្យ​នាឡិកា​ធ្វើការ​វាស់វែង និង​កត់ត្រា​ចំនួន​គីឡូវ៉ាត់ម៉ោង​មុននឹង​ផ្គត់ផ្គង់​ទៅឱ្យ​អ្នកប្រើប្រាស់ សម្រាប់​គម្រប់1ខែ ទើប​គេ​ស្រង់​យក​ចំនួន​គីឡូ​អគ្គិសនី​ដែល​បាន​ផ្គត់ផ្គង់​នោះ​ទៅធ្វើ​វិក្កយបត្រ​គិត​ប្រាក់​ថ្លៃ​អគ្គិសនី។ ដូច្នេះ​ទាំង​ចំនួន​ទឹកប្រាក់ និង​ចំនួន​គីឡូ​អគ្គិសនី​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺ​ស្ថិតនៅលើ​ថា តើ​ការវាស់វែង និង​កត់ត្រា​របស់​នាឡិ​កា​វាស់​នោះ​ត្រឹមត្រូវ​ដែរឬទេ?។

    ជាមួយគ្នានេះដែរ មន្ត្រី​អគ្គីសនី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​យល់ច្រឡំ​ថា ឱ្យតែ​ឧបករណ៍​ប្រើ​អគ្គិសនី​របស់ខ្លួន​នៅ​ដដែល គីឡូ​អគ្គិសនី​ដែល​ខ្លួន​ប្រើ​តាម​ខែ​ត្រូវតែ​នៅ​ដដែល​ដែរ ពីព្រោះថា ទោះជា​ឧបករណ៍ប្រើប្រាស់​នៅ​ដដែល​ក៏ដោយ តែ​ចំនួន​គីឡូ និង​ចំនួន​ថ្លៃ​អគ្គិសនី​វា​ប្រែប្រួល​ទៅតាម​ចំនួន​ម៉ោង និង​ចំនួន​នាទី​ដែល​ឧបករណ៍នីមួយៗបើក​ប្រើ «បើក​ប្រើ1ម៉ោង និង​បើក​ប្រើ3ម៉ោង ចំនួន​គីឡូ​ប្រើ​ខុសគ្នា 3ដង)  ដូច្នេះ​ចង់ឱ្យ​គីឡូ​ចុះ​តិច​ត្រូវ​បើក​ឧបករណ៍នីមួយៗឱ្យ​តិច​ម៉ោង និង​តិច​នាទី​ជាង​មុន»។

    ក្រុមការងារ​ចម្រុះ​រវាង​អាជ្ញាធរ​អគ្គិសនី​ជាមួយ JICA ជប៉ុន នឹង​រួមគ្នា​ធ្វើដំណើរ​ចុះ​តាម​បណ្តា​ខេត្ត-ក្រុង ទាំង 25 ទូទាំងប្រទេស តាម​កម្មវិធី​ជា​បន្តបន្ទាប់ ដើម្បី​រួមគ្នា​ដោះស្រាយ​ការសង្ស័យ​លើ​គីឡូ​អគ្គិសនី ឬ​លើ​ថ្លៃ​អគ្គិសនី​អស់​ច្រើន​របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ​ប្រសិនបើ​សង្ស័យថា​គីឡូ ឬ​ចំនួន​ថ្លៃ​អគ្គិសនី​ឡើង​មិន​ប្រក្រតី អ្នកប្រើប្រាស់​អគ្គិសនី​នៅ​តំបន់​ណា​ក៏​អាចបំពេញ​ពាក្យស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ក្រុមចម្រុះ​ឱ្យ​យក​ឧបករណ៍​ផ្ទៀងផ្ទាត់​ទៅ​ផ្ទៀងផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នោះ​មើលថា តើ​វា​ដើរ​ត្រឹមត្រូវ​ឬទេ?។ ការងារ​នេះ​ធ្វើ​ជូន​ដោយ​មិន​យកប្រាក់​ទេ។

     

    ប្រសិនបើ​ផ្ទៀងផ្ទាត់​រួចហើយ អ្នកប្រើប្រាស់​នៅតែ​សង្ស័យ​មិន​ជឿ​លើ​ការផ្ទៀងផ្ទាត់​របស់​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា ឬ​ក្រុមការងារ​ចម្រុះ​ទេនោះ ពួកគេ​អាច​ទៅ​ទិញ​នាឡិកា(កុង​ទ័​រ)ណាមួយ​ដែល​ពួកគេ​យល់ឃើញថា​ត្រឹមត្រូវ (ទោះជា​ទិញ​ពី​អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក -ល-ក៏ដោយ) រួច​ស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ឬ​ក្រុមការងារ​រួម​ខាងលើ​ពិនិត្យ​ព្រមទាំង​អនុញ្ញាតឱ្យ​ដាក់​នាឡិការ​នោះ​វាស់ និង​កត់ត្រា​ទន្ទឹមគ្នា​នឹង​នាឡិកា​ចាស់​របស់​អ្នកផ្គត់ផ្គង់​ក្នុង​រយៈពេល 3ខែ ដើម្បី​ផ្ទៀងផ្ទាត់​ធ្វើ​សាក្សី​មើល​ទាំងអស់គ្នា​ថា តើ​នាឡិកា​ចាស់​ដែល​អ្នកផ្គត់ផ្គង់​តំបន់​នោះ​កំពុង​ប្រើ វាស់​ខុសពី​នាឡិកា​ដែល​អ្នកប្រើប្រាស់​ទិញ​មក​ដាក់​នោះដែរ​ទេ?។ បើ​ដាក់​វាស់​ទន្ទឹមគ្នា​រួច​ឃើញថា វា​ខុសគ្នា​មែន ខាង​អាជ្ញាធរ​នឹង​រក​ខុសត្រូវ​ជូន​អ្នកប្រើប្រាស់​នោះ​ភ្លាម។

    ការចុះពិនិត្យ និង​ធ្វើ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ជាមួយ JICA ខាងលើនេះ គឺ​បានបង្ហាញ​ពី​តម្លាភាព​កាន់តែ​ធំ និង​បង្ហាញថា កិច្ចការ​ស្វែងរក​ភាពត្រឹមត្រូវ​នៃ​ការសង្ស័យ​លើ​គីឡូ​អគ្គិសនី ឬ​ថ្លៃ​អគ្គិសនី​អស់​ច្រើន​ដែល​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានធ្វើ​ពីមុនមក​នោះ ទោះជា​ខាង​អ្នកបច្ចេកទេស​ជប៉ុន ក៏​គេ​ត្រូវតែ​ធ្វើបែបនេះ​ដូចគ្នា​ដែរ៕

  • ទម្លាយ​អាថ៌កំបាំង​បំបាត់​មុន​ខ្មៅមុន​អង្កាម​នៅលើ​ច្រមុះ

    ទម្លាយ​អាថ៌កំបាំង​បំបាត់​មុន​ខ្មៅមុន​អង្កាម​នៅលើ​ច្រមុះ

    ឡា​រ៉ែ​ន សូម​ណែនាំ​ពី​វិធី​កម្ចាត់​មុន​ខ្មៅ និង​មុន​អង្កាម​នៅលើ​ច្រមុះ​ដោយ​វិធីងាយៗ ហើយ​ជឿថា អ្នក​ទាំងអស់គ្នា​ធ្លាប់​ជួបប្រទះ​បញ្ហា​នេះ​រួចហើយ នៅតាម​ចំណុចផ្សេងៗនៅលើ​ស្បែ​កមុខ ជាពិសេស​នៅលើ​ច្រមុះ​ផ្ទាល់​តែម្ដង ទើប​យើង​លើកយក​នូវ​អាថ៌កំបាំង​នៃ​ការ​កម្ចាត់​មុន​ក្បាល​ខ្មៅ និង​មុន​អង្កាម​នៅលើ​ច្រមុះ​នេះ មក​ប្រាប់​ប្រិយមិត្ត​អ្នកអាន​ទាំងអស់គ្នា។

    របស់​ដែល​អ្នក​ត្រូវ​ត្រៀម​ជាស្រេច

    1. កន្សែង​ត្រាំ​ទឹក​ក្ដៅឧណ្ហៗឱ្យ​សើម​ជោក
    2. អំបិល​ម៉ដ្ឋ


    3. ទឹកក្រូច​ឆ្មារ 1 ចំហៀង


    4. ទឹកឃ្មុំ 1 ស្លាបព្រា​បាយ

    វិធី​ធ្វើ

    1 . ចាប់ផ្ដើម​យក​កន្សែង​ក្ដៅឧណ្ហៗមក​ស្អំ​នៅលើ​ច្រមុះ​រយៈពេល10នាទី ដើម្បីឱ្យ​មុន​អង្កាម​ដែលជា​ខ្លាញ់​នៅក្នុង​រន្ធ​រោម​នោះ​បើកមុខ និង​កក​ជា​ដុំរឹងៗ ហើយ​អ្នក​ត្រូវ​រំលាយ​ខ្លាញ់​មុន ដោយ​កម្ដៅ​ក្រណាត់ឧណ្ហៗ។
    2 . នៅពេល​ខ្លាញ់​មុន​ចាប់ផ្ដើម​រលាយ​ហើយ អ្នក​ត្រូវ​សម្អាត​ចេញ​ម្ដងបន្ដិចៗ ដើម្បីឱ្យ​រន្ធ​រោម​បិទមុខ​វិញ។
    3. យក​អំបិល ទឹកក្រូច​ឆ្មារ ទឹកឃ្មុំ ដែល​ផ្សំ​ចូលគ្នា​ហើយ មក​ម៉ាស្សា និង​ស្អំ​ដោយ​ដៃថ្នមៗរយៈពេល10នាទី។
    4. បន្ទាប់មក​យក​កន្សែង​ក្ដៅឧណ្ហៗ មក​ជូត​ចេញ​ដោយថ្នមៗ។
    5. ជា​ចុងក្រោយ ចូរ​លាងមុខ​ជាមួយ​ទឹក​ធម្មតាដើម្បីឱ្យ​រន្ធ​រោម​បង្រួម​ខ្លួន​តូច​ឡើងវិញ៕

  • នាំគ្នាមកស្គាល់ពិធីកររូបសង្ហាដាច់គេក្នុងកម្មវិធី  Miss Grand International 2017 វិញម្ដង…

    នាំគ្នាមកស្គាល់ពិធីកររូបសង្ហាដាច់គេក្នុងកម្មវិធី  Miss Grand International 2017 វិញម្ដង…

    នៅទីបញ្ចប់កម្មវិធីប្រកួតបវរកញ្ញាលំដាប់ថ្នាក់អន្ដរជាតិ  Miss Grand International 2017 បានរកឃើញម្ចាស់គ្រងតំណែងមកុដហើយ គឺបានទៅលើបេក្ខនារី  Maria Jose Lora ជាបវរកញ្ញាតំណាងប្រទេស ប៉េរូ  តែដោយឡែកនៅក្នុងកម្មវិធីទាំងមូលក៏មានការចាប់អារម្មណ៍ជាខ្លាំងទៅលើពិធីកររាងសង្ហាមួយរូបដែលបានធ្វើបវរកញ្ញានៅលើឆាកទាំងអស់ រួមទាំងទស្សនិកជន(ជាសុភាពនារី)ផងនោះ ទប់អារម្មណ៍សឹងតែមិនចង់បានខណៈបានឃើញរូបលោកនៅលើវេទិកា។ ពិធីកររូបនេះមានឈ្មោះថា  Xian Lim គឺជាតារាកូនកាត់ចិន និងហ្វ៊ីលីពីន ហើយលោកមានអាជីពជាតារាសម្ដែង និងបង្ហាញម៉ូដ។

    តារាប្រុសរូបនេះ មានឈ្មោះពេញគឺ Alexander Xian Cruz Lim-Uy កើតនៅឆ្នាំ 1989 ឪពុកម្ដាយរបស់លោកមានសែស្រឡាយជាជនជាតិចិន ហើយបានមករស់នៅក្នុងប្រទេស ហ្វ៊ីលីពីន។ លោកបានប្រសូតនៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋ San Francisco លុះអាយុបាន 6 ឆ្នាំ ក៏វិលត្រឡប់មករស់នៅក្នុងប្រទេសហ្វ៊ីលីពីនវិញ។ ក្រោយមកដល់អាយុ 10 ឆ្នាំ លោកបានធ្វើដំណើរទៅរស់នៅសហរដ្ឋអាមេរិកវិញ និងបន្ដការសិក្សានៅទីនោះរហូតដល់ចប់ថ្នាក់វិទ្យាល័យនៅអាយុ 18 ឆ្នាំ។ តារាប្រុសរូបនេះ បានចាប់ផ្ដើមសម្ដែងក្នុងខ្សែភាពយន្ដជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ 2011 ខ្សែភាពយន្ដនោះមានចំណងជើងថា “My Binondo Girl” ។

    គួរបញ្ជាក់ផងដែរថា លោក Xian Lim  មានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងពិភពសិល្បៈប្រទេស ហ្វ៊ីលីពីន ព្រមទាំងមានអ្នកគាំទ្រ និងស្រឡាញ់លោកជាច្រើនសិបពាន់នាក់ទៀតផង ។ ហើយថ្មីៗនេះ លោកកំពុងតែថតភាពយន្ដភាគទូរទស្សន៍រឿងថ្មីមួយទៀត ដែលមានចំណងជើងថា “Bride For Rent” ( Bride borrowed) ៕

  • លោក Klopp និង​លោក Wagner ត្រៀម​ប៉ះគ្នា ខណៈ Aguero សម្លឹង​រក​កំណត់ត្រា

    លោក Klopp និង​លោក Wagner ត្រៀម​ប៉ះគ្នា ខណៈ Aguero សម្លឹង​រក​កំណត់ត្រា

    លោក David Wagner ចាត់ទុក​លោក Jurgen Klopp គឺជា​សមាជិក​ម្នាក់​នៃ​ក្រុមគ្រួសារ​របស់លោក ប៉ុន្តែ នៅ​ថ្ងៃ​សៅរ៍​នេះ​គ្រូបង្វឹក​រូបនេះ​នឹងត្រូវ​ទុក​មិត្តភាព​របស់​ពួកគេ​មួយ​ឡែក និង​សង្ឃឹមថា ក្រុម Huddersfield អាច​នឹង​ផ្តួល​ក្រុម Liverpool ជា​លើក​ទី1បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៥៩មក។

    ក្រុម​របស់លោក Wagner នឹងធ្វើ​ដំណើរ​ទៅកាន់​ការប្រកួត​នេះ​ដោយ​ការជឿជាក់​ដ៏​ខ្ពស់​មួយ ក្រោយពី​បាន​ផ្តួល​ក្រុម Manchester United ជា​លើក​ទី1គិត​ចាប់តាំងពី​ឆ្នាំ1992មក កាលពី​ថ្ងៃ​សៅរ៍​មុន ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ11 ក្រោយពី​ការប្រកួត9លើក។ ការទទួល​ជ័យជម្នះ​លើ​ក្រុម Liverpool ធ្វើ​ឲ្យ​ក្រុម Huddersfield ឡើងទៅ​ឈរ​ពីលើ​ក្រុម​ហង្ស​ក្រហម​មួយ​នេះ និង​ធ្វើ​ការដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​មិត្ត​ភ័ក្តិ​ដ៏​ជិតស្និទ្ធ​របស់លោក ដែលជា​ឪពុកធម៌​របស់​កូន​ទាំង3នាក់​របស់លោក Wagner ក្រោយពី​ការជួប​ភាព​ត្រដាបត្រដួស​ក្នុង​ក្របខ័ណ្ឌ​លី​ក​ក្នុង​រដូវ​កាល​នេះ។

    ស្របពេល​ជាមួយគ្នានេះ ក្រុម Man City នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម West Brom ដែល​នឹង​សម្លឹង​រក​ការធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ជាង​ពេល​ជួប​ជាមួយនឹង​ក្រុម Wolves កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ ខណៈដែល Sergio Aguero នឹង​សម្លឹង​រក​ការ​បំបែក​កំណត់ត្រា​ក្នុងនាម​ជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​របស់​ក្លិប​នេះ។ លោក Wagner ដែល​ត្រូវបាន​យកទៅ​ធ្វើការ​ជាមួយ​ដោយ​លោក Klopp ក្នុង​ក្លិប Borussia Dortmund កាលពី​ឆ្នាំ2011នោះ បាន​បង្ហើប​ពី​ទំនាក់ទំនង​របស់​ពួកគេ ប៉ុន្តែ ក៏​ចង់​ឲ្យ​ក្រុម​របស់ខ្លួន​ទទួល​ជ័យជម្នះ​ផងដែរ។

    លោក Wagner បាន​ឲ្យ​ដឹងថា៖ «វា​គឺជា​មិត្តភាព​ដ៏​អស្ចារ្យ​មួយ។ វា​លើសពី​មិត្តភាព​ធម្មតា​ទៅទៀត។ រូបគាត់​គឺជា​សមាជិក​ម្នាក់​នៃ​គ្រួសារ​របស់ខ្ញុំ ដែល​លើសពី​មិត្ត​ភ័ក្តិ​ម្នាក់​ទៅទៀត។ ប៉ុន្តែ ខ្ញុំ​គិតថា រឿង​ដ៏​សំខាន់ និង​អស្ចារ្យ​នោះ​គឺថា Huddersfield Town នឹង​ជួប​ជាមួយនឹង​ក្រុម Liverpool ក្នុងការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នៃ​ក្របខ័ណ្ឌ Premier League»។ ការប្រកួត​ទាំងពីរ​គូ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង9យប់​ដូចគ្នា៕

    ប្រភពពី៖ Sky Sport

  • រឿង​ត្រូវ​ដឹង​មុន​រៀបចំ​ពិធីមង្គលការបង្កើន​រាសី​ស្នេហា​តាម​ក្បួន​ហុងស៊ុយ​ឱ្យ​សុខ​សម​ប្រាថ្នា

    រឿង​ត្រូវ​ដឹង​មុន​រៀបចំ​ពិធីមង្គលការបង្កើន​រាសី​ស្នេហា​តាម​ក្បួន​ហុងស៊ុយ​ឱ្យ​សុខ​សម​ប្រាថ្នា

    សេចក្តីស្នេហា​ជា​រឿង​ដ៏​គួរឱ្យ​អស្ចារ្យ​មួយ​ដែល​ធ្វើឱ្យ​មនុស្ស​ប្លែក​មុខ​ពីរ​នាក់​សម្រេចចិត្ត​មក​រស់-នៅ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា។ នៅពេល​សេចក្តីស្នេហា​កើតមានឡើង​រហូត​ក្លាយជា​ភាព​ជឿជាក់ថា ខ្លួនឯងបាន​ជួបនឹង​ស្នេហា​ពិត​ហើយ​នោះ ទើប​ការរៀបចំ​ពិធីមង្គលការ​ឡើង​ប្រៀបប្រដូច​ទៅនឹង​សម្ពន្ធ​សន្យា​ដែល​នឹង​ប្រាប់​គ្នា​ទៅវិញទៅមក​ថាយើង​នឹង​នៅ​មើលថែទាំ​គ្នា​រហូត​តទៅ​អស់​មួយជីវិត។ តែ​សម្រាប់​គូ​ខ្លះ​ដែល​ចង់ឱ្យ​សេចក្តីស្នេហា​របស់ខ្លួន​ពោរពេញ​ទៅដោយ​សេចក្តីសុខ​ជា​រៀងរាល់ថ្ងៃ ទោះជា​ឆ្លង​ផុត​អំឡុងពេល​ន​ពិធីមង្គលការ​រួចមកហើយ​ក៏ដោយ​នោះ សូម​សាកល្បង​មក​សិក្សា​ពី​ភាព​ពាក់ព័ន្ធ​រវាង​សេចក្តីស្នេហា និង​ហុង-ស៊ុយ​ដែល​នឹង​ជួយ​បង្កើន​ភាព​ផ្អែមល្ហែម​ឱ្យ​ស្នេហា​រឹងមាំ​គង់វង្ស​ស្ថិតស្ថេរ​រហូត​តទៅ​ដូចខាងក្រោម។

    “បុប្ផា” និមិត្តសញ្ញា​នៃ​ភាព​ក្រអូប​ផ្អែម​

    តាម​ជំនឿ​របស់​ជនជាតិ​ចិន បុប្ផា​ជាមួយ​សេចក្តីស្នេហា​ជាវ​ត្ថុ​គូ​គ្នា ជា​និមិត្តសញ្ញា​ដែល​មិនអាច​ខ្វះ​បានឡើយ​សម្រាប់​ការរៀបចំ​ពិធីមង្គលការ ដែល​បង្ហាញ​ពី​សេចក្តីស្រឡាញ់​ដែល​ផ្អែម​ក្រអូប ភាពស្រស់​ស្រាយ ភាពល្អ​ស្អាត ហើយ​ថែមទាំង​ជា​វត្ថុ​បង្កើន​សិរី​មង្គល​មួយ​ផងដែរ។ ក្នុងអំឡុង​ពេលដែល​កូនកំលោះ​​ដឹក​ដៃ​កូនក្រមុំ​ចូល​បន្ទប់ មាន​ទំនៀមទម្លាប់​មួយ​ដែល​គេ​នាំគ្នា​ជឿថា កូនកំលោះ​ត្រូវតែ​ប្រគល់​បុប្ផា​ពណ៌​ក្រហម​មួយ​បាច់​ធំ​ទៅ​កូនក្រមុំ​មុននឹង​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា ប្រៀបដូចជា​សេចក្តីស្នេហា​ដែល​កូនកំលោះ​បានប្រគល់​ទៅឱ្យ​កូនក្រមុំ​បានដឹងថា រូបគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​មើលថែទាំ​នាង​រហូត​តទៅ។

    បេះដូង​សំខាន់​របស់​ហុងស៊ុយ​ជាមួយនឹង​សេចក្តីស្នេហាសេចក្តីស្នេហា​តាម​គោលការណ៍​ជំនឿ​របស់​ហុងស៊ុយ ជនជាតិ​ចិន​នឹងមាន​ថ្ងៃមួយ​ដែល​គេ​ហៅថា ជា​ថ្ងៃ​នៃ​សេចក្តីស្នេហា​តាម​ប្រវត្តិ​ដែល​បាន​និទានតៗគ្នា​អំពី​នាង​ទេពអប្សរ​មួយរូប ជាមួយ​បុរស​ឃ្វាលគោ​ម្នាក់។ សេចក្តីស្នេហា​រវាង​អ្នក​ទាំងពីរ​បានកើត​ឡើង ដោយ​រៀងរាល់​មួយឆ្នាំ​ម្តង ពួកគេ​នឹង​បាន​ជួបគ្នា​តែម្តង​ប៉ុណ្ណោះ គឺ​នៅ​រៀងរាល់​ថ្ងៃទី7 ខែ7។ ទាំង​គូ​បាន​សន្យា​នឹង​គ្នា​ថា ទោះជា​ពេលវេលា​កន្លងផុតទៅ​យូរ​ប៉ុន-ណា​ក៏ដោយ ក៏​ពួកគេ​ទាំងពីរ​នឹងធ្វើ​ដំណើរ​ត្រឡប់មក​ជួបគ្នា និង​នៅ​ជាមួយគ្នា​មួយថ្ងៃ។ ពួកគេ​ប្រើ​ពេលវេលា​នៅ​ជាមួយគ្នា​យ៉ាង​មានតម្លៃ​បំផុត។ ជំនឿ​នេះ​គឺជា​ចរិត​រ៉ូ​មែន​ទិ​ករប​ស់ជន​ជាតិចិន​ដែល​ប្រកាន់​ថា ថ្ងៃនោះ​ជា​ថ្ងៃ​មង្គល​ដែល​ស័ក្តិសម​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ឬ​បន្ថែម​ភាព​ផ្អែមល្ហែម​ដល់​គូស្នេហ៍​ក៏បាន។

    ការរៀបចំ​បន្ទប់​ឱ្យ​ស័ក្តិសម​នឹង​សេចក្តីស្នេហាពេល​រួម​រស់នៅ​ជាមួយគ្នា ការរៀបចំ​ផ្ទះសំបែង​ឱ្យ​ស័ក្តិសម ឱ្យ​ក្លាយជា​ទ្រនំ​នៃ​សេចក្តីស្នេហា​ដ៏​គង់វង្ស​នោះ រឿង​សំខាន់​ដែល​យើង​គួរ​យកចិត្តទុកដាក់​ខ្លាំង​បំផុត គឺ​បរិវេណ​ដែល​គូ​ស្វាមីភរិយា​ត្រូវ​ស្នាក់អាស្រ័យ និង​នៅ​ជាមួយគ្នា​ច្រើន​បំផុត ទីនោះ​គឺ​ទីតាំង​របស់​គ្រែ​ដំណេក​ឱ្យ​ស្ថិតនៅក្នុង​បន្ទប់​ផ្នែកកណ្តាលរបស់​ផ្ទះ ដែល​នឹង​ជួយ​ឱ្យ​គេង​លក់បាន​ស្រួល មិន​សុបិន​អាក្រក់ ភ្ញាក់ឡើង​ព្រមជាមួយ​ភាពស្រស់​ស្រាយ ភ្លឺ​ថ្លា ថែមទាំង​ជួយ​បង្កើន​សេចក្តីស្នេហា លុយកាក់ និង​ជីវិត​ការងារ​ឱ្យ​ល្អ​ឡើង​ទៀតផង។

    យ៉ាងណាក៏ដោយ ជំនឿ​រឿង​ហុងស៊ុយ​ជា​ជំនឿ​ដែល​កើតឡើង​ចំពោះតែ​តួ​បុគ្គលម្នាក់ៗប៉ុណ្ណោះ។ អ្នកណា​ដែល​ចង់ឱ្យ​សេចក្តីស្នេហា​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង ចង់​ជួយ​ឱ្យ​ពិធីមង្គល-ការ​របស់ខ្លួន​មាន​សិរី​មង្គល និង​ដើម្បី​ក្តីសប្បាយ​ចិត្ត​នោះ ការចាប់យក​ហុងស៊ុយ​មក​ច្នៃ​ប្រើ​នៅក្នុង​ជីវិត​គូ​អាច​និយាយបានថា មិនមែនជា​រឿង​ដែល​ខូចខាត​អ្វី​ឡើយ តែ​ថែមទាំង​ជួយ​ឱ្យ​កើតមាន​សេចក្តីសុខកាយ​សប្បាយចិត្ត ពោរពេញ​ដោយ​បរិយាកាស​នៃ​សេចក្តីស្នេហា​ប្រកបដោយ​សុភមង្គល​ទៀតផង៕

  • 5 គន្លឹះ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់ ជួយ​ឱ្យ​នារី​ស្រស់ស្អាត​ទាក់ទាញ និង​មាន​មន្ដ​ស្នេហ៍​បំផុត

    5 គន្លឹះ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់ ជួយ​ឱ្យ​នារី​ស្រស់ស្អាត​ទាក់ទាញ និង​មាន​មន្ដ​ស្នេហ៍​បំផុត

    បញ្ហា​ពណ៌​សម្បុរ​នៃ​ស្បែក គឺជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​នារី​នៅក្នុង​ប្រទេស​កម្ពុជា​យើង បើទោះបីជា​អាកាសធាតុ​ក្ដៅ មាន​ពន្លឺ​ព្រះ​អាទិ​ត្រ​ខ្លាំង​ក៏ដោយ ក៏​នារី​ខ្មែរ​យើ​ង​តែង​សង្ឃឹម​ចង់បាន​ស្បែក​-ស​ស្អាត​ដូចជា​នារី​កូរ៉េ​ដែរ។ យ៉ាងណាមិញ​កុំ​ទាន់​បាក់​ទឹកចិត្ត​អី ទោះជា​ស្បែក​មិន​ស​ភ្លឺ​ចែង​ចាំ​ដូចជានារី​កូរ៉េ ក៏ប៉ុន្ដែ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​គន្លឹះ​ទាំង5យ៉ាង​ដែល​ជួយ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់​នៅលើ​ស្បែក​ដងខ្លួន ផ្ទៃមុខ ឱ្យ​ប្រែ​មកជា​ស្រស់-ស្អាត​តាមបែប​ធម្មជាតិ និង​ចំណេញ​ថវិកា​ច្រើន ព្រមទាំង​ស្រស់ស្អាត​បាន​រយៈពេលយូរ​ផងដែរ។

    1 ខាត់​ស្បែក

    នារី​មួយចំនួន​និយម​លា​ឡេ​ការពារ​កម្ដៅថ្ងៃ តែ​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ខាត់​ស្បែក​ឡើយ នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​ស្បែក​អ្នក​កាន់តែ​ខ្មៅ​ស្រអាប់ ព្រោះថា ការ​ខាត់​ស្បែក គឺជា​ការ​ជម្រុះ​នូវ​កោសិកា​ស្បែក​ចាស់​ចេញ ហើយ​កោសិកា​ស្បែក​ដែល​រង​នូវ​កម្ដៅ​ព្រះ​អាទិ​ត្យ វា​បាន​ខ្លោច​ស្លាប់ ហើយ​ទោះបីជា​អ្នក​ប្រើ​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​ក៏ដោយ ក៏​នៅតែ​មើល​ឃើ​ញ​ស្បែក​របស់​អ្នកមាន​សភាព​ខ្មៅ​ស្រ-អាប់​ដែរ។ ដូច្នេះ​នារី​ទាំងឡាយ​គួរតែ​យកចិត្តទុកដាក់​ក្នុងការ​ខាត់​ស្បែក ឬ​ជម្រុះ​ក្អែល​នៅលើ​ស្បែក​ចេញ ដោយ​ប្រើ​អំបិល​ខាត់​ស្បែក និង​ផ្សំ​លាយ​សម្រាប់​ប្រើ​ជា​ក្រែ​ម​ខាត់​ស្បែក ដើម្បីឱ្យ​ស្បែក​ទន់​ភ្លឺរលោង។

    2 លាប​ឡេ Whitening Body Lotion

    នេះ​ប្រហែលជា​ការចាប់​ផ្ដើមដំបូង​សម្រាប់​សុភាពនារី​ទាំងអស់ ក្នុងការ​ប្រើប្រាស់​នូ​វប្រ​ភេទ​ឡេ Whitening Body Lotion ដែល​ត្រឹមត្រូវ ហើយ​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង ដោយ​អនុវត្តតាម​វិធីងាយៗដូចជា៖

    -ជ្រើសរើស​ផលិតផល​ដែលមាន​ម៉ាកល្បីៗមាន​ទំនុកចិត្ត​អាច​ថែរក្សា​ស្បែក​របស់​អ្នក​បាន ដោយ​វា​មិនមាន​ប្រតិកម្ម​ជាមួយ​ស្បែក និង​មិន​ធ្វើឱ្យ​ស្បែក​ខូចខាត។
    -ត្រូវ​ពិ​និ​ត្យ​មើល​ប្រភេទ​ឡេ Whitening Body Lotion មាន​សារធាតុ​ផ្សំ​ពី Niacinamide,Vitamin C, Vitamin B3/B5 ដែល​ឬទេ? ព្រោះ​វា​ជួយ​ឱ្យ​ស្បែក​ស​ភ្លឺរលោង និង​មិនមាន​គ្រោះ-ថ្នាក់​ដល់​ស្បែក។
    -ប្រើប្រាស់​ក្នុង​បរិមាណ​ដែល​ច្រើន​គ្រប់គ្រាន់​ដល់​ស្បែក និង​លាប​ជាប្រចាំ​ថ្ងៃ។

    3 ឡេ​ការពារ​កម្ដៅថ្ងៃ

    នារី​ខ្មែរ​ភាគច្រើន​និយម​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​តែ​នៅត្រង់​កន្លែង​មួយចំនួន​នៃ​ដងខ្លួន​ដូចជា ស្បែ​កមុខ ដៃ និង​ជើង​ជាដើម។ដូច្នេះ​ការ​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ បានធ្វើឱ្យ​ស្បែកនារីៗយើង មាន​សភាព​ស្រអាប់​ខ្មៅ​ត្រង់​កន្លែង​មួយចំនួន​ដែល​មិនបាន​ការពារ​ដោយ​ឡេ​ការពារ​កម្តៅថ្ងៃ ដែល​ធ្វើឱ្យ​ស្បែក​មាន​សភាព​មិន​ដូចគ្នា។ ការប្រើ​ឡេ​ការពារ​កម្ដៅថ្ងៃ​ដ៏​ត្រឹមត្រូវគឺ អ្នក​គួរតែ​លាប​ជា​រៀងរាល់​ពេល2-3ម៉ោង​ម្ដងព្រោះ​ដើម្បី​បន្ថែម​ប្រសិទ្ធភាព​នៃ​ការការពារ​ស្បែក​ពី​កម្ដៅថ្ងៃ អំពូល​ភ្លើង​នៅ​កន្លែងធ្វើការ​បាន​ប្រសើរឡើង ព្រមទាំង​ស្បែក ​មាន​សភាព​ទន់​ភ្លឺរលោង​ជានិច្ច។

    4 ទទួលទាន​ផ្លែ​ប៉េង​ប៉ោះ
    ការទទួល​ផ្លែ​​ប៉េង​ប៉ោះស្រស់ ជា​វិធី​ថែរក្សា​ស្បែក​ដ៏​ល្អ​មួយទៀត ព្រោះថា នៅក្នុង​ផ្លែ​ប៉េង​ប៉ោះ​មាន​សារធាតុ​ម្យ៉ាង​ដែលមាន​ឈ្មោះថា Lycopene និង​វី​តា​មី C ដែល​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស​ស្អាត ភ្លឺរលោង និង​ជួយ​ទំនុកបម្រុង​ការពារ​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ។
    អ្នក​អាច​ទទួលទាន​ជា​ផ្លែ ឬ​ជា​ទឹកស្រស់100% ជា​រៀងរាល់ថ្ងៃ​ក៏បាន គឺ​ពិតជា​ល្អ​ចំពោះ​ស្បែក​របស់​អ្នកខ្លាំង​ណាស់។

    5 តុបតែង​ខ្លួន​ឱ្យមាន​ភាព​ទាក់ទាញ

    វិធី​ចុង​ក្រោយនេះ គឺជា​ការបន្ថែម​ទំនុកចិត្ត​នៅពេលដែល​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ ដោយ​អ្នក​គួរ​ស្លៀក​សម្លៀកបំពាក់​បែប​ជិត​ល្អ ដូចជា​អាវដៃវែង និង​ខោជើងវែង​ជាដើម។ យើង​សូម​ណែនាំ​ឱ្យប្រើ​សម្លៀក​បំពា​ក់វែងៗ ដែលមាន​ពណ៌​ស ព្រោះ​មើលទៅ​ស័ក្ដិសម និង​
    ជួយ​លើក​សម្រស់​របស់​អ្នក​បាន​មួយកម្រិត​ទៀតដែល​មើលទៅ​ទាក់ទាញ​បំផុត។

     

    គន្លឹះ​ទាំង5 ដែល​បាន​រៀបរាប់​ខាងលើនេះ មិនមែនជា​អាថ៌កំបាំង​អ្វី​នោះទេ ក៏ប៉ុន្ដែ​ជា​វិធីសាស្ត្រងាយៗ ដែល​ជួយ​ឱ្យ​សុភាពនារី​ទាំងឡាយ​ទទួលបាន​នូវ​សម្រស់ និង​សុខភាព​ស្បែក​ល្អ មិន​បណ្ដោយឱ្យ​ស្បែក​របស់​អ្នក​ចាស់​ទៅតាម​អាយុ​កាលដែល​កន្លង​ទៅជា​រៀងរាល់ថ្ងៃ​នោះឡើយ ដូច​ពាក្យស្លោក​មួយ​បាន​ពោលថា សម្រស់​មិន​រង់ចាំ​យើង​ឡើយ ការពារ​ប្រសើរ​ជាង​ព្យាបាល៕

  • អ្នកជំនាញ​បរទេស​ចង់ឱ្យ​យុវជន​តាម​ខេត្តឆ្ងាយៗរៀន​ជំនាញ​ឱ្យបាន​ច្រើន

    អ្នកជំនាញ​បរទេស​ចង់ឱ្យ​យុវជន​តាម​ខេត្តឆ្ងាយៗរៀន​ជំនាញ​ឱ្យបាន​ច្រើន

    ភ្នំពេញ៖ លោកស្រី ខា​រី​ន សា​លឺ​ណូ (Carin Salerno) នាយិកា​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​បា​ន​លើកឡើងថា រដ្ឋាភិបាល​ស្វ៊ី​សនឹង​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​ងាយ​រងគ្រោះ និង​ក្រីក្រ​នៅតាម​ខេត្តផ្សេងៗទៀត​ក្នុងប្រទេស​កម្ពុជា​ដើម្បីឱ្យ​យុវជន​ទាំងនោះ​ទទួលបាន​នូវ​ឱកាស​ការងារ​សមរម្យ​នៅក្នុង​សង្គម។

    ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី26 តុលា ម្សិលមិញ លោកស្រី​នាយិកា​បាន​ពិភាក្សា​ការងារ​អំពី​គម្រោង​រួមគ្នា​រវាង​អង្គការសហប្រជាជាតិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ផ្តល់ឱកាស​ការងារ​ទៅដល់​យុវជន​ដែល​គម្រោង​នេះ​ភាគី​ស្វ៊ី​ស​ជា​អ្នកផ្តល់​ហិរញ្ញប្បទាន។

    ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​ស្វ៊ី​ស​ដែល​បាន​ជួយ​ដល់ គម្រោង​អភិវឌ្ឍន៍​ជំនាញ​ដល់​យុវជន​ងាយ​រងគ្រោះ និង​ក្រីក្រ​កម្ពុជា​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង​ខេត្តព្រះវិហារ ដោយ​បណ្តុះបណ្តាល​លើ​ជំនាញ​បដិសណ្ឋារកិច្ច ជួលជុល​គ្រឿងយន្ត​កសិកម្ម កែស​ម្ជ​ស្ស និង​ជំនាញ​ផ្នែក​សម្អាងការ។

    ឯកឧត្តម​បញ្ជាក់ថា ថ្មីៗនេះ​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ បាន ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​រួមគ្នា​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ឱកាស​ការងារ​យុវជន។ ក្រៅពី​ជួយ​លើ​ការងារ​បណ្តុះបណ្តាល រដ្ឋាភិបាល​ស្វ៊ី​ស​តាមរយៈ​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិ​ច្ចស​ប្រតិបត្តិការ​បាន​ជួយ​គាំទ្រ​ចំពោះ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដូច្នេះ​គម្រោង​ទាំងអស់នេះ​ពិតជា​បានផ្តល់​វឌ្ឍនភាព និង​ផ្តល់ឱកាស​ច្រើន​ទៅដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​ដែល​បាត់បង់​ឱកាស ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ឬក៏​ខេត្តឆ្ងាយៗអាច​ទទួលបាន​ឱកាស​ថ្មី​ឡើងវិញ តាមរយៈ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ។

    https://i.istockimg.com/file_thumbview_approve/18952756/1/stock-photo-18952756-repairing-car-with-computer.jpg.jpg

    គេ​សង្កេតឃើញថា នៅពេលដែល​យុវជន​រៀន​ចេះ​ជំនាញ​អ្វីមួយ​ច្បាស់លាស់​ហើយ មិន​ថា​ជំនាញ​បដិសណ្ឋារកិច្ច គ្រឿងយន្ត អេឡិចត្រូនិក កសិកម្ម កែ​សម្ផស្ស ឬ​សម្អាងការ​នោះទេ ពួកគេ​នឹងមិន​សូវ​ធ្វើ​ចំណាកស្រុក ឬ​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​នោះទេ ប៉ុន្តែ​ពួកគេ​នឹង​បង្កើត​ការងារ​ដោយ​ខ្លួនឯង រកប្រាក់​ចំណូល​បាន​សមរម្យ ដូច​ពាក្យចាស់​លោក​ថា«ចេះ​ស្ទាក់ស្ទើរ​ល្ងីល្ងើ​ឥត​បទ ចេះ​ប្រាកដ​ប្រាក់​រត់តាម​ហៅ»៕

  • Bristol City ជួប Man United ខណៈ Arsenal ជួប West Ham ក្នុង Carabao Cup

    Bristol City ជួប Man United ខណៈ Arsenal ជួប West Ham ក្នុង Carabao Cup

    ការចាប់​ឆ្នោត​សម្រាប់​ការប្រកួត​ពាន Carabao Cup វគ្គ8ក្រុម​ចុងក្រោយ តម្រូវ​ឲ្យ​ក្រុម Bristol City ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម Manchester United ក្រោយពី​បញ្ហា​បច្ចេកទេស​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ត្រូវ​រង់ចាំ​ជិត​រយៈពេល2ម៉ោង​ទើប​អាច​មើលឃើញ​ពី​ការផ្សាយ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម Twitter។

    ស្របពេល​ជាមួយគ្នានេះ ក្រុម Arsenal នឹងត្រូវ​ជួប​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែម្តង គឺ​ក្រុម West Ham ខណៈដែល​ក្រុម Leicester City នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ខ្លាំង Manchester City ហើយ​ក្រុម Chelsea ត្រូវ​បើកទ្វារ​ទទួល​ក្រុម Bournemouth។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រោយពី​ការចេញ​សេចក្តីប្រកាស 4លើក​ដើម្បី​ពន្យល់​ពី​ការពន្យារ​ពេលនេះ ទីបំផុត​បណ្តាញ​សង្គម Twitter បានបង្ហាញ​ពី​រូបភាព​វីដេអូ​ដែល​ត្រូវបាន​គេ​ថត​ទុកជាមុន​រួចហើយ។

    ទាំង​ក្របខ័ណ្ឌ​លី​ក​កីឡាបាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា EFL និង​បណ្តាញ​សង្គម Twitter បានធ្វើ​ការសុំ​អភ័យទោស​សម្រាប់​ការពន្យារពេល​រយៈពេល1ម៉ោង និង45នាទី​នេះ។ EFL បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «EFL បានទទួល​ការសុំ​អភ័យទោស​ពី​សំណាក់ Twitter នៅ​ចក្រភព​អង់គ្លេស សម្រាប់​ការពន្យារ​ពេលនេះ​ដែល​ត្រូវបាន​គេ​ជឿជាក់ថា បាន​កើតឡើង​ដោយសារតែ​កំហុស​បច្ចេកទេស។ EFL បានស្នើ​ឲ្យ​មានការ​ត្រួតពិនិត្យ​ដ៏​ពេញលេញ​មួយ​ទៅលើ​ព្រឹត្តិការណ៍ផ្សេងៗដែល​នាំ​ឲ្យ​មានការ​ពន្យារ​ពេលដែល​មិនអាច​ទទួលយកបាន​មួយ​នេះ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី18 ខែធ្នូ ខាងមុខ៕

    ការចាប់​ឆ្នោត​សម្រាប់​ពាន League Cup វគ្គ8ក្រុមចុងក្រោយ

    Chelsea vs Bournemouth
    Arsenal vs West Ham
    Leicester vs Manchester City
    Bristol City vs Manchester United

    ប្រភពពី៖ BBC